៦០. ព្រះជាម្ចាស់សុចរិតណាស់

នៅខែកញ្ញា ឆ្នាំ ២០១២ ខ្ញុំទទួលខុសត្រូវកិច្ចការក្រុមជំនុំ ពេលដែលខ្ញុំបានជួបអ្នកដឹកនាំខ្ញុំឈ្មោះ យ៉ាន ស៊ូ។ ខ្ញុំបានរកឃើញថា គាត់បានស្នើឱ្យបងប្អូនប្រុសស្រីអធិប្បាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ។ នេះគឺជាការបំពានគោលការណ៍យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ដៃគូរការងាររបស់ខ្ញុំ និងខ្ញុំបានប្រាប់គាត់ថា «ពួកយើងត្រូវតែប្រកាន់ខ្ជាប់គោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ នៅពេលផ្សាយដំណឹងល្អ។ អ្វីដែលបងស្រីកំពុងធ្វើនៅពេលនេះ គឺផ្ទុយពីគោលការណ៍ ហើយបើអ្នកមិនជឿ ឬមនុស្សអាក្រក់មកនៅក្នុងក្រុមជំនុំ នោះនឹងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ យ៉ាងណា វាជារឿងគ្រោះថ្នាក់ ក្នុងការអធិប្បាយដំណឹងល្អបែបហ្នឹង។ បើមានគេប្រាប់ប៉ូលិស នោះបងស្រីនឹងបោះបងប្អូនប្រុសស្រីរបស់ពួកយើងឱ្យតោហើយ»។ គាត់មិនត្រឹមតែមិនយកចិត្តទុកដាក់ទេ ថែមទាំងចោទប្រកាន់យើង ពីការក្លាយជាអ្នកប្រកាន់ខ្ជាប់នឹងច្បាប់វិន័យទៀតផង។ បន្ទាប់មក នៅក្នុងការជួបជុំ គាត់តែងតែស្ដីបន្ទោសខ្ញុំ និងដៃគូធ្វើកិច្ចការរបស់ខ្ញុំ ដោយនិយាយថា ពួកយើងកំពុងរំខានកិច្ចការដំណឹងល្អនៃដំណាក់ព្រះជាម្ចាស់។ ពួកយើងទាំងពីរពិតជាទើសទាល់ដោយសារគាត់មែន។ នៅខែធ្នូ ឆ្នាំនោះ សមាជិកតំបន់របស់ពួកយើងបានចេញទៅអធិប្បាយដំណឹងល្អ ដូចដែល យ៉ាន ស៊ូ បានប្រាប់ពួកគេឱ្យធ្វើ ហើយមនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន។ នេះគឺជាការប៉ះទង្គិចយ៉ាងខ្លាំងចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែ យ៉ាន ស៊ូ ពិតជាមិនប្រែចិត្តមែន។ ខ្ញុំមិនដែលឃើញគាត់វែកញែក ឬឆ្លុះបញ្ចាំងស៊ីជម្រៅម្ដងណាឡើយ ពីភាពក្រអឺតក្រទម ឬភាពធ្វេសប្រហែសរបស់គាត់។ ត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៣ ខ្ញុំទទួលបន្ទុកក្នុងការផលិតវីដេអូរបស់ក្រុមជំនុំ។ ខ្ញុំកត់សម្គាល់ថា គាត់នៅតែធ្វើអ្វីក៏ដោយដែលគាត់ចង់ធ្វើយ៉ាងក្រអឺតក្រទម។ គាត់នឹងស្ដីបន្ទោស និងថ្កោលទោសនរណាម្នាក់ ដែលបានសម្ដែងចេញនូវទស្សនៈផ្សេងពីគាត់។ គាត់ពន្យារពេលវីដេអូដែលបងប្អូនប្រុសស្រីបានដាក់ឱ្យគាត់ពិនិត្យម្ដងហើយម្ដងទៀត មានន័យថាពួកគេមិនអាចទទួលបានការណែនាំ ឬជំនួយពីដំណាក់របស់ព្រះជាម្ចាស់ទាន់ពេលឡើយ។ ខ្ញុំចង្អុលបង្ហាញគាត់នូវរឿងរ៉ាវមួយចំនួន ដែលគាត់ខ្វះខាតក្នុងរបៀបដែលគាត់បានបំពេញភារកិច្ចរបស់ខ្លួន ហើយផ្ដល់មតិយោបល់មួយចំនួន ប៉ុន្តែគាត់គ្រាន់តែបន្តធ្វើដូចមុនដដែល។ គាត់មិនស្ដាប់ ហើយនិយាយថា ខ្ញុំជាមនុស្សដែលក្រអឺតក្រទម។ នៅក្នុងខែឧសភា ឆ្នាំ ២០១៤ គាត់ឱ្យគេបណ្ដេញខ្ញុំចោល ហើយបញ្ជូនខ្ញុំត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពីខ្ញុំទៅដល់ផ្ទះ ខ្ញុំស្រាប់តែបានអាន គោលការណ៍មួយចំនួនអំពីការញែករវាងពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយ។ បើប្រៀបធៀបឥរិយាបថជាបន្តបន្ទាប់របស់ យ៉ាន ស៊ូ ជាមួយពួកគេ ទីបំផុត ខ្ញុំបានដឹងថា គាត់ពិតជាក្រអឺតក្រទម និងអាក្រក់ណាស់។ គាត់តែងតែឃោរឃៅ និងផ្ដាច់ការនៅក្នុងភារកិច្ចរបស់គាត់។ គាត់មិនបានទទួលយកសេចក្ដីពិត ឬការផ្ដល់យោបល់ពីបងប្អូនប្រុសស្រីទេ ផ្ទុយទៅវិញ គាត់បានគាបសង្កត់ និងថ្កោលទោសមនុស្ស។ តើឥរិយាបថរបស់គាត់ មិនបង្ហាញថា គាត់ជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលស្អប់សេចក្ដីពិតទេឬ? ដោយឃើញឥរិយាបថរបស់គាត់បែបនេះ នោះខ្ញុំមានអារម្មណ៍រន្ធត់។ អស់រយៈពេលពីរឆ្នាំ ដែលពួកយើងបានធ្វើកិច្ចការជាមួយគ្នា ខ្ញុំបានឃើញឥរិយាបថ និងវិធីរបស់គាត់ ប៉ុន្តែខ្ញុំគ្រាន់តែចាត់ទុកការទាំងនោះ ជាការសម្ដែងចេញនៃសេចក្ដីពុករលួយ។ ខ្ញុំមិនដែលប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីញែកធម្មជាតិ សារជាតិរបស់គាត់ ឬផ្លូវដែលគាត់កំពុងដើរតាមឡើយ។ ដូច្នេះ ពេលណាក៏ដោយដែលខ្ញុំនៅជិតគាត់ ខ្ញុំគ្រាន់តែត្រូវអត់ទ្រាំ និងអត់ធ្មត់ប៉ុណ្ណោះ ដែលទីបំផុត អូសបន្លាយ និងប៉ះពាល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបានគិតថា «បើ យ៉ាន ស៊ូ បន្តជាអ្នកដឹកនាំក្រុមជំនុំទៀត នោះគាត់នឹងរំខានកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កាន់តែច្រើន»។ ខ្ញុំសម្រេចចិត្តរាយការណ៍ពីបញ្ហាគាត់ទៅដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបានអធិស្ឋាន ហើយសរសេរសំបុត្រមួយច្បាប់ រាយការណ៍ពីគាត់។ នៅទីបញ្ចប់នៃសំបុត្រនោះ ខ្ញុំបានបន្ថែមរឿងមួយចុងក្រោយ។ ខ្ញុំបានដឹងនៅពេលនោះថា មានវីដេអូមួយដែលមានបញ្ហាមួយចំនួន ដូច្នេះខ្ញុំបានស្នើដំណាក់របស់ព្រះជាម្ចាស់ ដើម្បីពិនិត្យបញ្ហា និងកែសម្រួលវាឡើងវិញ។

គ្រាន់តែខ្ញុំរៀបនឹងផ្ញើសំបុត្រទាំងមូលចេញ នោះខ្ញុំបានចាប់ផ្ដើមរារែក។ ខ្ញុំបានគិតថា «ពីមុនខ្ញុំបានផ្ដល់មតិយោបល់ដល់គាត់ ហើយបានលើកឡើងពីបញ្ហានៅក្នុងភារកិច្ចរបស់គាត់ ប៉ុន្តែវាមិនបានផលល្អទេ ហើយគាត់បានបញ្ជូនខ្ញុំទៅផ្ទះទៀតផង។ ពេលនេះ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំទៀតឡើយ។ បើខ្ញុំផ្ញើសំបុត្រនេះ ដើម្បីរាយការណ៍ពីបញ្ហារបស់គាត់ ហើយចៃដន្យ គាត់អានសំបុត្រនោះ នោះគាត់នឹងចោទប្រកាន់ខ្ញុំ ពីបទវាយប្រហារអ្នកដឹកនាំ និងអ្នកធ្វើការ ដូច្នេះ តើខ្ញុំនឹងទៅទីណា? ខ្ញុំគួរតែបំភ្លេចវាចោលទៅ។ ដោយសារខ្ញុំបានចេញពីក្រុមជំនុំហើយ ខ្ញុំក៏មិនអាចបង្កឱ្យមានរឿងដែរ»។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតថា៖ «ថ្ងៃនេះ ព្រះជាម្ចាស់បានដឹកនាំខ្ញុំឱ្យឃើញថា យ៉ាន ស៊ូ ដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បើខ្ញុំមិនរាយការណ៍ពីរឿងនេះ នោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីឯណោះទេដែលនឹងរងគ្រោះ។ តើខ្ញុំមិនក្លាយជាជំនួយការរបស់សាតាំង និងជាមនុស្សអាក្រក់ទេឬ?» ខ្ញុំពិតជាមានអារម្មណ៍ច្របូកច្របល់ ដោយម្ខាងជាប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងជាប្រយោជន៍របស់បងប្អូនប្រុសស្រី ហើយម្ខាងទៀតជាអនាគតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំពិតជាមិនដឹងធ្វើអ្វីទេ។ ពីរបីថ្ងៃនោះ ខ្ញុំតែងតែចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន ដោយសុំឱ្យទ្រង់ដឹកនាំខ្ញុំទៅក្នុងមាគ៌ាដ៏ត្រឹមត្រូវ។ ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកត្រូវតែមានការជំរុញចិត្ត និងចិត្តក្លាហាន ដើម្បីឲ្យព្រះអង្គប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ ហើយមិនគួរគិតថា ខ្លួនអ្នកគ្មានសមត្ថភាពគ្រប់ពេលនោះឡើយ។ តើសេចក្តីពិតមានការបែងចែកបក្សពួកដែរឬ? តើសេចក្តីពិតមានចេតនាប្រឆាំងនឹងមនុស្សឬ? ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីពិត តើវាអាចជះឥទ្ធិពលលើអ្នកដែរឬទេ? ប្រសិនបើអ្នកឈរមាំនៅក្នុងសេចក្តីយុត្តិធម៌ តើវានឹងផ្ដួលអ្នកឲ្យដួលដែរឬ? ប្រសិនបើការជំរុញចិត្តរបស់អ្នក គឺជាការបន្តស្វែងរកជីវិតយ៉ាងពិតប្រាកដ តើជីវិតអាចគេចចេញពីអ្នកបានដែរឬ? ប្រសិនបើអ្នកគ្មានសេចក្តីពិតទេ នោះវាមិនមែនដោយសារតែសេចក្តីពិតព្រងើយកន្ដើយចំពោះអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកគេចចេញពីសេចក្តីពិតវិញទេ។ ប្រសិនបើអ្នកមិនអាចឈរមាំនឹងសេចក្តីយុត្តិធម៌ នោះមិនមែនដោយសារតែសេចក្តីយុត្តិធម៌មានអ្វីមួយខុសនោះឡើយ ប៉ុន្តែ ដោយសារតែអ្នកជឿថា វាមានបញ្ហាណាមួយខុសពីការពិត។ ប្រសិនបើអ្នកមិនទទួលបានជីវិត ក្រោយពេលបន្តស្វែងរកជីវិតអស់រយៈពេលជាច្រើនឆ្នាំហើយ នោះមិនមែនដោយសារតែជីវិតគ្មានមនសិការគិតចំពោះអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកគ្មានមនសិការគិតចំពោះជីវិត ហើយបានបែរចេញពីជីវិតវិញទេ។ ប្រសិនបើអ្នករស់នៅក្នុងពន្លឺ ហើយគ្មានសមត្ថភាពទទួលបានពន្លឺ នោះមិនមែនដោយសារតែពន្លឺគ្មានសមត្ថភាពបំភ្លឺអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកមិនបានយកចិត្តទុកដាក់ចំពោះអត្ថិភាពនៃពន្លឺ ដូច្នេះ ពន្លឺក៏បានចាកចេញពីអ្នកស្ងាត់ៗ។ ប្រសិនបើអ្នកមិនបន្តស្វែងរកទេ ដូច្នេះ គឺអាចនិយាយបានថា អ្នកដូចជាសំរាមដែលគ្មានតម្លៃ គ្មានចិត្តក្លាហាននៅក្នុងជីវិត និងគ្មានស្មារតី ដើម្បីប្រឆាំងទល់នឹងកម្លាំងនៃសេចក្ដីងងឹតឡើយ។ អ្នកជាមនុស្សទន់ខ្សោយពេកហើយ! អ្នកមិនអាចរត់គេចចេញពីពួកបរិវាររបស់អារក្សសាតាំងដែលឡោមព័ទ្ធអ្នក ហើយអ្នកសុខចិត្តរស់នៅជីវិតបែបសុខសុវត្ថិភាព ហើយស្លាប់ទៅក្នុងភាពល្ងីល្ងើបែបនេះ។ អ្វីដែលអ្នកគួរតែសម្រេច គឺជាការបន្តស្វែងរករបស់អ្នកនូវការឲ្យព្រះអង្គយកឈ្នះ ព្រោះថានេះគឺជាភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកស្កប់ចិត្តនឹងការឲ្យព្រះអង្គយកឈ្នះ នោះវាដូចជាអ្នកបណ្ដេញអត្ថិភាពនៃពន្លឺអ៊ីចឹង។ អ្នកត្រូវតែរងទុក្ខលំបាកដើម្បីសេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនអ្នកដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងការប្រមាថមើលងាយដើម្បីសេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ» («បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ការអានព្រះបន្ទូលនេះ បានផ្ដល់ឱ្យខ្ញុំនូវសេចក្ដីជំនឿ និងកម្លាំង។ ខ្ញុំបានគិតថា «មែនហើយ» «ខ្ញុំមិនអាចឱ្យកម្លាំងខ្មៅងងឹតយកឈ្នះលើខ្ញុំឡើយ»។ ខ្ញុំមិនដែលមានការវែកញែកអំពី យ៉ាន ស៊ូ ទេកាលពីមុន។ ប៉ុន្តែពេលនេះ ព្រះជាម្ចាស់បានរៀបចំអ្វីៗ ដូច្នេះ ខ្ញុំអាចមើលឃើញធម្មជាតិរបស់គាត់ សារជាតិរបស់គាត់ និងផ្លូវដែលគាត់បានដើរ។ ខ្ញុំគួរតែក្រោកឈរ និងរាយការណ៍ ផ្ទុយទៅវិញ ខ្ញុំបានយកចិត្តទុកដាក់លើទស្សនៈវិជ្ជារបស់សាតាំង «ចូរឱ្យអ្វីៗបានរហាត់ផុតទៅចុះ ប្រសិនបើសេចក្ដីទាំងនោះមិនប៉ះពាល់ដល់បុគ្គលណាម្នាក់ទេនោះ» ដើម្បីប្រយោជន៍នៃសេចក្ដីសង្ឃឹមអនាគតរបស់ខ្ញុំ។ ខ្ញុំបានឃើញថា ខ្ញុំអាត្មានិយមណាស់ ដោយគ្មានមនសិការ ឬហេតុផលឡើយ។ ខ្ញុំបានគិតពីរយៈពេលប៉ុន្មានឆ្នាំ ដែលខ្ញុំបានជឿលើព្រះជាម្ចាស់ ហើយបានរីករាយនឹងការស្រោចស្រព និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែនៅពេលដ៏សំខាន់ ខ្ញុំព្រងើយកន្តើយចំពោះមនសិការខ្លួន ដើម្បីការពារផលប្រយោជន៍របស់ខ្ញុំ និងធ្វើមិនដឹងមិនឮចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំពិតជាមនុស្សគួរឱ្យស្អប់ កំណាញ់ និងមិនដឹងគុណមែន! ដោយការយល់ដឹងពីចំណុចនេះ ខ្ញុំបានគិតថា៖ «ខ្ញុំត្រូវតែប្រព្រឹត្តដោយមនសិការ និងញាណនៃភាពយុត្តិធម៌ អនុវត្តសេចក្ដីពិត និងការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់»។ ដូច្នេះ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋានជាច្រើនលើក ហើយទីបំផុត ខ្ញុំបានធ្វើការតាំងចិត្តនេះ៖ «អ្វីក៏ដោយជាផលវិបាកនៃការសរសេរសំបុត្ររាយការណ៍នេះ ខ្ញុំមិនអាចជាជំនួយការសាតាំង ដោយគ្រាន់តែដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ខ្ញុំបានឃើញបញ្ហារបស់ យ៉ាន ស៊ូ ដូច្នេះ ខ្ញុំគួរតែមានជំហរ លាតត្រដាងទង្វើអាក្រក់របស់គាត់ និងការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់»។ ក្រោយមក ខ្ញុំបានផ្ញើរបាយការណ៍ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ធូរចិត្តបន្ទាប់ពីនោះ ហើយមានញាណនៃភាពស្ងប់នៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំបានរង់ចាំយ៉ាងអន្ទះសាររាល់ថ្ងៃ បន្ទាប់ពីនោះ ដើម្បីឱ្យដំណាក់របស់ព្រះជាម្ចាស់បញ្ជូននរណាម្នាក់ឱ្យស៊ើបអង្កេតស្ថានភាពជាមួយ យ៉ាន ស៊ូ និងឱ្យបងប្អូនប្រុសស្រីមើលឃើញពួកទទឹងនឹងព្រះគ្រីស្ទនោះ ចំពោះលក្ខណៈរបស់គាត់ ហើយបដិសេធគាត់។ ជាអកុសល ស្ថានភាពរបស់ខ្ញុំកាន់តែអាក្រក់ដោយសារតែសំបុត្រនោះ។

នៅខែសីហា ឆ្នាំ២០១៤ ក្រុមជំនុំបានឯកភាពឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំឡើងវិញ។ ប៉ុន្តែ ថ្ងៃមួយ នៅពាក់កណ្ដាលខែតុលា អ្នកដឹកនាំម្នាក់ឈ្មោះ លី បានមកកាន់ផ្ទះដែលខ្ញុំកំពុងតែស្នាក់នៅ។ គាត់បានសួរទាំងទឹកមុខមាំថា «តើពីមុនប្អូនបានសរសេរសំបុត្ររាយការណ៍ទេ?» ខ្ញុំបាននិយាយថា ខ្ញុំបានសរសេរ។ គាត់បាននិយាយដោយមិនពេញចិត្តថា «យ៉ាន ស៊ូ ទទួលខុសត្រូវកិច្ចការរបស់ក្រុមជំនុំ ហើយខ្ញុំតែងតែមានទំនាក់ទំនងជាមួយគាត់។ ខ្ញុំមិនដែលសម្គាល់ ឬឮភស្ដុតាងណាមួយ ដែលគាត់ប្រព្រឹត្តដូចអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ សំបុត្រដែលប្អូនបានសរសេរនោះ គ្រាន់តែជាការវាយប្រហារដ៏ព្រាវៗលើអ្នកដឹកនាំ និងអ្នកធ្វើកិច្ចការប៉ុណ្ណោះ»។ វាជារឿងដែលមិនគួរឱ្យជឿសោះ នៅពេលដែលគាត់បាននិយាយបែបនោះ។ ខ្ញុំមិនដែលស្រមៃគិតថា ទទួលលទ្ធផលបែបនោះឡើយ បន្ទាប់ពីរង់ចាំរយៈពេលបួនខែ។ ខ្ញុំនៅស្ងៀម ចំពោះអ្វីដែលគាត់បាននិយាយ។ ខ្ញុំបានដឹងថា ខ្ញុំបានសរសេរសំបុត្រនោះអំពី យ៉ាន ស៊ូ ដោយផ្អែកលើតថភាព និងគោលការណ៍។ គ្មានផ្លូវដែលវាជាការចោទប្រកាន់ខុសឡើយ។ ក្រោយមក អ្នកដឹកនាំលីបាននិយាយថា «សំបុត្ររាយការណ៍របស់ប្អូន បានលើកឡើងអំពីការពិនិត្យវីដេអូមួយចំនួន ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់បានចំណាយពេលពីរខែ លើការស៊ើបអង្កេត និងការកែសម្រួលឡើងវិញ។ វាបានរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងបានប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់»។ គាត់ក៏បាននិយាយអ្វីដែលអ្នកដឹកនាំជាន់ខ្ពស់បាននិយាយផងដែរ។ ការថ្លែងបែបនេះ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិនដែលគិតស្រមៃថា សំបុត្រខ្ញុំអាចបណ្ដាលឱ្យរំខានដ៏ធ្ងន់ធ្ងរបែបនេះ ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់សោះ។ បើអ្វីៗដូចជាគាត់បាននិយាយមែន នោះខ្ញុំពិតជាបានប្រព្រឹត្តអាក្រក់ណាស់។ ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍អស់កម្លាំងមែនទែន ហើយខ្ញុំមិនអាចឈប់យំបានឡើយ។ ក្រោយមក អ្នកដឹកនាំលី បាននិយាយថា «ប្រមូលរបស់របរ ទៅផ្ទះ ហើយឆ្លុះបញ្ចាំងលើអ្វីដែលប្អូនបានធ្វើ។ ពេលដែលឆ្លុះបញ្ចាំងចប់ ប្អូនអាចចាប់ផ្ដើមបំពេញភារកិច្ចរបស់ប្អូនឡើងវិញ»។ ខ្ញុំបានអង្គុយនៅលើឡានក្រុងត្រឡប់ទៅផ្ទះវិញ ដោយគំនិតវិលវល់ និងទម្ងន់ដ៏ធ្ងន់នៅក្នុងចិត្ត។ ខ្ញុំបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំបានក្លាយជាអ្នកប្រព្រឹត្តការអាក្រក់ ដែលបានរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំគ្របដណ្ដប់ដោយការស្ដីបន្ទោសខ្លួនឯង និងការស្ដាយក្រោយ ហើយមិនដឹងថា អនាគតនឹងទៅជាយ៉ាងណាឡើយ។ ខ្ញុំបានអំពាវនាវទៅរកព្រះជាម្ចាស់ ហើយសុំឱ្យទ្រង់ការពារចិត្តរបស់ខ្ញុំ។ មិនថាព្រះជាម្ចាស់ដោះស្រាយចំពោះខ្ញុំបែបណាទេ ខ្ញុំនឹងស្ដាប់បង្គាប់ការរៀបចំរបស់ទ្រង់។ ខ្ញុំនឹងមិនដែលស្ដីបន្ទោសព្រះជាម្ចាស់ឡើយ។ បន្ទាប់ពីការអធិស្ឋាន ខ្ញុំបានស្ងប់ស្ងាត់បន្តិចម្ដងៗ។ បន្ទាប់ពីខ្ញុំទៅដល់ផ្ទះបានបីថ្ងៃ ខ្ញុំបានគិតអំពីអ្វីដែលអ្នកដឹកនាំ លី បាននិយាយ ហើយខ្ញុំចាប់ផ្ដើមមានសំណួរមួយចំនួន៖ ព្រះគ្រីស្ទ និងសេចក្ដីពិតត្រួតត្រាលើដំណាក់របស់ព្រះជាម្ចាស់ ហើយមាន គោលការណ៍ចំពោះគ្រប់យ៉ាងដែលដំណាក់ទ្រង់ធ្វើ រួមទាំងវិធីដោះស្រាយជាមួយមនុស្សផងដែរ។ វាមិនគ្រាន់តែធ្វើតាមឥរិយាបថបណ្ដោះអាសន្នមួយចំនួនឡើយ ដូច្នេះ តើគោលការណ៍អ្វីដែលអ្នកដឹកនាំ លី និងអ្នកដទៃកំពុងតែធ្វើតាម ដើម្បីប្រព្រឹត្តចំពោះខ្ញុំរបៀបនេះ? តើអ្វីដែលអ្នកដឹកនាំ លី បាននិយាយ ពិតជាពិតប្រាកដទេ? ខ្ញុំគ្រាន់តែមិនអាចដោះស្រាយវាបានប៉ុណ្ណោះ ប៉ុន្តែខ្ញុំដឹងថា សេចក្ដីពិតអ្វីក៏ដោយ ក៏ព្រះជាម្ចាស់កំពុងតែអនុញ្ញាតឱ្យគ្រប់យ៉ាងកើតឡើងដែរ ដូច្នេះខ្ញុំត្រូវតែចុះចូលចំពោះការរៀបចំរបស់ទ្រង់។ មិនយូរប៉ុន្មាន អ្នកដឹកនាំក្រុមជំនុំបានចាត់តាំងឱ្យខ្ញុំនៅក្នុងក្រុមមួយ ដើម្បីការជួបជុំ។ ជាងមួយខែបន្ទាប់ពីនោះ ខ្ញុំត្រូវបានចាត់តាំងឱ្យចូលរួម ការជួបជុំនៅផ្ទះជាមួយម្ដាយខ្ញុំ ហើយពួកយើងមិនត្រូវបានអនុញ្ញាតឱ្យបំពេញភារកិច្ចខ្លួនទៀតឡើយ។ ពេលនោះខ្ញុំដឹងថា ពួកយើងកំពុងតែត្រូវបានគេបណ្ដេញចេញហើយ។ ខ្ញុំបានគិតពីរបៀបដែលខ្ញុំបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកនេះ ប៉ុន្តែពេលនេះ ខ្ញុំមិនត្រឹមតែឯកានៅផ្ទះប៉ុណ្ណោះទេ ខ្ញុំថែមទាំងមិនអាចបំពេញភារកិច្ចរបស់ខ្ញុំតទៅទៀតផង។ ខ្ញុំមានអារម្មណ៍អស់ពីខ្លួនតែម្ដង។ អំឡុងពេលនោះ ខ្ញុំបានយល់សប្ដិស្ទើររាល់យប់ អំពីការជួបជុំ និងការបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំក្រោកឡើង ហើយមិនអាចគេងទៅវិញបានឡើយ។ រៀងរាល់យប់ មានអារម្មណ៍ដូចជាយូរណាស់ ពិបាកអត់ទ្រាំណាស់។ ម្ដាយរបស់ខ្ញុំបានរងទុក្ខជាមួយខ្ញុំ អំឡុងពេលប៉ុន្មានថ្ងៃនោះ។ ជាពិសេស ពេលខ្ញុំឮគាត់យំនៅពេលយប់ ក្នុងពេលដែលគាត់អធិស្ឋានទៅព្រះ។ ខ្ញុំបន្ទោសខ្លួនឯង ហើយមានអារម្មណ៍បាក់ទឹកចិត្តមែនទែន។ ខ្ញុំមានអារម្មណ៍ដូចខ្ញុំបាននាំការយំសោកមកដាក់គាត់អ៊ីចឹង។ ប៉ុន្មានថ្ងៃនោះ គឺជាពេលវេលាដ៏លំបាកបំផុត និងឈឺចាប់បំផុតដែលខ្ញុំបានឆ្លងកាត់ ចាប់តាំងពីចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក។ ក្រៅពីការអធិស្ឋានជានិច្ចទៅព្រះជាម្ចាស់ ខ្ញុំគ្មានវិធីផ្សេង ដើម្បីបន្ធូរការឈឺចាប់នៅក្នុងចិត្តខ្ញុំឡើយ។ ក្រោយមកខ្ញុំបានសួរអ្នកដឹកនាំក្រុមជំនុំរបស់ខ្ញុំ ថាតើខ្ញុំអាចទៅបំពេញភារកិច្ចរបស់ខ្ញុំឡើងវិញបានឬអត់។ គាត់បាននិយាយថា «ប្អូននៅតែចង់បំពេញភារកិច្ចរបស់ប្អូនឬ? បើប្អូនមិនឆ្លុះបញ្ចាំងខ្លួនឯងដូចដែលគួរធ្វើ នោះទីបំផុតប្អូននឹងត្រូវបានបណ្ដេញចេញ!» ដោយបានឮគាត់និយាយបែបនេះ ខ្ញុំមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ ក្រោយមក ខ្ញុំបានដឹងថា ការបំពេញភារកិច្ចរបស់ខ្ញុំ គ្មានអ្វីក្រៅពីរឿងដែលមិនអាចសម្រេចបានឡើយ។ អ្នកដឹកនាំបានមកផ្ទះពួកយើងដើម្បីប្រជុំ រៀងរាល់សប្ដាហ៍ ប៉ុន្តែតាមពិត ពួកគេគ្រាន់តែមកសួរអំពីខ្ញុំប៉ុណ្ណោះ ដើម្បីឱ្យឃើញថា តើខ្ញុំបានផ្សព្វផ្សាយភាពអវិជ្ជមាន ឬបង្កើតបក្សពួកឬអត់។ ដូច្នេះ រាល់ពេលដែលពួកគេមកសួរនាំពីខ្ញុំ នោះខ្ញុំធុញខ្លាំងណាស់។ ពេលខ្លះ ខ្ញុំចង់សួរពួកគេ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះខ្ញុំរបៀបនេះ? ខ្ញុំបានរាយការណ៍ពី យ៉ាន ស៊ូ ដោយផ្អែកលើគោលការណ៍។ ប៉ុន្តែ ផ្ទុយពីការស៊ើបអង្កេតគាត់ អ្នកបានឱ្យខ្ញុំនៅតែផ្ទះទៅវិញ។ តើមានអ្វីមួយខុស ក្នុងការអនុវត្តសេចក្ដីពិតឬ?» ខ្ញុំមានអារម្មណ៍ពិបាកចិត្តមែនទែន។ ពេលខ្លះខ្ញុំគិតថា «ហេតុអ្វីបានជាការអនុវត្តសេចក្ដីពិត នាំឱ្យមានរឿងបែបនេះ? ខ្ញុំជឿថាព្រះជាម្ចាស់សុចរិត ប៉ុន្តែខ្ញុំមិនអាចឃើញសេចក្ដីសុចរិតរបស់ទ្រង់នៅក្នុងអ្វីដែលកំពុងកើតឡើងនៅពេលឥឡូវនេះឡើយ»។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ណាស់។ ខ្ញុំគ្រាន់តែរង់ចាំយ៉ាងបន្ទាបខ្លួនប៉ុណ្ណោះ មិននិយាយដោយបាប ឬស្ដីបន្ទោសព្រះជាម្ចាស់ឡើយ។ ខ្ញុំតែងតែចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន ដោយសុំឱ្យទ្រង់ដឹកនាំខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងមិនយល់ច្រឡំពីទ្រង់ឡើយ។

គឺពេលដ៏ឈឺចាប់បំផុត និងលំបាកបំផុតនោះហើយដែលខ្ញុំ បានអានប្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន។ «តើមនុស្សគួរស្គាល់ និងចាប់យល់ពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ដោយរបៀបណាឱ្យប្រាកដទៅ? មនុស្សសុចរិតទទួលបានព្រះពររបស់ទ្រង់ ចំណែកឯមនុស្សទុច្ចរិតត្រូវបណ្ដាសារបស់ទ្រង់។ ទាំងនេះគឺជាឧទាហរណ៍អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ តើនេះត្រឹមត្រូវដែរឬទេ? គេបាននិយាយថា ព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសចំពោះមនុស្សអាក្រក់ ហើយថាទ្រង់សងទៅមនុស្សគ្រប់គ្នាទៅតាមទង្វើរបស់គេ។ តើនោះមិនមែនជារឿងត្រឹមត្រូវទេឬ? ក៏ប៉ុន្តែសព្វថ្ងៃនេះ អស់អ្នកណាដែលថ្វាយបង្គំព្រះជាម្ចាស់ ត្រូវបានគេសម្លាប់ឬត្រូវបណ្ដាសា ឬមិនដែលទទួលបានព្រះពរ ឬត្រូវទ្រង់ទទួលស្គាល់ឡើយ។ មិនថាពួកគេថ្វាយបង្គំទ្រង់ច្រើនប៉ុនណានោះទេ ទ្រង់មិនយកព្រះហឫទ័យទុកដាក់នឹងពួកគេទេ។ ព្រះជាម្ចាស់មិនបានប្រទានពរដល់មនុស្សទុច្ចរិត ហើយក៏មិនបានដាក់ទោសពួកគេដែរ តែពួកគេមានបាន និងមានកូនចៅជាច្រើន ហើយអ្វីគ្រប់យ៉ាងដំណើរការល្អចំពោះពួកគេ។ ពួកគេទទួលបានជោគជ័យនៅគ្រប់កិច្ចការទាំងអស់។ តើនេះគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់មែនទេ? ហេតុនេះ មនុស្សខ្លះនិយាយថា៖ 'ព្រះជាម្ចាស់មិនសុចរិតទេ។ យើងថ្វាយបង្គំទ្រង់ តែទ្រង់មិនដែលប្រទានពរដល់យើងទេ ផ្ទុយទៅវិញ មនុស្សទុច្ចរិតដែលទាស់ទទឹង និងមិនថ្វាយបង្គំទ្រង់ បែរជាល្អជាង និងមានតំណែងខ្ពស់ជាងពួកយើង នៅគ្រប់កិច្ចការទាំងអស់ទៅវិញ។ ព្រះជាម្ចាស់មិនសុចរិតទេ!' តើចំណុចនេះបង្ហាញពីអ្វីដល់អ្នករាល់គ្នា? ខ្ញុំទើបតែបានផ្ដល់ឧទាហរណ៍ចំនួនពីរដល់អ្នក។ តើឧទាហរណ៍ណាមួយដែលនិយាយអំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់? មនុស្សខ្លះនិយាយថា៖ 'ឧទាហរណ៍ទាំងពីរគឺជាការបង្ហាញចេញនូវសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់!' តើហេតុអ្វីបានជាពួកគេនិយាយដូចនេះ? ចំណេះដឹងរបស់មនុស្សអំពីនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាការយល់ខុស។ វាកើតមានក្នុងគំនិត និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងទស្សនៈដែលបានដោះដូរគ្នា ឬនៅក្នុងទស្សនៈអំពីអំពើល្អ និងអំពើអាក្រក់ ទស្សនៈអំពីអ្វីត្រូវ និងអ្វីខុស ឬទស្សនៈហេតុផលជាដើម។ ទាំងអស់នេះគឺជាទស្សនៈដែលពួកគេបញ្ចូលក្នុងចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់។ មនុស្សបែបនេះ មិនចុះសម្រុងជាមួយព្រះជាម្ចាស់ទេ ហើយមុខជានឹងទាស់ទទឹងនឹងទ្រង់ និងរអ៊ូរទាំពីទ្រង់ជាមិនខាន» («របៀបស្គាល់ពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។

«ព្រះជាម្ចាស់នឹងធ្វើអ្វីដែលទ្រង់គួរធ្វើ ហើយនិស្ស័យរបស់ទ្រង់គឺសុចរិត។ សេចក្ដីសុចរិតគឺពុំមានន័យថាមានយុត្តិធម៌ ឬសមហេតុផលនោះទេ។ វាមិនមែនជាសមភាពនិយមទេ ក៏មិនមែនជាបញ្ហានៃការផ្ដល់អ្វីដែលអ្នកគួរទទួលបានស្របទៅតាមបរិមាណការងារដែលអ្នកបានធ្វើ ឬទូទាត់ចំពោះការងារណាមួយដែលអ្នកបានធ្វើ ឬធ្វើការសរសើរអ្នកស្របទៅតាមការខំប្រឹងប្រែងដែលអ្នកបានលះបង់នោះដែរ។ នេះគឺមិនមែនជាសេចក្ដីសុចរិតទេ។ ឧបមាថា ព្រះជាម្ចាស់បានលះបង់យ៉ូប បន្ទាប់ពីយ៉ូបបានធ្វើបន្ទាល់ថ្វាយទ្រង់៖ ដូច្នេះ ព្រះជាម្ចាស់ក៏សុចរិតដែរ។ តើហេតុអ្វីបានហៅសេចក្ដីនេះថាជាសេចក្ដីសុចរិត? តាមទស្សនៈរបស់មនុស្ស ប្រសិនបើអ្វីមួយស្របទៅតាមសញ្ញាណរបស់គេ នោះវាងាយស្រួលឱ្យពួកគេនិយាយថា ព្រះជាម្ចាស់សុចរិត។ ក៏ប៉ុន្តែ ប្រសិនបើពួកគេឃើញថា អ្វីៗមិនស្របគ្នាទៅតាមសញ្ញាណរបស់ពួកគេទេ ប្រសិនបើវាគឺជាអ្វីដែលពួកគេមិនអាចយល់បាន នោះវានឹងពិបាកឱ្យពួកគេនិយាយថា ព្រះជាម្ចាស់សុចរិតណាស់។ ... សារជាតិរបស់ព្រះជាម្ចាស់ គឺសេចក្ដីសុចរិត។ បើទោះបីជាវាមិនងាយស្រួលក្នុងការយល់ពីអ្វីដែលទ្រង់បំពេញក្ដី ក៏អ្វីគ្រប់យ៉ាងដែលទ្រង់បំពេញ គឺសុចរិតដែរ។ គឺគ្រាន់តែថា មនុស្សពុំយល់តែប៉ុណ្ណោះ។ នៅពេលព្រះជាម្ចាស់ប្រគល់ពេត្រុសទៅឱ្យសាតាំង តើពេត្រុសបាននិយាយបែបណា? 'មនុស្សជាតិមិនអាចយល់ពីអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែមានបំណងព្រះហឫទ័យល្អរបស់ទ្រង់។ នៅក្នុងនោះសុទ្ធតែមានសេចក្ដីសុចរិតទាំងអស់។ តើខ្ញុំអាចមិនថ្លែងសរសើរពីកិច្ចការដ៏ឈ្លាសវៃរបស់ទ្រង់បានដោយរបៀបណា?' សព្វថ្ងៃនេះ អ្នកគួរឃើញថា ព្រះជាម្ចាស់ពុំបានបំផ្លាញសាតាំងដើម្បីបង្ហាញឱ្យមនុស្សដឹងថាតើសាតាំងបានធ្វើឱ្យពួកគេពុករលួយប៉ុនណា និងថាតើព្រះជាម្ចាស់សង្គ្រោះពួកគេដោយបែបណានោះទេ។ នៅទីបំផុត ដោយសារតែកម្រិតដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយ នោះពួកគេនឹងមើលឃើញពីអំពើបាបដ៏ធំក្រៃលែងពីសេចក្ដីពុករលួយរបស់សាតាំងលើពួកគេ ហើយនៅពេលព្រះជាម្ចាស់ធ្វើឱ្យសាតាំងវិនាស ពួកគេនឹងឃើញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងឃើញថា វាមាននិស្ស័យរបស់ព្រះជាម្ចាស់។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បំពេញ គឺសុចរិត។ បើទោះបីជាអ្នកមិនអាចយល់បានក្ដី ក៏អ្នកមិនគួរធ្វើការវិនិច្ឆ័យតាមចិត្តនោះទេ។ ប្រសិនបើអ្វីដែលទ្រង់ធ្វើ មិនសមហេតុផលចំពោះអ្នក ឬប្រសិនបើអ្នកមានសញ្ញាញអ្វីផ្សេងពីនោះ ហើយនាំឱ្យអ្នកនិយាយថា ទ្រង់មិនសុចរិត នោះអ្នកគ្មានហេតុផលជាងគេហើយ។ អ្នកឃើញថា ពេត្រុសមិនបានគិតយល់ពីរឿងមួយចំនួនទេ ប៉ុន្តែគាត់ប្រាកដក្នុងចិត្តថា នៅក្នុងអ្វីទាំងនោះ មានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យល្អរបស់ទ្រង់។ មនុស្សមិនអាចយល់ពីអ្វីគ្រប់យ៉ាងបានទេ។ មានរឿងជាច្រើនដែលពួកគេមិនអាចយល់បាន។ ហេតុនេះ ដើម្បីស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ គឺមិនមែនជារឿងងាយស្រួលនោះទេ» («របៀបស្គាល់ពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ភ្លឺដូចជាគោមនៅក្នុងទីងងឹតអ៊ីចឹង ហើយភ្លាមៗនោះ ខ្ញុំបានយល់។ ខ្ញុំមិនអាចឃើញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែខ្ញុំបានព្យាយាមយល់សេចក្ដីសុចរិតនោះ ដោយប្រើសញ្ញាណ និងការស្រមៃរបស់ខ្ញុំ។ ពេលខ្ញុំបានឃើញពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយទាំងនោះកំពុងរំខានដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់ ខ្ញុំបានជឿយ៉ាងប្រាកដថា ការរាយការណ៍អំពីពួកគេ គឺជាទង្វើសុចរិត និងល្អ ធ្វើបែបនោះ នឹងបណ្ដាលឱ្យខ្ញុំទទួលបានការសន្ដោស និងការការពាររបស់ព្រះជាម្ចាស់។ ខ្ញុំបានគិតថា ពួកគេត្រូវបានដោះស្រាយភ្លាមៗ ហើយមានតែដូច្នោះទេ ទើបជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានរាយការណ៍ពីបញ្ហាទាំងនេះ ពួកគេបន្តតួនាទីរបស់ពួកគេ ហើយនៅតែធ្វើសកម្មភាពយ៉ាងសាហាវ ចំណែកឯខ្ញុំជាម្នាក់ដែលត្រូវបានបង្ក្រាប និងបណ្ដេញចេញ។ នៅត្រង់ចំណុចនោះ ខ្ញុំបានចាប់ផ្ដើមឆ្ងល់អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ បន្ទាប់ពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក ទីបំផុតខ្ញុំបានយល់ថា សារជាតិរបស់ព្រះជាម្ចាស់គឺសុចរិត។ មិនថាសកម្មភាពទ្រង់ត្រូវតាមសញ្ញាណពួកយើងឬអត់ឡើយ ក៏សកម្មភាពទាំងនោះតែងតែសម្ដែងចេញនូវសេចក្ដីសុចរិតរបស់ទ្រង់ដែរ។ វាដូចទៅនឹងការល្បងលរបស់ យ៉ូប អ៊ីចឹង។ គាត់ជាមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្រព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់ប្រគល់គាត់ទៅឱ្យសាតាំង ហើយបានយកទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ចេញ។ នេះគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ យ៉ូប បានកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីអំពើអាក្រក់ ហើយគាត់បានពឹងផ្អែកលើសេចក្ដីជំនឿរបស់គាត់ ដើម្បីធ្វើទីបន្ទាល់ដ៏ខ្ទរខ្ទារ និងរឹងមាំចំពោះព្រះជាម្ចាស់។ ក្រោយមក ព្រះជាម្ចាស់បានប្រទានពរគាត់ឱ្យមានអាយុវែង និងមានទ្រព្យសម្បត្តិកាន់តែច្រើន ព្រមទាំងកូនកាន់តែល្អប្រសើរផងដែរ។ នេះក៏ជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែរ។ ឧបមាថា បន្ទាប់ពី យ៉ូប បានធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ហើយ ព្រះជាម្ចាស់មិនប្រទានពរគាត់ តែបែរជាបំផ្លាញគាត់វិញ។ នោះក៏អាចជា សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ផងដែរ។ សារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ សុចរិតស្រាប់ ដូច្នេះគ្រប់យ៉ាងដែលទ្រង់ធ្វើគឺសុទ្ធតែសុចរិត។ ក្រោយមក ខ្ញុំបានគិតអំពី ពេត្រុស ដែលបានឆ្លងកាត់ការល្បងល និងការបន្សុទ្ធរាប់រយ ប៉ុន្តែគាត់នៅតែសរសើរសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ គាត់មិនអាចយល់គ្រប់យ៉ាងដែលបានកើតឡើងឡើយ ប៉ុន្តែគាត់ទុកចិត្តថាសេចក្ដីសុចរិត និងព្រះប្រាជ្ញាញាណព្រះជាម្ចាស់ គឺនៅពីក្រោយអ្វីៗគ្រប់យ៉ាង។ ក្រោយមកគឺថា ខ្ញុំមិនបានយល់យ៉ាងពិតប្រាកដអំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ខ្ញុំវាយតម្លៃសេចក្ដីសុចរិតនោះ តាមរយៈអ្វីដែលបានកើតឡើង ហើយថាលទ្ធផលស្របនឹងសញ្ញាណរបស់ខ្ញុំឬអត់។ ពេលអ្វីដែលព្រះជាម្ចាស់បានធ្វើ សក្ដិសមនឹងសញ្ញាណខ្ញុំ និងផ្ដល់ប្រយោជន៍ដល់ខ្ញុំ នោះខ្ញុំជឿលើសេចក្ដីសុចរិតរបស់ទ្រង់។ ប៉ុន្តែនៅពេលដែលទ្រង់បានរៀបចំស្ថានភាពដែលមិនផ្ដល់ប្រយោជន៍ដល់ខ្ញុំ នោះខ្ញុំចាប់ផ្ដើមសង្ស័យពីសេចក្ដីសុចរិតរបស់ទ្រង់ ដោយជឿថា អ្វីៗដែលទ្រង់បានរៀបចំមិនយុត្តិធម៌។ ទោះបីជាខ្ញុំមិនដែលស្ដីបន្ទោសព្រះជាម្ចាស់យ៉ាងចំហក៏ដោយ ក៏ខ្ញុំឈ្លោះប្រកែកជានិច្ចជាមួយទ្រង់ នៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំបានឃើញថា ខ្ញុំគ្មានហេតុផលមែន។ ព្រះជាម្ចាស់មិនមែនមិនសុចរិតឡើយ។ គឺខ្ញុំឯណេះទេដែលមិនយល់ព្រះជាម្ចាស់។ ខ្ញុំអាត្មានិយម និងបោកបញ្ឆោតពេក។ ខ្ញុំមិនបានស្វែងរកសេចក្ដីពិត ឬរៀនសូត្រពីស្ថានភាពដែលទ្រង់បានរៀបចំសម្រាប់ខ្ញុំឡើយ។ ផ្ទុយទៅវិញ ខ្ញុំកំពុងតែឈ្លោះប្រកែក និងអំពល់តែលើអនាគត និងផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះ ធ្វើម៉េចទើបខ្ញុំមិនមានអារម្មណ៍អាក្រក់ និងធ្លាក់ទៅក្នុងភាពងងឹត និងការឈឺចាប់បាន? ទីបំផុត ខ្ញុំបានយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់កំពុងតែប្រើស្ថានភាពដើម្បី កែតម្រូវទស្សនៈខុសឆ្គងរបស់ខ្ញុំ ដើម្បីមិនឱ្យខ្ញុំព្យាយាមយល់ពីសេចក្ដីសុចរិតរបស់ទ្រង់ តាមរយៈសញ្ញាណផ្ទាល់ខ្លួនខ្ញុំតទៅទៀត។ ខ្ញុំមានអារម្មណ៍ដូចទីបំផុត ខ្ញុំបានយល់ពីអ្វីដែលកំពុងកើតឡើង។ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋាន ដោយសុខចិត្តចុះចូលចំពោះការរៀបចំរបស់ទ្រង់ និងយល់ពីទ្រង់នៅក្នុងស្ថានភាពនេះ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «មនុស្សភាគច្រើនមិនយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទេ។ វាពិតជារឿងដែលមិនងាយស្រួលយល់មែន។ ជាដំបូងគេត្រូវតែដឹងថា សុទ្ធតែមានផែនការចំពោះកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ហើយវាត្រូវបានធ្វើឡើងទៅតាមពេលរបស់ព្រះជាម្ចាស់។ មនុស្សមិនអាចវាស់ស្ទង់បានរហូតអំពីអ្វីៗ និងពេលវេលាដែលព្រះជាម្ចាស់ធ្វើការទេ។ ព្រះជាម្ចាស់ធ្វើកិច្ចការជាក់លាក់នៅពេលជាក់លាក់មួយ ហើយទ្រង់មិនពន្យារពេលឡើយ។ គ្មាននរណាអាចបំផ្លាញកិច្ចការរបស់ទ្រង់បានឡើយ។ ដើម្បីធ្វើការស្របតាមផែនការរបស់ទ្រង់ និងស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ នោះគឺគោលការណ៍ដែលទ្រង់ប្រើដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយគ្មានមនុស្សណាអាចកែប្រែការនេះបានឡើយ។ ក្នុងនោះ អ្នកគួរតែមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់» («មានតែការស្គាល់ព្រះចេស្ដារបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចមានជំនឿពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅក្នុងមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងលោកយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាលោកយ៉ូប គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាចនិយាយម្យ៉ាងទៀតបានថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬមធ្យោបាយដែលទ្រង់ធ្វើកិច្ចការនោះវាយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មានគោលបំណងយ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានសម្រាប់មនុស្សដែរ។ ពោលគឺ គោលបំណងនេះគឺជា ការបញ្ចូលទៅក្នុងមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាជាវិជ្ជមាន ស្របទៅនឹងជំហានរបស់ទ្រង់ ដោយជួយឲ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយជ្រួតជ្រាបពីសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឲ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ហើយទាំងអស់នេះគឺជាទិដ្ឋភាពមួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ចំណុចមួយទៀតគឺ មនុស្សរមែងត្រូវបានប្រគល់ឲ្យទៅសាតាំង ដ្បិតសាតាំងគឺជាគ្រឿងបន្ទាប់បន្សំ និងជាវត្ថុសម្រាប់បម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជា មធ្យោបាយដែលព្រះជាម្ចាស់ប្រើដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញការល្បួងរបស់សាតាំង ហើយវាយប្រហារភាពឃោរឃៅ ភាពស្មោកគ្រោក និងលក្ខណៈដ៏គួរឲ្យស្អប់របស់សាតាំង ហើយធ្វើឲ្យមនុស្សស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមាន។ ដំណើរការនេះអនុញ្ញាតឲ្យពួកគេដោះខ្លួនឲ្យរួចពីការគ្រប់គ្រង និងការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយប្រហាររបស់សាតាំងបន្តិចម្ដងៗ រហូតទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទប្រកាន់របស់សាតាំង សូមអរព្រះគុណដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាចដែលពួកគេមានចំពោះព្រះជាម្ចាស់ ហើយទាល់តែពេលនោះទើបពួកគេត្រូវបានដោះឲ្យរួចទាំងស្រុងពី អំណាចគ្រប់គ្រប់របស់សាតាំង» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា ទ្រង់ប្រព្រឹត្តដោយគោលការណ៍ និងធ្វើក្នុងពេលល្អរបស់ទ្រង់ជានិច្ច ហើយសេចក្ដីសុចរិត និងព្រះប្រាជ្ញាញាណទ្រង់ ជាអាថ៌កំបាំងនៅពីក្រោយរឿងទាំងអស់នេះ។ ខ្ញុំបានគិតស្រមៃថា សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ សំដៅលើការដាក់ទោសទណ្ឌភ្លាមៗ ហើយថាមនុស្សអាក្រក់ គួរតែត្រូវបានដាក់ទោសភ្លាមៗ។ ប៉ុន្តែបើអ្វីៗបានកើតឡើង ដូចដែលខ្ញុំគិតស្រមៃ នោះ ធ្វើម៉េចទើបព្រះជាម្ចាស់លាតត្រដាងមនុស្សគ្រប់ប្រភេទបាន ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានរើសតាំងទទួលបានសុភវិនិច្ឆ័? ព្រះជាម្ចាស់ពិតជាអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយកើតឡើងនៅក្នុងក្រុមជំនុំ ដើម្បីប្រើប្រាស់មនុស្សទាំងនេះ ជួយឱ្យពួកយើងរីកចម្រើននៅក្នុងជីវិត ដើម្បីនាំពួកយើងឱ្យស្វែងរកសេចក្ដីពិត និងអភិវឌ្ឍសុភវិនិច្ឆ័យ។ នៅពេលដែលពួកយើងអាចញែកមនុស្សទាំងនេះ ដោយប្រើគោលការណ៍នៃសេចក្ដីពិត គឺជាពេលដែលពួកយើងយល់ និងចូលទៅក្នុងសេចក្ដីពិត។ ពេលរឿងនោះកើឡើង ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយបានបម្រើគោលបំណងពួកគេរួចហើយ។ ទោះបីជា ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយមួយចំនួន ស្ថិតនៅក្នុងតួនាទីដែលមានអំណាចនៅក្នុងក្រុមជំនុំនៅពេលនោះ ហើយហាក់ដូចជាអាចត្រួតត្រា និងបោកបញ្ឆោតមនុស្សមួយចំនួនក៏ដោយ ក៏ព្រះគ្រីស្ទ និងសេចក្ដីពិតនៅតែសោយរាជ្យក្នុងក្រុមជំនុំដដែល ដូច្នេះ មិនយូរមិនឆាប់ ពួកគេទាំងអស់ត្រូវបានលាតត្រដាង និងកម្ចាត់ចោល។

ខ្ញុំក៏បានដឹងដែរថា ធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទអាក្រក់ និងមានល្បិចកល ហើយថាពួកគេគឺពិតជាគ្មានភាពជាមនុស្សឡើយ។ ពួកគេខ្វល់តែកិត្យានុភាព និងឋានៈ ហើយមិនខ្វល់ពីអ្នកដែលត្រូវបានរើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ នរណាក៏ដោយដែលប៉ះពាល់ដល់ប្រយោជន៍របស់ពួកគេ នឹងក្លាយជាបន្លានៅជាប់ពួកគេ។ ពួកគេនឹងវាយប្រហារ និងសងសឹកលើបុគ្គលនោះ ដោយឥតឈប់ រហូតដល់ពួកគេនឿយហត់។ ពួកគេប្រព្រឹត្តដូចគ្នាបេះបិទទៅនឹងអារក្សសាតាំង។ រហូតដល់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបណ្ដេញចេញ ទើបអ្នកដែលត្រូវបានរើសតាំងរបស់ព្រះជាម្ចាស់មានពេលសម្រាក ដើម្បីរស់នៅក្នុងជីវិតពួកជំនុំ ឬបំពេញភារកិច្ចរបស់ពួកគេ។ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យហេតុការណ៍នេះកើតឡើងចំពោះខ្ញុំ ដើម្បីឱ្យខ្ញុំអាចឃើញមនុស្សទាំងនេះយ៉ាងច្បាស់ ពីវិធីដែលពួកគេបោកបញ្ឆោត និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដឹងពីធម្មជាតិ និងសារជាតិរបស់ពួកគេ ញែកភាពក្លែងក្លាយក្រៅសាសនារបស់ពួកគេ និងគេចចេញពីការត្រួតត្រា និងការបោកបញ្ឆោតរបស់ពួកគេ។ ព្រះជាម្ចាស់ក៏សព្វព្រះទ័យឱ្យខ្ញុំរៀនសូត្រពីកំហុសរបស់ពួកគេផងដែរ ដើម្បីឱ្យខ្ញុំមិនដើរលើផ្លូវខុសឡើយ។ ទាំងអស់នេះបានបង្ហាញខ្ញុំថា ព្រះជាម្ចាស់ពិតជាកំពុងតែរៀបចំស្ថានភាពនេះ ដើម្បីសង្គ្រោះ និងធ្វើឱ្យខ្ញុំគ្រប់លក្ខណ៍។ ដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ជាមួយនឹងការបម្រើនូវអ្វីដែលផ្ទុយ និងអវិជ្ជមានជាច្រើន ហើយដោយប្រើគ្រប់ទាំងប្រភេទនៃការបើកបង្ហាញទាំងអស់របស់សាតាំង ដែលជាសកម្មភាពរបស់វា ការចោទប្រកាន់របស់វា ការរំខាន និងការបំភាន់របស់វា ព្រះជាម្ចាស់បង្ហាញចេញដល់អ្នកនូវមុខមាត់ដ៏អាក្រក់របស់សាតាំងយ៉ាងច្បាស់ ហើយដោយហេតុនេះ ធ្វើឲ្យសមត្ថភាពរបស់អ្នកបានគ្រប់លក្ខណ៍ ដោយមើលឃើញសាតាំងច្បាស់ ដែលអ្នកអាចស្អប់សាតាំង ហើយបោះបង់វាចោល» («អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ចំពោះការដឹកនាំខ្ញុំឱ្យយល់ពីកិច្ចប្រឹងប្រែងដ៏ផ្ចិតផ្ចង់របស់ទ្រង់ និងចំពោះការដឹកនាំខ្ញុំចេញពីភាពងងឹត។

ក្នុងខែមករា ឆ្នាំ ២០១៥ ខ្ញុំបានសរសេរសំបុត្រមួយច្បាប់ទៀត ដើម្បីរាយការណ៍ពី យ៉ាន ស៊ូ។ ខ្ញុំបានរង់ចាំដោយអន្ទះសារម្ដងទៀត ជារៀងរាល់ថ្ងៃ ដើម្បីឱ្យដំណាក់របស់ព្រះជាម្ចាស់បញ្ជូននរណាម្នាក់ទៅស៊ើបអង្កេតគាត់។ ប៉ុន្តែពីរខែកន្លងផុតទៅ ហើយខ្ញុំនៅតែរង់ចាំនរណាម្នាក់មកពិនិត្យមើលសំបុត្រនោះ។ អ្នកដឹកនាំក្រុមជំនុំរបស់ពួកយើងបានមកសួរខ្ញុំម្ដងហើយម្ដងទៀត។ គាត់បានសួរថា «តើប្អូនមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងព្រះជាម្ចាស់ ឬដំណាក់របស់ព្រះជាម្ចាស់ឬ?» ខ្ញុំចាប់ផ្ដើមមានអាម្មណ៍ព្រួយនៅពេលដែលគាត់បាននិយាយដូច្នោះ ហើយបានឆ្ងល់ថាតើអ្វីនឹងកើតឡើងចំពោះខ្ញុំនៅពេលឥឡូវនេះដោយសារតែខ្ញុំបានសរសេរសំបុត្រនោះ។ ខ្ញុំបានគិតថា ខ្ញុំបានឯកោរួចទៅហើយ ដូច្នេះ បើអ្វីមួយផ្សេងទៀតកើតឡើង នោះខ្ញុំត្រូវក្រុមជំនុំបណ្ដេញចេញហើយ»។ ភ្លាមៗនោះខ្ញុំបានដឹងថា ខ្ញុំចាប់ផ្ដើមសង្ស័យសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ម្ដងទៀត។ ខ្ញុំបានប្រញាប់ចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន ដោយនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំទទួលស្គាល់ដោយផ្ទាល់មាត់នូវសេចក្ដីសុចរិតរបស់ទ្រង់ ហើយជឿថា ព្រះគ្រីស្ទ និងសេចក្ដីពិតត្រួតត្រានៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែពេលទូលបង្គំត្រូវល្បងដោយវេលា និងតថភាព នោះឃើញថា ខ្លួនមានសេចក្ដីជំនឿតិចតួច ហើយថាទូលបង្គំនៅតែមិនយល់សេចក្ដីសុចរិតរបស់ទ្រង់យ៉ាងពិតប្រាកដ។ ពេលនេះ ទូលបង្គំចង់យកប្រយោជន៍របស់ទូលបង្គំចេញ ហើយចុះចូលចំពោះការរៀបចំរបស់ទ្រង់។ សូមទ្រង់ដឹកនាំទូលបង្គំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ផង»។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន «សម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្រឡាញ់ព្រះជាម្ចាស់ នោះវាមាននូវសេចក្ដីពិត ដែលគេអាចទទួលបានជានិច្ច ហើយក៏មាននូវភាពយុត្តិធម៌ ដែលពួកគេអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ លើសពីនេះ អ្នកត្រូវតែមានការជំរុញចិត្ត និងការតស៊ូបែបនេះ ហើយមិនគួរធ្វើដូចជាមនុស្សដែលទន់ជ្រាយ ជាមនុស្សកំសាកនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធន៍នូវជីវិតដែលមានន័យ និងដកពិសោធន៍នូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តនៅក្នុងរបៀបបែបបង្រ្គប់កិច្ចនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយអ្នកមិនដឹងខ្លួន ដល់ពេលនោះ តើអ្នកនឹងមានឱកាសម្ដងទៀត ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការជំរុញចិត្ត និងមនសិការដូចជាពេត្រុស ព្រោះថាជីវិតរបស់អ្នកក៏ត្រូវមានអត្ថន័យ ហើយអ្នកមិនត្រូវលេងហ្គេមជាមួយខ្លួនអ្នកនោះឡើយ» («បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញខ្ញុំថា អ្វីដែលទ្រង់ធ្វើឱ្យគ្រប់លក្ខណ៍ ជាការចង់បានរបស់យើងចំពោះសេចក្ដីពិត និងសេចក្ដីសុចរិត និងការតាំងចិត្តស្រឡាញ់ព្រះជាម្ចាស់។ មិនថាការលំបាក ឧបសគ្គ ឬការវាយប្រហារអ្វីឡើយ ដែលពួកយើងជួបប្រទះ គឺពួកយើងមិនអាចដកថយបានទេ ប៉ុន្តែគួរតែរស់នៅសម្រាប់ព្រះជាម្ចាស់ និងសេចក្ដីពិត។ ពួកយើងមិនអាចឱនក្បាលចំពោះកម្លាំងណាមួយរបស់សាតាំងឡើយ។ មានតែដូច្នោះ ទើបយើងទទួលបានសេចក្ដីពិត និងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍។ ខ្ញុំគ្រាន់តែមិនមានការតាំងចិត្ត និងឆន្ទៈប្រភេទនោះឡើយ។ ទោះបីជាខ្ញុំបានអធិស្ឋាន ហើយតាំងចិត្តចំពោះព្រះជាម្ចាស់ ដើម្បីការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងអនុវត្តសេចក្ដីពិតក៏ដោយ ពេលដែលខ្ញុំបានឃើញកម្លាំងអាក្រក់កើតឡើង នោះខ្ញុំភ័យខ្លាចគេបង្រ្កាប និងកំសាក។ ខ្ញុំបានដឹងថា ខ្ញុំនៅតែមិនយល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយខ្ញុំគ្រាន់តែគិតពីខ្លួនឯង នៅពេលដែលអ្វីៗបានកើតឡើង។ ក្រោយមក ខ្ញុំបានគិតឃើញអ្វីមួយដែលព្រះជាម្ចាស់មានបន្ទូល៖ «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ»។ «ព្រះជាម្ចាស់ស្មោះត្រង់នឹងអ្វីដែលទ្រង់មានបន្ទូល អ្វីដែលទ្រង់មានបន្ទូលនឹងត្រូវបានសម្រេច ហើយអ្វីដែលទ្រង់ធ្វើនឹងស្ថិតនៅជារៀងរហូត» ។ រាល់មនុស្សអាក្រក់ទាំងអស់នឹងរងទុក្ខនូវការដាក់ទោសនៃសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ មិនថាវាត្រូវការពេលវេលាយូរប៉ុនណា ឬវាកើតឡើងបែបណាឡើយ នៅទីបញ្ចប់ អ្វីៗនឹងតែងតែកើតឡើងដូចជាព្រះបន្ទូលរបស់ជាម្ចាស់ថ្លែង។ ដូច្នេះ ខ្ញុំបានគិតថា «ខ្ញុំត្រូវតែយកសញ្ញាណរបស់ខ្ញុំចេញ បោះបង់ចោលនិស្ស័យបែបសាតាំងដ៏បោកបញ្ឆោតរបស់ខ្ញុំ ទុកចិត្តលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជឿជាក់ថា ព្រះជាម្ចាស់សុចរិត។ ខ្ញុំនឹងមិនឱនក្បាលចំពោះកម្លាំងណាមួយរបស់សាតាំងឡើយ!»។ នៅពេលដែលខ្ញុំដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ស្ងប់បន្តិចម្ដងៗ ហើយឈប់ព្រួយបារម្ភ។

ត្រឹមខែមេសា ឆ្នាំ ២០១៥ ខ្ញុំបានទទួលសំបុត្រពីអ្នកដឹកនាំលី ព្រមទាំងអ្នកដឹកនាំ និងអ្នកធ្វើកិច្ចការដទៃទៀត អំពីវិធីដែល យ៉ាន ស៊ូ បានបិទបាំងភ្នែករបស់ពួកគេ និងវិធីដែលពួកគេបានបង្កគ្រោះថ្នាក់ដ៏ធំចំពោះខ្ញុំ។ ពួកគេទាំងអស់បានសូមទោសខ្ញុំ។ នៅក្នុងសំបុត្ររបស់គាត់ អ្នកដឹកនាំលី បានសារភាពថា «ខ្ញុំមិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ ដែលចោទប្រកាន់ប្អូន ពីការរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការរបស់ក្រុមជំនុំទេ ការចោទប្រកាន់នោះ គឺ យ៉ាន ស៊ូ»។ ក្រោយមក ខ្ញុំបានដឹងថា យ៉ាន ស៊ូ បានអានសំបុត្រទាំងពីរដែលរាយការណ៍ពីគាត់។ ដើម្បីរក្សាមុខមាត់របស់គាត់ គាត់បានរៀបចំភស្ដុតាង ដើម្បីឱ្យគេដេញខ្ញុំចេញ ប៉ុន្តែក្រោយមក អ្នកដឹកនាំ និងអ្នកធ្វើកិច្ចការមួយចំនួនបានឃើញបញ្ហារបស់គាត់ ដូច្នេះ ពួកគេបានផ្ញើសំបុត្ររួមគ្នាមួយទៅដំណាក់ព្រះជាម្ចាស់ រាយការណ៍ពីគាត់។ ខណៈពេលដែលខ្ញុំបានអានសំបុត្រទាំងអស់នេះ ខ្ញុំធូរចិត្ត។ ខ្ញុំបានលុតជង្គង់នៅចំពោះព្រះជាម្ចាស់ ហើយយំ។ ពេលនោះ ខ្ញុំមានអារម្មណ៍ជាប់ជំពាក់ចំពោះព្រះជាម្ចាស់។ ខ្ញុំបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំ ប៉ុន្តែខ្ញុំតែងតែឃើញសេចក្ដីសុចរិតរបស់ទ្រង់ តាមរយៈការគិតស្រមៃរបស់ខ្ញុំទៅវិញ។ ពេលបញ្ហាកើតឡើង ខ្ញុំព្យាយាមតម្រូវពួកវាឱ្យចូលក្នុងអ្វីដែលខ្ញុំបានគិតស្រមៃ ហើយពេលការនោះមិនអាចទៅរួច នោះខ្ញុំយល់ច្រឡំ និងស្ដីបន្ទោសព្រះជាម្ចាស់។ ប៉ុន្តែទ្រង់មិនប្រកាន់ភាពទន់ខ្សោយ និងសេចក្ដីពុករលួយរបស់ខ្ញុំឡើយ ហើយបានដឹកនាំខ្ញុំតាមរយៈពេលវេលាដ៏ពិបាកទ្រាំ និងឈឺចាប់បំផុតនោះ។ បទពិសោធន៍បានបង្ហាញខ្ញុំថា ព្រះជាម្ចាស់កំពុងតែប្រើសង្គ្រាមខាងវិញ្ញាណនៃការញែក និងរាយការណ៍អំពីអ្នកដឹកនាំក្លែងក្លាយទាំងនោះ ដើម្បីកែតម្រូវសញ្ញាណខុសឆ្គងរបស់ខ្ញុំ ហើយប្រទានឱ្យខ្ញុំនូវការយល់ដ៏ពិតនូវសេចក្ដីសុចរិតរបស់ទ្រង់។ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែសម្លឹងមើលគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ តាមរយៈការគិតស្រមៃរបស់ខ្ញុំ។ តាមពិត ខ្ញុំកំពុងតែប្រមាថ និងកំណត់ព្រំដែនព្រះជាម្ចាស់ ហើយខ្ញុំបានប្រមាថនិស្ស័យរបស់ទ្រង់។ បទពិសោធន៍នេះបានបង្ហាញខ្ញុំថា សារជាតិរបស់ព្រះជាម្ចាស់ គឺសុចរិត។ គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល និងធ្វើ មិនថាវាត្រូវតាមសញ្ញាណរបស់មនុស្សឬអត់ គឺជាការបើកសម្ដែងនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺជាលក្ខណៈសំខាន់ដ៏ពិតរបស់ព្រះជាម្ចាស់។ វាមិនមែនជាអ្វីមួយដែលត្រូវបានសរសេរ ឬកែខៃដោយមនុស្សឡើយ។ និស្ស័យដ៏សុចរិតរបស់ទ្រង់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាគ្មានទាក់ទង ឬពាក់ព័ន្ធទៅនឹងអ្វីណាមួយដែលទ្រង់បានបង្កើតមកឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្ក គឺជាព្រះជាម្ចាស់។ ទ្រង់នឹងមិនក្លាយជាផ្នែកមួយនៃការបង្កើតឡើង ហើយទោះបីជាទ្រង់ក្លាយជាសមាជិកម្នាក់នៃភាវៈដែលទ្រង់បង្កើតមកក៏ដោយ ក៏និស្ស័យ និងលក្ខណៈសំខាន់ដែលមានតាំងពីដើមមករបស់ទ្រង់នឹងមិនផ្លាស់ប្ដូរឡើយ។ ដូច្នេះ ការស្គាល់ព្រះជាម្ចាស់ គឺមិនដូចគ្នាទៅនឹងការស្គាល់វត្ថុអ្វីមួយឡើយ។ ការស្គាល់ព្រះជាម្ចាស់ មិនមែនជាការពិនិត្យអ្វីមួយ ហើយក៏មិនដូចគ្នាទៅនឹងការយល់អំពីមនុស្សម្នាក់ដែរ។ ប្រសិនបើមនុស្សម្នាក់ប្រើគោលគំនិត ឬវិធីសាស្ត្រនៃការស្គាល់វត្ថុមួយ ឬការយល់ពីមនុស្សម្នាក់ ដើម្បីស្គាល់ព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ឡើយ។ ការស្គាល់ព្រះជាម្ចាស់មិនពឹងអាងលើបទពិសោធន៍ ឬការស្រមើស្រមៃឡើយ ដូច្នេះ អ្នកមិនត្រូវប្រើបទពិសោធន៍ ឬការស្រមើស្រមៃរបស់អ្នកទៅលើព្រះជាម្ចាស់ឡើយ។ ទោះបីអ្នកមានបទពិសោធន៍ និងការស្រមើស្រមៃច្រើនបែបណា ក៏វានៅតែមានកម្រិតដែរ។ លើសពីនេះ ការស្រមើស្រមៃរបស់អ្នកមិនឆ្លើយតបចំពោះតថភាពពិត ហើយក៏មិនឆ្លើយតបចំពោះសេចក្តីពិតដែរ ព្រោះវាមិនស្របជាមួយនិស្ស័យ និងសារជាតិដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ។ អ្នកនឹងមិនទទួលបានជោគជ័យឡើយ បើអ្នកពឹងអាងលើការស្រមើស្រមៃរបស់អ្នក ដើម្បីយល់អំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់នោះ។ ផ្លូវតែមួយគត់គឺ៖ ត្រូវទទួលយកអ្វីៗទាំងអស់ដែលមកពីព្រះជាម្ចាស់ បន្ទាប់មក ដកពិសោធន៍ និងយល់ដឹងអំពីវាបន្ដិចម្ដងៗ។ ថ្ងៃមួយនឹងមកដល់ ដែលព្រះជាម្ចាស់នឹងបំភ្លឺអ្នកឲ្យយល់ និងដឹងយ៉ាងពិតប្រាកដអំពីទ្រង់ ដោយសារតែកិច្ចសហប្រតិបត្តិការរបស់អ្នក និងដោយសារតែចិត្តស្រេកឃ្លានរបស់អ្នកចំពោះសេចក្តីពិត» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

នៅខែឧសភា ឆ្នាំ ២០១៥ ពួកទទឹងនឹងព្រះគ្រីស្ទឈ្មោះ យ៉ាន ស៊ូ ត្រូវបានបណ្ដេញចេញពីក្រុមជំនុំ ដោយសារប្រព្រឹត្តអាក្រក់។ បក្សពួក និងអ្នកចូលដៃចូលជើងរបស់គាត់ក៏ត្រូវបានដោះសា្រយជាមួយដែរ។ នៅពេលដែលខ្ញុំបានអានសេចក្ដីជូនដំណឹងពីការបណ្ដេញចេញ ខ្ញុំមានអារម្មណ៍ចេញពីដួងចិត្តថា ព្រះជាម្ចាស់ពិតជាសុចរិតមែន! សេចក្ដីពិត និងព្រះគ្រីស្ទត្រួតត្រាក្នុងដំណាក់របស់ព្រះជាម្ចាស់! អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៥៩. ផលផ្លែនៃរបាយការណ៍ដ៏ស្មោះត្រង់

បន្ទាប់៖ ៦១. សេចក្តីពិតបានបង្ហាញផ្លូវដល់ខ្ញុំ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ជីវិតពេត្រុស

ពេត្រុស​គឺជា​គំរូអំ​ពីព្រះជាម្ចាស់​សម្រាប់​មនុស្ស​ជាតិ គាត់ជាកូនពន្លឺ​មួយ​ដែល​គ្រប់ៗគ្នា​ស្គាល់។...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ