ការលាតត្រដាងពីរូបខ្ញុំតាមរយៈការផ្លាស់ប្ដូរភារកិច្ច

07-08-2023

ខ្ញុំកំពុងបំពេញការងារខាងផលិតវីដេអូក្នុងក្រុមជំនុំ តែដោយសារពុំសូវមានការងារច្រើន អ្នកដឹកនាំក៏ផ្ទេរខ្ញុំទៅស្រោចស្រពអ្នកជឿថ្មីវិញ។ ពេលនោះ គេផ្ទេរខ្ញុំទៅវិញទៅមក ទៅតាមតម្រូវការការងារ។ មិននឹកស្មានថា ប៉ុន្មានខែក្រោយមក ការងារយើងត្រូវយឺតយ៉ាវ ហើយខ្ញុំត្រូវត្រឡប់ទៅស្រោចស្រពវិញ។ ក្រោយមក គេផ្ទេរខ្ញុំមកវិញម្ដងទៀត ហើយបងស្រីម្នាក់ប្រាប់ខ្ញុំថា៖ «កន្លែងណាគេត្រូវការប្អូន ប្អូនទៅកន្លែងនោះទៅ!» កាលនោះ ខ្ញុំមិនគិតអ្វីច្រើនពីចំណុចនេះទេ។ តែមិនដល់មួយខែផង ការងារវីដេអូក៏ថមថយវិញទៀត ហើយខ្ញុំក៏ចាប់ផ្ដើមបារម្ភថា មិនយូរទេ យើងនឹងលែងត្រូវការមនុស្សច្រើន ហើយខ្ញុំនឹងត្រូវគេបញ្ជូនទៅស្រោចស្រពអ្នកជឿថ្មីមិនខាន។ ខ្ញុំអួលដើមក ពេលគិតដល់រឿងនេះ។ ម៉េចក៏ខ្ញុំអត់បានការអ៊ីចឹង? ឱ្យតែមានការងារតិចតួច ហើយត្រូវការមនុស្សតិចជាងមុន ខ្ញុំគឺមនុស្សដែលត្រូវគេផ្ទេរចេញហើយ។ ខ្ញុំគ្មានតម្លៃអ្វីចំពោះពួកគេទេ! បើខ្ញុំពិតជាត្រូវគេផ្ទេរភារកិច្ចម្ដងទៀត តើអ្នកដទៃនឹងគិតបែបណាចំពោះខ្ញុំ? តើពួកគេនឹងឆ្ងល់ថាម៉េចបានគេតែងផ្ទេរខ្ញុំចុះឡើង ហើយមិនផ្ទេរអ្នកដទៃអ៊ីចឹង? ពួកគេមុខជាគិតថា នោះក៏ព្រោះតែខ្ញុំមិនល្អ ហើយគ្មានតួនាទីអ្វីសំខាន់។ គំនិតនេះធ្វើឱ្យខ្ញុំមិនសប្បាយចិត្តសោះ ហើយខ្ញុំមិនចង់ប្រឈមនឹងស្ថានភាពនោះទេ។

ក្រោយមក មានរឿងកើតឡើងដែលធ្វើឱ្យសភាពខ្ញុំកាន់តែយ៉ាប់ខ្លាំង។ ម្ដងនោះ យើងកំពុងពិភាក្សាបញ្ហាខ្លះក្នុងវីដេអូមួយ ហើយគ្រប់គ្នាបញ្ចេញទស្សនៈរៀងៗខ្លួន។ ពិតជាការពិភាក្សាយ៉ាងសកម្មភាពមែន។ ប៉ុន្តែទោះគិតរាប់សិបឆ្នាំទៀត ក៏ខ្ញុំនៅតែគ្មានគំនិតល្អ ឬមានអ្វីនិយាយដែរ។ មិនដឹងធ្វើម៉េច ខ្ញុំមានតែនៅស្ងៀមទៅ។ គ្រប់គ្នាចូលរួមជាយោបល់ តែខ្ញុំគ្មានយោបល់អ្វីទាល់តែសោះ។ ខ្ញុំមានអារម្មណ៍ដូចខ្ញុំមិននៅទីនោះអ៊ីចឹង។ ខ្ញុំកំពុងគិតថា ខ្ញុំត្រូវតែនិយាយអ្វីខ្លះទើបបាន។ ខ្ញុំត្រូវចែករំលែកអ្វីដែលជ្រាលជ្រៅ ដើម្បីឱ្យពួកគេឈប់មើលរំលងខ្ញុំ។ ខ្ញុំពិតជាខំប្រឹងគិតចង់បែកខួរហើយ ហើយចុងក្រោយ ក៏អាចបញ្ចេញគំនិតបាន តែគ្មាននរណាយល់ស្របតាមខ្ញុំទេ។ ខ្ញុំពិតជាខ្មាសគេខ្លាំងណាស់។ ខ្ញុំពិតជាអៀនខ្លួនមែនទែន។ តើពួកគេនឹងគិតបែបណាចំពោះខ្ញុំ? គិតតាំងពីធ្វើការខាងវីដេអូលើកចុងក្រោយមក គឺបានប្រាំបីខែហើយ ចំណែកជំនាញការងារ និងការយល់ពីគោលការណ៍របស់ខ្ញុំ គឺអន់ជាងកាលដែលខ្ញុំបានចាកចេញពីក្រុមលើកមុនទៅទៀត។ ខ្ញុំខ្សោយជាងអ្នកដទៃឆ្ងាយណាស់។ ដើម្បីពង្រឹងជំនាញទាំងអស់នោះ យើងត្រូវការរៀនសូត្រជាប់ជាប្រចាំ ហើយអ្នកផ្សេងទៀតតែងធ្វើការងារខាងវីដេអូនេះជាប់រហូតមក។ ពួកគេចាប់បានជំនាញ និងយល់ពីគោលការណ៍បានរឹតតែប្រសើរឡើង ឯខ្ញុំវិញ ម្ដងធ្វើការនៅត្រង់នេះ ម្ដងធ្វើការនៅត្រង់នោះ។ ខ្ញុំមិនបានអនុវត្តការងារនៅកន្លែងមួយឱ្យបានយូរទេ ដូច្នេះ ខ្ញុំគ្មានជំនាញក្នុងផ្នែកណាមួយឡើយ។ ឱ្យតែការងារមានតិច ខ្ញុំគឺជាមនុស្សដំបូងគេដែលត្រូវចេញ។ ទោះមានឬគ្មានខ្ញុំ ពួកគេគ្មានបញ្ហានោះទេ។ ផ្អែកតាមទំហំការងារ ខ្ញុំគិតថា អ្នកមើលការខុសត្រូវ អាចនឹងបញ្ជូនខ្ញុំទៅស្រោចស្រពអ្នកជឿថ្មីក្នុងពេលណាមួយមិនខាន។ គំនិតនេះធ្វើឱ្យខ្ញុំមិនសប្បាយចិត្តទេ ហើយខ្ញុំក៏យំ។ ខ្ញុំឆ្ងល់ថា៖ «ម៉េចបានរឿងនេះចេះតែកើតមកលើខ្ញុំអ៊ីចឹង?» មនុស្សខ្លះនៅក្នុងក្រុម គេមានជំនាញការងារ អ្នកខ្លះមានសមត្ថភាព អ្នកខ្លះទៀតមានបទពិសោធ និងបំពេញភារកិច្ចនេះបានមួយរយៈហើយ អ្នកខ្លះទៀត ពិតជាធ្វើការមានប្រសិទ្ធភាពមែន...។ ពួកគេមានចំណុចលេចធ្លោរៀងៗខ្លួន ទាស់អីតែខ្ញុំ គុណសម្បត្តិក៏មិនល្អដូចគេ ហើយគ្មានជំនាញទៀត ហើយខ្ញុំតែងដើរក្រោយគេមួយជំហានជានិច្ច។ ដូច្នេះ ពេលទំហំការងារថមថយ ហើយត្រូវការមនុស្សតិចជាងមុន ជាទូទៅ ខ្ញុំគឺមនុស្សម្នាក់ដែលត្រូវគេកាត់ចេញហើយ។ បើខ្ញុំមានគុណសម្បត្តិល្អ និងមានជំនាញការងារដូចពួកគេ ខ្ញុំនឹងមិនត្រូវគេផ្ទេរគ្រប់ពេលបែបនេះទេ តែទាស់ត្រង់ថា ខ្ញុំគ្មានជំនាញដូចគេ។ ម៉េចបានខ្ញុំគ្មានជំនាញដូចអ្នកដទៃ? ពេលខ្ញុំគិតបែបនេះកាន់តែច្រើន ខ្ញុំកាន់ខូចចិត្ត ហើយចាប់ផ្ដើមគិតខុសចំពោះព្រះ។

ក្រោយមក ទោះខ្ញុំបំពេញភារកិច្ចក៏ដោយ ក៏ខ្ញុំគ្មានការជំរុញចិត្តដែរ។ ខ្ញុំចេះតែធ្វើអ្វីៗទៅតាមទម្លាប់ដែលមានចែង ហើយធ្វើអ្វីបាន ក៏ចេះតែសប្បាយចិត្តទៅ។ ខ្ញុំមិនបានគិតថា តើត្រូវធ្វើយ៉ាងណាឱ្យការងារមានប្រសិទ្ធភាពដើម្បីសម្រេចបានលទ្ធផលបន្ថែមទៀតឡើយ។ ខ្ញុំមិនបានខំប្រឹងដោះស្រាយបញ្ហាដែលខ្ញុំជួបប្រទះនោះទេ។ ខ្ញុំមិនដឹងថា ខ្ញុំនៅក្នុងក្រុមបានយូរប៉ុនណាទេ ដូច្នេះ ខ្ញុំចេះតែបណ្ដែតបណ្ដោយទៅ។ ក្នុងអំឡុងពេលនោះ ឱ្យតែអ្នកដឹកនាំមកនិយាយជាមួយខ្ញុំ ខ្ញុំព្រួយចិត្តណាស់ ដោយគិតថា គាត់ប្រហែលមកនិយាយអំពីការប្ដូរភារកិច្ចខ្ញុំហើយ។ បេះដូងខ្ញុំតែងលោតញាប់ ទាល់តែដឹងថាគាត់និយាយពីការងារធម្មតា ទើបលែងអីវិញ។ រឿងនេះកើតឡើងដដែលៗ ធ្វើឱ្យខ្ញុំហត់នឿយណាស់។ ខ្ញុំគេងបានគ្រប់គ្រាន់ តែខ្ញុំតែងងោកងុយពេលថ្វាយបង្គំព្រះ ហើយខ្ញុំគ្មានការយល់ដឹងអ្វីជ្រៅជ្រះពីបន្ទូលព្រះទេ។ ខ្ញុំដឹងថា សភាពខ្ញុំមិនត្រឹមត្រូវទេ ដូច្នេះ ខ្ញុំប្រញាប់មកអធិស្ឋាន និងស្វែងរកនៅចំពោះព្រះ និងឆ្លុះបញ្ចាំងពីបញ្ហាខ្លួនឯង។ ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលជួយឱ្យខ្ញុំស្គាល់ខ្លួនឯង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្នករាល់គ្នាមានគោលការណ៍អ្វីខ្លះសម្រាប់ការប្រព្រឹត្តខ្លួន? អ្នកគួរតែប្រព្រឹត្តខ្លួនឱ្យស្របតាមតួនាទីរបស់អ្នក ស្វែងរកតួនាទីដែលសមស្របសម្រាប់អ្នក ហើយត្រូវបំពេញភារកិច្ចណាដែលអ្នកគួរបំពេញ។ មានតែបែបនេះទេ ទើបជាមនុស្សម្នាក់ដែលមានវិចារណញ្ញាណ។ ឧទាហរណ៍ មនុស្សខ្លះពូកែខាងជំនាញវិជ្ជាជីវៈ និងមានការយល់ដឹងអំពីគោលការណ៍ ហើយពួកគេគួរតែរ៉ាប់រងការទទួលខុសត្រូវនោះ និងធ្វើការសម្រេចចុងក្រោយលើកិច្ចការនោះ។ មនុស្សខ្លះអាចផ្ដល់ជាគំនិត និងការយល់ដឹងជ្រៅជ្រះ ដោយជំរុញទឹកចិត្តអ្នកដទៃ និងជួយដល់ពួកគេឱ្យបំពេញភារកិច្ចរបស់ខ្លួនបានប្រសើរជាងមុន បែបនេះ ពួកគេគួរតែផ្ដល់ជាគំនិត។ ប្រសិនបើអ្នករកឃើញតួនាទីដែលសមស្របសម្រាប់ខ្លួនអ្នក និងធ្វើការដោយចុះសម្រុងគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក នោះអ្នកនឹងសម្រេចភារកិច្ចរបស់អ្នកមិនខាន ហើយអ្នកនឹងប្រព្រឹត្តខ្លួនស្របតាមតួនាទីរបស់អ្នក។ ប្រសិនបើអ្នកមានឱកាសផ្ដល់នូវគំនិតពីរបី ប៉ុន្តែអ្នកចង់ផ្ដល់គំនិតផ្សេងទៀត ហើយអ្នកខំព្យាយាមយ៉ាងខ្លាំង ដើម្បីចែករំលែក ប៉ុន្តែចុងក្រោយ អ្នកមិនអាចធ្វើបានទេ។ ក្រោយមក នៅពេលអ្នកដទៃផ្ដល់គំនិតផ្សេងទៀត អ្នកមានអារម្មណ៍មិនសប្បាយចិត្ត និងមិនចង់ស្ដាប់ទេ ហើយអ្នកឈឺចិត្ត និងមានអារម្មណ៍តានតឹង រួចអ្នកក៏ស្ដីបន្ទោសព្រះជាម្ចាស់ ហើយថា ព្រះអង្គអយុត្តិធម៌ នេះហើយគឺជាមហិច្ឆតា។ តើនិស្ស័យអ្វីដែលបណ្តាលឱ្យមានមហិច្ឆតានៅក្នុងចិត្តមនុស្ស? និស្ស័យក្រអឺតក្រទមបណ្តាលឱ្យមានមហិច្ឆតា។ សភាពទាំងនេះអាចលេចឡើងនៅក្នុងចិត្តអ្នករាល់គ្នាបានគ្រប់ពេល ហើយប្រសិនបើអ្នករាល់គ្នាមិនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយសភាពទាំងនោះ ហើយគ្មានច្រកចូលទៅក្នុងជីវិត និងមិនអាចផ្លាស់ប្ដូរបានក្នុងរឿងនេះទេ នោះកម្រិតនៃលក្ខណសម្បត្តិនិងភាពបរិសុទ្ធនៃការបំពេញភារកិច្ចរបស់អ្នករាល់គ្នា នឹងមានកម្រិតទាប ហើយលទ្ធផលក៏មិនសូវល្អដែរ។ ការបំពេញភារកិច្ចរបស់អ្នកបែបនេះ មិនជាទីគាប់ចិត្តទេ ហើយនេះមានន័យថា ព្រះជាម្ចាស់មិនបានទទួលសិរីល្អពីអ្នករាល់គ្នាទេ។ ព្រះជាម្ចាស់បានប្រទានដល់មនុស្សគ្រប់រូបនូវទេពកោសល្យនិងអំណោយទានផ្សេងៗគ្នា។ អ្នកខ្លះមានទេពកោសល្យពីរបីផ្នែក អ្នកខ្លះមានទេពកោសល្យមួយផ្នែក ហើយអ្នកខ្លះទៀតគ្មានទេពកោសល្យសោះឡើយ ប្រសិនបើអ្នករាល់គ្នាអាចដោះស្រាយបានយ៉ាងត្រឹមត្រូវអំពីចំណុចទាំងនេះ នោះអ្នកនឹងមានវិចារណញ្ញាណមិនខាន។ មនុស្សដែលមានវិចារណញ្ញាណ នឹងអាចរកឃើញតួនាទីរបស់ខ្លួន ប្រព្រឹត្តខ្លួនស្របតាមតួនាទី ហើយបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ។ មនុស្សដែលមិនអាចរកឃើញតួនាទីរបស់ខ្លួន គឺជាមនុស្សដែលតែងតែមានមហិច្ឆតា។ ពួកគេតែងតែដេញតាមឋានៈ និងអត្ថប្រយោជន៍ជានិច្ច។ ពួកគេមិនដែលពេញចិត្តនឹងអ្វីដែលខ្លួនមានឡើយ។ ដើម្បីបានអត្ថប្រយោជន៍ថែមទៀត ពួកគេព្យាយាមយកឱ្យបានច្រើនតាមតែគេអាចធ្វើទៅបាន ពួកគេតែងតែចង់បំពេញតាមបំណងប្រាថ្នាដ៏ហួសហេតុរបស់ខ្លួនជានិច្ច។ ពួកគេគិតថា ប្រសិនបើពួកគេមានអំណោយទាន និងមានគុណសម្បត្តិល្អ ពួកគេគួរតែទទួលបានព្រះគុណព្រះជាម្ចាស់ថែមទៀត ហើយការមានបំណងប្រាថ្នាហួសហេតុខ្លះ មិនមែនជាកំហុសនោះទេ។ តើមនុស្សបែបនេះមានវិចារណញ្ញាណឬទេ? តើការដែលតែងតែមានបំណងប្រាថ្នាហួសហេតុនេះមិនមែនជារឿងឥតអៀនខ្មាសទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ អាចដឹងថា នេះជារឿងឥតអៀនខ្មាស។ មនុស្សដែលយល់ពីសេចក្តីពិត នឹងមិនធ្វើរឿងល្ងីល្ងើទាំងនេះទេ។ ប្រសិនបើអ្នកចង់បំពេញភារកិច្ចរបស់អ្នកដោយស្មោះត្រង់ ដើម្បីជាការតបស្នងនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នេះមិនមែនជាបំណងប្រាថ្នាហួសហេតុឡើយ។ ការនេះស្របតាមសតិសម្បជញ្ញៈ និងវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា។ ការនេះធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ។ ប្រសិនបើអ្នកពិតជាចង់បំពេញភារកិច្ចរបស់អ្នកឱ្យបានល្អមែន ជាដំបូង អ្នកត្រូវតែស្វែងរកតួនាទីដែលត្រូវនឹងអ្នកជាមុនសិន បន្ទាប់មក បំពេញតួនាទីនោះឱ្យអស់ពីចិត្ត អស់ពីគំនិត អស់ពីកម្លាំង និងអស់ពីសមត្ថភាពរបស់អ្នក។ ការធ្វើបែបនេះទើបជាទីគាប់ចិត្ត ហើយការបំពេញភារកិច្ចបែបនេះ ទើបជាកម្រិតនៃភាពបរិសុទ្ធ។ ភាវៈដែលព្រះបង្កើតមកយ៉ាងពិតប្រាកដ គួរតែប្រព្រឹត្តបែបនេះឯង» (ដកស្រង់ពី «គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះបង្ហាញខ្ញុំថា កន្លងមក ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ព្រោះខ្ញុំមិនសម្រេចបំណងធំរបស់ខ្ញុំ។ អ្នកដទៃមិនកោតសរសើរ ឬឱ្យតម្លៃខ្ញុំ ហើយខ្ញុំមិនអាចប្ដូរកាលៈទេសៈខ្លួនឯងបាន ដូច្នេះ ខ្ញុំយល់ខុស និងស្ដីបន្ទោសព្រះ មានអារម្មណ៍ថា អ្វីដែលទ្រង់ប្រទានដល់ខ្ញុំ មិនល្អគ្រប់គ្រាន់នោះទេ។ ភារកិច្ចខ្ញុំត្រូវបានផ្លាស់ប្ដូរពីរដង ដោយសារការងារយឺត ហើយខ្ញុំមកវិញមិនទាន់បានមួយខែផង ខ្ញុំប្រហែលអាចត្រូវគេផ្ទេរជាលើកទីបី។ ក្នុងស្ថានភាពបែបនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សអន់ជាងគេក្នុងក្រុម ជាមនុស្សគ្មានបានការ ហើយវត្តមានខ្ញុំ គ្មានតម្លៃអ្វីនោះទេ។ ខ្ញុំមិនអាចទទួលយកការពិតនេះបាន ទើបខ្ញុំកើតទុក្ខជាខ្លាំង។ ក្នុងការពិភាក្សាការងារ ខ្ញុំមិនចង់មើលទៅនៅក្រោមគេពេកទេ ទើបខ្ញុំប្រឹងគិត និងព្យាយាមបញ្ចេញទស្សនៈស៊ីជម្រៅ និងមានតម្លៃ តែយោបល់របស់ខ្ញុំ ត្រូវគេបដិសេធចោល ហើយខ្ញុំមានអារម្មណ៍ខ្មាសគេជាខ្លាំង។ ហើយពេលឃើញថា ជំនាញខ្ញុំអន់ជាងអ្នកដទៃឆ្ងាយ ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត និងអន់ចិត្ត។ ខ្ញុំគិតថា ខ្ញុំគ្មានជំនាញត្រង់ចំណុចណាមួយទេ ព្រោះភារកិច្ចខ្ញុំចេះតែផ្លាស់ប្ដូរជាប់ ហើយទោះខ្ញុំទៅកន្លែងណា ក៏ខ្ញុំនៅថ្នាក់ក្រោមគេជានិច្ចដែរ ហើយគេអាចផ្ទេរខ្ញុំចេញបានគ្រប់ពេល។ ខ្ញុំលួចប្រៀបធៀបខ្លួនខ្ញុំនឹងអ្នកដទៃ។ ខ្ញុំយល់ថា ពួកគេសុទ្ធតែមានចំណុចខ្លាំង និងពូកែក្នុងផ្នែកណាមួយ ឯខ្ញុំវិញ នៅក្រោមគេគ្រប់យ៉ាង ហើយក៏មានចរិតបរាជ័យដែរ ពោលគឺធ្វើអ្វីយឺតគ្រប់រឿង។ ដោយមិនអាចប្រឈមនឹងការពិតនេះបាន ខ្ញុំបន្ទោសព្រះដែលមិនប្រទានគុណសម្បត្តិល្អដល់ខ្ញុំ។ ខ្ញុំបាក់ទឹកចិត្ត និងមានអារម្មណ៍ខុស និងខ្វះកម្លាំងជំរុញក្នុងការបំពេញភារកិច្ច។ តែតាមពិត ព្រះប្រទានអំណោយទាន ចំណុចខ្លាំង និងគុណសម្បត្តិដល់មនុស្សម្នាក់ៗខុសៗគ្នា។ យើងត្រូវព្រះដាក់បញ្ញត្តិឱ្យបំពេញភារកិច្ចខុសគ្នា។ គ្រប់យ៉ាងព្រះចាត់ចែងទាំងអស់។ បុគ្គលដែលមានហេតុផល តែងមានចិត្តចុះចូល។ ពួកគេធ្វើអ្វីៗទៅតាមកម្លាំងរបស់ខ្លួន និងបានជាប្រយោជន៍សម្រាប់ប្រើការ។ តែខ្ញុំវិញមិនបានចុះចូលទាល់តែសោះ។ ខ្ញុំមិនព្រមធ្វើជាមនុស្សអន់ទេ។ ខ្ញុំដេញតាមឋានៈនៅក្នុងចិត្តអ្នកដទៃ ដេញតាមការគោរព និងការកោតសរសើរពីពួកគេ ហើយពេលខ្ញុំមិនទទួលអ្វីទាំងនេះ ខ្ញុំលែងខំប្រឹងធ្វើការ។ ខ្ញុំគ្មានហេតុផលសោះ។ ព្រះមិនបានប្រទានគុណសម្បត្តិអស្ចារ្យដល់ខ្ញុំមែន តែទ្រង់ក៏មិនបានទាមទារអ្វីច្រើនពីខ្ញុំដែរ។ ទ្រង់គ្រាន់តែចង់ឱ្យខ្ញុំស្វែងរកកន្លែងស័ក្តិសមមួយ ហើយលះបង់គ្រប់យ៉ាងដើម្បីភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ។ គ្រាន់តែខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ប៉ុណ្ណេះគឺគ្រប់គ្រាន់ណាស់ហើយ។ តែខ្ញុំក្រអឺតក្រទមខ្លាំងពេក និងគ្មានហេតុផលសោះ។ ខ្ញុំមិនពូកែអ្វីទាំងអស់ ហើយខ្ញុំមិនចង់ប្រឈមមុខនឹងការពិតនេះទេ។ ខ្ញុំមានមហិច្ចតាធំចង់ទទួលបានជោគជ័យភ្លាមៗ ហើយទទួលបានការសរសើរ និងឱ្យតម្លៃពីអ្នកដទៃ។ ហេតុនេះ ខ្ញុំបញ្ចេញកម្លាំងជាច្រើន តែមិនដែលទទួលបានផលសោះ ហើយក៏មានអារម្មណ៍អវិជ្ជមាន។ ខ្ញុំកំពុងធ្វើទារុណកម្មខ្លួនឯង។

ក្រោយមក ខ្ញុំឆ្ងល់ថា៖ ម៉េចបានខ្ញុំចេះតែច្រណែននឹងអំណោយទាន និងចំណុចខ្លាំងរបស់អ្នកដទៃអ៊ីចឹង? ម៉េចបានខ្ញុំតែងខំព្យាយាមចង់បានឋានៈនៅក្នុងចិត្តអ្នកដទៃ ហើយមិនចង់អន់ជាងគេបែបនេះ? តើអ្វីទៅជាឫសគល់នៃបញ្ហានេះ? ពេលកំពុងស្វែងរក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលនេះ៖ «សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាម គឺជាជីវិត និងជាគោលដៅពេញមួយជីវិតរបស់ពួកគេ។ គ្រប់អ្វីដែលពួកគេធ្វើ ការពិចារណាដំបូងរបស់ពួកគេគឺ៖ 'តើនឹងមានអ្វីកើតឡើងចំពោះឋានៈរបស់ខ្ញុំ? និងចំពោះកិត្តិនាមរបស់ខ្ញុំ? តើការធ្វើបែបនេះនឹងផ្តល់ឱ្យខ្ញុំនូវកិត្តិនាមទេ? តើវានឹងលើកកម្ពស់ឋានៈរបស់ខ្ញុំនៅក្នុងគំនិតរបស់មនុស្សឬទេ?' នោះគឺជារឿងដំបូងដែលពួកគេគិត ដែលជាភស្ដុតាងគ្រប់គ្រាន់បញ្ជាក់ថាពួកគេមាននិស្ស័យនិងសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។ បើមិនដូច្នោះទេ ពួកគេនឹងមិនពិចារណាពីបញ្ហាទាំងនេះទេ។ អាចនិយាយបានថា ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាមមិនមែនជាសេចក្ដីតម្រូវបន្ថែមខ្លះនោះទេ រឹតតែមិនមែនជាអ្វីមួយចាំបាច់ ដែលពួកគេអាចធ្វើបានដោយគ្មានរបស់ទាំងនេះឡើយ។ របស់ទាំងនេះជាផ្នែកមួយនៃធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ របស់ទាំងនេះនៅក្នុងឆ្អឹងរបស់ពួកគេ នៅក្នុងឈាមរបស់ពួកគេ របស់ទាំងនេះមានពីកំណើតនៅក្នុងខ្លួនពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនមិនខ្វល់ថាតើពួកគេមានឋានៈ និងកិត្តិនាមនោះទេ។ នេះមិនមែនជាឥរិយាបថរបស់ពួកគេទេ។ អ៊ីចឹង តើពួកគេមានឥរិយាបថយ៉ាងណា? ឋានៈ និងកិត្តិនាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងសភាពប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងអ្វីដែលពួកគេខិតខំធ្វើប្រចាំថ្ងៃ។ ដូច្នេះហើយសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ឋានៈនិងកិត្តិនាមគឺជាជីវិតរបស់ពួកគេ។ មិនថាពួកគេរស់នៅយ៉ាងណា មិនថាពួកគេរស់នៅក្នុងមជ្ឈដ្ឋានជុំវិញបែបណា មិនថាពួកគេធ្វើកិច្ចការអ្វី មិនថាពួកគេខិតខំយ៉ាងណា មិនថាពួកគេមានគោលដៅអ្វី មិនថាទិសដៅជីវិតរបស់ពួកគេបែបណាទេ គ្រប់យ៉ាងពាក់ព័ន្ធនឹងការចង់មានកេរ្តិ៍ឈ្មោះល្អ និងតួនាទីខ្ពង់ខ្ពស់ដែរ។ ហើយគោលបំណងរបស់ពួកគេមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនអាចបោះបង់អ្វីទាំងនេះចោលបានទេ។ នេះគឺជាមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាសារជាតិរបស់ពួកគេ។ ... ប្រសិនបើពួកគេយល់ថា ពួកគេគ្មានកិត្តិនាម ឬឋានៈ យល់ថា គ្មាននរណាម្នាក់កោតសរសើរ លើកតម្កើង ឬក៏ដើរតាមខ្លួនទេ នោះពួកគេខកចិត្តជាខ្លាំង ពួកគេជឿថា គ្មានប្រយោជន៍អ្វីដែលត្រូវជឿលើព្រះជាម្ចាស់ទេ ការជឿលើព្រះជាម្ចាស់ គឺគ្មានតម្លៃឡើយ ហើយពួកគេគិតក្នុងចិត្តថា៖ 'តើសេចក្តីជំនឿលើព្រះជាម្ចាស់នេះ ជាបរាជ័យឬ? តើវាគ្មានសង្ឃឹមទេឬ?' ជារឿយៗ ពួកគេគិតរឿងបែបនេះនៅក្នុងចិត្តរបស់ខ្លួន ពួកគេគិតពីរបៀបដែលពួកគេអាចបង្កើតតួនាទីមួយសម្រាប់ខ្លួនឯងនៅក្នុងដំណាក់ព្រះជាម្ចាស់ គិតពីរបៀបដែលពួកគេអាចមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់នៅក្នុងពួកជំនុំ ដើម្បីឱ្យមនុស្សស្ដាប់តាម នៅពេលពួកគេនិយាយ និងគាំទ្រដល់ពួកគេ នៅពេលពួកគេប្រព្រឹត្ត ហើយដើរតាមពួកគេនៅគ្រប់កន្លែងដែលពួកគេទៅ ហើយក៏ដើម្បីឱ្យពួកគេមានសំឡេងមួយនៅក្នុងពួកជំនុំ មានកេរ្តិ៍ឈ្មោះ ដូច្នេះ ពួកគេអាចទទួលបានអត្ថប្រយោជន៍ និងមានឋានៈផងដែរ ពោលគឺពួកគេពិតជាផ្តោតលើរឿងទាំងនេះខ្លាំងណាស់។ មនុស្សបែបនេះដេញតាមរឿងទាំងនេះឯង» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់បើកសម្ដែងថា ពួកទទឹងនឹងព្រះគ្រីស្ទ ឱ្យតម្លៃកេរ្តិ៍ឈ្មោះនិងឋានៈណាស់។ គ្រប់យ៉ាងដែលពួកគេធ្វើ ពួកគេតែងគិតពីឋានៈខ្លួនក្នុងចំណោមអ្នកដទៃ។ ពួកគេចាត់ទុកកេរ្តិ៍ឈ្មោះនិងឋានៈជាជីវិតពួកគេ ហើយជាកម្មវត្ថុនៃការដេញតាមរបស់ពួកគេ។ បើពួកគេគ្មានកេរ្តិ៍ឈ្មោះ ឬការកោតសរសើរពីអ្នកដទៃទេ ពួកគេមិនសប្បាយចិត្តឡើយ រហូតដល់ថ្នាក់លែងចាប់អារម្មណ៍អ្វីទាំងអស់ក៏មាន។ តើខ្ញុំមិនមែនកំពុងធ្វើបែបនេះដែរទេ? ពេលគេផ្ទេរខ្ញុំទៅវិញទៅមក ខ្ញុំមានអារម្មណ៍ដូចជា ខ្ញុំបានក្លាយជាមនុស្សក្រៅដែលមិនចាំបាច់ ដែលគ្មានឋានៈអ្វី គ្មានសំខាន់អ្វីសោះ។ ដូច្នេះ ខ្ញុំមិនសប្បាយចិត្តទេ។ ពេលពិភាក្សាបញ្ហា ខ្ញុំគ្មានគំនិតដែលមានតម្លៃដើម្បីចូលរួមចំណែកទេ ហើយគ្មាននរណាម្នាក់ ទទួលយកទស្សនៈខ្ញុំឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សអន់ជាងគេក្នុងក្រុម គ្មាននរណាសរសើរខ្ញុំទេ ហើយហាក់ដូចជាជីវិតខ្ញុំគ្មានតម្លៃសោះអ៊ីចឹង។ ខ្ញុំប្រែជាទន់ជ្រាយ និងអវិជ្ជមាន យល់ខុសនិងស្ដីបន្ទោសព្រះ។ ខ្ញុំចាត់ទុកកេរ្តិ៍ឈ្មោះនិងឋានៈជាជីវិតខ្ញុំ ហើយពេលខ្ញុំមិនទទួលបានអ្វីទាំងនេះ ខ្ញុំលែងខំធ្វើការ និងលែងមានការជំរុញចិត្ត។ ខ្ញុំខ្វល់ពីកេរ្តិ៍ឈ្មោះនិងឋានៈនេះខ្លាំងពេក។ ខ្ញុំឆ្លុះបញ្ចាំងពីមូលហេតុដែលខ្ញុំតែងដេញតាមរបស់ពីរយ៉ាងនេះ។ នោះក៏ព្រោះខ្ញុំបានធ្លាក់ចូលក្នុងឥទ្ធិពលនៃថ្នាំពុលរបស់សាតាំង ដូចជា៖ «ខំឡើងឱ្យដល់ចំណុចកំពូល» «ជីវិតមនុស្សបែបណា បន្សល់ទុកកេរ្តិ៍ដំណែលបែបនោះ» និង «មនុស្សគួរតែប្រឹងប្រែង ដើម្បីឱ្យបាន ល្អប្រសើរជាងអ្នកដែលមានវិជ្ជាជីវៈដូចគ្នា»។ ខ្ញុំគិតថា ទាំងនេះគឺជាគោលដៅនៅក្នុងជីវិតដែលត្រឹមត្រូវ ហើយការដេញតាមរបស់ទាំងនេះ គឺជាការមានមហិច្ចតា។ នៅសាលា ខ្ញុំខំប្រឹងប្រែងខ្លាំងណាស់។ នៅអនុវិទ្យាល័យ និងវិទ្យាល័យ ខ្ញុំប្រឡងបានចំណាត់ថ្នាក់លើគេសឹងគ្រប់មុខ។ ខ្ញុំមានគេស្គាល់ច្រើន ហើយតែងទទួលបានការសរសើរពីមិត្តភក្តិ និងលោកគ្រូអ្នកគ្រូ។ ខ្ញុំយល់ថា មានតែជីវិតបែបនោះទេ ទើបមានតម្លៃ។ បន្ទាប់ពីចូលរួមជាមួយពួកជំនុំ និងទទួលយកភារកិច្ចមក ខ្ញុំបន្តរស់នៅតាមថ្នាំពុលសាតាំងទាំងនោះដដែល ហើយខ្ញុំខ្វល់ខ្លាំងពីឋានៈខ្ញុំនៅក្នុងចិត្តអ្នកដទៃ តែងតែព្យាយាមអួតសម្ញែងពីតម្លៃខ្លួនឯង និងឱ្យគេសរសើរខ្ញុំ។ ទោះខ្ញុំមិនមែនជាប្រធានក្រុម ឬអ្នកគ្រប់គ្រងក៏ដោយ ក៏ខ្ញុំត្រូវក្លាយជាមនុស្សម្នាក់សំខាន់ដែរ ដែលអ្នកដទៃតែងទទួលស្គាល់។ ពេលខ្ញុំមិនបានសម្រេចតាមមហិច្ចតារបស់ខ្ញុំ ខ្ញុំរអ៊ូរទាំ និងមានអារម្មណ៍មិនសប្បាយចិត្តចំពោះការរៀបចំក្រោមអធិបតេយ្យភាពរបស់ព្រះ។ ខ្ញុំមិនហ៊ាននិយាយអ្វីទេ តែក្នុងចិត្តវិញ ខ្ញុំកំពុងទាស់នឹងព្រះ ហើយខ្ញុំលែងខំប្រឹងបំពេញភារកិច្ចទៀត។ ការរស់នៅតាមថ្នាំពុលសាតាំងទាំងនោះ គ្មានអ្វីក្រៅពីនាំទុក្ខសោក និងទារុណកម្មមកលើខ្លួនខ្ញុំឡើយ ហើយខ្ញុំឈរនៅខាងផ្សេងពីព្រះ ដោយដេញដោលហេតុផល និងតថ្លៃជាមួយទ្រង់ ថែមទាំងសង្ស័យពីសេចក្ដីសុចរិតរបស់ទ្រង់ និងទាស់នឹងទ្រង់ផង។ បើបន្តបែបនេះទៀត ខ្ញុំនឹងប្រមាថដល់និស្ស័យរបស់ព្រះ ហើយត្រូវទ្រង់ផាត់ចោលមិនខាន។ ខ្ញុំបានគិតពីបន្ទូលព្រះ៖ «មនុស្សត្រូវប្រាកដថា មិនត្រូវមានមហិច្ឆតា ឬមានក្ដីសុបិនបែបឥតន័យ មិនត្រូវស្វែងរកកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ឬភាពលេចធ្លោពីបណ្ដាជនឡើយ។ ជាងនេះទៅទៀត ពួកគេមិនត្រូវព្យាយាមក្លាយជាបុគ្គលនៃភាពអស្ចារ្យ ឬកំពូលមនុស្ស ដែលខ្ពស់ជាងគេក្នុងចំណោមមនុស្ស និងធ្វើឱ្យអ្នកដទៃថ្វាយបង្គំខ្លួននោះឡើយ។ នោះគឺជាបំណងចិត្តនៃភាពជាមនុស្សដែលពុករលួយ ហើយវាជាផ្លូវរបស់សាតាំង។ ព្រះជាម្ចាស់មិនសង្គ្រោះមនុស្សបែបនេះទេ។ ប្រសិនបើមនុស្សដេញតាមឥតឈប់នូវកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយមិនព្រមប្រែចិត្ត នោះនឹងគ្មានការព្យាបាលសម្រាប់ពួកគេឡើយ ហើយមានតែលទ្ធផលមួយប៉ុណ្ណោះសម្រាប់ពួកគេគឺ៖ ត្រូវផាត់ចោលមិនខាន» (ដកស្រង់ពី «ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពីមុនខ្ញុំមិនដែលដឹងថា មានផលលំបាកធ្ងន់ធ្ងរបែបនេះទេ។ ខ្ញុំគិតថា ខ្ញុំមិនបានធ្វើអាក្រក់ខ្លាំងដូចពួកទទឹងនឹងព្រះគ្រីស្ទ ឬបង្អាក់កិច្ចការពួកជំនុំទេ យ៉ាងច្រើន ពេលខ្ញុំមិនទទួលបានការកោតសរសើរពីអ្នកដទៃ ខ្ញុំគ្រាន់តែមានអារម្មណ៍អវិជ្ជមាន និងមិនសប្បាយចិត្តប៉ុណ្ណោះ។ តែពេលនេះ ខ្ញុំយល់ហើយ អ្វីៗមិនមែនបែបនោះទេ។ ពីសម្បកក្រៅ មើលទៅដូចខ្ញុំមិនបានធ្វើអ្វីអាក្រក់អ៊ីចឹង តែខ្ញុំមិនពេញចិត្តនឹងស្ថានភាពដែលព្រះរៀបចំឱ្យខ្ញុំ ហើយតែងរអ៊ូរទាំជាប់ជានិច្ច។ ក្នុងចិត្តខ្ញុំ ខ្ញុំកំពុងទាស់នឹងព្រះ។ ខ្ញុំកំពុងទាស់ទទឹងនឹងព្រះ! តើព្រះអាចសង្គ្រោះមនុស្សដូចជាខ្ញុំរូបនេះយ៉ាងម៉េចកើតទៅ? ខ្ញុំបានគិតពីបងស្រីម្នាក់ដែលខ្ញុំធ្លាប់ធ្វើការជាមួយគាត់ពីមុន។ ដំបូង គាត់បំពេញភារកិច្ចក្លៀវក្លាណាស់ ហើយត្រូវបានរើសតាំងជាអ្នកដឹកនាំ តែក្រោយមក គាត់ត្រូវគេបណ្ដេញចេញ ហើយបាត់បង់កេរ្តិ៍ឈ្មោះនិងឋានៈ។ គាត់ប្រែជាអវិជ្ជមានជាប់រហូត ដោយសារគាត់មិនអាចទទួលបានការកោតសរសើរពីអ្នកដទៃ ហើយចុងក្រោយ ក៏បោះបង់ព្រះ និងចាកចេញទៅ។ បើមនុស្សតែងដេញតាមកេរ្តិ៍ឈ្មោះនិងឋានៈ នោះពេលមិនត្រូវតាមមហិច្ចតាខ្លួន ពួកគេនឹងប្រែជាអវិជ្ជមាន យល់ខុស និងស្ដីបន្ទោសព្រះ។ ពួកគេនឹងពុះពារប្រឆាំងជាមួយព្រះ ឬដល់ថ្នាក់បោះបង់ព្រះចោលផង។ ត្រង់ចំណុចនេះ ខ្ញុំដឹងថា ខ្ញុំកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ហើយ។ ខ្ញុំមិនចង់បន្តទាស់ទទឹងនឹងព្រះទេ ខ្ញុំចង់កាត់ផ្ដាច់ចំណងនៃកេរ្តិ៍ឈ្មោះនិងឋានៈនេះចោល។

ក្នុងពេលថ្វាយបង្គំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលចំនួនពីរ។ «កាលណាព្រះជាម្ចាស់តម្រូវមកថា មនុស្សត្រូវតែបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ព្រះអង្គមិនបានស្នើឱ្យពួកគេបំពេញកិច្ចការមួយចំនួន ឬសម្រេចកិច្ចខិតខំប្រឹងប្រែងធំដុំណាមួយ ឬឱ្យបំពេញកិច្ចការដ៏អស្ចារ្យណាមួយនោះទេ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បានគឺ ឱ្យមនុស្សអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន តាមវិធីបន្ទាបខ្លួន និងរស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់។ ព្រះជាម្ចាស់មិនត្រូវការឱ្យអ្នកក្លាយជាមនុស្សអស្ចារ្យ ឬមានកិត្តិយសឡើយ ហើយទ្រង់ក៏មិនត្រូវការឱ្យអ្នកនាំយកនូវការអស្ចារ្យណាមួយ និងមិនសព្វព្រះទ័យចង់ឃើញការភ្ញាក់ផ្អើលដ៏ពេញចិត្តណាមួយនៅក្នុងអ្នកឡើយ។ ទ្រង់មិនត្រូវការអ្វីៗបែបនេះឡើយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ត្រូវការ គឺឱ្យអ្នកអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមព្រះបន្ទូលរបស់ទ្រង់។ នៅពេលអ្នកស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ អ្នកធ្វើតាមអ្វីដែលអ្នកបានយល់ អនុវត្តតាមអ្វីដែលអ្នកបានយល់ ចងចាំអ្វីដែលអ្នកបានស្ដាប់ឮ ក្រោយមក នៅពេលដែលដល់ពេលត្រូវអនុវត្ត អ្នកអនុវត្តតាមព្រះបន្ទូលព្រះជាម្ចាស់ ដូច្នេះ ព្រះបន្ទូលព្រះជាម្ចាស់អាចក្លាយជាជីវិតរបស់អ្នក ក្លាយជាតថភាពរបស់អ្នក និងជាអ្វីដែលអ្នករស់នៅតាម។ ដូច្នេះ ព្រះជាម្ចាស់នឹងបានគាប់ព្រះហឫទ័យ» (ដកស្រង់ពី «ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើព្រះជាម្ចាស់ធ្វើឱ្យអ្នកល្ងង់ ភាពល្ងង់របស់អ្នកនោះមានអត្ថន័យរបស់វា ហើយបើទ្រង់ធ្វើឱ្យអ្នកឆ្លាត ភាពឆ្លាតរបស់អ្នកនោះ ក៏មានអត្ថន័យរបស់វាដែរ។ មិនថាព្រះជាម្ចាស់ប្រទានជំនាញអ្វីដល់អ្នក មិនថាអ្នកមានកម្លាំងបែបណា ទោះបីអ្នកមាន IQ ខ្ពស់ក៏ដោយ ក៏អ្វីៗទាំងអស់នោះមានគោលបំណងសម្រាប់ព្រះជាម្ចាស់ដែរ។ អ្វីៗទាំងអស់នេះត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនរួចហើយ។ តួនាទីដែលអ្នកត្រូវបំពេញនៅក្នុងជីវិតរបស់អ្នក ហើយភារកិច្ចដែលអ្នកត្រូវបំពេញ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនតាំងពីយូរមកហើយ។ អ្នកខ្លះមើលឃើញអ្នកដទៃមានជំនាញដែលពួកគេគ្មាន ហើយពួកគេមិនសប្បាយចិត្តទេ។ ពួកគេចង់ផ្លាស់ប្ដូរលទ្ធផលនេះ តាមរយៈការខំរៀនបន្ថែមទៀត ការឈ្វេងយល់បន្ថែម និងការឧស្សាហ៍ព្យាយាមកាន់តែខ្លាំង។ ប៉ុន្តែ ភាពឧស្សាហ៍ព្យាយាមរបស់ពួកគេ អាចសម្រេចបាននូវលទ្ធផលដែលមានកម្រិតប៉ុណ្ណោះ ហើយពួកគេមិនអាចប្រសើរលើសអ្នកដែលមានអំណោយទាននិងជំនាញនោះឡើយ។ មិនថាអ្នកខំប្រឹងខ្លាំងបែបណាទេ វានឹងគ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់បានកំណត់ទុករួចហើយថា អ្នកនឹងក្លាយជាអ្វី ហើយគ្មានអ្វីមួយដែលគេអាចធ្វើបាន ដើម្បីផ្លាស់ប្ដូរលទ្ធផលនោះបានទេ។ មិនថាអ្នកពូកែធ្វើកិច្ចការណាមួយទេ អ្នកគួរតែខិតខំប្រឹងប្រែងធ្វើកិច្ចការនោះចុះ។ ភារកិច្ចអ្វីក៏ដោយដែលអ្នកសមនឹងទទួលបាន អ្នកគួរតែបំពេញភារកិច្ចនោះ។ កុំព្យាយាមបង្ខំខ្លួនឯងទៅធ្វើនៅផ្នែកខុសជំនាញរបស់អ្នកអី ហើយក៏មិនត្រូវច្រណែននឹងអ្នកដទៃនោះដែរ។ មនុស្សគ្រប់គ្នាមានមុខងាររបស់ខ្លួន។ មិនត្រូវគិតថា អ្នកអាចធ្វើគ្រប់យ៉ាងបានល្អនោះ ឬក៏កុំគិតថា អ្នកល្អពេញខ្នាត ឬប្រសើរជាងអ្នកដទៃ ដោយតែងប្រាថ្នាចង់ជំនួសកន្លែងរបស់គេ ហើយចង់សម្ញែងខ្លួននោះដែរ។ នេះជានិស្ស័យពុករលួយ។ អ្នកខ្លះទៀតគិតថា ពួកគេមិនអាចធ្វើអ្វីបានល្អទេ ហើយគិតថា ពួកគេគ្មានជំនាញសោះឡើយ។ ប្រសិនបើបែបនេះមែន អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលស្ដាប់ និងស្តាប់បង្គាប់ក្នុងឥរិយាបទបន្ទាបខ្លួន។ ចូរធ្វើអ្វីដែលអ្នកអាចធ្វើបាន ហើយធ្វើវាឱ្យបានល្អដោយអស់ពីកម្លាំងរបស់អ្នកចុះ។ ប៉ុននេះគឺគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យ» (ដកស្រង់ពី «គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់ថា ទ្រង់គ្មានបំណងចង់ឱ្យយើងក្លាយជាមនុស្សអស្ចារ្យអ្វីទេ។ ទ្រង់សង្ឃឹមថា យើងនឹងបន្ទាបខ្លួន ហើយធ្វើតាមឋានៈយើង បំពេញភារកិច្ចយើង ផ្ដោតលើការអនុវត្តបន្ទូលទ្រង់ ធ្វើជាភាវៈដែលទ្រង់បង្កើតមកដែលចេះស្ដាប់បង្គាប់។ មិនថាយើងមានគុណសម្បត្តិ ឬសមត្ថភាពការងារអ្វីក៏ដោយ គឺសុទ្ធតែជាការរៀបចំក្រោមអធិបតេយ្យភាពរបស់ព្រះទាំងអស់។ ខ្ញុំត្រូវរៀនទទួលយក និងចុះចូល ហើយលះបង់អ្វីដែលព្រះបានប្រទានឱ្យខ្ញុំ ដើម្បីអាចប្រើការបានផ្អែកតាមកម្លាំងខ្ញុំ និងធ្វើការឱ្យអស់ពីលទ្ធភាព។ ជំនាញខ្ញុំមិនល្អដូចអ្នកដទៃមែន តែខ្ញុំក៏មិនមែនគ្មានសមត្ថភាពបំពេញការងារនោះដែរ។ ដោយសារពួកជំនុំបានរៀបឱ្យខ្ញុំបំពេញភារកិច្ចនោះហើយ ដូច្នេះ ខ្ញុំត្រូវលះបង់កម្លាំងកាយចិត្តដើម្បីធ្វើវា និងធ្វើតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន។ ពេលពិភាក្សាការងារ ខ្ញុំគ្រាន់តែនិយាយពីអ្វីដែលខ្ញុំយល់ទៅបានហើយ។ បើខ្ញុំខ្វះការយល់ដឹងជ្រៅជ្រះ ឬមិនយល់ពីគោលការណ៍ ខ្ញុំត្រូវស្វែងរក និងប្រកបគ្នាជាមួយអ្នកដទៃ ស្ដាប់គំនិតរបស់ពួកគេ និងរៀនសូត្រពីចំណុចខ្លាំងរបស់ពួកគេ ដើម្បីបំពេញចំណុចខ្វះខាតខ្លួនឯង។ ពេលគិតបែបនេះ ចិត្តខ្ញុំបានភ្លឺស្វាង ហើយខ្ញុំមានទិសដៅ និងផ្លូវអនុវត្តន៍មួយ។ ខ្ញុំធ្លាប់គិតថា ការត្រូវគេផ្ទេរចេញ គឺជារឿងអាម៉ាស់។ ពេលរឿងនេះកើតឡើង ខ្ញុំមានអារម្មណ៍ថា វាបញ្ជាក់ថាខ្ញុំអន់ខ្លាំង ដូច្នេះ ខ្ញុំមិនបានប្រព្រឹត្តសមរម្យចំពោះរឿងនេះទេ។ ឥឡូវ ពេលគិតពីរឿងនេះ ទើបដឹងថា នោះគឺជាបញ្ហាទស្សនៈរបស់ខ្ញុំ។ ព្រះប្រទានអំណោយទាន ចំណុចខ្លាំង និងគុណសម្បត្តិខុសៗគ្នាដល់មនុស្សគ្រប់គ្នា ហើយមានសេចក្ដីតម្រូវខុសគ្នាចំពោះមនុស្សម្នាក់ៗ។ ខ្ញុំពិតជាគ្មានជំនាញល្អបែបនោះមែន ដូច្នេះ ពេលក្រុមពុំមានការងារច្រើន ពួកជំនុំបានប្ដូរភារកិច្ចខ្ញុំ ផ្អែកតាមចំណុចខ្លាំងរបស់ខ្ញុំ។ នោះគឺស្របតាមគោលការណ៍ និងមានប្រយោជន៍ដល់កិច្ចការពួកជំនុំ។ ជាងនេះទៅទៀត ពេលព្រះវាស់ស្ទង់មនុស្សម្នាក់ គឺមិនមែនផ្អែកតែទៅលើថាតើពួកគេអាចធ្វើការងារបានល្អឬអត់នោះទេ តែស្ថិតលើថាតើពួកគេស្វែងរកសេចក្ដីពិត ចុះចូលនឹងទ្រង់ពិតប្រាកដឬអត់ ហើយប្ដូរផ្ដាច់នឹងភារកិច្ចខ្លួនឬអត់។ ពេលគិតពីរឿងនេះ ដួងចិត្តខ្ញុំពិតជាបានបំភ្លឺមែន ហើយខ្ញុំលែងមានអារម្មណ៍តឹងតែងដោយសារការផ្លាស់ប្ដូរភារកិច្ចខ្ញុំទៀតហើយ។ ខ្ញុំក៏បានដឹងច្បាស់ពីអ្វីដែលខ្ញុំគួរដេញតាមដែរ។ ខ្ញុំបានអធិស្ឋានទៅព្រះថា «ឱ ព្រះអង្គអើយ! អរគុណទ្រង់ដែលបានបំភ្លឺ និងជួយខ្ញុំម្ចាស់ឱ្យយល់ពីបំណងព្រះហឫទ័យទ្រង់។ ខ្ញុំម្ចាស់មិនដឹងថា ពេលណាគេនឹងផ្ទេរខ្ញុំម្ចាស់ចេញទេ តែខ្ញុំម្ចាស់ត្រៀមខ្លួនចុះចូលនឹងការរៀបចំរបស់ទ្រង់រួចហើយ។ មិនថាខ្ញុំម្ចាស់បំពេញភារកិច្ចនៅទីណាទេ ខ្ញុំម្ចាស់គ្រាន់តែចង់លះបង់គ្រប់យ៉ាងដើម្បីផ្គាប់ព្រះទ័យទ្រង់ប៉ុណ្ណោះ។ សូមណែនាំខ្ញុំម្ចាស់ផង!»

បន្ទាប់ពីប្ដូរទស្សនៈខ្ញុំរួច ស្ថានភាពភារកិច្ចខ្ញុំក៏បានប្ដូរដែរ។ ខ្ញុំតែងគិតថា ខ្ញុំមិនដូចអ្នកដទៃឡើយ ថាខ្ញុំគ្រាន់តែជាសមាជិកបណ្ដោះអាសន្នម្នាក់ ដែលអាចចាកចេញបានគ្រប់ពេល។ ខ្ញុំមានអារម្មណ៍ដូចខ្ញុំនៅថ្នាក់ទាបជាងគេបំផុត ហើយគ្មានអារម្មណ៍ថា ខ្លួនជាសមាជិកក្រុមទេ។ ខ្ញុំយល់ខុស និងមានអារម្មណ៍ឃ្លាតឆ្ងាយពីព្រះ ហើយមិនចង់លះបង់គ្រប់យ៉ាងដើម្បីភារកិច្ចខ្ញុំទេ។ ប៉ុន្តែ ខ្ញុំលែងមានអារម្មណ៍បែបនេះទៀតហើយ។ មិនថាខ្ញុំបំពេញភារកិច្ចនៅកន្លែងណា ឬយូរប៉ុនណានោះទេ គឺសុទ្ធតែមានបំណងព្រះហឫទ័យល្អរបស់ទ្រង់បង្គប់ក្នុងរឿងនោះ ដូច្នេះ ខ្ញុំគួររៀនចុះចូល។ ទោះបីពេលក្រោយ ខ្ញុំត្រូវចាកចេញក៏ដោយ តែពេលនេះ ខ្ញុំកំពុងធ្វើវីដេអូ ហើយខ្ញុំត្រូវតែធ្វើវាឱ្យបានល្អជារៀងរាល់ថ្ងៃ ហើយដាក់ចិត្តបំពេញភារកិច្ច និងគ្រប់ស្ថានការណ៍ដែលខ្ញុំជួបប្រទះ។ ពេលខ្ញុំបំពេញភារកិច្ច ខ្ញុំតែងអធិស្ឋានទៅព្រះ ទូលសូមទ្រង់ឱ្យណែនាំខ្ញុំ ដើម្បីឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព។ ខ្ញុំក៏បានគិតអំពីបញ្ហាដែលមាននៅក្នុងការងារខ្ញុំដែរ ដើម្បីឱ្យខ្ញុំអាចសង្ខេប និងកែតម្រូវបញ្ហាទាំងនោះបានឆាប់។ នៅពេលខ្ញុំមិនយល់ពីគោលការណ៍ណា ខ្ញុំក៏ប្រកបគ្នាជាមួយអ្នកដទៃ។ ពេលបំពេញភារកិច្ចបែបនេះ ខ្ញុំមានអារម្មណ៍ងាយស្រួល ហើយខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលនឹងព្រះ។

ក្នុងការជួបជុំមួយ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលពាល់ចិត្តខ្ញុំជាខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើមនុស្សគួរធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបនឹងការរៀបចំ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់ពួកគេ? (គួរតែចុះចូលតាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់)។ ដំបូង អ្នកគួរតែឈ្វេងយល់ពីមូលហេតុដែលព្រះអាទិករបានរៀបចំវាសនា និងមជ្ឈដ្ឋានបែបនេះសម្រាប់អ្នក ឈ្វេងយល់ពីមូលហេតុដែលព្រះអង្គរៀបចំឱ្យអ្នកជួបប្រទះ ដកពិសោធន៍នូវរឿងរ៉ាវខ្លះៗ និងមូលហេតុដែលនាំឱ្យអ្នកមានវាសនាបែបនេះ។ តាមរយៈការនេះ អ្នកគួរតែដឹងពីតម្រូវការផ្ទាល់របស់អ្នក អធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ បន្ទាប់ពីអ្នកយល់ និងដឹងអំពីរឿងទាំងនេះហើយ អ្នកមិនគួរទាស់ទទឹង ធ្វើការសម្រេចចិត្តដោយខ្លួនឯង បដិសេធ ប្រឆាំង ឬគេចវេះពីវាសនារបស់អ្នកឡើយ។ ពិតមែនហើយ អ្នកក៏មិនគួរព្យាយាមតវ៉ាជាមួយព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ អ្នកគួរតែចុះចូល។ ហេតុអ្វីបានជាអ្នកគួរតែចុះចូល? នោះព្រោះតែអ្នកមិនអាចរៀបចំវាសនារបស់អ្នកបានទេ ហើយអ្នកក៏មិនមានអធិបតេយ្យភាពលើវាសនារបស់អ្នកនោះដែរ។ វាសនារបស់អ្នកត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់។ អ្នកគឺជាកម្មវត្ថុនៃការបង្កើត ហើយនៅពេលនិយាយដល់វាសនារបស់អ្នក អ្នកអកម្ម ហើយអ្នកគ្មានជម្រើសឡើយ។ កិច្ចការតែមួយគត់ដែលអ្នកត្រូវធ្វើ គឺត្រូវចុះចូល។ អ្នកមិនគួរធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីវាសនារបស់អ្នក ឬគេចវេះពីវានោះទេ អ្នកមិនគួរតវ៉ាជាមួយព្រះជាម្ចាស់ឡើយ ហើយអ្នកក៏មិនគួរប្រឆាំងនឹងព្រះជាម្ចាស់ ឬរអ៊ូរទាំនោះដែរ។ ពិតមែនហើយ ជាពិសេស អ្នកមិនគួរនិយាយបែបនេះថា៖ 'វាសនាដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់ខ្ញុំ គឺជាវាសនាអាក្រក់។ ខ្ញុំមានវាសនាវេទនា និងអាក្រក់ជាងវាសនារបស់អ្នកដទៃ' ឬថា 'ខ្ញុំមានវាសនាអាក្រក់ ហើយខ្ញុំមិនទទួលបានសេចក្តីសុខ ឬភាពចម្រុងចម្រើននោះឡើយ។ ព្រះជាម្ចាស់បានរៀបចំអ្វីៗយ៉ាងអាក្រក់សម្រាប់ខ្ញុំ'។ ពាក្យសម្តីទាំងនេះ គឺជាការវិនិច្ឆ័យ ហើយតាមការនិយាយបែបនេះ អ្នកកំពុងប្រព្រឹត្តហួសសិទ្ធិអំណាចរបស់អ្នកហើយ។ ពាក្យសម្តីទាំងនេះមិនគួរនិយាយចេញពីមាត់របស់កម្មវត្ថុនៃការបង្កើតទេ ហើយពាក្យសម្តីទាំងនេះក៏មិនមែនជាទស្សនៈ ឬអាកប្បកិរិយាដែលកម្មវត្ថុនៃការបង្កើតគួរមាននោះដែរ។ ផ្ទុយទៅវិញ អ្នកគួរតែលះបង់ចោលនូវការយល់ដឹង និយមន័យ ទស្សនៈ និងការយល់ឃើញខុសឆ្គងទាំងនេះអំពីវាសនា។ ជាមួយគ្នាផងដែរ អ្នកគួរតែប្រកាន់យកអាកប្បកិរិយា និងគោលជំហរត្រឹមត្រូវ ដើម្បីចុះចូលនឹងរឿងទាំងអស់ដែលនឹងកើតឡើងថាជាផ្នែកមួយនៃវាសនា ដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នក។ អ្នកមិនគួរទាស់ទទឹង ហើយអ្នកក៏មិនគួរពិបាកចិត្ត និងត្អូញត្អែរថា ស្ថានសួគ៌មិនយុត្តិធម៌ ថាព្រះជាម្ចាស់បានរៀបចំអ្វីៗយ៉ាងអាក្រក់សម្រាប់អ្នក ហើយព្រះអង្គមិនបានប្រទានដល់អ្នកនូវអ្វីដែលល្អបំផុតឡើយ។ កម្មវត្ថុនៃការបង្កើតគ្មានសិទ្ធិជ្រើសរើសវាសនារបស់ខ្លួនទេ។ ព្រះជាម្ចាស់មិនបានប្រទានឱ្យអ្នកនូវកាតព្វកិច្ចបែបនេះទេ ហើយព្រះអង្គក៏មិនបានប្រទានសិទ្ធិដល់អ្នកនោះដែរ។ ដូច្នេះ អ្នកមិនគួរព្យាយាមធ្វើការជ្រើសរើស សួរដេញដោលជាមួយព្រះជាម្ចាស់ ឬដាក់សំណើបន្ថែមដល់ទ្រង់ឡើយ។ អ្នកគួរតែសម្របតាម ហើយប្រឈមនឹងការរៀបចំ មិនថាការរៀបចំទាំងនោះជាអ្វីឡើយ។ អ្នកគួរតែប្រឈម និងព្យាយាមដកពិសោធន៍ ហើយស្ញប់ស្ញែងចំពោះអ្វីដែលព្រះជាម្ចាស់បានរៀបចំ។ អ្នកគួរតែចុះចូលទាំងស្រុងនឹងអ្វីគ្រប់យ៉ាងដែលអ្នកគួរតែដកពិសោធន៍តាមរយៈការរៀបចំរបស់ព្រះជាម្ចាស់។ អ្នកគួរតែធ្វើតាមវាសនាដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នក។ ទោះបីជាអ្នកមិនចូលចិត្តអ្វីមួយក៏ដោយ ឬបើអ្នករងទុក្ខលំបាកព្រោះតែវាសនា ទោះបីវាសនាគំរាមកំហែង ហើយបំបាក់អំនួត និងសេចក្តីថ្លៃថ្នូររបស់អ្នកក៏ដោយ ដរាបណាវាជាអ្វីមួយដែលអ្នកគួរតែដកពិសោធន៍ ជាអ្វីមួយដែលព្រះជាម្ចាស់បានចាត់ចែង និងរៀបចំសម្រាប់អ្នក នោះអ្នកគួរតែចុះចូលតាម ហើយអ្នកគ្មានជម្រើសឡើយ។ ដោយសារតែព្រះជាម្ចាស់រៀបចំវាសនារបស់មនុស្ស និងមានអធិបតេយ្យភាពលើពួកគេ ដូច្នេះ វាសនារបស់មនុស្សមិនអាចយកមកចរចាជាមួយទ្រង់បានឡើយ។ ហេតុដូចនេះ ប្រសិនបើមនុស្សមានការយល់ដឹង និងមានហេតុផលនៃភាពជាមនុស្សធម្មតា ពួកគេមិនគួររអ៊ូរទាំថា ពួកគេមានវាសនាអាក្រក់ ឬថារឿងនេះ ឬរឿងនោះមិនល្អសម្រាប់ពួកគេឡើយ។ ពួកគេមិនគួរប្រព្រឹត្តដាក់ភារកិច្ច ជីវិត ផ្លូវដែលពួកគេត្រូវដើរនៅក្នុងសេចក្តីជំនឿរបស់ខ្លួន ស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំទុក ឬសេចក្តីបង្គាប់របស់ទ្រង់ចំពោះពួកគេ ដោយអាកប្បកិរិយាពិបាកចិត្ត ព្រោះតែពួកគេមានអារម្មណ៍ថា ខ្លួនមានវាសនាអាក្រក់នោះឡើយ» (ដកស្រង់ពី «អំពីការដេញតាមសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦)។ ពេលសញ្ជឹងគិតពីបន្ទូលព្រះ ខ្ញុំកាន់តែឃើញច្បាស់ពីរបៀបប្រព្រឹត្តចំពោះការរៀបចំក្រោមអធិបតេយ្យភាពរបស់ព្រះ។ វាសនារបស់យើង ស្ថិតក្នុងព្រះហស្ដព្រះ។ ប្រភេទគ្រួសារដែលបុគ្គលម្នាក់ត្រូវទៅកើត ប្រភេទការអប់រំដែលពួកគេទទួលបាន អំណោយទាន និងចំណុចខ្លាំងរបស់ពួកគេ ពេលវេលាពួកគេមកកាន់ក្រុមជំនុំ និងមកទទួលយកភារកិច្ច និងប្រភេទភារកិច្ចដែលពួកគេត្រូវបំពេញ សុទ្ធតែព្រះរៀបចំទាំងអស់ ហើយមានបំណងព្រះហឫទ័យល្អរបស់ទ្រង់បង្កប់ក្នុងនោះ។ ពីមុន ខ្ញុំមិនដែលយល់ពីមូលហេតុដែលខ្ញុំតែងត្រូវគេផ្ទេរចុះឡើងនោះទេ តែបន្ទាប់ពីបានគិតគូរដិតដល់រួច ទើបខ្ញុំដឹងថា នោះទើបជាអ្វីដែលខ្ញុំត្រូវការពិតប្រាកដ។ បើគ្មានបទពិសោធទាំងនេះទេ ម្ល៉េះសមខ្ញុំមិនបានដឹងថា បំណងខ្ញុំដែលចង់បានកេរ្តិ៍ឈ្មោះ និងឋានៈ អាក្រក់ប៉ុនណាទេ។ ខ្ញុំមុខជានៅគិតថា ខ្ញុំបានផ្លាស់ប្ដូរខ្លះហើយ ហើយមុខជាមិនដឹងថា ទស្សនវិជ្ជាបែបសាតាំងបានចាក់ឫសក្នុងខ្លួនខ្ញុំជ្រៅប៉ុនណានោះទេ ហើយទស្សនវិជ្ជាទាំងនោះបានធ្វើឱ្យខ្ញុំបាត់បង់ហេតុផលនៃភាពជាមនុស្សធម្មតា និងទាស់នឹងព្រះ ហើយខ្ញុំមុខជាមិនដឹងថា បើខ្ញុំបន្តដេញតាមបែបនេះទៀត នោះខ្ញុំនឹងត្រូវផាត់ចោលមិនខាន។ ឆ្លងកាត់បទពិសោធនេះ ខ្ញុំបានយល់ច្បាស់ខ្លះៗអំពីទស្សនៈខុសឆ្គងរបស់ខ្ញុំចំពោះការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយខ្ញុំបានដឹងថា នោះមិនមែនជាផ្លូវត្រឹមត្រូវទេ តែជាផ្លូវសម្រាប់សាតាំងធ្វើឱ្យមនុស្សពុករលួយ និងធ្វើបាបមនុស្ស។ ខ្ញុំក៏បានរៀនសូត្រផងដែរថា ខ្ញុំគួរប្រព្រឹត្តឱ្យបានត្រឹមត្រូវចំពោះគុណសម្បត្តិខ្ញុំ ទទួលយក ហើយចុះចូលនឹងការរៀបចំរបស់ព្រះ អាចឈរនៅក្នុងទីតាំងខ្លួនឯងបាន ហើយធ្វើជាភាវៈដែលព្រះបង្កើតមក ដែលមានហេតុផល។ ទៅថ្ងៃមុខ ទោះខ្ញុំត្រូវគេផ្ទេរចេញ ទោះខ្ញុំត្រូវបំពេញភារកិច្ចអ្វីក៏ដោយ ក៏ខ្ញុំត្រូវចុះចូលនឹងការរៀបចំក្រោមអធិបតេយ្យភាពរបស់ព្រះ ស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់ សម្របខ្លួន ដកពិសោធន៍ និងប្រឡូកខ្លួនក្នុងគ្រប់ស្ថានភាពដែលព្រះរៀបចំសម្រាប់ខ្ញុំ និងខំប្រឹងដើម្បីទទួលចំណេះដឹង ហើយរៀនសូត្រពីខ្លួនឯងតាមរយៈស្ថានភាពទាំងនោះដែរ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មានតែភាពស្មោះត្រង់ទេ ទើបនាំមកនូវលក្ខណៈ ដូចមនុស្សបាន

ស្វាមីខ្ញុំនិងខ្ញុំ ជាអ្នករកស៊ីលក់គ្រឿងសង្ហារិមការិយាល័យ។ យើងចាប់ផ្ដើមចេញរកស៊ីដំបូងដោយភាពស្មោះត្រង់ ធ្វើតាមអ្វីៗដែលអតិថិជនសុំ...

នៅពីក្រោយភាពស្ងៀមស្ងាត់

ខ្ញុំមិនមែនជាអ្នកនិយាយច្រើនទេ ហើយវាមិនញឹកញាប់នោះទេដែលខ្ញុំបើកចំហ និងនិយាយចេញពីចិត្តនោះ។ ខ្ញុំបានគិតជានិច្ចថា...

ការឆ្លុះបញ្ចាំងពីការមិនបណ្ដេញអ្នកដឹកនាំក្លែងក្លាយចេញភ្លាមៗ

ក្នុងខែសីហា ឆ្នាំ២០២១ គេបានជ្រើសតាំងខ្ញុំឱ្យធ្វើជាគ្រូជំនួយផ្នែកស្រោចស្រព។ កាលនោះ ខ្ញុំស្រោចស្រពអ្នកជឿថ្មីផង និងផ្សាយដំណឹងល្អផង។...