ច្រវាក់នៃកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ

11-11-2021

នៅក្នុងឆ្នាំ ២០១៥ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំរបស់ក្រុមជំនុំមួយនៅក្នុងការបោះឆ្នោតប្រចាំឆ្នាំ។ ខ្ញុំពិតជារំភើប ហើយបានគិតថា ការត្រូវបានជ្រើសតាំងជាអ្នកដឹកនាំចេញពីមនុស្សជាច្រើន ត្រូវតែមានន័យថា ខ្ញុំល្អជាងអ្នកដទៃ។ អំឡុងពេលនៃតួនាទីរបស់ខ្ញុំជាអ្នកដឹកនាំក្រុមជំនុំ នោះបងប្អូនប្រុសស្រីនឹងមករកខ្ញុំដើម្បីប្រកបគ្នានៅពេលដែលពួកគេមានការលំបាកអំពីច្រកចូលទៅក្នុងជីវិត ហើយអ្នកដឹកនាំក្រុមនឹងពិភាក្សាជាមួយខ្ញុំអំពីបញ្ហាដែលពួកគេបានជួបប្រទះនៅក្នុងកិច្ចការក្រុមជំនុំ។ ខ្ញុំគ្មានអ្វីក្រៅពីមានអារម្មណ៍ខ្ពស់ជាងគេឡើយ។ ខ្ញុំបានដើរជុំវិញយ៉ាងក្រអឺតក្រទម ទ្រូងរបស់ខ្ញុំពើងឡើង ហើយកំពុងតែបង្ហាញនូវភាពជឿជាក់នៅពេលប្រកបគ្នាក្នុងការជួបជុំរបស់ពួកយើង។ មួយរយៈក្រោយមក ខ្ញុំបានសម្គាល់ឃើញប្អូនស្រីលាវ ដែលជាអ្នករួមការងារ អាចធ្វើការប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងច្បាស់ ហើយអាចយល់ពីឫសគល់នៃបញ្ហារបស់មនុស្ស ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ នាងក៏បានលើកឡើងអំពីមាគ៌ានៃការអនុវត្តផងដែរ ហើយគ្រប់គ្នានឹងស្ដាប់។ ខ្ញុំបានសរសើរ និងច្រណែននាង។ ប៉ុន្តែខ្ញុំធ្វើមិនបានល្អជាងនាងឡើយ ខ្ញុំរៀបចំយ៉ាងយកចិត្តទុកដាក់មុនពេលការជួបជុំនីមួយៗ ដោប្រើប្រាស់ខួរក្បាលគិតពីវិធីដើម្បីធ្វើការប្រកបគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ហើយដោយមានពន្លឺបន្ថែម ដូច្នេះ ខ្ញុំនឹងមើលទៅល្អជាងនាង។ ការមើលឃើញការទទួលស្គាល់របស់បងប្អូនប្រុសស្រីចំពោះការប្រកបគ្នារបស់ខ្ញុំ បានធ្វើឱ្យខ្ញុំសប្បាយចិត្ត និងមានអារម្មណ៍ថាទទួលបានជោគជ័យ។ ក្រោយមក ខ្ញុំបានរកឃើញថា ប្អូនប្រុសសេង មានចំណេះដឹងជំនាញល្អគ្រាន់បើពាក់ព័ន្ធនឹងខ្សែភាពយន្ត ហើយក៏ពូកែខាងកុំព្យូទ័រដែរ។ បងប្អូនដែលថតខ្សែភាពយន្ដតែងតែពិភាក្សាប្រធានបទទាំងនេះជាមួយគាត់។ ក្នុងនាមជាអ្នកដឹកនាំក្រុមជំនុំ នោះខ្ញុំមិនមានអ្វីបន្ថែមឡើយ។ ខ្ញុំមានអារម្មណ៍ដូចជាមិនដឹងធ្វើអ្វីឡើយ ហើយរឿងនោះបានធ្វើឱ្យខ្ញុំអល់អែក។ ខ្ញុំបានគិតថា ដោយការស្វែងរកប្អូនប្រុសសេងនៅពេលដែលពួកគេមានបញ្ហា នោះពួកគេច្បាស់ជាគិតថា ខ្ញុំមិនស្មើនឹងគាត់ហើយ។ ខ្ញុំបានដឹងថាបើខ្ញុំដឹងខ្លះៗអំពីខ្សែភាពយន្ត នោះពួកគេនឹងមករកខ្ញុំពិភាក្សាពីបញ្ហារបស់ពួកគេ។ ខ្ញុំចាប់ផ្ដើមក្រោកពីព្រលឹម ហើយនៅរហូតដល់យប់ជ្រៅ ដើម្បីស្រាវជ្រាវ និងសិក្សាបន្ថែមអំពីរបៀបផលិតខ្សែភាពយន្ត ដូច្នេះ ខ្ញុំអាចចេះកាន់តែច្រើន។ ខ្ញុំមិនយកចិត្តទុកដាក់ចំពោះបញ្ហារបស់ក្រុមជំនុំ ក៏ដូចជាស្ថានភាពរបស់បងប្អូនប្រុសស្រីឡើយ។ មួយរយៈក្រោយមក កិច្ចការដែលទាក់ទងនឹងបញ្ហាបានលេចចេញពីបីបួនក្រុម ហើយខ្ញុំមិនអាចដោះស្រាយបានឡើយ។ ដោយសារតែស្ថានភាពរបស់បងប្អូនប្រុសស្រីខ្ញុំមិនត្រូវបានដោះស្រាយ នោះការផលិតខ្សែភាពយន្ដក៏ត្រូវបានពន្យារពេល ហើយបញ្ហាកាន់តែច្រើនបានកើតឡើង។ ស្ថិតក្រោមសម្ពាធជាច្រើនបែបនេះ ខ្ញុំដកដង្ហើមស្ទើរមិនរួច។ ខ្ញុំមានអារម្មណ៍ថារងទារុណ។ ខ្ញុំបារម្ភអំពីអ្វីដែលអ្នកដទៃអាចគិតពីខ្ញុំ បើពួកគេគិតថា ខ្ញុំមិនមានសមត្ថភាព និងខ្វះលក្ខណៈសម្បត្តិជាអ្នកដឹកនាំ នោះខ្ញុំកំពុងតែប្រឈមនឹងគ្រោះថ្នាក់ក្នុងបាត់បង់តួនាទីដឹកនាំហើយ។ គំនិតរបស់ខ្ញុំមានភាពអវិជ្ជមាន។ ខ្ញុំមានអារម្មណ៍បរាជ័យ និងលែងមានកម្លាំងកំហែង។ ដោយពិបាកចិត្ត និងការមិនយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្លួន នោះខ្ញុំបានបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំមិនសម្រេចបានអ្វីឡើយ ហើយត្រូវបានផ្លាស់ចេញ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍អាម៉ាស់ និងចង់ឱ្យធរណីស្រូបខ្ញុំទៅ។ ខ្ញុំបានឆ្ងល់ថា «តើបងប្អូនប្រុងស្រីនឹងហៅខ្ញុំថា អ្នកដឹកនាំក្លែងក្លាយ និងមិនមានសមត្ថភាពឬ?» ខ្ញុំកាន់តែគិតអំពីរឿងនោះ នោះខ្ញុំកាន់តែពិបាកចិត្ត។

នៅយប់នោះ ខ្ញុំទម្រេតខ្លួនលើគ្រែ ប្រែចុះប្រែឡើង ដោយគេងមិនលក់សោះ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយសុំឱ្យទ្រង់ជួយខ្ញុំឱ្យស្គាល់ពីសភាពរបស់ខ្លួនឯង។ បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យរបស់សាតាំង។ មូលហេតុដែលរឿងរ៉ាងទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺដោយសារតែការបំពុលរបស់សាតាំង តែងតែធ្វើឱ្យគំនិតរបស់មនុស្សកាន់តែអាក្រក់ ហើយជានិច្ចកាល មនុស្សមិនអាចគេចចេញពីការល្បួងរបស់សាតាំងបានឡើយ។ ពួកគេកំពុងរស់នៅក្នុងអំពីអំពើបាប តែពួកគេមិនជឿថាវាជាអំពើបាបនោះទេ ហើយពួកគេនៅតែគិតថា៖ «យើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់យើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះយើងត្រូវតែលើសជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈ និងអនាគតច្រើនជាងអ្នកដទៃដែរ។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ»។ ... បើអ្នកស្វែងរកតាមវិធីនេះកាន់តែច្រើន អ្នកនឹងទទួលបានផលតិច។ បើមនុស្សមានបំណងប្រាថ្នាកាន់តែខ្ពស់លើឋានៈ នោះពួកគេនឹងត្រូវដោះស្រាយជាមួយព្រះជាម្ចាស់កាន់តែមធ្យ័ត ហើយពួកគេនឹងកាន់តែត្រូវឆ្លងកាត់នូវការបន្សុទ្ធដ៏ខ្លាំង។ មនុស្សបែបនេះគ្មានតម្លៃទេ! ពួកគេត្រូវតែត្រូវដោះស្រាយ និងជំនុំជម្រះពីព្រះជាម្ចាស់ដោយពេញលេញ ដើម្បីឱ្យពួកគេបោះបង់ចោលនូវរបស់ទាំងនេះទាំងស្រុង។ ប្រសិនបើអ្នករាល់គ្នា បន្តតាមវិធីនេះរហូតដល់ទីបំផុត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ អ្នកដែលមិនស្វែងរកជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ អ្នកមិនផ្តោតលើការស្វែងរកការបំផ្លាស់បំប្រែ និងច្រកចូលផ្ទាល់ខ្លួនទេ ប៉ុន្តែបែរជាផ្តោតលើបំណងប្រាថ្នាដ៏ហួសហេតុ និងអ្វីៗដែលរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយរារាំងអ្នកមិនឱ្យចូលទៅជិតទ្រង់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ?» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានឆ្លុះបញ្ចាំងអំពីសភាពរបស់ខ្ញុំ បន្ទាប់ពីអានព្រះបន្ទូលនេះ។ នៅពេលធ្វើកិច្ចការជាអ្នកដឹកនាំ ខ្ញុំមិនបានធ្វើអ្វីសោះ ក្រៅពីតាមរកឋានៈ និងកេរ្ដិ៍ឈ្មោះ។ នៅពេលដែលខ្ញុំបានឃើញការប្រកបគ្នារបស់ប្អូនស្រីលាវអំពីសេចក្ដីពិត ល្អជាងការប្រកបគ្នារបស់ខ្ញុំ នោះខ្ញុំភ័យខ្លាច។ ខ្ញុំបានគិតអំពីវិធីដែលខ្ញុំអាចធ្វើការប្រកបគ្នាឱ្យល្អជាងនាង ដើម្បីទទួលបានការកោតសរសើរ និងការលើកសរសើរពីអ្នកដទៃ។ ប្អូនប្រុសសេងមានជំនាញវិជ្ជាជីវៈ បងប្អូនមករកគាត់ដើម្បីឱ្យដោះស្រាយបញ្ហារបស់ពួកគេ។ ខ្ញុំច្រណែន និងបដិសេធគាត់។ ខ្ញុំបានប្រឹងប្រែងសិក្សាបន្ថែមដើម្បីឱ្យលើសគាត់ ហើយថែមទាំងមិនយកចិត្តទុកដាក់ដល់បញ្ហានៅក្នុងក្រុមទៀតផង។ នៅពេលដែលខ្ញុំមិនអាចដោះស្រាយបញ្ហារបស់ពួកគេបាន នោះខ្ញុំមិនពឹងផ្អែកលើព្រះជាម្ចាស់ ឬស្វែងរកសេចក្ដីពិត និងស្វែងរកដំណោះស្រាយតាមរយៈការប្រកបគ្នាឡើយ។ ខ្ញុំអំពល់តែទៅលើការបាត់បង់ឋានៈរបស់ខ្លួនឯងប៉ុណ្ណោះ ដោយខ្លាចបាត់បង់តួនាទីជាអ្នកដឹកនាំរបស់ខ្ញុំ បើខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អ។ ក្រោយមក ខ្ញុំបានដឹងថា ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំដោយការយកចិត្តទុកដាក់ដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ខ្ញុំកំពុងតែបំពេញមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាអ្នកដែលខ្ពស់ជាងអ្នកដទៃ។ បងប្អូនប្រុសស្រីបានជ្រើសតាំងខ្ញុំជាអ្នកដឹកនាំក្រុមជំនុំ ប៉ុន្តែខ្ញុំមិនយកចិត្តទុកដាក់អំពីកិច្ចការរបស់ពួកជំនុំ និងច្រកចូលទៅក្នុងជីវិតរបស់ពួកគេឡើយ។ ខ្ញុំមិនទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់ខ្ញុំឡើយ ហើយទីបញ្ចប់ បានបង្កគ្រោះថ្នាក់ដល់កិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំអាត្មានិយម និងថោកទាបខ្លាំងណាស់។ ខ្ញុំមិនមែនកំពុងតែបំពេញភារកិច្ចរបស់ខ្ញុំឡើយ ខ្ញុំកំពុងតែប្រព្រឹត្តអាក្រក់ និងតតាំងនឹងព្រះជាម្ចាស់! ខ្ញុំមានការសោកស្ដាយដែលមិនបានដើរលើផ្លូវត្រឹមត្រូវនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ប៉ុន្ដែបែរជាតយុទ្ធដើម្បីកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈទៅវិញ។ ការត្រូវបានបណ្ដេញចេញពីភារកិច្ចរបស់ខ្ញុំ គឺជាការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ទ្រង់មិនកម្ចាត់ខ្ញុំឡើយ ប៉ុន្តែទ្រង់បានផ្លាស់ខ្ញុំចេញ ដូច្នេះខ្ញុំអាចឆ្លុះបញ្ចាំងពីឥរិយាបថរបស់ខ្ញុំ។ នោះគឺព្រះជាម្ចាស់កំពុងតែការពារ និងសង្គ្រោះខ្ញុំ! ស្ថានភាពរបស់ខ្ញុំបានរីកចម្រើនដោយការថ្វាយបង្គំ និងការឆ្លុះបញ្ចាំង ខ្ញុំត្រូវបានអ្នកដឹកនាំក្រុមជំនុំផ្ដល់ភារកិច្ចជាទម្លាប់។ ខ្ញុំដឹងគុណដល់ព្រះជាម្ចាស់ចំពោះឱកាសនោះ ហើយខ្ញុំបានតាំងចិត្តដើម្បីផ្ដល់តម្លៃដល់ភារកិច្ចទាំងនោះ ហើយឈប់តាមរកឋានៈ និងកេរ្ដិ៍ឈ្មោះ ដែលប្រឆាំងនឹងព្រះជាម្ចាស់ទៀតហើយ។

បន្ទាប់ពីបទពិសោធន៍នោះ ខ្ញុំបានគិតថា ខ្ញុំអាចយកបំណងចិត្តដែលចង់បានឋានៈ និងកេរ្ដិ៍ឈ្មោះចេញ ប៉ុន្តែសាតាំងបានធ្វើឱ្យខ្ញុំពុករលួយយ៉ាងខ្លាំង។ និស្ស័យពុករលួយមិនអាចត្រូវបានដោះស្រាយ ដោយការយល់ដឹង និងការឆ្លុះបញ្ចាំងតិចតួចឡើយ ដូច្នេះ ព្រះជាម្ចាស់រៀបចំស្ថានភាពមួយទៀត ដើម្បីលាតត្រដាង និងសង្គ្រោះខ្ញុំ។

ពីរបីខែក្រោយមក អ្នកដឹកនាំក្រុមជំនុំបានប្រាប់ពួកយើងឱ្យជ្រើសរើសអ្នកដឹកនាំក្រុម។ ដរាបណាខ្ញុំបានឮដំណឹងនេះ នោះខ្ញុំចាប់ផ្ដើមគិតថា៖ «តើខ្ញុំនឹងមានឱកាសទទួលបានការជ្រើសតាំងឬទេ? ខ្ញុំគឺជាអ្នកធ្វើការដ៏មានសមត្ថភាព ប៉ុន្តែខ្ញុំមិនមានជំនាញវិជ្ជាជីវៈណាមួយឡើយ ដូច្នេះ ឱកាសរបស់ខ្ញុំមិនច្រើនឡើយ»។ ក្រោយមក ខ្ញុំបានពិចារណាអំពីអ្នកដទៃទៀតនៅក្នុងក្រុម។ ប្អូនប្រុសចាងមានជំនាញវិជ្ជាជីវៈ ការប្រកបគ្នារបស់គាត់អំពីសេចក្ដីពិតគឺជាក់ស្ដែង គាត់យល់ដឹងពីភាពយុត្តិធម៌ ហើយកាន់កិច្ចការរបស់ក្រុមជំនុំ។ វាហាក់ដូចជាគាត់នឹងអាចត្រូវបានជ្រើសរើសជាង។ ខ្ញុំបានគិតអំពីវិធីដែលខ្ញុំប្រគល់កិច្ចការឱ្យប្អូនប្រុសចាង នៅពេលដែលខ្ញុំជាអ្នកដឹកនាំក្រុមជំនុំ ប៉ុន្តែបើគាត់ត្រូវបានជ្រើសតាំងជាអ្នកដឹកនាំក្រុម នោះគាត់នឹងប្រាប់ខ្ញុំអំពីអ្វីដែលត្រូវធ្វើ។ តើនោះមិនធ្វើឱ្យគេមើលមកខ្ញុំ អន់ជាងគាត់ទេឬ? បញ្ហានេះធ្វើឱ្យខ្ញុំមិនសុខស្រួលសោះ។ នៅថ្ងៃបោះឆ្នោត ខ្ញុំមានអារម្មណ៍ភ័យ និងប្រទាញប្រទង់។ «តើខ្ញុំនឹងបោះឆ្នោតឱ្យនរណា? បោះឱ្យប្អូនប្រុសចាងឬ?» ខ្ញុំបានគិតអំពីវិធីដែលបងប្អូនប្រុសស្រីភាគច្រើនបានពិភាក្សាជាមួយគាត់អំពីការលំបាកនៅក្នុងភារកិច្ចរបស់ពួកគេ ហើយមនុស្សមួយចំនួនទៀតពីក្រុមផ្សេងក៏បានមកពិភាក្សាអំពីកិច្ចការរបស់ពួកគេជាមួយគាត់គ្រប់ពេលវេលាដែរ ពោលគឺវាធ្វើឱ្យគេមើលមកគាត់ល្អណាស់។ បើគាត់គឺជាអ្នកដឹកនាំក្រុម តើគាត់នឹងមិនភ្លឺជាងខ្ញុំទេឬ? ខ្ញុំមិនចង់បោះឆ្នោតឱ្យគាត់តទៅទៀតទេ។ ប៉ុន្តែខ្ញុំខ្វះខាតជំនាញវិជ្ចាជីវៈ ហើយខ្ញុំមិនមានលក្ខណៈសម្បត្តិជាអ្នកដឹកនាំក្រុមឡើយ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងកើតទុក្ខ។ ខ្ញុំស្អប់បទពិសោធន៍នៃកិច្ចការរបស់ខ្ញុំ។ បន្ទាប់មក គំនិតដ៏អាក្រក់បានចូលមករកខ្ញុំ៖ «បើខ្ញុំមិនអាចក្លាយជាអ្នកដឹកនាំក្រុម អ្នកឯងក៏មិនអាចក្លាយជាអ្នកដឹកនាំក្រុមបានដែរ»។ ដូច្នេះ ខ្ញុំបានបោះឆ្នោតឱ្យប្អូនប្រុសវូ ដែលមានជំនាញវិជ្ជាជីវៈតិចជាង។ ជាការគួរឱ្យភ្ញាក់ផ្អើល ប្អូនប្រុសចាងនៅតែជាប់ឆ្នោតដដែល។ ខ្ញុំមិនសប្បាយចិត្តទេដែលឃើញរឿងកើតឡើងដូច្នោះ ប៉ុន្តែខ្ញុំស្រាប់តែមានអារម្មណ៍មិនស្រួលភ្លាម ដែលបានធ្វើរឿងដ៏គួរឱ្យអាម៉ាស់។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «បើមនុស្សខ្លះឃើញនរណាម្នាក់ប្រសើរជាងខ្លួន នោះពួកគេគាបសង្កត់អ្នកនោះ ចាប់ផ្ដើមបង្កើតពាក្យចចាមអារ៉ាមអំពីពួកគេ ឬប្រើមធ្យោបាយដែលគ្មានសីលធម៌មួយចំនួន ដើម្បីមិនឱ្យមនុស្សដទៃគោរពអ្នកនោះ ហើយថាគ្មាននរណាម្នាក់ប្រសើរជាងនរណាឡើយ ដូច្នេះ នេះគឺជានិស្ស័យពុករលួយនៃភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ក៏ដូចជាភាពវៀចវេរ ភាពបោកបញ្ឆោត និងកលល្បិច ហើយមនុស្សទាំងនេះមិនបញ្ឈប់ក្នុងការសម្រេចបានគោលបំណងរបស់ពួកគេឡើយ។ ពួកគេរស់នៅដូចនេះ ប៉ុន្តែពួកគេនៅតែគិតថា ពួកគេអស្ចារ្យ ហើយថាពួកគេគឺជាមនុស្សល្អ។ ទោះបីជាយ៉ាងណាក៏ដោយ តើពួកគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឬទេ? ដំបូងបំផុត ដើម្បីនិយាយតាមទស្សនៈរបស់ធម្មជាតិនៃបញ្ហាទាំងនេះ តើមនុស្សដែលធ្វើសកម្មភាពតាមរបៀបនេះមិនមែនកំពុងតែធ្វើតាមអ្វីដែលពួកគេចង់ធ្វើទេឬ? តើពួកគេពិចារណាដល់ផលប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ឬទេ? ពួកគេគិតតែអារម្មណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយពួកគ្រាន់តែចង់សម្រេចបានគោលបំណងរបស់ពួកគេប៉ុណ្ណោះ មិនថាគ្រួសាររបស់ព្រះជាម្ចាស់រងទុក្ខដោយការខាតបង់យ៉ាងណាឡើយ។ មនុស្សដូចនេះមិនត្រឹមតែក្រអឺតក្រទម និងរាប់ថាខ្លួនឯងខ្ពង់ខ្ពស់ទេ ពួកគេថែមទាំងអាត្មានិយម និងគួរឱ្យស្អប់ទៀតផង។ ពួកគេមិនយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយមនុស្សដូចនេះមិនបាច់សង្ស័យឡើយ គឺមិនមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ នេះគឺជាមូលហេតុដែលពួកគេធ្វើអ្វីតាមតែពួកគេចង់ធ្វើ និងធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយគ្មានញាណនៃការស្ដីបន្ទោស ដោយគ្មានការញញើត ដោយគ្មានការព្រួយចិត្ត ឬការបារម្ភ ហើយដោយគ្មានការពិចារណាពីផលវិបាកឡើយ។ នេះគឺជាអ្វីដែលពួកគេតែងតែធ្វើ ហើយជារបៀបដែលពួកគេតែងតែប្រព្រឹត្ត។ តើផលវិបាកអ្វីដែលមនុស្សបែបនេះប្រឈម? ពួកគេនឹងមានបញ្ហា តើត្រូវទេ? និយាយឱ្យងាយទៅ មនុស្សបែបនេះមានការច្រណែនខ្លាំង និងមានបំណងខ្លាំងក្នុងការទទួលបានកេរ្ដិ៍ឈ្មោះ និងឋានៈ។ ពួកគេបោកបញ្ឆោត និងវៀចវេរណាស់។ និយាយឱ្យតឹងរ៉ឹងជាងនេះ បញ្ហាសំខាន់គឺថាចិត្តរបស់មនុស្សប្រភេទនេះ ថែមទាំងមិនមានការកោតខ្លាចព្រះជាម្ចាស់បន្តិចទៀតផង។ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់ ពួកគេជឿថាខ្លួនឯងសំខាន់បំផុត ហើយពួកគេចាត់ទុកទិដ្ឋភាពនីមួយៗរបស់ខ្លួនឯងខ្ពស់ជាងព្រះជាម្ចាស់ និងខ្ពស់ជាងសេចក្ដីពិត។ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់មានតម្លៃតិចបំផុតក្នុងការលើកយកមកនិយាយ និងគ្មានសារៈសំខាន់បំផុត ហើយព្រះជាម្ចាស់មិនមានឋានៈណាមួយនៅក្នុងចិត្តរបស់ពួកគេទាល់តែសោះ។ តើអស់អ្នកដែលគ្មានទីកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ និងអ្នកដែលមិនគោរពព្រះជាម្ចាស់ បានទទួលច្រកចូលទៅក្នុងសេចក្ដីពិតឬទេ? (ទេ។) ដូច្នេះ នៅពេលដែលពួកគេគ្រាន់តែធ្វើឱ្យខ្លួនឯងមមាញឹក និងប្រើប្រាស់ថាមពលជាច្រើន តើពួកគេកំពុងតែធ្វើអ្វី? មនុស្សបែបនេះថែមទាំងអះអាងថាបានបោះបង់ចោលគ្រប់យ៉ាង ដើម្បីលះបង់សម្រាប់ព្រះជាម្ចាស់ និងរងទុក្ខយ៉ាងធំធេងទៀតផង ប៉ុន្តែតាមពិត បំណងចិត្ត គោលការណ៍ និងគោលបំណងនៃសកម្មភាពទាំងអស់របស់ពួកគេ គឺដើម្បីផ្ដល់ផលប្រយោជន៍ចំពោះខ្លួនឯង។ ពួកគេគ្រាន់តែព្យាយាមការពារផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់របស់ពួកគេប៉ុណ្ណោះ។ តើអ្នករាល់គ្នានឹងនិយាយ ឬអត់ថាបុគ្គលប្រភេទនេះអាក្រក់? តើបុគ្គលដែលមិនគោរពព្រះជាម្ចាស់ ជាបុគ្គលប្រភេទណា? តើពួកគេមិនក្រអឺតក្រទមទេឬ? តើពួកគេមិនមែនជាសាតាំងទេឬ? តើរបស់ប្រភេទណាដែលមិនគោរពព្រះជាម្ចាស់? ដោយមិននិយាយពីសត្វ អស់អ្នកដែលមិនគោរពព្រះជាម្ចាស់រួមមាន អារក្ស សាតាំង មហាទេវតា និងអ្នកដែលជំទាស់នឹងព្រះជាម្ចាស់» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលទាំងនេះបានធ្វើឱ្យខ្ញុំឈឺចាប់ណាស់។ ដោយការគិតត្រឡប់ទៅគំនិត និងទង្វើរបស់ខ្ញុំនៅពេលដំណើរការនៃការបោះឆ្នោត នោះខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់ ខ្ញុំបានបោះឆ្នោតដោយផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ និងគ្មានការគោរពចំពោះព្រះជាម្ចាស់ឡើយ។ ប្អូនប្រុសចាងមានជំនាញ ការប្រកបគ្នារបស់គាត់អំពីសេចក្ដីពិតមានសភាពជាក់ស្ដែង។ គាត់ក្លាយជាអ្នកដឹកនាំក្រុម នឹងផ្ដល់ផលប្រយោជន៍ដល់គ្រប់គ្នា និងកិច្ចការរបស់ពួកយើង។ ខ្ញុំមានការច្រណែន និងខ្លាចគាត់ក្លាយជាអ្នកដឹកនាំក្រុមដែលនៅពីលើខ្ញុំ ដូច្នេះ ខ្ញុំមិនបានបោះឆ្នោតឱ្យគាត់ឡើយ។ ខ្ញុំត្រូវបានដឹកនាំដោយគោលការណ៍របស់នាគដ៏ធំមានសម្បុរក្រហម៖ «បើរបបផ្ដាច់ការបរាជ័យ នោះរបបប្រជាធិបតេយ្យក៏បរាជ័យដែរ» នាគដ៏ធំមានសម្បុរក្រហមជឿថា បើវាមិនអាចមានអំណាច នោះគ្មាននរណាអាចមានអំណាចឡើយ។ បើចាំបាច់ វានឹងបំផ្លាញភាគីទាំងសងខាងតែម្ដង។ តើខ្ញុំមិនខុសពីនោះទេឬ? បើខ្ញុំមិនអាចទទួលបានតួនាទី នោះប្អូនប្រុសចាងក៏មិនអាចទទួលបានដែរ។ ខ្ញុំសុខចិត្តឃើញបុគ្គលខុសមកបំពេញតួនាទី និងបំផ្លាញកិច្ចការរបស់ក្រុមជំនុំ ដើម្បីការពារកិត្យានុភាព និងឋានៈរបស់ខ្លួនឯង។ ខ្ញុំអាត្មានិយម ហើយគ្មានការគោរពចំពោះព្រះជាម្ចាស់បន្តិចសោះ។ ខ្ញុំបានរីករាយនឹងសេចក្ដីពិត និងសេចក្ដីសប្បុរសជាច្រើនរបស់ព្រះជាម្ចាស់ ខណៈពេលដែលបំពេញភារកិច្ចរបស់ខ្លួន។ ប៉ុន្តែផ្ទុយពីរបៀបតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ខ្ញុំបែរជាច្រណែន និងប្រឹងប្រែងដើម្បីកេរ្ដិ៍ឈ្មោះ និងឋានៈទៅវិញ ដោយការបម្រើសាតាំង និងរំខានកិច្ចការរបស់ព្រះជាម្ចាស់។ តើខ្ញុំមិនមែនកំពុងតែប្រព្រឹត្តអាក្រក់ទេឬ? ខ្ញុំបានគិតអំពីការបណ្ដេញចេញពីតួនាទីរបស់ខ្ញុំកាលពីមួយឆ្នាំមុន ដោយសារតែការប្រឹងប្រែងរបស់ខ្ញុំដើម្បីកេរ្ដិ៍ឈ្មោះ និងឋានៈ ដោយមិនបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមិនអាចធ្វើកិច្ចការជាក់ស្ដែង។ ពេលនេះ ខ្ញុំស្ថិតក្នុងស្ថានភាពដូចគ្នា ប៉ុន្ដែខ្ញុំនៅតែតាមរកកេរ្ដិ៍ឈ្មោះ និងឋានៈដដែល មិនមែនតាមរកសេចក្ដីពិតឡើយ។ បើខ្ញុំបន្ត នោះព្រះជាម្ចាស់នឹងបដិសេធខ្ញុំមិនខាន។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកមិនស្គាល់កន្លែងរបស់អ្នកឡើយប៉ុន្តែ អ្នកនៅតែច្បាំងជាមួយគ្នាទៅវិញទៅមក នៅក្នុងគំនរលាមកនោះ ដដែល។ តើអ្នកអាចទទួលបានអ្វីខ្លះពីការខំពុះពារនេះ? ប្រសិនបើនៅក្នុងដួងចិត្ត អ្នករាល់គ្នាពិតជាមានការកោតខ្លាចចំពោះខ្ញុំមែន តើអ្នកអាចច្បាំងជាមួយគ្នាទៅវិញទៅមកនៅពីក្រោយខ្នងរបស់ខ្ញុំបានដោយរបៀបណា? មិនថាអ្នកមានឋានៈខ្ពស់យ៉ាងណានោះទេ តើអ្នកមិនមែននៅតែជាកូនដង្កូវស្អុយគគ្រក់នៅក្នុងគំនរលាមកទេឬអី? តើអ្នកនឹងអាចដុះស្លាប និងក្លាយជាសត្វព្រាបនៅលើមេឃបានដែរឬទេ?» («នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា មនុស្សគឺជា «ដង្កូវ»? នៅក្នុងព្រះនេត្ររបស់ទ្រង់ មនុស្សដ៏ពុករលួយទាំងនេះគឺជាភាវៈដែលត្រូវបានបង្កើតមកយ៉ាងច្បាស់ក្រឡែត ប៉ុន្តែ តើពួកគេបំពេញទំនួលខុសត្រូវ និងភារកិច្ចដែលភាវៈត្រូវបានបង្កើតមកគួរតែធ្វើដែរឬទេ? ទោះបើមនុស្សជាច្រើនកំពុងតែបំពេញភារកិច្ចរបស់ពួកគេក៏ដោយចុះ តើលទ្ធផលនៃការងារដែលពួកគេសម្ដែងចេញនោះល្អប្រសើរកម្រិតណា? ពួកគេគ្មានបរិសកម្មសូម្បីតែបន្តិចក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយពួកគេក៏កម្រផ្ដួចផ្ដើមធ្វើអ្វីមួយដោយខ្លួនឯងនោះដែរ។ បើពួកគេមិនត្រូវបានលួសកាត់ ដោះស្រាយជាមួយ ឬប្រៀនប្រដៅទេ នោះពួកគេមិនធ្វើអ្វីមួយឡើយ។ ដូច្នេះ វាក៏ជាការចាំបាច់ផងដែរក្នុងការជួបជុំ ប្រកបគ្នា និងផ្គត់ផ្គង់ ដើម្បីឲ្យពួកគេមានសេចក្តីជំនឿបានបន្ដិច ឲ្យពួកគេមានបរិសកម្មបានខ្លះ។ តើនេះមិនមែនជាសេចក្តីពុករលួយរបស់មនុស្សទេឬ? ... គ្មានអ្វីមួយដែលពួកគេគិតពេញមួយថ្ងៃ មានការពាក់ព័ន្ធនឹងសេចក្តីពិត ឬដើរតាមផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេចំណាយពេលពេញមួយថ្ងៃគិតតែពីរឿងហូបចុក ហើយគ្មានដែលគិតអំពីរឿងអ្វីផ្សេងឡើយ។ ទោះបីជាពួកគេគិតអំពីរឿងអ្វីមួយក៏ដោយ ក៏វាមិនមែនជាអ្វីដែលស្របតាមគោលការណ៍នៃសេចក្តីពិតដែរ។ វាគ្មានពាក់ព័ន្ធសូម្បីតែបន្ដិចសោះឡើយជាមួយនឹងអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សជាតិ។ គ្រប់កិច្ចការដែលពួកគេធ្វើ គឺជាការបង្អាក់ និងការរាំងស្ទះ ហើយពួកគេមិនដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់សោះឡើយ។ គំនិតរបស់ពួកគេពេញដោយរបៀបស្វែងរកអ្វីៗដែលល្អសម្រាប់សាច់ឈាម របៀបប្រយុទ្ធដណ្ដើមយកឋានៈបុណ្យស័ក្ដិ និងកិត្តិនាម របៀបសម្របខ្លួនឲ្យចូលចំណោមក្រុមមនុស្សជាក់លាក់ និងរបៀបទទួលបានតួនាទី និងមានកេរ្តិ៍ឈ្មោះល្អ។ ពួកគេបរិភោគអាហារដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ ដោយរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលទ្រង់ប្រទានមក ប៉ុន្តែពួកគេមិនធ្វើតាមអ្វីដែលមនុស្សគួរតែធ្វើឡើយ។ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សបែបនេះដែរឬទេ? ... អ្វីដែលសំខាន់បំផុតនោះគឺ អស់អ្នកដែលជាសត្វដង្កូវគ្មានតម្លៃ គ្មានកេរ្តិ៍ខ្មាស ហើយនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេគ្មានតម្លៃឡើយ! ហេតុអ្វីបានជាខ្ញុំថាមនុស្សបែបនេះគ្មានតម្លៃ? ព្រះជាម្ចាស់បានបង្កើតអ្នកមក ហើយទ្រង់បានប្រទានជីវិតដល់អ្នក ប៉ុន្តែ អ្នកមិនអាចបំពេញភារកិច្ចរបស់អ្នក ដែលជាសេចក្តីតម្រូវអប្បបរមាដែលអ្នកគួរតែធ្វើនោះឡើយ ពោលគឺអ្នកគ្រាន់តែចង់កេងចំណេញតែម្យ៉ាងប៉ុណ្ណោះ។ នៅក្នុងព្រះនេត្ររបស់ទ្រង់ អ្នកគ្មានអ្វីក្រៅពីមនុស្សខ្ជិលច្រអូស និងគ្មានប្រយោជន៍ម្នាក់ប៉ុណ្ណោះ ហើយវាគ្មានន័យដែលអ្នកមានជីវិតរស់នោះឡើយ។ តើមនុស្សបែបនេះមិនមែនជាសត្វដង្កូវទេឬ? ដូចនេះ តើមនុស្សគួរតែធ្វើអ្វីខ្លះទៅ បើពួកគេមិនចង់ក្លាយជាសត្វដង្កូវ? ជាដំបូង ចូររកឲ្យឃើញកន្លែងរបស់អ្នកផ្ទាល់ ហើយព្យាយាមបំពេញភារកិច្ចរបស់អ្នក តាមគ្រប់មធ្យោបាយដែលអ្នកអាចធ្វើបាន នោះអ្នកនឹងត្រូវបានផ្សារភ្ជាប់ជាមួយព្រះអាទិករមិនខាន។ អ្នកអាចរាយការណ៍ទៅកាន់ទ្រង់បាន។ ក្រោយមក ចូរពិចារណាទៅលើរបៀបសម្រេចបានស្វាមីភក្តិនៅក្នុងការបំពេញភារកិច្ចរបស់អ្នក។ អ្នកមិនគួរគ្រាន់តែធ្វើការបែបបង្គ្រប់កិច្ច ឬធ្វើការបែបឲ្យតែរួចពីដៃនោះឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែដាក់ចិត្តដាក់កាយរបស់អ្នកទាំងស្រុងទៅក្នុងកិច្ចការនោះ។ អ្នកមិនគួរព្យាយាមបោកបញ្ឆោតព្រះអាទិករទេ។ អ្នកគួរតែធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់សុំឲ្យអ្នកធ្វើ ហើយអ្នកគួរតែយកចិត្តទុកដាក់ និងចុះចូល» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ខណៈពេលដែលខ្ញុំបានសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំមានអារម្មណ៍ពិបាកចិត្ត។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានទតឃើញការតស៊ូរបស់ខ្ញុំដើម្បីកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ គឺជារឿងថោកទាប។ ការអាចបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់គឺជាការលើកសរសើររបស់ព្រះជាម្ចាស់។ កាតព្វកិច្ចរបស់ខ្ញុំមិនត្រូវបានបំពេញឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានគិតអំពីកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយបានរំខានកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំកំពុងតែធ្វើកិច្ចការរបស់សាតាំង។ ពិតជាគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់មែន! ព្រះជាម្ចាស់មានបន្ទូលថា៖ «មិនថាអ្នកមានឋានៈខ្ពស់យ៉ាងណានោះទេ តើអ្នកមិនមែននៅតែជាកូនដង្កូវស្អុយគគ្រក់នៅក្នុងគំនរលាមកទេឬអី?» ខ្ញុំបានយល់ថា ខ្ញុំគឺជាភាវៈនៃការបង្កើតមួយដែលគួរឱ្យខ្ពើម ជាមនុស្សពុករលួយដែលគ្មានតម្លៃ និងសេចក្ដីថ្លៃថ្នូរលើកមកនិយាយឡើយ ដូច្នេះ ទោះបីជាមានតួនាទី ក៏ខ្ញុំមិនអាចផ្លាស់ប្ដូរលក្ខណៈរបស់ខ្ញុំបានឡើយ។ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អឡើយ ក្រៅពីស្វែងរកកេរ្ដិ៍ឈ្មោះ និងឋានៈជានិច្ច។ តើមនសិការរបស់ខ្ញុំនៅឯណា? តម្លៃរបស់ខ្ញុំនៅឯណា? តើខ្ញុំមិនមែនគ្រាន់តែជាមនុស្សគ្មានតម្លៃទេឬ? បន្ទាប់ពីយល់ពីធម្មជាតិរបស់ខ្ញុំចេញពីអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែង នោះខ្ញុំស្អប់ខ្លួនឯង ហើយចង់លះបង់ចោលសាច់ឈាម និងអនុវត្តសេចក្ដីពិត។

ក្រោយមក ខ្ញុំបានទៅរកប្អូនចាង ហើយប្រាប់គាត់អំពីសេចក្ដីពុករលួយរបស់ខ្ញុំដោយបើកសម្ដែងពីបំណងចិត្ត និងសកម្មភាពគួរឱ្យស្អប់ខ្ពើមរបស់ខ្ញុំនៅក្នុងការបោះឆ្នោត។ គាត់មិនបានមើលងាយខ្ញុំឡើយ ប៉ុន្តែគាត់បានចែករំលែកបទពិសោធន៍របស់គាត់ដើម្បីជួយខ្ញុំ។ បន្ទាប់ពីការប្រកបគ្នាមក នោះជញ្ជាំងខ័ណ្ឌរវាងពួកយើងទាំងពីរក៏បានរលាយបាត់ ហើយខ្ញុំមានអារម្មណ៍ថាមានសេរីភាព និងធូរស្រាល។ ចាប់ពីពេលនោះមក ពេលណាក៏ដោយដែលខ្ញុំមានការលំបាក ឬមិនយល់ពីបញ្ហាអ្វីមួយ ខ្ញុំបានទៅរកជំនួយពីប្អូនប្រុសចាង ហើយគាត់តែងតែឆ្លើយសំណួររបស់ខ្ញុំយ៉ាងអត់ធ្មត់។ មួយរយៈក្រោយមក ជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់ខ្ញុំបានរីកចម្រើន។ នៅពេលដែលខ្ញុំយកកេរ្ដិ៍ឈ្មោះ និងឋានៈចេញ នោះខ្ញុំមានបទពិសោធន៍អំពីភាពធូរស្រាល និងសេចក្ដីស្ងប់នៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំកាន់តែខិតទៅជិតព្រះជាម្ចាស់។ ខ្ញុំបានគេចចេញពីច្រវាក់នៃកេរ្ដិ៍ឈ្មោះ និងឋានៈម្ដងទៀត ហើយទទួលបានរសជាតិនៃសេចក្ដីសង្គ្រោះជាក់ស្ដែងរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ។

ការបោះឆ្នោតរបស់ក្រុមជំនុំបានចាប់ផ្ដើមនៅខែតុលា ឆ្នាំ ២០១៧ បងប្អូនប្រុសស្រីបានណែនាំខ្ញុំឱ្យធ្វើជាបេក្ខជនម្នាក់។ ខ្ញុំពិតជាមានអារម្មណ៍ថាអ្វីមួយកំពុងកម្រើកឡើងនៅក្នុងខ្ញុំ ហើយខ្ញុំបានគិតថា «វាមានរយៈពេលជាងពីរឆ្នាំហើយ ចាប់តាំងពីខ្ញុំត្រូវបានផ្លាស់ចេញពីតួនាទីដឹកនាំរបស់ខ្ញុំ ហើយខ្ញុំបានឮអ្នកដទៃនិយាយល្អពីខ្ញុំ។ ពួកគេនិយាយថា ការប្រកបគ្នារបស់ខ្ញុំកាន់តែជាក់ស្ដែង ហើយខ្ញុំបានឆ្លងកាត់ការផ្លាស់ប្ដូរមួយចំនួន។ ខ្ញុំឆ្ងល់ថា តើខ្ញុំអាចទទួលបានតួនាទីដឹកនាំឬទេលើកនេះ»។ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែតាមរកកេរ្ដិ៍ឈ្មោះ និងឋានៈម្ដងទៀត ហើយបានគិតអំពីភាពឈឺចាប់នៃការតាមរករបស់ទាំងនោះបែបណា។ ខ្ញុំគួរតែបញ្ឈប់ បោះបង់ចោលសាច់ឈាម និងអនុវត្តសេចក្ដីពិត។ ក្រោយមក ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅពេលដែលអ្នកបានបោះបង់ចោលកេរ្ដិ៍ឈ្មោះ និងឋានៈដែលជារបស់សាតាំង នោះអ្នកនឹងលែងត្រូវបានបន្ទច់បង្អាក់ និងបោកបញ្ឆោតដោយទស្សនៈ និងការយល់ឃើញបែបសាតាំងទៀតហើយ។ អ្នកនឹងរកឃើញនូវភាពធូរស្រាល ហើយនឹងមានអារម្មណ៍កាន់តែធូរចិត្ត។ អ្នកនឹងមានសេរីភាព និងត្រូវបានរំដោះ។ នៅពេលដែលថ្ងៃនោះមកដល់ ដែលអ្នកមានសេរីភាព និងត្រូវបានរំដោះ នោះអ្នកនឹងមានអារម្មណ៍ថាអ្វីដែលអ្នកបានបោះបង់ចោល គ្មានអ្វីក្រៅពីការជាប់ជំពាក់ឡើយ ហើយថាអ្វីដែលអ្នកពិតជាបានទទួលគឺមានតម្លៃបំផុតចំពោះអ្នក។ អ្នកនឹងមានអារម្មណ៍ថា ទាំងនោះគឺជារបស់ដែលមានតម្លៃបំផុត ហើយជារបស់ដែលមានតម្លៃបំផុតដែលត្រូវបានផ្ដល់តម្លៃឱ្យ។ របស់ដែលអ្នកស្រឡាញ់ទាំងនោះ ដូចជា ការពេញចិត្តផ្នែកសម្ភារៈ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ឋានៈ លុយកាក់ កិត្យានុភាព និងការគោរពរបស់អ្នកដទៃនឹងហាក់ដូចជាគ្មានតម្លៃចំពោះអ្នក។ របស់ទាំងនោះបានបណ្ដាលឱ្យអ្នកមានការរងទុក្ខដ៏ធំធេង ហើយអ្នកនឹងលែងចង់បានពួកវាតទៅទៀត។ អ្នកមិនចង់បានពួកវាតទៅទៀតឡើយ ទោះបីជាអ្នកត្រូវបានគេផ្ដល់កេរ្ដិ៍ឈ្មោះ និងឋានៈកាន់តែខ្ពស់ជាងមុនក៏ដោយ។ ផ្ទុយទៅវិញ អ្នកនឹងស្អប់ និងបដិសេធពួកវា អស់ពីជម្រៅចិត្តរបស់អ្នក!» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ចិត្តរបស់ខ្ញុំត្រូវបានបំភ្លឺ ហើយខ្ញុំបានដឹងថា ការតាមរកកេរ្ដិ៍ឈ្មោះនិងឋានៈលែងមានតម្លៃទៀតហើយ ហើយការអនុវត្តសេចក្ដីពិត និងការបំពេញតួនាទីរបស់ខ្ញុំក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក គឺជារឿងដែលមានតម្លៃ។ ការចូលរួមក្នុងការបោះឆ្នោតមិនមែនជាការប្រយុទ្ធដណ្ដើមតួនាទីឡើយ ប៉ុន្តែជាការបំពេញទំនួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំត្រូវតែយកបំណងចិត្តអាក្រក់របស់ខ្ញុំដែលចង់បានកេរ្ដិ៍ឈ្មោះ និងឋានៈចេញ ហើយបោះឆ្នោតឱ្យអ្នកដឹកនាំដែលស័ក្ដិសមស្របតាមគោលការណ៍នៃសេចក្ដីពិត។ ធ្វើបែបនោះនឹងផ្ដល់ផលប្រយោជន៍ដល់កិច្ចការរបស់ក្រុមជំនុំ។ បើខ្ញុំជាអ្នកដឹកនាំ ខ្ញុំត្រូវតែធ្វើភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ បើខ្ញុំមិនក្លាយជាអ្នកដឹកនាំ នោះខ្ញុំមិនស្ដីបន្ទោសព្រះជាម្ចាស់ឡើយ ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងធ្វើភារកិច្ចរបស់ខ្ញុំឱ្យអស់ពីលទ្ធភាពរបស់ខ្ញុំ។ នៅពេលដែលបំណងចិត្តរបស់ខ្ញុំចំពោះការបោះឆ្នោតមានសភាពត្រង់ នោះជារឿងគួរឱ្យភ្ញាក់ផ្អើលចំពោះខ្ញុំ ដែលខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំ។ ដោយឃើញបែបនេះ ខ្ញុំមិនបានត្រេកអរ ហើយគិតថាខ្ញុំប្រសើរជាងអ្នកដទៃឡើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា វាគឺជាទំនួលខុសត្រូវរបស់ខ្ញុំ ហើយថា ខ្ញុំគួរតែតាមរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដើម្បីឱ្យសមនឹងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។

ក្នុងរយៈពេលជិតបីឆ្នាំនោះ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំនូវគ្រោះថ្នាក់ ដែលបណ្ដាលមកពីកេរ្ដិ៍ឈ្មោះ និងឋានៈ ហើយខ្ញុំបានសម្រេចចិត្តដើម្បីតាមរកសេចក្ដីពិត។ ទោះបីជានៅពេលដែលខ្ញុំចង់ប្រយុទ្ធដើម្បីកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈក៏ដោយ ក៏ខ្ញុំអាចអធិស្ឋានទៅព្រះជាម្ចាស់ អនុវត្តសេចក្ដីពិត និងផ្ដោតលើភារកិច្ចរបស់ខ្ញុំដោយមនសិការបានដែរ។ ខ្ញុំលែងត្រូវបានរឹតត្បិតដោយនិស្ស័យពុករលួយបែបសាតាំងរបស់ខ្ញុំទៀតហើយ។ នៅពេលដែលខ្ញុំយកកេរ្ដិ៍ឈ្មោះ និងឋានៈចេញ ខ្ញុំមានអារម្មណ៍ថានោះមិនមែនជាអ្វីទាំងអស់ដែលខ្ញុំបានយកចេញឡើយ ប៉ុន្តែក៏បានយកចេញនូវច្រវាក់របស់សាតាំងដែលបានចងខ្ញុំផងដែរ។ ខ្ញុំមានអារម្មណ៍ស្រាកស្រាន្ត និងមានសេរីភាពណាស់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបដោះស្រាយភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត...

ការឆ្លុះបញ្ចាំង ក្រោយការប្រឆាំងនឹងការមើលខុសត្រូវ

ដោយមីហ័រ ប្រទេសចិន ក្នុងឆ្នាំ ២០២១ ខ្ញុំទទួលបន្ទុកលើកិច្ចការស្រោចស្រពនៅពួកជំនុំ។ ក្នុងអំឡុងពេលនោះ អ្នកដឹកនាំតែងសួរនាំអំពីវឌ្ឍនភាពការងារ...