ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X

ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ (IV)

យើងនឹងជជែកគ្នាអំពីប្រធានបទពិសេសមួយនៅថ្ងៃនេះ។ សម្រាប់អ្នកជឿព្រះគ្រប់រូប មានរឿងសំខាន់ពីរយ៉ាងដែលត្រូវដឹង ត្រូវពិសោធ និងត្រូវយល់។ តើរឿងទាំងពីរយ៉ាងនេះ គឺជាអ្វី? ទីមួយ គឺច្រកចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ហើយទីពីរ គឺទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់។ ចំពោះប្រធានបទដែលយើងបាន និងកំពុងជជែកគ្នាក្នុងពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងប្រធានបទនៃការស្គាល់ព្រះជាម្ចាស់ តើអ្នករាល់គ្នាគិតថាខ្លួនឯងអាចយល់ពីប្រធានបទនេះបានដែរឬទេ? ជារឿងសមហេតុផលដែលថា ប្រធានបទនេះហួសពីការយល់ដឹងបានរបស់មនុស្ស។ អ្នករាល់គ្នាអាចនឹងមិនជឿពាក្យសម្តីរបស់ខ្ញុំ ប៉ុន្តែហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ខ្ញុំនិយាយបែបនេះ ដោយសារតែពេលដែលអ្នករាល់គ្នាស្តាប់អ្វីដែលខ្ញុំបាននិយាយកាលពីមុន មិនថាខ្ញុំនិយាយដោយបែបណា ឬប្រើពាក្យបែបណានោះទេ អ្នករាល់គ្នាសុទ្ធតែអាចដឹងពីអត្ថន័យនៃពាក្យពេចន៍ទាំងនោះបាន ទាំងន័យចំ និងន័យខាងទ្រឹស្តី។ ទោះជាយ៉ាងណា សម្រាប់អ្នករាល់គ្នា បញ្ហាធំបំផុតមួយគឺ អ្នករាល់គ្នាមិនយល់ពីមូលហេតុដែលខ្ញុំនិយាយរឿងបែបនេះ ឬមិនយល់ពីមូលហេតុដែលខ្ញុំនិយាយពីប្រធានបទបែបនេះទេ។ នេះគឺជាចំណុចសំខាន់នៃបញ្ហានេះ។ ដូច្នេះហើយ ទោះបីជាអ្នករាល់គ្នាបានស្ដាប់រឿងទាំងអស់នេះ ហើយមានការយល់ដឹងច្រើនជាងមុនអំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ក៏ដោយ ក៏អ្នករាល់គ្នានៅតែមានអារម្មណ៍ថា ការស្គាល់ព្រះជាម្ចាស់ តម្រូវឱ្យមានការខំប្រឹងប្រែងខ្លាំងណាស់។ មានន័យថា បន្ទាប់ពីបានស្ដាប់អ្វីដែលខ្ញុំបាននិយាយហើយ អ្នករាល់គ្នាភាគច្រើន មិនយល់ពីមូលហេតុដែលខ្ញុំបាននិយាយរឿងនេះ ឬមិនដឹងពីការជាប់ទាក់ទងអ្វីខ្លះទៅនឹងការស្គាល់ព្រះជាម្ចាស់នោះទេ។ មូលហេតុដែលអ្នកមិនអាចយល់អំពីការជាប់ទាក់ទងនៃរឿងនេះជាមួយនឹងការស្គាល់ព្រះជាម្ចាស់ គឺដោយសារបទពិសោធជីវិតរបស់អ្នករាល់គ្នានៅស្ទើរខ្លាំងពេក។ ប្រសិនបើចំណេះដឹង និងបទពិសោធរបស់មនុស្សពាក់ព័ន្ធព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅតែស្ថិតក្នុងកម្រិតរាក់កំផែលបែបនេះទៀត នោះចំណេះដឹងភាគច្រើនរបស់ពួកគេអំពីទ្រង់ នឹងស្រពេចស្រពិល អរូបីមិនខាន។ ចំណេះដឹងទាំងអស់ នឹងមានលក្ខណៈទូទៅ ជាគោលលទ្ធិ និងមានលក្ខណៈជាទ្រឹស្តី។ តាមទ្រឹស្តី ចំណេះដឹងនេះអាចមានលក្ខណៈសមហេតុផល និងត្រឹមត្រូវ ប៉ុន្តែចំណេះដឹងអំពីព្រះជាម្ចាស់ដែលចេញពីមាត់មនុស្ស ភាគច្រើនគឺគ្មានន័យនោះទេ។ ហេតុអ្វីបានខ្ញុំនិយាយថា គ្មានន័យ? គឺដោយសារតែអ្នកគ្មានការយល់ដឹងពិតប្រាកដច្បាស់លាស់អំពីការពិត និងភាពត្រឹមត្រូវនៃសម្ដីដែលខ្លួនអ្នកបាននិយាយពាក់ព័ន្ធនឹងការស្គាល់ព្រះជាម្ចាស់នោះទេ។ ហេតុដូចនេះ ទោះបីជាមនុស្សភាគច្រើនបានឮព័ត៌មាន និងប្រធានបទជាច្រើនពាក់ព័ន្ធនឹងការស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏ចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ នៅមិនទាន់ចេញផុតពីទ្រឹស្តី និងគោលលទ្ធិដែលស្រពេចស្រពិល និងអរូបីនៅឡើយទេ។ ដូចនេះ តើបញ្ហានេះអាចដោះស្រាយដូចម្តេចបានទៅ? តើអ្នករាល់គ្នាធ្លាប់គិតអំពីចំណុចនេះដែរឬទេ? ប្រសិនបើមនុស្សម្នាក់មិនដេញតាមសេចក្តីពិត តើពួកគេអាចមានតថភាពដែរឬទេ? ប្រសិនបើមនុស្សម្នាក់មិនដេញតាមសេចក្តីពិត នោះពួកគេពិតជាគ្មានតថភាពនោះទេ ដូច្នេះហើយ ដាច់ខាត ពួកគេច្បាស់ជាគ្មានចំណេះដឹង ឬបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើអ្នកដែលគ្មានការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចស្គាល់ព្រះជាម្ចាស់បានទេ? ដាច់ខាតគឺមិនអាចស្គាល់ឡើយ។ ចំណុចទាំងពីរនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ដូច្នេះហើយ មនុស្សភាគច្រើននិយាយថា៖ «ហេតុអ្វីបានជាការស្គាល់ព្រះជាម្ចាស់លំបាកខ្លាំងម្ល៉េះ? នៅពេលខ្ញុំនិយាយអំពីការស្គាល់ខ្លួនឯង ខ្ញុំអាចបន្តនិយាយបានរាប់ម៉ោង ប៉ុន្តែនៅពេលនិយាយអំពីការស្គាល់ព្រះជាម្ចាស់វិញ ខ្ញុំគ្មានពាក្យអ្វីនិយាយនោះទេ។ ទោះបីជាពេលដែលខ្ញុំអាចនិយាយបានអំពីប្រធានបទនោះបន្តិបន្ដួចក៏ដោយ ក៏ពាក្យសម្តីរបស់ខ្ញុំដូចត្រូវបង្ខំឱ្យចេញមក ហើយស្តាប់ទៅដូចជាមិនច្បាស់លាស់សោះ។ នៅពេលខ្ញុំឮខ្លួនឯងនិយាយពាក្យទាំងនោះ ស្តាប់ទៅដូចជាឆ្គង»។ ប្រភពបញ្ហាគឺនៅត្រង់នេះ។ ប្រសិនបើអ្នកមានអារម្មណ៍ថា ការស្គាល់ព្រះជាម្ចាស់លំបាកខ្លាំង មានអារម្មណ៍ថាការស្គាល់ទ្រង់ត្រូវការឱ្យមានការខិតខំប្រឹងប្រែងច្រើន ឬមានអារម្មណ៍ថា អ្នកគ្មានប្រធានបទដើម្បីលើកយកមកនិយាយ ឬគិតមិនឃើញពីរឿងពិតដើម្បីលើកយកមកជជែកគ្នា និងចែករំលែកដល់អ្នកដទៃនិងខ្លួនឯងបានទេ នោះបង្ហាញថា អ្នកមិនមែនជាមនុស្សម្នាក់ដែលមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអ្វី? តើព្រះបន្ទូលរបស់ទ្រង់មិនមែនជាការសម្តែងពីកម្មសិទ្ធិនិងលក្ខណៈរបស់ព្រះជាម្ចាស់ទេឬអី? ប្រសិនបើអ្នកគ្មានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេនោះ តើអ្នកអាចមានចំណេះដឹងណាមួយអំពីកម្មសិទ្ធិនិងលក្ខណៈរបស់ព្រះជាម្ចាស់ដែរឬទេ? រឿងទាំងអស់នេះគឺសុទ្ធតែមានទំនាក់ទំនងគ្នា។ ប្រសិនបើអ្នកគ្មានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយអ្នកក៏មិនស្គាល់និស្ស័យរបស់ទ្រង់ មិនដឹងពីអ្វីដែលទ្រង់សព្វព្រះទ័យ អ្វីដែលទ្រង់ស្អប់ អ្វីដែលជាសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស ប្រភេទអាកប្បកិរិយាដែលទ្រង់មានចំពោះមនុស្សល្អ និងប្រភេទអាកប្បកិរិយាដែលទ្រង់មានចំពោះមនុស្សអាក្រក់ដែរ។ អ្នកច្បាស់ជាយល់មិនច្បាស់ និងមានការស្រពេចស្រពិលចំពោះចំណុចនេះជាក់ជាមិនខាន។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ក្នុងភាពស្រពេចស្រពិលបែបនេះ នោះនៅពេលដែលអ្នកអះអាងថា អ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលដេញតាមសេចក្តីពិត និងដើរតាមព្រះជាម្ចាស់ តើការអះអាងបែបនេះ ពិតដែរទេ? មិនពិតនោះទេ! ដូច្នេះហើយ យើងនាំគ្នាបន្តជជែកអំពីការស្គាល់ព្រះជាម្ចាស់បន្ថែមទៀត។

អ្នករាល់គ្នាសុទ្ធតែចង់ស្ដាប់ប្រធានបទនៃការប្រកបគ្នានៅថ្ងៃនេះ ត្រូវទេ? ប្រធានបទនេះក៏ទាក់ទងទៅនឹងប្រធានបទ «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ដែលយើងទើបនឹងបានពិភាក្សាគ្នាថ្មីៗនេះផងដែរ។ យើងបាននិយាយជាច្រើនអំពីការដែល «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ដោយប្រើប្រាស់មធ្យោបាយ និងទស្សនៈយល់ឃើញខុសៗគ្នា ដើម្បីប្រាប់ឱ្យមនុស្សបានដឹងអំពីរបៀបដែលព្រះជាម្ចាស់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាង មធ្យោបាយអ្វីខ្លះដែលទ្រង់ប្រើដើម្បីធ្វើកិច្ចការទាំងនោះ ហើយតើទ្រង់គ្រប់គ្រងរបស់សព្វសារពើដោយផ្អែកលើគោលការណ៍អ្វីខ្លះ ទើបរបស់សព្វសារពើនោះ អាចមានវត្តមាននៅលើភពដែលព្រះជាម្ចាស់បានបង្កើតមកនេះ។ យើងក៏បានជជែកគ្នាជាច្រើនអំពីរបៀបដែលព្រះជាម្ចាស់ទំនុកបម្រុងដល់មនុស្សជាតិផងដែរ៖ មធ្យោបាយដែលទ្រង់ប្រទានការទំនុកបម្រុងនោះ ប្រភេទនៃបរិស្ថានរស់នៅដែលទ្រង់ប្រទានដល់មនុស្ស ព្រមទាំងមធ្យោបាយនិងចំណុចចាប់ផ្តើមដែលទ្រង់ប្រទានបរិស្ថានរស់នៅដ៏មានស្ថិរភាពសម្រាប់មនុស្ស។ ទោះបីជាខ្ញុំមិនបាននិយាយឱ្យចំពីទំនាក់ទំនងរវាងការត្រួតត្រា និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ជាមួយនឹងការគ្រប់គ្រងរបស់ទ្រង់ក៏ដោយ ក៏ខ្ញុំបាននិយាយចំៗអំពីមូលហេតុដែលទ្រង់គ្រប់គ្រងរបស់សព្វសារពើតាមវិធីនេះ ក៏ដូចជាមូលហេតុដែលទ្រង់ទំនុកបម្រុង និងចិញ្ចឹមបីបាច់មនុស្សជាតិតាមលក្ខណៈបែបនេះផងដែរ។ ទាំងអស់នេះ គឺទាក់ទងទៅនឹងការគ្រប់គ្រងរបស់ទ្រង់។ ខ្លឹមសារដែលយើងបាននិយាយ គឺមានលក្ខណៈទូលំទូលាយណាស់៖ រាប់ចាប់តាំងពីបរិស្ថានធំ រហូតដល់វត្ថុតូចៗ ដូចជារបស់ចាំបាច់ជាមូលដ្ឋាន និងអាហាររបស់មនុស្សជាដើម រាប់ចាប់ពីរបៀបដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ និងរបៀបដែលទ្រង់ធ្វើឱ្យរបស់នោះដំណើរការដោយមានរបៀបរាបរយ រហូតដល់បរិស្ថានរស់នៅដ៏សមស្របនិងត្រឹមត្រូវ ដែលទ្រង់បានបង្កើតឡើងសម្រាប់មនុស្សគ្រប់ជាតិសាសន៍ ។ល។ និង ។ល។ ខ្លឹមសារទូលំទូលាយទាំងអស់នេះ សុទ្ធតែទាក់ទងនឹងរបៀបដែលមនុស្សរស់នៅក្នុងសាច់ឈាមនេះទាំងអស់ ពោលគឺ សុទ្ធតែទាក់ទងនឹងវត្ថុនៃពិភពរូបធាតុ ដែលមនុស្សអាចមើលឃើញដោយភ្នែកទទេបាន ដែលមនុស្សអាចមានអារម្មណ៍ដឹងបាន ដូចជាភ្នំ ទន្លេ មហាសមុទ្រ តំបន់វាលទំនាប ។ល។ និង ។ល។ ទាំងអស់នេះគឺជាអ្វីៗដែលអាចមើលឃើញ និងអាចប៉ះបាន។ នៅពេលដែលខ្ញុំនិយាយអំពីខ្យល់ និងសីតុណ្ហភាព អ្នករាល់គ្នាអាចប្រើខ្យល់ដង្ហើមដើម្បីដឹងពីអត្ថិភាពនៃខ្យល់ដោយខ្លួនឯងបាន ហើយប្រើរាងកាយរបស់អ្នកដើម្បីដឹងថាសីតុណ្ហភាពទាប ឬខ្ពស់បាន។ ដើមឈើ ស្មៅ បក្សាបក្សី និងសត្វនៅក្នុងព្រៃ សត្វដែលហោះនៅលើមេឃ និងដើរនៅលើដី និងសត្វតូចៗផ្សេងទៀតដែលចេញពីរូងក្នុងដី សុទ្ធតែអាចមើលឃើញផ្ទាល់នឹងភ្នែករបស់មនុស្សបាន និងអាចស្ដាប់ឮដោយត្រចៀករបស់ពួកគេផ្ទាល់បាន។ ទោះបីជាវិសាលភាពដែលរបស់ទាំងនេះរស់នៅធំបន្តិចក្ដី ក៏របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក តំណាងឱ្យពិភពរូបធាតុតែមួយគត់។ វត្ថុខាងរូបធាតុ គឺជាអ្វីដែលមនុស្សអាចមើលឃើញ និងមានអារម្មណ៍ដឹងបាន ដែលអាចនិយាយបានថា នៅពេលដែលអ្នកប៉ះវា អ្នកអាចស្គាល់វាបាន ហើយនៅពេលដែលអ្នកមើលឃើញវា នោះខួរក្បាលរបស់អ្នកបង្ហាញរូបសណ្ឋាន និងរូបភាពមួយដល់អ្នកបាន។ របស់ទាំងនោះជាអ្វីៗដែលពិត និងជាក់ស្តែង។ ចំពោះអ្នក របស់នោះមិនមែនជារបស់អរូបីនោះទេ តែមានរូបរាង។ របស់នោះអាចមានរូបរាងបួនជ្រុងឬរាងមូល វែងឬខ្លី ហើយអ្នកមានចំណាប់អារម្មណ៍ខុសៗគ្នាលើរបស់ទាំងនោះ។ របស់ទាំងអស់នេះ តំណាងឱ្យទិដ្ឋភាពរូបធាតុនៃការបង្កើតរបស់សព្វសារពើមក។ ដូច្នេះហើយ ចំពោះព្រះជាម្ចាស់ តើពាក្យ «របស់សព្វសារពើ» នៅក្នុងឃ្លា «ការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ» សំដៅលើអ្វីខ្លះ? មិនត្រឹមតែរាប់បញ្ចូលនូវរបស់នានាដែលមនុស្សអាចមើលឃើញ និងប៉ះបាននោះទេ។ ជាងនេះទៅទៀត ក៏រួមបញ្ចូលទាំងរបស់ទាំងអស់ដែលមើលមិនឃើញ និងមិនអាចប៉ះបានផងដែរ។ នេះគឺជាអត្ថន័យពិតប្រាកដមួយនៃការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ ទោះបីជារបស់ទាំងនោះ មនុស្សមិនអាចមើលឃើញ និងប៉ះបានក៏ដោយ តែសម្រាប់ព្រះជាម្ចាស់វិញ ឱ្យតែរបស់នោះអាចពិនិត្យសង្កេតដោយព្រះនេត្យរបស់ទ្រង់ និងស្ថិតក្រោមអធិបតេយ្យភាពរបស់ទ្រង់ នោះវាមានប្រាកដមែន។ ទោះវត្ថុនោះមានលក្ខណៈអរូបី មិនអាចនឹកគិតឃើញក៏ដោយ ហើយទោះមនុស្សមិនអាចមើលឃើញ និងប៉ះបានក៏ដោយ ក៏ចំពោះព្រះជាម្ចាស់ របស់នោះពិតជាមានវត្តមានប្រាកដមែន។ នេះគឺជាពិភពមួយទៀតក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់ត្រួត្រា ហើយវាក៏ជាផ្នែកមួយទៀតនៃវិសាលភាពដែលទ្រង់គ្រប់គ្រងលើរបស់សព្វសារពើរនោះផងដែរ។ នេះគឺជាប្រធានបទសម្រាប់ការប្រកបគ្នានៅថ្ងៃនេះ៖ របៀបដែលព្រះជាម្ចាស់ត្រួតត្រា និងគ្រប់គ្រងលើពិភពខាងវិញ្ញាណ។ ដោយសារតែប្រធានបទនេះ និយាយផ្ដោតលើរបៀបដែលព្រះជាម្ចាស់ត្រួតត្រា និងគ្រប់គ្រងលើរបស់សព្វសារពើ នោះវាទាក់ទងទៅនឹងពិភពផ្សេងពីពិភពរូបធាតុ នោះគឺពិភពខាងវិញ្ញាណ។ ហេតុដូច្នេះហើយ ការស្វែងយល់ពីពិភពនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ទាល់តែមនុស្សជជែកគ្នា និងបានយល់ដឹងអំពីខ្លឹមសារនេះសិន ទើបពួកគេអាចយល់ដឹងពិតប្រាកដពីអត្ថន័យពិតនៃពាក្យថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» បាន។ នេះគឺជាមូលហេតុដែលយើងនឹងពិភាក្សាគ្នាអំពីប្រធានបទនេះ។ គោលបំណងនៃការពិភាក្សានេះ គឺដើម្បីបញ្ចប់ប្រធានបទ «ព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ ហើយព្រះជាម្ចាស់គ្រប់គ្រង់លើរបស់សព្វសារពើ»។ ប្រហែលជាពេលដែលអ្នករាល់ស្តាប់ឮប្រធានបទនេះ អ្នករាល់គ្នាអាចមានអារម្មណ៍ចម្លែក ឬអាចនឹងមិនយល់ ប៉ុន្តែមិនថាអ្នករាល់គ្នាមានអារម្មណ៍បែបណានោះទេ ដោយសារពិភពខាងវិញ្ញាណគឺជាផ្នែកមួយនៃរបស់សព្វសារពើដែលព្រះជាម្ចាស់ត្រួតត្រា នោះអ្នករាល់គ្នាត្រូវតែមានការយល់ដឹងខ្លះៗពីប្រធានបទនេះ។ នៅពេលដែលអ្នករាល់គ្នាយល់បានខ្លះៗហើយ នោះអ្នករាល់គ្នាមុខជាមានការកោតសរសើរ មានការយល់ដឹង និងមានចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីឃ្លាដែលថា «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» មិនខាន។

របៀបដែលព្រះជាម្ចាស់ត្រួតត្រា និងគ្រប់គ្រងពិភពខាងវិញ្ញាណ

សម្រាប់ពិភពរូបធាតុ នៅពេលណាដែលមនុស្សមិនយល់ពីអ្វីមួយ ឬបាតុភូតណាមួយ ពួកគេអាចស្រាវជ្រាវរកព័ត៌មានពាក់ព័ន្ធ ឬប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីស្វែងរកប្រភពដើម និងសាវតារនៃរបស់ទាំងនោះ។ ប៉ុន្តែ ចំពោះពិភពផ្សេងទៀតដែលយើងនឹងយកមកជជែកគ្នានៅថ្ងៃនេះវិញ (ពិភពខាងវិញ្ញាណដែលនៅក្រៅពិភពរូបធាតុ) មនុស្សពិតជាគ្មានវិធី ឬមធ្យោបាយដើម្បីរៀនសូត្រពីពិភពនោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ខ្ញុំនិយាយបែបនេះ គឺដោយសារតែនៅក្នុងពិភពរបស់មនុស្សជាតិ គ្រប់យ៉ាងចេញពីពិភពរូបធាតុ មិនអាចកាត់ផ្តាច់ពីវត្តមានរូបកាយរបស់មនុស្សបានទេ ហើយដោយសារតែមនុស្សមានអារម្មណ៍ថា គ្រប់យ៉ាងចេញពីពិភពរូបធាតុ មិនអាចកាត់ផ្តាច់ពីការរស់នៅខាងរូបកាយ និងជីវិតខាងរាងកាយរបស់ពួកគេបាន ទើបមនុស្សភាគច្រើនត្រឹមតែដឹងឬយល់ពីវត្ថុដែលអាចមើលឃើញនៅចំពោះមុខរបស់ពួកគេប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលនិយាយដល់ពិភពខាងវិញ្ញាណ ពោលគឺគ្រប់យ៉ាងដែលស្ថិតនៅក្នុងពិភពផ្សេងទៀត នោះអាចនិយាយបានថា មនុស្សភាគច្រើនមិនជឿនោះទេ។ ដោយសារតែមនុស្សមិនអាចមើលឃើញបាន ហើយជឿថា គ្មានអ្វីចាំបាច់ត្រូវយល់ ឬស្គាល់អី្វៗពីពិភពនោះទេ ហើយជាងនេះទៅទៀត ពិភពខាងវិញ្ញាណខុសគ្នាពីពិភពរូបធាតុទាំងស្រុង ហើយតាមព្រះតម្រិះរបស់ព្រះជាម្ចាស់ ពិភពខាងវិញ្ញាណ គ្មានអាថ៌កំបាំងនោះទេ ប៉ុន្តែចំពោះមនុស្សវិញ ពិភពនេះគឺជាពិភពអាថ៌កំបាំង និងបិទជិត ដូច្នេះហើយទើបមនុស្សពិបាកក្នុងការស្វែងរកផ្លូដើម្បីយល់ពីទិដ្ឋភាពផ្សេងៗរបស់ពិភពនេះ។ ទិដ្ឋភាពខុសៗគ្នានៃពិភពខាងវិញ្ញាណដែលខ្ញុំនឹងនិយាយ គឺទាក់ទងត្រឹមតែការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំនឹងមិនបើកបង្ហាញអំពីសេចក្ដីអាថ៌កំបាំងណាមួយឡើយ ហើយខ្ញុំក៏នឹងមិនប្រាប់អ្នករាល់គ្នាពីសេចក្ដីអាថ៌កំបាំងណាមួយដែលអ្នករាល់គ្នាចង់ដឹងដែរ។ ដោយសាររឿងនេះទាក់ទងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ការគ្រប់គ្រង់របស់ទ្រង់ និងការទំនុកបម្រុងរបស់ទ្រង់ ដូច្នេះហើយ ខ្ញុំនឹងនិយាយតែអំពីផ្នែកណាដែលចាំបាច់សម្រាប់ឱ្យអ្នករាល់គ្នាដឹងប៉ុណ្ណោះ។

ដំបូង ខ្ញុំសូមសួរអ្នករាល់គ្នាមួយសំណួរសិន៖ នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើពិភពខាងវិញ្ញាណគឺជាអ្វីដែរ? និយាយឱ្យទូលាយទៅ វាគឺជាពិភពមួយផ្សេងពីពិភពរូបធាតុ គឺជាពិភពមួយដែលមនុស្សមើលមិនឃើញ ប៉ះមិនបាន។ ក៏ប៉ុន្តែ នៅក្នុងការស្រមៃរបស់អ្នករាល់គ្នា តើពិភពខាងវិញ្ញាណ គួរជាពិភពបែបណា? ប្រហែលជាដោយសារតែអ្នកមិនអាចមើលឃើញ ទើបអ្នកគិតមិនចេញ។ ទោះយ៉ាងណា នៅពេលដែលអ្នករាល់គ្នាស្តាប់រឿងព្រេងនិទានផ្សេងៗ អ្នករាល់នៅតែនឹកគិតដល់រឿងនោះ ហើយអ្នកមិនអាចឈប់គិតបានទេ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? កាលពីក្មេង មានរឿងដែលបានកើតឡើងចំពោះមនុស្សភាគច្រើន៖ នៅពេលដែលនរណាម្នាក់និយាយរឿងដ៏គួរឱ្យខ្លាចប្រាប់ពួកគេ ដូចជារឿងខ្មោច ឬព្រលឹងផ្សេងៗជាដើម ពួកគេមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់។ តើពួកគេខ្លាចដោយសារមូលហេតុអ្វីឱ្យពិតប្រាកដទៅ? គឺដោយសារតែពួកគេស្រមើស្រមៃអំពីរឿងទាំងនោះ។ ទោះបីជាពួកគេមើលមិនឃើញខ្មោចឬវិញ្ញាណនោះក្ដី ក៏ពួកគេមានអារម្មណ៍ថា ខ្មោចឬវិញ្ញាណទាំងអស់នោះនៅជុំវិញបន្ទប់របស់ពួកគេ នៅតាមទីកន្លៀតងងឹតៗ និងនៅកន្លែងលាក់បាំងមួយចំនួន ហើយពួកគេភ័យខ្លាចខ្លាំងរហូតដល់ថ្នាក់មិនហ៊ានទៅគេងក៏មាន។ ជាពិសេសនៅពេលយប់ ពួកគេមានអារម្មណ៍ភ័យខ្លាចមិនហ៊ាននៅក្នុងបន្ទប់ម្នាក់ឯង មិនហ៊ានដើរម្នាក់ឯងនៅទីធ្លាក្រៅផ្ទះជាដើម។ នោះឯង គឺជាពិភពខាងវិញ្ញាណដែលកើតចេញការស្រមើស្រមៃរបស់អ្នករាល់គ្នា ហើយគឺជាពិភពដែលមនុស្សគិតថា គួរឱ្យខ្លាច។ តាមពិតទៅ មនុ្សម្នាក់ៗស្រមើស្រមៃពីពិភពនោះនៅក្នុងកម្រិតមួយ ហើយគេអាចមានអារម្មណ៍ដឹងតិចតួចពីពិភពនោះ។

យើងគួរចាប់ផ្តើមនិយាយពីពិភពខាងវិញ្ញាណ។ តើពិភពខាងវិញ្ញាណជាអ្វី? ខ្ញុំសូមផ្តល់ការពន្យល់ដ៏ខ្លី និងសាមញ្ញមួយសម្រាប់អ្នករាល់គ្នាចុះ៖ ពិភពខាងវិញ្ញាណ គឺជាទីកន្លែងដ៏សំខាន់មួយ ជាកន្លែងមួយដែលខុសពីពិភពរូបធាតុ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាសំខាន់? យើងនឹងពិភាក្សាចំណុចនេះដោយលម្អិត។ វត្តមាននៃពិភពខាងវិញ្ញាណ គឺជាប់ទាក់ទងយ៉ាងស្អិតរមួតទៅនឹងពិភពរូបធាតុរបស់មនុស្សជាតិ។ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងវដ្ដនៃការកើត និងការស្លាប់របស់មនុស្សនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ នេះគឺជាតួនាទីរបស់ពិភពនេះ ហើយនេះគឺជាមូលហេតុមួយដែលវត្តមាននៃពិភពនេះមានសារៈសំខាន់នោះ។ ដោយសារតែពិភពនេះ គឺជាកន្លែងមួយដែលមិនអាចដឹងបានតាមរយៈវិញ្ញាណទាំងប្រាំ នោះគ្មាននរណាម្នាក់ អាចវិនិច្ឆ័យឱ្យត្រឹមត្រូវថាតើពិភពខាងវិញ្ញាណមាន ឬគ្មាននោះទេ។ កម្លាំងឌីណាមិចរបស់ពិភពនេះ ជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងវត្តមានរបស់មនុស្ស ហេតុនេះហើយ លំដាប់លំដោយនៃជីវិតរបស់មនុស្សជាតិ ក៏ទទួលរងឥទ្ធិពលយ៉ាងច្រើនពីពិភពខាងវិញ្ញាណនេះផងដែរ។ តើរឿងនេះជាប់ពាក់ព័ន្ធទៅនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរឬទេ? ជាប់ពាក់ព័ន្ធ។ នៅពេលដែលខ្ញុំនិយាយបែបនេះ អ្នករាល់គ្នាយល់ពីមូលហេតុដែលខ្ញុំកំពុងពិភាក្សាអំពីប្រធានបទនេះហើយ៖ គឺដោយសារតែវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងពិភពដែលមនុស្សមើលមិនឃើញនេះ រាល់បទបញ្ជា បញ្ញត្តិ និងប្រព័ន្ធរដ្ឋបាលនៃស្ថានសួគ៌ គឺខ្ពស់ជាងច្បាប់ និងប្រព័ន្ធរបស់ប្រទេសណាមួយនៅខាងពិភពរូបធាតុនេះទៅទៀត ហើយគ្មានភាវៈមានជីវិតណានៅក្នុងពិភពនេះ ហ៊ានល្មើស ឬបំពានច្បាប់និងប្រព័ន្ធនោះឡើយ។ តើរឿងនេះទាក់ទងនឹងអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរឬទេ? នៅក្នុងពិភពខាងវិញ្ញាណ មានបញ្ញត្តិរដ្ឋបាលច្បាស់លាស់ មានបទបញ្ជាស្ថានសួគ៌ច្បាស់លាស់ និងមានលក្ខន្តិកៈច្បាស់លាស់។ មន្ត្រីកម្រិតខុសៗគ្នា និងមន្ត្រីនៅតាមផ្នែកផ្សេងៗគ្នា គោរពតាមតួនាទីរបស់ខ្លួន និងប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយយ៉ាងម៉ឺងម៉ាត់ ដោយសារពួកគេដឹងថា ការរំលោភបំពានបទបញ្ជារបស់ស្ថានសួគ៌នឹងមានផលបែបណា។ ពួកគេដឹងយ៉ាងច្បាស់ថាព្រះជាម្ចាស់ដាក់ទោសមនុស្សអាក្រក់បែបណា និងប្រទានរង្វាន់ដល់មនុស្សល្អបែបណា និងដឹងពីរបៀបដែលទ្រង់គ្រប់គ្រង និងត្រួតត្រាលើរបស់សព្វសារពើ។ ជាងនេះទៅទៀត ពួកគេមើលឃើញយ៉ាងច្បាស់ពីរបៀបដែលទ្រង់អនុវត្តបទបញ្ជា និងលក្ខន្តិកៈស្ថានសួគ៌របស់ទ្រង់។ តើចំណុចទាំងនេះខុសគ្នាពីពិភពរូបធាតុដែលមនុស្សជាតិរស់នៅដែរឬទេ? ពិតជាមានភាពខុសគ្នាយ៉ាងខ្លាំង។ ពិភពខាងវិញ្ញាណ គឺជាពិភពមួយដែលមានលក្ខណៈខុសគ្នាស្រឡះពីពិភពរូបធាតុ។ ដោយសារតែមានបទបញ្ជា និងលក្ខន្តិកៈរបស់ស្ថានសួគ៌ ដូច្នេះ វាទាក់ទងនឹងអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ក៏ដូចជាទាក់ទងទៅនឹងនិស្ស័យរបស់ទ្រង់ កម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ផងដែរ។ ពេលឮបែបនេះ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា ខ្ញុំចាំបាច់ត្រូវតែនិយាយពីប្រធានបទនេះទេឬ? តើអ្នករាល់គ្នាមិនចង់ដឹងពីអាថ៌កំបាំងក្នុងរឿងនេះទេឬ? (ពួកយើងចង់ដឹង។) នេះហើយគឺជាគោលគំនិតអំពីពិភពខាងវិញ្ញាណ។ ទោះបីជាវាកើតមានជាមួយនឹងពិភពរូបធាតុ និងស្ថិតនៅក្រោមការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដូចគ្នាក៏ដោយ ក៏ការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើពិភពនេះ តឹងរឹងខ្លាំងជាងការគ្រប់គ្រង និងអធិបតេយ្យភាពរបស់ទ្រង់នៅក្នុងពិភពរូបធាតុដែរ។ នៅពេលនិយាយលម្អិតទៅ យើងគួរចាប់ផ្តើមនិយាយពីរបៀបដែលពិភពខាងវិញ្ញាណរ៉ាប់រងលើវដ្តនៃការកើត និងការស្លាប់របស់មនុស្សជាតិ ដោយសារនេះជាផ្នែកដ៏សំខាន់មួយនៃកិច្ចការរបស់ភាវៈនៅក្នុងពិភពខាងវិញ្ញាណ។

ក្នុងចំណោមមនុស្សជាតិ ខ្ញុំបែងចែកមនុស្សទាំងអស់ជាបីប្រភេទ។ ទីមួយគឺអ្នកមិនជឿ ជាអ្នកដែលគ្មានជំនឿខាងសាសនា។ ពួកគេត្រូវហៅថា អ្នកមិនជឿ។ អ្នកមិនជឿ ភាគច្រើនលើសលប់ មានជំនឿតែទៅលើលុយមួយមុខប៉ុណ្ណោះ។ ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនទេ ជាមនុស្សសម្ភារៈនិយម ហើយជឿតែលើពិភពសម្ភារៈតែប៉ុណ្ណោះ។ ពួកគេមិនជឿលើវដ្ដនៃការកើត និងការស្លាប់ ឬជឿលើអ្វីដែលនិយាយពីអាទិទេព ឬខ្មោចនោះទេ។ ខ្ញុំចាត់ថ្នាក់មនុស្សប្រភេទនេះជា អ្នកមិនជឿ ហើយពួកគេគឺជាមនុស្សប្រភេទទីមួយ។ ប្រភេទទីពីរ គឺរួមបញ្ចូលទាំងមនុស្សមានជំនឿផ្សេងៗក្រៅពីអ្នកមិនជឿ។ ក្នុងចំណោមមនុស្សជាតិ ខ្ញុំបែងចែកមនុស្សដែលមានជំនឿទាំងអស់នេះ ជាក្រុមធំៗមួយចំនួន៖ ក្រុមទីមួយគឺពួកសាសន៍យូដា ទីពីរគឺពួកកាតូលិក ទីបីគឺពួកគ្រីស្ទបរិស័ទ ទីបួនពួកមូស្លីម និងទីប្រាំគឺពួកពុទ្ធបរិស័ទ ទាំងអស់មានប្រាំក្រុម។ ទាំងនេះគឺជាប្រភេទនៃមនុស្សដែលមានជំនឿ។ ប្រភេទទីបី រួមបញ្ចូលពួកអ្នកដែលជឿលើព្រះជាម្ចាស់ ហើយនេះក៏រួមបញ្ចូលទាំងអ្នករាល់គ្នាផងដែរ។ អ្នកជឿប្រភេទនេះ គឺពួកអ្នកដែលដើរតាមព្រះជាម្ចាស់សព្វថ្ងៃនេះឯង។ មនុស្សទាំងនេះត្រូវបែងចែកជាពីរប្រភេទគឺ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ ប្រភេទធំៗរបស់មនុស្ស ត្រូវបានបែងចែកយ៉ាងច្បាស់។ ដូច្នេះហើយ ក្នុងចិត្តរបស់អ្នករាល់គ្នាពេលនេះ អ្នករាល់គ្នាអាចញែកបានយ៉ាងច្បាស់រវាងប្រភេទ និងចំណាត់ថ្នាក់របស់មនុស្សហើយ មែនទេ? ប្រភេទទីមួយ គឺមានអ្នកមិនជឿ ហើយខ្ញុំបាននិយាយអំពីលក្ខណៈរបស់ពួកគេរួចហើយ។ តើពួកអ្នកដែលជឿលើទេវតានៅលើមេឃ ត្រូវបានរាប់ជាអ្នកមិនជឿដែរឬទេ? អ្នកមិនជឿជាច្រើនត្រឹមជឿលើទេវតានៅលើមេឃប៉ុណ្ណោះ។ ពួកគេជឿថា ខ្យល់ ភ្លៀង ផ្គរលាន់ ។ល។ គឺត្រូវបានគ្រប់គ្រងដោយទេវតា ដែលពួកគេពឹងផ្អែកលើសម្រាប់ការដាំដុះ និងការប្រមូលផល ប៉ុន្តែនៅពេលដែលនិយាយអំពីជំនឿនៅព្រះជាម្ចាស់វិញ ពួកគេមិនចង់ជឿទ្រង់នោះទេ។ តើទង្វើនេះ អាចហៅថាការមានសេចក្តីជំនឿដែរឬទេ? មនុស្សប្រភេទនេះ ត្រូវបានរាប់បញ្ចូលជាមួយពួកអ្នកមិនជឿដែរ។ តើអ្នកយល់ពីរឿងនេះហើយ មែនទេ? ចូរកុំច្រឡំប្រភេទទាំងនេះឱ្យសោះ។ ប្រភេទទីពីរ គឺរួមបញ្ចូលមនុស្សដែលមានជំនឿ ហើយប្រភេទទីបី គឺពួកអ្នកដែលកំពុងតែដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ។ ដូចច្នេះហើយ ហេតុអ្វីបានជាខ្ញុំបែងចែកមនុស្សទាំងអស់តាមប្រភេទទាំងនេះ? (ដោយសារតែប្រភេទមនុស្សផ្សេងៗគ្នា មានទីបញ្ចប់ និងទិសដៅខុសៗគ្នា។) នេះគឺជាទិដ្ឋភាពមួយនៃការបែងចែកមនុស្សជាតិ។ នៅពេលដែលជាតិសាសន៍ផ្សេងៗ និងប្រភេទមនុស្សទាំងនេះត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ នោះពួកគេម្នាក់ៗនឹងមានទីកន្លែងខុសៗគ្នាដើម្បីទៅ ហើយនឹងត្រូវស្ថិតនៅក្រោមច្បាប់នៃការកើត និងការស្លាប់ផ្សេងៗគ្នា ដូច្នេះហើយទើបខ្ញុំបែងចែកមនុស្សទៅជាប្រភេទធំៗទាំងអស់នេះ។

ក. វដ្ដនៃការកើត និងការស្លាប់របស់អ្នកមិនជឿ

ចូរយើងចាប់ផ្តើមដោយនិយាយអំពីវដ្តនៃការកើត និងការស្លាប់របស់អ្នកមិនជឿ។ បន្ទាប់ពីស្លាប់ទៅ មនុស្សម្នាក់ត្រូវមន្ត្រីមកពីពិភពខាងវិញ្ញាណនាំយកទៅ។ តើត្រូវនាំយកអ្វីទៅឱ្យពិតប្រាកដទៅ? មិនមែនជាសាច់ឈាមរបស់មនុស្សម្នាក់នោះទេ ប៉ុន្តែគឺជាព្រលឹងរបស់គេវិញ។ នៅពេលដែលព្រលឹងរបស់មនុស្សម្នាក់ត្រូវបាននាំយកទៅ នោះព្រលឹងគេក៏មកដល់ទីកន្លែងមួយ ដែលជាកន្លែងនៃពិភពខាងវិញ្ញាណ ដែលទទួលយកព្រលឹងរបស់មនុស្សដែលទើបនឹងស្លាប់នេះតែម្ដង។ នោះគឺជាទីកន្លែងដំបូងដែលមនុស្សម្នាក់ទៅដល់បន្ទាប់ពីស្លាប់ ពោលគឺជាកន្លែងដែលព្រលឹងមិនធ្លាប់ស្គាល់។ នៅពេលដែលព្រលឹងត្រូវបាននាំយកមកកាន់ទីកន្លែងនោះ មានមន្ត្រីម្នាក់ធ្វើការត្រួតពិនិត្យជាលើកដំបូង ដោយបញ្ជាក់ពីឈ្មោះ អាសយដ្ឋាន អាយុ និងបទពិសោធទាំងអស់របស់ពួកគេ។ គ្រប់យ៉ាងដែលពួកគេបានធ្វើនៅពេលដែលពួកគេនៅរស់ ត្រូវបានកត់ត្រាទុកនៅក្នុងក្រាំងមួយ ហើយត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ថាត្រឹមត្រូវពិតដូចកំណត់ត្រានោះអត់។ បន្ទាប់ពីត្រួតពិនិត្យរួច ឥរិយាបថ និងសកម្មភាពរបស់មនុស្សក្នុងមួយជីវិតរបស់ពួកគេ នឹងត្រូវប្រើដើម្បីកំណត់ថាតើពួកគេនឹងត្រូវទទួលទោស ឬបន្តចាប់កំណើតជាមនុស្សសាជាថ្មីទៀតឬអត់ ដែលនេះគឺជាដំណាក់កាលទីមួយ។ តើដំណាក់កាលទីមួយនេះគួរឱ្យខ្លាចឬទេ? វាមិនគួរឱ្យខ្លាចណាស់ណាទេ ព្រោះថា រឿងតែមួយគត់ដែលកើតឡើងគឺ មនុស្សបានមកដល់ទីកន្លែងងងឹត និងមិនធ្លាប់ស្គាល់។

នៅក្នុងដំណាក់កាលទីពីរ ប្រសិនបើបុគ្គលនេះបានធ្វើរឿងអាក្រក់ច្រើនក្នុងមួយជីវិតរបស់ពួកគេ ហើយបានប្រព្រឹត្តអំពើទុច្ចរិតច្រើន នោះពួកគេនឹងត្រូវនាំយកទៅកាន់កន្លែងកាត់ទោសដើម្បីដោះស្រាយជាមួយពួកគេ។ ច្បាស់ណាស់ ទីនោះគឺជាកន្លែងប្រើសម្រាប់ដាក់ទោសមនុស្ស។ ការដាក់ទោសត្រូវធ្វើឡើងយ៉ាងណានោះ គឺអាស្រ័យលើអំពើបាបដែលពួកគេប្រព្រឹត្ត ក៏ដូចជាចំនួននៃអំពើទុច្ចរិតដែលពួកគេបានសាងមុនពេលដែលពួកគេស្លាប់។ នេះគឺជាស្ថានភាពទីមួយដែលកើតឡើងនៅក្នុងដំណាក់កាលទីពីរ។ ដោយសារតែអំពើអាក្រក់ដែលពួកគេបានធ្វើ និងអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្តមុនពេលដែលពួកគេស្លាប់ នៅពេលដែលពួកគេចាប់កំណើតសាជាថ្មីបន្ទាប់ពីការដាក់ទោសហើយ គឺនៅពេលដែលពួកគេកើតនៅក្នុងពិភពរូបធាតុម្ដងទៀត នោះមនុស្សមួយចំនួននឹងបន្តកើតជាមនុស្ស ចំណែកឯអ្នកផ្សេងៗទៀតនឹងកើតជាសត្វ។ មានន័យថា បន្ទាប់ពីមនុស្សម្នាក់ត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ពួកគេត្រូវបានដាក់ទោសទៅតាមអំពើអាក្រក់ដែលពួកគេបានសាង។ ជាងនេះទៅទៀត ដោយសារតែអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្ត នៅក្នុងការចាប់កំណើតសាជាថ្មីនៅពេលបន្ទាប់ ពួកគេអាចនឹងមិនកើតជាមនុស្សទេ ប៉ុន្តែអាចកើតជាសត្វវិញ។ ប្រភេទសត្វដែលពួកគេអាចនឹងចាប់កំណើតនោះរួមមាន គោ សេះ ជ្រូក និងឆ្កែជាដើម។ មនុស្សមួយចំនួនអាចកើតជាសត្វស្លាប ឬជាទា ឬជាក្ងាន...។ បន្ទាប់ពីពួកគេបានកើតសាជាថ្មីជាសត្វហើយ នៅពេលដែលពួកគេស្លាប់ម្តងទៀត ពួកគេនឹងត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ។ ដូចពីលើកមុនដែរ នៅទីនោះ ពិភពខាងវិញ្ញាណនឹងសម្រេចទៅតាមឥរិយាបថមុនពេលស្លាប់របស់ពួកគេ ថាតើពួកគេត្រូវកើតជាមនុស្សវិញឬអត់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើអាក្រក់ច្រើនពេក ហើយអំពើបាបរបស់ពួកគេធ្ងន់ធ្ងរខ្លាំងពេក ដូច្នេះពួកគេត្រូវកើតជាសត្វពីប្រាំពីរទៅដប់ពីរដង។ ប្រាំពីរទៅដប់ពីរដង តើវាមិនគួរឱ្យខ្លាចទេឬ? (គួរឱ្យខ្លាចណាស់។) តើអ្វីដែលធ្វើឱ្យអ្នករាល់គ្នាខ្លាច? មនុស្សម្នាក់ក្លាយជាសត្វ នោះគឺជារឿងដែលគួរឱ្យខ្លាចណាស់។ ហើយចំពោះមនុស្សវិញ តើអ្វីដែលឈឺចាប់បំផុតចំពោះការកើតជាសត្វនេះ? គ្មានភាសា មានតែការគិតធម្មតា គ្រាន់តែអាចធ្វើរឿងដែលសត្វត្រូវធ្វើ ហើយស៊ីចំណីដែលសត្វស៊ី មានផ្នត់គំនិតសាមញ្ញ និងមានភាសាកាយវិការរបស់សត្វ មិនអាចដើរត្រង់ខ្លួនបាន មិនអាចទំនាក់ទំនងជាមួយមនុស្សបាន ហើយពិតណាស់ គ្មានឥរិយាបថ ឬសកម្មភាពរបស់មនុស្សពាក់ព័ន្ធជាមួយនឹងសត្វនោះទេ។ មានន័យថា ក្នុងចំណោមរបស់សព្វសារពើ ការក្លាយជាសត្វនេះ ធ្វើឱ្យអ្នកទាបជាងភាវៈមានជីវិតផ្សេងៗទាំងអស់ ហើយត្រូវរងការឈឺចាប់ច្រើនជាងមនុស្សទៅទៀត។ នេះគឺជាទិដ្ឋភាពមួយនៃការដាក់ទោសនៃពិភពខាងវិញ្ញាណលើអ្នកដែលបានធ្វើអំពើអាក្រក់ច្រើន និងបានសាងអំពើបាបច្រើន។ នៅពេលនិយាយអំពីភាពធ្ងន់ធ្ងរនៃការដាក់ទោសពួកគេ រឿងនេះត្រូវសម្រេចដោយផ្អែកលើប្រភេទសត្វណាមួយដែលពួកគេនឹងត្រូវចាប់កំណើត។ ឧទាហរណ៍ តើការកើតជាជ្រូក ល្អជាងកើតជាឆ្កែដែរឬទេ? តើសត្វជ្រូករស់នៅស្រួលជាងសត្វឆ្កែមែនទេ? អាក្រក់ជាង ត្រូវទេ? ប្រសិនបើមនុស្សកើតជាគោ ឬសេះ តើពួកគេនឹងរស់នៅបានគ្រាន់បើជាង ឬយ៉ាប់ជាងពួកគេកើតជាជ្រូក? (គ្រាន់បើជាង។) បើមនុស្សម្នាក់កើតជាឆ្មាវិញ តើវាមិនសុខស្រួលជាងកើតជាសត្វផ្សេងទៀតទេឬ? គេនឹងកើតជាសត្វដូចគ្នាទេ តែការកើតជាឆ្មា អាចមានភាពងាយស្រួលជាងការកើតជាគោ ឬសេះ ដោយសាតែសត្វឆ្មាខ្ជិលច្រអូស ភាគច្រើនគិតតែពីដេកទេ។ ការកើតជាសត្វគោ ឬសត្វសេះ គឺត្រូវប្រើកម្លាំងពលកម្មច្រើនជាង។ ដូច្នេះហើយ ប្រសិនបើមនុស្សម្នាក់ត្រូវកើតជាថ្មីជាសត្វគោ ឬសត្វសេះ នោះពួកគេត្រូវធ្វើការធ្ងន់ ដែលស្រដៀងគ្នានឹងការដាក់ទោសធ្ងន់ធ្ងរដែរ។ ការកើតជាឆ្កែអាចនឹងល្អជាងការកើតជាគោ ឬសេះបន្តិច ដោយសារតែសត្វឆ្កែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយម្ចាស់វា។ សត្វឆ្កែខ្លះ បន្ទាប់ពីម្ចាស់ចិញ្ចឹមបានពីរបីឆ្នាំរួចមក ពួកវាក៏អាចយល់បានច្រើនពីអ្វីដែលម្ចាស់របស់វានិយាយ។ ពេលខ្លះ ឆ្កែអាចសម្របទៅតាមអារម្មណ៍ និងតម្រូវការរបស់ម្ចាស់វាបាន ហើយម្ចាស់មើលថែសត្វឆ្កែល្អជាង ហើយឆ្កែស៊ី និងផឹកបានប្រសើរជាង ហើយនៅពេលដែលវាឈឺ គេមើលថែវាច្រើនជាង។ ដូចនេះ តើសត្វឆ្កែមិនទទួលបានជីវិតដ៏មានសុភមង្គលទេឬ? ដូច្នេះហើយ ការកើតជាឆ្កែ គឺប្រសើរជាងការកើតជាគោ ឬសេះ។ ក្នុងន័យនេះ ភាពធ្ងន់ធ្ងរនៃទោសរបស់បុគ្គលម្នាក់ កំណត់ពីចំនួនដងដែលបុគ្គលម្នាក់នោះត្រូវកើតជាសត្វ ក៏ដូចជាប្រភេទសត្វដែលគេត្រូវកើតជាថ្មីនោះផងដែរ។

ដោយសារតែមនុស្សប្រព្រឹត្តអំពើបាបច្រើននៅពេលដែលពួកគេនៅមានជីវិត មនុស្សមួយចំនួនត្រូវបានដាក់ទោសឱ្យកើតជាសត្វ ពីប្រាំពីរទៅដប់ពីរជាតិ។ ពេលទទួលបានការដាក់ទោសគ្រប់ចំនួនហើយ ពេលពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ នោះពួកគេត្រូវបាននាំយកទៅកន្លែងផ្សេង ជាកន្លែងមួយដែលព្រលឹងនានាត្រូវបានដាក់ទោសរួចហើយ និងជាប្រភេទព្រលឹងដែលកំពុងត្រៀមចាប់កំណើតជាមនុស្សសាជាថ្មី។ នៅក្នុងទីកន្លែងនេះ ព្រលឹងនីមួយៗត្រូវបានបែងចែកជាប្រភេទផ្អែកតាមប្រភេទគ្រួសារដែលពួកគេនឹងត្រូវទៅកើតជាមួយ ប្រភេទនៃតួនាទីដែលពួកគេនឹងត្រូវបំពេញនៅពេលពួកគេចាប់កំណើតសាជាថ្មី ។ល។ និង ។ល។ ឧទាហរណ៍ មនុស្សខ្លះនឹងក្លាយជាអ្នកចម្រៀងនៅពេលដែលពួកគេកើតក្នុងពិភពលោកនេះ ដូច្នេះក៏ត្រូវដាក់នៅក្នុងចំណោមអ្នកចម្រៀងទៅ។ មនុស្សខ្លះនឹងក្លាយជាអ្នកជំនួញនៅពេលដែលពួកគេកើតក្នុងពិភពលោកនេះ ដូច្នេះពួកគេក៏ត្រូវដាក់នៅក្នុងចំណោមអ្នកជំនួញទៅ។ ហើយប្រសិនបើនរណាម្នាក់នឹងក្លាយជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របន្ទាប់ពីកើតជាមនុស្សវិញ នោះពួកគេត្រូវដាក់នៅក្នុងចំណោមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រទៅ។ បន្ទាប់ពីចាត់ថ្នាក់ពួកគេរួច នោះព្រលឹងនីមួយៗត្រូវបានបញ្ជូនទៅកើតតាមពេលវេលា និងថ្ងៃកំណត់ខុសៗគ្នា ប្រៀបដូចជាមនុស្សផ្ញើអ៊ីមែលនៅពេលសព្វថ្ងៃនេះដែរ។ ត្រង់នេះ វដ្តនៃការកើត និងការស្លាប់មួយវដ្ដ នឹងត្រូវបញ្ចប់។ ចាប់តាំងពីថ្ងៃដែលមនុស្សម្នាក់មកដល់ពិភពខាងវិញ្ញាណ រហូតដល់ទីបញ្ចប់នៃការដាក់ទោសពួកគេ ឬរហូតដល់ពួកគេចាប់កំណើតជាសត្វបានច្រើនដងហើយ និងត្រៀមយកកំណើតជាមនុស្សសាជាថ្មីវិញ ដំណើរនេះ ត្រូវចប់សព្វគ្រប់មួយវដ្ដ។

សម្រាប់អ្នកដែលត្រូវបានដាក់ទោសរួចអស់ហើយ និងលែងកើតជាសត្វទៀត តើពួកគេនឹងត្រូវបញ្ជូនទៅកាន់ពិភពខាងរូបធាតុវិញ ដើម្បីប្រញាប់ចាប់កំណើតជាមនុស្សវិញមែនទេ? ឬ តើត្រូវការពេលយូរប៉ុនណា មុនពេលដែលពួកគេអាចចាប់កំណើតក្នុងចំណោមមនុស្សវិញបាន? តើរឿងនេះអាចកើតឡើងញឹកញាប់ប៉ុនណា? ចំពោះចំណុចនេះ មានការកំណត់ពេលវេលាត្រឹមត្រូវ។ គ្រប់យ៉ាងដែលកើតឡើងនៅក្នុងពិភពខាងវិញ្ញាណ ត្រូវស្ថិតក្រោមការកំណត់នៃពេលវេលា និងក្បួនច្បាប់ច្បាស់លាស់ ដែលរឿងនេះ អ្នករាល់គ្នានឹងយល់ ប្រសិនបើខ្ញុំពន្យល់ជាតួលេខ។ ចំពោះអ្នកដែលត្រូវចាប់កំណើតសាជាថ្មីនៅក្នុងរយៈពេលខ្លី នោះពេលពួកគេស្លាប់ទៅ នឹងមានការត្រៀមរៀបចំសម្រាប់ពួកគេរួចជាស្រេច ដើម្បីឱ្យពួកគេអាចចាប់កំណើតជាមនុស្សសាជាថ្មីវិញ។ ពេលវេលាដ៏ខ្លីបំផុតដែលករណីនេះអាចកើតឡើងបាន គឺក្នុងរយៈពេលបីថ្ងៃ។ ចំពោះមនុស្សខ្លះ ត្រូវការពេលបីខែ មនុស្សខ្លះទៀត ត្រូវការពេលបីឆ្នាំ មនុស្សខ្លះទៀត ត្រូវការពេលសាមសិបឆ្នាំ មនុស្សខ្លះទៀត ត្រូវការពេលបីរយឆ្នាំ ។ល។ និង ។ល។ ដូច្នេះ តើអាចនិយាយយ៉ាងណាអំពីក្បួនច្បាប់ពេលវេលាទាំងនេះ ហើយតើវាមានភាពជាក់លាក់អ្វីខ្លះ? គឺវាអាស្រ័យលើតម្រូវការពីពិភពរូបធាតុ (ពិភពរបស់មនុស្ស) ចំពោះព្រលឹងនោះ ហើយអាស្រ័យលើតួនាទីដែលព្រលឹងនោះនឹងត្រូវបំពេញនៅក្នុងពិភពនេះ។ នៅពេលដែលមនុស្សចាប់កំណើតជាថ្មីជាមនុស្សសាមញ្ញម្នាក់ ពួកគេភាគច្រើនចាប់កំណើតមកវិញលឿន ដោយសារតែពិភពរបស់មនុស្សត្រូវការមនុស្សសាមញ្ញបែបនេះច្រើន ដូច្នេះហើយ បីថ្ងៃក្រោយមក ពួកគេត្រូវបានបញ្ជូនទៅកាន់គ្រួសារមួយ ដែលខុសគ្នាទាំងស្រុងពីគ្រួសារដែលពួកគេធ្លាប់នៅជាមួយមុនពេលពួកគេស្លាប់។ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនដែលបំពេញតួនាទីពិសេសមួយនៅក្នុងពិភពនេះ។ ពាក្យថា «ពិសេស» មានន័យថា មិនមានតម្រូវការមនុស្សទាំងនេះច្រើននោះទេនៅក្នុងពិភពរបស់មនុស្ស។ មិនត្រូវការឱ្យមានមនុស្សច្រើនដើម្បីបំពេញតួនាទីបែបនេះទេ ដូច្នេះ វាអាចត្រូវការពេលបីរយឆ្នាំ។ ម្យ៉ាង ព្រលឹងនេះនឹងមកចាប់កំណើតក្នុងរយៈពេលបីរយឆ្នាំម្តង ឬក្នុងរយៈពេលបីពាន់ឆ្នាំម្តងតែប៉ុណ្ណោះ។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារ មិនថាក្នុងរយៈពេលបីរយឆ្នាំ ឬបីពាន់ឆ្នាំនេះទេ តួនាទីបែបនេះ ពិភពរបស់មនុស្សមិនត្រូវការនោះទេ ដូច្នេះ ព្រលឹងនោះត្រូវរក្សាទុកនៅកន្លែងណាមួយនៅក្នុងពិភពខាងវិញ្ញាណ។ ចូរយកខុងជឺជាឧទាហរណ៍ចុះ៖ គាត់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើវប្បធម៌ប្រពៃណីចិន ហើយការចាប់កំណើតរបស់គាត់ គឺមានឥទ្ធិពលយ៉ាងជ្រាលជ្រៅខាងផ្នែកវប្បធម៌ ចំណេះដឹង ប្រពៃណី និងមនោគមវិទ្យារបស់ប្រជាជននៅពេលនោះ។ ទោះបីជាយ៉ាងណា មនុស្សបែបនេះ មិនត្រូវការរៀងរាល់ឆ្នាំនោះទេ ដូច្នេះគាត់ត្រូវស្ថិតនៅក្នុងពិភពខាងវិញ្ញាណ រង់ចាំនៅទីនោះរយៈពេលបីរយឆ្នាំ ឬបីពាន់ឆ្នាំ មុនពេលដែលគាត់អាចចាប់កំណើតសាជាថ្មីបាន។ ដោយសារពិភពរបស់មនុស្ស មិនត្រូវការមនុស្សប្រភេទនេះ ទើបគាត់ត្រូវរង់ចាំដោយស្ងប់ស្ងៀម ដ្បិតមានតួនាទីដូចគាត់នេះតិចតួចណាស់ ហើយគ្មានកិច្ចការច្រើនសម្រាប់ឱ្យគាត់ធ្វើនោះទេ។ ដូចនេះ គាត់ត្រូវតែស្ថិតនៅកន្លែងណាមួយក្នុងពិភពខាងវិញ្ញាណស្ទើរគ្រប់ពេល រង់ចាំដោយនៅស្ងៀមស្ងាត់ដើម្បីបញ្ជូនមកកើតវិញ នៅពេលដែលពិភពរបស់មនុស្សមានតម្រូវការគាត់។ នេះគឺជាក្បួនច្បាប់ពេលវេលារបស់ពិភពខាងវិញ្ញាណ ពាក់ព័ន្ធនឹងភាពញឹកញាប់ដែលមនុស្សភាគច្រើនចាប់កំណើតសាជាថ្មី។ មិនថាមនុស្សនោះ ជាមនុស្សសាមញ្ញ ឬពិសេសនោះទេ ពិភពខាងវិញ្ញណមានក្បួនច្បាប់សមស្រប និងការអនុវត្តត្រឹមត្រូវសម្រាប់ដោះស្រាយការយកកំណើតសាជាថ្មីរបស់ពួកគេ ហើយក្បួនច្បាប់ និងការអនុវត្តទាំងនេះ ត្រូវបានព្រះជាម្ចាស់ប្រទានមក មិនមែនសម្រេច និងគ្រប់គ្រងដោយមន្ត្រីណាមួយ ឬភាវៈណាមួយនៅពិភពខាងវិញ្ញាណឡើយ។ ពេលនេះ អ្នកយល់ពីរឿងនេះហើយ មែនទេ?

ចំពោះព្រលឹងណាមួយ ការយកកំណើតសាជាថ្មី តួនាទីនៃព្រលឹងនោះនៅក្នុងជីវិតនេះ គ្រួសារដែលគេត្រូវទៅកើតជាមួយ និងស្ថានភាពជីវិតបែបណានោះ គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអតីតជាតិនៃព្រលឹងនោះ។ មនុស្សគ្រប់ប្រភេទទាំងអស់មកកើតនៅក្នុងពិភពរបស់មនុស្ស ហើយតួនាទីដែលពួកគេត្រូវបំពេញ គឺខុសៗគ្នា ហើយកិច្ចការដែលពួកគេធ្វើ ក៏ផ្សេងៗគ្នាដែរ។ តើកិច្ចការទាំងនេះមានអ្វីខ្លះ? មនុស្សមួយចំនួនមកកើតដើម្បីសងបំណុល៖ ប្រសិនបើពួកគេបានជំពាក់លុយអ្នកដទៃច្រើនពេកកាលពីអតីតជាតិ នោះពួកគេនឹងមកកើតដើម្បីសងបំណុលនៅក្នុងជាតិនេះ។ ក្នុងពេលជាមួយគ្នានោះ ក៏មានមនុស្សមួយចំនួនទៀតមកកើតដើម្បីទារបំណុលវិញដែរ៖ ពួកគេត្រូវបានគេបោកបញ្ឆោតយករបស់ទ្រព្យ និងលុយកាក់ជាច្រើនកាលពីជាតិមុន។ ហេតុដូច្នេះហើយ បន្ទាប់ពីពួកគេមកដល់ពិភពខាងវិញ្ញាណ ពិភពនេះក៏ផ្តល់យុត្តិធម៌ដល់ពួកគេវិញ និងអនុញ្ញាតឱ្យពួកគេទារបំណុលនៅក្នុងជាតិនេះ។ មនុស្សខ្លះទៀតមកកើតដើម្បីតបស្នងសងគុណ៖ កាលពីជាតិមុន ពោលគឺជីវិតដែលកើតសាជាថ្មីកាលពីលើកមុន មានមនុស្សណាម្នាក់ដែលធ្វើល្អចំពោះពួកគេ ហើយដោយសារតែពួកគេទទួលបានឱកាសដ៏ប្រសើរដើម្បីចាប់កំណើតសាជាថ្មីនៅក្នុងជាតិនេះ ទើបពួកគេកើតមកដើម្បីសងគុណដែលបានជំពាក់នោះ។ ក្នុងពេលជាមួយគ្នានោះ ក៏មានអ្នកដទៃទៀតមកកើតក្នុងជាតិនេះ ដើម្បីទារជីវិតផងដែរ។ តើពួកគេទារជីវិតពីនរណា? ពួកគេទារជីវិតមនុស្សដែលបានសម្លាប់ពួកគេកាលពីជាតិមុន។ សរុបមក ជីវិតបច្ចុប្បន្នរបស់មនុស្សម្នាក់ៗ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតជាតិរបស់ពួកគេ។ ទំនាក់ទំនងនេះគឺមិនអាចកាត់ផ្តាច់បាននោះទេ។ នោះមានន័យថា ជីវិតបច្ចុប្បន្នរបស់មនុស្សម្នាក់ៗ គឺទទួលឥទ្ធិពលយ៉ាងខ្លាំងពីជីវិតកាលពីអតីតជាតិ។ ឧទាហរណ៍៖ ឧបមាថាមុនពេលស្លាប់ ចាងលួចបន្លំប្រាក់លីយ៉ាងច្រើន។ តើពេលនោះចាងជំពាក់បំណុលលីទេ? គឺគាត់ជំពាក់ ដូច្នេះ លីគួរទារបំណុលពីចាងវិញ រឿងនេះជារឿងធម្មតាទេមែនទេ? ដូច្នេះហើយ បន្ទាប់ពីពួកគេស្លាប់ទៅ គឺពួកគេមានបំណុលដែលត្រូវដោះស្រាយជាមួយគ្នា។ នៅពេលដែលពួកគេយកកំណើតសាជាថ្មី ពេលចាងបានកើតជាមនុស្ស តើលីទារបំណុលរបស់គាត់ពីចាងវិញដូចម្តេច? វិធីមួយ គឺឱ្យលីកើតមកជាកូនរបស់ចាង។ ចាងរកប្រាក់បានយ៉ាងច្រើន រួចក៏ត្រូវលីចាយខ្ជះខ្ជាយអស់។ មិនថាចាងរកប្រាក់បានច្រើនប៉ុន្មានទេ លីដែលជាកូនប្រុសរបស់គាត់តែងចាយវាយខ្ជះខ្ជាយអស់។ មិនថាចាងរកប្រាក់បានច្រើនប៉ុន្មានទេ គឺមិនដែលគ្រប់គ្រាន់ឡើយ។ ក្នុងពេលជាមួយគ្នានោះដែរ កូនរបស់គាត់តែងតែចាយលុយដែលឪពុករកបាន តាមមធ្យោបាយផ្សេងៗ។ ចាងក៏ឆ្ងល់ ដោយសួរខ្លួនឯងថា៖ «ហេតុអ្វីបានជាកូនប្រុសខ្ញុំម្នាក់នេះនាំតែសំណាងអាក្រក់ដល់ខ្ញុំបែបនេះ? ហេតុអ្វីបានជាកូនប្រុសរបស់អ្នកដទៃទៀតមានកិរិយាល្អម៉្លេះ? ហេតុអ្វីបានជាកូនប្រុសខ្ញុំគ្មានមហិច្ចតាសោះអ៊ីចឹង? ហេតុអ្វីបានជាកូននេះឥតបានការ មិនចេះរកលុយសោះអ៊ីចឹង? ហើយហេតុអ្វីបានជាខ្ញុំត្រូវផ្គត់ផ្គង់កូននេះជានិច្ចអ៊ីចឹង? ដោយសារខ្ញុំត្រូវទំនុកបម្រុងវាហើយ ដូច្នេះខ្ញុំច្បាស់ជាឱ្យប្រាក់វាហើយ តែមិនថាខ្ញុំឱ្យប្រាក់វាច្រើនប៉ុនណាទេ ហេតុអ្វីបានជាវាតែងតែត្រូវការថែមរហូតបែបនេះ? ហេតុអ្វីបានជាវាមិនចេះធ្វើការស្មោះត្រង់ បែរជាធ្វើរឿងផ្សេងៗដូចជា ចំណាយពេលឥតប្រយោជន៍ ស៊ីផឹក មានស្រីញី និងលេងល្បែងស៊ីសងទៅវិញ? តើមានរឿងអ្វីទៅ?» ក្រោយមក ចាងក៏បានគិតមួយស្របក់៖ «ប្រហែលជាខ្ញុំជំពាក់បំណុលវាកាលពីជាតិមុនហើយមើលទៅ។ មិនអីទេ ខ្ញុំនឹងសងបំណុលនេះ! ពេលណាខ្ញុំសងគ្រប់ចំនួនហើយ រឿងនេះនឹងត្រូវបញ្ចប់!» ថ្ងៃនោះនឹងមកដល់ នៅពេលដែលលីទទួលបានបំណុលរបស់គាត់មកវិញអស់ ហើយពេលគាត់មានអាយុខ្ទង់ ៤០ ឬខ្ទង់ ៥០ ឆ្នាំ គាត់អាចភ្ញាក់ខ្លួនមួយរំពេច ដោយដឹងថា «ជិតពាក់កណ្តាលជីវិតហើយ ខ្ញុំមិនបានអំពើល្អសូម្បីតែមួយសោះ! ខ្ញុំបានចាយវាយខ្ជះខ្ជាយប្រាក់ដែលឪពុករបស់ខ្ញុំរកបាន ដូច្នេះ ខ្ញុំគួរតែចាប់ផ្តើមធ្វើជាមនុស្សល្អវិញ! ខ្ញុំនឹងលត់ដំខ្លួន។ ខ្ញុំនឹងធ្វើជាមនុស្សស្មោះត្រង់ និងរស់នៅឱ្យបានសមរម្យ ហើយខ្ញុំនឹងលែងនាំទុក្ខលំបាកដល់ឪពុករបស់ខ្ញុំតទៅទៀតហើយ!» ហេតុអ្វីបានជាគាត់គិតបែបនេះ? ហេតុអ្វីបានជាគាត់ស្រាប់តែផ្លាស់ប្តូរទៅជាល្អមួយរំពេចបែបនេះ? តើរឿងនេះមានហេតុផលអ្វីដែរ? តើមានហេតុផលអ្វី? (គឺដោយសារតែលីបានទារបំណុលរបស់គាត់មកវិញ ហើយចាងក៏បានសងបំណុលអស់ដែរ។) នៅក្នុងរឿងនេះ គឺមានហេតុ និងផលរបស់វា។ រឿងរ៉ាវបានកើតមានតាំងពីយូរយារណាស់មកហើយ តាំងពីមុនបច្ចុប្បន្នជាតិរបស់ពួកគេទៅទៀត។ រឿងរ៉ាវជីវិតកាលពីអតីតជាតិរបស់ពួកគេ បានបន្តមកដល់បច្ចុប្បន្ន ហើយពួកគេទាំងពីរ មិនអាចបន្ទោសគ្នាបានទេ។ មិនថាចាងបង្រៀនកូនប្រុសគាត់បែបណាទេ កូនគាត់មិនដែលស្តាប់ ឬធ្វើការទៀងត្រង់ឡើយ។ ប៉ុន្តែនៅថ្ងៃដែលបំណុលនោះត្រូវបានសងរួចអស់ហើយ ពុំចាំបាច់ត្រូវបង្រៀនកូនប្រុសរបស់គាត់ទៀតទេ គឺកូនប្រុសគាត់នឹងយល់ដោយឯកឯង។ នេះគឺជាឧទាហរណ៍ដ៏សាមញ្ញមួយ។ តើមានឧទាហរណ៍បែបនេះច្រើនទេ? (មានច្រើន។) តើរឿងនេះប្រាប់អ្វីខ្លះដល់មនុស្ស? (ប្រាប់ឱ្យពួកគេប្រព្រឹត្ដល្អ ហើយមិនត្រូវប្រព្រឹត្តអំពើអាក្រក់ឡើយ។) ប្រាប់ពួកគេថាមិនគួរប្រព្រឹត្តអំពើអាក្រក់ឡើយ ត្បិតនឹងមានកម្មពៀរចំពោះទង្វើខុសឆ្គងរបស់ពួកគេ! អ្នកមិនជឿភាគច្រើនប្រព្រឹត្តតែអំពើអាក្រក់ ហើយទង្វើខុសឆ្គងរបស់ពួកគេ ត្រូវជាប់កម្មពៀរ ត្រូវទេ? ក៏ប៉ុន្តែ តើកម្មពៀរបែបនេះកើតឡើងតាមអំពើចិត្តឬទេ? គ្រប់ទង្វើទាំងអស់ គឺមានដំណើរដើមទង និងមូលហេតុនៅពីក្រោយកម្មពៀរនោះ។ បន្ទាប់ពីអ្នកបានបោកប្រាស់យកប្រាក់ពីនរណាម្នាក់ហើយ តើអ្នកគិតថា នឹងគ្មានរឿងអ្វីកើតឡើងចំពោះអ្នកមែនទេ? តើអ្នកគិតថា បន្ទាប់ពីបោកប្រាស់យកប្រាក់នោះរួចហើយ អ្នកនឹងមិនប្រឈមនឹងផលកម្មណាមួយមែនទេ? បែបនេះ មិនអាចទៅរួចនោះទេ។ គឺច្បាស់ជានឹងមានផលកម្មមិនខាន! មិនថាពួកគេជានរណា ឬមិនថាពួកគេជឿថាមានព្រះជាម្ចាស់ឬអត់នោះទេ គ្រប់គ្នាត្រូវតែទទួលខុសត្រូវលើឥរិយាបថរបស់ខ្លួន ហើយត្រូវទទួលយកផលនៃទង្វើដែលពួកគេបានធ្វើ។ ទាក់ទិនទៅនឹងឧទាហរណ៍ដ៏សាមញ្ញមួយនេះ ចាងត្រូវរងការដាក់ទោស ហើយលីកំពុងទទួលបានការតបស្នងវិញ តើនេះមិនយុត្តិធម៌ទេឬ? នៅពេលដែលមនុស្សប្រព្រឹត្តបែបនេះ ពួកគេនឹងជួបផលដូច្នេះឯង។ ការគ្រប់គ្រងរបស់ពិភពខាងវិញ្ញាណ មិនអាចកាត់ផ្ដាច់បាននោះទេ។ មិនខ្វល់ថាពួកគេជាអ្នកមិនជឿនោះទេ វត្តមានរបស់អ្នកមិនជឿលើព្រះជាម្ចាស់ សុទ្ធតែស្ថិតក្រោមបទបញ្ជា និងបញ្ញត្តិនៃស្ថានសួគ៌ដែលធ្ងន់ធ្ងរបែបនេះទាំងអស់។ គ្មាននរណាម្នាក់អាចគេចផុតបានឡើយ ហើយគ្មាននរណាម្នាក់អាចជៀសផុតពីសច្ចភាពនេះបានឡើយ។

អ្នកដែលគ្មានសេចក្តីជំនឿ តែងជឿថា គ្រប់យ៉ាងដែលមនុស្សមើលឃើញ គឺមានពិត ចំណែកឯគ្រប់យ៉ាងដែលមនុស្សមើលមិនឃើញ ឬដែលនៅឆ្ងាយពីមនុស្ស គឺគ្មានពិតនោះទេ។ ពួកគេចូលចិត្តជឿថា ពុំមាន «វដ្តនៃការកើត និងការស្លាប់» ទេ ហើយជឿថា ពុំមាន «ការដាក់ទោស» នោះទេ ហេតុនេះហើយ ទើបពួកគេប្រព្រឹត្តអំពើបាប និងសាងអំពើអាក្រក់ដោយគ្មានស្ដាយក្រោយសោះ។ បន្ទាប់មក ពួកគេក៏ត្រូវបានដាក់ទោស ឬក៏ពួកគេចាប់កំណើតជាថ្មីជាសត្វជាដើម។ មនុស្សជាច្រើនក្នុងចំណោមប្រភេទអ្នកមិនជឿ ធ្លាក់ទៅក្នុងវដ្តកម្មនិងផលនេះ។ នេះគឺដោយសារតែពួកគេមិនដឹងថា ពិភពខាងវិញ្ញាណ មានការគ្រប់គ្រងតឹងរឹងលើភាវៈមានជីវិតទាំងអស់។ មិនថាអ្នកជឿ ឬមិនជឿនោះទេ ការពិតនេះគឺមានប្រាកដមែន ត្បិតគ្មាននរណាម្នាក់ ឬវត្ថុណាមួយអាចគេចផុតពីវិសាលភាពដែលព្រះនេត្ររបស់ព្រះជាម្ចាស់សង្កេតមើលបាននោះទេ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចគេចផុតពីក្បួនច្បាប់ និងដែនកំណត់នៃបទបញ្ជា និងបញ្ញត្តិស្ថានសួគ៌របស់ទ្រង់បានឡើយ។ ដូច្នេះ ឧទាហរណ៍ដ៏សាមញ្ញនេះ ប្រាប់អ្នករាល់គ្នាថា មិនថាអ្នកជឿលើព្រះជាម្ចាស់ ឬអត់នោះទេ ការសាងអំពើបាប និងការប្រព្រឹត្តអំពើអាក្រក់ មិនអាចទទួលយកបានទេ ហើយគ្រប់ទង្វើទាំងអស់ គឺតែងមានផលរបស់វា។ នៅដែលពេលមនុស្សម្នាក់បោកប្រាស់យកប្រាក់ពីមនុស្សម្នាក់ទៀត ត្រូវបានដាក់ទោស នោះការដាក់ទោសបែបនេះ គឺយុត្តិធម៌ណាស់។ ឥរិយាបថដែលគេមើលឃើញជាញឹកញាប់បែបនេះ ត្រូវបានដាក់ទោសនៅក្នុងពិភពខាងវិញ្ញាណ ហើយការដាក់ទោសបែបនេះ គឺធ្វើឡើងតាមបញ្ញត្តិ និងបទបញ្ជាស្ថានសួគ៌របស់ព្រះជាម្ចាស់។ ដូច្នេះហើយ ឥរិយាបថប្រព្រឹត្តអំពើឧក្រិដ្ឋឃោរឃៅ និងឥរិយាបថអាក្រក់ៗ ដូចជា ការប្លន់រំលោភ ការក្លែងបន្លំបោកប្រាស់ ការលួចប្លន់ ការសម្លាប់មនុស្សដុតផ្ទះ ។ល។ គឺត្រូវទទួលការដាក់ទោសធ្ងន់ធ្ងរផ្សេងៗបន្ថែមទៀត។ តើការដាក់ទោសដ៏ធ្ងន់ធ្ងរទាំងនេះមានអ្វីខ្លះ? ការដាក់ទោសខ្លះប្រើពេលវេលាធ្វើជាកម្រិតនៃភាពធ្ងន់ធ្ងរ ចំណែកឯការដាក់ទោសខ្លះទៀតធ្វើឡើងតាមវិធីសាស្ត្រផ្សេងៗ។ ក៏នៅមានការដាក់ទោសផ្សេងទៀត ដែលកំណត់ទីកន្លែងដែលមនុស្សត្រូវទៅកើត នៅពេលដែលពួកគេយកកំណើតជាថ្មីផងដែរ។ ឧទាហរណ៍ មនុស្សមួយចំនួនមាត់ស្អុយ។ តើពាក្យ «មាត់ស្អុយ» មានន័យដូចម្ដេច? គឺមានន័យថា ជាការពោលពាក្យប្រទេចផ្ដាសាជារឿយៗដាក់អ្នកដទៃ និងប្រើភាសាព្យាបាទដើម្បីដាក់បណ្តាសាអ្នកដទៃ។ តើភាសាព្យាបាទបង្ហាញពីអ្វី? គឺបង្ហាញថាមនុស្សម្នាក់នោះមានចិត្តព្យាបាទ។ ភាសាអាក្រក់ដែលដាក់បណ្តាសាអ្នកដទៃ តែងតែចេញមកពីមាត់របស់មនុស្សប្រភេទនេះឯង ហើយភាសាព្យាបាទបែបនេះ នឹងហុចផលអាក្រក់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីមនុស្សទាំងនេះបានស្លាប់ និងបានទទួលការដាក់ទោសសមស្របរួចហើយ ពួកគេនឹងអាចកើតមកម្តងទៀតជាមនុស្សគ។ មនុស្សមួយចំនួនគិតប្រយោជន៍ខ្លួនឯងខ្លាំងណាស់ នៅពេលដែលពួកគេនៅរស់។ ពួកគេតែងតែកេងប្រវ័ញ្ចប្រយោជន៍ពីអ្នកដទៃ គ្រោងការតូចៗរបស់ពួកគេ មានការរៀបចំបានយ៉ាងល្អណាស់ ហើយពួកគេបង្កគ្រោះថ្នាក់ជាច្រើនដល់អ្នកដទៃ។ នៅពេលដែលពួកគេកើតមកម្តងទៀត ពួកគេអាចក្លាយជាមនុស្សមានសតិមិនគ្រប់ ឬក៏ជាមនុស្សដែលខូចសតិ។ មនុស្សមួយចំនួនតែងតែលួចមើលរឿងឯកជនរបស់អ្នកដទៃ។ ភ្នែករបស់ពួកគេមើលឃើញរឿងជាច្រើនដែលពួកគេមិនគួរឃើញ ហើយពួកគេដឹងរឿងជាច្រើនដែលពួកគេមិនគួរដឹង។ ហេតុនេះហើយ នៅពេលដែលពួកគេកើតមកសាជាថ្មី ពួកគេអាចនឹងខ្វាក់ភ្នែក។ មនុស្សមួយចំនួនរហ័សដៃរហ័សជើងណាស់ នៅពេលដែលពួកគេនៅរស់។ ពួកគេតែងតែវាយតប់គ្នា និងធ្វើរឿងអាក្រក់ជាច្រើន។ ដោយហេតុនេះហើយ ពួកគេអាចកើតជាថ្មីជាមនុស្សពិការ អវយវៈមិនគ្រប់ ឬបាត់ដៃមួយចំហៀងជាដើម។ បើមិនដូច្នេះទេ ពួកគេអាចកើតជាថ្មីមានខ្នងកោង ឬកវៀច ដើរជើងម្ខាង មានជើងម្ខាងខ្លីជើងម្ខាងវែង ។ល។ និង ។ល។ ចំពោះរឿងនេះ ពួកគេត្រូវទទួលការដាក់ទោសផ្សេងៗអាស្រ័យលើកម្រិតនៃអំពើអាក្រក់ដែលពួកគេបានសាង នៅពេលពួកគេនៅរស់។ ហេតុអ្វីបានជាអ្នករាល់គ្នាគិតថា មនុស្សមួយចំនួនមានភ្នែកខ្សោយ? តើមនុស្សបែបនេះមានច្រើនទេ? សព្វថ្ងៃនេះ មានមនុស្សប្រភេទនេះច្រើន មិនមែនពីរបីនាក់ទេ។ មនុស្សខ្លះមានភ្នែកខ្សោយដោយសារតែកាលពីជាតិមុន ពួកគេប្រើភ្នែកច្រើនពេក និងធ្វើរឿងអាក្រក់ជាច្រើន ដូច្នេះ ពួកគេកើតក្នុងជាតិនេះដោយមានភ្នែកខ្សោយ ហើយក្នុងករណីធ្ងន់ធ្ងរ ពួកគេកើតមកខ្វាក់ក៏មាន។ នេះគឺជាកម្មផល! មនុស្សខ្លះមានទំនាក់ទំនងល្អជាមួយអ្នកដទៃមុនពេលដែលពួកគេស្លាប់។ ពួកគេធ្វើរឿងល្អៗជាច្រើនដើម្បីសាច់ញាតិ មិត្តភក្តិ អ្នកធ្វើការជាមួយ ឬមនុស្សដែលមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេចែកទាន និងគិតគូរដល់អ្នកដទៃ ឬជួយអ្នកដទៃខាងផ្នែកហិរញ្ញវត្ថុ ហើយមនុស្សម្នាក៏លើកសរសើរពួកគេ។ នៅពេលដែលមនុស្សប្រភេទនេះត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ពួកគេមិនត្រូវបានដាក់ទោសនោះទេ។ ចំពោះអ្នកមិនជឿ ដើម្បីកុំឱ្យត្រូវទទួលទោសតាមវិធីណាមួយ ដូច្នេះ ពួកគេត្រូវតែធ្វើជាមនុស្សល្អណាស់។ ពួកគេមិនជឿថាមានព្រះជាម្ចាស់នោះទេ ពួកគេជឿតែលើទេវតានៅលើមេឃប៉ុណ្ណោះ។ មនុស្សបែបនេះត្រឹមជឿថា មានវិញ្ញាណនៅពីលើពួកគេ កំពុងមើលគ្រប់ទង្វើដែលពួកគេធ្វើប៉ុណ្ណោះ។ ពួកគេជឿតែប៉ុណ្ណេះឯង។ លទ្ធផលគឺថា មនុស្សនេះគឺមានឥរិយាបថប្រសើរជាងច្រើន។ មនុស្សប្រភេទនេះមានសណ្តានចិត្តល្អ និងសប្បុរស ហើយចុងក្រោយ នៅពេលដែលពួកគេត្រឡប់មកពិភពខាងវិញ្ញាណវិញ ពិភពខាងវិញ្ញាណនឹងប្រព្រឹត្តដាក់ពួកគេយ៉ាងល្អ ហើយពួកគេនឹងចាប់កំណើតជាថ្មីយ៉ាងឆាប់រហ័ស។ នៅពេលដែលពួកគេកើតជាថ្មី តើពួកគេនឹងកើតក្នុងគ្រួសារបែបណា? ទោះបីជាគ្រួសារនោះមិនមានជីវភាពធូរធារក៏ដោយ ក៏ពួកគេនឹងរួចផុតពីគ្រោះថ្នាក់នានា មានសមាជិកគ្រួសារចុះសម្រុងគ្នា។ នៅទីនោះ មនុស្សដែលយកកំណើតសាជាថ្មីទាំងនេះ នឹងរស់នៅដោយរីករាយ និងមានសុវត្ថិភាព ហើយគ្រប់គ្នានឹងអរសប្បាយ ព្រមទាំងរស់នៅក្នុងជីវិតដ៏ល្អប្រសើរ។ នៅពេលដែលមនុស្សទាំងនេះពេញវ័យ ពួកគេនឹងមានគ្រួសារដ៏ធំ មានគ្នាច្រើន។ កូនចៅរបស់ពួកគេនឹងមានទេពកោសល្យ និងទទួលបានភាពជោគជ័យ ហើយគ្រួសាររបស់ពួកគេនឹងសោយសុខនឹងសំណាងល្អនេះ។ លទ្ធផលបែបនេះ គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងអតីតជាតិរបស់មនុស្សទាំងនេះ។ មានន័យថា ទីកន្លែងដែលពួកគេត្រូវទៅបន្ទាប់ពីពួកគេស្លាប់ និងកើតសាជាថ្មី មិនថាពួកគេជាបុរស ឬស្ត្រី មិនថាបេសកកម្មរបស់ពួកគេជាអ្វី មិនថាពួកគេនឹងឆ្លងកាត់រៀងអ្វីខ្លះនៅក្នុងជីវិត មិនថាពួកគេជួបការលំបាកអ្វីខ្លះ មិនថាពួកគេនឹងទទួលបានព្រះពរអ្វីខ្លះ មិនថាពួកគេនឹងត្រូវជួបនរណា ហើយមិនថាមានរឿងអ្វីខ្លះត្រូវកើតឡើងចំពោះពួកគេនោះទេ គឺគ្មាននរណាម្នាក់អាចទស្សន៍ទាយដឹង អាចជៀសផុត ឬគេចផុតបានឡើយ។ អាចនិយាយបានថា នៅពេលដែលជីវិតរបស់អ្នកត្រូវបានកំណត់ស្រេចហើយ មិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកទេ អ្នកគ្មានវិធីកែប្រែខ្សែជីវិតដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកនៅក្នុងពិភពខាងវិញ្ញាណនោះបានទេ ទោះបីជាអ្នកព្យាយាមគេចចេញ និងប្រើប្រាស់មធ្យោបាយបែបណាក៏ដោយ។ ព្រោះថា នៅពេលដែលអ្នកយកកំណើតសាជាថ្មី វាសនាជីវិតរបស់អ្នកត្រូវបានកំណត់រួចជាស្រេចទៅហើយ។ មិនថាវាសនានោះល្អ ឬអាក្រក់ទេ មនុស្សគ្រប់គ្នាគួរតែព្រមប្រឈមនឹងរឿងនេះ ហើយបន្តដំណើរទៅមុខទៀត។ នេះគឺជារឿងមួយដែលគ្មានអ្នកណាម្នាក់ដែលរស់នៅក្នុងពិភពលោកនេះអាចគេចផុតបានឡើយ ហើយគ្មានរឿងណាមួយដែលពិតជាងនេះទៀតទេ។ អ្នកទាំងអស់គ្នាបានយល់គ្រប់យ៉ាងដែលខ្ញុំបាននិយាយហើយ មែនទេ?

ដោយបានយល់ពីរឿងទាំងអស់នេះហើយ ពេលនេះតើអ្នករាល់គ្នាបានឃើញថា ព្រះជាម្ចាស់មានការត្រួតពិនិត្យ និងការគ្រប់គ្រងតឹងរឹង និងប្រិតប្រៀនចំពោះវដ្តនៃការកើត និងការស្លាប់របស់អ្នកមិនជឿខ្លាំងហើយមែនទេ? ដំបូង ទ្រង់បានបង្កើតបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធនៃស្ថានសួគ៌នៅក្នុងពិភពខាងវិញ្ញាណ ហើយនៅពេលដែលបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធទាំងនោះត្រូវបានប្រកាសហើយ ភាវៈដែលកាន់តំណែងជាមន្ត្រីក្នុងពិភពខាងវិញ្ញាណនោះ ត្រូវអនុវត្តតាមបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធនោះយ៉ាងតឹងរឹងបំផុត ដូចដែលព្រះជាម្ចាស់បានកំណត់ ហើយគ្មាននរណាម្នាក់ហ៊ានបំពានឡើយ។ ដូច្នេះហើយ នៅក្នុងវដ្តនៃការកើត និងការស្លាប់របស់មនុស្សជាតិនៅក្នុងពិភពមនុស្ស មិនថានរណាម្នាក់យកកំណើតសាជាថ្មីជាសត្វ ឬជាមនុស្សនោះទេ គឺមានច្បាប់សម្រាប់កំណើតទាំងពីរប្រភេទនេះ។ ដោយសារច្បាប់ទាំងនេះមកពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ហ៊ានបំពានច្បាប់ទាំងនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចល្មើសច្បាស់ទាំងនេះបានដែរ។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងដោយសារតែមានច្បាប់បែបនេះហើយ ទើបពិភពរូបធាតុដែលមនុស្សមើលឃើញ មានលក្ខណៈទៀងទាត់ និងមានសណ្តាប់ធ្នាប់។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នេះឯង ទើបមនុស្សអាចរស់នៅ យ៉ាងស្ងប់សុខជាមួយនឹងពិភពផ្សេងមួយទៀតដែលពួកគេមើលមិនឃើញទាល់តែសោះ និងអាចរស់នៅក្នុងភាពសុខដុមរមនាជាមួយពិភពនោះបាន។ ទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បាននោះទេ។ បន្ទាប់ពីជីវិតខាងសាច់ឈាមរបស់មនុស្សម្នាក់ស្លាប់ទៅ ព្រលឹងរបស់គេនៅតែមានជីវិត ដូច្នេះ តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើព្រលឹងនោះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់? ព្រលឹងនោះមុខជាដើរត្រាច់ចរគ្រប់ទីកន្លែង ទន្ទ្រានគ្រប់ទីកន្លែង និងអាចបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិតនៅក្នុងពិភពរបស់មនុស្សទៀតផង។ គ្រោះថ្នាក់បែបនោះមិនត្រឹមតែអាចកើតមានចំពោះមនុស្សជាតិនោះទេ តែក៏អាចកើតមានចំពោះរុក្ខជាតិ និងសត្វថែមទៀតផង។ ទោះយ៉ាងណា អ្នកដែលទទួលរងគ្រោះមុនគេ គឺមនុស្សមិនខាន។ ប្រសិនបើព្រលឹងទាំងនោះ គ្មានការគ្រប់គ្រងទេ ហើយបើរឿងនេះកើតឡើងមែន វាមុខជាបង្កគ្រោះថ្នាក់ដល់មនុស្សជាប្រាកដ ហើយមុខជាធ្វើរឿងអាក្រក់ៗជាក់ជាមិនខាន។ ដូច្នេះ ព្រលឹងនេះក៏នឹងត្រូវដោះស្រាយនៅក្នុងពិភពខាងវិញ្ញាណឱ្យបានសមស្របផងដែរ៖ បើករណីធ្ងន់ធ្ងរ មិនយូរទេព្រលឹងនោះនឹងលែងមានវត្តមានតទៅទៀត ហើយនឹងត្រូវបំផ្លាញចោល។ ប្រសិនបើអាច ព្រលឹងនោះនឹងត្រូវដាក់នៅកន្លែងណាមួយ ហើយក្រោយមកក៏ចាប់កំណើតសាជាថ្មី។ មានន័យថា ការគ្រប់គ្រងវិញ្ញាណនានារបស់ពិភពខាងវិញ្ញាណ គឺមានបញ្ជា និងត្រូវអនុវត្តស្របទៅតាមជំហាន និងច្បាប់នានា។ គឺដោយសារមានការគ្រប់គ្រងបែបនេះហើយ ទើបពិភពរូបធាតុរបស់មនុស្សមិនបានធ្លាក់ក្នុងភាពវឹកវរ ហើយមនុស្សនៃពិភពរូបធាតុមានចិត្តគំនិតធម្មតា មានហេតុផលធម្មតា និងមានជីវិតខាងសាច់ឈាមមានរបៀបរៀបរយល្អ។ ក្រោយពីមនុស្សជាតិមានជីវិតធម្មតាបែបនេះហើយ ទើបអ្នកដែលរស់ខាងសាច់ឈាម នឹងអាចបន្តរីកចម្រើន និងបង្កើតកូនចៅរាប់ជំនាន់ទៀតបាន។

តើអ្នកគិតដូចម្តេចចំពោះពាក្យដែលអ្នកទើបតែបានឮ? តើពាក្យទាំងនេះថ្មីសម្រាប់អ្នកមែនទេ? តើប្រធានបទនៃការប្រកបគ្នាថ្ងៃនេះ បន្សល់ទុកនូវការចាប់អារម្មណ៍អ្វីខ្លះសម្រាប់អ្នករាល់គ្នា? ក្រៅពីភាពថ្មីនៃប្រធានបទទាំងនេះ តើអ្នកមានអារម្មណ៍អ្វីផ្សេងទៀតដែរឬទេ? (មនុស្សគួរតែមានឥរិយាបថល្អ ហើយយើងអាចឃើញថា ព្រះជាម្ចាស់អស្ចារ្យ និងគួរឱ្យគោរព។) (ក្រោយពីបានស្តាប់ឮការប្រកបគ្នារបស់ព្រះជាម្ចាស់អំពីវិធីដែលទ្រង់រៀបចំទីបញ្ចប់សម្រាប់ប្រភេទមនុស្សជាតិផ្សេងហើយ ដំបូង ខ្ញុំមានអារម្មណ៍ថា និស្ស័យរបស់ទ្រង់មិនអាចប្រមាថបានទេ ដូច្នេះ ខ្ញុំគួរតែគោរពទ្រង់។ មួយវិញទៀត ខ្ញុំដឹងថា មនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយមនុស្សប្រភេទណាមួយដែលព្រះជាម្ចាស់មិនសព្វព្រះទ័យ ដូច្នេះ ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលទ្រង់សព្វព្រះទ័យ។) ត្រង់ក្នុងចំណុចនេះ តើអ្នករាល់គ្នាឃើញថា ព្រះជាម្ចាស់មានគោលការណ៍នៅក្នុងសកម្មភាពរបស់ទ្រង់ដែរឬទេ? តើអ្វីជាគោលការណ៍ដែលទ្រង់ប្រើប្រាស់ដើម្បីធ្វើសកម្មភាព? (ទ្រង់រៀបចំទីបញ្ចប់របស់មនុស្សផ្អែកលើគ្រប់យ៉ាងដែលពួកគេបានធ្វើ។) នេះគឺពាក់ព័ន្ធនឹងទីបញ្ចប់របស់អ្នកមិនជឿដែលយើងទើបតែនិយាយគ្នាហើយ។ នៅពេលនិយាយដល់អ្នកមិនជឿ តើគោលការណ៍ដែលព្រះប្រើដើម្បីអនុវត្តសកម្មភាពរបស់ទ្រង់ ជាគោលការណ៍ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់មែនទេ? តើមានករណីលើកលែងណាមួយដែរទេ? (គ្មានទេ។) តើអ្នករាល់គ្នាយល់ថានៅពីក្រោយសកម្មភាពរបស់ព្រះជាម្ចាស់ មានគោលការណ៍ណាមួយដែរឬទេ? តាមពិត អ្នកមិនជឿ ពុំបានជឿលើព្រះជាម្ចាស់ដោយពិតប្រាកដនោះទេ ហើយពួកគេក៏មិនចុះចូលនឹងការរៀបចំរបស់ទ្រង់ដែរ។ ជាងនេះទៅទៀត ពួកគេមិនបានដឹងពីអធិបតេយ្យភាពរបស់ទ្រង់ទេ ហើយពួកគេក៏មិនបានទទួលស្គាល់ទ្រង់ដែរ។ យ៉ាប់ជាងនេះទៅទៀតនោះគឺ ពួកគេមិនគោរពព្រះជាម្ចាស់ឡើយ ពួកគេដាក់បណ្តាសាទ្រង់ និងប្រទូសទាស់នឹងអ្នកដែលជឿព្រះជាម្ចាស់។ ទោះពួកគេមានអាកប្បកិរិយាបែបនេះចំពោះព្រះជាម្ចាស់ក៏ដោយ ក៏ការគ្រប់គ្រងរបស់ទ្រង់លើពួកគេ នៅតែមិនអាចកាត់ផ្តាច់ចេញពីគោលការណ៍របស់ទ្រង់ដែរ។ ទ្រង់គ្រប់គ្រងពួកគេយ៉ាងមានរបៀបរៀបរយ ស្របតាមគោលការណ៍ និងនិស្ស័យរបស់ទ្រង់។ តើទ្រង់មានព្រះតម្រិះបែបណាចំពោះការប្រឆាំងទាស់របស់ពួកគេ? ទ្រង់ព្រះតម្រិះថា នោះជាភាពល្ងង់ខ្លៅ! ហេតុនេះហើយ ទ្រង់បានឱ្យមនុស្សទាំងនេះ ដែលភាគច្រើនជាអ្នកមិនជឿ ទៅយកកំណើតសាជាថ្មីជាសត្វ កាលពីជាតិមុន។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើអ្នកមិនជឿ គឺជាអ្វីឱ្យពិតប្រាកដ? ពួកគេទាំងអស់ សុទ្ធតែជាសត្វតិរច្ឆាន។ ព្រះជាម្ចាស់គ្រប់គ្រងសត្វតិរច្ឆានផង មនុស្សជាតិផង ហើយទ្រង់ក៏មានគោលការណ៍ចំពោះមនុស្សបែបនេះដូចគ្នាដែរ។ សូម្បីតែនៅក្នុងការគ្រប់គ្រងរបស់ទ្រង់លើមនុស្សទាំងនេះ ក៏នៅតែអាចមើលឃើញពីនិស្ស័យរបស់ទ្រង់ដែរ ដូចដែលអាចមើលឃើញពីច្បាប់នៅពីក្រោយការត្រួតត្រាលើរបស់សព្វសារពើបែបនោះដែរ។ ដូច្នេះ តើអ្នករាល់គ្នាមើលឃើញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៅក្នុងគោលការណ៍ដែលទ្រង់គ្រប់គ្រងអ្នកមិនជឿ ដែលខ្ញុំទើបនឹងលើកឡើងនេះហើយមែនទេ? តើអ្នកមើលឃើញនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ដែរឬទេ? (យើងមើលឃើញ។) និយាយមួយបែបទៀត មិនថាទ្រង់ដោះស្រាយជាមួយភាវៈណាមួយក្នុងចំណោមរបស់សព្វសារពើនោះទេ ព្រះជាម្ចាស់ធ្វើសកម្មភាពផ្អែកលើគោលការណ៍ និងនិស្ស័យរបស់ទ្រង់ផ្ទាល់។ នេះគឺជាសារជាតិរបស់ព្រះជាម្ចាស់។ ទ្រង់នឹងមិនបំពានលើបញ្ញត្តិ ឬបទបញ្ជាស្ថានសួគ៌ដែលទ្រង់បានកំណត់មក ដោយព្រោះតែទ្រង់ចាត់ទុកមនុស្សបែបនោះជាសត្វតិរិច្ឆាននោះទេ។ ព្រះជាម្ចាស់ធ្វើអ្វីទៅតាមគោលការណ៍ គ្មានការធ្វេសប្រហែសសូម្បីតែបន្តិច ហើយសកម្មភាពរបស់ទ្រង់ មិនទទួលរងឥទ្ធិពលពីកត្តាណាមួយសោះឡើយ។ គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺស្របតាមគោលការណ៍របស់ទ្រង់ផ្ទាល់។ នេះគឺដោយសារតែព្រះជាម្ចាស់មានសារជាតិជាព្រះផ្ទាល់ព្រះអង្គ។ នេះគឺជាទិដ្ឋភាពមួយនៃសារជាតិរបស់ទ្រង់ ដែលគ្មានភាវៈដែលព្រះបានបង្កើតមកណាមួយមាននោះទេ។ ព្រះជាម្ចាស់ទ្រង់ញាណ និងទទួលខុសត្រូវលើការដោះស្រាយបញ្ហា វិធីសាស្ត្រ ការរៀបចំ ការគ្រប់គ្រង និងការត្រួតត្រារបស់ទ្រង់លើវត្ថុនីមួយៗ មនុស្សម្នាក់ៗ និងភាវៈមានជីវិតទាំងអស់ ក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើតមក ហើយចំពោះរឿងនេះ ទ្រង់មិនដែលធ្វេសប្រហែសឡើយ។ ទ្រង់មានព្រះទ័យសណ្ដោសប្រណីនិងសប្បុរសចំពោះមនុស្សល្អ។ ចំពោះមនុស្សអាក្រក់វិញ ទ្រង់ប្រទានទោសដោយគ្មានព្រះទ័យស្ដាយក្រោយឡើយ ហើយទ្រង់រៀបចំសម្រាប់ភាវៈមានជីវិតផ្សេងៗយ៉ាងសមស្រប ទៅតាមលក្ខណៈទៀងទាត់ និងតាមពេលវេលា ផ្អែកលើតម្រូវការនៃពិភពមនុស្ស ទៅតាមពេលវេលាខុសៗគ្នា។ តាមលក្ខណៈនេះ ភាវៈមានជីវិតផ្សេងៗគ្នាទាំងនោះ ចាប់កំណើតជាថ្មី ផ្អែកលើតួនាទីរបស់វា ក្នុងលក្ខណៈមួយដែលមានសណ្តាប់ធ្នាប់ល្អ ហើយផ្លាស់ទីនៅចន្លោះពិភពរូបធាតុ និងពិភពខាងវិញ្ញាណ ទៅតាមលក្ខណៈវិធីសាស្ត្រ។

សេចក្តីស្លាប់របស់ភាវៈមានជីវិត ដែលជាទីបញ្ចប់នៃជីវិតខាងរូបកាយ បញ្ជាក់ឱ្យឃើញថា ភាវៈមានជីវិតបានឆ្លងកាត់ពីពិភពរូបធាតុទៅកាន់ពិភពខាងវិញ្ញាណហើយ ចំណែកឯការកើតនៃជីវិតខាងរូបកាយថ្មីមួយ បញ្ជាក់ឱ្យឃើញថា ភាវៈមានជីវិតបានចេញមកពីពិភពខាងវិញ្ញាណចូលទៅក្នុងពិភពខាងរូបធាតុវិញហើយ និងចាប់ផ្តើមទទួលយកនិងបំពេញតួនាទីរៀងៗខ្លួន។ មិនថាជាការចាកចេញ ឬការមកដល់នៃភាវៈណាមួយនោះទេ រឿងទាំងពីរនេះ មិនអាចកាត់ផ្តាច់ពីកិច្ចការនៃពិភពខាងវិញ្ញាណបានឡើយ។ ទម្រាំដល់ពេលដែលមនុស្សម្នាក់ចូលមកដល់ក្នុងពិភពរូបធាតុនេះ ព្រះជាម្ចាស់បានរៀបចំ និងធ្វើការកំណត់យ៉ាងសមស្របនៅក្នុងពិភពខាងវិញ្ញាណរួចជាស្រេចទៅហើយ ថាតើគ្រួសារមួយណាដែលមនុស្សនោះនឹងត្រូវទៅកើតជាមួយ យុគសម័យមួយណាដែលបុគ្គលនោះនឹងមកដល់ ម៉ោងប៉ុន្មានដែលពួកគេនឹងមកដល់ និងតួនាទីអ្វីដែលពួកគេនឹងត្រូវបំពេញ។ ដោយហេតុនេះហើយ ជីវិតរបស់បុគ្គលម្នាក់នេះទាំងមូល ទាំងអ្វីដែលពួកគេត្រូវធ្វើ និងផ្លូវដែលពួកគេត្រូវដើរ នឹងត្រូវកើតមានទៅតាមការរៀបចំនៅក្នុងពិភពខាងវិញ្ញាណ ដោយគ្មានភាពខុសគ្នាសូម្បីតែបន្តិច។ ជាងនេះទៅទៀត ពេលវេលាដែលជីវិតខាងរូបកាយត្រូវរលត់ទៅវិញ ព្រមទាំងលក្ខណៈនិងទីកន្លែងដែលជីវិតនោះត្រូវបញ្ចប់ គឺពិភពខាងវិញ្ញាណអាចដឹងបានយ៉ាងច្បាស់។ ព្រះជាម្ចាស់ត្រួតត្រាពិភពរូបធាតុ ហើយទ្រង់ក៏ត្រួតត្រាពិភពខាងវិញ្ញាណផងដែរ។ ទ្រង់នឹងមិនពន្យារវដ្ដនៃការកើត និងការស្លាប់ជាធម្មតានៃព្រលឹងណាមួយឡើយ ហើយទ្រង់ក៏នឹងមិនបង្កើតកំហុសណាមួយនៅក្នុងការរៀបចំវដ្តនោះដែរ។ មន្ត្រីកាន់តំណែងផ្លូវការម្នាក់ៗនៃពិភពខាងវិញ្ញាណ អនុវត្តកិច្ចការរបស់ពួកគេរៀងៗខ្លួន និងធ្វើកិច្ចការណាដែលពួកគេគួរធ្វើ ស្របតាមការណែនាំ និងបញ្ញត្តិរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅក្នុងពិភពមនុស្សជាតិ បាតុភូតរូបធាតុនីមួយៗដែលមនុស្សមើលឃើញ គឺមានលំដាប់លំដោយ ហើយគ្មានភាពរញ៉េរញ៉ៃនោះទេ។ អ្វីទាំងអស់នេះគឺដោយសារការគ្រប់គ្រងមានសណ្តាប់ធ្នាប់ល្អរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ និងសិទ្ធិអំណាចរបស់ទ្រង់ដែលគ្រប់គ្រងលើរបស់សព្វសារពើ។ ការត្រួតត្រារបស់ទ្រង់ រួមបញ្ចូលទាំងពិភពរូបធាតុដែលមនុស្សរស់នៅ ក៏ដូចជាពិភពខាងវិញ្ញាណដែលមនុស្សមើលមិនឃើញផងដែរ។ ដូច្នេះហើយ ប្រសិនបើមនុស្សមានបំណងចង់មានជីវិតដ៏ល្អប្រសើរ ហើយសង្ឃឹមរស់នៅក្នុងបរិស្ថានល្អមួយ បន្ថែមពីលើពិភពរូបធាតុដែលពួកគេអាចមើលឃើញអ្វីៗទាំងអស់ដែលបានប្រទានមកដល់ពួកគេ នោះព្រះក៏ត្រូវប្រទានពិភពខាងវិញ្ញាណទៅឱ្យពួកគេផងដែរ ជាពិភពមួយគ្មាននរណាម្នាក់អាចមើលឃើញ ជាពិភពមួយដែលគ្រប់គ្រងភាវៈមានជីវិតគ្រប់យ៉ាងជំនួសឱ្យមនុស្សជាតិ និងជាពិភពដែលមានសណ្តាប់ធ្នាប់ល្អ។ ដូច្នេះ ការដែលនិយាយថា ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើនេះ តើយើងបានបង្កើនចំណេះដឹង និងការយល់ដឹងរបស់យើងអំពី «របស់សព្វសារពើ» ដែរឬទេ? (បាន។)

ខ. វដ្តនៃការកើត និងការស្លាប់របស់មនុស្សមានជំនឿ

យើងទើបតែបានពិភាក្សាគ្នាអំពីវដ្តនៃការកើត និងការស្លាប់របស់មនុស្សនៅក្នុងប្រភេទទីមួយ គឺអ្នកមិនជឿ។ ពេលនេះ យើងនាំគ្នាពិភាក្សាអំពីប្រភេទទីពីរម្ដង នោះគឺមនុស្សមានជំនឿ។ «វដ្តនៃការកើត និងការស្លាប់របស់មនុស្សមានជំនឿ» គឺជាប្រធានបទដ៏មានសារៈសំខាន់មួយទៀត ហើយអ្នករាល់គ្នាចាំបាច់ត្រូវមានការយល់ដឹងអំពីប្រធានបទនេះ។ ដំបូង យើងនាំគ្នានិយាយអំពីប្រភេទនៃជំនឿផ្សេងៗ ពោលគឺ «ជំនឿ» ដែល «មនុស្សមានជំនឿ» សំដៅលើ៖ សាសនាធំៗទាំងប្រាំ ដូចជា សាសនាយូដា សាសនាគ្រីស្ទ សាសនាកាតូលិក សាសនាឥស្លាម និងសាសនាព្រះពុទ្ធ។ ក្រៅពីអ្នកមិនជឿ មនុស្សដែលជឿលើសាសនាទាំងប្រាំនេះ គ្របដណ្ដប់លើចំនួនប្រជាជនពិភពលោកមួយផ្នែកធំ។ នៅក្នុងចំណោមសាសនាទាំងប្រាំនេះ អ្នកដែលមានការងារចេញពីជំនឿរបស់ពួកគេ គឺមានតិចតួចទេ ប៉ុន្តែសាសនាទាំងនេះមានអ្នកជឿជាច្រើន។ ពួកគេនឹងទៅកន្លែងខុសៗគ្នា នៅពេលដែលពួកគេស្លាប់ទៅ។ តើ «ខុសគ្នា» ពីអ្នកណា? គឺខុសគ្នាពីអ្នកមិនជឿ ដែលជាមនុស្សគ្មានជំនឿសាសនា ដែលយើងទើបតែបាននិយាយគ្នារួច។ បន្ទាប់ពីពួកគេស្លាប់ទៅ អ្នកមានជំនឿលើសាសនាទាំងប្រាំនេះ ទៅកន្លែងផ្សេងទៀត ជាកន្លែងខុសគ្នាពីកន្លែងរបស់អ្នកមិនជឿ។ ទោះយ៉ាងណា ក៏វានៅតែស្ថិតក្នុងដំណើរការដូចគ្នាដដែល។ ដូច្នេះហើយ ពិភពខាងវិញ្ញាណនឹងជំនុំជម្រះពួកគេដោយផ្អែកលើទង្វើគ្រប់យ៉ាងដែលពួកគេបានធ្វើមុនពេលពួកគេស្លាប់ បន្ទាប់ពីនោះមក ពួកគេនឹងត្រូវរៀបចំទៅតាមនោះឯង។ ប៉ុន្តែ ហេតុអ្វីបានជាមនុស្សទាំងនេះត្រូវបញ្ជូនទៅកាន់កន្លែងផ្សេងដើម្បីទទួលបានការរៀបចំ? រឿងនេះគឺមានមូលហេតុសំខាន់មួយ។ តើជាអ្វីទៅ? ខ្ញុំនឹងពន្យល់សេចក្ដីនេះទៅកាន់អ្នករាល់គ្នា ដោយលើកជាឧទាហរណ៍មួយមកបញ្ជាក់។ ក៏ប៉ុន្តែ មុនពេលដែលខ្ញុំពន្យល់ អ្នករាល់គ្នាប្រហែលជាអាចគិតក្នុងចិត្តថា៖ «គឺអាចដោយសារតែពួកគេមានជំនឿតិចតួចលើព្រះជាម្ចាស់! ពួកគេមិនមែនមិនជឿសោះនោះ»។ ក៏ប៉ុន្តែ នេះមិនមែនជាមូលហេតុពិតនោះទេ។ មានមូលហេតុដ៏សំខាន់មួយដែលពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ។

យើងលើកឧទាហរណ៍ពីសាសនាព្រះពុទ្ធមកនិយាយទៅចុះ។ ខ្ញុំនឹងប្រាប់ការពិតមួយដល់អ្នករាល់គ្នា។ ទីមួយ ពុទ្ធបរិស័ទ គឺជាមនុស្សម្នាក់ដែលបានផ្លាស់ប្តូរទៅជឿលើសាសនាព្រះពុទ្ធ ហើយគេគឺជាបុគ្គលម្នាក់ដែលដឹងថាខ្លួនជឿលើអ្វី។ នៅពេលពុទ្ធបរិស័ទនោះកោរសក់ធ្វើជាព្រះសង្ឃ ឬដូនជី នោះមានន័យថា គេបានញែកខ្លួនពីពិភពលោកិយ ដោយចាកចេញពីសំឡេងរំខាននៃពិភពមនុស្សហើយ។ រាល់ថ្ងៃ ពួកគេសូត្រធម៌ ថ្វាយបង្គំព្រះពុទ្ធ ឆាន់អាហារបួស រស់នៅក្នុងជីវិតជាបព្វជិត និងរស់នៅតែជាមួយនឹងពន្លឺចង្កៀងប្រេងកាតភ្លឺប្លុងៗប៉ុណ្ណោះ។ ពួកគេចំណាយពេលពេញមួយជីវិតដោយបែបនេះ។ នៅពេលជីវិតខាងរូបកាយរបស់ពុទ្ធបរិស័ទបញ្ចប់ ពួកគេនឹងគិតពីបុណ្យបាបនៃជីវិតរបស់ពួកគេ ប៉ុន្តែនៅក្នុងចិត្តពួកគេ ពួកគេមិនដឹងថាពួកគេត្រូវទៅកន្លែងណានោះទេបន្ទាប់ពីពួកគេស្លាប់ទៅ មិនដឹងថាត្រូវជួបមនុស្សណាខ្លះ ឬពួកគេនឹងទទួលផលបែបណានោះទេ៖ នៅក្នុងចិត្តពួកគេ នឹងគ្មានការយល់ដឹងច្បាស់លាស់អំពីរបស់រឿងឡើយ។ ពួកគេមិនបានធ្វើអ្វីក្រៅតែពីប្រណិប័តន៍ជំនឿទាំងងងឹតងងល់ពេញមួយជីវិតរបស់ពួកគេនោះទេ ដែលក្រោយមក ពួកគេនឹងត្រូវចាកចេញពីពិភពមនុស្សជាមួយនឹងបំណង និងឧត្តមគតិល្ងឹតល្ងង់របស់ពួកគេ។ នេះគឺជាទីបញ្ចប់នៃជីវិតខាងរូបកាយរបស់ពុទ្ធបរិស័ទ នៅពេលដែលពួកគេចាកចេញពីពិភពរបស់សត្វលោក។ បន្ទាប់មក ពួកគេត្រឡប់ទៅកាន់ទីកន្លែងដើមរបស់ពួកគេវិញនៅក្នុងពិភពខាងវិញ្ញាណ។ មិនថាមនុស្សនេះយកកំណើតសាជាថ្មី ត្រឡប់មកផែនដីវិញ និងបន្តសន្សំសេចក្ដីល្អផ្ទាល់ខ្លួនទៀតឬអត់នោះ គឺអាស្រ័យលើឥរិយាបថ និងការប្រណិប័តន៍របស់ពួកគេមុនពេលដែលពួកគេស្លាប់។ ប្រសិនបើពួកគេមិនបានធ្វើអ្វីខុសអំឡុងពេលជីវិតរស់នៅរបស់ពួកគេទេ នោះពួកគេនឹងចាប់កំណើតជាថ្មីវិញបានលឿន ហើយត្រូវបញ្ជូនត្រឡប់មកផែនដីម្តងទៀត ដែលនៅទីនេះ គេនឹងបួសជាព្រះសង្ឃ ឬដូនជីម្តងទៀត។ មានន័យថា ពួកគេអនុវត្តការសន្សំសេចក្ដីល្អផ្ទាល់ខ្លួនអំឡុងពេលនៃជីវិតខាងរូបកាយរបស់ពួកគេ ឱ្យស្របទៅនឹងការដែលពួកគេបានអនុវត្តការសន្សំសេចក្ដីល្អកាលពីលើកទីមួយដែរ ហើយបន្ទាប់ពីជីវិតខាងរូបកាយរបស់ពួកគេផុតរលត់ទៅ ពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ជាកន្លែងដែលពួកគេត្រូវទទួលការត្រួតពិនិត្យម្ដងទៀត។ បន្ទាប់ពីនោះ ប្រសិនបើរកមិនឃើញមានបញ្ហាអ្វីទេ ពួកគេអាចវិលត្រឡប់ទៅកាន់ពិភពមនុស្សម្តងទៀត ហើយជឿលើសាសនាព្រះពុទ្ធម្តងទៀត ហើយក៏បន្តការប្រតិបត្តរបស់ពួកគេទៀតដែរ។ បន្ទាប់ពីយកកំណើតជាថ្មីបានបីទៅប្រាំពីរជាតិហើយ ពួកគេនឹងត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណម្តងទៀត ជាកន្លែងដែលពួកគេត្រូវទៅបន្ទាប់ពីជីវិតខាងរូបកាយក្នុងជាតិនីមួយៗបានបញ្ចប់។ ប្រសិនបើលក្ខណៈសម្បត្តិ និងឥរិយាបថរបស់ពួកគេនៅក្នុងពិភពមនុស្ស ស្របទៅតាមបទបញ្ជាស្ថានសួគ៌នៃពិភពខាងវិញ្ញាណ ដូច្នេះ ចាប់ពីចំណុចនោះតទៅ ពួកគេនឹងត្រូវស្ថិតនៅទីនោះ។ ពួកគេនឹងលែងកើតជាមនុស្សទៀតហើយ ហើយពួកគេក៏នឹងលែងមានហានិភ័យដែលត្រូវទទួលទោសចំពោះទង្វើអាក្រក់នៅលើផែនដីតទៅទៀតដែរ។ ពួកគេនឹងលែងឆ្លងកាត់ដំណើរការនេះទៀតហើយ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលយកតួនាទីនៅក្នុងពិភពខាងវិញ្ញាណ ផ្អែកលើស្ថានភាពរបស់ពួកគេ។ ពុទ្ធបរិស័ទចាត់ទុកចំណុចនេះថាជា «ការសម្រេចសម្មាសម្ពោធិញាណ»។ ការសម្រេចសម្មាសម្ពោធិញាណ មានន័យថា ជាការសម្រេចជាមន្ត្រីម្នាក់នៅក្នុងពិភពខាងវិញ្ញាណ ហើយបន្ទាប់ពីនោះមក ពួកគេលែងចាក់កំណើតសាជាថ្មី ឬត្រូវរងការដាក់ទោសទៀតហើយ។ ជាងនេះទៅទៀត មានន័យថា បន្ទាប់ពីការយកកំណើតសាជាថ្មី ពួកគេលែងទទួលរងទុក្ខវេទនាក្នុងភាពជាមនុស្សទៀតហើយ។ ដូច្នេះ តើពួកគេនៅតែអាចមានឱកាសចាប់កំណើតជាសត្វទៀតដែរឬទេ? (អត់ទេ។) នេះមានន័យថា ពួកគេនឹងនៅកាន់តួនាទីនៅក្នុងពិភពខាងវិញ្ញាណដដែល ហើយនឹងលែងយកកំណើតជាថ្មីតទៅទៀតហើយ។ នេះគឺជាឧទាហរណ៍មួយនៃការសម្រេចសម្មាសម្ពោធិញាណនៅក្នុងពុទ្ធសាសនា។ ចំពោះអ្នកដែលមិនបានសម្រេចមគ្គផលវិញ នៅពេលដែលពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណ ពួកគេនឹងត្រូវទទួលការត្រួតពិនិត្យ និងការបញ្ជាក់ពីមន្ត្រីពាក់ព័ន្ធ បើរកឃើញថា នៅពេលដែលពួកគេនៅរស់នៅឡើយ ពួកគេមិនបានអនុវត្តការសន្សំបុណ្យកុសល្យផ្ទាល់ខ្លួនដោយក្ដីឧស្សាហ៍ព្យាយាម ឬមិនយកចិត្តទុកដាក់ក្នុងការសូត្រធម៌ ថ្វាយបង្គំព្រះពុទ្ធ ដូចដែលបានបញ្ញត្តិទុកក្នុងសាសនាព្រះពុទ្ធ តែបែរជាប្រព្រឹត្តអំពើអាក្រក់ច្រើន និងមានអាកប្បកិរិយាមិនល្អ ដូច្នេះ នៅក្នុងពិភពខាងវិញ្ញាណ នឹងមានការជំនុំជម្រះចំពោះអំពើអាក្រក់របស់ពួកគេ ហើយបន្ទាប់ពីនោះមក ពួកគេប្រាកដជាត្រូវទទួលទោសមិនខាន។ ចំពោះចំណុចនេះ គឺពុំមានករណីលើកលែងនោះទេ។ តាមលក្ខណៈនេះ តើពេលណាទើបមនុស្សបែបនេះអាចសម្រេចមគ្គផលបាន? គឺនៅក្នុងជាតិដែលពួកគេមិនបានប្រព្រឹត្តអំពើអាក្រក់ ហើយបន្ទាប់ពីត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ត្រូវគេមើលឃើញថា ពួកគេមិនបានធ្វើអ្វីខុសមុនពេលដែលពួកគេស្លាប់។ ក្រោយមក ពួកគេបន្តយកកំណើតសាជាថ្មីទៀត ដោយបន្តសូត្រធម៌ ថ្វាយបង្គំព្រះពុទ្ធ រស់នៅក្នុងពន្លឺចង្កៀងប្រេងកាតភ្លឺប្លុងៗ វៀរចាកការសម្លាប់សត្វ ឬទទួលទានសាច់។ ពួកគេមិនចូលរួមក្នុងពិភពមនុស្ស ដោយទុកបញ្ហាលោកិយមួយឡែក ហើយមិនបង្កជម្លោះជាមួយអ្នកដទៃ។ នៅក្នុងដំណើរនេះ ប្រសិនបើពួកគេមិនបានប្រព្រឹត្តអំពើអាក្រក់ទេ នោះក្រោយពីពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ហើយបន្ទាប់ពីបានត្រួតពិនិត្យគ្រប់ទាំងទង្វើ និងអាកប្បកិរិយារបស់ពួកហើយ នោះពួកគេនឹងត្រូវបញ្ជូនមកកើតក្នុងពិភពមនុស្សម្ដងទៀត នៅក្នុងវដ្តមួយដែលបន្តកើតស្លាប់ចំនួនបីទៅប្រាំពីរជាតិទៀត។ ប្រសិនបើនៅក្នុងអំឡុងពេលនោះ ពួកគេមិនបានប្រព្រឹត្តអំពើខុសឆ្គងអ្វីទេ នោះការសម្រេចសម្មាសម្ពោធិញាណរបស់ពួកគេ នឹងអាចកើតមាន ហើយក៏គ្មានការពន្យារពេលដែរ។ នេះគឺជាលក្ខណៈពិសេសនៃវដ្តនៃការកើត និងការស្លាប់របស់មនុស្សដែលមានជំនឿទាំងអស់៖ ពួកគេអាច «សម្រេចមគ្គផល» និងទទួលយកតួនាទីមួយនៅក្នុងពិភពខាងវិញ្ញាណ។ នេះគឺជាភាពខុសគ្នារវាងពួកគេនិងអ្នកមិនជឿ។ ដំបូង នៅពលដែលពួកគេរស់នៅលើផែនដីនៅឡើយ តើអ្នកដែលអាចកាន់តួនាទីនៅក្នុងពិភពខាងវិញ្ញាណប្រព្រឹត្តយ៉ាងដូចម្តេច? ពួកគេត្រូវតែប្រាកដថា ពួកគេមិនប្រព្រឹត្តអំពើអាក្រក់ណាមួយឡើយ៖ ពួកគេមិនត្រូវសម្លាប់មនុស្ស ដុតផ្ទះ ចាប់រំលោភ ឬលួចប្លន់ទេ។ ប្រសិនបើពួកគេពាក់ព័ន្ធនឹងការក្លែងបន្លំ ការបោកបញ្ឆោទ ការលួច ការប្លន់ នោះពួកគេមិនអាចសម្រេចមគ្គផលឡើយ។ ម្យ៉ាងទៀត ប្រសិនបើពួកគេជាប់ពាក់ព័ន្ធ ឬមានទំនាក់ទំនងនឹងអំពើអាក្រក់ណាក៏ដោយ ពួកគេនឹងមិនអាចគេចផុតពីការដាក់ទោសដែលពិភពខាងវិញ្ញាណបានកំណត់សម្រាប់ពួកគេឡើយ។ ពិភពខាងវិញ្ញាណ ធ្វើការរៀបចំយ៉ាងសមស្របសម្រាប់ពុទ្ធបរិស័ទដែលសម្រេចសម្មាសម្ពោធិញាណ៖ ពួកគេអាចទទួលបានការចាត់តាំងឱ្យគ្រប់គ្រងអ្នកជឿលើពុទ្ធសាសនា និងអ្នកជឿលើទេវតានៅលើមេឃ ពួកគេអាចទទួលបានអំណាចគ្រប់គ្រងជាដើម។ ពួកគេក៏អាចទទួលបន្ទុកមើលខុសត្រូវត្រឹមអ្នកមិនជឿ ឬមានតួនាទីដែលមានកាតព្វកិច្ចតិចតួចប៉ុណ្ណោះ។ ការបែងចែកបែបនេះ ធ្វើឡើងអាស្រ័យលើធម្មជាតិនៃព្រលឹងរបស់ពួកគេ។ នេះគឺជាឧទាហរណ៍មួយអំពីពុទ្ធសាសនា។

ក្នុងចំណោមសាសនាទាំងប្រាំដែលយើងបាននិយាយ គ្រីស្ទសាសនា គឺជាសាសនាពិសេសជាងគេ បើប្រៀបធៀបនឹងសាសនាដទៃ។ តើអ្វីដែលធ្វើឱ្យគ្រីស្ទបរិស័ទពិសេសខ្លាំងបែបនេះ? អ្នកទាំងនេះ គឺជាមនុស្សដែលជឿលើព្រះដ៏ពិត។ តើអ្នកដែលជឿលើព្រះដ៏ពិត ត្រូវបានចាត់ថ្នាក់នៅទីនេះយ៉ាងដូចម្ដេចកើតទៅ? ការដែលនិយាយថា គ្រីស្ទសាសនាគឺជាប្រភេទជំនឿមួយបែប មិនចាំបាច់ឆ្ងល់ទេ គឺយើងនិយាយត្រឹមតែជំនឿប៉ុណ្ណោះ។ យើងនិយាយត្រឹមប្រភេទនៃពិធីសាសនា ប្រភេទនៃសាសនាប៉ុណ្ណោះ និងជាប្រភេទជំនឿខុសគ្នាទាំងស្រុងពីជំនឿរបស់អ្នកដែលដើរតាមព្រះជាម្ចាស់ដោយពិតប្រាកដ។ មូលហេតុដែលខ្ញុំបញ្ចូលគ្រីស្ទសាសនាទៅក្នុងបញ្ជីនៃសាសនាធំៗទាំងប្រាំ គឺដោយសារតែគ្រីស្ទសាសនាត្រូវទម្លាក់មកត្រឹមកម្រិតដូចគ្នានឹងសាសនាយូដា សាសនាព្រះពុទ្ធ និងសាសនាឥស្លាមដែរ។ មនុស្សភាគច្រើននៅក្រុមនេះ មិនជឿថាមានព្រះជាម្ចាស់នោះទេ ឬមិនជឿថាទ្រង់ត្រួតត្រាលើរបស់សព្វសារពើដែរ។ ពួកគេកាន់តែមិនជឿលើវត្ដមានរបស់ទ្រង់ទៅទៀត។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែប្រើប្រាស់បទគម្ពីរដើម្បីពិភាក្សាអំពីទេវសាស្រ្ត និងប្រើប្រាស់ទេវសាស្រ្តដើម្បីបង្រៀនមនុស្សឱ្យមានចិត្ដសប្បុរស ចេះអត់ទ្រាំនឹងការឈឺចាប់ និងចេះធ្វើអំពើល្អប៉ុណ្ណោះ។ សាសនាគ្រីស្ទ បានក្លាយជាសាសនាប្រភេទនេះទៅហើយ៖ សាសនានេះត្រឹមតែផ្តោតទៅលើទ្រឹស្តីបែបទេវសាស្រ្តប៉ុណ្ណោះ ដោយមិនមានទំនាក់ទំនងទៅនឹងកិច្ចការនៃការគ្រប់គ្រង និងការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ទាល់តែសោះ។ សាសនានេះបានក្លាយជាសាសនារបស់មនុស្សដែលដើរតាមព្រះជាម្ចាស់ ប៉ុន្តែជាអ្នកដែលព្រះជាម្ចាស់មិនទទួលស្គាល់ដោយពិតប្រាកដនោះទេ។ ទោះបីជាយ៉ាងនេះក្ដី ព្រះជាម្ចាស់ក៏មានគោលការណ៍នៅក្នុងវិធីសាស្ត្ររបស់ទ្រង់ចំពោះមនុស្សប្រភេទនេះផងដែរ។ ទ្រង់មិនចាត់ការឬដោះស្រាយជាមួយពួកគេធម្មតាៗតាមបំណងព្រះហឫទ័យទ្រង់ ដូចដែលទ្រង់បានធ្វើដាក់អ្នកមិនជឿនោះទេ។ ទ្រង់ប្រព្រឹត្តដាក់ពួកគេដូចដែលទ្រង់ប្រព្រឹត្តដាក់ពួកពុទ្ធបរិស័ទដែរ៖ ប្រសិនបើអំឡុងពេលមានជីវិត គ្រីស្ទបរិស័ទណាម្នាក់អាចអនុវត្តការលត់ដំខ្លួន ដោយគោរពយ៉ាងតឹងរឹងតាមបទបញ្ញត្តិទាំងដប់ប្រការ ហើយធ្វើខ្លួនឱ្យមានករិយាស្របតាមក្រឹត្យវិន័យ និងបញ្ញត្តិ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងនេះពេញមួយជីវិត នោះពួកគេក៏ត្រូវចំណាយពេលដើម្បីឆ្លងកាត់វដ្តនៃការកើត និងការស្លាប់ដូចគ្នាផងដែរ មុនពេលដែលពួកគេអាចសម្រេច «ការលើកឡើងទៅក្នុងពពក» បាន។ បន្ទាប់ពីសម្រេចបានការលើកឡើងទៅក្នុងពពកនេះហើយ ពួកគេនៅតែស្ថិតនៅក្នុងពិភពខាងវិញ្ញាណដដែល ដែលនៅទីនោះ ពួកគេទទួលយកតំណែង ហើយក្លាយជាមន្ត្រីម្នាក់។ ដូចគ្នាដែរ ប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់នៅលើផែនដី (ប្រសិនបើពួកគេមានបាបច្រើនពេក និងប្រព្រឹត្តអំពើបាបច្រើនពេក) នោះពួកគេនឹងជៀសមិនផុតពីការដាក់ទោស និងការប្រៀនប្រដៅក្នុងកម្រិតធ្ងន់ធ្ងរផ្សេងៗគ្នានោះទេ។ នៅក្នុងពុទ្ធសាសនា ការសម្រេចមគ្គផល មានន័យថា ជាការចូលទៅដល់ដែនដីបរិសុទ្ធជាទីបរមសុខ ប៉ុន្តែនៅក្នុងគ្រីស្ទសាសនាវិញ តើគេហៅទីនោះយ៉ាងដូចម្ដេច? គេហៅថា «ការចូលទៅស្ថានសួគ៌» និង «ការត្រូវបានលើកឡើងទៅក្នុងពពក»។ អស់អ្នកដែលត្រូវបានលើកឡើងទៅក្នុងពពកពិតប្រាកដ ក៏ត្រូវឆ្លងកាត់វដ្តនៃការកើត និងការស្លាប់ចាប់ពីបីដល់ប្រាំពីរដងផងដែរ បន្ទាប់ពីនោះមក ពេលពួកគេស្លាប់ ពួកគេនឹងមកពិភពខាងវិញ្ញាណ ប្រៀបដូចជាពួកគេបានដេកលង់លក់ដូច្នោះដែរ។ ប្រសិនបើពួកបំពេញតាមបទដ្ឋានបានត្រឹមត្រូវ ពួកគេអាចនៅទីនោះដើម្បីទទួលយកតំណែងណាមួយ ហើយខុសពីមនុស្សនៅលើផែនដីនេះ ពួកគេនឹងមិនយកកំណើតសាជាថ្មីជាធម្មតា ឬផ្អែកលើទម្លាប់នោះទេ។

នៅក្នុងចំណោមសាសនាទាំងអស់នេះ ទីបញ្ចប់ដែលពួកគេនិយាយ និងទីបញ្ចប់ដែលពួកគេខំប្រឹងតាមរក គឺដូចទៅនឹងការសម្រេចមគ្គផលនៅក្នុងពុទ្ធសាសនាដែរ។ គ្រាន់តែថា «មគ្គផល» នេះ សម្រេចបានតាមមធ្យោបាយខុសៗគ្នាប៉ុណ្ណោះ។ ពួកគេទាំងអស់នេះ គឺជាបក្សាបក្សីដែលមានស្លាប។ ចំពោះចំនួនអ្នកគោរពជឿលើសាសនាទាំងនេះ ដែលអាចមានឥរិយាបថគោរពប្រណិប័តន៍យ៉ាងតឹងរឹងទៅតាមគោលគំនិតសាសនា នោះព្រះជាម្ចាស់នឹងប្រទានទិសដៅ និងទីកន្លែងសមរម្យមួយសម្រាប់ទៅ និងដោះស្រាយជាមួយពួកគេតាមការគួរ។ ទាំងអស់នេះ គឺសមហេតុផល ប៉ុន្តែវាមិនដូចអ្វីដែលមនុស្សនឹកស្រមៃនោះទេ។ ពេលនេះ បន្ទាប់ពីបានឮពីអ្វីដែលកើតឡើងចំពោះមនុស្សនៅក្នុងគ្រីស្ទសាសនាហើយ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? តើអ្នកមានអារម្មណ៍ថា ស្ថានភាពរបស់ពួកគេមិនយុត្តិធម៌ទេ មែនទេ? តើអ្នកអាណិតពួកគេទេ? (អាណិតតិចៗដែរ។) យើង មិនអាចជួយអ្វីបានឡើយ មានតែត្រូវស្តីបន្ទោសពួកគេប៉ុណ្ណោះ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? កិច្ចការរបស់ព្រះជាម្ចាស់ គឺជាការពិត។ ទ្រង់មានព្រះជន្មរស់ និងពិតជាក់ស្ដែង ហើយកិច្ចការរបស់ទ្រង់ មានគោលដៅទៅលើមនុស្សជាតិទាំងអស់ និងបុគ្គលគ្រប់ៗគ្នា។ ចុះហេតុអ្វីបានជាពួកគេមិនទទួលយកកិច្ចការនេះ? ហេតុអ្វីបានជាពួកគេទាស់ទទឹង និងធ្វើទុក្ខបុកម្នេញព្រះជាម្ចាស់ខ្លាំងបែបនេះ? ពួកគេគួរតែគិតថា ខ្លួនគេមានសំណាងដែលទទួលបានលទ្ធផលបែបនេះ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តអាណិតពួកគេទៅវិញ? ការដែលពួកគេត្រូវបានដោះស្រាយតាមវិធីនេះ បង្ហាញពីការអត់ធ្មត់ខ្លាំងណាស់។ បើនិយាយពីកម្រិតដែលពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់វិញ ពួកគេគួរណាស់តែត្រូវបំផ្លាញចោល ប៉ុន្តែព្រះជាម្ចាស់មិនធ្វើបែបនេះឡើយ។ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែដោះស្រាយជាមួយគ្រីស្ទសាសនា ដូចគ្នាទៅនឹងសាសនាធម្មតាដែរ។ ដូច្នេះ តើមានតម្រូវការណាមួយដើម្បីពិភាក្សាលម្អិតអំពីសាសនាដទៃដែរឬទេ? ធម៌ប្រៀនប្រដៅរបស់សាសនាទាំងអស់នេះ គឺដើម្បីឱ្យមនុស្សស៊ូទ្រាំនឹងការលំបាកឱ្យបានច្រើនជាងមុន មិនប្រព្រឹត្តអំពើអាក្រក់ ប្រព្រឹត្តតែអំពើល្អ មិនប្រទេចផ្តាសាអ្នកដទៃ មិនថ្កោលទោសអ្នកដទៃ ជៀសឆ្ងាយពីជម្លោះ និងធ្វើជាមនុស្សល្អ។ ការបង្រៀនរបស់សាសនាភាគច្រើន គឺបែបនេះ។ ដូច្នេះហើយ ប្រសិនបើមនុស្សមានជំនឿទាំងនេះ (អ្នកជឿលើសាសនា និងនិកាយផ្សេងៗ) អាចប្រណិប័តន៍តាមការប្រៀនប្រដៅខាងសាសនារបស់ពួកគេបានហ្មត់ហ្មងល្អ នោះពួកគេនឹងមិនប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ឬប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរក្នុងអំឡុងពេលដែលពួកគេរស់នៅលើផែនដីនេះទេ ហើយបន្ទាប់ពីពួកគេចាប់កំណើតសាជាថ្មីបានពីបីទៅប្រាំពីរដងហើយ មនុស្សទាំងអស់នេះ (អ្នកអាចប្រណិប័តន៍តាមការប្រៀនប្រដៅខាងសាសនាបានយ៉ាងហ្មត់ហ្មងល្អ) ភាគច្រើននឹងទទួលបានតំណែងនៅក្នុងពិភពខាងវិញ្ញាណ។ តើមនុស្សបែបនេះមានច្រើនទេ? (មិនសូវមានច្រើនទេ។) តើចម្លើយរបស់អ្នកសម្អាងលើអ្វី? ការធ្វើអំពើល្អ និងប្រណិប័តន៍តាមវិន័យ និងច្បាប់សាសនា មិនងាយស្រួលនោះទេ។ ពុទ្ធសាសនា មិនអនុញ្ញាតឱ្យមនុស្សទទួលទានសាច់សត្វទេ តើអ្នកអាចធ្វើបែបនោះបានទេ? ប្រសិនបើអ្នកត្រូវស្លៀកស្បងពណ៌ប្រផេះ ហើយត្រូវសូត្រធម៌ ថ្វាយបង្គំព្រះពុទ្ធនៅក្នុងវិហារពុទ្ធសាសានាពេញមួយថ្ងៃ តើអ្នកអាចធ្វើបែបនេះបានទេ? វាមិនងាយស្រួលនោះទេ។ គ្រីស្ទសាសនាមានបទបញ្ញត្តិដប់ប្រការ បទបញ្ញត្តិ និងក្រឹត្យវិន័យផ្សេងៗទៀត។ តើទាំងអស់នេះងាយស្រួលនឹងគោរពតាមដែរឬទេ? មិនងាយនោះទេ ត្រូវទេ? យើងលើកឧទាហរណ៍ពីការហាមមិនឱ្យប្រទេចផ្តាសាអ្នកដទៃចុះ៖ មនុស្សពិតជាមិនអាចគោរពតាមក្រឹត្យវិន័យនេះបានទេ។ ដោយមិនអាចឃាត់ខ្លួនឯងបាន ពួកគេប្រទេចផ្តាសាគេ ហើយបន្ទាប់ពីប្រទេចផ្តាសាហើយ ពួកគេមិនអាចលេបសម្តីខ្លួនឯងវិញបាន ដូច្នេះ តើពួកគេធ្វើយ៉ាងណា? នៅពេលយប់ ពួកគេលន់តួបាប។ ពេលខ្លះ បន្ទាប់ពីពួកគេប្រទេចផ្តាសាដាក់អ្នកដទៃហើយ ពួកគេនៅមានចិត្តស្អប់ទៀត ហើយពួកគេថែមទាំងធ្វើជ្រុលដល់ថ្នាក់កំណត់ពេលវេលាធ្វើបាបមនុស្សទាំងនោះថែមទៀតផង។ សរុបមក សម្រាប់អ្នកដែលរស់នៅក្នុងគោលការណ៍ងាប់ក្រឡានេះ មិនងាយស្រួលនឹងគេចផុតពីការប្រព្រឹត្តអំពើបាប ឬប្រព្រឹត្តអំពើអាក្រក់ឡើយ។ ដូច្នេះហើយ នៅគ្រប់សាសនាទាំងអស់ មានតែមនុស្សមួយក្តាប់តូចប៉ុណ្ណោះដែលសម្រេចមគ្គផលពិតប្រាកដបាន។ ដោយសារមានមនុស្សច្រើនណាស់ដែលគោរពសាសនាទាំងនេះ ដូច្នេះតើអ្នកសន្មតថា មនុស្សភាគច្រើននឹងអាចទទួលបានតួនាទីនៅក្នុងពិភពខាងវិញ្ញាណមែនទេ? តាមពិត មិនមានច្រើនបែបនោះទេ។ មានតិចតួចប៉ុណ្ណោះដែលអាចទទួលបានផលបែបនេះមែន។ ចំពោះវដ្តនៃការកើត និងការស្លាប់របស់មនុស្សមានជំនឿ សន្មតថាចប់ត្រឹមប៉ុណ្ណេះចុះ។ អ្វីដែលធ្វើឱ្យពួកគេខុសពីអ្នកដទៃនោះគឺ ពួកគេអាចសម្រេចមគ្គផលបាន ហើយនេះគឺមូលហេតុដែលធ្វើឱ្យពួកគេខុសពីអ្នកមិនជឿ។

គ. វដ្តនៃការកើត និងការស្លាប់របស់អ្នកដើរតាមព្រះជាម្ចាស់

បន្ទាប់មកទៀត យើងនាំគ្នានិយាយអំពីវដ្តនៃការកើត និងការស្លាប់របស់អ្នកដែលដើរតាមព្រះជាម្ចាស់វិញម្ដង។ រឿងនេះពាក់ព័ន្ធនឹងអ្នករាល់គ្នានេះឯង ដូច្នេះ ត្រូវយកចិត្តទុកដាក់ឱ្យមែនទែន៖ ដំបូង ត្រូវគិតថាតើអ្នកដើរតាមព្រះជាម្ចាស់ត្រូវបានចាត់ក្នុងប្រភេទណា? (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។) ពិតណាស់ គឺមានពីរប្រភេទ៖ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ ដំបូង យើងនាំគ្នានិយាយអំពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ជាមុនសិន។ ពួកនេះមានចំនួនតិចតួចប៉ុណ្ណោះ។ តើ «រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់» សំដៅលើនរណា? បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើរួចមក ហើយបន្ទាប់ពីមានវត្តមានមនុស្សជាតិ ព្រះជាម្ចាស់បានជ្រើសរើសមនុស្សមួយក្រុមដែលនឹងដើរតាមទ្រង់។ មនុស្សទាំងនេះហើយ ដែលត្រូវហៅថា «រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់»។ ការដែលព្រះជាម្ចាស់ជ្រើសរើសមនុស្សទាំងនេះ គឺមានវិសាលភាព និងសារៈសំខាន់របស់វា។ វិសាលភាពដែលពិសេសនៅក្នុងនោះគឺថា ត្រូវកំណត់ជ្រើសរើសមនុស្សក្នុងចំនួនតិចតួច ដែលត្រូវមកកើតនៅពេលទ្រង់បំពេញកិច្ចការសំខាន់។ តើមានសារៈសំខាន់អ្វី? ដោយសារពួកគេគឺជាក្រុមមួយដែលព្រះជាម្ចាស់បានរើសតាំង សារៈសំខាន់នោះគឺអស្ចារ្យណាស់។ ពោលគឺ ព្រះជាម្ចាស់មានបំណងចង់ប្រោសឱ្យមនុស្សទាំងនេះបានពេញខ្នាត និងប្រោសឱ្យពួកគេបានគ្រប់លក្ខណ៍ ហើយនៅពេលដែលកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ត្រូវបានបញ្ចប់ ទ្រង់នឹងទទួលយកមនុស្សទាំងនេះ។ តើសារៈសំខាន់នេះមិនអស្ចារ្យទេឬ? ដូច្នេះ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងនេះ គឺមានសារៈសំខាន់ណាស់ចំពោះព្រះជាម្ចាស់ ដ្បិតពួកគេជាមនុស្សដែលព្រះជាម្ចាស់ចង់ទទួលយក។ យើងផ្អាកនិយាយពីប្រធានបទនៃការតម្រូវទុកជាមុនរបស់ព្រះជាម្ចាស់បន្តិចសិន ហើយជាដំបូង យើងនិយាយអំពីប្រភពដើមរបស់ពួកអ្នកស៊ីឈ្នួលសិន។ តាមន័យត្រង់ ពាក្យ «អ្នកស៊ីឈ្នួល» នេះ គឺជាមនុស្សម្នាក់ដែលធ្វើការបម្រើព្រះ។ ពួកអ្នកដែលបម្រើព្រះ គឺជាអ្នកធ្វើការបណ្តោះអាសន្ន ពួកគេមិនធ្វើការរយៈពេលវែង ឬជាអចិន្ត្រៃយ៍នោះទេ។ ប៉ុន្តែពួកគេត្រូវបានជួល ឬជ្រើសរើសឱ្យធ្វើការជាបណ្តោះអាសន្នប៉ុណ្ណោះ។ ប្រភពដើមរបស់ពួកគេភាគច្រើនត្រូវបានជ្រើសរើសចេញពីចំណោមអ្នកមិនជឿ។ ពួកគេមកកើតនៅផែនដីនេះនៅពេលដែលមានបញ្ញត្តិថា ពួកគេនឹងត្រូវកាន់តួនាទីជាអ្នកស៊ីឈ្នួលនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ជាតិមុន ពួកគេអាចកើតជាសត្វ ឬអាចកើតជាអ្នកមិនជឿក៏មាន។ អ្នកស៊ីឈ្នួលមានជាប្រភពដើមបែបនេះឯង។

យើងនាំគ្នានិយាយអំពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់បន្ថែមទៀត។ នៅពេលដែលពួកគេស្លាប់ទៅ ពួកគេទៅកាន់កន្លែងខុសគ្នាទាំងស្រុងពីកន្លែងរបស់អ្នកមិនជឿ និងអ្នកមានជំនឿ។ កន្លែងនោះ ពួកគេរស់នៅជាមួយពួកទេវតា និងអ្នកនាំសាររបស់ព្រះជាម្ចាស់។ នៅកន្លែងនោះ ព្រះជាម្ចាស់គ្រប់គ្រងដោយផ្ទាល់ព្រះអង្គ។ នៅទីនោះ ទោះបីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចមើលឃើញព្រះជាម្ចាស់ដោយភ្នែករបស់ពួកគេផ្ទាល់បានក៏ដោយ ក៏វាមិនដូចគ្នានឹងកន្លែងផ្សេងទៀតនៅក្នុងពិភពខាងវិញ្ញាណដែរ។ ទីនោះគឺជាកន្លែងមួយផ្សេង ដែលមនុស្សមួយភាគនេះទៅដល់បន្ទាប់ពីពួកគេស្លាប់។ នៅពេលដែលពួកគេស្លាប់ ពួកគេក៏ត្រូវទទួលការស៊ើបអង្កេតដ៏តឹងរឹងពីសំណាក់អ្នកនាំសាររបស់ព្រះជាម្ចាស់ផងដែរ។ តើត្រូវស៊ើបអង្កេតចំណុចអ្វីខ្លះ? អ្នកនាំសាររបស់ព្រះជាម្ចាស់ស៊ើបអង្កេតផ្លូវដែលមនុស្សទាំងនេះបានជ្រើសដើរក្នុងជីវិតរបស់ពួកគេទាំងមូល នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ថាតើពួកគេធ្លាប់ទាស់ទទឹងនឹងព្រះជាម្ចាស់ ឬដាក់បណ្តាសាទ្រង់នៅពេលនោះឬអត់ ថាតើពួកគេបានប្រព្រឹត្តអំពើបាប ឬអំពើអាក្រក់ធ្ងន់ធ្ងរឬអត់។ ការស៊ើបអង្កេតនេះ នឹងឆ្លើយតបទៅសំណួរថាតើមនុស្សម្នាក់នេះត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបន្ត ឬត្រូវចាកចេញ។ តើពាក្យថា «ចាកចេញ» មានន័យដូចម្តេច? ហើយពាក្យថា «ស្នាក់នៅបន្ត» មានន័យដូចម្តេច? ផ្អែកលើឥរិយាបថរបស់ពួកគេ ពាក្យថា «ចាកចេញ» មានន័យថា ពួកគេត្រូវស្ថិតនៅក្នុងចំណោមឋានៈជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតឬអត់ ឯការអនុញ្ញាតឱ្យ «ស្នាក់នៅបន្ត» មានន័យថា ពួកគេអាចបន្តស្ថិតនៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់នឹងប្រោសឱ្យបានពេញខ្នាតនៅគ្រាចុងក្រោយ។ សម្រាប់អ្នកដែលស្នាក់នៅបន្ត ព្រះជាម្ចាស់មានការរៀបចំពិសេសៗសម្រាប់ពួកគេ។ ក្នុងអំឡុងពេលនៃកិច្ចការនីមួយៗរបស់ទ្រង់ ទ្រង់នឹងបញ្ជូនមនុស្សប្រភេទនេះឱ្យទៅបំពេញតួនាទីជាពួកសាវ័ក ឬទៅបំពេញកិច្ចការនៃការធ្វើឱ្យក្រុមជំនុំផុសផុលឡើងវិញ ឬទៅមើលថែទាំក្រុមជំនុំជាដើម។ ក៏ប៉ុន្តែ មនុស្សដែលមានសមត្ថភាពធ្វើកិច្ចការបែបនេះ គឺមិនចាប់កំណើតសាជាថ្មីញឹកញាប់ដូចអ្នកមិនជឿទេ ដែលចាប់កំណើតពីជំនាន់មួយទៅជំនាន់មួយ។ ផ្ទុយទៅវិញ ពួកគេត្រូវត្រឡប់ទៅកាន់ផែនដីវិញដោយផ្អែកលើសេចក្ដីតម្រូវ និងជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេមិនយកកំណើតជាថ្មីញឹកញាប់នោះទេ។ ដូច្នេះ តើមានក្បួនច្បាប់ណាមួយអំពីពេលវេលាដែលពួកគេយកកំណើតជាថ្មីដែរឬទេ? តើពួកគេមកចាប់កំណើតរាល់ពីរបីឆ្នាំម្តងមែនទេ? តើពួកមកចាប់កំណើតញឹកញាប់បែបនេះមែនទេ? អត់ទេ។ ទាំងអស់នេះគឺអាស្រ័យលើកិច្ចការរបស់ព្រះជាម្ចាស់ អាស្រ័យលើជំហាននៃកិច្ចការនោះ និងអាស្រ័យលើតម្រូវការរបស់ទ្រង់ ហើយគ្មានក្បួនច្បាប់កំណត់នោះទេ។ ក្បួនច្បាប់តែមួយគត់់់់់់់់នោះគឺ នៅពេលដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលចុងក្រោយ អំឡុងពេលនៃគ្រាចុងក្រោយ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់នឹងមកចាប់កំណើត ហើយការមកចាប់កំណើតនេះ នឹងជាការចាប់កំណើតលើកចុងក្រោយរបស់ពួកគេ។ ហេតុអ្វីបានជាបែបនោះ? នេះគឺផ្អែកលើលទ្ធផលដែលនឹងត្រូវសម្រេចបានក្នុងអំឡុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ ដ្បិតក្នុងអំឡុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ព្រះជាម្ចាស់នឹងប្រោសរាស្ត្ររើសតាំងរបស់ទ្រង់់ទាំងអស់នេះឱ្យបានពេញខ្នាតទាំងស្រុង។ តើនេះមានន័យដូចម្តេច? ប្រសិនបើក្នុងអំឡុងពេលនៃដំណាក់កាលចុងក្រោយនេះ មនុស្សទាំងនេះត្រូវបានប្រោសឱ្យបានពេញខ្នាត និងគ្រប់លក្ខណ៍ នោះពួកគេនឹងលែងចាប់កំណើតសាជាថ្មីដូចពីមុននោះទៀតហើយ។ ដំណើរនៃការកើតជាមនុស្សរបស់ពួកគេ នឹងមកដល់ទីបញ្ចប់ទាំងស្រុង ហើយដំណើរនៃការចាប់កំណើតសាជាថ្មីរបស់ពួកគេក៏បញ្ចប់ទាំងស្រុងដូចគ្នាដែរ។ ចំណុចនេះទាក់ទងនឹងអ្នកដែលនឹងត្រូវស្នាក់នៅបន្ត។ ដូច្នេះ តើអ្នកដែលមិនអាចស្នាក់នៅបន្តបាន ត្រូវទៅទីណា? អ្នកដែលមិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបន្ត មានទិសដៅសមស្របរបស់ពួកគេផ្ទាល់ខ្លួន។ ដំបូងឡើយ ដោយសារលទ្ធផលនៃការប្រព្រឹត្តអំពើអាក្រក់របស់ពួកគេ ដោយសារកំហុសដែលពួកគេបានធ្វើ និងអំពើបាបដែលពួកគេបានសាង ពួកគេក៏នឹងត្រូវដាក់ទោសផងដែរ។ បន្ទាប់ពីពួកគេត្រូវបានដាក់ទោសរួចហើយ ព្រះជាម្ចាស់នឹងធ្វើការរៀបចំបញ្ជូនពួកគេទៅក្នុងចំណោមអ្នកមិនជឿឱ្យសមទៅនឹងស្ថានភាព ឬក៏រៀបចំពួកគេឱ្យទៅកើតក្នុងចំណោមមនុស្សដែលមានជំនឿ។ និយាយមួយបែបទៀត គឺអាចមានលទ្ធផលពីរយ៉ាងសម្រាប់ពួកគេ៖ ទីមួយគឺត្រូវដាក់ទោស ហើយប្រហែលជាអាចរស់នៅក្នុងចំណោមមនុស្សកាន់សាសនាជាក់លាក់ណាមួយ បន្ទាប់ពីបានកើតជាថ្មី ហើយទីពីរគឺក្លាយជាអ្នកមិនជឿ។ ប្រសិនបើពួកគេក្លាយជាអ្នកមិនជឿ នោះពួកគេនឹងបាត់បង់ឱកាសទាំងស្រុង។ ក៏ប៉ុន្តែ ប្រសិនបើពួកគេក្លាយជាមនុស្សមានជំនឿ ឧទាហរណ៍ ប្រសិនបើពួកគេក្លាយជាគ្រីស្ទបរិស័ទ នោះពួកគេនឹងនៅតែមានឱកាសដើម្បីវិលត្រឡប់ទៅកាន់ឋានៈជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ដដែល។ ចំពោះចំណុចនេះ មានទំនាក់ទំនងស្មុគស្មាញណាស់។ សរុបមក ប្រសិនបើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ណាម្នាក់ ធ្វើអ្វីមួយដែលប្រមាថដល់ព្រះជាម្ចាស់ នោះពួកគេនឹងត្រូវដាក់ទោស ដូចជាមនុស្សគ្រប់គ្នាផ្សេងទៀតដែរ។ ចូរយកប៉ុល ដែលយើងបាននិយាយពីមុន មកធ្វើជាឧទាហរណ៍ចុះ។ លោកប៉ុលគឺជាឧទាហរណ៍អំពីមនុស្សម្នាក់ដែលត្រូវដាក់ទោស។ តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយនេះទេ? តើចំនួនរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានកំណត់មែនទេ? (មែន គឺស្ទើរតែទាំងស្រុង។) ភាគច្រើន គឺត្រូវបានកំណត់រួចហើយ ប៉ុន្តែមួយផ្នែកតូច មិនត្រូវបានកំណត់នោះទេ។ ហេតុអ្វីបានជាបែបនោះ? ចំណុចនេះ ខ្ញុំបាននិយាយរួចហើយអំពីមូលហេតុជាក់ស្ដែងបំផុត នោះគឺ ការប្រព្រឹត្តអំពើអាក្រក់។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ ព្រះជាម្ចាស់មិនសព្វព្រះទ័យចង់បានពួកគេទេ ហើយនៅពេលដែលព្រះជាម្ចាស់មិនសព្វព្រះទ័យចង់បានពួកគេ ទ្រង់ក៏បោះពួកគេទៅក្នុងជាតិសាសន៍ និងប្រភេទមនុស្សផ្សេងៗ។ ការធ្វើបែបនេះ គឺធ្វើឱ្យពួកគេគ្មានក្ដីសង្ឃឹម និងធ្វើឱ្យពួកគេកាន់តែពិបាកក្នុងត្រឡប់មកវិញ។ សេចក្ដីទាំងនេះ គឺទាក់ទងនឹងវដ្តនៃការកើត និងការស្លាប់នៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។

ប្រធានបទបន្ទាប់នេះ ទាក់ទងនឹងវដ្តនៃការកើត និងការស្លាប់របស់អ្នកស៊ីឈ្នួល។ យើងទើបតែបាននិយាយអំពីប្រភពដើមរបស់អ្នកស៊ីឈ្នួល។ ជាការពិតដែលពួកគេបានយកកំណើតសាជាថ្មី បន្ទាប់ពីបានកើតជាអ្នកមិនជឿ និងកើតជាសត្វនៅក្នុងអតីតជាតិរបស់ពួកគេហើយ។ ក្នុងការមកចាប់កំណើតនៅដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះ ព្រះជាម្ចាស់បានជ្រើសរើសមនុស្សមួយក្រុមចេញពីអ្នកមិនជឿ ហើយក្រុមនេះមានលក្ខណៈពិសេស។ គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការរើសតាំងមនុស្សទាំងនេះ គឺដើម្បីឱ្យពួកគេបម្រើកិច្ចការរបស់ទ្រង់។ «ការស៊ីឈ្នួល» មិនមែនជាពាក្យដែលពិរោះស្តាប់ណាស់ណានោះទេ ហើយវាក៏មិនស្របតាមបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នានោះដែរ ប៉ុន្តែយើងគួរតែសម្លឹងមើលទៅលើបុគ្គលដែលពាក្យនេះចង់សំដៅដល់។ វត្ដមាននៃអ្នកស៊ីឈ្នួលរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ជាពិសេសមួយ។ គ្មានអ្នកដទៃផ្សេងទៀតណាអាចបំពេញតួនាទីរបស់ពួកគេបានឡើយ ដោយសារតែពួកគេត្រូវបានព្រះជាម្ចាស់រើសតាំងរួចហើយ។ តើអ្នកស៊ីឈ្នួលទាំងអស់នេះមានតួនាទីអ្វីខ្លះ? គឺដើម្បីបម្រើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ភាគច្រើន តួនាទីរបស់ពួកគេ គឺដើម្បីផ្តល់ការបម្រើដល់កិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីសហការជាមួយកិច្ចការទ្រង់ និងដើម្បីសម្រុះសម្រួលដល់ការប្រោសរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ឱ្យបានពេញខ្នាត។ មិនថាពួកគេកំពុងប្រើកម្លាំងពលកម្ម អនុវត្តកិច្ចការក្នុងទិដ្ឋភាពណាខ្លះ ឬក៏កំពុងធ្វើកិច្ចការជាក់លាក់ណាមួយនោះទេ តើព្រះជាម្ចាស់មានសេចក្ដីតម្រូវអ្វីខ្លះចំពោះអ្នកស៊ីឈ្នួលទាំងនេះ? តើនៅក្នុងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះពួកគេមានការទាមទារខ្លាំងណាស់មែនទេ? (អត់ទេ ទ្រង់គ្រាន់តែសុំឱ្យពួកគេស្មោះត្រង់ប៉ុណ្ណោះ។) អ្នកស៊ីឈ្នួល ក៏ត្រូវតែស្មោះត្រង់ដែរ។ មិនថាអ្នកមានប្រភពដើមជាអ្វី ឬហេតុអ្វីបានជាទ្រង់ជ្រើសរើសអ្នកនោះទេ អ្នកត្រូវតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ចំពោះបញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់អ្នក ចំពោះកិច្ចការដែលអ្នកទទួលខុសត្រូវ និងចំពោះកាតព្វកិច្ចដែលអ្នកបំពេញ។ ចំពោះអ្នកស៊ីឈ្នួលដែលមានសមត្ថភាពធ្វើជាមនុស្សស្មោះត្រង់ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ តើពួកគេនឹងមានលទ្ធផលបែបណា? ពួកគេនឹងអាចស្ថិតនៅបន្តទៀត។ តើការក្លាយជាអ្នកស៊ីឈ្នួលដែលអាចស្ថិតនៅបន្តទៀតបាន គឺជាព្រះពរមែនទេ? តើការស្ថិតនៅបន្តនេះ មានន័យដូចម្តេច? តើព្រះពរនេះមានសារៈសំខាន់អ្វីដែរ? តាមឋានៈ ពួកគេមើលទៅមិនដូចជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ ពួកគេមើលទៅខុសគ្នា។ ប៉ុន្តែតាមពិត តើអ្វីដែលពួកគេទទួលបាននៅក្នុងជីវិតនេះ មិនដូចគ្នានឹងអ្វីដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទទួលបានទេឬអី? គឺដូចគ្នាស្ទើរតែទាំងស្រុងនៅក្នុងជាតិនេះ។ អ្នករាល់គ្នាមិនបដិសេធរឿងនេះទេ មែនទេ? ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រះគុណរបស់ព្រះជាម្ចាស់ ការទំនុកបម្រុងរបស់ព្រះជាម្ចាស់ ព្រះពររបស់ព្រះជាម្ចាស់ តើមាននរណាដែលមិនទទួលបានរបស់ទាំងអស់នេះទៅ? គ្រប់គ្នាសុទ្ធតែទទួលបានភាពសម្បូរហូរហៀរបែបនេះ។ អត្តសញ្ញាណរបស់អ្នកស៊ីឈ្នួល គឺជាមនុស្សម្នាក់ដែលធ្វើការបម្រើព្រះ ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ ពួកគេគ្រាន់តែជារបស់មួយក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើតមកប៉ុណ្ណោះ។ គ្រាន់តែថា តួនាទីរបស់ពួកគេគឺជាអ្នកស៊ីឈ្នួលប៉ុណ្ណោះឯង។ ទាំងអ្នកស៊ីឈ្នួល ទាំងរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ សុទ្ធតែជារបស់ដែលព្រះបង្កើតមក តើមានភាពខុសគ្នាដែរឬទេរវាងអ្នកស៊ីឈ្នួល និងរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់នោះ? បើនិយាយជាទូទៅ គឺគ្មានភាពខុសគ្នានោះទេ។ តែបើនិយាយលម្អិតវិញ គឺមានភាពខុសគ្នា។ នៅក្នុងសារជាតិ និងតួនាទីដែលពួកគេបំពេញ គឺមានភាពខុសគ្នាម្យ៉ាង។ ប៉ុន្តែព្រះជាម្ចាស់មិនបានប្រព្រឹត្តដាក់មនុស្សក្រុមនេះដោយអយុត្តិធម៌នោះទេ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សទាំងនេះត្រូវបានកំណត់ថាជាអ្នកស៊ីឈ្នួលទៅវិញ? អ្នករាល់គ្នាត្រូវតែមានការយល់ដឹងខ្លះៗអំពីចំណុចនេះ! អ្នកស៊ីឈ្នួលចេញមកពីក្នុងចំណោមអ្នកមិនជឿ។ នៅពេលដែលយើងលើកឡើងថា ពួកគេចេញមកពីក្នុងចំណោមអ្នកមិនជឿ គឺច្បាស់ណាស់ថា ពួកគេមានប្រវត្តិមិនល្អ៖ ពួកគេទាំងអស់ សុទ្ធតែអ្នកមិនជឿថាមានព្រះ ហើយពីអតីតកាល ក៏ពួកគេមិនជឿថាមានព្រះដែរ។ ពួកគេមិនជឿលើព្រះជាម្ចាស់ ហើយទាស់នឹងទ្រង់ ទាស់នឹងសេចក្តីពិត ទាស់អ្វីៗគ្រប់យ៉ាងដែលវិជ្ជមាន។ ពួកគេមិនជឿលើព្រះ ហើយក៏មិនជឿថាមានព្រះដែរ។ ហេតុដូច្នេះហើយ តើពួកគេមានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? ភាគច្រើន គឺសមស្របដែលថា ពួកគេមិនយល់នោះ។ អ្នកស៊ីឈ្នួលមិនអាចយល់បន្ទូលដែលព្រះជាម្ចាស់កំពុងថ្លែងមក យល់ពីអ្វីដែលទ្រង់ត្រូវការ ឬយល់ពីមូលហេតុដែលទ្រង់តម្រូវបែបនេះនោះទេ ប្រៀបដូចសត្វដែលមិនអាចយល់សម្ដីមនុស្សបានដូច្នោះដែរ។ ពួកគេមិនយល់នោះទេ។ ពួកគេមិនអាចយល់សេចក្ដីទាំងអស់នេះបានឡើយ ហើយពួកគេនៅតែគ្មានការបំភ្លឺដដែល។ ដោយសារមូលហេតុនេះហើយ ទើបមនុស្សទាំងនេះមិនមានជីវិតដែលយើងទើបនឹងបាននិយាយរួចមកនេះ។ បើគ្មានជីវិត តើមនុស្សអាចយល់សេចក្ដីពិតបានដែរឬទេ? តើពួកគេមានការបំពាក់បំប៉នដោយសេចក្ដីពិតដែរឬទេ? តើពួកគេមានបទពិសោធ និងចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (គ្មានទេ។) អ្នកស៊ីឈ្នួលមានប្រភពដើមបែបនេះឯង។ ក៏ប៉ុន្តែ ដោយសារព្រះជាម្ចាស់ធ្វើឱ្យមនុស្សទាំងនេះក្លាយជាអ្នកស៊ីឈ្នួល ទើបសេចក្ដីតម្រូវរបស់ទ្រង់ចំពោះពួកគេនៅតែមានបទដ្ឋានដដែល។ ទ្រង់មិនបានមើលងាយពួកគេទេ ហើយទ្រង់ក៏មិនមែនមិនយកព្រះទ័យទុកដាក់ចំពោះពួកគេដែរ។ ទោះបីជាពួកគេមិនយល់ព្រះបន្ទូលរបស់ទ្រង់ និងគ្មានជីវិតក៏ពិតមែន ក៏ប៉ុន្តែព្រះជាម្ចាស់នៅតែប្រព្រឹត្តដាក់ពួកគេដោយព្រះទ័យករុណាដដែល ហើយពេលនិយាយដល់សេចក្ដីតម្រូវរបស់ទ្រង់ចំពោះពួកគេ ក៏នៅតែមានបទដ្ឋានដដែល។ អ្នករាល់គ្នាទើបតែបាននិយាយអំពីបទដ្ឋានទាំងនេះរួច៖ ត្រូវមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងធ្វើអ្វីទៅតាមបន្ទូលទ្រង់។ នៅក្នុងការបម្រើរបស់អ្នក អ្នកត្រូវតែបម្រើនៅកន្លែងណាដែលមានតម្រូវការ ហើយអ្នកត្រូវតែបម្រើឱ្យដល់ទីបញ្ចប់។ ប្រសិនបើអ្នកអាចធ្វើជាអ្នកស៊ីឈ្នួលដ៏ស្មោះត្រង់ ដែលអាចបម្រើព្រះរហូតដល់ទីបញ្ចប់បាន ហើយអាចបំពេញបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នក នោះអ្នកនឹងរស់នៅក្នុងជីវិតមួយដែលមានតម្លៃ។ ប្រសិនបើអ្នកអាចធ្វើបែបនេះបាន នោះអ្នកនឹងអាចស្ថិតនៅបន្តបានហើយ។ ប្រសិនបើអ្នកប្រឹងប្រែងព្យាយាមបន្តិចទៀត ប្រសិនបើអ្នកព្យាយាមឱ្យខ្លាំងជាងនេះបន្តិចទៀត អាចខំប្រឹងប្រែងទ្វេដងដើម្បីស្គាល់ព្រះជាម្ចាស់ អាចនិយាយពីការស្គាល់ព្រះជាម្ចាស់បានបន្តិចបន្ដួច អាចធ្វើបន្ទាល់ថ្វាយទ្រង់ ហើយជាងនេះទៅទៀត ប្រសិនបើអ្នកអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ អាចសហការនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងអាចគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានខ្លះ ដូច្នេះ ក្នុងនាមជាអ្នកស៊ីឈ្នួល អ្នកនឹងជួបប្រទះការផ្លាស់ប្តូរវាសនា។ តើការផ្លាស់ប្តូរវាសនានេះជាអ្វី? អ្នកនឹងមិនគ្រាន់តែអាចស្ថិតនៅបន្តទៀតនោះទេ តែផ្អែកលើការប្រព្រឹត្តរបស់អ្នក ព្រមទាំងបំណងប្រាថ្នា និងការដេញតាមផ្ទាល់ខ្លួនរបស់អ្នក នោះព្រះជាម្ចាស់នឹងប្រោសឱ្យអ្នកក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ទ្រង់។ នេះគឺជាការផ្លាស់ប្តូរវាសនារបស់អ្នក។ ចំពោះអ្នកស៊ីឈ្នួលវិញ តើអ្វីជារឿងល្អបំផុតពាក់ព័ន្ធនឹងការប្ដូរវាសនានេះ? គឺថាពួកគេអាចក្លាយជារាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើពួកគេក្លាយជារាស្រ្តរើសតាំងមែន នោះមានន័យថា ពួកគេនឹងលែងចាប់កំណើតសាជាថ្មីជាសត្វដូចអ្នកមិនជឿទៀតហើយ។ តើចំណុចនេះល្អដែរទេ? ល្អ ហើយក៏ជាដំណឹងល្អផងដែរ៖ មានន័យថា អ្នកស៊ីឈ្នួលអាចកែប្រែវាសនាបាន។ ចំពោះអ្នកស៊ីឈ្នួល មិនមែនថា ឱ្យតែព្រះជាម្ចាស់បានតម្រូវទុកថាពួកគេជាអ្នកស៊ីឈ្នួល ហើយពួកគេនឹងត្រូវធ្វើជាអ្នកស៊ីឈ្នួលជារៀងរហូតនោះទេ មិនចាំបាច់ទាល់តែបែបនោះទេ។ ព្រះជាម្ចាស់នឹងចាត់ចែង និងឆ្លើយតបចំពោះពួកគេ តាមលក្ខណៈសមស្របទៅនឹងការប្រព្រឹត្តផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នកស៊ីឈ្នួលដែលមិនអាចបម្រើព្រះដល់ទីបញ្ចប់ផងដែរ។ ក្នុងអំឡុងពេលបម្រើការ មានពួកអ្នកដែលបោះបង់ចោលពាក់កណ្តាលទី បោះបង់ចោលព្រះជាម្ចាស់ ក៏ដូចជាមានពួកដែលប្រព្រឹត្តទង្វើខុសឆ្គងជាច្រើនផងដែរ។ ក៏មានពួកអ្នកដែលបង្កគ្រោះថ្នាក់យ៉ាងច្រើន និងធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់ខាតបង់ច្រើនសន្ធឹកសន្ធាប់ ហើយក៏មានសូម្បីអ្នកស៊ីឈ្នួលដែលដាក់បណ្តាសាព្រះជាម្ចាស់ផងដែរ ។ល។ និង ។ល។ តើផលវិបាកដែលមិនអាចកែខៃបាននេះ បង្ហាញពីអ្វី? សកម្មភាពអាក្រក់បែបនេះ នឹងបញ្ជាក់ឱ្យដឹងពីការបញ្ចប់នៃការបម្រើព្រះរបស់ពួកគេ។ ដោយសារតែការប្រព្រឹត្តរបស់អ្នកក្នុងអំឡុងពេលនៃការបម្រើព្រះនោះអន់ខ្លាំងពេក ហើយដោយសារតែអ្នកបានធ្វើហួសជ្រុលពេក នៅពេលដែលព្រះជាម្ចាស់ទតឃើញថា ការបម្រើរបស់អ្នកមិនត្រូវតាមបទដ្ឋាន នោះទ្រង់នឹងដកហូតសិទ្ធិបម្រើការរបស់អ្នកចេញ។ ទ្រង់នឹងឈប់អនុញ្ញាតឱ្យអ្នកបម្រើការតទៅទៀត។ ទ្រង់នឹងដកអ្នកចេញពីព្រះភ័ក្រ្តទ្រង់ ដកអ្នកចេញពីដំណាក់របស់ព្រះជាម្ចាស់។ តើដោយសារតែអ្នកមិនចង់បម្រើព្រះមែនទេ? តើអ្នកមិនមែនចង់ធ្វើអំពើអាក្រក់ឥតឈប់ទេឬ? តើអ្នកមិនមែនវៀចវេជានិច្ចទេឬ? ពិតមែនហើយ នឹងមានដំណោះស្រាយដ៏ងាយស្រួលមួយ៖ អ្នកនឹងត្រូវដកហូតសិទ្ធិបម្រើការរបស់អ្នកចេញ។ ចំពោះព្រះជាម្ចាស់ ការដកហូតសិទ្ធបម្រើការរបស់អ្នកស៊ីឈ្នួល មានន័យថា ទីបញ្ចប់របស់អ្នកស៊ីឈ្នួលនោះត្រូវបានប្រកាសហើយ ហើយពួកគេនឹងគ្មានសិទ្ធិបម្រើព្រះជាម្ចាស់តទៅទៀតឡើយ។ ទ្រង់មិនត្រូវការការបម្រើពីមនុស្សនេះតទៅទៀតទេ ហើយមិនថាពួកគេអាចនិយាយពាក្យល្អបែបណានោះទេ ពាក្យទាំងនោះនឹងគ្មានប្រយោជន៍ឡើយ។ នៅពេលដែលរឿងរ៉ាវមកដល់ចំណុចនេះ ស្ថានភាពនឹងមិនអាចកែខៃបានឡើយ។ អ្នកស៊ីឈ្នួលបែបនេះ នឹងគ្មានផ្លូវត្រឡប់ក្រោយឡើយ។ ពេលនោះ តើព្រះជាម្ចាស់ដោះស្រាយជាមួយអ្នកស៊ីឈ្នួលបែបនេះ យ៉ាងដូចម្តេច? តើទ្រង់គ្រាន់តែបញ្ឈប់ពួកគេលែងឱ្យបម្រើការប៉ុណ្ណេះឬ? អត់ទេ។ តើទ្រង់គ្រាន់តែឃាត់ឃាំងពួកគេកុំឱ្យស្ថិតនៅបន្តប៉ុណ្ណេះមែនទេ? ឬ តើទ្រង់ដាក់ពួកគេទៅទីម្ខាង ហើយរង់ចាំពួកគេប្រែចិត្តមកវិញឬ? ទ្រង់មិនធ្វើដូច្នោះទេ។ ពិតណាស់ ចំពោះអ្នកស៊ីឈ្នួល ព្រះជាម្ចាស់មិនគួរឱ្យស្រឡាញ់ណាស់ណានោះទេ។ ប្រសិនបើមនុស្សម្នាក់មានអាកប្បកិរិយាបែបនេះនៅក្នុងការបម្រើព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងដកហូតសិទ្ធិបម្រើរបស់ពួកគេចេញ ដោយសារអាកប្បកិរិយាបែបនេះ ហើយនឹងបោះពួកគេទៅក្នុងចំណោមពួកអ្នកមិនជឿម្ដងទៀត។ តើពួកអ្នកស៊ីឈ្នួលដែលត្រូវបោះទៅក្នុងចំណោមពួកអ្នកមិនជឿវិញនោះ មានវាសនាដូចម្ដេច? ពួកគេនឹងមានវាសនាដូចអ្នកមិនជឿដែរ៖ ពួកគេនឹងចាប់កំណើតជាថ្មីជាសត្វ ហើយទទួលការដាក់ទោសនៅក្នុងពិភពខាងវិញ្ញាណដូចគ្នាទៅនឹងអ្នកមិនជឿដែរ។ ជាងនេះទៅទៀត ព្រះជាម្ចាស់នឹងមិនយកព្រះទ័យទុកដាក់ចំពោះការដាក់ទោសលើមនុស្សបែបនេះទេ ដ្បិតមនុស្សនេះលែងមានទំនាក់ទំនងអ្វីជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់តទៅទៀតហើយ។ នេះមិនត្រឹមតែជាទីបញ្ចប់នៃជីវិតក្នុងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ទេ តែក៏ជាទីបញ្ចប់នៃវាសនាផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជាការប្រកាសនូវវាសនារបស់ពួកគេផងដែរ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកស៊ីឈ្នួលបម្រើការមិនបានល្អ ពួកគេនឹងត្រូវទទួលផលដោយខ្លួនឯង។ ប្រសិនបើអ្នកស៊ីឈ្នួលណាម្នាក់គ្មានសមត្ថភាពបម្រើការរហូតដល់ទីបញ្ចប់ទេ ឬត្រូវបានដកហូតសិទ្ធិបម្រើការនៅពាក់កណ្តាលទី នោះពួកគេនឹងត្រូវបោះចូលទៅក្នុងចំណោមអ្នកមិនជឿវិញ ហើយប្រសិនបើរឿងនេះកើតឡើងមែន មនុស្សនេះនឹងត្រូវបានដោះស្រាយតាមវិធីដូចគ្នានឹងវិធីដោះស្រាយជាមួយសត្វ ជាមួយមនុស្សគ្មានប្រាជ្ញា ឬជាមួយមនុស្សគ្មានហេតុផលដែរ។ នៅពេលដែលខ្ញុំពន្យល់បែបនោះ តើអ្នកអាចយល់បានទេ?

អ្វីដែលបានលើកឡើងខាងដើម គឺជាវិធីដែលព្រះជាម្ចាស់ចាត់ចែងវដ្តនៃការកើត និងការស្លាប់នៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ បន្ទាប់ពីបានស្ដាប់ការពន្យល់នេះហើយ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? ពីមុនមក តើខ្ញុំធ្លាប់និយាយពីប្រធានបទនេះដែរឬទេ? តើខ្ញុំធ្លាប់បាននិយាយពីប្រធានបទពាក់ព័ន្ធរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួលដែរឬទេ? តាមពិតទៅ ខ្ញុំពិតជាធ្លាប់បាននិយាយមែន ប៉ុន្តែអ្នករាល់គ្នាមិនចាំ។ ព្រះជាម្ចាស់សុចរិតណាស់ចំពោះរាស្ត្ររើសតាំងរបស់ទ្រង់ និងអ្នកស៊ីឈ្នួល។ ទ្រង់សុចរិតនៅគ្រប់ទិដ្ឋភាពទាំងអស់។ តើមានកន្លែងណាមួយដែលអ្នកអាចរកឃើញកំហុសដែរឬទេ? តើមិនមានមនុស្សដែលនិយាយថា៖ «ហេតុអ្វីព្រះជាម្ចាស់អត់ទ្រាំនឹងរាស្ត្ររើសតាំងរបស់ទ្រង់ដល់ម្ល៉េះ? ហើយហេតុអ្វីបានជាទ្រង់មានការអត់ទ្រាំតិចតួចចំពោះអ្នកស៊ីឈ្នួល?» តើមាននរណាម្នាក់ចង់តវ៉ាដើម្បីអ្នកស៊ីឈ្នួលដែរឬទេ? «តើព្រះជាម្ចាស់អាចប្រទានពេលវេលាដល់អ្នកស៊ីឈ្នួលច្រើនជាងនេះ ហើយអត់ធ្មត់និងអត់ទ្រាំចំពោះពួកគេច្រើនជាងនេះបានទេ?» តើការសួរសំណួរបែបនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? (ដោយសារតែការប្រោសឱ្យក្លាយជាអ្នកស៊ីឈ្នួលនោះ គឺជាការបង្ហាញក្តីសណ្តោសដល់យើងហើយ។) ការអនុញ្ញាតឱ្យអ្នកស៊ីឈ្នួលបានបម្រើការថ្វាយព្រះ គឺជាការបង្ហាញពីក្តីសណ្តោសហើយ! បើគ្មាននាមជា «អ្នកស៊ីឈ្នួល» ទេ ហើយបើគ្មានកិច្ចការដែលពួកគេធ្វើទេ តើមនុស្សទាំងនេះនឹងត្រូវទៅទីណា? ពួកគេនឹងត្រូវស្ថិតនៅក្នុងចំណោមអ្នកមិនជឿ ដោយរស់ និងស្លាប់ជាមួយនឹងសត្វ។ នេះជាព្រះគុណដ៏ធំធេងណាស់ដែលពួកគេទទួលបាននៅថ្ងៃនេះ ដោយទទួលបានការអនុញ្ញាតឱ្យមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងចូលមកក្នុងដំណាក់របស់ព្រះ! នេះគឺជាព្រះគុណដ៏ធំធេងណាស់! ប្រសិនបើព្រះជាម្ចាស់មិនបានប្រទានឱកាសដល់អ្នកដើម្បីបម្រើការនោះទេ នោះអ្នកនឹងគ្មានឱកាសចូលមកចំពោះព្រះភ័ក្ត្រទ្រង់ឡើយ។ និយាយឱ្យអស់ទៅ សូម្បីតែអ្នកគឺជាពុទ្ធបរិស័ទម្នាក់ដែលបានសម្រេចមគ្គផលក៏ដោយ យ៉ាងច្រើនបំផុត អ្នកបានត្រឹមអ្នកធ្វើការកំប៉ិកកំប៉ុកនៅក្នុងពិភពខាងវិញ្ញាណប៉ុណ្ណោះ។ អ្នកនឹងមិនដែលជួបព្រះជាម្ចាស់ ស្តាប់ឮព្រះសូរសៀង ឬព្រះបន្ទូលរបស់ទ្រង់ ឬមានអារម្មណ៍ដឹងពីសេចក្តីស្រឡាញ់ និងព្រះពររបស់ទ្រង់ឡើយ ហើយអ្នកក៏មិនអាចជួបទ្រង់ដោយផ្ទាល់បានដែរ។ រឿងតែម៉្យាងគត់ដែលពួកពុទ្ធបរិស័ទទទួលបាននៅចំពោះមុខពួកគេ គឺកិច្ចការសាមញ្ញធម្មតា។ ពួកគេមិនអាចស្គាល់ព្រះជាម្ចាស់បានទេ ហើយពួកគេបានត្រឹមតែប្រតិបត្តិតាម និងស្ដាប់បង្គាប់តាមប៉ុណ្ណោះ ចំណែកឯអ្នកស៊ីឈ្នួលវិញ ទទួលបានអ្វីៗជាច្រើនក្នុងអំឡុងដំណាក់កាលនៃកិច្ចការនេះ! ទីមួយ ពួកគេអាចចូលមកចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ដោយផ្ទាល់ ស្តាប់ឮព្រះសូរសៀងទ្រង់ ស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ និងមានបទពិសោធអំពីព្រះគុណនិងព្រះពរ ដែលទ្រង់ប្រទានដល់មនុស្ស។ ជាងនេះទៅទៀត ពួកគេអាចត្រេកអរនឹងព្រះបន្ទូល និងសេចក្តីពិតដែលព្រះជាម្ចាស់បានប្រទានមក។ អ្នកស៊ីឈ្នួលពិតជាទទួលបានច្រើនណាស់! ដូច្នេះ ក្នុងនាមជាអ្នកស៊ីឈ្នួលម្នាក់ ប្រសិនបើអ្នកមិនអាចខំប្រឹងប្រែងឱ្យសមស្របនឹងព្រះគុណនេះទេ តើព្រះជាម្ចាស់នៅតែទុកអ្នកទៀតដែរទេ? ទ្រង់មិនអាចទុកអ្នកទៀតបានទេ។ ទ្រង់ពុំបានសុំអ្វីពីអ្នកច្រើនទេ ប៉ុន្តែអ្នកបែរជាមិនអាចធ្វើអ្វីដែលទ្រង់សុំនោះឱ្យបានសមរម្យទៅវិញ។ អ្នកមិនអាចប្រកាន់ខ្ជាប់តាមភារកិច្ចរបស់ខ្លួនបាន។ ហេតុនេះ ពុំចាំបាច់ឆ្ងល់ទេ ព្រះជាម្ចាស់មិនអាចទុកអ្នកបានឡើយ។ នេះគឺជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនការពារអ្នកជ្រុលហួសហេតុ ហើយទ្រង់ក៏មិនរើសអើងអ្នកដែរ។ ទាំងនេះគឺជាគោលការណ៍ដែលព្រះជាម្ចាស់អនុវត្ត។ ព្រះជាម្ចាស់ប្រព្រឹត្តដាក់មនុស្ស និងសត្វទាំងអស់តាមរបៀបនេះ។

ចំពោះពិភពខាងវិញ្ញាណវិញ ប្រសិនបើភាវៈនានានៅក្នុងពិភពនេះធ្វើអ្វីមួយខុស ឬមិនធ្វើកិច្ចការរបស់ខ្លួនឱ្យបានត្រឹមត្រូវទេ នោះព្រះជាម្ចាស់ក៏មានបទបញ្ជា និងបញ្ញត្តិស្ថានសួគ៌សមស្រប ដើម្បីដោះស្រាយជាមួយពួកគេផងដែរ។ នេះគឺជាការពិត។ ដូច្នេះហើយ អំឡុងពេលនៃកិច្ចការគ្រប់គ្រងរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ អ្នកធ្វើកិច្ចការមួយចំនួនដែលប្រព្រឹត្តទង្វើខុសឆ្គង ត្រូវកម្ទេចចោល ឯអ្នកមួយចំនួនទៀតកំពុងជាប់ឃុំ និងត្រូវដាក់ទោសនៅឡើយ រហូតមកទល់សព្វថ្ងៃនេះ។ នៅក្នុងពិភពខាងវិញ្ញាណ ភាវៈនីមួយៗត្រូវតែប្រឈមមុខចំពោះរឿងនេះ។ ប្រសិនបើពួកគេធ្វើអ្វីមួយខុស ឬប្រព្រឹត្តអំពើអាក្រក់ នោះពួកគេនឹងត្រូវទទួលទោស ហើយនេះក៏ជាវិធីសាស្ត្រដូចគ្នាដែលព្រះជាម្ចាស់អនុវត្តចំពោះរាស្ត្ររើសតាំងរបស់ទ្រង់ និងអ្នកស៊ីឈ្នួលផងដែរ។ ដូច្នេះ ទាំងនៅក្នុងពិភពខាងវិញ្ញាណ និងក្នុងពិភពរូបធាតុ គោលការណ៍ដែលព្រះជាម្ចាស់អនុវត្ត មិនផ្លាស់ប្តូរនោះទេ។ មិនថាអ្នកអាចមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់ឬក៏អត់នោះទេ គោលការណ៍ទាំងនោះមិនផ្លាស់ប្តូរឡើយ។ គ្រប់យ៉ាងទាំងអស់ គឺព្រះជាម្ចាស់មានគោលការណ៍ដូចគ្នានៅក្នុងវិធីសាស្ត្ររបស់ទ្រង់ចំពោះអ្វីៗគ្រប់យ៉ាង និងនៅក្នុងការដោះស្រាយរបស់ទ្រង់ចំពោះរបស់សព្វសារពើផង។ គោលការណ៍នេះមិនអាចផ្លាស់ប្តូរបានទេ។ ព្រះជាម្ចាស់នឹងមានព្រះទ័យសប្បុរសចំពោះមនុស្សទាំងឡាយក្នុងចំណោមអ្នកមិនជឿ ដែលរស់នៅក្នុងឥរិយាបថសមរម្យ ហើយទ្រង់នឹងទុកឱកាសសម្រាប់អ្នកដែលជឿសាសនានីមួយៗ ដែលប្រព្រឹត្តល្អ មិនប្រព្រឹត្តអំពើអាក្រក់ ដោយអនុញ្ញាតឱ្យពួកគេបំពេញតួនាទីរបស់ខ្លួនក្នុងគ្រប់កិច្ចការដែលព្រះជាម្ចាស់គ្រប់គ្រង និងធ្វើការអ្វីដែលពួកគេគួរធ្វើ។ ស្រដៀងគ្នានេះផងដែរ ក្នុងចំណោមអ្នកដែលដើរតាមព្រះជាម្ចាស់ និងក្នុងចំណោមរាស្ត្ររើសតាំងរបស់ទ្រង់ ព្រះជាម្ចាស់មិនរើសអើងនរណាម្នាក់ ដោយផ្អែកលើគោលការណ៍របស់ទ្រង់ទាំងនេះឡើយ។ ទ្រង់មានព្រះទ័យសប្បុរសចំពោះមនុស្សគ្រប់គ្នាដែលអាចដើរតាមទ្រង់ដោយស្មោះស ហើយទ្រង់ស្រលាញ់មនុស្សគ្រប់គ្នាដែលដើរតាមទ្រង់ដោយស្មោះស។ គ្រាន់តែថា មនុស្សប្រភេទអស់នេះមួយចំនួន (អ្នកមិនជឿ អ្នកមានជំនឿ និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ទទួលបានការប្រទានពីព្រះជាម្ចាស់ ខុសៗគ្នា។ ចូរយកអ្នកមិនជឿមកធ្វើជាឧទាហរណ៍ចុះ៖ ទោះបីជាពួកគេមិនជឿលើព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ចាត់ទុកពួកគេថាជាសត្វតិរច្ឆានក៏ដោយ ក៏នៅក្នុងចំណោមរបស់សព្វសារពើនោះ របស់នីមួយៗមានអាហារដើម្បីបរិភោគ មានទីកន្លែងផ្ទាល់ខ្លួន និងមានវដ្តនៃការកើត និងការស្លាប់ជាធម្មតា។ អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវទទួលទោស ហើយអ្នកណាដែលប្រព្រឹត្តអំពើល្អ នឹងត្រូវទទួលព្រះពរ និងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់។ រឿងរ៉ាវប្រព្រឹត្តទៅដោយបែបនេះឯង។ ចំពោះអ្នកមានជំនឿ ប្រសិនបើពួកគេអាចប្រកាន់តាមការប្រៀនប្រដៅខាងសាសនារបស់ពួកគេបានខ្ជាប់ខ្ជួនល្អ ពីជាតិមួយទៅជាតិមួយទៀត ដូច្នេះ បន្ទាប់ពីការយកកំណើតជាថ្មីទាំងអស់នោះចប់ហើយ ចុងក្រោយ ព្រះជាម្ចាស់នឹងធ្វើការប្រកាសដល់ពួកគេ។ ស្រដៀងគ្នានេះដែរ ចំពោះអ្នករាល់គ្នាក្នុងពេលសព្វថ្ងៃនេះ មិនថាអ្នកជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ឬជាអ្នកស៊ីឈ្នួលនោះទេ ព្រះជាម្ចាស់នឹងឱ្យអ្នកទៅតម្រៀបជួរ រួចកំណត់លទ្ធផលរបស់អ្នក ដោយផ្អែកលើបទបញ្ញត្តិ និងបញ្ញត្តិរដ្ឋបាលដែលទ្រង់បានកំណត់មកដូចគ្នាដែរ។ ក្នុងចំណោមប្រភេទមនុស្សទាំងអស់នេះ អ្នកជឿសាសនាខុសៗគ្នា ពោលគឺអ្នកដែលកាន់សាសនាផ្សេងៗ តើព្រះជាម្ចាស់បានប្រទានកន្លែងសម្រាប់ពួកគេរស់នៅដែរឬទេ? តើពួកកាន់សាសនាយូដានៅទីណា? តើព្រះជាម្ចាស់បានជ្រៀតជ្រែកក្នុងជំនឿរបស់ពួកគេដែរឬទេ? ទ្រង់មិនបានជ្រៀតជ្រែកទេ។ ចុះចំណែកពួកគ្រីស្ទបរិស័ទវិញ? ទ្រង់ក៏មិនបានជ្រៀតជ្រែកក្នុងជំនឿពួកគេដែរ។ ទ្រង់អនុញ្ញាតឱ្យពួកគេប្រកាន់ខ្ជាប់តាមទម្រង់ការផ្ទាល់ខ្លួនរបស់ពួកគេ ទ្រង់មិនបានថ្លែងបន្ទូលទៅកាន់ពួកគេ ឬប្រទានការបំភ្លឺណាមួយដល់ពួកគេឡើយ។ ជាងនេះទៅទៀត ទ្រង់មិនបើកសម្ដែងសេចក្ដីអ្វីមួយដល់ពួកគេឡើយ។ ប្រសិនបើអ្នកគិតថាវាជារឿងត្រឹមត្រូវ ចូរជឿតាមផ្លូវនេះចុះ។ ពួកកាតូលិកជឿលើនាងម៉ារី ហើយជឿថា ព្រះយេស៊ូវទទួលបានដំណឹងតាមរយៈនាងម៉ារី។ ពួកគេមានលក្ខណៈជំនឿបែបនេះ។ តើព្រះជាម្ចាស់ធ្លាប់បានកែតម្រូវជំនឿរបស់ពួកគេដែរឬទេ? ទ្រង់ប្រទានសេរីភាពដល់ពួកគេ។ ទ្រង់មិនយកព្រះទ័យទុកដាក់ចំពោះពួកគេឡើយ ហើយទ្រង់ប្រទានកន្លែងជាក់លាក់មួយសម្រាប់ពួកគេរស់នៅ។ ពាក់ព័ន្ធនឹងសាសនិកឥស្លាម និងពុទ្ធបរិស័ទ តើទ្រង់មិនធ្វើដូចគ្នាទេឬ? ទ្រង់ក៏បានកំណត់ព្រំដែនសម្រាប់ពួកគេផងដែរ ហើយអនុញ្ញាតឱ្យពួកគេមានកន្លែងរស់នៅផ្ទាល់ខ្លួនពួកគេ ដោយមិនជ្រៀតជ្រែកជំនឿរបស់ពួកគេឡើយ។ គ្រប់យ៉ាងគឺមានសណ្តាប់ធ្នាប់ល្អណាស់។ ចុះតើអ្នកមើលឃើញអ្វីខ្លះនៅក្នុងរឿងទាំងអស់នេះ? មើលឃើញថាព្រះជាម្ចាស់មានសិទ្ធិអំណាច ប៉ុន្តែទ្រង់មិនបំពានសិទ្ធិអំណាចនេះទេ។ ព្រះជាម្ចាស់រៀបចំរបស់សព្វសារពើតាមលំដាប់លំដោយល្អឥតខ្ចោះ ហើយទ្រង់រៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ហើយក្នុងនោះ មានព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ទ្រង់។

ថ្ងៃនេះ យើងបានពិភាក្សាគ្នាអំពីប្រធានបទថ្មី និងពិសេសមួយ គឺជាប្រធានបទមួយដែលទាក់ទងទៅនឹងបញ្ហានៃពិភពខាងវិញ្ញាណ ដែលតំណាងឱ្យទិដ្ឋភាពមួយនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះជាម្ចាស់លើពិភពនោះ។ មុនពេលដែលអ្នករាល់គ្នាបានយល់ពីរឿងរ៉ាវទាំងអស់នេះ អ្នករាល់គ្នាប្រហែលជាអាចនិយាយថា៖ «គ្រប់យ៉ាងពាក់ព័ន្ធនឹងរឿងទាំងនេះ គឺជាអាថ៌កំបាំង ហើយគ្មានអ្វីពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិតរបស់យើងឡើយ។ តាមពិត រឿងរ៉ាវទាំងនេះមិនទាក់ទងនឹងវិធីដែលមនុស្សរស់នៅនោះទេ ហើយយើងក៏មិនបាច់ត្រូវការយល់ដឹង ឬត្រូវចង់ស្ដាប់ពីរឿងទាំងនេះដែរ។ វាពិតជាគ្មានអ្វីទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់ទាល់តែសោះ»។ ពេលនេះ តើអ្នករាល់គ្នាគិតថា ការគិតបែបនេះមានបញ្ហាដែរឬទេ? តើការគិតបែបនេះត្រឹមត្រូវដែរឬទេ? (មិនអាចទេ។) ការគិតបែបនេះមិនត្រឹមត្រូវទេ ហើយមានបញ្ហាឆ្គាំឆ្គងខ្លាំងណាស់។ ហេតុផលគឺថា ប្រសិនបើអ្នកចង់យល់អំពីវិធីដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ អ្នកមិនអាចយល់ត្រឹមតែអ្វីដែលអ្នកអាចមើលឃើញ និងអ្វីដែលអ្នកអាចគិតយល់បាននោះទេ។ អ្នកក៏ត្រូវតែយល់ដឹងអំពីពិភពមួយទៀតផងដែរ ដែលជាពិភពដែលអ្នកអាចមើលមិនឃើញ ប៉ុន្តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងពិភពដែលអ្នកអាចមើលឃើញនេះ។ ចំណុចនេះទាក់ទងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយវាទាក់ទងនឹងប្រធានបទ «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ»។ នេះគឺព័ត៌មានអំពីប្រធានបទនេះ។ បើគ្មានព័ត៌មាននេះទេ មនុស្សនឹងមានកំហុស និងខ្វះការយល់ដឹងអំពីរបៀបដែល «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ»។ ដូច្នេះ អ្វីដែលយើងបាននិយាយនៅថ្ងៃនេះ អាចនិយាយបានថា ជាការសរុបខ្លឹមសារពីប្រធានបទមុនៗរបស់យើង ក៏ដូចជាការសរុបខ្លឹមសារនៃប្រធានបទ «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ផងដែរ។ ដោយបានយល់អំពីប្រធានបទនេះ តើពេលនេះអ្នករាល់គ្នាអាចស្គាល់ព្រះជាម្ចាស់តាមរយៈខ្លឹមសារនេះបានដែរឬទេ? សំខាន់ជាងនេះទៅទៀត ថ្ងៃនេះខ្ញុំបានផ្តល់ព័ត៌មានដ៏មានសារៈខាន់មួយដល់អ្នករាល់គ្នា ពាក់ព័ន្ធនឹងអ្នកស៊ីឈ្នួល។ ខ្ញុំដឹងថា អ្នករាល់គ្នាពិតជាចូលចិត្តស្តាប់ប្រធានបទបែបនេះ ហើយដឹងថា អ្នករាល់គ្នាពិតជាយកចិត្តទុកដាក់ចំពោះរឿងទាំងនេះណាស់។ ដូច្នេះហើយ តើអ្នករាល់គ្នាពេញចិត្តនឹងអ្វីដែលខ្ញុំបាននិយាយនៅថ្ងៃនេះដែរឬទេ? (ពួកយើងពេញចិត្ត។) រឿងរ៉ាវមួយចំនួនអាចមិនធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍ខ្លាំងនោះទេ ប៉ុន្តែអ្វីដែលខ្ញុំបាននិយាយអំពីអ្នកស៊ីឈ្នួល បានធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ដ្បិតប្រធានបទនេះបានពាល់ព្រលឹងរបស់អ្នករាល់គ្នាគ្រប់ៗគ្នា។

សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ

ក. អត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ

យើងបានចូលមកដល់ទីបញ្ចប់នៃប្រធានបទ «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ក៏ដូចជាប្រធានបទ «ព្រះជាម្ចាស់ ជាព្រះផ្ទាល់ព្រះអង្គតែមួយអង្គគត់»។ ដោយបានពិភាក្សាចប់សព្វគ្រប់បែបនេះហើយ យើងត្រូវធ្វើការសង្ខេបខ្លឹមសារនេះឡើងវិញ។ តើយើងត្រូវធ្វើការសង្ខេបបែបណា? ត្រូវធ្វើការសរុបសេចក្តីអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែម្ដង។ ក្នុងករណីនេះ ការសង្ខេបជៀសមិនផុតពីត្រូវទាក់ទងទៅនឹងគ្រប់ទិដ្ឋភាពរបស់ព្រះជាម្ចាស់ ក៏ដូចជារបៀបដែលមនុស្សជឿលើព្រះជាម្ចាស់នោះទេ។ ដូច្នេះ ជាដំបូង ខ្ញុំត្រូវតែសួរអ្នករាល់គ្នាសិន៖ បន្ទាប់ពីបានស្ដាប់ការអធិប្បាយទាំងនេះហើយ នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា តើព្រះជាម្ចាស់ជានរណា? (ជាព្រះអាទិករ។) នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា ព្រះជាម្ចាស់គឺជាព្រះអាទិករ។ តើមានអ្វីផ្សេងទៀតទេ? ព្រះជាម្ចាស់គឺជា ម្ចាស់នៃរបស់សព្វសារពើ។ តើពាក្យទាំងនេះសមរម្យឬទេ? (សមរម្យ។) ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ និងគ្រប់គ្រងលើរបស់សព្វសារពើ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាងដែលមាន ហើយទ្រង់ទំនុកបម្រុងដល់អ្វីៗគ្រប់យ៉ាងដែលមាន។ នេះគឺជាឋានៈរបស់ព្រះជាម្ចាស់ ហើយជាអត្តសញ្ញាណរបស់ទ្រង់។ ចំពោះរបស់សព្វសារពើ និងអ្វីៗគ្រប់យ៉ាងដែលមាន អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ និងអ្នកត្រួតត្រាលើរបស់សព្វសារពើដែលបានបង្កើតមក។ នេះគឺជាអត្តសញ្ញាណដែលព្រះជាម្ចាស់មាន ហើយទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងចំណោមរបស់សព្វសារពើ។ គ្មានរបស់ណាមួយដែលព្រះជាម្ចាស់បានបង្កើតមក (មិនថាស្ថិតក្នុងចំណោមមនុស្សជាតិ ឬក្នុងពិភពខាងវិញ្ញាណទេ) អាចប្រើមធ្យោបាយ ឬលេសដោះសាណាមួយដើម្បីត្រាប់តាម ឬជំនួសអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ ដ្បិតមានព្រះតែមួយអង្គគត់នៅក្នុងចំណោមរបស់សព្វសារពើ ដែលមានអត្តសញ្ញាណ ព្រះចេស្ដា សិទ្ធិអំណាច និងសមត្ថភាពក្នុងការត្រួតត្រាលើរបស់សព្វសារពើដែលបានបង្កើតមក នោះគឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ទ្រង់គង់នៅ និងផ្លាស់ទីក្នុងចំណោមរបស់សព្វសារពើ។ ទ្រង់អាចឈរនៅទីខ្ពស់បំផុតពីលើរបស់សព្វសារពើ។ ទ្រង់អាចបន្ទាបព្រះកាយទ្រង់ផ្ទាល់ធ្វើជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនៅខាងសាច់ឈាម មកជួបមុខមនុស្សផ្ទាល់ និងចែករំលែកសុខទុក្ខជាមួយពួកគេ ហើយក្នុងពេលជាមួយគ្នានោះដែរ ទ្រង់បញ្ជាគ្រប់យ៉ាងដែលមាន ដោយសម្រចវាសនានៃរបស់គ្រប់យ៉ាងដែលមាន និងសម្រេចទិសដៅដែលពួកគេត្រូវទៅ។ ជាងនេះទៅទៀត ទ្រង់ដឹកនាំវាសនារបស់មនុស្សជាតិទាំងអស់ ហើយតម្រង់ទិសដៅរបស់ពួកគេ។ ភាវៈមានជីវិតទាំងអស់ថ្វាយបង្គំ ស្ដាប់បង្គាប់ និងស្គាល់ព្រះជាម្ចាស់ដែលមានលក្ខណៈបែបនេះ។ ដូច្នេះ មិនថាអ្នកស្ថិតនៅក្នុងក្រុមឬប្រភេទមនុស្សជាតិបែបណាទេ ការជឿលើព្រះជាម្ចាស់ ការដើរតាមព្រះជាម្ចាស់ ការគោរពព្រះជាម្ចាស់ ការទទួលយកការត្រួតត្រារបស់ទ្រង់ និងការទទួលយកការរៀបចំវាសនារបស់អ្នកពីទ្រង់ គឺជាជម្រើសតែមួយគត់ ជាជម្រើសដ៏ចាំបាច់ សម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ភាវៈមានជីវិតទាំងអស់។ នៅក្នុងភាពដែលមានតែមួយគត់របស់ព្រះជាម្ចាស់ មនុស្សមើលឃើញថា សិទ្ធិអំណាចរបស់ទ្រង់ និស្ស័យដ៏សុចរិតរបស់ទ្រង់ សារជាតិរបស់ទ្រង់ និងមធ្យោបាយនានាដែលទ្រង់ទំនុកបម្រុងដល់របស់សព្វសារពើ គឺសុទ្ធតែមានលក្ខណៈវិសេសឯក។ ភាពដែលមានតែមួយគត់នេះ កំណត់ពីអត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយក៏កំណត់ឋានៈរបស់ទ្រង់ផងដែរ។ ដូច្នេះហើយ ក្នុងចំណោមសត្វលោកទាំងអស់ ប្រសិនបើភាវៈមានជីវិតណាមួយនៅក្នុងពិភពខាងវិញ្ញាណ ឬនៅក្នុងចំណោមមនុស្សជាតិ ចង់ឈរធ្វើជាតំណាងរបស់ព្រះជាម្ចាស់ នោះមិនអាចសម្រេចជោគជ័យបានឡើយ ហើយការប៉ុនប៉ងចង់ត្រាប់តាមព្រះជាម្ចាស់ ក៏មិនអាចទៅរួចដែរ។ នេះជាការពិត។ តើព្រះអាទិករ និងអ្នកត្រួតត្រាដែលមានអត្តសញ្ញាណ ព្រះចេស្ដា និងឋានៈជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះ មានសេចក្ដីតម្រូវអ្វីខ្លះពីមនុស្សជាតិ? ចំណុចនេះអ្នករាល់គ្នាគួរដឹង និងចាំច្បាស់។ ចំណុចនេះមានសារៈសំខាន់ណាស់ទាំងចំពោះព្រះជាម្ចាស់ និងចំពោះមនុស្ស!

ខ. អាកប្បកិរិយាផ្សេងៗរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់

ឥរិយាបថរបស់មនុស្សចំពោះព្រះជាម្ចាស់ កំណត់ពីវាសនារបស់ពួកគេ ក៏ដូចជាកំណត់ពីរបៀបដែលព្រះជាម្ចាស់នឹងប្រព្រឹត្តដាក់ពួកគេ និងដោះស្រាយជាមួយពួកគេផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំនឹងលើកឧទាហរណ៍មួយចំនួនពីរបៀបដែលមនុស្សប្រព្រឹត្តដាក់ព្រះជាម្ចាស់។ ចូរយើងស្តាប់ ហើយគិតមើលថាតើឥរិយាបថ និងអាកប្បកិរិយាដែលពួកគេប្រព្រឹត្តខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នោះ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ ចូរយើងពិចារណាអំពីការប្រព្រឹត្តរបស់មនុស្សប្រាំពីរប្រភេទដូចខាងក្រោមនេះ។

១. មានមនុស្សមួយប្រភេទ ដែលមានអាកប្បកិរិយាមិនសមទំនងចំពោះព្រះជាម្ចាស់។ មនុស្សទាំងនេះគិតថា ព្រះជាម្ចាស់ គឺដូចគ្នានឹងព្រះពោធិសត្វ ឬពួកបរិសុទ្ធក្នុងរឿងព្រេងនិទានរបស់មនុស្សដែរ និងតម្រូវឱ្យមនុស្សឱនក្បាលថ្វាយបង្គំបីដង និងអុជធូបក្រោយពីការទទួលទានអាហារម្ដងៗហើយ។ ហេតុដូចនេះហើយ នៅពេលដែលពួកគេមានអារម្មណ៍អរគុណចំពោះព្រះគុណរបស់ទ្រង់ និងមានអារម្មណ៍ដឹងគុណចំពោះទ្រង់ ពួកគេតែងតែមានការជំរុញចិត្តឱ្យធ្វើបែបនេះ។ ពួកគេចង់ឱ្យព្រះជាម្ចាស់ដែលពួកគេជឿសព្វថ្ងៃនេះ អាចទទួលយកវិធីដែលពួកគេឱនក្បាលថ្វាយបង្គំបីដង និងអុជធូបបន្ទាប់ពីការទទួលទានអាហារម្ដងៗហើយ ដូចទៅនឹងពួកបរិសុទ្ធដែលពួកគេទន្ទឹងចង់បាននៅក្នុងចិត្តរបស់ពួកគេដូច្នោះដែរ។

២. មនុស្សខ្លះចាត់ទុកព្រះជាម្ចាស់ជាព្រះពុទ្ធរស់មួយអង្គ ដែលអាចរំដោះអ្នកនៅរស់ពីទុក្ខសោក និងសង្គ្រោះពួកគេបាន។ ពួកគេចាត់ទុកទ្រង់ជាព្រះពុទ្ធរស់ដែលអាចនាំពួកគេចេញផុតពីសមុទ្រទុក្ខបាន។ ជំនឿរបស់មនុស្សទាំងនេះលើព្រះជាម្ចាស់ ក៏រាប់បញ្ចូលទាំងការថ្វាយបង្គំទ្រង់ថាជាព្រះពុទ្ធផងដែរ។ ទោះបីជាពួកគេមិនអុជធូប មិនលុតជង្គង់ថ្វាយបង្កំ ឬមិនថ្វាយតង្វាយក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកគេ ពួកគេយល់ថា ព្រះជាម្ចាស់គ្រាន់តែជាព្រះពុទ្ធមួយអង្គដែលសុំឱ្យពួកគេមានចិត្តល្អ សប្បុរស មិនឱ្យពួកគេសម្លាប់សត្វមានជីវិត ជៀសវាងការប្រទេចផ្តាសាអ្នកដទៃ រស់នៅក្នុងជីវិតស្មោះត្រង់ និងមិនប្រព្រឹត្តអំពើខុសឆ្គងនានាប៉ុណ្ណោះ។ ពួកគេជឿថា ចំណុចទាំងអស់នេះ គឺជាសេចក្ដីតម្រូវដែលទ្រង់ចង់បានពីពួកគេ។ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់គឺបែបនេះឯង។

៣. មនុស្សមួយចំនួនថ្វាយបង្គំព្រះជាម្ចាស់ ដូចទ្រង់គឺជាមនុស្សអស្ចារ្យ ឬបុគ្គលល្បីល្បាញអ៊ីចឹង។ ឧទាហរណ៍៖ មិនថាបុគ្គលអស្ចារ្យម្នាក់នោះចូលចិត្តនិយាយប្រើមធ្យោបាយបែបណា មានការលើកដាក់សំឡេងបែបណា ប្រើពាក្យពេចន៍ និងវាក្យស័ព្ទអ្វីខ្លះ មានសំឡេង កាយវិការ មានទស្សនៈនិងសកម្មភាព មានការស្លៀកពាក់បែបណាទេ ពួកគេយកតម្រាប់តាមទាំងអស់ ហើយទាំងអស់នេះជះឥទ្ធិពលមកលើពួកគេទាំងស្រុង នៅក្នុងដំណើរនៃការជឿលើព្រះជាម្ចាស់។

៤. មនុស្សខ្លះចាត់ទុកព្រះជាម្ចាស់ជាស្ដេចមួយអង្គ ដោយយល់ថា ទ្រង់ខ្ពង់ខ្ពស់លើសអ្វីៗគ្រប់យ៉ាង ហើយគ្មាននរណាម្នាក់ហ៊ានប្រមាថទ្រង់ឡើយ ហើយប្រសិនបើនរណាហ៊ានធ្វើបែបនោះមែន មនុស្សម្នាក់នោះនឹងត្រូវទទួលទោសមិនខាន។ ពួកគេថ្វាយបង្គំស្ដេចនោះ ដោយសារតែស្ដេចនោះសំខាន់នៅក្នុងដួងចិត្តរបស់ពួកគេ។ គំនិត ឥរិយាបថ សិទ្ធិអំណាច និងធម្មជាតិរបស់អ្នកដឹកនាំ សូម្បីតែចំណាប់អារម្មណ៍ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកដឹកនាំនោះ សុទ្ធតែក្លាយជារឿងដែលមនុស្សទាំងនោះយល់ថា ពួកគេត្រូវតែស្វែងយល់។ ចំណុចទាំងអស់នេះបានក្លាយជាបញ្ហា និងរឿងរ៉ាវដែលពួកគេខ្វល់ខ្វាយ។ ហេតុដូច្នេះហើយ ពួកគេថ្វាយបង្គំព្រះជាម្ចាស់ដូចជាស្ដេចមួយអង្គដែរ។ លក្ខណៈនៃជំនឿបែបនេះ គឺគួរឱ្យអស់សំណើចណាស់។

៥. មនុស្សមួយចំនួនមានជំនឿជាពិសេសលើព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយជំនឿនេះមានលក្ខណៈជ្រាលជ្រៅ និងដាច់ខាត។ ទោះយ៉ាងណា ដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់នៅស្ទើរពេក ហើយពួកគេគ្មានបទពិសោធច្រើនអំពីព្រះបន្ទូលរបស់ទ្រង់ ដូច្នេះពួកគេថ្វាយបង្គំទ្រង់ដូចជារូបព្រះដែរ។ រូបព្រះនេះគឺជាព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ រូបព្រះនេះគឺជារបស់ដែលពួកគេយល់ថា ពួកគេត្រូវតែកោតខ្លាច និងឱនគោរព ហើយជារបស់ដែលពួកគេត្រូវដើរតាម និងត្រាប់តាម។ ពួកគេចាត់ទុកព្រះជាម្ចាស់ជានិមិត្តរូប ដែលពួកគេត្រូវតែដើរតាមពេញមួយជីវិតពួកគេ។ ពួកគេត្រាប់តាមសំឡេងដែលព្រះជាម្ចាស់មានបន្ទូល ហើយពីសប្បកក្រៅ ពួកគេយកតម្រាប់តាមអ្នកដែលព្រះជាម្ចាស់សព្វព្រះទ័យ។ ពួកគេតែងធ្វើអ្វីៗដែលមិនវៀចវេរ បរិសុទ្ធ និងស្មោះត្រង់ ហើយពួកគេថែមទាំងដើរតាមព្រះក្លែងក្លាយនេះដូចជាដៃគូ ឬមិត្តភ័ក្រដែលពួកគេមិនអាចបែកគ្នាបានដូច្នោះដែរ។ ជំនឿរបស់ពួកគេ មានលក្ខណៈបែបនេះឯង។

៦. មានមនុស្សមួយប្រភេទ មិនថាបានអានព្រះបន្ទូលព្រះជាម្ចាស់ និងបានស្ដាប់ការអធិប្បាយច្រើនប៉ុនណាទេ ពួកគេមានអារម្មណ៍ដក់ជាប់ក្នុងចិត្តថា គោលការណ៍តែមួយគត់នៅពីក្រោយឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ ពួកគេគួរតែអែបអប និងលុតក្រាបជាប់ជានិច្ច ឬក៏ពួកគេគួរលើកតម្កើងព្រះជាម្ចាស់ និងសរសើរទ្រង់ក្នុងលក្ខណៈមួយដែលខុសពីការពិត។ ពួកគេជឿថា ព្រះជាម្ចាស់គឺជាព្រះដែលតម្រូវឱ្យពួកគេប្រព្រឹត្តបែបនេះ។ ជាងនេះទៅទៀត ពួកគេជឿថា ប្រសិនបើពួកគេមិនធ្វើបែបនេះទេ នោះពួកគេអាចធ្វើឱ្យទ្រង់មានកំហឹងគ្រប់ពេល ឬធ្លាក់ចូលក្នុងការប្រព្រឹត្តអំពើបាបទាស់នឹងព្រះជាម្ចាស់ ហើយដោយសារការប្រព្រឹត្តបាបនេះ ព្រះជាម្ចាស់នឹងដាក់ទោសពួកគេមិនខាន។ នេះហើយគឺជាព្រះជាម្ចាស់ដែលពួកទុកនៅក្នុងចិត្តរបស់ពួកគេនោះ។

៧. បន្ទាប់មក មានមនុស្សភាគច្រើនដែលស្វែងរកការទំនុកបម្រុងខាងវិញ្ញាណពីព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេរស់នៅក្នុងពិភពលោកនេះ គ្មានសេចក្ដីសុខសាន្ត ឬសុភមង្គល ហើយគ្មានកន្លែងណាមួយដែលពួកគេរកឃើញភាពសុខស្រួលឡើយ។ នៅពេលដែលពួកគេរកឃើញព្រះជាម្ចាស់ បន្ទាប់ពីពួកគេបានឃើញ និងបានស្តាប់ព្រះបន្ទូលរបស់ទ្រង់រួច ពួកគេក៏ចាប់ផ្តើមមានសេចក្តីអំណរ និងសេចក្តីរីករាយស្ងាត់ៗនៅក្នុងដួងចិត្តរបស់ពួកគេ។ នេះគឺដោយសារតែពួកគេជឿថា នៅទីបំផុត ពួកគេបានរកឃើញកន្លែងមួយដែលធ្វើឱ្យវិញ្ញាណរបស់ពួកគេបានអរសប្បាយ ហើយគេជឿថា នៅទីបំផុត ពួកគេបានរកឃើញព្រះជាម្ចាស់មួយអង្គដែលនឹងប្រទានការទំនុកបម្រុងខាងវិញ្ញាណដល់ពួកគេ។ បន្ទាប់ពីពួកគេបានទទួលយកព្រះជាម្ចាស់ និងចាប់ផ្តើមដើរតាមទ្រង់ ពួកគេមានអារម្មណ៍រីករាយ ហើយជីវិតរបស់ពួកគេ ក៏បានស្កប់ស្កល់។ ពួកគេលែងធ្វើដូចអ្នកមិនជឿ ដែលគេងមមើពេញមួយជីវិតដូចជាសត្វតទៀតហើយ ហើយពួកគេមានអារម្មណ៍ថា ពួកគេមានរបស់ម្យ៉ាងដើម្បីទន្ទឹងរង់ចាំនៅក្នុងជីវិត។ ដូច្នេះ ពួកគេគិតថា ព្រះជាម្ចាស់អង្គនេះអាចបំពេញតម្រូវការខាងវិញ្ញាណរបស់ពួកគេបានយ៉ាងច្រើន និងនាំសុភមង្គលដ៏អស្ចារ្យមកឱ្យពួកគេ ទាំងក្នុងចិត្ត និងខាងវិញ្ញាណ។ ពួកគេមិនបានចាប់អារម្មណ៍ដឹងថា ពួកគេមិនអាចចាកចេញពីព្រះដែលប្រទានការទំនុកបម្រុងខាងវិញ្ញាណ និងប្រទានសុភមង្គលដល់វិញ្ញាណរបស់ពួកគេ និងទៅកាន់សមាជិកនៅក្នុងគ្រួសាររបស់ពួកគេទាំងអស់ឡើយ។ ពួកគេជឿថា ជំនឿលើព្រះជាម្ចាស់ មិនត្រូវការអ្វីក្រៅពីការទំនុកបម្រុងខាងវិញ្ញាណនោះទេ។

តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានេះ ដែលមានអាកប្បកិរិយាដូចបានរៀបរាប់ខាងដើម ចំពោះព្រះជាម្ចាស់ដែរឬទេ? (មាន។) ប្រសិនបើក្នុងជំនឿរបស់នរណាម្នាក់លើព្រះជាម្ចាស់ ដួងចិត្តរបស់គេមានអាកប្បកិរិយាណាមួយក្នុងចំណោមអាកប្បកិរិយាទាំងនោះ តើពួកគេអាចមកចំពោះព្រះជាម្ចាស់ដោយពិតប្រាកដបានដែរឬទេ? ប្រសិនបើនរណាម្នាក់មានអាកប្បកិរិយាណាមួយក្នុងចំណោមអាកប្បកិរិយាទាំងនេះនៅក្នុងដួងចិត្តរបស់ពួកគេ តើពួកគេជឿលើព្រះជាម្ចាស់ដែរឬទេ? តើមនុស្សប្រភេទនេះ ជឿលើព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ដែរឬទេ? (អត់ទេ។) ដោយសារតែអ្នកមិនជឿលើព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ តើអ្នកជឿលើនរណា? ប្រសិនបើអ្វីដែលអ្នកជឿមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ទេ នោះអ្នកអាចជឿលើរូបព្រះ ឬបុគ្គលអស្ចារ្យណាម្នាក់ ឬក៏ជឿលើព្រះពោធិសត្វ ឬអ្នកថ្វាយបង្គំព្រះពុទ្ធនៅក្នុងចិត្តរបស់អ្នក។ ជាងនេះទៅទៀត អ្នកអាចជឿលើមនុស្សសាមញ្ញធម្មតាណាម្នាក់។ សរុបមក ដោយសារតែមនុស្សមានទម្រង់នៃជំនឿ និងអាកប្បកិរិយាផ្សេងៗគ្នាចំពោះព្រះជាម្ចាស់ ទើបពួកគេទុកព្រះដែលកើតចេញការយល់ដឹងផ្ទាល់ខ្លួនពួកគេនៅក្នុងចិត្តពួកគេ បង្កើតការស្រមើស្រមៃអំពីព្រះជាម្ចាស់ យកអាកប្បកិរិយា និងការស្រមើស្រមៃរបស់ពួកគេអំពីព្រះជាម្ចាស់ មកប្រព្រឹត្តដាក់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ហើយបន្ទាប់មក ពួកគេទុកព្រះទាំងនោះលើហ៊ឹងដើម្បីឱ្យពួកគេបានថ្វាយបង្គំ។ តើមានន័យដូចម្តេច នៅពេលដែលមនុស្សមានឥរិយាបថមិនសមរម្យបែបនេះចំពោះព្រះជាម្ចាស់? មានន័យថា ពួកគេបានបដិសេធព្រះដ៏ពិត ហើយកំពុងថ្វាយបង្គំព្រះក្លែងក្លាយ។ ចំណុចនេះបង្ហាញឱ្យឃើញថា នៅពេលកំពុងជឿលើព្រះជាម្ចាស់ ពួកគេបដិសេធ និងទាស់ទទឹងនឹងទ្រង់ ហើយថាពួកគេបដិសេធអត្ថិភាពរបស់ព្រះដ៏ពិត។ ប្រសិនបើមនុស្សនៅតែប្រកាន់ខ្ជាប់នូវលក្ខណៈជំនឿបែបនេះទៀត តើពួកគេនឹងប្រឈមផលវិបាកអ្វីខ្លះ? ដោយមានលក្ខណៈជំនឿបែបនេះ តើពួកគេនឹងអាចខិតមករកការបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បានទេ? (ពួកគេនឹងមិនអាចទេ។) ផ្ទុយទៅវិញ ដោយសារតែសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ពួកគេនឹងវង្វេងកាន់តែឆ្ងាយពីផ្លូវរបស់ព្រះជាម្ចាស់ ដ្បិតទិសដៅដែលពួកគេស្វែងរក គឺផ្ទុយពីទិសដៅដែលព្រះជាម្ចាស់តម្រូវឱ្យពួកគេដើរ។ តើអ្នករាល់គ្នាធ្លាប់ឮរឿង «ការធ្វើដំណើរទៅទិសខាងត្បូង តែបររទេះទៅទិសខាងជើង» ដែរឬទេ? នេះអាចគ្រាន់តែជាករណីមួយនៃការធ្វើដំណើរទៅទិសខាងត្បូង តែបែរជាបររទេះទៅទិសខាងជើងប៉ុណ្ណោះ។ ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់តាមរបៀបដ៏គួរឱ្យអស់សំណើចបែបនេះ កាលណាអ្នកព្យាយាមបររទេះ នោះអ្នកទៅកាន់តែទៅឆ្ងាយពីព្រះជាម្ចាស់។ ហេតុដូចនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាថា៖ មុនពេលដែលអ្នករាល់គ្នាចាប់ផ្តើមធ្វើដំណើរ ដំបូងអ្នកត្រូវតែមើលឱ្យច្បាស់ជាមុនសិនថាតើអ្នកពិតជាកំពុងធ្វើដំណើរតាមទិសដៅត្រឹមត្រូវដែរឬទេ។ ផ្តោតលើការខំប្រឹងប្រែងរបស់អ្នក ហើយកុំភ្លេចសួរខ្លួនឯងថា៖ «តើព្រះដែលខ្ញុំជឿនោះ ជាព្រះត្រួតត្រាលើរបស់សព្វសារពើមែនទេ? តើព្រះដែលខ្ញុំជឿនោះ គ្រាន់តែជាមនុស្សម្នាក់ដែលទំនុកបម្រុងខាងវិញ្ញាណដល់ខ្ញុំមែនទេ? តើទ្រង់គ្រាន់តែជានិមិត្តរូបរបស់ខ្ញុំមែនទេ? តើព្រះដែលខ្ញុំជឿនោះត្រូវការអ្វីខ្លះពីខ្ញុំ? តើព្រះជាម្ចាស់យល់ស្របចំពោះគ្រប់យ៉ាងដែលខ្ញុំធ្វើដែរឬទេ? តើសកម្មភាព និងការដេញតាមរបស់ខ្ញុំ ស្របតាមការស្វែងរកព្រះជាម្ចាស់ដែរឬទេ? តើសកម្មភាព និងការដេញតាមរបស់ខ្ញុំស្របតាមសេចក្ដីតម្រូវរបស់ទ្រង់ចំពោះខ្ញុំដែរឬទេ? តើផ្លូវដែលខ្ញុំដើរ ត្រូវព្រះជាម្ចាស់ទទួលស្គាល់ និងយល់ព្រមដែរឬទេ? តើទ្រង់សព្វព្រះហឫទ័យនឹងជំនឿរបស់ខ្ញុំដែរឬទេ?» អ្នកគួរតែសួរខ្លួនឯងនូវសំណួរទាំងនេះជារឿយៗ ម្តងហើយម្តងទៀត។ ប្រសិនបើអ្នកមានបំណងចង់ស្វែងរកការស្គាល់ព្រះជាម្ចាស់ នោះអ្នកត្រូវតែមានសតិសម្បជញ្ញៈជ្រះស្រឡះ និងមានវត្ថុបំណងច្បាស់លាស់ មុនពេលដែលអ្នកអាចសម្រេចការគាប់ព្រះហឫទ័យទ្រង់បាន។

ដោយសារសេចក្ដីអំណត់របស់ទ្រង់ តើអាចទៅរួចទេ ដែលព្រះជាម្ចាស់នឹងទទួលយកអាកប្បកិរិយាមិនសមរម្យដែលខ្ញុំទើបតែបាននិយាយមកនេះ ទាំងព្រះទ័យក្រោធខឹងនោះ? តើព្រះជាម្ចាស់អាចសរសើរអាកប្បកិរិយារបស់មនុស្សទាំងនេះដែរទេ? (អត់ទេ។) តើព្រះជាម្ចាស់មានសេចក្ដីតម្រូវអ្វីខ្លះចំពោះមនុស្ស និងអ្នកដែលដើរតាមទ្រង់? តើទ្រង់តម្រូវឱ្យមនុស្សមានអាកប្បកិរិយាបែបណា? តើអ្នកមានការយល់ដឹងច្បាស់លាស់អំពីអាកប្បកិរិយាទាំងនេះទេ? នៅត្រង់ចំណុចនេះ ខ្ញុំបាននិយាយច្រើនណាស់។ ខ្ញុំបាននិយាយពីប្រធានបទស្តីពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏ដូចជាអំពីកិច្ចការរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ច្រើនណាស់។ ពេលនេះ តើអ្នករាល់គ្នាដឹងថាព្រះជាម្ចាស់ប្រាថ្នាចង់បានអ្វីខ្លះពីមនុស្សទេ? តើអ្នកដឹងថាទ្រង់ចង់បានអ្វីពីអ្នកដែរឬទេ? សូមប្រាប់មក។ ប្រសិនបើចំណេះដឹងរបស់អ្នករាល់គ្នាដែលបានមកពីបទពិសោធ និងការអនុវត្ត នៅខ្វះចន្លោះ ឬនៅស្ទើរនៅឡើយ ដូច្នេះអ្នករាល់គ្នាអាចនិយាយពីចំណេះដឹងរបស់អ្នកអំពីពាក្យសម្ដីទាំងនេះបាន។ តើអ្នករាល់គ្នាមានចំណេះដឹងតិចតួចណាមួយដែរឬទេ? តើព្រះជាម្ចាស់ទាមទារអ្វីខ្លះពីមនុស្ស? (អំឡុងពេលនៃការប្រកបគ្នាជាច្រើននេះ ព្រះជាម្ចាស់បានបង្ហាញពីសេចក្ដីតម្រូវ ដែលទាមទារឱ្យយើងស្គាល់ទ្រង់ ស្គាល់ពីកិច្ចការទ្រង់ ដឹងថាទ្រង់គឺជាប្រភពជីវិតនៃរបស់សព្វសារពើ ហើយត្រូវដឹងពីឋានៈ និងអត្តសញ្ញាណរបស់ទ្រង់។) ហើយនៅពេលដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្គាល់ទ្រង់ តើលទ្ធផលចុងក្រោយបែបណា? (ពួកគេយល់ថា ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយដឹងថាមនុស្សគឺជាភាវៈដែលព្រះបានបង្កើតមក។) នៅពេលដែលមនុស្សមានការយល់ដឹងបែបនេះ តើអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ផ្លាស់ប្ដូរបែបណាខ្លះ ហើយតើមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងការបំពេញភារកិច្ច ឬនៅក្នុងនិស្ស័យជីវិតរបស់ពួកគេ? តើអ្នករាល់គ្នាធ្លាប់គិតអំពីរឿងនេះដែរឬទេ? តើអាចនិយាយបានទេថា តាមរយៈការស្គាល់ព្រះជាម្ចាស់ និងការយល់ដឹងពីទ្រង់ ពួកគេក្លាយជាមនុស្សល្អ? (ជំនឿលើព្រះជាម្ចាស់ មិនពាក់ព័ន្ធនឹងការស្វះស្វែងឱ្យក្លាយជាមនុស្សល្អនោះទេ។ ផ្ទុយទៅវិញ គឺពាក់ព័ន្ធនឹងការស្វះស្វែងដើម្បីបានក្លាយជាភាវៈដែលព្រះជាម្ចាស់បង្កើតមក ដែលត្រូវតាមបទដ្ឋាន និងក្លាយជាមនុស្សដ៏ស្មោះត្រង់ម្នាក់។) តើមានអ្វីផ្សេងទៀតទេ? (បន្ទាប់ពីស្គាល់ព្រះជាម្ចាស់ពិតប្រាកដ និងត្រឹមត្រូវរួចមក យើងអាចចាត់ទុកទ្រង់ជាព្រះជាម្ចាស់។ យើងដឹងថា ព្រះជាម្ចាស់តែងតែជាព្រះជានិច្ច។ យើងដឹងថាយើងគឺជាភាវៈដែលព្រះបានបង្កើតមក ម្ល៉ោះហើយ យើងគួរតែថ្វាយបង្គំព្រះជាម្ចាស់ គួរតែស្ថិតនៅកន្លែងដ៏សមគួររបស់យើង។) ល្អណាស់! យើងចាំស្ដាប់យោបល់ពីអ្នកដទៃទៀត។ (យើងស្គាល់ព្រះជាម្ចាស់ ហើយចុងក្រោយ យើងអាចក្លាយជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ពិតប្រាកដ គោរពព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។) ត្រឹមត្រូវណាស់!

គ. អាកប្បកិរិយាដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សជាតិមានចំពោះទ្រង់

តាមពិត ព្រះជាម្ចាស់មិនទាមទារពីមនុស្សជាតិខ្លាំងណាស់ណានោះទេ។ យ៉ាងហោចណាស់ ក៏ទ្រង់មិនទាមទារដូចមនុស្សនឹកស្រមៃដែរ។ ប្រសិនបើព្រះជាម្ចាស់មិនបានថ្លែងព្រះបន្ទូលណាមួយ ហើយប្រសិនបើទ្រង់មិនបានសម្ដែងចេញនិស្ស័យ ឬកិច្ចការណាមួយរបស់ទ្រង់ទេ ដូច្នេះសម្រាប់អ្នករាល់គ្នា ការស្គាល់ព្រះជាម្ចាស់មុខជាលំបាកខ្លាំងមិនខាន ដោយសារមនុស្សត្រូវសន្និដ្ឋានពីចេតនានិងបំណងព្រះហឫទ័យរបស់ទ្រង់។ បែបនេះមុខជាពិបាកខ្លាំងមិនខាន។ ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើន បានធ្វើកិច្ចការជាច្រើន និងបានលើកឡើងពីសេចក្ដីតម្រូវជាច្រើនដល់មនុស្ស។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងក្នុងកិច្ចការជាច្រើនរបស់ទ្រង់ ទ្រង់បានប្រាប់ដល់មនុស្សអំពីអ្វីដែលទ្រង់សព្វព្រះទ័យ អ្វីដែលទ្រង់ស្អប់ និងប្រភេទមនុស្សដែលពួកគេគួរធ្វើ។ បន្ទាប់ពីយល់អំពីចំណុចទាំងនេះហើយ មនុស្សគួរតែកំណត់និយមន័យត្រឹមត្រូវមួយនៅក្នុងចិត្តរបស់ពួកគេ អំពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដ្បិតពួកគេលែងជឿលើទ្រង់ទាំងស្រពេចស្រពិល និងឈប់ជឿព្រះដ៏ស្រពេចស្រពិលទៀតហើយ ហើយពួកគេក៏លែងជឿលើព្រះជាម្ចាស់ទាំងស្រពេចស្រពិល ឬទាំងភាពទទេស្អាតទៀតដែរ។ ផ្ទុយទៅវិញ ពួកគេអាចស្តាប់ឮព្រះសូរសៀងរបស់ទ្រង់ យល់ពីបទដ្ឋាននៃសេចក្ដីតម្រូវរបស់ទ្រង់ និងសម្រេចបទដ្ឋាននោះ ហើយព្រះជាម្ចាស់ប្រើប្រាស់ភាសាមនុស្សដើម្បីប្រាប់ពួកគេទាំងអស់ឱ្យដឹងពីគ្រប់យ៉ាងដែលពួកគេគួរតែដឹង និងគួរតែយល់។ សព្វថ្ងៃនេះ ប្រសិនបើមនុស្សនៅតែមិនស្គាល់ថាព្រះជាម្ចាស់ជាអ្វីទៀត មិនដឹងថាទ្រង់ត្រូវការអ្វីខ្លះពីពួកគេទេ ប្រសិនបើពួកគេមិនដឹងថាហេតុអ្វីមនុស្សម្នាក់គួរជឿលើព្រះជាម្ចាស់ មិនដឹងពីវិធីដើម្បីជឿទ្រង់ ឬវិធីប្រព្រឹត្តដាក់ទ្រង់ទៀតនោះ ដូច្នេះច្បាស់ជាមានបញ្ហាមិនខាន។ អម្បាញ់មិញ អ្នករាល់គ្នាបាននិយាយពីចំណុចជាក់លាក់មួយហើយ។ អ្នករាល់គ្នាដឹងរឿងរ៉ាវមួយចំនួន មិនថារឿងរ៉ាវទាំងនេះជាក់លាក់ ឬទូទៅនោះទេ។ ក៏ប៉ុន្តែ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាពីសេចក្ដីតម្រូវជាក់លាក់ ពេញលេញ និងត្រឹមត្រូវ ដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិ។ សេចក្ដីតម្រូវទាំងនោះមានត្រឹមតែពីរបីពាក្យប៉ុណ្ណោះ ហើយសាមញ្ញណាស់។ អ្នករាល់គ្នាប្រហែលអាចដឹងរួចហើយ។ សេចក្ដីតម្រូវដ៏ត្រឹមត្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ និងអ្នកដែលដើរតាមទ្រង់មានដូចតទៅ។ ទ្រង់ត្រូវការចំណុចប្រាំយ៉ាងពីអ្នកដែលដើរតាមទ្រង់៖ ជំនឿពិត ការដើរតាមដោយស្មោះស ការចុះចូលទាំងស្រុង ចំណេះដឹងពិតប្រាកដ និងការគោរពអស់ពីចិត្ត។

នៅក្នុងសេចក្ដីតម្រូវទាំងប្រាំប្រការនេះ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សឈប់សួរទ្រង់ ឬដើរតាមទ្រង់ដោយប្រើប្រាស់ការស្រមើស្រមៃ ឬការយល់ឃើញបែបអរូបី ឬស្រពេចស្រពិលតទៅទៀត។ ពួកគេមិនត្រូវដើរតាមព្រះជាម្ចាស់ ដោយផ្អែកលើការស្រមើស្រមៃ ឬសញ្ញាណណាមួយឡើយ។ ទ្រង់តម្រូវឱ្យមនុស្សគ្រប់គ្នាក្នុងចំណោមអ្នកដែលដើរតាមទ្រង់ ដើរតាមដោយស្មោះស មិនមែនស្ទាក់ស្ទើរក្នុងចិត្ត ឬគ្មានការប្តេជ្ញាចិត្តនោះទេ។ នៅពេលដែលព្រះជាម្ចាស់បង្កើតសេចក្ដីតម្រូវសម្រាប់អ្នក សាកល្បងអ្នក ជំនុំជម្រះអ្នក ដោះស្រាយជាមួយអ្នក និងលួសកាត់អ្នក ឬប្រៀនប្រដៅនិងលត់ដំអ្នក អ្នកគួរតែចុះចូលចំពោះទ្រង់ទាំងស្រុង។ អ្នកមិនគួរសួរពីមូលហេតុ ឬដាក់លក្ខខណ្ឌអ្វីឡើយ ហើយអ្នកក៏មិនគួរនិយាយពីមូលហេតុអ្វីដែរ។ អ្នកត្រូវតែស្ដាប់បង្គាប់ដាច់ខាត។ ការស្គាល់ព្រះជាម្ចាស់ គឺជាចំណុចដែលមនុស្សភាគច្រើនខ្វះខាត។ ពួកគេតែងតែយកពាក្យភាសិត សូរសៀង និងពាក្យសម្តីដែលមិនទាក់ទងនឹងព្រះជាម្ចាស់ មកដាក់លើទ្រង់ ដោយជឿថា ពាក្យសម្តីទាំងនោះ គឺជានិយមន័យដ៏ត្រឹមត្រូវអំពីការស្គាល់ព្រះជាម្ចាស់។ ពួកគេដឹងតិចណាស់ថា ពាក្យភាសិតទាំងនេះ ដែលចេញពីការស្រមើស្រមៃរបស់មនុស្ស ចេញពីហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ និងចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេ មិនជាប់ទាក់ទងនឹងសារជាតិរបស់ព្រះជាម្ចាស់បន្តិចណាសោះ។ ដូច្នេះ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា នៅពេលដែលនិយាយដល់ចំណេះដឹងដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សមាន ទ្រង់មិនគ្រាន់តែសុំឱ្យអ្នកទទួលស្គាល់ទ្រង់ និងទទួលស្គាល់ព្រះបន្ទូលរបស់ទ្រង់តែប៉ុណ្ណេះទេ ប៉ុន្តែទ្រង់ក៏តម្រូវឱ្យចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នោះ ត្រឹមត្រូវផងដែរ។ ទោះបីជាអ្នកអាចនិយាយបានត្រឹមពាក្យមួយឃ្លា ឬអ្នកគ្រាន់តែដឹងបន្តិចបន្តួចក៏ដោយ ក៏ចំណេះដឹងដ៏តិចតួចនេះត្រឹមត្រូវនិងពិតប្រាកដដែរ ហើយស៊ីគ្នាជាមួយសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះដោយសារតែព្រះជាម្ចាស់ស្អប់ការសរសើរតម្កើង ឬការកោតសរសើរទ្រង់ដែលមិនពិត ឬគ្មានការពិចារណានោះខ្លាំងបំផុត។ ជាងនោះទៅទៀត ទ្រង់ស្អប់នៅពេលដែលមនុស្សប្រព្រឹត្តដាក់ទ្រង់ដូចជាខ្យល់។ ក្នុងអំឡុងពេលពិភាក្សាគ្នាពីប្រធានបទអំពីព្រះជាម្ចាស់ ទ្រង់ស្អប់មនុស្សនិយាយមិនគិតពីការពិត មនុស្សនិយាយតាមតែចិត្តនឹកឃើញ គ្មានការអល់អែក និងមនុស្សនិយាយអ្វីៗដែលពួកគេគិតថាសមរម្យ។ ជាងនេះទៅទៀត ទ្រង់ស្អប់អ្នកដែលជឿថាខ្លួនស្គាល់ព្រះជាម្ចាស់ ហើយមានអំនួតចំពោះចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់នោះ ដោយពិភាក្សាប្រធានបទដែលទាក់ទងនឹងទ្រង់ ដោយសេរី គ្មានការក្រែងរអា។ ចំណុចចុងក្រោយនៃសេចក្ដីតម្រូវទាំងប្រាំដែលបានលើកឡើងពីខាងលើ គឺការគោរពអស់ពីចិត្ត៖ នេះគឺជាសេចក្ដីតម្រូវចុងក្រោយរបស់ព្រះជាម្ចាស់ សម្រាប់អ្នកដែលដើរតាមទ្រង់។ នៅពេលដែលនរណាម្នាក់មានចំណេះដឹងពិតប្រាកដ និងត្រឹមត្រូវអំពីព្រះជាម្ចាស់ នោះពួកគេអាចគោរពព្រះជាម្ចាស់យ៉ាងពិតប្រាកដបាន ហើយគេចចេញពីសេចក្ដីអាក្រក់។ ការគោរពនេះ ចេញមកពីជម្រៅចិត្តរបស់ពួកគេ។ ការគោរពនេះ កើតមានដោយការស្ម័គ្រចិត្ត មិនមែនដោយសារការដាក់សម្ពាធពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនតម្រូវឱ្យអ្នកថ្វាយអំណោយនៃអាកប្បកិរិយា ការប្រព្រឹត្ត ឬឥរិយាបថល្អតែពីសម្បកក្រៅ ដល់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់តម្រូវឱ្យអ្នកគោរព និងកោតខ្លាចទ្រង់នៅក្នុងដួងចិត្តរបស់អ្នក។ ការគោរពបែបនេះកើតមានដោយសារលទ្ធផលនៃការផ្លាស់ប្តូរនិស្ស័យជីវិតរបស់អ្នក ដោយសារការទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ និងការយល់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារការយល់ដឹងពីសារជាតិរបស់ព្រះជាម្ចាស់ និងការដែលអ្នកទទួលស្គាល់ការពិតថា អ្នកគឺជាភាវៈមួយក្នុងចំណោមភាវៈនានាដែលព្រះបានបង្កើតមក។ ដូច្នេះហើយ គោលបំណងរបស់ខ្ញុំក្នុងការប្រើពាក្យ «ចេញពីចិត្ត» ដើម្បីកំណត់និយមន័យនៃការគោរពនៅទីនេះ គឺដើម្បីឱ្យមនុស្សយល់ថា ការដែលពួកគេគោរពព្រះជាម្ចាស់ គួរតែចេញពីដួងចិត្តរបស់ពួកគេ។

ពេលនេះ ចូរពិចារណាអំពីសេចក្ដីតម្រូវទាំងប្រាំប្រការនេះ៖ តើក្នុងចំណោមអ្នករាល់គ្នានេះ មាននរណាអាចសម្រេចសេចក្ដីតម្រូវទាំងបីប្រការដំបូងបានទេ? ការសួរបែបនេះ ខ្ញុំចង់សំដៅទៅលើជំនឿពិត ការដើរតាមដោយស្មោះស និងការចុះចូលទាំងស្រុង។ តើក្នុងចំណោមអ្នករាល់គ្នានេះ មាននរណាមានសមត្ថភាពអនុវត្តចំណុចទាំងនេះទេ? ខ្ញុំដឹងថា ប្រសិនបើខ្ញុំនិយាយពីសេចក្ដីតម្រូវទាំងប្រាំប្រការតែម្ដង នោះមិនបាច់ឆ្ងល់ទេ គឺគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានេះអាចសម្រេចបានឡើយ ប៉ុន្តែខ្ញុំបានបន្ថយមកត្រឹមតែបីប្រការប៉ុណ្ណោះ។ ចូរគិតមើលថាតើអ្នករាល់គ្នាសម្រេចបានសេចក្ដីតម្រូវទាំងនេះហើយឬនៅ? តើ «ជំនឿពិត» ងាយនឹងសម្រេចបានដែរឬទេ? (មិនងាយទេ។) វាមិនងាយស្រួលនោះទេ ដ្បិតមនុស្សតែងតែមានមន្ទិលអំពីព្រះជាម្ចាស់។ ចុះ «ការដើរតាមដោយស្មោះស» វិញ យ៉ាងម៉េចដែរ? តើពាក្យ «ស្មោះស» នេះ សំដៅទៅលើអ្វី? (គឺមិនស្ទាក់ស្ទើរ តែអស់ពីចិត្ត។) មិនស្ទាក់ស្ទើរ តែអស់ពីចិត្ត។ អ្នកឆ្លើយត្រូវចំចំណុចតែម្តង! ដូច្នេះ តើអ្នករាល់គ្នាអាចសម្រេចសេចក្ដីតម្រូវនេះបានដែរឬទេ? អ្នកត្រូវព្យាយាមខ្លាំងជាងនេះ មែនទេ? ពេលនេះ អ្នកមិនទាន់សម្រេចបានសេចក្ដីតម្រូវនេះនៅឡើយទេ។ ចុះចំណែក «ការចុះចូលទាំងស្រុង» វិញ តើអ្នកបានសម្រេចហើយឬទេ? (នៅទេ។) អ្នកក៏មិនទាន់បានសម្រេចតាមសេចក្ដីតម្រូវនេះដែរ។ អ្នកមិនស្តាប់បង្គាប់ ហើយតែងបះបោរជារឿយៗ។ អ្នកតែងតែមិនស្តាប់ មិនចង់ស្តាប់បង្គាប់ ឬមិនចង់ឮ។ នេះគឺជាសេចក្ដីតម្រូវសំខាន់បំផុតទាំងបី ដែលមនុស្សត្រូវមាន បន្ទាប់ពីសម្រេចច្រកចូលទៅក្នុងជីវិតហើយ ប៉ុន្តែអ្នករាល់គ្នានៅមិនទាន់សម្រេចចំណុចនេះនៅឡើយទេ។ ដូច្នេះ នៅពេលនេះ តើអ្នករាល់គ្នាមានសក្តានុពលអស្ចារ្យហើយឬទេ? ថ្ងៃនេះ ពេលឮខ្ញុំនិយាយពាក្យនេះ តើអ្នករាល់គ្នាមានអារម្មណ៍ព្រួយចិត្តដែរឬទេ? (មាន។) ត្រឹមត្រូវហើយ ដែលអ្នកគួរតែមានការព្រួយចិត្ត។ ចូរកុំព្យាយាមគេចពីអារម្មណ៍ព្រួយចិត្តធ្វើអ្វី។ ខ្ញុំមានអារម្មណ៍ព្រួយចិត្តជំនួសអ្នករាល់គ្នាណាស់។ ខ្ញុំនឹងមិននិយាយអំពីសេចក្ដីតម្រូវពីរទៀតនោះទេ។ មិនបាច់ឆ្ងល់នោះទេ គឺគ្មាននរណាម្នាក់នៅទីនេះ អាចសម្រេចសេចក្ដីតម្រូវទាំងពីរនោះបានឡើយ។ អ្នករាល់គ្នាព្រួយចិត្ត។ ដូច្នេះ តើអ្នករាល់គ្នាបានកំណត់វត្ថុបំណងរបស់អ្នករាល់គ្នាហើយឬនៅ? តើអ្នកគួរតែស្វែងរក និងសម្រួចការខំប្រឹងរបស់អ្នកតាមរយៈវត្ថុបំណង និងទិសដៅអ្វីខ្លះ? តើអ្នកមានវត្ថុបំណងណាមួយដែរឬទេ? ចាំខ្ញុំនិយាយឱ្យងាយយល់ចុះ៖ នៅពេលដែលអ្នករាល់គ្នាសម្រេចសេចក្ដីតម្រូវទាំងប្រាំប្រការនេះ អ្នកនឹងបានគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សេចក្ដីតម្រូវនីមួយៗ គឺជាសូចនករមួយ ក៏ដូចជាវត្ថុបំណងចុងក្រោយមួយផងដែរ គឺជាភាពចាស់ទុំនៃច្រកចូលទៅក្នុងជីវិតរបស់មនុស្សម្នាក់។ ទោះបីជាខ្ញុំត្រឹមតែជ្រើសរើសសេចក្ដីតម្រូវមួយក្នុងចំណោមសេចក្ដីតម្រូវទាំងអស់នេះមកនិយាយឱ្យលម្អិត ហើយតម្រូវឱ្យអ្នករាល់គ្នាអនុវត្តតាម ក៏វាមិនងាយនឹងសម្រេចបានដែរ។ អ្នកត្រូវរងទុក្ខលំបាកក្នុងកម្រិតជាក់លាក់ណាមួយ ហើយត្រូវមានការខំប្រឹងប្រែងក្នុងកម្រិតមួយ។ តើអ្នករាល់គ្នាគួរមានចិត្តគំនិតបែបណា? គួរតែដូចគ្នាទៅនឹងចិត្តរបស់អ្នកជំងឺមហារីកម្នាក់ ដែលទន្ទឹងរង់ចាំចូលទៅកន្លែងវះកាត់ដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ប្រសិនបើអ្នកចង់ជឿលើព្រះជាម្ចាស់ ហើយប្រសិនបើអ្នកចង់ទទួលបានព្រះជាម្ចាស់ និងទទួលបានការសព្វព្រះហឫទ័យពីទ្រង់ លុះត្រាតែអ្នករងការឈឺចាប់ក្នុងកម្រិតជាក់លាក់ណាមួយ និងមានការខំប្រឹងប្រែងក្នុងកម្រិតណាមួយ បើពុំដូច្នោះទេ អ្នកនឹងមិនអាចសម្រេចសេចក្ដីតម្រូវទាំងអស់នេះបានឡើយ។ អ្នករាល់គ្នាបានស្ដាប់ការអធិប្បាយជាច្រើន ប៉ុន្តែបើគ្រាន់ស្ដាប់ នោះមិនមែនមានន័យថា ការអធិប្បាយនោះគឺជាការអធិប្បាយរបស់អ្នកនោះទេ។ អ្នកត្រូវតែចាប់យក និងប្រែក្លាយវាទៅជាកម្មសិទ្ធិរបស់អ្នក។ អ្នកត្រូវតែបញ្ជ្រាបវាទៅក្នុងជីវិតរបស់អ្នក ហើយនាំយកវាចូលទៅក្នុងអត្ថិភាពរបស់អ្នក ដោយអនុញ្ញាតឱ្យពាក្យពេចន៍ និងសេចក្ដីអធិប្បាយទាំងនេះ នាំផ្លូវអ្នកក្នុងការរស់នៅ និងនាំមកនូវគុណតម្លៃអត្ថិភាព និងអត្ថន័យដល់ជីវិតរបស់អ្នក។ នៅពេលរឿងនេះកើតឡើង នោះការដែលអ្នកស្តាប់ឮពាក្យពេចន៍ទាំងនេះនឹងមានតម្លៃ។ ប្រសិនបើពាក្យសម្តីដែលខ្ញុំនិយាយ មិននាំមកនូវការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ឬបន្ថែមគុណតម្លៃទៅក្នុងអត្ថិភាពរបស់អ្នកនោះទេ នោះការស្តាប់របស់អ្នក គឺគ្មានន័យអ្វីនោះទេ។ អ្នករាល់គ្នាយល់ពីចំណុចនេះហើយ មែនទេ? ពេលបានយល់ពីចំណុចនេះហើយ នោះអ្វីៗដែលកើតឡើងរឿងបន្ទាប់ទៀត គឺអាស្រ័យលើអ្នករាល់គ្នាទេ។ អ្នករាល់គ្នាត្រូវតែធ្វើការ! អ្នករាល់គ្នាត្រូវតែមានភាពស្មោះត្រង់ចំពោះរឿងគ្រប់យ៉ាង! មិនត្រូវវង្វេងវង្វាន់នោះទេ! ពេលវេលាកំពុងតែដើរទៅមុខ! ភាគច្រើនក្នុងចំណោមអ្នករាល់គ្នា បានជឿលើព្រះជាម្ចាស់ជាងមួយទសវត្សរ៍មកហើយ។ ចូរក្រឡេកមើលពេលវេលាដែលកន្លងផុតទៅក្នុងអំឡុងពេលដប់ឆ្នាំកន្លងមកនេះ៖ តើអ្នករាល់គ្នារៀនសូត្របានច្រើនប៉ុនណា? ហើយតើអ្នករាល់គ្នានៅសល់ពេលប៉ុន្មានទសវត្សរ៍ទៀតដើម្បីរស់នៅក្នុងជាតិនេះ? អ្នកមិនមានពេលយូរទេ។ មិនចាំបាច់គិតអំពីថាតើកិច្ចការរបស់ព្រះជាម្ចាស់កំពុងរង់ចាំអ្នក ថាតើទ្រង់បានបន្សល់ទុកឱកាសមួយដល់អ្នក ឬថាតើទ្រង់នឹងធ្វើកិច្ចការដូចគ្នាម្តងទៀតឬអត់នោះទេ។ ចូរកុំនិយាយពីរឿងទាំងនេះតទៀតធ្វើអ្វី។ តើអ្នកអាចប្តូរមាគ៌ាជីវិតដប់ឆ្នាំដែលកន្លងផុតទៅរបស់អ្នកបានដែរឬទេ? មួយថ្ងៃៗចេះតែកន្លងផុតទៅ ហើយគ្រប់ជំហានដែលអ្នកបានដើរ គឺអ្នកសល់ពេលកាន់តែតិចទៅៗ។ ពេលវេលាមិនរង់ចាំនរណាម្នាក់នោះទេ! មានតែតាមរយៈសេចក្តីជំនឿលើព្រះជាម្ចាស់ប៉ុណ្ណោះដែលអ្នកនឹងទទួលបានផល នេះប្រសិនបើអ្នកចាត់ទុកសេចក្តីជំនឿជារបស់អស្ចារ្យបំផុតនៅក្នុងជីវិតរបស់អ្នក ជារបស់ដែលសំខាន់ជាងសូម្បីតែម្ហូបអាហារ សម្លៀកបំពាក់ ឬអ្វីផ្សេងទៀតក៏ដោយ។ ប្រសិនបើអ្នកគ្រាន់តែជឿនៅពេលដែលអ្នកមានឱកាស ហើយមិនអាចដាក់ចិត្តដាក់កាយយកចិត្តទុកដាក់លើសេចក្តីជំនឿរបស់អ្នកទាំងស្រុងទេ ហើយប្រសិនបើអ្នកតែងតែវក់វីដោយសារការវង្វេង នោះអ្នកនឹងមិនទទួលបានអ្វីសោះឡើយ។ អ្នករាល់គ្នាយល់ពីចំណុចនេះហើយ មែនទេ? ថ្ងៃនេះ យើងនឹងបញ្ចប់នៅត្រឹមនេះសិន។ ជួបគ្នានៅពេលក្រោយ!

ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤

ខាង​ដើម៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ