សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)

លទ្ធផលចង់បានអំពីកិច្ចការនៃការយកឈ្នះ សំខាន់គឺ ដើម្បីឱ្យសាច់ឈាមរបស់មនុស្សលែងធ្វើការបះបោរទៀត ពោលគឺដើម្បីឱ្យគំនិតរបស់មនុស្សទទួលបាន​ចំណេះដឹងថ្មីអំពីព្រះជាម្ចាស់ ដើម្បីឱ្យ​ចិត្ដរបស់មនុស្សបានចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុង​ និងដើម្បីឱ្យមនុស្សមានចិត្ដប្រាថ្នាចង់ធ្វើអ្វីថ្វាយព្រះជាម្ចាស់។ មនុស្សមិនបានរាប់ថាត្រូវបានយកឈ្នះ នៅពេលដែលចរិតដើម ឬសាច់ឈាមរបស់ពួកគេបានផ្លាស់ប្ដូរទេ ហើយនៅពេលដែលការគិត មនសិការ និងញាណរបស់មនុស្សផ្លាស់ប្ដូរ ពោលគឺនៅពេលដែលអាកប្បកិរិយាផ្នែកចិត្ដគំនិតរបស់អ្នកផ្លាស់ប្ដូរ នោះគឺជាពេលដែលព្រះជាម្ចាស់បានយកឈ្នះលើអ្នកហើយ។ នៅពេលដែលអ្នកបានតាំងចិត្ដចុះចូល និងបានទទួលយកនូវចិត្ដគំនិតថ្មី នៅពេលដែលអ្នកលែងនាំយកនូវសញ្ញាណ ឬចេតនាផ្ទាល់ខ្លួនចំពោះព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់តទៅទៀតហើយនៅពេលដែលខួរក្បាលរបស់អ្នកអាចគិតបានជាធម្មតា ពោលគឺនៅពេលដែលអ្នកអាចថ្វាយខ្លួនឯងសម្រាប់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ដ នោះអ្នកជាប្រភេទមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះទាំងស្រុងហើយ។ នៅក្នុងសាសនា មនុស្សជាច្រើនរងទុក្ខយ៉ាងខ្លាំងពេញមួយជីវិតរបស់ពួកគេ៖ ពួកគេលត់ដំរូបកាយរបស់ខ្លួន និងផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយពួកគេថែមទាំងបន្ដរងទុក្ខ ព្រមទាំងស៊ូទ្រាំនៅពេលដែលពួកគេហៀបនឹងស្លាប់! មនុស្សមួយចំនួននៅតែធ្វើការតមអាហារនៅថ្ងៃនៃសេចក្ដីស្លាប់របស់ខ្លួនចូលមកដល់។ ពួកគេបានបដិសេធខ្លួនឯងពេញមួយជីវិត គឺបដិសេធនូវម្ហូបអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ ដោយផ្ដោតលើការរងទុក្ខតែប៉ុណ្ណោះ។ ពួកគេអាចលត់ដំរូបកាយរបស់ខ្លួន និងអាចបះបោរទាស់នឹងសាច់ឈាមរបស់គេបាន។ ស្មារតីសម្រាប់ការស៊ូទ្រាំរបស់ពួកគេ ពិតជាគួរឱ្យសរសើរ។ ប៉ុន្ដែការគិត សញ្ញាណ និងឥរិយាបថផ្នែកចិត្ដគំនិត ព្រមទាំងធម្មជាតិដើមរបស់ពួកគេមិនទាន់ត្រូវបានលួសកាត់ សូម្បីតែបន្ដិច​ណា​ឡើយ។ ពួកគេខ្វះនូវចំណេះដឹង ដ៏ពិតប្រាកដអំពីខ្លួនឯង។ រូបភាពនៅក្នុងចិត្តរបស់ពួកគេអំពីព្រះជាម្ចាស់គឺទ្រង់ជាព្រះពីបុរាណ ជាព្រះដ៏ស្រពេចស្រពិល។ ការតាំងចិត្ដរបស់គេក្នុងការរងទុក្ខសម្រាប់ព្រះជាម្ចាស់កើតចេញពីការខ្នះខ្នែង និងចរិតលក្ខណៈល្អ​នៃ​ភាព​ជាមនុស្សរបស់ពួកគេ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក្ដី ក៏ពួកគេមិនយល់ពីទ្រង់ និងមិនដឹងពីព្រះរាជបំណង​របស់ទ្រង់ដែរ។ ពួកគេគ្រាន់​តែធ្វើការ ​និងរងទុក្ខសម្រាប់ព្រះជាម្ចាស់ទាំងងងឹតងងល់ប៉ុណ្ណោះ។ ពួកគេមិនឱ្យតម្លៃទៅលើ​ការយល់ដឹងទាល់តែសោះ ពួកគេមិនសូវខ្វល់ខ្វាយ​​ថាត្រូវធ្វើដូចម្ដេច​ដើម្បីធានា​ថា ការបម្រើរបស់ពួកគេពិតជាបានបំពេញតាមព្រះរាជបំណង​របស់ព្រះជាម្ចាស់មែននោះ ហើយពួកគេក៏មិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បីទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ដែលពួកគេបម្រើ មិនមែនជាព្រះនៅក្នុងរូបអង្គពីដើមរបស់ទ្រង់ឡើយ ប៉ុន្ដែជាព្រះដែលពួកគេបានស្រមើស្រម៉ៃ ជាព្រះដែលពួកគេបានត្រឹមតែឮ ឬត្រឹមតែបានអាននៅក្នុងសំណេររឿងព្រេងតែប៉ុណ្ណោះ។ បន្ទាប់មក ពួកគេក៏ប្រើប្រាស់ការស្រមើស្រមៃចេញជារូបរាង និងជំនឿស៊ប់ ដើម្បីរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យធ្វើ។ ការបម្រើរបស់ពួកគេគឺមិនជាក់លាក់សោះឡើយ ជាក់ស្ដែង គឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចបម្រើស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់បានពិតប្រាកដឡើយ។ មិនថាពួកគេរងទុក្ខវេទនាដោយអំណរយ៉ាងណា ការយល់ឃើញរបស់ពួកគេកាលពីមុនចំពោះការបម្រើ និងចិត្ដគំនិតរបស់ពួកគេអំពីព្រះជាម្ចាស់ គឺនៅតែដដែល ដ្បិតពួកគេមិនបានឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការបន្សុទ្ធ និងការប្រទានឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនមាននរណាបានណែនាំពួកគេឱ្យប្រើប្រាស់សេចក្ដីពិតដែរ។ សូម្បីតែពេលដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្លាប់បានឃើញព្រះសង្គ្រោះដែរ។ ពួកគេបានត្រឹមតែស្គាល់ទ្រង់តាមរយៈការនិទានប្រាប់ និងការឮតៗគ្នាតែប៉ុណ្ណោះ។ ជាលទ្ធផល ការបម្រើរបស់ពួកគេ គ្មានអ្វីក្រៅពីការបម្រើដែលគ្មានរបៀបរៀបរយ ធ្វើទាំងបិទភ្នែកដូចជាមនុស្សខ្វាក់បម្រើឪពុកឡើយ។ តើការបម្រើបែបនេះអាចទទួលបានអ្វី? ហើយតើនរណាយល់ព្រមឱ្យធ្វើវា? ចាប់តាំងពីដើមដំបូងរហូតមកដល់ចុងបំផុត ការបម្រើរបស់ពួកគេនៅតែដដែលជារហូតមក។ ពួកគេទទួលតែមេរៀនដែលមនុស្សបានរៀបចំ ហើយយកការបម្រើរបស់ពួកគេដោយផ្អែកលើលក្ខណៈធម្មជាតិរបស់គេ និងធ្វើតាមការពេញចិត្ដរបស់ខ្លួនតែប៉ុណ្ណោះ។ តើការធ្វើបែបនេះ អាចនាំឱ្យមានរង្វាន់អ្វីដែរ? សូម្បីតែពេត្រុសដែលជាអ្នកបានឃើញព្រះយេស៊ូវគ្រីស្ទ ក៏មិនបានដឹងពីរបៀបបម្រើដែលស្របតាមព្រះរាជបំណង​របស់ព្រះជាម្ចាស់ដែរ គឺលោកបានដឹងអំពីការនេះក្នុងពេលចុងក្រោយ នៅពេលដែលលោកមានវ័យចំណាស់ទៅហើយ។ តើសេចក្ដីនេះបាននិយាយអ្វីខ្លះអំពីមនុស្សខ្វាក់ទាំងនោះ ដែលមិនមានបទពិសោធន៍ក្នុងការលួសកាត់សូម្បីតែបន្ដិច និងអស់អ្នកដែលមិនមាននរណាដឹកនាំនោះ? តើការបម្រើរបស់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នានាពេលនេះ មិនដូចជាមនុស្សខ្វាក់ទាំងនោះទេឬអី? មនុស្សអស់ទាំងនោះដែលមិនបានទទួលការជំនុំជម្រះ មិនបានទទួលការលួសកាត់​ និងអស់អ្នកដែលមិនមានការផ្លាស់ប្ដូរ តើពួកគេមិនត្រូវបានយកឈ្នះទាំងស្រុងទេឬ? តើមនុស្សបែបនេះមានប្រយោជន៍អ្វី? ប្រសិនបើការគិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ បង្ហាញពីការមិនមានការផ្លាស់ប្ដូរ ហើយអ្នកមិនទទួលបានអ្វីទាំងអស់ នោះអ្នកនឹងមិនទទួលបានអ្វីគួរឱ្យកត់សម្គាល់នៅក្នុងការបម្រើរបស់អ្នកឡើយ! បើគ្មាននិមិត្ដ និងចំណេះដឹងថ្មីអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងមិនទទួលបានការយកឈ្នះឡើយ។ វិធីរបស់អ្នកក្នុងការដើរតាមព្រះជាម្ចាស់នឹងដូចជាមនុស្សដែលរងទុក្ខ និងតមអាហារ៖ គឺមានតម្លៃតិចណាស់! វាច្បាស់ណាស់ ដ្បិតមានទីបន្ទាល់តិចតួចប៉ុណ្ណោះនៅក្នុងអ្វីដែលគេធ្វើ បានជាខ្ញុំមានបន្ទូលថាការបម្រើរបស់គេ គឺឥតប្រយោជន៍សោះឡើយ! ពេញមួយជីវិតរបស់ពួកគេ មនុស្សទាំងនោះរងទុក្ខលំបាក និងចំណាយពេលនៅក្នុងមន្ទីរឃុំឃាំង។ ពួកគេប្រឹងអត់ទ្រាំជានិច្ច ស្រលាញ់ជានិច្ច ហើយពួកគេផ្ទុកឈើឆ្កាងជានិច្ច ពួកគេត្រូវបានលោកិយមើលងាយ និងបដិសេធ ពួកគេជួបប្រទះការលំបាកគ្រប់យ៉ាង ហើយទោះបីជាពួកគេស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ក៏ដោយ ក៏ពួកគេនៅតែមិនត្រូវបានយកឈ្នះដែរ ព្រមទាំងមិនអាចធ្វើទីបន្ទាល់អំពីការដែលត្រូវបានយកឈ្នះឡើយ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅខាងក្នុងវិញ ពួកគេមិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ គ្មានគំនិត សញ្ញាណចាស់ៗ ការបដិបត្តិខាងសាសនា ចំណេះដឹងដែលមនុស្សបង្កើត និងគំនិតរបស់មនុស្ស​ដែលត្រូវបានលួសកាត់​ឡើយ។ គ្មានតម្រុយអំពីគំនិតថ្មីនៅក្នុងពួកគេឡើយ សូម្បីតែបន្ដិច។ គ្មានចំណេះដឹងណាមួយរបស់ពួកគេស្ដីពីព្រះជាម្ចាស់ដែលពិត និងសុក្រឹតនោះឡើយ។ ពួកគេបានយល់ច្រឡំពីព្រះរាជបំណង​របស់ព្រះជាម្ចាស់។ តើការនេះបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? មិនថាចំណេះដឹងរបស់អ្នកកាលពីមុន ស្ដីពីព្រះជាម្ចាស់បែបណានោះទេ ប្រសិនបើថ្ងៃនេះនៅតែដដែល ហើយអ្នកនៅតែបន្ដយកចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ទៅធ្វើជាមូលដ្ឋាន តាមសញ្ញាណ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក ដោយមិនខ្វល់ថាព្រះជាម្ចាស់ធ្វើអ្វីនោះ ពោលគឺ ប្រសិនបើអ្នកមិនមានចំណេះដឹងថ្មី និងពិតប្រាកដ ហើយបើសិនជាអ្នកមិនអាចដឹងអំពីរូបអង្គ និងនិស្ស័យពិតរបស់ព្រះជាម្ចាស់ទេនោះ ប្រសិនបើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅតែទទួលការដឹកមុខពីគំនិតបែបសក្ដិភូមិ និងបែបអបិយជំនឿ ហើយនៅតែកើតឡើងពីការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្ស នោះអ្នកមិនទាន់ត្រូវបានយកឈ្នះឡើយ។ គ្រប់ទាំងព្រះបន្ទូលជាច្រើនដែលខ្ញុំបានថ្លែងទៅកាន់អ្នកឥឡូវនេះ គឺដើម្បីឱ្យអ្នកដឹង មានចំណេះដឹងនេះដើម្បីដឹកនាំអ្នកទៅកាន់ចំណេះដឹងដែលថ្មីជាងមុន និងមានភាពសុក្រឹតផង។ ព្រះបន្ទូលទាំងនេះ ក៏​ដើម្បីលួសកាត់សញ្ញាណចាស់ៗ និងចំណេះដឹងចាស់ៗនៅក្នុងខ្លួនអ្នក ដើម្បីឱ្យអ្នកអាចមានចំណេះដឹងថ្មីផងដែរ។ ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ នោះចំណេះដឹងរបស់អ្នកនឹងផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ដរាបណាដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយដួងចិត្ដដែលចុះចូល នោះការយល់ឃើញរបស់អ្នក នឹងមានលក្ខណៈខុសពីមុនស្រឡះ។ ដរាបណាអ្នកអាចទទួលយកនូវការវាយផ្ចាលម្ដងហើយម្ដងទៀតបាន នោះចិត្ដគំនិតចាស់របស់អ្នកនឹងផ្លាស់ប្រែជាបន្ដបន្ទាប់។ ដរាបណាចិត្ដគំនិតបស់អ្នកត្រូវបានជំនួសដោយអ្វីដែលថ្មី នោះការប្រព្រឹត្តរបស់អ្នកក៏នឹងផ្លាស់ប្ដូរតាមនោះដែរ។ តាមវិធីនេះ ការបម្រើរបស់អ្នកនឹងកាន់តែឆាប់ដល់គោលដៅ គឺកាន់តែអាចបំពេញតាមព្រះរាជបំណង​របស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិតមនុស្ស និងសញ្ញាណរបស់អ្នកអំពីព្រះជាម្ចាស់ នោះលក្ខណៈធម្មជាតិរបស់អ្នកក៏នឹងថមថយបន្ដិចម្ដងៗដែរ។ នេះគឺជាលទ្ធផលទទួលបាននៅពេលដែលព្រះជាម្ចាស់យកឈ្នះលើមនុស្ស វាជាការផ្លាស់ប្ដូរដែលកើតឡើងចំពោះមនុស្ស ហើយគ្មានអ្វីក្រៅពីនេះឡើយ។ នៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ប្រសិនបើអ្វីទាំងអស់ដែលអ្នកដឹងគឺជាការលត់ដំរូបកាយ ការស៊ូទ្រាំ និងការរងទុក្ខ ហើយអ្នកមិនដឹងថាតើវាជាការត្រឹមត្រូវ ឬមិនត្រឹមត្រូវ រឹតតែមិនដឹងថាតើការនេះធ្វើដើម្បីជាប្រយោជន៍របស់នរណា នោះតើឱ្យការអនុវត្ដន៍បែបនេះដឹកនាំទៅរកការផ្លាស់ប្ដូរម្ដេចបាន?

ត្រូវយល់ថា អ្វីដែលខ្ញុំសុំពីអ្នករាល់គ្នា គឺមិនមែនសម្រាប់ឱ្យអ្នករាល់គ្នាចងសាច់ឈាមរបស់ខ្លួនឱ្យនៅជាប់នឹងចំណង ឬបញ្ឈប់ខួរក្បាលរបស់អ្នករាល់គ្នាមិនឱ្យគិតដល់គំនិតផ្សេងៗតាមតែអំពើចិត្ដនោះឡើយ។ នេះមិនមែនជាគោលដៅនៃកិច្ចការទេ ហើយក៏មិនមែនជាកិច្ចការដែលត្រូវបង្ហើយនៅពេលនេះដែរ។ ពេលនេះអ្នករាល់គ្នាត្រូវតែមានចំណេះដឹងដែលកើតឡើងពីចំណុចវិជ្ជមាន ដើម្បីឱ្យអ្នកអាចផ្លាស់ប្ដូរខ្លួនឯងបាន។ សកម្មភាពដែលចាំបាច់បំផុតគឺថា អ្នកត្រូវបំពាក់បំប៉នខ្លួនឯងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យថា ត្រូវបំពាក់បំប៉នខ្លួនឯងពេញលេញជាមួយនឹងសេចក្ដីពិត និងនិមិត្តពេលបច្ចុប្បន្ន ហើយបន្ទាប់មកត្រូវចេញទៅ និងយកវាទៅអនុវត្ដចុះ។ នេះជាទំនួលខុសត្រូវរបស់អ្នករាល់គ្នា។ ខ្ញុំមិនបានសុំឱ្យអ្នករាល់គ្នាស្វែងរក និងទទួលបានការបំភ្លឺច្រើនជាងនេះទេ។ បច្ចុប្បន្ន អ្នករាល់គ្នាមិនមានកម្ពស់សម្រាប់ការនេះឡើយ។ អ្វីដែលតម្រូវឱ្យអ្នករាល់គ្នាមាននោះ គឺត្រូវធ្វើគ្រប់យ៉ាងតាមតែអាចធ្វើបាន ដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវតែយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងស្គាល់ពីធម្មជាតិរបស់អ្នករាល់គ្នា សារជាតិរបស់អ្នករាល់គ្នា និងស្គាល់ពីជីវិតចាស់របស់អ្នករាល់គ្នាផង។ ជាពិសេស អ្នកត្រូវតែដឹងពីការអនុវត្ដន៍ខុសឆ្គងកាលពីមុន និងការប្រព្រឹត្តរបស់មនុស្សដែលអ្នកបានចូលរួមជាមួយ។ ដើម្បីផ្លាស់ប្ដូរ អ្នកត្រូវតែចាប់ផ្ដើមដោយការផ្លាស់ប្ដូរការគិតរបស់អ្នក។ ដំបូងឡើយ ចូរជំនួសការគិតចាស់គំរិលរបស់អ្នកដោយគំនិតថ្មី និងអនុញ្ញាតឱ្យគំនិតថ្មីរបស់អ្នករាល់គ្នាគ្រប់គ្រងពាក្យសម្ដី និងសកម្មភាព ព្រមទាំងជីវិតរបស់អ្នករាល់គ្នាដែរ។ នេះជាអ្វីដែលតម្រូវឱ្យអ្នករាល់គ្នាធ្វើនៅថ្ងៃនេះ។ មិនត្រូវអនុវត្ដដោយងងឹតងងល់ និងដើរតាមដោយងងឹតងងល់ឡើយ។ អ្នកគួរមានមូលដ្ឋានគ្រឹះ និងគោលដៅមួយ។ មិនត្រូវបោកបញ្ឆោតខ្លួនឯងទេ។ អ្នករាល់គ្នាត្រូវដឹងថាតើសេចក្ដីជំនឿរបស់អ្នករាល់គ្នាលើព្រះអង្គគឺសម្រាប់អ្វី តើគួរទទួលបានអ្វីខ្លះពីសេចក្ដីជំនឿនេះ ហើយតើអ្នកគួរចូលទៅក្នុងអ្វីក្នុងពេលឥលូវនេះ។ វាជាការចាំបាច់ដែលអ្នកត្រូវដឹងពីការទាំងអស់នេះ។

អ្វីដែលអ្នករាល់គ្នាគួរចូលទៅក្នុងនាពេលបច្ចុប្បន្នគឺ ជាការលើកស្ទួយជីវិតរបស់អ្នករាល់គ្នា និងការបង្កើនគុណសម្បត្តិរបស់អ្នករាល់គ្នា។ លើសពីនេះ អ្នកត្រូវតែផ្លាស់ប្ដូរនូវការយល់ឃើញចាស់គំរិលរបស់អ្នករាល់គ្នាកាលពីមុន ផ្លាស់ប្ដូរការគិតរបស់អ្នក និងផ្លាស់ប្ដូរសញ្ញាណរបស់អ្នក។ ជីវិតទាំងមូលរបស់អ្នករាល់គ្នាត្រូវការស្អាងឱ្យថ្មីឡើងវិញ។ នៅពេលដែលចំណេះដឹងរបស់អ្នកស្ដីពីទង្វើរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរហើយ នៅពេលដែលមានការចេះដឹងជាថ្មីអំពីសេចក្ដីពិតនៃអ្វីៗដែលព្រះជាម្ចាស់មានព្រះបន្ទូល ហើយនៅពេលដែលចំណេះដឹងដែលនៅក្នុងអ្នកមានការលើកស្ទួយឡើង នោះជីវិតរបស់អ្នកនឹងត្រលប់ទៅជាប្រសើរវិញជាមិនខាន។ អ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ និងនិយាយចេញមកនៅពេលនេះ គឺជាក់ស្ដែងណាស់។ ទាំងនេះមិនមែនជាគោលលទ្ធិឡើយ តែជាអ្វីដែលមនុស្សត្រូវការសម្រាប់ជីវិតរបស់ពួកគេ ហើយជាអ្វីដែលខ្លួនគួរមាន។ នេះគឺជាការផ្លាស់ប្ដូរដែលកើតមកនៅក្នុងមនុស្ស ក្នុងអំឡុងពេលកិច្ចការនៃការយកឈ្នះ ជាការផ្លាស់ប្ដូរដែលគេគួរឆ្លងកាត់ ហើយវាជាលទ្ធផលក្រោយពួកគេត្រូវបានយកឈ្នះ។ នៅពេលដែលអ្នកបានផ្លាស់ប្ដូរការគិតរបស់អ្នក ដោយបានទទួលយកនូវអាកប្បកិរិយានៃចិត្ដគំនិតថ្មី បានបដិសេធសញ្ញាណ និងចេតនា ព្រមទាំងការគិតដែល​សមហេតុផលពីមុនរបស់ខ្លួន ដោយអ្នកបានបោះចោលនូវអ្វីដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងអ្នក ហើយទទួលបាននូវចំណេះដឹងថ្មីអំពីសេចក្ដីជំនឿលើព្រះជាម្ចាស់ នោះទីបន្ទាល់ដែលអ្នកបានធ្វើនឹងត្រូវបានកើនឡើង ហើយភាវៈរបស់អ្នកទាំងមូល នឹងត្រូវបានផ្លាស់ប្ដូរយ៉ាងពិតប្រាកដ។ ចំណុចទាំងអស់នេះគឺពិតជាក់ស្ដែងបំផុត មានភាពពិតប្រាកដបំផុត និងជាគ្រឹះសំខាន់បំផុតនៃអ្វីៗទាំងអស់ ពោលគឺអ្វីដែលមនុស្សមិនអាចនឹងយល់នៅក្នុងអតីតកាល និងជាអ្វីដែលពួកគេមិនអាចផ្សារភ្ជាប់បាន។ ទាំងនេះជាកិច្ចការពិតប្រាកដរបស់ព្រះវិញ្ញាណ។ តើអ្នកយល់ច្បាស់ពីព្រះគម្ពីរ កាលពីអតីតកាលយ៉ាងដូចម្ដេចដែរ? យករឿងនេះមកប្រៀបធៀបថ្ងៃនេះ អ្នកនឹងដឹង។ កាលពីមុន ចិត្ដគំនិតរបស់អ្នកលើកស្ទួយដល់ ម៉ូសេ ពេត្រុស និងប៉ុល ឬជាការថ្លែង និងទស្សនៈនៅក្នុងព្រះគម្ពីរទាំងអស់នោះ ព្រមទាំងបានដាក់នៅលើជើងទម្រផង។ ពេលនេះ ប្រសិនបើត្រូវតម្រូវឱ្យអ្នកដាក់ព្រះគម្ពីរ នៅលើជើងទម្រ តើអ្នកនឹងធ្វើទេ? អ្នកបានឃើញហើយថា ព្រះគម្ពីរមានការកត់ត្រាច្រើនពេកហើយដែលសរសេរឡើងដោយមនុស្ស ហើយថាព្រះគម្ពីរ គ្រាន់តែជាកំណត់ហេតុរបស់មនុស្ស អំពីកិច្ចការពីរដំណាក់កាលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ វាជាសៀវភៅប្រវត្ដិសាស្ដ្រមួយ។ តើវាមិនមែនមានន័យថា ចំណេះដឹងរបស់អ្នកស្ដីពីព្រះគម្ពីរនេះបានផ្លាស់ប្ដូរទេឬ? ប្រសិនបើអ្នកក្រឡេកមើលពីពង្សាវតាររបស់ព្រះយេស៊ូវដែលមានចែងនៅក្នុងគម្ពីរម៉ាថាយ នោះអ្នកនឹងពោលថា «ពង្សាវតារ របស់ព្រះយេស៊ូវបែបហ្នឹង? យ៉ាប់មែន! នេះជាពូជពង្សរបស់ យូសែបទេតើ មិនមែនព្រះយេស៊ូវទេ។ រវាងព្រះយេស៊ូវ និង យ៉ូសែប គ្មានទំនាក់ទំនងអ្វីនឹងគ្នាឡើយ»។ នៅពេលដែលអ្នកក្រឡេកមើលព្រះគម្ពីរនៅពេលឥលូវនេះ នោះចំណេះដឹងរបស់អ្នកស្ដីពីចំណុចនេះមានភាពខុសប្លែក គឺមានន័យថា ទស្សនៈរបស់អ្នកមានការផ្លាស់ប្ដូរ ហើយអ្នកបានធ្វើឱ្យចំណេះដឹងរបស់អ្នកកើនឡើងបានមួយកម្រិតទៀត គឺចេះជាងពួកអ្នកប្រាជ្ញកម្រិតខ្ពស់ខាងសាសនាទៅទៀត។ នៅពេលដែលមានបុគ្គលណាម្នាក់ ពោលថាមានអ្វីមួយនៅក្នុងពង្សាវតារនេះ អ្នកនឹងឆ្លើយតបថា «តើអ្នក​ចង់និយាយថាម៉េច? ចូរពន្យល់​ទៅ​មើល។ ព្រះយេស៊ូវ និង យ៉ូសែបមិនមានអ្វីពាក់ព័ន្ធគ្នាឡើយ។ តើអ្នកមិនដឹងទេឬ? តើព្រះយេស៊ូវអាចមានពង្សាវតារដែរឬទេ? តើព្រះយេស៊ូវអាចមានដូនតាបានយ៉ាងដូចម្ដេច? តើទ្រង់អាចក្លាយជាពូជពង្សរបស់មនុស្សដូចម្ដេចបាន? សាច់ឈាមរបស់ទ្រង់បានកើតចេញពីនាងម៉ារី វិញ្ញាណរបស់ទ្រង់គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនមែនជាវិញ្ញាណមនុស្សឡើយ។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហេតុដូចនេះ តើព្រះអង្គអាចមានពង្សាវតារបានយ៉ាងដូចម្ដេច? ក្នុងពេលដែលទ្រង់គង់នៅលើផែនដី ទ្រង់មិនមែនជាសមាជិកនៃមនុស្សជាតិទេ ដូចនេះ តើឱ្យទ្រង់មានពូជពង្សបានយ៉ាងដូចម្ដេចទៅ?» នៅពេលដែលអ្នកវិភាគពីពង្សាវតារ និងពន្យល់ពីសេចក្ដីពិតខាងក្នុងយ៉ាងច្បាស់លាស់ ដោយចែកចាយនូវអ្វីដែលអ្នកបានយល់ បុគ្គលនោះ នឹងគាំងគំនិតនិយាយមិនចេញ។ មនុស្សមួយចំនួននឹងយកព្រះគម្ពីរធ្វើជាឯកសារសំអាង ហើយសួរអ្នកថា «ព្រះយេស៊ូវមានពង្សាវតារ។ តើព្រះជាម្ចាស់របស់អ្នកនាពេលបច្ចុប្បន្ន មានពង្សាវតារដែរឬទេ?» នោះអ្នកនឹងត្រូវប្រាប់គេតាមការចេះដឹងរបស់អ្នក ដែលការចេះដឹងនេះគឺជាការពិតទាំងអស់ ហើយតាមរបៀបនេះ ចំណេះដឹងរបស់អ្នកនឹងទទួលបាននូវលទ្ធផលមួយហើយ។ នៅក្នុងសេចក្ដីពិត ព្រះយេស៊ូវមិនជាប់ពាក់ព័ន្ធនឹងយ៉ូសែបទេ រឹតតែមិនជាប់ពាក់ព័ន្ធនឹងអ័ប្រាហាំទៅទៀត ទ្រង់គ្រាន់តែប្រសូត្រនៅស្រុកអ៊ីស្រាអែលប៉ុណ្ណោះ។ យ៉ាងណាក្ដី ព្រះជាម្ចាស់មិនមែនជាជនជាតិអ៊ីស្រាអែល ឬជាសែស្រឡាយរបស់ពួកអ៊ីស្រាអែលទេ។ ការដែលបានប្រសូត្រនៅអ៊ីស្រាអែល មិនមែនមានន័យច្បាស់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ៊ីស្រាអែលតែមួយនោះទេ។ ការនេះគឺសម្រាប់តែជាប្រយោជន៍ដល់កិច្ចការរបស់ព្រះអង្គ ដែលទ្រង់ត្រូវអនុវត្ដនូវកិច្ចការនៃការយកកំណើតជាមនុស្សប៉ុណ្ណោះ។ ព្រះជាម្ចាស់គឺជាព្រះនៃរបស់សព្វសារពើដែលបានបង្កើតមកនៅលើចក្រវាលនេះ។ ព្រះអង្គគ្រាន់តែអនុវត្ដនូវដំណាក់កាលមួយនៃកិច្ចការរបស់ព្រះអង្គនៅក្នុងទឹកដីអីស្រាអែលមុនគេប៉ុណ្ណោះ បន្ទាប់មក ទ្រង់ក៏បានចាប់ផ្ដើមធ្វើការនៅក្នុងចំណោមពួកជាតិសាសន៍ដទៃ។ យ៉ាងណាក្ដី មនុស្សបានចាត់ទុកព្រះយេស៊ូវជាព្រះរបស់ពួកអ៊ីស្រាអែល ហើយលើសពីនេះទៅទៀត ពួកគេក៏បានទុកព្រះអង្គនៅក្នុងចំណោមជាតិសាសន៍អ៊ីស្រាអែល និងក្នុងចំណោមពូជពង្សរបស់ស្ដេចដាវីឌដែរ។ ព្រះគម្ពីរបានចែងថា នៅគ្រាចុងក្រោយ ព្រះនាមព្រះយេហូវ៉ានឹងក្លាយជានាមដ៏អស្ចារ្យក្នុងចំណោមសាសន៍ដទៃ គឺមានន័យថា ព្រះជាម្ចាស់នឹងធ្វើការក្នុងចំណោមសាសន៍ដទៃ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ការដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅស្រុកយូដា មិនមែនបង្ហាញថា ព្រះជាម្ចាស់ស្រលាញ់តែពួកសាសន៍យូដាប៉ុណ្ណោះទេ។ ការនោះបានកើតឡើងដោយព្រោះតែសេចក្ដីតម្រូវប៉ុណ្ណោះ មិនមែនដោយសារតែព្រះជាម្ចាស់អាចយកកំណើតជាមនុស្សបានតែនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយនោះទេ (ដោយសារតែអ៊ីស្រាអែលជារាស្ដ្រដែលព្រះជាម្ចាស់បានជ្រើសតាំង)។ តើរាស្ដ្រដែលព្រះជាម្ចាស់បានជ្រើសតាំងមិនមាននៅក្នុងចំណោមពួកសាសន៍ដទៃទេឬ? គឺក្រោយពេលដែលព្រះយេស៊ូវបានធ្វើការនៅស្រុកយូដាចប់ កិច្ចការនោះក៏បានពង្រីកដល់សាសន៍ដទៃ។ (ពួកអ៊ីស្រាអែលហៅជាតិសាសន៍ទាំងអស់ ក្រៅពីអ៊ីស្រាអែលថាជា «សាសន៍ដទៃ»)។ តាមពិតមានមនុស្សដែលព្រះជាម្ចាស់បានជ្រើសតាំងនៅក្នុងសាសន៍ដទៃទាំងនោះផងដែរ គឺគ្រាន់តែថា នៅគ្រានោះមិនទាន់មានកិច្ចការដែលត្រូវបំពេញនៅទីនោះនៅឡើយ។ មនុស្សបានធ្វើការផ្ដោតសំខាន់ទៅលើអ៊ីស្រាអែល ពីព្រោះតែកិច្ចការពីរជំហានដំបូងបានកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ខណៈពេលដែលគ្មានកិច្ចការណាសោះបានកើតឡើងនៅក្នុងសាសន៍ដទៃ។ កិច្ចការក្នុងចំណោមសាសន៍ដទៃ គឺទើបតែចាប់ផ្ដើមនៅពេលបច្ចុប្បន្ននេះប៉ុណ្ណោះ ហេតុនេះហើយទើបមនុស្សពិបាកនឹងទទួលយកវា។ ប្រសិនបើអ្នកអាចយល់ច្បាស់ពីការទាំងអស់នេះ ប្រសិនបើអ្នកអាចយល់ និងចាត់ទុកការនេះបានត្រឹមត្រូវ នោះអ្នកនឹងមានចំណេះដឹងត្រឹមត្រូវអំពីព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ និងក្នុងពេលអតីកាល ហើយចំណេះដឹងថ្មីនេះនឹងមានកម្រិតខ្ពស់ជាងចំណេះដឹងអំពីព្រះជាម្ចាស់ដែលពួកបរិសុទ្ធនៅក្នុងប្រវត្ដិសាស្ដ្រមានទៅទៀត។ ប្រសិនបើអ្នកមានបទពិសោធន៍អំពីកិច្ចការនៅថ្ងៃនេះ និងបានស្ដាប់ឮពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ ប៉ុន្ដែមិនមានចំណេះដឹងអំពីលក្ខណៈទាំងស្រុងរបស់ព្រះជាម្ចាស់ ហើយការស្វះស្វែងរករបស់អ្នកនៅតែដូចដើមជានិច្ច ហើយមិនបានជំនួសដោយអ្វីដែលថ្មី ជាពិសេស ប្រសិនបើអ្នកមានបទពិសោធន៍ពីកិច្ចការនៃការយកឈ្នះទាំងអស់នេះ ប៉ុន្ដែចុងក្រោយ បែរជាមិនឃើញមានការផ្លាស់ប្ដូរអ្វីសោះ​នៅក្នុងខ្លួនអ្នក ដូច្នេះ តើជំនឿរបស់អ្នកមិនមែនដូចជាជំនឿរបស់មនុស្សដែលស្វែងរកឱ្យបានតែបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះទេឬអី? ចំពោះរឿងនេះ កិច្ចការនៃការយកឈ្នះ នឹងមិនមានទទួលបាននូវឥទ្ធិពលណាសោះនៅក្នុងអ្នក។ នោះតើអ្នកនឹងមិនក្លាយជាម្នាក់ក្នុងចំណោមមនុស្សដែលត្រូវដកចេញទេឬអី?

នៅពេលដែលកិច្ចការទាំងអស់នៃការយកឈ្នះបានមកដល់ទីបញ្ចប់ហើយ វាជាការសំខាន់ណាស់ដែលអ្នករាល់គ្នាបានឈ្វេងយល់ថា ព្រះជាម្ចាស់មិនត្រឹមតែជាព្រះរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែទ្រង់ជាព្រះលើភាវៈដែល​ព្រះបង្កើតមក​ទាំងអស់។ ទ្រង់បានបង្កើតមនុស្សជាតិទាំងអស់ មិនត្រឹមតែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ។ ប្រសិនបើអ្នកពោលថា ព្រះជាម្ចាស់គឺជាព្រះរបស់សាសន៍អ៊ីស្រាអែលតែមួយ ឬថា ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សនៅសាសន៍ណាមួយក្រៅពីអ៊ីស្រាអែលជាការដែលមិនអាចទៅរួច នោះអ្នកមិនទាន់មានការយល់ដឹងក្នុងអំឡុងពេលនៃដំណើរការនៃកិច្ចការដែលព្រះជាម្ចាស់យកឈ្នះលើអ្នកនេះឡើយ ហើយអ្នកមិនទទួលស្គាល់សូម្បីតែបន្ដិចដែលថាព្រះជាម្ចាស់គឺជាព្រះរបស់អ្នក គឺអ្នកគ្រាន់តែស្គាល់ថាព្រះជាម្ចាស់ប្ដូរពីប្រទេសអ៊ីស្រាអែលទៅប្រទេសចិន ហើយកំពុងតែត្រូវបង្ខំឱ្យធ្វើជាព្រះរបស់អ្នក។ ប្រសិនបើការនេះនៅតែជារបៀបដែលអ្នកយល់ឃើញអំពីអ្វីៗ នោះកិច្ចការរបស់ខ្ញុំនៅក្នុងអ្នកគ្មានផលផ្លែឡើយ ហើយអ្នកមិនបានយល់អំពីអ្វីដែលខ្ញុំបានមានបន្ទូលសូម្បីតែមួយចំណុច។ ប្រសិនបើចុងក្រោយអ្នកសរសេរពីពង្សាវតារមួយទៀតសម្រាប់ខ្ញុំដូចអ្វីដែលម៉ាថាយបានធ្វើ ដោយរកឃើញឰយុកោមួយដែលស័ក្ដិសមសម្រាប់ខ្ញុំ ដោយស្វែងរកបុរេកថាត្រឹមត្រូវរបស់ខ្ញុំ ដូចជា ព្រះជាម្ចាស់មានពង្សាវតារពីរសម្រាប់ការយកកំណើតជាមនុស្សទាំងពីរលើករបស់ទ្រង់វិញ តើនោះនឹងមិនមែនជារឿងកំប្លែងធំបំផុតនៅលើពិភពលោកទេឬ? តើអ្នកមិនមែនជា «បុគ្គលដែលមានបំណងល្អ» ដែលបានរកពង្សាវតារមួយឱ្យខ្ញុំ ដែលធ្វើឱ្យខ្ញុំក្លាយទៅជាម្នាក់ដែលបានបែងចែកព្រះជាម្ចាស់ជាពីរទេឬ? តើអ្នកអាចទទួលយកបន្ទុក នៃបាបនេះបានដែរឬទេ? បន្ទាប់ពីកិច្ចការនៃការយកឈ្នះទាំងអស់នេះ ប្រសិនបើអ្នកនៅតែមិនជឿថា ព្រះជាម្ចាស់គឺជាព្រះ​នៃគ្រប់ភាវៈដែលព្រះបង្កើតមកទាំងអស់ទេ ប្រសិនបើអ្នកនៅតែគិតថាព្រះជាម្ចាស់គឺជាព្រះនៃជនជាតិអ៊ីស្រាអែលតែមួយ តើអ្នកមិនមែនជាម្នាក់ដែលទាស់នឹងព្រះជាម្ចាស់ដោយបើកចំហទេឬ? គោលបំណងនៃការយកឈ្នះលើអ្នកនៅថ្ងៃនេះគឺដើម្បីឱ្យអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក និងជាព្រះរបស់អ្នកដទៃទៀតដែរ ហើយអ្វីដែលសំខាន់ជាងគេនោះគឺ ទ្រង់ជាព្រះជាម្ចាស់របស់មនុស្សគ្រប់គ្នាដែលស្រលាញ់ទ្រង់ និងជាព្រះនៃគ្រប់ភាវៈដែលព្រះបង្កើតមកទាំងអស់។ ព្រះអង្គជាព្រះជាម្ចាស់នៃជនជាតិអ៊ីស្រាអែល និងជាព្រះជាម្ចាស់នៃប្រជាជនអេស៊ីព្ទ។ ព្រះអង្គជាព្រះជាម្ចាស់នៃចក្រភពអង់គ្លេស និងជាព្រះជាម្ចាស់នៃជនជាតិអាមេរិកផងដែរ។ ព្រះអង្គមិនត្រឹមតែជាព្រះរបស់អ័ដាម និងនាងអេវ៉ាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះជាម្ចាស់នៃពូជពង្សទាំងអស់របស់ពួកគេដែរ។ ព្រះអង្គជាព្រះជាម្ចាស់នៃអ្វីៗនៅក្នុងស្ថានសួគ៌ និងអ្វីៗនៅលើផែនដី។ គ្រួសារទាំងអស់ មិនថាពួកគេជាសាសន៍អ៊ីស្រាអែល ឬសាសន៍ដទៃនោះទេ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដនៃព្រះជាម្ចាស់តែមួយអង្គ។ ព្រះអង្គមិនត្រឹមតែធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលអស់ពេលរាប់ពាន់ឆ្នាំ និងបានប្រសូត្រនៅស្រុកយូដាប៉ុណ្ណោះទេ ប៉ុន្ដែពេលនេះ ព្រះអង្គបានយាងចុះមកប្រទេសចិន ដែលកន្លែងនេះជាទីដែលនាគដ៏ធំមានសម្បុរក្រហមឆ្វាយរង្វេល។ ប្រសិនបើការដែលបានប្រសូត្រនៅស្រុកយូដាធ្វើឱ្យទ្រង់អាចក្លាយជាស្ដេចនៃសាសន៍យូដា នោះតើការដែលទ្រង់យាងចុះមកក្នុងចំណោមអ្នករាល់គ្នានៅពេលបច្ចុប្បន្ននេះ មិនមែនធ្វើឱ្យទ្រង់ក្លាយជាព្រះរបស់អ្នករាល់គ្នាទេឬអី? ព្រះអង្គបានដឹកនាំជនជាតិអ៊ីស្រាអែល និងបានប្រសូត្រនៅស្រុកយូដា ហើយព្រះអង្គក៏បានប្រសូត្រនៅក្នុងទឹកដីនៃសាសន៍ដទៃដែរ។ តើកិច្ចការទាំងអស់របស់ទ្រង់ មិនមែនត្រូវបានធ្វើឡើងសម្រាប់មនុស្សជាតិដែលទ្រង់បានបង្កើតទេឬ? តើព្រះអង្គស្រលាញ់សាសន៍អ៊ីស្រាអែលមួយរយដង ហើយស្អប់ខ្ពើមសាសន៍ដទៃមួយពាន់ដងឬ? តើនោះមិនមែនជាសញ្ញាណរបស់អ្នកទេឬ? មិនមែនព្រះជាម្ចាស់មិនធ្លាប់ធ្វើជាព្រះរបស់អ្នករាល់គ្នានោះទេ ប៉ុន្ដែផ្ទុយទៅវិញ គឺអ្នករាល់គ្នាទេដែលមិនបានទទួលស្គាល់ទ្រង់ ហើយមិនមែនព្រះជាម្ចាស់មិនចង់ធ្វើជាព្រះរបស់អ្នករាល់គ្នាទេ ប៉ុន្ដែគឺអ្នករាល់គ្នាទេដែលបដិសេធព្រះអង្គ។ នៅក្នុងចំណោមអ្នកដែលព្រះជាម្ចាស់បានបង្កើតមក តើនរណាដែលមិនស្ថិតនៅក្នុងព្រះហស្ដនៃព្រះដ៏មានគ្រប់ចេស្ដា? ក្នុងការយកឈ្នះលើអ្នករាល់គ្នានៅពេលបច្ចុប្បន្ននេះ តើគោលដៅគឺមិនមែនដើម្បីឱ្យអ្នករាល់គ្នាបានទទួលស្គាល់ថា ព្រះជាម្ចាស់ មិនមែនជាអ្វីក្រៅពីព្រះជាម្ចាស់របស់អ្នករាល់គ្នាទេឬ? ប្រសិនបើអ្នករាល់គ្នានៅតែប្រកាន់ថា ព្រះជាម្ចាស់គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយ ហើយនៅតែប្រកាន់ថា ដំណាក់របស់ស្ដេចដាវីឌដែលនៅក្នុងប្រទេសអ៊ីស្រាអែល គឺជាកន្លែងកំណើតរបស់ព្រះជាម្ចាស់ ហើយថាគ្មានជាតិសាសន៍ណាក្រៅពីអ៊ីស្រាអែល ដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បី «បង្កើត» ព្រះជាម្ចាស់ ហើយគ្មានគ្រួសារសាសន៍ដទៃណា​អាចទទួលនូវកិច្ចការរបស់ព្រះយេហូវ៉ាដោយផ្ទាល់បាន ប្រសិនបើអ្នកនៅតែគិតរបៀបនេះ នោះតើវាមិនធ្វើឱ្យអ្នកមានជំហររឹងចចេសទេឬ? មិនត្រូវប្រកាន់ជំហរតែអ៊ីស្រាអែលរហូតពេកនោះទេ។ ព្រះជាម្ចាស់កំពុងនៅទីនេះក្នុងចំណោមអ្នករាល់គ្នានៅពេលបច្ចុប្បន្ន។ អ្នកក៏មិនគួរសម្លឹងមើលទៅលើមេឃដែរ។ ចូរឈប់ទន្ទឹងរង់ចាំព្រះជាម្ចាស់របស់អ្នកនៅឯស្ថានសួគ៌ទៅ! ព្រះជាម្ចាស់បានយាងមកក្នុងកណ្ដាលអ្នករាល់គ្នាហើយ ដូចនេះ តើទ្រង់អាចគង់នៅស្ថានសួគ៌ដូចម្ដេចនឹងបាន? អ្នកមិនបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្ដែអ្នកបែរជាមានសញ្ញាណជាច្រើនអំពីទ្រង់ រហូតដល់ចំណុចមួយដែលអ្នកមិនហ៊ានគិតជាលើកទីពីរថា ព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលនឹងយាងចុះមកប្រទានព្រះគុណដល់អ្នករាល់គ្នាដោយព្រះវត្ដមានរបស់ទ្រង់។ អ្នករាល់គ្នាកាន់តែមិន​ហ៊ានគិតអំពីរបៀបដែលអ្នកអាចមើលឃើញព្រះជាម្ចាស់លេចមកដោយផ្ទាល់ ដោយសារ​អ្នករាល់គ្នាកខ្វក់​ខ្លាំងពេក​។ អ្នករាល់គ្នាក៏មិនដែលបានគិតពីរបៀបដែលព្រះជាម្ចាស់ អាចយាងចុះមកក្នុងទឹកដីនៃសាសន៍ដទៃដែរ។ ព្រះអង្គគួរតែចុះមកនៅលើភ្នំស៊ីណៃ ឬភ្នំដើមអូលីវ និងលេចមកឯជនជាតិអ៊ីស្រាអែល។ តើពួកសាសន៍ដទៃ (គឺមនុស្សដែលមិនស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែល) មិនមែនសុទ្ធតែជារបស់ដែលទ្រង់ស្អប់ខ្ពើមទេឬ? តើព្រះអង្គអាចធ្វើការនៅក្នុងចំណោមពួកគេដោយផ្ទាល់ដូចម្ដេចបាន? ទាំងអស់នេះ គឺសុទ្ធតែជាសញ្ញាណដែលបានចាក់ឫសយ៉ាងជ្រៅ ដែលអ្នករាល់គ្នាបានបង្កើតឡើងអស់​ពេលជាច្រើនឆ្នាំមកហើយ។ គោលបំណងនៃការយកឈ្នះលើអ្នករាល់គ្នានៅថ្ងៃនេះ គឺដើម្បីបំបែកគំនិតទាំងនេះរបស់អ្នករាល់គ្នា។ ដូចនេះ អ្នករាល់គ្នាមើលឃើញការលេចមកដោយផ្ទាល់របស់ព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នា មិនមែនជាព្រះនៅលើភ្នំស៊ីណៃឬភ្នំដើមអូលីវទេ តែគឺនៅក្នុងចំណោមប្រជាជន ដែលព្រះអង្គមិនដែលបានដឹកនាំពីមុនមក។ ក្រោយពេលដែលព្រះជាម្ចាស់ អនុវត្ដនូវកិច្ចការរបស់ទ្រង់ទាំងពីរដំណាក់កាល​នៅក្នុងទឹកដីអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែល ក៏ដូចជាពួកសាសន៍ដទៃទាំងអស់ ក៏មានសញ្ញាណថា វាជាការពិតណាស់ដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ តែទ្រង់សព្វព្រះហឫទ័យ ធ្វើជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះ មិនមែនជាព្រះជាម្ចាស់នៃសាសន៍ដទៃទេ។ ជនជាតិអ៊ីស្រាអែលជឿដូចនេះថា៖ ព្រះជាម្ចាស់គឺជាព្រះរបស់យើងតែប៉ុណ្ណោះ មិនអាចជាព្រះ​របស់អ្នករាល់គ្នាដែលជាសាសន៍ដទៃបានទេ ហើយដោយសារតែអ្នករាល់គ្នាមិនបានកោតខ្លាចដល់ព្រះយេហូវ៉ា ដូចនេះ ទើបព្រះយេហូវ៉ា ដែលជាព្រះ​របស់យើង ស្អប់ខ្ពើមអ្នករាល់គ្នា។ សាសន៍យូដាទាំងនោះក៏ជឿដែរថា៖ ព្រះអម្ចាស់យេស៊ូវបានយករូបអង្គដូចជាពួកយើងដែលជាសាសន៍យូដា និងជាព្រះជាម្ចាស់ដែលមាននូវសញ្ញាសម្គាល់របស់សាសន៍យូដា។ ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងចំណោមយើង។ រូបអង្គរបស់ព្រះជាម្ចាស់ និងរូបភាពរបស់យើងគឺស្រដៀងគ្នា ហើយរូបភាពរបស់យើងគឺប្រហាក់ប្រហែលនឹងរូបអង្គរបស់ព្រះជាម្ចាស់ខ្លាំងណាស់។ ព្រះអម្ចាស់យេស៊ូវគឺជាស្ដេចរបស់យើងរាល់គ្នាដែលជាសាសន៍យូដា។ ពួកសាសន៍ដទៃមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលនូវការសង្គ្រោះដ៏មហិមានេះឡើយ។ ព្រះអម្ចាស់យេស៊ូវគឺជាតង្វាយលោះបាបសម្រាប់យើងដែលជាសាសន៍យូដា។ វាគ្រាន់តែជាមូលដ្ឋាននៃកិច្ចការពីរដំណាក់កាលដែលសាសន៍អ៊ីស្រាអែល និងសាសន៍យូដា បង្កើតនូវសញ្ញាណទាំងនេះប៉ុណ្ណោះ។ ពួកគេទាមទារយកសិទ្ធិកាន់កាប់លើព្រះជាម្ចាស់ ដោយមិនបានព្រមឱ្យព្រះជាម្ចាស់ធ្វើជាព្រះរបស់សាសន៍ដទៃដែរឡើយ។ តាមរបៀបនេះ ព្រះជាម្ចាស់បានក្លាយជាចន្លោះប្រហោងនៅក្នុងដួងចិត្ដរបស់សាសន៍ដទៃ។ នេះគឺដោយសារតែគ្រប់គ្នាបានជឿថា ព្រះជាម្ចាស់មិនសព្វព្រះទ័យធ្វើជាព្រះរបស់សាសន៍ដទៃ និងជឿថា ព្រះអង្គចូលចិត្ដតែសាសន៍អ៊ីស្រាអែលដែលជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ព្រមទាំងសាសន៍យូដា ជាពិសេសពួកសាវ័កដែលបានដើរតាមព្រះអង្គ។ តើអ្នកមិនដឹងថា កិច្ចការដែលព្រះយេហូវ៉ា និងព្រះយេស៊ូវបានធ្វើ គឺសម្រាប់ឱ្យមនុស្សជាតិទាំងអស់មានជីវិតទេឬ? តើពេលនេះអ្នកទទួលស្គាល់ឬទេថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នករាល់គ្នាដែលប្រសូត្រនៅក្រៅប្រទេសអ៊ីស្រាអែល? តើពេលនេះព្រះជាម្ចាស់មិនស្ថិតនៅកណ្ដាលអ្នករាល់គ្នាទេឬ? នេះមិនអាចជាការយល់សប្ដិទេ មែនឬ? តើអ្នករាល់គ្នាមិនទទួលយកការពិតនេះទេឬ? អ្នករាល់គ្នាមិនហ៊ានជឿលើការពិតនេះឬគិតអំពីការពិតនេះឡើយ។ មិនថាអ្នកយល់ឃើញយ៉ាងណា អំពីការពិតនេះនោះទេ តើព្រះជាម្ចាស់មិនគង់នៅទីនេះក្នុងចំណោមអ្នករាល់គ្នាទេឬ? តើអ្នកនៅតែខ្លាចមិនហ៊ានជឿលើពាក្យទាំងនេះទៀតឬ? ចាប់ពីថ្ងៃនេះទៅ តើមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះ និងមនុស្សទាំងអស់ដែលប្រាថ្នាចង់ក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? តើអ្នករាល់គ្នា ដែលជាអ្នកដើរតាមព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលនៅក្រៅទឹកដីអ៊ីស្រាអែលទេឬ? តើឋានៈរបស់អ្នករាល់គ្នាមិនដូចសាសន៍អ៊ីស្រាអែលទេឬ? តើការទាំងអស់នេះ មិនមែនជាអ្វីដែលអ្នករាល់គ្នាគួរទទួលស្គាល់ទេឬ? តើនេះមិនមែនជាគោលដៅនៃកិច្ចការយកឈ្នះលើអ្នករាល់គ្នាទេឬ? ដោយសារអ្នករាល់គ្នាអាចមើលឃើញព្រះជាម្ចាស់ នោះព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់ របស់អ្នករាល់គ្នាជារៀងរហូត ចាប់តាំងពីដើមដំបូងមក និងរហូតតទៅអនាគត។ ព្រះអង្គនឹងមិនបោះបង់ចោលអ្នករាល់គ្នាឡើយ ឱ្យតែអ្នករាល់គ្នា​សុខចិត្ដដើរតាមទ្រង់ និងធ្វើជាភាវៈដែលព្រះបង្កើតមកដែលស្មោះត្រង់និងចុះចូលចំពោះ​ទ្រង់។

មិនថាមនុស្សមានចិត្តស្រលាញ់ព្រះជាម្ចាស់ខ្លាំងយ៉ាងណានោះទេ ក៏ជាទូទៅ ពួកគេបានចុះចូលក្នុងការដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះដែរ។ មិនមែនរហូតដល់ពេលចុងក្រោយនោះទេ គឺនៅពេលដែលដំណាក់កាលនៃកិច្ចការនេះបានចប់ ទើបពួកគេនឹងកែប្រែចិត្ដដោយហ្មត់ចត់។ នោះគឺជាពេលដែលមនុស្សនឹងត្រូវបានយកឈ្នះយ៉ាងពិតប្រាកដ។ ពេលនេះ ពួកគេបានត្រឹមតែនៅក្នុងដំណើរការនៃការកំពុងត្រូវបានយកឈ្នះប៉ុណ្ណោះ។ នៅពេលដែលកិច្ចការនេះបានបញ្ចប់ នោះពួកគេនឹងត្រូវបានយកឈ្នះទាំងស្រុង ប៉ុន្ដែបញ្ហានោះមិនទាន់កើតមាននៅពេលនេះទេ! ទោះបីជាមនុស្សគ្រប់គ្នាបានប្រែចិត្តជឿ​ក៏ដោយ ក៏វាមិនមានន័យថា ពួកគេត្រូវបានយកឈ្នះទាំងស្រុង​ដែរ។ នេះគឺដោយសារតែនៅពេលបច្ចុប្បន្ននេះ មនុស្សបានឃើញតែព្រះបន្ទូល និងមិនមែនជាព្រឹត្ដិការណ៍ពិតប្រាកដ ហើយពួកគេនៅតែមិនប្រាកដប្រជា មិនថាពួកគេជឿយ៉ាងជ្រាលជ្រៅប៉ុណ្ណានោះទេ។ ដូច្នេះហើយមានតែព្រឹត្ដិការណ៍ជាក់ស្ដែងចុងក្រោយដែលព្រះបន្ទូលក្លាយជាការពិតទេ នោះទើបមនុស្សនឹងត្រូវបានយកឈ្នះដោយហ្មត់ចត់។ ពេលនេះ មនុស្សទាំងនេះត្រូវបានយកឈ្នះពីព្រោះពួកគេបានស្ដាប់ឮរឿងអាថ៌កំបាំងជាច្រើន ដែលមិនធ្លាប់បានឮពីមុនមក។ ប៉ុន្ដែនៅក្នុងចិត្តគំនិតរបស់មនុស្សម្នាក់​ៗ​ ពួកគេនៅតែស្វែងរក និងរង់ចាំមើលព្រឹត្ដិការណ៍ជាក់ស្ដែងមួយចំនួន ដែលអាចឱ្យពួកគេមើលឃើញគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់​កើតមានយ៉ាងពិតប្រាកដដដែល​។ មានតែបែបនោះទេ ទើបពួកគេនឹងព្រមជឿទាំងស្រុង។ ទីបំផុត មានតែនៅពេលដែលគ្រប់គ្នាបានឃើញនូវការពិតដែលត្រូវបានធ្វើឱ្យជាក់ស្ដែង ហើយការពិតទាំងនេះបានបណ្ដាលឱ្យពួកគេមានអារម្មណ៍ជឿជាក់ទេ ទើបពួកគេបង្ហាញនូវការជឿជាក់នៅក្នុងដួងចិត្តរបស់ពួកគេ ក្នុងពាក្យសម្ដីរបស់ពួកគេ និងក្នុងក្រសែភ្នែករបស់ពួកគេ ហើយពួកគេនឹងប្រែចិត្តជឿ​ចេញពីជម្រៅបេះដូងរបស់ពួកគេមក។ នេះហើយជាធម្មជាតិរបស់មនុស្ស៖ អ្នកត្រូវតែមើលឃើញថា ព្រះបន្ទូលសុទ្ធតែក្លាយជាការពិត អ្នកត្រូវតែមើលឃើញនូវព្រឹត្ដិការណ៍ជាក់ស្ដែងមួយចំនួនដែលកំពុងកើតឡើង និងមើលឃើញនូវគ្រោះមហន្ដរាយដែលកំពុងធ្លាក់មកលើមនុស្សមួយចំនួន ហើយបន្ទាប់មក អ្នករាល់គ្នានឹងព្រមជឿទាំងស្រុងចេញពីខាងក្នុងចិត្តមក​។ ដូចជាសាសន៍យូដាដែរ គឺអ្នករាល់គ្នាផ្តោតតែលើការមើលឃើញនូវទីសម្គាល់ និងការឫទ្ធិបារមី។ ប៉ុន្ដែ អ្នករាល់គ្នានៅតែមើលមិនឃើញទៀតថា មានទីសម្គាល់ និងការអស្ចារ្យជាច្រើន ហើយ​ការពិតទាំងនេះ កំពុងតែកើតឡើងដើម្បីបើកភ្នែករបស់អ្នករាល់គ្នាឱ្យមើលឃើញច្បាស់។ មិនថាវាជាការដែលមាននរណាម្នាក់ចុះមកពីលើមេឃ ឬក៏មានដុំពពកនិយាយមកកាន់អ្នករាល់គ្នា ឬការដែលខ្ញុំបណ្ដេញវិញ្ញាណអារក្សចេញពីម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬព្រះសូរសៀងរបស់ខ្ញុំលាន់ឮដូចជាផ្គរលាន់ក្នុងចំណោមអ្នករាល់គ្នានោះទេ គឺអ្នករាល់គ្នាតែងតែចង់បាន ហើយតែងតែចង់ឃើញព្រឹត្ដិការណ៍បែបនេះណាស់។ មនុស្សម្នាក់អាចពោលថា នៅក្នុងការជឿលើព្រះជាម្ចាស់ ក្ដីប្រាថ្នាធំបំផុតរបស់អ្នកគឺចង់ឃើញព្រះជាម្ចាស់យាងមក និងបង្ហាញនូវទីសម្គាល់មួយដល់អ្នករាល់គ្នាដោយផ្ទាល់។ នោះអ្នករាល់គ្នានឹងមានការស្គប់ស្កល់។ ដើម្បីយកឈ្នះលើអ្នករាល់គ្នាដែលជាមនុស្ស ខ្ញុំត្រូវតែសម្ដែងកិច្ចការប្រហាក់ប្រហែលនឹងការបង្កើតស្ថានសួគ៌ និងផែនដីដែរ ហើយលើសពីនេះ ខ្ញុំក៏នឹងបង្ហាញអ្នកពីទីសម្គាល់ខ្លះដែរ។ នោះដួងចិត្ដរបស់អ្នករាល់គ្នានឹងត្រូវបានយកឈ្នះទាំងស្រុង។

ខាង​ដើម៖ សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)

បន្ទាប់៖ សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ