អនុវត្តសេចក្ដីពិត ដើម្បីរស់នៅក្នុងលក្ខណៈជាមនុស្ស

01-03-2022

ដោយ ម៉ៅ ស៊ាវ (ចិន)

ខ្ញុំធ្លាប់គិតថា តាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំ ការស្រុះស្រួលគ្នាជាមួយបងប្អូនប្រុសស្រី និងការមិនប្រព្រឹត្តអំពើបាប នោះខ្ញុំកំពុងរស់នៅក្នុងលក្ខណៈជាមនុស្សហើយ។ ប៉ុន្តែខ្ញុំត្រូវបានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំនុំជម្រះ និងលាតត្រដាងម្ដងហើយម្ដងទៀត ហើយទីបំផុត ខ្ញុំបានឃើញថា ការមានលក្ខណៈជាមនុស្ស មិនត្រឹមតែអំពីឥរិយាបថខាងក្រៅប៉ុណ្ណោះទេ។ ចំណុចគន្លឹះគឺត្រូវអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រកាន់ខ្ជាប់តាមគោលការណ៍ នៅពេលដែលអ្វីមួយកើតឡើង ប្រកាន់ខ្ជាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ និងយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់។

នៅខែកក្កដា ឆ្នាំ២០១៨ ប្អូនស្រីម្នាក់នៅក្នុងក្រុមជំនុំរបស់ពួកយើងត្រូវបានគេចាប់ខ្លួន ខណៈពេលកំពុងផ្សាយដំណឹងល្អ។ គាត់បាននៅផ្ទះរបស់ខ្ញុំ ដូច្នេះ ប៉ូលីសនឹងដឹងពីទីកន្លែងដែលខ្ញុំរស់នៅ បើពួកគេតាមដាននាង។ យើងក៏ប្រញាប់ផ្លាស់ទីទៅកាន់កន្លែងផ្សេង។ ក្រោយពេលតាំងទីលំនៅមិនយូរបានប៉ុន្មានផង ស្រាប់តែអ្នកគ្រប់គ្រងម្នាក់បានចូលមកនិយាយថា «បងប្អូនប្រុសស្រីបីនាក់ត្រូវបានគេតាមដាន និងចាប់ខ្លួន។ មនុស្សគ្រប់គ្នានៅកន្លែងដែលពួកគេបានទៅចូលរួមប្រជុំ ត្រូវបានផ្លាស់ប្ដូរទីលំនៅទាំងអស់។ អ្នកគួរតែប្រុងប្រយ័ត្ន»។ ខ្ញុំបានគិតថា «ដោយសារតែ ពួកគេបានចាប់ខ្លួនបងប្អូនប្រុសស្រីមួយចំនួនរួចទៅហើយ ដូច្នេះ ប៉ូលីសទាំងនោះប្រាកដជាបានកំពុងតែតាមដានពួកគេក្នុងពេលមួយរយៈហើយ។ បក្សកុម្មុយនីស្ដចិនស្អប់ព្រះជាម្ចាស់ និងសេចក្ដីពិត។ ពួកគេចាំឱកាសល្អ ដើម្បីស្រាវជ្រាវរកតម្រុយ និងចាប់បានច្រើនតែម្ដង ដើម្បីបំបាត់ចោលនូវក្រុមជំនុំរបស់ព្រះជាម្ចាស់ និងឃុំឃាំងអ្នកជឿ។ រាល់ទីកន្លែងនៃការជួបជុំរបស់ពួកយើងទាំងអស់ អាចត្រូវបានគេឃ្លាំមើល ហើយគ្រប់គ្នាដែលរស់នៅក្នុងទីកន្លែងទាំងនោះ គួរតែផ្លាស់ទីឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។» ប៉ុន្តែ អ្នកគ្រប់គ្រងទើបតែបានជូនដំណឹងអំពីកន្លែងដែលមានមនុស្សត្រូវបានគេចាប់ប៉ុណ្ណោះ ពោលគឺមិនទាន់ជូនដំណឹងទៅកន្លែងផ្សេងឡើយ។ ខ្ញុំនឹកឆ្ងល់ថា តើខ្ញុំគួរតែនិយាយអ្វីមួយទៅកាន់គាត់ឬអត់។ បើខ្ញុំមិននិយាយ ហើយបើមានរឿងអ្វីមួយកើតឡើង នរណាទៅដឹងទៅថា មានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្មបន្ថែមទៀតនោះ? រឿងនេះ ក៏នឹងបង្កគ្រោះថ្នាក់ដល់កិច្ចការរបស់ក្រុមជំនុំផងដែរ។ ប៉ុន្តែបើខ្ញុំនិយាយ ហើយគាត់មិនស្ដាប់ ឬនិយាយថាខ្ញុំកំសាកពេក តើការគិតវិជ្ជមានរបស់គាត់មកលើខ្ញុំមិនត្រូវបានបំផ្លាញទេឬ? គ្រាន់តែខ្ញុំបារម្ភអំពីបញ្ហានេះ នោះខ្ញុំក៏បានគិតដល់ព្រះបន្ទូលពីព្រះជាម្ចាស់៖ «ចូរធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍នៃកិច្ចការរបស់ទ្រង់ឡើយ។ ចូរការពារព្រះនាម ការពារទីបន្ទាល់ និងកិច្ចការរបស់ព្រះជាម្ចាស់» («បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលនេះបានរំលឹកខ្ញុំថា ក្នុងនាមជាអ្នកជឿ ខ្ញុំគួរតែប្រកាន់ខ្ជាប់កិច្ចការរបស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ក្រុមជំនុំ។ ដូច្នេះហើយ ខ្ញុំបានចែករំលែកគំនិត និងទស្សនៈរបស់ខ្ញុំជាមួយគាត់។ ខ្ញុំមិនទាន់ទាំងនិយាយចប់ផង ស្រាប់តែគាត់ធ្វើទឹកមុខពិបាកចិត្ត ហើយនិយាយថា «ផ្លាស់ទីមែន? បើពួកយើងរត់គ្រាន់តែរឿងតូចតាចប៉ុណ្នឹង តើនោះជាសេចក្ដីជំនឿលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឬ? ខ្ញុំធ្លាប់គិតថា ប្អូនស្រីមានកម្ពស់ ហើយអាចដឹកនាំក្រុមបាន ប៉ុន្តែ ប្អូនស្រីបែរជារួញរាទៅវិញ ពេលដែលឮថាអ្វីមួយកើតឡើង»។ ខ្ញុំពិបាកចិត្តណាស់ដែលបានឮពាក្យនេះ។ តើអ្នកដទៃនឹងគិតដូចម្ដេច បន្ទាប់ពីគាត់ដោះស្រាយជាមួយខ្ញុំបែបនោះ? តើខ្ញុំអាចប្រឈមមុខនឹងគាត់យ៉ាងម៉េចបន្ទាប់ពីនោះ? ប៉ុន្តែក្រោយមក ខ្ញុំបានគិតអំពីការប្រកាន់ខ្ជាប់នូវកិច្ចការរបស់ក្រុមជំនុំ និងការការពារសុវត្ថិភាពរបស់បងប្អូនប្រុសស្រី ដូច្នេះ ខ្ញុំចង់លើកពីបញ្ហានេះម្ដងទៀត។ ប៉ុន្តែដោយឃើញគាត់មានៈដូច្នោះ ធ្វើឱ្យខ្ញុំបារម្ភ។ បើខ្ញុំបន្តលើកពីបញ្ហានេះភ្លាមៗក្រោយពីបានដោះស្រាយ នោះគាត់អាចនិយាយថា ខ្ញុំខ្វះនូវតថភាពនៃសេចក្ដីពិត ហើយថាខ្ញុំក្រអឺតក្រទម និងរឹងរូស។ តើគាត់នឹងនៅតែឃើញខ្ញុំថាជាអ្នកស្វែងរកសេចក្ដីពិតឬទេ? គាត់តែងតែផ្ដល់តម្លៃដល់ខ្ញុំ ឱ្យខ្ញុំធ្វើភារកិច្ចដែលសំខាន់ៗ និងប្រឹក្សាយោបល់ជាមួយខ្ញុំអំពីបញ្ហានានា។ បើខ្ញុំទទូចលើទស្សនៈរបស់ខ្ញុំ នោះគាត់អាចឈប់បណ្ដុះបណ្ដាលខ្ញុំ ហើយក្រោយមក អ្នកដទៃនឹងមើលងាយខ្ញុំ។ ខ្ញុំបានសម្រេចចិត្តបំភ្លេចរឿងនេះចោល។ ខ្ញុំក៏ឈ្ងោកក្បាលចុះ និងមិននិយាយមួយម៉ាត់ឡើយ។

បន្ទាប់ពីគាត់ចាកចេញទៅ នោះខ្ញុំមានអារម្មណ៍ពិតជាមិនស្រួលសោះ ដូច្នេះ ខ្ញុំបានអធិស្ឋានដ៏ស្ងៀមស្ងាត់។ ក្រោយមក ខ្ញុំបានគិតឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «មនសិការ និងហេតុផលគួរតែជាសមាសធាតុនៃភាពជាមនុស្សរបស់មនុស្សម្នាក់។ ទាំងពីរចំណុចនេះគឺជាមូលដ្ឋានគ្រឹះ និងមានភាពសំខាន់បំផុត។ តើបុគ្គលប្រភេទណាដែលខ្វះមនសិការ និងមិនមានហេតុផលនៃភាពជាមនុស្សធម្មតា? និយាយជាទូទៅ គេគឺជាបុគ្គលដែលខ្វះភាពជាមនុស្ស ជាបុគ្គលមានភាពជាមនុស្សអាក្រក់។ សូមវិភាគចំណុចនេះឱ្យដិតដល់។ តើបុគ្គលនេះបើកបង្ហាញពីភាពជាមនុស្សដ៏ពុករលួយ ដូចមនុស្សនិយាយថាគេគ្មានភាពជាមនុស្សឬទេ? តើមនុស្សបែបនោះ មានចរិតលក្ខណៈអ្វីខ្លះ? តើការបើកបង្ហាញជាក់លាក់អ្វីខ្លះដែលពួកគេបង្ហាញចេញ? មនុស្សបែបនេះ គឺមិនយកចិត្តទុកដាក់ក្នុងសកម្មភាពរបស់ពួកគេឡើយ ហើយងាកចេញពីអ្វីដែលមិនពាក់ព័ន្ធដោយផ្ទាល់ជាមួយពួកគេ។ ពួកគេមិនពិចារណាអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនបង្ហាញការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនទទួលបន្ទុកនៃការធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយពួកគេគ្មានញាណនៃទំនួលខុសត្រូវឡើយ។ ... ក៏មានមនុស្សដែលនៅស្ងៀមផងដែរ នៅពេលដែលឃើញបញ្ហានៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេឃើញថាអ្នកដទៃបង្កការរំខាន ឬការរារាំង ប៉ុន្តែមិនធ្វើអ្វីដើម្បីបញ្ឈប់ពួកវាឡើយ។ ពួកគេមិនពិចារណាពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បន្តិចទាល់តែសោះ ហើយពួកគេក៏មិនគិតអំពីភារកិច្ច ឬទំនួលខុសត្រូវរបស់របស់ពួកគេទាល់តែសោះ។ ពួកគេនិយាយ ធ្វើសកម្មភាព លេចធ្លោ ប្រឹងប្រែង និងចំណាយកម្លាំងដើម្បីតែភាពឥតខ្លឹមសារ កិត្យានុភាព តួនាទី ផលប្រយោជន៍ និងកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងសភាពពិតរបស់ខ្ញុំ។ ខ្ញុំបានដឹងថា ទីកន្លែងទាំងនោះនឹងមានគ្រោះថ្នាក់ ហើយមនុស្សនៅទីនោះអាចត្រូវបានចាប់ខ្លួន បើពួកគេមិនបានរើចេញទេ។ ប៉ុន្តែខ្ញុំខ្លាចអ្នកគ្រប់គ្រងនឹងនិយាយថា ខ្ញុំកំសាក និងខ្វះសេចក្ដីជំនឿ ហើយគាត់នឹងមិនសរសើរខ្ញុំ។ ខ្ញុំមិនហ៊ានធ្វើតាមគោលការណ៍ និងប្រកាន់ខ្ជាប់កិច្ចការរបស់ក្រុមជំនុំឡើយ។ ខ្ញុំបានស្គាល់សេចក្ដីពិត ប៉ុន្តែមិនបានយកវាទៅអនុវត្តឡើយ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ «ឱព្រះជាម្ចាស់អើយ! ការពិតបានបង្ហាញថា ទូលបង្គំមិនអនុវត្តសេចក្ដីពិត នៅក្នុងសេចក្ដីជំនឿរបស់ទូលបង្គំឡើយ។ ទូលបង្គំមិនប្រកាន់ខ្ជាប់កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ទូលបង្គំគ្រាន់តែគិតពីកិត្យានុភាព ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ទូលបង្គំអាត្មានិយម និងគួរឱ្យស្អប់ខ្លាំងណាស់! ព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានការដឹកនាំរបស់ទ្រង់ឱ្យទូលបង្គំផង។ ទូលបង្គំចង់ប្រែចិត្តយ៉ាងពិតប្រាកដ»។ ក្រោយមក ខ្ញុំបានចងចាំថា ការចាត់ចែងការងារចែងថា ពួកយើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ចំពោះសុវត្ថិភាពនៅក្នុងភារកិច្ចរបស់ពួកយើង។ ជាមួយនឹងមជ្ឈដ្ឋានដ៏សុវត្ថិភាព នោះបងប្អូនអាចបំពេញភារកិច្ចរបស់ពួកគេយ៉ាងស្ងប់ស្ងាត់ ហើយកិច្ចការនៃដំណាក់របស់ព្រះជាម្ចស់ នឹងមិនត្រូវបានរំខានដោយងាយៗឡើយ។ បន្ទាប់មក ខ្ញុំបានចែករំលែកគំនិតរបស់ខ្ញុំជាមួយមនុស្សមួយចំនួននៅក្នុងក្រុម ហើយពួកគេយល់ស្របជាមួយខ្ញុំថា កន្លែងផ្សេងមានគ្រោះថ្នាក់ ហើយគួរតែត្រូវផ្លាស់ទី។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងលើកបញ្ហានេះឡើងជាមួយអ្នកគ្រប់គ្រងម្ដងទៀត នៅពេលដែលខ្ញុំជួបគាត់។ ខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ និងសុំឱ្យទ្រង់ប្រទានភាពក្លាហាន ដើម្បីអនុវត្តសេចក្ដីពិត។

ពីរបីថ្ងៃក្រោយមក បងស្រីចាង ដែលជាអ្នកគ្រប់គ្រងម្នាក់ទៀត បានមកលេងក្រុមរបស់ពួកយើង។ គាត់បានសួរពួកយើងថា ពួកយើងបានឮអំពីការចាប់ខ្លួនឬអត់ និងសួរពីគំនិតរបស់យើង។ ខ្ញុំបាននិយាយភ្លាមៗថា «ខ្ញុំគិតថា ទីកន្លែងជួបជុំផ្សេងទៀតអាចមិនមានសុវត្ថិភាពឡើយ។ ពួកយើងគួរតែប្រាប់ពួកគេឱ្យផ្លាស់ទីភ្លាមៗ ក្នុងករណីដែល...» មុនពេលដែលខ្ញុំអាចបញ្ចប់ការនិយាយរបស់ខ្ញុំ បងស្រីចាង បាននិយាយយ៉ាងម៉ឹងម៉ាត់ថា «សុវត្ថិភាពអ៎្ហ?! តើទីណាដែលមានសុវត្ថិភាព ក្នុងការជឿលើព្រះជាម្ចាស់នៅក្នុងប្រទេសចិន? កន្លែងណាដែលយើងមិនមានគ្រោះថ្នាក់នោះ? នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយដំណឹងល្អ។ ធ្វើម៉េចពួកយើងអាចបំពេញភារកិច្ចរបស់ពួកយើងកើត បើពួកយើងកំសាកគ្រប់ជំហាននោះ? តើអ្នករាល់គ្នាចង់លាក់ពួនរហូតដល់កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេច ហើយបក្សកុម្មុយនីស្ដដួលរលំមែនទេ?» បន្ទាប់ពីឮបងស្រីនោះនិយាយ ខ្ញុំបានគិតថា « ខ្ញុំមិនចង់មានន័យបែបហ្នឹងទេ»។ ព្រះជាម្ចាស់បានប្រាប់ពួកយើងនៅក្នុងយុគសម័យនៃព្រះគុណ 'មើល៎ ខ្ញុំបញ្ជូនអ្នកឱ្យទៅ ដូចជាចៀមដែលនៅកណ្ដាលហ្វូងចចក៖ ដូចនេះ ចូរមានភាពឈ្លាសវៃដូចជាសត្វពស់ ហើយស្លូតដូចជាសត្វព្រាប' (ម៉ាថាយ ១០:១៦)។ 'នៅពេលពួកគេធ្វើទុក្ខបុកម្នេញដល់អ្នកនៅក្នុងក្រុងនោះ ចូរចេញទៅក្រុងមួយផ្សេងទៀតចុះ' (ម៉ាថាយ ១០:២៣)។ ការបំពេញភារកិច្ចរបស់ពួកយើងនៅក្នុងប្រទេសចិន តម្រូវឱ្យមានប្រាជ្ញា។ ប៉ុន្តែចេញពីការឆ្លើយតបរបស់បងស្រីចាង នោះខ្ញុំអាចឃើញថា គាត់មិនចង់ឱ្យទីកន្លែងទាំងនេះផ្លាស់ទីឡើយ ហើយបើខ្ញុំទទូច នោះគាត់អាចនិយាយថា ខ្ញុំមិនទទួលយកសេចក្ដីពិត ថាខ្ញុំមានអ្វីមួយខុស។ ក្រោយមក គាត់បានបន្តនិយាយថា «ជនកំសាកមិនអាចបំពេញភារកិច្ចបានទេ។ ពួកគេក្លាយជាមនុស្សក្បត់ នៅពេលដែលពួកគេត្រូវបានចាប់ខ្លួន»។ ការនិយាយបែបនេះ ធ្វើឱ្យខ្ញុំពិតជាមានអារម្មណ៍ច្របូកច្របល់មែន។ បើខ្ញុំបន្តស្នើឱ្យគ្រប់គ្នាផ្លាស់ទី នោះអ្នកគ្រប់គ្រងអាចឃើញថា ខ្ញុំជាមនុស្សកំសាក។ ពួកគេអាចដេញខ្ញុំចេញទៀតផង។ ចុះអ្នកដទៃនឹងគិតដូចម្ដេចចំពោះខ្ញុំ? ដោយភាពអំណរសាទររបស់ខ្ញុំ នោះពួកគេមានការចាប់អារម្មណ៍ដ៏ល្អចំពោះខ្ញុំ ហើយពួកគេសុំឱ្យខ្ញុំធ្វើការប្រកបគ្នាអំពីបញ្ហារបស់ពួកគេ។ បើពួកគេគិតថា ខ្ញុំកំសាក និងមិនទទួលយកសេចក្ដីពិត នោះពួកគេនឹងមិនមើលខ្ញុំក្នុងផ្លូវដូចមុនឡើយ ហើយខ្ញុំអាចអាម៉ាស់ ក្នុងការប្រឈមមុខនឹងពួកគេ។ ខ្ញុំបានគិតមួយសន្ទុះ ប៉ុន្តែចំណង់របស់ខ្ញុំក្នុងការធ្វើរឿងដែលត្រឹមត្រូវ ត្រូវបានរសាយបាត់។ ខ្ញុំមិនចង់ឱ្យមានការលំបាកជាមួយអ្នកគ្រប់គ្រងឡើយ។ ខ្ញុំបាននិយាយថា «ខ្ញុំគ្រាន់តែចែករំលែកគំនិតខ្ញុំប៉ុណ្ណោះ។ អ្វីដែលកើតឡើង គឺអាស្រ័យលើអ្នករាល់គ្នា»។

ពីរបីថ្ងៃក្រោយមកនៅព្រឹកមួយ បងស្រីម្នាក់បានប្រាប់ពួកយើងទាំងស្លន់ស្លោថា បន្ទាប់ពីការចាប់ខ្លួននោះ ទីកន្លែងជួបជុំមួយចំនួនមិនបានផ្លាស់ទីឱ្យទាន់ពេលវេលាទេ។ ប៉ូលីសបានតាមដានពួកគេ ដូច្នេះ អ្នកគ្រប់គ្រងបីរូប និងមនុស្សមកពីកន្លែងជួបជុំនានា ត្រូវបានឃុំខ្លួន។ នេះជារឿងដែលធ្វើឱ្យខ្ញុំពិបាកចិត្ត។ បើខ្ញុំធ្វើតាមគោលការណ៍ ហើយពន្យល់ពីសារៈសំខាន់នៅពេលនោះ ឬបើខ្ញុំបានទាក់ទងទៅអ្នកដឹកនាំក្រុមជំនុំដោយផ្ទាល់ នោះពួកយើងប្រហែលជាមិនស្ថិតក្នុងស្ថានភាពនោះឡើយ។ ដូច្នេះ មនុស្សជាច្រើនត្រូវបានចាប់ខ្លួន ហើយកិច្ចការរបស់ក្រុមជំនុំត្រូវបានរាំងស្ទះយ៉ាងធ្ងន់ធ្ងរ។ វាពាក់ព័ន្ធដោយផ្ទាល់ជាមួយខ្ញុំ ដែលមិនមានទំនួលខុសត្រូវ ឬធ្វើតាមគោលការណ៍។ ប៉ុន្តែវាហាក់ដូចជាយឺតពេលហើយឥឡូវ។ រឿងតែមួយដែលត្រូវធ្វើគឺជូនដំណឹងដល់អស់អ្នកដែលអាចគ្រោះថ្នាក់ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឱ្យពួកគេនឹងមិនធ្លាក់ក្នុងកណ្ដាប់ដៃអាក្រក់របស់បក្សកុម្មុយនីស្ដចិន។ ខ្ញុំក៏បានឱ្យបងប្អូនធ្វើកិច្ចការនោះភ្លាមៗ។

ក្រោយមកខ្ញុំបានឆ្លុះបញ្ចាំងលើបញ្ហានេះឡើងវិញ។ ខ្ញុំបានដឹងថា ខ្ញុំគួរតែការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងកិច្ចការរបស់ក្រុមជំនុំ ដូច្នេះ ហេតុអ្វីបានជាក្នុងការអនុវត្ត ខ្ញុំមិនបានធ្វើវា? ម៉េចបានជាខ្ញុំអាត្មានិយមម៉្លេះ ម៉េចបានជាខ្ញុំគ្រាន់តែការពារផលប្រយោជន៍ខ្លួនឯង? ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារសារជាតិពិសពុលរបស់សាតាំងស្ថិតនៅក្នុងអ្នក។ ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុត គ្រប់គ្នាខ្វល់តែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាចំណែកនៃជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុត គ្រប់គ្នាខ្វល់តែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ” នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបើកសម្ដែងនូវឫសគល់នៃភាពអាត្មានិយមរបស់ពួកយើង។ ពួកយើងរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំង «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ និង «មនុស្សដែលយល់ដឹងពីស្ថានការ គឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា»។ វាបានក្លាយជាធម្មជាតិរបស់ពួកយើង។ គ្រប់គ្នាតយុទ្ធ ហើយរស់នៅដើម្បីខ្លួនឯង ហើយថែមទាំងលះបង់ផលប្រយោជន៍អ្នកដទៃ ដើម្បីខ្លួនឯងទៀតផង។ មនុស្សពុករលួយទាំងអស់ រស់តាមវិធីនេះ ដោយកាន់តែអាត្មានិយម និងបោកប្រាស់ ហើយលោកិយកាន់តែខ្មៅងងឹត និងអាក្រក់ទៅៗ។ ទោះបីជាក្នុងនាមជាបុគ្គលនៃសេចក្ដីជំនឿមួយរូបក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានក្លាយជាជីវិតរបស់ខ្ញុំឡើយ។ ការគិតរបស់ខ្ញុំ នៅតែត្រូវបានស៊ីបង្ហិនដោយសារជាតិពិសពុលបែបសាតាំងទាំងនេះ ដែលនេះគឺជាមូលហេតុដែលខ្ញុំស្គាល់សេចក្ដីពិត ប៉ុន្តែមិនបានអនុវត្ត។ ខ្ញុំខ្លាចធ្វើឲ្យអ្នកគ្រប់គ្រងអន់ចិត្ត់ និងបង្កគ្រោះថ្នាក់ដល់កេរ្ដិ៍ឈ្មោះរបស់ខ្ញុំ។ វាមិនមែនជាសេចក្ដីពិត និងកិច្ចការរបស់ក្រុមជំនុំទេ ដែលសំខាន់បំផុត ប៉ុន្តែគឺជាកេរ្ដិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំទៅវិញ។ ខ្ញុំអាត្មានិយមមែន! ព្រះជាម្ចាស់បានកំណត់ទុករួចហើយ ពីភារកិច្ចដែលខ្ញុំត្រូវធ្វើ ហើយត្រូវធ្វើនៅពេលណានោះ។ ប៉ុន្តែខ្ញុំគិតយ៉ាងឆ្កួតលីលាថា ជោគវាសនារបស់ខ្ញុំគឺស្ថិតនៅក្នុងដៃរបស់អ្នកគ្រប់គ្រង ដូច្នេះ ការធ្វើឲ្យអ្នកគ្រប់គ្រងអន់ចិត្តនឹងក្លាយជាទីបញ្ចប់់នៃភារកិច្ចរបស់ខ្ញុំ។ តើខ្ញុំមិនមែនកំពុងតែបដិសេធថា សេចក្ដីពិត និងសេចក្ដីសុចរិត ត្រូវត្រួតត្រាដំណាក់របស់ព្រះជាម្ចាស់ទេឬ? ខ្ញុំបានឃើញអ្វីៗដូចជាអ្នកមិនជឿដែរ។ ខ្ញុំមិនមែនជាអ្នកជឿឡើយ។ ក្រោយមក ខ្ញុំបានគិតឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «មិនថាការខូចខាតដល់កិច្ចការរបស់ព្រះជាម្ចាស់និងប្រយោជន៍នៃដំណាក់របស់ទ្រង់នោះធំប៉ុនណានោះទេ អ្នកនឹងគ្មានការស្ដាយក្រោយចេញពីក្នុងសតិសម្បជញ្ញៈរបស់អ្នកឡើយ ដែលមានន័យថា អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលរស់នៅតាមនិស្ស័យបែបសាតាំងរបស់ខ្លួន។ សាតាំងគ្រប់គ្រងលើអ្នក និងឲ្យអ្នករស់នៅជាមនុស្សមិនដូចមនុស្ស អារក្សមិនដូចអារក្ស។ អ្នកស៊ីអ្វីដែលជារបស់ព្រះជាម្ចាស់ ផឹកអ្វីដែលជារបស់ព្រះជាម្ចាស់ ហើយអ្នកត្រេកអរនឹងសព្វសារពើដែលមកអំពីទ្រង់ ក៏ប៉ុន្តែនៅពេលកិច្ចការនៅដំណាក់របស់ព្រះជាម្ចាស់រងការខូចខាត និងបាត់បង់ អ្នកគិតថា វាគ្មានអ្វីពាក់ព័ន្ធនឹងអ្នកនោះទេ ហើយនៅពេលអ្នកឃើញមានរឿងអ្វីកើតឡើង អ្នកថែមទាំង 'យកកែងដៃទៅបាំង'[ក] ហើយមិនប្រកាន់យកខាងព្រះជាម្ចាស់ឡើយ ហើយអ្នកក៏មិនបានប្រកាន់ខ្ជាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រយោជន៍នៅដំណាក់របស់ព្រះជាម្ចាស់ដែរ។ តើនេះមានន័យថា សាតាំងមានអំណាចលើអ្នកទេឬអី? តើមនុស្សបែបនេះរស់នៅជាមនុស្សដែរឬទេ? ច្បាស់ណាស់ ពួកគេជាអារក្ស មិនមែនជាមនុស្សទេ!» («មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានពុះច្រៀកចិត្តរបស់ខ្ញុំដូចជាដាវអ៊ីចឹង។ ខ្ញុំបានដកដង្ហើម ហើយហូបអាហារដែលព្រះជាម្ចាស់បានបង្កើត ដោយរីករាយនឹងជីវិត និងសេចក្ដីពិតដែលមកពីទ្រង់ គ្មានគិតដល់ការតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់ឡើយ។ ខ្ញុំបានឃើញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយបងប្អូនស្ថិតក្នុងគ្រោះថ្នាក់ ប៉ុន្តែខ្ញុំមិនហ៊ានប្រកាន់ខ្ជាប់គោលការណ៍ ដោយប្រព្រឹត្តដើម្បីតែប្រយោជន៍ខ្លួនឯង មិនមែនជាប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ ដែលមានន័យថា មនុស្សជាង២០នាក់ ត្រូវបានចាប់ខ្លួន ដាក់គុក និងធ្វើទារុណកម្ម ហើយកិច្ចការដំណឹងល្អរបស់ពួកយើងត្រូវបានរាំងស្ទះយ៉ាងធ្ងន់ធ្ងរ។ ការរស់នៅក្នុងសេចក្ដីពុករលួយ មានផលវិបាកដែលមិនអាចនិយាយបាន។ ខ្ញុំកំពុងតែប្រព្រឹត្តអាក្រក់។ ខ្ញុំមិនធ្លាប់យល់ពីមូលហេតុ ដែលព្រះជាម្ចាស់ស្អប់មនុស្សអាត្មានិយម ពីមូលហេតុដែលទ្រង់បានមានបន្ទូលថា ពួកគេខ្វះភាពជាមនុស្ស និងជាកម្មសិទ្ធិរបស់សាតាំងឡើយ។ ពេលនេះ ខ្ញុំបានយល់ថា មនុស្សអាត្មានិយម គិតតែពីខ្លួនឯងប៉ុណ្ណោះ មិនមែនអ្នកដទៃឡើយ ហើយថែមទាំងការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យខូចផលប្រយោជន៍ដល់កិច្ចការរបស់ក្រុមជំនុំ។ ម៉េចក៏សាហាវឃោរឃៅម៉្លេះ? សូម្បីតែសត្វក៏ល្អជាងនេះដែរ។ សត្វឆ្កែដឹងពីវិធីដើម្បីការពារផ្ទះរបស់ម្ចាស់វា ហើយមានភក្ដីភាព ប៉ុន្តែទោះបីជាព្រះជាម្ចាស់បានប្រទានដល់ខ្ញុំជាច្រើនក៏ដោយ ក៏ខ្ញុំនៅតែខាំដៃដែលឱ្យចំណីខ្ញុំដដែល។ ខ្ញុំមិនមានភក្ដីភាពទាល់តែសោះ ហើយមិនសមនឹងត្រូវបានហៅជាមនុស្សឡើយ។ ក្រោយមកខ្ញុំបានឃើញថា ព្រះជាម្ចាស់ហៅមនុស្សអាត្មានិយមថា ជាសាតាំងរស់ មិនមែនជារឿងហួសហេតុទាល់តែសោះ។ បើខ្ញុំមិនប្រែចិត្ត និងផ្លាស់ប្ដូរ ព្រមទាំងអនុវត្តសេចក្ដីពិតទេ នោះខ្ញុំនឹងប្រព្រឹត្តអាក្រក់ តតាំងនឹងព្រះជាម្ចាស់ ហើយត្រូវទ្រង់ដាក់ទោស។ បរាជ័យនេះបានបង្ហាញខ្ញុំថា បើគ្មានការតាមរកសេចក្ដីពិត និងដោះស្រាយនិស្ស័យបែបសាតាំងទេ នោះពួកយើងមិនអាចអនុវត្តសេចក្ដីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ។ នោះពួកយើងមិនដែល ផ្លាស់ប្ដូរនិស្ស័យរបស់ពួកយើង ឬត្រូវបានសង្គ្រោះឡើយ មិនថាពួកយើងជឿយូរប៉ុនណា ពួកយើងលះបង់ និងរងទុក្ខប៉ុនណាឡើយ។ ក្រោយមក ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ មានគ្រោះថ្នាក់ជាច្រើន កើតឡើងចំពោះកិច្ចការរបស់ក្រុមជំនុំ និងបងប្អូន ដោយសារតែទូលបង្គំមិនបានអនុវត្តសេចក្ដីពិត ឬធ្វើតាមគោលការណ៍។ ព្រះជាម្ចាស់អើយ ទូលបង្គំបានប្រព្រឹត្តអាក្រក់។ ទូលបង្គំត្រៀមជាស្រេចដើម្បីប្រែចិត្ត និងទទួលយកការពិនិត្យពិច័យរបស់ទ្រង់។ បើទូលបង្គំនៅតែមិនផ្លាស់ប្ដូរ ប៉ុន្តែទូលបង្គំអាត្មានិយម និងមិនគាំទ្រកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ សូមទ្រង់ជំនុំជម្រះ និងវាយផ្ចាលទូលបង្គំចុះ»។

បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «នៅពេលដែលអ្នកបើកសម្ដែងខ្លួនឯងថាជាមនុស្សអាត្មានិយម និងមិនថ្លៃថ្នូរ និងដឹងពីបញ្ហានេះ នោះអ្នកគួរតែស្វែងរកសេចក្ដីពិត៖ តើខ្ញុំគួរតែធ្វើអ្វីដើម្បីឱ្យស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើខ្ញុំគួរតែធ្វើសកម្មភាពបែបណាដែលវាផ្ដល់ផលប្រយោជន៍ដល់គ្រប់គ្នា? មានន័យថា អ្នកត្រូវតែចាប់ផ្ដើមយកផលប្រយោជន៍ផ្ទាល់ខ្លួនទុកដោយឡែក ហើយបោះបង់ចោលពួកវាបន្តិចម្ដងៗ ផ្អែកតាមកម្ពស់របស់អ្នក។ បន្ទាប់ពីអ្នកទទួលបានបទពិសោធន៍អំពីរឿងនេះពីរបីលើក នោះអ្នកនឹងយកពួកវាទុកដោយឡែកយ៉ាងពេញលេញ ហើយខណៈពេលដែលអ្នកធ្វើដូច្នោះ អ្នកនឹងមានអារម្មណ៍កាន់តែរឹងមាំ។ អ្នកកាន់តែយកផលប្រយោជន៍របស់អ្នកទុកដោយឡែក នោះអ្នកនឹងកាន់តែមានអារម្មណ៍ថា ក្នុងនាមជាមនុស្ស អ្នកគួរតែមានមនសិការ និងហេតុផល។ អ្នកនឹងមានអារម្មណ៍ថា បើគ្មានបំណងចិត្តអាត្មានិយមទេ នោះអ្នកនឹងក្លាយជាបុគ្គលទៀងត្រង់ និងស្មោះត្រង់ ហើយអ្នកកំពុងតែធ្វើអ្វីៗទាំងអស់ ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកនឹងមានអារម្មណ៍ថា ឥរិយាបថបែបនេះ ធ្វើឱ្យអ្នកមានតម្លៃក្នុងការត្រូវបានគេហៅថា «មនុស្ស» ហើយថាដោយការរស់នៅតាមវិធីនេះនៅលើផែនដី នោះអ្នកក្លាយជាមនុស្សបើកចំហ និងស្មោះត្រង់ អ្នកគឺជាបុគ្គលពិតម្នាក់ អ្នកមានមនសិការច្បាស់លាស់ ហើយមានតម្លៃចំពោះគ្រប់យ៉ាងដែលព្រះជាម្ចាស់ប្រទានដល់អ្នក។ អ្នកកាន់តែរស់នៅដូចនេះ នោះអ្នកនឹងមានអារម្មណ៍កាន់តែរឹងមាំ និងភ្លឺស្វាង។ ដូច្នេះហើយ តើអ្នកមិនបានដើរនៅលើផ្លូវដ៏ត្រឹមត្រូវទេឬ?» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ កិត្យានុភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ។ ចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានធ្វើយ៉ាងអស់ពីសមត្ថភាព ដើម្បីមានស្វាមីភក្ដិ បានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយមក ខ្ញុំបានយល់ថា ក្នុងនាមជាគ្រីស្ទបរិស័ទ វិធីតែមួយដើម្បីរស់នៅដោយសេចក្ដីថ្លៃថ្នូរ កិត្តិយស និងលក្ខណៈជាមនុស្ស គឺត្រូវរស់នៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត យកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ យកចេញនូវផលប្រយោជន៍របស់ពួកយើង ហើយការពារកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ។ ក្រោយមក ពួកយើងមានអាម្មណ៍ស្ងប់។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្វះស្វែងធ្វើជាបុគ្គលទៀងត្រង់។

នៅល្ងាចមួយក្នុងខែវិច្ឆិកា គឺក្រោយម៉ោង ១០ យប់ នៅពេលដែលបងស្រីលី ដែលជាអ្នកគ្រប់គ្រងថ្មីបានមករកក្រុមពួកយើង នោះគាត់បាននិយាយថា បងស្រីលាវ ដែលជាដៃគូរួមការងាររបស់គាត់ បានចេញទៅជួបប្អូនស្រីម្នាក់ដែលមកពីទីក្រុងកាលពីពីរបីថ្ងៃមុន ប៉ុន្តែគាត់មិនឃើញត្រឡប់មកវិញទេ។ គាត់ខ្លាចបងស្រីលាវត្រូវបានចាប់ខ្លួន។ បើដូច្នេះ អ្នកដទៃទៀតត្រូវតែមានអ្នកប្រាប់ឱ្យផ្លាស់ទីចេញ។ គាត់បានគិតថា បងស្រីលាវក៏ប្រហែលជាអាចទៅផ្ទះដែរ ដោយហេតុផលមួយចំនួន ហើយការផ្លាស់ទីមនុស្សគ្រប់គ្នាអាចប៉ះពាល់ដល់ភារកិច្ចរបស់ពួកគេ។ គាត់មិនដឹងត្រូវធ្វើអ្វីឡើយ។ ដោយឮបែបនេះ ខ្ញុំបានគិតថា «បងស្រីលាវបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ហើយរឹងមាំក្នុងភារកិច្ចរបស់គាត់។ គាត់អាចប្រាប់ពួកយើងឱ្យដឹង បើគាត់ទៅផ្ទះ។ គាត់ប្រហែលជាត្រូវបានចាប់ខ្លួនហើយ។ ខ្ញុំគួរតែប្រាប់អ្នកដឹកនាំភ្លាមៗ» ប៉ុន្តែក្រោយមក ខ្ញុំបានគិតថា «បងស្រីលីគឺជាអ្នកគ្រប់គ្រង។ បើគាត់មិនច្បាស់ ហើយគាត់ខ្លាចរំខានកិច្ចការរបស់ក្រុមជំនុំ តើខ្ញុំអាចច្បាស់ម៉េចនឹងកើត? បើពួកយើងប្រាប់ពួកគេគ្រប់គ្នាឱ្យផ្លាស់ទី ប៉ុន្តែបងស្រីលាវមិនត្រូវបានចាប់ខ្លួនផង នោះអ្នកដឹកនាំអាចដោះស្រាយជាមួយពួកយើង ហើយនិយាយថា ពួកយើងកំពុងតែរំខានដល់កិច្ចការរបស់ក្រុមជំនុំ។ តើខ្ញុំគួរតែនិយាយ ឬអត់?»

នៅក្នុងការតស៊ូរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចូរធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍នៃកិច្ចការរបស់ទ្រង់ឡើយ។ ចូរការពារព្រះនាម ការពារទីបន្ទាល់ និងកិច្ចការរបស់ព្រះជាម្ចាស់» («បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «បើក្នុងកាលៈទេសៈមួយកាន់តែសំខាន់ មនុស្សកាន់តែអាចចុះចូល និងយកផលប្រយោជន៍ផ្ទាល់ខ្លួន អំនួត និងមោទនភាពរបស់ពួកគេចេញ ហើយបំពេញភារកិច្ចរបស់ពួកគេយ៉ាងសមរម្យ មានតែដូច្នោះទេ ទើបពួកគេត្រូវបានព្រះជាម្ចាស់នឹកចាំ។ ទាំងអស់នោះគឺជាទង្វើល្អ! មិនថាអ្វីដែលមនុស្សធ្វើទេ តើអ្វីដែលមានសារៈសំខាន់ជាង? អំនួតនិងមោទនភាពរបស់ពួកគេ ឬសិរីល្អរបស់ព្រះជាម្ចាស់? (សិរីល្អរបស់ព្រះជាម្ចាស់) តើមួយណាដែលមានសារៈសំខាន់ជាង៖ ទំនួលខុសត្រូវរបស់អ្នក ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក? ការបំពេញទំនួលខុសត្រូវរបស់អ្នក គឺជាអ្វីដែលមានសារៈសំខាន់បំផុត ហើយអ្នកត្រូវជាប់កាតព្វកិច្ចចំពោះពួកវា» («ការទទួលបានព្រះជាម្ចាស់ និងសេចក្ដីពិត គឺជារឿងដែលមានសុភមង្គលបំផុត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកយើងយ៉ាងច្បាស់ ឱ្យប្រកាន់ខ្ជាប់កិច្ចការរបស់ទ្រង់ និងបំពេញភារកិច្ចរបស់ពួកយើងឱ្យបានល្អ។ ពេលនេះ ប្រឈមមុខនឹងការប្រទាញប្រទង់រវាងផលប្រយោជន៍របស់ខ្ញុំ និងផលប្រយោជន៍របស់ក្រុមជំនុំ នោះព្រះជាម្ចាស់កំពុងតែទត។ បើខ្ញុំអាត្មានិយមដូចមុន នោះខ្ញុំនឹងខ្វះភាពជាមនុស្សហើយ។ កន្លងមក គឺជាមេរៀនដ៏ឈឺចាប់មួយ ដែលត្រូវបង់ថ្លៃជាច្រើន។ ខ្ញុំមិនអាចបង្កកំហុសដដែលនោះម្ដងទៀតឡើយ។ ខ្ញុំបាននិយាយទៅកាន់បងស្រីលីថា «បងស្រីលាវអាចទៅផ្ទះ ប៉ុន្តែពួកយើងមិនអាចច្បាស់ទេ។ ពួកយើងគួរតែដាក់ផែនការសម្រាប់រឿងដែលមិនល្អ ហើយផ្លាស់ទីបងប្អូនទាំងនោះ។ ទោះបីជាយើងខុសក៏ដោយ ក៏វាដើម្បីកិច្ចការរបស់ក្រុមជំនុំដែរ ហើយសម្រាប់សុវត្ថិភាពរបស់មនុស្សគ្រប់គ្នា។ ពួកយើងកំពុងតែមើលរូបភាពដ៏ធំ។ បើពួកយើងឃើញគ្រោះថ្នាក់ ហើយមិនធ្វើសកម្មភាពឱ្យទាន់ពេលវេលា ហើយមនុស្សត្រូវបានចាប់ខ្លួន នោះពួកយើងក្លាយជាមនុស្សក្បត់ ហើយបើសោកស្ដាយក៏ហួសពេលដែរ។ គ្រោះថ្នាក់ គឺចេះតែកើនឡើងជារៀងរាល់ថ្ងៃ។ សូមពួកយើងយកចិត្តទុកដាក់ភ្លាមៗ»។ ខ្ញុំបានប្រាប់គាត់អំពីសមាជិកក្រុមជំនុំមួយចំនួនដែលត្រូវបានចាប់ខ្លួនពីមុន ហើយគាត់បានយល់ស្របជាមួយខ្ញុំ គាត់ចាប់ផ្ដើមធ្វើអ្វីៗយ៉ាងឆាប់រហ័សនៅព្រឹកបន្ទាប់ ហើយនៅយប់បន្ទាប់ពីនោះ ពួកយើងក៏បានចេញពីកន្លែងរបស់យើង។

ខណៈពេលដែលពួកយើងកំពុងធ្វើកិច្ចការនោះ អ្នកគ្រប់គ្រងបាននិយាយថា «បងស្រីលាវ និងបងស្រីម្នាក់ទៀតត្រូវបានចាប់ខ្លួន ហើយប៉ូលិសបានចាប់ខ្លួនបួននាក់ទៀត ពីកន្លែងជួបជុំ។ ពួកយើងបានផ្លាស់ទីទាន់ពេលវេលា។ បើពួកយើងនៅរង់ចាំ នោះមនុស្សកាន់តែច្រើនអាចនឹងត្រូវបានចាប់ខ្លួនផងដែរ»។ នៅពេលដែលឮបែបនេះ ខ្ញុំមានអារម្មណ៍រំជើបរំជួល។ បក្សកុម្មុយនីស្ដអាក្រក់ណាស់! នៅក្នុងប្រទេសដែលធំដូចប្រទេសចិន គ្មានកន្លែងណាមួយដែលគ្រីស្ទបរិស័ទលាក់ពួនបានឡើយ! ខ្ញុំក៏មានអារម្មណ៍ដែរថា ការការពារផលប្រយោជន៍របស់ក្រុមជំនុំមានសារៈសំខាន់ណាស់។ ខ្ញុំមានអារម្មណ៍ល្អជាងមុន ដោយសារពេលនេះ ខ្ញុំអាចអនុវត្តសេចក្ដីពិតបាន និងមានទំនួលខុសត្រូវ ដូច្នេះ មានការខូចខាតតិចជាងមុន។ ខ្ញុំមានអារម្មណ៍ថា ការរស់នៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាវិធីរស់នៅតែមួយគត់ក្នុងភាពជាមនុស្ស។ ខ្ញុំក៏ទទួលបានបទពិសោធន៍ផ្ទាល់ខ្លួនថា បើគ្មានការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំអាចនៅតែត្រូវបានចងដោយទស្សនៈវិជ្ជា និងនិស្ស័យបែបសាតាំង ព្រមទាំងតតាំងនឹងព្រះជាម្ចាស់។ ខ្ញុំនឹងមិនអាចយកចេញនូវផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រកាន់ខ្ជាប់នូវគោលការណ៍ឡើយ ហើយខ្ញុំនឹងមិនមានភាពជាមនុស្សឡើយ។ ដូចជាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថ្លែងថា៖ «បើអ្នកអាចបំពេញទំនួលខុសត្រូវរបស់អ្នក បំពេញកាតព្វកិច្ច និងភារកិច្ចរបស់អ្នក បោះបង់សេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក បោះបង់ចេតនា និងបំណងចិត្តផ្ទាល់ខ្លួនរបស់អ្នក មានការពិចារណាចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទុកផលប្រយោជន៍របស់ព្រះជាម្ចាស់ និងព្រះដំណាក់របស់ទ្រង់ជាទីមួយ បន្ទាប់មក ក្រោយការដកពិសោធន៍អំពីការនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា នេះគឺជាមាគ៌ាដ៏ល្អមួយក្នុងការរស់នៅ។ វាគឺជាការរស់នៅដោយទៀងត្រង់ និងស្មោះត្រង់ ដោយមិនក្លាយជាមនុស្សគ្មានតម្លៃ ឬឥតបានការ ហើយកំពុងតែរស់នៅយ៉ាងត្រឹមត្រូវ និងគួរឲ្យគោរព ជាជាងក្លាយជាមនុស្សចិត្តចង្អៀត ឬកំណាញ់។ អ្នកនឹងមានអារម្មណ៍ថា នេះគឺជារបៀបដែលមនុស្សម្នាក់គួរតែរស់នៅ និងប្រព្រឹត្ត» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

លេខយោង៖

ក. «យកកែងដៃទៅបាំង» គឺជាក្រៀមភាសាចិន ដែលមានន័យថា បុគ្គលម្នាក់កំពុងជួយជ្រោមជ្រែងដល់អ្នកដទៃ ដោយសុខចិត្តលះបង់មនុស្សជិតស្និតរបស់បុគ្គលនោះ ឧទាហរណ៍ ឪពុកម្ដាយ កូនចៅ សាច់ញាតិ ឬបងប្អូនជាដើម។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទីបំផុត ខ្ញុំមើលឃើញសេចក្តីពិតអំពីខ្លួនខ្ញុំហើយ

ក្នុងឆ្នាំ ២០១៨ ខ្ញុំមានភារកិច្ចនៅក្នុងពួកជំនុំជាអ្នកបកប្រែឯកសារ ដោយធ្វើការជាមួយបងស្រី ចាង និងបងស្រី លួ។ យើងធ្វើការជាមួយគ្នាយ៉ាងល្អ។...

វិញ្ញាណខ្ញុំបានរួច

ដោយ មីពុ (អេស្ប៉ាញ) «នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ...

ការព្យាបាលរោគច្រណែន

ដោយ ស៊ុនឈាវ (ចិន) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សាច់ឈាមរបស់មនុស្សគឺចេញមកពីសាតាំង វាពេញដោយនិស្ស័យបះបោរ គួរឲ្យស្មោកគ្រោក...

Leave a Reply