ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII

ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ (II)

យើងនឹងបន្តប្រកបគ្នាអំពីប្រធានបទចុងក្រោយរបស់យើង។ តើអ្នករាល់គ្នានៅចាំពីប្រធានបទដែលយើងបានប្រកបគ្នាលើកចុងក្រោយដែរឬទេ? (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។) តើប្រធានបទ «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» នេះជាប្រធានបទដែលអ្នករាល់គ្នាមិនសូវឮទេ មែនទេ? ឬក៏អ្នករាល់គ្នាមានគោលគំនិតត្រួសៗអំពីប្រធានបទនេះនៅក្នុងចិត្តរបស់អ្នករាល់គ្នារួចហើយ? តើបងប្អូនណាអាចនិយាយអំពីចំណុចសំខាន់នៃការប្រកបគ្នាលើកចុងក្រោយរបស់យើងអំពីប្រធានបទនេះបន្តិចបានឬទេ? (តាមរយៈការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់ ខ្ញុំឃើញថា ទ្រង់មើលថែរបស់សព្វសារពើ និងចិញ្ចឹមបីបាច់មនុស្សជាតិ។ កាលពីមុន ខ្ញុំតែងតែគិតថា នៅពេលព្រះជាម្ចាស់ទំនុកបម្រុងដល់មនុស្ស ទ្រង់ប្រទានត្រឹមតែព្រះបន្ទូលទ្រង់ដល់រាស្ត្រជ្រើសតាំងរបស់ព្រះអង្គប៉ុណ្ណោះ។ ខ្ញុំមិនដែលដឹងថា ព្រះជាម្ចាស់កំពុងចិញ្ចឹមបីបាច់មនុស្សជាតិទាំងអស់ តាមរយៈច្បាប់នានាដែលគ្រប់គ្រងលើរបស់សព្វសារពើនោះទេ។ រហូតទាល់តែព្រះជាម្ចាស់ថ្លែងឱ្យប្រាប់អំពីសេចក្តីពិតនេះ ទើបខ្ញុំបានដឹងថា ទ្រង់ជាប្រភពនៃរបស់សព្វសារពើ ទ្រង់ប្រទានជីវិតដល់របស់សព្វសារពើ ហើយព្រះជាម្ចាស់រៀបចំច្បាប់ទាំងនេះឡើង និងមើលថែរបស់សព្វសារពើទាំងនេះ។ ខ្ញុំឃើញពីសេចក្ដីស្រឡាញ់របស់ទ្រង់ តាមរយៈការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់។) កាលពីលើកមុន យើងបានប្រកបគ្នាជាច្រើនអំពីការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់ និងអំពីរបៀបដែលទ្រង់បានបង្កើតច្បាប់ និងគោលការណ៍នានាឡើងដើម្បីរបស់អស់ទាំងនោះ។ នៅក្រោមច្បាប់ និងគោលការណ៍ទាំងនេះ របស់សព្វសារពើស្លាប់ រស់ និងស្ថិតនៅជាមួយមនុស្សក្រោមការត្រួតត្រា និងការទតមើលពីព្រះជាម្ចាស់។ ដំបូងយើងបាននិយាយអំពីការដែលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ ហើយប្រើវិធីសាស្ត្ររបស់ព្រះអង្គផ្ទាល់ដើម្បីកំណត់ច្បាប់នានាដើម្បីឱ្យរបស់សព្វសារពើនោះលូតលាស់ ក៏ដូចជានិយាយអំពីគន្លងគោចរ និងលំនាំនៃការលូតលាស់នៃរបស់ទាំងនោះផងដែរ។ ទ្រង់ក៏បានកំណត់ពីរបៀបដែលរបស់សព្វសារពើរស់រាននៅក្នុងដែនដីនេះ ដើម្បីឱ្យពួកវាអាចបន្តលូតលាស់ និងកើតកូនចៅច្រើនឡើង ហើយរស់រានបានដោយពឹងពាក់គ្នាទៅវិញទៅមក។ ដោយប្រើវិធីសាស្ត្រ និងច្បាប់ទាំងនេះ របស់សព្វសារពើអាចមានវត្ដមាន និងលូតលាស់នៅលើដែនដីនេះដោយមិនចាំបាច់ប្រឹង និងដោយសន្តិភាព ហើយមានតែមជ្ឈដ្ឋានបែបនេះទេ ទើបមនុស្សជាតិអាចមានទីលំនៅឋិតថេរ និងមានស្ថានភាពនឹងនមួយដើម្បីរស់នៅបាន ដោយឆ្ពោះទៅមុខជានិច្ចក្រោមការណែនាំរបស់ព្រះជាម្ចាស់ គឺទៅមុខរហូត។

កាលពីលើកមុន យើងបានពិភាក្សាអំពីគោលគំនិតជាមូលដ្ឋានអំពីការដែលព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើ៖ ព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើតាមរបៀបនេះ ដើម្បីឱ្យរបស់សព្វសារពើនោះមានវត្តមាន និងរស់នៅជាប្រយោជន៍ដល់មនុស្សជាតិ។ និយាយម៉្យាងទៀតគឺថា បរិស្ថានបែបនេះកើតមានដោយសារច្បាប់នានាដែលព្រះជាម្ចាស់បានកំណត់។ គឺដោយសារតែបានព្រះជាម្ចាស់ថែទាំ និងគ្រប់គ្រងច្បាប់ទាំងនេះហើយ ទើបមនុស្សជាតិមានបរិស្ថានរស់នៅដូចបច្ចុប្បន្ននេះ។ នេះគឺជាជំហានលោតផ្លោះដ៏អស្ចារ្យរវាងអ្វីៗដែលយើងបាននិយាយមុននេះ និងចំណេះដឹងអំពីព្រះជាម្ចាស់ដែលយើងបាននិយាយកាលពីគ្រាមុន។ តើមូលហេតុអ្វីបានជាមានការលោតផ្លោះបែបនោះ? គឺថា នៅពេលយើងនិយាយអំពីការស្គាល់ព្រះជាម្ចាស់កាលពីពេលកន្លងមក យើងបាននិយាយនៅក្នុងព្រំដែននៃការសង្គ្រោះ និងការគ្រប់គ្រងមនុស្សជាតិពីសំណាក់ព្រះជាម្ចាស់ (នោះគឺនិយាយអំពីការសង្គ្រោះ និងការគ្រប់គ្រងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ហើយនៅក្នុងព្រំដែននោះ យើងបាននិយាយអំពីការស្គាល់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ កម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ បំណងព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងអំពីរបៀបដែលទ្រង់ប្រទានសេចក្ដីពិត និងជីវិតដល់មនុស្សផង។ ប៉ុន្តែកាលពីលើកមុននោះ ប្រធានបទដែលយើងបានចាប់ផ្ដើម មិនកំណត់ត្រឹមតែខ្លឹមសារក្នុងព្រះគម្ពីរ និងក្នុងព្រំដែននៃការសង្គ្រោះរបស់ព្រះជាម្ចាស់ដល់រាស្ត្ររើសតាំងរបស់ទ្រង់នោះទេ។ ផ្ទុយទៅវិញ ប្រធានបទនេះហួសពីព្រំដែននេះទៅទៀត ហួសពីដែនកំណត់នៃព្រះគម្ពីរ និងដំណាក់កាលទាំងបីនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើទៅលើរាស្ត្ររើសតាំងរបស់ទ្រង់ ដោយពិភាក្សាអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជំនួសវិញ។ ដូច្នេះ នៅពេលអ្នកស្ដាប់ឮការប្រកបគ្នារបស់ខ្ញុំក្នុងផ្នែកនេះ អ្នកមិនត្រូវដាក់កំហិតចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ត្រឹមតែក្នុងព្រះគម្ពីរ និងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវតែបើកទស្សនៈរបស់អ្នក អ្នកត្រូវតែមើលពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ នៅក្នុងរបស់សព្វសារពើ ក៏ដូចជារបៀបដែលទ្រង់ត្រាស់បង្គាប់ និងគ្រប់គ្រងរបស់សព្វសារពើផងដែរ។ តាមរយៈវិធីសាស្ត្រនេះ និងផ្អែកលើមូលដ្ឋានគ្រឹះនេះ អ្នកអាចមើលឃើញអំពីរបៀបដែលព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើ ដែលអាចឱ្យមនុស្សជាតិយល់បានថា ព្រះជាម្ចាស់ជាប្រភពនៃជីវិតដ៏ពិតប្រាកដសម្រាប់របស់សព្វសារពើ ហើយជាការពិតណាស់ នេះគឺជាអត្តសញ្ញាណពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ និយាយឱ្យចំទៅ អត្តសញ្ញាណ ឋានៈ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ រួមទាំងលក្ខណៈគ្រប់យ៉ាងរបស់ទ្រង់ មិនមែនសម្រាប់តែអស់អ្នកដែលដើរតាមទ្រង់នាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ (មិនមែនសម្រាប់តែក្រុមមនុស្សដូចអ្នករាល់គ្នានេះទេ) តែក៏សម្រាប់របស់សព្វសារពើផងដែរ។ ដូច្នេះ វិសាលភាពនៃរបស់សព្វសារពើគឺធំធេងណាស់។ ខ្ញុំប្រើពាក្យថា «របស់សព្វសារពើ» ដើម្បីពិពណ៌នាអំពីវិសាលភាពនៃច្បាប់របស់ព្រះជាម្ចាស់លើអ្វីៗគ្រប់យ៉ាង ព្រោះខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា អ្វីៗដែលព្រះជាម្ចាស់គ្រប់គ្រង គឺមិនមែនត្រឹមតែអ្វីៗដែលអ្នករាល់គ្នាអាចមើលឃើញនឹងភ្នែករបស់អ្នករាល់គ្នានោះទេ។ របស់អស់ទាំងនោះមិនត្រឹមតែរួមបញ្ចូលនូវពិភពរូបធាតុដែលគ្រប់គ្នាអាចមើលឃើញប៉ុណ្ណោះទេ តែក៏រួមបញ្ចូលទាំងពិភពមួយផ្សេងទៀតក្រៅពីពិភពរូបធាតុដែលភ្នែកមនុស្សមិនអាចមើលឃើញបាន ហើយលើសពីនេះ ក៏រួមបញ្ចូលទាំងភពនានា និងលំហអាកាសខាងក្រៅដែលមនុស្សមិនអាចរស់នៅបានផងដែរ។ នោះហើយជាវិសាលភាពនៃការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ វិសាលភាពនៃការត្រួតត្រារបស់ទ្រង់គឺធំធេងណាស់។ ចំណែកអ្នករាល់គ្នាម្នាក់ៗវិញ ត្រូវការ និងត្រូវតែយល់ដឹង ពិនិត្យមើល និងមានភាពច្បាស់លាស់អំពីអ្វីៗដែលអ្នកគួរតែយល់ដឹង អ្វីៗដែលអ្នកគួរតែពិនិត្យមើល និងអ្វីៗដែលអ្នកគួរចេះដឹង។ ទោះបីជាវិសាលភាពនៃពាក្យថា «របស់សព្វសារពើ» ពិតជាធំធេងមែនក៏ដោយ ក៏ខ្ញុំនឹងមិនប្រាប់អ្នករាល់គ្នាអំពីរបស់នានានៅក្នុងវិសាលភាពនោះដែលអ្នករាល់គ្នាគ្មានវិធីមើលឃើញ ឬដែលអ្នករាល់គ្នាមិនអាចប៉ះពាល់ដោយផ្ទាល់បាននោះដែរ។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាតែអំពីរបស់នានានៅក្នុងវិសាលភាពដែលមនុស្សអាចប៉ះពាល់បាន អាចដឹងបាន និងអាចយល់បានប៉ុណ្ណោះ ដើម្បីឱ្យគ្រប់គ្នាអាចដឹងពីអត្ថន័យពិតនៃឃ្លាថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ»។ តាមវិធីនេះ គ្មានពាក្យណាមួយនៅក្នុងការប្រកបគ្នារបស់ខ្ញុំទៅកាន់អ្នករាល់គ្នា នឹងគ្មានខ្លឹមសារនោះទេ។

កាលពីលើកមុន យើងបានប្រើវិធីសាស្ត្រនិទានរឿងដើម្បីផ្ដល់ជាទិដ្ឋភាពទូទៅងាយយល់អំពីប្រធានបទ «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ដើម្បីឱ្យមនុស្សអាចទទួលបានការយល់ដឹងជាមូលដ្ឋានអំពីរបៀបដែលព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើ។ តើអ្វីទៅជាគោលបំណងនៃការបង្រៀនអំពីគោលគំនិតជាមូលដ្ឋាននេះដល់អ្នករាល់គ្នា? នោះគឺដើម្បីធ្វើឱ្យមនុស្សយល់ដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ហួសពីព្រំដែននៃព្រះគម្ពីរ និងដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ទៅទៀត។ ទ្រង់កំពុងបំពេញកិច្ចការច្រើនជាងនេះទៅទៀត ដែលមនុស្សមិនអាចមើលឃើញ និងមិនអាចប៉ះពាល់បាន ជាកិច្ចការដែលទ្រង់បំពេញដោយផ្ទាល់ព្រះអង្គឯង។ ប្រសិនបើព្រះជាម្ចាស់ចំណាយពេលធ្វើការតែមួយព្រះអង្គឯងលើការគ្រប់គ្រង និងការដឹកនាំរាស្ត្ររើសតាំងរបស់ទ្រង់ទៅមុខ ហើយមិនបានចូលរួមក្នុងកិច្ចការណាមួយផ្សេងទៀត នោះមនុស្សជាតិនេះ រួមទាំងអ្នករាល់គ្នាផង នឹងមានការលំបាកខ្លាំងក្នុងការបន្តដំណើរទៅមុខទៀតមិនខាន។ មនុស្សជាតិនេះ និងពិភពលោកនេះ មុខជាមិនអាចបន្តអភិវឌ្ឍទៅមុខបានទេ។ ក្នុងនោះមានបង្កប់នូវសារៈសំខាន់នៃឃ្លាថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ដែលជាប្រធានបទដែលខ្ញុំនឹងប្រកបគ្នាជាមួយអ្នករាល់គ្នានៅថ្ងៃនេះ។

មជ្ឈដ្ឋានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតឡើងសម្រាប់មនុស្សជាតិ

យើងបានពិភាក្សាគ្នាអំពីប្រធានបទ និងខ្លឹមសារជាច្រើនដែលទាក់ទងនឹងឃ្លាថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ប៉ុន្តែ ក្រៅពីការទំនុកបម្រុងដល់អ្នករាល់គ្នានូវព្រះបន្ទូលរបស់ទ្រង់ និងការបំពេញកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់លើអ្នករាល់គ្នា តើក្នុងចិត្តអ្នករាល់គ្នាដឹងពីអ្វីៗដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិដែរឬទេ? មនុស្សមួយចំនួនប្រហែលជានិយាយថា៖ «ព្រះជាម្ចាស់ប្រទានព្រះគុណ និងព្រះពរដល់ខ្ញុំ។ ទ្រង់ផ្ដល់ការប្រៀនប្រដៅ និងភាពសុខស្រួលដល់ខ្ញុំ ហើយទ្រង់ផ្ដល់ការថែទាំ និងការការពារតាមគ្រប់មធ្យោបាយដល់ខ្ញុំ»។ អ្នកខ្លះទៀតនឹងថា៖ «ព្រះជាម្ចាស់ប្រទានអាហារ និងភេសជ្ជៈដល់ខ្ញុំជារៀងរាល់ថ្ងៃ»។ រីឯអ្នកខ្លះទៀតថែមទាំងនិយាយថា៖ «ព្រះជាម្ចាស់ប្រទានអ្វីៗគ្រប់យ៉ាងដល់ខ្ញុំ» ទៀតផង។ អ្នករាល់គ្នាប្រហែលជាដោះស្រាយបញ្ហាផ្សេងៗដែលមនុស្សជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃ តាមរបៀបមួយដែលទាក់ទងនឹងព្រំដែនបទពិសោធន៍ជីវិតខាងសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ ព្រះជាម្ចាស់ប្រទានរបស់ជាច្រើនដល់មនុស្សគ្រប់គ្នា តែអ្វីដែលយើងកំពុងពិភាក្សាគ្នានៅទីនេះ មិនកំណត់ត្រឹមព្រំដែននៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សទេ ក៏ប៉ុន្តែ ក៏មានចេតនាពង្រីកទស្សនៈយល់ឃើញរបស់មនុស្សម្នាក់ៗ និងអនុញ្ញាតឱ្យគេពិនិត្យមើលអ្វីៗទៅតាមទស្សនៈធំទូលាយផងដែរ។ ដោយសារតែព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ តើទ្រង់រក្សាជីវិតនៃរបស់សព្វសារពើតាមរបៀបណា? ម៉្យាងទៀត តើព្រះជាម្ចាស់ប្រទានអ្វីខ្លះដល់របស់សព្វសារពើដែលទ្រង់បានបង្កើតឡើង ដើម្បីរក្សាវត្ដមាននៃរបស់អស់ទាំងនោះ និងរក្សាច្បាប់នានាដែលទ្រទ្រង់ដល់វត្ដមាននោះ ដើម្បីឱ្យរបស់សព្វសារពើអាចមានវត្ដមានតទៅទៀតបាន? នេះគឺជាចំណុចសំខាន់នៃការពិភាក្សារបស់យើងនៅថ្ងៃនេះ។ តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំបាននិយាយដែរឬទេ? ប្រធានបទនេះប្រហែលជាអ្នករាល់គ្នាពុំធ្លាប់ដឹងពុំធ្លាប់ឮសោះ ប៉ុន្តែខ្ញុំនឹងមិននិយាយអំពីគោលលទ្ធិណាដែលជ្រាលជ្រៅពេកនោះទេ។ ខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាឱ្យអ្នករាល់គ្នាអាចស្ដាប់ពាក្យរបស់ខ្ញុំបាន ហើយទទួលបានការយល់ដឹងពីពាក្យសម្ដីទាំងនោះ។ អ្នករាល់គ្នាមិនចាំបាច់មានអារម្មណ៍ផ្ទុកផ្ដាក់នោះទេ អ្វីដែលអ្នករាល់គ្នាត្រូវធ្វើ គឺស្ដាប់ដោយយកចិត្តទុកដាក់ទៅបានហើយ។ ទោះយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ ខ្ញុំត្រូវតែបញ្ជាក់ឱ្យច្បាស់ម្ដងទៀតថា៖ តើខ្ញុំកំពុងនិយាយអំពីប្រធានបទអ្វី? ប្រាប់បានទេ? (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។) ដូច្នេះ តើព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើយ៉ាងដូចម្ដេច? តើទ្រង់ប្រទានអ្វីខ្លះដល់របស់សព្វសារពើនោះ ដែលអាចឱ្យគេនិយាយបានថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ»? តើអ្នករាល់គ្នាមានទស្សនៈ ឬគំនិតអំពីសេចក្ដីនេះទេ? ហាក់ដូចជាខ្ញុំកំពុងពិភាក្សាអំពីប្រធានបទមួយដែលអ្នករាល់គ្នាស្ទើរតែមិនធ្លាប់បានដឹងបានឮនៅក្នុងចិត្ត និងគំនិតរបស់អ្នករាល់គ្នាទាល់តែសោះអ៊ីចឹង។ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចផ្សារភ្ជាប់ប្រធានបទនេះ ទៅនឹងអ្វីដែលខ្ញុំនឹងនិយាយពីកិច្ចការរបស់ព្រះជាម្ចាស់ ជាជាងផ្សារភ្ជាប់វាទៅនឹងចំណេះដឹង វប្បធម៌មនុស្សជាតិ ឬការស្រាវជ្រាវណាមួយ។ ខ្ញុំនឹងនិយាយតែអំពីព្រះជាម្ចាស់ គឺនិយាយអំពីព្រះជាម្ចាស់ផ្ទាល់តែប៉ុណ្ណោះ។ ខ្ញុំមានសំណូមពរដល់អ្នករាល់គ្នាបែបនេះ។ ខ្ញុំជឿជាក់ថា អ្នករាល់គ្នាច្បាស់ជាយល់ហើយ មែនទេ?

ព្រះជាម្ចាស់បានប្រទានរបស់ជាច្រើនដល់មនុស្សជាតិ។ ខ្ញុំនឹងចាប់ផ្តើមដោយនិយាយអំពីអ្វីៗដែលមនុស្សអាចមើលឃើញ ពោលគឺ អ្វីៗដែលពួកគេអាចមានអារម្មណ៍ដឹងបាន។ ទាំងនេះជាអ្វីៗដែលមនុស្សអាចទទួលយក និងយល់ដឹងនៅក្នុងចិត្ដរបស់ពួកគេបាន។ ដូច្នេះ ដំបូង យើងចាប់ផ្តើមដោយនិយាយអំពីអ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិ រួមជាមួយនឹងការពិភាក្សាគ្នាអំពីពិភពរូបធាតុផង។

ក. ខ្យល់

ដំបូង ព្រះជាម្ចាស់បានបង្កើតខ្យល់ដើម្បីឱ្យមនុស្សអាចដកដង្ហើមបាន។ ខ្យល់គឺជាអ្វីដែលមនុស្សអាចប៉ះរាល់ថ្ងៃបាន ហើយវាជាធាតុដែលមនុស្សពឹងផ្អែកគ្រប់ខណៈពេលទាំងអស់ សូម្បីតែពេលសម្រាន្តក៏ដោយ។ ខ្យល់ដែលព្រះជាម្ចាស់បានបង្កើតឡើង គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់មនុស្សជាតិ៖ វាចាំបាច់សម្រាប់ដំណកដង្ហើម និងជីវិតរបស់មនុស្ស។ ធាតុដែលគេអាចមានអារម្មណ៍ដឹងបាន តែមើលមិនឃើញនេះ ជាអំណោយទានដំបូងរបស់ព្រះជាម្ចាស់ប្រទានដល់របស់សព្វសារពើដែលទ្រង់បានបង្កើតមក។ ប៉ុន្តែ បន្ទាប់ពីបង្កើតខ្យល់ហើយ តើព្រះជាម្ចាស់ឈប់ត្រឹមនេះ ដោយចាត់ទុកថាកិច្ចការរបស់ទ្រង់បានចប់ហើយ មែនទេ? ឬតើទ្រង់បានព្រះតម្រិះថាតើគួរឱ្យមានកំហាប់ខ្យល់ប៉ុនណាមែនទេ? តើទ្រង់បានព្រះតម្រិះអំពីធាតុផ្សំដែលខ្យល់គួរតែមានដែរឬទេ? តើព្រះជាម្ចាស់បានព្រះតម្រិះអំពីអ្វីរឿងអ្វីខ្លះនៅពេលទ្រង់បង្កើតខ្យល់? ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតខ្យល់ ហើយតើទ្រង់មានហេតុផលអ្វីដែរ? មនុស្សត្រូវការខ្យល់ មនុស្សត្រូវការដកដង្ហើម។ ដំបូង ដង់ស៊ីតេខ្យល់គួរតែសមស្របនឹងសួតរបស់មនុស្ស។ តើមានអ្នកណាដឹងអំពីដង់ស៊ីតេខ្យល់ដែរឬទេ? តាមពិតទៅ មនុស្សពុំចាំបាច់ត្រូវដឹងចម្លើយនៃសំណួរនេះពាក់ព័ន្ធនឹងតួលេខ ឬទិន្នន័យអ្វីជាពិសេសនោះទេ ហើយពិតណាស់ គឺពុំចាំបាច់ត្រូវដឹងចម្លើយនោះទេ គ្រាន់តែមានគំនិតទូទៅមួយ គឺគ្រប់គ្រាន់ពេកណាស់ទៅហើយ។ ព្រះជាម្ចាស់បានបង្កើតខ្យល់ដោយមានដង់ស៊ីតេដែលសមស្របបំផុតសម្រាប់សួតរបស់មនុស្សដកដង្ហើម។ ពោលគឺ ទ្រង់បានបង្កើតខ្យល់ដើម្បីឱ្យវាអាចចូលក្នុងខ្លួនមនុស្សបានតាមរយៈដំណកដង្ហើមរបស់ពួកគេ និងដើម្បីកុំឱ្យវាបង្កគ្រោះថ្នាក់ដល់រាងកាយនៅពេលដកដង្ហើម។ ពេលព្រះជាម្ចាស់បង្កើតខ្យល់ ទ្រង់បានព្រះតម្រិះពីរឿងអស់ទាំងនេះ។ បន្ទាប់មកទៀត យើងនឹងនិយាយអំពីធាតុដែលមាននៅក្នុងខ្យល់។ ធាតុរបស់ខ្យល់មិនធ្វើឱ្យមនុស្សពុលឡើយ ហើយក៏មិនធ្វើឱ្យខូចសួត ឬផ្នែកណាមួយនៃរាងកាយដែរ។ ព្រះជាម្ចាស់ត្រូវតែព្រះតម្រិះអំពីចំណុចទាំងអស់នេះ។ ព្រះជាម្ចាស់ត្រូវតែព្រះតម្រិះថា ខ្យល់ដែលមនុស្សដកដង្ហើមគួរតែចូលនិងចេញពីរាងកាយដោយរលូន ហើយបន្ទាប់ពីស្រូបចូលរួច លក្ខណៈនិងបរិមាណនៃសារធាតុនៅក្នុងខ្យល់ គួរតែបម្លែងបានយ៉ាងល្អជាមួយឈាម ក៏ដូចជាសំណល់ខ្យល់នៅក្នុងសួត ព្រមទាំងរាងកាយទាំងមូលផងដែរ។ លើសពីនេះទៅទៀត ទ្រង់ត្រូវតែព្រះតម្រិះថា ខ្យល់មិនគួរមានសារធាតុពុលទេ។ បំណងរបស់ខ្ញុំក្នុងការប្រាប់អ្នកអំពីបទដ្ឋានខ្យល់ទាំងពីរនេះ គឺមិនមែនដើម្បីផ្ដល់ចំណេះដឹងជាក់លាក់ណាមួយដល់អ្នករាល់គ្នានោះទេ ប៉ុន្តែដើម្បីបង្ហាញអ្នករាល់គ្នាថា ព្រះជាម្ចាស់បានបង្កើតរបស់នីមួយៗឡើងស្របតាមព្រះតម្រិះរបស់ព្រះអង្គផ្ទាល់ ហើយរបស់ដែលទ្រង់បានបង្កើតមក គឺល្អបំផុត។ លើសពីនេះទៀត ចំពោះបរិមាណធូលីនៅក្នុងខ្យល់ ព្រមទាំងបរិមាណធូលី ខ្សាច់ និងកម្ទេចកម្ទីនៅលើផែនដី ក៏ដូចជាបរិមាណធូលីដែលរសាត់ចុះពីលើមេឃមកផែនដីនេះ ព្រះជាម្ចាស់មានវិធីរបស់ទ្រង់ក្នុងការគ្រប់គ្រងរបស់ទាំងនេះ មានវិធីក្នុងការកម្ចាត់ពួកវា ឬក៏ធ្វើឱ្យពួកវាបែកខ្ញែក។ ព្រះជាម្ចាស់បានបង្កើតធូលីក្នុងបរិមាណជាក់លាក់ណាមួយ ដើម្បីកុំឱ្យធូលីនោះបង្កគ្រោះថ្នាក់ដល់រាងកាយមនុស្ស ឬបង្កគ្រោះថ្នាក់ដល់ការដកដង្ហើមរបស់មនុស្ស ហើយទ្រង់បានបង្កើតធូលីឱ្យមានទំហំតូចៗដែលមិនបង្កគ្រោះថ្នាក់ដល់រាងកាយ។ តើការបង្កើតខ្យល់ដោយព្រះជាម្ចាស់មិនមែនជារឿងអាថ៌កំបាំងទេឬ? តើវាជារឿងធម្មតាមួយ ដូចការផ្លុំខ្យល់ដង្ហើមចេញតាមព្រះឱស្ឋរបស់ទ្រង់មែនទេ? (មិនមែនទេ។) សូម្បីតែនៅក្នុងការបង្កើតរបស់ដ៏សាមញ្ញបំផុតក៏ដោយ ក៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដំណើរការនៃព្រះទ័យរបស់ទ្រង់ របៀបដែលទ្រង់ព្រះតម្រិះ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ គឺសុទ្ធតែអាចមើលឃើញច្បាស់។ តើព្រះជាម្ចាស់មិនជាក់ស្ដែងទេឬ? (ទ្រង់ជាក់ស្ដែង។) អត្ថន័យត្រង់ចំណុចនេះគឺថា សូម្បីតែនៅក្នុងការបង្កើតរបស់សាមញ្ញៗ ក៏ព្រះជាម្ចាស់បានព្រះតម្រិះដល់មនុស្សជាតិដែរ។ ពីដំបូង ខ្យល់ដែលមនុស្សដកដង្ហើមត្រូវតែស្អាត ហើយធាតុរបស់ខ្យល់ ត្រូវតែសមស្របសម្រាប់មនុស្សដកដង្ហើម មិនពុល និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ ដូចគ្នានេះដែរ ដង់ស៊ីតេខ្យល់ ក៏សមស្របសម្រាប់ការដកដង្ហើមរបស់មនុស្សផងដែរ។ ខ្យល់ដែលមនុស្សដកដង្ហើមចូលនិងដកដង្ហើមចេញឥតឈប់នេះ គឺចាំបាច់បំផុតចំពោះរាងកាយមនុស្ស និងសាច់ឈាមមនុស្ស។ នេះហើយជាមូលហេតុដែលមនុស្សអាចដកដង្ហើមបានដោយសេរី ដោយគ្មានឧបសគ្គ ឬកង្វល់។ ម្ល៉ោះហើយ ពួកគេអាចដកដង្ហើមបានជាធម្មតា។ ខ្យល់គឺជារបស់ដែលព្រះជាម្ចាស់បានបង្កើតតាំងតែពីដំបូងមក ហើយជារបស់ដែលមិនអាចខ្វះបានសម្រាប់ដង្ហើមមនុស្ស។

ខ. សីតុណ្ហភាព

របស់ទីពីរដែលយើងនឹងពិភាក្សាគ្នាគឺ សីតុណ្ហភាព។ មនុស្សគ្រប់គ្នាដឹងថាសីតុណ្ហភាពជាអ្វីរួចហើយ។ សីតុណ្ហភាព គឺជាធាតុដែលចាំបាច់ចំពោះបរិស្ថាន ដែលសមស្របសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស។ ប្រសិនបើសីតុណ្ហភាពខ្ពស់ពេក (ឧទាហរណ៍៖ ឧបមាថាសីតុណ្ហភាពឡើងខ្ពស់ជាងសែសិបអង្សារសេ) តើនេះនឹងមិនមែនក្ដៅស្ងួតហួតហែងសម្រាប់មនុស្សពេកទេឬ? តើរស់នៅក្នុងលក្ខខណ្ឌបែបនេះ មិនធ្វើឱ្យមនុស្សអស់កម្លាំងល្ហិតល្ហៃទេឬ? ហើយប្រសិនបើសីតុណ្ហភាពទាបពេក តើយ៉ាងណាវិញ? ឧបមាថា សីតុណ្ហភាពធ្លាក់ដល់ដកសែសិបអង្សារសេ មនុស្សក៏មិនអាចទ្រាំនឹងលក្ខខណ្ឌទាំងនេះបានដែរ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់មានការល្អិតល្អន់ណាស់ក្នុងការកំណត់កម្រិតសីតុណ្ហភាព ឱ្យនៅកម្រិតដែលរាងកាយមនុស្សអាចសម្របខ្លួនបាន ក្នុងចន្លោះពីដកសាមសិបអង្សារសេ និងបូកសែសិបអង្សារសេ មិនឱ្យទាបជាង ឬខ្ពស់ជាងនេះឡើយ។ សីតុណ្ហភាពនៅលើផែនដីពីភាគខាងជើងទៅភាគខាងត្បូង គឺស្ថិតនៅក្នុងចន្លោះនេះ។ នៅក្នុងតំបន់ត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ប្រហែលដកហាសិប ឬហុកសិបអង្សារសេ។ ព្រះជាម្ចាស់នឹងមិនឱ្យមនុស្សរស់នៅក្នុងតំបន់បែបនេះទេ។ ចុះហេតុអ្វីបានជាមានតំបន់ត្រជាក់ខ្លាំងទាំងនេះ? ចំពោះរឿងនេះ ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណរបស់ព្រះអង្គផ្ទាល់ ហើយទ្រង់មានបំណងព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់។ ទ្រង់នឹងមិនឱ្យអ្នកទៅក្បែរកន្លែងទាំងនោះទេ។ កន្លែងដែលក្តៅខ្លាំង និងត្រជាក់ខ្លាំង ត្រូវបានការពារដោយព្រះជាម្ចាស់ មានន័យថា ទ្រង់មិនបានដាក់ផែនការឱ្យមនុស្សទៅរស់នៅទីនោះទេ។ កន្លែងទាំងនេះ មិនមែនសម្រាប់មនុស្សជាតិទេ។ ប៉ុន្តែតើហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតកន្លែងបែបនេះនៅលើផែនដី? ប្រសិនបើកន្លែងទាំងនេះជាកន្លែងដែលព្រះជាម្ចាស់មិនឱ្យមនុស្សរស់នៅ ឬសូម្បីតែរួចជីវិតក៏មិនបានផង ចុះហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតកន្លែងទាំងនោះមក? ក្នុងនេះមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ពោលគឺព្រះជាម្ចាស់បានកំណត់កម្រិតសីតុណ្ហភាពបរិស្ថានសមស្រប ដែលមនុស្សអាចរស់រានបាន។ នៅក្នុងនេះក៏មានការចូលរួមពីច្បាប់ធម្មជាតិផងដែរ។ ព្រះជាម្ចាស់បានបង្កើតរបស់មួយចំនួនដើម្បីរក្សាលំនឹង និងគ្រប់គ្រងសីតុណ្ហភាព។ តើរបស់ទាំងនោះមានអ្វីខ្លះ? ដំបូង ព្រះអាទិត្យអាចផ្ដល់កម្ដៅដល់មនុស្ស ប៉ុន្តែនៅពេលកម្ដៅនោះក្ដៅខ្លាំងពេក តើមនុស្សអាចទ្រាំនឹងកម្ដៅនោះបានទេ? តើមានអ្នកណាម្នាក់ដែលហ៊ានចូលទៅជិតព្រះអាទិត្យដែរឬទេ? តើមានឧបករណ៍វិទ្យាសាស្ត្រណាមួយនៅលើផែនដីនេះ ដែលអាចចូលទៅជិតព្រះអាទិត្យបានទេ? (អត់ទេ។) ហេតុអ្វីបានជាមិនមាន? គឺមកពីព្រះអាទិត្យក្ដៅពេក។ អ្វីក៏ដោយដែលចូលទៅជិតពេក នឹងត្រូវរលាយ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានព្រះតម្រិះជាពិសេសដើម្បីកំណត់កម្ពស់ព្រះអាទិត្យឱ្យនៅពីលើមនុស្សជាតិ និងកំណត់ចម្ងាយព្រះអាទិត្យនិងមនុស្សស្របតាមការគណនាយ៉ាងល្អិតល្អន់ និងតាមបទដ្ឋានរបស់ទ្រង់។ បន្ទាប់មក ផែនដីមានប៉ូលពីរ គឺប៉ូលខាងត្បូង និងប៉ូលខាងជើង។ តំបន់ទាំងពីរនេះ គ្រប់ដណ្ដប់ដោយទឹកកកទាំងស្រុង និងត្រជាក់ខ្លាំងណាស់។ តើមនុស្សជាតិអាចរស់នៅក្នុងតំបន់ផែនទឹកកកបានទេ? តើកន្លែងបែបនេះសមស្របឱ្យមនុស្សរស់រានបានទេ? មិនបានទេ។ ដូច្នេះ មនុស្សមិនទៅកន្លែងទាំងនេះទេ។ ដោយសារមនុស្សមិនទៅប៉ូលខាងត្បូង និងប៉ូលខាងជើង ទើបផែនទឹកកករបស់ប៉ូលទាំងពីរ ត្រូវរក្សាគង់វង្ស និងអាចបម្រើដល់គោលបំណងរបស់ប៉ូលទាំងពីរនេះក្នុងការគ្រប់គ្រងសីតុណ្ហភាពបាន។ អ្នកយល់ហើយ មែនទេ? ប្រសិនបើគ្មានប៉ូលខាងត្បូង និងគ្មានប៉ូលខាងជើងទេ នោះកម្ដៅឥតឈប់ឈររបស់ព្រះអាទិត្យនឹងធ្វើឱ្យមនុស្សនៅលើផែនដីនេះវិនាសមិនខាន។ ប៉ុន្តែ តើព្រះជាម្ចាស់រក្សាសីតុណ្ហភាពនៅក្នុងកម្រិតមួយដែលសមស្របសម្រាប់ការរស់រានរបស់មនុស្សតាមរយៈរបស់តែពីរយ៉ាងនេះមែនទេ? អត់ទេ។ នៅមានភាវៈរស់គ្រប់ប្រភេទផងដែរ ដូចជា ស្មៅនៅតាមទីវាល ដើមឈើផ្សេងៗ និងរុក្ខជាតិគ្រប់ប្រភេទនៅក្នុងព្រៃ ដែលស្រូបយកកំដៅព្រះអាទិត្យ ហេតុដូច្នោះហើយ ពួកវាកាត់បន្ថយថាមពលកម្ដៅរបស់ព្រះអាទិត្យតាមរយៈការរក្សាសីតុណ្ហភាពបរិស្ថានដែលមនុស្សជាតិរស់នៅ។ ក៏មានទាំងប្រភពទឹកផងដែរ ដូចជាទន្លេ និងបឹងបួជាដើម។ គ្មាននរណាម្នាក់អាចកំណត់ផ្ទៃដីដែលគ្របដណ្តប់ដោយទន្លេ និងបឹងបួបាននោះទេ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងបរិមាណទឹកដែលត្រូវមាននៅលើផែនដីនេះបានទេ ហើយក៏ពុំអាចកំណត់ទីតាំងដែលទឹកត្រូវហូរ ទិសដៅនៃលំហូរទឹក ចំណុះទឹក និងល្បឿនទឹកបាននោះដែរ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបជ្រាបការនេះ។ ប្រភពទឹកផ្សេងៗគ្នាទាំងនេះ រាប់ចាប់តាំងពីទឹកក្រោមដីរហូតដល់ទន្លេនិងបឹងដែលអាចមើលឃើញនៅលើដី ក៏អាចរក្សាសីតុណ្ហភាពបរិស្ថានដែលមនុស្សរស់នៅបានផងដែរ។ ក្រៅពីប្រភពទឹក ក៏នៅមានសណ្ឋានភូមិសាស្ត្រគ្រប់ប្រភេទផងដែរ ដូចជា ភ្នំ វាលទំនាប អន្លង់ជ្រៅៗ និងតំបន់ដីសើមជាដើម ដែលសុទ្ធតែរក្សាសីតុណ្ហភាពក្នុងកម្រិតមួយសមាមាត្រទៅនឹងតំបន់ និងទំហំភូមិសាស្ត្រនោះ។ ឧទាហរណ៍ ប្រសិនបើភ្នំមួយមានព្រំដែនព័ទ្ធជុំវិញមួយរយគីឡូម៉ែត្រ នោះទំហំមួយរយគីឡូម៉ែត្រនោះ នឹងរួមចំណែកដល់ភាពមានប្រយោជន៍ប្រើការបានមួយរយគីឡូម៉ែត្រដែរ។ ចំពោះចំនួននៃជួរភ្នំ និងអន្លង់ជ្រៅៗដែលព្រះជាម្ចាស់បានបង្កើតនៅលើផែនដីនេះ គឺជាចំនួនដែលព្រះជាម្ចាស់បានព្រះតម្រិះរួចហើយ។ ម៉្យាងទៀត នៅពីក្រោយអត្ថិភាពនៃគ្រប់វត្ថុនីមួយៗដែលព្រះជាម្ចាស់បានបង្កើតមក សុទ្ធតែមានរឿងហេតុ ហើយវត្ថុនីមួយៗសុទ្ធតែមានព្រះប្រាជ្ញាញាណ និងផែនការរបស់ព្រះជាម្ចាស់។ ចូរពិចារណាអំពីព្រៃឈើ និងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ជាឧទាហរណ៍ចុះ ចម្ងាយ និងទំហំនៃតំបន់ដែលពួកវាដុះ និងលូតលាស់ គឺហួសពីសមត្ថភាពគ្រប់គ្រងរបស់មនុស្សរាល់គ្នា ហើយគ្មាននរណាម្នាក់អាចបញ្ជារឿងទាំងនេះបានទេ។ ដូចគ្នានេះដែរ គ្មានមនុស្សណាម្នាក់ដែលអាចគ្រប់គ្រងបរិមាណទឹកដែលរុក្ខជាតិទាំងនោះស្រូបយកបាននោះទេ ហើយក៏មិនអាចគ្រប់គ្រងបរិមាណថាមពលកម្ដៅដែលពួកវាស្រូបពីព្រះអាទិត្យបានដែរ។ អ្វីៗទាំងអស់នេះស្ថិតនៅក្នុងវិសាលភាពនៃផែនការដែលព្រះជាម្ចាស់បានបង្កើតឡើង នៅពេលទ្រង់បង្កើតរបស់សព្វសារពើ។

គឺដោយសារតែបានព្រះជាម្ចាស់ធ្វើផែនការ មានព្រះតម្រិះ និងរៀបចំគ្រប់បែបយ៉ាងដោយប្រុងប្រយ័ត្នបែបនេះ ទើបមនុស្សអាចរស់នៅក្នុងបរិស្ថានមួយដែលមានសីតុណ្ហភាពសមស្របបាន។ ហេតុដូច្នេះហើយ របស់នីមួយៗដែលមនុស្សមើលឃើញដោយភ្នែករបស់ពួកគេ ដូចជា ព្រះអាទិត្យ ប៉ូលខាងត្បូង និងប៉ូលខាងជើងដែលមនុស្សតែងតែឮគេនិយាយញឹកញាប់ ក៏ដូចជាភាវៈរស់ផ្សេងៗនៅលើដី ក្រោមដី និងក្នុងទឹក ព្រមទាំងទំហំផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើនិងរុក្ខជាតិផ្សេងៗ ប្រភពទឹក ផ្ទៃទឹកផ្សេងៗ បរិមាណទឹកសមុទ្រនិងទឹកសាប ព្រមទាំងបរិស្ថានភូមិសាស្ត្រខុសៗគ្នា ទាំងនេះសុទ្ធតែជារបស់គ្រប់យ៉ាងដែលព្រះជាម្ចាស់ប្រើដើម្បីរក្សាសីតុណ្ហភាពធម្មតាសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស។ ការនេះល្អឥតខ្ចោះ។ គឺដោយសារតែបានព្រះជាម្ចាស់មានព្រះតម្រិះយ៉ាងជ្រាលជ្រៅអំពីការទាំងអស់នេះហើយ ទើបមនុស្សអាចរស់នៅនៅក្នុងបរិស្ថានមួយដែលមានសីតុណ្ហភាពសមស្របបែបនេះបាន។ វាមិនត្រូវត្រជាក់ពេក ហើយក៏មិនត្រូវក្តៅពេកដែរ៖ កន្លែងណាដែលក្ដៅពេក ដែលមានសីតុណ្ហភាពលើសពីកម្រិតដែលរាងកាយមនុស្សអាចសម្របខ្លួនបាន ព្រះជាម្ចាស់ច្បាស់ជាមិនទុកសម្រាប់ឱ្យអ្នកឡើយ។ កន្លែងណាដែលត្រជាក់ពេក ដែលមានសីតុណ្ហភាពទាបខ្លាំង ដែលមនុស្សនឹងកកខ្លួនទាំងមូលក្រោយពេលទៅដល់ទីនោះត្រឹមតែពីរបីនាទី ដល់ថ្នាក់ពួកគេមិនអាចនិយាយបាន ខួរក្បាលរបស់ពួកគេកកអស់ ពួកគេមិនអាចគិតបាន ហើយមិនយូរប៉ុន្មាន ពួកគេក៏ថប់ដង្ហើម កន្លែងបែបនេះ ព្រះជាម្ចាស់ក៏មិនទុកសម្រាប់ឱ្យមនុស្សជាតិដែរ។ មិនថាមនុស្សចង់ធ្វើការស្រាវជ្រាវបែបណានោះទេ មិនថាពួកគេចង់កែប្រែថ្មី ឬក៏ទម្លុះដែនកំណត់នេះក៏ដោយ ទោះជាមនុស្សមានគំនិតបែបណាក្ដី ក៏ពួកគេនឹងមិនអាចចេញផុតពីដែនកំណត់ដែលរាងកាយមនុស្សអាចសម្របខ្លួនបានឡើយ។ ពួកគេនឹងមិនអាចគេចផុតពីដែនកំណត់ដែលព្រះជាម្ចាស់បានបង្កើតឡើងសម្រាប់មនុស្សឡើយ។ នេះក៏ព្រោះតែព្រះជាម្ចាស់បានបង្កើតមនុស្សមក ហើយព្រះជាម្ចាស់ជ្រាបច្បាស់ពីកម្រិតសីតុណ្ហភាពដែលរាងកាយមនុស្សអាចសម្របខ្លួនបាន។ ប៉ុន្តែមនុស្សខ្លួនឯងមិនដឹងនោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយថាមនុស្សមិនដឹង? តើមនុស្សបានធ្វើរឿងឆោតល្ងង់អ្វីខ្លះ? មានមនុស្សជាច្រើនបានប៉ុនប៉ងឥតឈប់ដើម្បីយកឈ្នះលើប៉ូលខាងជើង និងប៉ូលខាងត្បូង មែនទេ? មនុស្សបែបនេះតែងតែចង់ទៅកន្លែងទាំងនោះដើម្បីកាន់កាប់ដី ដើម្បីឱ្យពួកគេអាចចាក់ឫសនៅទីនោះបាន។ នេះជាទង្វើដែលមិនសមហេតុផលទេ។ ទោះបីជាអ្នកបានស្រាវជ្រាវតំបន់ប៉ូលបានយ៉ាងហ្មត់ចត់ក៏ដោយ ដូច្នេះ តើវាយ៉ាងម៉េច? ទោះបីជាអ្នកអាចសម្របខ្លួនទៅនឹងសីតុណ្ហភាពទាំងនោះ ហើយអាចរស់នៅទីនោះបានក៏ដោយ តើវានឹងផ្ដល់ផលប្រយោជន៍អ្វីដល់មនុស្សជាតិដែរទេ បើអ្នកពិតជា «កែសម្រួល» បរិស្ថានបច្ចុប្បន្នសម្រាប់ជីវិតនៅប៉ូលខាងត្បូង និងប៉ូលខាងជើងពិតមែននោះ? មនុស្សជាតិមានបរិស្ថានមួយដែលអាចរស់រានបាន ប៉ុន្តែមនុស្សមិននៅទីនោះដោយស្ងាត់ស្ងៀម និងដោយការចុះចូលនោះទេ តែផ្ទុយទៅវិញ ពួកគេទទូចផ្សងព្រេងទៅកន្លែងផ្សេងៗដែលពួកគេមិនអាចរស់រានបាន។ តើទង្វើនេះមានន័យអ្វីទៅ? ពួកគេកើតមានការធុញទ្រាន់ និងគ្មានការអត់ធ្មត់នឹងជីវិតនៅក្នុងសីតុណ្ហភាពសមស្របនេះ ហើយបានសោយសុខនឹងព្រះពរច្រើនពេកហើយ។ ក្រៅពីនេះ បរិស្ថានធម្មតាសម្រាប់ជីវិតនេះ ត្រូវបានមនុស្សជាតិបំផ្លាញស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះឥឡូវនេះ ពួកគេគិតថា ពួកគេក៏អាចទៅប៉ូលខាងត្បូង និងប៉ូលខាងជើងដើម្បីធ្វើការបំផ្លាញបន្ថែមទៀត ឬដេញតាម «ហេតុផល» មួយចំនួន ដែលពួកគេអាចរកឃើញវិធីមួយចំនួនក្នុងការ «ត្រួសត្រាយផ្លូវថ្មី»។ តើនេះមិនមែនជាការឆោតល្ងង់ទេឬ? និយាយឱ្យចំទៅ នៅក្រោមការដឹកនាំរបស់បុព្វបុរសសាតាំងរបស់ពួកគេ មនុស្សជាតិនេះ នៅតែបន្តធ្វើរឿងមិនសមហេតុផលមួយហើយមួយទៀតដដែល ដោយបំផ្លាញផ្ទះដ៏ស្រស់ស្អាតដែលព្រះជាម្ចាស់បានបង្កើតឱ្យពួកគេ ដោយឥតកោតក្រែង និងគ្មានមេត្តា។ នេះគឺជាទង្វើរបស់សាតាំង។ លើសពីនេះទៀត ដោយយល់ឃើញថា ការរស់រានរបស់មនុស្សជាតិនៅលើផែនដីអាចត្រូវវិនាសនៅពេលណាមួយ ដូច្នេះ មនុស្សជាច្រើនបានស្វះស្វែងរកវិធីទៅកាន់ឋានព្រះចន្ទ ដោយចង់រកវិធីរស់នៅទីនោះ។ ប៉ុន្តែនៅទីបំផុត ព្រះចន្ទគ្មានអុកស៊ីសែន។ តើមនុស្សអាចរស់រានដោយគ្មានអុកស៊ីសែនបានទេ? ដោយសារព្រះចន្ទគ្មានអុកស៊ីសែន ដូច្នេះ វាមិនមែនជាកន្លែងដែលមនុស្សអាចស្នាក់នៅបានទេ ក៏ប៉ុន្តែមនុស្សនៅតែជម្នះចង់ទៅទីនោះទៀត។ តើគួរហៅឥរិយាបថនេះដូចម្ដេច? ឥរិយាបថនេះ ក៏ជាការបំផ្លាញខ្លួនឯងផងដែរ។ ព្រះចន្ទ គឺជាកន្លែងដែលគ្មានខ្យល់ ហើយសីតុណ្ហភាពរបស់វាមិនសមស្របសម្រាប់ការរស់រានរបស់មនុស្សទេ ហេតុដូច្នេះហើយ វាមិនមែនជាកន្លែងដែលព្រះជាម្ចាស់ទុកសម្រាប់ឱ្យមនុស្សទេ។

សីតុណ្ហភាពជាប្រធានបទរបស់យើងក្នុងពេលនេះ ហើយមនុស្សពើបប្រទះនឹងរឿងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សីតុណ្ហភាព គឺជាអ្វីដែលរាងកាយមនុស្សទាំងអស់គ្នាអាចដឹងបាន ប៉ុន្តែគ្មាននរណាម្នាក់គិតថាតើសីតុណ្ហភាពកើតឡើងបានយ៉ាងដូចម្ដេច ឬក៏ថាតើអ្នកណារ៉ាប់រង និងគ្រប់គ្រងលើវា ដើម្បីឱ្យវាសមស្របសម្រាប់ការរស់រានរបស់មនុស្សនោះទេ។ នេះជាអ្វីដែលយើងកំពុងរៀនក្នុងពេលនេះ។ តើមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នៅក្នុងនោះដែរឬទេ? តើមានសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងនោះដែរឬទេ? (មាន។) ពេលពិចារណាថាព្រះជាម្ចាស់បានបង្កើតបរិស្ថានមួយដែលមានសីតុណ្ហភាពសមស្របសម្រាប់ការរស់រានរបស់មនុស្ស តើនេះជាវិធីមួយក្នុងចំណោមវិធីដទៃទៀតដែលព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើមែនទេ? មែនហើយ។

គ. សំឡេង

តើរបស់ទីបីនេះគឺជាអ្វី? វាក៏ជាផ្នែកដ៏ចាំបាច់មួយនៃបរិស្ថានធម្មតានៃអត្ថិភាពរបស់មនុស្សដែរ ជារបស់ដែលព្រះជាម្ចាស់ត្រូវតែធ្វើការរៀបចំ នៅពេលទ្រង់បានបង្កើតរបស់សព្វសារពើឡើង។ វាមានសារៈសំខាន់ណាស់ចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សគ្រប់រូប។ ប្រសិនបើព្រះជាម្ចាស់មិនបានយកព្រះទ័យទុកដាក់ចំពោះរឿងនេះទេ នោះវានឹងរំខានដល់ការរស់រានរបស់មនុស្សជាតិជាខ្លាំង មានន័យថា វានឹងជះឥទ្ធិពលខ្លាំងដល់ជីវិតមនុស្ស និងរូបកាយខាងសាច់ឈាមរបស់ពួកគេ រហូតដល់ថ្នាក់មនុស្សជាតិនឹងមិនអាចរស់រានបាននៅក្នុងបរិស្ថានបែបនេះ។ អាចនិយាយបានថា គ្មានភាវៈរស់ណាមួយអាចរស់រាននៅក្នុងបរិស្ថានបែបនេះបានឡើយ។ ដូច្នេះ របស់ដែលខ្ញុំកំពុងនិយាយនេះ គឺជាអ្វី? ខ្ញុំកំពុងនិយាយអំពីសំឡេង។ ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង ហើយអ្វីៗទាំងអស់នោះ រស់នៅក្នុងព្រះហស្តរបស់ទ្រង់។ របស់គ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតមក សុទ្ធតែកំពុងរស់នៅ និងមានចលនាជាទៀងទាត់ក្រោមការទតមើលរបស់ទ្រង់។ សម្ដីនេះ ខ្ញុំចង់បានន័យថា របស់នីមួយៗដែលព្រះជាម្ចាស់បានបង្កើតមក សុទ្ធតែមានតម្លៃ និងអត្ថន័យនៅក្នុងអត្ថិភាពរបស់វា។ ពោលគឺ អត្ថិភាពនៃរបស់ទាំងអស់ សុទ្ធតែមានសារៈសំខាន់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ របស់នីមួយៗសុទ្ធតែមានជីវិត ហើយដោយសារតែរបស់សព្វសារពើសុទ្ធតែមានជីវិតនេះហើយ ទើបរបស់នីមួយៗក្នុងចំណោមនោះបង្កើតជាសំឡេង។ ឧទាហរណ៍ ផែនដីវិលឥតឈប់ ព្រះអាទិត្យវិលឥតឈប់ ហើយព្រះចន្ទក៏វិលឥតឈប់ដែរ។ ដោយសារតែរបស់សព្វសារពើដុះដាល លូតលាស់ និងផ្លាស់ទី ដូច្នេះ ពួកវាក៏បញ្ចេញសំឡេងឥតឈប់ដែរ។ របស់សព្វសារពើទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដែលមាននៅលើផែនដី សុទ្ធតែកំពុងដុះដាល លូតលាស់ និងផ្លាស់ទីឥតឈប់។ ឧទាហរណ៍ដូចជា ជើងភ្នំកំពុងតែផ្លាស់ទី និងរំកិល ហើយភាវៈរស់ទាំងអស់នៅក្នុងសមុទ្រដ៏ជ្រៅកំពុងតែហែល និងផ្លាស់ទីចុះឡើង។ នេះមានន័យថា ភាវៈរស់ទាំងនេះ ពោលគឺរបស់សព្វសារពើនៅក្រោមការទតមើលរបស់ព្រះជាម្ចាស់ សុទ្ធតែមានចលនាជាទៀងទាត់ឥតឈប់ ស្របតាមលំនាំដែលបានបង្កើតឡើង។ ដូច្នេះ តើរបស់អ្វីដែលបានបង្កើតឡើង ដែលដុះដាល និងលូតលាស់ក្នុងទីងងឹត ហើយផ្លាស់ទីដោយស្ងាត់ៗ? គឺសំឡេងនេះឯង ជាសំឡេងដ៏មានថាមពលអស្ចារ្យណាស់។ ក្រៅពីភពផែនដី ភពគ្រប់ប្រភេទទាំងអស់ ក៏មានចលនាឥតឈប់ដែរ ហើយសារពាង្គកាយ និងភាវរស់នានានៅលើភពទាំងនេះ ក៏កំពុងតែដុះដាល លូតលាស់ និងផ្លាស់ទីឥតឈប់ដូចគ្នា។ ពោលគឺ របស់សព្វសារពើ ទាំងមានជីវិតនិងគ្មានជីវិត កំពុងតែផ្លាស់ទីទៅមុខជានិច្ចក្រោមការទតមើលរបស់ព្រះជាម្ចាស់ ហើយនៅពេលរបស់ទាំងនោះផ្លាស់ទី របស់នីមួយៗនោះក៏បញ្ចេញសំឡេងដែរ។ ព្រះជាម្ចាស់ក៏បានធ្វើការរៀបចំសំឡេងទាំងនេះ ហើយខ្ញុំជឿថា អ្នករាល់គ្នាដឹងពីហេតុផលរបស់ទ្រង់ចំពោះបញ្ហានេះហើយ មែនទេ? នៅពេលអ្នកចូលទៅជិតយន្តហោះ តើសំឡេងម៉ាស៊ីនយន្តហោះមានឥទ្ធិពលដូចម្ដេចមកលើអ្នក? ប្រសិនបើអ្នកនៅជិតវាយូរពេក នោះត្រចៀកអ្នកនឹងថ្លង់។ ចុះបេះដូងរបស់អ្នកវិញ? តើវាអាចទប់ទល់ជាមួយស្ថានភាពដ៏អាក្រក់បែបនេះបានទេ? មនុស្សមួយចំនួនដែលមានបេះដូងខ្សោយ នឹងមិនអាចទ្រាំបានទេ។ ជាការពិតណាស់ សូម្បីតែអស់អ្នកដែលមានបេះដូងរឹងមាំ ក៏មិនអាចទ្រាំបានយូរពេកដែរ។ និយាយឱ្យចំគឺថា ឥទ្ធិពលសំឡេងមកលើរាងកាយមនុស្ស មិនថាត្រចៀក ឬបេះដូងនោះទេ គឺមានឥទ្ធិពលខ្លាំងណាស់ ហើយសំឡេងដែលឮខ្លាំងពេក នឹងបង្កគ្រោះថ្នាក់ដល់មនុស្ស។ ហេតុដូច្នេះហើយ នៅពេលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងបន្ទាប់ពីរបស់ទាំងនោះបានចាប់ផ្ដើមដំណើរការជាធម្មតាហើយ ព្រះជាម្ចាស់បានរៀបចំសំឡេងទាំងនេះយ៉ាងសមស្រប គឺជាសំឡេងនៃរបស់សព្វសារពើដែលកំពុងមានចលនា។ នេះក៏ជាបញ្ហាមួយដែលព្រះជាម្ចាស់ត្រូវព្រះតម្រិះផងដែរ នៅពេលបង្កើតបរិស្ថានសម្រាប់មនុស្សជាតិ។

ដំបូង កម្ពស់បរិយាកាសពីលើផ្ទៃផែនដីមានឥទ្ធិពលទៅលើសំឡេង។ លើសពីនេះ ទំហំនៃចន្លោះក្នុងដីក៏នឹងគ្រប់គ្រង ហើយមានឥទ្ធិពលលើសំឡេងផងដែរ។ បន្ទាប់មក បន្សំនៃបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នាក៏ជះឥទ្ធិពលដល់សំឡេងផងដែរ។ និយាយឱ្យចំទៅ ព្រះជាម្ចាស់ប្រើវិធីសាស្ត្រមួយជាក់លាក់ដើម្បីបំបាត់សំឡេងខ្លះចេញ ដើម្បីឱ្យមនុស្សអាចរស់រានបាននៅក្នុងបរិស្ថានមួយដែលត្រចៀកនិងបេះដូងរបស់ពួកគេអាចទ្រាំទ្របាន។ បើមិនដូច្នោះទេ សំឡេងនឹងបង្កជាឧបសគ្គយ៉ាងធំដល់ការរស់រានរបស់មនុស្សជាតិ ដោយក្លាយជាការរំខានយ៉ាងខ្លាំងនៅក្នុងជីវិតរបស់ពួកគេ និងបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ពួកគេ។ នេះមានន័យថា ព្រះជាម្ចាស់ល្អិតល្អន់ណាស់នៅក្នុងការបង្កើតដី បរិយាកាស និងប្រភេទបរិស្ថានភូមិសាស្ត្រផ្សេងគ្នាៗ ហើយនៅក្នុងរបស់នីមួយៗនេះមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ការយល់ដឹងរបស់មនុស្សជាតិអំពីរឿងនេះ មិនចាំបាច់លម្អិតពេកទេ ព្រោះវាសមល្មមសម្រាប់ឱ្យមនុស្សដឹងថា នៅក្នុងនោះមានសកម្មភាពរបស់ព្រះជាម្ចាស់ហើយ។ ឥឡូវនេះ អ្នករាល់គ្នាប្រាប់ខ្ញុំមកថា កិច្ចការដែលព្រះជាម្ចាស់បានធ្វើនេះ ពោលគឺការកំណត់កម្រិតសំឡេងដើម្បីរក្សាបរិស្ថានរស់នៅ និងជីវិតរស់នៅជាធម្មតារបស់មនុស្សជាតិនេះ តើចាំបាច់ឬទេ? (ចាំបាច់។) ដោយសារតែកិច្ចការនេះចាំបាច់ ហើយតាមទស្សនៈនេះ តើគេអាចនិយាយបានថា ព្រះជាម្ចាស់បានប្រើកិច្ចការនេះធ្វើជាមធ្យោបាយដើម្បីទំនុកបម្រុងដល់របស់សព្វសារពើ? ព្រះជាម្ចាស់បានបង្កើតបរិស្ថានដ៏ស្ងប់ស្ងាត់មួយនេះ ដើម្បីជាការទំនុកបម្រុងដល់មនុស្សជាតិ ដើម្បីឱ្យរាងកាយមនុស្សអាចរស់នៅស្ងប់ស្ងាត់បានជាធម្មតានៅក្នុងបរិស្ថាននេះ ដោយមិនរងការរំខានណាមួយឡើយ និងដើម្បីឱ្យមនុស្សជាតិអាចមានវត្ដមាន និងរស់នៅបានជាធម្មតា។ ដូច្នេះ តើនេះជាមធ្យោយបាយមួយក្នុងចំណោមមធ្យោបាយដទៃដែលព្រះជាម្ចាស់ទំនុកបម្រុងដល់មនុស្សជាតិ មែនទេ? តើនេះជាកិច្ចការដ៏សំខាន់ដែលព្រះជាម្ចាស់បានធ្វើ មែនទេ? (មែនហើយ។) កិច្ចការនេះមានតម្រូវការខ្លាំងណាស់។ ដូច្នេះ តើអ្នករាល់គ្នាឱ្យតម្លៃកិច្ចការនេះយ៉ាងដូចម្តេច? ទោះបីជាអ្នករាល់គ្នាមិនអាចដឹងបានថា នេះជាសកម្មភាពរបស់ព្រះជាម្ចាស់ ហើយមិនបានដឹងពីរបៀបដែលព្រះជាម្ចាស់ធ្វើសកម្មភាពនេះនៅពេលនោះក៏ដោយ តែអ្នករាល់គ្នានៅតែអាចដឹងបានពីភាពចាំបាច់នៃការដែលព្រះជាម្ចាស់បានបំពេញកិច្ចការនេះដែរ មែនទេ? តើអ្នករាល់គ្នាអាចដឹងពីព្រះប្រាជ្ញាញាណ ព្រះទ័យទុកដាក់ និងព្រះតម្រិះរបស់ព្រះជាម្ចាស់លើការនេះដែរទេ? (យើងអាចដឹងបាន។) ប្រសិនបើអ្នករាល់គ្នាអាចមានអារម្មណ៍ដឹងបាន ដូច្នេះគឺគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់បានធ្វើសកម្មភាពជាច្រើនក្នុងចំណោមរបស់នានាដែលទ្រង់បានបង្កើតមក ដែលមនុស្សមិនអាចដឹង និងមើលមិនឃើញបាន។ ខ្ញុំលើកឡើងពីចំណុចនេះ គ្រាន់តែចង់ប្រាប់អ្នករាល់គ្នាឱ្យដឹងពីសកម្មភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដើម្បីឱ្យអ្នករាល់គ្នាអាចស្គាល់ព្រះជាម្ចាស់បាន។ ទាំងនេះជាតម្រុយដែលអាចជួយឱ្យអ្នករាល់គ្នាស្គាល់ និងយល់ពីព្រះជាម្ចាស់បានកាន់តែប្រសើរ។

ឃ. ពន្លឺ

របស់ទីបួនទាក់ទងនឹងភ្នែករបស់មនុស្ស នោះគឺពន្លឺ។ របស់នេះក៏សំខាន់ខ្លាំងផងដែរ។ នៅពេលអ្នកឃើញពន្លឺភ្លឺ ហើយនៅពេលដែលភាពភ្លឺនៃពន្លឺនោះឈានដល់កម្រិតខ្លាំងជាក់លាក់ណាមួយ នោះវាអាចធ្វើឱ្យភ្នែករបស់មនុស្សខ្វាក់បាន។ យ៉ាងណាមិញ ភ្នែករបស់មនុស្ស គឺជាភ្នែកខាងសាច់ឈាម។ ភ្នែកមិនអាចទ្រាំទ្រនឹងការរលាកបានទេ។ តើមានអ្នកណាម្នាក់ហ៊ានសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់ទេ? មនុស្សមួយចំនួនបានសាកល្បងធ្វើបែបនេះ ហើយបើពួកគេពាក់វ៉ែនតាការពារពន្លឺថ្លៃ នោះវាមិនអីនោះទេ តែនេះគឺត្រូវប្រើឧបករណ៍។ បើគ្មានឧបករណ៍ការពារទេ ភ្នែកទទេរបស់មនុស្សគ្មានសមត្ថភាពប្រឈម និងសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់បានឡើយ។ តែទោះយ៉ាងណា ព្រះជាម្ចាស់បានបង្កើតព្រះអាទិត្យដើម្បីផ្ដល់ពន្លឺមកដល់មនុស្សជាតិ ហើយពន្លឺនេះក៏ជារបស់ដែលទ្រង់គ្រប់គ្រងផងដែរ។ ព្រះជាម្ចាស់មិនមែនគ្រាន់តែបង្កើតព្រះអាទិត្យមក ហើយយកវាទៅដាក់នៅកន្លែងណាមួយ រួចឈប់អើពើនឹងវានោះទេ។ នោះមិនមែនជារបៀបធ្វើការរបស់ព្រះជាម្ចាស់ឡើយ។ ទ្រង់មានការប្រុងប្រយ័ត្នខ្លាំងណាស់ចំពោះសកម្មភាពរបស់ទ្រង់ ហើយទ្រង់ព្រះតម្រិះយ៉ាងហ្មត់ចត់អំពីសកម្មភាពទាំងនោះ។ ព្រះជាម្ចាស់បានបង្កើតភ្នែកសម្រាប់មនុស្សជាតិ ដើម្បីឱ្យពួកគេអាចមើលឃើញ ហើយទ្រង់ក៏បានកំណត់ជាមុនផងដែរនូវកម្រិតពន្លឺដែលមនុស្សមើលបាន។ ប្រសិនបើពន្លឺតិចពេក នោះវាមិនល្អទេ។ នៅពេលងងឹតខ្លាំងដល់ថ្នាក់មនុស្សមិនអាចមើលឃើញម្រាមដៃរបស់ខ្លួននៅពីមុខពួកគេបាន នោះភ្នែករបស់ពួកគេនឹងបាត់បង់មុខងារ ហើយប្រើការលែងកើត។ ប៉ុន្តែពន្លឺដែលភ្លឺខ្លាំងពេក ក៏ធ្វើឱ្យភ្នែករបស់មនុស្សមិនអាចមើលឃើញដូចគ្នាដែរ ព្រោះភាពភ្លឺធ្វើឱ្យភ្នែកមិនអាចទ្រាំបាន។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានសម្អិតសម្អាងបរិស្ថានសម្រាប់វត្ដមានរបស់មនុស្សជាតិ ដោយមានកម្រិតពន្លឺសមល្មមសម្រាប់ភ្នែកមនុស្ស ជាកម្រិតមួយដែលនឹងមិនធ្វើឱ្យឈឺ ឬខូចភ្នែកមនុស្សឡើយ ហើយក៏មិនធ្វើឱ្យភ្នែកនោះបាត់បង់មុខងារដែរ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបន្ថែមស្រទាប់ពពកនៅជុំវិញព្រះអាទិត្យ និងផែនដី ហើយក៏ជាមូលហេតុដែលដង់ស៊ីតេខ្យល់អាចច្រោះយកប្រភេទពន្លឺដែលអាចធ្វើឱ្យគ្រោះថ្នាក់ដល់ភ្នែក ឬស្បែករបស់មនុស្សចេញបានយ៉ាងត្រឹមត្រូវផងដែរ។ ទាំងនេះមានលក្ខណៈសមស្របគ្នា។ លើសពីនេះទៀត ពណ៌របស់ផែនដីដែលព្រះជាម្ចាស់បានបង្កើតឡើង ចាំងផ្លាតពន្លឺព្រះអាទិត្យ និងពន្លឺគ្រប់ប្រភេទផ្សេងទៀត ហើយអាចកម្ចាត់ប្រភេទពន្លឺដែលភ្លឺខ្លាំងពេកសម្រាប់ឱ្យភ្នែកមនុស្សសម្របតាម។ ម្ល៉ោះហើយ មនុស្សអាចដើរនៅខាងក្រៅបាន និងដឹកនាំជីវិតរបស់ពួកគេដោយមិនចាំបាច់ពាក់វ៉ែនតាការពារពន្លឺពណ៌ខ្មៅជាប់ជានិច្ចនោះទេ។ នៅក្រោមលក្ខខណ្ឌធម្មតា ភ្នែកមនុស្សអាចមើលឃើញអ្វីៗនៅក្នុងដែនគំហើញរបស់វាបាន ដោយគ្មានការរំខានពីពន្លឺឡើយ។ និយាយឱ្យចំទៅ ប្រសិនបើពន្លឺភ្លឺខ្លាំងពេក ឬប្រសិនបើពន្លឺភ្លឺតិចពេក នោះវាមិនល្អនោះទេ។ ប្រសិនបើវាភ្លឺតិចពេក នោះភ្នែករបស់មនុស្សនឹងត្រូវខូច ហើយក្រោយពេលប្រើបានមួយរយៈខ្លី ភ្នែកក៏ត្រូវខូច។ ប្រសិនបើវាភ្លឺខ្លាំងពេក នោះភ្នែករបស់មនុស្សនឹងមិនអាចទ្រាំបានទេ។ ពន្លឺដែលមនុស្សមាន ត្រូវតែសមស្របសម្រាប់ឱ្យភ្នែកមនុស្សមើលឃើញបាន ហើយព្រះជាម្ចាស់បានប្រើវិធីសាស្ត្រផ្សេងៗជាច្រើនដើម្បីកាត់បន្ថយការធ្វើឱ្យខូចភ្នែកមនុស្សដោយសារពន្លឺ ហើយទោះបីជាពន្លឺនេះអាចផ្ដល់អត្ថប្រយោជន៍ ឬបង្កបញ្ហាដល់ភ្នែកមនុស្សក៏ដោយ ក៏វាគ្រប់គ្រាន់នឹងឱ្យមនុស្សអាចប្រើប្រាស់ភ្នែករបស់ពួកគេរហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេបានដែរ។ តើព្រះជាម្ចាស់មិនមែនព្រះតម្រិះអំពីរឿងនេះដោយហ្មត់ចត់ទេឬ? រីឯអារក្សសាតាំងវិញ ធ្វើសកម្មភាពដោយគ្មានការគិតពិចារណាបែបនេះទេ សូម្បីតែយកចិត្តទៅគិតតែបន្តិចក៏គ្មានផង។ ចំពោះសាតាំងវិញ ពន្លឺមានតែពីរយ៉ាងទេ គឺភ្លឺខ្លាំង ឬភ្លឺតិច។ នេះហើយជារបៀបធ្វើការរបស់សាតាំង។

ព្រះជាម្ចាស់បានធ្វើការទាំងនេះសម្រាប់គ្រប់ផ្នែកទាំងអស់នៃរាងកាយមនុស្សដូចជា ការមើលឃើញ ការស្ដាប់ឮ ការដឹងរសជាតិ ការដកដង្ហើម ការដឹងអារម្មណ៍ជាដើម ដើម្បីបង្កើនលទ្ធភាពសម្របខ្លួនក្នុងការរស់រានរបស់មនុស្សជាតិ ដូច្នេះពួកគេអាចរស់នៅបានជាធម្មតា និងជាដរាប។ និយាយម៉្យាងទៀតគឺថា បរិស្ថានសម្រាប់ជីវិតបច្ចុប្បន្ន ដែលព្រះជាម្ចាស់បានបង្កើតមក គឺជាបរិស្ថានដែលសមស្រប និងមានប្រយោជន៍បំផុតសម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សមួយចំនួនអាចនឹងគិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ថាវាសុទ្ធតែជារឿងសាមញ្ញខ្លាំងណាស់។ សំឡេង ពន្លឺ និងខ្យល់ ជារបស់ដែលមនុស្សយល់ថាជាសិទ្ធិមានពីកំណើតរបស់ពួកគេមក ដែលពួកគេមានតាំងពីពេលពួកគេកើតមកភ្លាមម្ល៉េះ។ ប៉ុន្តែនៅពីក្រោយរបស់ដែលអ្នកអាចទទួលបាននេះ ព្រះជាម្ចាស់បាន និងកំពុងធ្វើការឥតឈប់។ នេះហើយជាអ្វីដែលមនុស្សត្រូវយល់ និងត្រូវដឹង។ ទោះបីជាអ្នកគិតថា វាមិនចាំបាច់ក្នុងការយល់ ឬដឹងពីរឿងទាំងនេះក៏ដោយ និយាយឱ្យខ្លីទៅ នៅពេលព្រះជាម្ចាស់បានបង្កើតរបស់ទាំងនេះមក ទ្រង់បានគិតគូរយ៉ាងច្រើន ទ្រង់មានផែនការ ហើយទ្រង់មានព្រះតម្រិះប្រាកដប្រជា។ ទ្រង់មិនមែនចេះតែដាក់ ឬគ្រាន់តែដាក់មនុស្សជាតិឱ្យរស់នៅក្នុងបរិស្ថានបែបនេះអស់មួយជីវិត ដោយគ្មានការគិតគូរនោះទេ។ អ្នករាល់គ្នាប្រហែលជាគិតថា ខ្ញុំបាននិយាយអស្ចារ្យពេកអំពីរបស់តូចតាចនេះ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ របស់នីមួយៗដែលព្រះជាម្ចាស់បានទំនុកបម្រុងដល់មនុស្សជាតិ គឺចាំបាច់សម្រាប់ការរស់រានរបស់មនុស្ស។ នៅក្នុងនោះ មានសកម្មភាពរបស់ព្រះជាម្ចាស់។

ង. លំហូរខ្យល់

តើរបស់ទីប្រាំនេះគឺជាអ្វី? របស់នេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ទំនាក់ទំនងរបស់វាជិតស្និទ្ធនឹងជីវិតមនុស្សខ្លាំងបំផុត រហូតដល់ថ្នាក់រាងកាយមនុស្សមិនអាចរស់នៅក្នុងពិភពរូបធាតុនេះបានដោយគ្មានវានោះទេ។ របស់នេះគឺ លំហូរខ្យល់។ គ្រាន់តែបានឮភ្លាម ប្រហែលជាអ្នកណាក៏អាចយល់ពីពាក្យ «លំហូរខ្យល់» នេះបានដែរ។ ដូច្នេះ តើលំហូរខ្យល់គឺជាអ្វី? អ្នករាល់គ្នាអាចឆ្លើយបានថា «លំហូរខ្យល់» គឺជាចលនាលំហូរនៃខ្យល់។ លំហូរខ្យល់ គឺជាខ្យល់ដែលភ្នែកមនុស្សមិនអាចមើលឃើញ។ វាក៏ជារបៀបមួយដែលឧស្ម័នផ្លាស់ទីផងដែរ។ ក៏ប៉ុន្ដែ នៅក្នុងការពិភាក្សានេះ តើ «លំហូរខ្យល់» សំដៅទៅលើអ្វីជាចម្បង? ឱ្យតែខ្ញុំនិយាយចេញមកភ្លាម នោះអ្នករាល់គ្នានឹងបានយល់មិនខាន។ ផែនដីទ្រភ្នំ សមុទ្រ និងរបស់សព្វសារពើដែលបានបង្កើតមកនៅពេលវាវិល ហើយនៅពេលវាវិល វាវិលដោយមានល្បឿន។ ទោះបីជាអ្នកមិនមានអារម្មណ៍ដឹងពីការវិលនេះក៏ដោយ ក៏រង្វិលរបស់ផែនដីនៅតែមានដដែល។ តើរង្វិលរបស់វាបង្កើតបានអ្វីខ្លះ? នៅពេលអ្នករត់ តើមិនមានខ្យល់កើតឡើង ហើយបក់ប៉ះត្រចៀករបស់អ្នកទេឬ? ប្រសិនបើខ្យល់អាចបង្កើតឡើងបាននៅពេលដែលអ្នករត់ ដូច្នេះនៅពេលដែលផែនដីវិល តើអាចមិនកើតមានខ្យល់យ៉ាងដូចម្ដេចបានទៅ? នៅពេលផែនដីវិល របស់សព្វសារពើសុទ្ធតែមានចលនា។ ផែនដីខ្លួនឯងក៏មានចលនា និងវិលក្នុងល្បឿនជាក់លាក់មួយ ចំណែកឯរបស់សព្វសារពើនៅលើនោះ ក៏កំពុងតែដុះដាល និងលូតលាស់ឥតឈប់ឈរផងដែរ។ ហេតុដូច្នេះហើយ ការមានចលនាក្នុងល្បឿនជាក់លាក់មួយ នឹងបង្កើតបានជាលំហូរខ្យល់ដោយឯកឯង។ នេះហើយជាអត្ថន័យនៃពាក្យ «លំហូរខ្យល់» ដែលខ្ញុំចង់សំដៅដល់នោះ។ តើលំហូរខ្យល់នេះមិនប៉ះពាល់ដល់រាងកាយរបស់មនុស្សខ្លះទេឬ? ចូរពិចារណាអំពីព្យុះទីហ្វុងចុះ៖ ព្យុះទីហ្វុងធម្មតាមិនមានអានុភាពខ្លាំងទេ ប៉ុន្តែនៅពេលវាវាយប្រហារ មនុស្សមិនអាចទាំងឈរឱ្យនឹងបានផង ហើយពួកគេក៏ពិបាកក្នុងការដើរនៅក្នុងខ្យល់ដែរ។ សូម្បីតែមួយជំហានក៏ពិបាកណាស់ដែរ ហើយអ្នកខ្លះថែមទាំងត្រូវបានខ្យល់បក់ផ្ទប់ទៅនឹងវត្ថុអ្វីមួយ រើខ្លួនមិនរួចថែមទៀតផង។ នេះហើយជារបៀបដែលលំហូរខ្យល់អាចប៉ះពាល់ដល់មនុស្សជាតិបាន។ ប្រសិនបើផែនដីទាំងមូលត្រូវគ្របដណ្ដប់ដោយវាលទំនាប ដូច្នេះនៅពេលផែនដី និងរបស់សព្វសារពើវិល នោះរាងកាយរបស់មនុស្សនឹងមិនអាចទប់ទល់នឹងលំហូរខ្យល់ដែលកើតឡើងមកបានឡើយ។ មុខជាពិបាកក្នុងការឆ្លើយតបទៅនឹងស្ថានភាពបែបនេះខ្លាំងមិនខាន។ ប្រសិនបើករណីនេះពិតជាកើតឡើងមែន នោះលំហូរខ្យល់បែបនេះ នឹងមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់មនុស្សជាតិប៉ុណ្ណោះទេ តែក៏នឹងបំផ្លាញខ្ទេចគ្មានសល់ដែរ។ មនុស្សនឹងមិនអាចរស់រានក្នុងបរិស្ថានបែបនេះបានទេ។ ហេតុនេះហើយបានជាព្រះជាម្ចាស់បង្កើតបរិស្ថានភូមិសាស្ត្រខុសៗគ្នា ដើម្បីដោះស្រាយលំហូរខ្យល់បែបនេះ ព្រោះនៅក្នុងបរិស្ថានខុសៗគ្នា លំហូរខ្យល់ប្រែជាខ្សោយទៅៗ ផ្លាស់ប្ដូរទិសដៅ ផ្លាស់ប្ដូរល្បឿន និងផ្លាស់ប្ដូរកម្លាំងខ្យល់។ ដូច្នោះហើយទើបមនុស្សអាចឃើញលក្ខណៈភូមិសាស្ត្រខុសៗគ្នាបែបនេះ ដូចជា ភ្នំ ជួរភ្នំធំៗ វាលទំនាប ទីទួល តំបន់ដីសណ្ដ ជ្រលងភ្នំ ខ្ពង់រាប និងទន្លេធំៗជាដើម។ ព្រះជាម្ចាស់ប្ដូរល្បឿន ទិសដៅ និងកម្លាំងលំហូរខ្យល់តាមរយៈលក្ខណៈភូមិសាស្ត្រខុសៗគ្នាទាំងនេះ។ នេះជាវិធីសាស្ត្រដែលទ្រង់ប្រើដើម្បីកាត់បន្ថយ ឬគ្រប់គ្រងលំហូរខ្យល់ឱ្យទៅជាខ្យល់បក់ដែលមានល្បឿន ទិសដៅ និងកម្លាំងសមស្រប ដើម្បីឱ្យមនុស្សអាចមានបរិស្ថានធម្មតាមួយសម្រាប់រស់នៅ។ តើត្រូវការបែបនេះទេ? (ត្រូវការ។) ចំពោះមនុស្ស ការធ្វើរឿងបែបនេះ ហាក់ដូចជាពិបាកមែន ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ វាងាយស្រួលទេ ព្រោះទ្រង់គ្រប់គ្រងរបស់សព្វសារពើ។ សម្រាប់ទ្រង់ ការបង្កើតបរិស្ថានមួយដែលមានលំហូរខ្យល់សមស្របសម្រាប់មនុស្សជាតិ មិនអាចជារឿងសាមញ្ញពេក ឬងាយស្រួលពេកនោះទេ។ ហេតុដូច្នេះហើយ នៅក្នុងបរិស្ថានដែលព្រះជាម្ចាស់បានបង្កើតមក របស់នីមួយៗដែលស្ថិតក្នុងការបង្កើតរបស់ទ្រង់ទាំងអស់ សុទ្ធតែចាំបាច់មិនអាចខ្វះបាន។ អត្ថិភាពនៃរបស់នីមួយៗ សុទ្ធមានតម្លៃ និងភាពចាំបាច់នៅក្នុងនោះ។ ទោះជាយ៉ាងណាក៏ដោយ មិនថាសាតាំង ឬក៏មនុស្សជាតិដែលត្រូវបានធ្វើឱ្យពុករលួយទេ គឺមិនយល់ពីគោលការណ៍នេះឡើយ។ ពួកគេបន្តបំផ្លាញ អភិវឌ្ឍ និងធ្វើអាជីវកម្ម តាមការស្រមើស្រមៃឥតប្រយោជន៍អំពីការប្រែក្លាយភ្នំឱ្យទៅជាដីរាបស្មើ ការចាក់បំពេញអន្លង់ជ្រៅៗ និងការសាងសង់អាគារខ្ពស់ៗនៅលើដីរាបស្មើដើម្បីបង្កើតជាព្រៃបេតុង។ ព្រះជាម្ចាស់មានក្ដីរំពឹងទុកថា មនុស្សជាតិអាចរស់នៅដោយរីករាយ ធំធាត់ដោយរីករាយ និងចំណាយពេលរាល់ថ្ងៃដោយរីករាយនៅក្នុងបរិស្ថានដ៏សមស្របបំផុត ដែលទ្រង់បានរៀបចំសម្រាប់ពួកគេ។ ហេតុដូច្នោះហើយទើបព្រះជាម្ចាស់មិនដែលធ្វេសប្រហែសទាល់តែសោះចំពោះការដែលទ្រង់ប្រព្រឹត្ដដាក់បរិស្ថានដែលមនុស្សរស់នៅ។ រាប់ចាប់តាំងពីសីតុណ្ហភាពរហូតដល់ខ្យល់ ពីសំឡេងរហូតដល់ពន្លឺ ព្រះជាម្ចាស់បានបង្កើតផែនការ និងការរៀបចំយ៉ាងស្មុគស្មាញ ដើម្បីឱ្យរាងកាយមនុស្ស និងបរិស្ថានរស់នៅរបស់ពួកគេ មិនទទួលរងការរំខានពីលក្ខខណ្ឌធម្មជាតិនានា តែផ្ទុយទៅវិញ មនុស្សជាតិនឹងអាចរស់នៅបាន ហើយកើតកូនចៅច្រើនឡើងជាប្រក្រតី ព្រមទាំងរស់នៅជាធម្មតាជាមួយរបស់សព្វសារពើប្រកបដោយភាពសុខដុមរមនា។ ព្រះជាម្ចាស់ប្រទានរបស់អ្វីៗទាំងនេះដល់របស់សព្វសារពើ និងដល់មនុស្សជាតិ។

តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឱ្យមនុស្សរស់រាននេះ តើអ្នកអាចមើលឃើញពីរបៀបដែលទ្រង់ទំនុកបម្រុងដល់មនុស្សជាតិដែរឬទេ? (ឃើញ។) និយាយឱ្យចំទៅ ព្រះជាម្ចាស់ជាព្រះអាទិករដែលបង្កើតលក្ខខណ្ឌចាំបាច់បំផុតគ្រប់យ៉ាងសម្រាប់ការរស់រានរបស់មនុស្ស ហើយព្រះជាម្ចាស់ក៏កំពុងតែគ្រប់គ្រង និងត្រួតត្រារបស់ទាំងនោះផងដែរ។ សូម្បីតែពេលនេះ បន្ទាប់ពីមានវត្ដមានមនុស្សរាប់ពាន់ឆ្នាំមកហើយក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តកែប្រែបរិស្ថានរស់នៅរបស់មនុស្សដដែល ដោយប្រទានបរិស្ថានដ៏សមស្រប និងល្អបំផុតដល់ពួកគេ ដើម្បីឱ្យជីវិតរបស់ពួកគេអាចរក្សាបានតាមរបៀបធម្មតា។ តើស្ថានភាពបែបនេះអាចរក្សាបានយូរប៉ុនណា? និយាយមួយបែបទៀត តើព្រះជាម្ចាស់នឹងបន្តប្រទានបរិស្ថានបែបនេះទៀត យូរប៉ុនណា? បរិស្ថានបែបនេះនឹងបន្តមានរហូតដល់ពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុង។ បន្ទាប់មក ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរបរិស្ថានរស់នៅរបស់មនុស្សជាតិ។ ប្រហែលជាទ្រង់នឹងធ្វើការផ្លាស់ប្ដូរទាំងអស់នេះតាមវិធីសាស្ត្រដដែល ឬតាមវិធីសាស្ត្រផ្សេងទៀត។ ប៉ុន្តែអ្វីដែលមនុស្សត្រូវតែដឹងនោះគឺថា ព្រះជាម្ចាស់កំពុងតែបន្តទំនុកបម្រុងសេចក្ដីត្រូវការរបស់មនុស្សជាតិ បន្តគ្រប់គ្រងបរិស្ថានដែលមនុស្សជាតិរស់នៅ និងបន្តអភិរក្ស ការពារ ព្រមទាំងថែរក្សាបរិស្ថាននោះ។ ដោយមានបរិស្ថានបែបនេះ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចរស់នៅតាមរបៀបធម្មតាបាន និងទទួលយកសេចក្ដីសង្គ្រោះ និងការវាយផ្ចាល ក៏ដូចជាការជំនុំជម្រះរបស់ព្រះជាម្ចាស់។ របស់សព្វសារពើបន្តរស់រានដោយសារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមនុស្សជាតិទាំងអស់បន្តដំណើរឆ្ពោះទៅមុខដោយសារការទំនុកបម្រុងពីព្រះជាម្ចាស់ដោយបែបនេះឯង។

តើផ្នែកចុងក្រោយនៃការប្រកបគ្នារបស់យើងនេះបាននាំឱ្យអ្នករាល់គ្នាមានគំនិតថ្មីអ្វីដែរឬទេ? ឥឡូវនេះ តើអ្នករាល់គ្នាបានដឹងអំពីភាពខុសគ្នាខ្លាំងរវាងព្រះជាម្ចាស់ និងមនុស្សជាតិហើយឬនៅ? ចុងក្រោយ តើអ្នកណាជាម្ចាស់នៃរបស់សព្វសារពើនេះ? តើជាមនុស្សមែនទេ? (មិនមែនទេ។) ដូច្នេះ តើព្រះជាម្ចាស់ និងមនុស្សប្រព្រឹត្ដខុសគ្នាដូចម្ដេចខ្លះចំពោះអ្វីៗដែលបានបង្កើតមក? (ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំរបស់សព្វសារពើ រីឯមនុស្សវិញ សោយសុខនឹងរបស់អស់ទាំងនោះ។) តើអ្នករាល់គ្នាយល់ស្របនឹងចម្លើយនេះទេ? ភាពខុសគ្នាធំបំផុតរវាងព្រះជាម្ចាស់ និងមនុស្សជាតិគឺថា ព្រះជាម្ចាស់គ្រប់គ្រង និងទំនុកបម្រុងដល់របស់សព្វសារពើដែលបានបង្កើតមក។ ទ្រង់ជាប្រភពនៃរបស់គ្រប់បែបយ៉ាង ហើយក្នុងពេលដែលព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើដែលបានបង្កើតមក មនុស្សជាតិវិញសោយសុខនឹងរបស់ទាំងអស់នោះ។ និយាយឱ្យចំទៅ មនុស្សសោយសុខនឹងរបស់សព្វសារពើដែលបានបង្កើតមក នៅពេលពួកគេទទួលស្គាល់ជីវិតដែលព្រះជាម្ចាស់ប្រទានដល់របស់សព្វសារពើ។ ព្រះជាម្ចាស់គឺជាម្ចាស់ ឯមនុស្សជាតិវិញសោយសុខនឹងផលផ្លែពីការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់។ ចុះបើគិតតាមទស្សនៈដែលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើនោះវិញ តើព្រះជាម្ចាស់ និងមនុស្សជាតិ មានអ្វីខុសគ្នាទៅ? ព្រះជាម្ចាស់អាចទតឃើញច្បាស់អំពីច្បាប់ដែលរបស់សព្វសារពើនោះលូតលាស់ ហើយទ្រង់គ្រប់គ្រង និងត្រួតត្រាលើច្បាប់ទាំងនេះ។ ពោលគឺ របស់សព្វសារពើស្ថិតក្រោមការទតមើលរបស់ព្រះជាម្ចាស់ និងស្ថិតក្នុងវិសាលភាពនៃការពិនិត្យពិច័យល្អិតល្អន់របស់ទ្រង់។ តើមនុស្សជាតិអាចមើលឃើញរបស់សព្វសារពើបានឬទេ? មនុស្សជាតិអាចមើលឃើញតែអ្វីៗដែលនៅនឹងមុខពួកគេប៉ុណ្ណោះ។ ប្រសិនបើអ្នកឡើងភ្នំ នោះអ្វីដែលអ្នកមើលឃើញ គឺត្រឹមតែជាភ្នំនោះឯង។ អ្នកមិនអាចមើលឃើញអ្វីៗដែលនៅផ្នែកម្ខាងទៀតនៃភ្នំនោះបានទេ។ ប្រសិនបើអ្នកទៅកាន់មាត់សមុទ្រ នោះអ្វីដែលអ្នកមើលឃើញ គឺគ្រាន់តែជាផ្នែកមួយនៃមហាសមុទ្រប៉ុណ្ណោះ ហើយអ្នកមិនអាចដឹងថាតើនៅផ្នែកម្ខាងទៀតនៃមហាសមុទ្រនោះដូចម្ដេចឡើយ។ ប្រសិនបើអ្នកចូលទៅក្នុងព្រៃ អ្នកអាចមើលឃើញរុក្ខជាតិដែលនៅពីមុខរបស់អ្នក និងនៅជុំវិញអ្នក ប៉ុន្តែអ្នកមិនអាចមើលឃើញអ្វីៗដែលនៅឆ្ងាយជាងនោះបានទេ។ មនុស្សមិនអាចមើលឃើញទីកន្លែងណាដែលខ្ពស់ ឆ្ងាយ និងជ្រៅខ្លាំងពេកបានទេ។ អ្វីដែលពួកគេអាចមើលឃើញ គឺជាអ្វីៗនៅមុខពួកគេផ្ទាល់ នៅក្នុងកម្រិតដែលពួកគេអាចមើលឃើញបាន។ ទោះបីជាមនុស្សដឹងពីច្បាប់ដែលកំណត់រដូវទាំងបួនក្នុងមួយឆ្នាំ ឬច្បាប់នានាអំពីការលូតលាស់នៃរបស់សព្វសារពើក៏ដោយ ក៏ពួកគេនៅតែមិនអាចគ្រប់គ្រង ឬកំណត់របស់សព្វសារពើនោះបានដែរ។ ក៏ប៉ុន្តែរបៀបដែលព្រះជាម្ចាស់ទតមើលរបស់សព្វសារពើដែលបានបង្កើតមក គឺប្រៀបដូចជារបៀបដែលទ្រង់ទតមើលម៉ាស៊ីនដែលទ្រង់បានបង្កើតឡើងដោយផ្ទាល់ព្រះអង្គដូច្នោះដែរ។ ទ្រង់ស្គាល់ពីគ្រប់គ្រឿងបង្គំ និងកន្លែងតភ្ជាប់ទាំងអស់យ៉ាងល្អិតល្អន់ ទ្រង់ជ្រាបពីគោលការណ៍របស់វា ពីលំនាំរបស់វា និងគោលបំណងរបស់វា។ ព្រះជាម្ចាស់ជ្រាបសព្វការទាំងអស់នេះយ៉ាងច្បាស់លាស់បំផុត។ ដូច្នេះហើយ ព្រះជាម្ចាស់គឺព្រះ ឯមនុស្សគឺមនុស្ស! ទោះបីជាមនុស្សអាចស្រាវជ្រាវវិទ្យាសាស្ត្រ និងច្បាប់នានាដែលគ្រប់គ្រងលើរបស់សព្វសារពើបានយ៉ាងជ្រៅជ្រះក៏ដោយ ក៏ការស្រាវជ្រាវនោះនៅតែមានដែនកំណត់ដែរ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់គ្រប់គ្រងគ្រប់យ៉ាងទាំងអស់ ដែលចំពោះមនុស្ស នេះគឺជាការគ្រប់គ្រងដែលគ្មានដែនកំណត់ទេ។ មនុស្សម្នាក់អាចចំណាយពេលពេញមួយជីវិតដើម្បីស្រាវជ្រាវអំពីកិច្ចការដ៏តូចបំផុតរបស់ព្រះជាម្ចាស់ដោយមិនទទួលបានលទ្ធផលពិតប្រាកដអ្វីក៏មាន។ ដូច្នេះហើយ ប្រសិនបើអ្នកប្រើតែចំណេះដឹង និងអ្វីៗដែលអ្នកបានរៀនដើម្បីសិក្សាអំពីព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចស្គាល់ព្រះជាម្ចាស់ ឬយល់ពីទ្រង់បានឡើយ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកផ្លូវស្វែងរកសេចក្ដីពិត និងស្វែងរកព្រះជាម្ចាស់ ហើយពិនិត្យមើលព្រះជាម្ចាស់តាមទស្សនៈនៃការបែរមកស្គាល់ទ្រង់ នោះថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា សកម្មភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺមាននៅគ្រប់ទីកន្លែង ហើយអ្នកនឹងបានដឹងពីមូលហេតុដែលគេហៅព្រះជាម្ចាស់ថា ម្ចាស់នៃរបស់សព្វសារពើ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ កាលណាអ្នកទទួលបានការយល់ដឹងបែបនេះកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ពីមូលហេតុដែលគេហៅព្រះជាម្ចាស់ថាជាម្ចាស់នៃរបស់សព្វសារពើមិនខាន។ របស់សព្វសារពើ និងរបស់គ្រប់យ៉ាងទាំងអស់ រួមទាំងខ្លួនអ្នកផង សុទ្ធតែកំពុងទទួលបានការទំនុកបម្រុងពីព្រះជាម្ចាស់ជាហូរហែឥតដាច់។ អ្នកក៏នឹងអាចដឹងយ៉ាងច្បាស់ផងដែរថា នៅក្នុងពិភពលោកនេះ និងក្នុងចំណោមមនុស្សជាតិនេះ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ដែលអាចមានសមត្ថភាព និងសារជាតិក្នុងការត្រួតត្រា គ្រប់គ្រង និងថែរក្សាអត្ថិភាពនៃរបស់សព្វសារពើនេះបានឡើយ។ នៅពេលអ្នកឈានដល់ការយល់ដឹងបែបនេះ នោះអ្នកនឹងពិតជាទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក។ នៅពេលអ្នកឈានដល់ចំណុចនេះ អ្នកនឹងបានទទួលយកព្រះជាម្ចាស់ដោយពិតប្រាកដ ហើយអនុញ្ញាតឱ្យទ្រង់ធ្វើជាព្រះ និងជាម្ចាស់របស់អ្នក។ នៅពេលអ្នកបានទទួលការយល់ដឹងបែបនេះ ហើយជីវិតរបស់អ្នកបានឈានដល់ចំណុចបែបនេះ នោះព្រះជាម្ចាស់នឹងលែងសាកល្បង និងជំនុំជម្រះអ្នកទៀតហើយ ហើយទ្រង់ក៏នឹងមិនទាមទារអ្វីពីអ្នកទៀតដែរ ពីព្រោះអ្នកមុខជាយល់ពីព្រះជាម្ចាស់ មុខជាស្គាល់បំណងព្រះហឫទ័យរបស់ទ្រង់ ហើយមុខជាបានទទួលយកព្រះជាម្ចាស់ចូលក្នុងដួងចិត្ដរបស់អ្នកដោយពិតប្រាកដមិនខាន។ នេះហើយគឺជាមូលហេតុដ៏សំខាន់ក្នុងការប្រកបគ្នាអំពីប្រធានបទស្ដីពីការត្រួតត្រា និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើនេះ។ ការធ្វើដូច្នេះគឺដើម្បីផ្ដល់ចំណេះដឹង និងការយល់ដឹងដល់មនុស្សបន្ថែមទៀត មិនមែនគ្រាន់តែឱ្យអ្នកទទួលស្គាល់ប៉ុណ្ណោះទេ តែក៏ដើម្បីឱ្យអ្នកបានដឹង និងយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរបៀបកាន់តែជាក់ស្ដែងជាងមុន។

អាហារ និងភេសជ្ជៈប្រចាំថ្ងៃដែលព្រះជាម្ចាស់រៀបចំសម្រាប់មនុស្សជាតិ

អំបាញ់មិញនេះ យើងបាននិយាយតាមបែបទូទៅអំពីផ្នែកមួយនៃបរិស្ថាន ជាពិសេស លក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្ស ដែលព្រះជាម្ចាស់បានរៀបចំនៅពេលទ្រង់បានបង្កើតពិភពលោកនេះ។ យើងបាននិយាយអំពីរបស់ប្រាំយ៉ាង ដែលជាធាតុទាំងប្រាំរបស់បរិស្ថាន។ ប្រធានបទបន្ទាប់ទៀតរបស់យើង គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតខាងរូបកាយរបស់មនុស្ស ហើយវាពាក់ព័ន្ធច្រើនទៅនឹងជីវិត និងការបំពេញលក្ខខណ្ឌចាំបាច់នានារបស់ជីវិតនោះលើសពីរបស់ទាំងប្រាំពីមុនទៀត។ នោះគឺជាអាហារដែលមនុស្សបរិភោគ។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយដាក់ពួកគេនៅក្នុងបរិស្ថានសមស្របមួយពេញមួយជីវិត ក្រោយមក មនុស្សត្រូវការអាហារ និងទឹក។ មនុស្សមានតម្រូវការនេះ ដូច្នេះ ព្រះជាម្ចាស់បានធ្វើការរៀបចំឱ្យត្រូវតាមតម្រូវការពួកគេ។ ហេតុដូច្នេះហើយ រាល់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ និងរាល់កិច្ចការដែលទ្រង់ធ្វើ មិនមែនជាព្រះបន្ទូលដែលថ្លែងមកឥតខ្លឹមសារនោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្ដែងដែលកំពុងតែអនុវត្ត។ តើអាហារមិនមែនចាំបាច់មិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទេឬ? តើអាហារសំខាន់ខ្លាំងជាងខ្យល់ដែរឬទេ? គឺសំខាន់ដូចគ្នា។ របស់ទាំងពីរនេះជាធាតុ និងលក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្សជាតិ និងសម្រាប់រក្សាជីវិតរស់នៅបន្តទៀតរបស់មនុស្ស។ តើមួយណាសំខាន់ជាង ខ្យល់ ឬក៏ទឹក? សីតុណ្ហភាព ឬក៏ អាហារ? របស់ទាំងអស់នេះសុទ្ធតែសំខាន់ដូចគ្នា។ មនុស្សមិនអាចជ្រើសយកតែមួយណាបានទេ ព្រោះពួកគេមិនអាចរស់ដោយគ្មានរបស់ណាមួយបានឡើយ។ នេះជាបញ្ហាពិតជាក់ស្ដែង មិនមែនគ្រាន់តែជាបញ្ហានៃការជ្រើសរើសរវាងរបស់ទាំងនេះឡើយ។ អ្នកមិនដឹងមែន តែព្រះជាម្ចាស់ទ្រង់ជ្រាប។ ពេលអ្នកឃើញអាហារ អ្នកគិតថា៖ «ខ្ញុំមិនអាចរស់ដោយគ្មានអាហារបានទេ!» ប៉ុន្តែភ្លាមៗបន្ទាប់ពីបានបង្កើតអ្នកមក តើអ្នកបានដឹងថា អ្នកត្រូវការអាហារដែរទេ? អ្នកមិនបានដឹងទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ជ្រាប។ ទាល់តែពេលដែលអ្នកឃ្លាន ហើយឃើញផ្លែឈើនៅលើដើមឈើ និងគ្រាប់ធញ្ញជាតិនៅលើដីសម្រាប់ឱ្យអ្នកបរិភោគ ទើបអ្នកដឹងថា អ្នកត្រូវការអាហារ។ ទាល់តែពេលដែលអ្នកស្រេកទឹក ហើយឃើញទឹកផុសចេញពីដីមក ហើយទាល់តែអ្នកបានផឹកទឹកនោះ ទើបអ្នកដឹងថា អ្នកត្រូវការទឹក។ ព្រះជាម្ចាស់បានរៀបចំទឹកទុកជាមុនសម្រាប់មនុស្សជាតិ។ ទោះជាមនុស្សម្នាក់បរិភោគអាហារមួយថ្ងៃពីរពេល ឬបីពេល ឬច្រើនពេលជាងនេះក៏ដោយ ក៏គេជឿថា អាហារជារបស់ដែលមិនអាចខ្វះបានចំពោះមនុស្សនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ អាហារជារបស់មួយដែលត្រូវការចាំបាច់ក្នុងការរក្សាការរស់រានជាធម្មតានៃរាងកាយមនុស្ស។ ដូច្នេះ តើអាហារភាគច្រើនបានមកពីណា? ដំបូង វាបានមកពីដី។ ព្រះជាម្ចាស់បានរៀបចំដីទុកជាមុនសម្រាប់មនុស្សជាតិ ហើយវាសមស្របសម្រាប់ការរស់រាននៃរុក្ខជាតិជាច្រើនប្រភេទ មិនមែនត្រឹមតែដើមឈើ ឬស្មៅប៉ុណ្ណោះទេ។ ព្រះជាម្ចាស់បានរៀបចំគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងគ្រាប់ពូជផ្សេងៗទៀតសម្រាប់មនុស្សជាតិ ហើយទ្រង់បានប្រទានដីនិងទីវាលសមស្របសម្រាប់ការដាំដុះ ហើយដោយមានរបស់ទាំងនេះ ទើបមនុស្សជាតិទទួលបានអាហារ។ តើអាហារជាច្រើនប្រភេទនោះមានអ្វីខ្លះ? អ្នករាល់គ្នាប្រហែលជាបានដឹងរួចហើយ។ ទីមួយគឺ ធញ្ញជាតិផ្សេងៗ។ តើធញ្ញជាតិមានប្រភេទអ្វីខ្លះ? មានស្រូវសាលី ស្រូវមីយេកន្ទុយកញ្ជ្រោង ស្រូវមីយេដំណើប ស្រូវមីយេទូទៅ និងធញ្ញជាតិមានសំបកផ្សេងៗទៀត។ ដូច្នេះ គ្រាប់ធញ្ញជាតិមានគ្រប់ប្រភេទទាំងអស់ដែលមានពូជខុសៗគ្នា តាំងពីភាគខាងត្បូងដល់ភាគខាងជើង៖ ស្រូវបាឡេ ស្រូវសាលី ស្រូវអាវ័ន បាក់វីត ជាដើម ។ល។ ពូជផ្សេងគ្នាគឺសមស្របនឹងការដាំដុះនៅក្នុងតំបន់ផ្សេងគ្នា។ រីឯស្រូវវិញក៏មានច្រើនប្រភេទផងដែរ។ ភាគខាងត្បូងមានពូជដោយឡែករបស់ខ្លួន ដោយមានគ្រាប់វែងជាង និងសមស្របចំពោះមនុស្សមកពីភាគខាងត្បូង ព្រោះទីនោះមានអាកាសធាតុក្ដៅជាង មានន័យថា មនុស្សក្នុងតំបន់នោះត្រូវបរិភោគពូជស្រូវផ្សេងៗដូចជា ស្រូវឥណ្ឌីកាជាដើម ដែលមិនសូវស្អិតរមួតខ្លាំង។ បាយរបស់ពួកគេមិនអាចស្អិតរមួតខ្លាំងពេកនោះទេ បើមិនដូច្នោះទេ ពួកគេនឹងបាត់បង់ចំណង់បរិភោគ ហើយមិនអាចកិនរំលាយវាបានឡើយ។ អ្នកនៅភាគខាងជើងបរិភោគបាយដែលស្អិតរមួតជាង ព្រោះភាគខាងជើងតែងតែត្រជាក់ជាប់ជានិច្ច ដូច្នេះមនុស្សនៅទីនោះ ត្រូវតែបរិភោគរបស់ដែលស្អិតរមួត។ ក្រៅពីនេះ ក៏មានសណ្ដែកជាច្រើនប្រភេទដែលដុះលើដី និងបន្លែមើមជាច្រើនមុខដែលដុះនៅក្រោមដីដូចជា ដំឡូងបារាំង ដំឡូងជ្វា ត្រាវ និងបន្លែយកមើមច្រើនទៀត។ ដំឡូងបារាំងដុះនៅភាគខាងជើង ដែលនៅទីនោះ ដំឡូងមានគុណភាពខ្ពស់ជាងគេ។ នៅពេលមនុស្សគ្មានធញ្ញជាតិបរិភោគ ដំឡូងបារាំងដែលជាអាហារចម្បងមួយប្រភេទដែរនោះ ក៏អាចឱ្យពួកគេបរិភោគបីពេលក្នុងមួយថ្ងៃបានដែរ។ ដំឡូងបារាំងអាចប្រើធ្វើជាស្បៀងអាហារបម្រុងក៏បាន។ គុណភាពដំឡូងជ្វាអន់ជាងដំឡូងបារាំងបន្តិច ប៉ុន្តែគេនៅតែអាចប្រើវាធ្វើជាអាហារចម្បងដើម្បីបំពេញការបរិភោគបីពេលជារាល់ថ្ងៃបាន។ នៅពេលធញ្ញជាតិពិបាករកបាន មនុស្សអាចបំបាត់ភាពស្រេកឃ្លានបានដោយបបរិភោគដំឡូងជ្វាជាបណ្ដោះអាសន្នបាន។ ត្រាវដែលជាញឹកញាប់ បរិភោគដោយមនុស្សនៅភាគខាងត្បូង ក៏អាចប្រើក្នុងលក្ខណៈដូចគ្នានេះដែរ ហើយក៏អាចប្រើធ្វើជាអាហារចម្បងបានផងដែរ។ ទាំងនេះជាដំណាំផ្សេងៗគ្នាជាច្រើនមុខ ដែលសុទ្ធតែជាផ្នែកដ៏ចាំបាច់នៃអាហារនិងភេសជ្ជៈប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សប្រើធញ្ញជាតិផ្សេងៗគ្នាដើម្បីធ្វើជានំប៉័ង នំប៉ាវ មី បាយ នំបញ្ចុក គុយទាវ និងរបស់ផ្សេងៗជាដើម។ ព្រះជាម្ចាស់បានប្រទានធញ្ញជាតិជាច្រើនប្រភេទដល់មនុស្សជាតិយ៉ាងបរិបូណ៌។ ហេតុដែលមានពូជច្រើនដូច្នេះគឺអាស្រ័យលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់៖ ពូជដំណាំទាំងនោះសមស្របសម្រាប់ការដាំដុះនៅលើដី និងអាកាសធាតុខុសៗគ្នានៅភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិច។ រីឯសមាសធាតុ និងធាតុផ្សំផ្សេងៗរបស់ពួកវា ក៏ត្រូវគ្នានឹងសមាសធាតុ និងធាតុផ្សំផ្សេងៗនៃរាងកាយមនុស្សដែរ។ ទាល់តែបរិភោគធញ្ញជាតិទាំងនេះ ទើបមនុស្សអាចរក្សាសារធាតុចិញ្ចឹម និងសារធាតុផ្សេងៗទៀតដែលរាងកាយរបស់ពួកគេត្រូវការបាន។ អាហារនៅភាគខាងជើង និងអាហារនៅភាគខាងត្បូងខុសគ្នា តែយ៉ាងណាក៏ពួកវាមានភាពស្រដៀងគ្នាច្រើនជាងភាពខុសគ្នា។ អាហារទាំងពីរនេះ សុទ្ធតែអាចបំពេញតម្រូវការរបស់រាងកាយមនុស្សជាប្រចាំ និងទ្រទ្រង់ការរស់រានជាធម្មតារបស់រាងកាយបាន។ ដូច្នេះ មានពូជជាច្រើនប្រភេទយ៉ាងសម្បូរបែបត្រូវបានដាំដុះនៅក្នុងតំបន់នីមួយៗ ពីព្រោះរូបកាយរបស់មនុស្សត្រូវការសារធាតុផ្សេងៗពីអាហារខុសៗគ្នាទាំងនេះ ពោលគឺរាងកាយត្រូវការការផ្គត់ផ្គង់ពីអាហារផ្សេងៗគ្នាដែលដាំដុះចេញពីដី ដើម្បីទ្រទ្រង់អត្ថិភាពធម្មតានៃរាងកាយ ដើម្បីឱ្យពួកគេអាចដឹកនាំជីវិតមនុស្សជាធម្មតាបាន។ សរុបសេចក្ដីមក ព្រះជាម្ចាស់បានគិតគូរដល់មនុស្សជាតិខ្លាំងណាស់។ អាហារជាច្រើនប្រភេទដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស គឺមិនផ្លាស់ប្ដូរនោះទេ ផ្ទុយទៅវិញ អាហារនោះថែមទាំងត្រូវបានសម្រិតសម្រាំងជាខ្លាំងទៀតផង។ បើមនុស្សចង់បរិភោគធញ្ញជាតិ ពួកគេអាចបរិភោគធញ្ញជាតិបាន។ អ្នកខ្លះចូលចិត្តស្រូវជាងស្រូវសាលី ហើយបើមិនចូលចិត្តស្រូវសាលីទេ ដូច្នេះ ពួកគេអាចបរិភោគស្រូវបាន។ ស្រូវមានគ្រប់ប្រភេទ ទាំងគ្រាប់វែង ទាំងគ្រាប់ខ្លី ហើយប្រភេទនីមួយៗអាចបំពេញតាមចំណង់បរិភោគរបស់មនុស្សបាន។ ហេតុដូច្នេះហើយ បើមនុស្សបរិភោគធញ្ញជាតិទាំងនេះ (ដរាបណាពួកគេមិនរើសចំណីពេក) នោះពួកគេនឹងមិនខ្វះអាហាររូបត្ថម្ភឡើយ និងធានាថាអាចរស់នៅប្រកបដោយសុខភាពល្អរហូតដល់ស្លាប់។ នោះហើយជាព្រះតម្រិះដែលព្រះជាម្ចាស់មានក្នុងព្រះទ័យទ្រង់នៅពេលទ្រង់ប្រទានអាហារដល់មនុស្សជាតិ។ រាងកាយមនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងនេះបានទេ។ តើនេះមិនមែនជាការពិតទេឬ? ទាំងនេះជាបញ្ហាជាក់ស្ដែងដែលមនុស្សមិនអាចដោះស្រាយដោយខ្លួនឯងបានទេ ប៉ុន្តែព្រះជាម្ចាស់បានរៀបចំឱ្យពួកគេរួចហើយ៖ ទ្រង់បានព្រះតម្រិះអំពីរឿងទាំងនេះជាមុន និងបានរៀបចំរួចជាស្រេចសម្រាប់មនុស្សជាតិ។

ប៉ុន្តែព្រះជាម្ចាស់មិនបានប្រទានដល់មនុស្សជាតិតែប៉ុណ្ណេះនោះទេ។ ទ្រង់ក៏បានប្រទានបន្លែដល់មនុស្សផងដែរ! ប្រសិនបើអ្នកបរិភោគបាយតែម្យ៉ាង គ្មានអាហារអ្វីផ្សេងទៀត នោះអ្នកអាចនឹងមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ។ ម៉្យាងវិញទៀត ប្រសិនបើអ្នកឆាបន្លែពីរបីមុខ ឬញាំបន្លែដើម្បីបរិភោគជាមួយអាហាររបស់អ្នក នោះវីតាមីនក្នុងបន្លែ និងសារធាតុចាំបាច់ផ្សេងៗ ក៏ដូចជាសារធាតុចិញ្ចឹមដទៃទៀត នឹងអាចបំពេញសេចក្ដីត្រូវការនៃរាងកាយអ្នកបានជាធម្មតាមិនខាន។ ហើយមនុស្សក៏អាចបរិភោគផ្លែឈើបន្តិចបន្តួចនៅចន្លោះពេលញ៉ាំអាហារបានផងដែរ។ ពេលខ្លះ មនុស្សត្រូវការជាតិទឹក ឬសារធាតុចិញ្ចឹម ឬរសជាតិផ្សេងៗបន្ថែមទៀត ហើយផ្លែឈើ និងបន្លែនេះឯង ដែលបំពេញតម្រូវការទាំងនេះ។ ដោយសារនៅភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិច មានដីនិងអាកាសធាតុខុសគ្នា ទើបតំបន់ទាំងនោះមានបន្លែ និងផ្លែឈើជាច្រើនប្រភេទខុសៗគ្នា។ ដោយសារអាកាសធាតុនៅភាគខាងត្បូងក្ដៅខ្លាំងពេក ទើបផ្លែឈើ និងបន្លែភាគច្រើននៅតំបន់នោះ ជាប្រភេទត្រជាក់ ដែលពេលបរិភោគហើយ អាចធ្វើឱ្យភាពក្ដៅ និងត្រជាក់មានតុល្យភាពនៅក្នុងខ្លួនមនុស្សបាន។ ផ្ទុយទៅវិញ នៅភាគខាងជើង មានប្រភេទបន្លែ និងផ្លែឈើតិចតួចប៉ុណ្ណោះ តែគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សក្នុងតំបន់នោះបរិភោគបាន។ ទោះជាយ៉ាងនេះក្ដី ដោយសារការអភិវឌ្ឍក្នុងសង្គមក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងដោយសារការរីកចម្រើនក្នុងសង្គម ក៏ដូចជាភាពប្រសើរឡើងក្នុងការប្រាស្រ័យទាក់ទង និងការដឹកជញ្ជូនដែលតភ្ជាប់ភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិចជាមួយគ្នា នាំឱ្យមនុស្សនៅភាគខាងជើងក៏អាចបរិភោគផ្លែឈើ និងបន្លែ ឬកសិផលពីតំបន់ភាគខាងត្បូងបានមួយចំនួនផងដែរ ហើយពួកគេអាចបរិភោគបានពេញទាំងបួនរដូវ។ ទោះបីជាវាអាចបំពេញចំណង់បរិភោគ និងចំណង់ខាងសម្ភារៈរបស់មនុស្សក៏ដោយ ក៏រាងកាយរបស់ពួកគេត្រូវរងគ្រោះថ្នាក់ក្នុងកម្រិតផ្សេងៗទាំងមិនដឹងខ្លួន។ នេះក៏ព្រោះតែក្នុងចំណោមអាហារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ មានអាហារ ផ្លែឈើ និងបន្លែមួយចំនួន គឺសម្រាប់តែមនុស្សនៅភាគខាងត្បូងប៉ុណ្ណោះ ហើយអាហារ ផ្លែឈើ និងបន្លែខ្លះទៀត គឺសម្រាប់តែមនុស្សនៅភាគខាងជើងប៉ុណ្ណោះ។ និយាយឱ្យចំទៅ ប្រសិនបើអ្នកបានកើតនៅភាគខាងត្បូង នោះអ្នកគួរតែបរិភោគអាហារដែលមកពីភាគខាងត្បូងទើបជាការសមស្រប។ ព្រះជាម្ចាស់បានរៀបចំយ៉ាងពិសេសនូវអាហារ ផ្លែឈើ និងបន្លែទាំងនេះ ពីព្រោះភាគខាងត្បូង មានអាកាសធាតុជាក់លាក់មួយ។ ភាគខាងជើងមានអាហារដែលចាំបាច់សម្រាប់រាងកាយរបស់មនុស្សនៅភាគខាងជើង។ ក៏ប៉ុន្ដែ ដោយសារមនុស្សល្មោភបរិភោគពេក ទើបពួកគេបណ្ដោយខ្លួនឱ្យរងការអូសទាញនៅក្នុងរលកនិន្នាការសង្គមថ្មីដោយពុំដឹងខ្លួន ហើយពួកគេបានបំពានច្បាប់ទាំងនេះទាំងមិនដឹងខ្លួន។ ទោះជាមនុស្សមានអារម្មណ៍ថា ជីវិតរបស់ពួកគេបានប្រសើរជាងមុនក្ដី តែវឌ្ឍនភាពសង្គមប្រភេទនេះ បង្កអន្តរាយដ៏គ្រោះថ្នាក់ដល់រាងកាយរបស់មនុស្សកាន់តែច្រើនឡើងៗ។ ព្រះជាម្ចាស់មិនចង់ទតឃើញបែបនេះទេ ហើយទ្រង់ក៏គ្មានបំណងព្រះហឫទ័យបែបនេះដែរ នៅពេលទ្រង់ប្រទានអាហារ ផ្លែឈើ និងបន្លែទាំងនេះដល់មនុស្សជាតិនោះ។ មនុស្សខ្លួនឯង បានបង្កើតស្ថានភាពបច្ចុប្បន្ននេះឡើង ដោយបំពានច្បាប់នានារបស់ព្រះជាម្ចាស់។

សូម្បីតែក្រៅពីរបស់ទាំងអស់នោះក្ដី ក៏ភាពសម្បូរបែបដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិនោះ ពិតជាសម្បូរហូរហៀរមែន ហើយកន្លែងនីមួយៗសុទ្ធតែមានផលិតផលប្រចាំតំបន់ផ្ទាល់ខ្លួន។ ឧទាហរណ៍ដូចជា កន្លែងខ្លះសម្បូរទៅដោយពុទ្រាក្រហម (អ្នកខ្លះហៅ ពុទ្រាចិន) កន្លែងខ្លះទៀតសម្បូរទៅដោយផ្លែវ៉លណាត់ ហើយកន្លែងផ្សេងៗទៀតសម្បូរទៅដោយសណ្ដែកដី ឬផ្លែឈើគ្រាប់ផ្សេងៗ។ របស់ទាំងនេះសុទ្ធតែផ្ដល់សារធាតុចិញ្ចឹមដែលរាងកាយមនុស្សត្រូវការ។ ប៉ុន្តែ ព្រះជាម្ចាស់ទំនុកបម្រុងរបស់ផ្សេងៗដល់មនុស្សជាតិក្នុងបរិមាណ និងពេលវេលាត្រឹមត្រូវ អាស្រ័យតាមរដូវ និងពេលវេលានៃឆ្នាំ។ មនុស្សជាតិផ្គាប់តាមការសប្បាយខាងរូបកាយ ហើយល្មោភស៊ី ដែលវាងាយនឹងបំពាន និងធ្វើឱ្យខូចច្បាប់ធម្មជាតិដែលទ្រង់ចែងអំពីការលូតលាស់របស់មនុស្ស នៅពេលទ្រង់បង្កើតមនុស្សជាតិមក។ ឥឡូវ យើងយកផ្លែ ឆឺរី ធ្វើជាឧទាហរណ៍ចុះ។ ផ្លែឆឺរី ទុំនៅក្នុងខែមិថុនា។ ក្រោមលក្ខខណ្ឌធម្មតា មកដល់ខែសីហា គ្មានផ្លែ ឆឺរី នៅសល់ទៀតទេ។ ផ្លែឈើនេះអាចរក្សាទុកឱ្យនៅស្រស់ល្អបានត្រឹមតែពីរខែប៉ុណ្ណោះ ប៉ុន្តែតាមរយៈបច្ចេកទេសវិទ្យាសាស្ត្រ ឥឡូវនេះ មនុស្សអាចពន្យារពេលរហូតដល់ដប់ពីរខែ ឬថែមទាំងដល់ផុតរដូវឆឺរីនាឆ្នាំបន្ទាប់ទៀតក៏មាន។ នេះមានន័យថា ផ្លែឆឺរីមានពេញមួយឆ្នាំតែម្ដង។ តើនេះជាបាតុភូតធម្មតាដែរឬទេ? (អត់ទេ។) ដូច្នេះ តើបរិភោគផ្លែឆឺរីនៅរដូវណាដែលល្អបំផុត? នោះច្បាស់ជាចាប់ពីខែមិថុនាដល់ខែសីហាហើយ។ ផុតរយៈពេលនេះ មិនថាអ្នករក្សាផ្លែនោះឱ្យនៅស្រស់ល្អយ៉ាងណានោះទេ វាមិនមានរសជាតិដូចដើមឡើយ ហើយវាក៏មិនបានផ្ដល់សារជាតិដែលរាងកាយមនុស្សត្រូវការដែរ។ នៅពេលកាលបរិច្ឆេទកំណត់បានផុតហើយ មិនថាអ្នកប្រើជាតិគីមីអ្វីទេ ក៏អ្នកនឹងមិនអាចបំពេញជំនួសនូវសារធាតុដែលវាមាននៅពេលលូតលាស់តាមធម្មជាតិបានដែរ។ លើសពីនេះទៀត គ្រោះថ្នាក់ដែលជាតិគីមីបង្កដល់មនុស្ស គឺគ្មាននរណាម្នាក់អាចដោះស្រាយ ឬផ្លាស់ប្ដូរបានឡើយ មិនថាពួកគេព្យាយាមយ៉ាងណានោះទេ។ ដូច្នេះ តើសេដ្ឋកិច្ចទីផ្សារបច្ចុប្បន្ននាំអ្វីខ្លះមកឱ្យមនុស្ស? ការរស់នៅរបស់មនុស្សហាក់ដូចជាប្រសើរជាងមុន ការដឹកជញ្ជូនរវាងតំបន់នានាកាន់តែមានភាពងាយស្រួល ហើយមនុស្សអាចបរិភោគផ្លែឈើគ្រប់ប្រភេទគ្រប់ពេលវេលាក្នុងរដូវណាមួយក្នុងចំណោមរដូវទាំងបួន។ មនុស្សនៅភាគខាងជើងអាចបរិភោគចេក ព្រមទាំងអាហារឆ្ងាញ់ៗប្រចាំតំបន់ដូចជា ផ្លែឈើ ឬអាហារដទៃទៀតពីភាគខាងត្បូងជាទៀងទាត់បាន។ ប៉ុន្តែ នេះមិនមែនជាជីវិតដែលព្រះជាម្ចាស់ចង់ប្រទានដល់មនុស្សជាតិឡើយ។ សេដ្ឋកិច្ចទីផ្សារប្រភេទនេះ អាចនាំមកនូវផលប្រយោជន៍មួយចំនួនដល់ជីវិតរបស់មនុស្ស ប៉ុន្តែវាក៏អាចនាំគ្រោះថ្នាក់មកផងដែរ។ ដោយសារតែភាពសម្បូរបែបនៅក្នុងទីផ្សារ មនុស្សជាច្រើនបរិភោគដោយមិនខ្វល់ថាពួកគេកំពុងដាក់អ្វីចូលក្នុងមាត់នោះទេ។ អាកប្បកិរិយានេះ គឺជាការបំពានច្បាប់ធម្មជាតិ ហើយវាមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ដូច្នេះ សេដ្ឋកិច្ចទីផ្សារមិនអាចនាំសុភមង្គលពិតប្រាកដដល់មនុស្សបានទេ។ ចូរអ្នករាល់គ្នាពិនិត្យមើលដោយខ្លួនឯងចុះ។ តើផ្លែទំពាំងបាយជូរមិនមែនដាក់លក់លើទីផ្សារពេញទាំងបួនរដូវទេឬ? តាមពិតទៅ បន្ទាប់ពីបេះហើយ ផ្លែទំពាំងបាយជូរនៅស្រស់បានតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ប្រសិនបើអ្នករក្សាទុកវារហូតដល់ខែមិថុនាឆ្នាំក្រោយ តើអាចនៅហៅវាថាជាផ្លែទំពាំងបាយជូរទៀតបានដែរឬទេ? ឬហៅវាថា «សំរាម» វិញទើបល្អជាង? វាមិនត្រឹមតែខ្វះសារធាតុទំពាំងបាយជូរស្រស់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងផ្លែនោះក៏មានទាំងជាតិគីមីយ៉ាងច្រើនទៀតផង។ មួយឆ្នាំក្រោយមក ផ្លែវាលែងនៅស្រស់ទៀតហើយ ឯសារធាតុចិញ្ចឹមនានាដែលវាមាន ក៏បាត់អស់ជាយូរហើយដែរ។ នៅពេលមនុស្សបរិភោគផ្លែទំពាំងបាយជូរ ពួកគេមានអារម្មណ៍បែបនេះថា៖ «យើងមានសំណាងអ្វីម្ល៉េះទេ! តើកាលពីសាមសិបឆ្នាំមុន យើងអាចបរិភោគផ្លែទំពាំងបាយជូរក្នុងរដូវនេះបានទេ? មិនអាចទេ ទោះបីជាចង់យ៉ាងណាក៏ដោយ! ជីវិតឥឡូវនេះល្អខ្លាំងណាស់!» តើនេះពិតជាសុភមង្គលមែនឬទេ? បើអ្នកចាប់អារម្មណ៍រឿងនេះ អ្នកអាចធ្វើការស្រាវជ្រាវដោយខ្លួនឯងបានអំពីទំពាំងបាយជូរដែលបានរក្សាទុកដោយជាតិគីមី ហើយមើលថាតើវាផលិតមកពីអ្វី តើសារធាតុទាំងនេះអាចមានប្រយោជន៍ដល់មនុស្សដែរឬទេ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ពេលជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប និងពេលកំពុងធ្វើដំណើរ ព្រះជាម្ចាស់បានប្រទានសត្វក្រួច និងនំម៉ាណាដល់ពួកគេ។ ប៉ុន្តែ តើព្រះជាម្ចាស់បានអនុញ្ញាតឱ្យមនុស្សរក្សាទុកអាហារទាំងនោះដែរឬទេ? អ្នកខ្លះគិតខ្លី ហើយភ័យខ្លាចថា នឹងលែងមានអាហារនៅថ្ងៃបន្ទាប់ទៀត ដូច្នេះពួកគេបានរក្សាទុកខ្លះសម្រាប់ពេលក្រោយ។ បន្ទាប់មក តើមានអ្វីកើតឡើង? នៅថ្ងៃបន្ទាប់ វាក៏រលួយអស់។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យអ្នករក្សាទុកអាហារទាំងនេះឡើយ ត្បិតទ្រង់បានធ្វើការរៀបចំរួចជាស្រេច ដែលធានាបានថា អ្នកនឹងមិនត្រូវអត់ឃ្លាននោះទេ។ ប៉ុន្តែមនុស្សជាតិមិនមានទំនុកចិត្តបែបនេះទេ ហើយពួកគេក៏គ្មានជំនឿពិតប្រាកដលើព្រះជាម្ចាស់ដែរ។ ពួកគេតែងតែចង់ទុកឱកាសឱ្យខ្លួនឯងប្រើល្បិច ហើយមិនដែលអាចមើលឃើញពីការយកព្រះទ័យទុកដាក់ និងព្រះតម្រិះនៅពីក្រោយការរៀបចំរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិឡើយ។ ពួកគេមិនអាចដឹងបានទេ ដូច្នេះ ពួកគេមិនអាចដាក់ចិត្តលើព្រះជាម្ចាស់ទាំងស្រុងបានទេ ដោយពួកគេគិតជាប់ជានិច្ចថា៖ «សកម្មភាពរបស់ព្រះជាម្ចាស់មិនអាចទុកចិត្តបានទេ! តើអ្នកណាទៅដឹងថា ព្រះជាម្ចាស់នឹងប្រទានអ្វីដែលយើងត្រូវឬអត់នោះ ឬថាតើពេលណាទ្រង់នឹងប្រទានវាដល់យើងទៅ! បើពេលខ្ញុំឃ្លាន ហើយព្រះជាម្ចាស់មិនប្រទានឱ្យទេ តើពេលនោះខ្ញុំនឹងមិនដាក់ពោះស្លាប់ទៅហើយទេ? តើខ្ញុំនឹងមិនខ្វះអាហារូបត្ថម្ភទៅហើយទេ?» មើល៍ចុះ! មនុស្សខ្វះទំនុកចិត្តខ្លាំងប៉ុនណា!

ធញ្ញជាតិ ផ្លែឈើនិងបន្លែ និងគ្រាប់ផ្លែឈើគ្រប់ប្រភេទ ទាំងអស់នេះសុទ្ធតែជាអាហារគ្មានសាច់។ ទោះវាជាអាហារគ្មានសាច់ក្ដី ក៏វាផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់បំពេញតាមសេចក្ដីត្រូវការនៃរាងកាយមនុស្សដែរ។ តែទោះយ៉ាងនេះក្ដី ព្រះជាម្ចាស់មិនបានមានព្រះបន្ទូលថា៖ «ខ្ញុំនឹងប្រទានអាហារត្រឹមតែប៉ុណ្ណោះដល់មនុស្សជាតិទេ។ ចូរឱ្យពួកគេបរិភោគតែប៉ុណ្ណេះបានហើយ!» ព្រះជាម្ចាស់មិនបានឈប់ត្រឹមនេះទេ ប៉ុន្តែទ្រង់បានបន្តរៀបចំអាហារជាច្រើនទៀតដែលរឹតតែមានឱជារសជាតិឆ្ងាញ់ពិសាជាងមុន សម្រាប់មនុស្សជាតិ។ តើអាហារទាំងនេះមានអ្វីខ្លះ? គឺមានសាច់ និងត្រីជាច្រើនប្រភេទដែលភាគច្រើនអ្នករាល់គ្នាអាចមើលឃើញ និងបរិភោគបាន។ ទ្រង់បានរៀបចំទាំងសាច់ និងត្រីជាច្រើនប្រភេទណាស់សម្រាប់មនុស្ស។ ត្រីរស់នៅក្នុងទឹក ហើយសាច់របស់ត្រីក្នុងទឹកមានសារធាតុខុសប្លែកពីសាច់របស់សត្វដែលរស់នៅលើគោក ហើយវាអាចផ្ដល់ឱ្យសារធាតុចិញ្ចឹមផ្សេងៗគ្នាដល់មនុស្សបាន។ ត្រីក៏មានលក្ខណៈសម្បត្តិដែលអាចគ្រប់គ្រងភាពក្ដៅ និងភាពត្រជាក់នៅក្នុងខ្លួនមនុស្សបានផងដែរ ដែលវាមានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់មនុស្ស។ ប៉ុន្តែ មិនត្រូវបរិភោគអាហារឆ្ងាញ់ៗច្រើនហួសហេតុនោះទេ។ ដូចដែលខ្ញុំបាននិយាយរួចមកហើយថា ព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិក្នុងបរិមាណនិងពេលវេលាត្រឹមត្រូវ ដើម្បីឱ្យមនុស្សអាចទទួលបានអំណោយប្រទានពីទ្រង់បានត្រឹមត្រូវ ក្នុងលក្ខណៈធម្មតា និងស្របទៅតាមរដូវ និងពេលវេលា។ ឥឡូវនេះ តើអាហារប្រភេទណាខ្លះដែលស្ថិតក្នុងប្រភេទសាច់បក្សី? មានដូចមាន់ ក្រួច ព្រាប ។ល។ និង ។ល។ មនុស្សជាច្រើនក៏បរិភោគទា និងក្ងានផងដែរ។ ថ្វីបើព្រះជាម្ចាស់បានប្រទានសាច់គ្រប់ប្រភេទក្ដី តែទ្រង់ក៏បានកំណត់លក្ខខណ្ឌតម្រូវមួយចំនួនដល់រាស្ត្ររើសតាំងរបស់ទ្រង់ និងដាក់កំហិតជាក់លាក់អំពីរបបអាហាររបស់ពួកគេនៅក្នុងយុគសម័យនៃក្រឹត្យវិន័យផងដែរ។ សព្វថ្ងៃនេះ ការដាក់កំហិតទាំងនេះ ត្រូវផ្អែកតាមរសនិយមរបស់បុគ្គលម្នាក់ៗ និងតាមការបកស្រាយផ្ទាល់ខ្លួន។ សាច់ជាច្រើនប្រភេទនេះផ្ដល់សារធាតុចិញ្ចឹមចម្រុះដល់រាងកាយ ដើម្បីបង្គ្រប់ប្រូតេអ៊ីននិងជាតិដែក ជំនួយឈាម ពង្រឹងសាច់ដុំនិងឆ្អឹង និងបង្កើតកម្លាំងរាងកាយ។ មិនថាមនុស្សចម្អិន និងបរិភោគសាច់យ៉ាងណានោះទេ សាច់អាចជួយបន្ថែមរសជាតិអាហាររបស់មនុស្ស និងបង្កើនចំណង់បរិភោគរបស់ពួកគេ ព្រមទាំងបំពេញចំណង់ក្រពះរបស់ពួកគេផងដែរ។ សំខាន់បំផុតនោះគឺ អាហារទាំងនេះអាចផ្គត់ផ្គង់ដល់រាងកាយមនុស្សតាមតម្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃ។ នេះហើយជាព្រះតម្រិះរបស់ព្រះជាម្ចាស់ នៅពេលទ្រង់បានរៀបចំអាហារសម្រាប់មនុស្សជាតិ។ មានបន្លែ មានសាច់ តើនេះមិនសម្បូរហូរហៀរទៀតឬ? ប៉ុន្តែមនុស្សគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានរៀបចំអាហារទាំងអស់សម្រាប់មនុស្សជាតិ។ តើវាដើម្បីឱ្យមនុស្សជាតិបរិភោគអាហារទាំងនេះហួសប្រមាណឬ? តើមានអ្វីកើតឡើងនៅពេលមនុស្សជាប់នៅក្នុងការប៉ុនប៉ងបំពេញចំណង់ខាងសម្ភារៈទាំងនេះ? តើពួកគេមិនមែនទទួលទានអាហារលើសកម្រិតទេឬ? តើការទទួលទានអាហារច្រើនពេកមិនមែនធ្វើឱ្យប៉ះពាល់ដល់រាងកាយមនុស្សច្រើនយ៉ាងទេឬ? (ប៉ះពាល់។) ហេតុនេះហើយបានជាព្រះជាម្ចាស់បែងចែកឱ្យមានបរិមាណត្រឹមត្រូវ ពេលវេលាត្រឹមត្រូវ ហើយឱ្យមនុស្សបរិភោគអាហារផ្សេងៗគ្នាទៅតាមពេលវេលា និងរដូវកាលខុសៗគ្នា។ ឧទាហរណ៍ បន្ទាប់ពីរដូវក្ដៅខ្លាំងហើយ មនុស្សស្រូបកម្ដៅច្រើននៅក្នុងខ្លួនពួកគេ ក៏ដូចជាកើតជំងឺខ្សោះជាតិទឹក និងលើសជាតិទឹកផងដែរ។ ពេលរដូវលំហើយមកដល់ ផ្លែឈើជាច្រើនប្រភេទបានទុំ ហើយពេលមនុស្សបរិភោគផ្លែឈើទាំងនេះ ជាតិទឹកលើសនៅក្នុងខ្លួនរបស់ពួកគេក៏ត្រូវបានបណ្ដេញចេញមកក្រៅ។ នៅពេលនោះ គោក្របីនិងចៀម ក៏លូតលាស់ពេញកម្លាំងដែរ ដូច្នេះ នេះជាពេលដែលមនុស្សគួរតែបរិភោគសាច់ឱ្យបានច្រើន។ តាមរយៈការបរិភោគសាច់ច្រើន រាងកាយរបស់មនុស្សទទួលបានថាមពល និងកម្ដៅដើម្បីឱ្យជួយពួកគេទប់ទល់នឹងភាពត្រជាក់នៃរដូវរងាបាន ដូច្នោះហើយ ពួកគេអាចឆ្លងកាត់រដូវរងារបានដោយសុវត្ថិភាព និងមានសុខភាពល្អ។ ដោយមានការយកព្រះទ័យទុកដាក់ និងការប្រុងប្រយ័ត្នបំផុត ទើបព្រះជាម្ចាស់គ្រប់គ្រង និងសម្របសម្រួលថាត្រូវប្រទានអ្វីខ្លះដល់មនុស្សជាតិ ហើយត្រូវប្រទាននៅពេលវេលា ក៏ដូចជាពេលវេលាដែលទ្រង់នឹងឱ្យរបស់ផ្សេងៗដុះលូតលាស់ ចេញផ្លែ និងទុំផងដែរ។ ការនេះទាក់ទងនឹង «របៀបដែលព្រះជាម្ចាស់រៀបចំអាហារដែលមនុស្សត្រូវការក្នុងជីវិតប្រចាំថ្ងៃ»។ បន្ថែមពីលើអាហារដ៏ច្រើនប្រភេទនេះហើយ ព្រះជាម្ចាស់ក៏ប្រទានប្រភពទឹកដល់មនុស្សជាតិផងដែរ។ បន្ទាប់ពីបរិភោគរួច មនុស្សត្រូវការផឹកទឹក។ តើផ្លែឈើតែម្យ៉ាងគ្រប់គ្រាន់ដែរឬទេ? មនុស្សមិនអាចរស់ដោយពឹងលើផ្លែឈើតែម្យ៉ាងនោះទេ ហើយក្រៅពីនេះ នៅរដូវខ្លះ ក៏គ្មានផ្លែឈើដែរ។ ដូច្នេះ តើអាចដោះស្រាយបញ្ហាទឹករបស់មនុស្សជាតិបានយ៉ាងដូចម្តេច? ព្រះជាម្ចាស់បានដោះស្រាយបញ្ហានេះតាមរយៈការរៀបចំប្រភពទឹកជាច្រើននៅលើដី និងក្រោមដី ដូចជា បឹង ទន្លេ និងទឹកចេញពីក្រោមដី។ ប្រភពទឹកទាំងនេះសុទ្ធតែអាចផឹកបានឱ្យតែគ្មានការឆ្លងមេរោគ និងឱ្យតែមនុស្សមិនបានប្រឡូកប្រឡាក់ ឬបំផ្លាញប្រភពទឹកទាំងនោះ។ ម៉្យាងទៀត បើនិយាយពីប្រភពអាហារដែលទ្រទ្រង់ជីវិតនៃរូបកាយមនុស្សវិញ ព្រះជាម្ចាស់បានរៀបចំយ៉ាងច្បាស់លាស់ ត្រឹមត្រូវ និងសមស្របបំផុត ដើម្បីឱ្យជីវិតរបស់មនុស្សសម្បូរសប្បាយ និងមិនខ្វះអ្វីទាំងអស់។ នេះជាអ្វីដែលមនុស្សអាចដឹង និងមើលឃើញបាន។

លើសពីនេះទៅទៀត ក្នុងចំណោមរបស់សព្វសារពើ ព្រះជាម្ចាស់បានបង្កើតដើមឈើ សត្វ និងរុក្ខជាតិឱសថផ្សេងៗ ដែលប្រើជាពិសេសក្នុងការព្យាបាលរបួស ឬជំងឺនៅក្នុងខ្លួនមនុស្ស។ ឧទាហរណ៍ថា បើពួកគេរលាកភ្លើង ឬរលាកទឹកក្ដៅដោយចៃដន្យ តើពួកគេគួរតែធ្វើដូចម្ដេច? តើអ្នកអាចគ្រាន់តែលាងការរលាកដោយប្រើទឹកបានឬទេ? តើអ្នកអាចគ្រាន់តែរុំរបួសជាមួយកំណាត់ចាស់ៗបានឬទេ? បើអ្នកធ្វើដូច្នោះ មុខរបួសអាចនឹងមានសុទ្ធតែខ្ទុះ ឬក៏ឆ្លងមេរោគ។ ឧទាហរណ៍ថា បើមាននរណាម្នាក់ក្ដៅខ្លួន ឬគ្រុនផ្ដាសាយ រងរបួសក្នុងពេលកំពុងធ្វើការ កើតមានបញ្ហាឈឺក្រពះដោយសារការបរិភោគមិនត្រឹមត្រូវ ឬកើតមានជំងឺមួយចំនួន ដែលបណ្ដាលមកពីកត្តាបែបផែននៃការរស់នៅ ឬបញ្ហាផ្លូវចិត្ត រួមបញ្ចូលទាំងជំងឺសរសៃឈាម ជំងឺផ្លូវចិត្ត ឬជំងឺសរីរាង្គខាងក្នុងជាដើម នោះមានរុក្ខជាតិស័ក្តិសម ដែលអាចព្យាបាលជំងឺរបស់ពួកគេបាន។ មានរុក្ខជាតិខ្លះជួយសម្រួលចលនាឈាមរត់ និងកម្ចាត់ការស្ទះឈាម បំបាត់ការឈឺចាប់ ឃាត់ឈាម ធ្វើឱ្យស្ពឹក ជួយព្យាបាលស្បែកឱ្យត្រឡប់ទៅរកស្ថានភាពធម្មតាវិញ និងបំបែកឈាមកក និងកម្ចាត់ជាតិពុលចេញពីរាងកាយជាដើម។ សរុបមក រុក្ខជាតិទាំងនេះមានការប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ។ មនុស្សអាចប្រើរុក្ខជាតិទាំងនេះបាន ហើយព្រះជាម្ចាស់បានរៀបចំវាសម្រាប់រាងកាយមនុស្ស ក្នុងករណីមានតម្រូវការចាំបាច់។ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យមនុស្សរកឃើញរុក្ខជាតិឱសថមួយចំនួនដោយការគាប់ជួន រីឯរុក្ខជាតិឱសថមួយចំនួនទៀត ត្រូវបានរកឃើញដោយមនុស្សដែលព្រះជាម្ចាស់បានរើសតាំងឱ្យធ្វើកិច្ចការនេះ ឬតាមរយៈបាតុភូតពិសេសៗដែលទ្រង់បានចាត់ចែង។ ក្រោយរកឃើញរុក្ខជាតិទាំងនេះហើយ មនុស្សជាតិនឹងប្រាប់តៗគ្នាទៅអ្នកជំនាន់ក្រោយ ហើយមនុស្សជាច្រើននឹងដឹងអំពីរុក្ខជាតិទាំងនោះ។ ម្ល៉ោះហើយ ការដែលព្រះជាម្ចាស់បង្កើតរុក្ខជាតិទាំងនេះឡើង គឺមានតម្លៃ និងខ្លឹមសាររបស់វា។ ជារួម របស់ទាំងនេះសុទ្ធតែបានមកពីព្រះជាម្ចាស់ សុទ្ធតែទ្រង់រៀបចំ និងដាំដុះ នៅពេលទ្រង់បង្កើតបរិស្ថានរស់នៅរបស់មនុស្សជាតិឡើង។ អ្វីៗអស់ទាំងនេះ សុទ្ធតែសំខាន់ចាំបាច់។ តើព្រះតម្រិះរបស់ព្រះជាម្ចាស់មានដំណើរហ្មត់ចត់ជាងគំនិតរបស់មនុស្សជាតិដែរឬទេ? នៅពេលអ្នកមើលឃើញពីគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ តើអ្នកដឹងពីភាពជាក់ស្តែងរបស់ព្រះជាម្ចាស់ដែរឬទេ? ព្រះជាម្ចាស់បំពេញកិច្ចការស្ងាត់ៗ។ ព្រះជាម្ចាស់បានបង្កើតរបស់ទាំងអស់នេះ តាំងពីពេលមនុស្សមិនទាន់កើតក្នុងពិភពលោកនេះម្ល៉េះ តាំងពីពេលដែលទ្រង់មិនទាន់មានទំនាក់ទំនងជាមួយមនុស្សជាតិមកម្ល៉េះ។ អ្វីៗគ្រប់យ៉ាងត្រូវបានបង្កើតឡើងដោយមានការគិតគូរដល់មនុស្សជាតិជានិច្ច ដើម្បីជាប្រយោជន៍ដល់អត្ថិភាពរបស់មនុស្ស និងដោយមានការគិតគូរពីការរស់រានរបស់ពួកគេ ដើម្បីឱ្យមនុស្សជាតិអាចរស់នៅដោយសុខសាន្តនៅក្នុងពិភពរូបធាតុដ៏សម្បូរបែបដែលព្រះជាម្ចាស់បានរៀបចំឱ្យពួកគេនេះ ដោយគ្មានការព្រួយបារម្ភអំពីអាហារ ឬសម្លៀកបំពាក់ ឬព្រួយខ្វះខាតអ្វីឡើយ។ នៅក្នុងបរិស្ថានបែបនេះ មនុស្សជាតិអាចបន្តបង្កើតកូនចៅ និងរស់រានបានតទៅទៀត។

ក្នុងចំណោមកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ទាំងធំទាំងតូច តើមានកិច្ចកការណាមួយដែលគ្មានតម្លៃ ឬគ្មានខ្លឹមសារទេ? គ្រប់កិច្ចការទ្រង់ធ្វើសុទ្ធតែមានតម្លៃ និងមានខ្លឹមសារ។ យើងចាប់ផ្ដើមពិភាក្សាគ្នាអំពីប្រធានបទទូទៅមួយវិញ។ មនុស្សតែងសួរថា៖ តើមេមាន់ និងពងមាន់ មួយណាកើតមុន? (មេមាន់។) ពុំចាំបាច់ឆ្ងល់ទេ ប្រាកដជាមេមាន់កើតមុនហើយ! ហេតុអ្វីបានជាមេមាន់កើតមុន? ហេតុអ្វីបានជាពងមាន់មិនអាចកើតមុនបាន? តើមេមាន់មិនមែនញាស់ចេញពីពងមាន់ទេឬ? បានម្ភៃមួយថ្ងៃ ពងមាន់នឹងញាស់ ហើយបន្ទាប់មក មាន់នោះក៏មានពងច្រើនបន្ថែមទៀត ហើយមេមាន់ជាច្រើនទៀតក៏ញាស់ចេញពីស៊ុតមាន់ទាំងនោះដែរ។ ដូច្នេះ តើមេមាន់ ឬពងមាន់កើតមុន? អ្នករាល់គ្នាច្បាស់ជាឆ្លើយថា «មេមាន់» ហើយ។ ប៉ុន្តែ ហេតុអ្វីបានជាអ្នករាល់គ្នាឆ្លើយបែបនេះ? (ព្រះគម្ពីរចែងថា ព្រះជាម្ចាស់បានបង្កើតបក្សាបក្សី និងសត្វនានា។) ដូច្នេះ ចម្លើយរបស់អ្នករាល់គ្នា ផ្អែកតាមព្រះគម្ពីរ។ ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នានិយាយតាមការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ដើម្បីឱ្យខ្ញុំអាចដឹងបានថាតើអ្នករាល់គ្នាមានចំណេះដឹងជាក់ស្ដែងអំពីសកម្មភាពរបស់ព្រះជាម្ចាស់ឬទេ។ ឥឡូវនេះ តើអ្នករាល់គ្នាប្រាកដនឹងចម្លើយរបស់អ្នករាល់គ្នាឬអត់? (ព្រះជាម្ចាស់បានបង្កើតមេមាន់ បន្ទាប់មកប្រទានសមត្ថភាពបន្តពូជដល់វា ដែលនេះគឺជាសមត្ថភាពក្នុងការភ្ញាស់ស៊ុត។) ទោះច្រើនឬតិចក្ដី ការបកស្រាយនេះគឺត្រឹមត្រូវហើយ។ មេមាន់កើតមុន បន្ទាប់មកទើបមានពងមាន់ជាក្រោយ។ រឿងនេះពិតជាបែបនេះមែន។ វាមិនមែនជាអាថ៌កំបាំងជ្រាលជ្រៅពិសេសអ្វីនោះទេ ប៉ុន្តែមនុស្សក្នុងពិភពលោកនេះ បែរជាចាត់ទុកវាជាអាថ៌កំបាំងជ្រាលជ្រៅ ហើយព្យាយាមដោះស្រាយវាដោយប្រើទ្រឹស្ដីទស្សនវិជ្ជា ដោយមិនដែលបានចម្លើយដាច់ស្រេចចុងអ្វីឡើយ។ នេះគឺដូចពេលដែលមនុស្សមិនដឹងថា ព្រះជាម្ចាស់បានបង្កើតពួកគេដូច្នោះដែរ។ ពួកគេមិនដឹងពីគោលការណ៍គ្រឹះនេះទេ ហើយពួកគេក៏គ្មានគំនិតច្បាស់លាស់ថាតើពងមាន់ ឬមេមាន់ មួយណាគួរកើតមុននោះដែរ។ ពួកគេមិនដឹងថា តើមួយណាគួរមានមុនគេនោះទេ ដូច្នេះពួកគេមិនដែលអាចស្វែងរកបានចម្លើយឡើយ។ វាពិតជារឿងធម្មតាណាស់ដែលថាមេមាន់កើតមុន។ ប្រសិនបើពងមាន់កើតមុនមេមាន់ នោះទើបមិនប្រក្រតី! វាជារឿងសាមញ្ញណាស់ដែលថា មេមាន់ដាច់ខាតត្រូវតែកើតមុន។ នេះមិនមែនជាចំណោទដែលត្រូវការចំណេះដឹងខ្ពង់ខ្ពស់អ្វីនោះទេ។ ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង ដោយមានបំណងព្រះហឫទ័យឱ្យមនុស្សបានសោយសុខនឹងរបស់ទាំងនោះ។ នៅពេលកើតមានមេមាន់ នោះពងមាន់នឹងកើតមានតាមក្រោយ ជារឿងធម្មតា។ តើនេះមិនមែនជាចម្លើយដាច់ស្រេចទេឬ? ប្រសិនបើពងមាន់ត្រូវបានបង្កើតមកមុនមែន តើពងមាន់នោះមិននៅតែត្រូវការមេមាន់ដើម្បីក្រាបភ្ញាស់វាដដែលទេឬ? ដូច្នេះ ការបង្កើតមេមាន់មកតែម្ដង គឺជាដំណោះស្រាយស្រេចបាច់ល្អជាង។ បែបនេះ មេមាន់អាចពង និងក្រាបភ្ញាស់កូនមាន់ដែលនៅក្នុងស៊ុតនោះបាន ហើយមនុស្សអាចមានមាន់សម្រាប់បរិភោគ។ ពិតជាងាយស្រួលណាស់! របៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការអ្វីៗ គឺរៀបរយល្អណាស់ មិនសាំញ៉ាំសោះឡើយ។ តើពងមាន់មកពីណា? វាមកពីមេមាន់។ បើគ្មានមេមាន់ទេ ក៏គ្មានពងមាន់ដែរ។ អ្វីដែលព្រះជាម្ចាស់បានបង្កើត គឺជាភាវៈមានជីវិត! មនុស្សជាតិល្ងីល្ងើគ្មានហេតុផល និងគួរឱ្យអស់សំណើចណាស់ ដោយតែងតែស្មុគស្មាញក្នុងរឿងដ៏សាមញ្ញបែបនេះ ហើយចុងបញ្ចប់ ក៏កើតមានជំនឿខុសឆ្គងគ្មានហេតុផលជាច្រើន។ មនុស្សអីក៏ឆោតល្ងង់ម្ល៉េះ! ទំនាក់ទំនងរវាងពងមាន់ និងមេមាន់គឺច្បាស់ណាស់៖ មេមាន់កើតមុន។ នេះជាការពន្យល់ត្រឹមត្រូវច្បាស់លាស់បំផុត ជាវិធីច្បាស់លាស់បំផុតក្នុងការយល់ពីបញ្ហានេះ និងជាចម្លើយដ៏ត្រឹមត្រូវបំផុត។ នេះជាចម្លើយត្រឹមត្រូវ។

តើយើងទើបតែពិភាក្សាគ្នាអំពីប្រធានបទអ្វីខ្លះ? យើងបានចាប់ផ្ដើមដោយការនិយាយអំពីបរិស្ថានដែលមនុស្សរស់នៅ និងអំពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើសម្រាប់បរិស្ថាននោះ ព្រមទាំងការរៀបចំរបស់ទ្រង់។ យើងបានពិភាក្សាគ្នាអំពីអ្វីៗដែលទ្រង់បានចាត់ចែង ក៏ដូចជាទំនាក់ទំនងរវាងអ្វីៗដែលបានបង្កើតមក ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ ព្រមទាំងរបៀបដែលព្រះជាម្ចាស់បានរៀបចំទំនាក់ទំនងទាំងនេះ ដើម្បីកុំឱ្យអ្វីៗដែលទ្រង់បានបង្កើតមក បង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។ ព្រះជាម្ចាស់ក៏បានកាត់បន្ថយគ្រោះថ្នាក់ ដោយសារកត្តាផ្សេងៗជាច្រើននៅក្នុងការបង្កើតរបស់សព្វសារពើរបស់ទ្រង់ អាចជះឥទ្ធិពលលើបរិស្ថានរបស់មនុស្សជាតិ ដោយអនុញ្ញាតឱ្យរបស់សព្វសារពើបម្រើឱ្យបំណងធំបំផុតរបស់ខ្លួន និងនាំមកនូវបរិស្ថានដ៏មានប្រយោជន៍ដែលមានធាតុផ្សំមានប្រយោជន៍ជាច្រើនដល់មនុស្ស ហេតុដូច្នេះហើយទើបមនុស្សជាតិអាចសម្របខ្លួនទៅនឹងបរិស្ថានបែបនោះបាន ព្រមទាំងបន្តវដ្ដជីវិត និងការបន្តពូជយ៉ាងទៀងទាត់។ បន្ទាប់មកទៀត យើងបាននិយាយអំពីអាហារដែលរាងកាយមនុស្សត្រូវការ គឺអាហារនិងភេសជ្ជៈប្រចាំថ្ងៃរបស់មនុស្សជាតិ។ នេះក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្សជាតិផងដែរ។ និយាយឱ្យចំទៅ រាងកាយរបស់មនុស្សមិនអាចរស់នៅដោយមានត្រឹមការដកដង្ហើមតែម្យ៉ាង រួមជាមួយនឹងពន្លឺព្រះអាទិត្យសម្រាប់ទ្រទ្រង់ជីវិត ឬជាមួយខ្យល់ ឬជាមួយសីតុណ្ហភាពសមស្របតែប៉ុណ្ណោះទេ។ មនុស្សក៏ត្រូវការចម្អែតក្រពះរបស់ពួកគេដែរ ហើយព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ ដោយមិនបានមើលរំលងចំណុចណាមួយឡើយ រាប់ចាប់តាំងពីប្រភពនៃរបស់សព្វសារពើដែលពួកគេអាចរស់រានបាន រហូតដល់ប្រភពនៃអាហាររបស់មនុស្សជាតិ។ នៅពេលអ្នកបានឃើញកសិផលដ៏បរិបូរហូរហៀរបែបនេះ (ប្រភពនៃអាហារនិងភេសជ្ជៈរបស់មនុស្សជាតិ) តើអ្នកអាចនិយាយបានថា ព្រះជាម្ចាស់គឺជាប្រភពនៃការទំនុកបម្រុងដល់មនុស្សជាតិ និងជាប្រភពនៃរបស់សព្វសារពើដែលទ្រង់បានបង្កើតមកដែរឬទេ? ប្រសិនបើក្នុងអំឡុងពេលនៃការបង្កើតរបស់សព្វសារពើនោះ ព្រះជាម្ចាស់បានបង្កើតត្រឹមតែដើមឈើនិងស្មៅ ឬភាវៈមានជីវិតមួយចំនួនផ្សេងទៀតប៉ុណ្ណោះ ហើយប្រសិនបើភាវៈមានជីវិត និងរុក្ខជាតិផ្សេងៗទាំងនោះ គឺសម្រាប់តែគោនិងចៀមស៊ី ឬសម្រាប់តែសេះបង្កង់ ក្តាន់ និងសត្វប្រភេទផ្សេងៗទៀតស៊ី ឧទាហរណ៍ដូចជា តោត្រូវស៊ីសត្វដូចជា សេះបង្កង់និងក្តាន់ជាដើម ហើយខ្លាត្រូវស៊ីសត្វ ដូចជា ចៀមនិងជ្រូកជាដើម ប៉ុន្តែមិនមានរបស់ណាមួយដែលមនុស្សអាចបរិភោគបានសោះ តើបែបនេះនឹងអាចទៅរួចដែរឬទេ? នឹងមិនអាចទៅរួចទេ។ មនុស្សជាតិមុខជាមិនអាចរស់រានបានយូរឡើយ។ ចុះបើមនុស្សបរិភោគតែស្លឹកឈើវិញ? តើបែបនេះនឹងទៅរួចដែរទេ? តើមនុស្សអាចបរិភោគស្មៅសម្រាប់ឱ្យចៀមស៊ីបានទេ? ប្រហែលមិនឈឺនោះទេ ប្រសិនបើមនុស្សសាកបរិភោគវាតែបន្តិច ក៏ប៉ុន្តែបើពួកគេបរិភោគរបស់ទាំងនេះក្នុងពេលយូរ នោះក្រពះរបស់ពួកគេនឹងមិនអាចទ្រាំទ្របានឡើយ ហើយមនុស្សនឹងរស់នៅមិនបានយូរទេ។ ក៏មានរបស់ខ្លះដែលសត្វអាចស៊ីបាន ប៉ុន្តែវាពុលដល់មនុស្សក៏មាន។ សត្វស៊ីរបស់ទាំងនោះដោយគ្មានបញ្ហាអ្វីទេ ប៉ុន្តែបើមនុស្សបរិភោគវិញ វានឹងមានគ្រោះថ្នាក់មិនខាន។ និយាយឱ្យចំទៅ ព្រះជាម្ចាស់បានបង្កើតមនុស្សមក ដូច្នេះ ព្រះជាម្ចាស់ជ្រាបច្បាស់បំផុតអំពីគោលការណ៍ និងរចនាសម្ព័ន្ធនៃរាងកាយមនុស្ស ក៏ដូចជាអ្វីដែលមនុស្សត្រូវការផងដែរ។ ព្រះជាម្ចាស់ជ្រាបច្បាស់គ្មានចន្លោះអំពីសមាសភាព និងធាតុផ្សំនៃរាងកាយ តម្រូវការរបស់រាងកាយ និងមុខងារនៃសរីរាង្គខាងក្នុងរបស់វា និងរបៀបដែលសរីរាង្គនោះស្រូបយក បញ្ចេញចោល និងរំលាយសារធាតុផ្សេងៗ។ ឯមនុស្សវិញមិនដឹងការនេះទេ។ ពេលខ្លះ ពួកគេបរិភោគដោយធ្វេសប្រហែស ឬគ្មានការប្រុងប្រយ័ត្នក្នុងការថែខ្លួន ការធ្វេសប្រហែសនិងគ្មានបម្រុងប្រយ័ត្នច្រើនហួសហេតុ បណ្ដាលឱ្យបាត់បង់តុល្យភាព។ ប្រសិនបើអ្នកបរិភោគ ហើយសោយសុខនឹងអ្វីៗដែលព្រះជាម្ចាស់បានរៀបចំឱ្យអ្នកតាមធម្មតា នោះអ្នកនឹងមិនមានបញ្ហាសុខភាពឡើយ។ ទោះបីជាពេលខ្លះអ្នកមានអារម្មណ៍មិនល្អ ហើយអ្នកមានការស្ទះឈាមក៏ដោយ ក៏វាមិនបង្កជាបញ្ហាអ្វីដែរ។ អ្នកគ្រាន់តែត្រូវការបរិភោគរុក្ខជាតិមួយចំនួនប៉ុណ្ណោះ នោះការស្ទះនេះនឹងបាត់ទៅវិញអស់។ ព្រះជាម្ចាស់បានធ្វើការរៀបចំសម្រាប់របស់សព្វសារពើរួចហើយ។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិខ្ពង់ខ្ពស់ជាងភាវៈមានជីវិតផ្សេងៗទៀតឆ្ងាយណាស់។ ព្រះជាម្ចាស់បានរៀបចំបរិស្ថានមួយសម្រាប់រុក្ខជាតិគ្រប់ប្រភេទ ហើយទ្រង់បានរៀបចំអាហារនិងបរិស្ថានសម្រាប់សត្វគ្រប់ប្រភេទ ប៉ុន្តែមនុស្សជាតិមានតម្រូវការបរិស្ថានតឹងរ៉ឹងបំផុត ហើយតម្រូវការទាំងនោះមិនអាចមើលរំលងបន្តិចណាបានឡើយ។ បើហ៊ានតែមើលរំលង នោះមនុស្សជាតិនឹងមិនអាចបន្តការលូតលាស់ ការរស់នៅ និងការបន្តពូជតាមធម្មតាបានទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបជ្រាបរឿងនេះច្បាស់បំផុតនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ នៅពេលព្រះជាម្ចាស់ធ្វើរឿងនេះ ទ្រង់បានយកព្រះទ័យទុកដាក់ខ្លាំងលើកិច្ចការនេះច្រើនជាងកិច្ចការផ្សេងទៀត។ ប្រហែលជាអ្នកមិនអាចដឹងពីសារៈសំខាន់នៃរឿងធម្មតាមួយចំនួនដែលអ្នកអាចមើលឃើញ និងសោយសុខនៅក្នុងជីវិតរបស់អ្នក ឬក៏រឿងដែលអ្នកមើលឃើញ និងសោយសុខ ដែលអ្នកមានតាំងពីកំណើតមកនោះទេ ប៉ុន្តែព្រះជាម្ចាស់បានធ្វើការរៀបចំសម្រាប់អ្នករួចជាស្រេចជាយូរមកហើយ ឬដោយសម្ងាត់។ ព្រះជាម្ចាស់បានដកចេញ និងកាត់បន្ថយនូវធាតុអវិជ្ជមានទាំងអស់ដែលមិនអំណោយផលដល់មនុស្សជាតិ និងដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយមនុស្ស ក្នុងកម្រិតច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ តើចំណុចនេះបង្ហាញអំពីអ្វី? តើនេះបង្ហាញពីអាកប្បកិរិយាដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិនៅពេលទ្រង់បានបង្កើតពួកគេនៅពេលនោះមែនទេ? តើអាកប្បកិរិយានោះបែបណា? ព្រះជាម្ចាស់មានអាកប្បកិរិយាប្រុងប្រយ័ត្ន និងស្មោះត្រង់បំផុត ព្រមទាំងមិនបណ្ដោយឱ្យមានការរំខានពីកម្លាំងសត្រូវ ឬកត្តាខាងក្រៅ ឬលក្ខខណ្ឌនានាដែលមិនមែនជារបស់ទ្រង់ឡើយ។ តាមរយៈនេះ គេអាចមើលឃើញពីអាកប្បកិរិយារបស់ព្រះជាម្ចាស់នៅក្នុងការបង្កើត និងការគ្រប់គ្រងមនុស្សជាតិនៅពេលនេះ។ ដូច្នេះ តើព្រះជាម្ចាស់មានអាកប្បកិរិយាបែបណា? តាមរយៈបរិស្ថានសម្រាប់ការរស់រាន និងជីវិតដែលមនុស្សជាតិទទួលបាន ក៏ដូចជាតាមរយៈអាហារនិងភេសជ្ជៈ និងសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ពួកគេ យើងអាចមើលឃើញពីអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ដែលទ្រង់បានប្រកាន់ខ្ជាប់តាំងពីពេលទ្រង់បានបង្កើតមនុស្សមកម្ល៉េះ ក៏ដូចជាការប្ដេជ្ញារបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិនៅពេលនេះផងដែរ។ តើអាចមើលឃើញភាពពិតរបស់ព្រះជាម្ចាស់នៅក្នុងរបស់ទាំងនេះដែរឬទេ? តើអាចមើលឃើញភាពអស្ចារ្យរបស់ទ្រង់ដែរទេ? តើអាចមើលឃើញភាពមិនអាចវាស់ស្ទង់បានរបស់ទ្រង់ដែរទេ? តើអាចមើលឃើញសព្វានុភាពរបស់ទ្រង់ដែរទេ? ព្រះជាម្ចាស់ប្រើវិធីដ៏មានព្រះប្រាជ្ញាញាណ និងមានគ្រប់ព្រះចេស្ដារបស់ទ្រង់ ដើម្បីទំនុកបម្រុងដល់មនុស្សជាតិទាំងអស់ ក៏ដូចជារបស់សព្វសារពើដែលទ្រង់បានបង្កើតមកផងដែរ។ ដោយសារខ្ញុំបាននិយាយជាមួយអ្នករាល់គ្នាច្រើនណាស់មកហើយ តើអ្នករាល់គ្នាអាចនិយាយថា ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើបានទេ? (បាន។) ពិតជាដូច្នោះមែនហើយ។ តើអ្នករាល់គ្នាមានការសង្ស័យអ្វីទេ? (គ្មានទេ។) ការទំនុកប្រុងរបស់ព្រះជាម្ចាស់ដល់របស់សព្វសារពើគ្រប់គ្រាន់នឹងបង្ហាញថា ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ ពីព្រោះទ្រង់ជាប្រភពនៃការទំនុកបម្រុងដែលបានធ្វើឱ្យរបស់សព្វសារពើមានអត្ថិភាព មានជីវិត បង្កើតកូនចៅ និងបន្តពូជពង្សតទៅទៀតបាន ហើយគ្មានប្រភពណាផ្សេងក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ ព្រះជាម្ចាស់ទំនុកបម្រុងគ្រប់តម្រូវការនៃរបស់សព្វសារពើ និងគ្រប់តម្រូវការរបស់មនុស្សជាតិ មិនថានោះជាតម្រូវការខាងបរិស្ថានចាំបាច់បំផុតរបស់មនុស្ស ជាតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ ឬក៏ជាតម្រូវការសេចក្ដីពិតដែលទ្រង់ប្រទានដល់វិញ្ញាណរបស់មនុស្សនោះទេ។ គ្រប់ទិដ្ឋភាពទាំងអស់ ទាំងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងឋានៈរបស់ទ្រង់ មានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ និយាយឱ្យចំទៅ ព្រះជាម្ចាស់គឺជាអ្នកដឹកនាំ ជាម្ចាស់ និងជាអ្នកទំនុកបម្រុងពិភពនេះ ជាពិភពដែលមនុស្សអាចមើលឃើញ និងដឹងបាន។ សម្រាប់មនុស្សជាតិ តើនេះមិនមែនជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ទេឬ? គ្មានអ្វីដែលមិនពិតនៅក្នុងរឿងនេះទេ។ ដូច្នេះ នៅពេលអ្នកឃើញបក្សាបក្សីហើរនៅលើមេឃ អ្នកគួរតែដឹងថា ព្រះជាម្ចាស់បានបង្កើតអ្វីគ្រប់យ៉ាងដែលអាចហើរបាន។ មានទាំងភាវៈមានជីវិតដែលហែលនៅក្នុងទឹកផង ហើយពួកវាមានវិធីរស់រានរបស់វាផ្ទាល់។ ដើមឈើ និងរុក្ខជាតិដែលដុះនៅលើដី ចេញពន្លកនិងក្រពុំផ្កានៅរដូវផ្ការីក ហើយចេញផ្លែនិងជ្រុះស្លឹកនៅរដូវលំហើយ មកដល់ត្រឹមរដូវរងា ស្លឹកឈើទាំងអស់ក៏ជ្រុះអស់គ្មានសល់ ព្រោះរុក្ខជាតិទាំងនោះត្រៀមខ្លួនសម្រាប់រដូវរងារ។ នោះជាវិធីរស់រានរបស់ពួកវា។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើឡើង ហើយរបស់នីមួយៗរស់នៅតាមទម្រង់ និងរបៀបខុសៗគ្នា ហើយប្រើវិធីសាស្ត្រខុសៗគ្នាក្នុងការបង្ហាញពីកម្លាំងជីវិតរបស់ខ្លួន និងទម្រង់ដែលវារស់នៅ។ មិនថារបស់ទាំងអស់រស់នៅតាមបែបណានោះទេ ពួកវាសុទ្ធតែស្ថិតក្រោមច្បាប់របស់ព្រះជាម្ចាស់ទាំងអស់។ តើព្រះជាម្ចាស់មានគោលបំណងអ្វីក្នុងការគ្រប់គ្រងលើគ្រប់ទម្រង់ជីវិត និងភាវៈមានជីវិតទាំងអស់? តើនោះគឺដើម្បីការរស់រានរបស់មនុស្សជាតិមែនទេ? ទ្រង់គ្រប់គ្រងច្បាប់នៃជីវិតទាំងអស់ គ្រប់យ៉ាងសុទ្ធតែដើម្បីការរស់រានរបស់មនុស្សជាតិ។ ការនេះបង្ហាញថា ការរស់រានរបស់មនុស្សជាតិសំខាន់ចំពោះព្រះជាម្ចាស់ខ្លាំងណាស់។

ជាធម្មតា សមត្ថភាពរបស់មនុស្សជាតិក្នុងការរស់រាន និងបន្តពូជ គឺជាការសំខាន់ចំពោះព្រះជាម្ចាស់បំផុត។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់ទំនុកបម្រុងដល់មនុស្សជាតិ និងរបស់សព្វសារពើដែលទ្រង់បានបង្កើតមកឥតឈប់។ ទ្រង់ទំនុកបម្រុងដល់របស់សព្វសារពើតាមរបៀបខុសៗគ្នា ហើយដើម្បីរក្សាការរស់រាននៃរបស់សព្វសារពើ ទ្រង់ធ្វើឱ្យមនុស្សជាតិមានសមត្ថភាពចម្រើនទៅមុខបាន ដោយរក្សានូវការរស់រានជាធម្មតារបស់មនុស្សជាតិ។ នេះជាទិដ្ឋភាពពីរ នៅក្នុងការប្រកបគ្នារបស់យើងនៅថ្ងៃនេះ។ តើទិដ្ឋភាពទាំងពីរនេះមានអ្វីខ្លះ? (តាមទស្សនៈធំទូលាយ ព្រះជាម្ចាស់បានបង្កើតបរិស្ថានដែលមនុស្សរស់នៅ។ នោះគឺជាទិដ្ឋភាពទីមួយ។ ព្រះជាម្ចាស់ក៏បានរៀបចំរបស់ខាងសម្ភារៈដែលមនុស្សជាតិត្រូវការ អាចមើលឃើញ និងអាចប៉ះបាន។) យើងបានប្រកបគ្នាអំពីប្រធានបទសំខាន់របស់យើងតាមរយៈទិដ្ឋភាពទាំងពីរនេះ។ តើអ្វីទៅជាប្រធានបទសំខាន់របស់យើង? (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។) ឥឡូវនេះ អ្នករាល់គ្នាគួរតែបានយល់ខ្លះហើយអំពីមូលហេតុដែលនាំឱ្យការប្រកបគ្នារបស់ខ្ញុំអំពីប្រធានបទនេះមានខ្លឹមសារបែបនេះ។ តើមានការពិភាក្សាណាមួយដែលមិនទាក់ទងនឹងប្រធានបទសំខាន់នេះឬទេ? គ្មាននោះទេ! បន្ទាប់ពីបានស្ដាប់រឿងទាំងនេះហើយ អ្នករាល់គ្នាមួយចំនួនប្រហែលជាបានទទួលការយល់ដឹងខ្លះ ហើយពេលនេះមានអារម្មណ៍ថា ពាក្យសម្ដីទាំងនេះមានទម្ងន់ និងសំខាន់ខ្លាំងណាស់ ប៉ុន្តែអ្នកខ្លះទៀតប្រហែលជាមានការយល់ដឹងត្រឹមតែន័យត្រង់ខ្លះប៉ុណ្ណោះ ហើយមានអារម្មណ៍ថា ពាក្យសម្ដីទាំងនេះមិនសំខាន់ចំពោះពួកគេនោះទេ។ មិនថាពេលនេះ អ្នករាល់គ្នាយល់យ៉ាងណាអំពីរឿងនេះនោះទេ ប៉ុន្តែនៅពេលអ្នករាល់គ្នាទទួលបានបទពិសោធនៅថ្ងៃណាមួយ នៅពេលការយល់ដឹងរបស់អ្នករាល់គ្នាឈានដល់កម្រិតជាក់លាក់ណាមួយ ពោលគឺ នៅពេលចំណេះដឹងរបស់អ្នករាល់គ្នាអំពីសកម្មភាពរបស់ព្រះជាម្ចាស់ និងចំណេះដឹងអំពីព្រះជាម្ចាស់ផ្ទាល់ ឈានដល់កម្រិតជាក់លាក់ណាមួយ ពេលនោះអ្នករាល់គ្នានឹងចេះប្រើពាក្យពេចន៍ផ្ទាល់ខ្លួនដែលមានលក្ខណៈជាក់ស្ដែង ដើម្បីចែកចាយទីបន្ទាល់ដ៏ជ្រាលជ្រៅ និងពិតប្រាកដអំពីសកម្មភាពរបស់ព្រះជាម្ចាស់មិនខាន។

ខ្ញុំគិតថា ការយល់ដឹងរបស់អ្នករាល់គ្នាក្នុងពេលនេះ គឺនៅរាក់កំផែល និងមិនទាន់ជ្រាលជ្រៅនៅឡើយទេ ប៉ុន្តែពេលបានស្ដាប់ឮការប្រកបគ្នារបស់ខ្ញុំលើទិដ្ឋភាពទាំងពីរនេះហើយ តើអ្នករាល់គ្នាអាចសម្គាល់ដឹងពីវិធីសាស្ត្រដែលព្រះជាម្ចាស់ប្រើដើម្បីទំនុកបម្រុងដល់មនុស្សជាតិ ឬអ្វីៗដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិបានខ្លះទេ? តើអ្នករាល់គ្នាមានគោលគំនិតជាមូលដ្ឋាន ឬការយល់ដឹងជាមូលដ្ឋានដែរឬទេ? (មាន។) ប៉ុន្តែ តើទិដ្ឋភាពទាំងពីរដែលខ្ញុំបានប្រកបគ្នានេះទាក់ទងនឹងព្រះគម្ពីរដែរឬទេ? តើវាទាក់ទងនឹងការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះដែរឬទេ? (អត់ទេ។) ចុះហេតុអ្វីបានជាខ្ញុំប្រកបគ្នាអំពីទិដ្ឋភាពនេះ? តើដោយសារមនុស្សត្រូវតែយល់ពីទិដ្ឋភាពនេះទើបអាចស្គាល់ព្រះជាម្ចាស់មែនទេ? (មែន។) ចាំបាច់ណាស់ដែលត្រូវដឹងពីរឿងទាំងនេះ ហើយក៏ចាំបាច់ណាស់ដែរ ដែលត្រូវយល់ពីរឿងទាំងនេះ។ ពេលអ្នករាល់គ្នាស្វះស្វែងដើម្បីយល់ពីព្រះជាម្ចាស់ឱ្យបានគ្រប់ជ្រុងជ្រោយ ចូរកុំដាក់កំហិតខ្លួនឯងតែក្នុងព្រះគម្ពីរ ហើយក៏កុំដាក់កំហិតខ្លួនឯងត្រឹមការជំនុំជម្រះ និងការវាយផ្ចាលមនុស្សពីសំណាក់ព្រះជាម្ចាស់ដែរ។ តើខ្ញុំនិយាយបែបនេះមានគោលបំណងអ្វី? នេះគឺដើម្បីឱ្យមនុស្សដឹងថា ព្រះជាម្ចាស់មិនមែនគ្រាន់តែជាព្រះនៃរាស្ត្ររើសតាំងរបស់ទ្រង់ប៉ុណ្ណោះនោះទេ។ បច្ចុប្បន្ននេះ អ្នកដើរតាមព្រះជាម្ចាស់ ហើយទ្រង់គឺជាព្រះរបស់អ្នក ក៏ប៉ុន្តែ តើទ្រង់គឺជាព្រះរបស់អ្នកដែលមិនដើរតាមទ្រង់ដែរឬទេ? ព្រះជាម្ចាស់ក៏ជាព្រះរបស់មនុស្សទាំងអស់នោះដែលមិនដើរតាមទ្រង់ដែរ មែនទេ? តើព្រះជាម្ចាស់គឺជាព្រះនៃរបស់សព្វសារពើមែនទេ? (មែន។) ដូច្នេះ តើកិច្ចការ និងសកម្មភាពរបស់ព្រះជាម្ចាស់ កំណត់ត្រឹមចំពោះអស់អ្នកដែលដើរតាមទ្រង់ប៉ុណ្ណោះឬ? (អត់ទេ។) តើកិច្ចការ និងសកម្មភាពរបស់ទ្រង់មានវិសាលភាពប៉ុនណា? ក្នុងកម្រិតតូចបំផុត វិសាលភាពនៃកិច្ចការ និងសកម្មភាពរបស់ទ្រង់ គ្របដណ្ដប់លើមនុស្សជាតិ និងរបស់ដែលត្រូវបានបង្កើតមកទាំងអស់។ ឯក្នុងកម្រិតធំបំផុតគឺ វាគ្របដណ្ដប់លើសកលលោកទាំងមូលដែលមនុស្សមើលមិនឃើញ។ ដូច្នេះ យើងអាចនិយាយបានថា ព្រះជាម្ចាស់ធ្វើកិច្ចការ និងធ្វើសកម្មភាពរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិទាំងអស់ ហើយនេះគ្រប់គ្រាន់នឹងឱ្យមនុស្សបែរមកស្គាល់ព្រះជាម្ចាស់ទាំងស្រុងហើយ។ ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ទ្រង់ដោយពិតប្រាកដ ចង់យល់ពីទ្រង់ឱ្យបានពិតប្រាកដ ចូរកុំដាក់កំហិតខ្លួនឯងត្រឹមដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬត្រឹមដំណើររឿងអំពីកិច្ចការដែលទ្រង់បានធ្វើកាលពីមុនឡើយ។ ប្រសិនបើអ្នកព្យាយាមស្គាល់ទ្រង់តាមវិធីនេះ នោះមានន័យថាអ្នកកំពុងតែដាក់កំហិតព្រះជាម្ចាស់ ដោយកំណត់ព្រំដែនទ្រង់ហើយ។ អ្នកកំពុងតែចាត់ទុកព្រះជាម្ចាស់ដូចវត្ថុដ៏តូចបំផុតមួយ។ តើការធ្វើដូច្នោះនឹងជះឥទ្ធិពលយ៉ាងណាដល់មនុស្ស? អ្នកនឹងមិនអាចដឹងអំពីការអស្ចារ្យ និងភាពឧដុង្គឧត្ដមរបស់ព្រះជាម្ចាស់ ក៏ដូចជាព្រះចេស្ដា សព្វានុភាព ព្រមទាំងវិសាលភាពនៃសិទ្ធិអំណាចរបស់ទ្រង់សោះឡើយ។ ការយល់ដឹងបែបនេះនឹងមានឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការទទួលយកការពិតដែលថា ព្រះជាម្ចាស់ជាអ្នកដឹកនាំនៃរបស់សព្វសារពើ ក៏ដូចជាចំណេះដឹងរបស់អ្នកអំពីអត្តសញ្ញាណ និងឋានៈពិតរបស់ព្រះជាម្ចាស់។ ម៉្យាងទៀត ប្រសិនបើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ត្រូវបានកម្រិតឱ្យនៅតែក្នុងវិសាលភាពនេះ នោះអ្វីៗដែលអ្នកអាចទទួលបានក៏នៅមានកម្រិតដូចគ្នាដែរ។ ហេតុនេះហើយអ្នកត្រូវតែពង្រីកវិសាលភាពរបស់អ្នក និងពង្រីកព្រំដែនចំណេះរបស់អ្នកឱ្យធំទូលាយ។ អ្នកគួរតែស្វះស្វែងដើម្បីបានយល់អំពីការទាំងអស់នេះ ដូចជា វិសាលភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ការគ្រប់គ្រងរបស់ទ្រង់ ការដឹកនាំរបស់ទ្រង់ និងរបស់សព្វសារពើដែលទ្រង់គ្រប់គ្រង និងត្រួតត្រាលើ។ អ្នកគួរតែបែរមកយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរយៈចំណុចទាំងនេះ។ ដោយមានការយល់ដឹងបែបនេះ អ្នកនឹងយល់ថា ព្រះជាម្ចាស់ត្រួតត្រា គ្រប់គ្រង និងទំនុកបម្រុងដល់របស់សព្វសារពើដោយមិនដឹងខ្លួន ហើយអ្នកក៏នឹងយល់យ៉ាងប្រាកដថា អ្នកគឺជាចំណែកមួយ និងជាសមាជិកនៃរបស់សព្វសារពើនោះ។ ដោយសារព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើ ដូច្នេះអ្នកក៏កំពុងតែទទួលយកការគ្រប់គ្រង និងការទំនុកបម្រុងរបស់ព្រះជាម្ចាស់ដែរ។ នេះគឺជាការពិតដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ។ របស់សព្វសារពើត្រូវនៅក្រោមច្បាប់ផ្ទាល់ខ្លួនរបស់វា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ របស់សព្វសារពើនោះមានច្បាប់ផ្ទាល់ខ្លួនសម្រាប់ការរស់រាន។ វាសនា និងតម្រូវការរបស់មនុស្សជាតិ ក៏ត្រូវបានផ្សារភ្ជាប់គ្នាជាមួយការគ្រប់គ្រង និងការទំនុកបម្រុងរបស់ព្រះជាម្ចាស់ផងដែរ។ ដូច្នោះហើយទើបមនុស្សជាតិ និងរបស់សព្វសារពើមានការទាក់ទងគ្នា ពឹងពាក់គ្នា និងពាក់ព័ន្ធគ្នាទៅវិញទៅមក ស្ថិតនៅក្រោមការត្រួតត្រា និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ នេះហើយជាគោលបំណង និងតម្លៃដែលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើឡើងមក។

ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤

ខាង​ដើម៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII

បន្ទាប់៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ