សារជាតិរបស់ព្រះគ្រីស្ទ គឺជាសេចក្តីស្រឡាញ់

ការស្គាល់ពីសារជាតិរបស់ព្រះគ្រីស្ទ គឺម្យ៉ាងអនុញ្ញាតឱ្យអ្នកញែកព្រះគ្រីស្ទនៅខាងសាច់ឈាមពីមនុស្សជាតិពុករលួយ ដើម្បីប្រព្រឹត្តនិងស្ដាប់បង្គាប់ព្រះជាម្ចាស់នៅខាងសាច់ឈាម ដែលជាព្រះដ៏ជាក់ស្ដែង។ ម្យ៉ាងទៀត អ្នកក៏ត្រូវតែដឹងពីកិច្ចការពិតប្រាកដរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម ការសម្ដែងចេញសេចក្ដីពិតជាក់ស្ដែងរបស់ទ្រង់ និងការរស់នៅពិតប្រាកដរបស់ទ្រង់ក្នុងចំណោមមនុស្សជាតិផងដែរ។ អ្នកត្រូវតែដឹងពីរបៀបដែលទ្រង់បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិ ពីរបៀបដែលទ្រង់មិនមែនជាហោរោ ជាសាវ័ក ឬជាអ្នកផ្ដល់ពាក្យទំនាយ ឬជាមនុស្សតូចទាបដែលព្រះជាម្ចាស់បញ្ជូនមកទេ ប៉ុន្តែទ្រង់គឺជាព្រះជាម្ចាស់នៅខាងសាច់ឈាម ជាព្រះគ្រីស្ទ និងជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទោះបីជាសាច់ឈាមនេះ គឺជាសមាជិកនៃមនុស្សជាតិក៏ពិតមែន ក៏ប៉ុន្តែ ព្រះអង្គគឺជាមនុស្សធម្មតាម្នាក់ដែលមានសារជាតិជាព្រះ។ ការស្គាល់ពីសារជាតិនៃភាពជាព្រះរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម គឺសំខាន់ខ្លាំងណាស់ ការប្រើការពិតដែលអ្នកអាចអង្កេតមើលបាន ដើម្បីបញ្ជាក់ពីសារជាតិជាព្រះរបស់ព្រះគ្រីស្ទ គឺជារឿងតិចតួចបំផុតដែលអ្នកត្រូវតែមានសមត្ថភាពអាចធ្វើបាន។ ដើម្បីស្គាល់ពីសារជាតិជាព្រះរបស់ព្រះគ្រីស្ទ អ្នកត្រូវតែហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដកពិសោធន៍កិច្ចការរបស់ទ្រង់ និងស្គាល់ពីនិស្ស័យរបស់ទ្រង់។ ការស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម មានឥទ្ធិពលក្នុងការធ្វើឱ្យមនុស្សអាចបញ្ជាក់ច្បាស់ថា ព្រះជាម្ចាស់ពិតជាបានត្រឡប់ជាសាច់ឈាមវិញមែន ហើយសាច់ឈាមនេះ គឺជាព្រះជាម្ចាស់ពិតប្រាកដ។ នេះគឺជាវិធីតែមួយគត់ដែលមនុស្សអាចកើតមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់បាន និងអាចសម្រេចនូវការស្ដាប់បង្កាប់ពិតប្រាកដ និងមានសេចក្ដីស្រឡាញ់ពិតប្រាកដ ហើយមានតែពេលដែលសម្រេចលទ្ធផលបែបនេះទេ ទើបអ្នកអាចបញ្ជាក់ថា អ្នកមានការយល់ដឹងពីសារជាតិរបស់ព្រះជាម្ចាស់បាន។

សព្វថ្ងៃនេះ មនុស្សមានចំណេះដឹងពិតប្រាកដអំពីព្រះគ្រីស្ទ។ ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលស្គាល់ថា ព្រះបន្ទូលនោះគឺជាសេចក្ដីពិត និងជាការសម្ដែងចេញរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយមិនខ្វាយខ្វល់ពីសាច់ឈាមនេះទាល់តែសោះ។ ពួកគេពុំដឹងពីប្រភពរបស់សាច់ឈាមនេះ ក៏មិនដឹងថា សាច់ឈាមនិងព្រះវិញ្ញាណពាក់ព័ន្ធគ្នាយ៉ាងណានោះដែរ។ មនុស្សជាច្រើនជឿថា សាច់ឈាមនេះកើតមកដើម្បីសម្ដែងចេញព្រះបន្ទូល ថាទ្រង់ធ្លាប់នឹងការថ្លែងព្រះបន្ទូលនិងបំពេញកិច្ចការទៅហើយ ថានោះគឺជាព័ន្ធកិច្ចរបស់ទ្រង់។ ពួកគេជឿថា សាច់ឈាមនេះថ្លែងព្រះបន្ទូល នៅពេលណាដែលទ្រង់ត្រូវបានបណ្ដាលចិត្ត ហើយកិច្ចការរបស់ទ្រង់ត្រូវបញ្ចប់ នៅពេលណាទ្រង់បំពេញកិច្ចការរួច ហាក់ដូចជាទ្រង់គឺជាអ្នកនាំសារម្នាក់ដូច្នោះដែរ។ ប្រសិនបើនរណាម្នាក់ជឿរឿងនេះ នោះអ្វីដែលពួកគេទទួលស្គាល់និងជឿនោះ មិនមែនជាព្រះជាម្ចាស់នៅខាងសាច់ឈាម ឬព្រះគ្រីស្ទទេ គ្រាន់តែជាមនុស្សម្នាក់ដែលស្រដៀងទៅនឹងហោរាម្នាក់ប៉ុណ្ណោះ។ មនុស្សខ្លះក៏គិតដែរថា៖ «ព្រះគ្រីស្ទគឺជាមនុស្សម្នាក់ ហើយមិនថាសារជាតិរបស់ទ្រង់ក្នុងការត្រឡប់ជាសាច់ឈាមគឺជាអ្វីនោះទេ ឬមិនថាព្រះជាម្ចាស់សម្ដែងចេញនិស្ស័យបែបណានោះទេ ព្រះអង្គមិនអាចតំណាងឱ្យព្រះជាម្ចាស់នៅស្ថានសួគ៌ ឬព្រះទិករដែលគ្រប់គ្រងលើចក្រវាលនេះ និងរបស់សព្វសារពើទាំងស្រុងបានឡើយ។ ដោយសារទ្រង់គឺជាព្រះជាម្ចាស់នៅខាងសាច់ឈាម និងជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដែលយាងមកកាន់ផែនដី តើហេតុអ្វីបានជាទ្រង់គ្មានការអស្ចារ្យណាមួយហួសពីវិស័យធម្មជាតិអ៊ីចឹង? ប្រសិនបើទ្រង់មានសិទ្ធិអំណាចមែន ហេតុអ្វីបានជាទ្រង់មិនបំផ្លាញនាគដ៏ធំមានសម្បុរក្រហមចោលទៅ? អ្នកទាំងឡាយណាដែលនិយាយសម្ដីបែបនេះ អ្នកទាំងនោះសុទ្ធតែជាមនុស្សល្ងង់ខ្លៅខាងវិញ្ញាណ។ ពួកគេមិនដឹងថា ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺជាអ្វីឡើយ កាន់តែមិនដឹងពីទំហំនៃការគ្រប់គ្រងនៃកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមទៅទៀត ក៏មិនដឹងថានរណាជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ថាទ្រង់សម្ដែងចេញអ្វីខ្លះ ឬថាមនុស្សគួរដឹងពីអ្វីខ្លះនោះដែរ។ សារជាតិរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម គឺជាសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះអង្គអាចធ្វើគ្រប់យ៉ាងជំនួសព្រះជាម្ចាស់បាន។ ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយព្រះអង្គអាចធ្វើគ្រប់យ៉ាងតាមដែលព្រះអង្គសព្វព្រះទ័យចង់ធ្វើ។ ក៏ប៉ុន្តែ ការដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមនៅពេលនេះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការនៅក្នុងដែននៃការគ្រប់គ្រងរបស់ទ្រង់ ហើយគ្មានអ្វីពាក់ព័ន្ធនឹងការគ្រប់គ្រងលើរបស់សព្វសារពើ ឬការគ្រប់គ្រងលើជាតិសាសន៍នានាឡើយ។ កិច្ចការនេះ ពុំពាក់ព័ន្ធនឹងរឿងទាំងនេះទាល់តែសោះ។ ហេតុនេះ អ្វីដែលអ្នកត្រូវដឹង គឺជាអ្វីដែលមនុស្សនឹងជួបប្រទះ និងអាចយល់បាននៅក្នុងអំឡុងដំណាក់កាលនៃកិច្ចការនេះ ជាសារជាតិនៃដំណាក់កាលនៃកិច្ចការនេះ ជាកម្មសិទ្ធិនិងលក្ខណៈរបស់ព្រះគ្រីស្ទ និងជាការសម្ដែងចេញនូវនិស្ស័យរបស់ទ្រង់។ តើអ្វីដែលព្រះគ្រីស្ទសម្ដែងចេញ គឺជាសារជាតិរបស់ព្រះជាម្ចាស់មែនទេ? តើវាជានិស្ស័យរបស់ព្រះជាម្ចាស់មែនទេ? ពិតណាស់ គឺជានិស្ស័យរបស់ព្រះជាម្ចាស់មែន។ ប៉ុន្តែ តើនេះជាអ្វីគ្រប់យ៉ាងមែនទេ? ខ្ញុំប្រាប់អ្នករាល់គ្នានៅពេលនេះចុះ នេះមិនមែនជាអ្វីគ្រប់យ៉ាងឡើយ។ វាគ្រាន់តែជាផ្នែកតូចមួយ និងមានដែនកំណត់ប៉ុណ្ណោះ គ្រាន់តែជាអ្វីដែលមនុស្សអាចមើលឃើញនឹងភ្នែកទទេបាន ជាអ្វីដែលពួកគេអាចប៉ះបាន និងជាអ្វីដែលពួកគេអាចយល់បានតាមចិត្តគំនិតពួកគេ ក្នុងពេលដែលព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមប៉ុណ្ណោះ។ នេះមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ហើយវាគ្រាន់តែជាកិច្ចការដែលត្រូវធ្វើទៅតាមផែនការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

តើអាចពន្យល់ពីព្រះជាម្ចាស់នៅខាងសាច់ឈាមឱ្យបានច្បាស់តាមរបៀបណា? និយាយឱ្យងាយយល់ទៅ គឺមានន័យថា ព្រះជាម្ចាស់យកកំណើតនៅលើផែនដី ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គ្រងសាច់ឈាមដូចជាមនុស្សធម្មតាម្នាក់ដែរ។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅជាសាច់ឈាម តើព្រះអង្គនៅតែមានវត្តមាននៅកន្លែងផ្សេងទៀតដែរឬទេ? មាន។ ព្រះជាម្ចាស់គ្រប់គ្រងលើចក្រវាល និងរបស់សព្វសារពើ ហើយនៅក្នុងចក្រវាលទាំងមូល មានព្រះជាម្ចាស់តែមួយអង្គគត់ដែលជាអ្នកគ្រប់គ្រង។ ព្រះអង្គមានព្រះចេស្តាខ្លាំងណាស់ ហើយព្រះអង្គពេលនេះ បានត្រឡប់ជាសាច់ឈាម និងបានយាងមកកាន់ផែនដី។ ព្រះអង្គមិនដូចអ្វីដែលមនុស្សស្រមៃឡើយ ដែលថាទ្រង់ត្រឡប់ជាសាច់ឈាមនិងបំពេញកិច្ចការតែនៅលើផែនដី និងមិនខ្វល់ព្រះទ័យនឹងកន្លែងផ្សេងទៀតឡើយ។ កាលពីមុន ខ្ញុំបានសួរបងស្រីម្នាក់ថា៖ «ដោយសារពេលនេះ ព្រះជាម្ចាស់គង់នៅលើផែនដីជាសាច់ឈាម តើនៅលើស្ថានសួគ៌ នៅមានព្រះជាម្ចាស់ណាមួយទៀតដែរឬទេ?» គាត់គិតមួយនាទី រួចក៏ឆ្លើយថា៖ «ព្រះជាម្ចាស់មានតែមួយអង្គប៉ុណ្ណោះ ហើយពេលនេះ ទ្រង់គង់នៅលើផែនដី ដូច្នេះ នៅលើស្ថានសួគ៌ពេលនេះ គ្មានព្រះជាម្ចាស់ឡើយ»។ ចម្លើយនេះ គឺខុសទៀតហើយ។ ព្រះជាម្ចាស់គ្រប់គ្រងលើចក្រវាល និងរបស់សព្វសារពើ ហើយព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណ ព្រះជាម្ចាស់គង់នៅលើផែនដីនេះ ប៉ុន្តែទ្រង់នៅតែគ្រប់គ្រងលើរបស់សព្វសារពើនៅស្ថានសួគ៌ និងបំពេញកិច្ចការទ្រង់នៅលើផែនដីនេះដដែល។ ខ្ញុំសួរគាត់ម្ដងទៀតថា៖ «តើនេះមានន័យថា ពេលខ្លះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងចាកចេញទៅដែរមែនទេ?» គាត់គិតមួយសន្ទុះ រួចក៏តបថា៖ «ប្រហែលជាព្រះអង្គត្រូវយាងចាកចេញ ហើយពេលខ្លះ សាច់ឈាមនេះពុំដឹងអ្វីនោះទេ។ ព្រះវិញ្ញាណយាងចាកចេញ នៅពេលសាច់ឈាមនេះរស់នៅជាធម្មតា ហើយព្រះអង្គយាងត្រឡប់មកវិញ នៅពេលដែលទ្រង់ត្រូវថ្លែងព្រះបន្ទូល។ ប្រហែលជាព្រះវិញ្ញាណយាងទៅធ្វើអ្វីផ្សេងពេលសាច់ឈាមកំពុងផ្ទំ តែពេលសាច់ឈាមភ្ញាក់ ទ្រង់ក៏យាងត្រឡប់មកវិញ ហើយថ្លែងព្រះបន្ទូល និងបំពេញកិច្ចការតាមរយៈសាច់ឈាមនេះ។ ប្រសិនបើគ្មានកិច្ចការណាដែលត្រូវធ្វើទេ នោះសាច់ឈាមប្រហែលគ្រាន់តែចូលរួមក្នុងឥរិយាបថនិងសកម្មភាពធម្មតារបស់មនុស្សប៉ុណ្ណោះ»។ មនុស្សជាច្រើនគិតបែបនេះឯង។ មានមនុស្សដទៃទៀតដែលបារម្ភថា៖ «ខ្ញុំមិនដឹងថាត្រូវបែងចែកប្រាក់របស់ព្រះជាម្ចាស់យ៉ាងណានោះទេ តើប្រាក់នោះអាចត្រូវគេប្រគល់ទៅអ្នកផ្សេងទេដឹង?» គំនិតរបស់មនុស្សពិតជាស្មុគ្រស្មាញខ្លាំងណាស់។ តើមនុស្សដែលមានចិត្តគំនិតមិនល្អ សង្ឃឹមចង់ដេញតាមសសេចក្ដីពិតដោយរបៀបណាទៅ? សរុបមក មិនថាការស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ឬការស្គាល់ពីនិស្ស័យរបស់ទ្រង់នោះទេ គឺសុទ្ធតែមិនងាយស្រួលក្នុងការស្គាល់ពីព្រះជាម្ចាស់ឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម អ្វីក៏ដោយដែលអ្នកអាចដកពិសោធន៍ និងជួបប្រទះ គឺជាអ្វីដែលអ្នកគួរតែដឹង ហើយអ្នកមិនគួរធ្វើការសន្និដ្ឋានផ្ដេសផ្ដាសអំពីអ្វីដែលអ្នកមិនអាចជួបប្រទះបាននោះទេ។ ឧទាហរណ៍ «បន្ទាប់ពីសាច់ឈាមរបស់ព្រះជាម្ចាស់យាងចាកចេញ តើព្រះជាម្ចាស់នឹងលេចមកក្នុងទម្រង់បែបណា ហើយបំពេញកិច្ចការរបស់ទ្រង់ម្ដងទៀតបែបណា? តើទ្រង់នឹងយាងមកជួបយើងនៅលើផែនដីនេះមែនទេ?» មនុស្សភាគច្រើនក្នុងពេលសព្វថ្ងៃនេះ ផ្ដោតសំខាន់លើរឿងពីសម្បកក្រៅទាំងនេះ ហើយអ្វីទាំងនេះពុំពាក់ព័ន្ធនឹងសារជាតិរបស់ព្រះជាម្ចាស់សោះឡើយ។ ការយល់ដឹងពីរឿងទាំងនេះ គឺគ្មានបានការអ្វីទេ។ មានរឿងមួយចំនួនដែលអ្នកពុំត្រូវការយល់ដឹងនោះទេ ហើយនៅពេលដែលពេលវេលាមកដល់ ដែលអ្នកត្រូវការយល់ដឹង នោះអ្នកនឹងយល់ដឹងពីរឿងទាំងនោះមិនខាន។ មិនថាអ្នកយល់ពីអ្វីទាំងនេះឬអត់នោះទេ ពុំមានពាក់ព័ន្ធគ្នាឡើយ ហើយអ្វីទាំងនេះក៏ពុំមានឥទ្ធិពលលើសេចក្ដីជំនឿរបស់មនុស្សលើព្រះជាម្ចាស់នៅខាងសាច់ឈាម លើសេចក្ដីជំនឿលើព្រះគ្រីស្ទ ឬលើការដើរតាមព្រះគ្រីស្ទ សូម្បីតែបន្តិចណាឡើយ។ អ្វីទាំងនេះក៏ពុំមានឥទ្ធិពលលើការដេញតាមសេចក្ដីពិតរបស់មនុស្ស ឬការបំពេញភារកិច្ចពួកគេឱ្យបានល្អ សូម្បីតែបន្តិចណាដែរ ហើយទោះបើអ្នកដឹងពីរឿងទាំងនេះក្ដី ក៏សេចក្ដីជំនឿរបស់អ្នកនឹងមិនកើននោះដែរ។ ពួកហោរាបានបង្ហាញទីសម្គាល់និងការអស្ចារ្យជាច្រើនកាលពីអតីតកាល ហើយតើមនុស្សទទួលបានអ្វីខ្លះ? អ្វីដែលទង្វើទាំងនេះសម្រេចបាន គឺដើម្បីធ្វើឱ្យមនុស្សទទួលស្គាល់នូវព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ ពួកហោរាទាំងនោះ មិនមែនជាព្រះជាម្ចាស់ទេ ទោះពួកគេអាចធ្វើការអស្ចារ្យបានច្រើនប៉ុនណាក៏ដោយ ដោយសារពួកហោរាទាំងនោះ ពុំមានសារជាតិជាព្រះឡើយ។ ទោះបានពុំបង្ហាញការអស្ចារ្យអ្វី ក៏ព្រះជាម្ចាស់នៅខាងសាច់ឈាម នៅតែជាព្រះជាម្ចាស់ដដែល ដោយសារទ្រង់មានសារជាតិជាព្រះ។ ការដែលព្រះអង្គពុំបង្ហាញទីសម្គាល់និងការអស្ចារ្យ ពុំមានន័យថា ព្រះអង្គមិនអាចបង្ហាញបាននោះទេ។ គ្រប់យ៉ាងដែលព្រះបន្ទូលរបស់ទ្រង់សម្រេចបាន គឺមានព្រះចេស្ដាជាងការបង្ហាញទីសម្គាល់និងការអស្ចារ្យទាំងនោះទៅទៀត គឺអស្ចារ្យជាងនោះឆ្ងាយណាស់។ ការដេញតាមការស្គាល់ពីសារជាតិនិងនិស្ស័យរបស់ព្រះជាម្ចាស់ គឺសំខាន់ខ្លាំងណាស់ គឺពិតជាមានប្រយោជន៍ដល់ច្រកចូលទៅក្នុងជីវិតខ្លាំងណាស់ ហើយនេះ គឺជាផ្លូវដ៏ត្រឹមត្រូវនៅក្នុងសេចក្ដីជំនឿលើព្រះជាម្ចាស់។

អ្នករាល់គ្នាគួរដឹងថា នៅពេលព្រះជាម្ចាស់បំពេញកិច្ចការនៅខាងសាច់ឈាម នោះគឺជាពេលដែលមនុស្សជួបប្រទះនិងឃើញពីកម្មសិទ្ធិនិងលក្ខណៈរបស់ព្រះជាម្ចាស់ ឃើញពីសារជាតិ និងនិស្ស័យរបស់ទ្រង់បានច្រើនបំផុត។ នេះគឺជាឱកាសដ៏ល្អបំផុតក្នុងការស្គាល់ព្រះជាម្ចាស់។ ការស្គាល់ពីទង្វើរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់ ដែលមនុស្សធ្លាប់បាននិយាយកាលពីអតីតកាល រឿងនោះពិបាកនឹងសម្រេចបានណាស់ ដោយសារពួកគេគ្មានផ្លូវចូលទៅជិតទ្រង់បាន។ នៅពេលម៉ូសេឃើញព្រះយេហូវ៉ាលេចមកចំពោះមុខគាត់កាលគ្រានោះ គាត់គ្រាន់តែឃើញពីកិច្ចការមួយចំនួនដែលព្រះជាម្ចាស់បានធ្វើប៉ុណ្ណោះ។ តើគាត់មានចំណេះដឹងជាក់ស្ដែងអំពីព្រះជាម្ចាស់ច្រើនប៉ុនណា? តើចំណេះដឹងនោះច្រើនជាងអ្វីដែលមនុស្សដឹងនៅក្នុងពេលសព្វថ្ងៃនេះទៀតមែនទេ? តើចំណេះដឹងនោះកាន់តែជាក់ស្ដែងជាងអ្វីដែលមនុស្សដឹងក្នុងពេលសព្វថ្ងៃនេះទៀតមែនទេ? ពិតជាអត់នោះទេ។ ព្រះជាម្ចាស់បានបើកសម្ដែងពីកិច្ចការរបស់ទ្រង់ជាច្រើន ក្នុងអំឡុងគ្រាដែលទ្រង់បំពេញកិច្ចការនៅស្រុកអ៊ីស្រាអែល។ មនុស្សជាច្រើនបានឃើញព្រះយេហូវ៉ាធ្វើទីសម្គាល់និងការអស្ចារ្យ ហើយមានអ្នកខ្លះថែមទាំងបានឃើញស្រមោលរបស់ព្រះយេហូវ៉ាពីខាងក្រោយទ្រង់ផង។ មនុស្សជាច្រើន ក៏បានឃើញពួកទេវតាផងដែរ។ ក៏ប៉ុន្តែ ចុងក្រោយ តើមានមនុស្សច្រើនប៉ុនណាដែលបានស្គាល់ព្រះជាម្ចាស់ទៅ? មានតិចតួចខ្លាំងណាស់។ គ្មានអ្នកណាស្គាល់ព្រះជាម្ចាស់ពិតប្រាកដនោះទេ។ មានតែមនុស្សនៅគ្រាចុងក្រោយប៉ុណ្ណោះដែលអាចស្គាល់ព្រះជាម្ចាស់បានច្រើន នៅពេលដែលពួកគេដកពិសោធន៍កិច្ចការរបស់ទ្រង់ ក្នុងពេលដែលទ្រង់គង់នៅជាសាច់ឈាម ដោយសារព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្សដោយផ្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើ ពីគោលបំណងនៃកិច្ចការរបស់ទ្រង់ ពីបំណងព្រះហឫទ័យរបស់ទ្រង់ ពីអាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្សជាតិ ពីសភាពនិងសារជាតិរបស់មនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ។ល។ និង ។ល។ មានតែតាមរយៈព្រះបន្ទូលបើកសម្ដែងទាំងនេះទេ ដែលមនុស្សអាចមើលឃើញថា ព្រះជាម្ចាស់ជាក់ស្ដែងនិងពិតប្រាកដមែន ថាព្រះអង្គពិតជាមានបំណងព្រះហឫទ័យចំពោះមនុស្សជាតិបែបនេះមែន ហើយថាទ្រង់ពិតជាមាននិស្ស័យបែបនេះពិតមែន។ កិច្ចការរបស់ទ្រង់ គឺពិតជាអស្ចារ្យខ្លាំងណាស់ ព្រះប្រាជ្ញាញាណរបស់ទ្រង់ គឺពិតជាជ្រាលជ្រៅខ្លាំងណាស់ ហើយសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សជាតិ គឺពិតជាជាក់ស្ដែងពិតមែន។ ព្រះបន្ទូលទាំងអស់នេះ ដែលព្រះជាម្ចាស់បានថ្លែងមក គឺជាការធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់ ជាសេចក្ដីស្រឡាញ់និងនិស្ស័យរបស់ទ្រង់ និងជាកិច្ចការរបស់ទ្រង់។ យើងបានដកពិសោធន៍កិច្ចការទាំងនេះដោយផ្ទាល់ តាមរយៈការដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមក គឺជាក់ស្ដែងនិងពិតប្រាកដណាស់។ មនុស្សដកពិសោធន៍បានថា សេចក្ដីស្រឡាញ់និងការអត់ឱនរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺពិតជាគ្មានដែនកំណត់ឡើយ។ បំណងប្រាថ្នារបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្ស គឺត្រូវអនុវត្តនៅក្នុងកិច្ចការរបស់ទ្រង់ និងក្នុងព្រះបន្ទូលដែលទ្រង់ថ្លែងមក ហើយអ្វីទាំងអស់នេះ អនុញ្ញាតឱ្យមនុស្សភ្លក់រសជាតិនេះ តាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ។ ហេតុនេះ ការដែលអ្នកស្គាល់ពីសារជាតិនៃការយកកំណើតជាមនុស្ស គឺរាប់ចាប់ពីរយៈពេលនៃការយកកំណើតជាមនុស្សនោះឯង។ ចំណេះដឹងណាដែលទទួលបានក្នុងរយៈពេលផ្សេងទៀត ពុំមានលក្ខណៈជាក់ស្ដែងឡើយ។ ហេតុនេះ ការស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម អាចសម្រេចទៅបានតែក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមប៉ុណ្ណោះ ហើយអ្វីផ្សេងទៀតដែលអ្នកយល់ក្រៅពីពេលនេះ មិនជាក់ស្ដែងឡើយ។ បន្ទាប់ពីព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅខាងសាច់ឈាម និងយាងចាកចេញ នោះពេលដែលអ្នកព្យាយាមដកពិសោធន៍កិច្ចការរបស់ទ្រង់ វានឹងលែងជាក់ស្ដែងចំពោះអ្នកដូចពេលនេះទៀតហើយ។ នេះគឺដោយសារអ្នកអាចមើលឃើញនិងអាចពាល់កិច្ចការរបស់ទ្រង់នៅខាងសាច់ឈាមតែក្នុងពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។ ព្រះជាម្ចាស់ក៏កំពុងបំពេញកិច្ចការទ្រង់ជាមួយមនុស្សដោយផ្ទាល់ឥតឈប់ផងដែរ ហើយពួកគេបានដកពិសោធន៍ដោយផ្ទាល់អំពីរបៀបដែលទ្រង់ថ្លែងព្រះបន្ទូល និងរបៀបដែលទ្រង់បំពេញកិច្ចការ។ បទពិសោធរបស់ពេត្រុសកាលគ្រានោះ មិនពិតជាក់ស្ដែងដូចបទពិសោធរបស់អ្នកក្នុងពេលសព្វថ្ងៃនេះទេ។ ពេត្រុសបានដើរតាមព្រះយេស៊ូវ និងបានដកពិសោធន៍ពីកម្មសិទ្ធិរបស់ព្រះជាម្ចាស់ដែលជាក់ស្ដែងនិងគួរឱ្យស្រឡាញ់កាលគ្រានោះ ក្នុងអំឡុងពេលដែលទ្រង់កំពុងបំពេញកិច្ចការនៅស្រុកយូដា ប៉ុន្តែកម្ពស់របស់គាត់នៅពេលនោះ នៅតូចទាបខ្លាំងណាស់ ហើយអ្វីដែលគាត់បានដកពិសោធន៍ គឺនៅរាក់កំភែលនៅឡើយ។ បន្ទាប់ពីព្រះយេស៊ូវយាងចាកចេញទៅ ពេត្រុសក៏បានគិតសាឡើងវិញយ៉ាងយកចិត្តទុកដាក់ និងបានក្រេបរសជាតិព្រះបន្ទូលរបស់ទ្រង់ ហើយគាត់ក៏មានការយល់ដឹងស៊ីជម្រៅ និងបានទទួលកាន់តែច្រើន។ កាលព្រះយេស៊ូវកំពុងបំពេញកិច្ចការ ទ្រង់ក៏បានបើកសម្ដែងពីកម្មសិទ្ធិនិងលក្ខណៈរបស់ព្រះជាម្ចាស់ ពីសេចក្ដីអាណិតស្រឡាញ់របស់ទ្រង់ ពីសេចក្ដីមេត្តាករុណា សេចក្ដីសង្គ្រោះរបស់ទ្រង់ចំពោះមនុស្សជាតិ និងពីសេចក្ដីត្រាប្រណីនិងព្រះគុណគ្មានទីបញ្ចប់សម្រាប់ពួកគេផងដែរ។ មនុស្សដែលដើរតាមទ្រង់នៅពេលនោះ អាចដកពិសោធន៍រឿងទាំងនេះបានខ្លះ ហើយមនុស្សដែលមកតាមក្រោយ មិនដែលអាចដកពិសោធន៍រឿងទាំងនេះបានជ្រាលជ្រៅដូចមនុស្សកាលគ្រានោះឡើយ។ នៅពេលដែលមនុស្សត្រូវព្រះវិញ្ញាណបរិសុទ្ធបណ្ដាលចិត្ត និងពេលពួកគេអធិស្ឋានទៅព្រះជាម្ចាស់ដើម្បីបានយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ អ្វីដែលពួកគេដកពិសោធន៍នៅក្នុងគ្រានោះ ក៏ស្រពេចស្រពិលនិងមិនច្បាស់លាស់នោះដែរ។ ពេលនោះ គឺជាពេលដែលពិបាកនឹងយល់បានច្បាស់ ហើយគ្មាននរណាប្រាកដចិត្តថា ការយល់ដឹងរបស់ពួកគេ គឺត្រឹមត្រូវឡើយ។ ហេតុនេះ នៅពេលដែលចុងក្រោយ ពេត្រុសត្រូវបានគេចាប់ខ្លួននិងដាក់គុក មនុស្សមួយចំនួនថែមទាំងបានព្យាយាមគិតរកវិធីដើម្បីរំដោះគាត់ចេញពីគុកផង។ តាមពិត បំណងរបស់ព្រះយេស៊ូវនៅគ្រានោះ គឺដើម្បីឱ្យពេត្រុសត្រូវគេឆ្កាងដើម្បីធ្វើជាស្មរបន្ទាល់ចុងក្រោយ។ ដំណើររបស់គាត់បានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានរៀបចំឱ្យគាត់ធ្វើទីបន្ទាល់តាមរបៀបនេះ ដើម្បីឱ្យគាត់នឹងទទួលបានទិសដៅល្អមួយ។ នេះគឺជាផ្លូវដែលពេត្រុសបានដើរ។ នៅពេលដែលពេត្រុសបានដើរមកដល់ទីបញ្ចប់របស់គាត់ហើយ គាត់នៅតែមិនយល់ពីបំណងពិតប្រាកដរបស់ព្រះយេស៊ូវដដែល។ គាត់គ្រាន់តែយល់ពីអត្ថន័យនៃព្រះបន្ទូលដែលព្រះយេស៊ូវថ្លែងប្រាប់គាត់ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើអ្នកចង់ស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ ពិតជាមានការចាំបាច់ក្នុងការធ្វើបែបនេះខ្លាំងណាស់ ទាន់ពេលដែលព្រះជាម្ចាស់នៅគង់ជាសាច់ឈាមនៅឡើយ។ អ្នកអាចមើលឃើញ អាចប៉ះបាន អាចស្ដាប់ឮ និងអាចមានអារម្មណ៍ជ្រាលជ្រៅដឹងបាន។ ប្រសិនបើអ្នកព្យាយាមដកពិសោធន៍ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ បន្ទាប់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមបានបញ្ចប់ នោះវានឹងមិនជ្រាលជ្រៅដូចកាលអ្នកពិនិត្យមើលនៅកាលនោះឡើយ ហើយការយល់ដឹងរបស់អ្នកដែលទទួលបានមកនោះ ក៏នឹងរាល់កំភែលដែរ។ ពេលនោះ ព្រះអង្គនឹងអាចត្រឹមបន្សុទ្ធនិស្ស័យពុករលួយរបស់មនុស្សប៉ុណ្ណោះ។ នៅពេលដែលមនុស្សត្រូវបានបន្សុទ្ធរួចហើយ នោះពួកគេអាចយល់ពីសេចក្ដីពិតបានច្រើនជាងនេះបន្តិច និងអាចប្រើសេចក្ដីពិតដែលពួកគេទទួលបាននោះ ជាមូលដ្ឋានសម្រាប់ជីវិតរស់នៅរបស់ពួកគេ ដោយផ្លាស់ប្ដូរនិស្ស័យពុករលួយនៅក្នុងខ្លួនពួកគេ។ ប៉ុន្តែ មិនថាអ្នកស្វែងរកសេចក្ដីស្រឡាញ់ និងដើម្បីបានស្គាល់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ អ្នកមុខជាមិនអាចធ្វើឱ្យមានការរីកចម្រើនច្រើននោះទេ។ ការរីកចម្រើនរបស់មនុស្សមានដែនកំណត់ ហើយវាមិនមានប្រយោជន៍ច្រើនដូចការដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម និងការស្គាល់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានសម្ដែងចេញសេចក្ដីពិតជាច្រើន នៅពេលទ្រង់គង់នៅជាសាច់ឈាម ហើយមនុស្សជាច្រើនមើលឃើញ តែពុំយល់ ស្ដាប់ឮ តែពុំដឹង។ មនុស្សទាំងនេះ គឺជាមនុស្សដែលល្ងង់ខ្លៅខាងវិញ្ញាណ ហើយជាមនុស្សដែលគ្មានចិត្ត។ មនុស្សទាំងនេះ គឺជាមនុស្សដែលគ្មានសតិសម្បជញ្ញៈឬហេតុផលឡើយ ហើយពួកគេមិនអាចដឹងថា ព្រះជាម្ចាស់ស្រឡាញ់និងអត់ឱនចំពោះមនុស្សច្រើនប៉ុនណានោះទេ។ មនុស្សស្ពឹកស្រពន់ខ្លាំងដល់ថ្នាក់ទាល់តែពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ទើបពួកគេយល់បានខ្លះ និងចាប់ផ្ដើមដើរនៅលើផ្លូវត្រឹមត្រូវ។

តើអ្វីជាសារជាតិរបស់ព្រះគ្រីស្ទ? ចំពោះមនុស្ស សារជាតិរបស់ព្រះគ្រីស្ទ គឺជាសេចក្ដីស្រឡាញ់។ ចំពោះអ្នកដែលដើរតាមទ្រង់វិញ វាគឺជាសេចក្ដីស្រឡាញ់គ្មានដែនកំណត់។ ប្រសិនបើទ្រង់គ្មានសេចក្ដីស្រឡាញ់ ឬសេចក្ដីមេត្តាករុណាទេ នោះមនុស្សមុខជាមិនអាចដើរតាមទ្រង់រហូតមកដល់ពេលនេះបានឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ប៉ុន្តែ ព្រះជាម្ចាស់ក៏សុចរិតដែរ»។ ពិតណាស់ ព្រះជាម្ចាស់គឺសុចរិត ប៉ុន្តែពាក់ព័ន្ធនឹងនិស្ស័យរបស់ទ្រង់ សេចក្ដីសុចរិតរបស់ទ្រង់ សំខាន់ត្រូវសម្ដែងចេញមកតាមរយៈការដែលទ្រង់ស្អប់និស្ស័យពុករលួយរបស់មនុស្សជាតិ ការដែលទ្រង់ដាក់បណ្ដាសាលើអារក្សសាតាំង ព្រមទាំងការដែលទ្រង់មិនអត់ឱនចំពោះការប្រមាថណាមួយលើនិស្ស័យរបស់ទ្រង់។ តើសេចក្ដីសុចរិតរបស់ទ្រង់មានសេចក្ដីស្រឡាញ់ក្នុងនោះដែរឬទេ? ដូច្នេះ តើការដែលទ្រង់ជំនុំជម្រះ និងបន្សុទ្ធសេចក្ដីពុករលួយរបស់មនុស្សមិនមែនជាសេចក្ដីស្រឡាញ់ទេឬអី? ដើម្បីសង្គ្រោះមនុស្សជាតិ ព្រះជាម្ចាស់បានស៊ូទ្រាំនឹងការប្រមាថយ៉ាងច្រើន ដោយមានការអត់ធ្មត់ខ្លាំងបំផុត។ តើនេះមិនមែនជាសេចក្ដីស្រឡាញ់ទេឬអី? ដូច្នេះ ខ្ញុំនឹងមានបន្ទូលតាមត្រង់ជាមួយអ្នករាល់គ្នា៖ នៅក្នុងកិច្ចការដែលព្រះជាម្ចាស់ធ្វើសម្រាប់មនុស្សជាតិ ពេលទ្រង់គង់ជាសាច់ឈាម អ្វីដែលជាក់ស្ដែងនិងលេចធ្លោបំផុតនៅក្នុងសារជាតិរបស់ទ្រង់ គឺសេចក្ដីស្រឡាញ់។ សារជាតិនេះ គឺជាការអត់ឱនគ្មានដែនកំណត់។ ប្រសិនបើសារជាតិនេះមិនមែនជាសេចក្ដីស្រឡាញ់ទេ ហើយវាដូចអ្វីដែលអ្នករាល់គ្នាស្រមៃថា ព្រះជាម្ចាស់នឹងវាយផ្ដួលមនុស្ស នៅពេលណាដែលទ្រង់សព្វព្រះទ័យ ឬដាក់ទោស ដាក់បណ្ដាសា ជំនុំជម្រះ និងវាយផ្ចាលនរណាដែលទ្រង់ស្អប់ នោះមុខជារឿងធ្ងន់ធ្ងរខ្លាំងមិនខាន! ប្រសិនបើទ្រង់ខ្ញាល់នឹងមនុស្សណាម្នាក់ ពួកគេមុខជាភ័យញ័រខ្លួន ហើយមិនអាចឈរនៅចំពោះទ្រង់បានឡើយ...។ នេះគ្រាន់តែជាវិធីមួយបែប ដែលនិស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងចេញមកប៉ុណ្ណោះ។ គោលដៅចុងក្រោយរបស់ទ្រង់ គឺនៅតែជាសេចក្ដីសង្គ្រោះដដែល ហើយសេចក្ដីស្រឡាញ់របស់ទ្រង់មាននៅគ្រប់និស្ស័យទាំងអស់ដែលទ្រង់បើកសម្ដែង។ ចូរគិតបកក្រោយបន្តិច៖ ក្នុងអំឡុងពេលដែលទ្រង់បំពេញកិច្ចការនៅខាងសាច់ឈាម តើព្រះជាម្ចាស់បើកសម្ដែងពីអ្វីច្រើនជាងគេបំផុត? នោះគឺសេចក្ដីស្រឡាញ់ និងការអត់ធ្មត់។ តើការអត់ធ្មត់គឺជាអ្វី? ការអត់ធ្មត់ គឺការមានសេចក្ដីមេត្តាករុណា ដោយសារនៅក្នុងនោះ មានសេចក្ដីស្រឡាញ់។ ព្រះជាម្ចាស់អាចមានសេចក្ដីមេត្តាករុណាចំពោះមនុស្សបាន គឺដោយសារតែទ្រង់មានសេចក្ដីស្រឡាញ់ ហើយគ្រប់យ៉ាងគឺដើម្បីសង្គ្រោះមនុស្ស។ គឺដូចជាប្ដីប្រពន្ធរៀបការហើយ ដែលស្រឡាញ់គ្នាពិតប្រាកដ តែងមើលរំលងពីចំណុចខ្វះខាត និងកំហុសរបស់គ្នាទៅវិញទៅមកដូច្នោះដែរ។ បើដៃគូរបស់អ្នកធ្វើឱ្យអ្នកខឹង អ្នកអាចអត់ធ្មត់នឹងរឿងនេះបាន ហើយគ្រប់យ៉ាងគឺសុទ្ធតែសាងឡើងនៅលើមូលដ្ឋាននៃសេចក្ដីស្រឡាញ់ទាំងអស់។ ប្រសិនបើវាជាការស្អប់វិញ នោះពួកគេនឹងមិនមានអាកប្បកិរិយាបែបនេះ ឬសម្ដែងចេញនូវលក្ខណៈទាំងនេះឡើយ ហើយក៏គ្មានលទ្ធផលបែបនេះដែរ។ ប្រសិនបើព្រះជាម្ចាស់មានត្រឹមព្រះទ័យស្អប់ខ្ពើម និងក្រោធខឹង ឬមានត្រឹមការជំនុំជម្រះ និងការវាយផ្ចាល ដោយគ្មានសេចក្ដីស្រឡាញ់ទេនោះ ម្ល៉េះសមគ្មានស្ថានភាពដូចអ្នករាល់គ្នាឃើញក្នុងពេលនេះទេ ហើយមនុស្សជាច្រើនមុខជាជួបបញ្ហាមិនខាន។ តើព្រះជាម្ចាស់នឹងនៅតែអាចប្រទានសេចក្ដីពិតបានទៀតទេ? ឱ្យតែកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលត្រូវបានបញ្ចប់ មនុស្សដែលមិនទទួលយកសេចក្ដីពិតបន្តិចណាទេ នឹងត្រូវដាក់បណ្ដាសាមិនខាន។ ទោះបីជាពួកគេមិនស្លាប់ភ្លាមៗក៏ពិតមែន ក៏ពួកគេនឹងធ្លាក់ខ្លួនឈឺ ចុះខ្សោយ ឆ្កួតលេលា ខ្វាក់ភ្នែក ហើយត្រូវប្រគល់ទៅឱ្យវិញ្ញាណអាក្រក់ និងអារក្សស្មោកគ្រោកជាន់ឈ្លីដែរ។ ដូច្នេះពេលនោះ អ្នករាល់គ្នានឹងបានទទួលសេចក្ដីស្រឡាញ់ជាច្រើនពីព្រះជាម្ចាស់ ព្រមទាំងការអត់ឱន សេចក្ដីត្រាប្រណី និងសេចក្ដីអាណិតស្រឡាញ់ជាច្រើនពីទ្រង់ផងដែរ។ ប៉ុន្តែ មនុស្សមិនគិតបែបនេះទេ ដោយជឿថា «ព្រះជាម្ចាស់គួរតែមានលក្ខណៈបែបនេះចំពោះមនុស្សជាតិ។ ព្រះជាម្ចាស់ក៏មានសេចក្ដីស្រឡាញ់និងការស្អប់ផងដែរ ហើយយើងមិនធ្លាប់បានដកពិសោធន៍រឿងនេះបន្តិចណាឡើយ!» តើអ្នកពិតជាធ្លាប់បានដកពិសោធន៍រឿងនេះដែរទេ? ប្រសិនបើអ្នកធ្លាប់មែន នោះអ្នកមុខជាបានស្លាប់រួចបាត់ទៅហើយ។ តើមនុស្សជាតិនឹងត្រូវនៅទីណាក្នុងពេលសព្វថ្ងៃនេះ? ការស្អប់ សេចក្ដីក្រោធ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ គឺសុទ្ធតែត្រូវបានសម្ដែងចេញតាមរយៈមូលដ្ឋាននៃការចង់នាំមកសេចក្ដីសង្គ្រោះដល់មនុស្សទាំងនេះ។ និស្ស័យនេះក៏មានសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ព្រមទាំងការអត់ធ្មត់របស់ទ្រង់យ៉ាងច្រើនផងដែរ។ ការស្អប់នេះ គឺមានញាណដឹងថា គ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយរួមបញ្ចូលនូវការព្រួយបារម្ភគ្មានដែនកំណត់ និងសេចក្ដីសង្ឃឹមសម្រាប់មនុស្សជាតិផង! ការស្អប់របស់ព្រះជាម្ចាស់ គឺតម្រង់ទៅលើសេចក្ដីពុករលួយរបស់មនុស្សជាតិ និងទៅលើការបះបោរ និងអំពើបាបរបស់មនុស្ស។ ការស្អប់នេះគឺតែម្ខាងទេ ហើយផ្អែកលើមូលដ្ឋាននៃសេចក្ដីស្រឡាញ់។ មានការស្អប់នេះ ក៏ព្រោះតែមានសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។ ការស្អប់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺខុសគ្នាពីការស្អប់របស់ទ្រង់ចំពោះសាតាំង ដោយសារព្រះជាម្ចាស់សង្គ្រោះមនុស្ស តែមិនសង្គ្រោះសាតាំងឡើយ។ និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ តែងមាននៅទីនោះជានិច្ច។ សេចក្ដីស្អប់ សេចក្ដីសុចរិត និងការជំនុំជម្រះ តែងមាននៅទីនោះជានិច្ច។ សេចក្ដីទាំងនេះមិនមែនមាននៅទីនោះ តែពេលដែលព្រះអង្គប្រើវាតម្រង់ទៅលើមនុស្សជាតិនោះទេ។ ព្រះជាម្ចាស់មាននិស្ស័យបែបនេះ មុនទាំងពេលដែលមនុស្សបានឃើញនិស្ស័យនេះផង ហើយពួកគេទើបតែដឹងត្រឹមថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ គឺបែបនេះឯង បន្ទាប់ពួកគេបានដឹងប៉ុណ្ណោះ។ តាមពិតទៅ មិនថានេះជាពេលដែលព្រះជាម្ចាស់ត្រូវសុចរិត មានឫទ្ធានុភាព ឬពេញដោយសេចក្ដីក្រោធ ឬមិនថានេះជាពេលដែលទ្រង់ត្រូវបំពេញកិច្ចការគ្រប់បែបយ៉ាងដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនោះទេ អ្វីៗសុទ្ធតែដោយសារសេចក្ដីស្រឡាញ់ទាំងអស់។ មនុស្សខ្លះនិយាយថា៖ «ដូច្នេះ តើមានសេចក្ដីស្រឡាញ់ច្រើនប៉ុនណា?» វាមិនមែនជាបញ្ហាច្រើនប៉ុនណានោះទេ ប៉ុន្តែមួយរយភាគរយពេញ ទើបជាសេចក្ដីស្រឡាញ់។ ប្រសិនបើតិចជាងនេះ នោះមនុស្សជាតិនឹងមិនអាចសង្គ្រោះបានឡើយ។ ព្រះជាម្ចាស់បានលះបង់សេចក្ដីស្រឡាញ់របស់ទ្រង់ទាំងអស់ដល់មនុស្សជាតិ។ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម? ពីមុនមក គេធ្លាប់និយាយថា ព្រះជាម្ចាស់មិនសន្សំសំចៃកម្លាំងដើម្បីសង្គ្រោះមនុស្សជាតិឡើយ ហើយការដែលទ្រង់ត្រឡប់ជាសាច់ឈាម ក៏រាប់ជាសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ។ នេះគ្រាន់តែបង្ហាញដល់អ្នករាល់គ្នាថា ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិចំពោះព្រះជាម្ចាស់ គឺច្រើនខ្លាំងណាស់។ គឺដោយសារតែអ្វីៗបានហួសពីការដែលអាចសង្គ្រោះបាន ទើបព្រះជាម្ចាស់គ្មានជម្រើសអ្វីក្រៅតែពីត្រឡប់ជាសាច់ឈាម ដើម្បីលះបង់អង្គទ្រង់ដើម្បីមនុស្សជាតិឡើយ។ ព្រះជាម្ចាស់ប្រទានសេចក្ដីស្រឡាញ់គ្រប់យ៉ាងរបស់ទ្រង់។ ប្រសិនបើទ្រង់មិនស្រឡាញ់មនុស្សជាតិទេ ម្ល៉េះសមទ្រង់មិនត្រឡប់ជាសាច់ឈាមឡើយ។ ទ្រង់អាចវាយប្រហារដោយផ្គរលាន់ពីស្ថានសួគ៌ ដោយបញ្ចេញឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់ដោយផ្ទាល់ ហើយមនុស្សជាតិមុខជាដួលទៅលើដីមិនខាន។ ព្រះជាម្ចាស់នឹងពុំចាំបាច់ត្រូវឆ្លងកាត់បញ្ហា លះបង់តម្លៃបែបនេះ ឬត្រូវរងការប្រមាថបែបនេះ នៅខាងសាច់ឈាមឡើយ។ នេះគឺជាឧទាហរណ៍ជាក់ស្ដែងមួយ។ ផ្ទុយទៅវិញ ទ្រង់សុខចិត្តរងការឈឺចាប់ ការប្រមាថ ការបោះបង់ និងការបៀតបៀន ដើម្បីសង្គ្រោះមនុស្សជាតិ។ សូម្បីស្ថិតនៅក្នុងមជ្ឈដ្ឋានដ៏ឃោរឃៅបែបនេះក៏ដោយ ក៏ទ្រង់នៅតែយាងមកដើម្បីសង្គ្រោះមនុស្សជាតិដដែល។ តើនេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុតទេឬអី? ប្រសិនបើព្រះជាម្ចាស់គ្រាន់តែសុចរិត ហើយទ្រង់ពេញការស្អប់មនុស្សជាតិគ្មានទីបញ្ចប់មែន ម្ល៉េះសមទ្រង់មិនបានត្រឡប់ជាសាច់ឈាមដើម្បីធ្វើកិច្ចការរបស់ទ្រង់ឡើយ។ ទ្រង់អាចរង់ចាំរហូតដល់មនុស្សជាតិប្រែជាពុករលួយដល់កម្រិតខ្លាំងបំផុត ហើយបន្ទាប់មកបំផ្លាញពួកគេទាំងអស់ឱ្យវិនាសបង់ ហើយក៏បញ្ចប់រឿងនេះ និងឈប់ខ្វល់ព្រះទ័យទៀត។ គឺដោយសារតែព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ ហើយដោយសារតែទ្រង់មានសេចក្ដីស្រឡាញ់ខ្លាំងបំផុតចំពោះមនុស្សជាតិ ទើបទ្រង់ត្រឡប់ជាសាច់ឈាមដើម្បីសង្គ្រោះមនុស្សទាំងនេះ ដែលពុករលួយខ្លាំងជាទីបំផុត។ បន្ទាប់ពីឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ និងបានដឹងពីធម្មជាតិរបស់ពួកគេហើយ មនុស្សជាច្រើននិយាយថា៖ «សម្រាប់ខ្ញុំ គឺចប់ហើយ។ ខ្ញុំមិនអាចត្រូវបានសង្គ្រោះឡើយ»។ មានតែនៅពេលដែលអ្នកជឿថា ខ្លួនឯងមិនអាចសង្គ្រោះបានប៉ុណ្ណោះ ទើបអ្នកដឹងថា ព្រះជាម្ចាស់ពិតជាមានការអត់ធ្មត់ និងសេចក្ដីស្រឡាញ់ខ្លាំងបំផុតសម្រាប់មនុស្ស! បើគ្មានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទេ តើមនុស្សអាចធ្វើអ្វីបាន? ព្រះជាម្ចាស់នៅតែមានបន្ទូលមកកាន់អ្នករាល់គ្នាដដែល ទោះបីជាធម្មជាតិរបស់មនុស្សបានប្រែជាពុករលួយដល់ឆ្អឹងក៏ដោយ។ នៅពេលណាដែលអ្នករាល់គ្នាសួរសំណួរអ្វីមួយ នោះទ្រង់ក៏រួសរាន់ឆ្លើយតបភ្លាម ដោយខ្លាចថា មនុស្សអាចមិនយល់ ឬពួកគេប្រហែលអាចវង្វេងផ្លូវ ឬទៅជាជ្រុលហួសហេតុបាន។ តាមរយៈចំណុចទាំងអស់នេះ តើអ្នករាល់គ្នានៅតែមិនដឹងថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិធំធេងប៉ុនណាទៀតមែនទេ?

មនុស្សជាច្រើនក្នុងពេលសព្វថ្ងៃនេះ កំពុងអង្កេតមើល៖ «ហេតុអ្វីបានជាព្រះជាម្ចាស់នៅខាងសាច់ឈាម នៅតែបង្អែរបង្អង់នៅលើផែនដីក្នុងពេលនេះទៀត ទាំងដែលកិច្ចការរបស់ទ្រង់បានបញ្ចប់ទៅហើយនោះ? តើអាចនៅមានកិច្ចការនៅដំណាក់កាលមួយទៀតដែរឬទេ? ហេតុអ្វីមិនប្រញាប់បំពេញកិច្ចការនៅដំណាក់កាលបន្ទាប់?» ពិតណាស់ រឿងនេះមានអត្ថន័យរបស់វា។ បន្ទាប់ពីព្រះជាម្ចាស់នៅខាងសាច់ឈាមបានមានបន្ទូលជាច្រើនរួចមក តើបានសម្រេចផលអ្វីខ្លះនៅក្នុងខ្លួនមនុស្សហើយ? មនុស្សបានត្រឹមស្ដាប់ឮ និងចងចាំទុក ដោយពុំទទួលបានអ្វីច្រើននោះទេ ហើយនៅក្នុងខ្លួនពួកគេ ក៏ពុំមានការផ្លាស់ប្ដូរអ្វីជាក់ស្ដែងនោះដែរ។ នៅក្នុងស្ថានភាពរបស់អ្នករាល់គ្នាពេលនេះ សេចក្ដីពិតជាច្រើននៅតែមិនច្បាស់លាស់ដដែល ហើយការចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺមិនអាចទៅរួចទាំងស្រុងតែម្ដង។ ការដែលព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម និងបានថ្លែងព្រះបន្ទូលជាច្រើនបែបនេះ តើអ្នករាល់គ្នាគិតថា ទ្រង់មានគោលបំណងអ្វី? តើផលដែលទទួលបានចុងក្រោយគឺជាអ្វី? ប្រសិនព្រះអង្គចាប់ផ្ដើមកិច្ចការនៅដំណាក់កាលបន្ទាប់ក្នុងពេលនេះ ហើយទុកឱ្យមនុស្សទាំងនេះធ្វើអ្វីតាមចិត្តរបស់ពួកគេ នោះកិច្ចការនេះមុខជាត្រូវបោះបង់ចោលពាក់កណ្ដាលទីមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម ត្រូវតែធ្វើឡើងនៅក្នុងដំណាក់ទាំងពីរនេះ ដើម្បីសង្គ្រោះមនុស្សឱ្យបានទាំងស្រុង។ ដូចនៅក្នុងយុគសម័យនៃព្រះគុណដែរ នៅពេលដែលព្រះយេស៊ូវយាងមក គឺត្រូវការពេលសាមសិបបីឆ្នាំកន្លះ គិតចាប់ពីពេលទ្រង់ចាប់កំណើតរហូតដល់ពេលទ្រង់ត្រូវគេឆ្កាង និងយាងឡើងទៅស្ថានសួគ៌វិញ។ តាមរយៈអាយុរបស់មនុស្សធម្មតា ពេលវេលាប៉ុណ្ណេះមិនយូរនោះទេ ប៉ុន្តែវាក៏មិនខ្លីពេកដែរ សម្រាប់ឱ្យព្រះជាម្ចាស់គង់នៅលើផែនដីនេះ! សាមសិបបីឆ្នាំកន្លះ គឺជាពេលវេលាដ៏ឈឺចាប់បំផុត! ព្រះជាម្ចាស់នៅខាងសាច់ឈាម មានសារជាតិនិងនិស្ស័យរបស់ព្រះជាម្ចាស់ និងបានរស់នៅជាមួយមនុស្សជាតិពុករលួយអស់រយៈពេលសាមសិបបីឆ្នាំកន្លះ នោះគឺជារឿងឈឺចាប់ខ្លាំងណាស់។ យើងពុំចាំបាច់គិតដល់ថាតើមនុស្សប្រព្រឹត្តដាក់ទ្រង់បានល្អឬអត់ ឬថាទ្រង់មានកន្លែងដើម្បីដាក់ព្រះសិរផ្ទុំឬអត់នោះទេ ហើយសូម្បីតែសាច់ឈាមរបស់ទ្រង់ពុំរងទុក្ខខាងផ្លូវកាយច្រើនក៏ដោយ ក៏ការរស់នៅជាមនុស្សនេះ គឺជារឿងឈឺចាប់សម្រាប់ព្រះជាម្ចាស់ដែរ ដោយសារពួកគេមិនមែនជាប្រភេទតែមួយ! ឧទាហរណ៍ ប្រសិនបើមនុស្សរស់នៅរាល់ថ្ងៃជាមួយសត្វជ្រូក បន្ទាប់ពីរស់នៅបានមួយរយៈ នោះនឹងកាន់វេទនាខ្លាំងមិនខាន ដោយសារពួកគេមិនមែនជាប្រភេទតែមួយ។ តើមនុស្សមានភាសារួមអ្វីដើម្បីនិយាយជាមួយជ្រូក? តើពួកគេអាចរស់នៅជាមួយគ្នាដោយគ្មានទុក្ខលំបាកបានយ៉ាងដូចម្ដេចទៅ? សូម្បីតែប្ដីនិងប្រពន្ធរស់នៅមិនចុះសម្រុងគ្នាសោះ ក៏ពួកគេយល់ថា រស់នៅជាមួយគ្នាគួរឱ្យស្អប់ដែរ។ រយៈពេលសាមសិបបីឆ្នាំកន្លះរបស់ព្រះជាម្ចាស់នៅលើផែនដីជាសាច់ឈាម គឺពិតជារឿងដ៏គួរឱ្យឈឺចាប់ ហើយគ្មាននរណាម្នាក់អាចយល់ពីព្រះអង្គឡើយ។ មនុស្សថែមទាំងគិតថា «ព្រះជាម្ចាស់នៅខាងសាច់ឈាម អាចធ្វើអ្វី និងមានបន្ទូលអ្វីទៅតាមព្រះអង្គសព្វព្រះទ័យ ហើយព្រះអង្គមានមនុស្សជាច្រើនដើរតាមទ្រង់។ តើទ្រង់មានការរងទុក្ខអ្វីទៅ? ទ្រង់គ្រាន់តែគ្មានកន្លែងដាក់ព្រះសិរផ្ទុំ ហើយសាច់ឈាមរបស់ទ្រង់បានរងការឈឺចាប់ និងទុក្ខលំបាកបន្តិចបន្ដួចប៉ុណ្ណោះ។ ស្ដាប់ទៅដូចមិនសូវឈឺចាប់ខ្លាំងណាស់ណានោះទេ!» ពិតណាស់ ការឈឺចាប់ទាំងនេះ គឺជារឿងដែលមនុស្សអាចទទួលយក និងអាចស៊ូទ្រាំបាន ហើយព្រះជាម្ចាស់នៅខាងសាច់ឈាម ក៏អាចធ្វើបានដែរ។ ព្រះអង្គក៏អាចស៊ូទ្រាំនឹងរឿងនេះបានដែរ ហើយវាមិនមែនជាការរងទុក្ខធំដុំអ្វីសម្រាប់ទ្រង់ឡើយ។ ការរងទុក្ខភាគច្រើនដែលព្រះអង្គឆ្លងកាត់ គឺជាការរស់នៅជាមួយមនុស្សជាតិដែលពុករលួយដល់ឆ្អឺង ទទួលរងការប្រមាថ ការជេរប្រទេច ការវិនិច្ឆ័យ និងការថ្កោលទោសពីមនុស្សគ្រប់ប្រភេទ ក៏ដូចជាត្រូវពួកអារក្សដេញតាម និងត្រូវពិភពខាងសាសនាបដិសេធនិងប្រឆាំង ដោយបង្កើតជារបួសស្នាមខាងព្រលឹង ដែលគ្មាននរណាអាចប៉ះប៉ូវបានឡើយ។ នេះគឺជារឿងឈឺចាប់ខ្លាំងណាស់។ ព្រះអង្គសង្គ្រោះមនុស្សជាតិដោយមានការអត់ធ្មត់ជាខ្លាំង ព្រះអង្គស្រឡាញ់មនុស្សទោះទ្រង់មានរបួសស្នាមបែបណាក៏ដោយ ហើយនេះ គឺជាកិច្ចការដ៏សែនឈឺចាប់បំផុត។ ការទាស់ទទឹងដ៏ឃោរឃៅ ការថ្កោលទោស និងការមួលបង្កាច់ ការចោទប្រកាន់ទាំងខុស ការបៀតបៀន និងការដេញតាម និងការកាប់សម្លាប់របស់មនុស្សជាតិ បានធ្វើឱ្យសាច់ឈាមរបស់ព្រះជាម្ចាស់បំពេញកិច្ចការដែលមានគ្រោះថ្នាក់ចំពោះអង្គទ្រង់ខ្លាំងបំផុត។ តើនរណាអាចយល់ពីទ្រង់បាន នៅពេលទ្រង់បានរងការឈឺចាប់ទាំងនេះ ហើយតើនរណាអាចលួងលោមទ្រង់បាន? មនុស្សមានសេចក្ដីក្លៀវក្លាតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពួកគេប្រហែលជានៅរអ៊ូរទាំ ឬប្រព្រឹត្តដាក់ទ្រង់ដោយអកម្មនិងមិនយកចិត្តទុកដាក់ដដែល។ តើទ្រង់មិនរងទុក្ខដោយសាររឿងនេះយ៉ាងដូចម្ដេចកើតទៅ? នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះអង្គមានការឈឺចាប់ជាខ្លាំង។ តើភាពសុកស្រួលខាងសម្ភារៈបន្តិចបន្ដួច អាចសងគ្រោះថ្នាក់ដែលមនុស្សជាតិបានធ្វើដាក់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកគិតថា ការហូបនិងការស្លៀកពាក់ស្អាតបាត គឺជាសេចក្ដីសុខមែនទេ? ទស្សនៈនេះ គឺពិតជាគួរឱ្យអស់សំណើចណាស់! ព្រះអម្ចាស់យេស៊ូវទើបមានសេរីភាព នៅក្រោយពេលដែលទ្រង់បំពេញកិច្ចការនៅលើផែនដីនេះ និងបានរស់នៅអស់ពេលសាមសិបបីឆ្នាំកន្លះប៉ុណ្ណោះ ដោយត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញពីសេចក្ដីស្លាប់ ហើយក្រោយមក លេចមកក្នុងចំណោមមនុស្សជាតិរយៈពេលសែសិបថ្ងៃ ដោយបញ្ចប់ពេលវេលានៃការឈឺចាប់រាប់ឆ្នាំរស់នៅក្នុងចំណោមមនុស្សជាតិ។ ប៉ុន្តែ ព្រះទ័យរបស់ព្រះជាម្ចាស់ គឺនៅតែមានការឈឺចាប់ដូចមុនដដែល ដែលកើតចេញការព្រួយព្រះទ័យចំពោះទិសដៅរបស់មនុស្ស។ ការឈឺចាប់នេះ គ្មាននរណាម្នាក់អាចយល់បាន ឬអាចស៊ូទ្រាំបានឡើយ។ ព្រះអម្ចាស់យេស៊ូវត្រូវបានគេឆ្កាង ដើម្បីទទួលយកអំពើបាបរបស់មនុស្សទាំងអស់ ដើម្បីឱ្យមនុស្សជាតិនឹងមានមូលដ្ឋានគ្រឹះនៃសេចក្ដីសង្គ្រោះ។ ព្រះអង្គប្រោសលោះមនុស្សជាតិពីក្នុងដៃរបស់សាតាំងដោយការឱ្យគេឆ្កាងទ្រង់ ហើយព្រះអង្គបានបញ្ចប់ការរស់នៅដោយឈឺចាប់នៅក្នុងលោកីយ៍នេះ បន្ទាប់ពីព្រះអង្គបានបញ្ចប់កិច្ចការនៃការប្រោសលោះរបស់ទ្រង់ទាំងស្រុង។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ ព្រះអង្គពុំបានពន្យារពេលសូម្បីតែមួយថ្ងៃណាឡើយ។ ព្រះអង្គលេចមកចំពោះមនុស្ស ដើម្បីឱ្យមនុស្សគ្រប់គ្នានឹងបានដឹងថា ព្រះជាម្ចាស់ពិតជាបានបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិរួចហើយ និងបានបញ្ចប់ផែនការរបស់ទ្រង់នៅខាងសាច់ឈាមនេះហើយ។ ព្រះអង្គនឹងមិនយាងចាកចេញទៅឡើយ ឱ្យតែកិច្ចការរបស់ទ្រង់នៅមិនទាន់បញ្ចប់តែបន្តិចនោះ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវតែងមានបន្ទូលថា៖ «ពេលវេលារបស់ខ្ញុំ មិនទាន់បានមកដល់ទេ»។ ការដែលពេលវេលារបស់ទ្រង់មិនទាន់បានមកដល់ គឺមានន័យថា កិច្ចការរបស់ទ្រង់មិនទាន់បានឈានដល់ពេលវេលាកំណត់នៅឡើយ។ នោះគឺចង់បានន័យថា កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម គឺមិនមែនគ្រាន់តែជាការធ្វើដំណើរ និងការដើរពីកន្លែងមួយទៅកន្លែងមួយ ថ្លែងព្រះបន្ទូល ពិនិត្យមើលពីជីវិតពួកជំនុំ និងមានបន្ធូលពីគ្រប់យ៉ាងដែលត្រូវការមានបន្ទូល ដូចអ្វីដែលមនុស្សស្រមៃឡើយ។ បន្ទាប់ពីព្រះជាម្ចាស់នៅខាងសាច់ឈាមបានបញ្ចប់កិច្ចការរបស់ទ្រង់ និងបានថ្លែងបន្ទូលអំពីរឿងទាំងនេះហើយ ព្រះអង្គនៅត្រូវរង់ចាំលទ្ធផលចុងក្រោយ ហើយចាំមើលផលចុងក្រោយដែលនឹងត្រូវសម្រេចបានតាមរយៈព្រះបន្ទូលរបស់ទ្រង់ និងទតមើលថាតើសេចក្ដីសង្គ្រោះមនុស្សជាតិ នឹងមានលក្ខណៈបែបណា។ តើនេះមិនមែនជារឿងធម្មតាទេឬអី? តើព្រះអង្គនឹងបោះបង់កិច្ចការរបស់ទ្រង់ចោល បន្ទាប់ពីបានលះបង់តម្លៃដ៏ច្រើនបែបនេះយ៉ាងដូចម្ដេចកើតទៅ? ព្រះអង្គត្រូវបន្តតស៊ូរហូតដល់ទីចុងបញ្ចប់ ហើយទាល់តែពេលដែលបានផល ទើបទ្រង់នឹងបានធូរស្បើយព្រះទ័យ ដើម្បីបន្តទៅបំពេញកិច្ចការនៅជំហានបន្ទាប់ទៀត។ កិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់ គឺជារឿងពិសេសណាស់ ដែលមានតែព្រះអង្គផ្ទាល់ប៉ុណ្ណោះដែលអាចធ្វើបាន។ ថាតើមនុស្សជាតិ និងអ្នកដែលដើរតាមទ្រង់ ចុងក្រោយនឹងក្លាយជាមនុស្សបែបណា ថាតើអ្នកដែលបានសង្គ្រោះ ចុងក្រោយនឹងក្លាយទៅជាមនុស្សបែបណា ថាតើមានមនុស្សប៉ុន្មាននាក់ដែលស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ ថាតើមានមនុស្សប៉ុន្មាននាក់ដែលស្រឡាញ់ទ្រង់ពិតប្រាកដ ថាតើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់ទ្រង់ពិតប្រាកដ ថាតើមានមនុស្សប៉ុន្មានដែលលះបង់ខ្លួនដើម្បីទ្រង់ និងថាតើមានមនុស្សប៉ុន្មានដែលថ្វាយបង្គំទ្រង់ពិតប្រាកដ ... គ្រប់សំណួរទាំងអស់នេះ ត្រូវតែមានចម្លើយមួយ។ គឺមិនមែនដូចមនុស្សស្រមៃថា «នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីបញ្ចប់ នោះព្រះអង្គគួរត្រេកអរនឹងអង្គទ្រង់។ ព្រះអង្គគួរមានព្រះទ័យរីករាយ!» បែបនេះឡើយ។ ចូរដឹងពីសេចក្ដីនេះចុះ៖ នេះមិនមែនជារឿងរីករាយនោះទេ តែជារឿងឈឺចាប់! មនុស្សខ្លះពុំយល់ ហើយគិតថា៖ «ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់នៅខាងសាច់ឈាម ហើយពុំថ្លែងព្រះបន្ទូលទៀត តើនោះមានន័យថា ព្រះវិញ្ញាណរបស់ទ្រង់បានយាងចាកចេញទៅហើយមែនទេ?» ពួកគេចាប់ផ្ដើមសង្ស័យព្រះជាម្ចាស់ចំពោះរឿងនេះ។ ក៏មានមនុស្សមួយចំនួនដែលនិយាយថា៖ «បន្ទាប់ពីព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅខាងសាច់ឈាម ហើយបញ្ចប់ការថ្លែងព្រះបន្ទូលរបស់ទ្រង់ តើទ្រង់ពិតជាត្រូវរង់ចាំមែនឬ?» ទ្រង់ពិតជាត្រូវរង់ចាំមែន។ កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម មានទំហំជាក់លាក់។ គឺមិនដូចជាអ្វីដែលមនុស្សស្រមៃថា កិច្ចការនោះត្រូវបញ្ចប់និងចប់សព្វគ្រប់ នៅពេលដែលកិច្ចការនោះត្រូវបញ្ចប់ ហើយព្រះវិញ្ញាណបរិសុទ្ធចេះតែធ្វើកិច្ចការនោះទៅទេ។ រឿងគឺមិនមែនបែបនោះឡើយ។ មានរឿងមួយចំនួនដែលតម្រូវឱ្យសាច់ឈាមដឹកនាំ និងដោះស្រាយដោយផ្ទាល់។ គ្មាននរណាម្នាក់អាចរាប់រងកិច្ចការទាំងនេះបានទេ ហើយនេះក៏ជាមូលហេតុដែលកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមសំខាន់ខ្លាំងបំផុតនោះ។ តើអ្នកយល់ដែរឬទេ? កាលពីអតីតកាល ខ្ញុំបាននិយាយទៅកាន់មនុស្សទាំងកំហឹងថា៖ «ការចុះសម្រុងគ្នាជាមួយនឹងអ្នករាល់គ្នា គឺវេទនាខ្លាំងណាស់» មានមនុស្សខ្លះក៏ឆ្លើយថា៖ «ប្រសិនបើទ្រង់មិនចង់នៅជាមួយពួកយើងទេ ហេតុអ្វីបានជាទ្រង់រង់ចាំនៅទីនេះ?» នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ! តើព្រះជាម្ចាស់អាចស៊ូទ្រាំមកទល់នឹងពេលនេះបាន ដោយគ្មានសេចក្ដីស្រឡាញ់កើតទេ? ពេលខ្លះ ព្រះអង្គខ្ញាល់ និងមានបន្ទូលខ្លាំងៗ ប៉ុន្តែ ព្រះអង្គពុំបំពេញកិច្ចការតិចជាងមុនឡើយ។ ព្រះអង្គពុំបានខកខានជំហានណាមួយឡើយ។ ព្រះអង្គនឹងមិនឈប់បំពេញកិច្ចការណាដែលគួរតែធ្វើ ហើយមិនឈប់ថ្លែងព្រះបន្ទូលណាដែលគួរថ្លែងនោះទេ។ ព្រះអង្គបំពេញកិច្ចការណាដែលត្រូវបំពេញ ហើយថ្លែងព្រះបន្ទូលណាដែលត្រូវថ្លែង។ មនុស្សខ្លះនិយាយថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលនៅពេលនេះតិចជាងទ្រង់មានបន្ទូលកាលពីមុន?» ដោយសារជំហាននៃកិច្ចការទាំងនោះបានបញ្ចប់ហើយ ហើយជំហានចុងក្រោយ គឺត្រូវរង់ចាំ។ ខ្ញុំគ្រាន់តែធ្វើកិច្ចការនៃការណែនាំប៉ុណ្ណោះ ហើយខ្ញុំត្រូវតែខ្វាយខ្វល់ធ្វើរឿងគ្រប់យ៉ាងដែលអាចធ្វើបាន។ ហេតុអ្វីបានជានៅក្នុងដំណាក់កាលចុងក្រោយនេះ ខ្ញុំតែងមានស្ថានភាពសុខភាពមិនល្អ? អ្នកដឹងឬអត់ នេះក៏ជារឿងដែលមានអត្ថន័យផងដែរ។ នេះគឺដោយសារខ្ញុំមានបំណងប្រាថ្នាចង់ទទួលយកជំងឺ និងការឈឺចាប់ខ្លះរបស់មនុស្សជាតិ។ ព្រះជាម្ចាស់នៅខាងសាច់ឈាម ប្រហែលអាចដកពិសោធន៍ជំងឺនិងការឈឺចាប់ខ្លះ ប៉ុន្តែអ្វីទាំងអស់នេះ កើតមានតាមដំណាក់ៗ។ កិច្ចការដែលពុំចាំបាច់ត្រូវធ្វើទេ គឺត្រូវកំណត់ដោយជំងឺនៃសាច់ឈាមនេះ ហើយកិច្ចការនេះមិនអាចបំពេញបានឡើយ ហើយបន្ទាប់មក សាច់ឈាមត្រូវតែរងទុក្ខបន្តិច នៅពេលដែលពេលវេលានោះចូលមកដល់។ ព្រះអង្គតែងចង់មានបន្ទូលជាមួយមនុស្សជាតិឱ្យបានច្រើនដោយគ្មានការរឹតត្បិតអ្វីច្រើនឡើយ និងប្រទានជំនួយដល់ពួកគេឱ្យបានច្រើន ដោយសារព្រះអង្គកំពុងបំពេញកិច្ចការនៃការសង្គ្រោះ។ អ្វីដែលកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមបានបើកសម្ដែងតាំងពីដើមរហូតដល់ទីបញ្ចប់ គឺសុទ្ធតែជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទាំងអស់។ សារជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺសេចក្ដីស្រឡាញ់ ហើយព្រះអង្គប្រទានគ្រប់យ៉ាង និងគ្រប់ទាំងកម្មសិទ្ធិរបស់ទ្រង់ដល់មនុស្សជាតិ។

សិសិររដូវ ឆ្នាំ១៩៩៩

ខាង​ដើម៖ តើអ្នកដឹងពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែរឬទេ?

បន្ទាប់៖ ប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់ នោះអ្នកនឹងអាចទទួលបានសេចក្តីពិត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ