រួចផុតពីសេចក្តីច្រណែន

22-01-2026

នៅដើមឆ្នាំ ២០២១ ខ្ញុំបានបម្រើជាអ្នកអធិប្បាយ ហើយបានសហការជាមួយបងប្រុសម៉ាថាយ ដើម្បីទទួលខុសត្រូវលើកិច្ចការពួកជំនុំ។ ខ្ញុំទើបតែចាប់ផ្ដើមបំពេញភារកិច្ចនោះ ហើយមានរឿងជាច្រើនដែលខ្ញុំនៅមិនបានយល់ ដូច្នេះ ខ្ញុំតែងតែត្រូវការរៀនសូត្រពីគាត់។ ក្នុងអំឡុងពេលនោះ ម៉ាថាយតែងតែប្រាប់ខ្ញុំអំពីនិស្ស័យពុករលួយដែលគាត់បានបើកឱ្យដឹងនៅក្នុងភារកិច្ចរបស់គាត់។ យូរៗទៅ ខ្ញុំក៏ចាប់ផ្ដើមមើលស្រាលគាត់។ ខ្ញុំគិតថា ខ្ញុំមិនពុករលួយដូចគាត់ទេ ហើយការសហការជាមួយគាត់ក៏គ្មានបានការអ្វីសម្រាប់ខ្ញុំដែរ។ ខ្ញុំគិតថា ខ្ញុំល្អជាងគាត់។ ខ្ញុំថែមទាំងគិតថា៖ «ម៉េចបានគាត់ក្លាយជាអ្នកអធិប្បាយមុនគេ? ខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំរបស់គាត់សោះ។ គួរតែខ្ញុំជាអ្នកប្រាប់គាត់ពីរបៀបធ្វើជាអ្នកអធិប្បាយ មិនមែនគាត់ប្រាប់ខ្ញុំវិញទេ។ ដោយសារគាត់បានក្លាយជាអ្នកអធិប្បាយមុនគេ ទើបគ្រប់គ្នាកោតសរសើរគាត់ជាង»។ ខ្ញុំពិតជាមិនអាចទទួលយកបានទេ ហើយខ្ញុំជឿថា ខ្ញុំអាចធ្វើបានល្អជាងគាត់។ ដើម្បីឲ្យពូកែជាងគាត់ ខ្ញុំតែងតែប្រៀបធៀបកិច្ចការរបស់យើង។ ឧទាហរណ៍ ពេលម៉ាថាយប្រាប់ខ្ញុំថា គាត់មិនមានពេលគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការទាំងអស់របស់ខ្លួនឱ្យទាន់ពេល ខ្ញុំក៏សប្បាយចិត្ត ដោយដឹងថា ខ្ញុំបានធ្វើទាន់នូវគ្រប់កិច្ចការដែលខ្ញុំទទួលខុសត្រូវរួចទៅហើយ ហើយដូច្នេះ អ្នកដឹកនាំថ្នាក់លើនឹងកោតសរសើរខ្ញុំជាង។ ប៉ុន្តែ គួរឲ្យភ្ញាក់ផ្អើលណាស់ ម៉ាថាយបែរជាធ្វើកិច្ចការដែលគាត់ទទួលខុសត្រូវ បានយ៉ាងល្អទៅវិញ។ ថ្ងៃមួយ អ្នកដឹកនាំបានចាត់តាំងពួកយើងឲ្យស្វែងរកមនុស្សមួយចំនួនដែលអាចបណ្ដុះបណ្ដាលជាអ្នកស្រោចស្រពបាន។ ត្រឹមតែពីរថ្ងៃ ម៉ាថាយបានរកឃើញបេក្ខជន ៣ នាក់រួចទៅហើយ។ ខ្ញុំក៏ភ័យស្លន់ស្លោ ដោយគិតថា៖ «ខ្ញុំត្រូវតែរួសរាន់។ យ៉ាងហោចណាស់ ខ្ញុំត្រូវតែរកឲ្យបានចំនួនស្មើនឹងម៉ាថាយដែរ។ មិនអ៊ីចឹងទេ គាត់នឹងទទួលបានការសរសើរច្រើនជាងខ្ញុំ»។ ដូច្នេះ ត្រឹមតែបីថ្ងៃ ខ្ញុំបានរកបានមនុស្សប្រាំពីរនាក់។ ខ្ញុំស្កប់ស្កល់យ៉ាងខ្លាំង ព្រោះខ្ញុំធ្វើបានល្អជាងម៉ាថាយ។ ប៉ុន្តែនៅពេលអ្នកដឹកនាំមកសួរខ្ញុំអំពីស្ថានភាពរបស់បេក្ខជនទាំងនោះ គាត់បានសន្និដ្ឋានថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេស័ក្ដិសមដើម្បីបម្រើជាអ្នកស្រោចស្រពទេ ព្រោះខ្ញុំមិនបានស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ពួកគេ នៅពេលដែលខ្ញុំកំណត់ថាពួកគេជាបេក្ខជន។ ប៉ុន្តែបេក្ខជនរបស់ម៉ាថាយទាំងអស់ត្រូវបានចាត់ទុកថាស័ក្ដិសម ពួកគេមានគុណសម្បត្តិ មានភាពជាមនុស្សល្អ ពួកគេស្រឡាញ់សេចក្ដីពិត ហើយសុខចិត្តលះបង់ដើម្បីព្រះជាម្ចាស់។ ការងារបីថ្ងៃកន្លងមកនោះគឺឥតប្រយោជន៍សោះ ហើយខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ច្រណែននឹងម៉ាថាយ។ ហេតុអ្វីបានជាគាត់តែងតែទទួលបានលទ្ធផលល្អបែបនេះនៅក្នុងភារកិច្ចរបស់គាត់? ម៉េចក៏ខ្ញុំមិនបាន? គាត់តែងតែចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងក្រុមរបស់យើងយ៉ាងក្លៀវក្លា ហើយថែមទាំងតាមដានកិច្ចការដែលខ្ញុំទទួលខុសត្រូវទៀតផង មានគាត់នៅក្បែរ គឺគ្មានផ្លូវណាអាចឲ្យខ្ញុំលេចធ្លោបានឡើយ។ ខ្ញុំអាក់អន់ចិត្តនឹងគាត់ ហើយថែមទាំងចាប់ផ្ដើមស្អប់គាត់ទៀតផង។ ហេតុអ្វីបានជាខ្ញុំត្រូវបំពេញភារកិច្ចជាមួយគាត់? ខ្ញុំមិនចង់ឲ្យគាត់លេចធ្លោខ្លាំងពេកទេ ហើយខ្ញុំប៉ងមិនឲ្យគាត់ទទួលបានលទ្ធផលនៅក្នុងកិច្ចការរបស់គាត់។ ខ្ញុំនៅតែបន្តដណ្ដើមយកកេរ្តិ៍ឈ្មោះ ហើយមិនបានផ្លាស់ប្ដូរទម្លាប់របស់ខ្ញុំទេ។

ក្នុងអំឡុងពេលនោះ ខ្ញុំកំពុងមើលការខុសត្រូវលើកិច្ចការរបស់បងស្រីអាណៃ ដែលជាអ្នកដឹកនាំពួកជំនុំម្នាក់។ គាត់ស្ថិតក្នុងសភាពមិនល្អ ព្រោះគាត់បំពេញភារកិច្ចរបស់ខ្លួនមិនបានល្អ ដូច្នេះ អ្នកដឹកនាំរបស់ខ្ញុំបានឲ្យខ្ញុំទៅជួយលើកទឹកចិត្តគាត់។ ប៉ុន្តែនៅពេលខ្ញុំទាក់ទងទៅគាត់ គាត់ប្រាប់ខ្ញុំថា គាត់បានទៅស្វែងរកការប្រកបគ្នាពីម៉ាថាយរួចហើយ ហើយម៉ាថាយបានចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយគាត់ និងជួយដោះស្រាយបញ្ហារបស់គាត់រួចហើយ។ រឿងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាគ្មានវត្តមាន។ ខ្ញុំពិតជាមិនសប្បាយចិត្តជាខ្លាំងដែលម៉ាថាយបានលូកដៃចូលក្នុងកិច្ចការរបស់ខ្ញុំ។ អ្នកដឹកនាំពួកជំនុំនេះគឺស្ថិតនៅក្រោមការមើលការខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំមិនចង់ឲ្យមនុស្សគិតថា ខ្ញុំមិនបានបំពេញភារកិច្ច និងដោះស្រាយបញ្ហានោះទេ។ កាន់តែគិត ខ្ញុំកាន់តែខឹង ហើយខ្ញុំពិតជាមិនចង់ធ្វើការជាដៃគូជាមួយម៉ាថាយទៀតទេ។ ខ្ញុំចង់ធ្វើការតែម្នាក់ឯង ព្រោះ ពេលនោះ ទើបខ្ញុំអាចធ្វើឲ្យមនុស្សកត់សម្គាល់ខ្ញុំបាន។ បន្ទាប់ពីនោះមក ខ្ញុំបានព្យាយាមគេចវេះពីគាត់នៅពេលបំពេញភារកិច្ចរបស់ខ្ញុំ។ មានម្ដងនោះ ម៉ាថាយបានសុំឲ្យខ្ញុំពិភាក្សាអំពីបញ្ហាមួយដែលយើងត្រូវដោះស្រាយនៅក្នុងការប្រជុំ។ គាត់បានទូរស័ព្ទ និងផ្ញើសារមកខ្ញុំ ប៉ុន្តែខ្ញុំមានចេតនាមិនអើពើនឹងគាត់។ ខ្ញុំមិនចង់ពិភាក្សាអ្វីជាមួយគាត់ទេ។ នៅពេលគាត់សួរខ្ញុំពីស្ថានភាពកិច្ចការ ខ្ញុំក៏មិនបានឆ្លើយតបឲ្យបានទាន់ពេលដែរ ហើយនៅពេលគាត់សុំឲ្យខ្ញុំធ្វើការប្រកបគ្នានៅក្នុងការប្រជុំ ខ្ញុំមានចេតនានៅស្ងៀម ហើយទុកឲ្យគាត់ចែកចាយតែម្នាក់ឯង។ ខ្ញុំគិតក្នុងចិត្តថា៖ «យ៉ាងណាមិញ ដរាបណាមានអ្នកនៅទីនេះ បងប្អូនប្រុសស្រីនឹងមិនចាប់អារម្មណ៍ខ្ញុំទេ។ ដូច្នេះ តើខ្ញុំចែកចាយដើម្បីអ្វី?» ក្នុងអំឡុងពេលប្រជុំមួយ បន្ទាប់ពីម៉ាថាយធ្វើការប្រកបគ្នារួច គាត់បានសុំយោបល់ពីខ្ញុំ។ ខ្ញុំគិតថា គាត់បានចែកចាយច្រើនពេក ហើយបាននិយាយអស់នូវអ្វីដែលខ្ញុំចង់និយាយ ដូច្នេះ ខ្ញុំពិតជាមិនសប្បាយចិត្តទេ។ ដូច្នេះ ខ្ញុំបាននិយាយទៅកាន់គាត់ថា៖ «អ្នកកំពុងធ្វើការប្រកបគ្នាដោយមាននិស្ស័យក្រអឺតក្រទម។ អ្នកមិនបានលាតត្រដាងធម្មជាតិពុករលួយរបស់ខ្លួនទេ ហើយគ្រាន់តែពិភាក្សាដោយស្រពេចស្រពិលអំពីការយល់ដឹងខ្លះៗរបស់អ្នកប៉ុណ្ណោះ។ អ្នកគ្រាន់តែនិយាយត្រួសៗ តែមិនបានពិភាក្សាលម្អិតទេ»។ ខ្ញុំដឹងថា អ្វីដែលខ្ញុំនិយាយគឺមិនត្រឹមត្រូវទេ ខ្ញុំនិយាយដោយមានចេតនា។ ខ្ញុំគ្រាន់តែចង់កាត់បន្ថយភាពក្លៀវក្លារបស់គាត់ ដើម្បីកុំឲ្យគាត់និយាយច្រើននៅក្នុងការប្រជុំលើកក្រោយៗទៀត។ នៅពេលគាត់ផ្ញើសារមកសួរសុខទុក្ខខ្ញុំ ឬទាក់ទងនឹងរឿងផ្សេងៗ ខ្ញុំក៏មិនបានឆ្លើយតបដែរ។ ខ្ញុំគិតថា ពេលនោះគាត់នឹងដឹងថា ខ្ញុំមិនចង់សហការជាមួយគាត់ទេ។ ខ្ញុំថែមទាំងចង់ឲ្យគាត់ឈប់ផ្ញើសារមកខ្ញុំទៀតផង។ ខ្ញុំគ្រាន់តែចង់ឲ្យគាត់ចាកចេញ ហើយទុកចន្លោះឲ្យខ្ញុំបានបង្ហាញសមត្ថភាពខ្លះ។ ខ្ញុំក៏ចង់បំពេញភារកិច្ចពេញម៉ោងដូចគាត់ដែរ ដើម្បីឲ្យនៅពេលណាដែលបងប្អូនប្រុសស្រីត្រូវការខ្ញុំ ខ្ញុំនឹងនៅទីនោះសម្រាប់ពួកគេភ្លាមៗ។ បែបនោះ ទើបពួកគេទាំងអស់គ្នានឹងឱ្យតម្លៃខ្ញុំខ្ពស់។ ដូច្នេះ ខ្ញុំចង់លាឈប់ពីការងារលោកិយ ហើយលះបង់ខ្លួនឯងទាំងស្រុងដើម្បីបំពេញភារកិច្ច ប៉ុន្តែខ្ញុំនៅតែត្រូវការការងារដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ដែលខ្ញុំមិនអាចលះបង់ខ្លួនឯងពេញម៉ោង ដើម្បីបំពេញភារកិច្ចដូចម៉ាថាយបាន។ ខ្ញុំថែមទាំងគិតថា៖ «ខ្ញុំគួរតែឈប់ធ្វើជាអ្នកអធិប្បាយតែម្ដងទៅ។ បែបនោះ ខ្ញុំនឹងមិនចាំបាច់សហការជាមួយម៉ាថាយទេ។ ខ្ញុំនឹងមិនរងឥទ្ធិពលពីគាត់ទេ បើខ្ញុំប្តូរទៅបំពេញភារកិច្ចផ្សេង ហើយខ្ញុំនឹងមានឱកាសដើម្បីលេចធ្លោ»។ ប៉ុន្តែនៅពេលដែលខ្ញុំពិចារណាចង់ឈប់ពិតមែន ខ្ញុំមានអារម្មណ៍ខុសឆ្គងបន្តិច ហើយមិនដឹងថាត្រូវធ្វើអ្វីទេ។ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ សុំឲ្យទ្រង់ជួយខ្ញុំឲ្យយល់ពីសភាពរបស់ខ្ញុំ។ ខ្ញុំបាននឹកឃើញព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ភារកិច្ចទាំងឡាយគឺមកពីព្រះជាម្ចាស់ ភារកិច្ចទាំងអស់នោះជាទំនួលខុសត្រូវ និងជាព្រះរាជបញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រគល់ឱ្យមនុស្ស។ ដូច្នេះ តើមនុស្សគួរយល់ដឹងពីរឿងទាំងនោះដោយរបៀបណា? 'ដោយសារនេះជាភារកិច្ចរបស់ខ្ញុំ និងជាព្រះរាជបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រគល់ឱ្យខ្ញុំ នោះវាគឺជាកាតព្វកិច្ច និងជាទំនួលខុសត្រូវរបស់ខ្ញុំ។ វាជាការត្រឹមត្រូវហើយ ដែលខ្ញុំត្រូវទទួលយកវាជាភារកិច្ចដែលមិនអាចបដិសេធបានរបស់ខ្ញុំ។ ខ្ញុំមិនអាចបដិសេធ ឬប្រកែកបានឡើយ ហើយក៏មិនអាចរើស ឬជ្រើសរើសបានដែរ។ អ្វីដែលបានមកដល់ខ្ញុំគឺប្រាកដជាអ្វីដែលខ្ញុំគួរតែធ្វើ។ មិនមែនថាខ្ញុំគ្មានសិទ្ធិក្នុងការជ្រើសរើសនោះទេ ប៉ុន្តែគឺថាខ្ញុំមិនគួរជ្រើសរើសទៅវិញទេ។ នេះគឺជាវិចារណញាណដែលភាវៈដែលបានបង្កើតមកគួរតែមាន'» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ភារកិច្ចរបស់យើងគឺព្រះជាម្ចាស់ប្រទានមក។ ខ្ញុំគួរតែប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ ហើយបំពេញការទទួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំមិនគួរគេចវេះពីការទទួលខុសត្រូវ ហើយរើសភារកិច្ចទេ។ នេះគឺជាហេតុផលដែលខ្ញុំគួរតែមាន។ ចំណែកខ្ញុំវិញ ដោយសារតែមហិច្ឆតាចង់យកឈ្នះម៉ាថាយរបស់ខ្ញុំមិនបានសម្រេច ខ្ញុំក៏ចង់ឈប់ពីភារកិច្ចរបស់ខ្ញុំ។ នេះពិតជាធ្វើឲ្យព្រះជាម្ចាស់ខូចព្រះទ័យខ្លាំងណាស់! ខ្ញុំមិនបានចាត់ទុកភារកិច្ចរបស់ខ្ញុំជាការទទួលខុសត្រូវទេ ប៉ុន្តែបែរជាចាត់ទុកវាជាមធ្យោបាយមួយដើម្បីលេចធ្លោទៅវិញ និងជាមធ្យោបាយមួយដើម្បីទទួលបានការគោរព និងការកោតសរសើរ។ ខ្ញុំចង់លាឈប់ពីការងារ ហើយបំពេញភារកិច្ចពេញម៉ោង មិនមែនដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ក្នុងការបំពេញភារកិច្ចនោះទេ ប៉ុន្តែគឺដើម្បីដណ្ដើមឋានៈជាមួយដៃគូរបស់ខ្ញុំ និងដើម្បីយកឈ្នះគាត់ទៅវិញ។ នៅពេលដែលខ្ញុំមិនអាចបំពេញភារកិច្ចពេញម៉ោងបាន ដោយសារបញ្ហាជាក់ស្ដែង ខ្ញុំក៏ចង់ប្តូរទៅបំពេញភារកិច្ចផ្សេង ដើម្បីមានឱកាសលេចធ្លោ។ ការពិតបានបង្ហាញខ្ញុំថា អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើមិនមែនដើម្បីបំពេញភារកិច្ចពិតប្រាកដទេ ប៉ុន្តែគឺដើម្បីប្រើប្រាស់ភារកិច្ចរបស់ខ្ញុំជាឱកាសមួយដើម្បីស្វែងរកកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ទៅវិញ។ ព្រះជាម្ចាស់ស្អប់ខ្ពើមការប្រព្រឹត្តបែបនេះណាស់។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់៖ «មនុស្សដ៏សាហាវឃោរឃៅអើយ! ល្បិចកលទុច្ចរិត និងការរៀបចំគ្រោងការណ៍អាក្រក់ ការឆក់យក និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅថ្ងៃអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ? ដូចនេះ ព្រះជាម្ចាស់ត្រូវគេបង្ខំកាត់ទោសប្រហារជីវិតជាច្រើនលើកច្រើនសារ ហើយចៅក្រមឃោរឃៅច្រើនរាប់មិនអស់បានថ្កោលទោសព្រះជាម្ចាស់ និងបានដំដែកគោលឆ្កាងទ្រង់ទៅលើឈើឆ្កាងជាថ្មីម្ដងទៀត។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចត្រូវបានហៅថាសុចរិតបាន ដោយសារពួកគេធ្វើការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ?» (ដកស្រង់ពី «មនុស្សអាក្រក់នឹងត្រូវទទួលទោសជាមិនខាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មនុស្សមួយចំនួនតែងតែភ័យខ្លាចថា អ្នកដទៃពូកែជាងខ្លួន និងខ្ពស់ជាងខ្លួន ខ្លាចថាអ្នកដទៃត្រូវគេទទួលស្គាល់ ចំណែកឯខ្លួនវិញ ត្រូវគេមើលរំលង ហើយរឿងនេះនាំឱ្យពួកគេវាយប្រហារ និងផាត់អ្នកដទៃចេញ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានទេពកោសល្យទេឬអី? តើនោះមិនមែនអាត្មានិយម និងគួរឱ្យស្អប់ទេឬអី? តើនេះជានិស្ស័យបែបណាទៅ? ជានិស្ស័យព្យាបាទ។ មនុស្សណាដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើអ្វីតាមតែបំណងប្រាថ្នាអាត្មានិយមរបស់ខ្លួន ដោយពុំបានគិតគូរពីអ្នកដទៃ ឬពុំបានពិចារណាអំពីប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សនោះមាននិស្ស័យអាក្រក់ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ។ ប្រសិនបើអ្នកពិតជាអាចបង្ហាញពីការគិតគូរដល់ព្រះរាជបំណងបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ ប្រសិនបើអ្នកណែនាំបុគ្គលល្អម្នាក់ និងអនុញ្ញាតឱ្យគេហ្វឹកហ្វឺន និងអនុវត្តភារកិច្ចណាមួយ ដោយឱ្យផលជាការបន្ថែមបុគ្គលមានទេពកោសល្យម្នាក់ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទៅហើយទេឬ? ពេលនោះ តើអ្នកមិនមែនកំពុងបង្ហាញភាពស្មោះត្រង់នៅក្នុងភារកិច្ចរបស់អ្នកទេឬអី? នោះគឺជាអំពើល្អនៅចំពោះព្រះជាម្ចាស់។ មនុស្សដែលបំពេញតួនាទីជាអ្នកដឹកនាំ គួរមានសតិសម្បជញ្ញៈ និងវិចារណញាណតិចតួចបំផុតនេះ» (ដកស្រង់ពី «មានតែលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ពីសភាពបច្ចុប្បន្នរបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «មនុស្សមួយចំនួនតែងតែភ័យខ្លាចថា អ្នកដទៃពូកែជាងខ្លួន និងខ្ពស់ជាងខ្លួន ខ្លាចថាអ្នកដទៃត្រូវគេទទួលស្គាល់ ចំណែកឯខ្លួនវិញ ត្រូវគេមើលរំលង ហើយរឿងនេះនាំឱ្យពួកគេវាយប្រហារ និងផាត់អ្នកដទៃចេញ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានទេពកោសល្យទេឬអី? តើនោះមិនមែនអាត្មានិយម និងគួរឱ្យស្អប់ទេឬអី? តើនេះជានិស្ស័យបែបណាទៅ? ជានិស្ស័យព្យាបាទ»។ ព្រះបន្ទូលទាំងនេះពិតប្រាកដមែន ហើយបានលាតត្រដាងពីសភាពពិតរបស់ខ្ញុំ។ នៅពេលខ្ញុំឃើញថាដៃគូរបស់ខ្ញុំទទួលបានលទ្ធផលល្អជាងខ្ញុំនៅក្នុងភារកិច្ចរបស់គាត់ ហើយពូកែដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីជាង ខ្ញុំគ្រាន់តែមានអារម្មណ៍ថាគាត់ល្អជាងខ្ញុំ ហើយខ្ញុំនឹងមិនអាចបង្ហាញខ្លួនបានឡើយដរាបណាមានគាត់នៅទីនោះ។ ដូច្នេះ ខ្ញុំក៏ច្រណែននឹងគាត់ ហើយផាត់គាត់ចេញ និងមិនចង់ធ្វើការជាដៃគូជាមួយគាត់ទេ។ ខ្ញុំមានចេតនាមិនអើពើនឹងសាររបស់គាត់ ហើយមិនលើកទូរស័ព្ទរបស់គាត់។ នៅពេលគាត់ចែកចាយអំពីការយល់ដឹងពីបទពិសោធរបស់គាត់ ខ្ញុំមិនបានសហការជាមួយគាត់ដើម្បីថែរក្សាជីវិតពួកជំនុំទេ ផ្ទុយទៅវិញ ខ្ញុំបែរជាព្យាយាមចាប់កំហុសរបស់គាត់។ ខ្ញុំថែមទាំងមានចេតនាហៅគាត់ថាក្រអឺតក្រទម ហើយវាយប្រហារគាត់ទៀតផង ដើម្បីឲ្យគាត់មិនសូវមានចិត្តក្លៀវក្លា ហើយឈប់លេចធ្លោ និងយកឈ្នះខ្ញុំ។ ខ្ញុំពិតជាព្យាបាទខ្លាំងណាស់។ រាល់ពេលដែលខ្ញុំត្រូវបំពេញភារកិច្ចជាមួយគាត់ ខ្ញុំមានអារម្មណ៍រងទុក្ខវេទនាយ៉ាងខ្លាំង។ ខ្ញុំតែងតែចង់ប្រកួតប្រជែងជាមួយគាត់ ហើយមិនអាចរក្សាភាពស្ងប់ស្ងាត់របស់ខ្ញុំបានទាល់តែសោះ។ វាគឺដូចជាព្រះជាម្ចាស់បានមានបន្ទូលថា៖ «មនុស្សដ៏សាហាវឃោរឃៅអើយ! ល្បិចកលទុច្ចរិត និងការរៀបចំគ្រោងការណ៍អាក្រក់ ការឆក់យក និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន?» (ដកស្រង់ពី «មនុស្សអាក្រក់នឹងត្រូវទទួលទោសជាមិនខាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយសារបំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំមិនដែលបានបំពេញ ខ្ញុំក៏ចាប់ផ្តើមស្អប់ដៃគូរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែចង់ចេញឆ្ងាយ និងកម្ចាត់គាត់ចេញ ដើម្បីឲ្យខ្ញុំអាចធ្វើការតែម្នាក់ឯងបាន។ ខ្ញុំថែមទាំងបានគិតចង់ឈប់ពីភារកិច្ចរបស់ខ្ញុំទៀតផង។ ខ្ញុំបានដឹងថា ខ្ញុំជាមនុស្សព្យាបាទ និងខ្វះភាពជាមនុស្ស។ ក្នុងការបំពេញភារកិច្ច ខ្ញុំគិតតែពីខ្លួនឯង មិនបានគិតពីកិច្ចការពួកជំនុំឡើយ។ ទោះបីជាកិច្ចការពួកជំនុំត្រូវពន្យារពេលក៏ដោយ ក៏ខ្ញុំមិនខ្វល់ ឬព្រួយបារម្ភដែរ។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់! ខ្ញុំក៏បានគិតដែរថា ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើការជាដៃគូជាមួយម៉ាថាយដោយសាមញ្ញ និងចុះសម្រុងគ្នាបាន? ខ្ញុំបានដឹងថា នៅក្នុងជំនឿរបស់ខ្ញុំ ខ្ញុំបានដើរផ្លូវខុស ដោយសារតែនិស្ស័យសាតាំងរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនស្វែងរកសេចក្តីពិត ហើយដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំទេ ខ្ញុំនឹងបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយធ្លាក់ចូលទៅក្នុងភាពងងឹត។ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ជាច្រើនដង សុំឲ្យទ្រង់ជួយឱ្យខ្ញុំយល់ និងដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។

បន្ទាប់មក ខ្ញុំបានឃើញព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់៖ «តើអ្វីជាបាវចនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេជាក្រុមអ្វីក៏ដោយ? 'ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង! ខ្ញុំត្រូវតែប្រកួតប្រជែងដើម្បីឱ្យបានខ្ពស់បំផុត និងអស្ចារ្យបំផុត'។ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅគ្រប់ទីកន្លែងដែលពួកគេទៅ ពួកគេប្រកួតប្រជែង និងព្យាយាមសម្រេចគោលបំណងរបស់ពួកគេ។ ពួកគេជាអ្នកបម្រើសាតាំង ហើយពួកគេរំខានដល់កិច្ចការរបស់ពួកជំនុំ។ និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺបែបនេះឯង៖ ដំបូងឡើយ ពួកគេចាប់ផ្ដើមសង្កេតមើលជុំវិញពួកជំនុំ ដើម្បីមើលថា តើអ្នកណាបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងមានដើមទុន អ្នកណាមានអំណោយទាន ឬទេពកោសល្យខ្លះ អ្នកណាដែលបានផ្ដល់ផលប្រយោជន៍ដល់បងប្អូនប្រុសស្រី នៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេ អ្នកណាមានកិត្យានុភាពច្រើនជាង អ្នកណាជាអ្នកជឿចាស់វស្សា អ្នកណាដែលបងប្អូនប្រុសស្រីនិយាយសរសើរពី និងអ្នកណាមានលក្ខណៈវិជ្ជមានច្រើនជាង។ មនុស្សទាំងនោះហើយ ដែលជាគោលដៅនៃការប្រកួតប្រជែងរបស់ពួកគេ។ សរុបមក រាល់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទស្ថិតក្នុងចំណោមក្រុមមនុស្ស នេះគឺជាអ្វីដែលពួកគេតែងតែធ្វើ៖ ពួកគេប្រកួតប្រជែងដើម្បីឋានៈ ប្រកួតប្រជែងដើម្បីទទួលបានកេរ្ដិ៍ឈ្មោះល្អ ប្រកួតប្រជែងដើម្បីមានអំណាចសម្រេចចិត្តលើបញ្ហា និងសិទ្ធិក្នុងការសម្រេចចិត្តនៅក្នុងក្រុម ដែលនៅពេលពួកគេទទួលបានវា ធ្វើឱ្យពួកគេសប្បាយរីករាយ។ ... នោះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមានអំនួត គួរឱ្យស្អប់ខ្ពើម និងគ្មានហេតុផលបែបនេះឯង។ ពួកគេគ្មានទាំងសតិសម្បជញ្ញៈ ឬវិចារណញាណ ហើយក៏គ្មានសេចក្ដីពិតសូម្បីតែបន្តិចសោះដែរ។ គេអាចមើលឃើញតាមរយៈសកម្មភាព និងទង្វើរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទថា អ្វីដែលពួកគេធ្វើគឺគ្មានវិចារណញាណដូចមនុស្សធម្មតាឡើយ ហើយទោះបីជាគេអាចប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេក៏ដោយ ក៏ពួកគេមិនទទួលយកដែរ។ ទោះបីជាអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏វាគ្មានប្រសិទ្ធភាពចំពោះពួកគេដែរ។ រឿងតែមួយគត់ដែលពួកគេចូលចិត្តដេញតាមគឺ កេរ្តិ៍ឈ្មោះ និងឋានៈ ដែលពួកគេលើកតម្កើង។ ដរាបណាពួកគេអាចរីករាយនឹងផលប្រយោជន៍នៃឋានៈបាន នោះពួកគេក៏ពេញចិត្តហើយ។ ពួកគេជឿជាក់ថា នេះគឺជាតម្លៃនៃជីវិតរស់នៅរបស់ពួកគេ។ មិនថាពួកគេស្ថិតក្នុងក្រុមមនុស្សអ្វីក៏ដោយ ពួកគេត្រូវបង្ហាញដល់មនុស្សអំពី 'ពន្លឺ' និង 'ភាពកក់ក្តៅ' ដែលពួកគេផ្តល់ឱ្យ ទេពកោសល្យរបស់ពួកគេ និងលក្ខណៈពិសេសរបស់ពួកគេ។ ហើយដោយសារតែពួកគេជឿថាពួកគេគឺពិសេស អីចឹងហើយបានជាពួកគេគិតថាពួកគេគួរតែត្រូវបានគេប្រព្រឹត្តចំពោះខ្លួនល្អជាងមនុស្សធម្មតា ដែលពួកគេគួរតែទទួលបានការគាំទ្រ និងការកោតសរសើរពីមនុស្ស ដែលថាមនុស្សគួរតែគោរពកោតសរសើរពួកគេ ថ្វាយបង្គំពួកគេ។ ពួកគេគិតថាអ្វីៗទាំងអស់នេះគឺជារបស់ពួកគេ។ តើមនុស្សបែបនេះមិនមែនជាមនុស្សមុខក្រាស់ និងឥតអៀនខ្មាសទេឬ? តើការមានមនុស្សបែបនេះនៅក្នុងពួកជំនុំ មិនមែនជារឿងនាំបញ្ហាទេឬ?» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងពីភាពធ្ងន់ធ្ងរនៃទង្វើរបស់ខ្ញុំ។ តាមពិតទៅ ក្នុងការស្វែងរកកេរ្តិ៍ឈ្មោះ ឋានៈ និងការកោតសរសើរពីអ្នកដទៃនៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំកំពុងតែបញ្ចេញឲ្យឃើញនូវនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលខ្ញុំឃើញថា ការប្រកបគ្នាអំពីសេចក្តីពិតរបស់ម៉ាថាយធ្វើឲ្យយល់ដឹងច្រើន ហើយគាត់ទទួលបានលទ្ធផលនៅក្នុងភារកិច្ចរបស់គាត់ ហើយបងប្អូនប្រុសស្រីទាំងអស់បានសរសើរគាត់ ហើយទៅរកគាត់នៅពេលមានសំណួរ ខ្ញុំក៏ច្រណែននឹងគាត់។ ដើម្បីយកឈ្នះគាត់ និងយកបានចិត្តរបស់អ្នកដទៃ ខ្ញុំថែមទាំងបានគិតចង់ឈប់ពីការងារ ដើម្បីបំពេញភារកិច្ចពេញម៉ោង ដើម្បីឲ្យខ្ញុំអាចនៅទីនោះភ្លាមៗ នៅពេលដែលនរណាម្នាក់ត្រូវការខ្ញុំ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ បែបនោះ បងប្អូនប្រុសស្រីនឹងកោតសរសើរខ្ញុំ ហើយនឹងលែងមានកន្លែងពិសេសសម្រាប់ដៃគូរបស់ខ្ញុំនៅក្នុងចិត្តរបស់ពួកគេទៀតហើយ។ រាល់ពេលដែលខ្ញុំបំពេញភារកិច្ចជាមួយម៉ាថាយ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំកំពុងរស់នៅក្នុងស្រមោលរបស់គាត់ ហើយខ្ញុំគ្មានឱកាសបង្ហាញខ្លួនឡើយ។ ខ្ញុំមិនចូលចិត្តដែលគាត់តែងតែទទួលបានការកោតសរសើរពីបងប្អូនប្រុសស្រី ទោះក្នុងមធ្យោបាយណាក៏ដោយ ហើយខ្ញុំថែមទាំងសង្ឃឹមថា គ្មាននរណាម្នាក់ឆ្លើយតបគាត់ នៅពេលគាត់ផ្ញើសារនៅក្នុងគ្រុប។ ដោយសារតែគាត់ ទើបគ្មានបងប្អូនប្រុសស្រីណាម្នាក់ចាប់អារម្មណ៍ខ្ញុំ ដូច្នេះ ខ្ញុំបានចំណាយពេលទាំងអស់របស់ខ្ញុំប្រកួតប្រជែងជាមួយគាត់ ដោយសង្ឃឹមថានឹងយកឈ្នះគាត់ ហើយធ្វើឲ្យបងប្អូនប្រុសស្រីកោតសរសើរ និងលើកតម្កើងខ្ញុំ។ នេះគឺជាទង្វើដែលខ្ញុំតែងតែបញ្ចេញឲ្យឃើញ ក្នុងការដណ្ដើមយកកេរ្តិ៍ឈ្មោះ និងឋានៈ។ នៅពេលដែលមហិច្ឆតា និងបំណងប្រាថ្នារបស់ខ្ញុំមិនបានសម្រេចម្តងហើយម្តងទៀត ខ្ញុំគិតថា ខ្ញុំគ្មានឱកាសលេចធ្លោទេ ហើយក៏ចង់ឈប់ធ្វើជាអ្នកអធិប្បាយ ដោយគិតថា ខ្ញុំនឹងមានឱកាសលើកកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងនៅក្នុងភារកិច្ចផ្សេង។ ខ្ញុំបានដឹងថា ការឈ្លក់វង្វេងនឹងកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំគឺមិនអាចគ្រប់គ្រងបានទេ។ ខ្ញុំគឺដូចជាពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈ បំណងប្រាថ្នានេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនខ្ញុំ វាជាផ្នែកមួយនៃធម្មជាតិរបស់ខ្ញុំ។ ខ្ញុំបានដឹងថា ផ្លូវដែលខ្ញុំកំពុងដើរគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ និស្ស័យរបស់ព្រះជាម្ចាស់គឺមិនអាចប្រមាថបានទេ ដ្បិតទ្រង់សុចរិត។ ប្រសិនបើខ្ញុំមិនស្វែងរកការផ្លាស់ប្តូរទេ ហើយគិតតែពីការដណ្ដើមយកកេរ្តិ៍ឈ្មោះ និងឋានៈ ដោយមិនបានគិតពីកិច្ចការពួកជំនុំសូម្បីតែបន្តិច ខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងជម្រុះចោល។ ខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯងយ៉ាងខ្លាំង ហើយលែងចង់ដណ្ដើមយកកេរ្តិ៍ឈ្មោះ និងឋានៈជាមួយដៃគូរបស់ខ្ញុំទៀតហើយ។ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ សុំឲ្យទ្រង់ជួយខ្ញុំឲ្យរួចផុតពីចំណង និងការឃុំគ្រងនៃនិស្ស័យសាតាំងរបស់ខ្ញុំ។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលមួយវគ្គនេះរបស់ព្រះជាម្ចាស់៖ «ទោះបីជាទិសដៅ ឬគោលដៅនៃការដេញតាមរបស់អ្នកជាអ្វីក៏ដោយ ប្រសិនបើអ្នកមិនឆ្លុះបញ្ចាំងពីការដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះ ហើយប្រសិនបើអ្នកយល់ថាវាពិបាកខ្លាំងណាស់ក្នុងការបោះបង់ចោលរឿងនេះ នោះវានឹងប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់អ្នក។ ដរាបណា ឋានៈមានកន្លែងនៅក្នុងចិត្តរបស់អ្នក នោះវានឹងអាចគ្រប់គ្រង និងមានឥទ្ធិពលយ៉ាងពេញលេញទៅលើទិសដៅជីវិតរបស់អ្នក និងគោលដៅនៃការដេញតាមរបស់អ្នក ដែលក្នុងករណីនោះ វានឹងពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត មិនបាច់និយាយដល់ការសម្រេចបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកឡើយ។ មិនថានៅទីបំផុតអ្នកអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ឬអត់ក៏ដោយក៏មិនចាំបាច់និយាយដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកមិនអាចបោះបង់ចោលការដេញតាមឋានៈរបស់អ្នកបានទេ នោះវានឹងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការបំពេញភារកិច្ចរបស់អ្នកឱ្យស្របតាមស្ដង់ដា ដែលនឹងធ្វើឱ្យវាពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការក្លាយជាភាវៈដែលបានបង្កើតមកដែលស្របតាមស្ដង់ដា។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតនៅពេលដែលមនុស្សដេញតាមឋានៈ ពីព្រោះការដេញតាមឋានៈគឺជានិស្ស័យរបស់សាតាំង វាជាផ្លូវខុស វាបានកើតចេញពីសេចក្ដីពុករលួយរបស់សាតាំង វាជាអ្វីមួយដែលព្រះជាម្ចាស់ផ្ដន្ទាទោស ហើយវាគឺជាអ្វីដែលព្រះជាម្ចាស់ជំនុំជម្រះ និងបន្សុទ្ធ។ ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតនៅពេលដែលមនុស្សដេញតាមឋានៈ ប៉ុន្តែអ្នកនៅតែរឹងប្រជែងដណ្ដើមឋានៈ អ្នកឱ្យតម្លៃខ្ពស់លើវា និងការពារវាជានិច្ច ដោយតែងតែព្យាយាមយកវាធ្វើជារបស់ខ្លួន។ តើនៅក្នុងរឿងទាំងអស់នេះ មិនមានលក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់បន្តិចបន្តួចទេឬ? ឋានៈមិនមែនជាអ្វីដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់ប្រទានសេចក្ដីពិត ផ្លូវ និងជីវិតដល់មនុស្ស ដើម្បីឱ្យនៅទីបំផុតពួកគេក្លាយជាភាវៈដែលបានបង្កើតមកដែលស្របតាមស្ដង់ដា ជាភាវៈដែលបានបង្កើតមកដ៏តូចតាច និងមិនសំខាន់ ពោលគឺមិនមែនជាអ្នកដែលមានឋានៈ និងកិត្យានុភាព ហើយត្រូវបានមនុស្សរាប់ពាន់នាក់លើកតម្កើងនោះទេ។ ដូច្នេះហើយ ទោះបីជាមើលពីទស្សនៈណាក៏ដោយ ការដេញតាមឋានៈគឺជាផ្លូវទាល់។ ទោះបីជាហេតុផលរបស់អ្នកសម្រាប់ការដេញតាមឋានៈសមហេតុផលយ៉ាងណាក៏ដោយ ផ្លូវនេះនៅតែជាផ្លូវខុស ហើយមិនត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យឡើយ។ ទោះបីជាអ្នកព្យាយាមខ្លាំងប៉ុនណា ឬលះបង់តម្លៃធំប៉ុនណាក៏ដោយ ប្រសិនបើអ្នកប្រាថ្នាចង់បានឋានៈ ព្រះជាម្ចាស់នឹងមិនប្រទានវាដល់អ្នកឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនប្រទានឱ្យទេ អ្នកនឹងបរាជ័យក្នុងការតស៊ូដើម្បីទទួលបានវា ហើយប្រសិនបើអ្នកបន្តតស៊ូ នោះនឹងមានលទ្ធផលតែមួយគត់៖ អ្នកនឹងត្រូវបានបើកសម្ដែងឱ្យឃើញ និងត្រូវបានជម្រុះចោល ហើយអ្នកនឹងជួបនឹងផ្លូវទាល់» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ឃើញថា ការបន្តស្វែងរកឋានៈរបស់ខ្ញុំមិនត្រឹមតែរារាំងសមត្ថភាពរបស់ខ្ញុំក្នុងការបំពេញភារកិច្ចបានល្អប៉ុណ្ណោះទេ វាក៏បានរារាំងខ្ញុំពីការបំពេញតាមស្តង់ដារជាសត្តនិករដែរ។ ដោយសារខ្ញុំតែងតែស្វែងរកឋានៈ តែងតែព្យាយាមយកឈ្នះម៉ាថាយ និងទទួលបានការកោតសរសើរពីមនុស្សគ្រប់គ្នា ហើយតែងតែដណ្ដើម និងប្រកួតប្រជែង ខ្ញុំក៏កាន់តែព្យាបាទ និងកាន់តែខ្វះភាពជាមនុស្សធម្មតា។ ខ្ញុំបានឃើញថា ការស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈមិនមែនជាផ្លូវត្រឹមត្រូវទេ ហើយវាគឺជាផ្លូវដែលប្រឆាំងនឹងព្រះជាម្ចាស់ ដែលនាំទៅរកសេចក្តីវិនាស។ ដោយសារខ្ញុំចាត់ទុកខ្លួនឯងថាជាអ្នកជឿ និងជាសត្តនិករ ខ្ញុំគួរតែផ្តោតលើការស្វែងរកសេចក្តីពិត ហើយឈប់តស៊ូនឹងអ្វីដែលគ្មានប្រយោជន៍ដូចជាដេញចាប់កេរ្តិ៍ឈ្មោះ និងឋានៈ។ មានតែពេលនោះទេ ទើបខ្ញុំអាចជៀសវាងពីការធ្វើអំពើអាក្រក់ និងការប្រឆាំងនឹងព្រះជាម្ចាស់បាន។ ដូច្នេះ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ដោយទូលថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំបានស្គាល់ធម្មជាតិសាតាំងរបស់ទូលបង្គំហើយ។ ដោយសារការឈ្លក់វង្វេងនឹងកេរ្តិ៍ឈ្មោះ និងឋានៈ ទូលបង្គំតែងតែមានអារម្មណ៍ច្រណែននឹងម៉ាថាយ ហើយមិនចង់ធ្វើការជាដៃគូជាមួយគាត់ទេ។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំសុខចិត្តប្រែចិត្តចំពោះទ្រង់ ហើយលែងស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈទៀតហើយ។ ទូលបង្គំគ្រាន់តែប្រាថ្នាចង់ស្វែងរកសេចក្តីពិតឲ្យបានត្រឹមត្រូវ និងបំពេញភារកិច្ចរបស់ទូលបង្គំឲ្យបានល្អ។ ព្រះជាម្ចាស់អើយ សូមទ្រង់ដឹកនាំ និងជួយទូលបង្គំផង»។

ក្នុងអំឡុងពេលខ្ញុំស្វែងរកព្រះ ខ្ញុំបានអានព្រះបន្ទូលមួយវគ្គនេះរបស់ព្រះជាម្ចាស់៖ «តើអ្នករាល់គ្នាមានគោលការណ៍អ្វីខ្លះសម្រាប់ការប្រព្រឹត្តខ្លួន? អ្នកគួរតែប្រព្រឹត្តខ្លួនឱ្យស្របតាមតួនាទីរបស់អ្នក ស្វែងរកកន្លែងដែលត្រឹមត្រូវរបស់អ្នក ហើយត្រូវធ្វើឱ្យបានល្អនូវភារកិច្ចណាដែលអ្នកគួរធ្វើ។ មានតែដូច្នោះទេ ទើបជាមនុស្សម្នាក់ដែលមានវិចារណញ្ញាណ។ ជាឧទាហរណ៍ ប្រសិនបើអ្នកពូកែខាងជំនាញវិជ្ជាជីវៈជាក់លាក់ណាមួយ និងក្ដាប់បានអំពីគោលការណ៍នានា អ្នកគួរតែទទួលខុសត្រូវ និងអនុវត្តការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅក្នុងផ្នែកនោះ។ ប្រសិនបើអ្នកអាចផ្ដល់ជាគំនិត និងការយល់ដឹងផ្សេងៗ ដើម្បីបំផុសអ្នកដទៃឱ្យបំពេញភារកិច្ចរបស់ពួកគេបានកាន់តែប្រសើរ អ្នកគួរតែផ្ដល់ជាគំនិតទាំងនោះ។ ប្រសិនបើអ្នកអាចរកឃើញកន្លែងត្រឹមត្រូវសម្រាប់អ្នក និងសហការដោយចុះសម្រុងគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក នោះអ្នកនឹងបានបំពេញភារកិច្ចរបស់អ្នក។ នេះហើយគឺជាការប្រព្រឹត្តខ្លួនស្របតាមតួនាទីរបស់អ្នក» (ដកស្រង់ពី «គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ឲ្យខ្ញុំនូវមាគ៌ានៃការអនុវត្ត។ «ខ្ញុំគឺជាមនុស្សសាមញ្ញម្នាក់ ខ្ញុំគួរតែស្វែងរកការក្លាយជាសត្តនិករដ៏ពិតប្រាកដមួយ ឈរនៅកន្លែងដ៏ត្រឹមត្រូវរបស់ខ្ញុំ ធ្វើការចុះសម្រុងជាមួយអ្នកដទៃ និងបំពេញភារកិច្ចរបស់ខ្ញុំឲ្យអស់ពីសមត្ថភាព។ មានតែបែបនេះទេគឺជាផ្លូវដ៏ត្រឹមត្រូវ»។ ខ្ញុំបានគិតអំពីរបៀបដែលព្រះជាម្ចាស់បានឲ្យអ័ដាមដាក់ឈ្មោះឲ្យសត្វទាំងឡាយ ទ្រង់បានឯកភាពចំពោះឈ្មោះដែលអ័ដាមបានដាក់ឲ្យ ទ្រង់មិនបានបដិសេធអ័ដាម ហើយដាក់ឈ្មោះផ្ទាល់របស់ទ្រង់ទេ ដើម្បីបង្ហាញថាទ្រង់អស្ចារ្យជាងប៉ុនណា ប៉ុន្តែទ្រង់បានទទួលយកការជ្រើសរើសរបស់អ័ដាម។ ការណ៍នេះបានបង្ហាញខ្ញុំថា ការបន្ទាបខ្លួន និងការលាក់កំបាំងរបស់ព្រះជាម្ចាស់ គឺពិតជាគួរឲ្យស្រឡាញ់ណាស់។ ព្រះជាម្ចាស់គឺខ្ពង់ខ្ពស់បំផុត ជាព្រះអាទិករ ប៉ុន្តែទ្រង់បន្ទាបអង្គទ្រង់ដោយលាក់កំបាំង។ ចំណែកខ្ញុំវិញ ខ្ញុំគ្រាន់តែជាសត្តនិករដ៏សាមញ្ញម្នាក់ ប៉ុន្តែខ្ញុំតែងតែចូលចិត្តបង្ហាញមុខបង្ហាញមាត់ ដើម្បីទទួលបានការគោរពពីអ្នកដទៃ ហើយថែមទាំងព្យាយាមគាបសង្កត់អ្នកដែលទទួលបានលទ្ធផលល្អនៅក្នុងភារកិច្ចរបស់ពួកគេ ដើម្បីតែឋានៈ និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំផ្ទាល់។ ខ្ញុំពិតជាក្រអឺតក្រទម និងគ្មានហេតុផលពេកហើយ! ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលខ្ញុំបានធ្វើ ដូច្នេះ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដើម្បីប្រែចិត្ត ហើយបានអធិស្ឋានដល់ទ្រង់ សុំឲ្យទ្រង់ប្រទានភាពក្លាហានដល់ខ្ញុំ ដើម្បីលាតត្រដាងខ្លួនឯងនៅចំពោះមុខដៃគូរបស់ខ្ញុំ។

ក្រោយមក ខ្ញុំបានប្រមូលភាពក្លាហាន ហើយបានសុំទោសម៉ាថាយ ដោយលាតត្រដាងនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទរបស់ខ្ញុំ ដែលមានបំណងចង់ដណ្ដើមកេរ្តិ៍ឈ្មោះ និងឋានៈជាមួយគាត់ដោយសម្ងាត់។ បន្ទាប់ពីបានអនុវត្តបែបនោះមក ខ្ញុំមានអារម្មណ៍សុខសាន្តក្នុងចិត្តជាងមុន។ ក្រោយមក ម៉ាថាយបានរកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនដែលពាក់ព័ន្ធនឹងសភាពរបស់ខ្ញុំ ហើយព្រះបន្ទូលទាំងនោះពិតជាមានប្រយោជន៍សម្រាប់ខ្ញុំណាស់។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់! ខ្ញុំបានអធិស្ឋានដល់ទ្រង់ ហើយបានប្តេជ្ញាចិត្តថា ខ្ញុំនឹងប្រព្រឹត្តខ្លួនតាមដែលទ្រង់បានបង្គាប់។ បន្ទាប់ពីនោះមក ខ្ញុំបានឈប់មិនអើពើនឹងសាររបស់ដៃគូរបស់ខ្ញុំ ហើយបានចាប់ផ្តើមប្រាប់គាត់យ៉ាងសកម្មអំពីស្ថានភាពកិច្ចការទាំងអស់ដែលខ្ញុំទទួលខុសត្រូវ ដើម្បីឲ្យគាត់យល់ពីកិច្ចការរបស់ខ្ញុំ និងអាចមើលការខុសត្រូវ និងជួយខ្ញុំបាន។ យើងបានពិភាក្សាអំពីកិច្ចការរបស់យើងជាមួយគ្នា ហើយបានធ្វើជាដៃគូក្នុងការប្រកបគ្នាក្នុងអំឡុងពេលប្រជុំ។ យើងបានបំពេញឲ្យគ្នាទៅវិញទៅមក ហើយបានរួមគ្នាថែរក្សាកិច្ចការពួកជំនុំ។ អរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការព្យាបាលរោគច្រណែន

ដោយ ស៊ុនឈាវ (ចិន) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សាច់ឈាមរបស់មនុស្សគឺចេញមកពីសាតាំង វាពេញដោយនិស្ស័យបះបោរ គួរឲ្យស្មោកគ្រោក...

រង្វាន់ នៃការបំពេញភារកិច្ចរបស់មនុស្សម្នាក់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែពិត និងជាក់ស្ដែង ហើយត្រូវស្ដែងចេញ តាមការរស់នៅ។...

ការជំនួសសេចក្ដីច្រណែនដោយចិត្តសប្បុរស

កាលពីប៉ុន្មានឆ្នាំមុន បងស្រី សៅជី ត្រូវបានបញ្ជូនទៅក្រុមជំនុំរបស់ពួកយើងដើម្បីជួយខ្ញុំក្នុងភារកិច្ចរបស់ថ្នាក់ដឹកនាំ។ កន្លងមក ខ្ញុំបានដឹងថា...