ជំពូកទី ៣២
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យមនុស្សងឿងឆ្ងល់ជាខ្លាំង។ មើលទៅហាក់ដូចជាពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលម្ដងៗ ព្រះអង្គកំពុងគេចចេញពីមនុស្ស ហើយមានបន្ទូលទៅកាន់ខ្យល់ ហាក់ដូចជា ព្រះអង្គគ្មានការគិតគូរយកព្រះទ័យទុកដាក់បន្ថែមទៅលើកិច្ចការរបស់មនុស្ស និងមិនខ្វល់ព្រះទ័យអំពីកម្ពស់របស់មនុស្សទាល់សោះដូច្នោះដែរ ហាក់ដូចជាព្រះបន្ទូលដែលព្រះអង្គថ្លែងមកនោះ មិនបានសំដៅទៅលើសញ្ញាណរបស់មនុស្សទេ ប៉ុន្តែបែរជាគេចចេញពីមនុស្សស្របទៅតាមបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់ទៅវិញ។ ដោយសារហេតុផលដ៏ច្រើនអនេកនេះហើយ ទើបមនុស្សមិនអាចយល់ និងមិនអាចជ្រួតជ្រាបពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ចំណុចនេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ។ គោលបំណងដើមនៃព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ គឺមិនមែនដើម្បីឱ្យមនុស្សទទួលបានចំណេះធ្វើ ឬរៀនសូត្រពីគន្លឹះសំខាន់ៗនៅក្នុងព្រះបន្ទូលទាំងនោះទេ តែផ្ទុយទៅវិញ ព្រះបន្ទូលទាំងនោះគឺជាមធ្យោបាយដែលព្រះជាម្ចាស់បានប្រើដើម្បីបំពេញកិច្ចការតាំងពីដើមរហូតមកទល់នឹងសព្វថ្ងៃនេះ។ ពិតណាស់ថា មនុស្សបានរៀនសូត្រអ្វីៗតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជា អ្វីៗដែលទាក់ទងនឹងអាថ៌កំបាំង ឬអ្វីៗដែលពាក់ព័ន្ធនឹងពេត្រុស ប៉ុល និងយ៉ូបជាដើម។ ប៉ុន្តែ នេះគឺជាអ្វីដែលពួកគេគួរតែធ្វើឱ្យបាន ហើយក៏ជាអ្វីដែលពួកគេមានសមត្ថភាពអាចធ្វើបានផងដែរ ហើយពួកគេក៏បានមកកាន់តែឆ្ងាយអស់ពីលទ្ធភាពពួកគេ ដើម្បីសម្រេចនូវអ្វីទាំងអស់នេះ ស្របទៅតាមកម្ពស់របស់ពួកគេ។ ផលដែលព្រះជាម្ចាស់ចង់ឱ្យសម្រេចនោះមិនខ្ពស់នោះទេ ប៉ុន្តែហេតុអ្វីបានជាទ្រង់មានព្រះបន្ទូលច្រើនបែបនេះទៅវិញ? ចំណុចនេះទាក់ទងនឹងការវាយផ្ចាលដែលព្រះអង្គបានមានបន្ទូល ហើយជាធម្មតា កិច្ចការនេះសុទ្ធតែសម្រេចទៅ ដោយមនុស្សមិនដឹងនោះទេ។ សព្វថ្ងៃនេះ មនុស្សរងទុក្ខកាន់តែច្រើននៅក្រោមការវាយប្រហារពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សម្បកក្រៅ ក្នុងចំណោមពួកគេនោះ គ្មាននរណាម្នាក់មើលទៅដូចជាទទួលរងការដោះស្រាយជាមួយនោះទេ ហើយមនុស្សក៏បានចាប់ផ្ដើមមានសេរីភាពក្នុងការធ្វើកិច្ចការរបស់ពួកគេដែរ ហើយអ្នកស៊ីឈ្នួលត្រូវបានលើកឋានៈទៅជារាស្ត្ររបស់ព្រះជាម្ចាស់។ បែបនេះ ធ្វើឱ្យមនុស្សគិតថា ពួកគេបានចូលទៅក្នុងសេចក្ដីអំណរហើយ។ តាមពិតទៅ ការពិតនោះគឺថា ពួកគេសុទ្ធតែបានធ្លាក់ចូលទៅក្នុងការវាយផ្ចាលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត តាមរយៈការវាយផ្ចាលនេះ។ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា «ជំហាននៃកិច្ចការរបស់ខ្ញុំមានការជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធពីមួយទៅមួយ ហើយចេះតែខ្ពស់ឡើងពីមួយជំហានទៅមួយជំហាន»។ ព្រះជាម្ចាស់បានលើកអ្នកស៊ីឈ្នួលចេញពីជង្ហុកធំ រួចបោះពួកគេចូលទៅក្នុងបឹងភ្លើង និងបឹងស្ពាន់ធ័រ ដែលនៅទីនោះ ការវាយផ្ចាលកាន់តែធ្ងន់ធ្ងរឡើងៗ។ ដូច្នេះហើយ ពួកគេកាន់តែទទួលរងទុក្ខលំបាកខ្លាំងឡើងៗ ដែលពួកគេស្ទើរតែមិនអាចរត់គេចបានផង។ តើការវាយផ្ចាលនោះមិនមែនកាន់តែធ្ងន់ធ្ងរទៅៗ ទេឬអី? នៅពេលបានចូលក្នុងពិភពមួយកាន់តែខ្ពស់ជាងមុន ហេតុអ្វីបានជាមនុស្សគ្មានសុភមង្គល តែបែរជាមានអារម្មណ៍សោកសៅទៅវិញ? ហេតុអ្វីបានជាគេនិយាយថា ពេលបានរួចពីកណ្ដាប់ដៃរបស់សាតាំងហើយ ពួកគេបែរជាត្រូវធ្លាក់ទៅក្នុងដៃនាគដ៏ធំមានសម្បុរក្រហមទៅវិញ? តើអ្នកចាំបានទេ នៅពេលព្រះជាម្ចាស់មានបន្ទូលថា «កិច្ចការនៅផ្នែកចុងក្រោយ ត្រូវបញ្ចប់នៅក្នុងផ្ទះរបស់នាគដ៏ធំមានសម្បុរក្រហម»? តើអ្នកនឹកឃើញទេ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា «ការលំបាកចុងក្រោយគេ គឺជាការធ្វើបន្ទាល់ដ៏ខ្លាំងក្លា និងកងរំពងថ្វាយព្រះជាម្ចាស់នៅចំពោះមុខនាគដ៏ធំមានសម្បុរក្រហម»? ប្រសិនបើមនុស្សមិនត្រូវបានប្រគល់ទៅឱ្យនាគដ៏ធំមានសម្បុរក្រហមទេ តើពួកគេអាចធ្វើបន្ទាល់នៅចំពោះមុខវាបានយ៉ាងម្ដេចទៅ? តើនរណាធ្លាប់និយាយដូច្នេះថា «ខ្ញុំបានឈ្នះអារក្ស» បន្ទាប់ពីបានសម្លាប់ខ្លួនឯងហើយ? ពេលយល់ឃើញថាសាច់ឈាមផ្ទាល់ខ្លួនជាសត្រូវរបស់ពួកគេ រួចក៏សម្លាប់ខ្លួនឯងចោល តើធ្វើបែបនេះមានសារៈសំខាន់ជាក់ស្ដែងអ្វីទៅ? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលដូច្នេះ? «ខ្ញុំមិនបានទតមើលស្នាមសម្លាករបស់មនុស្សទេ ប៉ុន្តែខ្ញុំទតមើលផ្នែកត្រង់ណាដែលគ្មានស្នាមសម្លាកវិញ បែបនេះ ខ្ញុំក៏បានសប្បាយព្រះទ័យ»។ ប្រសិនបើវាជាការពិតដែលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យអ្នកដែលគ្មានស្នាមសម្លាកក្លាយជាការសម្ដែងចេញរបស់ទ្រង់ ហេតុអ្វីបានជាព្រះអង្គមានបន្ទូលដោយការអត់ធ្មត់ និងស្មោះសតាមទស្សនៈរបស់មនុស្សយ៉ាងច្រើន ដើម្បីវាយបកទៅលើសញ្ញាណរបស់មនុស្សធ្វើអ្វី? ហេតុអ្វីបានជាទ្រង់ខ្វល់ខ្វាយព្រះទ័យនឹងរឿងនេះធ្វើអ្វី? ហេតុអ្វីបានជាទ្រង់ទៅពាក់ព័ន្ធនឹងបញ្ហាមិនចាំបាច់ក្នុងការធ្វើរឿងបែបនេះធ្វើអ្វី? ដូច្នេះ ចំណុចនេះបង្ហាញថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានសារៈសំខាន់ពិតប្រាកដ បង្ហាញថាទ្រង់នឹងមិន «បដិសេធចោល» សាច់ឈាមឡើយ បន្ទាប់ពីបានក្លាយជាសាច់ឈាម និងបានបញ្ចប់កិច្ចការរបស់ទ្រង់ហើយ។ ហេតុអ្វីបានជាគេនិយាយថា «មាសមិនអាចសុទ្ធមួយរយភាគរយបាន ឯមនុស្សក៏មិនអាចល្អគ្រប់លក្ខណ៍នោះដែរ»? តើឃ្លានេះអាចពន្យល់យ៉ាងដូចម្ដេចបានទៅ? នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលអំពីលក្ខណៈរបស់មនុស្ស តើបន្ទូលរបស់ទ្រង់មានន័យដូចម្ដេច? ត្រឹមភ្នែកទទេរបស់មនុស្ស សាច់ឈាមមើលទៅដូចជាគ្មានសមត្ថភាពអ្វីនោះទេ ឬពុំដូច្នោះទេ ក៏មើលទៅដូចជាមានចំណុចខ្វះខាតច្រើនណាស់ដែរ។ ចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់វិញ ចំណុចនេះមិនសំខាន់ទាល់តែសោះ។ ប៉ុន្តែចំពោះមនុស្សវិញ នេះជាបញ្ហាសំខាន់ខ្លាំងណាស់។ មើលទៅហាក់ដូចជាពួកគេគ្មានសមត្ថភាពដោះស្រាយរឿងនេះទាល់តែសោះ ហាក់ដូចជាបញ្ហានេះត្រូវទុកឱ្យអង្គដែលគង់នៅឯស្ថានសួគ៌ជាអ្នកដោះស្រាយដោយផ្ទាល់យ៉ាងដូច្នោះដែរ។ តើនេះមិនមែនជាសញ្ញាណរបស់មនុស្សទេឬអី? «នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំគ្រាន់តែជា 'កូនផ្កាយ' តូចមួយដែលបានធ្លាក់ពីលើមេឃមកប៉ុណ្ណោះ គ្រាន់តែជាកូនផ្កាយតូចមួយនៅលើឋានសួគ៌ប៉ុណ្ណោះ ហើយការដែលខ្ញុំយាងមកដល់ផែនដីនៅថ្ងៃនេះ គឺគ្រាន់តែជាការទទួលបញ្ជាបេសកកម្មពីព្រះជាម្ចាស់តែប៉ុណ្ណោះ។ ហេតុនេះហើយបានជាមនុស្សមានការបកស្រាយកាន់តែច្រើនអំពីពាក្យ 'ខ្ញុំ' និង 'ព្រះជាម្ចាស់'»។ ហេតុអ្វីបានជាព្រះជាម្ចាស់បើកសម្ដែងពីសញ្ញាណរបស់មនុស្សតាមទស្សនៈខុសៗគ្នា ទាំងដែលមនុស្សគ្មានតម្លៃអ្វីសោះនោះ? តើនេះក៏អាចជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ដែរមែនទេ? តើបន្ទូលបែបនេះមិនគួរឱ្យអស់សំណើចទេឬអី? ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «ទោះបីជាក្នុងចិត្តមនុស្ស ខ្ញុំសំខាន់ក៏ដោយ ក៏ពួកគេមិនត្រូវការឱ្យខ្ញុំគង់នៅក្នុងចិត្តពួកគេដែរ។ ផ្ទុយទៅវិញ ពួកគេរង់ចាំឱ្យ 'ព្រះដ៏បរិសុទ្ធ' ដែលមាននៅក្នុងចិត្តរបស់ពួកគេនោះ យាងមកភ្លាមៗទៅវិញ។ ដោយសារតែអត្តសញ្ញាណរបស់ខ្ញុំ 'ទាប' ខ្លាំងពេក ម្ល៉ោះហើយខ្ញុំមិនអាចបំពេញតាមការចង់បានរបស់មនុស្សទេ ដូច្នោះ ពួកគេក៏ផាត់ខ្ញុំចោល»។ ដោយសារតែការប៉ាន់ស្មានរបស់មនុស្សអំពីព្រះជាម្ចាស់ «ខ្ពស់ពេក» ទើបមានរឿងជាច្រើនដែលព្រះជាម្ចាស់ «មិនអាចជ្រាបបាន» ដែលធ្វើឱ្យទ្រង់ «ជួបការលំបាក»។ មនុស្សដឹងតិចតួចណាស់ថាអ្វីដែលពួកគេទូលសុំឱ្យព្រះជាម្ចាស់អាចធ្វើបាននោះ គឺគ្រាន់តែជាសញ្ញាណរបស់ពួកគេប៉ុណ្ណោះ។ តើនេះមិនមែនជាអត្ថន័យពិតនៃពំនោលដែលថា «មនុស្សឆ្លាតគង់តែត្រូវរងគ្រោះដោយសារបញ្ញារបស់ខ្លួន» ទេឬអី? នេះពិតជាករណីដូចគេថា «ឆ្លាតអស់មួយជីវិត តែបែរជាមកល្ងង់មួយពេល»! នៅក្នុងការអធិប្បាយរបស់អ្នករាល់គ្នា អ្នករាល់គ្នាប្រាប់ឱ្យមនុស្សលុបបំបាត់ព្រះជាម្ចាស់នៅក្នុងសញ្ញាណរបស់ពួកគេ ប៉ុន្តែតើព្រះជាម្ចាស់នៅក្នុងសញ្ញាណរបស់អ្នករាល់គ្នាបានលុបបំបាត់ហើយឬនៅ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា «សេចក្ដីបង្គាប់របស់ខ្ញុំចំពោះមនុស្ស គ្មានអ្វីធំដុំនោះទេ» អាចបកស្រាយយ៉ាងដូចម្ដេចទៅវិញ? ព្រះបន្ទូលនេះមិនមែនដើម្បីឱ្យមនុស្សប្រែជាអវិជ្ជមាន និងប្រព្រឹត្ដខុសគន្លងធម៌នោះទេ ប៉ុន្តែគឺដើម្បីឱ្យពួកគេយល់ច្បាស់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្នកយល់ទេ? តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺពិតជា «'ខ្ញុំ' ដែលខ្ពង់ខ្ពស់ និងមានចេស្ដា» ដូចដែលមនុស្សស្រមើស្រមៃមែនទេ?
ទោះបីជាមានអ្នកខ្លះដែលបានអានព្រះបន្ទូលទាំងអស់ដែលព្រះជាម្ចាស់បានថ្លែងមក ហើយអាចនិយាយពីខ្លឹមសារគោលនៃព្រះបន្ទូលទាំងនោះបានក៏ដោយ ក៏ប៉ុន្តែ តើមាននរណាដែលអាចនិយាយពីបំណងចុងក្រោយរបស់ព្រះជាម្ចាស់បានទេ? មនុស្សជាតិនៅខ្វះចំណុចនេះឯង។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលតាមទស្សនៈបែបនោះទេ ក៏បំណងរួមរបស់ទ្រង់ គឺដើម្បធ្វើឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់នៅខាងសាច់ឈាមដែរ។ ប្រសិនបើគ្មានភាពជាមនុស្សនៅក្នុងអង្គទ្រង់ទេ ប្រសិនបើកម្មសិទ្ធិរបស់ទ្រង់មានសុទ្ធតែលក្ខណៈរបស់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ ម្ល៉េះសមព្រះជាម្ចាស់មិនចាំបាច់ត្រូវមានព្រះបន្ទូលច្រើនបែបនេះទេ។ អាចនិយាយបានថា អ្វីដែលមនុស្សខ្វះខាត គឺជាដើមចមសំខាន់ដំបូងគេបង្អស់ដែលជាប់ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះចង់បានន័យថា អ្វីៗដែលត្រូវបានបង្ហាញឱ្យឃើញនៅក្នុងខ្លួនមនុស្ស គឺជាសាវតាដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីសញ្ញាណរបស់មនុស្ស ដូច្នេះហើយ មនុស្សដើរតួជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ជាធម្មតា ចំណុចនេះពឹងផ្អែកលើបន្ទូលដែលព្រះជាម្ចាស់ថ្លែងអំពីសញ្ញាណរបស់មនុស្ស។ មានតែបែបនេះទេ ទើបអាចហៅថាជាការផ្សំបញ្ចូលគ្នារវាងទ្រឹស្ដី និងភាពជាក់ស្ដែងបាន។ មានតែពេលនោះទេដែលអាចមានប្រសិទ្ធភាពក្នុងការធ្វើឱ្យមនុស្សយកចិត្តទុកដាក់ខ្លាំងអំពីការស្គាល់ខ្លួនឯងបាន។ ប្រសិនបើព្រះជាម្ចាស់នៅខាងសាច់ឈាម យល់ស្របនឹងសញ្ញាណរបស់មនុស្ស ហើយប្រសិនបើព្រះជាម្ចាស់ពិតជាធ្វើបន្ទាល់ដើម្បីអង្គទ្រង់មែន តើធ្វើបែបនោះនឹងមានន័យអ្វីទៅ? ច្បាស់ណាស់ថា ដោយសារតែមូលហេតុនេះហើយ ទើបព្រះជាម្ចាស់បំពេញកិច្ចការចេញពីផ្នែកអវិជ្ជមានមកវិញ ដោយប្រើសញ្ញាណរបស់មនុស្សដើម្បីរំលេចឱ្យឃើញពីព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់។ តើនេះមិនមែនជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេឬអី? អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើដើម្បីមនុស្សគ្រប់គ្នា គឺសុទ្ធតែល្អទាំងអស់ ដូច្នេះ ហេតុអ្វីបានជាម្ដងនេះពួកគេមិនថ្វាយការសរសើរ? ប្រសិនបើអ្វីៗឈានដល់ចំណុចជាក់លាក់ណាមួយ ឬប្រសិនបើថ្ងៃនោះចូលមកដល់ នៅក្នុងអំឡុងពេលនៃការល្បងលនោះ តើអ្នកអាចពោលពាក្យអធិស្ឋានចេញពីក្នុងក្រអៅដួងចិត្តរបស់អ្នកបានដូចជាពេត្រុសដែរទេ? ប្រសិនបើអ្នកនៅតែអាចថ្វាយការសរសើរដល់ព្រះជាម្ចាស់បានដូចជាពេត្រុសដែរ ទាំងដែលអ្នកកំពុងស្ថិតនៅក្នុងដៃរបស់សាតាំង ពេលនោះឯងទើប «ការត្រូវបានរំដោះពីចំណងរបស់សាតាំង ការយកឈ្នះលើសាច់ឈាម និងការយកឈ្នះលើសាតាំង» នឹងបានស្គាល់អត្ថន័យពិត។ តើនេះមិនមែនជាទីបន្ទាល់ពិតប្រាកដសម្រាប់ព្រះជាម្ចាស់ទេឬអី? នេះទើបជាផលតែមួយគត់ដែលសម្រេចដោយ «ភាពជាព្រះដែលយាងមកបំពេញកិច្ចការ និងព្រះវិញ្ញាណដ៏ខ្លាំងឡើងប្រាំពីរដង ដែលកំពុងធ្វើការនៅក្នុងចំណោមមនុស្ស» ហើយនេះក៏ជាផលដែលសម្រេចបានដោយ «ព្រះវិញ្ញាណដែលត្រឡប់ជាសាច់ឈាម» ផងដែរ។ តើសកម្មភាពបែបនេះមិនមែនជាការពិតទេឬអី? អ្នកធ្លាប់យកចិត្តទុកដាក់លើការពិត ប៉ុន្តែតើអ្នកមានចំណេះដឹងពិតប្រាកដអំពីការពិតនាពេលសព្វថ្ងៃនេះដែរឬទេ? «សេចក្ដីបង្គាប់របស់ខ្ញុំចំពោះមនុស្ស គ្មានអ្វីធំដុំនោះទេ ប៉ុន្តែមនុស្សបែរជាជឿផ្សេងពីនេះទៅវិញ។ ម្ល៉ោះហើយ 'ការបន្ទាបខ្លួន' របស់ពួកគេ ត្រូវបានបើកសម្ដែងតាមគ្រប់ចលនារបស់ពួកគេ។ ពួកគេតែងរ៉ាប់រងក្នុងការដើរពីមុខខ្ញុំ នាំផ្លូវខ្ញុំ ខ្លាចខ្លាំងថា ខ្ញុំនឹងត្រូវវង្វេងផ្លូវ ភ័យខ្លាំងថា ខ្ញុំនឹងដើរត្រាច់ចរចូលទៅក្នុងព្រៃចាស់ដ៏សែនជ្រៅនៅក្នុងភ្នំ។ ដូច្នេះហើយ មនុស្សតែងដឹកមុខខ្ញុំជានិច្ច ខ្លាចខ្លាំងថា ខ្ញុំនឹងដើរចូលទៅក្នុងគុកងងឹត»។ តើអ្នករាល់គ្នាយល់បែបណាចំពោះបន្ទូលដ៏សាមញ្ញទាំងនេះ? តើអ្នកពិតជាអាចយល់ពីឫសគល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងបន្ទូលទាំងនេះបានដែរឬទេ? តើអ្នករាល់គ្នាបានយកចិត្តទុកដាក់ថាតើព្រះជាម្ចាស់បានថ្លែងបន្ទូលបែបនេះសំដៅទៅលើសញ្ញាណណាមួយរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នកយកចិត្តទុកដាក់លើចំណុចគន្លឹះនេះរាល់ថ្ងៃដែរឬទេ? នៅផ្នែកបន្ទាប់ដែលនៅពីខាងក្រោមនោះ មានឃ្លាមួយដែលព្រះជាម្ចាស់បានមានព្រះបន្ទូលថា «ប៉ុន្តែមនុស្សមិនដែលដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ ហើយចេះតែបន្តអធិស្ឋានសុំអ្វីៗពីខ្ញុំឥតឈប់ ហាក់ដូចជាអ្វីៗដែលខ្ញុំបានប្រទានទៅឱ្យពួកគេនោះ មិនអាចបំពេញតាមសេចក្ដីត្រូវការរបស់ពួកគេបាន ហាក់ដូចជាតម្រូវការនោះច្រើនជាងការផ្គត់ផ្គង់ដូច្នោះដែរ»។ នៅក្នុងល្បះនេះ គេអាចយល់ពីសញ្ញាណដែលមាននៅក្នុងខ្លួនអ្នករាល់គ្នាបាន។ ព្រះជាម្ចាស់មិនបានចងចាំ ឬស៊ើបអង្កេតពីទង្វើដែលអ្នករាល់គ្នាបានធ្វើនាពេលកន្លងមកនោះទេ ដូច្នេះ ត្រូវឈប់គិតពីរឿងរ៉ាវកាលពីអតីតកាលតទៅទៀត។ អ្វីដែលសំខាន់ជាងនេះគឺ តើអ្នកអាចបង្កើត «ស្មារតីរបស់ពេត្រុសនៅក្នុងយុគសម័យចុងក្រោយនេះ» នៅលើផ្លូវទៅអនាគតបានឬអត់? តើអ្នកមានជំនឿចិត្តថាអាចសម្រេចការនេះបានដែរឬទេ? អ្វីដែលព្រះជាម្ចាស់ត្រាស់បង្គាប់ដល់មនុស្ស គឺគ្មានអ្វីក្រៅតែពីការយកតម្រាប់តាមពេត្រុសឡើយ ពោលគឺចុងក្រោយ ឱ្យមនុស្សអាចត្រួសត្រាយផ្លូវដើម្បីនាំភាពអាម៉ាស់មកឱ្យនាគដ៏ធំមានសម្បុរក្រហមនេះឯង។ ដោយសារតែរឿងនេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សមានការតាំងចិត្តសហការជាមួយខ្ញុំ។ ខ្ញុំមិនបានបង្គាប់ឱ្យពួកគេចម្អិនអាហារឆ្ងាញ់ៗថ្វាយដល់ខ្ញុំនោះទេ ក៏មិនបានឱ្យពួកគេរៀបចំកន្លែងស័ក្ដិសមសម្រាប់ខ្ញុំផ្ទំដែរ...។» នៅក្នុងលោកីយ៍នេះ គេទាមទារឱ្យមនុស្សនាំយក «ស្មារតីរបស់ឡីហ្វេង» ត្រឡប់មកក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ វិញ ប៉ុន្តែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ព្រះអង្គបង្គាប់ឱ្យអ្នករាល់គ្នាបង្កើត «បែបផែនរបស់ពេត្រុសពិសេសផ្ទាល់ខ្លួនគេ» វិញ។ តើអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកអាចខំប្រឹងប្រែងធ្វើបែបនេះបានដែរឬអត់?
«ខ្ញុំបានយាងនៅក្នុងចក្កវាឡនេះ ហើយពេលដែលខ្ញុំយាងធ្វើដំណើរនោះ ខ្ញុំក៏សង្កេតមើលមនុស្សនៅទូទាំងចក្កវាឡទាំងមូលនេះផងដែរ។ ក្នុងចំណោមហ្វូងមនុស្សនៅលើផែនដី មិនធ្លាប់មានអ្នកណាដែលស័ក្ដិសមនឹងកិច្ចការរបស់ខ្ញុំ ឬមានអ្នកណាដែលស្រឡាញ់ខ្ញុំពិតប្រាកដឡើយ។ ដូច្នោះ នៅក្នុងពេលនោះ ខ្ញុំក៏ដកដង្ហើមធំដោយការស្រងាកចិត្ត ហើយរំពេចនោះ មនុស្សស្រាប់តែចែកផ្លូវគ្នា លែងប្រមូលផ្ដុំគ្នាតទៅទៀត ដោយខ្លាចខ្លាំងថា ខ្ញុំនឹង 'បង់តែមួយសំណាញ់ ក៏ចាប់ពួកគេអស់'»។ មនុស្សភាគច្រើន ប្រហែលជាពិបាកនឹងយល់ពីព្រះបន្ទូលទាំងនេះណាស់។ ពួកគេឆ្ងល់ថា ហេតុអ្វីបានជាព្រះជាម្ចាស់មិនតាំងសេចក្ដីបង្គាប់អ្វីច្រើនចំពោះមនុស្ស តែបែរជាដកដង្ហើមធំដោយការស្រងាកចិត្ត ព្រោះគ្មាននរណាម្នាក់ដែលស័ក្ដិសមនឹងកិច្ចការរបស់ទ្រង់បែបនេះទៅវិញ។ តើត្រង់នេះមានភាពផ្ទុយគ្នាដែរឬទេ? និយាយតាមន័យត្រង់ គឺមានភាពផ្ទុយគ្នាមែន ប៉ុន្តែក្នុងភាពជាក់ស្ដែងវិញ គឺគ្មានភាពផ្ទុយគ្នានោះទេ។ ប្រហែលជាអ្នកនៅចាំពីពេលដែលព្រះជាម្ចាស់មានបន្ទូលថា «បន្ទូលរបស់ខ្ញុំទាំងអស់ នឹងសម្រេចផលតាមដែលខ្ញុំចង់បាន»។ នៅពេលព្រះជាម្ចាស់បំពេញកិច្ចការនៅខាងសាច់ឈាម មនុស្សក៏ផ្ដោតការយកចិត្តទុកដាក់លើគ្រប់សកម្មភាពរបស់ទ្រង់ ដើម្បីមើលថាតើទ្រង់នឹងធ្វើអ្វីឱ្យពិតប្រាកដ។ ម្យ៉ាងវិញទៀត នៅពេលដែលព្រះជាម្ចាស់បំពេញកិច្ចការថ្មីរបស់ទ្រង់ដោយតម្រង់គោលដៅទៅលើសាតាំងដែលស្ថិតនៅក្នុងពិភពខាងវិញ្ញាណ ក៏កើតមានសញ្ញាណគ្រប់បែបយ៉ាងនៅក្នុងចំណោមមនុស្សនៅលើផែនដី ដោយសារតែព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម។ នៅពេលព្រះជាម្ចាស់ដកដង្ហើមធំដោយការស្រងាកចិត្ត ពោលគឺនៅដែលពេលទ្រង់មានបន្ទូលអំពីសញ្ញាណទាំងអស់របស់មនុស្ស មនុស្សក៏ព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីដោះស្រាយជាមួយនឹងសញ្ញាណទាំងនោះ ហើយថែមទាំងមានអ្នកខ្លះទៀតជឿថា ពួកគេគ្មានសង្ឃឹមទៀតផង ដ្បិតព្រះជាម្ចាស់មានបន្ទូលថា អស់អ្នកណាដែលមានសញ្ញាណអំពីទ្រង់ គឺជាសត្រូវរបស់ទ្រង់។ ដូច្នេះហើយ ឱ្យមនុស្សមិន «ចែកផ្លូវគ្នា» ដោយសាររឿងនេះយ៉ាងម្ដេចកើតទៅ? ជាពិសេសសព្វថ្ងៃនេះ នៅពេលការវាយផ្ចាលបានចូលមកដល់ មនុស្សរឹតតែមានការភ័យកាន់តែខ្លាំងថា ព្រះជាម្ចាស់នឹងកម្ចាត់ពួកគេចោល។ ពួកគេជឿថា បន្ទាប់ពីពួកគេទទួលការវាយផ្ចាលរួចហើយ ព្រះជាម្ចាស់នឹង «បង់តែមួយសំណាញ់ ក៏ចាប់ពួកគេអស់»។ ប៉ុន្តែការពិតមិនមែនដូច្នោះទេ៖ ដូចព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំមិនចង់ 'ឃុំខ្លួន' មនុស្សនៅក្នុងការវាយផ្ចាលរបស់ខ្ញុំ ដើម្បីកុំឱ្យពួកគេលែងអាចរត់គេចបាននោះទេ។ ដោយសារការគ្រប់គ្រងរបស់ខ្ញុំនៅខ្វះកិច្ចការរបស់មនុស្ស ម្ល៉ោះហើយកិច្ចការរបស់ខ្ញុំមិនអាចបញ្ចប់ដោយជោគជ័យបានទេ ដែលចំណុចនេះបានរារាំងមិនឱ្យកិច្ចការរបស់ខ្ញុំដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាពបាននោះទេ»។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមិនមែនដើម្បីឱ្យកិច្ចការរបស់ទ្រង់ត្រូវបញ្ចប់ នៅពេលមនុស្សទាំងអស់ត្រូវបានសម្លាប់នោះទេ។ ធ្វើបែបនោះ តើមានន័យអ្វីទៅ? តាមរយៈការធ្វើកិច្ចការនៅក្នុងចំណោមមនុស្ស និងការវាយផ្ចាលពួកគេ ព្រះជាម្ចាស់ក៏បានធ្វើឱ្យកិច្ចការរបស់ទ្រង់កាន់តែងាយស្រួលតាមរយៈពួកគេផងដែរ។ ដោយសារតែមនុស្សមិនដែលយល់ថា នៅក្នុងសំនៀងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានការវាយផ្ចាលនៅក្នុងនោះស្រេចទៅហើយ ម្ល៉ោះហើយពួកគេមិនដែលបានចូលទៅក្នុងសតិសម្បជញ្ញៈរបស់ពួកគេទេ។ មនុស្សមិនអាចបង្ហាញពីការតាំងចិត្តរបស់ខ្លួនបាន ដូច្នេះហើយ ព្រះជាម្ចាស់មិនអាចមានព្រះបន្ទូលអ្វីនៅនឹងមុខសាតាំងបានឡើយ ហើយចំណុចនេះ បានរារាំងកិច្ចការរបស់ព្រះជាម្ចាស់មិនឱ្យចម្រើនទៅមុខបាន។ ដូច្នេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំធ្លាប់បានអញ្ជើញមនុស្សម្នាក់ធ្វើជាភ្ញៀវមកដំណាក់របស់ខ្ញុំ ប៉ុន្តែដោយសារការត្រាស់ហៅរបស់ខ្ញុំនេះ គេបែរជារត់ទៅនេះរត់ទៅនោះ ហាក់ដូចជាខ្ញុំមិនមែនអញ្ជើញគេជាភ្ញៀវទេ តែដូចខ្ញុំយកគេទៅកន្លែងប្រហារជីវិតដូច្នោះដែរ។ ហេតុនេះហើយទើបដំណាក់របស់ខ្ញុំត្រូវទុកទំនេរចោល ដ្បិតមនុស្សតែងតែគេចចេញពីខ្ញុំ ហើយតែងតែមានការប្រយ័ត្នប្រយែងចំពោះខ្ញុំជានិច្ច។ ទង្វើនេះធ្វើឱ្យខ្ញុំគ្មានមធ្យោបាយក្នុងការបំពេញកិច្ចការរបស់ខ្ញុំឡើយ»។ ដោយសារកំហុសរបស់មនុស្សនៅក្នុងកិច្ចការរបស់ពួកគេ ទើបព្រះជាម្ចាស់តាំងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្សយ៉ាងច្បាស់លាស់បែបនេះ។ ហើយដោយសារមនុស្សមិនអាចសម្រេចកិច្ចការក្នុងជំហាននេះបាន ទើបព្រះជាម្ចាស់ថ្លែងព្រះសូរសៀងច្រើនបន្ថែមទៀត។ ច្បាស់ណាស់ថា នេះគឺ «កិច្ចការមួយចំណែកទៀតដែលត្រូវធ្វើលើមនុស្ស» ដែលព្រះជាម្ចាស់បានមានបន្ទូលនោះ។ ប៉ុន្តែខ្ញុំនឹងមិននិយាយវែងឆ្ងាយអំពីបន្ទូលដែលព្រះជាម្ចាស់ថ្លែងថា «បង់តែមួយសំណាញ់ ក៏ចាប់ពួកគេអស់» នោះទេ ព្រោះវាមានការទាក់ទងតិចតួចណាស់នឹងកិច្ចការនាពេលសព្វថ្ងៃនេះ។ ជាធម្មតា នៅក្នុងសៀវភៅ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ព្រះបន្ទូលរបស់ទ្រង់ភាគច្រើនដោះស្រាយជាមួយមនុស្ស ប៉ុន្តែមនុស្សក៏ត្រូវយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មិនថាព្រះអង្គមានបន្ទូលបែបណានោះទេ ក៏បំណងព្រះហឫទ័យរបស់ទ្រង់តែងតែល្អជានិច្ចដែរ។ អាចនិយាយបានថា ដោយសារមធ្យោបាយដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលនោះមានច្រើនពេក ទើបមនុស្សមិនច្បាស់មួយរយភាគរយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ភាគច្រើនត្រូវបានថ្លែងមកដោយសារតែភាពចាំបាច់នៃកិច្ចការរបស់ទ្រង់ ហើយក្នុងនោះមានបន្ទូលតិចតួចប៉ុណ្ណោះដែលជាការពិត។ ចំណុចនេះធ្វើឱ្យពួកគេមានការភាន់ច្រឡំ និងព្រួយចិត្តដោយសារគំនិតរបស់ពួកគេ ដ្បិតនៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណខ្លាំងណាស់ ខ្ពង់ខ្ពស់ហួសពីសមត្ថភាពរបស់ពួកគេអាចយល់បាន ហាក់ដូចជា ពួកគេមិនដឹងនិងមិនយល់ថាត្រូវហូបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណាដែរ។ មនុស្សធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាអរូបី និងស្មុគស្មាញខ្លាំង ដូចព្រះជាម្ចាស់មានបន្ទូលថា «មនុស្សតែងតែចង់បន្ថែមរសជាតិទៅក្នុងព្រះសូរសៀងរបស់ខ្ញុំជាប់ជានិច្ច»។ ដោយសារគំនិតរបស់ពួកគេស្មុគស្មាញខ្លាំងពេក ហើយព្រះជាម្ចាស់ «ស្ទើរតែមិនអាចជ្រាបបាន» ម្ល៉ោះហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងផ្នែកខ្លះ ស្ថិតក្រោមការដាក់កំហិតរបស់មនុស្ស ដែលធ្វើឱ្យព្រះអង្គគ្មានជម្រើសអ្វីក្រៅតែពីថ្លែងបន្ទូលមកដោយត្រង់ៗប៉ុណ្ណោះ។ ដោយសារតែសេចក្ដីត្រូវការរបស់មនុស្ស «ខ្ពស់ពេក» ហើយដោយសារតែការស្រមើស្រមៃរបស់ពួកគេច្រើនហូរហៀរ (ហាក់ដូចជាពួកគេអាចឆ្លងទៅដល់ពិភពខាងវិញ្ញាណដើម្បីមើលពីទង្វើរបស់សាតាំងបានដូច្នោះដែរ) ម្ល៉ោះហើយបានជាធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែថមថយ ដ្បិតកាលណាព្រះជាម្ចាស់មានបន្ទូលកាន់តែច្រើន មនុស្សកាន់តែមានទឹកមុខស្រងូតស្រងាត់ខ្លាំងឡើង។ ហេតុអ្វីបានជាពួកគេគ្រាន់តែស្ដាប់បង្គាប់សោះមិនបាន ចាំបាច់អ្វីទៅសញ្ជឹងគិតអំពីទីបញ្ចប់របស់ពួកគេនោះ? តើធ្វើបែបនេះ មានអត្ថប្រយោជន៍អ្វី?