ចូរយកចិត្តទុកដាក់បន្ថែមលើតថភាព
មនុស្សគ្រប់រូបអាចក្លាយជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។ មនុស្សភាគច្រើនមិនដឹងថា ការជឿព្រះមានន័យដូចម្តេច ហើយក៏មិនយល់ពីមូលហេតុដែលពួកគេគួរតែជឿទ្រង់ដែរ មានន័យថា មនុស្សភាគច្រើនពុំបានយល់ពីកិច្ចការ ឬបំណងព្រះហឫទ័យនៃផែនការគ្រប់គ្រងរបស់ទ្រង់នោះទេ។ បច្ចុប្បន្ន មនុស្សភាគច្រើននៅតែគិតថា ការជឿព្រះជាម្ចាស់ គឺជាការឡើងទៅកាន់ស្ថានសួគ៌ ហើយព្រលឹងរបស់ពួកគេនឹងត្រូវបានសង្គ្រោះ។ ពួកគេពុំដឹងអំពីសារៈសំខាន់ពិតនៃការជឿលើព្រះទាល់តែសោះ ហើយជាងនេះទៅទៀត ពួកគេពុំយល់អ្វីសោះជាកិច្ចការសំខាន់បំផុត នៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះទេ។ មនុស្សពុំមានការចាប់អារម្មណ៍ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេក៏ពុំបានគិតដល់បំណង និងផែនការគ្រប់គ្រងរបស់ទ្រង់ ដោយសារហេតុផលផ្សេងៗរបស់ពួកគេ។ ក្នុងនាមជាមនុស្សម្នាក់ដែលកំពុងបម្រើព្រះជាម្ចាស់ គ្រប់គ្នាគួរតែដឹងពីបំណងទាំងមូលនៃផែនការគ្រប់គ្រងរបស់ទ្រង់ ដែលទ្រង់មានតាំងពីយូរលង់ណាស់មកហើយ គ្រប់គ្នាគួរតែដឹងពីមូលហេតុដែលទ្រង់ជ្រើសរើសមនុស្សមួយក្រុមនេះ គ្រប់គ្នាគួរតែដឹងពីបំណង និងអត្ថន័យដែលទ្រង់ជ្រើសរើសពួកគេ ហើយគ្រប់គ្នាគួរតែដឹងថា តើទ្រង់ចង់បានអ្វីពីមនុស្សមួយក្រុមនេះ។ សម្រាប់ព្រះជាម្ចាស់ ដើម្បីលើកក្រុមមនុស្សសាមញ្ញនេះឡើង នៅក្នុងអាណាចក្រនាគដ៏ធំមានសម្បុរក្រហម និងដើម្បីបន្តកិច្ចការរហូតដល់បច្ចុប្បន្ន គឺទ្រង់ព្យាយាមកែឱ្យពួកគេបានគ្រប់លក្ខណ៍ គ្រប់មធ្យោបាយ ទ្រង់មានបន្ទូលរាប់មិនអស់ ទ្រង់ធ្វើកិច្ចការជាច្រើន ហើយទ្រង់ចាត់អ្នកបម្រើជាច្រើននាក់ឱ្យទៅផងដែរ។ សម្រាប់ព្រះជាម្ចាស់ ការទទួលបានជោគជ័យក្នុងកិច្ចការដ៏អស្ចារ្យបែបនេះ គឺបញ្ជាក់ពីសារៈសំខាន់នៃព័ន្ធកិច្ចរបស់ទ្រង់។ នៅពេលនេះ អ្នកពុំអាចស្ងើចសរសើរព័ន្ធកិច្ចនេះបានទេ។ ដូច្នេះអ្នកមិនត្រូវគិតថា ព័ន្ធកិច្ចដែលព្រះបានធ្វើចំពោះអ្នក ក៏គ្មានមានសារៈសំខាន់នោះដែរ ព្រោះវាមិនមែនជារឿងតូចតាចនោះទេ។ សូម្បីតែអ្វីដែលទ្រង់បានបង្ហាញអ្នកសព្វថ្ងៃ ក៏វាគ្រប់គ្រាន់សម្រាប់ឱ្យអ្នកព្យាយាមស្វែងយល់រួចទៅហើយ។ លុះត្រាតែអ្នកយល់យ៉ាងច្បាស់ និងពិតប្រាកដ ទើបអ្នកមានបទពិសោធកាន់តែជ្រៅជ្រះ ហើយជីវិតរបស់អ្នករីកចម្រើន។ បច្ចុប្បន្នមនុស្សយល់ និងធ្វើបានតិចតួចបំផុត ពួកគេពុំអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឱ្យគ្រប់ជ្រុងជ្រោយនោះទេ។ នេះគឺជាចំណុចខ្សោយ និងជាបរាជ័យរបស់មនុស្ស ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដូច្នេះហើយ ពួកគេពុំអាចសម្រេចបានលទ្ធផលដែលជាទីពេញចិត្តនោះទេ។ ព្រះវិញ្ញាណបរិសុទ្ធពុំមានវិធីធ្វើការជាមួយមនុស្សជាច្រើន ដោយសារតែពួកគេយល់បានតិចតួចពីព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលពួកគេធ្វើកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមិនព្រមចាត់ទុកកិច្ចការរបស់ព្រះជាម្ចាស់ ជាកិច្ចការដ៏មានតម្លៃដែរ។ ពួកគេធ្វើតាមតែអារម្មណ៍ និងធ្វើឱ្យតែរួចពីដៃ ធ្វើតាមតែអ្នកដទៃ ឬគ្រាន់តែធ្វើឱ្យមនុស្សឃើញប៉ុណ្ណោះ។ បច្ចុប្បន្ន មនុស្សម្នាក់ៗដែលកំពុងបម្រើព្រះជាម្ចាស់ គួរតែគិតឡើងវិញពីសកម្មភាព និងទង្វើរបស់ពួកគេថា តើពួកគេបានធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន និងបានប្រឹងប្រែងអស់លទ្ធភាពហើយឬនៅ។ មនុស្សបរាជ័យទាំងស្រុងក្នុងការបំពេញភារកិច្ចរបស់ពួកគេ មិនមែនមានន័យថា ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការនោះទេ ប៉ុន្តែដោយសារមនុស្សមិនធ្វើការងាររបស់ខ្លួន ទើបធ្វើឱ្យព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបាន។ ព្រះជាម្ចាស់គ្មានអ្វីត្រូវមានបន្ទូលទៀតទេ គឺមនុស្សទេតើដែលមិនរក្សាព្រះបន្ទូលទ្រង់សោះ ពួកគេនៅឆ្ងាយពីទ្រង់ណាស់ ហើយពួកគេមិនអាចនៅជិតទ្រង់គ្រប់ជំហាន និងមិនអាចដើរឱ្យជិតតាមជំហានរបស់កូនចៀមបានដែរ។ ពួកគេមិនបានប្រកាន់ខ្ជាប់នូវអ្វីដែលពួកគេគួរប្រកាន់ខ្ជាប់នោះទេ ពួកគេមិនបានអនុវត្តនូវអ្វីដែលពួកគេគួរអនុវត្តនោះទេ ពួកគេមិនបានអធិស្ថានសុំនូវអ្វីដែលពួកគេគួរតែអធិស្ថានសុំនោះទេ ពួកគេមិនបានរក្សាទុកនូវអ្វីដែលពួកគេគួរក្សាទុកនោះទេ។ ពួកគេមិនទាន់បានធ្វើរឿងទាំងនេះទេ។ ដូច្នេះហើយ ការនិយាយពីការចូលរួមពិសាអាហារលើកនេះ គឺទទេសូន្យ វាគ្មានន័យពិតទេ ហើយវាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ បើយើងមើលតាមស្ថានភាពបច្ចុប្បន្ន យើងអាចនិយាយបានថា មនុស្សមិនបានបំពេញភារកិច្ចរបស់ពួកគេទាល់តែសោះ។ គ្រប់យ៉ាងគឺពឹងលើព្រះជាម្ចាស់ទាំងអស់ ទាំងការធ្វើ និងការនិយាយ។ តួនាទីរបស់មនុស្សមានតិចតួចបំផុត មនុស្សជាសំរាមឥតប្រយោជន៍ ដែលពុំអាចធ្វើការជាមួយព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់បានមានព្រះបន្ទូលរាប់រយ រាប់ពាន់ដង ប៉ុន្តែមនុស្សមិនបានយកព្រះបន្ទូលរបស់ព្រះទៅអនុវត្តនោះទេ ទាំងការបោះបង់សាច់ឈាម ការលះបង់សញ្ញាណ ការស្តាប់បង្គាប់ព្រះជាម្ចាស់គ្រប់យ៉ាង ខណៈដែលខ្លួនកំពុងអភិវឌ្ឍន៍ការគិត និងចំណេះដឹង ការមិនយកនរណាម្នាក់ដាក់ក្នុងចិត្ត ការផាត់ចោលព្រះក្លែងក្លាយចេញពីចិត្តរបស់ពួកគេ ការប្រឆាំងទាស់នឹងបំណងខុសឆ្គងរបស់ខ្លួន ការមិនធ្វើតាមអារម្មណ៍ ការធ្វើអ្វីដែលយុត្តិធម៌ និងមិនលម្អៀង ការគិតគូរដល់ផលប្រយោជន៍របស់ព្រះជាម្ចាស់ និងឥទ្ធិពលនៃការនិយាយរបស់ខ្លួនឱ្យប្រសើរជាងមុន ពេលនិយាយទៅកាន់អ្នកដទៃ ការធ្វើរឿងដែលផ្តល់ផលប្រយោជន៍ដល់កិច្ចការរបស់ព្រះឱ្យបានច្រើនជាងមុន ការចងចាំជានិច្ចរាល់ទង្វើដែលពួកគេធ្វើ គឺដើម្បីបម្រើផលប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ ការមិនអនុញ្ញាតឱ្យអារម្មណ៍មកគ្រប់គ្រងឥរិយាបងរបស់ខ្លួន ការលះបង់នូវអ្វីដែលអាចបំពេញចិត្តសាច់ឈាមរបស់ខ្លួន ការផាត់ចោលសញ្ញាណចាស់ៗរបស់ខ្លួនដែលអាត្មានិយមជាដើម។ ពួកគេប្រាកដជាយល់ខ្លះៗពីតម្រូវការខាងលើ ដែលព្រះជាម្ចាស់មានចំពោះពួកគេ ប៉ុន្តែគ្រាន់តែពួកគេមិនចង់អនុវត្ត។ តើព្រះជាម្ចាស់អាចធ្វើអ្វីទៀតបាន ហើយតើទ្រង់អាចពាល់ចិត្តពួកគេបានដោយវិធីណាទៀត? តើកូននៃសេចក្ដីបះបោរនៅក្នុងព្រះនេត្រព្រះជាម្ចាស់ ហ៊ានចាប់យកព្រះបន្ទូលរបស់ទ្រង់ ហើយអរគុណព្រះបន្ទូលនោះដោយវិធីណា? តើពួកគេបរិភោគព្រះស្ងោយរបស់ព្រះជាម្ចាស់ដោយវិធីណា? តើសម្បជញ្ញៈរបស់មនុស្សនៅឯណា? ពួកគេមិនបានបំពេញភារកិច្ចតិចតួចបំផុតដែលពួកគេគួរបំពេញ គឺមិនបានធ្វើអ្វីឱ្យអស់លទ្ធភាពរបស់ពួកគេនោះទេ។ ពួកគេកំពុងតែរស់នៅក្នុងក្ដីស្រមៃដ៏ហួសហេតុមែនទេ? ប្រសិនបើគ្មានការអនុវត្តទេ ក៏មិនអាចនិយាយអំពីការពិតបានដែរ។ នេះជារឿងពិត ដែលច្បាស់ដូចថ្ងៃអ៊ីចឹង!
អ្នកគួរតែរៀនមេរៀនដែលពិតជាងនេះ។ មិនចាំបាច់មកនិយាយពាក្យដែលមានន័យជ្រៅ ពាក្យដែលពិបាកយល់ ដើម្បីឱ្យមនុស្សសរសើរនោះទេ។ នៅពេលដែលនិយាយអំពីចំណេះដឹង មនុស្សសម័យក្រោយចេះជាងមនុស្សសម័យមុន ប៉ុន្តែពួកគេនៅតែគ្មានផ្លូវអនុវត្តនោះទេ។ តើមានមនុស្សប៉ុន្មាននាក់ដែលបានយល់អំពីគោលការណ៍នៃការអនុវត្ត? តើមានមនុស្សប៉ុន្មាននាក់បានរៀនមេរៀនជាក់ស្តែង? តើនរណាខ្លះអាចប្រកបគ្នាជជែកពីការពិត? ការដែលចេះនិយាយពីចំណេះដឹងនៃព្រះបន្ទូលរបស់ព្រះ ពុំមានន័យថា អ្នកទទួលបានកេរ្តិ៍ឈ្មោះពិតប្រាកដនោះទេ វាគ្រាន់តែបង្ហាញថា អ្នកកើតមកឆ្លាត និងមានអំណោយទានប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចបង្ហាញផ្លូវបានទេ នោះលទ្ធផលគឺសូន្យ ហើយអ្នកនឹងក្លាយជាសំរាមឥតប្រយោជន៍! តើកំពុងតែធ្វើពុតជាមិនអាចនិយាយអ្វីសោះ ទាក់ទងវិធីសាស្ត្រអនុវត្តជាក់ស្ដែងមែនទេ? តើអ្នកកំពុងក្លែងជាមិនអាចផ្ដល់បទពិសោធជាក់ស្ដែងដល់អ្នកដទៃ ដូចជាផ្ដល់មេរៀនដែលគេអាចរៀនពីអ្នក ឬផ្ដល់ជាលំនាំឱ្យគេអាចអនុវត្តតាមបានមែនទេ? តើអ្នកពុំមែនជាមនុស្សក្លែងក្លាយមែនទេ? តើអ្នកមានគុណតម្លៃអ្វីខ្លះ? មនុស្សប្រភេទនេះ គ្រាន់តែអាចជាផ្នែកមួយនៃ «អ្នកបង្កើតទ្រឹស្តីសង្គមនិយម» តែមិនមែនជា «អ្នករួមចំណែកការនាំមកនូវលទ្ធិសង្គមនិយម» នោះទេ។ គ្មានតថភាព គឺគ្មានសេចក្តីពិត។ គ្មានតថភាព គឺគ្មានប្រយោជន៍។ គ្មានតថភាព គឺដូចដូចជាសាកសពចេះដើរ។ គ្មានតថភាព គឺដូចជា «អ្នកគិតពីលទ្ធិម៉ាក្សលេនីន» ដែលគ្មានគុណតម្លៃគោល។ ខ្ញុំជំរុញឱ្យអ្នករាល់គ្នាឈប់និយាយពីទ្រឹស្តី ហើយនិយាយអ្វីដែលពិត អ្វីដែលប្រាកដ និងអាចប៉ះពាល់បាន សិក្សាពី «សិល្បៈបែបទំនើប» ខ្លះៗ និយាយអ្វីដែលពិត ចូលរួមចំណែកនូវអ្វីដែលជាក់ស្តែង និងត្រូវមានស្មារតីតាំងចិត្តខ្ពស់។ ពេលអ្នកនិយាយ ត្រូវប្រឈមនឹងការពិត។ មិនត្រូវបណ្តោយខ្លួនឱ្យនិយាយសម្ដីមិនពិតនិងបំផ្លើស ដើម្បីធ្វើឱ្យអ្នកដទៃសប្បាយ ឬសរសើរនិងចាប់អារម្មណ៍លើអ្នកនោះទេ។ ធ្វើបែបនេះមានតម្លៃត្រង់ណាទៅ? តើការចង់ឱ្យមនុស្សប្រព្រឹត្តដាក់អ្នកដោយការគួរសម មានប្រយោជន៍អ្វី? ត្រូវមាន «សិល្បៈ» ខ្លះនៅក្នុងការនិយាយស្ដីរបស់អ្នក ត្រូវមានភាពត្រឹមត្រូវខ្លះក្នុងកិរិយាប្រព្រឹត្តរបស់អ្នក ត្រូវមានហេតុផលខ្លះក្នុងការដោះស្រាយរឿងអ្វីមួយ ក្នុងការនិយាយស្ដីរបស់អ្នកត្រូវមានភាពជាក់ស្ដែងឱ្យបានច្រើន ចូរគិតអំពីការនាំប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ក្នុងគ្រប់ទង្វើរបស់អ្នក ចូរស្តាប់តាមសម្បជញ្ញៈរបស់អ្នកនៅពេលដែលអ្នកមានអារម្មណ៍ក្ដុកក្ដួល មិនត្រូវយកសេចក្តីស្អប់ទៅតបសងនឹងទង្វើល្អ ក៏មិនត្រូវរមិលគុណសេចក្ដីសប្បុរស ហើយមិនត្រូវធ្វើខ្លួនជាមនុស្សលាក់ពុតឡើយ ក្រែងលោអ្នកក្លាយទៅជាឥទ្ធិពលមិនល្អ។ នៅពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះ ចូរអ្នកផ្សារភ្ជាប់ព្រះបន្ទូលទាំងនោះឱ្យរឹតតែកៀកទៅនឹងតថភាពពិត ហើយនៅពេលដែលអ្នកប្រកបគ្នា ចូរអ្នកនិយាយអ្វីដែលពិតឱ្យបានច្រើនជាងនេះ។ ចូរកុំធ្វើឫកធំ ព្រោះចរិតបែបនេះនឹងមិនធ្វើឱ្យព្រះសព្វព្រះហឫទ័យឡើយ។ នៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចូរមានភាពអត់ឱនឱ្យច្រើនជាងនេះ ផ្តល់ផលប្រយោជន៍ជាងនេះ សប្បុរសជាងនេះ ហើយរៀនពី «ទឹកចិត្តរបស់នាយករដ្ឋមន្ត្រី»។[ក] នៅពេលដែលអ្នកមានគំនិតអាក្រក់ ចូរអនុវត្តការបោះបង់សាច់ឈាមឱ្យកាន់តែច្រើន។ នៅពេលដែលអ្នកធ្វើការ ចូរនិយាយពីផ្លូវពិតឱ្យកាន់តែច្រើន ហើយមិនត្រូវក្រអឺតក្រទមពេកនោះទេ ពុំនោះទេ មនុស្សនឹងមិនអាចទទួលយកអ្វីដែលអ្នកនិយាយបាននោះទេ។ រីករាយតិច ប៉ុន្តែចែករំលែកច្រើន ចូរបង្ហាញពីស្មារតីតាំងចិត្តដែលមិនអាត្មានិយមរបស់អ្នក។ ចូរគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឱ្យច្រើនជាងមុន ចូរស្តាប់សម្បជញ្ញៈរបស់អ្នកឱ្យច្រើនជាងមុន ចូរប្រុងប្រយ័ត្នខ្ពស់ជាងមុន និងមិនត្រូវភ្លេចពីវិធីដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់អ្នក ជារៀងរាល់ថ្ងៃយ៉ាងអត់ធ្មត់ និងអស់ពីព្រះហឫទ័យនោះទេ។ ចូរអាន «កំណត់ហេតុព្រឹត្តិការណ៍» ឱ្យកាន់តែញឹកញាប់។ ចូរអធិស្ឋាន និងប្រកបគ្នាឱ្យកាន់តែញឹកញាប់ជាងមុន។ ឈប់ច្របូកច្របល់តទៅទៀត ហើយបង្ហាញហេតុផលខ្លះៗ និងទទួលយកគំនិតខ្លះៗ។ នៅពេលដៃដែលពេញទៅដោយអំពើបាបរបស់អ្នកឈោងចាប់អ្វីមួយ ចូរទាញវាមកវិញ កុំឱ្យវាឈោងទៅឆ្ងាយពេក។ ការធ្វើបែបនេះគ្មានប្រយោជន៍នោះទេ មានតែបណ្តាសាពីព្រះប៉ុណ្ណោះ ដូច្នេះចូរប្រុងប្រយ័ត្ន។ ចូរឱ្យចិត្តរបស់អ្នកអាណិតអាសូរចំពោះអ្នកដទៃ ហើយមិនត្រូវប្រើអាវុធដើម្បីដោះស្រាយបញ្ហានោះទេ។ ចូរប្រកបគ្នាដើម្បីពិភាក្សាអំពីចំណេះដឹងនៃសេចក្តីពិតឱ្យបានញឹកញាប់ ហើយនិយាយអំពីជីវិតឱ្យបានច្រើន ទាំងរក្សាចិត្តជួយអ្នកដទៃ។ ចូរធ្វើឱ្យបានច្រើនជាងនិយាយ។ ចូរអនុវត្តឱ្យបានច្រើនជាងការស្រាវជ្រាវ និងការវិភាគ។ ចូរឱ្យព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តរបស់អ្នកឱ្យបានច្រើនជាងនេះ ហើយផ្តល់ឱកាសឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ច្រើនជាងមុន។ ចូរផាត់ចោលលក្ខណៈជាមនុស្សឱ្យបានច្រើនជាងមុន ព្រោះថា អ្នកនៅមានវិធីធ្វើការរបស់មនុស្សច្រើនណាស់ ហើយអាកប្បកិរិយា និងវិធីរាក់កំផែលរបស់អ្នកនៅតែគួរឱ្យស្អប់ចំពោះអ្នកដទៃ៖ ចូរផាត់ចោលទង្វើបែបនេះ ឱ្យបានច្រើនជាងនេះ។ ស្ថានភាពចិត្តសាស្ត្ររបស់អ្នកគួរឱ្យស្អប់ខ្ពើមនៅឡើយ ចូរចំណាយពេលឱ្យបានច្រើនជាងនេះ ដើម្បីកែតម្រូវវា។ អ្នកនៅផ្តល់សារៈសំខាន់ដល់អ្នកដទៃច្រើនហួសហេតុនៅឡើយ ដូច្នេះ ចូរផ្តល់សារៈសំខាន់ដល់ព្រះជាម្ចាស់ឱ្យច្រើនជាងនេះ ហើយមិនត្រូវគ្មានហេតុផលនោះទេ។ «ព្រះវិហារ» គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ជានិច្ច ហើយមិនត្រូវឱ្យមនុស្សមកកាន់កាប់នោះទេ។ សរុបមក ចូរផ្តោតការយកចិត្តទុកដាក់លើភាពសុចរិតឱ្យបានច្រើនជាងមនោសញ្ចេតនា។ វិធីដែលល្អបំផុត គឺផាត់ចោលសាច់ឈាមចោល។ ចូរនិយាយអំពីតថភាពឱ្យច្រើនជាងចំណេះដឹង វិធីដែលល្អបំផុតនោះ គឺបិទមាត់ ហើយមិននិយាយអ្វីទាំងអស់។ ចូរនិយាយអំពីផ្លូវនៃការអនុវត្តឱ្យបានច្រើនជាងអំណួតដែលគ្មានន័យ។ ចាប់ផ្តើមអនុវត្តនៅពេលនេះ គឺជារឿងដែលល្អបំផុត។
ការទាមទារដែលព្រះចង់បានពីមនុស្សគឺ មិនមែនសុទ្ធតែខ្ពស់ទាំងអស់នោះទេ។ ដរាបណាមនុស្សអនុវត្តដោយឧស្សាហ៍ព្យាយាម និងស្មោះត្រង់ នោះពួកគេនឹងទទួលបាន «និទ្ទេសជាប់»។ ការនិយាយសេចក្តីពិត ការទទួលបានការយល់ដឹង ចំណេះដឹង និងការឈ្វេងយល់ពីសេចក្តីពិត គឺមានភាពស្មុគស្មាញជាងការអនុវត្តសេចក្តីពិត។ ដំបូង ចូរអនុវត្តឱ្យបានច្រើនតាមតែអ្នកយល់ និងអនុវត្តនូវអ្វីដែលអ្នកបានយល់។ ធ្វើបែបនេះ បន្ដិចម្ដងៗ អ្នកនឹងអាចទទួលបានចំណេះដឹងដ៏ពិត និងការឈ្វេងយល់ពីសេចក្តីពិត។ ទាំងនេះគឺជាជំហាន និងមធ្យោបាយដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ ប្រសិនបើអ្នកមិនអនុវត្តការស្ដាប់បង្គាប់បែបនេះទេ នោះអ្នកនឹងមិនសម្រេចបានអ្វីឡើយ។ ប្រសិនបើអ្នកតែងតែធ្វើតាមចិត្តរបស់អ្នក ហើយមិនអនុវត្តការស្ដាប់បង្គាប់ទេ តើព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកដែរឬទេ? តើព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមអ្វីដែលអ្នកចង់បានឬ? ឬក៏ទ្រង់ធ្វើការស្របតាមអ្វីដែលអ្នកខ្វះ និងដោយឈរលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់? ប្រសិនបើអ្នកមិនទាន់ច្បាស់អំពីចំណុចនេះទេ អ្នកនឹងមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ។ ហេតុអ្វីបានជាមនុស្សភាគច្រើន ព្យាយាមអានព្រះបន្ទូលរបស់ព្រះយ៉ាងច្រើន ប៉ុន្តែបន្ទាប់ពីនោះមក ពួកគេមានតែចំណេះដឹង ហើយមិនអាចនិយាយអ្វីអំពីផ្លូវពិតបាន? តើអ្នកគិតថា មានចំណេះដឹង ស្មើនឹងមានសេចក្តីពិតឬទេ? តើនោះមិនមែនជាទស្សនៈយល់ច្រឡំទេឬ? អ្នកអាចនិយាយអំពីចំណេះដឹងបានច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ប៉ុន្តែគ្មានពាក្យសម្តីណាមួយដែលមានផ្លូវពិតនោះទេ។ តើអ្នកមិនមែនកំពុងតែព្យាយាមពង្វក់មនុស្ស ដោយវិធីនេះមែនទេ? តើអ្នកមិនមែនកំពុងតែអួតអាង ដោយគ្មានមូលដ្ឋានច្បាស់លាស់មែនទេ? ទង្វើបែបនេះ មានគ្រោះថ្នាក់ចំពោះអ្នកដទៃ! ទ្រឹស្តីកាន់តែខ្ពស់ ហើយកាន់តែគ្មានការពិត នោះការយកមនុស្សចូលក្នុងតថភាព កាន់តែមិនអាចទៅរួច ទ្រឹស្តីកាន់តែខ្ពស់ នោះវានឹងធ្វើឱ្យអ្នកកាន់តែប្រឆាំង ហើយទាស់ទទឹងនឹងព្រះ។ ចូរកុំការពារទ្រឹស្ដីខាងវិញ្ញាណជ្រុលពេក វាគ្មានប្រយោជន៍ឡើយ! អ្នកខ្លះបាននិយាយអំពីទ្រឹស្ដីខាងវិញ្ញាណជាច្រើនទសវត្សរ៍ ហើយពួកគេបានក្លាយជាគ្រូធំខាងវិញ្ញាណ ប៉ុន្តែនៅទីបំផុត ពួកគេនៅតែបរាជ័យក្នុងការចូលទៅក្នុងតថភាពនៃសេចក្តីពិតដដែល។ ដោយសារតែពួកគេមិនបានអនុវត្ត ឬដកពិសោធន៍នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេគ្មានគោលការណ៍ ឬផ្លូវអនុវត្ត។ មនុស្សបែបនេះគឺជាមនុស្សដែលគ្មានតថភាពនៃសេចក្តីពិត ដូច្នេះ តើពួកគេអាចនាំអ្នកដទៃឱ្យដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ពួកគេមានតែនាំមនុស្សឱ្យវង្វេងប៉ុណ្ណោះ។ តើការនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងទេឬ? យ៉ាងហោចណាស់ អ្នកត្រូវតែអាចដោះស្រាយបញ្ហាពិតៗដែលនៅចំពោះមុខដែរ។ គឺថាអ្នកត្រូវតែអាចអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងយកសេចក្តីពិតទៅអនុវត្ត។ មានតែបែបនេះទេ ទើបជាការស្ដាប់បង្គាប់ព្រះជាម្ចាស់។ មានតែពេលដែលអ្នកបានចូលទៅក្នុងជីវិតទេ ទើបអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើការថ្វាយព្រះជាម្ចាស់ ហើយមានតែពេលដែលអ្នកលះបង់សម្រាប់ព្រះជាម្ចាស់ដោយស្មោះទេ ទើបព្រះជាម្ចាស់អាចទទួលយកអ្នក។ ចូរកុំតែងតែធ្វើសេចក្តីប្រកាសធំៗ ហើយនិយាយពីទ្រឹស្ដីបែបលេងពាក្យនោះឡើយ។ វាមិនពិតទេ។ ការថ្លែងទ្រឹស្ដីខាងវិញ្ញាណក្នុងន័យជ្រៅ ដើម្បីធ្វើឱ្យមនុស្សកោតសរសើរអ្នក មិនមែនជាការធ្វើបន្ទាល់ពីព្រះជាម្ចាស់ឡើយ តែវាជាការសម្ញែងពីខ្លួនឯងវិញទេ។ ពិតណាស់ វាគ្មានប្រយោជន៍អ្វីចំពោះមនុស្ស មិនបានស្អាងពួកគេ ហើយអាចងាយស្រួលនាំពួកគេទៅថ្វាយបង្គំទ្រឹស្ដីខាងវិញ្ញាណ និងមិនផ្ដោតលើការអនុវត្តសេចក្តីពិតទេ តើនេះមិនមែននាំមនុស្សឱ្យវង្វេងទេឬ? ការបន្តធ្វើបែបនេះនឹងបង្កើតឱ្យមានទ្រឹស្តី និងច្បាប់គ្មានន័យជាច្រើនដែលនឹងរារាំង និងដាក់អន្ទាក់មនុស្ស។ វាពិតជាគួរឱ្យអាម៉ាស់ណាស់។ ដូច្នេះ ចូរនិយាយកាន់តែច្រើននូវអ្វីដែលជាការពិត និយាយកាន់តែច្រើនអំពីបញ្ហាដែលមានពិតប្រាកដ ចូរចំណាយពេលកាន់តែច្រើនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាពិតៗ។ នេះជាអ្វីដែលសំខាន់បំផុត។ កុំពន្យារពេលក្នុងការរៀនសូត្រអនុវត្តសេចក្តីពិតឡើយ៖ ការនេះជាផ្លូវចូលទៅក្នុងភាពជាក់ស្ដែង។ ចូរកុំយកបទពិសោធ និងចំណេះដឹងរបស់អ្នកដទៃមកធ្វើជាទ្រព្យសម្បត្តិឯកជនផ្ទាល់ខ្លួនរបស់អ្នក ហើយរក្សាទុកដើម្បីឱ្យអ្នកដទៃកោតសរសើរនោះឡើយ។ អ្នកត្រូវតែមានច្រកចូលទៅក្នុងជីវិតជារបស់អ្នកផ្ទាល់។ មានតែតាមរយៈការអនុវត្តសេចក្តីពិត និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ ទើបអ្នកនឹងមានច្រកចូលទៅក្នុងជីវិត។ ការនេះគួរតែក្លាយជាអ្វីដែលមនុស្សគ្រប់រូបអនុវត្ត និងផ្តោតលើ។
ប្រសិនបើអ្វីដែលអ្នកប្រកបគ្នា អាចផ្តល់ផ្លូវមួយឱ្យមនុស្សដើរ នោះស្មើនឹងអ្នកមានតថភាពពិត។ មិនថាអ្នកនិយាយអ្វីនោះទេ អ្នកត្រូវតែនាំមនុស្សឱ្យអនុវត្តជាក់ស្តែង ហើយផ្តល់ផ្លូវមួយដែលពួកគេអាចដើរតាម។ មិនត្រូវឱ្យពួកគេទទួលបានតែចំណេះដឹងនោះទេ រឿងដែលសំខាន់ជាងនេះ គឺឱ្យពួកគេមានផ្លូវមួយ។ ដើម្បីឱ្យមនុស្សជឿលើព្រះជាម្ចាស់ ពួកគេត្រូវដើរតាមផ្លូវដែលដឹកនាំដោយព្រះជាម្ចាស់ នៅក្នុងកិច្ចការរបស់ទ្រង់។ មានន័យថា ដំណើរការនៃការជឿលើព្រះជាម្ចាស់ គឺជាដំណើរការនៃការដើរតាមផ្លូវដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ដោយព្រោះហេតុដូចនេះ អ្នកត្រូវតែមានផ្លូវមួយដែលអ្នកអាចដើរ ហើយអ្នកត្រូវបោះជំហានតាមផ្លូវនៃការដែលព្រះកំពុងតែធ្វើឱ្យគ្រប់លក្ខណ៍ បើទោះជាមានរឿងអ្វីក៏ដោយ។ ចូរកុំឱ្យដើរយឺតពេក ហើយក៏មិនត្រូវខ្វល់ពីរឿងផ្ទាល់ខ្លួនច្រើនពេកនោះដែរ។ ទាល់តែអ្នកដើរ តាមទ្រង់ដោយមិនមានការរំខាន ទើបអ្នកទទួលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានផ្លូវចូល។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថា ជាការដើរតាមព្រះហឫទ័យព្រះជាម្ចាស់ និងបានបំពេញភារកិច្ចរបស់មនុស្ស។ ក្នុងនាមជាមនុស្សម្នាក់ដែលកំពុងបម្រើព្រះ គ្រប់គ្នាគួរតែបំពេញភារកិច្ចរៀងៗខ្លួនឱ្យបានសមស្រប ចូរធ្វើអ្វីដែលមនុស្សគួរតែធ្វើ ហើយមិនត្រូវធ្វើតាមតែចិត្តនោះទេ។ មនុស្សដែលកំពុងតែបំពេញកិច្ចការ គឺត្រូវតែនិយាយឱ្យបានច្បាស់លាស់ ចំណែកមនុស្សដែលដើរតាម ត្រូវតែផ្តោតទៅលើការអត់ធ្មត់ចំពោះការលំបាក និងការស្ដាប់បង្គាប់ ហើយគ្រប់គ្នាត្រូវធ្វើតាមតួនាទី មិនត្រូវដើរហួសបន្ទាត់នោះទេ។ មនុស្សម្នាក់ៗគួរតែដឹងច្បាស់ក្នុងចិត្តនូវអ្វីដែលពួកគេគួរអនុវត្ត និងមុខងារអ្វីដែលពួកគេបំពេញ។ ត្រូវដើរតាមផ្លូវដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ មិនត្រូវដើរខុសផ្លូវនោះទេ។ អ្នកត្រូវមើលឱ្យច្បាស់ពីកិច្ចការសព្វថ្ងៃនេះ។ ការចូលទៅក្នុងវិធីធ្វើការនាពេលសព្វថ្ងៃនេះ គឺជាអ្វីដែលអ្នករាល់គ្នាគួរតែអនុវត្ត។ នោះគឺជារឿងទីមួយដែលអ្នកត្រូវចូល។ ចូរកុំខ្ជះខ្ជាយពាក្យសម្តីរបស់អ្នកជាមួយនឹងរឿងផ្សេង។ ការធ្វើកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នៅថ្ងៃនេះ គឺជាទំនួលខុសត្រូវរបស់អ្នករាល់គ្នា ការចូលទៅក្នុងវិធីសាស្រ្តធ្វើការនាពេលបច្ចុប្បន្ន គឺជាភារកិច្ចរបស់អ្នករាល់គ្នា ហើយការអនុវត្តសេចក្តីពិតបច្ចុប្បន្ននេះ គឺជាបន្ទុករបស់អ្នករាល់គ្នា។
លេខយោង៖
(ក) ទឹកចិត្តរបស់នាយករដ្ឋមន្ត្រី៖ គឺជាសុភាសិតបុរាណរបស់ចិន ប្រើសម្រាប់ពណ៌នាមនុស្សម្នាក់ដែលមានចិត្តទូលាយ និងសប្បុរស។