ស្ដីពីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ

ជាបឋម ចូរនិយាយអំពីអ្វីជាបញ្ញត្តិរដ្ឋបាល និងអំពីនិយមន័យនៃបញ្ញត្តិរដ្ឋបាល។ នេះជាចំណុចដែលយើងត្រូវយល់។ នៅពេលអ្នកខ្លះឮអំពី «បញ្ញត្តិរដ្ឋបាល» ពួកគេឆ្ងល់ថា៖ «តើបញ្ញត្តិរដ្ឋបាលមានអត្ថន័យដូចម្ដេច? តើបញ្ញត្តិរដ្ឋបាលជាលក្ខន្តិកៈច្បាប់ឬ? តើបញ្ញត្តិរដ្ឋបាលជាក្រឹត្យវិន័យឬ? តើបញ្ញត្តិរដ្ឋបាលជាប្រព័ន្ធមួយឬ? ជាបណ្ដុំនៃបម្រាមឬ? ជាបទបញ្ជាឬ? តើបញ្ញត្តិរដ្ឋបាលជាអ្វីឱ្យប្រាកដទៅ?» មនុស្សខ្វះនូវការយល់ដឹង។ គ្មាននរណាម្នាក់យល់ថា បញ្ញត្តិរដ្ឋបាលជាអ្វីឱ្យប្រាកដ ឬយល់ពីរបៀបដែលបញ្ញត្តិរដ្ឋបាលដំណើរការឡើយ។ ទោះបីមនុស្សនិយាយជាញឹកញាប់ថា៖ «ព្រះជាម្ចាស់មានបញ្ញត្តិរដ្ឋបាលរបស់ទ្រង់។ ប្រសិនបើអ្នកមិនស្ដាប់បង្គាប់ទេ នោះព្រះជាម្ចាស់នឹងប្រើបញ្ញត្តិទាំងនោះពិនិត្យមើលអ្នក និងដាក់ទោសអ្នកមិនខាន»។ ពួកគេកំពុងនិយាយអំពី «បញ្ញត្តិរដ្ឋបាល» ទាំងមិនយល់ពីអត្ថន័យដ៏សំខាន់របស់វាឡើយ។ ដូច្នេះ តើបញ្ញត្តិរដ្ឋបាលជាអ្វីឱ្យប្រាកដ? បញ្ញត្តិរដ្ឋបាល គឺជាបណ្ដុំនៃព្រះបន្ទូលដែលបានកំណត់ទុកដោយព្រះជាម្ចាស់ក្នុងការដោះស្រាយធម្មជាតិ និងនិស្ស័យពុករលួយរបស់មនុស្ស ដើម្បីពិនិត្យមើលពួកគេ។ បញ្ញត្តិរដ្ឋបាលមិនមែនជាច្បាប់ ឬលក្ខន្តិកៈច្បាប់ ក៏មិនមែនជារដ្ឋធម្មនុញ្ញនៃពិភពរបស់មនុស្សដែរ។ បញ្ញត្តិរដ្ឋបាលគឺជាសំណុំនៃដែនកំណត់ដែលព្រះជាម្ចាស់កំណត់ ក្នុងគោលបំណងដើម្បីពិនិត្យមើលឥរិយាបថរបស់មនុស្ស។ សេចក្តីលម្អិតនៃបញ្ញត្តិរដ្ឋបាលផ្តោតលើរបៀបកោតខ្លាចព្រះជាម្ចាស់ របៀបថ្វាយបង្គំព្រះជាម្ចាស់ របៀបស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបប្រព្រឹត្តក្នុងនាមជាភាវៈដែលព្រះបង្កើតមក របៀបប្រព្រឹត្តក្នុងនាមជាមនុស្ស របៀបធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងរបៀបចៀសផុតពីការនាំភាពអាម៉ាស់ដល់ព្រះនាមព្រះជាម្ចាស់។ សេចក្តីលម្អិតនៃបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ផ្តោតលើចំណុចជាច្រើន។ អ្នកខ្លះនិយាយថា៖ «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចធ្វើកិច្ចការជាច្រើន។ ព្រះអង្គអាចដាក់ទោសមនុស្ស និងតបស្នងចំពោះទង្វើរបស់ពួកគេយ៉ាងស័ក្ដិសម។ ព្រះជាម្ចាស់ក៏បានថ្លែងចេញសេចក្តីពិត ដើម្បីណែនាំមនុស្សទាំងអស់ផងដែរ។ ហេតុអ្វីត្រូវមានបញ្ញត្តិរដ្ឋបាល?» សេចក្តីពិតទាក់ទងនឹងច្រកចូលទៅក្នុងជីវិតរបស់មនុស្ស និងការយល់ដឹងរបស់មនុស្សអំពីនិស្ស័យពុករលួយ។ បញ្ញត្តិរដ្ឋបាល គឺជាលក្ខខណ្ឌដែលត្រូវបានកំណត់ទុកយ៉ាងច្បាស់លាស់។ មិនថាអ្នកមានសភាពយ៉ាងណា ជាមនុស្សបែបណាទេ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែអនុវត្តតាមចំណុចគ្រប់យ៉ាងដែលត្រូវបានចែងដោយបញ្ញត្តិរដ្ឋបាលនៅក្នុងដំណាក់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចអនុវត្តតាមទេ នោះឈ្មោះរបស់អ្នកនឹងត្រូវបានលុបចេញ ហើយនៅក្នុងព្រះនេត្រព្រះជាម្ចាស់ ព្រះអង្គនឹងស្អប់ខ្ពើម និងបដិសេធអ្នកមិនខាន។ តាមពិតទៅ បញ្ញត្តិរដ្ឋបាល គឺជាសកម្មភាពតម្រូវអប្បបរមាបំផុតសម្រាប់អ្នកជឿលើព្រះជាម្ចាស់ ដូចជារបៀបដែលពួកអ៊ីស្រាអែលបានថ្វាយបង្គំព្រះយេហូវ៉ាដោយយញ្ញបូជា និងការកាន់តាមថ្ងៃសប្ប័ទអ៊ីចឹងដែរ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានធ្វើកិច្ចការជាក់លាក់ បានមានបន្ទូលជាច្រើន និងបានកំណត់នូវក្រឹត្យវិន័យជាច្រើន។ ក្រឹត្យវិន័យទាំងនោះ រួមបញ្ចូលចំណុចជាច្រើនដែលមនុស្សគួរធ្វើ ឧទាហរណ៍ ដូចជា របៀបដែលពួកគេគួរថ្វាយបង្គំព្រះយេហូវ៉ា ឬរបៀបថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ការថ្វាយតង្វាយដប់ហូតមួយ ថ្វាយតង្វាយផ្សេងៗ ជាដើម។ ពេលនោះ ចំណុចទាំងនេះត្រូវបានហៅថាជាក្រឹត្យវិន័យ ហើយនៅយុគសម័យនៃព្រះគុណ លក្ខខណ្ឌដដែលនេះត្រូវបានហៅថាជាបទបញ្ជា ហើយមនុស្សទាំងអស់តម្រូវឱ្យស្ដាប់បង្គាប់តាមបទបញ្ជាទាំងនេះ។ ឥឡូវនេះ នៅក្នុងយុគសម័យនៃនគរព្រះ នៅក្នុងដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ បទបញ្ជានៃយុគសម័យថ្មី ត្រូវបានសម្ដែងចេញ ហើយឥឡូវនេះ បទបញ្ជាទាំងនោះត្រូវបានហៅថាជាបញ្ញត្តិរដ្ឋបាល។ នៅក្នុងយុគសម័យនៃនគរព្រះ បទបញ្ជាទាំងនេះ គឺជាផ្នែកមួយនៃបញ្ញត្តិរដ្ឋបាល។ យ៉ាងណាមិញ បទបញ្ជានៅយុគសម័យនៃព្រះគុណ មិនអាចបម្រើជាបញ្ញត្តិរដ្ឋបាលនាពេលសព្វថ្ងៃបានឡើយ ព្រោះថាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សនៅក្នុងយុគសម័យនីមួយៗ មានលក្ខណៈខុសគ្នា។

យុគសម័យនីមួយៗមានបទបញ្ជា ហើយយុគសម័យនីមួយៗមានសេចក្ដីតម្រូវ និងលក្ខខណ្ឌរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ជាលក្ខខណ្ឌដែលផ្លាស់ប្ដូរដោយផ្អែកលើការផ្លាស់ប្ដូរនៅក្នុងយុគសម័យ និងសេចក្ដីតម្រូវនៃកិច្ចការរបស់ព្រះជាម្ចាស់។ វានឹងមិនសមស្របឡើយក្នុងការប្រើក្រឹត្យវិន័យមួយចំនួននៅយុគសម័យនៃក្រឹត្យវិន័យនៅក្នុងពេលសព្វថ្ងៃនេះ ប៉ុន្តែតាមពិតទៅ ក្រឹត្យវិន័យខ្លះនៅសមស្របដដែល។ ចេញពីបទបញ្ជាដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងយុគសម័យនៃព្រះគុណ បទបញ្ជាភាគច្រើនគឺសមស្របសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែបទបញ្ជាខ្លះទៀតមិនសមស្របទេ។ អ្នកខ្លះនិយាយថា៖ «ចូរគោរពឪពុកម្ដាយរបស់អ្នក កុំប្រព្រឹត្តអំពើបាប កុំប្រព្រឹត្តអំពើផិតក្បត់ កុំថ្វាយបង្គំរូបព្រះ តើបទបញ្ជាទាំងនេះមិនសមស្របម្ដេចកើតទៅ?» ខ្ញុំកំពុងមានបន្ទូលអំពីចំណុចពីរបីប៉ុណ្ណោះ។ សម្រាប់បទបញ្ជា ដូចជា «ចូរគោរពឪពុកម្ដាយរបស់អ្នក» នោះអាស្រ័យលើកាលៈទេសៈ ដូច្នេះ មិនត្រូវយល់ច្រឡំឡើយ។ អ្នកគ្មានហេតុផលខ្លះនិយាយថា៖ «ព្រះជាម្ចាស់បានមានបន្ទូលថា ក្រឹត្យវិន័យ និងបទបញ្ជាដែលមានកាលពីមុន ត្រូវបានលុបចោលទាំងអស់ ហើយនៅសល់តិចតួចប៉ុណ្ណោះដែលអាចប្រើការបាន»។ អ្នកមិនត្រូវផ្ទេរបន្តនូវការយល់ដឹងនេះឡើយ។ ការផ្សាយសារបែបនេះ គឺជាកំហុសមួយ ហើយវាអាចបង្កឱ្យមានការរំខានបាន។ នេះជាការបកស្រាយខុសអំពីព្រះបន្ទូលព្រះជាម្ចាស់។ អ្នកណាដែលបកស្រាយខុសព្រះបន្ទូលព្រះជាម្ចាស់ អ្នកនោះប្រមាថនិស្ស័យរបស់ទ្រង់ ហើយអ្នកណាដែលប្រមាថនិស្ស័យរបស់ទ្រង់ អ្នកនោះគឺជាពួកអារក្ស។ មិនថានៅពេលវេលាណាទេ អ្នកត្រូវតែរក្សាលក្ខខណ្ឌអប្បបរមាសម្រាប់សុភាវធម៌របស់អ្នកបរិសុទ្ធ។ នេះគឺជាសេចក្តីតម្រូវដ៏ទាបបំផុត ដើម្បីមានលក្ខខណៈជាមនុស្ស។ ក្រឹត្យវិន័យ និងបទបញ្ជាទាំងអស់នេះ ត្រូវបានបង្កើតឡើងស្របតាមសម័យកាល និងបរិបទរបស់ពួកគេ ព្រមទាំងស្របតាមកិច្ចការ និងតម្រូវការរបស់មនុស្សនាសម័យនោះ។ នៅក្នុងយុគសម័យបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានមានបន្ទូលកាន់តែច្រើន និងបានប្រទានដល់មនុស្សនូវក្រឹត្យវិន័យកាន់តែច្រើន ដើម្បីជួយឃុំគ្រងពួកគេ។ គឺអាចនិយាយបានថា ព្រះអង្គបានប្រទានលក្ខន្តិកៈដល់ពួកគេ ដូចជា របៀបជឿលើព្រះជាម្ចាស់ អ្វីដែលពួកគេគួរ និងមិនគួរធ្វើ ជាផ្នែកមួយនៃសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ជាដើម។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំមិនមែនមក ដើម្បីលុបបំបាត់ក្រឹត្យវិន័យទេ ប៉ុន្តែមកសម្រេចវាវិញ»។ ប៉ុន្តែក្រោយមក ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យជាច្រើន។ ក្រឹត្យវិន័យទាំងនេះមិនសមស្របសម្រាប់យុគសម័យនោះ មិនសមស្របសម្រាប់កិច្ចការនាពេលនោះទេ ក៏មិនត្រូវនឹងមជ្ឈដ្ឋាននាពេលនោះដែរ ដូច្នេះ ព្រះអង្គបានលុបចោលក្រឹត្យវិន័យទាំងនោះ។ សព្វថ្ងៃនេះ ក្រឹត្យវិន័យទាំងនោះកាន់តែត្រូវលុបចោលទៀតហើយ។ ដូចគ្នាផងដែរ នៅក្នុងយុគសម័យថ្មី បទបញ្ជាមួយចំនួននៅព្រះគម្ពីរសញ្ញាថ្មីត្រូវបានលុបចោល ហើយបទបញ្ជាខ្លះទៀតត្រូវបន្តប្រើ ព្រោះថាមជ្ឈដ្ឋាននៃកិច្ចការនាពេលសព្វថ្ងៃ មានលក្ខណៈខុសពីមុន ហើយអ្វីដែលមនុស្សត្រូវការ ក៏ខុសពីមុនផងដែរ។ កិច្ចការនៅដំណាក់កាលនីមួយៗ គឺខ្ពស់ជាងដំណាក់កាលមុនៗ។ មនុស្សគ្មានហេតុផលខ្លះនិយាយថា៖ «ព្រះអម្ចាស់យេស៊ូវបានមានបន្ទូល ទ្រង់បានយាងមក ដើម្បីសម្រេចក្រឹត្យវិន័យ ចុះហេតុអ្វីក៏ទ្រង់លុបចោល និងលុបបំបាត់ក្រឹត្យវិន័យភាគច្រើនបែបនេះ? ហេតុអ្វីបានជាទង្វើរបស់ទ្រង់បំពានក្រឹត្យវិន័យដូច្នេះ?» ការលុបចោលរបស់ទ្រង់ តាមពិតទៅ គឺជាការសម្រេចវិញទេ។ នោះព្រោះតែកិច្ចការដែលទ្រង់ធ្វើ បានសម្រេចលទ្ធផលបែបនេះ ដូច្នេះ វាគ្មានតម្រូវការត្រូវកាន់តាមក្រឹត្យវិន័យទាំងនោះទៀតទេ។ ដូចជាក្រោយពេលព្រះយេស៊ូវបានបម្រើជាតង្វាយលោះបាបអ៊ីចឹង វាលែងចាំបាច់ត្រូវថ្វាយតង្វាយលោះបាបស្របតាមក្រឹត្យវិន័យនោះទៀតហើយ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់មិនធ្វើតាមក្រឹត្យវិន័យទាំងនោះទេ។ ក្រឹត្យវិន័យ និងបទបញ្ជាខ្លះអាចត្រូវបានលុបចោល ហើយកិច្ចការថ្មីអាចត្រូវបានប្រើជំនួសក្រឹត្យវិន័យ និងបទបញ្ជាទាំងនោះវិញ។ ប្រសិនបើអ្នករាល់គ្នាផ្សាយសារថា៖ «គ្រប់បទបញ្ជាកាលពីមុន ត្រូវបានលុបចោល។ បទបញ្ជាទាំងនោះលែងមានប្រយោជន៍ទៀតហើយ» សារនេះនឹងមិនសមទំនងឡើយ។ បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានដាក់ចេញនូវបញ្ញត្តិរដ្ឋបាល ដើម្បីឱ្យត្រូវនឹងសភាព និងតម្រូវការរបស់មនុស្សជាតិ។ មនុស្សមួយចំនួនសួរថា «ហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ចេញបញ្ញត្តិរដ្ឋបាលនៅក្នុងយុគសម័យនីមួយៗ? រឿងនេះធ្លាប់បានធ្វើឡើងម្ដងរួចមកហើយ មនុស្សដឹងអំពីរឿងទាំងនេះ ហើយយើងធ្វើតាមអ្វីដែលត្រូវបានបង្គាប់។ នោះនឹងជាទីបញ្ចប់របស់វាហើយ។ ហេតុអ្វីបានជាបន្តដាក់ចេញបញ្ញត្តិរដ្ឋបាលថ្មីទៀត?» សូមប្រាប់ខ្ញុំមើល៍ ចំពោះមនុស្សដែលពុករលួយដូចពួកគេនាពេលសព្វថ្ងៃ តើមិនឱ្យចេញបញ្ញត្តិរដ្ឋបាលដែរឬ? មនុស្សទាំងអស់មាននិស្ស័យពុករលួយ។ តើមនុស្សអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានទេ ក្នុងពេលដែលធម្មជាតិពុករលួយរបស់ពួកគេកំពុងតែគ្រប់គ្រងពួកគេនោះ? អ្នកមិនអាចអះអាងថា នៅពេលមនុស្សទទួលជឿលើព្រះជាម្ចាស់ ហើយអាចអនុវត្ត និងស្ដាប់បង្គាប់បទបញ្ជាបាន ពេលនោះ ពួកគេបានក្លាយជាបរិសុទ្ធ និងសុចរិតនោះឡើយ។ បែបនេះប្រើការមិនបានទេ។ មនុស្សមាននិស្ស័យពុករលួយ ហើយពួកគេតែងតែរស់នៅក្នុងនិស្ស័យពុករលួយទាំងនោះ ដូច្នេះ តែងតែមានតម្រូវការជានិច្ចសម្រាប់បញ្ញត្តិរដ្ឋបាលដែលពាក់ព័ន្ធ ដើម្បីឃុំគ្រងឥរិយាបថរបស់ពួកគេ។ បើមនុស្សពិតជាបំពានបញ្ញត្តិរដ្ឋបាលមែន នោះពួកគេអាចត្រូវបានប្រៀនប្រដៅ ដាក់ដែនកំណត់លើពួកគេ ឬមួយអាចបណ្ដេញ និងផាត់ពួកគេចោល។ ទាំងអស់នេះ គឺជាផលវិបាក។ នៅយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ មានក្រឹត្យវិន័យ និងបទបញ្ជា។ សព្វថ្ងៃនេះ នៅយុគសម័យនៃនគរព្រះ ក្រៅពីបទបញ្ជា ក៏ត្រូវមានបញ្ញត្តិរដ្ឋបាលផងដែរ។ ដូច្នេះ តើមានបញ្ញត្តិរដ្ឋបាលសំខាន់ៗអ្វីខ្លះនៅយុគសម័យនៃនគរព្រះ? សព្វថ្ងៃនេះ មានបញ្ញត្តិរដ្ឋបាលចំនួនដប់ ត្រូវបានដាក់ចេញ។

១. មនុស្សលោកមិនគួរតម្កើងខ្លួនឯងឡើយ ហើយក៏មិនត្រូវលើកសរសើរខ្លួនឯងដែរ។ គឺត្រូវតែថ្វាយបង្គំ និងលើកតម្កើងព្រះជាម្ចាស់វិញ។

«មនុស្សលោកមិនគួរតម្កើងខ្លួនឯងឡើយ ហើយក៏មិនត្រូវលើកសរសើរខ្លួនឯងដែរ។ គឺត្រូវតែថ្វាយបង្គំ និងលើកតម្កើងព្រះជាម្ចាស់វិញ»។ ចំណុចទាំងបួននេះ តាមពិតទៅ ចែងអំពីបញ្ហាមួយ៖ នៅក្នុងសម្ដីរបស់ពួកគេ មនុស្សត្រូវតែប្រកាន់ជំហរជាមនុស្ស ហើយពួកគេមិនគួរអួតអំពីខ្លួនឯងទេ។ កុំអួតថា អ្នកបានដឹកនាំពួកជំនុំមួយល្អបែបនេះ កុំអួតថា វាជារបស់អ្នក ហើយក៏កុំអួតដែរថា ព្រះជាម្ចាស់ប្រើអ្នក ហើយព្រះអង្គប្រព្រឹត្តល្អជាពិសេសចំពោះអ្នកនោះឡើយ។ កុំនិយាយថា៖ «ព្រះជាម្ចាស់បានសោយអាហារជាមួយយើង និងបានជជែកលេងជាមួយយើងឡើយ»។ សម្ដីរបស់អ្នកទាំងអស់នេះមិនស្របនឹងការពិតនោះទេ។ ព្រះជាម្ចាស់ចាត់ទុករាស្ត្ររើសតាំងទាំងអស់របស់ទ្រង់ដូចគ្នា។ ដរាបណាមនុស្សម្នាក់មិនត្រូវបានលាតត្រដាង និងផាត់ចោលទេ នោះព្រះជាម្ចាស់មានអាកប្បកិរិយាដូចគ្នាចំពោះមនុស្សគ្រប់គ្នា។ ប្រសិនបើព្រះជាម្ចាស់បានប្រកបគ្នាជាមួយអ្នកអំពីសេចក្តីពិត នោះវាមិនសបញ្ជាក់ឱ្យឃើញថា អ្នកប្រសើរជាងអ្នកដទៃនោះទេ តែផ្ទុយទៅវិញ នោះព្រោះតែអ្នកជួបដោយចៃដន្យប៉ុណ្ណោះ។ ពេលនោះ តើត្រូវនិយាយបែបណាឱ្យសមទំនងទៅ? ប្រសិនបើអ្នកមិនអាចប្រកបគ្នាពីសេចក្តីពិតបានទេ ហើយបើអ្នកមិនអាចផ្ដល់ជីវិតដល់បងប្អូនប្រុសស្រីរបស់អ្នកទេ ពេលនោះ អ្នកត្រូវតែអនុវត្តការពិនិត្យមើលខ្លួនឯង និងស្គាល់ខ្លួនឯង ពិនិត្យពិច័យខ្លួនឯង អាចនិយាយនូវអ្វីដែលមានក្នុងចិត្តរបស់អ្នក បើកចំហចិត្ត និងលាតត្រដាងខ្លួនឯងនៅចំពោះមនុស្សគ្រប់គ្នា។ ការអនុវត្តបែបនេះ នឹងទទួលបានលទ្ធផល។ ការបើកចំហមិនមានន័យថាជាការដោះសាយករួចខ្លួននោះទេ។ វាមានន័យថាជាការបង្ហាញការជំរុញចិត្ត និងគំនិតមិនត្រឹមត្រូវដែលមាននៅក្នុងអ្នក ដើម្បីធ្វើការពិនិត្យពិច័យ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងជាមួយគ្នា ដោយអនុញ្ញាតឱ្យអ្នកដទៃទទួលបានប្រយោជន៍ចេញពីរឿងនេះផងដែរ។ ដោយធ្វើបែបនេះ អ្នកមិនលើកតម្កើងខ្លួនឯងទេ។ ប្រសិនបើអ្នកចាត់ទុកខ្លួនឯងថាត្រឹមត្រូវ និងប្រកាន់ជំហរត្រឹមត្រូវ នោះមានន័យថា បើអ្នកអាចលះបង់ និងវិភាគការជំរុញចិត្តរបស់អ្នក អាចលាតត្រដាងពីសេចក្តីស្មោកគ្រោកនៅក្នុងអ្នក ហើយអាចលាតត្រដាងខ្លួនឯងបាន នោះវាបង្ហាញថា អ្នកមានគោលជំហរត្រឹមត្រូវ។ ខ្ញុំបានដឹងថា អ្នកដឹកនាំជាច្រើនមានសមត្ថភាពត្រឹមតែបង្រៀនមនុស្ស និងអធិប្បាយទៅអ្នកដទៃចេញពីទីខ្ពស់ប៉ុណ្ណោះ ហើយខ្ញុំរកឃើញទៀតថា ពួកគេមិនអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃនៅកម្រិតស្មើគ្នាទេ។ ពួកគេមិនអាចទាក់ទងជាមួយមនុស្សតាមធម្មតាបានឡើយ។ នៅពេលមនុស្សមួយចំនួននិយាយ វាហាក់ដូចជាពួកគេកំពុងថ្លែងសុន្ទរកថា ឬកំពុងរាយការណ៍អ៊ីចឹង។ ពាក្យសម្ដីរបស់ពួកគេសំដៅលើសភាពរបស់អ្នកដទៃប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលទម្លាយការពិតអំពីខ្លួនឯងទេ។ ពួកគេមិនដែលពិនិត្យពិច័យមើលនិស្ស័យពុករលួយរបស់ខ្លួនទេ ផ្ទុយទៅវិញ ពួកគេពិនិត្យពិច័យមើលតែបញ្ហារបស់អ្នកដទៃ ដោយប្រើពួកគេធ្វើជាឧទាហរណ៍ ដើម្បីជួយឱ្យគ្រប់គ្នាមានការចេះដឹង។ ចុះហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ហេតុអ្វីបានជាពួកគេបង្រៀនសេចក្ដីអធិប្បាយ និងនិយាយរឿងបែបនេះ? នេះជាភស្តុតាងបញ្ជាក់ថា ពួកគេមិនស្គាល់ខ្លួនឯងទេ ពួកគេគ្មានហេតុផលទាល់តែសោះ និងបង្ហាញទៀតថា ពួកគេក្រអឺតក្រទម និងអួតអាងខ្លាំងណាស់។ ពួកគេគិតថា ការដែលពួកគេមានសមត្ថភាពអាចដឹងពីនិស្ស័យពុករលួយរបស់អ្នកដទៃ សបញ្ជាក់ឱ្យឃើញថា ពួកគេខ្ពង់ខ្ពស់ជាងអ្នកដទៃ ថាពួកគេប្រសើរជាងអ្នកដទៃនៅក្នុងការឈ្វេងយល់ពីមនុស្ស និងអ្វីៗ និងបង្ហាញថា ពួកគេពុករលួយតិចជាងអ្នកដទៃ។ ពួកគេអាចពិនិត្យពិច័យ និងបង្រៀនអ្នកដទៃបាន ប៉ុន្តែពួកគេមិនទម្លាយពីខ្លួនឯង មិនលាតត្រដាង ឬពិនិត្យពិច័យមើលសេចក្តីពុករលួយរបស់ខ្លួន មិនបង្ហាញមុខមាត់ពិត ឬនិយាយពីការជំរុញចិត្តរបស់ខ្លួនឯងឡើយ។ ពួកគេបានត្រឹមបង្រៀនអ្នកដទៃអំពីការប្រព្រឹត្តមិនត្រឹមត្រូវប៉ុណ្ណោះ។ នេះជាការអួតខ្លួន និងការលើកតម្កើងខ្លួន។ តើអ្នកអាចក្លាយជាអ្នកដឹកនាំ ហើយនៅតែគ្មានហេតុផលម្ដេចកើតទៅ? បន្ទាប់ពីក្លាយជាអ្នកដឹកនាំពួកជំនុំរួច ហេតុអ្វីបានជាអ្នកស្ដីបន្ទោសអ្នកដទៃ ប្រព្រឹត្តតាមអំពើចិត្ត និងធ្វើតាមចិត្តរបស់អ្នកបែបនេះ? ហេតុអ្វីបានជាអ្នកមិនដែលគិតពីផលវិបាកនៃពាក្យសម្ដីរបស់អ្នក មិនដែលគិតពីអត្តសញ្ញាណរបស់អ្នកដូច្នេះ? ហេតុអ្វីបានជាអ្នកប្រព្រឹត្តបែបនេះ? នោះដោយសារតែ ទោះបីអ្នកជាអ្នកដឹកនាំក៏ដោយ ក៏អ្នកមិនដឹងពីឋានៈ ឬអត្តសញ្ញាណរបស់អ្នកដែរ។ ការរៀបចំឱ្យអ្នកក្លាយជាអ្នកដឹកនាំ គឺគ្រាន់តែជាការលើកតម្កើងអ្នក និងជាការផ្ដល់ឱកាសឱ្យអ្នកអនុវត្តប៉ុណ្ណោះ។ វាមិនមែនដោយសារតែអ្នកមានតថភាពច្រើនជាងអ្នកដទៃ ឬព្រោះតែអ្នកប្រសើរជាងអ្នកដទៃនោះឡើយ។ តាមពិតទៅ អ្នកដូចជាអ្នកឯទៀតដែរ។ គ្មានអ្នកណាមានតថភាពឡើយ ហើយនៅក្នុងរបៀបណាមួយ អ្នកអាចថែមទាំងពុករលួយជាងអ្នកដទៃទៀតផង។ ដូច្នេះ ហេតុអ្វីបានជាអ្នកបង្កបញ្ហាដោយគ្មានហេតុផល និងបង្រៀន ជេរប្រទេច និងរឹតត្បិតអ្នកដទៃតាមអំពើចិត្តបែបនេះ? ហេតុអ្វីក៏បង្ខំឱ្យអ្នកដទៃស្ដាប់តាមអ្នក សូម្បីតែពេលដែលអ្នកប្រព្រឹត្តខុស? តើការនេះសបញ្ជាក់ឱ្យឃើញអ្វីទៅ? ការនេះសបញ្ជាក់ឱ្យឃើញថា អ្នកស្ថិតក្នុងគោលជំហរខុសឆ្គង។ អ្នកមិនបានកំពុងធ្វើការចេញពីតំណែងជាមនុស្សទេ អ្នកកំពុងតែធ្វើការរបស់អ្នកចេញពីតំណែងរបស់ព្រះជាម្ចាស់ ចេញពីតំណែងមួយខ្ពស់ជាងអ្នកដទៃ។ ប្រសិនបើអ្វីដែលអ្នកនិយាយ គឺត្រឹមត្រូវ និងស្របតាមសេចក្តីពិត នោះអ្នកដទៃអាចស្ដាប់អ្នកបាន។ ក្នុងករណីនេះ គឺអាចទទួលយកបាន។ ប៉ុន្តែ នៅពេលអ្នកប្រព្រឹត្តខុស ហេតុអ្វីក៏អ្នកបង្ខំឱ្យអ្នកដទៃស្ដាប់តាមអ្នក? តើអ្នកមានសិទ្ធិអំណាចឬ? តើអ្នកខ្ពង់ខ្ពស់បំផុតឬ? តើអ្នកជាសេចក្តីពិតឬ? នៅពេលមនុស្សខ្លះទៅកាន់កន្លែងមួយ ដើម្បីផ្សាយដំណឹងល្អ ហើយឃើញមនុស្ស និងលក្ខខណ្ឌរស់នៅរបស់អ្នកទាំងនោះ មិនគួរជាទីពេញចិត្តដល់ខ្លួន ចុងក្រោយ ពួកគេមិនចូលចិត្តកន្លែងនោះ និងចង់ចាកចេញទៅកាន់កន្លែងផ្សេង។ បុគ្គលម្នាក់ទៀតអាចនិយាយទៅពួកគេថា៖ «យើងត្រូវការមនុស្សម្នាក់នៅទីនេះ ដើម្បីផ្សាយដំណឹងល្អ។ បើអ្នកចាកចេញទៅ នោះអ្នកនឹងពន្យារពេលដល់ការងារមិនខាន»។ ប៉ុន្តែ ពួកគេនឹងមិនស្ដាប់ទេ ហើយនៅតែទទូចចង់ចាកចេញដដែល ដោយនិយាយថា៖ «ចុះហេតុអ្វីបានជាអ្នកមិននៅទៅ? ខ្ញុំត្រូវតែចាកចេញ! អ្នករាល់គ្នាគួរតែស្ដាប់ខ្ញុំ និងរៀនស្ដាប់បង្គាប់»។ ពួកគេសុខចិត្តពន្យារពេលកិច្ចការនៃពួកជំនុំ ដើម្បីធ្វើតាមចិត្តរបស់ខ្លួន ហើយជ្រើសរើសកន្លែងដែលពួកគេចូលចិត្ត។ ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ និងទាមទារឱ្យអ្នកដទៃធ្វើតាមអ្វីដែលពួកគេនិយាយ។ តើពួកគេមិនកំពុងតម្កើងខ្លួនទេឬ? តើពួកគេមិនកំពុងលើកខ្លួនឡើងទេឬ? តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមទេឬ? នៅក្នុងភារកិច្ចរបស់ខ្លួន ពួកគេធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួនតាមតែអាចធ្វើទៅបាន ដោយមិនអនុវត្តសេចក្តីពិតសូម្បីតែបន្តិចឡើយ។ ដូច្នេះ នៅពេលពួកគេដឹកនាំមនុស្ស ពួកគេមិនសុំឱ្យមនុស្សដែលពួកគេដឹកនាំអនុវត្តសេចក្តីពិតទេ ផ្ទុយទៅវិញ ពួកគេទាមទារឱ្យពួកគេស្ដាប់តាមអ្វីដែលពួកគេនិយាយ និងធ្វើតាមផ្លូវរបស់ពួកគេ។ តើនេះមិនមែនជាការសុំឱ្យមនុស្សចាត់ទុកពួកគេជាព្រះជាម្ចាស់ និងស្ដាប់បង្គាប់ពួកគេដូចជាព្រះជាម្ចាស់ទេឬ? តើពួកគេមានសេចក្តីពិតដែរឬទេ? ពួកគេគ្មានសេចក្តីពិតសោះឡើយ ពួកគេពេញដោយនិស្ស័យរបស់សាតាំង និងជាអារក្ស។ ចុះហេតុអ្វីបានជាពួកគេនៅតែសុំឱ្យមនុស្សស្ដាប់បង្គាប់តាមពួកគេ? តើមនុស្សបែបនេះមិនមែនកំពុងតម្កើងខ្លួនទេឬ? តើពួកគេមិនមែនកំពុងលើកខ្លួនឡើងទេឬ? តើមនុស្សបែបនេះអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចធ្វើឱ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់បានដែរឬទេ? ពួកគេចង់ឱ្យមនុស្សស្ដាប់បង្គាប់តាមខ្លួន។ នៅពេលពួកគេធ្វើបែបនេះ តើពួកគេកំពុងតែដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្តីពិតយ៉ាងពិតប្រាកដដែរឬទេ? តើពួកគេកំពុងតែធ្វើកិច្ចការដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេដែរឬទេ? អត់ទេ ពួកគេកំពុងព្យាយាមបង្កើតនគរផ្ទាល់ខ្លួន។ ពួកគេចង់ក្លាយជាព្រះជាម្ចាស់ ហើយពួកគេចង់ឱ្យមនុស្សចាត់ទុកពួកគេដូចជាព្រះជាម្ចាស់ និងស្ដាប់បង្គាប់ពួកគេដូចជាព្រះជាម្ចាស់។ តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តែងតែធ្វើបែបនេះ។ មិនថាកិច្ចការពួកជំនុំពន្យារពេលបែបណា មិនថាវាបង្កការរំខាន ឬការខូចខាតដល់ច្រកចូលទៅក្នុងជីវិតរបស់រាស្ត្ររើសតាំងព្រះជាម្ចាស់កម្រិតណាទេ ក៏គ្រប់គ្នាត្រូវតែស្ដាប់បង្គាប់ និងស្ដាប់តាមពួកគេដែរ។ តើនេះមិនមែនជាធម្មជាតិរបស់ពួកអារក្សទេឬ? តើនេះមិនមែនជានិស្ស័យរបស់សាតាំងទេឬ? មនុស្សបែបនេះ គឺជាពួកអារក្សដែលកំពុងរស់នៅក្នុងស្បែកជាមនុស្ស។ ពួកគេអាចមានមុខមាត់ជាមនុស្ស ប៉ុន្តែគ្រប់យ៉ាងនៅខាងក្នុងពួកគេ គឺជាអារក្ស។ គ្រប់យ៉ាងដែលពួកគេនិយាយ និងធ្វើ គឺមកពីអារក្ស។ គ្មានអ្វីដែលពួកគេធ្វើស្របតាមសេចក្តីពិតឡើយ មនុស្សដែលមានហេតុផលនឹងមិនធ្វើរឿងបែបនោះទេ ដូច្នេះ គ្មានអ្វីដែលត្រូវសង្ស័យឡើយថា ទាំងនេះគឺជាទង្វើរបស់ពួកអារក្ស របស់សាតាំង និងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នករាល់គ្នាគួរតែអាចឈ្វេងយល់យ៉ាងច្បាស់អំពីរឿងនេះហើយ។ ដូច្នេះ នៅពេលអ្នករាល់គ្នាប្រព្រឹត្ត និយាយ និងទាក់ទងជាមួយអ្នកដទៃ ពោលគឺ នៅក្នុងគ្រប់យ៉ាងដែលអ្នករាល់គ្នាធ្វើនៅក្នុងជីវិត អ្នកគួរតែប្រកាន់ខ្ជាប់តាមបញ្ញត្តិនេះនៅក្នុងដួងចិត្តរបស់អ្នក៖ «មនុស្សលោកមិនគួរតម្កើងខ្លួនឯងឡើយ ហើយក៏មិនត្រូវលើកសរសើរខ្លួនឯងដែរ។ គេគួរតែថ្វាយបង្គំ និងលើកតម្កើងព្រះជាម្ចាស់»។ នេះគួរតែជាដែនកំណត់ដែលមនុស្សត្រូវមាន ហើយពួកគេមិនត្រូវធ្វើហួសរហូតដល់ថ្នាក់ប្រមាថនិស្ស័យព្រះជាម្ចាស់ឡើយ។ បញ្ញត្តិរដ្ឋបាលនេះសំខាន់ណាស់ ហើយអ្នករាល់គ្នាគួរតែគិតគូរយ៉ាងយកចិត្តទុកដាក់អំពីអត្ថន័យនៃបញ្ញត្តិរដ្ឋបាលនេះ គិតគូរអំពីមូលហេតុដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សយល់ពីចំណុចនេះ និងយល់ពីអត្ថន័យដែលព្រះអង្គចង់សម្រេចបាន។ សូមពិចារណាចំណុចនេះដោយយកចិត្តទុកដាក់។ កុំបណ្តោយឱ្យវាចូលត្រចៀកម្ខាង រួចចេញពីត្រចៀកម្ខាងទៀតនោះឡើយ។ ការនេះនឹងមានប្រយោជន៍ខ្លាំងសម្រាប់អ្នករាល់គ្នា។

២. ចូរធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍នៃកិច្ចការរបស់ទ្រង់ឡើយ។ ចូរការពារព្រះនាម ទីបន្ទាល់ និងកិច្ចការរបស់ព្រះជាម្ចាស់។

អ្នកគួរតែប្រកាន់ខ្ជាប់ និងមានទំនួលខុសត្រូវចំពោះអ្វីដែលពាក់ព័ន្ធនឹងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬអ្វីដែលពាក់ព័ន្ធនឹងកិច្ចការនៃដំណាក់ព្រះជាម្ចាស់ និងព្រះនាមរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាម្នាក់ៗមានទំនួលខុសត្រូវ និងកាតព្វកិច្ចនេះ ហើយនេះជាអ្វីដែលអ្នករាល់គ្នាត្រូវតែធ្វើ។

៣. មាសប្រាក់ សម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្ដិនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាតង្វាយដែលមនុស្សគួរថ្វាយ។ តង្វាយទាំងនេះ អាចនឹងមិនមែនសម្រាប់ឱ្យនរណាផ្សេង ក្រៅតែពីបូជាចារ្យ និងព្រះជាម្ចាស់ឡើយ ដ្បិតតង្វាយរបស់មនុស្ស គឺសម្រាប់ឱ្យព្រះជាម្ចាស់សប្បាយព្រះទ័យ។ ព្រះជាម្ចាស់រំលែកតង្វាយទាំងនេះឱ្យតែបូជាចារ្យប៉ុណ្ណោះ គ្មាននរណាម្នាក់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ឬមានសិទ្ធិទទួលយកចំណែកណាមួយពីតង្វាយនេះឡើយ។ តង្វាយទាំងអស់របស់មនុស្ស (រាប់បញ្ចូលទាំងលុយ និងសម្ភារៈដែលអាចប្រើប្រាស់បានផង) ត្រូវថ្វាយទៅព្រះជាម្ចាស់ មិនមែនឱ្យទៅមនុស្សឡើយ ដូចនេះ មនុស្សមិនអាចយករបស់ទាំងអស់នេះបានឡើយ។ ប្រសិនបើមនុស្សយករបស់ទាំងនេះ នោះមានន័យថា គេបានលួចយកតង្វាយហើយ។ ជនណាដែលប្រព្រឹត្ដទង្វើបែបនេះគឺដូចយូដាសហើយក្រៅពីជាជនក្បត់ យូដាសក៏បានយកលុយនៅក្នុងថង់តង្វាយមកប្រើប្រាស់សម្រាប់ខ្លួនឯងដែរ។

ខ្ញុំចាំបាច់ត្រូវពន្យល់អំពីពាក្យទាំងនេះ។ បើខ្ញុំមិនពន្យល់ទេ នោះមនុស្សឥតអៀនខ្មាស និងមុខក្រាស់មួយចំនួន នឹងលួចតង្វាយមិនខាន។ សព្វថ្ងៃនេះ អ្នកដឹកនាំ និងអ្នកធ្វើការនៅគ្រប់កម្រិតក្នុងពួកជំនុំ កំពុងស្ថិតក្នុងពេលសាកល្បងការងារជាបណ្ដោះអាសន្ន។ អ្នកណាស័ក្ដិសម គេនឹងបន្តប្រើអ្នកនោះ ប៉ុន្តែអ្នកណាមិនស័ក្ដិសម គេនឹងបណ្ដេញ ឬផាត់អ្នកនោះចោល។ តំណែងទាំងនេះមិនស្ថិតស្ថេរនោះទេ។ កុំគិតថា ការក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការ មានន័យថា តំណែងរបស់អ្នកនឹងនៅស្ថិតស្ថេរ ហើយអ្នកនឹងមិនត្រូវគេបណ្ដេញចេញ ឬផាត់ចោលនោះឡើយ។ កុំបណ្តោយខ្លួនឱ្យជឿលើគំនិតភាន់ច្រឡំនេះឡើយ។ នេះជាបំណងប្រាថ្នាដ៏ហួសហេតុ។ សង្ឃមិនមែនជាអ្នកដឹកនាំធម្មតាទេ។ គាត់មានសិទ្ធិ និងលក្ខណៈសម្បត្តិ ដើម្បីបម្រើព្រះជាម្ចាស់ដោយផ្ទាល់។ តាមធម្មតា សិទ្ធិ និងលក្ខណៈសម្បត្តិនេះ ត្រូវបានព្រះជាម្ចាស់ប្រទានដល់គាត់។ នេះដូចជាពួកសង្ឃនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ។ ពួកគេអាចចូលទៅក្នុងព្រះវិហារបាន ប៉ុន្តែអ្នកផ្សេងទៀតមិនអាចចូលបានទេ ហើយពួកគេអាចហូបតង្វាយជាយញ្ញបូជាបាន ប៉ុន្តែអ្នកផ្សេងមិនអាចហូបបានទេ។ សព្វថ្ងៃនេះ នៅក្នុងយុគសម័យនៃនគរព្រះ តើសង្ឃគឺជាមនុស្សបែបនេះ? មនុស្សដែលត្រូវបានស្គាល់ថាជាសង្ឃកាលពីអតីតកាល សព្វថ្ងៃនេះត្រូវបានហៅថាជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើ។ ដូច្នេះ តើការនេះពណ៌នាអំពីអ្នករាល់គ្នាឬទេ? អ្នករាល់គ្នាមិនមែនជាពួកសង្ឃសោះឡើយ! សង្ឃគឺជាបុគ្គលម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើ ហើយក្រៅពីមនុស្សបែបនេះ គ្មាននរណាម្នាក់អាចទទួលបានតង្វាយនោះឡើយ។ គ្មាននរណាម្នាក់ស័ក្ដិសមនឹងទទួលបាននោះទេ។ ប្រសិនបើអ្នកអះអាងថា អ្នកជាបុគ្គលម្នាក់ស័ក្ដិសម អ្នកកំពុងតែអះអាងតាមចិត្តរបស់អ្នកផ្ទាល់ប៉ុណ្ណោះ។ អ្នកនឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលតង្វាយនោះទេ។ តង្វាយទាំងនោះមិនមែនសម្រាប់អ្នកឡើយ។

ខ្ញុំនឹងមានបន្ទូលថែមទៀតអំពីស្ថានភាពរបស់អ្នករាល់គ្នា។ សម្រាប់មនុស្សដូចអ្នករាល់គ្នា អ្នកដឹកនាំ និងអ្នកធ្វើការដែលធ្វើកិច្ចការជាក់លាក់នៅពួកជំនុំ ពួកជំនុំអាចផ្ដល់ជូនអ្នកនូវការចំណាយសម្រាប់ការធ្វើដំណើរបាន ប៉ុន្តែពួកជំនុំមិនទទួលខុសត្រូវលើតម្រូវការប្រចាំថ្ងៃរបស់អ្នកឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហើយការចំណាយសម្រាប់ព្រះជាម្ចាស់ គឺជារឿងមួយស្ម័គ្រចិត្ត។ ប្រសិនបើអ្នកនិយាយថា៖ «ខ្ញុំមិនធ្វើកិច្ចការនេះដោយស្ម័គ្រចិត្តទេ ការនេះគួរតែត្រូវបានរៀបចំដោយដំណាក់ព្រះជាម្ចាស់» នោះអ្នកអាចចាកចេញបាន។ អ្នកខ្លះនិយាយថា៖ «ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំ ព្រះជាម្ចាស់ចង់ប្រើខ្ញុំ ដូច្នេះហើយទើបខ្ញុំមក។ ខ្ញុំមិនបានមកដោយស្ម័គ្រចិត្តនោះទេ»។ ប្រសិនបើបែបនេះ ឥឡូវនេះ ខ្ញុំមិនត្រូវការអ្នកឡើយ។ អ្នកអាចចាកចេញទៅបាន។ ខ្ញុំមិនដែលបង្ខំមនុស្សឡើយ។ ទោះបីអ្នកនៅទីនេះដោយស្ម័គ្រចិត្តក៏ដោយ ថាតើអ្នកត្រូវបានបន្តនៅបានទៀតឬអត់ នោះគឺអាស្រ័យលើលក្ខណៈសម្បត្តិរបស់អ្នកវិញទេ។ ប្រសិនបើអ្នកគ្មានលក្ខណៈសម្បត្តិទេ នោះគេនឹងមិនប្រើអ្នកឡើយ។ គេអាចរកអ្នកផ្សេងមកជំនួសកន្លែងរបស់អ្នកបាន។ នេះជាគោលការណ៍ដែលដំណាក់ព្រះជាម្ចាស់ប្រើមនុស្ស។ គ្មានករណីពិសេសនោះទេ។ លុយនៃដំណាក់ព្រះជាម្ចាស់ ត្រូវចំណាយទៅលើកិច្ចការនៃដំណាក់របស់ព្រះ មិនមែនដើម្បីផ្គត់ផ្គង់ដល់ជីវិតរបស់បុគ្គលម្នាក់ៗ ឬក៏សម្រាប់ការសោយសុខបែបផ្ទាល់ខ្លួនរបស់មនុស្សនោះដែរ។

៤. មនុស្សមាននិស្ស័យពុករលួយ ហើយលើសពីនេះ គេពោរពេញដោយអារម្មណ៍រវើរវាយផង។ ដូចនេះ នៅពេលបម្រើព្រះ គឺត្រូវហាមដាច់ខាត មិនត្រូវមានសមាជិកភេទផ្ទុយគ្នា ធ្វើការជាមួយគ្នាតែពីរនាក់ឡើយ។ បើរកឃើញថា មានបុគ្គលណាប្រព្រឹត្ដបែបនេះ នោះត្រូវបណ្ដេញចេញ ដោយគ្មានការលើកលែងឡើយ។

បងប្អូនប្រុសៗមួយចំនួនទទូចក្នុងការប្រកបគ្នាតែជាមួយបងប្អូនស្រីៗ ហើយថែមទាំងធ្វើដូច្នោះម្នាក់ឯងទៀតផង។ ពួកគេបើកចំហប្រាប់បងប្អូនស្រីៗ នៅពេលដែលពួកគេធ្វើការប្រកបគ្នាជាមួយពួកគេ ប៉ុន្តែមិនធ្វើបែបនេះជាមួយអ្នកផ្សេងឡើយ។ មនុស្សទាំងនេះមិនល្អឡើយ! បងប្អូនស្រីៗមួយចំនួនមិនធ្វើការប្រកបគ្នាជាមួយបងប្អូនស្រីៗផ្សេងទៀតឡើយ ហើយមិនដែលបើកចំហចំពោះពួកគេឡើយ ដោយស្វែងរកតែបងប្អូនប្រុសៗប៉ុណ្ណោះ ដើម្បីធ្វើការប្រកបគ្នា។ តើទាំងនេះជាមនុស្សប្រភេទណា? តើគ្មានបងប្អូនស្រីៗម្នាក់ទេឬដែលអាចគាំទ្រអ្នក? តើគ្មានបងប្អូនស្រីៗម្នាក់ទេឬដែលនឹងធ្វើការប្រកបគ្នាជាមួយអ្នក? តើពួកគេគ្រប់គ្នាស្អប់អ្នកដែរឬទេ? តើគ្មាននរណាម្នាក់សក្ដិសមសម្រាប់អ្នកទេឬ? តើអ្នកគ្រាន់តែអាចស្រុះស្រួលជាមួយបងប្អូនប្រុសៗទេឬ? ខ្ញុំគិតថា អ្នកមានការជំរុញចិត្តផ្សេងទៀត! មនុស្សខ្លះតែងតែចែចង់ជាមួយអ្នកមានភេទផ្ទុយពីខ្លួន។ នេះជារឿងគ្រោះថ្នាក់។ អ្នកត្រូវតែចេះទប់ចិត្តខ្លួនឯង មានការយល់ដឹងជ្រៅជ្រះ និងមានហេតុផលខ្លះផង។ មនុស្សមាននិស្ស័យពុករលួយ ដូច្នេះ កុំបណ្ដែតបណ្ដោយខ្លួនផ្ដេសផ្ដាសនោះឡើយ។ អ្នកត្រូវតែចេះទប់ចិត្តខ្លួនឯងខ្លះ ហើយដោយធ្វើបែបនេះ អ្នកនឹងមានឥរិយាបថប្រសើរឡើង។ បើគ្មានការចេះទប់ចិត្តឯងខ្លួន ហើយបើគ្មានការកោតខ្លាចព្រះជាម្ចាស់ទេ នោះមនុស្សនឹងប្រែជាខិលខូចលែងគ្រប់គ្រងបានមិនខាន។ នៅពេលពួកគេបំពានបញ្ញត្តិរដ្ឋបាល ផលវិបាកគឺធ្ងន់ធ្ងរណាស់ ដូច្នេះ ពួកគេត្រូវចាំជានិច្ចអំពីបញ្ញត្តិរដ្ឋបាលនេះ។

៥. មិនត្រូវកាត់ទោសជំនួសព្រះជាម្ចាស់ឡើយ ហើយក៏មិនត្រូវពិភាក្សាពីបញ្ហានានាទាក់ទងនឹងព្រះជាម្ចាស់ដែរ។ ចូរធ្វើតាមអ្វីដែលមនុស្សគួរធ្វើ ហើយក៏មិនត្រូវឈានហួសព្រំដែន ឬរំលងដែនកំណត់ឡើយ។ ចូរប្រយ័ត្នអណ្ដាតរបស់អ្នក ហើយរក្សាកន្លែងដែលអ្នកឈានជើងចូល ដើម្បីចៀសវាងធ្វើអ្វីដែលប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។

៦. ចូរប្រព្រឹត្ដអ្វីដែលមនុស្សគួរធ្វើ ព្រមទាំងអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងបំពេញទំនួលខុសត្រូវរបស់អ្នក ហើយប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្លួនផង។ ដោយព្រោះអ្នកជឿលើព្រះជាម្ចាស់ អ្នកគួរចូលរួមចំណែកក្នុងកិច្ចការរបស់ទ្រង់។ ប្រសិនបើអ្នកមិនចូលរួមចំណែកទេ នោះអ្នកក៏មិនសាកសមនឹងចូលរួមហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនស័ក្ដិសមនឹងរស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ។

បញ្ញត្តិទីប្រាំមួយទាក់ទងនឹងភារកិច្ចរបស់មនុស្ស។ មិនថាអ្នកមានច្រកចូលទៅក្នុងជីវិតកាលពីមុនបែបណា ឬមានការដេញតាមផ្ទាល់ខ្លួនយ៉ាងណា ហើយមិនថាអ្នកមានគុណសម្បត្តិ ឬភាពជាមនុស្សបែបណាទេ ឱ្យតែកិច្ចការពួកជំនុំតម្រូវឱ្យអ្នកធ្វើកិច្ចការអ្វីមួយ មិនថាកិច្ចការនោះលំបាក ឬពិបាកខ្លាំងបែបណាទេ ក៏អ្នកគួរធ្វើកិច្ចការនោះដែរ។ ប្រសិនបើអ្នកមិនធ្វើទេ អ្នកមិនស័ក្ដិសមបន្តនៅក្នុងដំណាក់ព្រះជាម្ចាស់ឡើយ។ ដំណាក់ព្រះជាម្ចាស់មិនផ្គត់ផ្គង់ដល់ជនឥតប្រយោជន៍ ហើយក៏មិនទុកមនុស្សខ្ជិលឱ្យបន្តនៅនោះដែរ! ប្រសិនបើនរណាម្នាក់មិនដេញតាមសេចក្តីពិតទេ យ៉ាងហោចណាស់ ក៏ពួកគេត្រូវក្លាយជាអ្នកស៊ីឈ្នួលដែរ។ ប្រសិនបើពួកគេមិនចង់បម្រើសូម្បីតែបន្តិច ឬក៏ពួកគេប្រឹងធ្វើការតែបន្តិចបន្តួច ដើម្បីបានអាហារបរិភោគ នោះត្រូវបណ្ដេញពួកគេចេញ ត្រូវរឹបអូសយកសៀវភៅព្រះបន្ទូលព្រះជាម្ចាស់របស់ពួកគេមកវិញ ហើយត្រូវចាត់ការពួកគេដូចអ្នកមិនជឿព្រះអ៊ីចឹងដែរ។ យ៉ាងហោចណាស់ មនុស្សត្រូវជឿព្រះជាម្ចាស់ដោយចិត្តស្មោះ ត្រូវមានការកោតខ្លាចខ្លះចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន និងបង្ហាញចេញខ្លះនូវការថ្វាយបង្គំព្រះជាម្ចាស់ ដើម្បីឱ្យស័ក្ដិសមក្នុងការបន្តនៅក្នុងដំណាក់ព្រះជាម្ចាស់។ ដំណាក់ព្រះជាម្ចាស់មិនសុំច្រើនពេកពីមនុស្សឡើយ។ ដរាបណាគេមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ អាចយល់ និងទទួលយកសេចក្តីពិត ហើយចេះទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន នោះគឺគ្រប់គ្រាន់ហើយ។ យ៉ាងហោចណាស់ ឥរិយាបថរបស់អ្នក និងរបៀបដែលអ្នកប្រព្រឹត្ត ត្រូវតែអាចទទួលយកបាន។ អ្នកត្រូវតែមានការកោតខ្លាចខ្លះចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកត្រូវតែបង្ហាញការស្ដាប់បង្គាប់ខ្លះដល់ទ្រង់។ ប្រសិនបើអ្នកមិនទាំងអាចធ្វើកិច្ចការនេះបានផង នោះអ្នកគួរតែត្រលប់ទៅផ្ទះវិញឱ្យបានឆាប់តាមតែអាចធ្វើទៅបានចុះ ហើយឈប់ទ្រេតទ្រោតនៅក្នុងដំណាក់ព្រះជាម្ចាស់ទៀតឡើយ។ ប្រសិនបើអ្នកមិនព្រមបំពេញភារកិច្ចសូម្បីតែតូចបំផុត និងចង់តែយកស្រួលខ្លួននៅក្នុងដំណាក់ព្រះជាម្ចាស់ តើអ្នកគឺជាបុគ្គលម្នាក់ដែលជឿព្រះជាម្ចាស់ដោយចិត្តស្មោះដែរឬទេ? នៅក្នុងទស្សនៈរបស់ខ្ញុំ មនុស្សបែបនេះ គឺជាអ្នកមិនជឿលើព្រះ គ្មានខុសអ្វីពីអ្នកមិនជឿសោះឡើយ។ ពួកគេពិបាកនឹងមើលណាស់! ប្រសិនបើអ្នកចង់ជឿលើព្រះជាម្ចាស់ ចូរជឿឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ កុំជឿតែម្ដងទៅ។ ជំនឿលើព្រះជាម្ចាស់ គឺជារឿងស្ម័គ្រពីចិត្ត។ គ្មាននរណាម្នាក់បង្ខំអ្នកទេ។ ប្រសិនបើអ្នកមិនអាចយល់រឿងដ៏តូចមួយនេះផង តើត្រូវនិយាយអ្វីទៀតអំពីជំនឿលើព្រះជាម្ចាស់ទៅ? ដំណាក់ព្រះជាម្ចាស់មិនចង់បានកាកសំណល់ឡើយ។ ពួកជំនុំមិនមែនជាទីស្រោចស្រង់ជីវិតនោះទេ។ អ្នកណាដែលខ្វះខាតសូម្បីតែការទទួលយកសេចក្តីពិត អ្នកនោះនឹងត្រូវផាត់ចោល និងដកចេញមិនខាន! សេចក្តីពិតគ្រប់គ្រងនៅក្នុងដំណាក់ព្រះជាម្ចាស់។ ប្រសិនបើនរណាម្នាក់ចង់ធ្វើអ្វីមួយដែលគ្មានហេតុផល ឬក៏ចង់បង្កការបង្អាក់ ឬការរំខានណាមួយ គឺត្រូវដក និងផាត់ពួកគេចោលទាំងស្រុង។

៧. ចំពោះកិច្ចការ និងបញ្ហារបស់ពួកជំនុំវិញ ក្រៅពីការស្ដាប់បង្គាប់ព្រះជាម្ចាស់ ចូរធ្វើតាមដំបូន្មានរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើប្រាស់ ក្នុងគ្រប់កិច្ចការទាំងអស់។ សូម្បីតែការបំពានបន្ដិចបន្ទួច ក៏មិនអាចទទួលយកបានដែរ។ ចូររក្សាការអនុវត្តតាមឱ្យបានដាច់ខាត ហើយមិនត្រូវវិភាគរកត្រូវ ឬខុសឡើយ ដ្បិតអ្វីដែលត្រូវ ឬខុសនោះ វាមិនពាក់ព័ន្ធនឹងអ្នកឡើយ។ អ្នកត្រូវខ្វល់ខ្វាយពីខ្លួនឯង គឺមានតែការស្ដាប់បង្គាប់ទាំងស្រុងប៉ុណ្ណោះ។

អ្នកត្រូវតែស្ដាប់ និងស្ដាប់បង្គាប់តាមមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ មិនថាគេនិយាយ ឬធ្វើអ្វីឡើយ។ ត្រូវធ្វើតាមអ្វីដែលគេប្រាប់អ្នក ធ្វើតាមរបៀបដែលគេប្រាប់អ្នកឱ្យធ្វើ។ កុំនិយាយថា៖ «តើព្រះជាម្ចាស់ជ្រាបឬអត់? ខ្ញុំត្រូវតែទូលសួរព្រះជាម្ចាស់» នោះឡើយ។ គ្មានភាពចាំបាច់ត្រូវសួរឡើយ គ្រាន់តែធ្វើតាមសម្ដីរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើទៅបានហើយ។ តើអ្នកយល់ដែរទេ? គ្មានភាពចាំបាច់ត្រូវនិយាយអំពីចំណុចនេះទៀតឡើយ។ អ្នករាល់គ្នាគួរតែយល់ច្បាស់ពីចំណុចនេះហើយ។

៨. មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ មិនត្រូវលើកតម្កើង ឬស្ងើចសរសើរបុគ្គលណាម្នាក់ឡើយ។ មិនត្រូវចាត់ទុកព្រះជាទីមួយ ទុកមនុស្សដែលខ្លួនស្ងើចសរសើរជាទីពីរ ហើយចាត់ទុកខ្លួនឯងជាទីបីឡើយ។ ដួងចិត្ដរបស់អ្នកមិនត្រូវមាននរណាផ្សេងទៀតឡើយ ហើយអ្នកមិនត្រូវចាត់ទុកនរណាផ្សេងទៀត ជាពិសេសមនុស្សដែលអ្នកគោរពឱ្យតម្លៃធៀបនឹងព្រះជាម្ចាស់ ឬទុកស្មើនឹងព្រះអង្គឡើយ។ ចំណុចនេះ ព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។

មនុស្សខ្លះពូកែចាក់បណ្ដោយ ដើម្បីបឺតជញ្ជក់ពីអ្នកដទៃ។ ពួកគេឃើញខ្ញុំសរសើរអ្នកណា ឃើញខ្ញុំប្រព្រឹត្តល្អចំពោះអ្នកណា ឬឃើញខ្ញុំចំណាយពេលជាញឹកញាប់ប្រកបគ្នាជាមួយអ្នកណា ពួកគេខំនៅអ្នកទាំងនោះ ដើម្បីបឺតជញ្ជក់។ គំនិតពួកគេមាននូវសញ្ញាណមួយថា៖ ឥឡូវ បន្ទាប់ពីព្រះជាម្ចាស់យាងមក បងប្រុសម្នាក់នេះ ហើយក្រោយមក បន្ទាប់ពីគាត់ ឥឡូវចូលដល់បងស្រីម្នាក់នេះ។ នៅក្នុងគំនិតរបស់អ្នក មិនត្រូវមានលំដាប់ថ្នាក់ថា៖ ព្រះជាម្ចាស់ជាទីមួយ បុគ្គលនោះជាទីពីរ ទីបី ឬទីបួនឡើយ។... តើការចាត់ថ្នាក់បែបនេះមានគោលបំណងអ្វីទៅ? តើនេះមិនដូចជាតុលាការរាជានិយម ដែលព្រះមហាក្សត្រជាទីមួយ នាយករដ្ឋមន្ត្រីជាទីពីរ ហើយមន្ត្រីម្នាក់ទៀតជាទីបីទេឬអី? នៅក្នុងដំណាក់ព្រះជាម្ចាស់ គ្មានលំដាប់ថ្នាក់បែបនេះទេ គឺមានតែព្រះជាម្ចាស់ និងរាស្ត្ររើសតាំងព្រះជាម្ចាស់ប៉ុណ្ណោះ ហើយរាស្ត្ររើសតាំងព្រះជាម្ចាស់គួរតែស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់តែមួយប៉ុណ្ណោះ! តាមពិតទៅ អ្នករាល់គ្នាមានឋានៈស្មើគ្នា។ មិនថាអ្នករាល់គ្នាបានទទួលយកព្រះជាម្ចាស់មុនឬក្រោយ មិនថាអ្នកមានភេទ អាយុ ឬគុណសម្បត្តិបែបណាទេ អ្នករាល់គ្នាមានឋានៈស្មើគ្នានៅចំពោះព្រះជាម្ចាស់។ មិនត្រូវថ្វាយបង្គំមនុស្សឡើយ ហើយក៏កុំគិតច្រើនពេកអំពីខ្លួនឯងនោះដែរ។ មិនត្រូវបង្កើតលំដាប់ថ្នាក់ ឬជាន់ថ្នាក់ឡើយ។ ប្រសិនបើអ្នកបង្កើត នោះវាសបញ្ជាក់ឱ្យឃើញថា ដួងចិត្តរបស់អ្នកត្រូវបានបំពុលដោយសញ្ញាណ និងការស្រមើស្រមៃជាច្រើនបែបមនុស្ស ហើយអ្នកទំនងជាបំពានបញ្ញត្តិមិនខាន។

៩. ចូររក្សាគំនិតរបស់អ្នកឱ្យនៅជាប់នឹងកិច្ចការរបស់ពួកជំនុំ។ ត្រូវយកគំនិតដែលគិតពីសាច់ឈាមខ្លួនអ្នកផ្ទាល់ទុកដោយឡែក ត្រូវចេះសម្រេចចិត្ដចំពោះបញ្ហាគ្រួសារ ដោយថ្វាយខ្លួនទាំងស្រុងចំពោះកិច្ចការបស់ព្រះជាម្ចាស់ ហើយត្រូវទុកកិច្ចការរបស់ព្រះជាម្ចាស់ជាទីមួយ រួចទុកជីវិតរស់នៅរបស់ខ្លួនជាទីពីរ។ នេះគឺជាសេចក្ដីថ្លៃថ្នូររបស់ពួកបរិសុទ្ធ។

១០. មិនត្រូវបង្ខំសាច់ញាតិរបស់អ្នក (កូនៗរបស់អ្នក ស្វាមី ឬភរិយា បងប្អូនប្រុសស្រី ឬឪពុកម្ដាយ និងញាតិផ្សេងៗទៀត) ដែលមិនទាន់ជឿ ឱ្យទៅចូលរួមពួកជំនុំឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនខ្វះសមាជិកឡើយ ហើយមិនចាំបាច់បង្កើនចំនួនមនុស្សឡើយ។ មិនត្រូវនាំអស់អ្នកដែលមិនបានជឿដោយចិត្ដរីករាយឱ្យទៅពួកជំនុំឡើយ។ បញ្ញត្តិនេះគឺ សម្រាប់មនុស្សទាំងអស់។ អ្នករាល់គ្នាគួរតែត្រួតពិនិត្យ តាមដាន និងរំឭកគ្នាទៅវិញទៅមកអំពីបញ្ហានេះ គ្មាននរណាម្នាក់អាចបំពានច្បាប់នេះឡើយ។ សូម្បីតែពេលដែលសាច់ញាតិណាដែលមិនទាន់មានជំនឿ រួចចូលក្នុងពួកជំនុំដោយស្ទាក់ស្ទើ នោះពួកគេមិនត្រូវទទួលបានសៀវភៅ ឬឈ្មោះថ្មីឡើយ។ មនុស្សបែបនេះមិនទាន់ជាមនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយត្រូវហាមឃាត់ពួកគេមិនឱ្យចូលពួកជំនុំ ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលចាំបាច់។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ចំពោះពួកជំនុំដោយសារតែការលុកលុយរបស់វិញ្ញាណអាក្រក់ នោះខ្លួនអ្នកផ្ទាល់ក៏នឹងត្រូវបណ្ដេញចេញ ឬនឹងត្រូវដាក់ការរឹតបន្តឹងមកលើអ្នក។ សរុបមក គ្រប់គ្នាមានចំណែកទំនួលខុសត្រូវចំពោះបញ្ហានេះ ប៉ុន្តែ អ្នកមិនត្រូវធ្វេសប្រហែស ក៏មិនត្រូវយករឿងនេះដើម្បីសកសឹកគំនុំផ្ទាល់ខ្លួនដែរ។

ទាំងនេះគឺជាបញ្ញត្តិរដ្ឋបាលទាំងដប់របស់ព្រះជាម្ចាស់ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវធ្វើតាមនៅក្នុងយុគសម័យនៃនគរព្រះ។ ត្រូវចាំបញ្ញត្តិទាំងអស់នេះ។

ចុងឆ្នាំ ១៩៩៥

ខាង​ដើម៖ របៀបដែលមនុស្សចូលទៅក្នុងយុគសម័យថ្មី

បន្ទាប់៖ ទិដ្ឋភាពទីពីរស្ដីពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ