ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ

09-03-2022

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់ ហើយវាពាក់ព័ន្ធដោយផ្ទាល់នឹងទីបញ្ចប់ និងវាសនារបស់យើង។ វាក៏ទាក់ទងដោយផ្ទាល់ថាតើយើងអាចចូលក្នុងនគរស្ថានសួគ៌បានឬអត់ផងដែរ។ បើយើងជឿលើព្រះ តែមិនដឹងពីកិច្ចការរបស់ព្រះ វាអាចជាគ្រោះថ្នាក់ខ្លាំងណាស់។ យើងអាចងាយស្រួលបាត់បង់សេចក្តីសង្រ្គោះរបស់ព្រះ ដែលនាំទៅរកការវិនាស។ ហេតុអ្វីក៏យើងនិយាយបែបនេះ? យើងដឹងថា កាលពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានយាងមកប្រោសលោះមនុស្សជាតិ ហើយទ្រង់ថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញសេចក្តីពិត និងធ្វើការអស្ចារ្យជាច្រើន ដែលបញ្ជាក់ថា ព្រះអម្ចាស់យេស៊ូវជាព្រះមែស្ស៊ី។ តែចំពោះសាសនាយូដា ព្រះនាមព្រះអម្ចាស់យេស៊ូវមិនមែនជាព្រះមែស្ស៊ី ហើយទ្រង់មិនបានប្រសូតក្នុងរាជវាំងទេ ហើយទ្រង់ក៏មិននាំពួកគេចេញពីការគ្រប់គ្រងរបស់ពួករ៉ូម៉ាំងដែរ ដូច្នេះ ទ្រង់មិនមែនជាព្រះមែស្ស៊ីនោះឡើយ។ មិនថាព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញសេចក្តីពិតច្រើនប៉ុនណា ឬបានធ្វើការអស្ចារ្យច្រើនកម្រិតណាឡើយ ក៏គ្មាននរណាទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវជាព្រះដែរ ហើយគ្រប់គ្នាបានដើរតាមអ្នកដឹកនាំសាសនាយូដាក្នុងការឆ្កាងទ្រង់។ តើលទ្ធផលជាអ្វីទៅ? អ៊ីស្រាអែលត្រូវបានវិនាសអស់រយៈពេលជិតពីរពាន់ឆ្នាំ។ តើមេរៀនដ៏ឈឺចាប់នេះកើតឡើងដោយរបៀបណា? មនុស្សមិនបានស្វែងរកចង់ដឹងពីកិច្ចការរបស់ព្រះ ពួកគេទទូចធ្វើតាមសញ្ញាណ និងគំនិតរបស់ខ្លួន ហើយប្រឆាំង និងថ្កោលទោសកិច្ចការរបស់ព្រះ។ ឥឡូវ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ទ្រង់បានសម្ដែងចេញបន្ទូលនៃសេចក្តីពិតរាប់លាន ហើយឥឡូវ ទ្រង់ធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិទាំងស្រុង។ ចុះចំណែកពិភពសាសនាវិញ? ពេលពួកគេឃើញថា ព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមែនជាព្រះយេស៊ូវ ឬទ្រង់មិនយាងមកនៅលើពពក ពួកគេមិនទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញឡើយ ហើយដើរតាមគ្រូគង្វាល និងពួកចាស់ទុំក្នុងការប្រឆាំង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងខ្លាំង ដែលនាំទៅដល់ឆ្កាងព្រះម្ដងទៀត។ អ្នកខ្លះអាចសួរថា «ម្ដេចក៏គ្រប់ពេលដែលព្រះលេចមកធ្វើការ និងសង្រ្គោះមនុស្ស អ្នកដែលជឿលើទ្រង់ និងរង់ចាំការលេចមករបស់ទ្រង់ តែងតែថ្កោលទោស និងបដិសេធទ្រង់បែបនេះ?» នោះដោយសារតែមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង ដូច្នេះ ពួកគេស្អប់ខ្ពើមសេចក្តីពិត ហើយធម្មជាតិរបស់ពួកគេគឺប្រឆាំងនឹងព្រះ។ ហេតុផលមួយទៀតគឺថា មនុស្សមិនដឹងពីកិច្ចការរបស់ព្រះ ហើយពួកគេពេញដោយសញ្ញាណ និងគំនិតអំពីកិច្ចការរបស់ព្រះ។ អ្នកឃើញថា ពេលព្រះបានបញ្ចប់កិច្ចការរបស់ទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យ អ្នកនៅក្នុងសាសនាយូដាបានជឿថា កិច្ចការរបស់ព្រះត្រូវបានបញ្ចប់ ហើយទ្រង់នឹងមិនធ្វើកិច្ចការណាទៀតឡើយ។ ពួកគេបានរង់ចាំព្រះមែស្ស៊ីដែលនឹងសង្រ្គោះពួកគេពីរបបរ៉ូម៉ាំង តែមិនទទួលយកកិច្ចការប្រោសលោះដែលព្រះអម្ចាស់យេស៊ូវបានធ្វើនោះឡើយ ជាលទ្ធផល ពួកគេបាត់បង់សេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់។ ពេលព្រះបានបញ្ចប់កិច្ចការនាយុគសម័យនៃព្រះគុណ ពួកអ្នកជឿនៅគ្រប់និកាយបានគិតថា ដោយសារព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិរួចហើយ កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះត្រូវបានបញ្ចប់ ដូច្នេះ វានឹងគ្មានកិច្ចការថ្មីណាទៀតឡើយ ហើយពេលដែលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងនាំយើងចូលទៅក្នុងនគរស្ថានសួគ៌ដោយផ្ទាល់មិនខាន។ ថ្ងៃនេះ ពេលមហន្តរាយធំមកដល់ មនុស្សជាច្រើននៅរង់ចាំការយាងមករបស់ព្រះអម្ចាស់នៅលើពពកទៀត ហើយពួកគេមិនទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ ជាលទ្ធផល ពួកគេមិនស្វាគមន៍ព្រះសង្គ្រោះ ហើយធ្លាក់ក្នុងមហន្តរាយ។ ពួកគេគិតថា ពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការរបស់ទ្រង់ កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះក៏ត្រូវចប់ដែរ ហើយវានឹងគ្មានកិច្ចការណាទៀតឡើយ។ សូមគិតបន្ដិចអំពីការនេះ។ តើកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះពិតជាសាមញ្ញដូចមនុស្សស្រមៃឬទេ? នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបើកសម្ដែងអាថ៌កំបាំងនៃកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះ។ យើងសុទ្ធតែបានឃើញថា ក្រោយមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះបានចាប់ផ្ដើមផែនការទាំងបីដំណាក់កាល ដើម្បីសង្គ្រោះយើង។ ដំបូង ទ្រង់បានធ្វើកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យក្រោមនាមជាព្រះយេហូវ៉ា ក្រោយមក ទ្រង់បានយកកំណើតជាព្រះអម្ចាស់យេស៊ូវ ហើយធ្វើកិច្ចការប្រោសលោះនៅយុគសម័យនៃព្រះគុណ ហើយនៅគ្រាចុងក្រោយ ព្រះបានយកកំណើតជាមនុស្សម្ដងទៀត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅយុគសម័យនៃនគរព្រះ ក្រោមនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ កិច្ចការទាំងបីដំណាក់កាលនេះគឺជាផែនការគ្រប់គ្រងពេញលេញរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ។ ទោះបើព្រះនាមព្រះយេហូវ៉ា ព្រះអម្ចាស់យេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដាខុសគ្នាក្ដី ហើយកិច្ចការដែលពួកទ្រង់ធ្វើនៅក្នុងយុគសម័យនីមួយៗខុសគ្នាក៏ដោយ ក៏ដំណាក់កាលទាំងបីនេះត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ សង់ពីលើគ្នា ហើយចុងបញ្ចប់ វានាំឲ្យមានការសង្រ្គោះមនុស្សជាតិយ៉ាងពេញលេញ និងនាំពួកគេទៅក្នុងយុគសម័យមួយថ្មីដែរ។ នេះជាភស្តុតាងបញ្ជាក់ថាគឺជាព្រះតែមួយដែលធ្វើកិច្ចការផ្សេងគ្នានៅយុគសម័យនីមួយៗ។ ដូច្នេះ តើយើងអាចដឹងដូចម្ដេចទៅថា កិច្ចការទាំងបីដំណាក់កាលនេះត្រូវបានធ្វើដោយព្រះតែមួយ? ការយល់ដឹងពីទិដ្ឋភាពនៃសេចក្តីពិតនេះគឺជាគន្លឹះទៅសម្រេចបានសេចក្តីសង្រ្គោះ និងចូលក្នុងនគរព្រះ។ បន្ទាប់មក យើងនឹងប្រកបគ្នាអំពីបញ្ហានេះ ដោយផ្អែកលើព្រះបន្ទូលព្រះ។

ដំបូង ខ្ញុំនឹងអានបទគម្ពីរមួយនៃបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល (ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ) មាន ៣ ដំណាក់កាល ឬ ៣ យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យនៃគ្រាដំបូង យុគសម័យនៃព្រះគុណ (ឬហៅម្យ៉ាងទៀតថា យុគសម័យនៃការប្រោសលោះ) និងយុគសម័យនៃនគរព្រះនៃគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំនៅក្នុងយុគសម័យទាំងបីនេះ មានខ្លឹមសារខុសៗគ្នា អាស្រ័យទៅតាមធម្មជាតិនៃយុគសម័យនីមួយៗ។ ប៉ុន្តែនៅក្នុងដំណាក់កាលនីមួយៗ កិច្ចការនេះតែងបានជាប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឱ្យចំ កិច្ចការនេះត្រូវធ្វើឡើងស្របទៅតាមកលល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ កិច្ចការរបស់ខ្ញុំ គឺមានគោលបំណងដើម្បីយកឈ្នះសាតាំង ដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីលាតត្រដាងពីកលល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជមនុស្សទាំងមូល ដែលរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបើកសម្ដែងពីសេចក្ដីអាក្រក់ដ៏ច្រើនលើសលុបរបស់សាតាំង ហើយជាងនេះទៅទៀត គឺដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមក មើលឃើញពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ ដើម្បីឱ្យគេដឹងថា ខ្ញុំជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ដើម្បីឱ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្សជាតិ ជាវិញ្ញាណអសីលធម៌ ជាមេកំណាច និងដើម្បីឱ្យមនុស្សអាចប្រាប់ពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ សេចក្ដីពិតនិងសេចក្ដីក្លែងក្លាយ ភាពបរិសុទ្ធនិងភាពស្មោកគ្រោក និងអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប បានយ៉ាងប្រាកដច្បាស់លាស់បំផុត។ របៀបនេះ មនុស្សល្ងង់ខ្លៅ នឹងអាចធ្វើបន្ទាល់ពីខ្ញុំថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឱ្យមនុស្សជាតិទៅជាពុករលួយឡើយ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សជាតិបាន អាចប្រទានអ្វីៗដល់មនុស្សបាន ដែលគេអាចសោយសុខជាមួយបាន ហើយគេនឹងដឹងថា ខ្ញុំគឺជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់។ ចំណែកសាតាំងវិញ គ្រាន់តែជាភាវៈមួយក្នុងចំណោមភាវៈឯទៀតដែលខ្ញុំបានបង្កើតមក ដែលវាបានបកមកប្រឆាំងនឹងខ្ញុំវិញនៅពេលក្រោយប៉ុណ្ណោះ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ ដំណាក់កាល ហើយខ្ញុំធ្វើបែបនេះ គឺដើម្បីសម្រេចផលក្នុងការដែលអាចអនុញ្ញាតឱ្យភាវៈដែលខ្ញុំបានបង្កើតមកធ្វើបន្ទាល់ពីខ្ញុំ យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ព្រមទាំងដឹងថា ខ្ញុំគឺជាសេចក្ដីពិត» («រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេញពីបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា យើងឃើញថា កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះត្រូវបានបែងចែកជាបីដំណាក់កាល។ ដំបូងជាកិច្ចការនាយុគសម័យនៃក្រឹត្យវិន័យដែលត្រូវបានធ្វើដោយព្រះយេហូវ៉ាដ៏ជាព្រះ កាលជាង ៣ ០០០ ឆ្នាំមុន ទីពីរជាកិច្ចការនាយុគសម័យនៃព្រះគុណ ដែលត្រូវបានធ្វើដោយព្រះអម្ចាស់យេស៊ូវ កាលពីរពាន់ឆ្នាំមុន ហើយដំណាក់កាលទីបីគឺឥឡូវនេះតែម្ដង កិច្ចការជំនុំជម្រះនាយុគសម័យនៃនគរព្រះ ដែលត្រូវបានធ្វើដោយព្រះដ៏មានគ្រប់ព្រះចេស្ដានៅចុងបញ្ចប់នៃគ្រាចុងក្រោយ។ ទោះបីខ្លឹមសារនៃដំណាក់កាលទាំងបីនេះខុសគ្នាក៏ដោយ ក៏ដំណាក់កាលនីមួយៗខ្ពស់ជាងមុន និងជ្រៅជាងមុនដែរ។ ដំណាក់កាលទាំងបីនេះក៏ផ្សារភ្ជាប់គ្នាយ៉ាងស្អិតផងដែរ ហើយទីបំផុត សម្រេចបានការសង្រ្គោះមនុស្សជាតិយ៉ាងពេញលេញ។ កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បិទបញ្ចប់យុគសម័យនៃព្រះគុណ និងចាប់ផ្ដើមយុគសម័យនៃនគរព្រះ ហើយកិច្ចការនាដំណាក់កាលនេះកំណត់ពីវាសនារបស់មនុស្សជាតិ។ បើយើងមិនយល់ពីកិច្ចការរបស់ព្រះទេ យើងងាយនឹងខកខានឱកាសចុងក្រោយ ដើម្បីត្រូវបានសង្រ្គោះ និងប្រោសឲ្យគ្រប់លក្ខណ៍ដោយព្រះ ដែលជាវិប្បដិសារៈអស់មួយជីវិត។

ដូច្នេះ វាកាន់តែចាំបាច់ដែលត្រូវពន្យល់ថា កិច្ចការទាំងបីដំណាក់កាលនេះមានអ្វីខ្លះ។ សូមយើងពិចារណា «ម្ដេចក៏ជំហានទីមួយរបស់ព្រះក្នុងការសង្រ្គោះមនុស្សជាតិទាក់ទងនឹងកិច្ចការដាក់ចេញក្រឹត្យវិន័យ?» ព្រោះថាដំបូង មនុស្សដូចជាទារកអ៊ីចឹង។ ពួកគេមិនដឹងពីរបៀបថ្វាយបង្គំព្រះ មិនចេះពីរបៀបត្រូវរស់នៅ ហើយសូម្បីតែគោលការណ៍សីលធម៌ជាមូលដ្ឋាន ដូចជា ការសម្លាប់ និងចោរកម្ម ក៏ពួកគេមិនយល់ផង។ ព្រះយេហូវ៉ាដ៏ជាព្រះបានចេញក្រឹត្យវិន័យ និងបទបញ្ជា ដើម្បីបង្រៀនមនុស្សពីរបៀបត្រូវរស់នៅលើផែនដី និងប្រាប់មនុស្សមិនត្រូវសម្លាប់មនុស្ស លួចប្លន់ ប្រព្រឹត្តអំពើផិតក្បត់ ជាដើម ដើម្បីឲ្យមនុស្សមានគោលគំនិតជាមូលដ្ឋានពីអំពើបាប ដឹងពីអ្វីត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ កាន់តាមវិន័យ និងថ្ងៃសប្ប័ទ។ អ្នកណាដែលកាន់តាមក្រឹត្យវិន័យ ត្រូវបានព្រះប្រទានពរ ហើយអ្នកណាដែលបំពាន ត្រូវថ្កោលទោស និងត្រូវថ្វាយតង្វាយលោះបាបទុកជាការរំដោះបាប។ ពេលមនុស្សបានបំពានក្រឹត្យវិន័យ និងក្បួនច្បាប់ណាមួយ ព្រះយេហូវ៉ាបានសម្ដែងសេចក្តីក្រោធ និងការដាក់ទោស ហើយអ្នកនោះត្រូវគេគប់ដុំថ្ម ឬត្រូវឆេះដោយភ្លើងពីស្ថានសួគ៌។ ប្រជាជនអ៊ីស្រាអែលបានភ្លក់ឫទ្ធានុភាព និងសេចក្តីក្រោធរបស់ព្រះ ក៏ដូចជាការមើលថែ និងសេចក្តីមេត្តារបស់ទ្រង់ ហើយពួកគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះគឺជាព្រះដ៏ពិតមួយអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។ ដូចនេះ គ្រប់គ្នាបានកោតខ្លាចព្រះយេហូវ៉ា និងកាន់តាមក្រឹត្យវិន័យទ្រង់ រស់នៅធម្មតា និងថ្វាយបង្គំព្រះនៅលើផែនដី ហើយអាចរស់នៅក្នុងព្រះវត្តមានរបស់ព្រះ។ នេះជាលទ្ធផលដែលសម្រេចបានដោយកិច្ចការរបស់ព្រះនៅយុគសម័យនៃក្រឹត្យវិន័យ។ ដូច្នេះ តើទីបញ្ចប់នៃកិច្ចការរបស់ព្រះនៅយុគសម័យនៃក្រឹត្យវិន័យមានន័យថា កិច្ចការសង្គ្រោះមនុស្សរបស់ទ្រង់ត្រូវបានបញ្ចប់ហើយឬ? មិនអ៊ីចឹងឡើយ។ ទោះបើមនុស្សនៅយុគសម័យនៃក្រឹត្យវិន័យបានដឹងថាអ្វីជាអំពើបាប ដឹងពីរបៀបថ្វាយយញ្ញបូជា និងតង្វាយលោះបាប និងរបៀបថ្វាយបង្គំព្រះក៏ដោយ តែដោយសារសាតាំងធ្វើឲ្យពុករលួយ ជារឿយៗ មនុស្សមិនបានកាន់តាមវិន័យឡើយ។ ជាពិសេស នៅផ្នែកចុងក្រោយនាយុគសម័យនៃក្រឹត្យវិន័យ មនុស្សបានប្រព្រឹត្តបាបកាន់តែច្រើន និងកាន់តែញឹកញាប់ ហើយគេមិនមានតង្វាយលោះបាបគ្រប់គ្រាន់ ដើម្បីលោះបាបពួកគេឡើយ។ បើកិច្ចការរបស់ព្រះបានបញ្ចប់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងត្រូវថ្កោលទោស និងកាត់ទោសដោយក្រឹត្យវិន័យសម្រាប់ បាបទាំងអស់របស់គេ ហើយមនុស្សជាតិនឹងត្រូវវិនាសមិនខាន។ ដូចនេះ ព្រះយេហូវ៉ាដ៏ជាព្រះបានប្រើពួកហោរា ដើម្បីប្រាប់សាសន៍អ៊ីស្រាអែលថា ព្រះមែស្ស៊ីនឹងយាងមកជាតង្វាយលោះបាប ដើម្បីប្រោសលោះមនុស្សជាតិ។ ទំនាយបានថ្លែងថា «ដ្បិតបុត្រមួយប្រសូតដល់យើង ព្រះប្រទានបុត្រមួយដល់យើង ហើយការគ្រប់គ្រងនឹងនៅលើស្មារបស់ទ្រង់ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏អស្ចារ្យ ជាទីប្រឹក្សា ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃសន្ដិភាព» (អេសាយ ៩:៦)។ «ហើយព្រះយេហូវ៉ាបានទម្លាក់សេចក្តីទុច្ចរិតរបស់យើងគ្រប់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦)។ «ព្រះអង្គនឹងយកព្រលឹងរបស់ទ្រង់ធ្វើជាតង្វាយលោះបាប» (អេសាយ ៥៣:១០)។ ក្រោយមក ដូចដែលទ្រង់បានសន្យា ព្រះបានយាងមកយកកំណើតជាព្រះអម្ចាស់យេស៊ូវ ដើម្បីធ្វើកិច្ចការប្រោសលោះមនុស្សជាតិ។ ពេលទ្រង់បានរស់នៅក្នុងចំណោមមនុស្ស ព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញសេចក្តីពិតជាច្រើន បានបង្រៀនមនុស្សឲ្យសារភាពបាប និងប្រែចិត្ត ឲ្យស្រឡាញ់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង និងគំនិតរបស់ខ្លួន ឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ថ្វាយបង្គំព្រះក្នុងវិញ្ញាណ និងសេចក្តីពិត ជាដើម។ សេចក្តីពិតទាំងនេះបានធ្វើឲ្យក្រឹត្យវិន័យគ្រប់លក្ខណ៍ទាំងស្រុង និងផ្ដល់ឲ្យមនុស្សនូវផ្លូវថ្មីនៃការអនុវត្ត។ ទ្រង់ក៏បានប្រោសអ្នកជំងឺឲ្យជា បណ្ដេញអារក្ស អត់ទោសបាបរបស់មនុស្ស ប្រទានព្រះពរ និងព្រះគុណ ហើយទីបំផុត ត្រូវជាប់ឆ្កាង ជាសាច់ឈាមដែលគ្មានបាប។ ទ្រង់បានទទួលយកបាបរបស់មនុស្សគ្រប់គ្នា និងបានប្រោសលោះមនុស្សជាតិ។ ក្រោយមក មនុស្សលែងត្រូវថ្វាយតង្វាយនៃយញ្ញបូជា ពេលពួកគេប្រព្រឹត្តបាបទៀតហើយ។ ដរាបណាពួកគេអធិស្ឋាន និងសារភាពបាប នោះពួកគេត្រូវបានអត់ទោស និងទទួលព្រះពរ និងព្រះគុណរបស់ព្រះ។ មនុស្សបានដកពិសោធន៍និស្ស័យនៃក្ដីមេត្តា និងក្ដីស្រឡាញ់របស់ព្រះ ហើយទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ កាន់តែជិតស្និទ្ធជាងមុន។ វាស្ដែងយ៉ាងច្បាស់ថា កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវបានសម្រេចទាំងស្រុងតាមទំនាយនៃព្រះគម្ពីរសញ្ញាចាស់។ វាបានសង្រ្គោះមនុស្សពីចំណងនៃក្រឹត្យវិន័យ បានបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបាននាំមនុស្សចូលទៅក្នុងយុគសម័យនៃព្រះគុណ។ នេះសបញ្ជាក់ថា ព្រះអម្ចាស់យេស៊ូវជាព្រះសង្រ្គោះ និងជាការយាងមកនៃព្រះមែស្ស៊ី។ សេចក្តីពិតដែលព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញ និងកិច្ចការប្រោសលោះរបស់ទ្រង់ គឺជាការសម្ដែងចេញនិស្ស័យរបស់ព្រះ និងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះ ហើយបើកសម្ដែងយ៉ាងពេញលេញពីសិទ្ធិអំណាច និងព្រះចេស្ដាដ៏វិសេសរបស់ព្រះ ដែលសបញ្ជាក់ថា ព្រះអម្ចាស់យេស៊ូវជាព្រះដែលយកកំណើតជាមនុស្ស និងថាព្រះអម្ចាស់យេស៊ូវ និងព្រះយេហូវ៉ាគឺជាព្រះវិញ្ញាណ និងព្រះជាម្ចាស់តែមួយ។ គឺដូចព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «តើអ្នកមិនជឿថាខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាសណ្ឋិតក្នុងខ្ញុំទេឬ» (យ៉ូហាន ១៤:១០)។ «ខ្ញុំ និងព្រះវរបិតាខ្ញុំគឺជាអង្គតែមួយ» (យ៉ូហាន ១០:៣០)។ កិច្ចការប្រោសលោះ និងកិច្ចការនាយុគសម័យនៃក្រឹត្យវិន័យ គឺជាកិច្ចការនៃដំណាក់កាលពីរផ្សេងគ្នាដែលត្រូវបានធ្វើនៅយុគសម័យផ្សេងគ្នា ដោយព្រះតែមួយ។ ដូចជាបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាចែងថា៖ «កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងឲ្យព្រះនាមរបស់ព្រះយេស៊ូវ ហើយវាតំណាងឲ្យយុគសម័យនៃព្រះគុណ។ សម្រាប់កិច្ចការដែលព្រះយេហូវ៉ាបំពេញ គឺតំណាងឲ្យព្រះយេហូវ៉ា ហើយវាតំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយនៅក្នុងយុគសម័យពីរផ្សេងគ្នា។ ... ច្បាស់ណាស់ថា ដោយសារព្រះយេស៊ូវបានយាងមក និងបានបញ្ចប់កិច្ចការរបស់ព្រះយេហូវ៉ា បានបន្តកិច្ចរបស់ព្រះយេហូវ៉ា និងបន្តកិច្ចការរបស់ព្រះអង្គផ្ទាល់ ដែលជាកិច្ចការថ្មីមួយទៀត នោះបញ្ជាក់ថា នេះគឺជាយុគសម័យថ្មីមួយ ហើយថាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់បានបំពេញនូវកិច្ចការនៅដំណាក់កាលពីរផ្សេងគ្នា។ ដំណាក់កាលមួយត្រូវធ្វើឡើងនៅក្នុងព្រះវិហារ ហើយដំណាក់កាលមួយត្រូវធ្វើឡើងនៅក្រៅព្រះវិហារ។ ដំណាក់កាលមួយ ត្រូវដឹកនាំមនុស្សស្របទៅតាមក្រឹត្យវិន័យ ហើយដំណាក់កាលមួយទៀត ត្រូវលះបង់ធ្វើជាតង្វាយលោះបាប។ ដំណាក់កាលនៃកិច្ចការទាំងពីរនេះ គឺមានភាពខុសគ្នាយ៉ាងខ្លាំង។ ការនេះបែងចែកយុគសម័យថ្មីចេញពីយុគសម័យចាស់ ហើយវាត្រឹមត្រូវណាស់ដែលនិយាយថា ដំណាក់កាលទាំងពីរ គឺជាយុគសម័យពីរផ្សេងគ្នា។ ទីតាំងនៃកិច្ចការរបស់ទ្រង់គឺខុសគ្នា ខ្លឹមសារនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នា ហើយគោលបំណងនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នាដែរ។ ដូច្នេះ ដំណាក់កាលនៃកិច្ចការនេះអាចបែងចែកជាពីរយុគសម័យ៖ ព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរសញ្ញាចាស់ យុគសម័យសញ្ញាថ្មី និងយុគសម័យសញ្ញាចាស់។ ... បើទោះបីជាទ្រង់ត្រូវហៅដោយព្រះនាមពីរផ្សេងគ្នាក៏ដោយ ក៏ជាព្រះវិញ្ញាណតែមួយដែរ ដែលបានសម្រេចកិច្ចការនៅដំណាក់កាលទាំងពីរនេះ ហើយកិច្ចការដែលបានធ្វើរួចហើយ ក៏បានបន្ត។ ដោយសារព្រះនាមខុសគ្នា ហើយខ្លឹមសារនៃកិច្ចការខុសគ្នា យុគសម័យនោះក៏ខុសគ្នាដែរ។ នៅពេលដែលព្រះយេហូវ៉ាបានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេហូវ៉ា ហើយនៅពេលដែលព្រះយេស៊ូវទ្រង់បានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ នៅពេលដែលយាងមកម្ដងៗ ព្រះជាម្ចាស់ត្រូវគេហៅដោយព្រះនាមមួយ ទ្រង់ណែនាំយុគសម័យមួយ ហើយទ្រង់ចាប់ផ្ដើមមាគ៌ាថ្មីមួយ ហើយនៅលើមាគ៌ាថ្មីនីមួយៗ ទ្រង់ប្រើព្រះនាមថ្មីមួយ ដែលបង្ហាញថា ព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយនោះគឺជាកិច្ចការរបស់ទ្រង់ ដែលមិនដែលឈប់ចម្រើនទៅមុខឡើយ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ យុគសម័យនៃព្រះគុណមានរយៈពេលពីរពាន់ឆ្នាំ ហើយសឹងតែគ្រប់អ្នកជឿបានគិតថា ពេលដែលព្រះអម្ចាស់យេស៊ូវបានជាប់ឆ្កាង ដើម្បីសង្គ្រោះមនុស្សជាតិ កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះត្រូវបានបញ្ចប់ ហើយព្រះអម្ចាស់យាងមកវិញនៅគ្រាចុងក្រោយ ទ្រង់នឹងលើកអ្នកស្មោះត្រង់ឡើងទៅស្ថានសួគ៌ដោយផ្ទាល់។ តើវាពិតជាបែបនេះទេ? វាជាការពិតដែលអ្នកជឿត្រូវបានអត់ទោសពីបាបរបស់គេ តែធម្មជាតិបាបរបស់មនុស្សនៅមិនទាន់ត្រូវបានដោះស្រាយឡើយ។ យើងនៅត្រូវបានគ្រប់គ្រងដោយធម្មជាតិបាប ជារឿយៗ យើងនិយាយកុហក និងប្រព្រឹត្តបាប យើងតស៊ូដើម្បីកិត្តិនាម និងផលប្រយោជន៍ យើងច្រណែន ក្អេងក្អាង រាប់ខ្លួនថាសុចរិត និងរឹងទទឹង យើងគ្មានសមត្ថភាពអត់ទ្រាំ យើងមិនអាចអនុវត្តការស្រឡាញ់អ្នកជិតដូចខ្លួនឯងឡើយ ហើយកាន់តែពិបាកក្នុងការស្រឡាញ់ និងស្ដាប់បង្គាប់ព្រះអម្ចាស់ទៀតផង។ រយៈពេលពីរពាន់ឆ្នាំ គ្រប់អ្នកជឿបានរស់នៅក្នុងអន្ទាក់នៃវដ្ដប្រព្រឹត្តបាបពេលថ្ងៃ និងសារភាពបាបពេលយប់ ហើយយើងជួបការឈឺចាប់ និងការរងទុក្ខយ៉ាងខ្លាំងចេញពីការរស់នៅក្នុងអំពើបាប។ នេះជាការពិតមិនអាចប្រកែកបានឡើយ។ តើមនុស្សដែលរស់នៅក្នុងបាបបែបនេះ បានសង្រ្គោះឬទេ? តើពួកគេអាចចូលក្នុងនគរស្ថានសួគ៌ទេ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ» (យ៉ូហាន ៨:៣៤-៣៥)។ «ដូច្នេះ ចូរឲ្យឯងបានបរិសុទ្ធ ដ្បិតអញបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ព្រះទ្រង់សុចរិត និងបរិសុទ្ធ។ តើទ្រង់អាចបណ្ដោយឲ្យមនុស្សដែលប្រព្រឹត្តបាប និងប្រឆាំងទ្រង់ជារឿយៗ ចូលក្នុងនគរទ្រង់ដូចម្ដេចទៅ? ដូច្នេះ ពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការប្រោសលោះ ទ្រង់មានបន្ទូលថា ទ្រង់នឹងយាងមកម្ដងទៀត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សឲ្យបានទាំងស្រុង និងនាំមនុស្សចូលក្នុងនគរព្រះ។ ដូចដែលព្រះអម្ចាស់យេស៊ូវបានថ្លែងទុកមកថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ នៅគ្រាចុងក្រោយ ព្រះអម្ចាស់យេស៊ូវបានយាងមកយកកំណើត ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដូចដែលទ្រង់បានសន្យា ដើម្បីសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដែលតម្រូវទុក ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ ដែលដោះស្រាយទាំងស្រុងនូវធម្មជាតិបាបរបស់មនុស្ស និងឲ្យពួកគេត្រូវបានសង្រ្គោះយ៉ាងពេញលេញដោយព្រះ។ នេះបង្ហាញដល់យើងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជា «ព្រះវិញ្ញាណនៃសេចក្តីពិត» ហើយទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលកំពុងលេចមក និងធ្វើការនៅគ្រាចុងក្រោយ។

ដើម្បីកាន់តែច្បាស់ សូមមើលព្រះបន្ទូលមួយចំនួនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែវាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គ្រប់ពេលដែលព្រះជាម្ចាស់ផ្ដួចផ្ដើមដំណាក់កាលថ្មីនៃកិច្ចការ គឺត្រូវតែមានទីចាប់ផ្ដើមថ្មីជានិច្ច ហើយវាត្រូវតែនាំមកនូវយុគសម័យថ្មីផងដែរ។ ហើយវាក៏មាននូវការផ្លាស់ប្ដូរស្របគ្នានៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ នៅក្នុងឥរិយាបថនៃការធ្វើការរបស់ទ្រង់ នៅក្នុងទីតាំងនៃកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះនាមរបស់ទ្រង់ផងដែរ។ នេះហើយជាហេតុផលដែលមនុស្សមានការពិបាកក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មី។ ប៉ុន្តែ មិនថាមនុស្សប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការរបស់ទ្រង់ និងដឹកនាំមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខជានិច្ច។ ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយលើសពីនេះទៀត គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឲ្យឆ្ពោះទៅមុខ មានន័យថា កិច្ចការដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំទាំងមូល ក៏បានបន្តទៅមុខទៀតហើយ។ ទោះបីជាយុគសម័យនៃព្រះគុណបានបញ្ចប់ក៏ដោយ ប៉ុន្តែវឌ្ឍនភាពនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ក៏នៅតែមានដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយម្ដងទៀតថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យ? នោះគឺដោយសារតែកិច្ចការនាពេលសព្វថ្ងៃ គឺជាការបន្តនូវកិច្ចការដែលបានធ្វើរួចហើយ នៅក្នុងយុគសម័យនៃព្រះគុណ និងជាវឌ្ឍនភាពលើកិច្ចការដែលបានធ្វើរួច នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទាំងបីនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត គឺដូចជាតំណមួយៗនៅក្នុងច្រវាក់ដែលប្រទាក់គ្នាយ៉ាងណែនដូច្នោះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើកិច្ចការដែលព្រះយេស៊ូវបានធ្វើដែរ? ឧបមាថា ដំណាក់កាលនេះមិនត្រូវបានសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ នោះការជាប់ឆ្កាងមួយទៀតនឹងត្រូវកើតឡើងនៅក្នុងដំណាក់កាលនេះ ហើយកិច្ចការប្រោសលោះនៃដំណាក់កាលមុននឹងត្រូវធ្វើឡើងម្ដងទៀតមិនខាន។ ការនេះនឹងទៅជាគ្មានន័យ។ ដូច្នេះ មិនមែនថា កិច្ចការនោះត្រូវបានបញ្ចប់ទាំងស្រុងឡើយ ប៉ុន្តែយុគសម័យនោះបានបន្តទៅមុខ ហើយកម្រិតនៃកិច្ចការនោះ ក៏ត្រូវលើកឡើងកាន់តែខ្ពស់ ជាងពេលមុនទៅទៀត។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការនេះ ត្រូវបានសង់ឡើងនៅលើគ្រឹះមូលដ្ឋាននាយុគសម័យនៃក្រឹត្យវិន័យ និងលើថ្មដានៃកិច្ចការរបស់ព្រះយេស៊ូវ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានសាងឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយដំណាក់កាលនេះមិនមែនជាការចាប់ផ្ដើមថ្មីនោះឡើយ។ មានតែបន្សំគ្នានៃដំណាក់កាលនៃកិច្ចការទាំងបីប៉ុណ្ណោះ ទើបអាចត្រូវបានចាត់ទុកជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំបាន» («ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាចែងយ៉ាងច្បាស់។ កិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគ្រាន់តែអត់ទោសបាបរបស់មនុស្សប៉ុណ្ណោះ តែមិនលុបបំបាត់ធម្មជាតិបាបរបស់មនុស្ស ឬសង្រ្គោះមនុស្សបានទាំងស្រុងពីបាបឡើយ ដូច្នេះ កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះមិនទាន់បានបញ្ចប់នោះទេ។ កិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវបានត្រួសត្រាយផ្លូវសម្រាប់កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ កិច្ចការជំនុំជម្រះ បន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ដែលត្រូវបានធ្វើដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ជាដំណាក់កាលចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះ ហើយក៏ជាដំណាក់កាលដ៏សំខាន់បំផុតផងដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញសេចក្តីពិតជាច្រើន ដែលបើកសម្ដែងគ្រប់ទាំងអាថ៌កំបាំងនៅក្នុងព្រះគម្ពីរ ក៏ដូចជាគ្រប់ទាំងអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរបស់ព្រះ រួមទាំងគោលបំណងនៃផែនការគ្រប់គ្រងរបស់ព្រះ សេចក្តីពិតខាងក្នុងនៃកិច្ចការទាំងបីដំណាក់កាល អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស របៀបដែលព្រះធ្វើកិច្ចការជំនុំជម្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្ស ចុងបញ្ចប់ និងវាសនារបស់មនុស្សគ្រប់ប្រភេទ របៀបដែលនគរព្រះគ្រីស្ទនឹងត្រូវសម្រេចនៅលើផែនដី ជាដើម។ ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏បើកសម្ដែង និងជំនុំជម្រះឫសគល់នៃបាប និងការប្រឆាំងរបស់មនុស្សចំពោះព្រះ ដែលជាធម្មជាតិ និងនិស្ស័យបែបសាតាំងនៅក្នុងមនុស្សផងដែរ។ ទ្រង់ក៏សម្ដែងចេញគ្រប់ទិដ្ឋភាពនៃសេចក្តីពិតដែលមនុស្សត្រូវអនុវត្ត និងចូលក្នុងជំនឿលើព្រះផងដែរ ដូចជាទស្សនៈត្រឹមត្រូវដែលត្រូវប្រកាន់យកក្នុងជំនឿលើព្រះ របៀបមានទំនាក់ទំនងធម្មតាជាមួយព្រះ របៀបក្លាយជាមនុស្សទៀងត្រង់ របៀបកោតខ្លាចព្រះ និងគេចចេញពីការអាក្រក់ និងរបៀបសម្រេចបានការស្ដាប់បង្គាប់ព្រះ ស្រឡាញ់ព្រះ ជាដើម។ មនុស្សត្រូវតែចូលក្នុងតថភាពនៃគ្រប់ទាំងសេចក្តីពិត ដើម្បីកម្ចាត់ចោលសេចក្តីពុករលួយ និងត្រូវបានសង្រ្គោះទាំងស្រុងដោយព្រះ។ ការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ ការដោះស្រាយ ការល្បងល និងការបន្សុទ្ធនៅក្នុងព្រះបន្ទូលព្រះ សម្រាប់រាស្ត្ររើសតាំងរបស់ព្រះជាច្រើននាក់ បានជួយឲ្យពួកគេយល់បន្ដិចម្ដងៗ និងស្អប់និស្ស័យ និងធម្មជាតិបែបសាតាំងរបស់គេ ដឹងថា និស្ស័យរបស់ព្រះគឺបរិសុទ្ធ សុចរិត និងមិនអាចប្រមាថបាន បង្កើតឲ្យមានការកោតខ្លាចព្រះនៅក្នុងដួងចិត្តរបស់គេ និងមានការប្រែចិត្តដ៏ពិត ឲ្យនិស្ស័យពុករលួយរបស់គេត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរ និងសម្រេចបានការស្ដាប់បង្គាប់ដ៏ពិតចំពោះព្រះ។ មិនថាពួកគេជួបការបៀតបៀន ការប្រឆាំង ការល្បងល ឬការបន្សុទ្ធបែបណាឡើយ ពួកគេអាចបន្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងខ្ជាប់ខ្ជួន ហើយផ្សាយ និងធ្វើបន្ទាល់ពីដំណឹងល្អអំពីនគររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបង្កើតនូវទីបន្ទាល់ដ៏ស្រស់ស្អាតជាច្រើនអំពីជ័យជម្នះលើសាតាំង។ ទីបន្ទាល់នៃបទពិសោធរបស់ពួកគេត្រូវបានផ្សាយតាមអនឡាញ និងធ្វើបន្ទាល់ដល់ពិភពលោកទាំងមូលអំពីការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សទាំងនេះគឺជាពួកអ្នកមានជ័យជម្នះ ដែលព្រះប្រោសឲ្យពេញខ្នាត មុនមហន្តរាយដ៏ធំ ហើយគេជាផលផ្លែដំបូង ដែលសម្រេចទាំងស្រុងតាមទំនាយក្នុងគម្ពីរវិវរណៈ «អ្នកទាំងអស់នេះ ជាពួកអ្នកដើរតាមកូនចៀម ទៅគ្រប់ទីកន្លែងដែលទ្រង់ទៅ។ អ្នកទាំងអស់នេះ ត្រូវបានប្រោសលោះ ពីក្នុងចំណាមមនុស្សលោក ជាផលដំបូងដល់ព្រះជាម្ចាស់ និងកូនចៀម» (វិវរណៈ ១៤:៤)។ ហើយវាក៏ដូចបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាផងដែរ។ «នៅពេលកិច្ចការទាំងបីដំណាក់កាលនេះឈានមកដល់ទីបញ្ចប់ នោះមនុស្សមួយក្រុមដែលនឹងត្រូវធ្វើបន្ទាល់អំពីព្រះជាម្ចាស់ (ក្រុមមនុស្សដែលស្គាល់ព្រះជាម្ចាស់) នឹងត្រូវបង្កើតឡើង។ មនុស្សទាំងអស់នេះ នឹងស្គាល់ព្រះជាម្ចាស់ ព្រមទាំងអាចអនុវត្តសេចក្ដីពិតបានផង។ ពួកគេមានភាពជាមនុស្ស និងមានហេតុផល ហើយគេសុទ្ធតែដឹងពីកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះ។ នៅចុងបញ្ចប់ កិច្ចការនេះនឹងត្រូវសម្រេច ហើយមនុស្សទាំងអស់នេះ គឺជាកញ្ចប់ឆ្លុះពីកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ និងជាស្មរបន្ទាល់ដ៏មានអានុភាពបំផុត ដើម្បីយកឈ្នះលើសាតាំងនៅទីចុងបំផុត។ មនុស្សដែលអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន នឹងអាចទទួលបានសេចក្ដីសន្យា និងព្រះពរពីព្រះជាម្ចាស់ ហើយជាក្រុមដែលបន្តស្ថិតនៅរហូតដល់ទីបញ្ចប់ ជាក្រុមដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន» («ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតជាច្រើន និងសម្រេចបានកិច្ចការដ៏អស្ចារ្យបែបនេះ ដែលបើកសម្ដែងទាំងស្រុងពីសិទ្ធិអំណាច និងព្រះចេស្ដាដ៏វិសេសរបស់ព្រះ ហើយការនេះសបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះវិញ្ញាណ និងព្រះជាម្ចាស់តែមួយ។ យើងសូមឈប់ត្រឹមនេះ ហើយពិចារណាសិន៖ ក្រៅពីព្រះជាម្ចាស់ តើនរណាអាចសម្ដែងចេញសេចក្តីពិតជាច្រើន និងបើកសម្ដែងពីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះ? តើនរណាអាចលាតត្រដាងពីឫសគល់នៃបាប និងការប្រឆាំងរបស់មនុស្សចំពោះព្រះ? ក្រៅពីព្រះជាម្ចាស់ តើនរណាអាចជំនុំជម្រះសេចក្តីពុលរលួយរបស់មនុស្ស ហើយសង្រ្គោះមនុស្សជាតិពីបាបបានទាំងស្រុងទៅ? តើនរណាអាចសម្ដែងចេញនិស្ស័យបរិសុទ្ធ និងសុចរិតរបស់ព្រះ ដែលមិនអត់ទ្រាំនឹងការប្រមាថ? ការពិតបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះដ៏ជាក់ស្ដែងដែលយកកំណើតជាមនុស្ស ជាព្រះដ៏ពិតដែលជាទីចាប់ផ្ដើម និងទីបញ្ចប់នៃអ្វីៗគ្រប់យ៉ាង!

ដូច្នេះ តើគ្រប់គ្នាយល់ច្បាស់ហើយឬនៅ? កិច្ចការទាំងបីដំណាក់កាលដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ គឺជាដំណាក់កាលបីផ្សេងគ្នានៃកិច្ចការរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិនៅក្នុងយុគសម័យផ្សេងៗគ្នា។ កិច្ចការនៃក្រឹត្យវិន័យបានបង្រៀនមនុស្សថាអ្វីទៅជាបាប កិច្ចការប្រោសលោះបានប្រោសលោះបាបរបស់ពួកគេ ហើយកិច្ចការជំនុំជម្រះជួយឲ្យពួកគេលុបបំបាត់បាប។ កិច្ចការទាំងបីដំណាក់កាលនេះត្រូវបានផ្សារភ្ជាប់គ្នា សង់ពីលើគ្នា ហើយទីបំផុត មនុស្សត្រូវបានសង្រ្គោះពេញលេញពីឥទ្ធិពលរបស់សាតាំង និងនាំចូលទៅក្នុងនគរព្រះ។ នេះជាដំណើរការទាំងស្រុង ដែលព្រះទ្រង់គ្រប់គ្រង និងសង្រ្គោះមនុស្សជាតិ។ តាំងពីដើមដល់ចប់ វាត្រូវបានធ្វើដោយព្រះតែមួយប៉ុណ្ណោះ។ ទោះបើព្រះនាមព្រះខុសគ្នាក្ដី ហើយវិធីសាស្ត្រ និងកិច្ចការរបស់ទ្រង់ខុសគ្នាក៏ដោយ ក៏សារជាតិរបស់ព្រះ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះ និងនិស្ស័យរបស់ព្រះគឺដូចគ្នា ហើយវាមិនផ្លាស់ប្ដូរឡើយ។ បើយើងមើលព្រះបន្ទូលដែលព្រះយេហូវ៉ាដ៏ជាព្រះបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវនៅយុគសម័យនៃព្រះគុណ និងព្រះដ៏មានគ្រប់ព្រះចេស្ដានៅយុគសម័យនៃនគរព្រះ ព្រះបន្ទូលទាំងនេះសុទ្ធតែជាសេចក្តីពិត។ វាជាការសម្ដែងចេញ និងការបើកសម្ដែងអំពីនិស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះ វាចេញមកពីប្រភពតែមួយ ហើយជាសំឡេង និងបន្ទូលរបស់ព្រះវិញ្ញាណតែមួយ។ ការនេះសបញ្ជាក់ថា កិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ។ នេះដូចអ្វីដែលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាចែងមែន។ «ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ គឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា នោះឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ វាបញ្ជាក់អ្នកឲ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទ្រង់ជាព្រះជាម្ចាស់ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស។ ទ្រង់ជាតង្វាយលោះបាបសម្រាប់មនុស្ស និងជាអ្នកគង្វាលរបស់មនុស្ស។ ប៉ុន្តែ ទ្រង់ក៏ជាការជំនុំជម្រះ ការវាយផ្ចាល និងជាបណ្ដាសារបស់មនុស្សផងដែរ។ ទ្រង់អាចនាំមនុស្សឲ្យរស់នៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំ ហើយទ្រង់ក៏អាចប្រោសលោះមនុស្សជាតិដែលពុករលួយចេញពីបាបបានផងដែរ។ សព្វថ្ងៃនេះ ទ្រង់ក៏អាចយកឈ្នះមនុស្សជាតិដែលមិនស្គាល់ទ្រង់ ហើយបង្រ្កាបពួកគេឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ផងដែរ ដើម្បីឱ្យមនុស្សទាំងអស់នឹងចុះចូលចំពោះទ្រង់ទាំងស្រុងមិនខាន។ ចុងបញ្ចប់ ទ្រង់នឹងដុតចោលរាល់អ្វីៗដែលមិនបរិសុទ្ធ និងមិនសុចរិតនៅក្នុងមនុស្សទូទាំងសកលលោក ដើម្បីបង្ហាញពួកគេថា ទ្រង់មិនគ្រាន់តែជាព្រះដ៏ពេញដោយសេចក្តីមេត្តាករុណា និងគួរឲ្យស្រឡាញ់ មិនគ្រាន់តែជាព្រះនៃព្រះប្រាជ្ញាញាណ និងឫទ្ធិបារមី និងមិនគ្រាន់តែជាព្រះដ៏បរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ ទ្រង់ក៏ជាព្រះដែលជំនុំជម្រះមនុស្សផងដែរ» («ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើព្រះអង្គសង្រ្គោះ សង្រ្គោះមនុស្សដោយរបៀបណា ពេលទ្រង់យាងមក?

ពេលដែលយើងនិយាយអំពីព្រះសង្រ្គោះ គ្រប់អ្នកជឿសុទ្ធតែយល់ស្របគ្នាថា នៅគ្រាចុងក្រោយ ទ្រង់ប្រាកដជាយាងមកកាន់ផែនដី ដើម្បីសង្រ្គោះមនុស្សជាតិ។...

តើពិតទេដែលថា កិច្ចការ និងបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែមាននៅក្នុងព្រះគម្ពីរ?

ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ ជាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន។...

ហេតុអ្វីព្រះជាម្ចាស់ត្រូវការកិច្ចការទាំងបីដំណាក់កាល ដើម្បីសង្រ្គោះមនុស្សជាតិ?

គ្រប់គ្នាដឹងហើយថា ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានលេចមកធ្វើកិច្ចការប្រោសលោះមនុស្សជាតិនៅស្រុកយូដា និងប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត...

Leave a Reply