ជ័យជម្នះតាមរយៈសេចក្ដីល្បួងរបស់សាតាំង

01-03-2022

ដោយ ឆឹន លូ (ចិន)

រឿងនេះគឺត្រឡប់ទៅខែ ធ្នូ ឆ្នាំ ២០១២ ខណៈពេលដែលខ្ញុំចេញពីទីក្រុងដើម្បីចែកចាយដំណឹងល្អ។ នៅព្រឹកមួយ ខណៈពេលនៅក្នុងការជួបជុំជាមួយបងប្អូនប្រុសស្រីជាងដប់នាក់ ភ្លាមៗនោះស្រាប់តែមានការគោះទ្វារបន្ទាន់ ហើយក្រោយមកមានមន្ត្រីប៉ូលិសប្រាំមួយ ឬប្រាំពីរនាក់បានសម្រុកចូលមកយ៉ាងកម្រោល ដោយកាន់ដំបង។ ពួកគេបានរុញពួកយើងចេញ ហើយក្រោយមកចាប់ផ្ដើមឆែកឆេរ ដោយធ្វើឱ្យទីកន្លែងនោះក្រឡាប់ផ្ងារ។ បងស្រីម្នាក់បានដើរទៅរក ហើយសួរថា «ពួកយើងមិនបានបំពានច្បាប់ណាមួយឡើយ តើលោកមានសិទ្ធិអ្វីមកឆែកឆេរ?» ការឆ្លើយតបដ៏ខឹងសម្បាររបស់មន្ត្រីម្នាក់គឺ «ស្ដាប់បញ្ជា! នាងត្រូវឈរនៅទីនោះតាមការបញ្ជា ហើយកុំនិយាយឱ្យសោះបើគ្មានការសួរនាំទេ!» បន្ទាប់មក គាត់បានរុញបងស្រីយ៉ាងខ្លាំងឱ្យដួលទៅនឹងកម្រាលឥដ្ឋ ដោយធ្វើឱ្យក្រចកគាត់មួយបានបាក់ និងហូរឈាមនៅទីនោះ។ ដោយឃើញពីភាពឃោរឃៅរបស់ប៉ូលិស បានធ្វើឱ្យខ្ញុំខឹងផង និងភ័យខ្លាចផង ដូច្នេះខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ ដោយសុំឱ្យព្រះជមា្ចស់ប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ ដោយសង្ឃឹមថានឹងឈរធ្វើបន្ទាល់ថ្វាយទ្រង់។ ខ្ញុំមានអារម្មណ៍ស្ងប់ជាងមុនច្រើនបន្ទាប់ពីអធិស្ឋាន។ បន្ទាប់ពីបោសសម្អាតកន្លែងនោះរួច ប៉ូលិសបានរឹបអូសសម្ភារដំណឹងល្អមួយចំនួនតូច និងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដាក់ពួកយើងទាំងអស់នៅក្នុងយានជំនិះរបស់ពួកគេ។

នៅឯស្ថានីយ៍ប៉ូលិស ពួកគេបានយកអ្វីៗទាំងអស់ដែលពួកយើងមាន ហើយទាមទារស្គាល់ឈ្មោះរបស់ពួកយើង អាសយដ្ឋាន និងអ្នកដឹកនាំក្រុមជំនុំ។ ខ្ញុំមិនបាននិយាយមួយម៉ាត់ឡើយ។ ក្រោយមក នៅពេលដែលពួកគេត្រៀមរួចរាល់ក្នុងការសួរចម្លើយខ្ញុំដោយផ្ទាល់ នោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍ពិតជាភ័យខ្លាច។ ខ្ញុំបានឮថា ប៉ូលិសសាហាវឃោរឃៅចំពោះអ្នកដែលធ្វើដំណើរទៅចែកចាយដំណឹងល្អណាស់ ហើយពួកគេបានចុចចំខ្ញុំ ជាគោលដៅចម្បងសម្រាប់ការសួរចម្លើយ។ វាមើលទៅពិតជាគួរឱ្យខ្លាចណាស់សម្រាប់ខ្ញុំ។ ស្រាប់តែពេលនោះ ខ្ញុំបានឮបងស្រីម្នាក់ដែលនៅជិតខ្ញុំអធិស្ឋានថា «ឱ! ព្រះជាម្ចាស់អើយ! ទ្រង់ជាប៉មដ៏រឹងមាំរបស់ពួកយើង ជាទីជ្រកកោនរបស់ពួកយើង។ សាតាំងនៅនឹងព្រះបាទាទ្រង់។ ទូលបង្គំចង់ពឹងពាក់លើព្រះបន្ទូលរបស់ទ្រង់ ឈរធ្វើបន្ទាល់ និងផ្គាប់ព្រះហឫទ័យទ្រង់!» ការអធិស្ឋាននេះបានបំភ្លឺចិត្តរបស់ខ្ញុំ ហើយខ្ញុំបានគិតថា «ត្រូវហើយ។ ព្រះជាម្ចាស់នៅពីក្រោយពួកយើង ដូច្នេះតើខ្ញុំត្រូវខ្លាចអ្វី? ដរាបណាខ្ញុំពឹងពាក់លើព្រះជាម្ចាស់ នោះខ្ញុំច្បាស់ជាអាចយកឈ្នះលើសាតាំងមិនខាន»។ ភាពភ័យខ្លាចរបស់ខ្ញុំបានបាត់ទៅ ហើយស្របពេលជាមួយគ្នានោះ ខ្ញុំក៏មានអារម្មណ៍អាម៉ាស់ដែរ។ គាត់បានអធិស្ឋាន និងពឹងពាក់លើព្រះជាម្ចាស់ នៅចំពោះមុខនៃស្ថានភាពនេះ ដោយគ្មានរង្គោះរង្គើសេចក្ដីជំនឿរបស់គាត់ឡើយ ប៉ុន្តែខ្ញុំញ័រដោយភាពភ័យខ្លាច គឺខ្វះទាំងស្រុងនូវភាពក្លាហានដែលអ្នកជឿគួរតែមាន។ តាមរយៈការលើកទឹកចិត្ត និងការជួយនៃការអធិស្ឋានរបស់បងស្រីនេះ ដែលជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នោះខ្ញុំបានតាំងចិត្តយ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្តរបស់ខ្ញុំថា ខ្ញុំប្រាកដជានឹងឈរធ្វើបន្ទាល់ ថាខ្ញុំច្បាស់ជាមិនក្លាយជាយូដាស ហើយក្បត់ព្រះជាម្ចាស់ឡើយ។

ប្រហែលម៉ោងដប់ មន្ត្រីពីរនាក់បានដាក់ខ្នោះខ្ញុំ ហើយបានយកខ្ញុំទៅដាក់ក្នុងបន្ទប់សម្រាប់ការសួរចម្លើយជាបុគ្គល។ ម្នាក់ក្នុងចំណោមពួកគេបាននិយាយអ្វីមួយមកកាន់ខ្ញុំ ជាភាសាតំបន់ដែលខ្ញុំមិនអាចយល់ ដូច្នេះខ្ញុំបានសួរគាត់ពីអ្វីដែលគាត់បាននិយាយ។ គួរឱ្យភ្ញាក់ផ្អើលចំពោះខ្ញុំ ការសួរនេះបានធ្វើពួកគេទាំងអស់ខឹង ហើយម្នាក់ដែលឈរជិតគាត់បានចាប់សក់ខ្ញុំ ហើយកន្ត្រាក់ក្បាលរបស់ខ្ញុំទៅមកៗ។ ការធ្វើបែបនោះបានធ្វើឱ្យខ្ញុំវិលមុខ និងវង្វេងស្មារតី។ ស្បែកក្បាលរបស់ខ្ញុំមានអារម្មណ៍ដូចត្រូវបានគេហែកអ៊ីចឹង ហើយសក់របស់ខ្ញុំទាំងអស់បានជ្រុះទៅលើកម្រាលឥដ្ឋ។ ភា្លមៗបន្ទាប់ពីនោះ មន្ត្រីម្នាក់ទៀតបានស្រែកដាក់ខ្ញុំថា «ពួកយើងនឹងទទួលបានវាពីនាងតាមវិធីមួយ ឬវិធីផ្សេង! និយាយទៅ! តើនរណាបានបញ្ជូននាងទៅ ដើម្បីអូសទាញគេឱ្យផ្លាស់ប្ដូរសាសនា?» មិនយូរប៉ុន្មាន ខ្ញុំបាននិយាយថា «ការចែកចាយដំណឹងល្អគឺជាភារកិច្ចរបស់ខ្ញុំ» មិនបានប៉ុន្មានផង ស្រាប់តែគាត់បានចាប់សក់ខ្ញុំ ហើយចាប់ផ្ដើមទះខ្ញុំ ខណៈពេលដែលស្រែកថា «យើងចង់ឃើញនាងព្យាយាមចែកចាយដំណឹងល្អនោះម្ដងទៀត!» មុខរបស់ខ្ញុំក្ដៅដោយសារការវាយ ហើយបានហើម។ គាត់នឹងដោះលែង នៅពេលដែលគាត់ហត់នឿយប៉ុណ្ណោះ ប៉ុន្តែគាត់បន្តរារាំងខ្ញុំដោយសំណួរនានា។ «នាងមិនមែននៅជិតៗនេះទេ នាងនិយាយបានល្អណាស់ នាងមិនមែនជាមនុស្សធម្មតាឡើយ។ បើកមាត់របស់នាងទៅ! ម៉េចបានជានាងនៅទីនេះ? តើនរណាបញ្ជូននាងមកទីនេះ? តើនរណាជាអ្នកដឹកនាំរបស់នាង?...» ខ្ញុំភ័យខ្លាច ហើយខ្ញុំបានស្រែករកព្រះជាម្ចាស់ឥតឈប់ ដោយសុំឱ្យទ្រង់ប្រទានសេចក្ដីជំនឿ និងកម្លាំង។ ការអធិស្ឋានបានធ្វើឱ្យភាពភ័យខ្លាចរបស់ខ្ញុំស្ងប់ ហើយខ្ញុំបានឆ្លើយតបថា «ខ្ញុំមិនដឹងអ្វីឡើយ»។ ក្រោយមកគាត់បានដាល់តុ ហើយបានស្រែកថា «នាងរង់ចាំទៅ។ មិនយូរទេ ពួកយើងនឹងយកនាងចូលជួរហើយ» ខណៈពេលដែលគាត់បានចាប់កាន់ម៉ាស៊ីនចាក់ចម្រៀង ហើយចាប់ផ្ដើមលេងជាមួយវា។ ដោយភ័យខ្លាច និងឆ្ងល់ពីវិធីសាស្ត្រដែលពួកគេនឹងប្រើប្រាស់ដើម្បីធ្វើទារុណកម្មខ្ញុំ នោះខ្ញុំស្រែករកព្រះជាម្ចាស់ភ្លាមៗ។ ស្រាប់តែមានការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមចាក់នៅក្នុងម៉ាស៊ីនចាក់ចម្រៀង ដោយនិយាយថា «ចំពោះអស់អ្នកដែលបង្ហាញ ខ្ញុំថាគ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ត្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឲ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត» («ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការឮព្រះបន្ទូលនេះពិតជាឈឺចាប់សម្រាប់ខ្ញុំ។ ខ្ញុំបានគិតអំពីរបៀបនៅពេលដែលព្រះអម្ចាស់យេស៊ូវកំពុងតែបំពេញកិច្ចការរបស់ទ្រង់ ទ្រង់មានមនុស្សជាច្រើនដើរតាមទ្រង់ ហើយរីករាយនឹងព្រះគុណរបស់ទ្រង់។ ប៉ុន្តែនៅពេលដែលទ្រង់ត្រូវបានឆ្កាង ហើយទាហានរ៉ូមកំពុងតែឆ្កួតដោយចាប់ខ្លួនគ្រីស្ទបរិស័ទ នោះពួកគេជាច្រើនបានក្បត់ ហើយរត់ដោយភាពភ័យខ្លាច។ នោះជារឿងគួរឱ្យឈឺចាប់ណាស់សម្រាប់ព្រះជាម្ចាស់! ដូចគ្នាផងដែរ ខ្ញុំក៏បានរីករាយនឹងព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ ព្រមទាំងដើរតាមទ្រង់យ៉ាងជឿជាក់ដែរ ប៉ុន្តែដរាបណាខ្ញុំប្រឈមមុខនឹងការលំបាក ដែលតម្រូវឱ្យខ្ញុំរងទុក្ខ និងបង់ថ្លៃ នោះខ្ញុំបែរជាកំសាក និងភ័យខ្លាចទៅវិញ។ តើធ្វើបែបនោះអាចនាំយកការលោងលោមចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ម្ដេចកើត? នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយយាងមកប្រទេសចិន គឺដែនដីនៃអារក្សនេះ ដែលជាកន្លែងបក្សកុម្មុយនីស្ដចិនត្រួតត្រា ដើម្បីសង្រ្គោះពួកយើង ដែលជាមនុស្សពុករលួយ។ ទ្រង់បានរងទុក្ខតាមរយៈការត្រូវបានគាបសង្កត់ និងកម្ចាត់ដោយបក្សកុម្មុយនីស្ដ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ ក៏ទ្រង់មិនដែលឈប់សម្ដែងចេញនូវសេចក្ដីពិត និងឈប់ដឹកនាំពួកយើងឡើយ។ តម្លៃដែលទ្រង់បានបង់ថ្លៃដើម្បីសង្គ្រោះពួកយើងគឺធំធេងណាស់ ហើយខ្ញុំបានរីករាយនឹងសេចក្ដីសង្គ្រោះរបស់ទ្រង់ដោយឥតបង់ថ្លៃ ប៉ុន្តែខ្ញុំមិនអាចដោះស្រាយការលំបាកបន្តិចបន្តួចបាន ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ នោះពិតជារឿងអាត្មានិយមខ្លាំងណាស់។ មនសិការរបស់ខ្ញុំពិតជាស្ដាយក្រោយ ហើយខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីសេចក្ដីស្រឡាញ់ និងការមើលថែរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ ព្រះជាម្ចាស់បានជ្រាបពីកម្ពស់ដែលមិនទាន់ធំដឹងក្ដីរបស់ខ្ញុំ ហើយថាខ្ញុំភ័យខ្លាចនៅចំពោះមុខការរំលោភបំពានរបស់សាតាំង។ ហេតុដូច្នេះហើយទ្រង់បានអនុញ្ញាតឱ្យខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ដោយឱ្យប៉ូលិសចាក់ខ្សែអាត់អំណានព្រះបន្ទូលរបស់ទ្រង់ ដែលខ្ញុំអាចស្ដាប់ឮ ដើម្បីជួយខ្ញុំឱ្យឈរធ្វើបន្ទាល់តាមរយៈសេចក្ដីទុក្ខលំបាក។ ខ្ញុំបានរំជួលចិត្តខ្លាំងណាស់ ដោយសារសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ រហូតដល់ទឹកភ្នែកបានស្រក់ចុះពីថ្ពាល់របស់ខ្ញុំ ហើយខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ថា «ព្រះជាម្ចាស់អើយ ទូលបង្គំនឹងមិនក្បត់ទ្រង់ឡើយ។ មិនថាសាតាំងធ្វើទារុណកម្មទូលបង្គំបែបណាឡើយ ទូលបង្គំនឹងតាំងចិត្តឈរធ្វើបន្ទាល់ និងបំបាក់មុខសាតាំង ដើម្បីលួងលោមព្រះហឫទ័យរបស់ទ្រង់»។

ភ្លាមៗនោះ មន្ត្រីបានបិទម៉ាស៊ីនចាក់ចម្រៀងដោយគ្រវាត់វាចោល ហើយបាននិយាយមកកាន់ខ្ញុំយ៉ាងគំរាមកំហែងថា «បើនាងនៅតែមិននិយាយ យើងមានវិធីច្រើនទៀតសម្រាប់នាង!» ក្រោយមក ប៉ូលិសបានឱ្យខ្ញុំឈរនៅលើកម្រាលឥដ្ឋដោយជើងទទេ ហើយបានដាក់ខ្នោះដៃស្ដាំរបស់ខ្ញុំទៅនឹងកងដែកដែលភ្ជាប់នឹងដុំថ្មដែលនៅទាបនៅនឹងដី។ ពួកគេឱ្យខ្ញុំចំកោងចង្កេះ ជាជាងការអង្គុយចោងហោង ហើយពួកគេមិនឱ្យខ្ញុំយកដៃច្រត់ជើងឡើយ។ មួយសន្ទុះក្រោយមក នៅពេលដែលខ្ញុំមិនអាចឈរបានតទៅទៀត ហើយបានអង្គុយចុះ នោះមន្ត្រីបានស្រែកដាក់ខ្ញុំថា «កុំអង្គុយចោងហោង! បើនាងចង់បានការធូរស្រាលខ្លះ យកល្អនាងនិយាយទៅ!» គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺបង្ខំខ្លួននៅជំហរបែបនោះ។ មួយសន្ទុះក្រោយមក ខ្ញុំមិនដឹងថារយៈពេលយូរប៉ុនណាទេ នោះបាតជើងរបស់ខ្ញុំត្រជាក់ដូចទឹកកក ហើយជើងរបស់ខ្ញុំចុកចាប់ និងស្ពឹកយ៉ាងឈឺចាប់។ ខ្ញុំបានអង្គុយចុះ ដោយពិតជាមិនអាចនៅឈរបានទេ។ ប៉ូលិសបានទាញខ្ញុំឡើងវិញ ហើយបានជះទឹកត្រជាក់មួយកែវដាក់កញ្ចឹងកខ្ញុំ ដោយធ្វើឱ្យខ្ញុំត្រជាក់ញ័រ។ ក្រោយមក ពួកគេដោះខ្នោះចេញ ឱ្យខ្ញុំអង្គុយលើកៅអីឈើ ដោយដាក់ខ្នោះដៃខ្ញុំទៅក្រោយជាប់នឹងចំហៀងទាំងសងខាងរបស់កៅអី ហើយបានបើកបង្អួច និងបើកម៉ាស៊ីនត្រជាក់។ ជាមួយនឹងខ្យល់ត្រជាក់ដែលបក់ចំខ្ញុំ នោះខ្ញុំញាក់ខ្លួនដោយសារត្រជាក់ ហើយខ្ញុំអធិស្ឋានឥតឈប់ ដោយសុំឱ្យព្រះជាម្ចាស់ប្រទានការតាំងចិត្ត ដើម្បីអត់ទ្រាំនឹងស្ថានភាពនេះ និងអនុញ្ញាតឱ្យខ្ញុំយកឈ្នះភាពទន់ខ្សោយខាងសាច់ឈាមរបស់ខ្ញុំ។ ស្រាប់តែពេលនោះ ខ្ញុំបានគិតឃើញទំនុកសរសើរមួយឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សេចក្ដីជំនឿប្រៀបបាននឹងស្ពានដ៏វែងមួយ៖ អ្នកណាដែលជាប់ស្អិតនឹងជីវិតយ៉ាងឥតបានការ នឹងមានការលំបាកក្នុងការឆ្លងកាត់វា ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាខ្លួន អាចឆ្លងកាត់ មានជំហររឹងមាំ និងមិនមានការព្រួយបារម្ភឡើយ» («ទីចាប់ផ្ដើមនៃជំងឺគឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំបានដឹងថា ប៉ូលិសចង់ឱ្យខ្ញុំក្បត់ព្រះជាម្ចាស់តាមរយៈទារុណកម្មខាងរាងកាយ ហើយបើខ្ញុំខ្វល់ពីសាច់ឈាម នោះខ្ញុំធ្លាក់ក្នុងអន្ទាក់របស់ពួកគេជាមិនខាន។ ខ្ញុំត្រូវតែមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយឈរធ្វើបន្ទាល់ថ្វាយទ្រង់ មិនថាខ្ញុំអាចរងទុក្ខប៉ុនណាឡើយ។ បន្ទាប់ពីនោះ ប៉ូលិសបានយកទឹកត្រជាក់មួយឆ្នាំងធំ ហើយចាក់វាលើករបស់ខ្ញុំ ដោយទទឹកជោគពាសពេញសម្លៀកបំពាក់របស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចខ្ញុំត្រូវបានរុញចូលទៅក្នុងផ្ទះទឹកកកអ៊ីចឹង។ ដោយឃើញថា ខ្ញុំញ័រយ៉ាងលំបាកបែបនេះ នោះមន្ត្រីបានចាប់សក់ខ្ញុំ ហើយទាញក្បាលខ្ញុំឡើង ដើម្បីឱ្យខ្ញុំមើលទៅលើមេឃតាមមាត់បង្អួច រួចនិយាយយ៉ាងចំអកថា «នាងត្រជាក់មែនទេ? ឱ្យព្រះជាម្ចាស់របស់នាងមកសង្គ្រោះនាងទៅ!» នៅពេលដែលខ្ញុំមិនអើពើនឹងគាត់ នោះគាត់បានចាក់ទឹកត្រជាក់មួយឆ្នាំងធំទៀតលើខ្ញុំ សារ៉េម៉ាស៊ីនត្រជាក់ឱ្យត្រជាក់បំផុត ហើយដាក់វាបែរមកចំខ្ញុំ។ ខ្សល់ត្រជាក់ដូចទឹកកក និងខ្យល់ត្រជាក់ពីខាងក្រៅ បានស្រោបខ្ញុំម្ដងទៀត ធ្វើឱ្យខ្ញុំត្រជាក់ ដូច្នេះខ្ញុំរួញខ្លួនដូចកូនបាល់អ៊ីចឹង។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំនឹងក្លាយជាវត្ថុកករឹង ហើយឈាមរបស់ខ្ញុំដូចជានឹងប្រែក្លាយជាទឹកកកអ៊ីចឹង។ ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងពីការគិតគំនិតអាក្រក់ឡើយ៖ «ការចាក់ទឹកត្រជាក់លើខ្ញុំ និងប្រើម៉ាស៊ីនត្រជាក់នៅថ្ងៃត្រជាក់បែបនេះ គឺពួកគេព្យាយាមបង្កកខ្ញុំដល់ស្លាប់ មែនទេ? បើខ្ញុំស្លាប់នៅទីនេះ នោះគ្រួសាររបស់ខ្ញុំថែមទាំងមិនដឹងទៀតផង»។ ខ្ញុំគិតបែបនេះកាន់តែច្រើន នោះខ្ញុំកាន់តែអត់ទ្រាំនឹងភាពខ្មៅងងឹតមិនបាន។ ស្រាប់តែពេលនោះ វិធីដែលព្រះអម្ចាស់យេស៊ូវបានរងទុក្ខនៅលើឈើឆ្កាង សម្រាប់មនុស្សដែលទ្រង់រំដោះបានចូលមកគំនិតរបស់ខ្ញុំភ្លាមៗ ដូចជាអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «សេចក្តីស្រឡាញ់ដែលឆ្លងកាត់ការបន្សុទ្ធ គឺជាសេចក្តីស្រឡាញ់ដែលរឹងមាំ មិនទន់ខ្សោយនោះទេ។ មិនថាព្រះជាម្ចាស់ ដាក់អ្នកក្នុងការល្បងលរបស់ទ្រង់នៅពេលណា ឬដោយវិធីណានោះទេ អ្នកអាចថ្វាយក្តីបារម្ភអំពីការរស់នៅ និងការស្លាប់ បោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ ហើយស៊ូទ្រាំគ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ នោះសេចក្តីស្រឡាញ់របស់អ្នកនឹងបរិសុទ្ធ ហើយសេចក្តីជំនឿរបស់អ្នកនឹងពិត។ មានតែធ្វើបែបនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់ពិតប្រាកដ ហើយព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ពិតប្រាកដ» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាបានលើកទឹកចិត្តខ្ញុំមែន។ ព្រះជាម្ចាស់បានរងទុក្ខបំផុត ហើយថែមទាំងលះបង់ជីវិតរបស់ទ្រង់ ដើម្បីសង្គ្រោះពួកយើង។ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក តើខ្ញុំមិនគួរតែត្រៀមខ្លួនឱ្យច្រើនជាងនោះ ដើម្បីអត់ទ្រាំនឹងការរងទុក្ខប្រភេទណាក៏ដោយ សម្រាប់ព្រះជាម្ចាស់ទេឬ? ការដែលអាចឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នៅចំពោះមុខសាតាំង គឺព្រះជាម្ចាស់លើកខ្ញុំឡើង ហើយទោះបីជាខ្ញុំត្រូវស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែលះបង់យ៉ាងខ្ជាប់ខ្ជួនទៅព្រះជាម្ចាស់ដែរ។ បន្តិចម្ដងៗ អារម្មណ៍នៃភាពត្រជាក់របស់ខ្ញុំបានធូរស្រាល។ ប៉ូលិសបានបន្តការសួរចម្លើយរបស់ពួកគេ តាំងពីពាក់កណ្ដាលថ្ងៃរហូតដល់ម៉ោង ៧ នៅល្ងាចនោះ។ ដោយឃើញថាខ្ញុំនៅតែមិនបើកមាត់របស់ខ្ញុំ នោះពួកគេគ្រាន់តែចាក់សោរខ្ញុំនៅក្នុងបន្ទប់សួរចម្លើយ ដោយម៉ាស៊ីនត្រជាក់នៅតែបើកដដែល។

ប៉ូលិសបានហូបបាយល្ងាចរួច ក្រោយមកបានត្រឡប់មកវិញ ហើយបាននិយាយយ៉ាងគំរាមថា «និយាយចេញមក! តើនរណាជាអ្នកដឹកនាំរបស់នាង? បើនាងមិនប្រាប់ពួកយើងទេ ពួកយើងនឹងឱ្យនាងផឹកទឹកម្ទេស ផឹកទឹកសាប៊ូ ឱ្យនាងស៊ីលាមក ស្រាតសម្លៀកបំពាក់របស់នាង ហើយអូសនាងទៅកាន់បន្ទប់ក្រោមដី ដើម្បីបង្កកដល់ស្លាប់!» ដោយបានឮពួកគេនិយាយបែបនេះ ពិតជាបានបង្ហាញខ្ញុំថា ពួកគេមិនមែនជាមនុស្សទាល់តែសោះ តែជាក្រុមអារក្សដែលពាក់មុខមនុស្ស។ ពួកគេកាន់តែសាហាវ ពួកគេកាន់តែគំរាមកំហែងខ្ញុំ នោះខ្ញុំកាន់តែស្អប់ពួកគេ ហើយខ្ញុំកាន់តែតាំងចិត្តថាខ្ញុំមិនចុះចាញ់ឡើយ។ នៅពេលដែលខ្ញុំនៅតែមិនចុះចាញ់ ពួកគេបានត្រាំកញ្ចប់សម្លៀកបំពាក់នៅក្នុងទឹក ហើយបានដាក់វានៅលើក្បាលខ្ញុំ កាន់ក្បាលខ្ញុំដើម្បីកុំឱ្យខ្ញុំយកវាចេញ ហើយចាប់ផ្ដើមទាញចំណងបើកមាត់ចេញ។ មិនយូរប៉ុន្មាន ខ្ញុំថប់ដង្ហើមស្ដែងៗ ប៉ុន្តែដោយនៅជាប់ខ្នោះនឹងកៅអី នោះខ្ញុំមិនអាចធ្វើចលនាបានបន្តិចឡើយ។ ខ្ញុំមានអារម្មណ៍ដូចជារាងកាយទាំងមូលរបស់ខ្ញុំចាប់ផ្ដើមរឹងអ៊ីចឹង។ បែបនោះហើយនៅតែមិនគ្រប់គ្រាន់សម្រាប់ពួកគេទៀត។ ពួកគេបានចាក់ទឹកត្រជាក់ពីឆ្នាំងចូលច្រមុះរបស់ខ្ញុំ ដោយនិយាយថា ពួកគេនឹងខ្ទប់ដង្ហើមខ្ញុំ បើខ្ញុំនៅតែបដិសេធមិនសារភាព។ ខ្ញុំពិតជាពិបាកដកដង្ហើមមែន ហើយអាចមានអារម្មណ៍ថា សេចក្ដីស្លាប់បានចូលមកកាន់តែជិតបន្តិចម្ដងៗ ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ថា «ឱ! ព្រះជាម្ចាស់អើយ! ដង្ហើមនេះគឺទ្រង់ជាអ្នកប្រទានឱ្យទូលបង្គំ។ មិនថាអ្វីដែលប៉ូលិសធ្វើចំពោះទូលបង្គំឡើយ ទោះបីជាទូលបង្គំបាត់បង់ជីវិតរបស់ទូលបង្គំក៏ដោយ ក៏ទូលបង្គំនឹងមិនក្បត់ទ្រង់ឡើយ។ ទូលបង្គំសុខចិត្តចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់»។ ស្រាប់តែពេលដែលខ្ញុំជិតបាត់បង់ស្មារតី ហើយខ្ញុំស្ទើរតែមិនអាចដកដង្ហើមបាន នោះប៉ូលិសបានដោះលែងភ្លាមៗ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំម្ដងហើយម្ដងទៀត។ ខ្ញុំបានដឹងថា ទោះបីជាខ្ញុំបានធ្លាក់ទៅក្នុងដៃរបស់ប៉ូលិសក៏ដោយ ក៏ពួកគេមិនអាចយកជីវិតរបស់ខ្ញុំបានដែរ លុះត្រាតែព្រះជាម្ចាស់អនុញ្ញាត។ សេចក្ដីជំនឿរបស់ខ្ញុំបានរីកចម្រើនកាន់តែខ្លាំង។

នៅព្រឹកបន្ទាប់ មន្រ្តីពីរបីនាក់បាននាំខ្ញុំ និងបងស្រីម្នាក់ទៀតទៅកាន់មណ្ឌលឃុំឃាំង។ ម្នាក់ក្នុងចំណោមពួកគេបាននិយាយទាំងគំរាមមកខ្ញុំថា «នាងមិនមែនអ្នកនៅក្នុងតំបន់នេះទេ ដូច្នេះពួកយើងគ្រាន់តែឃុំនាងពីរបីខែ ហើយក្រោយមកនឹងកាត់ទោសនាងឱ្យជាប់គុកពីបីទៅប្រាំឆ្នាំ។ គ្មាននរណាម្នាក់ដឹងឡើយ»។ ខ្ញុំបានទន់ខ្សោយបន្តិច នៅពេលនិយាយអំពីការត្រូវបានកាត់ទោស ហើយខ្ញុំបានគិតថា «បើខ្ញុំពិតជាត្រូវបានកាត់ទោស និងជាប់ពន្ធនាគារមែន ធ្វើម្ដេចខ្ញុំនឹងបង្ហាញមុខម្ដងទៀតបាន? តើមនុស្សនឹងគិតដូចម្ដេចពីខ្ញុំ?» បន្ទប់ដែលខ្ញុំត្រូវបានឃុំខ្លួនពេញទៅដោយបងប្អូនស្រីៗដែលមកពីក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះនៅពេលដែលពួកគេបានឃើញថា ខ្ញុំមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ នោះពួកគេបានធ្វើការប្រកបគ្នាអំពីសេចក្ដីពិតជាមួយខ្ញុំ ដើម្បីជួយ និងគាំទ្រខ្ញុំ ហើយបានច្រៀងទំនុកសរសើររបស់ក្រុមជំនុំសម្រាប់ខ្ញុំ ដែលមានចំណងជើងថា «ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដោយបន្ទាបអង្គទ្រង់ ដើម្បីសង្គ្រោះមនុស្សជាតិ ដោយការដឹកនាំរាល់ជំហាន យាងក្នុងចំណោមពួកជំនុំ សម្ដែងចេញនូវសេចក្ដីពិត ស្រោចស្រពមនុស្សយ៉ាងផ្ចិតផ្ចង់ ដឹកនាំពួកយើងគ្រប់ជំហានទាំងអស់។ ការនេះ ព្រះអង្គបានធ្វើជារៀងរាល់ថ្ងៃអស់ពេលរាប់ទស្សវត្សរ៍ទៅហើយ គឺសុទ្ធតែជាការបន្សុទ្ធ និងប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ទតឃើញនិទាឃរដូវជាច្រើន ទ្រង់ទតឃើញរដូវក្ដៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារជាច្រើន ដោយទទួលយកភាពល្វីងជូរចត់ ជាមួយនឹងភាពផ្អែមល្ហែម។ ទ្រង់លះបង់គ្រប់យ៉ាងដោយគ្មានវិប្បដិសារីឡើយ ទ្រង់បានប្រទានសេចក្ដីស្រឡាញ់របស់ទ្រង់ដោយមិនគិតពីអង្គទ្រង់។ ខ្ញុំបានឆ្លងកាត់ការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងបានភ្លក់រសជាតិល្វីងជូរចត់នៃការល្បងល។ ភាពផ្អែមល្អែមមកតាមក្រោយភាពល្វីងជូរចត់ ហើយសេចក្ដីពុករលួយរបស់ខ្ញុំត្រូវបានបន្សុទ្ធ ខ្ញុំថ្វាយចិត្ត និងរូបកាយរបស់ខ្ញុំ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ខ្ញុំបានទៅដល់កន្លែងមួយហើយមួយទៀតដោយធ្វើកិច្ចការលំបាកៗ ដោយលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់។ មនុស្សជាទីស្រឡាញ់បានបដិសេធខ្ញុំ អ្នកដទៃបង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំ ប៉ុន្តែសេចក្ដីស្រឡាញ់ខ្ញុំមិនរងើ្គឡើយចំពោះព្រះជាម្ចាស់ រហូតដល់ទីបញ្ចប់។ ខ្ញុំលះបង់ទាំងស្រុងដើម្បីធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ ខ្ញុំអត់ទ្រាំនឹងការបៀតបៀន និងទុក្ខវេទនា ដោយឆ្លងកាត់បទពិសោធឡើងចុះ។ មិនខ្វល់ថា ខ្ញុំអត់ទ្រាំនឹងបញ្ហានេះក្នុងជីវិតឡើយ មិនខ្វល់ថា ជីវិតខ្ញុំពេញដោយភាពល្វីងជូរចត់ឡើយ។ ខ្ញុំត្រូវតែដើរតាមព្រះជាម្ចាស់ និងធ្វើទីបន្ទាល់ចំពោះទ្រង់» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ដោយសញ្ជឹងគិតពីទំនុកសរសើរនេះ ពិតជាជំរុញទឹកចិត្តខ្ញុំមែន។ ពួកយើងនៅក្នុងប្រទេសចិន ជាប្រទេសដែលស្អប់ និងតតាំងជាមួយព្រះជាម្ចាស់ជាងប្រទេសដទៃទៀត ដោយការដើរតាមព្រះជាម្ចាស់ដ៏ពិត និងដើរលើមាគ៌ាដ៏ត្រឹមត្រូវនៅក្នុងជីវិត ដូច្នេះវាជារឿងដែលចៀសមិនរួចឡើយ ដែលពួកយើងនឹងរងទុក្ខជាច្រើន ដោយការឈឺចាប់ និងការលំបាក។ ប៉ុន្តែរឿងនោះគ្មានអ្វីត្រូវអាម៉ាស់ឡើយ ពួកយើងត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែពួកយើងមានសេចក្ដីជំនឿ ហើយនៅលើមាគ៌ាដ៏ត្រឹមត្រូវ។ ពួកយើងរងទុក្ខនូវការជិះជាន់ដើម្បីផលប្រយោជន៍នៃសេចក្ដីសុចរិត ហើយរឿងនោះគឺជាកិត្តិយសមួយ។ ខ្ញុំបានគិតដល់ពួកបរិសុទ្ធទាំងអស់នៅសម័យកាលនានា ដែលមិនដែលបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនឡើយ ប៉ុន្តែពួកគេនៅតែមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយមិនថាការគាបសង្កត់របស់ពួកគេធំធេងបែបណា ឬពួកគេរងទុក្ខការប្រមាថប្រភេទណាឡើយ ពួកគេមិនដែលក្បត់ព្រះជាម្ចាស់ឡើយ ទោះបីជាពួកគេត្រូវស្លាប់ក៏ដោយ។ ពួកគេគឺជាស្មរបន្ទាល់ដ៏ខ្ទរខ្ទារ។ ខ្ញុំបានទទួលដោយឥតគិតថ្លៃនូវការស្រោចស្រព និងការទំនុកបម្រុងជាច្រើនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានយល់ពីអាថ៌កំបាំង និងសេចក្ដីពិតដែលមនុស្សច្រើនជំនាន់មិនដែលបានយល់ពីមុនមក ដូច្នេះហេតុអ្វីបានជាខ្ញុំមិនអាចរងទុក្ខបន្តិច ហើយធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់? គំនិតនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍អាម៉ាស់ និងខុសឆ្គង ហើយខ្ញុំបានទទួលឡើងវិញនូវសេចក្ដីជំនឿ កម្លាំង និងការតាំងចិត្ត ដើម្បីាឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។

១០ ថ្ងៃ បន្ទាប់មក ប៉ូលិសបាននាំខ្ញុំនៅកាន់មន្ទីរឃុំឃាំងតែម្នាក់ឯង។ នៅពេលដែលខ្ញុំចូលទៅខាងក្នុង អ្នកទោសម្នាក់ទៀតបានប្រាប់ខ្ញុំថា «មនុស្សភាគច្រើនដែលបានមកទីនេះ មិនបានចេញទៅវិញទេ។ ពួកយើងទាំងអស់រង់ចាំសាលក្រមរបស់ពួកយើង ហើយពួកយើងមួយចំនួន បានរង់ចាំអស់រយៈពេលជាច្រើនខែមកហើយ»។ ការនិយាយនេះបានធ្វើឱ្យខ្ញុំគិតដល់បងប្អូនប្រុសស្រីដែលបានជាប់ពន្ធនាគារប្រាំបីឆ្នាំ ១០ ឆ្នាំ ឬ១៥ ឆ្នាំ ក៏មាន។ ខ្ញុំមិនបានដឹងថាខ្ញុំនឹងជាប់ពន្ធនាគារប៉ុន្មានឆ្នាំឡើយ ចុះបើខ្ញុំត្រូវឃុំខ្លួននៅនរកដ៏ខ្មៅងងឹតនេះវិញនោះ? តើខ្ញុំអាចទ្រាំបានរយៈពេលវែងទៅមុខទៀតទេ? ខ្ញុំមានភាពតានតឹងក្នុងចិត្ត ហើយទឹកភ្នែកបានស្រក់។ ដោយដឹងថាខ្ញុំកំពុងតែធ្លាក់ក្នុងល្បិចកលមួយរបស់សាតាំង នោះខ្ញុំបានអធិស្ឋានយ៉ាងក្លៀវក្លា ហើយសុំឱ្យព្រះជាម្ចាស់ការពារចិត្តរបស់ខ្ញុំ។ ហើយក្រោយមក ខ្ញុំបានទទួលពន្លឺដឹកនាំដ៏ច្បាស់នៅក្នុងខ្ញុំ៖ ព្រះជាម្ចាស់កំពុងតែអនុញ្ញាតឱ្យហេតុការណ៍នេះកើតឡើងចំពោះខ្ញុំ ដូចជាការល្បងលរបស់ យ៉ូប អ៊ីចឹង ខ្ញុំមិនអាចរអ៊ូរទាំបានឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ បានចូលមកក្នុងគំនិតរបស់ខ្ញុំ៖ «ទីបន្ទាល់អំពីជ័យជម្នះរបស់ខ្ញុំលើអារក្សសាតាំងគឺស្ថិតនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ... តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវ ស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការដាក់ទោស របស់ខ្ញុំ?» («តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ សំណួរដែលមកពីព្រះជាម្ចាស់នេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍អាម៉ាស់។ ខ្ញុំបានដឹងថា ខ្ញុំខ្វះទាំងស្រុងនូវការលះបង់ និងការស្ដាប់បង្គាប់ព្រះជាម្ចាស់។ ខ្ញុំបានអះអាងថា ខ្ញុំចង់ក្លាយជាស្មរបន្ទាល់ដ៏អស្ចារ្យម្នាក់សម្រាប់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលខ្ញុំបានប្រឈមមុខយ៉ាងពិតប្រាកដពីពេលវេលានៅក្នុងពន្ធនាគារ នោះខ្ញុំបែរជាចង់រត់ ហើយគេចចេញពីស្ថានភាពទៅវិញ។ តើនោះជាការចុះចូលប្រភេទណា? ដោយគិតត្រឡប់ទៅរកពេលវេលាចាប់តាំងពីការចាប់ខ្លួនរបស់ខ្ញុំមក ព្រះជាម្ចាស់បានដឹកនាំ និងលើកទឹកចិត្តខ្ញុំ ដោយព្រះបន្ទូលរបស់ទ្រង់គ្រប់ពេលវេលា តែងតែដឹកនាំខ្ញុំឱ្យមើលឃើញល្បិចកលរបស់សាតាំង ដើម្បីយកឈ្នះការធ្វើទារុណកម្មដ៏ឃោរឃៅរបស់ពួកអារក្សទាំងនោះ និងឱ្យខ្ញុំបន្តរស់នៅតទៅទៀត។ ខ្ញុំបានឃើញថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ ពិតប្រាកដបែបណា ថាសេចក្ដីស្រឡាញ់នោះមិនមែនឥតខ្លឹមសារ ឬក្លែងក្លាយឡើយ។ ប៉ុន្តែខ្ញុំមិនបានគិតពីការឈរធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យទ្រង់ឡើយនៅក្នុងមជ្ឈដ្ឋានេះ។ ផ្ទុយទៅវិញ ខ្ញុំអាត្មានិយម និងបម្រើខ្លួនឯង ដោយគ្រាន់តែគិតអំពីការចំណេញ និងការខាតបង់ខាងសាច់ឈាមប៉ុណ្ណោះ ហើយចង់ភៀសខ្លួននៅពេលដែលខ្ញុំរងទុក្ខបន្តិចបន្ដួច។ វាជារឿងដែលអាត្មានិយម និងគួរឱ្យស្អប់។ តើភាពជាមនុស្សរបស់ខ្ញុំនៅឯណា? តើមនសិការរបស់ខ្ញុំនៅឯណា? ខ្ញុំបានពេញដោយវិប្បដិសារី និងការចោទប្រកាន់ខ្លួនឯងនៅត្រង់គំនិតនេះ ដូច្នេះខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ទៅព្រះជាម្ចាស់ ដោយវិប្បដិសារី។ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំខុសហើយ។ ទូលបង្គំមិនអាចបន្តនិយាយតែមាត់ដោយរបៀបនេះ និងមិនស្មោះត្រង់ជាមួយទ្រង់ទៀតឡើយ។ ទូលបង្គំចង់ផ្គាប់ព្រះហឫទ័យទ្រង់ដោយទង្វើជាក់ស្ដែង។ ទូលបង្គំនឹងឈរធ្វើបន្ទាល់ដោយគ្មានសង្ស័យឡើយ មិនថាសាលក្រមទៅជាបែបណាទេ»។ អាកាសធាតុត្រជាក់ ដូច្នេះអ្នកទោសដទៃទៀតនៅក្នុងមន្ទីរឃុំឃាំងបានឱ្យក្រណាត់មួយចំនួនមកខ្ញុំ ហើយពួកគេបានជួយខ្ញុំធ្វើការងារដែលខ្ញុំត្រូវបំពេញជារៀងរាល់ថ្ងៃ។ ពួកគេបានថែរក្សាខ្ញុំតាមគ្រប់មធ្យោបាយ។ ខ្ញុំបានដឹងថា នេះគឺជាអ្វីដែលព្រះជាម្ចាស់បានរៀបចំ ហើយខ្ញុំថ្វាយការអរព្រះគុណដ៏អស់ពីចិត្តដល់ទ្រង់។

ប៉ូលិសអាចសួរចម្លើយខ្ញុំពីរបីថ្ងៃម្ដងនៅក្នុងមន្ទីរឃុំឃាំង។ ដោយឃើញថាវិធីសាស្ត្រកាចសាហាវមិនអាចប្រើការបាន នោះពួកគេបានប្ដូរទៅជាវិធីសាស្ត្រទន់ភ្លន់វិញម្ដង។ មន្ត្រីម្នាក់បានព្យាយាមជជែកជាមួយខ្ញុំ ដោយធ្វើទឹកមុខដូចជាមានសមានចិត្ត ហើយបានទិញអ្វីៗល្អៗឱ្យខ្ញុំហូប។ គាត់ក៏បាននិយាយថា គាត់អាចជួយខ្ញុំស្វែងរកការងារដ៏ល្អផងដែរ។ ខ្ញុំបានដឹងថានេះជាល្បិចកលមួយរបស់សាតាំង ដូច្នេះខ្ញុំមិនអើពើនឹងគាត់ទាល់តែសោះ។ អំឡុងពេលការសួរចម្លើយមួយ ទីបំផុតប៉ូលិសបានបើកសម្ដែងបំណងអាក្រក់របស់ពួកគេ៖ «ពួកយើងគ្មានរឿងផ្ទាល់ខ្លួនណាមួយប្រឆាំងនឹងនាងឡើយ ពួកយើងគ្រាន់តែចង់លុបបំបាត់ចោលក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ហើយពួកយើងសង្ឃឹមថានាងអាចធ្វើការសម្រាប់ពួកយើង»។ ដោយឮពួកគេនិយាយអ្វីមួយអាក្រក់បែបនេះ បានធ្វើឱ្យខ្ញុំខឹងយ៉ាងខ្លាំង។ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានយាងមកក្នុងលោកិយនៅគ្រាចុងក្រោយដើម្បីសង្គ្រោះមនុស្ស ប៉ុន្តែបក្សកុម្មុយនីស្ដចិនប្រឆាំងយ៉ាងឆ្កួតលីលា និងថ្កោលទោសទ្រង់ ហើយចាប់ខ្លួន ព្រមទាំងធ្វើទុក្ខបុកម្នេញអ្នកជឿ។ ហើយពេលនេះ ពួកគេចង់ឱ្យខ្ញុំក្បត់ក្រុមជំនុំ និងក្លាយជាអាយ៉ងរបស់ពួកគេទៀត។ វាជារឿងគួរឱ្យស្អប់ណាស់។ ខ្ញុំបានឃើញថា បក្សកុម្មុយនីស្ដ គឺជាក្រុមអារក្សដែលត្រូវបានកំណត់ឱ្យតយុទ្ធជាមួយព្រះជាម្ចាស់ ពួកគេអាក្រក់ និងប្រតិកិរិយាណាស់! ខ្ញុំពេញដោយសេចក្ដីស្អប់ទាំងស្រុងចំពោះបក្ស ហើយគ្មានចង់បានអ្វីក្រៅពីធ្វើទីបន្ទាល់ដើម្បីបំបាក់មុខអារក្សសាតាំងទាំងនោះឡើយ។ ប៉ូលិសបានព្យាយាមប្រើល្បិចកលចិត្តសាស្ត្រមួយទៀត នៅពេលដែលខ្ញុំនៅតែមិននិយាយអ្វី។ ពួកគេបានរកឃើញស្វាមីរបស់ខ្ញុំ តាមរយៈក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ ហើយបាននាំគាត់ និងកូនរបស់ពួកយើងចេញពីក្រុងមកទីនេះ ដើម្បីជួបខ្ញុំនៅក្នុងមន្ទីរឃុំឃាំង។ ស្វាមីរបស់ខ្ញុំមិនដែលជំទាស់នឹងសេចក្ដីជំនឿរបស់ខ្ញុំឡើយ ប៉ុន្តែដោយសារតែប៉ូលិសគំរាមកំហែង និងល្បួងគាត់ នោះគាត់បាននិយាយហើយនិយាយទៀតថា «បងអង្វរអូនឱ្យបោះបង់ចោលសេចក្ដីជំនឿរបស់អូនទៅ។ ទោះបីជាមិនមែនដើម្បីប្រយោជន៍របស់បង ក៏ត្រូវគិតដល់កូនប្រុសយើងដែរ។ អូនគិតស្រមៃមើលពីអ្វីដែលកើតឡើងចំពោះគាត់ បើម្ដាយគាត់ជាប់ពន្ធនាគារ»។ ការស្ដាប់ឮគាត់និយាយបែបនេះ គឺពិតជារឿងពិបាកសម្រាប់ខ្ញុំ។ ក្រោយមក ខ្ញុំបានគិតអំពីទំនុកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «កិច្ចការនៃគ្រាចុងក្រោយត្រូវការសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ខ្លាំងបំផុតពីយើងទាំងអស់គ្នា។ យើងអាចជំពប់ជើងព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍គឺជាសេចក្ដីជំនឿរបស់មនុស្សជាតិ ដែលជាផ្នែកអរូបិយ និងផ្នែកមើលមិនឃើញ។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប។ ពួកគេត្រូវតែស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេស្ដាប់បង្គាប់រហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់». («អ្វីដែលព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍គឺជាសេចក្តីជំនឿ» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំពេញខ្ញុំដោយសេចក្ដីជំនឿ និងកម្លាំង។ ខ្ញុំមិនរង្គោះរង្គើទាល់តែសោះ មិនថាអ្វីដែលស្វាមីរបស់ខ្ញុំបាននិយាយឡើយ។ ទីបំផុត គាត់បាននិយាយគួរឱ្យភ្ញាក់ផ្អើលដាក់ខ្ញុំថា៖ «បើអូនមិនស្ដាប់ទេ ពួកយើងគួរតែលែងលះគ្នាទៅ!» ពាក្យ «លែងលះ» បានបំផ្លាញចិត្តរបស់ខ្ញុំ។ ខ្ញុំបានដឹងថា បើមិនមែនដោយសារតែបក្សកុម្មុយនីស្ដភូតកុហក និងប្រមាថកិច្ចការរបស់ព្រះជាម្ចាស់ គំរាមកំហែង បង្ខិតបង្ខំ និងញុះញង់ទេ នោះគាត់នឹងមិនដែលនិយាយអ្វីមួយដែលគ្មានចិត្តមេត្តាឡើយ។ ខ្ញុំស្អប់បក្សជាងពេលណាទាំងអស់។ វាគឺជាអ្នកទោសដ៏ចម្បងក្នុងការរុញឱ្យគ្រួសាររបស់ពួកយើងទៅដល់ចំណុចគ្រោះថ្នាក់! ពួកគេចង់កេងចំណេញពីអារម្មណ៍របស់ខ្ញុំ ហើយឱ្យគ្រួសាររបស់ខ្ញុំធ្វើឱ្យខ្ញុំក្បត់ព្រះជាម្ចាស់ ខ្ញុំពិតជាមិនអាចធ្លាក់ក្នុងល្បិចកលរបស់ពួកគេបានឡើយ។ បន្ទាប់ពីគិតពីគំនិតនេះ នោះខ្ញុំបានឆ្លើយតបយ៉ាងស្ងប់ថា «បងអាចយកកូនប្រុសរបស់យើង ហើយចេញទៅ»។ ដោយឃើញគ្រប់យ៉ាងដែលពួកគេព្យាយាមបរាជ័យ នោះមន្ត្រីម្នាក់បានដើរយ៉ាងខឹងនៅខាងមុខតុ ហើយស្រែកដាក់ខ្ញុំថា៖ «ពួកយើងបានប្រឹងប្រែងជាច្រើននៅក្នុងការធ្វើបែបនេះ ដោយគ្មានទទួលបានពាក្យមួយម៉ាត់ពីនាងឡើយ! បើនាងមិនព្រមបើកមាត់ទេ នោះពួកយើងនឹងចាត់ទុកនាងជាឧក្រិដ្ឋជននយោបាយ។ ថ្ងៃនេះគឺជាឱកាសចុងក្រោយដើម្បីនិយាយហើយ!» ប៉ុន្តែមិនថាពួកគេឆេវឆាវដាក់ខ្ញុំបែបណាឡើយ ខ្ញុំនៅតែនៅស្ងៀម ដោយអធិស្ឋានទៅព្រះជាម្ចាស់គ្រប់ពេលវេលា សុំឱ្យទ្រង់ជួយឱ្យខ្ញុំនៅតាំងចិត្តក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។

ខ្ញុំបានពិចារណាអំពីអ្វីដែលស្វាមីរបស់ខ្ញុំបាននិយាយ នៅពេលដែលខ្ញុំត្រឡប់ទៅកាន់បន្ទប់របស់ខ្ញុំវិញ។ វាហាក់ដូចជាគាត់ពិតជាបានត្រៀមខ្លួនដើម្បីលែងលះអ៊ីចឹង ខ្ញុំបានបាត់បង់ផ្ទះសម្បែង ហើយខ្ញុំនៅតែមិនដឹងថា ការកាត់ទោសរបស់ខ្ញុំនឹងមានរយៈពេលយូរប៉ុនណាឡើយ។ ខ្ញុំពិតជាវេទនាណាស់។ ស្រាប់តែពេលនោះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនបានចូលមកក្នុងចិត្តគំនិតរបស់ខ្ញុំ៖ «ឥឡូវនេះ អ្នកគួរតែអាចមើលឃើញផ្លូវដ៏ហ្មត់ចត់ដែលពេត្រុសបានដើរ យ៉ាងច្បាស់ហើយ។ ប្រសិនបើអ្នកអាចមើលឃើញផ្លូវរបស់ពេត្រុសច្បាស់ នោះអ្នកក៏នឹងដឹងច្បាស់អំពីកិច្ចការដែលកំពុងត្រូវបានធ្វើសព្វថ្ងៃផងដែរ ដូច្នេះ អ្នកនឹងមិនរអ៊ូរទាំ មិនអសកម្ម ឬចង់បានអ្វីមួយនោះឡើយ។ អ្នកគួរតែយល់ពីអារម្មណ៍របស់ពេត្រុសនៅពេលនោះថា៖ គាត់ស្រឡាំងកាំង ដោយសារទុក្ខព្រួយ។ គាត់លែងអធិស្ឋានសុំអនាគតល្អ ឬព្រះពរទៀតហើយ។ គាត់មិនបានស្វែងរកប្រយោជន៍ សេចក្តីសុខ កិត្តិនាមល្បីល្បាញ ឬទ្រព្យសម្បត្តិនៅក្នុងលោកីយ៍នេះឡើយ។ គាត់គ្រាន់តែព្យាយាមរស់នៅ ក្នុងជីវិតមួយដែលមានន័យខ្លឹមសារបំផុត ជាជីវិតមួយដែលតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយថ្វាយវត្ថុ ដ៏មានតម្លៃបំផុតដែលគាត់មានដល់ព្រះជាម្ចាស់។ ក្រោយមក គាត់ក៏មានអារម្មណ៍ស្កប់ចិត្ត» («របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ សមិទ្ធផលរបស់ ពេត្រុស គឺធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងជ្រាលជ្រៅ។ វាជាការពិត ពេត្រុស បានលះបង់ជីវិតរបស់គាត់ដើម្បីស្វះស្វែងស្រឡាញ់ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយគ្មានគិតបន្តិចឡើយពីអនាគត និងវាសនាផ្ទាល់ខ្លួន ព្រមទាំងចំពោះផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅទីបញ្ចប់ គាត់ត្រូវបានគេឆ្កាងក្បាលមកក្រោម ដោយបម្រើជាស្មរបន្ទាល់ដ៏ខ្ទរខ្ទារ និងស្រស់បំព្រងសម្រាប់ព្រះជាម្ចាស់។ ខ្ញុំមានភ័ព្វសំណាងដែលអាចដើរតាមព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយរីករាយនឹងការទំនុកបម្រុង និងការដឹកនាំនៃព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែខ្ញុំមិនដែលថ្វាយអ្វីមួយទៅព្រះជាម្ចាស់ឡើយ។ ដល់ពេលដែលខ្ញុំត្រូវឈរធ្វើបន្ទាល់ហើយ ពេលនេះខ្ញុំបានតាំងចិត្តថាត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ តើខ្ញុំនឹងបន្សល់ទុកនូវវិប្បដិសារីពេញមួយជីវិតឬ បើខ្ញុំខកខានឱកាសនេះ? នៅត្រង់ចំណុចនោះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា «ព្រះជាម្ចាស់អើយ ទូលបង្គំចង់ធ្វើដូចជា ពេត្រុស។ មិនថាអ្វីដែលទូលបង្គំអាចប្រឈមមុខបន្ទាប់ជាអ្វីឡើយ ទោះបីជាការលែងលះ ទោះបីជាជាប់ពន្ធនាគារក៏ដោយ ក៏ទូលបង្គំត្រៀមខ្លួនរួចជាស្រេចដើម្បីឈរធ្វើបន្ទាល់ និងផ្គាប់ព្រះហឫទ័យទ្រង់ដែរ ហើយទោះបីជាទូលបង្គំត្រូវចំណាលពេលវេលាទាំងអស់របស់ទូលបង្គំនៅក្នុងពន្ធនាគារក៏ដោយ ក៏ទូលបង្គំមិនឱនក្បាលចំពោះសាតាំង និងក្បត់ព្រះជាម្ចាស់ឡើយ»។ នៅពេលដែលខ្ញុំបានថ្វាយគ្រប់យ៉ាងយ៉ាងពិតប្រាកដ នោះខ្ញុំបានឃើញទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ពីរបីថ្ងៃក្រោយមក មន្ត្រីកែប្រែម្នាក់បាននិយាយមកកាន់ខ្ញុំដោយមិនគួរឱ្យជឿថា «ប្រមូលរបស់របររបស់នាងទៅ។ នាងត្រូវត្រឡប់ទៅផ្ទះវិញហើយ»។ ខ្ញុំគ្រាន់តែមិនអាចជឿត្រចៀករបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំរំភើប។ សាតាំងត្រូវបានធ្វើឱ្យអាម៉ាស់ និងបរាជ័យនៅក្នុងសង្រ្គាមខាងវិញ្ញាណនោះ ហើយព្រះជាម្ចាស់បានទទួលសិរីល្អយ៉ាងខ្ទរខ្ទារ!

ក្នុងរយៈពេល ៣៦ ថ្ងៃ នៃការធ្វើទុក្ខបុកម្នេញ ដែលខ្ញុំបានអត់ទ្រាំ ខ្ញុំបានឃើញយ៉ាងច្បាស់ និងយ៉ាងពេញលេញនូវសារជាតិដ៏ប្រតិកិរិយា និងអាក្រក់របស់បក្សកុម្មុយនីស្ដចិន វាឃោរឃៅ និងផ្ដាច់ការ ហើយផ្ទុយទាំងស្រុងទៅនឹងស្ថានសួគ៌។ ខ្ញុំស្អប់ និងបដិសេធវាចេញពីដួងចិត្ត។ ក្នុងការសាកល្បងនេះគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានបំភ្លឺ និងដឹកនាំខ្ញុំ ដោយអនុញ្ញាតឱ្យខ្ញុំយកឈ្នះលើការវាយប្រហារ និងសេចក្ដីល្បួងរបស់សាតាំងម្ដងហើយម្ដងទៀត។ ខ្ញុំបានឆ្លងកាត់បទពិសោធន៍យ៉ាងពិតប្រាកដថា គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាជីវិត និងកម្លាំងតែមួយរបស់មនុស្សជាតិ ហើយខ្ញុំបានដឹងថា ព្រះជាម្ចាស់ត្រួតត្រាលើគ្រប់យ៉ាង ថាគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ មិនថាសាតាំងព្យាយាមលេងល្បិចកលច្រើនប៉ុនណាឡើយ វាតែងតែត្រូវបានយកឈ្នះនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ទោះបីជាវាបានធ្វើទារុណកម្មសាច់ឈាមរបស់ខ្ញុំ ដើម្បីបង្ខំខ្ញុំឱ្យក្បត់ព្រះជាម្ចាស់ក៏ដោយ ក៏ភាពឃោរឃៅរបស់វាមិនត្រឹមតែមិនអាចបំបែកខ្ញុំបានប៉ុណ្ណោះទេ ថែមទាំងបានបើកភ្នែករបស់ខ្ញុំយ៉ាងជាក់ស្ដែងចំពោះមុខមាត់អាក្រក់របស់វាទៀតផង។ ខ្ញុំស្គាល់ពីសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ បានបដិសេធសាតាំងទាំងស្រុង ហើយរឹងមាំនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ និងនៅក្នុងការដើរតាមព្រះជាម្ចាស់។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នឹងតែងតែមានជ័យជម្នះលើល្បិចកលរបស់សាតាំង។ ខ្ញុំថ្វាយការអរព្រះគុណយ៉ាងអស់ពីចិត្តទៅព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សង្គ្រាមប្រឆាំងនឹងការអូសទាញ

ដោយ ចាវ លាំង (ចិន) ខ្ញុំត្រូវបានចាប់ខ្លួនដោយប៉ូលិសបក្សកុម្មុយនីស្ដចិន ដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ នៅពេលដែលខ្ញុំមានអាយុ ១៩ ឆ្នាំ។...

ការលំបាករបស់គុក

ថ្ងៃមួយ នៅខែឧសភា ឆ្នាំ ២០០៤ ពេលខ្ញុំកំពុងតែចូលរួមការជួបជុំមួយជាមួយបងប្អូនប្រុសស្រីមួយចំនួន ស្រាប់តែប៉ូលិសជាង ២០ នាក់ បានសម្រុកចូលមក។...

Leave a Reply