ជំពូកទី ១

ដូចព្រះជាម្ចាស់បានមានបន្ទូលថា «គ្មាននរណាម្នាក់អាចយល់អំពីឫសគល់នៃព្រះបន្ទូលរបស់ខ្ញុំបានឡើយ ហើយពួកគេក៏មិនដឹងពីគោលបំណងរបស់ខ្ញុំក្នុងការមានបន្ទូលទាំងនោះដែរ» បើមិនមែនដោយសារការចង្អុលបង្ហាញពីព្រះវិញ្ញាណបរិសុទ្ធទេ ហើយបើមិនមែនដោយសារការលេចមកនៃព្រះសូរសៀងរបស់ទ្រង់ទេ នោះមនុស្សទាំងអស់មុខជាត្រូវវិនាសនៅក្រោមការវាយផ្ចាលរបស់ទ្រង់មិនខាន។ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវការពេលដើម្បីល្បងលមនុស្សរាល់គ្នាយូរបែបនេះ? យូររហូតទៅដល់ទៅប្រាំខែបែបនេះ? នេះគឺជាចំណុចសំខាន់នៃការប្រកបគ្នារបស់យើង ក៏ជាចំណុចស្នូលនៅក្នុងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ផងដែរ។ យើងអាចសាកស្រមៃបានដូចតទៅនេះ៖ បើគ្មានអំឡុងពេលនៃការដាក់មនុស្សឱ្យជួបការល្បងលនេះទេ ហើយបើគ្មានព្រះជាម្ចាស់ជាអ្នកវាយប្រហារយ៉ាងចាស់ដៃ ទាំងសម្លាប់ និងកាត់បន្ថយពូជមនុស្សដ៏ពុករលួយនេះទេ បើការកសាងពួកជំនុំបន្តរហូតមកដល់ពេលសព្វថ្ងៃនេះ ដូច្នេះ តើលទ្ធផលនឹងទៅជាបែបណា? ហេតុនេះ ព្រះជាម្ចាស់មានបន្ទូលចំៗតែម្ដងនៅក្នុងល្បះទីមួយ ដោយចង្អុលបង្ហាញដោយផ្ទាល់ពីផលដែលចង់សម្រេចបានពីកិច្ចការជាច្រើនខែមកនេះ។ ព្រះអង្គពិតជាមានបន្ទូលចំចំណុចគ្មានខុសឡើយ! នេះគ្រប់គ្រាន់នឹងបង្ហាញពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលប៉ុន្មានខែមកនេះហើយ៖ តាមរយៈការល្បងលនេះឃើញថា កិច្ចការទាំងនេះបានជួយឱ្យមនុស្សគ្រប់គ្នារៀនសូត្រពីរបៀបចុះចូល របៀបលះបង់ខ្លួនដោយចិត្តស្មោះស ក៏ដូចជារបៀបស្គាល់ព្រះជាម្ចាស់ឱ្យបានកាន់តែច្បាស់តាមរយៈការបន្សុទ្ធដោយការរងទុក្ខផងដែរ។ កាលណាមនុស្សដកបទពិសោធន៍ពីភាពអស់សង្ឃឹមកាន់តែច្រើន នោះពួកគេនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់។ និយាយដោយត្រង់ទៅ កាលណាពួកគេជួបការបន្សុទ្ធដែលពោរពេញទៅដោយទុក្ខលំបាកកាន់តែច្រើន នោះពួកគេនឹងកាន់តែស្គាល់ពីសេចក្តីពុករលួយផ្ទាល់ខ្លួនពួកគេកាន់តែច្រើន រហូតដល់ថ្នាក់ទទួលស្គាល់ថា ពួកគេគ្មានតម្លៃសូម្បីតែធ្វើជាអ្នកស៊ីឈ្នួលសម្រាប់ព្រះជាម្ចាស់ផង និងទទួលស្គាល់ទៀតថា ការបម្រើព្រះ គឺជាការដែលទ្រង់បានលើកពួកគេឡើងទេ។ ដូច្នេះ បន្ទាប់ពីបានសម្រេចលទ្ធផលបែបនេះហើយ នៅពេលដែលមនុស្សបានប្រើប្រាស់ខ្លួនគេអស់លទ្ធភាពហើយ នោះព្រះជាម្ចាស់នឹងថ្លែងព្រះសូរសៀងនៃសេចក្តីមេត្តាករុណាដោយផ្ទាល់ ឥតមានលាក់លៀមអ្វីទាំងអស់។ បន្ទាប់ពីរយៈពេលពីរបីខែកន្លងផុតទៅ យើងអាចមើលឃើញជាស្រេចថា វិធីសាស្ត្របំពេញកិច្ចការរបស់ព្រះជាម្ចាស់ បានកំណត់យកពេលបច្ចុប្បន្ននេះធ្វើជាចំណុចចាប់ផ្ដើមនៃកិច្ចការរបស់ទ្រង់។ ព្រះអង្គបានរៀបចំកិច្ចការនេះឱ្យមនុស្សគ្រប់គ្នាមើលឃើញបានដោយងាយ។ ដោយសារកាលពីមុនព្រះជាម្ចាស់តែងមានបន្ទូលជាញឹកញាប់ថា «ការទទួលបានសិទ្ធិហៅថាជារាស្ត្ររបស់ព្រះជាម្ចាស់ មិនមែនជារឿងងាយស្រួលទេ» ដូច្នេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលទាំងនេះនៅក្នុងចំណោមមនុស្សដែលមានងារជាអ្នកស៊ីឈ្នួល ដែលកិច្ចការនេះគ្រប់គ្រាន់នឹងបង្ហាញថា ព្រះជាម្ចាស់អាចជឿទុកចិត្ត និងគ្មានអ្វីត្រូវសង្ស័យឡើយ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល នឹងសម្រេចការពិតក្នុងកម្រិតផ្សេងៗគ្នា ហើយព្រះបន្ទូលរបស់ទ្រង់ មិនមែនជាការនិយាយឥតខ្លឹមសារឡើយ។

នៅពេលដែលមនុស្សគ្រប់គ្នាពេញដោយទុក្ខព្រួយ និងភាពសោកសៅ រហូតដល់ថ្នាក់ប៉ះពាល់អារម្មណ៍ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបនេះ នឹងចាក់ចំចំណុចរបស់ពួកគេ ដោយធ្វើឱ្យពួកគេរាល់គ្នាងើបចេញពីភាពអស់សង្ឃឹមវិញ។ ដើម្បីលុបបំបាត់មន្ទិលសង្ស័យផ្សេងទៀតចេញពីគំនិតរបស់មនុស្ស ព្រះជាម្ចាស់បានបន្ថែមចំណុចខាងក្រោម៖ «ទោះបីជាពួកគេត្រូវហៅថាជារាស្ត្ររបស់ខ្ញុំក៏ដោយ ក៏ការហៅនេះមិនមែនអន់ជាងការហៅថាជា 'ពួកបុត្រ' របស់ខ្ញុំនោះដែរ»។ ចំណុចនេះគ្រប់គ្រាន់នឹងបង្ហាញថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចការពារសិទ្ធិអំណាចរបស់ព្រះអង្គផ្ទាល់បាន ហើយនៅពេលដែលមនុស្សបានអានអំពីសេចក្ដីនេះហើយ នោះពួកគេនឹងរឹតតែជឿកាន់តែមុតមាំថែមទៀតថា សេចក្ដីនេះគឺជាការពិត មិនមែនគ្រាន់តែជាវិធីសាស្ត្រនៃការបំពេញកិច្ចការនោះឡើយ។ លើសពីនេះទៀត ដើម្បីឱ្យនិមិត្តរបស់មនុស្សនៅបន្តថ្លាច្បាស់ល្អ នោះអត្តសញ្ញាណរបស់មនុស្សគ្រប់គ្នា ត្រូវតែបង្ហាញឱ្យឃើញច្បាស់តាមរយៈវិធីសាស្ត្រថ្មីរបស់ទ្រង់។ ចំណុចនេះគ្រប់គ្រាន់នឹងបង្ហាញពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ហើយវាក៏ជួយឱ្យមនុស្សដឹងកាន់តែច្បាស់ថា ព្រះជាម្ចាស់អាចទតធ្លុះពីដួងចិត្តរបស់មនុស្សបាន។ នៅក្នុងចិត្តគំនិត និងទង្វើរបស់ពួកគេ មនុស្សប្រៀបបានទៅនឹងអាយ៉ង ដែលព្រះជាម្ចាស់កំពុងតែញាក់ខ្សែដូច្នោះដែរ ហើយរឿងនេះគឺជាការពិត គ្មានអ្វីដែលត្រូវឆ្ងល់នោះឡើយ។

ត្រលប់ទៅគ្រាដំបូងវិញ អ្វីដែលព្រះជាម្ចាស់បានធ្វើតាំងពីដើមដំបូង គឺដើម្បីចង្អុលប្រាប់ដោយផ្ទាល់ថា ជំហានដំបូងនៃកិច្ចការរបស់ទ្រង់ ពោលគឺ «ការបន្សុទ្ធពួកជំនុំ» នោះ បានបញ្ចប់រួចអស់ទៅហើយ។ «ស្ថានការណ៍បច្ចុប្បន្ននេះ មិនដូចស្ថានការណ៍ពីអតីតកាលឡើយ ហើយកិច្ចការរបស់ខ្ញុំបានចូលទៅដល់ចំណុចចាប់ផ្ដើមថ្មីមួយហើយ»។ តាមរយៈប្រយោគនេះ គេអាចមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់បានចូលដល់ចំណុចចាប់ផ្ដើមថ្មីមួយហើយ បន្ទាប់ពីឃ្លានោះទៅមិនបានប៉ុន្មានផង ព្រះអង្គក៏បានបង្ហាញដល់យើងនូវគ្រោងការសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។ នៅពេលដែលការកសាងពួកជំនុំត្រូវបានបញ្ចប់រួចរាល់ហើយ នោះជីវិតនៃយុគសម័យនៃនគរព្រះនឹងត្រូវចាប់ផ្ដើម «ដ្បិតសព្វថ្ងៃនេះ លែងជាយុគសម័យនៃការកសាងពួកជំនុំទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាយុគសម័យដែលការកសាងនគរព្រះត្រូវសម្រេចជោគជ័យវិញម្ដង។»។ ជាងនេះទៅទៀត ព្រះអង្គបានគូសបញ្ជាក់ថា ដោយសារមនុស្សនៅបន្តស្ថិតនៅលើផែនដីនៅឡើយ ដូច្នេះ ការជួបជុំរបស់ពួកគេនឹងត្រូវបន្តហៅថាជាពួកជំនុំដដែល។ ការធ្វើបែបនេះ គឺដើម្បីចៀសវាងកុំឱ្យមានការទទួលស្គាល់ «នគរព្រះ» មិនពិតមួយ ដូចមនុស្សគ្រប់គ្នាធ្លាប់បាននឹកស្រមៃនោះ។ បន្ទាប់ទៅនេះ យើងនឹងប្រកបគ្នាអំពីបញ្ហានិមិត្តវិញម្ដង។

ទោះបីជាសព្វថ្ងៃនេះជាយុគសម័យនៃការកសាងនគរព្រះ និងជាចុងបញ្ចប់នៃការកសាងពួកជំនុំក៏ដោយ ចុះហេតុអ្វីបានជាការជួបជុំទាំងអស់ នៅតែត្រូវហៅថាជាពួកជំនុំទៀត? កាលពីមុនមក គេបានលើកឡើងថា ពួកជំនុំគឺជាអ្នកនាំផ្លូវទៅរកនគរព្រះ ហើយបើគ្មានពួកជំនុំទេ ក៏គ្មានការនិយាយអំពីនគរព្រះដែរ។ ការចាប់ផ្ដើមយុគសម័យនៃនគរព្រះ គឺជាការចាប់ផ្ដើមនៃព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម ហើយយុគសម័យនៃនគរព្រះត្រូវបានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាំចូលទៅ។ អ្វីដែលព្រះអង្គនាំមកនោះ គឺជាយុគសម័យនៃនគរព្រះ មិនមែនជាការមកដល់ជាផ្លូវការនៃនគរព្រះឡើយ។ ចំណុចនេះមិនពិបាកគិតយល់ឡើយ។ អ្វីដែលខ្ញុំចង់បានន័យនោះគឺថា រាស្ត្ររបស់ព្រះជាម្ចាស់ គឺជារាស្ត្រនៃយុគសម័យនៃនគរព្រះ មិនមែនជារាស្ត្រនៃនគរព្រះផ្ទាល់នោះឡើយ។ ហេតុនេះហើយ ការនិយាយថា ការជួបជុំគ្នានៅលើផែនដីគួរតែនៅបន្តហៅថាជាពួកជំនុំទៀតនោះ គឺជារឿងសមហេតុផល។ កាលពីមុន ព្រះអង្គបានបំពេញកិច្ចការនៅក្នុងភាពជាមនុស្សធម្មតា តែមិនទាន់ត្រូវបានគេធ្វើបន្ទាល់ក្នុងព្រះនាមជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅឡើយទេ ដូច្នេះហើយបានជាកាលគ្រានោះ យុគសម័យនៃនគរព្រះ នៅមិនទាន់បានចាប់ផ្ដើមនៅក្នុងចំណោមមនុស្សនៅឡើយ។ នោះគឺដូចអ្វីដែលខ្ញុំធ្លាប់បានមានបន្ទូលហើយថា ព្រះវិញ្ញាណរបស់ខ្ញុំមិនទាន់បានចាប់ផ្ដើមបំពេញកិច្ចការជាផ្លូវការនៅខាងសាច់ឈាមខ្ញុំដែលយកកំណើតជាមនុស្សនៅឡើយទេ។ សព្វថ្ងៃនេះ ដោយសារគេបានធ្វើបន្ទាល់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ ដូច្នេះនគរព្រះក៏ត្រូវសម្រេចនៅក្នុងចំណោមមនុស្សដែរ។ ចំណុចនេះបង្ហាញថា ខ្ញុំនឹងចាប់ផ្ដើមបំពេញកិច្ចការនៅក្នុងភាពជាព្រះ ដូច្នេះ មនុស្សទាំងឡាយណាដែលអាចយល់ពីព្រះបន្ទូលដែលខ្ញុំថ្លែងមក និងយល់ពីកិច្ចការដែលខ្ញុំធ្វើនៅក្នុងភាពជាព្រះ អ្នកនោះនឹងក្លាយជារាស្ត្ររបស់ខ្ញុំនៅក្នុងយុគសម័យនៃនគរព្រះនេះ។ ផ្ដើមចេញពីចំណុចនេះហើយ ទើបចាប់ផ្ដើមមាន «រាស្ត្ររបស់ព្រះជាម្ចាស់» នោះឯង។ ភាគច្រើន នៅក្នុងដំណាក់កាលនេះ ខ្ញុំបំពេញកិច្ចការ និងមានបន្ទូលក្នុងភាពជាព្រះ។ មនុស្សមិនអាចជ្រៀតជ្រែក ឬបង្អាក់ដល់ផែនការរបស់ខ្ញុំបានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលរបស់ទ្រង់មកដល់ដំណាក់កាលជាក់លាក់ណាមួយ ហើយគេបានធ្វើបន្ទាល់ពីព្រះនាមទ្រង់ នោះការល្បងលរបស់ទ្រង់ចំពោះមនុស្សជាតិនឹងត្រូវចាប់ផ្ដើមពីចំណុចនោះតទៅ។ នេះជាចំណុចកំពូលនៃព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ កិច្ចការនេះបានចាក់គ្រឹះយ៉ាងរឹងមាំ និងចាក់ឫសកែវសម្រាប់ការចាប់ផ្ដើមជំហានបន្ទាប់ ក៏ដូចជាការបញ្ចប់ជំហានចុងក្រោយផងដែរ។ នេះគឺជារឿងដែលគ្មានមនុស្សណាម្នាក់អាចស្មានទុកបានឡើយ ក៏ជាចំណុចប្រសព្វគ្នារវាងផ្នែកទីមួយ និងផ្នែកទីពីរនៃសម័យនៃការជំនុំជម្រះផងដែរ។ បើខ្ញុំមិនបានបន្សុទ្ធមនុស្សក្នុងរយៈពេលពីរបីខែនេះទេ ម្ល៉េះសមភាពជាព្រះរបស់ខ្ញុំ នឹងគ្មានផ្លូវអាចប្រើការបានឡើយ។ ការបន្សុទ្ធរយៈពេលប៉ុន្មានខែនោះ បានបើកផ្លូវសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ការបញ្ចប់ការបំពេញកិច្ចការក្នុងរយៈពេលពីរបីខែនេះ គឺជាសញ្ញាមួយដែលបង្ហាញថា ដំណាក់កាលបន្ទាប់នៃកិច្ចការ កាន់តែមានភាពជ្រាលជ្រៅជាងមុនទៅទៀត។ បើមនុស្សយល់ពីបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដ នោះគេមុខជាអាចយល់បានថា ព្រះអង្គកំពុងតែប្រើពេលប៉ុន្មានខែនេះ ដើម្បីចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ ដោយអាចឱ្យកិច្ចការនោះសម្រេចលទ្ធផលបានកាន់តែប្រសើរជាងមុន។ ដោយសារតែការរារាំងពីភាពជាមនុស្សរបស់ខ្ញុំ បានបង្កើតឱ្យមានឧបសគ្គដល់ជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ ដូច្នេះតាមរយៈការបន្សុទ្ធតាមទុក្ខវេទនាក្នុងពេលប៉ុន្មានខែនេះ ផ្នែកទាំងពីរនេះត្រូវបានស្អាងឱ្យល្អឡើង ហើយក៏បានទាញប្រយោជន៍យ៉ាងក្រាស់ក្រែលផងដែរ។ ដោយសារហេតុផលនេះ ទើបមានតែពេលសព្វថ្ងៃនេះទេ ដែលមនុស្សចាប់ផ្ដើមឱ្យតម្លៃលើវិធីដែលខ្ញុំប្រទានងារឱ្យគេ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់បានមានបន្ទូល ទាំងបង្វែរជក់របស់ទ្រង់ថា ទ្រង់នឹងលែងហៅពួកគេថា «អ្នកស៊ីឈ្នួល» តទៅទៀត តែទ្រង់នឹងហៅពួកគេថា «រាស្ត្ររបស់ព្រះជាម្ចាស់» វិញ នោះពួកគេទាំងអស់គ្នា ក៏ពេញដោយក្ដីអំណរ។ នេះគឺជាចំណុចខ្សោយរបស់មនុស្ស។ ដោយសារព្រះជាម្ចាស់ជ្រាបពីចំណុចខ្សោយធំបំផុតរបស់មនុស្សនេះហើយ ទើបព្រះអង្គមានបន្ទូលបែបណា ទ្រង់នឹងធ្វើបែបនោះ។

ដើម្បីយកឈ្នះលើមនុស្សរាល់គ្នាបន្ថែមទៀត និងដើម្បីទទួលបានជំនឿស្មោះសពីពួកគេ ហើយដើម្បីចង្អុលបង្ហាញពីការពិតដែលថា ការប្ដូរផ្ដាច់របស់មនុស្សមួយចំនួនមានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធ ព្រះជាម្ចាស់ក៏បានបោះជំហានទៅមុខបន្ថែម ដោយទាញការចាប់អារម្មណ៍ទៅលើភាពស្មោកគ្រោកគ្រប់ប្រភេទរបស់មនុស្ស ហើយធ្វើបែបនេះ ព្រះអង្គក៏បានសម្រេចតាមព្រះបន្ទូលរបស់ទ្រង់ថា៖ «តើមានមនុស្សប៉ុន្មាននាក់ដែលស្រឡាញ់ខ្ញុំដោយស្មោះ? តើមាននរណាខ្លះធ្វើអ្វីដោយមិនគិតពីអនាគតរបស់ពួកគេនោះ? តើនរណាដែលមិនធ្លាប់រអ៊ូរទាំ ក្នុងពេលជួបការល្បងលទៅ?» តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សគ្រប់គ្នាអាចទទួលស្គាល់ពីការមិនស្ដាប់បង្គាប់ ភាពគ្មានស្វាមីភក្ដិ និងកង្វះការប្ដូរផ្ដាច់ដោយស្មោះត្រង់របស់ពួកគេ ហេតុដូច្នេះហើយ ពួកគេចាប់ផ្ដើមមើលឃើញថា សេចក្តីមេត្តាករុណា និងការអាណិតស្រឡាញ់របស់ព្រះជាម្ចាស់រមែងដើរតាមអ្នកណាដែលស្វែងរកទ្រង់នៅគ្រប់ជំហាននៃផ្លូវនេះ។ ចំណុចនេះអាចមើលឃើញបានតាមរយៈព្រះបន្ទូលដូចតទៅនេះថា៖ «នៅពេលដែលមនុស្សខ្លះហៀបនឹងដកថយ នៅពេលមនុស្សគ្រប់គ្នាដែលសង្ឃឹមចង់ឱ្យខ្ញុំផ្លាស់ប្ដូរលក្ខណៈនៃការថ្លែងព្រះបន្ទូលរបស់ខ្ញុំ បានបាត់បង់ក្តីសង្ឃឹមរបស់ពួកគេ នៅពេលនោះ ខ្ញុំក៏ថ្លែងព្រះសូរសៀងនៃសេចក្តីសង្រ្គោះ ដោយនាំអ្នកណាដែលស្រឡាញ់ខ្ញុំដោយស្មោះត្រលប់មកកាន់នគររបស់ខ្ញុំវិញ នៅនឹងមុខបល្ល័ង្ករបស់ខ្ញុំ»។ ត្រង់ចំណុចនេះ ឃ្លាថា «អ្នកណាដែលស្រឡាញ់ខ្ញុំដោយស្មោះ» និងសំណួរបែបវោហាសព្ទថា «តើមានមនុស្សប៉ុន្មាននាក់ដែលស្រឡាញ់ខ្ញុំដោយស្មោះ?» មិនបានខ្វែងគំនិតគ្នានោះទេ។ ឃ្លាទាំងពីរនេះបង្ហាញថា «ភាពស្មោះស» នៅក្នុងបរិបទនេះ មានភាពមិនបរិសុទ្ធនៅក្នុងនោះ។ មិនមែនថា ព្រះជាម្ចាស់ពុំជ្រាបអ្វីសោះនោះទេ តែផ្ទុយទៅវិញ ដោយសារតែព្រះជាម្ចាស់អាចទតឃើញពីជម្រៅចិត្តរបស់មនុស្សបានច្បាស់ ទើបទ្រង់ប្រើព្រះបន្ទូលថា «ភាពស្មោះស» នេះ ដើម្បីចំអកបញ្ឈឺដាក់ពូជមនុស្សដែលពុករលួយ ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ជាប់ជំពាក់ដឹងគុណព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយស្ដីបន្ទោសខ្លួនពួកគេកាន់តែខ្លាំង ក៏ដូចជាទទួលស្គាល់នូវការពិតថា ការឈឺចាប់នៅក្នុងដួងចិត្តរបស់ពួកគេ កើតចេញពីសាតាំងទាំងស្រុង។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេឃើញពាក្យដូចជា «ការប្ដូរផ្ដាច់» ដោយរិះគិតក្នុងចិត្តថា៖ «ខ្ញុំបានប្រឆាំងទាស់នឹងផ្ទៃមេឃ និងផែនដីជាច្រើនលើកច្រើនសា ហើយខ្ញុំក៏ចង់ចាកចេញជាច្រើនដងមកហើយដែរ ប៉ុន្តែដោយសារខ្ញុំកោតខ្លាចដល់បញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ទើបខ្ញុំចេះតែដោះស្រាយជាមួយបញ្ហានានាឱ្យតែបានៗ ដើម្បីបញ្ចប់បញ្ហាទាំងនោះ ហើយធ្វើតាមគេតាមឯង រង់ចាំឱ្យព្រះជាម្ចាស់ដោះស្រាយជាមួយខ្ញុំ ទាំងគិតថា បើអ្វីៗប្រែទៅជាអស់សង្ឃឹមពិតប្រាកដមែន នោះខ្ញុំក៏នឹងនៅមានពេលគ្រប់គ្រាន់ ដើម្បីបកក្រោយវិញបន្តិចម្ដងៗដែរ។ ប៉ុន្តែ ឥឡូវនេះ ព្រះជាម្ចាស់ហៅយើងថា រាស្រ្តប្ដូរផ្ដាច់របស់ទ្រង់។ តើព្រះជាម្ចាស់ពិតជាព្រះដែលទតឃើញពីជម្រៅចិត្តរបស់មនុស្សមែនដែរឬទេ?» ដើម្បីកុំឱ្យមានការយល់ច្រឡំបែបនេះហើយ ទើបព្រះជាម្ចាស់បានទាញការចាប់អារម្មណ៍ទៅលើសភាពផ្លូវចិត្តនៃប្រភេទមនុស្សខុសៗគ្នានៅចុងបញ្ចប់ ដោយធ្វើឱ្យមនុស្សគ្រប់គ្នាផ្លាស់ប្ដូរពីសភាពមួយដែលមានការសង្ស័យនៅក្នុងចិត្ត ខណៈដែលគេកំពុងបង្ហាញសេចក្តីរីករាយពីសម្បកក្រៅ ឱ្យក្លាយទៅជាសភាពមួយទៀតដែលពួកគេមានភាពជឿជាក់អស់ពីចិត្ត អស់ពីសម្ដី និងអស់ពីអ្វីដែលគេមើលឃើញ។ បែបនេះ ចំណាប់អារម្មណ៍របស់មនុស្សលើព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់ខ្លាំងឡើង ហើយផលដែលបានមកដោយឯកឯងពីទង្វើនេះ នឹងធ្វើឱ្យមនុស្សកាន់តែមានការកោតខ្លាចជាងមុនបន្តិច កាន់តែមានការគោរពជាងមុនបន្ដិច ហើយជាងនេះទៅទៀត នឹងទទួលបានការយល់ដឹងអំពីព្រះជាម្ចាស់កាន់តែប្រសើរជាងមុន។ ចុងក្រោយ ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់មនុស្ស ព្រះជាម្ចាស់បានមានបន្ទូលថា៖ «... ក៏ប៉ុន្តែ ដោយសារអតីតកាល នៅតែជាអតីតកាល ហើយបច្ចុប្បុន្នកាល គឺនៅទីនេះស្រាប់ ដូច្នេះ គ្មានការចាំបាច់អ្វីដែលត្រូវអាឡោះអាល័យពីអតីតកាលតទៅទៀតនោះទេ ឬក៏ត្រូវគិតគូរខ្វល់ពីអនាគតនោះដែរ»។ របៀបនៃការមានបន្ទូលដ៏តានតឹងផង ចុះសម្រុងផង តែខ្លីហើយខ្លឹមនេះ មានឥទ្ធិពលកាន់តែខ្លាំង ដោយធ្វើឱ្យមនុស្សទាំងអស់ដែលអានព្រះបន្ទូលរបស់ទ្រង់ បានឃើញពន្លឺសាជាថ្មីម្ដងទៀត ចេញពីក្នុងភាពអស់សង្ឃឹមកាលពីអតីតកាល រហូតដល់ពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ និងកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលបានងារជា «រាស្ត្ររបស់ព្រះជាម្ចាស់» ផង ដោយលុបបំបាត់មន្ទិលសង្ស័យនៅក្នុងដួងចិត្តរបស់ពួកគេ ហើយបន្ទាប់មក ពួកគេក៏ចាប់ផ្ដើមស្គាល់ខ្លួនឯងតាមរយៈការផ្លាស់ប្ដូរលំនាំនៃសភាពផ្លូវចិត្តរបស់ពួកគេ។ ស្ថានភាពទាំងនេះម្ដងជោរ ម្ដងនាច បង្កើតបានជាទុក្ខព្រួយនិងភាពសោកសៅផង និងសេចក្ដីសុខសាន្តនិងក្ដីអំណរផង។ នៅក្នុងជំពូកនេះ ព្រះជាម្ចាស់បានគូសរូបភាពមនុស្សចេញមកហាក់ដូចជាមានជីវិត និងរស់រវើកគ្រប់ចំណុចទាំងអស់ រហូតដល់រូបនោះមានភាពល្អឥតខ្ចោះតែម្ដង។ ពិតណាស់ មនុស្សមិនអាចសម្រេចអ្វីទាំងនេះបានទេ ជាអ្វីដែលលាតត្រដាងពីអាថ៌កំបាំងលាក់កប់ជ្រៅនៅក្នុងដួងចិត្តមនុស្ស។ តើមនុស្សអាចមានសមត្ថភាពធ្វើរឿងបែបនេះបានដែរឬទេ?

ភ្លាមៗបន្ទាប់ពីចំណុចនេះទៅ និងជាចំណុចដែលរឹតតែសំខាន់ គឺអត្ថបទខាងក្រោម ដែលបើកសម្ដែងដោយផ្ទាល់ពីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយក៏ជាផ្នែកដ៏សំខាន់ជាងគេបំផុតផងដែរ៖ «ក្នុងនាមជាមនុស្ស អ្នកណាដែលប្រឆាំងនឹងការពិត ហើយមិនធ្វើអ្វីៗស្របតាមការណែនាំរបស់ខ្ញុំទេ អ្នកនោះនឹងមិនទទួលបានទីបញ្ចប់ល្អឡើយ មានតែនាំបញ្ហាដាក់ខ្លួនគេតែប៉ុណ្ណោះ។ ជាការពិតណាស់ ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡនេះ គឺគ្មានអ្វីដែលខ្ញុំមិនបានអារកាត់នោះឡើយ»។ តើនេះមិនមែនជាបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ទេឬអី? ចំណុចនេះគ្រប់គ្រាន់នឹងបង្ហាញថា ឧទាហរណ៍អំពីមនុស្សដែលល្មើសនឹងបញ្ញត្តិរដ្ឋបាលនេះ គឺមានចំនួនច្រើនណាស់។ ផ្អែកតាមចំណុចខាងលើនេះ ព្រះជាម្ចាស់បន្តដាស់តឿនមនុស្សគ្រប់គ្នាកុំឱ្យគិតពីវាសនារបស់ពួកគេផ្ទាល់តទៀត។ បើគេហ៊ានប្រាថ្នាចង់ផ្ដាច់ខ្លួនចេញពីការចាត់ចែងរបស់ព្រះជាម្ចាស់ នោះផលវិបាកនឹងធ្ងន់ធ្ងរហួសពីការស្មានទៅទៀត។ បន្ទាប់មក សេចក្ដីនេះក៏ជួយឱ្យអ្នកដែលបានដកបទពិសោធន៍ពីការបំភ្លឺ និងការស្រាយបំភ្លឺតាមរយៈព្រះបន្ទូលទាំងនេះ បានយល់កាន់តែច្បាស់ពីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ក៏ដូចជាបានយល់ផងដែរថា ឫទ្ធានុភាពរបស់ទ្រង់មិនអាចប្រមាថបានឡើយ ហេតុដូច្នេះហើយទើបពួកគេកាន់តែមានបទពិសោធ និងកាន់តែនឹងធឹង ហើយខៀវស្រងាត់ប្រៀបដូចជាដើមស្រល់ដែលរងនឹងខ្យល់និងកំណកសំណើម ដោយឈររឹងមាំទប់ទល់នឹងការគំរាមកំហែងពីធាតុអាកាសត្រជាក់ដល់ឆ្អឹង ហើយបន្តបន្ថែមជីវិតលូតលាស់ពណ៌បៃតងស្រស់ទៅឱ្យធម្មជាតិទៀត។ នៅពេលប្រទះឃើញអត្ថបទនេះ មនុស្សភាគច្រើនមានអារម្មណ៍ស្រឡាំងកាំង ហាក់បីដូចជាពួកគេបានដើរចូលទៅក្នុងកន្លែងដែលមានផ្លូវខ្វាត់ខ្វែងនាំឱ្យវង្វេងដូច្នោះដែរ។ នេះគឺដោយសារតែខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរលឿនខ្លាំងពេក ដូច្នេះ ក្នុងចំណោមដប់នាក់ មានមនុស្សប្រាំបួននាក់ហើយដែលធ្លាក់ចូលទៅក្នុងការវង្វេង នៅពេលដែលពួកគេមានបំណងចង់ស្វែងយល់ពីនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់។ ដូច្នេះ ដើម្បីឱ្យកិច្ចការអាចដំណើរការទៅបានកាន់តែរលូននាពេលអនាគត ដើម្បីដកនូវក្ដីមន្ទិលនៅក្នុងដួងចិត្តមនុស្សគ្រប់គ្នា និងដើម្បីឱ្យមនុស្សទាំងអស់អាចបោះជំហានទៅមុខមួយជំហានទៀតនៅក្នុងជំនឿរបស់ពួកគេលើភាពស្មោះត្រង់របស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ក៏មានបន្ទូលបញ្ជាក់បន្ថែមនៅចុងបញ្ចប់នៃអត្ថបទនោះថា៖ «អ្នករាល់គ្នាក្នុងចំណោមអ្នកដែលស្រឡាញ់ខ្ញុំដោយស្មោះ នឹងត្រលប់មកចំពោះបល្ល័ង្ករបស់ខ្ញុំវិញមិនខាន»។ ហេតុដូចនេះហើយ គំនិតរបស់មនុស្សដែលបានឆ្លងកាត់កិច្ចការរបស់ទ្រង់អស់ពេលជាច្រើនខែ ក៏បានប្រែជាធូរស្រាលភ្លាមៗពីផ្នែកខ្លះដែលពួកគេមានការព្រួយបារម្ភ។ ជាងនេះទៅទៀត ដួងចិត្តរបស់ពួកគេ ដែលបានអណ្ដែតអណ្ដូងក្នុងវេហានោះ ក៏ត្រលប់ទៅរកសភាពដូចមុនវិញ ប្រៀបដូចជាដុំថ្មដ៏ធ្ងន់មួយដុំដែលបានធ្លាក់ចុះទៅលើដីដូច្នោះដែរ។ ពួកគេលែងគិតពីអនាគតរបស់ពួកគេតទៅទៀតហើយ។ ជាងនេះទៅទៀត ពួកគេជឿថា ព្រះជាម្ចាស់នឹងលែងមានបន្ទូលដែលគ្មានន័យទៀតហើយ។ ដោយសារមនុស្សរាប់ខ្លួនឯងជាសុចរិត ដូច្នេះហើយគ្មានមនុស្សណាម្នាក់ជឿថា ខ្លួនពួកគេមិនបានបង្ហាញការប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ឡើយ។ នេះជាហេតុដែលព្រះជាម្ចាស់មានចេតនាគូសបញ្ជាក់អំពីពាក្យ «ដោយស្មោះ» នេះ ដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរ។ សេចក្ដីនេះគឺដើម្បីត្រួសត្រាយផ្លូវ និងចាក់ក្រាលគ្រឹះសម្រាប់ជំហានបន្ទាប់នៅក្នុងកិច្ចការរបស់ទ្រង់។

ខាង​ដើម៖ ជំពូកទី ៤៧

បន្ទាប់៖ ជំពូកទី ៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ