វិធីមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់

08-09-2021

អ្វីដែលព្រះជាម្ចាស់តម្រូវពីពួកយើងម្នាក់ៗដែលជាគ្រីស្ទបរិស័ទ គឺដើម្បីឱ្យមានសេចក្ដីជំនឿពិត។ មានឧទាហរណ៍ជាច្រើនដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ អំពីមនុស្សដែលអាចមើលឃើញទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយត្រូវបានទ្រង់ប្រទានពរដោយសារតែសេចក្ដីជំនឿរបស់ពួកគេ។ ម៉ូសេមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយតាមរយៈការដឹកនាំរបស់ទ្រង់ គាត់អាចយកឈ្នះការរំខាន និងការដាក់កម្រិតជាច្រើនរបស់ស្ដេចផារ៉ោន ដោយដឹកនាំប្រជាជនអ៊ីស្រាអែលចាកចេញពីអេស៊ីបដោយជោគជ័យ។ អ័ប្រាហាំមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយចង់បូជាអ៊ីសាក ដែលជាកូនប្រុសតែមួយរបស់គាត់ថ្វាយព្រះជាម្ចាស់ ហើយទីបំផុត ព្រះជាម្ចាស់បានប្រទានពរដល់គាត់ ដោយឱ្យកូនចៅរបស់គាត់ចម្រើនឡើង និងក្លាយជាជាតិសាសន៍ដ៏ធំ។ យ៉ូបមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយអាចឈរជាស្មរបន្ទាល់សម្រាប់ព្រះជាម្ចាស់ តាមរយៈការល្បងលចំនួនពីរលើក។ ព្រះជាម្ចាស់បានប្រទានពរគាត់កាន់តែច្រើន ហើយបានលេចមកចំពោះគាត់ និងមានបន្ទូលទៅគាត់ចេញពីព្យុះ។ ក្នុងនាមជាគ្រីស្ទបរិស័ទ វាជារឿងដែលចាំបាច់ដែលពួកយើងយល់ពីសេចក្ដីពិត ពាក់ព័ន្ធនឹងអត្ថន័យនៃសេចក្ដីពិត ដូច្នេះ មិនថាការលំបាកដែលយើងជួបប្រទះនៅក្នុងជីវិត ដូចជា ហេតុការណ៍អកុសលក្នុងគ្រួសារ ការបន្សុទ្ធនៃជំងឺ ការរងទុក្ខដោយការធ្វើទុក្ខបុកម្នេញ និងការជាប់ពន្ធនាគារ ដោយសារជំនឿរបស់យើងលើព្រះជាម្ចាស់ នោះពួកយើងអាចពឹងផ្អែកលើសេចក្ដីជំនឿរបស់ពួកយើង ហើយដើរតាមព្រះជាម្ចាស់យ៉ាងឥតងាករេ ក្លាយជាស្មរបន្ទាល់ដ៏ខ្ទរខ្ទារសម្រាប់ទ្រង់ ហើយទីបំផុត ទទួលបានការទទួលស្គាល់របស់ទ្រង់។

តើពួកយើងមានសេចក្ដីជំនឿពិតលើព្រះអម្ចាស់ឬទេ?

អាចមានបងប្អូន ដែលនឹងប្រកាសយ៉ាងជឿជាក់ថា ពួកគេពិតជាមានសេចក្ដីជំនឿ នៅពេលដែលបានឮការពិភាក្សាអំពីសេចក្ដីជំនឿ។ «ខ្ញុំមានសេចក្ដីជំនឿ ១០០% លើព្រះជាម្ចាស់។ ខ្ញុំទទួលស្គាល់ព្រះជាម្ចាស់គ្រប់ពេលវេលា ហើយការណ៍នេះបញ្ជាក់ថា ខ្ញុំគឺជាបុគ្គលម្នាក់នៃសេចក្ដីជំនឿ»។ «ខ្ញុំជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះសង្គ្រោះ ហើយទ្រង់ត្រូវបានឆ្កាងដើម្បីរំដោះពួកយើងពីអំពើបាបរបស់ពួកយើង។ ដរាបណាពួកយើងអធិស្ឋាន និងសារភាពចំពោះព្រះអម្ចាស់ នោះអំពើបាបរបស់ពួកយើងនឹងត្រូវបានទ្រង់អភ័យទោសជានិច្ច។ តើនោះមិនមែនជាការមានសេចក្ដីជំនឿលើព្រះអម្ចាស់ទេឬ?» «ខ្ញុំជាអ្នកជឿមួយរូបក្នុងរយៈពេលជាច្រើនឆ្នាំនេះ។ ខ្ញុំបានបោះបង់ចោលការងារ និងគ្រួសាររបស់ខ្ញុំ ដើម្បីថ្វាយខ្លួន និងធ្វើកិច្ចសម្រាប់ព្រះអម្ចាស់។ ខ្ញុំបានបង្កើតក្រុមជំនុំគ្រប់ទីកន្លែង និងបានរងទុក្ខជាច្រើន ដោយគ្មានការរអ៊ូរទាំឡើយ។ ទាំងនេះគឺជាការបើកបង្ហាញអំពីការមានសេចក្ដីជំនឿលើព្រះជាម្ចាស់»។ ដោយមិនអាចប្រកែកបាន ពួកយើងជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយវាជាតថភាពដែលថា ពួកយើងធ្វើកិច្ចការយ៉ាងរីករាយ និងថ្វាយខ្លួនសម្រាប់ព្រះអម្ចាស់ ថាពួកយើងរងទុក្ខ និងចេញថ្លៃសម្រាប់ទ្រង់។ ប៉ុន្តែ តើអ្វីៗទាំងនេះមានន័យថា ពួកយើងមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ឬទេ? បញ្ហានេះ មានតម្លៃសម្រាប់យើងទាំងអស់គ្នា ដែលជាបងប្អូនដែលជឿយ៉ាងពិតលើព្រះអម្ចាស់ និងស្រេកឃ្លានសេចក្ដីពិត ក្នុងការស្វែងរក និងមានការប្រកបគ្នា។

ខ្ញុំជាឧទាហរណ៍។ ចាប់តាំងពីក្លាយជាគ្រីស្ទបរិស័ទមក ខ្ញុំតែងតែបានចូលរួមយ៉ាងសកម្មក្នុងការជួបជុំ បានចែកចាយដំណឹងល្អជាមួយអ្នកដទៃ និងបានផ្ដល់ការគាំទ្រដល់បងប្អូន ដែលជួបប្រទះនឹងភាពទន់ខ្សោយ។ គ្មានការលំបាកណាមួយបានបញ្ឈប់ខ្ញុំពីការធ្វើរឿងទាំងអស់នេះឡើយ ដូច្នេះ ខ្ញុំគិតថាខ្លួនគឺជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះអម្ចាស់ ជាមនុស្សម្នាក់ដែលលះបង់ដើម្បីទ្រង់ និងជាមនុស្សម្នាក់ដែលមានសេចក្ដីជំនឿលើទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលសមាជិកគ្រួសាររបស់ខ្ញុំ និងខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់កាលពីពេលថ្មីៗនេះ ដំបូងឡើយ ខ្ញុំអាចអធិស្ឋានទៅព្រះអម្ចាស់ និងបានគិតថា បញ្ហានេះគឺទ្រង់កំពុងតែល្បងលខ្ញុំ ប៉ុន្តែនៅពេលដែលស្ថានភាពរបស់ពួកយើងមិនប្រសើរ បន្ទាប់ពីខ្ញុំបានអធិស្ឋានអស់មួយរយៈមក នោះខ្ញុំធុញថប់ និងខកចិត្តជាមួយនឹងព្រះជាម្ចាស់ ព្រមទាំងបានរអ៊ូរទាំដាក់ទ្រង់ទៀតផង ដោយគិតថា៖ «ចាប់តាំងពីជឿលើព្រះអម្ចាស់មក ខ្ញុំបានធ្វើកិច្ចការ រងទុក្ខ និងចំណាយសម្រាប់ព្រះជាម្ចាស់។ ហេតុអ្វីបានជាទ្រង់មិនការពារខ្ញុំ និងគ្រួសាររបស់ខ្ញុំអ៊ីចឹង?» ភាពសារទរដែលខ្ញុំធ្លាប់មាន បានបាត់ទាំងស្រុង។ អ្វីដែលត្រូវបានបើកសម្ដែងដោយសេចក្ដីពិតពិបាកប្រកែកបាន ធ្វើឱ្យខ្ញុំឃើញថា ខ្ញុំពិតជាខ្វះសេចក្ដីជំនឿពិត ហើយថា សេចក្ដីជំនឿរបស់ខ្ញុំគឺគ្រាន់តែផ្អែកលើគ្រឹះនៃភាពសុខដុមរមនានៅក្នុងគ្រួសាររបស់ខ្ញុំ និងភាពរួចផុតពីជំងឺខាងរាងកាយ ឬគ្រោះមហន្តរាយប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា កម្ពស់ដ៏ពិតរបស់ខ្ញុំ ត្រូវបានបើកសម្ដែង នៅពេលដែលអ្វីមួយដែលមិនសមប្រកបបានកើតឡើង។ មានតែដូច្នោះទេ ទើបខ្ញុំឃើញថា សេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់គ្មានខ្លឹមសារសោះ ដែលជារឿងគួរឱ្យអាណិត។ ដោយសម្លឹងមើលបងប្អូនជុំវិញខ្ញុំ ពួកគេភាគច្រើនគ្រាន់តែដូចខ្ញុំប៉ុណ្ណោះ។ មានបងប្អូនមួយចំនួន នៅពេលដែលពួកទទួលបានព្រះពររបស់ព្រះអម្ចាស់ ពួកគេចូលរួមយ៉ាងសាទរនៅក្នុងទិដ្ឋភាពទាំងអស់នៃកិច្ចការរបស់ក្រុមជំនុំ ប៉ុន្តែនៅពេលដែលអ្វីមួយអាក្រក់កើតឡើងនៅឯផ្ទះ ឬពួកគេជួបប្រទះបរាជ័យនៅក្នុងជំនួញ នោះពួកគេរស់នៅក្នុងការយល់ច្រឡំ និងការរអ៊ូរទាំដាក់ព្រះអម្ចាស់។ បងប្អូនមួយចំនួនអាចដើរតាម និងថ្វាយបង្គំព្រះអម្ចាស់ នៅពេលដែលពួកគេស្ថិតនៅក្នុងមជ្ឈដ្ឋានងាយស្រួល។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេត្រូវបានធ្វើទុក្ខបុកម្នេញ និងត្រូវបានចាប់ខ្លួនដោយបក្សកុម្មុយនីស្ដចិន ឬត្រូវបានមនុស្សក្នុងលោកិយនិយាយអាក្រក់ និងត្រូវបានក្រុមគ្រួសាររបស់ពួកគេបដិសេធ ដោយសារជំនឿរបស់ពួកគេលើព្រះជាម្ចាស់ នោះពួកគេនឹងបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ ឬដើរចេញពីទ្រង់ទៀតផង។

ពួកយើងអាចមើលឃើញពីអ្វីដែលយើងសម្ដែងចេញ និងរស់នៅប្រចាំថ្ងៃ ដែលសេចក្ដីជំនឿរបស់ពួកយើងគ្រាន់តែមិនអាចឈរតទល់នឹងការសាកល្បងនៃតថភាពបានឡើយ។ ពួកយើងគ្រាន់តែទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់ពិត ហើយជឿថា ទ្រង់គឺជាព្រះសង្គ្រោះរបស់ពួកយើង ប៉ុន្តែនោះមិនមានន័យថា ពួកយើងមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ឡើយ។ ជាពិសេស វាមិនមានន័យថា ពួកយើងនឹងមិនដែលបដិសេធ ឬបោះបង់ព្រះជាម្ចាស់ ទោះស្ថិតក្នុងមជ្ឈដ្ឋានប្រភេទណាដែលពួកយើងជួបប្រទះឡើយ។ នោះដោយសារតែសេចក្ដីជំនឿរបស់ពួកយើងមិនត្រូវបានបង្កើតឡើងដោយឈរលើគ្រឹះនៃការយល់ដ៏ពិតអំពីព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ឈរលើគ្រឹះថាតើពួកយើងទទួលបានព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឬអត់ និងថាតើពួកយើងអាចទទួលបានផលប្រយោជន៍ណាមួយឬអត់។ ដូច្នេះហើយ សេចក្ដីជំនឿរបស់ពួកយើងលើព្រះជាម្ចាស់ មិនពិតទាល់តែសោះ។ ដូច្នេះ តើអ្វីជាសេចក្ដីជំនឿពិត និងវិធីដែលសេចក្ដីជំនឿពិតត្រូវបានសម្ដែងចេញ?

អ្វីពិតជាសេចក្ដីជំនឿពិត

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា «មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណាំអំពីបំណងព្រះហឫទ័យរបស់ទ្រង់» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពួកយើងអាចយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា សេចក្ដីជំនឿពិតសំដៅលើការអាចរក្សាចិត្តនៃការគោរព និងការចុះចូលចំពោះព្រះជាម្ចាស់ក្នុងគ្រប់មជ្ឈដ្ឋាន ដែលមិនសក្ដិសមនឹងសញ្ញាណរបស់ពួកយើង មិនថាពួកយើងកំពុងតែជួបប្រទះនឹងជំងឺ និងគ្រោះមហន្តរាយ ការលំបាកនិងការបន្សុទ្ធ ឧបសគ្គនិងបរាជ័យ និងមិនថាការរងទុក្ខខាងវិញ្ញាណ និងខាងសាច់ឈាមរបស់ពួកយើងធំប៉ុនណាឡើយ។ ពួកយើងត្រូវតែអាចស្វែងរកសេចក្ដីពិត យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបន្តលះបង់ចំពោះទ្រង់។ មានតែបុគ្គលប្រភេទនោះទេ ដែលអាចត្រូវបានចាត់ទុកជាបុគ្គលនៃសេចក្ដីជំនឿពិត។ ពេលនេះ ចូរយើងក្រឡេកមើលបទពិសោធន៍របស់អ័ប្រាហាំ និងយ៉ូប ដូច្នេះ ពួកយើងអាចយល់កាន់តែប្រសើរអំពីសេចក្ដីជំនឿពិត។

១. សេចក្ដីជំនឿរបស់អ័ប្រាហាំ

នៅពេលដែលអ័ប្រាហាំមានអាយុ ១០០ ឆ្នាំ ព្រះជាម្ចាស់បានសន្យានឹងប្រទានកូនប្រុសម្នាក់ដល់គាត់ គឺអ៊ីសាក។ ប៉ុន្តែនៅពេលដែលអ៊ីសាកធំឡើង ព្រះជាម្ចាស់បានមានបន្ទូលប្រាប់អ័ប្រាហាំថា គាត់ត្រូវតែថ្វាយកូននោះជាការបូជា។ មានមនុស្សជាច្រើនដែលអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ធ្វើបែបនេះ គឺនៅឆ្ងាយពីសញ្ញាណរបស់មនុស្សខ្លាំងណាស់ ហើយពួកគេអាចមានអារម្មណ៍ថា ប្រសិនបើការល្បងលប្រភេទនោះកើតឡើងចំពោះពួកយើង នោះពួកយើងច្បាស់ជាព្យាយាមឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលអ័ប្រាហាំបានជួបប្រទះនឹងបញ្ហានេះ ប្រតិកម្មរបស់គាត់គឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលពួកយើងអាចរំពឹងទុក។ គាត់មិនត្រឹមតែមិនឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ទេ គាត់ថែមទាំងអាចចុះចូលយ៉ាងពិតប្រាកដចំពោះទ្រង់ទៀតផង ដោយថ្វាយអ៊ីសាកត្រឡប់ទៅព្រះជាម្ចាស់វិញយ៉ាងប្រាកដ និងយ៉ាងពិត។ ដូចដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ «រួចអ័ប្រាហាំក៏ក្រោកឡើងពីព្រឹកព្រលឹម ហើយដាក់កែបលើខ្នងលារបស់គាត់ រួចនាំអ្នកបម្រើកម្លោះៗពីរនាក់ទៅជាមួយគាត់ ព្រមទាំងអ៊ីសាកជាកូនគាត់ផង រួចក៏ពុះអុសសម្រាប់រៀបចំតង្វាយដុត និងក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះជាម្ចាស់មានបន្ទូលប្រាប់គាត់... លោកុប្បត្តិ ២២:៩-១០ ពួកគេក៏មកដល់កន្លែងដែលព្រះជាម្ចាស់បានប្រាប់គាត់ រួចអ័ប្រាហាំក៏ស្អាងអាសនាមួយនៅទីនោះ ហើយរៀបអុសតាមលំដាប់ រួចក៏ងអ៊ីសាកជាកូនរបស់គាត់ ហើយដាក់អ៊ីសាកលើអុសនៅលើអាសនានោះ។ រួចអ័ប្រាហាំក៏លូកដៃរបស់គាត់ ហើយយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់» (លោកុប្បត្តិ ២២:៣, ៩-១០)។ មូលហេតុដែលអ័ប្រាហាំអាចស្ដាប់បង្គាប់ការបញ្ជារបស់ព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ទោះបីជានៅពេលដែលត្រូវបែកចេញពីអ្វីដែលគាត់ផ្ដល់តម្លៃបំផុតក៏ដោយ គឺគាត់បានដឹងថា ដំបូងឡើយ អ៊ីសាកត្រូវបានព្រះជាម្ចាស់ប្រទានឱ្យគាត់ ហើយក្រោយមកគាត់ត្រូវបានព្រះជាម្ចាស់យកត្រឡប់ទៅវិញ។ គាត់ស្ដាប់បង្គាប់យ៉ាងត្រឹមត្រូវ ហើយនោះគឺជាសេចក្ដីជំនឿរបស់អ័ប្រាហាំលើព្រះជាម្ចាស់ ដែលអាចតទល់នឹងការសាកល្បងនៃតថភាព។ នេះគឺជាសេចក្ដីជំនឿពិត។ ទីបំផុត សេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់អ័ប្រាហាំចំពោះព្រះជាម្ចាស់ ទទួលបានព្រះពរ និងការទទួលស្គាល់ពីទ្រង់។ ព្រះជាម្ចាស់អនុញ្ញាតឱ្យគាត់ក្លាយជាបិតានៃជាតិសាសន៍ជាច្រើន។ កូនចៅរបស់គាត់លូតលាស់ និងចម្រើនឡើង ហើយក្លាយជាជាតិសាសន៍ដ៏ធំ។

២. សេចក្ដីជំនឿរបស់យ៉ូប

ព្រះគម្ពីរប្រាប់ពួកយើងថា យ៉ូបមានគ្រួសារដ៏រីកចម្រើនណាស់ ក៏ដូចជាកូនដប់នាក់ និងអ្នកបម្រើជាច្រើនទៀតផង។ គាត់ត្រូវបានមិត្តភក្ដិរបស់គាត់ផ្ដល់ការគោរព និងទទួលស្គាល់យ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈសេចក្ដីល្បួង និងការវាយប្រហាររបស់សាតាំង យ៉ូបបានបាត់បង់កម្មសិទ្ធិ និងកូនរបស់គាត់ទាំងអស់ ហើយបន្ទាប់មកគាត់ត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយបូស។ រឿងនោះបានប្រែក្លាយយ៉ូបពីបុរសដ៏អស្ចារ្យម្នាក់នៅតំបន់ភាគខាងកើត ទៅជាបុគ្គលទ័លក្របំផុតនៅតំបន់ភាគខាងកើត ហើយគាត់ក៏ត្រូវបានគ្រួសារ និងមត្តិភក្ដិវិនិច្ឆ័យ និងវាយប្រហារទៀតផង។ សូម្បីតែនៅពេលប្រឈមនឹងការល្បងលដ៏ធំបែបនោះក៏ដោយ ក៏យ៉ូបមិននិយាយពាក្យរអ៊ូរទាំមួយម៉ាត់ចំពោះព្រះជាម្ចាស់ឡើយ ហើយគាត់ថែមទាំងលូនក្រាបក្នុងការថ្វាយបង្គំព្រះជាម្ចាស់ទៀតផង ដោយនិយាយថា «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ រួចនិយាយថា ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ និង «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:១០)។ តាមរយៈការល្បងលនេះ យ៉ូបអាចចៀសផុតពីការប្រព្រឹត្តអំពើបាបជាមួយនឹងពាក្យសម្ដីរបស់គាត់ ក៏ដូចជាអាចមកនៅចំពោះព្រះជាម្ចាស់ដោយការអធិស្ឋានទៀតផង។ នេះបានបង្ហាញថា ព្រះជាម្ចាស់មានកន្លែងមួយនៅក្នុងចិត្តរបស់គាត់ គាត់មានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ គាត់បានជឿថា គ្រប់ហេតុការណ៍ទាំងអស់ និងរបស់សព្វសារពើគឺស្ថិននៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងមិនមែនជាការធ្វើរបស់មនុស្សឡើយ។ អ្វីមួយដែលយ៉ូបបានដកបទពិសោធន៍យ៉ាងជ្រាលជ្រៅនៅក្នុងជីវិតរាប់ទស្សវត្សរ៍របស់គាត់ផងដែរនោះគឺថា គ្រប់យ៉ាងដែលគាត់មាន គឺមកពីការត្រួតត្រា និងការរៀបចំរបស់ព្រះជាម្ចាស់។ ភាពពេញបរិបូរណ៍របស់គាត់ទាំងអស់ ត្រូវបានព្រះជាម្ចាស់ប្រទាន និងមិនមែនបានមកដោយសារកម្លាំងរបស់គាត់ឡើយ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យយកអ្វីដែលទ្រង់បានប្រទានពីមុនមក នោះជារឿងធម្មជាតិ និងជារឿងត្រឹមត្រូវ ហើយក្នុងនាមជាភាវៈដែលត្រូវបានបង្កើត គាត់គួរតែចុះចូលចំពោះព្រះជាម្ចាស់។ គាត់មិនគួរឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ ហើយជាពិសេស គាត់មិនគួររអ៊ូរទាំដាក់ព្រះជាម្ចាស់ឡើយ សូម្បីតែជីវិតតែមួយរបស់គាត់ត្រូវបានយកចេញពីគាត់ក៏ដោយ ក៏គាត់បានដឹងថា គាត់នៅតែមិនគួរបញ្ចេញសម្លេងរអ៊ូរទាំមួយម៉ាត់ឡើយ។ ស្មរបន្ទាល់របស់យ៉ូប បានបំបាក់មុខសាតាំងទាំងស្រុង ហើយបន្ទាប់ពីនោះ ព្រះជាម្ចាស់បានលេចមកចំពោះយ៉ូបពីកណ្ដាលព្យុះ ហើយបានប្រទានព្រះពរកាន់តែច្រើនដល់គាត់ទៀតផង។

ពួកយើងអាចឃើញពីបទពិសោធន៍របស់អ័ប្រាហាំ និងយ៉ូបថា ដើម្បីសម្រេចបានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ ដំបូងពួកយើងត្រូវតែមានការយល់ដឹងដ៏ពិតអំពីការត្រួតត្រារបស់ព្រះជាម្ចាស់ ហើយពួកយើងត្រូវតែជឿថា របស់សព្វសារពើ និងហេតុការណ៍ទាំងអស់គឺស្ថិតនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងស្រុង។ ពួកយើងក៏ត្រូវតែស្គាល់យ៉ាងពិតប្រាកដអំពីទីកន្លែងរបស់ពួកយើងក្នុងនាមជាភាៈនៃការបង្កើត និងមានហេតុផលដែលសត្តនិករគួរតែមាន។ មិនថាការល្បងល ឬការលំបាករបស់ពួកយើងអាចធំប៉ុនណាឡើយ ពួកយើងមិនអាចស្ដីបន្ទោស ឬបោះបង់ព្រះជាម្ចាស់ឡើយ ប៉ុន្តែពួកយើងត្រូវតែបន្ត ដើម្បីអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឈរនៅខាងទ្រង់ ព្រមទាំងដើរតាមទ្រង់យ៉ាងឥតងាករេ។ មិនថាពួកយើងអត់ទ្រាំនឹងការរងទុកធំប៉ុនណាឡើយ ពួកយើងត្រូវតែអាចឈរជាស្មរបន្ទាល់យ៉ាងរឹងមាំសម្រាប់ព្រះជាម្ចាស់ជានិច្ច។ មានតែអស់អ្នកដែលអាចធ្វើបែបនេះទេ ដែលមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់។ សូមគិតអំពីបងប្អូនដែលត្រូវបានបក្សកុម្មុយនីស្ដចិនចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ ហើយថែមទាំងទទួលរងនូវការធ្វើទារុណកម្មដ៏សាហាវ ព្រមទាំងត្រូវបានកាត់ទោសឱ្យជាប់គុកជាច្រើនឆ្នាំ ប៉ុន្តែពួកគេមិនដែលបដិសេធ ឬបោះបង់ព្រះជាម្ចាស់ឡើយ នោះគឺជាសេចក្ដីជំនឿពិតលើព្រះជាម្ចាស់។ មានបងប្អូនមួយចំនួនត្រូវបានក្រុមគ្រួសារ និងមិត្តភក្ដិបដិសេធ បន្ទាប់ពីក្លាយជាអ្នកជឿ ឬមានរឿងរ៉ាវអកុសលកើតឡើងនៅក្នុងគ្រួសាររបស់ពួកគេ ប៉ុន្តែពួកគេមិនដែលរអ៊ូរទាំដាក់ព្រះជាម្ចាស់ឡើយ និងអាចបន្តដើរតាមព្រះជាម្ចាស់ ព្រមទាំងលះបង់ខ្លួនសម្រាប់ទ្រង់ថែមទៀតផង នេះក៏ជាការបើកបង្ហាញអំពីសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ផងដែរ។

វិធីកសាងសេចក្ដីជំនឿពិតលើព្រះជាម្ចាស់

ប្រសិនបើពួកយើងចង់មានសេចក្ដីជំនឿពិត ពួកយើងគួរតែអាន និងសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាមា្ចស់ជារឿយៗ អធិស្ឋានទៅព្រះជាម្ចាស់ ស្វះស្វែងរកសេចក្ដីពិត និងស្វះស្វែងទទួលស្គាល់ការត្រួតត្រារបស់ព្រះជាម្ចាស់នៅក្នុងមនុស្ស ហេតុការណ៍ និងអ្វីៗទាំងអស់ ដែលពួកយើងជួបប្រទះជារៀងរាល់ថ្ងៃ ហើយមិនថាមជ្ឈដ្ឋានដែលព្រះជាម្ចាស់រៀបចំ ស្របនឹងសញ្ញាណរបស់យើងឬអត់ ឬមិនថាមជ្ឈដ្ឋាននោះមានប្រយោជន៍ហួសវិស័យចំពោះពួកយើងឬអត់ក៏ដោយ ក៏ពួកយើងត្រូវតែស្គាល់ទីកន្លែងរបស់ពួកយើង ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រកបដោយចិត្តនៃការគោរព។ ពួកយើងត្រូវតែយល់ពីបំណងព្រះហឫទ័យដ៏ស្មោះ និងទៀងទាត់របស់ព្រះជាម្ចាស់ ប្រយោជន៍ឱ្យយើងអាចទទួលបានអ្វីមួយពីគ្រប់យ៉ាងដែលពួកយើងឆ្លងកាត់ ហើយពួកយើងអាចឃើញទង្វើរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់យ៉ាងដែលទ្រង់ចាត់ចែង។ បន្ទាប់មក សេចក្ដីជំនឿរបស់យើងលើព្រះជាម្ចាស់ នឹងកាន់តែពិតទៅៗជាលំដាប់។ វាដូចទៅនឹងសេចក្ដីជំនឿរបស់យ៉ូបអ៊ីចឹង វាមិនមែនជាអ្វីមួយដែលមានពីកំណើតសម្រាប់គាត់ទេ ប៉ុន្តែត្រូវបានលូតលាស់ជាលំដាប់ដោយកាមានបទពិសោធន៍អំពីការត្រួតត្រារបស់ព្រះជាម្ចាស់ នៅក្នុងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងជីវិតរបស់គាត់ និងដោយការស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់។ ប្រសិនបើពួកយើងអាចដើរតាមគម្រូរបស់យ៉ូប ដោយផ្ដោតលើការមានបទពិសោធន៍ និងការយល់យ៉ាងពិតប្រាកដអំពីការត្រួតត្រារបស់ព្រះជាម្ចាស់ មានតែដូច្នោះទេ ទើបពួកយើងអាចអភិវឌ្ឍសេចក្ដីជំនឿពិតលើព្រះជាម្ចាស់បាន។ ដូច្នោះហើយ មិនថាការលំបាក ឬការល្បងលដែលកើតឡើងចំពោះពួកយើងប្រភេទណា ឬមិនថាការរងទុក្ខខាងវិញ្ញាណ និងខាងសាច់ឈាមធំធេងប៉ុនណាឡើយ នោះពួកយើងអាចប្រឈមរឿងទាំងនោះយ៉ាងរលូនតាមរយៈសេចក្ដីជំនឿរបស់ពួកយើង អាចស្វែងរកបំណងព្រះហឫទ័យ និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងអាចឈរជាស្មរបន្ទាល់សម្រាប់ទ្រង់ទៀតផង។

សូមអរព្រះគុណចំពោះការបំភ្លឺ និងការដឹកនាំរបស់ព្រះជាម្ចាស់។ អាម៉ែន!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ពិភពលោកត្រូវបានវាយលុកដោយគ្រោះមហន្តរាយ៖ តើអ្នកចង់ស្គាល់សេចក្ដីពិតអំពីការលើកឡើង និងការយាងមកលើកទីពីររបស់ព្រះអម្ចាស់ឬទេ?

By Becky, U.S. បច្ចុប្បន្ននេះ គ្រោះមហន្តរាយជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ ព័ត៌មានពេញទៅដោយរឿងរ៉ាវនៃគ្រោះកំណាច រញ្ជួយផែនដី ទឹកជំនន់...

សញ្ញាទាំង 6 ដែលព្រះគម្ពីរទាយថាព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញបានបង្ហាញខ្លួន

កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានសន្យានឹងយើងថា៖ «មើល៍ ខ្ញុំមកយ៉ាងឆាប់» (វិវរណៈ ២២:១២)។ ពេលនេះ...

Leave a Reply