ព្រះពរបានមកពីជំងឺ

11-11-2021

ក្នុង ឆ្នាំ ២០១៤ បក្សកុម្មុយនីស្តបានចាប់ផ្តើមមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា តាមរយៈសំណុំរឿងរបស់ ចាវយាន កាលពីថ្ងៃ ទី ២៨ ខែ ឧសភា និងចាប់ខ្លួនបងប្អូនប្រុសស្រីទាំងអស់។ អ្នកដឹកនាំក្រុមជំនុំភាគច្រើននៅក្នុងតំបន់របស់យើងត្រូវបានចាប់ខ្លួន ហើយបងប្អូនប្រុសស្រីមួយចំនួនដែលទើបតែមានសេចក្តីជំនឿ បានរស់នៅក្នុងភាពភ័យខ្លាច និងធ្លាក់ទឹកចិត្ត។ វាគឺជាពេលដ៏សំខាន់បំផុតមួយដែលខ្ញុំទទួលរ៉ាប់រងលើកិច្ចការរបស់ពួកជំនុំជាច្រើន។ ខ្ញុំបានគិតក្នុងចិត្តថា «ការកាន់តំណែងក្នុងពេលមានវិបត្តិគឺជាការទទួលខុសត្រូវដ៏ធំមួយ ហើយខ្ញុំមិនអាចធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យឡើយ»។ ដូច្នេះខ្ញុំបានដាក់ចិត្តដាក់កាយបំពេញភារកិច្ចរបស់ខ្ញុំ ដោយប្រឈមគ្រោះថ្នាក់ដែលខ្ញុំអាចត្រូវចាប់ខ្លួនគ្រប់ពេល។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់នឹងពេញព្រះហឫទ័យចំពោះខ្ញុំនៅក្នុងការការពារកិច្ចការរបស់ពួកជំនុំក្នុងគ្រាគ្រោះថ្នាក់បែបនេះ ហើយថាខ្ញុំពិតជាសមនឹងទទួលបានការសង្គ្រោះពីព្រះជាម្ចាស់ និងបានចូលទៅក្នុងនគររបស់ទ្រង់មែន។ ស្រាប់តែមិននឹកស្មានថា ខ្ញុំបានធ្លាក់ខ្លួនឈឺធ្ងន់សោះ។

ល្ងាចមួយនៅខែ តុលា ឆ្នាំ ២០១៤ ស្រាប់តែខ្ញុំធ្លាក់ចានទៅនៅលើឥដ្ឋ ពេលខ្ញុំកំពុងញ៉ាំបាយពេលល្ងាច។ ខ្ញុំបានគិតថា ខ្ញុំគ្រាន់តែធ្លាក់វាដោយសារការធ្វេសប្រហែសប៉ុណ្ណោះ ដូច្នេះខ្ញុំក៏ប្រញាប់រើសវា និងបានព្យាយាមយកក្រដាសជូតដៃមកជូតដៃរបស់ខ្ញុំ ពេលនោះខ្ញុំដឹងថាខ្ញុំលែងគ្រប់គ្រងដៃខ្លួនឯងបាន ហើយថាខ្ញុំមិនអាចយកក្រដាសជូតមាត់បានទេ។ មិនយូរប៉ុន្មាន ខ្ញុំលែងដឹងដៃ និងជើងរបស់ខ្ញុំទាំងស្រុង ហើយខ្ញុំក៏បានអង្គុយលើកៅអីនៅទីនេះ ដោយមិនអាចកម្រើកបានទាំងអស់។ គ្រួសារខ្ញុំបានវាស់សម្ពាធឈាមរបស់ខ្ញុំ ដែលឡើងលើសពី ២០០។ ខ្ញុំបានលេបថ្នាំមួយចំនួនដើម្បីបញ្ចុះសម្ពាធឈាម ប៉ុន្ដែថ្នាំនោះគ្មានប្រយោជន៍អ្វីសោះ។ ខ្ញុំប្របូកច្របល់ក្នុងចិត្តជាខ្លាំង ហើយនឹកឆ្ងល់ថាហេតុដូចម្តេចបានជារឿងនោះកើតឡើង។ តើរឿងនេះអាចធ្ងន់ធ្ងរឬទេ? ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា ខ្ញុំបានដាក់ចិត្តដាក់កាយជាខ្លាំងនៅក្នុងភារកិច្ចរបស់ខ្ញុំ ទៅលើសេចក្តីជំនឿអស់ជាច្រើនឆ្នាំកន្លងមកហើយ ដូច្នេះខ្ញុំបានដឹងច្បាស់ថាខ្ញុំអាចទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ ហើយថាវាមិនអាចមានអ្វីធ្ងន់ធ្ងរកើតឡើងទេ។ ទោះបីខ្ញុំឈឺក៏ដោយ ក៏ខ្ញុំគិតថាព្រះជាម្ចាស់នឹងជាការពារ ហើយព្យាបាលខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តជាងមុន បន្ទាប់ពីរឿងនោះបានកើតឡើងមកលើខ្ញុំ។ នៅពេលខ្ញុំភ្ញាក់ឡើងនៅព្រឹកបន្ទាប់ ខ្ញុំចាប់ផ្តើមព្យាយាមកម្រើកដៃជើងតិចៗ និងបានដឹងថា គ្រប់យ៉ាងមានអារម្មណ៍ដឹងជាធម្មតានៅផ្នែកខាងស្តាំនៃរាងកាយខ្ញុំ ប៉ុន្តែថាដៃជើងផ្នែកខាងឆ្វេងរបស់ខ្ញុំបានស្ពឹក ហើយខ្ញុំស្ទើរតែមិនដឹងដៃជើងទាល់តែសោះ។ រំពេចនោះ ខ្ញុំតានតឹងក្នុងចិត្តជាខ្លាំង ដោយគិតថា៖ «ហេតុអ្វីបានជាខ្ញុំមិនជាសះស្បើយដូចដើម? តើខ្ញុំនឹងស្លាប់មួយចំហៀងខ្លួនឬ? បើដូច្នោះមែន គ្មានផ្លូវអាចបំពេញភារកិច្ចភារកិច្ចរបស់ខ្ញុំបានទៀតទេ។ តើខ្ញុំនឹងអាចក្លាយជាមនុស្សគ្មានប្រយោជន៍ ហើយនឹងត្រូវបានលុបចោលឬទេ? តើខ្ញុំនឹងនៅតែអាចមានឱកាសទទួលបានសេចក្ដីសង្គ្រោះទេ?» ប៉ុន្តែក្រោយមក ខ្ញុំបានគិតថាអ្វីដែលបានកើតឡើងគឺធ្ងន់ធ្ងរខ្លាំងណាស់ ហើយថាការជាសះស្បើយបានពាក់កណ្តាលក្នុងរយៈពេលមួយយប់នេះ ប្រាកដជាព្រះពរដែលបានមកអំពីព្រះជាម្ចាស់ហើយ។ ប្រសិនបើព្រះជាម្ចាស់បានប្រោសឱ្យខ្ញុំជាសះស្បើយ នោះការជាសះស្បើយរបស់ខ្ញុំ គួរតែជារឿងធម្មតា ពិតមែនទេ? ខ្ញុំមានអារម្មណ៍ដូចជា ខ្ញុំទទួលបានការការពារពីព្រះជាម្ចាស់ ហើយថាខ្ញុំមិនចាំបាច់ព្រួយបារម្ភច្រើនទេ។

ខ្ញុំបានទៅជួបគ្រូពេទ្យនៅព្រឹកនោះ ហើយបន្ទាប់ពីការស្គែន CT រួច គ្រូពេទ្យបាននិយាយទាំងទឹកមុខស្រពោនថា៖ «អ្នកស្រីមានការហូរឈាមក្នុងខួរក្បាលផ្នែកខាងស្តាំ មានឈាមទំហំប្រហែល ១០ មល។ បើសិនជាកន្លែងហូរឈាមស្ថិតនៅខាងលើនេះតែបន្តិច នោះគឺអាចប៉ះចំប្លុកសម្រាប់ការនិយាយស្តីតែម្ដង។ អ្នកស្រីនឹងមិនអាចនិយាយ ហើយប្រហែលជាក្លាយជាមនុស្សរុក្ខជាតិផង។ បើតាមហេតុការណ៍ដែលបានកើតឡើងកាលពីយប់មិញ អ្នកស្រីពិតជាមានសំណាងខ្លាំងណាស់ដែលអ្នកស្រីបានគេចផុតដល់ដំណាក់កាលនេះ។ អ្នកស្រីត្រូវការការព្យាបាលជាបន្ទាន់»។ គាត់បន្តនិយាយថា ពួកគេនឹងចាប់ផ្តើមព្យាបាលដោយការព្យួរសេវ៉ូម និងនីតិវិធីព្យាបាលដោយប្រុងប្រយ័ត្នបំផុត ហើយថាប្រសិនបើកំណកឈាមក្នុងខួរក្បាលខ្ញុំមិនរលាយទេ ពួកគេត្រូវធ្វើការវះកាត់ខួរក្បាល។ ខ្ញុំរកគិតអ្វីមិនចេញទេ នៅពេលនិយាយដល់ការហូរឈាមខួរក្បាល។ ខ្ញុំមិននឹងស្មានថាជារឿងធ្ងន់ធ្ងរបែបនោះទេ។ «ខ្ញុំមិនទាន់មានអាយុ ៥០ ឆ្នាំផង» ខ្ញុំបានគិតក្នុងចិត្តថា «ប្រសិនបើការព្យាបាលមិនទទួលបានជោគជ័យទេ ហើយខ្ញុំនៅតែស្លាប់មួយចំហៀងខ្លួន ឬក្លាយជាខ្មោចឆៅដែលស្លាប់ដៃស្លាប់ជើងនោះ តើជីវិតនឹងមានសភាពគួរឱ្យខ្លាចផ្សារយ៉ាងណា? ការវះកាត់ខួរក្បាលពិតជាមានគ្រោះថ្នាក់ណាស់ ថែមទាំងអាចធ្វើឱ្យខ្ញុំបាត់បង់ជីវិតទៀតផង។ អ៊ីចឹង តើខ្ញុំអាចនៅតែទទួលបានការសង្រ្គោះ និងចូលទៅកាន់នគររបស់ព្រះជាម្ចាស់បានដែរទេ? ខ្ញុំបានលះបង់ពេលវេលាជាច្រើនឆ្នាំទៅលើសេចក្តីជំនឿរបស់ខ្ញុំ ដូច្នេះតើហេតុអ្វីបានជាខ្ញុំមានបញ្ហាសុខភាពធ្ងន់ធ្ងរបែបនេះទេ? តើហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារខ្ញុំ?» ខ្ញុំកាន់តែពិបាកចិត្ត ខ្ញុំគិតកាន់តែច្រើនអំពីរឿងនេះ ហើយថែមទាំងញ៉ាំបាយថ្ងៃត្រង់មិនចូលទៀត។ ប្រហែលជានៅថ្ងៃទីប្រាំដែលខ្ញុំសម្រាកនៅមន្ទីរពេទ្យ ស្ត្រីចំណាស់ម្នាក់នៅគ្រែក្បែរខ្ញុំ ស្រាប់តែមានសភាពធ្ងន់ធ្ងរជាងមុនហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។ ឃើញបែបនេះ ធ្វើឱ្យខ្ញុំតក់ស្លុតម្តងទៀត ហើយខ្ញុំបានគិតថា «យើងទាំងពីរបានចូលសម្រាកពេទ្យនៅថ្ងៃតែមួយ ហើយគាត់បានដើរចុះឡើង ប៉ុន្តែឥឡូវនេះពួកគេកំពុងរុញគាត់ចេញក្រៅ។ វាហាក់ដូចជាអ្នកមិនអាចប្រាប់បានទេថាតើនរណាម្នាក់អាចរស់រានមានជីវិតក្នុងសភាពបែបនេះបានឬអត់។ តើខ្ញុំក៏នឹងប្រែទៅជាមានសភាពកាន់តែធ្ងន់ធ្ងរភ្លាមៗបែបនេះដែរទេ?»

សូម្បីតែក្រោយការសម្រាកក្នុងមន្ទីរពេទ្យអស់រយៈពេលជិតមួយសប្តាហ៍ហើយក្តី ក៏ខ្ញុំនៅតែគ្មានអារម្មណ៍ដឹងជើងខាងឆ្វេងរបស់ខ្ញុំដែរ។ ខ្ញុំបានគិតថា៖ «ហេតុអ្វីជាព្រះជាម្ចាស់មិនទតមើលទូលបង្គំទូលបង្គំផង? ទូលបង្គំមិនអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងគ្រាដ៏លំបាកបែបនេះបានទេ តើទូលបង្គំបានបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះហើយមែនទេ?» ការគិតបែបនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍តក់ស្លុតក្នុងចិត្ត ហើយខ្ញុំក៏ចាប់ផ្តើមយំ និងមិនអាចឈប់បាន។ ខ្ញុំបានខំប្រឹងធ្វើការងារយ៉ាងលំបាកនៅក្នុងសេចក្តីជំនឿអស់រយៈពេលប្រាំបួនឆ្នាំមកហើយ មិនដែលឱ្យអ្វីមករារាំងខ្ញុំបានឡើយ។ ខ្ញុំមិនដែលរារែកខ្លាចការលំបាក ឬបញ្ហាណាមួយដែលកើតមាននៅក្នុងពួកជំនុំឡើយ ហើយខ្ញុំមិនរួញរាឡើយ ទោះបីជាខ្ញុំប្រឈមខ្លាំងនឹងគ្រោះថ្នាក់នៃការចាប់ខ្លួនក៏ដោយ។ ខ្ញុំតែងបន្តបំពេញភារកិច្ចរបស់ខ្ញុំជានិច្ច។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមខ្ញុំជាអ្នកដឹកនាំម្នាក់ ខ្ញុំបានរងទុក្ខ និងបានគិតគូរច្រើនទៅលើភារកិច្ចរបស់ខ្លួន ជាងបងប្អូនប្រុសស្រីដទៃទៀត។ ខ្ញុំបានគិតថា តាមរយៈការលះបង់ច្រើន និងដោយមានការលះបង់បែបនេះ ព្រះជាម្ចាស់គួរតែប្រទានពរដល់ខ្ញុំ។ ហេតុដូចម្តេចបានជាខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗបែបនេះទៅវិញ? តើហេតុដូចម្ដេចបានជាព្រះជាម្ចាស់មិនបានការពារខ្ញុំ? បើខ្ញុំមិនធូរស្បើយ ហើយខ្ញុំមិនអាចបំពេញភារកិច្ចបាន តើខ្ញុំនៅតែអាចត្រូវបានសង្រ្គោះដែរទេ? បើមិនបានទេ តើការលះបង់ និងការខិតខំធ្វើការប៉ុន្មានឆ្នាំកន្លងមកនេះ មិនអសារឥតការទេឬអី? ខ្ញុំមានអារម្មណ៍ថា បើសិនខ្ញុំដឹងថារឿងនេះកើតឡើង ខ្ញុំប្រហែលជាមិនបាច់ចាំលះបង់ច្រើនដល់ម្ល៉ឹងទេ។ ខ្ញុំក៏មានអារម្មណ៍វេទនាកាន់តែខ្លាំង នៅពេលដែលខ្ញុំបានគិតអំពីរឿងរនេះកាន់តែច្រើន។ ខ្ញុំមិនចង់អធិស្ឋាន ឬសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតដែរ។ ខ្ញុំពិតជាមានអារម្មណ៍រំខានចិត្ត ហើយខ្ញុំក៏យកដៃបញ្ចូលសេរ៉ូមនោះទៅដាក់ក្រោមក្បាលខ្ញុំ ទាំងមិនដឹងខ្លួន ធ្វើឱ្យម្ជុលរបូត ដែលធ្វើឱ្យដៃខ្ញុំហើម។ ពេលឃើញដៃខ្ញុំហើម ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំបានគិតអំពីបងប្អូនប្រុសស្រីដែលកំពុងបញ្ចេញកម្លាំង ផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់ពួកគេ ចំណែករូបខ្ញុំវិញ បានត្រឹមដេកនៅក្នុងមន្ទីរពេទ្យ មិនអាចបំពេញភារកិច្ចអ្វីបានទាំងអស់។ តើខ្ញុំពិតជាគ្មានបានការអីមែនទេ? «ពេលនេះគឺជាពេលដែលត្រូវផ្សាយដំណឹងល្អអំពីនគរព្រះ។ អ្នកផ្សេងទៀតអាចបំពេញភារកិច្ចរបស់ពួកគេ និងធ្វើអំពើល្អ ចំណែកខ្ញុំវិញ ប្រហែលជាត្រូវបានលុបចោលហើយ។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់មិនសង្គ្រោះខ្ញុំទេ។ យប់នោះ ខ្ញុំបានប្រែខ្លួនចុះឡើងនៅលើគ្រែ ហើយគេងមិនលក់សោះ។ លង់ក្នុងភាពកណ្តោចកណ្តែងរបស់ខ្លួនឯង ខ្ញុំបានមកចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ទាំងទឹកភ្នែក និងបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំពិតជារងទុក្ខលំបាកខ្លាំងណាស់នៅពេលនេះ។ ទូលបង្គំដឹងថា ព្រះអង្គបានបណ្តោយឱ្យរឿងនេះកើតមកលើទូលបង្គំទូលបង្គំ ហើយទូលបង្គំមិនគួរយល់ខុសចំពោះព្រះអង្គឡើយ។ សូមព្រះអង្គជួយណែនាំដល់ទូលបង្គំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ផង ដើម្បីឲ្យទូលបង្គំអាចចុះចូលក្រោមការគ្រប់គ្រង និងការរៀបចំរបស់ទ្រង់ផង»។

ពេលខ្ញុំនៅមន្ទីរពេទ្យ បងស្រីម្នាក់បានផ្ញើម៉ាស៊ីនចាក់ MP5 មកឱ្យខ្ញុំ ហើយនៅពេលដែលគ្រប់គ្នាកំពុងគេងលង់លក់ ខ្ញុំក៏បានដាក់កាសត្រចៀក ហើយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អត្ថបទព្រះបន្ទូលពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលខ្ញុំគិតរឿងនេះសាចុះឡើង ខ្ញុំបានដឹងថា កាលដែលព្រះជាម្ចាស់សាកល្បង និងបន្សុទ្ធមនុស្ស គឺមិនមែនដើម្បីលុបបំបាត់ពួកគេទេ ប៉ុន្តែគឺដើម្បីបន្សុទ្ធ និងបំផ្លាស់បំប្រែពួកគេ។ ប៉ុន្តែខ្ញុំមិនបានស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមយល់ពីកិច្ចការរបស់ទ្រង់ឡើយ។ តាំងពីមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលមក ខ្ញុំបានត្រឹមយល់ច្រឡំ និងស្ដីបន្ទោសព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំពិតជាល្ងង់ខ្លៅណាស់! ដូច្នេះ ខ្ញុំក៏ពោលពាក្យអធិស្ឋានទៅព្រះជាម្ចាស់។ ខ្ញុំសុខចិត្តចុះចូល អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយរៀនសូត្រពីការណ៍នេះ។

ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ «រឿងដ៏សោកសៅបំផុតអំពីជំនឿរបស់មនុស្សជាតិ លើព្រះជាម្ចាស់គឺ មនុស្សអនុវត្តការគ្រប់គ្រងផ្ទាល់ខ្លួនរបស់គេនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ភាពបរាជ័យដ៏ធំបំផុតរបស់មនុស្ស ស្ថិតនៅក្នុងរបៀបដែលមនុស្សកំពុងបង្កើតគោលដៅជីវិតដ៏ល្អជារបស់ខ្លួនឯង ហើយរៀបគម្រោងធ្វើយ៉ាងណាដើម្បីទទួលបាននូវព្រះពរដ៏ធំបំផុត និងគោលដៅជីវិតដ៏ល្អបំផុត ខណៈដែលគេកំពុងព្យាយាមចុះចូលចំពោះព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ ក្នុងពេលជាមួយគ្នា។ ប្រសិនបើមនុស្សយល់ដឹងថា ពួកគេគួរឲ្យអាណិត គួរឲ្យស្អប់ និងគួរឲ្យអាសូរកម្រិតណា តើមនុស្សប៉ុន្មាននាក់អាចបោះបង់គំនិត និងសេចក្ដីសង្ឃឹមរបស់គេភ្លាមៗបាន? តើនរណាខ្លះអាចផ្អាកដំណើរជីវិតរបស់ខ្លួនឯង ហើយបញ្ឈប់គំនិតអាត្មានិយមដែលគិតតែពីខ្លួនឯងបាន? ព្រះជាម្ចាស់ត្រូវការមនុស្សណាដែលសហការយ៉ាងជិតស្និទ្ធជាមួយទ្រង់ ដើម្បីសម្រេចការគ្រប់គ្រងរបស់ព្រះអង្គ។ ព្រះជាម្ចាស់ត្រូវការអស់អ្នកដែលចុះចូលចំពោះទ្រង់ ដោយលះបង់គំនិត និងរូបកាយ ដើម្បីកិច្ចការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់មិនត្រូវការមនុស្សណាដែលលាដៃសុំពីទ្រង់រាល់ថ្ងៃឡើយ ក៏រឹតតែមិនត្រូវការមនុស្សណាដែលលះបង់តែបន្តិចបន្តួច រួចហើយទន្ទឹងរង់ចាំទទួលរង្វាន់ធំនោះដែរ។ ព្រះជាម្ចាស់ស្អប់អស់អ្នកដែលធ្វើទានបន្តិចបន្តួច ហើយស្កប់ចិត្តនឹងស្នាដៃរបស់ខ្លួន ទាំងមិនធ្វើអ្វីសោះ។ ទ្រង់ស្អប់មនុស្សឈាមត្រជាក់ដែលពេញចិត្តនឹងកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយចង់និយាយតែអំពីរឿងទៅស្ថានសួគ៌ និងការទទួលព្រះពរ។ ទ្រង់ក៏រឹតតែស្អប់អស់អ្នកដែលកេងចំណេញពីឱកាសដែលផ្ដល់ដោយកិច្ចការដែលទ្រង់ធ្វើក្នុងការសង្គ្រោះមនុស្សជាតិ។ នោះគឺមកពីមនុស្សទាំងអស់នេះ មិនដែលខ្វល់ខ្វាយនឹងលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេច និងយកឲ្យបានតាមរយៈកិច្ចការគ្រប់គ្រងរបស់ទ្រង់ទេ។ ពួកគេខ្វល់តែរឿងធ្វើយ៉ាងណាឲ្យពួកគេអាចប្រើឱកាស ដែលត្រូវបានផ្ដល់ឲ្យដោយកិច្ចការរបស់ព្រះជាម្ចាស់ មកទទួលយកព្រះពរតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយរវល់អំពល់គិតអំពីអនាគត និងជោគវាសនាផ្ទាល់របស់ពួកគេ។ មនុស្សដែលអាក់អន់ចិត្ដនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្មានចំណាប់អារម្មណ៍ចំពោះរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ និងចំពោះបំណងព្រះហឫទ័យទ្រង់ សូម្បីតែបន្តិច គឺគេកំពុងតែផ្គាប់ចិត្តខ្លួនឯងតាមរបៀបមួយ ដែលដាច់ចេញពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិននឹកចាំ និងមិនទទួលកិរិយារបស់ពួកគេឡើយ ហើយក៏រឹតតែមិនទតមកពួកគេដោយពេញព្រះហឫទ័យដែរ» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបើកសម្ដែងយ៉ាងច្បាស់ពីសភាពដែលខ្ញុំជួបប្រទះ។ នៅពេលខ្ញុំក្លាយជាអ្នកជឿដំបូង ខ្ញុំបានមើលឃើញពីសេចក្តីសន្យាដែលព្រះជាម្ចាស់មានចំពោះមនុស្ស ហើយខ្ញុំបានគិតថា ដរាបណាយើងខិតខំធ្វើការ និងលះបង់ដើម្បីព្រះជាម្ចាស់ ព្រមទាំងដេញតាមសេចក្ដីពិត ដរាបនោះយើងអាចទទួលបានការសង្រ្គោះ និងចូលទៅកាន់នគររបស់ព្រះជាម្ចាស់។ ដូច្នេះខ្ញុំបានដាក់ចិត្តក្នុងភារកិច្ចរបស់ខ្ញុំតាមរយៈរាល់ស្ថានភាពលំបាកនានាដែលបានចូលមកផ្លូវរបស់ខ្ញុំ។ នៅពេលបងប្អូនប្រុសស្រីផ្សេងទៀតជួបការលំបាក ខ្ញុំប្រញាប់ប្រញាល់ជ្រោមជ្រែង និងជួយពួកគេ។ ខ្ញុំថែមទាំងបន្តបំពេញភារកិច្ចរបស់ខ្ញុំក្នុងគ្រាដែលខ្ញុំកំពុងប្រឈមនឹងគ្រោះថ្នាក់នៃការចាប់ខ្លួនថែមទៀតផង។ ខ្ញុំគិតថាការលះបង់បែបនេះ ពិតជាធ្វើឱ្យខ្ញុំទទួលបានការការពារ និងព្រះពរពីព្រះជាម្ចាស់មិនខាន និងគិតថាខ្ញុំនឹងមានកន្លែងមួយនៅក្នុងនគរស្ថានសួគ៌។ នៅពេលខ្ញុំធ្លាក់ខ្លួនឈឺ ហើយនៅពេលខ្ញុំកំពុងប្រឈមនឹងការស្លាប់មួយចំហៀងខ្លួនបែបនេះ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់មិនបានការពារ ឬប្រទានពរដល់ខ្ញុំទេ ហើយថាខ្ញុំនឹងបាត់បង់ឱកាសទទួលបានអនាគត និងវាសនាល្អ។ ខ្ញុំបានត្អូញត្អែរយ៉ាងខ្លាំង ខ្ញុំបានយល់ច្រលំ និងបានឈ្លោះជាមួយព្រះជាម្ចាស់ ហើយថែមទាំងចង់ជជែករកខុសត្រូវទៅលើអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើថែមទៀតផង។ ដោយការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដែលខ្ញុំបានធ្វើ ខ្ញុំបានវែកញែកហេតុផលជាមួយព្រះជាម្ចាស់ ឈ្លោះប្រកែកជាមួយទ្រង់ ដោយស្រែកយំទាស់ទទឹងនឹងទ្រង់។ តើខ្ញុំមិនបានដឹងច្បាស់អំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សណាដែលលះបង់តែបន្តិចបន្តួច រួចហើយទន្ទឹងរង់ចាំទទួលរង្វាន់ធំនោះដែរ» និង «អស់អ្នកដែលធ្វើទានបន្តិចបន្តួច ហើយស្កប់ចិត្តនឹងស្នាដៃរបស់ខ្លួន ទាំងមិនធ្វើអ្វីសោះ» ឬ? នៅចំពោះមុខជំងឺធ្ងន់បែបនេះ ចេតនាលាក់បាំងនៅក្នុងចិត្តដែលចង់បានព្រះពរ និងទស្សនៈដោះដូរនៅពីក្រោយការលះបង់របស់ខ្ញុំនៅក្នុងសេចក្តីជំនឿរបស់ខ្លួន សុទ្ធតែបានលេចចេញមកយ៉ាងច្បាស់។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំដើម្បីទទួលបានសេចក្តីពិត និងកម្ចាត់សេចក្ដីពុករលួយទេ ផ្ទុយទៅវិញ ខ្ញុំបែរជាចង់ប្រើប្រាស់ការលះបង់សើៗ ជាថ្នូរនឹងព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ ជាថ្នូរនឹងព្រះពរនៃនគរព្រះទៅវិញ។ ខ្ញុំបានធ្វើការដោះដូរជាមួយព្រះជាម្ចាស់ ដោយប្រើប្រាស់ទ្រង់ និងបោកប្រាសទ្រង់។ តើជនឆ្លៀតឱកាសដូចរូបខ្ញុំនេះ អាចមានតម្លៃស័ក្តិសមនឹងនគរស្ថានសួគ៌ដោយរបៀបណាទៅ? បើកុំតែដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ខ្ញុំនឹងត្រូវឆ្គួតវង្វេងទាំងស្រុងដោយការខិតខំប្រឹងប្រែងបន្តិចបន្តួចរបស់ខ្ញុំនេះ ហើយខ្ញុំនឹងមិនដែលទទួលស្គាល់ពីបំណងដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្ញុំក្នុងការស្វែងរកព្រះពរ ឬអំពើផិតក្បត់ក្នុងសេចក្តីជំនឿរបស់ខ្ញុំឡើយ។ ខ្ញុំនឹងនៅតែបន្តទាស់ទទឹងនឹងព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់ខ្ញុំដោយមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីនោះទេ។

បន្ទាប់ពីនោះមក ខ្ញុំបន្តឆ្លុះបញ្ចាំងពីខ្លួនឯង និងពីមូលហេតុដែលខ្ញុំតែងព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ នៅក្នុងភារកិច្ចរបស់ខ្ញុំ។ ដើម្បីស្វែងយល់ ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សដែលពួករលួយទាំងអស់រស់នៅដើម្បីខ្លួនឯង។ មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នេះគឺជាការសរុបសេចក្ដីអំពីនិស្ស័យរបស់មនុស្ស។ មនុស្សជឿលើព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបោះបង់ចោលអ្វីៗ លះបង់ខ្លួនដើម្បីទ្រង់ និងស្មោះត្រង់ចំពោះទ្រង់ តែពួកគេនៅតែធ្វើអ្វីៗទាំងអស់នេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពួកគេដដែល។ សរុបមក គ្រប់យ៉ាងត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទទួលបានព្រះពរសម្រាប់ខ្លួនពួកគេ។ នៅក្នុងសង្គម អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ការជឿលើព្រះជាម្ចាស់គឺធ្វើឡើងដើម្បីតែទទួលបានព្រះពរតែប៉ុណ្ណោះ។ វាគឺដើម្បីប្រយោជន៍ក្នុងការទទួលបានព្រះពរតែប៉ុណ្ណោះ ទើបមនុស្សលះបង់ចោលអ្វីៗគ្រប់យ៉ាង ហើយអាចស៊ូទ្រាំនឹងការរងទុក្ខជាច្រើន៖ នេះសុទ្ធតែជាភស្តុតាងជាក់ស្តែងអំពីនិស្ស័យពុករលួយរបស់មនុស្ស» («ភាពខុសគ្នារវាងការផ្លាស់ប្ដូរផ្នែកខាងក្រៅ និងការផ្លាស់ប្ដូរខាងនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ) ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបង្ហាញខ្ញុំពីឬសគល់នៃឥរិយាបថដោះដូររបស់ខ្ញុំនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ។ ពាក្យដែលពោលថា៖ "«មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» និង «គ្មានរង្វាន់ណាបានមកដោយមិនខិតខំប្រឹងប្រែងឡើយ» គឺជាគំនិតរបស់សាតាំងដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តខ្ញុំ ហើយបានក្លាយជាក្បួនច្បាប់នៃការរស់នៅរបស់ខ្ញុំ។ ចំពោះគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ខ្ញុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំសំខាន់ជាងគេបំផុត ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែទទួលបានរង្វាន់ចំពោះកិច្ចការដែលខ្ញុំបានរួមចំណែក។ សូម្បីតែនៅក្នុងកិច្ចការរបស់ខ្ញុំដើម្បីព្រះជាម្ចាស់ក្ដី ក៏ខ្ញុំគ្រាន់តែព្យាយាមធ្វើការដោះដូរជាមួយទ្រង់តែប៉ុណ្ណោះ ហើយខ្ញុំបានគិតថា ការទទួលបានព្រះពរនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ គឺជារឿងធម្មតាបំផុត។ នៅពេលដែលខ្ញុំមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បន្ទាប់ពីខ្ញុំខិតខំធ្វើកិច្ចការ និងលះបង់ជាច្រើនមក ហើយខ្ញុំបានដឹងថា ខ្ញុំអាចស្លាប់នៅពេលណាមួយ ហើយថាខ្ញុំអស់សង្ឃឹមទាំងស្រុងលើការត្រូវបានសង្រ្គោះ ការសម្រេចលទ្ធផល និងវាសនាល្អ ដូច្នេះ ខ្ញុំបានក្រោកឈរប្រឆាំងនឹងព្រះជាម្ចាស់ភ្លាមៗ និងបានបន្ទោសទ្រង់។ ខ្ញុំថ្លឹងថ្លែងរកខុសត្រូវអំពីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ ឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ និងក្រោកឡើងប្រឆាំងនឹងទ្រង់។ ខ្ញុំបានរស់នៅដោយថ្នាំពុលរបស់សាតាំង ដោយគ្មានលក្ខណៈជាមនុស្សសោះឡើយ។ បើខ្ញុំមិនបានប្រែចិត្តទេ នោះមិនយូរមិនឆាប់ទេ ខ្ញុំនឹងត្រូវបានលុបបំបាត់ និងត្រូវដាក់ទោស។

មានអត្ថបទព្រះបន្ទូលព្រះជាម្ចាស់មួយចំនួនទៀតដែលខ្ញុំបានអាននៅពេលក្រោយមកទៀត ដែលធ្វើឱ្យខ្ញុំមានការយល់ដឹងអំពីទស្សនៈខុសឆ្គងលើការស្វែងរកនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលមនុស្សវាស់ស្ទង់អ្នកដទៃ គេវាស់ស្ទង់ទៅតាមការរួមចំណែករបស់ពួកគេ។ នៅពេលដែលព្រះជាម្ចាស់វាស់ស្ទង់មនុស្ស ទ្រង់វាស់ស្ទង់ទៅតាមលក្ខណៈរបស់មនុស្ស។ ក្នុងចំណោមអស់អ្នកដែលស្វែងរកជីវិត ប៉ុលគឺជាមនុស្សម្នាក់ដែលមិនបានស្គាល់នូវសារជាតិរបស់ខ្លួន។ គាត់មិនបន្ទាបខ្លួន ឬស្ដាប់បង្គាប់ទាល់តែសោះ ហើយគាត់ក៏មិនដឹងពីលក្ខណៈសំខាន់របស់គាត់ ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះ គាត់គឺជាមនុស្សម្នាក់ដែលមិនបានឆ្លងកាត់បទពិសោធន៍ល្អិតល្អន់ និងជាមនុស្សម្នាក់ដែលមិនបានប្រតិបត្តិតាមសេចក្ដីពិតឡើយ។ ពេត្រុស គឺខុសគ្នា។ គាត់បានដឹងភាពមិនគ្រប់លក្ខណ៍ ចំណុចខ្សោយ និងនិស្ស័យពុករលួយរបស់គាត់ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ហេតុដូច្នេះ គាត់មានផ្លូវប្រតិបត្តិមួយ ដើម្បីផ្លាស់ប្ដូរនូវនិស្ស័យរបស់គាត់។ គាត់មិនមែនជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានតែគោលលទ្ធិ តែគ្មាននូវភាពពិតនោះទេ។ អស់អ្នកដែលបានផ្លាស់ប្រែ គឺជាមនុស្សថ្មីដែលត្រូវបានសង្គ្រោះ ពួកគេគឺជាអ្នកដែលមានលក្ខណៈសម្បត្តិនៅក្នុងការស្វែងរកសេចក្ដីពិត។ មនុស្សដែលមិនបានផ្លាស់ប្ដូរ ជាអ្នកដែលគ្មានខ្លឹមសារតាំងពីដើមមក។ ពួកគេគឺជាអ្នកដែលមិនត្រូវបានសង្គ្រោះឡើយ ពោលគឺជាអ្នកដែលត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោល។ ពួកគេនឹងមិនត្រូវព្រះជាម្ចាស់ចងចាំទុកឡើយ មិនថាកិច្ចការរបស់ពួកគេល្អប៉ុនណាក៏ដោយ។ មិនថាអ្នកជាប្រភេទមនុស្សដូចគ្នាតែមួយនឹងពេត្រុស ឬប៉ុលនោះទេ នៅពេលដែលអ្នកប្រៀបធៀបចំណុចនេះជាមួយនឹងការស្វែងរកផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកគួរតែអាចបញ្ជាក់បានដោយខ្លួនឯងហើយ» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាសេចក្ដីពិតប្រសិនបើអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិត ហើយប្រសិនបើអ្នកបានទទួលនូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក នោះផ្លូវដែលអ្នកត្រូវដើរ គឺជាផ្លូវដ៏ត្រឹមត្រូវហើយ។ ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាព្រះពរខាងសាច់ឈាម ហើយអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិតនៃសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ហើយអ្នករាល់គ្នាសុទ្ធតែមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅខាងសាច់ឈាម ព្រមទាំងបន្តរស់នៅក្នុងភាពស្រពិចស្រពិល នោះអ្វីដែលអ្នកស្វែងរកច្បាស់ណាស់ នឹងនាំអ្នកទៅកាន់ស្ថាននរក ដ្បិតផ្លូវដែលអ្នកដើរ គឺជាផ្លូវបរាជ័យ។ អ្នកនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ឬត្រូវលុបបំបាត់ចោល ឬអត់នោះ គឺអាស្រ័យលើការស្វែងរករបស់អ្នកផ្ទាល់ ដែលនេះក៏អាចនិយាយបានថា ជោគជ័យ ឬបរាជ័យ គឺអាស្រ័យលើផ្លូវដែលមនុស្សដើរ» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលខ្ញុំគិតបន្ថែមទៀតពីចំណុចនេះ វាពិតជាបានបំភ្លឺខ្ញុំមែន។ នៅពេលដែលព្រះជាម្ចាស់វាស់ស្ទង់មនុស្សម្នាក់ គឺមិនផ្អែកលើអ្វីដែលពួកគេបានរួមចំណែកធ្វើដោយសើៗនោះទេ ផ្ទុយទៅវិញ ការវាស់ស្ទង់នេះផ្អែកលើអាកប្បកិរិយា និងទស្សនៈ ព្រមទាំងគោលជំហររបស់ពួកគេចំពោះមុខបញ្ហានានា ហើយថាតើពួកគេអាចអនុវត្តសេចក្តីពិត និងចុះចូលនឹងព្រះជាម្ចាស់បានដែរឬអត់។ ប៉ុន្តែខ្ញុំគិតថា ដរាបណាមនុស្សម្នាក់លះបង់ និងខិតខំធ្វើការ នោះព្រះជាម្ចាស់នឹងមានសេចក្តីអំណរចំពោះរឿងនេះ និងប្រទានពរដល់ពួកគេ បន្ទាប់មក ពួកគេនឹងមានវាសនាល្អ។ តើនេះមិនផ្ទុយគ្នាស្រឡះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬអី? នៅយុគសម័យនៃព្រះគុណ លោកប៉ុលបានធ្វើដំណើរស្ទើរតែពាសពេញទ្វីបអឺរ៉ុប ដោយផ្សាយដំណឹងល្អរបស់ព្រះអម្ចាស់។ គាត់បានរងទុក្ខលំបាកជាច្រើន បានបញ្ចប់កិច្ចការជាច្រើន ហើយបានបង្កើតពួកជំនុំយ៉ាងច្រើន។ ប៉ុន្តែគ្រប់យ៉ាងដែលគាត់បានធ្វើ មិនមែនចេញពីការចុះចូលនឹងព្រះជាម្ចាស់ ឬដើម្បីបំពេញភារកិច្ចជាភាវដែលបានបង្កើតមកនោះទេ។ វាគឺដើម្បីតែឱ្យខ្លួនគាត់ទទួលបានព្រះពរនិងរង្វាន់ប៉ុណ្ណោះ។ ហេតុនោះ បន្ទាប់ពីការធ្វើដំណើរស្ទើរគ្រប់ទិសទី និងការខំប្រឹងប្រែងជាខ្លាំងរួចមកគាត់បាននិយាយថា៖ «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ លោកប៉ុលចង់បានមកុដពីព្រះជាម្ចាស់ដោយឥតលាក់លៀម។ ការលះបង់របស់គាត់មិនស្មោះត្រង់ទេ ហើយវាមិនកើតចេញពីការចុះចូលនឹងព្រះជាម្ចាស់ទេ។ នៅទីបំផុត គាត់មិនត្រឹមតែមិនបានចូលទៅកាន់នគរព្រះទេ ប៉ុន្តែគាត់ត្រូវរងការដាក់ទោសថែមទៀតផង។ តាមសេចក្តីជំនឿរបស់ខ្ញុំ ខ្ញុំមិនបានសម្លឹងមើលគ្រប់យ៉ាងចេញពីសេចក្តីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែខ្ញុំកំពុងវាស់ស្ទង់កិច្ចការរបស់ព្រះជាម្ចាស់ ស្របតាមក្បួនហេតុផលរបស់សាតាំង និងដោយអាកប្បកិរិយាដោះដូរ។ នោះគឺជារឿងគួរឱ្យអស់សំណើចណាស់ចំពោះខ្ញុំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាសេចក្ដីពិតប្រសិនបើអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិត ហើយប្រសិនបើអ្នកបានទទួលនូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក នោះផ្លូវដែលអ្នកត្រូវដើរ គឺជាផ្លូវដ៏ត្រឹមត្រូវហើយ» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែស្វែងរកសេចក្តីពិត និងផ្តោតលើការស្គាល់ខ្លួនឯងតាមរយៈដំណើរការនៃការបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីដោះស្រាយបញ្ហាទស្សនៈខុសឆ្គង បំណងខុសឆ្គង និងនិស្ស័យពុករលួយរបស់ខ្ញុំ សម្រេចបាននូវការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំចេញពីការគិតពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តែមួយប៉ុណ្ណោះ។ នោះគឺជាវិធីតែមួយគត់ដើម្បីទទួលបានការសង្គ្រោះពីព្រះជាម្ចាស់។ នៅពេលខ្ញុំដឹងពីអ្វីៗទាំងអស់នេះ ខ្ញុំបានពោលពាក្យអធិស្ឋានថា៖ «មិនថាមានអ្វីកើតឡើងចំពោះសុខភាពរបស់ទូលបង្គំទេ ទូលបង្គំត្រៀមខ្លួនជាស្រេចដើម្បីចុះចូល។ បើទូលបង្គំមានជីវិតរស់ និងចេញពីមន្ទីរពេទ្យ នោះទូលបង្គំនឹងបំពេញភារកិច្ចរបស់ទូលបង្គំ ដើម្បីតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ!»

នៅថ្ងៃទី ១២ ដែលខ្ញុំសម្រាកនៅមន្ទីរពេទ្យ ខ្ញុំបានសុំឲ្យគេពិនិត្យមើលថាតើខ្ញុំអាចចេញពីមន្ទីរពេទ្យទេ ហើយបន្ទាប់ពីការពិនិត្យ គ្រូពេទ្យបាននិយាយថា៖ «ការហូរឈាមបានឈប់ហើយ ប៉ុន្តែកំណកឈាមមិនទាន់រលាយទាំងស្រុងទេ។ មើលទៅពិតជាល្អណាស់សម្រាប់ការព្យាបាលត្រឹមតែ ១២ ថ្ងៃ។» ខ្ញុំរំភើបចិត្តណាស់ពេលឮបែបនេះ ហើយខ្ញុំក៏បានអរព្រះគុណព្រះជាម្ចាស់ដែលបានការពារខ្ញុំ។ វេជ្ជបណ្ឌិតក៏បានប្រាប់ខ្ញុំថា ពេលខ្ញុំចេញពីមន្ទីរពេទ្យ ខ្ញុំត្រូវផ្តោតលើការព្យាបាលឲ្យជាសះស្បើយ ហើយមិនត្រូវធ្វើការធ្ងន់ទេ។ ហើយសរសៃឈាមខួរក្បាលរបស់ខ្ញុំផុយស្រួយខ្លាំងណាស់ ដូច្នេះខ្ញុំត្រូវធ្វើយ៉ាងណាកុំឲ្យដួលឲ្យសោះ បើពុំនោះទេ ផលវិបាកនៃជំងឺដាច់សរសៃឈាមខួរក្បាលលើកទីពីរពិតជាធ្ងន់ធ្ងរខ្លាំងណាស់។ ថ្ងៃដែលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំទទួលបានសារមួយច្បាប់ សរសេរមកថា បងស្រី ចាង ជាបងស្រីម្នាក់ដែលខ្ញុំធ្វើការជាមួយ បានចេញទៅក្រៅកាលពីបួនថ្ងៃមុន ប៉ុន្តែនៅតែមិនទាន់ឃើញត្រឡប់មកផ្ទះដែលទទួលទទួលគាត់វិញទេ។ គាត់ច្បាស់ជាត្រូវគេចាប់ខ្លួនហើយ។ ស្តាប់ឮបែបនេះ ពិតជាគួរឲ្យបារម្ភណាស់។ មានន័យថាកន្លែងជួបជុំដែលគាត់ធ្លាប់បានទៅ និងផ្ទះដែលរក្សាទុកតង្វាយពួកជំនុំ សុទ្ធតែស្ថិតក្នុងគ្រោះថ្នាក់ទាំងអស់។ ដូច្នេះពួកគេត្រូវដឹងដំណឹងនេះ ដើម្បីមានវិធានការប្រយ័ត្នជាបន្ទាន់។ ប៉ុន្តែវាមានកន្លែងជាច្រើន ហើយដោយទើបតែចេញពីមន្ទីរពេទ្យផង ខ្ញុំមិនអាចដោះស្រាយគ្រប់យ៉ាងដែលមកប៉ះទង្គិចជុំវិញខ្លួនបានទេ។ ហេតុអ្វីបានជារឿងនេះមិនកើតឡើងមុនពេលនេះ ឬក្រោយពេលនេះ? ហេតុអ្វីបានជាវាត្រូវកើតឡើងក្នុងពេលដ៏សំខាន់បែបនេះ? បើខ្ញុំមានជំងឺដាច់សរសៃឈាមខួរក្បាលម្តងទៀត ខ្ញុំប្រហែលជាមិនអាចក្រោកឈរបានទេ ហើយការចេញទៅដើម្បីផ្ដល់ដំណឹងដល់មនុស្សទាំងអស់នោះឱ្យបានដឹង ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ បើខ្ញុំត្រូវចាប់ខ្លួន តើខ្ញុំអាចទប់ទល់នឹងការធ្វើទារុណកម្មដ៏ឃោរឃៅរបស់ប៉ូលិសបានដែរឬទេ? ខ្ញុំប្រហែលជាត្រូវចប់ហើយ។ ប៉ុន្តែ មានតែបងស្រី ចាង និងខ្ញុំទេដែលដឹងថាបងប្អូនប្រុសស្រីទាំងនេះរស់នៅទីណា ដូច្នេះបើខ្ញុំមិនទៅប្រាប់ពួកគេទេ ហើយបើទីបំផុតពួកគេត្រូវចាប់ខ្លួន ហើយប៉ូលិសយកតង្វាយចេញទៅ នោះវាគឺជាការខាតបង់ធ្ងន់ធ្ងរណាស់។ ពេលរកគិតអ្វីមិនចេញ ខ្ញុំក៏នឹកគិតដល់ការអធិស្ឋានដែលខ្ញុំបានធ្វើមុនពេលចេញពីមន្ទីរពេទ្យថា «បើសិនជាខ្ញុំមានជីវិតរស់ ចាកចេញពីមន្ទីរពេទ្យ ខ្ញុំនឹងលះបង់ខ្លួនឯងដើម្បីភារកិច្ចរបស់ខ្ញុំ ហើយតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»។ ពេលនេះមានរឿងកំពុងកើតឡើង ដូច្នេះ តើខ្ញុំអាចបំភ្លេចពាក្យសន្យារបស់ខ្ញុំបានយ៉ាងដូចម្តេច? ខ្ញុំបានក្រាបខ្លួនចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ និងបានអធិស្ឋានថា៖ «ព្រះជាម្ចាស់អើយ! ទូលបង្គំដឹងថាទ្រង់កំពុងទតមើលទូលបង្គំដោយទតឃើញថាទូលបង្គំមានអាកប្បកិរិយាបែបណាហើយ។ ទូលបង្គំមានឆន្ទៈគាំទ្រកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ទូលបង្គំ»។ ខ្ញុំក៏គិតផងដែរអំពីអ្វីដែលបានកើតឡើង នៅពេលដែលព្រះអម្ចាស់យេស៊ូវ ត្រូវបានគេឆ្កាងនៅលើឈើឆ្កាង ពិតជាធ្វើឱ្យខ្ញុំឆេះឆួលណាស់។ ព្រះអម្ចាស់យេស៊ូវ បានយាងទៅកន្លែងដែលគេឆ្កាងទ្រង់ ដោយមិនងាកមើលក្រោយឡើយ ដើម្បីប្រោសលោះមនុស្សជាតិ និងរងការឈឺចាប់ និងភាពអាម៉ាស់ឥតឧបមា។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺធំធេងណាស់។ ទ្រង់លះបង់ព្រះជន្មរបស់ទ្រង់ដើម្បីយើង ដូច្នេះ ហេតុអ្វីបានជាខ្ញុំមិនអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ និងការពារដំណាក់របស់ព្រះជាម្ចាស់ ដើម្បីតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់វិញ? ក្នុងនាមជាភាវដែលបង្កើតមក ខ្ញុំមិនអាចគ្រាន់តែទទួលព្រះគុណរបស់ព្រះជាម្ចាស់ និងមិនគិតអ្វីក្រៅតែពីព្រះពរផ្ទាល់ខ្លួននោះទេ។ ប្រសិនបើខ្ញុំមិនបំពេញភារកិច្ចរបស់ខ្ញុំទេ ខ្ញុំមិនស័ក្តិសមរាប់ថាជាមនុស្សទេ។ ដោយការលើកទឹកចិត្តពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានចាប់ផ្តើមរៀបចំចាត់ចែងដោះស្រាយបញ្ហានានា។ នៅពេលខ្ញុំរៀបនឹងចេញដំណើរទៅផ្ទះអ្នកទទួលទីពីរទៅហើយ ស្រាប់តែខ្ញុំបានដឹងថា តាមពិត បងស្រី ចាង មិនត្រូវបានចាប់ខ្លួនទេ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់។ ខ្ញុំក៏មានអារម្មណ៍ស្ងប់ចិត្តជាងមុនដែរ ព្រោះខ្ញុំអាចកែប្រែបំណង និងទស្សនៈរបស់ខ្ញុំបាន ហើយអនុវត្តសេចក្តីពិត។

ប្រាំមួយឆ្នាំបានកន្លងផុតទៅយ៉ាងលឿន។ ខ្ញុំមិនទាន់ជាសះស្បើយទាំងស្រុងទេ ដៃ និងជើងខាងឆ្វេងរបស់ខ្ញុំនៅតែស្ពឹកខ្លះៗ ប៉ុន្តែ ខ្ញុំដឹងថាសុខភាពខ្ញុំ គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ការមិនជាសះស្បើយទាំងស្រុង គឺជាការការពារសម្រាប់ខ្ញុំ ជាការក្រើនរំឮកកុំឱ្យខ្ញុំខំប្រឹងប្រែងដើម្បីទទួលបានព្រះពរ កុំឲ្យនៅទីបំផុតត្រូវដើរលើផ្លូវខុសដូចលោកប៉ុល។ ខ្ញុំបានរងទុក្ខតាមរយៈរឿងរ៉ាងអស់ទាំងនេះ ប៉ុន្តែវាបានជួយខ្ញុំឱ្យយល់កាន់តែច្បាស់ពីសេចក្ដីពុករលួយ និងអំពើផិតក្បត់របស់ខ្ញុំ ហើយកែតម្រូវទស្សនៈខុសឆ្គងរបស់ខ្ញុំចំពោះការទទួលបានព្រះពរ។ ខ្ញុំបានយល់ហើយថា នៅក្នុងសេចក្តីជំនឿ ខ្ញុំគួរតែបន្តស្វែងរកសេចក្តីពិត ហើយចុះចូលនឹងព្រះជាម្ចាស់ និងបំពេញភារកិច្ចក្នុងនាមជាភាវដែលបានបង្កើតមក។ នៅពេលនេះ ខ្ញុំមានគោលបំណងត្រឹមត្រូវក្នុងការស្វែងរករបស់ខ្ញុំ។ ជំងឺនេះគឺជាព្រះពរលាក់មុខ! បើនៅក្នុងមជ្ឈដ្ឋានសុខស្រួល ខ្ញុំប្រហែលជាមិនបានយល់ពីអ្វីគ្រប់បែបយ៉ាងនេះទេ។ សូមអរព្រះគុណព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់ទ្រង់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ

ខ្ញុំធ្លាប់មានអារម្មណ៍ច្រណែនខ្លាំងណាស់ ពេលឃើញបងប្អូនប្រុសស្រីសម្ដែង ច្រៀងរាំសរសើរព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃមួយ ខ្ញុំអាចឡើងច្រៀង...

ហេតុអ្វីខ្ញុំតែងតែប្រយ័ត្នប្រយែងជ្រុលហួសហេតុនៅក្នុងភារកិច្ចខ្ញុំ?

នាខែមីនា ឆ្នាំ២០២១ ខ្ញុំធ្វើជាអ្នកឌីស្សាញក្រាហ្វិកនៅពួកជំនុំ។ ព្រោះតែខ្ញុំក្រអឺតក្រទមក្នុងភារកិច្ច និងមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ...

របៀបដែលខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងដែលក្រអឺតក្រទម

ដោយ ជីងវៃ (សហរដ្ឋអាមេរិក) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ...

ទីបំផុត ខ្ញុំមើលឃើញសេចក្តីពិតអំពីខ្លួនខ្ញុំហើយ

ក្នុងឆ្នាំ ២០១៨ ខ្ញុំមានភារកិច្ចនៅក្នុងពួកជំនុំជាអ្នកបកប្រែឯកសារ ដោយធ្វើការជាមួយបងស្រី ចាង និងបងស្រី លួ។ យើងធ្វើការជាមួយគ្នាយ៉ាងល្អ។...

Leave a Reply