ខ្ញុំលែងដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈទៀតហើយ

02-07-2026

ដោយ អេមីលី មកពីប្រទេសហ្វីលីពីន

ខ្ញុំធំដឹងក្ដីឡើងក្នុងគ្រួសារក្រីក្រមួយ ដែលមានបងប្អូនដប់នាក់។ តាំងពីក្មេងមក ខ្ញុំចង់រកលុយឱ្យបានច្រើន ដើម្បីជួយគ្រួសារខ្ញុំឱ្យរួចផុតពីភាពក្រីក្រ។ ខ្ញុំមានការជំរុញចិត្តជាពិសេស នៅពេលដែលមិត្តរួមថ្នាក់ម្នាក់នៅមហាវិទ្យាល័យ បានអញ្ជើញខ្ញុំឱ្យចូលរួមសិក្ខាសាលាអាជីវកម្មមួយ ដែលវាគ្មិនបានចែករំលែកបទពិសោធរបស់ពួកគេ ពីការងើបចេញពីភាពក្រីក្រ ទៅជាអ្នកមាន។ ខ្ញុំក៏ចង់ក្លាយជាស្ត្រីអ្នកជំនួញដ៏ជោគជ័យម្នាក់ដែរ ហើយធ្វើរឿងជាច្រើនដូចជា រកលុយឱ្យបានច្រើន មានផ្ទះ មានឡាន និងធ្វើដំណើរជុំវិញពិភពលោក។ តាមរបៀបនោះ អ្នកដែលស្គាល់ខ្ញុំ នឹងចាត់ទុកខ្ញុំជាគំរូនៃក្មេងស្រីក្រីក្រម្នាក់ ដែលបានរើបម្រះពីភាពក្រីក្រ ហើយពួកគេនឹងកោតសរសើរខ្ញុំ។ ក្រោយពេលរៀនចប់ ខ្ញុំបានទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយធ្វើការជាអ្នកទទួលភ្ញៀវនៅក្រុមហ៊ុនមួយ។ ដោយសារតែប្រាក់ចំណូលខ្ញុំទាប ខ្ញុំតែងតែស្វែងរកការងារក្រៅម៉ោងជានិច្ច។ ខ្ញុំតែងតែធ្វើការងារពេញម៉ោងនៅពេលថ្ងៃ ហើយរកស៊ីក្រៅម៉ោងនៅពេលយប់។ ខ្ញុំក៏បានព្យាយាមធ្វើការវិនិយោគផ្សេងៗផងដែរ ប៉ុន្តែវាសុទ្ធតែបរាជ័យទាំងអស់ ហើយជីវិតខ្ញុំកាន់តែលំបាកថែមទៀត។ ពេលនោះ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តជាខ្លាំង ហើយខ្ញុំមិនយល់សោះឡើយថា៖ ខ្ញុំប្រឹងធ្វើការរកលុយខ្លាំងណាស់ ចុះហេតុអ្វីបានជាលទ្ធផលចេញមកអាក្រក់បែបនេះ? ហេតុអ្វីខ្ញុំនៅតែបរាជ័យ ទោះបីជាខ្ញុំខិតខំធ្វើការ ឬវិនិយោគខ្លាំងប៉ុណ្ណាក៏ដោយ? ខ្ញុំមានអារម្មណ៍ថាអស់កម្លាំងល្វើយជាទីបំផុត។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលពិតជាបានរំជួលចិត្តខ្ញុំយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះជាម្ចាស់ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនបានលះបង់ដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងបុព្វហេតុសុចរិតរបស់មនុស្សទេ នោះព្រលឹងរបស់យើង នឹងមានអារម្មណ៍ខ្មាសអៀននៅចំពោះមុខអ្នកដែលសុខចិត្តលះបង់ជីវិតដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយកាន់តែមានអារម្មណ៍ខ្មាសអៀននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងថែមទៀត» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានយល់ថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើត យើងគួរតែបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើត ព្រោះនេះជាការទទួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើង។ នេះគឺដោយសារតែព្រះជាម្ចាស់បានរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើង រួមមានគ្រួសារ ឪពុកម្ដាយរបស់យើង និងមជ្ឈដ្ឋានដែលយើងធំដឹងក្ដីឡើង គឺអ្វីៗទាំងអស់នេះត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនតាំងពីយូរយារណាស់មកហើយ ហើយក្នុងនាមជាភាវៈដែលព្រះបានបង្កើត យើងគួរតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់។ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដោយសារព្រះបន្ទូលព្រះជាម្ចាស់ ហើយចង់បំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំយល់ពីសេចក្ដីពិតបានតិចតួចណាស់ ដែលធ្វើឱ្យខ្ញុំមិនអាចទប់ទល់នឹងសេចក្ដីល្បួងនៃលុយកាក់បានឡើយ ហើយចិត្តរបស់ខ្ញុំតែងតែផ្ដោតលើការរកលុយជានិច្ច។

ក្រោយមក ខ្ញុំបានប្ដូរពីការធ្វើជាអ្នកទទួលភ្ញៀវ ទៅជាជំនួយការផ្នែកធនធានមនុស្ស ហើយប្រាក់ខែខ្ញុំក៏កើនឡើងដែរ។ ប៉ុន្តែខ្ញុំមិនសូវសប្បាយចិត្តទេ ព្រោះការងារនេះមិនអាចធ្វើឱ្យខ្ញុំក្លាយជាអ្នកមាន ឬធ្វើឱ្យអ្នកដទៃកោតសរសើរខ្ញុំបានឡើយ។ បើខ្ញុំនៅតែបន្តបែបនេះទៀត តើពេលណាទើបខ្ញុំអាចសង់ផ្ទះនៅស្រុកកំណើត និងធ្វើឱ្យជីវភាពគ្រួសារខ្ញុំប្រសើរឡើង ហើយនាំពួកគេដើរលេងបានទៅ? ដូច្នេះ ខ្ញុំត្រូវស្វែងរកការងារដែលបានប្រាក់ខែខ្ពស់ជាងនេះ ឬទទួលការងារក្រៅម៉ោងបន្ថែមទៀត។ ដូច្នេះ ខ្ញុំក៏ខំដាក់ពាក្យស្វែងរកការងារថ្មីជាបន្តបន្ទាប់។ មិនយូរប៉ុន្មាន ខ្ញុំបានចាប់ផ្ដើមការងារថ្មីនៅក្រុមហ៊ុនមួយទៀត ជាជំនួយការរដ្ឋបាលនៅក្នុងផ្នែកលក់។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះក្រៅពីប្រាក់ខែគោល ក៏មានប្រាក់កម្រៃជើងសារដែរ ហើយដរាបណាខ្ញុំធ្វើការបានល្អ ខ្ញុំក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។ ខ្ញុំបានគិតថា៖ «ទីបំផុត ខ្ញុំមានឱកាសរកលុយបានច្រើនហើយ ហើយពេលដែលខ្ញុំបានសង់ផ្ទះនៅស្រុកកំណើតរួច មនុស្សនៅទីនោះប្រាកដជាគោរព និងកោតសរសើរខ្ញុំមិនខាន»។ ដោយសារវាជាការងារថ្មី ហើយខ្ញុំគ្មានបទពិសោធ ខ្ញុំត្រូវចំណាយពេលជាច្រើនក្នុងការរៀនសូត្រ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ដូចដែលខ្ញុំចង់បាន។ ដើម្បីរកលុយឱ្យបានច្រើន ខ្ញុំតែងតែធ្វើការលើសម៉ោង។ ក្នុងអំឡុងពេលនោះ ខ្ញុំបានដាក់ពេលវេលា និងកម្លាំងកាយចិត្តទាំងអស់របស់ខ្ញុំទៅលើការងារ។ នៅកន្លែងធ្វើការ ខ្ញុំច្រើនតែញ៉ាំបាយមិនទៀងពេល ឬរហូតដល់ថ្នាក់ភ្លេចញ៉ាំក៏មាន។ ជាពិសេសនៅពេលដែលអ្នកគ្រប់គ្រង ឬមិត្តរួមការងាររបស់ខ្ញុំត្រូវការឱ្យខ្ញុំចាត់ចែងរឿងបន្ទាន់ណាមួយ សូម្បីតែពេលខ្ញុំឈឺ ក៏ខ្ញុំនៅតែត្រូវបន្តធ្វើការដែរ។ ពេលនោះ ខ្ញុំជាអ្នកធ្វើការខាងផ្សាយដំណឹងល្អម្នាក់ ប៉ុន្តែខ្ញុំរវល់នឹងការងារខ្លាំងពេក រហូតដល់ខ្ញុំមិនសូវមានពេលផ្សាយដំណឹងល្អឡើយ។ សូម្បីតែពេលមកដល់ផ្ទះវិញ ក៏ខ្ញុំនៅតែធ្វើការដែរ។ នៅពេលដែលអ្នកដឹកនាំសុំឱ្យខ្ញុំរៀបចំការជួបជុំ ភាគច្រើនខ្ញុំបានបដិសេធ ព្រោះខ្ញុំគ្មានពេលសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ លើសពីនេះទៅទៀត ខ្ញុំបានអស់កម្លាំងទៅហើយ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ហើយគ្មានកម្លាំងនៅសល់ដើម្បីរៀបចំទៀតទេ ខ្ញុំគ្រាន់តែចង់សម្រាកប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ ខ្ញុំច្រើនតែមិនសូវយកចិត្តទុកដាក់នៅក្នុងការជួបជុំទេ ហើយខ្ញុំតែងតែចូលរួមការជួបជុំតាមអនឡាញ បណ្ដើរធ្វើការបណ្ដើរ។ ពេលខ្លះ ខ្ញុំថែមទាំងដេកលក់អំឡុងពេលជួបជុំទៀតផង។ ដោយសារតែខ្ញុំគ្រាន់តែផ្ដោតលើការរកលុយ លទ្ធផលរបស់ខ្ញុំក្នុងការផ្សាយដំណឹងល្អគឺខ្សោយណាស់។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានកំហុសយ៉ាងខ្លាំង ដោយគិតថា៖ «ខ្ញុំព្រមបន្តធ្វើការងាររបស់ខ្ញុំ ទោះបីជាខ្ញុំអស់កម្លាំង ឬឈឺក៏ដោយ ប៉ុន្តែខ្ញុំបែរជាបំពេញភារកិច្ចរបស់ខ្ញុំឱ្យតែរួចពីដៃ ហើយធ្វើវាដោយមិនសូវសកម្មឡើយ»។ ទោះបីជាខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងខ្លះៗក៏ដោយ ក៏ខ្ញុំពូកែអត់ទោសឱ្យខ្លួនឯងដែរ ដោយគិតថា៖ «ខ្ញុំនៅថ្មីក្នុងផ្នែកលក់ ប៉ុន្តែពេលខ្ញុំប្រសើរឡើងក្នុងផ្នែកនេះ ខ្ញុំនឹងមានពេលច្រើនសម្រាប់ភារកិច្ចរបស់ខ្ញុំមិនខាន»។ ប៉ុន្តែ រឿងរ៉ាវមិនបានដូចអ្វីដែលខ្ញុំរំពឹងទុកនោះទេ។ កាលណាខ្ញុំកាន់តែស្ទាត់ជំនាញនឹងការងារនេះ ខ្ញុំកាន់តែត្រូវធ្វើការច្រើនម៉ោងជាងមុន។ ខ្ញុំមិនត្រឹមតែគ្មានពេលទំនេរច្រើនជាងមុនទេ ថែមទាំងកាន់តែរវល់ជាងមុនទៅទៀត។ ចិត្តរបស់ខ្ញុំចាប់ផ្ដើមមិនស្ងប់ ព្រោះខ្ញុំដឹងថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ភារកិច្ចរបស់ខ្ញុំគឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់ខ្ញុំ ហើយថា ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ប៉ុន្តែ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្លួនសោះ។ ក្នុងពេលជាមួយគ្នានោះ ខ្ញុំក៏ពិតជាមានអារម្មណ៍ភ័យខ្លាចដែរ ព្រោះខ្ញុំតែងតែដេញតាមរបស់ខាងលោកីយ៍ ហើយចិត្តរបស់ខ្ញុំកំពុងរសាត់ឆ្ងាយពីព្រះជាម្ចាស់បន្តិចម្ដងៗ។ ខ្ញុំមិនអាចទទួលអារម្មណ៍ពីការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងភារកិច្ចរបស់ខ្ញុំទេ ហើយការផ្សាយដំណឹងល្អរបស់ខ្ញុំក៏មិនទទួលបានលទ្ធផលអ្វីដែរ។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តថា៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដា ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំបានបាត់បង់ការចង្អុរបង្ហាញហើយ។ ទូលបង្គំមិនអាចទទួលអារម្មណ៍ពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំរបស់ទ្រង់សោះឡើយ។ សូមជួយទូលបង្គំផង»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយទទួលបានការយល់ដឹងខ្លះៗអំពីបញ្ហារបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សជាច្រើននៃអ្នករាល់គ្នាបានរេរារវាងខុស និងត្រូវ តើមែនទេ? នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខដុម និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! រវាងគ្រួសារដែលចុះសម្រុងគ្នា និងគ្រួសារដែលបែកបាក់ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ ហើយអ្នករាល់គ្នាបានជ្រើសរើសដូច្នេះដោយគ្មានការស្ទាក់ស្ទើរឡើយ។ រវាងទ្រព្យសម្បត្តិ និងភារកិច្ច អ្នករាល់គ្នាបានជ្រើសរើសយកទីមួយម្ដងទៀត ថែមទាំងគ្មានឆន្ទៈក្នុងការត្រឡប់ក្រោយទៀតផង។ រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ។ នៅពេលជ្រើសរើសរវាងកូនៗ ភរិយា និងស្វាមីរបស់អ្នករាល់គ្នា ឬខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងសញ្ញាណ និងសេចក្ដីពិត អ្នករាល់គ្នានៅតែជ្រើសរើសយកទីមួយដដែល។ ពេលប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាងរបស់អ្នករាល់គ្នា ខ្ញុំអស់ជំនឿលើអ្នករាល់គ្នាតែម្ដង ខ្ញុំពិតជាហួសព្រះទ័យណាស់។ ដួងចិត្តរបស់អ្នករាល់គ្នាមិនអាចបន្ទន់បានដោយនឹកស្មានមិនដល់។ ព្រះលោហិតបេះដូងដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ មិននឹកស្មានថាបែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការទទួលយកទាំងគ្មានជម្រើសរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានបើកបង្ហាញទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយដដែលមែនទេ? តើអ្នករាល់គ្នានៅតែតបស្នងមកខ្ញុំនូវការខកព្រះទ័យ និងឈឺចាប់សោកសៅបន្តទៀតទេ? តើចិត្តរបស់អ្នករាល់គ្នានៅតែមានភាពកក់ក្ដៅត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះឬ? តើអ្នករាល់គ្នានៅតែមិនដឹងថាគួរធ្វើអ្វីដើម្បីលួងលោមព្រះហឫទ័យរបស់យើងទេឬ? នៅខណៈនេះ តើអ្នករាល់គ្នាជ្រើសរើសយកអ្វី?» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អ្វីដែលព្រះជាម្ចាស់បានលាតត្រដាង គឺជាសភាពពិតប្រាកដរបស់ខ្ញុំតែម្ដង។ ជាច្រើនលើកច្រើនសា យើងដឹងថាអ្វីត្រូវ និងអ្វីខុស អ្វីជារឿងវិជ្ជមាន និងអ្វីជារឿងអវិជ្ជមាន ប៉ុន្តែយើងនៅតែជ្រើសរើសរឿងដែលខុសឆ្គង និងអវិជ្ជមានទាំងនេះដដែល។ តាំងពីខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមក ខ្ញុំដឹងថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំ ប៉ុន្តែខ្ញុំប្រឹងធ្វើការពេញមួយថ្ងៃ ហើយចំណាយពេលវេលា និងកម្លាំងយ៉ាងច្រើន ដើម្បីឱ្យអ្នកដទៃកោតសរសើរ និងច្រណែនខ្ញុំ ហើយដើម្បីរកលុយបានកាន់តែច្រើន និងមានជីវភាពកាន់តែធូរធារ។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំឱ្យអស់ពីចិត្តទាល់តែសោះ។ ពេលចេញពីធ្វើការ នៅពេលល្ងាច ដែលជាពេលខ្ញុំគួរតែចំណាយទៅលើភារកិច្ចរបស់ខ្ញុំ ខ្ញុំបែរជាគិតតែពីរបៀបរកលុយឱ្យបានច្រើនទៅវិញ ខ្ញុំគ្មានចិត្តចង់ផ្សាយដំណឹងល្អ ឬបំពេញភារកិច្ចរបស់ខ្ញុំបន្តិចសោះឡើយ។ ខ្ញុំគិតថា ដរាបណាខ្ញុំនៅតែបំពេញភារកិច្ច គឺវាគ្រប់គ្រាន់ហើយ ហើយខ្ញុំមិនខ្វល់ទាល់តែសោះថា តើភារកិច្ចរបស់ខ្ញុំទទួលបានលទ្ធផលឬអត់នោះទេ។ ខ្ញុំឃើញថា ខ្ញុំពិតជាគ្មានការគោរពកោតខ្លាចទាល់តែសោះនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំជឿលើព្រះជាម្ចាស់មែន ប៉ុន្តែខ្ញុំមិនអាចដើរតាមទ្រង់យ៉ាងពិតប្រាកដបានទេ ដោយនៅតែជ្រើសរើសរបស់ខាងលោកីយ៍ ហើយដើរតាមផ្លូវរបស់អ្នកមិនជឿដដែល។ ដោយសារព្រះជាម្ចាស់នៅតែផ្ដល់ឱកាសឱ្យខ្ញុំបំពេញភារកិច្ច ខ្ញុំគួរតែចាប់យក និងឱ្យតម្លៃចំពោះវា ហើយផ្ដោតពេលវេលា និងកម្លាំងរបស់ខ្ញុំ ទៅលើការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្ញុំ។ នេះហើយជារឿងដែលមានតម្លៃ និងមានន័យបំផុត។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមចូលរួមការជួបជុំយ៉ាងសកម្ម ហើយលែងបណ្ដោយឱ្យភាពរវល់នឹងការងារ មករារាំងភារកិច្ចរបស់ខ្ញុំទៀតហើយ។ កាលពីមុន ខ្ញុំតែងតែធ្វើការថែមម៉ោងបន្ទាប់ពីមកដល់ផ្ទះវិញ ថែមទាំងទទួលទូរសព្ទការងារនៅម៉ោង ១១ យប់ទៀតផង ប៉ុន្តែឥឡូវនេះ ខ្ញុំលែងទទួលទូរសព្ទការងារ ឬឆែកមើលសារបន្ទាប់ពីម៉ោង ៨ យប់ទៀតហើយ។ ម្យ៉ាងទៀត ខ្ញុំធ្លាប់តែកម្រអធិដ្ឋាន ហើយមិនសូវបានចំណាយពេលខាងវិញ្ញាណជាប្រចាំទេ ប៉ុន្តែឥឡូវនេះ ខ្ញុំក្រោកពីព្រលឹម ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់ទំនុកបរិសុទ្ធ និងមើលវីដេអូទីបន្ទាល់តាមរយៈបទពិសោធន៍ផ្សេងៗ។ នៅព្រឹកថ្ងៃសម្រាករបស់ខ្ញុំ ខ្ញុំបានអញ្ជើញអ្នកដែលអាចទទួលយកដំណឹងល្អ មកចូលរួមការជួបជុំ ហើយនៅពេលរសៀល ខ្ញុំក៏ជួបជុំជាមួយពួកគេ។ ខ្ញុំថែមទាំងឆ្លៀតពេលសម្រាកពីការងារ ដើម្បីប្រញាប់បំពេញភារកិច្ចរបស់ខ្ញុំទៀតផង។ ពេលអនុវត្តបែបនេះ ចិត្តរបស់ខ្ញុំមានអារម្មណ៍សុខសាន្ត និងអំណរ។

មិនយូរប៉ុន្មាន មានមិត្តម្នាក់បានបបួលខ្ញុំឱ្យចូលរួមការវិនិយោគមួយ ដោយសន្យាថា ការចូលរួមវិនិយោគនេះ នឹងធ្វើឱ្យខ្ញុំរកលុយបានយ៉ាងច្រើន ហើយខ្ញុំមិនត្រឹមតែអាចទិញឡានបានទេ ខ្ញុំក៏អាចសង់ផ្ទះ និងថែមទាំងអាចធ្វើដំណើរទៅក្រៅប្រទេសបានទៀតផង។ ទាំងនេះសុទ្ធតែជាក្ដីស្រមៃរបស់ខ្ញុំ! ខ្ញុំបានគិតក្នុងចិត្តថា៖ «ការវិនិយោគ គ្រាន់តែដាក់លុយចូលទៅ ហើយវានឹងមានប្រាក់ចំណេញរៀងរាល់ខែ ដូច្នេះ វានឹងមិនប៉ះពាល់ដល់ភារកិច្ចរបស់ខ្ញុំទេ»។ ដូច្នេះ ខ្ញុំ និងបងស្រីរបស់ខ្ញុំ បានចំណាយប្រាក់ ៥ សែនប៉េសូ ដើម្បីចូលរួមការវិនិយោគនោះ។ យើងទទួលបានប្រាក់ចំណេញសម្រាប់រយៈពេលពីរខែដំបូង បន្ទាប់ពីបានវិនិយោគ ប៉ុន្តែនៅខែទីបី ពួកគេបានឈប់បើកប្រាក់ចំណេញឱ្យ ដូច្នេះ យើងក៏បានទាមទារលុយយើងមកវិញ ប៉ុន្តែពួកគេចេះតែរកលេស ហើយបដិសេធមិនព្រមសង។ ខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំចង់បានប្រាក់ដើមមកវិញ ប៉ុន្តែទោះបីជាខ្ញុំខិតខំយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចយកវាមកវិញបានដែរ។ ខ្ញុំពិតជាពិបាកចិត្តណាស់ ព្រោះនេះជាលុយដែលខ្ញុំបានសន្សំទុក ដើម្បីផ្ញើទៅស្រុកកំណើតសម្រាប់សង់ផ្ទះ។ ខ្ញុំគ្រាន់តែចង់ប្រញាប់រកវិធី ដើម្បីរកលុយដែលខ្ញុំបានខាតបង់ក្នុងការវិនិយោគនោះមកវិញប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំក៏ប្រឹងប្រែងធ្វើការកាន់តែខ្លាំង ដោយតែងតែធ្វើការថែមម៉ោង។ ប៉ុន្តែប្រាក់ខែរបស់ខ្ញុំត្រូវបានពន្យារពេល ដោយសារតែការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។ ពេលនោះ ខ្ញុំសល់លុយមិនសូវច្រើនប៉ុន្មានទេ ហើយសូម្បីតែការបង់ថ្លៃឈ្នួលផ្ទះ ឬទិញម្ហូបអាហារ ក៏ក្លាយជាបញ្ហាដែរ។ រឿងទាំងនេះបានដក់ជាប់ពេញក្នុងចិត្តរបស់ខ្ញុំ ហើយម្ដងនេះ ខ្ញុំបានក្លាយជាអសកម្ម និងបំពេញភារកិច្ចឱ្យតែរួចពីដៃម្ដងទៀត។ ខ្ញុំគ្រាន់តែអញ្ជើញអ្នកដែលអាចទទួលយកដំណឹងល្អ មកចូលរួមការជួបជុំប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនបានស្វែងយល់ ឬដោះស្រាយបញ្ហារបស់ពួកគេឱ្យបានពិតប្រាកដឡើយ។ ខ្ញុំបានដឹងថា បើខ្ញុំនៅតែបន្តបែបនេះទៀត សភាពរបស់ខ្ញុំនឹងកាន់តែដុនដាបទៅៗ ហើយទីបំផុត ខ្ញុំអាចនឹងបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបានព្រះជាម្ចាស់បោះបង់ចោលមិនខាន។ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ក្នុងរយៈពេលបីខែកន្លងមកនេះ ទូលបង្គំបានផ្តល់អាទិភាពដល់ការងារផ្ទាល់ខ្លួន ជាងភារកិច្ចរបស់ទូលបង្គំ។ ចិត្តរបស់ទូលបង្គំខ្វល់តែពីរឿងរកលុយឱ្យបានច្រើនជាងមុន និងយកប្រាក់វិនិយោគនោះមកវិញប៉ុណ្ណោះ។ ឱព្រះជាម្ចាស់អើយ សូមកុំបោះបង់ទូលបង្គំចោលឱ្យសោះ។ សូមបំភ្លឺ និងណែនាំទូលបង្គំឱ្យត្រឡប់មកក្បែរទ្រង់វិញ និងត្រឡប់មកដើរលើផ្លូវត្រូវវិញផង។ ទូលបង្គំចង់លះបង់ចោលនូវរឿងទាំងឡាយណាដែលរំខានដល់ចិត្តទូលបង្គំ ហើយទាញទូលបង្គំឱ្យឆ្ងាយពីទ្រង់»។

បន្ទាប់ពីនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយវគ្គ ដែលពិតជាបានជួយខ្ញុំយ៉ាងច្រើន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្សតែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងរឿងផ្សេងៗរបស់ខ្លួនឯងក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី? និយាយឱ្យខ្លី មិនថាព្រះជាម្ចាស់បំពេញកិច្ចការដោយបែបណានោះទេគ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់មនុស្ស។ ឧទាហរណ៍ ស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកដើម្បីបម្រើដល់មនុស្ស៖ ព្រះចន្ទ ព្រះអាទិត្យ និងដួងតារា ដែលទ្រង់បានបង្កើតមកសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ រដូវផ្ការីក រដូវក្ដៅ រដូវលំហើយ និងរដូវរងា ព្រមទាំងអ្វីៗផ្សេងទៀត ពោលគឺទាំងអស់នេះសុទ្ធតែត្រូវបានបង្កើតឡើងសម្រាប់អត្ថិភាពរបស់មនុស្ស។ ដូច្នេះហើយ មិនថាព្រះជាម្ចាស់ដាក់ទោស និងជំនុំជម្រះមនុស្សដោយបែបណានោះទេ អ្វីទាំងអស់នេះ គឺសុទ្ធតែដើម្បីជាជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្ស។ បើទោះបីជាទ្រង់ដកយកក្ដីសង្ឃឹមខាងសាច់ឈាមរបស់គេក៏ពិតមែន នោះក៏ដើម្បីតែការបន្សុទ្ធមនុស្សតែប៉ុណ្ណោះ ហើយការបន្សុទ្ធមនុស្សនេះ គឺធ្វើឡើងដើម្បីឱ្យមនុស្សអាចរួចផុតពីការស្លាប់បាន។ ទិសដៅរបស់មនុស្សស្ថិតក្នុងព្រះហស្ដរបស់ព្រះអាទិករ ដូច្នេះ តើមនុស្សអាចគ្រប់គ្រងខ្លួនឯងបានដោយរបៀបណាទៅ?» («ការស្ដារជីវិតធម្មតារបស់មនុស្សឡើងវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ជោគវាសនារបស់មនុស្សគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចផ្លាស់ប្តូរជោគវាសនារបស់ខ្លួនបានទេ។ ទោះបីជាមនុស្សខិតខំធ្វើការខ្លាំងប៉ុណ្ណា ដើម្បីសម្រេចគោលដៅរបស់ខ្លួនក៏ដោយ ឬប្រាថ្នាចង់បានជីវិតដ៏ស្រស់បំព្រង និងមានភាពសុខស្រួលខ្លាំងប៉ុណ្ណាក៏ដោយ ថាតើពួកគេអាចសម្រេចវាបានឬអត់នោះ គឺមិនមែនពួកគេជាអ្នកកំណត់នោះទេ។ ដូចជាករណីរបស់ខ្ញុំអ៊ីចឹង ខ្ញុំចង់ប្តូរការងារ និងវិនិយោគ ដើម្បីរកលុយឱ្យបានច្រើន និងសម្រេចក្ដីស្រមៃរបស់ខ្ញុំ និងដើម្បីមានអនាគតដ៏ភ្លឺស្វាង។ ប៉ុន្តែ ខ្ញុំមិនត្រឹមតែមិនអាចរកលុយបានច្រើនជាងមុនទេ ផ្ទុយទៅវិញ ការវិនិយោគរបស់ខ្ញុំបែរជាបរាជ័យ ហើយខាតបង់ប្រាក់យ៉ាងច្រើន រហូតដល់ចុងក្រោយខ្ញុំក៏បាត់បង់ទាំងពេលវេលា និងកម្លាំងកាយចិត្តទៀតផង។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំទេ ហើយជីវិតរបស់ខ្ញុំកាន់តែដុនដាបជាងមុនទៅទៀត។ រឿងនេះធ្វើឱ្យខ្ញុំយល់ថា មិនថាមនុស្សម្នាក់មាន ឬក្រ គឺសុទ្ធតែត្រូវបានព្រះជាម្ចាស់ កំណត់ទុកជាមុនតាំងពីមុនពួកគេកើតទៅទៀត។ ប្រសិនបើព្រះជាម្ចាស់បានកំណត់ទុកជាមុនថា ភាពមានបានមិនមែនជាជោគវាសនារបស់ខ្ញុំទេនោះ ទោះបីជាខ្ញុំប្រឹងប្រែងធ្វើការរកលុយខ្លាំងប៉ុណ្ណាក៏ដោយ ក៏ទីបំផុតខ្ញុំនឹងបានត្រឹមតែបរាជ័យប៉ុណ្ណោះ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយកាន់តែយល់ច្បាស់អំពីបញ្ហារបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «“លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន” គឺជាទស្សនវិជ្ជារបស់សាតាំង។ វារីករាលដាលយ៉ាងខ្លាំងនៅក្នុងចំណោមមនុស្ស និងក្នុងគ្រប់សង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះមិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានពិសោធជាមួយជីវិតជាក់ស្ដែង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះមិនមែនជាដំណើរការនៃការធ្វើឱ្យមនុស្សពុករលួយរបស់សាតាំងទេឬអី? ប្រហែលមនុស្សមិនមានកម្រិតនៃការយល់ដឹងអំពីព្រះបន្ទូលនេះដូចគ្នានោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាមានកម្រិតនៃការបកស្រាយ និងកម្រិតនៃការទទួលស្គាល់ភាសិតនេះខុសៗគ្នា ផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញខ្លួនពួកគេ និងផ្អែកលើបទពិសោធរបស់ពួកគេផ្ទាល់។ តើរឿងមិនបែបនេះទេឬអី? មិនថាមនុស្សម្នាក់មានបទពិសោធន៍ច្រើនប៉ុនណាពាក់ព័ន្ធពាក្យភាសិតនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើចិត្តរបស់មនុស្សណាម្នាក់? រឿងខ្លះត្រូវបានបើកសម្ដែងតាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងលោកីយ៍នេះ រួមទាំងអ្នករាល់គ្នាគ្រប់ៗរូបផងដែរ។ តើនេះវាជាអ្វីទៅ? នេះជាការថ្វាយបង្គំលុយ។ តើវាពិបាកនឹងដកចេញពីដួងចិត្តរបស់មនុស្សម្នាក់មែនទេ? ពិតជាពិបាកណាស់! ហាក់ដូចជាការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយនោះ ជ្រាលជ្រៅខ្លាំងណាស់! សាតាំងប្រើលុយដើម្បីអន្ទងចិត្តមនុស្ស និងធ្វើឱ្យពួកគេទាំងអស់ពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ និងសម្ភារៈ។ ហើយការថ្វាយបង្គំលុយនេះ សម្ដែងចេញតាមរយៈឥរិយាបថរបស់មនុស្សយ៉ាងដូចម្តេច? តើអ្នករាល់គ្នាមិនគិតថា នៅក្នុងពិភពលោកនេះ អ្នកមិនអាចរស់បានឡើយ បើគ្មានលុយ ហើយថាអ្នកមិនអាចរស់នៅបានសូម្បីតែមួយថ្ងៃ បើគ្មានវាទេឬអី? ចំនួនលុយដែលមនុស្សមាន កំណត់ថាតើឋានៈរបស់ពួកគេខ្ពស់កម្រិតណា និងថាតើពួកគេថ្លៃថ្នូរកម្រិតណា។ អ្នកក្រមិនមានអារម្មណ៍ថាពួកគេអាចងើបមុខមាត់បានឡើយ ចំណែកឯអ្នកមានវិញ មានឋានៈខ្ពស់ ងើបមុខមាត់ ហើយអាចនិយាយដោយសំឡេងខ្លាំងៗ និងរស់នៅដោយភាពក្រអឺតក្រទម និងតាមអំពើចិត្ត។ តើពាក្យភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬអី ដែលមនុស្សជាច្រើនសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីលុយនោះ? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់សេចក្តីថ្លៃថ្នូរ និងភាពសុចរិតរបស់ខ្លួនដោយសារតែដេញតាមលុយកាក់កាន់តែច្រើនទេឬអី? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី? គ្រាន់តែប្រើប្រាស់វិធីសាស្ត្រនេះ និងពាក្យភាសិតនេះ សាតាំងបានធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះ។ តើបំណងចិត្តរបស់សាតាំង មិនមែនពិសពុលទេឬអី? តើនេះមិនមែនជាកលល្បិចព្យាបាទទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា «លុយអាចបង្វិលពិភពលោកបាន» គឺជាទស្សនៈវិជ្ជារបស់សាតាំង។ ដំបូងឡើយ ខ្ញុំគ្មានការយល់ដឹងក្នុងការវែកញែកអំពីពាក្យនេះទេ ហើយខ្ញុំគ្រាន់តែដឹងថា បើគ្មានលុយទេ មនុស្សមិនអាចមានជីវភាពល្អប្រសើរ ឬទទួលបានអ្វីដែលខ្លួនចង់បានឡើយ។ ឥឡូវនេះ ពេលគិតដល់រឿងនេះ វាពិតជាវិធីសាស្ត្រដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយមែន។ សាតាំងធ្វើឱ្យមនុស្សពុករលួយ និងល្បួងមនុស្សតាមរយៈលុយកាក់ ដោយធ្វើឱ្យពួកគេជឿថា មានតែលុយទេទើបធ្វើឱ្យគេទទួលបានការគោរព អាចមានកន្លែងឈរជើងក្នុងសង្គម និងមានគេកោតសរសើរ។ ខ្ញុំបានរស់នៅតាមទស្សនៈវិជ្ជារបស់សាតាំងទាំងនេះ ហើយខ្ញុំពោរពេញដោយសេចក្ដីស្រេកឃ្លានចង់តែរកលុយ។ ខ្ញុំមិនស្កប់ស្កល់នឹងប្រាក់ចំណូលថេរប្រចាំខែទេ ដូច្នេះខ្ញុំក៏បានទៅវិនិយោគ។ ខ្ញុំគិតថា តាមរយៈវិធីនេះ ខ្ញុំអាចរកលុយបានកាន់តែច្រើន និងសម្រេចក្ដីស្រមៃរបស់ខ្ញុំបាន គឺសង់ផ្ទះ ដើរលេងជាមួយគ្រួសារ និងរស់នៅក្នុងជីវិតមួយដែលអ្នកដទៃគោរព និងកោតសរសើរ។ ដើម្បីដេញតាមលុយកាក់ និងភាពសម្បូរសប្បាយខាងសម្ភារៈ ខ្ញុំចេះតែទុកភារកិច្ចរបស់ខ្ញុំមួយឡែក ហើយចិត្តរបស់ខ្ញុំបានរសាត់កាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់។ ខ្ញុំបានរស់នៅក្នុងសេចក្ដីងងឹត ហើយខ្ញុំមិនអាចទទួលអារម្មណ៍ពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ពេលនេះ ខ្ញុំបានឃើញយ៉ាងច្បាស់ពីឧបាយកល និងការឃុបឃិតរបស់សាតាំង ពោលគឺ វាចង់ទាក់មនុស្សឱ្យជាប់ក្នុងអន្ទាក់នៃលុយកាក់ ធ្វើឱ្យចិត្តរបស់ពួកគេវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ រហូតដល់ទីបំផុត ពួកគេត្រូវធ្លាក់ទៅក្នុងនរកជាមួយវា។ ខ្ញុំក៏បានឃើញដែរថា អ្នកមានទ្រព្យសម្បត្ដិជាច្រើន ទោះបីជាពួកគេរស់នៅក្នុងជីវិតដ៏ហ៊ឺហា និងអាចទិញអ្វីៗដែលពួកគេចង់បាន ដូចជាផ្ទះដ៏ស្រស់ស្អាត ឡានទំនើបៗ និងអ្វីៗផ្សេងទៀត ដែលមើលទៅហាក់ដូចជារស់នៅដោយគ្មានក្ដីខ្វល់ខ្វាយក៏ដោយ ក៏ពួកគេមិនមានសេចក្ដីសុខយ៉ាងពិតប្រាកដនោះទេ។ អ្នកខ្លះស្លាប់ដោយសារជំងឺធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការសេពគ្រឿងស្រវឹង និងគ្រឿងញៀនក្នុងរយៈពេលយូរ ហើយទោះជាមានទ្រព្យសម្បត្តិ ឬឋានៈខ្ពស់ប៉ុណ្ណា ក៏មិនអាចសង្គ្រោះជីវិតរបស់ពួកគេបានដែរ។ អ្នកខ្លះទៀតចំណាយពេលជាច្រើនឆ្នាំខិតខំកសាងអាជីវកម្មរបស់ពួកគេ ប៉ុន្តែទីបំផុតនៅតែក្ស័យធន ហើយធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើនវណ្ឌក។ មនុស្សមួយចំនួនមិនអាចទ្រាំទ្រនឹងសម្ពាធបាន ក៏ធ្លាក់ខ្លួនបាក់ទឹកចិត្តរយៈពេលយូរ ហើយទីបំផុតក៏ធ្វើអត្តឃាត។ មានឧទាហរណ៍បែបនេះជាច្រើនរាប់មិនអស់។ សាតាំងប្រើប្រាស់លុយកាក់ និងជីវិតដ៏ហ៊ឺហា ដើម្បីល្បួងមនុស្ស ធ្វើឱ្យមនុស្សរស់នៅក្នុងជីវិតដែលកាន់តែគ្មានន័យ អាក្រក់ និងថោកទាប។ ពេលមើលធ្លុះពីរឿងនេះ ខ្ញុំលែងគិតពីវិធីយកប្រាក់វិនិយោគរបស់ខ្ញុំមកវិញទៀតហើយ ហើយខ្ញុំព្រមចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងដាក់ចិត្តដាក់កាយលើភារកិច្ចរបស់ខ្ញុំ។

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនរបស់យើងបានផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មី ហើយបន្ទុកការងាររបស់ខ្ញុំក៏កើនឡើង។ ក្រៅពីការងារស្នូលរបស់ខ្ញុំ ខ្ញុំក៏បានក្លាយជាជំនួយការផ្ទាល់របស់គាត់ផងដែរ។ រឿងនេះធ្វើឱ្យខ្ញុំកាន់តែរវល់ជាងមុនទៅទៀត ហើយខ្ញុំត្រូវរង់ចាំទទួលការងារស្ទើរតែ ២៤ ម៉ោងលើ ២៤ ម៉ោងជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍។ ប៉ុន្តែលើកនេះ ខ្ញុំប្រាប់ខ្លួនឯងថា ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំមិនអាចបណ្ដោយឱ្យរឿងនេះប៉ះពាល់ដល់ភារកិច្ចរបស់ខ្ញុំបានឡើយ។ ក្រោយមក អ្នកមើលការខុសត្រូវពួកជំនុំម្នាក់បានសួរខ្ញុំថា តើខ្ញុំស្ម័គ្រចិត្តទទួលការបណ្ដុះបណ្ដាល ដើម្បីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ឬអត់ ហើយខ្ញុំក៏យល់ព្រម។ ខ្ញុំពិតជាមានអំណរយ៉ាងខ្លាំង ហើយខ្ញុំមានអារម្មណ៍ថា នេះគឺជាឱកាសដែលព្រះជាម្ចាស់បានប្រទានមកឱ្យខ្ញុំ។ ខ្ញុំបានជឿលើព្រះជាម្ចាស់យូរណាស់មកហើយ ប៉ុន្តែខ្ញុំតែងតែដេញតាមលុយកាក់ ហើយខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំបានល្អសោះ ដូច្នេះលើកនេះ ខ្ញុំពិតជានឹងឱ្យតម្លៃលើឱកាសមួយនេះមិនខាន។ ចាប់ពីពេលនោះមក ខ្ញុំបានលះបង់ពេលវេលាកាន់តែច្រើនក្នុងការផ្សាយដំណឹងល្អ។ ប៉ុន្តែ ការងាររបស់ខ្ញុំចេះតែតែរវល់ទៅៗ ហើយខ្ញុំមិនអាចឈប់បានទេ សូម្បីតែបន្ទាប់ពីត្រឡប់មកពីធ្វើការនៅពេលយប់ក៏ដោយ។ អ្នកគ្រប់គ្រងរបស់ខ្ញុំថែមទាំងឧស្សាហ៍ទូរសព្ទ ឬផ្ញើសារមកខ្ញុំទៀតផង។ ពេលខ្លះ នៅពេលដែលខ្ញុំកំពុងប្រកបគ្នាជាមួយអ្នកដែលអាចទទួលយកដំណឹងល្អ អ្នកគ្រប់គ្រង ឬមិត្តរួមការងាររបស់ខ្ញុំបានទូរសព្ទមកខ្ញុំ ដែលរារាំងខ្ញុំមិនឱ្យស្ងប់ចិត្តបាន។ ប៉ុន្តែខ្ញុំមិនចង់បាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្ញុំម្ដងទៀតទេ ដូច្នេះ ខ្ញុំបានអធិដ្ឋានសុំឱ្យព្រះជាម្ចាស់ណែនាំខ្ញុំ និងផ្តល់កម្លាំងឱ្យខ្ញុំ ដើម្បីរើបម្រះឱ្យរួចពីចំណងរបស់សាតាំង។ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «តើមនុស្សម្នាក់នឹងបានផលចំណេញអ្វី ប្រសិនបើគាត់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ តាមរយៈព្រះបន្ទូលរបស់ព្រះអម្ចាស់ ខ្ញុំបានយល់ថា ទោះបីជាខ្ញុំទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈក៏ដោយ ប្រសិនបើខ្ញុំគ្មានការថែរក្សាពីព្រះជាម្ចាស់ ហើយមិនទទួលបានសេចក្ដីពិត និងជីវិតទេនោះ ទីបំផុត លទ្ធផលរបស់ខ្ញុំនឹងនៅតែជាសេចក្ដីវិនាសដដែល។ នៅក្នុងពិភពលោកនេះ អ្នកមានជាច្រើនមានទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែនៅពេលដែលភយន្តរាយកើតឡើង លុយរបស់ពួកគេនឹងមិនអាចសង្គ្រោះពួកគេបានទាល់តែសោះ ហើយពួកគេនៅតែត្រូវវិនាស ប្រសិនបើវាជាជោគវាសនារបស់ពួកគេ។ លុយកាក់ និងឋានៈ គឺគ្មានប្រយោជន៍អ្វីឡើយ នៅចំពោះមុខភយន្តរាយ។ បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយវគ្គ ហើយរំជួលចិត្តយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វិធីដ៏សាមញ្ញបំផុតដើម្បីរំដោះខ្លួនចេញពីសភាពនេះ គឺត្រូវលាឈប់ពីរបៀបរស់នៅពីមុន លាឈប់ពីគោលដៅជីវិតពីមុន ធ្វើការសង្ខេប និងវែកញែកទៅលើរបៀបរស់នៅពីមុន ទស្សនៈជីវិតពីមុន ការដេញតាមពីមុន បំណងប្រាថ្នា និងមហិច្ឆតាពីមុនរបស់ខ្លួន ហើយបន្ទាប់មក ធ្វើការប្រៀបធៀបអ្វីៗទាំងនេះជាមួយបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយមើលថាតើមានចំណុចណាខ្លះដែលស្របគ្នានឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ថាតើមានចំណុចណាខ្លះដែលស្របទៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ថាតើមានចំណុចណាខ្លះដែលផ្ដល់នូវគុណតម្លៃដ៏ត្រឹមត្រូវនៃជីវិត ដែលនាំឱ្យគេមានការយល់ដឹងកាន់តែប្រសើរអំពីសេចក្តីពិត និងអនុញ្ញាតឱ្យគេរស់នៅដោយមានភាពជាមនុស្ស និងលក្ខណៈជាមនុស្ស។ នៅពេលដែលអ្នកអង្កេតមើលម្ដងហើយម្ដងទៀត ហើយវែកញែកយ៉ាងប្រុងប្រយ័ត្ននូវគោលដៅផ្សេងៗដែលមនុស្សដេញតាមនៅក្នុងជីវិត និងរបៀបរស់នៅផ្សេងៗរបស់ពួកគេ នោះអ្នកនឹងរកឃើញថា វាគ្មានចំណុចណាមួយដែលស្របតាមបំណងព្រះហឫទ័យដើមរបស់ព្រះអាទិករ ដែលទ្រង់បានបង្កើតមនុស្សឡើងមកនោះឡើយ។ ចំណុចទាំងអស់សុទ្ធតែទាញមនុស្សចេញពីអធិបតេយ្យភាព និងការមើលថែរបស់ព្រះអាទិករទាំងអស់។ ទាំងអស់នេះសុទ្ធតែជាអន្ទាក់ ដែលធ្វើឱ្យមនុស្សទៅជាខូចអាក្រក់ និងនាំពួកគេទៅរកស្ថាននរក។ ក្រោយពេលដែលអ្នកដឹងអំពីរឿងនេះហើយ កិច្ចការដែលអ្នកត្រូវធ្វើគឺត្រូវលះបង់ចោលទស្សនៈចាស់ៗអំពីជីវិត នៅឱ្យឆ្ងាយពីអន្ទាក់ផ្សេងៗ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់អ្នក និងធ្វើការរៀបចំសម្រាប់អ្នក ស្វែងរកតែការចុះចូលចំពោះការចាត់ចែង និងការណែនាំរបស់ព្រះជាម្ចាស់ ដោយមិនធ្វើការជ្រើសរើសដោយខ្លួនឯង និងក្លាយជាមនុស្សម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ខ្ញុំគួរបោះបង់ចោលរបៀបរស់នៅចាស់របស់ខ្ញុំ ហើយរស់នៅស្របតាមបំណងព្រះហឫទ័យ និងការតម្រូវរបស់ព្រះជាម្ចាស់។ ពេលឆ្លុះបញ្ចាំងពីខ្លួនឯង ខ្ញុំបានឃើញថា ទោះបីជាខ្ញុំជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំក៏ដោយ ដោយសារតែទស្សនៈរបស់ខ្ញុំចំពោះរឿងរ៉ាវមិនបានផ្លាស់ប្ដូរ ខ្ញុំតែងតែចង់រកលុយឱ្យបានច្រើន ហើយខ្ញុំបានដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះ ដើម្បីឱ្យអ្នកដទៃគោរពកោតសរសើរខ្ញុំ។ ខ្ញុំតែងតែរវល់នឹងការងារ ដោយបំពេញភារកិច្ចឱ្យតែរួចពីដៃ និងដោយគ្មានបន្ទុកក្នុងចិត្តទាល់តែសោះ ហើយជាលទ្ធផល ខ្ញុំបានបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយរស់នៅក្នុងភាពគ្មានន័យ និងសេចក្ដីងងឹត ដោយខកខានឱកាសជាច្រើនក្នុងការអនុវត្តសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំ។ ក្ដីរីករាយដែលលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈនាំមកឱ្យខ្ញុំ គឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ហើយវាមិនអាចសង្គ្រោះជីវិតរបស់ខ្ញុំបានទេ។ មានតែការដេញតាមសេចក្ដីពិតទេ ទើបខ្ញុំអាចបោះចោលនិស្ស័យពុករលួយរបស់ខ្ញុំ និងទទួលបានសេចក្ដីសង្គ្រោះ។ ក្នុងអំឡុងពេលនេះ ខ្ញុំតែងតែអធិដ្ឋាន ដោយសុំឱ្យព្រះជាម្ចាស់ណែនាំខ្ញុំឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្ញុំបានដាក់លិខិតលាឈប់ពីការងារទៅកាន់អ្នកគ្រប់គ្រងរបស់ខ្ញុំ។ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំលាឈប់ ថែមទាំងនិយាយថា គាត់មិនយល់ព្រមនោះទេ។ ប៉ុន្តែខ្ញុំបាននិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំមានរឿងសំខាន់ជាងនេះដែលត្រូវធ្វើនៅពេលល្ងាច និងនៅថ្ងៃសម្រាករបស់ខ្ញុំ ដូច្នេះ ខ្ញុំមិនអាចបន្តការងារនេះបានទៀតទេ»។ ទីបំផុត គាត់គ្មានជម្រើសអ្វីក្រៅពីយល់ព្រម និងចុះហត្ថលេខានោះទេ។ នៅថ្ងៃទី១២ ខែកុម្ភៈ ខ្ញុំបានលាឈប់ពីក្រុមហ៊ុន។ ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងបន្ទាប់ពីលាឈប់ ហាក់ដូចជាបន្ទុកដ៏ធ្ងន់ត្រូវបានលើកចេញពីចិត្តរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំពិតជាមានអារម្មណ៍អំណរ និងក្ដីសុខចេញពីក្នុងមែន។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្ញុំត្រូវបានគេទទួលឱ្យចូលធ្វើការងារថ្មីដែលខ្ញុំបានដាក់ពាក្យ ហើយអត្ថប្រយោជន៍គឺសមរម្យណាស់ ដោយអ្នកគ្រប់គ្រងបានសន្យាថានឹងដំឡើងប្រាក់ខែឱ្យ បន្ទាប់ពីរយៈពេលប្រាំមួយខែ។ ការងារនេះពិតជាគួរឱ្យទាក់ទាញចិត្តណាស់។ ប៉ុន្តែខ្ញុំបានគិតថា ការងារនេះនឹងរវល់ដូចការងារចាស់របស់ខ្ញុំដែរ ហើយខ្ញុំនឹងមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានឡើយ។ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់ណែនាំខ្ញុំក្នុងការជ្រើសរើសដ៏ត្រឹមត្រូវ។ ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ក្នុងនាមជាមនុស្សធម្មតា និងជាមនុស្សដែលខិតខំស្រឡាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះ និងក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់បំផុត ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅដើម្បីព្រះជាម្ចាស់ និងរស់នៅដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះដូចជិវិតរបស់អ្នកឡើយ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមស្នាមព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ គឺជាអ្វីដែលផ្ដល់ឱ្យជីវិតនូវតម្លៃ និងអត្ថន័យពិតប្រាកដ ហើយថានេះគឺជាអ្វីដែលខ្ញុំគួរតែដេញតាម ក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ មានតែអ្នកដែលដេញតាម និងទទួលបានសេចក្ដីពិតប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ ហើយពួកគេគឺជាអ្នកដែលទទួលបានព្រះពរពិតប្រាកដ។ ប៉ុន្តែអ្នកដែលតែងតែដេញតាមលុយកាក់ ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ គឺកំពុងរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយទីបំផុត ពួកគេនឹងត្រូវបានព្រះជាម្ចាស់បោះបង់ចោល។ ប្រសិនបើខ្ញុំបោះបង់ភារកិច្ចរបស់ខ្ញុំម្ដងទៀត ដើម្បីតែការងារនោះ ខ្ញុំប្រាកដជានឹងរស់នៅក្នុងសេចក្ដីងងឹត និងភាពគ្មានន័យម្ដងទៀតមិនខាន ហើយទីបំផុត ខ្ញុំនឹងបំផ្លាញឱកាសរបស់ខ្ញុំក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ ដូច្នេះ ខ្ញុំបានបដិសេធការងារនោះ។ តាមរបៀបនោះ ខ្ញុំអាចមានពេលច្រើនជាងមុន ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ប្រាំមួយខែក្រោយមក ខ្ញុំបានរកឃើញការងារដែលស័ក្ដិសមមួយ។ ម៉ោងធ្វើការមិនរំខានដល់ភារកិច្ចរបស់ខ្ញុំទេ ហើយក៏គ្មានការធ្វើការលើសម៉ោងដែរ។ ទោះបីជាប្រាក់ខែទាបជាងបន្តិចមែន ប៉ុន្តែខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត ព្រោះឥឡូវនេះខ្ញុំមានពេលបំពេញភារកិច្ចរបស់ខ្ញុំហើយ។ ពេលនេះ ខ្ញុំកំពុងបំពេញភារកិច្ចនៅក្នុងពួកជំនុំ ហើយខ្ញុំមានឱកាសផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ នេះពិតជារឿងដែលទទួលបានព្រះពរមែន! ខ្ញុំបានដឹងថា វាគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ក្នុងការគ្រាន់តែបំពេញតម្រូវការមូលដ្ឋានរបស់យើង ហើយថាការបំពេញភារកិច្ចរបស់យើង និងការដេញតាមសេចក្ដីពិត ដើម្បីទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ ជារឿងដែលសំខាន់ និងមានតម្លៃបំផុត។ អរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើការដេញតាមកិត្តិយស និងផលប្រយោជន៍អាចនាំឲ្យមានជីវិតដ៏រីករាយដែរឬទេ?

ដោយ លាង ជី ប្រទេសចិននៅឆ្នាំ១៩៩៨ ក្រុមហ៊ុនដែលប្រពន្ធខ្ញុំ និងខ្ញុំធ្វើការបានក្ស័យធន ហើយយើងទាំងពីរនាក់ក៏បានបាត់បង់ការងារ។ នៅពេលនោះ...

ការភ្ញាក់រលឹករបស់ទាសករលុយ

កាលខ្ញុំនៅក្មេង គ្រួសារខ្ញុំក្រ ហើយឪពុកម្ដាយខ្ញុំគ្មានលទ្ធភាពបង់ថ្លៃសិក្សារបស់ខ្ញុំទេ ដូច្នេះ ខ្ញុំធ្វើបង្គោលរបង...

ការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពិតជាបានបំផ្លាញជីវិតខ្ញុំយ៉ាងខ្លាំង

ដោយ លោក ចុងឆឹង ប្រទេសចិនកាលខ្ញុំនៅក្មេងនៅឡើយ បងប្អូនជីដូនមួយរបស់ខ្ញុំចំនួនពីរនាក់ទទួលបានភាពជោគជ័យតាំងពីវ័យក្មេង ហើយមានទាំងឡាន និងផ្ទះទៀតផង។...