ឥឡូវ ខ្ញុំអាចនិយាយចេញពីចិត្តបានហើយ
ពេលបងកំពុងបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រីម្នាក់ទៀត បើបងសង្កេតឃើញកំហុសឆ្គងមួយ ឬឃើញថា ពួកគេបានធ្វើអ្វីមួយមិនស្របតាមសេចក្តីពិត...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ជីវភាពគ្រួសាររបស់ខ្ញុំគឺមធ្យម ឪពុកម្តាយខ្ញុំមិនមានជំនាញវិជ្ជាជីវៈអ្វីទេ ដូច្នេះពួកគាត់អាចរកស៊ីចិញ្ចឹមជីវិតបានតែពីការធ្វើស្រែចម្ការប៉ុណ្ណោះ។ មានរោងចក្រមួយនៅក្បែរភូមិ ដែលឪពុកខ្ញុំអាចរកប្រាក់បានខ្លះពីទីនោះផងដែរ។ ទោះបីជាប្រាក់ចំណូលរបស់ពួកគាត់តិចតួចក្តី ក៏វាល្មមគ្រប់គ្រាន់អាចចិញ្ចឹមគ្រួសារយើងដែលមានសមាជិកប្រាំនាក់បានដែរ។ ប៉ុន្តែ ពេលខ្ញុំទើបតែចូលអាយុដប់ពីរឆ្នាំ ខ្ញុំមិនស្កប់ស្កល់នឹងរឿងនេះទេ ហើយខ្ញុំពិតជាច្រណែននឹងជីវិតរបស់អ្នកមានខ្លាំងណាស់។ ខ្ញុំមានមិត្តល្អម្នាក់ ដែលគ្រួសារគេមានឡានដឹកទំនិញធំមួយ។ កម្រិតជីវភាពរបស់ពួកគេ គឺស្ថិតក្នុងចំណោមគ្រួសារដែលមានជីវភាពល្អជាងគេបំផុតនៅក្នុងភូមិរបស់យើង ហើយអ្នកណាក៏ច្រណែនពួកគេដែរ។ សាច់ញាតិរបស់គេ ក៏ជារឿយៗតែងតែមកពិភាក្សាជាមួយគ្រួសារនេះដែរ នៅពេលដែលពួកគេមានបញ្ហា។ ដោយឃើញរឿងទាំងនេះ ខ្ញុំបានសម្រេចចិត្តថា ពេលខ្ញុំធំឡើង ខ្ញុំត្រូវតែរកលុយឱ្យបានច្រើន ហើយរស់នៅក្នុងជីវិតដូចជាគ្រួសាររបស់គេដែរ។ បំណងប្រាថ្នានេះបានដក់ជាប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្ញុំ។ កាលខ្ញុំនៅរៀន លទ្ធផលសិក្សារបស់ខ្ញុំមិនសូវល្អទេ ដូច្នេះក្រោយពេលរៀនចប់បឋមសិក្សា ខ្ញុំបានទៅធ្វើការនៅការដ្ឋានសំណង់ដើម្បីរកលុយ។ ខ្ញុំចាប់ផ្តើមរៀនធ្វើជាជាងឈើ នៅពេលខ្ញុំអាយុដប់ប្រាំពីរឆ្នាំ។ បន្តិចម្ដងៗ ក្រោមឥទ្ធិពលនៃមជ្ឈដ្ឋានរស់នៅក្នុងសង្គម ពាក្យថា «លុយជាអាទិភាព» និង «លុយអាចបង្វិលពិភពលោកបាន» បានក្លាយជាបាវចនារបស់ខ្ញុំ ហើយបានធ្វើឱ្យបំណងប្រាថ្នាចង់បានលុយរបស់ខ្ញុំកាន់តែខ្លាំងឡើង។
ខ្ញុំបានធ្វើការឱ្យថៅកែជាងឈើម្នាក់អស់រយៈពេលជាច្រើនឆ្នាំ តែមិនសូវរកលុយបានច្រើនទេ។ ខ្ញុំបានគិតថា «បើខ្ញុំនៅតែបន្តបែបនេះ តើពេលណាខ្ញុំនឹងអាចមានជីវភាពដែលអ្នកដទៃកោតសរសើរបាន?» ដូច្នេះ ខ្ញុំបានរកផ្លូវផ្សេង និងបានធ្វើជាថៅកែខ្លួនឯង ដោយទទួលការងារតុបតែងលម្អខាងក្នុង។ កាលពីដំបូង ដើម្បីទទួលបានការងារកាន់តែច្រើន ខ្ញុំយកតម្លៃទាបៗ ហើយទៅទិញសម្ភារៈជាមួយអតិថិជន ដោយខិតខំធ្វើការងារឱ្យបានល្អ។ នៅពេលសម្ភារៈដែលម្ចាស់ហាងលក់សម្ភារៈសំណង់ដឹកយកមកឱ្យមានគុណភាពអន់ ខ្ញុំតែងតែសុំឱ្យគាត់ប្តូរយកសម្ភារៈល្អៗមកវិញ។ អតិថិជនរបស់ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដែលខ្ញុំបានគិតគូរដល់ពួកគេយ៉ាងដូច្នេះ។ គុណភាពការងាររបស់យើងល្អ ហើយតម្លៃរបស់ខ្ញុំក៏ទាប ដែលទទួលបានការកោតសរសើរពីអតិថិជនរបស់យើង ហើយបន្តិចម្តងៗ យើងទទួលបានការងារកាន់តែច្រើនឡើង។ ក្រោយមក ម្ចាស់ហាងលក់សម្ភារៈសំណង់ម្នាក់បានអញ្ជើញខ្ញុំទៅញ៉ាំអាហារពេលល្ងាចជាពិសេស ដើម្បីស្វែងរកម៉ូយប្រចាំបន្ថែមទៀត។ គាត់បានសួរខ្ញុំថា «តើថៅកែផ្សេងៗឱ្យលុយទឹកតែអ្នកប៉ុន្មានដែរ ពេលអ្នកទិញសម្ភារៈ?» ខ្ញុំបានសួរដោយការងឿងឆ្ងល់ថា «លុយទឹកតែអីគេ? គ្មានអ្នកណាឱ្យអ្វីខ្ញុំទេ»។ ម្ចាស់ហាងមានការភ្ញាក់ផ្អើល ហើយនិយាយថា «អ្នកឯងស្មោះត្រង់ពេកហើយ។ តើអ្នកអាចរកលុយបានប៉ុន្មានទៅ បើធ្វើការបែបនេះនោះ? តើយើងកំពុងរស់នៅក្នុងសម័យណាហើយ? អ្នកត្រូវតែរត់ឱ្យទាន់សម័យកាល! ដូចពាក្យចាស់ពោលថា 'គ្មានទ្រព្យសម្បត្តិណាដែលបានមកដោយគ្មានល្បិចកលនោះទេ'។ លុយទឹកតែគឺជារឿងធម្មតាទៅហើយ មិនថាអ្នកនៅក្នុងវិស័យអ្វីក៏ដោយ។ ជាទូទៅ អតិថិជនចំណាយប្រាក់ ១០ ០០០ ទៅ ២០ ០០០ យ័នលើសម្ភារៈ នៅពេលពួកគេជួសជុលផ្ទះ។ អ្នកអាចទទួលបានលុយទឹកតែមួយពាន់ ឬពីរពាន់ចេញពីចំនួនទឹកប្រាក់នោះ។ បើអ្នកអាចទទួលលុយបានដោយមិនបាច់ប្រឹងប្រែងអ្វីសោះ គ្រាន់តែហើបមាត់និយាយបន្តិចបន្តួចសោះហ្នឹង តើហេតុអ្វីបានជាមិនធ្វើទៅ? យកល្អបែបនេះចុះ! អ្នកនាំអតិថិជនមកឱ្យខ្ញុំ ហើយខ្ញុំសន្យាថានឹងជួយឱ្យអ្នករកប្រាក់បានរាប់ម៉ឺនយ័នបន្ថែមទៀតក្នុងមួយឆ្នាំ»។ នៅពេលខ្ញុំបានឮរឿងនេះដំបូង ខ្ញុំគិតថាវាពិតជាវិធីដ៏ល្អមួយមែនក្នុងការរកលុយ ប៉ុន្តែបន្ទាប់មកខ្ញុំគិតថា «តើនេះមិនមែនជាការបោកប្រាស់អតិថិជនទេឬ?» ខ្ញុំមានអារម្មណ៍ថាមនសិការរបស់ខ្ញុំមិនអាចទទួលយកបានទេ ដូច្នេះ ខ្ញុំបាននិយាយថា «ខ្ញុំគិតថាខ្ញុំមិនអាចធ្វើបែបនោះបានទេ។ អតិថិជនភាគច្រើនរបស់ខ្ញុំ គឺអ្នកស្គាល់គ្នាជាអ្នកណែនាំឱ្យ។ បើពួកគេដឹងថាខ្ញុំកំពុងបោកប្រាស់ពួកគេ នោះការរកស៊ីនេះនឹងត្រូវចប់មិនខាន!» ថៅកែរូបនោះបាននិយាយដោយមានទំនុកចិត្តថា «ខ្ញុំបានធ្វើបែបនេះរាប់សិបឆ្នាំមកហើយ ហើយមិនដែលមានអតិថិជនណាមករករឿងខ្ញុំទេ ដូច្នេះកុំបារម្ភអី! បើអ្នកមិនផ្លាស់ប្ដូររបៀបធ្វើការរបស់អ្នកទេ អ្នកនឹងមិនអាចរកលុយបានឡើយ។ មនុស្សតែងតែនិយាយថា 'លុយមកដល់ដៃហើយបើមិនយកមានតែមនុស្សល្ងង់'។ សាកគិតមើលទៅ តើនេះមិនពិតទេឬ?» ខ្ញុំបានគិតថាអ្វីដែលគាត់និយាយមានហេតុផល ហើយខ្ញុំអាចរកលុយបានកាន់តែច្រើន ប្រសិនបើខ្ញុំធ្វើការជាមួយគាត់។ ម្យ៉ាងទៀត បើខ្ញុំនៅតែបន្តធ្វើការដោយភាពស្មោះត្រង់ តើពេលណាទើបខ្ញុំអាចមានជីវភាពដ៏ហ៊ឺហាដែលអ្នកណាក៏ច្រណែន ដូចដែលខ្ញុំបានដេញតាមនោះទៅ? លើសពីនេះ អ្នកផ្សេងទៀតដែលមានការងារដូចខ្ញុំ សុទ្ធតែជិះឡានទៅធ្វើការ ដែលមើលទៅឡូយខ្លាំងណាស់ ហើយអតិថិជនរបស់ពួកគេក៏កោតសរសើរពួកគេដែរ។ ផ្ទុយទៅវិញ ទោះបីជាក្រុមហ៊ុនរបស់ខ្ញុំតូចតាចយ៉ាងណាក៏ដោយ ខ្ញុំក៏នៅតែជាថៅកែម្នាក់ដែរ ប៉ុន្តែខ្ញុំបែរជាជិះម៉ូតូទៅវិញ។ វាពិតជាអាប់មុខណាស់! ពេលខ្ញុំគិតដល់ចំណុចនេះ ខ្ញុំក៏យល់ព្រម។ ប៉ុន្មានថ្ងៃក្រោយមក សាច់ញាតិមិត្តភក្តិរបស់ខ្ញុំបានមករកខ្ញុំ ព្រោះគាត់ត្រូវជួសជុលការិយាល័យរបស់គាត់ ហើយពឹងខ្ញុំឱ្យជួយទិញសម្ភារៈ។ ម្ចាស់ហាងលក់សម្ភារៈសំណង់បាននិយាយមកកាន់ខ្ញុំថា «នេះជាឱកាសដ៏កម្រមួយ។ បើអ្នកបូកតម្លៃបន្ថែមបន្តិចទៀតទៅឱ្យគាត់ នោះអ្នកនឹងទទួលបានលុយទឹកតែកាន់តែច្រើនមិនខាន»។ ខ្ញុំមានអារម្មណ៍ថាមនសិការរបស់ខ្ញុំមិនអាចទទួលយកបានទេ។ ប៉ុន្តែ ដោយឃើញថាខ្ញុំមិនដាច់ចិត្តធ្វើ គាត់ក៏និយាយថា «អ្នកឯងនេះឆោតពេកហើយ សម័យនេះទៅហើយ តើមានអ្នកណាយកមនសិការជាធំទៀតទៅ? ទោះបីជាអ្នកជួយសន្សំលុយឱ្យអតិថិជនក៏ដោយ ក៏គេមិនសរសើរអ្នកដែរ។ កុំបារម្ភអី គេមិនអាចមើលដឹងពីបញ្ហាតាមរយៈវិក្កយបត្រទិញទំនិញនោះទេ»។ ប៉ុន្តែ ខ្ញុំនៅតែមានអារម្មណ៍ស្ទាក់ស្ទើរបន្តិច ដូច្នេះ ខ្ញុំក៏យល់ព្រមយកលុយទឹកតែតិចតួចប៉ុណ្ណោះ។ ក្រោយមក ម្ចាស់ហាងលក់សម្ភារៈសំណង់បានមកដល់ក្រុមហ៊ុន ហើយប្រគល់វិក្កយបត្រទិញទំនិញទៅឱ្យសាច់ញាតិមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំបារម្ភខ្លាចគាត់ដឹងរឿងនេះ ហើយបេះដូងខ្ញុំលោតញាប់ដូចគេវាយស្គរ។ ខ្ញុំគិតថា «សាច់ញាតិមិត្តភក្តិរបស់ខ្ញុំជាមនុស្សឆ្លាត។ បើគាត់ដឹងថាមានរឿងមិនប្រក្រតី តើខ្ញុំនឹងមិនខ្មាស់គេស្លាប់ទៅហើយទេអី?» ដោយសារតែខ្ញុំភ័យ ខ្ញុំមិនហ៊ានសម្លឹងមើលមុខសាច់ញាតិមិត្តភក្តិរបស់ខ្ញុំចំឡើយ។ ស្របពេលដែលខ្ញុំកំពុងខ្វល់ខ្វាយ គាត់ក៏បានសួរខ្ញុំថា «តើអ្នកបានពិនិត្យមើលសម្ភារៈទាំងអស់ហើយឬនៅ?» ខ្ញុំបានគិតថា «តើគាត់បានមើលដឹងថាមានរឿងមិនប្រក្រតីមែនទេ?» ខ្ញុំមានអារម្មណ៍ថាភ័យខ្លាចបន្តិច ហើយក៏និយាយទាំងមានអារម្មណ៍ខុសថា «បាទ ខ្ញុំពិនិត្យហើយ»។ នឹកស្មានមិនដល់ គាត់គ្រាន់តែមើលតម្លៃ ហើយក៏ស៊ីញ៉េ ហើយប្រាប់ម្ចាស់ហាងឱ្យទៅបើកលុយនៅផ្នែកហិរញ្ញវត្ថុដោយផ្ទាល់តែម្តង។ ពេលនោះ ខ្ញុំក៏ចាប់ផ្តើមធូរទ្រូងបន្តិច។ ខ្ញុំគិតក្នុងចិត្តថា «ថ្ងៃក្រោយ យកល្អកុំធ្វើរឿងខុសមនសិការបែបនេះច្រើនពេកអី។ បើខ្ញុំនៅតែធ្វើ មនសិការរបស់ខ្ញុំនឹងមិនស្ងប់ឡើយ!»
ក្រោយមក ម្ចាស់ហាងលក់សម្ភារៈសំណង់បានឱ្យលុយទឹកតែខ្ញុំចំនួន ២ ៨០០ យ័ន ហើយថែមទាំងប៉ាវខ្ញុំញ៉ាំអាហារមួយពេលទៀតផង។ ខ្ញុំបានសម្លឹងមើលលុយដែលរកបានយ៉ាងងាយស្រួលនោះ រួចគិតក្នុងចិត្តថា «ខ្ញុំអាចរកលុយបានច្រើនយ៉ាងនេះ គ្រាន់តែនិយាយតែប៉ុណ្ណោះ ដោយមិនបាច់ហត់នឿយសូម្បីតែបន្តិច។ ពាក្យចាស់ពោលថា «គ្មានទ្រព្យសម្បត្តិណាដែលបានមកដោយគ្មានល្បិចកលនោះទេ» ពិតជាត្រឹមត្រូវមែន។ នេះគ្រាន់តែជាគម្រោងតូចតាចមួយប៉ុណ្ណោះ។ បើខ្ញុំអាចទទួលបានគម្រោងធំៗពីរបីទៀត តើខ្ញុំនឹងរកលុយបានច្រើនប៉ុនណាទៅ? បើខ្ញុំនៅតែបន្តធ្វើបែបនេះ ចំណូលរបស់ខ្ញុំច្បាស់ជាច្រើនគួរសមមិនខាន។ ក្នុងពេលប៉ុន្មានឆ្នាំទៀត ខ្ញុំនឹងរស់នៅក្នុងជីវិតជាអ្នកមានម្នាក់បាត់ទៅហើយ»។ ទោះជាយ៉ាងណា នៅពេលខ្ញុំគិតថា លុយនេះខ្ញុំរកបានមកពីការលក់កេរ្តិ៍ឈ្មោះខ្លួនឯង ខ្ញុំនៅតែមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ ម្យ៉ាងវិញទៀត បើខ្ញុំនៅតែបន្តធ្វើការដោយភាពស្មោះត្រង់ដូចមុន ខ្ញុំនឹងមិនអាចរកលុយធំបានឡើយ។ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរក្នុងចិត្តអស់រយៈពេលជាច្រើនថ្ងៃ ហើយទីបំផុត ដោយសម្លឹងឃើញលុយនៅនឹងមុខស្រាប់ ខ្ញុំក៏សម្រេចចិត្តជ្រើសរើសយកផលប្រយោជន៍។ ចាប់ពីពេលនោះមក ពាក្យថា «គ្មានទ្រព្យសម្បត្តិណាដែលបានមកដោយគ្មានល្បិចកលនោះទេ» បានក្លាយជាបាវចនារបស់ខ្ញុំ។ ដើម្បីរកលុយឱ្យបានកាន់តែច្រើន និងមានជីវភាពរស់នៅល្អជាងអ្នកដទៃ ខ្ញុំតែងតែលេងល្បិចដាក់អតិថិជនរបស់ខ្ញុំ និងបានធ្វើរឿងដែលខុសមនសិការរបស់ខ្លួនជានិច្ច។ មានពេលមួយ ខ្ញុំបានទិញក្តារបន្ទះអន់ៗមួយចំនួន ហើយប្រាប់កម្មករថា «បើអតិថិជនមក កុំទាន់អាលធ្វើការអី។ កុំឱ្យគេឃើញសម្ភារៈដែលអ្នកកំពុងប្រើឱ្យសោះ»។ ប៉ុន្តែ ចំពេលដែលកំពុងធ្វើការ អតិថិជនក៏ស្រាប់តែដើរចូលមក។ បេះដូងរបស់ខ្ញុំស្ទើរតែលោតចេញមកក្រៅ ហើយបែកញើសបាតដៃរហាម ខ្ញុំភ័យខ្លាចអតិថិជនមើលដឹងពីបញ្ហានៃគុណភាពអន់នេះណាស់។ បើរឿងនេះត្រូវគេចាប់បាន ខ្ញុំមិនត្រឹមតែបាត់បង់ប្រាក់ឈ្នួលប៉ុណ្ណោះទេ តែខ្ញុំក៏នឹងខាតបង់លុយទិញសម្ភារៈនេះផងដែរ។ សំណាងល្អ ពេលនោះអតិថិជនមិនបានចាប់អារម្មណ៍ទេ។ នៅពេលខ្ញុំចេញពីធ្វើការមកដល់ផ្ទះ ខ្ញុំនៅតែបារម្ភ «តើអតិថិជននឹងទៅការដ្ឋាននៅពេលយប់ឬទេ? ចុះបើគេមើលដឹងថាមានបញ្ហាលើសម្ភារៈវិញនោះ?» ខ្ញុំចេះតែមិនស្រួលក្នុងចិត្តជានិច្ច ហើយខ្ញុំមិនបានធូរទ្រូងឡើយ រហូតទាល់តែការងារត្រូវបញ្ចប់ ហើយគេទូទាត់លុយឱ្យរួចរាល់។ បន្តិចម្ដងៗ ខ្ញុំរកលុយបានកាន់តែច្រើនឡើងៗ ខ្ញុំមិនត្រឹមតែទិញបានផ្ទះមួយកន្លែង និងមានលុយសន្សំខ្លះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការច្រណែន និងការកោតសរសើរពីសាច់ញាតិ និងមិត្តភក្តិរបស់ខ្ញុំទៀតផង។ កាលពីមុន ពេលខ្ញុំអត់លុយ រាល់ពេលជួបអ្នកស្គាល់គ្នា ខ្ញុំតែងតែនិយាយទៅកាន់គេ តែគេមិនឆ្លើយតបមកខ្ញុំវិញឡើយ។ ឥឡូវនេះ នៅពេលដែលពួកគេជួបខ្ញុំ ពួកគេតែងតែរាក់ទាក់ខ្ញុំមុន ហើយស្វាគមន៍ខ្ញុំដោយស្នាមញញឹមជានិច្ច។ ពេលខ្លះខ្ញុំបានពឹងពាក់ពួកគេឱ្យជួយ ហើយភាគច្រើនពួកគេយល់ព្រមជួយភ្លាមៗតែម្ដង។ ខ្ញុំមានអារម្មណ៍ថា ពាក្យចាស់ដែលពោលថា «លុយមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ តែបើគ្មានលុយវិញ អ្នកមិនអាចធ្វើអ្វីបានឡើយ» និង «លុយអាចបង្វិលពិភពលោកបាន» គឺពិតជាត្រឹមត្រូវមែន។ ប៉ុន្តែ ជួនកាលខ្ញុំក៏សញ្ជឹងគិតថា ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំរកលុយបាន ទិញបានផ្ទះ និងឡាន ដោយការធ្វើខុសមនសិការក៏ដោយ ក៏ខ្ញុំមិនសូវមានក្តីសុខប៉ុន្មានដែរ។ ផ្ទុយទៅវិញ មួយថ្ងៃៗខ្ញុំរស់នៅក្នុងក្ដីបារម្ភ និងខ្វល់ខ្វាយជានិច្ច។ បើអតិថិជនដឹងថា ខ្ញុំបានធ្វើរឿងអសីលធម៌ទាំងនេះ ពួកគេច្បាស់ជាចង្អុលមុខ និងជេរប្រទេចខ្ញុំមិនខាន។ ខ្ញុំមិនហ៊ាននឹកស្រមៃទេថា ទិដ្ឋភាពនោះវានឹងទៅជាយ៉ាងណា។ អតិថិជនរបស់ខ្ញុំ និងខ្ញុំ គឺរស់នៅក្នុងទីប្រជុំជនស្រុកតែមួយ ដូច្នេះពួកយើងតែងតែជួបមុខគ្នាជារឿយៗ ប៉ុន្តែ ជួនកាលពេលជួបមុខពួកគេ ខ្ញុំមិនហ៊ានទាំងងើបមុខសម្លឹងមើលភ្នែកពួកគេផង។ ខ្ញុំមិនអាចលុបបំបាត់ការថ្កោលទោស និងការចោទប្រកាន់នៅក្នុងចិត្តរបស់ខ្ញុំបានឡើយ ហើយពេលខ្លះ ខ្ញុំថែមទាំងយល់សប្តិឃើញអតិថិជនមករករឿងដល់មុខផ្ទះ ដែលធ្វើឱ្យខ្ញុំភ្ញាក់ដឹងខ្លួនទាំងភ័យខ្លាចទៀតផង។ ជួនកាល ខ្ញុំក៏គិតដែរថា «ឈប់បោកប្រាស់គេទៅ។ យកល្អគួរតែត្រឡប់ទៅធ្វើការងារដោយស្មោះត្រង់ និងម៉ត់ចត់ដូចពីមុនវិញទៅ។ ទោះបីជារកលុយបានតិចតួចក៏មិនអីដែរ»។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតដល់កូនៗរបស់ខ្ញុំ ដែលត្រូវការលុយសម្រាប់ចំណាយគ្រប់បែបយ៉ាងពេលពួកគេធំឡើង ហើយម្យ៉ាងវិញទៀត បើគ្មានលុយ ជីវភាពខាងសម្ភារៈរបស់ខ្ញុំក៏នឹងធ្លាក់ចុះដែរ។ ខ្ញុំមានអារម្មណ៍ថាមិនសូវដាច់ចិត្ត ហើយក៏ធ្លាក់ចូលក្នុងស្ថានភាពពិបាកសម្រេចចិត្ត។ ខ្ញុំតែងតែដកដង្ហើមធំថា «ហេតុអ្វីបានជាជីវិតនេះឈឺចាប់ម្ល៉េះ?»
នៅខែតុលា ឆ្នាំ២០១៣ ខ្ញុំបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានចាប់ផ្តើមរស់នៅក្នុងជីវិតពួកជំនុំ។ នៅឯការជួបជុំ ខ្ញុំបានឃើញថាបងប្អូនប្រុសស្រីទាំងអស់ សុទ្ធតែនិយាយដោយបើកចំហពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ ហើយពិភាក្សាអំពីសេចក្តីពុករលួយដែលពួកគេបានបញ្ចេញឱ្យឃើញនៅក្នុងជីវិតរបស់ពួកគេ។ នេះជារឿងដែលអ្នកមិនធ្លាប់ឃើញទាល់តែសោះនៅក្នុងសង្គម។ មានពេលមួយ នៅឯការជួបជុំ បងស្រីម្នាក់បានប្រកបគ្នាអំពីបទពិសោធរបស់គាត់ក្នុងការធ្វើជាមនុស្សស្មោះត្រង់។ ពេលគាត់និយាយអំពីរបៀបដែលគាត់ និងប្តីរបស់គាត់បានកុហក និងបោកប្រាស់គេដើម្បីលក់អីវ៉ាន់ ដោយមានអារម្មណ៍ដូចគ្នា ខ្ញុំក៏និយាយថា «មនុស្សក្នុងលោកនេះកាន់តែអាក្រក់ទៅៗហើយ។ មានតែរឿងអ្នកបោកខ្ញុំ ខ្ញុំបោកអ្នកប៉ុណ្ណោះ។ ដូចខ្ញុំអីចឹង បើខ្ញុំគ្រាន់តែធ្វើការសំណង់ដោយស្មោះត្រង់ ខ្ញុំច្បាស់ជារកលុយមិនបានទេ។ អ្នកត្រូវតែលេងល្បិច និងបោកប្រាស់ ទើបអាចរកលុយបានកាន់តែច្រើន»។ បន្ទាប់មក បងស្រីនោះក៏បាននិយាយថា «នេះសុទ្ធតែជាលទ្ធផលដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ។ វាធ្វើឱ្យយើងរស់នៅក្នុងអំពើបាប បាត់បង់ព្រំដែនជាមូលដ្ឋាននៃការប្រព្រឹត្តខ្លួន ហើយធ្វើឱ្យយើងស្ទើរតែលែងដឹងពីមនសិការរបស់ខ្លួនឯងទៅហើយ»។ ពេលនោះ ពួកយើងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «តើទិដ្ឋភាពណាខ្លះរបស់មនុស្ស ដែលសាតាំងធ្វើឱ្យពុករលួយដោយប្រើនិន្នាការនីមួយៗទាំងនេះ? សាតាំងធ្វើឱ្យពុករលួយជាចម្បងដល់មនសិការ វិចារណញ្ញាណ ភាពជាមនុស្ស សីលធម៌ និងទស្សនៈលើអត្ថិភាពរបស់មនុស្ស។ ហើយតើនិន្នាការសង្គមទាំងនេះ មិនធ្វើឱ្យមនុស្សធ្លាក់ចុះ និងធ្វើឱ្យពួកគេកាន់តែពុករលួយខ្លាំងឡើងៗបន្ដិចម្ដងៗទេឬ? សាតាំងប្រើនិន្នាការសង្គមទាំងនេះ ដើម្បីល្បួងមនុស្សមួយជំហានម្ដងៗឱ្យចូលទៅក្នុងរូងរបស់ពួកអារក្ស ដើម្បីឱ្យមនុស្សគោរពបូជាលុយកាក់ បំណងប្រាថ្នាខាងសម្ភារៈ សេចក្ដីអាក្រក់ និងអំពើហិង្សាដោយមិនដឹងខ្លួន នៅកណ្ដាលនិន្នាការសង្គម។ នៅពេលមនុស្សគោរពបូជាអ្វីៗដែលអវិជ្ជមានទាំងនេះ តើពួកគេក្លាយជាអ្វី? ពួកគេក្លាយជាពួកអារក្ស និងពួកសាតាំង! នេះគឺដោយសារតែដួងចិត្តរបស់មនុស្សត្រូវបានកាន់កាប់ដោយអ្វីដែលពួកគេគោរពបូជានោះ។ នៅពេលមនុស្សគោរពបូជាអ្វីៗដែលអវិជ្ជមាន ពួកគេចាប់ផ្ដើមស្រឡាញ់សេចក្ដីអាក្រក់ និងអំពើហិង្សា ហើយលែងចូលចិត្តភាពស្រស់ស្អាត សេចក្ដីល្អ និងភាពសុខសាន្តទៀតហើយ។ ពួកគេមិនសុខចិត្តរស់នៅក្នុងជីវិតសាមញ្ញក្នុងភាពជាមនុស្សធម្មតាឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រាថ្នាចង់សោយសុខនឹងឋានៈខ្ពង់ខ្ពស់ និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ចង់បានការសប្បាយខាងសាច់ឈាម ដោយខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីបំពេញចិត្តសាច់ឈាមរបស់ខ្លួន ដោយគ្មានការរឹតត្បិត ឬចំណងអ្វីឡើយ និយាយម្យ៉ាងទៀតគឺ ធ្វើអ្វីក៏ដោយដែលពួកគេប្រាថ្នាចង់ធ្វើ។ ... លែងមានមនោសញ្ចេតនា និងភាពស្មោះត្រង់ក្នុងចំណោមមនុស្សទៀតហើយ លែងមានក្ដីស្រឡាញ់រវាងសមាជិកគ្រួសារ លែងមានការយោគយល់គ្នាក្នុងចំណោមសាច់ញាតិ និងមិត្តភក្តិទៀតហើយ ទំនាក់ទំនងរបស់មនុស្សគឺពោរពេញទៅដោយអំពើហិង្សា។ មនុស្សម្នាក់ៗស្វែងរកការរស់នៅក្នុងចំណោមអ្នកដទៃដោយមធ្យោបាយ និងវិធីសាស្ត្រហិង្សា ដើម្បីធានាដល់ការរស់នៅរបស់ពួកគេដោយប្រើអំពើហិង្សា ដើម្បីដណ្ដើមយកឋានៈ និងទទួលបានផលចំណេញរបស់ពួកគេដោយប្រើអំពើហិង្សា ហើយប្រើវិធីហិង្សា និងទុច្ចរិត ដើម្បីធ្វើរឿងរ៉ាវណាមួយដែលពួកគេចង់ធ្វើ។ តើមនុស្សជាតិបែបនេះ មិនគួរឱ្យរន្ធត់ទេឬ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា សាតាំងប្រើប្រាស់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ និងលុយកាក់ដើម្បីល្បួងយើង ហើយធ្វើឱ្យយើងឱ្យតម្លៃលើលុយសំខាន់ជាងអ្វីៗទាំងអស់។ ដើម្បីបានលុយ និងទទួលបានការកោតសរសើរពីអ្នកដទៃ យើងធ្វើអ្វីៗដោយគ្មានគុណធម៌ និងបោកប្រាស់អ្នកដទៃទាំងបំពានមនសិការខ្លួនឯង។ យើងថែមទាំងមិនខ្វល់ពីមនោសញ្ចេតនាគ្រួសារ ឬមិត្តភាពឡើយ ហើយមនសិការ ព្រមទាំងវិចារណញ្ញាណទាំងអស់ក៏រលាយបាត់អស់ដែរ។ ខ្ញុំបានគិតដល់កាលដែលខ្ញុំទើបតែចាប់ផ្តើមរកស៊ីដំបូង ខ្ញុំនៅតែអាចរកលុយបានដោយស្មោះត្រង់ ប៉ុន្តែ ពេលខ្ញុំឃើញអ្នកដទៃបោកប្រាស់ ហើយអាចរកលុយបានយ៉ាងច្រើន រីករាយនឹងជីវភាពខាងសម្ភារៈដ៏ល្អ និងទទួលបានការកោតសរសើរ ខ្ញុំក៏ចាប់ផ្តើមបណ្តោយខ្លួនតាមគេ ហើយក្បត់មនសិការខ្លួនឯង ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីបោកប្រាស់អតិថិជនរបស់ខ្ញុំ។ ខ្ញុំមិនត្រឹមតែយកលុយទឹកតែប៉ុណ្ណោះទេ ថែមទាំងលួចបន្លំលើសម្ភារៈសំណង់ទៀតផង។ ទោះបីជាខ្ញុំរកលុយបានខ្លះក៏ដោយ ក៏លុយនោះសុទ្ធតែបានមកពីការបោកប្រាស់ និងការប្រើល្បិចទាំងអស់ ហើយខ្ញុំរស់នៅទាំងភ័យបារម្ភពេញមួយថ្ងៃៗ។ តាមពិតទៅ ទាំងអស់នេះគឺសុទ្ធតែជាផលវិបាកនៃការដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ហើយក៏បានយល់ថា តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ព្រះជាម្ចាស់មានសារជាតិនៃភាពស្មោះត្រង់ ដូច្នេះហើយ ព្រះបន្ទូលរបស់ទ្រង់តែងអាចជឿទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គ្មានកំហុសឆ្គង និងគ្មានមន្ទិលសង្ស័យឡើយ។ នេះហើយទើបព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សណាដែលស្មោះត្រង់នឹងទ្រង់ទាំងស្រុង។ ភាពស្មោះត្រង់ គឺមានន័យថា អ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ មិនមានភាពក្លែងក្លាយចំពោះព្រះជាម្ចាស់ក្នុងគ្រប់រឿងទាំងអស់ បើកចំហជាមួយទ្រង់ក្នុងគ្រប់រឿងទាំងអស់ មិនដែលលាក់បាំងការពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅលើអ្នក និងលាក់រឿងរ៉ាវពីអ្នកនៅខាងក្រោមអ្នក ហើយមិនធ្វើអ្វីៗគ្រាន់តែជាការប៉ុនប៉ងដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់បាន គឺត្រូវមានភាពបរិសុទ្ធនៅក្នុងសកម្មភាព និងពាក្យសម្ដីរបស់អ្នក ហើយមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ឬបោកបញ្ឆោតមនុស្សឡើយ» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា ព្រះជាម្ចាស់មានភាពស្មោះត្រង់ និងបរិសុទ្ធ។ ព្រះជាម្ចាស់មានព្រះបន្ទូលដោយភាពស្មោះត្រង់ទាំងស្រុង ហើយព្រះបន្ទូលរបស់ទ្រង់គឺបរិសុទ្ធ ហើយទ្រង់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់។ ព្រះជាម្ចាស់សង្ឃឹមថា យើងនឹងតែងតែនិយាយ និងធ្វើសកម្មភាពស្របតាមព្រះបន្ទូលរបស់ទ្រង់ មានភាពស្មោះត្រង់ និងត្រង់ទៅត្រង់មក ដោយមិនព្យាយាមបោកប្រាស់ព្រះជាម្ចាស់ ឬមនុស្សឡើយ។ មានតែធ្វើបែបនេះទេ ទើបយើងអាចសម្ដែងចេញនូវលក្ខណៈជាមនុស្ស និងទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់។ ដោយបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំដឹងថា ខ្ញុំត្រូវតែទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ នៅពេលធ្វើការងារសំណង់ ហើយត្រូវស្មោះត្រង់ជាមួយអតិថិជនទាំងអស់របស់ខ្ញុំ។ ខ្ញុំគិតអំពីរបៀបដែលខ្ញុំចេះតែកុហក និងបោកប្រាស់ពេញមួយថ្ងៃៗ ដើម្បីរកលុយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានប្រព្រឹត្តខ្លួនតាមរបៀបដែលក្បត់មនសិការរបស់ខ្ញុំ។ ទង្វើនេះបានធ្វើឱ្យព្រះជាម្ចាស់មានសេចក្តីខ្ពើមរអើម និងស្អប់ខ្ពើមយ៉ាងខ្លាំង។ ហេតុនេះហើយ ខ្ញុំក៏ចាប់ផ្តើមអនុវត្តធ្វើជាមនុស្សស្មោះត្រង់ ហើយឈប់កេងចំណេញលើអតិថិជន និងលួចបន្លំគុណភាពទៀតហើយ។ ការធ្វើការងារតាមរបៀបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនច្រើន ហើយខ្ញុំក៏មានអារម្មណ៍សុខសាន្ត និងស្ងប់ចិត្តជាងមុនបន្តិចដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មួយរយៈក្រោយមក ខ្ញុំបានដឹងថាខ្ញុំមិនអាចរកលុយបានច្រើនទេ ដោយការធ្វើគម្រោងតាមរបៀបនេះ។ ខ្ញុំគិតថា ទោះបីជាព្រះជាម្ចាស់តម្រូវឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ក៏ដោយ ក៏សព្វថ្ងៃនេះ មនុស្សនៅគ្រប់វិស័យទាំងអស់ អាចរកលុយបានតែតាមរយៈការលេងល្បិច និងការបោកប្រាស់ប៉ុណ្ណោះ ហើយខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរក្នុងចិត្តយ៉ាងខ្លាំង។ ខ្ញុំមិនដឹងថាត្រូវអនុវត្តរបៀបណាទេ។ ក្រោយពីរារែកចិត្តអស់មួយសន្ទុះធំ ខ្ញុំក៏ជ្រើសរើសយកផលប្រយោជន៍ផ្ទាល់ខ្លួនម្តងទៀត។ ខ្ញុំគិតក្នុងចិត្តថា «ការធ្វើជាមនុស្សស្មោះត្រង់ត្រូវចំណាយពេល។ ថ្ងៃក្រោយចាំអនុវត្តធ្វើជាមនុស្សស្មោះត្រង់ក៏មិនទាន់ហួសពេលដែរ»។ មានពេលមួយ ខ្ញុំបានយកសម្ភារៈគុណភាពអន់មកជំនួសសម្ភារៈល្អៗ ដោយប្រើប្រាស់សម្ភារៈធម្មតា និងសម្ភារៈក្លែងបន្លំធ្វើជាសម្ភារៈមានគុណភាពខ្ពស់ នៅពេលខ្ញុំកំពុងជួសជុលផ្ទះឱ្យអតិថិជនម្នាក់។ មិនយូរប៉ុន្មាន អតិថិជននោះបានធ្វេសប្រហែស ធ្វើឱ្យទឹកជ្រាបជោគពេញកន្លែងដែលបានជួសជុលរួចនោះ។ ជាលទ្ធផល បញ្ហាគុណភាពក៏បានលេចចេញមកយ៉ាងច្បាស់។ អតិថិជននោះបានសម្គាល់ឃើញថា សម្ភារៈដែលខ្ញុំបានប្រើមិនមានគុណភាពល្អទេ ដូច្នេះគាត់បានទាមទារយ៉ាងដាច់ខាត ដើម្បីកាត់លុយ ១០ ០០០ យ័នពីវិក្កយបត្រចុងក្រោយ។ ទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែមិនទាន់ភ្ញាក់រលឹកទៀត។ មួយរយៈក្រោយមក ម្ចាស់ហាងលក់សម្លៀកបំពាក់ម្នាក់បានពឹងខ្ញុំឱ្យជួសជុលតុបតែងផ្នែកខាងមុខហាងរបស់គាត់។ តាមបទពិសោធរបស់ខ្ញុំ ផ្នែកខាងមុខហាងនៃហាងលក់សម្លៀកបំពាក់ ជារឿងដែលតែងតែផ្លាស់ប្តូរញឹកញាប់ណាស់។ ខ្ញុំបានគិតក្នុងចិត្តថា «ទោះបីជាខ្ញុំមិនដាក់សម្ភារៈល្អៗឱ្យគាត់ ក៏គាត់មើលមិនដឹងដែរ ហើយខ្ញុំអាចរកលុយបានកាន់តែច្រើនពីរឿងនេះ។ ខ្ញុំក៏អាចប្រើប្រាស់គម្រោងនេះដើម្បីស្រង់ដើមលុយមួយម៉ឺនយ័នដែលខ្ញុំបានខាតបង់ពីមុនមកវិញបានផងដែរ»។ ហេតុនេះហើយ ខ្ញុំក៏បានប្រើសម្ភារៈធម្មតាៗសម្រាប់ហាងរបស់គាត់។ ក្នុងអំឡុងពេលធ្វើការ កម្មករម្នាក់បាននិយាយថា «ថៅកែ អ្នកពិតជាចេះរកស៊ីមែន។ ក្តារបន្ទះដែលអ្នកកំពុងប្រើនេះ មិនត្រឹមតែជាបន្ទះប្លាស្ទិកលាយអាលុយមីញ៉ូមប៉ុណ្ណោះទេ តែវាក៏ជាសម្ភារៈមានគុណភាពអន់ទៀតផង។ អ្នកច្បាស់ជារកបានច្រើនណាស់ពីគម្រោងមួយនេះ មែនទេ?» ខ្ញុំបាននិយាយទាំងខឹងថា «បើខ្ញុំមិនធ្វើបែបនេះទេ តើឯងនឹងសងការខាតបង់របស់ខ្ញុំកាលពីលើកមុនមែនទេ?» គម្រោងនោះត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ប៉ុន្តែ មុនពេលទូទាត់លុយ អតិថិជនបានតេមកប្រាប់ថា មានក្តារបន្ទះមួយផ្ទាំងបានធ្លាក់ចុះមក ហើយស្ទើរតែត្រូវមនុស្សឱ្យរបួសទៅហើយ។ ពេលខ្ញុំទៅដល់ទីនោះ ម្ចាស់ហាងលក់សម្លៀកបំពាក់បាននិយាយទាំងខឹងថា «អ្នកបានប្រើសម្ភារៈអន់ៗក្នុងការងាររបស់ខ្ញុំ។ ចុះឥឡូវ តើអ្នកគិតគូររឿងលុយកាក់យ៉ាងម៉េចដែរ?» ខ្ញុំគ្មានជម្រើសអ្វីក្រៅពីទទួលកំហុស ហើយសុំទោសនោះទេ «ខ្ញុំនឹងជួសជុលវាឱ្យអ្នកភ្លាម។ ខ្ញុំនឹងគិតតែថ្លៃសម្ភារៈទេ មិនគិតថ្លៃពលកម្មឡើយ»។ អតិថិជនក៏យល់ព្រម។ ក្រោយមក ខ្ញុំទប់ចិត្តមិនឆ្ងល់មិនបានថា «តើហេតុអ្វីបានជាមួយរយៈនេះ តែងតែមានរឿងមិនល្អកើតឡើងរហូតអីចឹង? ខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីស្រង់ដើមដែលខាតបង់មកវិញខ្លះ ប៉ុន្តែ ឥឡូវនេះការខាតបង់កាន់តែធំទៅៗហើយ។ សំណាងល្អ លើកនេះមិនមានអ្នកណាត្រូវរបួស បើមិនអីចឹងទេ ខ្ញុំច្បាស់ជាជួបរឿងធំមិនខាន»។ ក្នុងអំឡុងពេលនោះ ខ្ញុំចាប់ផ្តើមសញ្ជឹងគិតថា «ខ្ញុំដឹងច្បាស់ណាស់ថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សស្មោះត្រង់ ប៉ុន្តែ ពេលខ្ញុំធ្វើការជួសជុល ខ្ញុំនៅតែរឹងរូសបោកប្រាស់គេដដែល។ តើរឿងនេះបណ្តាលមកពីមូលហេតុអ្វី?»
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់ខ្ញុំក៏ភ្លឺស្វាងជាងមុនបន្តិច។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលមនុស្សឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិត វាគឺជាធម្មជាតិរបស់សាតាំងដែលគ្រប់គ្រង និងត្រួតត្រាពួកគេពីខាងក្នុងខ្លួន។ តើធម្មជាតិនោះមានអ្វីឱ្យជាក់លាក់នៅក្នុងនោះ? ឧទាហរណ៍ ហេតុអ្វីបានជាអ្នកអាត្មានិយម? ហេតុអ្វីបានជាអ្នកការពារឋានៈផ្ទាល់ខ្លួនរបស់អ្នក? ហេតុអ្វីបានជាអ្នកទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីអារម្មណ៍របស់អ្នក? ហេតុអ្វីបានជាអ្នកចូលចិត្តរឿងមិនសុចរិត និងរឿងអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានដែលធ្វើឱ្យអ្នកចូលចិត្តរឿងបែបនេះ? តើរឿងទាំងនេះមកពីណា? ហេតុអ្វីបានជាអ្នកចូលចិត្ត និងទទួលយករឿងទាំងនោះ? មកដល់ពេលនេះ អ្នករាល់គ្នាបានយល់ហើយថា៖ មូលហេតុចម្បងគឺដោយសារតែភាពពិសពុលរបស់សាតាំងស្ថិតនៅក្នុងខ្លួនមនុស្ស។ ដូច្នេះ តើភាពពិសពុលរបស់សាតាំងជាអ្វី? តើពួកវាអាចសម្ដែងចេញមកដោយរបៀបណា? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ 'តើមនុស្សគួររស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួររស់នៅដើម្បីអ្វី?' មនុស្សគ្រប់គ្នានឹងឆ្លើយថា៖ 'មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់'។ គ្រាន់តែឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហានេះ។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង បានក្លាយជាជីវិតរបស់មនុស្សទៅហើយ។ មិនថាមនុស្សដេញតាមអ្វីនោះទេ តាមពិតគឺពួកគេដេញតាមវាដើម្បីខ្លួនឯង ដូច្នេះហើយ មនុស្សសុទ្ធតែរស់នៅដើម្បីខ្លួនឯង។ 'មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់' នេះគឺជាទស្សនវិជ្ជាជីវិតរបស់មនុស្ស ហើយវាក៏តំណាងឱ្យធម្មជាតិរបស់មនុស្សផងដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចស្រេចទៅហើយ ហើយពាក្យទាំងនេះគឺជារូបភាពពិតប្រាកដនៃធម្មជាតិបែបសាតាំងរបស់មនុស្សជាតិពុករលួយ។ ធម្មជាតិបែបសាតាំងនេះ បានក្លាយជាគ្រឹះទាំងស្រុងសម្រាប់អត្ថិភាពរបស់មនុស្សជាតិពុករលួយ។ មនុស្សជាតិពុករលួយបានរស់នៅផ្អែកលើភាពពិសពុលរបស់សាតាំងនេះអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ មកទល់នឹងពេលបច្ចុប្បន្ននេះ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈការលាតត្រដាងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា សាតាំងប្រើប្រាស់ភាពពិសពុលរបស់សាតាំង ដូចជាពាក្យថា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» «លុយជាអាទិភាព» និង «គ្មានទ្រព្យសម្បត្តិណាដែលបានមកដោយគ្មានល្បិចកលនោះទេ» ដើម្បីល្បួង និងធ្វើឱ្យមនុស្សពុករលួយ។ នៅពេលមនុស្សរស់នៅដោយពឹងផ្អែកលើរឿងទាំងនេះ ពួកគេកាន់តែមានភាពអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ហើយយល់ថាផលប្រយោជន៍គឺជារឿងសំខាន់បំផុត។ ចាប់តាំងពីបណ្តាប្រទេស និងប្រជាជាតិ រហូតដល់ក្រុមគ្រួសារ និងបុគ្គលម្នាក់ៗ អ្នកណាក៏សុខចិត្តលេងល្បិច និងបោកប្រាស់ដែរ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេថែមទាំងសុខចិត្តបំផ្លាញផលប្រយោជន៍របស់អ្នកដទៃ ដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួនឯងទៀតផង។ មនសិការរបស់ពួកគេត្រូវរលាយបាត់ ហើយភាពជាមនុស្សរបស់ពួកគេក៏ត្រូវបាត់បង់។ កាលពីដំបូង ខ្ញុំនៅតែអាចធ្វើការជួសជុលដោយផ្អែកលើមនសិការរបស់ខ្ញុំ ហើយសុខចិត្តទ្រាំលំបាកបន្ថែមទៀត ដើម្បីធ្វើការងារឱ្យបានល្អសម្រាប់អតិថិជនរបស់ខ្ញុំ។ ទោះបីជាហត់បន្តិចមែន តែចិត្តរបស់ខ្ញុំមានសេចក្តីសុខសាន្ត និងស្ងប់។ ក្រោយមក ខ្ញុំបានឃើញអ្នកដែលធ្វើការងារក្នុងវិស័យដូចខ្ញុំ សុទ្ធតែជិះឡាន និងរកលុយបានជាងមួយសែនយ័នក្នុងមួយឆ្នាំ ខ្ញុំក៏ច្រណែនយ៉ាងខ្លាំង។ ដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ និងមានជីវភាពរស់នៅដ៏ល្អប្រសើរ ខ្ញុំបានបោកប្រាស់ និងយកលុយទឹកតែដោយផ្ទុយនឹងមនសិការរបស់ខ្លួន។ ខ្ញុំបានប្រើសម្ភារៈក្លែងបន្លំធ្វើជាសម្ភារៈមានគុណភាពខ្ពស់ ដើម្បីបន្លំយកផលិតផលអន់ៗធ្វើជាផលិតផលល្អៗ ហើយខ្ញុំមិនបានបញ្ឈប់ទង្វើនេះទេ សូម្បីតែបន្ទាប់ពីអតិថិជនរបស់ខ្ញុំបានដឹងក៏ដោយ។ ខ្ញុំសុខចិត្តធ្វើផ្ទុយពីមនសិការ ជាជាងបោះបង់ការដេញតាមលុយកាក់របស់ខ្ញុំ។ ខ្ញុំបានឃើញថា ខ្ញុំត្រូវបានលេបត្របាក់ទាំងស្រុងដោយជំនោរនៃអំពើអាក្រក់បាត់ទៅហើយ។ ខ្ញុំបានបោះបង់ព្រំដែនជាមូលដ្ឋាននៃការប្រព្រឹត្តខ្លួនរបស់ខ្ញុំ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន បានបោកប្រាស់អតិថិជនរបស់ខ្ញុំដោយគ្មានគុណធម៌ ហើយកាន់តែមានភាពអាត្មានិយម និងលោភលន់ទៅៗ ដោយបាត់បង់សេចក្ដីទៀងត្រង់ និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។ ប៉ុន្មានឆ្នាំនោះ ទោះបីជាខ្ញុំរកលុយបានខ្លះពីការបោកប្រាស់អ្នកដទៃក៏ដោយ ក៏ខ្ញុំរស់នៅគ្មានក្តីសុខទាល់តែសោះ។ នៅពេលនឹកឃើញថា ខ្ញុំកំពុងបោកប្រាស់គេ ខ្ញុំមានអារម្មណ៍រងទារុណកម្មផ្លូវចិត្ត ហើយខ្ញុំមិនហ៊ានប្រឈមមុខនឹងមិត្តភក្តិ និងអតិថិជនរបស់ខ្ញុំឡើយ។ ខ្ញុំចេះតែមិនស្ងប់ក្នុងចិត្ត ហើយមនសិការរបស់ខ្ញុំរងការស្តីបន្ទោសជានិច្ច។ សូម្បីតែពេលយប់ក៏ខ្ញុំមិនអាចគេងលក់បានស្កប់ស្កល់ដែរ ហើយជួនកាលខ្ញុំត្រូវភ្ញាក់ព្រើតដោយសារយល់សប្តិអាក្រក់។ បន្ទាប់ពីខ្ញុំបានចាប់ផ្តើមជឿលើព្រះជាម្ចាស់មក ខ្ញុំដឹងច្បាស់ណាស់ថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សស្មោះត្រង់ ហើយមានតែមនុស្សស្មោះត្រង់ទេ ទើបអាចទទួលបានការសង្គ្រោះ និងចូលទៅក្នុងនគរព្រះបាន។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានដឹកនាំដោយភាពលោភលន់ ហើយខ្ញុំបានបោកបញ្ឆោតដើម្បីតែផលប្រយោជន៍ ដោយរស់នៅក្នុងអំពើបាប និងមិនអាចដកខ្លួនចេញបានឡើយ។ បើគ្មានការលាតត្រដាងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ខ្ញុំច្បាស់ជាមិនយល់ពីភាពធ្ងន់ធ្ងរនៃការកុហក និងការបោកប្រាស់ឡើយ។ ខ្ញុំច្បាស់ជានឹងបន្តលិចលង់កាន់តែជ្រៅទៅៗនៅក្នុងជំនោរនៃអំពើអាក្រក់ ដោយរកលុយតាមរបៀបទុច្ចរិតទាំងបំពានមនសិការរបស់ខ្ញុំមិនខាន។ នៅទីបំផុត ខ្ញុំមានតែត្រូវសាតាំងលេបត្របាក់ទាំងស្រុង ហើយធ្លាក់ទៅនរកជាមួយវាដើម្បីទទួលទោសប៉ុណ្ណោះ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូងរបស់ខ្ញុំ សម្រាប់សេចក្តីសង្គ្រោះរបស់ទ្រង់ ហើយបានប្តេជ្ញាចិត្តដោយស្ងាត់ៗថា នឹងមិនបោកប្រាស់អតិថិជនរបស់ខ្ញុំទៀតទេ។ ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់ ធ្វើការដោយស្មោះត្រង់ ហើយក្លាយជាមនុស្សដែលមានសេចក្ដីទៀងត្រង់ និងសេចក្តីថ្លៃថ្នូរ។
មួយរយៈក្រោយមក សេចក្តីល្បួងក៏បានធ្លាក់មកលើខ្ញុំ។ តាមរយៈការណែនាំ ខ្ញុំទទួលបានគម្រោងមួយដែលមានតម្លៃ ៧០ ០០០ យ័ន។ អតិថិជននោះមានអាយុខ្ទង់ម្ភៃឆ្នាំ ហើយមិនដឹងអ្វីសោះអំពីការតុបតែង។ ខ្ញុំបានព្រមព្រៀងជាមួយអតិថិជនថា គាត់នឹងមិនចាំបាច់បង់ប្រាក់ម៉ៅដាច់តាមគម្រោងថវិកាឡើយ ប៉ុន្តែនឹងត្រូវគិតលុយទៅតាមបរិមាណសម្ភារៈដែលបានប្រើប្រាស់ជាក់ស្តែងក្នុងគម្រោងនោះវិញ។ ពេលយើងព្រមព្រៀងគ្នារួច យើងក៏ចាប់ផ្តើមធ្វើការ។ អតិថិជននោះកម្រនឹងមកការដ្ឋានណាស់ ហើយខ្ញុំក៏បានគិតក្នុងចិត្តថា «នេះគឺជាឱកាសដ៏ល្អមួយ។ បើខ្ញុំស៊ីបន្លំបន្តិចបន្តួច ខ្ញុំអាចសល់លុយរាប់ពាន់យ័នចូលហោប៉ៅខ្លួនឯងមិនខាន»។ ប៉ុន្តែ បន្ទាប់មកខ្ញុំបានគិតថា «ខ្ញុំត្រូវតែធ្វើជាមនុស្សស្មោះត្រង់ ហើយឈប់កុហក និងបោកប្រាស់ទៀត»។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំនៅតែមិនអាចលះបង់ឱកាសដ៏ល្អនេះដើម្បីរកលុយបានឡើយ។ «បើខ្ញុំអនុវត្តធ្វើជាមនុស្សស្មោះត្រង់ ខ្ញុំនឹងបាត់បង់លុយទទេៗដែលនៅនឹងមុខស្រាប់នេះមិនខាន។ ម្យ៉ាងវិញទៀត ឱកាសបែបនេះគឺកម្រមានណាស់។ បើខ្ញុំបណ្តោយឱ្យឱកាសនេះកន្លងផុតទៅ ខ្ញុំមិនដឹងថាពេលណាទើបមានឱកាសបែបនេះម្តងទៀតទេ»។ ចំពេលដែលខ្ញុំមិនដឹងថាត្រូវជ្រើសរើសមួយណា ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលបានកម្លាំងនៅក្នុងចិត្ត។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ការដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ បញ្ជាក់ថាទ្រង់ពិតជាស្អប់ខ្ពើមមនុស្សដែលបោកបញ្ឆោត និងមិនចូលចិត្តពួកគេឡើយ។ ការមិនចូលចិត្តរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលបោកបញ្ឆោត គឺជាការមិនចូលចិត្តរបៀបរបស់ពួកគេក្នុងការធ្វើរឿងផ្សេងៗ និស្ស័យរបស់ពួកគេ ព្រមទាំងចេតនា និងមធ្យោបាយនៃការបោកបញ្ឆោតរបស់ពួកគេផងដែរ។ ព្រះជាម្ចាស់មិនចូលចិត្តរឿងទាំងអស់នេះឡើយ។ ប្រសិនបើមនុស្សដែលបោកបញ្ឆោតអាចទទួលយកសេចក្ដីពិត ទទួលស្គាល់និស្ស័យដែលបោកបញ្ឆោតរបស់ពួកគេ ហើយសុខចិត្តទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងអនុវត្តសេចក្ដីពិតដើម្បីក្លាយជាមនុស្សស្មោះត្រង់ នោះពួកគេក៏មានសង្ឃឹមថានឹងត្រូវបានសង្គ្រោះដែរ ដ្បិតព្រះជាម្ចាស់មិនលម្អៀងចំពោះនរណាម្នាក់ឡើយ ហើយសេចក្ដីពិតក៏មិនលម្អៀងដែរ។ ដូច្នេះហើយ ប្រសិនបើយើងចង់ក្លាយជាមនុស្សដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាដំបូង យើងត្រូវតែផ្លាស់ប្ដូរគោលការណ៍នៃការប្រព្រឹត្តខ្លួនរបស់យើង ឈប់រស់នៅស្របតាមទស្សនវិជ្ជាបែបសាតាំង ឈប់ពឹងផ្អែកលើការកុហក និងការបោកបញ្ឆោត ដើម្បីរស់នៅក្នុងជីវិតរបស់យើង ហើយបោះចោលរាល់ការកុហករបស់យើង និងព្យាយាមធ្វើជាមនុស្សស្មោះត្រង់។ ពេលនោះ ទស្សនៈរបស់ព្រះជាម្ចាស់ចំពោះយើង នឹងផ្លាស់ប្ដូរ» («ការអនុវត្តដ៏មូលដ្ឋានបំផុតនៃការធ្វើជាបុគ្គលស្មោះត្រង់ម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតចំពោះមនុស្សដែលបោកបញ្ឆោត និងបោកប្រាស់គេ។ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ មានភាពស្មោះត្រង់ និងត្រង់ទៅត្រង់មកក្នុងគ្រប់រឿងដែលពួកគេនិយាយ និងធ្វើ ហើយមិនត្រូវបោកបញ្ឆោត ឬបោកប្រាស់អ្នកដទៃឡើយ។ ខ្ញុំត្រូវតែអនុវត្តធ្វើជាមនុស្សស្មោះត្រង់ ហើយត្រូវឈប់បោកបញ្ឆោត និងបោកប្រាស់អ្នកដទៃទៀត។ ហេតុនេះហើយ ខ្ញុំក៏បានគណនាសម្ភារៈដែលបានប្រើប្រាស់យ៉ាងយកចិត្តទុកដាក់។ ពេលគម្រោងជិតរួចរាល់ ខ្ញុំគណនាទៅឃើញថា វាអស់ត្រឹមតែ ៥៧ ០០០ យ័នប៉ុណ្ណោះ ហើយនៅសល់លុយជាង ១០ ០០០ យ័នទៀត។ ចំនួននេះគឺស្មើនឹងប្រាក់ខែមួយខែរបស់បុគ្គលិកពីរនាក់ទៅហើយ។ ខ្ញុំរិះគិតថា តើខ្ញុំគួរតែទុកលុយដែលនៅសល់នេះ ឬប្រាប់ការពិតទៅអតិថិជន ឬប្រហែលជាត្រូវបែងចែកវាជាពីរ ដោយម្នាក់យកពាក់កណ្តាលម្នាក់ ធ្វើបែបនេះក៏សមហេតុផលដែរ ព្រោះសម្ភារៈដែលខ្ញុំទិញមានតម្លៃថោក ហើយគ្មានការខ្ជះខ្ជាយអ្វីទេនៅក្នុងគម្រោងនេះ ហើយខ្ញុំថែមទាំងបានជួយគាត់សន្សំលុយទៀតផង។ ប៉ុន្តែ នៅពេលដែលខ្ញុំរៀបនឹងសរសេរវិក្កយបត្រ ចិត្តរបស់ខ្ញុំមានអារម្មណ៍មិនស្ងប់ឡើយ។ ខ្ញុំបានដឹងខ្លួនថា ខ្ញុំកំពុងតែប៉ុនប៉ងបោកប្រាស់គេម្តងទៀតហើយ ហើយខ្ញុំក៏នឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់គង់នៅក្បែរអ្នក ដោយអង្កេតគ្រប់ទាំងពាក្យសម្ដី និងទង្វើរបស់អ្នក ហើយទតមើលអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ និងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងគំនិតរបស់អ្នក។ នេះហើយជាកិច្ចការរបស់ព្រះជាម្ចាស់» («របៀបស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកិច្ចការរបស់ទ្រង់នឹងសម្រេចបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ហាក់ដូចជាព្រះជាម្ចាស់កំពុងឈរក្បែរខ្ញុំ ហើយសម្លឹងមើលខ្ញុំអីចឹង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានរំឭកខ្ញុំម្តងទៀត ឱ្យធ្វើជាមនុស្សស្មោះត្រង់ ហើយមិនត្រូវកុហក ឬបោកប្រាស់ដើម្បីលុយឡើយ។ ហេតុនេះហើយ ខ្ញុំក៏ប្រញាប់គិតលុយអតិថិជនតាមចំនួនជាក់ស្តែងតែម្តង។ អតិថិជននោះបាននិយាយដោយក្តីដឹងគុណថា «អរគុណច្រើនណាស់សម្រាប់រឿងនេះ! អ្នកបានជួយសន្សំលុយឱ្យខ្ញុំ។ លើកនេះខ្ញុំពឹងមនុស្សដែលត្រឹមត្រូវហើយ។ បើខ្ញុំជួលមនុស្សមិនស្មោះត្រង់វិញ ខ្ញុំច្បាស់ជាត្រូវចំណាយលុយច្រើនជាងនេះមិនខាន»។ ពេលឮគាត់និយាយបែបនេះ ចិត្តរបស់ខ្ញុំពិតជាមានក្តីសុខ និងស្ងប់យ៉ាងខ្លាំង។
ក្រោយមក ពេលខ្លះនៅពេលដែលគម្រោងសំណង់ទាក់ទងនឹងផលចំណេញច្រើន ខ្ញុំនៅតែមានគំនិតចង់បោកបញ្ឆោត និងបោកប្រាស់ ប៉ុន្តែ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអនុវត្តធ្វើជាមនុស្សស្មោះត្រង់។ តាមរយៈការអនុវត្តបែបនេះ ចិត្តរបស់ខ្ញុំមានអារម្មណ៍ស្ងប់យ៉ាងខ្លាំង ហើយខ្ញុំទទួលបានគម្រោងច្រើនជាងមុនទៅទៀត។ ៨០% នៃគម្រោងទាំងនេះ គឺជាលទ្ធផលនៃការណែនាំបន្តគ្នាពីអតិថិជនផ្សេងទៀត។ អតិថិជនរបស់យើងតែងតែកោតសរសើរយើងថាជាមនុស្សស្មោះត្រង់ ដោយធ្វើការងារបានល្អ និងប្រើប្រាស់សម្ភារៈល្អៗ។ ពួកគេមិនចាំបាច់តាមដានយើងជាប់រហូតពេលយើងធ្វើការទេ ហើយពួកគេមានទំនុកចិត្តយ៉ាងខ្លាំងលើការងារដែលយើងធ្វើ។ ការដែលខ្ញុំអាចសម្រេចបាននូវការផ្លាស់ប្តូរនេះ គឺដោយសារតែការអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលបានលាតព្រះហស្តនៃសេចក្តីសង្គ្រោះរបស់ទ្រង់មកកាន់ខ្ញុំ និងសង្គ្រោះខ្ញុំចេញពីភក់ជ្រាំនៃអំពើបាប។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូងរបស់ខ្ញុំ!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ពេលបងកំពុងបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រីម្នាក់ទៀត បើបងសង្កេតឃើញកំហុសឆ្គងមួយ ឬឃើញថា ពួកគេបានធ្វើអ្វីមួយមិនស្របតាមសេចក្តីពិត...
ខ្ញុំធ្លាប់អានរឿងប្រលោមលោកដោយអ្នកនិពន្ធជនជាតិជប៉ុន ដែលនិយាយអំពីអ្នកលក់ម្នាក់ដែលបានលក់សេរ៉ូមបណ្ដុះសក់ ថ្នាំលាបសក់ ប្រេងលាបសក់...
ដោយ ហ្វីលីក្ស ប្រទេសកូរ៉េខាងត្បូង នៅក្នុងការប្រជុំមួយ...
ខ្ញុំតែងតែបំពេញភារកិច្ចកាត់តវីដេអូនៅក្នុងពួកជំនុំ។ នៅខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីការថតភាពយន្តរួច...