មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត

អ្នករាល់គ្នាកំពុងស្ថិតក្នុងការល្បងល និងការបន្សុទ្ធ។ តើអ្នកគួរស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្តេចក្នុងដំណាក់កាលនៃការបន្សុទ្ធនេះ? តាមរយៈការឆ្លងកាត់ការបន្សុទ្ធ មនុស្សអាចថ្វាយការសរសើរដ៏ពិតដល់ព្រះជាម្ចាស់ ហើយនៅក្នុងពេលនៃការបន្សុទ្ធ ពួកគេអាចមើលឃើញថា ពួកគេមានភាពខ្វះចន្លោះច្រើន។ កាលណាអ្នកមានការបន្សុទ្ធកាន់តែច្រើន នោះអ្នកក៏អាចបោះបង់សាច់ឈាមកាន់តែច្រើនដែរ កាលណាមនុស្សមានការបន្សុទ្ធកាន់តែច្រើន នោះពួកគេក៏មានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នករាល់គ្នាគួរយល់។ ហេតុអ្វីមនុស្សចាំបាច់ត្រូវបន្សុទ្ធ? តើការបន្សុទ្ធគឺដើម្បីទទួលបានផលអ្វី? តើអ្វីជាសារៈសំខាន់នៃកិច្ចការបន្សុទ្ធរបស់ព្រះជាម្ចាស់ នៅក្នុងមនុស្ស? ប្រសិនបើអ្នកស្វះស្វែងរកព្រះជាម្ចាស់ដ៏ពិតប្រាកដ ក្រោយមកបានឆ្លងកាត់ការបន្សុទ្ធរបស់ទ្រង់នៅចំណុចជាក់លាក់ណាមួយ នោះអ្នកនឹងមានអារម្មណ៍ថា វាជារឿងល្អណាស់ ហើយក៏មានភាពចាំបាច់បំផុតដែរ។ តើមនុស្សគួរតែស្រឡាញ់ព្រះជាម្ចាស់បែបណានៅក្នុងដំណាក់កាលនៃការបន្សុទ្ធ? តាមរយៈការប្រើប្រាស់ការតាំងចិត្តក្នុងការស្រឡាញ់ព្រះជាម្ចាស់ ដើម្បីទទួលយកការបន្សុទ្ធរបស់ទ្រង់៖ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវបានធ្វើទារុណកម្មផ្នែកខាងក្នុង ដូចគេយកកាំបិតចាក់បេះដូងរបស់អ្នក ប៉ុន្តែអ្នកចង់បំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយប្រើប្រាស់បេះដូងរបស់អ្នកដែលស្រឡាញ់ទ្រង់ ហើយអ្នកមិនចង់យកចិត្តទុកដាក់ចំពោះសាច់ឈាមទេ។ នេះគឺជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ អ្នកមានការឈឺចាប់ពីខាងក្នុង ហើយការឈឺចាប់របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប៉ុន្តែអ្នកនៅតែចង់ចូលមកចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ ហើយអធិស្ឋាន ដោយនិយាយថា «ឱ ព្រះជាម្ចាស់អើយ! អើយ ទូលបង្គំមិនអាចចាកចេញពីទ្រង់បានទេ។ ទោះបីជាមានភាពខ្មៅងងឹតនៅក្នុងខ្លួនទូលបង្គំក៏ដោយ ក៏ទូលបង្គំចង់បំពេញព្រះហឫទ័យទ្រង់ដែរ ទ្រង់ដឹងពីចិត្តរបស់ទូលបង្គំ ហើយទូលបង្គំចង់ឱ្យទ្រង់ផ្តល់ក្តីស្រឡាញ់មកក្នុងខ្លួនទូលបង្គំថែមទៀត។» នេះជាការអនុវត្តនៅក្នុងពេលនៃការបន្សុទ្ធ។ ប្រសិនបើអ្នកប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ធ្វើជាមូលដ្ឋាន នោះការបន្សុទ្ធអាចនាំអ្នកទៅកាន់តែជិតព្រះជាម្ចាស់ និងធ្វើឱ្យអ្នកកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់។ ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែថ្វាយចិត្តទៅព្រះជាម្ចាស់។ ប្រសិនបើអ្នកថ្វាយ និងដាក់ចិត្តរបស់អ្នកនៅចំពោះព្រះជាម្ចាស់ នោះក្នុងពេលនៃការបន្សុទ្ធ អ្នកនឹងមិនអាចបដិសេធព្រះជាម្ចាស់ ឬចាកចេញពីព្រះជាម្ចាស់បានទេ។ តាមរយៈវិធីនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែជិតស្និទ្ធ និងកាន់តែសាមញ្ញ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែញឹកញាប់ជាងមុន។ ប្រសិនបើអ្នកអនុវត្តវិធីនេះជានិច្ច នោះអ្នកនឹងចំណាយពេលកាន់តែច្រើននៅក្នុងពន្លឺ និងក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ទ្រង់។ នឹងមានការផ្លាស់ប្តូរកាន់តែច្រើនឡើងៗ នៅក្នុងនិស្ស័យរបស់អ្នក ហើយចំណេះដឹងរបស់អ្នកនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃដែលការល្បងលរបស់ព្រះជាម្ចាស់ធ្លាក់មកដល់អ្នកមួយរំពេច នោះអ្នកមិនត្រឹមតែអាចឈរនៅខាងព្រះជាម្ចាស់បាននោះទេ អ្នកថែមទាំងអាចនាំទីបន្ទាល់ដល់ព្រះជាម្ចាស់ថែមទៀតផង។ នៅពេលនោះ អ្នកនឹងដូចជាយ៉ូប និងពេត្រុស។ ដោយការនាំយកទីបន្ទាល់ទៅថ្វាយព្រះជាម្ចាស់ នោះអ្នកនឹងស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយនឹងថ្វាយជីវិតរបស់អ្នកដល់ទ្រង់យ៉ាងរីករាយ។ អ្នកនឹងក្លាយជាទីបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់។ សេចក្តីស្រឡាញ់ដែលឆ្លងកាត់ការបន្សុទ្ធ គឺជាសេចក្តីស្រឡាញ់ដែលរឹងមាំ មិនទន់ខ្សោយនោះទេ។ មិនថាព្រះជាម្ចាស់ ដាក់អ្នកក្នុងការល្បងលរបស់ទ្រង់នៅពេលណា ឬដោយវិធីណានោះទេ អ្នកអាចថ្វាយក្តីបារម្ភអំពីការរស់នៅ និងការស្លាប់ បោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ ហើយស៊ូទ្រាំគ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ នោះសេចក្តីស្រឡាញ់របស់អ្នកនឹងបរិសុទ្ធ ហើយសេចក្តីជំនឿរបស់អ្នកមានលក្ខណៈពិតប្រាកដ។ មានតែធ្វើបែបនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់ពិតប្រាកដ ហើយព្រះជាម្ចាស់ប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍យ៉ាងពិតប្រាកដ។

ប្រសិនបើមនុស្សធ្លាក់ក្នុងឥទ្ធិពលរបស់សាតាំង នោះពួកគេគ្មានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនពួកគេនោះទេ ហើយនិមិត្ត សេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេពីមុនមកក៏ត្រូវបាត់បង់។ មនុស្សធ្លាប់មានអារម្មណ៍ថា ពួកគេត្រូវរងទុក្ខដើម្បីព្រះជាម្ចាស់ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេគិតថាការធ្វើបែបនោះគឺជារឿងដែលគួរឱ្យខ្មាសអៀន ហើយពួកគេរអ៊ូរទាំមិនចេះចប់។ នេះជាកិច្ចការរបស់សាតាំង គឺជាទីសម្គាល់មួយដែលបញ្ជាក់ថាមនុស្សធ្លាក់ទៅក្នុងកម្មសិទ្ធិរបស់សាតាំង។ ប្រសិនបើអ្នកជួបប្រទះស្ថានភាពបែបនេះ អ្នកត្រូវតែអធិស្ឋាន ហើយត្រូវវិលទៅរកសភាពដើមវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន ព្រោះការធ្វើបែបនេះនឹងការពារអ្នកពីការវាយប្រហាររបស់សាតាំង។ គឺនៅក្នុងដំណាក់កាលដ៏ជូរចត់នៃការបន្សុទ្ធនេះហើយ ដែលមនុស្សអាចធ្លាក់ទៅក្នុងឥទ្ធិពលរបស់សាតាំងដោយងាយបំផុត ដូច្នេះ តើអ្នកគួរស្រឡាញ់ព្រះជាម្ចាស់បែបណាក្នុងដំណាក់កាលនៃការបន្សុទ្ធបែបនេះ? អ្នកត្រូវបោះបង់បំណងរបស់អ្នក ថ្វាយចិត្តនៅចំពោះព្រះជាម្ចាស់ ហើយថ្វាយពេលវេលាចុងក្រោយរបស់អ្នកទៅទ្រង់។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងដូចម្តេចនោះទេ អ្នកគួរតែអាចអនុវត្តសេចក្តីពិត ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែយកសេចក្តីពិតនោះដាក់ខ្លួន ដើម្បីស្វះស្វែងរកព្រះជាម្ចាស់ និងស្វះស្វែងប្រកបគ្នា។ ក្នុងដំណាក់កាលបែបនេះ អ្នកអកម្មកាន់តែច្រើន នោះអ្នកនឹងអវិជ្ជមានកាន់តែច្រើន ហើយអ្នកនឹងដើរថយក្រោយកាន់តែងាយ។ ទោះបីអ្នកមិនបំពេញតួនាទីរបស់អ្នកបានល្អប្រសើរក៏ដោយ តែនៅពេលដែលអ្នកចាំបាច់បំពេញតួនាទីរបស់អ្នក នោះចូរអ្នកបំពេញវាឱ្យអស់តាមដែលអ្នកអាចធ្វើបាន ហើយបំពេញវាដោយមិនប្រើអ្វីក្រៅពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នោះទេ មិនថាអ្នកដទៃនិយាយអ្វី មិនថាពួកគេនិយាយថាអ្នកធ្វើបានល្អ ឬធ្វើមិនបានល្អនោះទេ គោលបំណងរបស់អ្នកគឺត្រឹមត្រូវ ហើយអ្នកមិនមែនត្រឹមត្រូវដោយខ្លួនឯងនោះទេ ដោយសារអ្នកកំពុងតែប្រព្រឹត្តក្នុងនាមព្រះជាម្ចាស់។ នៅពេលអ្នកដទៃនិយាយអ្វីមិនពិតពីអ្នក អ្នកអាចអធិស្ឋានទៅព្រះជាម្ចាស់ ហើយនិយាយថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំមិនបានសូមឱ្យអ្នកដទៃធ្វើបាបទូលបង្គំ ឬធ្វើល្អចំពោះទូលបង្គំ ឬឱ្យពួកគេយល់ ឬយល់ស្របជាមួយទូលបង្គំឡើយ។ ទូលបង្គំគ្រាន់តែសុំឱ្យទូលបង្គំអាចស្រឡាញ់ទ្រង់នៅក្នុងចិត្ត អាចមានចិត្តធូរស្បើយ និងឱ្យសតិសម្បជញ្ញៈរបស់ទូលបង្គំបានជ្រះស្រឡះប៉ុណ្ណោះ។ ទូលបង្គំមិនបានសុំឱ្យអ្នកដទៃសរសើរទូលបង្គំ ឬចាត់ទុកទូលបង្គំជាមនុស្សខ្ពង់ខ្ពស់នោះទេ ទូលបង្គំគ្រាន់តែស្វះស្វែងដើម្បីឱ្យទ្រង់សព្វព្រះហឫទ័យដោយចេញចិត្តទូលបង្គំប៉ុណ្ណោះ។ ទូលបង្គំបំពេញតួនាទីរបស់ទូលបង្គំ ដោយធ្វើគ្រប់យ៉ាងតាមដែលទូលបង្គំអាចធ្វើបាន ហើយទោះបីជាទូលបង្គំឆ្កួត ល្ងីល្ងើ ងងឹតមិនដឹងអីក៏ដោយ ក៏ទូលបង្គំដឹងថា ទ្រង់គួរឱ្យស្រឡាញ់ ហើយទូលបង្គំស្ម័គ្រចិត្តលះបង់គ្រប់យ៉ាងដែលទូលបង្គំមានទៅទ្រង់ប៉ុណ្ណោះ។» ពេលដែលអ្នកអធិស្ឋានតាមវិធីនេះ នោះសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់កើតឡើង ហើយអ្នកមានអារម្មណ៍ស្រាកស្រាន្តក្នុងចិត្ត។ នេះជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ដូចដែលអ្នកមានបទពិសោធស្រាប់ អ្នកបរាជ័យពីរដង ហើយជោគជ័យបានម្តង បើមិនដូច្នោះទេ អ្នកបរាជ័យប្រាំដង ហើយជោគជ័យបានពីរដង ហើយដូចដែលអ្នកមានបទពិសោធបែបនេះហើយថា មានតែនៅពេលបរាជ័យប៉ុណ្ណោះ ទើបអ្នកអាចមើលឃើញភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងរកឃើញពីកង្វះខាតនៅក្នុងខ្លួនឯង។ នៅពេលដែលអ្នកជួបប្រទះស្ថានភាពបែបនេះនៅពេលខាងមុខ អ្នកគួរតែប្រយ័ត្នប្រយែងខ្លួន គិតពីជំហានរបស់អ្នក ហើយអធិស្ឋានឱ្យកាន់តែញឹកញាប់ជាងមុន។ អ្នកនឹងអភិវឌ្ឍសមត្ថភាពបន្តិចម្តងៗ ដើម្បីយកឈ្នះស្ថានភាពបែបនោះ។ នៅពេលដែលរឿងនោះកើតឡើង នោះការអធិស្ឋានរបស់អ្នកមានប្រសិទ្ធភាពហើយ។ នៅពេលដែលអ្នកឃើញជោគជ័យរបស់ខ្លួននៅពេលនេះ នោះអ្នកនឹងមានអារម្មណ៍ដឹងគុណនៅក្នុងខ្លួន ហើយនៅពេលដែលអ្នកអធិស្ឋាន អ្នកនឹងអាចធ្វើឱ្យព្រះជាម្ចាស់មានមនោសញ្ចេតនា ហើយព្រះវិញ្ញាណបរិសុទ្ធមិនបានចាកចេញពីអ្នកនោះទេ មានតែពេលនោះទេ ទើបអ្នកអាចដឹងថា ព្រះជាម្ចាស់ធ្វើការក្នុងខ្លួនអ្នកបែបណា។ ការអនុវត្តតាមវិធីនេះ នឹងផ្តល់ផ្លូវមួយដល់អ្នកដើម្បីឱ្យមានបទពិសោធ។ ប្រសិនបើអ្នកមិនយកសេចក្តីពិតមកអនុវត្តទេ នោះអ្នកនឹងគ្មានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកយកសេចក្តីពិតមកអនុវត្តពេលដែលអ្នកជួបប្រទះរឿងរ៉ាវនានា ទោះបីអ្នកឈឺចាប់ខាងក្នុងក៏ដោយ ក៏បន្ទាប់ពីនោះទៅ ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយអ្នកដែរ ហើយអ្នកនឹងអាចមានអារម្មណ៍ដឹងថាមានវត្តមានរបស់ព្រះជាម្ចាស់នៅពេលដែលអ្នកអធិស្ឋាន អ្នកនឹងមានកម្លាំងដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលមានការប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក នោះនឹងគ្មានអ្វីដែលមកដាក់បន្ទុកលើសតិសម្បជញ្ញៈរបស់អ្នកបានទេ ហើយអ្នកនឹងមានអារម្មណ៍ស្ងប់ ហើយតាមរយៈវិធីនេះ អ្នកនឹងអាចនាំយកអ្វីដែលអ្នកបានធ្វើមកកាន់ពន្លឺបាន។ មិនថាអ្នកដទៃនិយាយអ្វី អ្នកនឹងអាចមានទំនាក់ទំនងប្រក្រតីជាមួយព្រះជាម្ចាស់ អ្នកនឹងមិនត្រូវបានរំខានដោយអ្នកដទៃ អ្នកនឹងងើបផុតពីអ្វីៗគ្រប់យ៉ាង ហើយនៅពេលនោះ អ្នកនឹងអាចអះអាងថា ការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់មានប្រសិទ្ធភាព។

កាលណាការបន្សុទ្ធរបស់ព្រះជាម្ចាស់កាន់តែប្រសើរ នោះចិត្តរបស់មនុស្សនឹងអាចស្រឡាញ់ព្រះជាម្ចាស់កាន់តែច្រើន។ ភាពខ្ទេចខ្ទាំនៅក្នុងចិត្តរបស់ពួកគេ គឺជាប្រយោជន៍សម្រាប់ជីវិតរបស់ពួកគេទេ ពួកគេអាចមានសេចក្តីស្ងប់ចំពោះព្រះកាន់តែច្រើន ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់កាន់តែជិតស្និទ្ធ ហើយពួកគេមើលឃើញសេចក្តីស្រឡាញ់ និងការសង្គ្រោះដ៏ឧត្តមរបស់ទ្រង់កាន់តែប្រសើរ។ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយយ៉ូបក៏ធ្លាប់ឆ្លងកាត់ការល្បងលមួយចំនួនដែរ។ ប្រសិនបើអ្នកចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ អ្នកក៏ត្រូវឆ្លងកាត់ការបន្សុទ្ធរាប់រយដងផងដែរ។ មានតែឆ្លងកាត់ដំណើរការនេះ ហើយពឹងផ្អែកលើជំហាននេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់អាចប្រោសឱ្យអ្នកគ្រប់លក្ខណ៍បាន។ ការបន្សុទ្ធគឺជាវិធីដែលល្អបំផុតដែលព្រះជាម្ចាស់ប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ មានតែការបន្សុទ្ធ និងការល្បងលដ៏ជូរចត់ទេ ទើបអាចនាំយកសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ទៅក្នុងចិត្តរបស់មនុស្សបាន។ បើគ្មានការលំបាកទេ នោះមនុស្សនឹងខ្វះសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនត្រូវបានល្បងល ប្រសិនបើពួកគេមិនត្រូវបានដាក់ឱ្យឆ្លងកាត់ការបន្សុទ្ធទេ នោះចិត្តរបស់ពួកគេនឹងអណ្តែតអណ្តូងនៅខាងក្រៅជានិច្ច។ តាមរយៈការទទួលបានការបន្សុទ្ធនៅចំណុចជាក់លាក់ណាមួយ អ្នកនឹងមើលឃើញភាពកម្សោយ និងការលំបាកផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងឃើញថាអ្នកមានកង្វះខាតប៉ុនណា ទើបគ្មានសមត្ថភាពយកឈ្នះបញ្ហាជាច្រើនដែលអ្នកជួបប្រទះ ហើយអ្នកនឹងឃើញថា ការមិនស្តាប់បង្គាប់របស់អ្នកធំប៉ុនណា។ មានតែក្នុងអំឡុងពេលនៃការល្បងលប៉ុណ្ណោះ ទើបមនុស្សអាចដឹងពីស្ថានភាពពិតប្រាកដរបស់ពួកគេបាន។ ការល្បងលធ្វើឱ្យមនុស្សអាចគ្រប់លក្ខណ៍កាន់តែប្រសើរ។

នៅក្នុងជីវិតរបស់គាត់ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយបានឆ្លងកាត់ការល្បងលដ៏ឈឺចាប់ជាច្រើន។ ការបន្សុទ្ធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ដ៏ឧត្តមរបស់គាត់ចំពោះព្រះជាម្ចាស់ និងជាបទពិសោធដ៏មានសារៈសំខាន់បំផុតនៅក្នុងជីវិតគាត់ទាំងមូល។ យើងអាចនិយាយបានម៉្យាងថា គាត់អាចមានសេចក្តីស្រឡាញ់ដ៏ឧត្តមចំពោះព្រះជាម្ចាស់ ដោយសារការតាំងចិត្តរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺដោយសារការបន្សុទ្ធ និងការឈឺចាប់ដែលគាត់បានឆ្លងកាត់។ ការឈឺចាប់នេះបានក្លាយជាមគ្គុទ្ទេសក៍បង្ហាញផ្លូវរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់ ហើយជារឿងដែលគួរឱ្យចងចាំបំផុតសម្រាប់គាត់។ ប្រសិនបើមនុស្សមិនឆ្លងកាត់ការឈឺចាប់នៃការបន្សុទ្ធនៅពេលស្រឡាញ់ព្រះជាម្ចាស់ទេ នោះសេចក្តីស្រឡាញ់របស់ពួកគេពេញដោយភាពមិនបរិសុទ្ធ និងការពេញចិត្តផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់បែបនេះ គឺពេញដោយគំនិតរបស់សាតាំង ហើយមិនអាចជាមូលដ្ឋានក្នុងការបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់បានទេ។ ការមានការតាំងចិត្តស្រឡាញ់ព្រះជាម្ចាស់ មិនដូចជាការស្រឡាញ់ព្រះដ៏ពិតប្រាកដនោះទេ។ ទោះបីអ្វីគ្រប់យ៉ាងដែលពួកគេគិតក្នុងចិត្ត គឺដើម្បីប្រយោជន៍នៃការស្រឡាញ់ព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយទោះបីជាគំនិតរបស់ពួកគេហាក់ដូចជាបូជាទាំងស្រុងចំពោះព្រះជាម្ចាស់ និងបោះបង់ចោលគំនិតរបស់មនុស្សក៏ដោយ ប៉ុន្តែនៅពេលដែលគំនិតពួកគេត្រូវបានយកទៅដាក់នៅចំពោះព្រះជាម្ចាស់ គំនិតបែបនោះ មិនទទួលបានការសរសើរ ឬក៏ព្រះពរពីព្រះជាម្ចាស់ឡើយ។ ទោះបីនៅពេលដែលមនុស្សបានយល់ច្បាស់ពីគ្រប់ទាំងសេចក្តីពិត នៅពេលដែលពួកគេដឹងពីសេចក្តីពិតទាំងនោះក៏ដោយ ក៏នេះមិនអាចហៅថាជាសញ្ញានៃការស្រឡាញ់ព្រះជាម្ចាស់បានទេ ហើយក៏មិនអាចនិយាយបានថា មនុស្សទាំងនេះស្រឡាញ់ព្រះជាម្ចាស់នោះដែរ។ ក្រៅពីយល់សេចក្តីពិតជាច្រើនដោយពុំឆ្លងកាត់ការបន្សុទ្ធ មនុស្សមិនអាចយកសេចក្តីពិតទាំងនេះទៅអនុវត្តបានទេ។ មានតែក្នុងអំឡុងពេលនៃការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចយល់អត្ថន័យពិតនៃសេចក្តីពិតទាំងនេះបាន ពេលនោះហើយទើបមនុស្សអាចស្ងើចសរសើរអត្ថន័យខាងក្នុងនៃសេចក្តីពិតយ៉ាងពិតប្រាកដ។ នៅពេលនោះ នៅពេលដែលពួកគេព្យាយាមម្តងទៀត ពួកគេអាចយកសេចក្តីពិតទៅអនុវត្តយ៉ាងសមរម្យ ហើយស្របនឹងព្រះហឫទ័យព្រះជាម្ចាស់។ ពេលនោះ គំនិត និងអំពើពុករលួយបែបមនុស្សរបស់ពួកគេត្រូវបានកាត់បន្ថយ ហើយមនោសញ្ចេតនាបែបមនុស្សរបស់ពួកគេត្រូវបានលុបបំបាត់។ មានតែពេលនោះទេ ទើបពួកគេអាចអនុវត្តការបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះដ៏ពិតមួយ។ លទ្ធផលនៃសេចក្តីពិតក្នុងការស្រឡាញ់ព្រះជាម្ចាស់ មិនអាចទទួលបានតាមរយៈចំណេះដឹងខាងនិយាយ ឬបំណងផ្លូវចិត្ត ហើយក៏មិនអាចទទួលបានត្រឹមតែការយល់សេចក្តីពិតនោះដែរ។ វាទាមទារឱ្យមនុស្សហ៊ានបង់ថ្លៃ មានន័យថាពួកគេឆ្លងកាត់ភាពល្វីងជូរចត់ជាច្រើនក្នុងអំឡុងពេលនៃការបន្សុទ្ធ ធ្វើបែបនោះទើបសេចក្តីស្រឡាញ់របស់ពួកគេក្លាយជាបរិសុទ្ធ និងសព្វព្រះហឫទ័យព្រះជាម្ចាស់។ នៅក្នុងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែលស្រឡាញ់ទ្រង់ ព្រះជាម្ចាស់ មិនទាមទារឱ្យមនុស្សស្រឡាញ់ទ្រង់ដោយប្រើឆន្ទៈ ឬបំណងផ្ទាល់ខ្លួននោះទេ។ មានតែតាមរយៈភក្តីភាព និងការប្រើសេចក្តីពិតក្នុងការបម្រើទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចស្រឡាញ់ទ្រង់ដ៏ពិតប្រាកដបាន។ ប៉ុន្តែមនុស្សរស់នៅក្នុងសេចក្ដីពុករលួយ ដូច្នេះពួកគេមិនអាចប្រើសេចក្តីពិត និងភក្តីភាពដើម្បីបម្រើព្រះជាម្ចាស់បានទេ។ គេជាមនុស្សដែលមានឆន្ទៈចង់បម្រើព្រះជាម្ចាស់ខ្លាំងផង ហើយមានចិត្តត្រជាក់ និងមិនខ្វល់ផង។ គេស្រឡាញ់ព្រះជាម្ចាស់ខ្លាំងផង ហើយស្អប់ព្រះជាម្ចាស់ក៏ខ្លាំងផងដែរ។ អ្នកដែលរស់នៅក្នុងសេក្ដីពុករលួយ តែងតែរស់នៅកណ្តាលភាពហួសហេតុទាំងពីរនេះ គឺពួកគេតែងតែរស់នៅតាមបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែបែរជាជឿថាពួកគេត្រឹមត្រូវទៅវិញ។ ទោះបីជាខ្ញុំលើកយកបញ្ហានេះមកនិយាយម្តងហើយម្តងទៀត ក៏មនុស្សនៅតែមិនអាចយកចិត្តទុកដាក់ឱ្យបានដិតដល់ដែរ ព្រោះពួកគេមិនអាចយល់ឱ្យល្អិតល្អន់ពីសារៈសំខាន់របស់វាទេ ដូច្នេះហើយ ពួកគេរស់នៅក្នុងសេចក្ដីជំនឿនៃការបញ្ឆោតខ្លួនឯង រស់នៅក្នុងការបំភាន់នៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដោយផ្អែកលើបំណងផ្ទាល់ខ្លួនរបស់ពួកគេ។ តាមរយៈប្រវត្តិសាស្ត្រកន្លងមក ពេលដែលមនុស្សជាតិបានអភិវឌ្ឍខ្លួន ហើយច្រើនសម័យកាលបានកន្លងផុតទៅ នោះសេចក្ដីតម្រូវរបស់ព្រះចំពោះមនុស្សកាន់តែខ្ពស់ ហើយទ្រង់បានទាមទារឱ្យមនុស្សពិតត្រង់ចំពោះទ្រង់កាន់តែខ្លាំងឡើងៗ។ ប៉ុន្តែចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់កាន់តែមានលក្ខណៈស្រពេចស្រពិល និងអរូបី ហើយសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ក៏កាន់តែមិនបរិសុទ្ធដែរ។ សភាវៈរបស់មនុស្ស និងគ្រប់យ៉ាងដែលមនុស្សធ្វើ កាន់តែផ្ទុយពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារសាតាំងធ្វើឱ្យមនុស្សពុករលួយកាន់តែជ្រៅទៅៗ។ ការនេះទាមទារឱ្យព្រះជាម្ចាស់ធ្វើការច្រើន និងអស្ចារ្យជាងមុន នោះគឺកិច្ចការនៃការសង្គ្រោះ។ មនុស្សកាន់តែប្រិតប្រៀនក្នុងសេចក្ដីតម្រូវរបស់ខ្លួនចំពោះព្រះជាម្ចាស់ ហើយសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ទៀតសោតកាន់តែថយចុះ។ មនុស្សរស់នៅក្នុងការមិនស្តាប់បង្គាប់ គ្មានសេចក្តីពិត រស់នៅក្នុងជីវិតដែលគ្មានសភាពជាមនុស្ស។ មិនត្រឹមតែមិនមានសេចក្តីស្រឡាញ់តិចតួចចំពោះព្រះជាម្ចាស់នោះទេ ពួកគេថែមទាំងពេញទៅដោយការមិនស្តាប់បង្គាប់ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ថែមទៀតផង។ ទោះបីជាពួកគេគិតថា ពួកគេមានសេចក្តីស្រឡាញ់ដ៏ឧត្តមចំពោះព្រះជាម្ចាស់រួចហើយ ដោយមិនមានអ្វីផ្សេងថ្វាយទ្រង់ក៏ដោយ ក៏ព្រះជាម្ចាស់មិនជឿថាវាបែបនេះនោះទេ។ ទ្រង់ជ្រាបច្បាស់ពីក្តីស្រឡាញ់របស់មនុស្សចំពោះទ្រង់ថាខូចយ៉ាងណា ហើយទ្រង់មិនដែលប្តូរទស្សនៈរបស់ទ្រង់ចំពោះមនុស្សដោយសារការផ្គាប់ចិត្តរបស់មនុស្ស ឬបំណងល្អយ៉ាងលឿនដែលបានមកពីការលះបង់របស់មនុស្សនោះទេ។ មិនដូចមនុស្សនោះទេ ព្រះជាម្ចាស់អាចញែកបានថានរណាស្រឡាញ់ទ្រង់ពិតប្រាកដ ហើយនរណាដែលមិនស្រឡាញ់ទ្រង់ ហើយទ្រង់ប្រព្រឹត្តចំពោះមនុស្សអាស្រ័យលើឥរិយាបថ និងសារៈសំខាន់របស់មនុស្ស ជាជាងការប្រើអារម្មណ៍ និងការវង្វេងដោយសារប្រតិកម្មភ្លាមៗរបស់មនុស្ស។ ដូច្នេះហើយ ព្រះជាម្ចាស់គឺជាព្រះ ហើយទ្រង់មានសេចក្តីថ្លៃថ្នូរ និងការយល់ឃើញរបស់ទ្រង់។ ចំណែកមនុស្សគឺជាមនុស្ស ហើយព្រះជាម្ចាស់មិនផ្លាស់ប្តូរដោយសារសេចក្តីស្រឡាញ់ដែលគ្មានសេចក្តីពិតរបស់មនុស្សនោះទេ។ ផ្ទុយទៅវិញ ទ្រង់ប្រព្រឹត្តចំពោះមនុស្សយ៉ាងសមរម្យទៅតាមទង្វើដែលពួកគេធ្វើ។

ប្រឈមមុខនឹងសភាព និងអាកប្បកិរិយារបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឱ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងលួសកាត់របស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឱ្យព្រះជាម្ចាស់ធ្វើឱ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឱ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឱ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងលួសកាត់ជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឱ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់មនុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរឹលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន។

ខាង​ដើម៖ របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ

បន្ទាប់៖ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ