ការពិគ្រោះអំពីជីវិតក្រុមជំនុំ និងជីវិតពិតជាក់ស្តែង

មនុស្សមានអារម្មណ៍ថា ពួកគេអាចផ្លាស់ប្តូរបានតែនៅក្នុងជីវិតក្រុមជំនុំ ប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនស្ថិតនៅក្នុងជីវិតក្រុមជំនុំទេ នោះពួកគេមានអារម្មណ៍ថា មិនអាចផ្លាស់ប្តូរបានឡើយ មានន័យថាជីវិតពិតជាក់ស្តែងរបស់ពួកគេ មិនទទួលបានការផ្លាស់ប្តូរទាល់តែសោះ។ តើអ្នករាល់គ្នាអាចមើលឃើញបញ្ហានៅក្នុងរឿងនេះដែរឬទេ? ពីមុនមក ខ្ញុំធ្លាប់បានលើកឡើងអំពី ការយាងព្រះជាម្ចាស់ចូលក្នុងជីវិតពិតជាក់ស្តែង សម្រាប់អស់អ្នក ដែលជឿលើព្រះជាម្ចាស់ នេះគឺជាផ្លូវមួយ ដើម្បីចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមពិតទៅជីវិតក្រុមជំនុំ គឺគ្រាន់តែជាផ្លូវមានកម្រិតមួយ នៃការធ្វើអោយមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ។ បរិយាកាសចម្បង សម្រាប់មនុស្សគ្រប់លក្ខណ៍ គឺនៅតែជាជីវិតពិតជាក់ស្តែងដដែល។ នេះគឺជាការអនុវត្ត និងជាការបណ្តុះបណ្តាលជាក់ស្តែងមួយ ដែលខ្ញុំបាននិយាយរួចមក ដ្បិតវាធ្វើឲ្យមនុស្សប្តូរពីការរស់នៅពីភាពជាមនុស្សធម្មតា និងអាចរស់នៅជាមនុស្សពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃ។ ទស្សនៈមួយលើកឡើងថា ដើម្បីបង្កើនកម្រិតការអប់រំផ្ទាល់ខ្លួន ដើម្បីស្វែងយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលបានសមត្ថភាពពេញលេញ លុះត្រាតែអ្នកនោះឆ្លងកាត់ការរៀនសូត្រជាមុន។ ហើយម៉្យាងទៀត អ្នកនោះត្រូវតែបំពាក់បំប៉ននូវចំណេះដឹងមូលដ្ឋានជាចាំបាច់ ដើម្បីរស់នៅជាមនុស្សម្នាក់ នៅក្នុងគោលបំណងទទួលបានការយល់ដឹង និងហេតុផលរបស់មនុស្សជាតិធម្មតា ពីព្រោះមនុស្សស្ទើរតែខ្វះខាតទាំងស្រុងនៅក្នុងផ្នែកទាំងនេះ។ ជាងនេះទៀត អ្នកនោះ ក៏ត្រូវរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈជីវិតក្រុមជំនុំដែរ ហើយយូរៗទៅ នោះគេនឹងមានការយល់ដឹងច្បាស់ អំពីសេចក្ដីពិតជាក់ជាមិនខាន។

ហេតុអ្វីបានជាគេនិយាយថា ក្នុងការជឿលើព្រះជាម្ចាស់ មនុស្សត្រូវតែយាងព្រះជាម្ចាស់មកក្នុងជីវិតពិតជាក់ស្តែងរបស់ពួកគេ? វាមិនមែនត្រឹមតែ ជីវិតក្រុមជំនុំ ដែលផ្លាស់ប្តូរ មនុស្សប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀត មនុស្សគួរតែប្រតិបត្តិនៅក្នុងជីវិតពិតជាក់ស្តែងរបស់ពួកគេដែរ។ រាល់គ្នាតែងតែធ្លាប់និយាយអំពីស្ថានភាពខាងវិញ្ញាណ និងបញ្ហាខាងវិញ្ញាណរបស់អ្នក ក៏ប៉ុន្តអ្នកបានធ្វេសប្រហែសអនុវត្តរឿងរ៉ាវជាច្រើនក្នុងជីវិតពិតជាក់ស្តែង ហើយក៏ធ្វេសប្រហែសមិនរស់នៅតាមជីវិតនោះដែរ។ អ្នកសរសេររាល់ថ្ងៃ អ្នកស្តាប់រាល់ថ្ងៃ ហើយអ្នកអានរាល់ថ្ងៃ មិនតែប៉ុណ្ណោះ អ្នកថែមទាំងបានអធិស្ឋាននៅពេលអ្នកកំពុងចំអិនម្ហូប ដោយពោលថា៖ «ឱ! ព្រះជាម្ចាស់អើយ! សូមឲ្យព្រះអង្គ ក្លាយជាជីវិតរបស់ទូលបង្គំនៅក្នុងទូលបង្គំផង។ ហើយចាប់ពីថ្ងៃនេះទៅ សូមប្រទានពរទូលបង្គំ និងបំភ្លឺទូលបង្គំផង។ អ្វីក៏ដោយ ដែលព្រះអង្គបានបំភ្លឺទូលបង្គំនៅថ្ងៃនេះ សូមអនុញ្ញាតឲ្យទូលបង្គំយល់ពីវានៅក្នុងពេលនេះផងដែរ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអង្គ អាចដើរតួជាជីវិតរបស់ទូលបង្គំ។» អ្នកក៏បានអធិស្ឋាន នៅពេលអ្នកកំពុងញ៉ាំអាហារពេលល្ងាចថា៖ «ឱ! ព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រទានអាហារនេះដល់យើងខ្ញុំ។ សូមព្រះអង្គប្រទានពរដល់យើងខ្ញុំ។ អាម៉ែន! សូមឲ្យយើងខ្ញុំ រស់នៅដោយសារព្រះអង្គ។ សូមឲ្យព្រះអង្គ គង់នៅជាមួយយើងខ្ញុំ។ អាម៉ែន!» បន្ទាប់ពីអ្នកបានបរិភោគអាហារពេលល្ងាចរួច ហើយកំពុងលាងចាន អ្នកបានចាប់ផ្តើមនិយាយតិចៗថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំប្រៀបដូចជាចានមួយនេះអញ្ចឹង។ យើងខ្ញុំត្រូវបានធ្វើឲ្យខូចអាក្រក់ដោយសាតាំង ប្រៀបបីដូចជាចាន ដែលត្រូវបានគេប្រើរួច ហើយយកវាទៅសំអាតចេញដោយទឹកយ៉ាងដូច្នេះដែរ។ ព្រះអង្គ គឺជាទឹកហើយព្រះបន្ទូលរបស់ព្រះអង្គ គឺជាទឹករស់ដែលផ្តល់ជីវិតសម្រាប់ទូលបង្គំ។» ព្រិចបើកៗ ក៏ដល់ពេលចូលគេងទៀត ហើយអ្នកចាប់ផ្តើមនិយាយតិចៗ ម្ដងទៀតថា៖ «ឱ ព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រទានពរដល់ទូលបង្គំ និងដឹកនាំទូលបង្គំពេញមួយថ្ងៃ។ ទូលបង្គំ ពិតជាអរព្រះគុណព្រះអង្គខ្លាំងណាស់។ ...» នេះជារបៀប ដែលអ្នកចំណាយពេលមួយថ្ងៃរបស់អ្នក ហើយបន្ទាប់មកអ្នកបានចូលដេកលង់លក់ទៅ។ មនុស្សភាគច្រើន រស់នៅដូចនេះជារៀងរាល់ថ្ងៃ ហើយសូម្បីតែឥឡូវនេះ ពួកគេព្រងើយកន្តើយនឹងការចូលទៅក្នុងភាពពិតប្រាកដ ដោយផ្តោតតែទៅលើការចំណាយពេលតែបបូរមាត់ខាងក្រៅក្នុងការអធិស្ឋានរបស់ពួកគេប៉ុណ្ណោះ។ នេះគឺជាជីវិតពីមុន ជាជីវិតចាស់របស់ពួកគេ។ ហើយភាគច្រើនគឺបែបនេះឯង។ ពួកគេខ្វះការបណ្តុះបណ្តាលពិតប្រាកដ ហើយពួកគេក៏ឆ្លងកាត់ការផ្លាស់ប្តូរពិតប្រាកដតិចតួចបំផុតដែរ។ ពួកគេ អធិស្ឋានដោយបបូរមាត់របស់ពួកគេ ពួកគេចូលទៅជិតព្រះជាម្ចាស់តែពាក្យសំដីរបស់ពួកគេតែប៉ុណ្ណោះ តែខ្វះការយល់ដឹងជ្រៅជ្រះ។ យើងយកឧទាហរណ៍ដ៏សាមញ្ញបំផុត និយាយពីការរៀបចំផ្ទះសម្បែងរបស់អ្នក។ អ្នកឃើញថាផ្ទះរបស់អ្នករញ៉េរញ៉ៃ ដូច្នេះអ្នកអង្គុយនៅទីនោះហើយអធិស្ឋានថា៖ «ឱ! ព្រះជាម្ចាស់អើយ! សូមក្រឡេកមើលអំពើអាក្រក់ ដែលសាតាំងបានធ្វើមកលើទូលបង្គំ។ ទូលបង្គំ ក៏កខ្វក់ដូចផ្ទះនេះអញ្ចឹងដែរ។ ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំពិតជាសរសើរតម្កើង និងអរព្រះគុណទ្រង់ណាស់។ បើគ្មានសេចក្តីសង្គ្រោះ និងការបំភ្លឺរបស់ព្រះអង្គទេ នោះទូលបង្គំនឹងមិនដឹងការពិតនេះឡើយ។» អ្នកគ្រាន់តែអង្គុយនៅទីនោះ ហើយអធិស្ឋានតិចៗយ៉ាងយូររួចក្រោយមក អ្នកធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ប្រៀបដូចជាស្ត្រីចំណាស់ម្នាក់កំពុងតែរអ៊ូរងូវៗតែម្នាក់ឯងអញ្ចឹង។ អ្នកឆ្លងកាត់ជីវិតខាងវិញ្ញាណរបស់អ្នក តាមរបៀបនេះឯង ដោយគ្មានការចូលទៅក្នុងសេចក្តីពិតទាល់តែសោះ ជាមួយនឹងការអនុវត្តបែបសើៗយ៉ាងច្រើន! ការចូលទៅក្នុងការបណ្តុះបណ្តាលពិតប្រាកដ គឺជាប់ពាក់ព័ន្ធនឹងជីវិតពិតជាក់ស្តែងរបស់មនុស្ស បូករួមនិងការលំបាកជាក់ស្តែងជាច្រើនដែលពួកគេឆ្លងកាត់ នេះជាមធ្យោបាយតែមួយគត់ ដែលពួកគេអាចផ្លាស់ប្តូរបាន។ បើគ្មានជីវិតពិតជាក់ស្តែងទេ មនុស្សមិនអាចផ្លាស់ប្តូរបានឡើយ។ តើការអធិស្ឋានដោយបបូរមាត់បានប្រយោជន៍អ្វី? បើគ្មានការយល់ដឹង ពីធម្មជាតិរបស់មនុស្សទេ នោះអ្វីៗទាំងអស់ គឺជាការខ្ជះខ្ជាយពេលវេលា ហើយបើគ្មានផ្លូវសម្រាប់ការអនុវត្តទេ នោះអ្វីៗគ្រប់យ៉ាងគឺជាការការខិតខំប្រឹងប្រែងតែប៉ុណ្ណោះដោយខ្ជះខ្ជាយ! ការអធិស្ឋានធម្មតា អាចជួយមនុស្សឲ្យរក្សាសភាពធម្មតារបស់ពួកគេ នៅខាងក្នុងបាន ក៏ប៉ុន្តែពួកគេមិនអាចត្រូវបានផ្លាស់ប្តូរយ៉ាងហ្មត់ចត់ដោយសេចក្តីអធិស្ឋាននោះបានទេ។ ការស្គាល់ពី ភាពសុចរិតរបស់មនុស្ស ភាពក្រអឺតក្រទម ការប្រកាន់ខ្លួន ភាពទទីងទទាង និងស្គាល់អំពីនិស្ស័យអាក្រក់របស់មនុស្ស ។ល។ ចំណេះដឹងអំពីរឿងទាំងនេះមិនមែនកើតឡើង តាមរយៈការអធិស្ឋានប៉ុណ្ណោះទេ រឿងទាំងអស់នេះ ត្រូវបានរកឃើញដោយ ការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនឹងត្រូវបានស្គាល់តាមរយៈការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតពិតជាក់ស្តែងផងដែរ។ សព្វថ្ងៃនេះ មនុស្សទាំងអស់ អាចនិយាយបានយ៉ាងល្អ ហើយពួកគេ បានស្តាប់សេចក្តីអធិប្បាយយ៉ាងអស្ចារ្យជាច្រើន អស្ចារ្យជាងអ្នកផ្សេងទៀតនៅគ្រប់សម័យកាលទាំងអស់ ក៏ប៉ុន្តែ ពួកគេបានយកទៅអនុវត្តនៅក្នុងជីវិតពិតជាក់ស្តែងរបស់ពួកគេបានតិចតួចណាស់។ នោះអាចនិយាយបានថា គ្មានព្រះជាម្ចាស់នៅក្នុងជីវិតពិតជាក់ស្តែងរបស់ពួកគេនោះទេ ពួកគេមិនមានជីវិតជាមនុស្សថ្មីម្នាក់ ក្រោយពីការផ្លាស់ប្តូរនោះឡើយ។ ពួកគេមិនបានរស់នៅក្នុងសេចក្តីពិត នៅក្នុងជីវិតពិតជាក់ស្តែងទេ ហើយពួកគេក៏មិនបានយកព្រះជាម្ចាស់ ចូលក្នុងជីវិតពិតជាក់ស្តែងរបស់គេដែរ។ ពួកគេរស់នៅ ដូចជាកូននរក។ តើនេះមិនមែនជារឿងដែលល្ងីល្ងើទេឬអី?

ដើម្បីស្តារភាពជាមនុស្សធម្មតាឡើងវិញបាន គឺត្រូវតែធ្វើជាមនុស្សធម្មតា មនុស្ស មិនអាចធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យបាន ដោយពាក្យសម្ដីតែម្យ៉ាងប៉ុណ្ណោះឡើយ។ បើធ្វើបែបនោះ គឺពួកគេកំពុងនាំទុក្ខដាក់ខ្លួនហើយ មិនតែប៉ុណ្ណោះ វាក៏មិនបានផ្តល់ផលប្រយោជន៍សម្រាប់ការរស់នៅ ឬការផ្លាស់ប្តូររបស់ពួកគេឡើយ។ ដូច្នេះដើម្បីទទួលបានការផ្លាស់ប្តូរ មនុស្សត្រូវតែអនុវត្តបន្តិចម្តងៗ។ ពួកគេត្រូវតែចូលទៅយឺតៗ ស្វែងរក និងរុករកបន្តិចម្តងៗ ត្រូវចូលពីភាពវិជ្ជមាន ហើយរស់នៅក្នុងជីវិតដែលប្រតិបតិ្តតាមសេចក្តីពិត ជាជីវិតនៃពួកបរិសុទ្ធផងព្រះជាម្ចាស់។ បន្ទាប់មក អ្វីៗដែលពិត ព្រឹត្តិការណ៍និងបរិយាកាសពិត នឹងនាំឲ្យមនុស្សទទួលបានការបណ្តុះបណ្តាលមួយជាក់ស្តែង។ មនុស្សមិនតម្រូវឲ្យគ្រាន់តែប្រើបបូរមាត់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេត្រូវទទួលការបណ្តុះបណ្តាល នៅក្នុងបរិយាកាសជាក់ស្តែងផងដែរ។ ដំបូង មនុស្សចាប់ផ្តើមដឹងថា ពួកគេមានសមត្ថភាពអន់ខ្សោយ បន្ទាប់មកពួកគេបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមបែបធម្មតា ព្រមទាំងរស់នៅ និងអនុវត្តបែបធម្មតាតាមនោះដែរ មានតែតាមរបៀបនេះទេ ទើបធ្វើឲ្យពួកគេអាចទទួលបានការពិត ហើយនេះជារបៀបអនុវត្តដែលអាចកើតឡើងលឿនបំផុត។ ដើម្បីផ្លាស់ប្តូរ មនុស្សត្រូវតែមានការអនុវត្តជាក់ស្តែងមួយចំនួន។ ពួកគេ ត្រូវតែអនុវត្តជាមួយរបស់ពិត ព្រឹត្តិការណ៍ពិត និងបរិយាកាសជាក់ស្តែង។ តើមនុស្សម្នាក់អាចទទួលបានការបណ្តុះបណ្តាលពិតប្រាកដ ដោយពឹងផ្អែកតែលើជីវិតក្រុមជំនុំតែមួយមុខឬ? តើមនុស្សអាចចូលទៅក្នុងភាពជាក់ស្តែងតាមរបៀបនេះបានដែរឬទេ? ទេ មិនអាចទេ! ប្រសិនបើមនុស្សមិនអាចចូលទៅក្នុងជីវិតពិតជាក់ស្តែងបានទេ នោះពួកគេ មិនអាចផ្លាស់ប្តូររបៀបរស់នៅចាស់ និងរបៀបនៃការធ្វើអ្វីបានឡើយ។ នេះមិនមែនដោយសារ ភាពខ្ជិលច្រអូស និងភាពជាម្ចាស់ការទាំងស្រុងរបស់មនុស្សនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែមនុស្សមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរស់នៅ ហើយលើសពីនេះទៅទៀត ពួកគេមិនយល់អំពីអី្វជាស្តង់ដារនៃភាពជាមនុស្សធម្មតារបស់ព្រះជាម្ចាស់។ កាលពីអតីតកាលមនុស្ស តែងតែជជែកប្រឹក្សា និយាយប្រាស្រ័យទាក់ទងគ្នា ហើយពួកគេថែមទាំងក្លាយជា «វាគ្មិន» ទៀតផង ក៏ប៉ុន្តែ នៅក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ស្វែងរកការផ្លាស់ប្តូរនៅក្នុងជីវិតរបស់ពួកគេឡើយ។ ផ្ទុយទៅវិញពួកគេបានស្វែងរកទ្រឹស្តីដ៏ជ្រាលជ្រៅទៅវិញ។ ដូច្នេះមនុស្សសម័យនេះ ត្រូវតែផ្លាស់ប្តូរបែបបទនៃជំនឿចំពោះព្រះជាម្ចាស់ នៅក្នុងជីវិតរបស់ពួកគេនេះ។ ពួកគេត្រូវតែធ្វើដោយផ្តោតតែលើព្រឹត្តិការណ៍មួយ របស់មួយ ឬក៏មនុស្សម្នាក់ប៉ុណ្ណោះ។ ពួកគេត្រូវតែធ្វើវាដោយផ្តោតអារម្មណ៍ មានតែធ្វើបែបនេះទេ ទើបពួកគេអាចទទួលបានលទ្ធផល។ ការផ្លាស់ប្តូររបស់មនុស្សចាប់ផ្តើមឡើង ដោយការផ្លាស់ប្តូរសារធាតុរបស់ពួកគេជាមុន។ កិច្ចការនេះ ត្រូវផ្តោតសំខាន់ទៅលើសារធាតុរបស់មនុស្ស ជីវិត និងភាពខ្ជិលច្រអូសរបស់ពួកគេ ភាពជាម្ចាស់ការ ហើយនិងភាពទាសករ ជាដើម មានតែបែបនេះទេ ទើបពួកគេអាចផ្លាស់ប្តូរបាន។

ថ្វីបើជាជីវិតក្រុមជំនុំ អាចបង្កើតលទ្ធផលនៅក្នុងផ្នែកខ្លះក៏ដោយ គន្លឹះសំខាន់ គឺថាជីវិតពិតជាក់ស្តែងអាចផ្លាស់ប្តូរមនុស្សបាន។ និស្ស័យចាស់របស់មនុស្សម្នាក់ មិនអាចផ្លាស់ប្តូរបានទេ បើគ្មានជីវិតពិតជាក់ស្តែង។ ឧទាហរណ៍សូមឲ្យយើងពិចារណា អំពីកិច្ចការរបស់ព្រះយេស៊ូវក្នុងយុគសម័យព្រះគុណ។ នៅពេលដែលព្រះយេស៊ូវបានលុបចោលក្រឹត្យវិន័យមុនៗ ហើយព្រះអង្គបានបង្កើតបទបញ្ញត្តិនៃយុគសម័យថ្មី គឺព្រះអង្គបានមានបន្ទូល ដោយប្រើឧទាហរណ៍ជាក់ស្តែងពីជីវិតពិតជាក់ស្តែង។ កាលព្រះយេស៊ូវកំពុងនាំពួកសិស្សរបស់ព្រះអង្គ ដើរកាត់តាមវាលស្រែនៅថ្ងៃសប្ប័ទ នោះពួកសិស្សរបស់ទ្រង់ឃ្លាន ហើយបានបូតកួរស្រូវមកបរិភោគ។ ខណៈនោះពួកផារិស៊ីបានឃើញ ហើយក៏និយាយថា ពួកគេមិនគោរពថ្ងៃសប្ប័ទទេ។ ពួកគេក៏បាននិយាយផងដែរថា មនុស្សមិនអនុញ្ញាតឲ្យជួយសង្គ្រោះ កូនគោដែលបានធ្លាក់ចូលរណ្តៅនៅថ្ងៃសប្ប័ទផងដែរ ថែមទាំងនិយាយទៀតថា មិនត្រូវបំពេញកិច្ចការងារណាមួយនៅថ្ងៃសប្ប័ទឡើយ។ ព្រះយេស៊ូវ បានលើកឡើងពីឧប្បត្តិហេតុទាំងនេះ ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិនៃយុគសម័យថ្មីបន្តិចម្តងៗ។ នៅពេលនោះព្រះអង្គបានប្រើរឿងជាក់ស្តែងជាច្រើន ដើម្បីជួយមនុស្សឲ្យយល់ និងផ្លាស់ប្តូរ។ នេះគឺជាគោលការណ៍ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការរបស់ព្រះអង្គ ហើយវាគឺជាផ្លូវតែមួយគត់ ដែលអាចផ្លាស់ប្តូរមនុស្សបាន។ បើគ្មានបញ្ហាជាក់ស្តែងទេ នោះមនុស្សអាចទទួលបានតែការយល់ដឹងតែខាងទ្រឹស្តី និងបញ្ញាតែប៉ុណ្ណោះ នេះមិនមែនជាវិធីដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរទេ។ ដូច្នេះតើមនុស្សម្នាក់អាចទទួលបានប្រាជ្ញា និងការយល់ដឹងតាមរយៈការបណ្តុះបណ្តាលយ៉ាងដូចម្តេច? តើមនុស្សអាចទទួលបាននូវប្រាជ្ញា និង ការយល់ដឹងយ៉ាងសាមញ្ញពីការស្តាប់ ការអាន និងការជំរុញចំណេះដឹងរបស់ពួកគេបានឬទេ? តើនេះអាចកើតឡើងយ៉ាងដូចម្តេចបាន? មនុស្សត្រូវតែយល់ និងមានបទពិសោធន៍នៅក្នុងជីវិតពិតជាក់ស្តែង! ដូច្នេះ មនុស្សត្រូវតែហ្វឹកហាត់ ហើយមិនត្រូវចាកចេញពីជីវិតពិតជាក់ស្តែងឡើយ។ មនុស្សត្រូវយកចិត្តទុកដាក់លើទិដ្ឋភាពផ្សេងៗគ្នា ព្រមទាំងត្រូវមានការចូលរួមក្នុងទិដ្ឋភាពផ្សេងៗជាច្រើនដែរ តួយ៉ាងដូចជា កម្រិតនៃការអប់រំ វិញ្ញាត្តិភាព សមត្ថភាពក្នុងការមើលរឿងរ៉ាវផ្សេងៗ ការចេះវែកញែក សមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានសុភវិនិច្ឆ័យ និងវិធានរបស់មនុស្សជាតិ ព្រមទាំងអ្វីៗផ្សេងទៀតទាក់ទងនឹងមនុស្សជាតិ ដែលមនុស្សចាំបាច់ត្រូវតែមានជាប់ជាមួយ ជាដើម។ បន្ទាប់ពីទទួលបានការយល់ដឹងរួចហើយ មនុស្សត្រូវតែផ្តោតលើការអនុវត្តតាម ត្បិតមានតែធ្វើបែបនោះទេដែលអាចមានការផ្លាស់ប្តូរបាន។ ប្រសិនបើនរណាម្នាក់ទទួលបានការយល់ដឹង ក៏ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់លើការអនុវត្ត តើការផ្លាស់ប្តូរអាចកើតឡើងយ៉ាងដូចម្តេចបាន? សព្វថ្ងៃនេះ មនុស្សមានការយល់ដឹងច្រើន ក៏ប៉ុន្តែពួកគេមិនបានរស់នៅតាមសេចក្តីពិតទាំងនោះទេ។ អញ្ចឹងហើយ ទើបពួកគេមានការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តិចតួចមែនទែន។ អ្នកបានទទួលការបំភ្លឺ និងបើកបង្ហាញតិចតួចតែប៉ុណ្ណោះ ពីព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាបែបនេះក៏ដោយ ក៏អ្នកហាក់មិនរវីរវល់ ពីការអនុវត្តនៅក្នុងជីវិតពិតជាក់ស្តែងរបស់អ្នកដែរ ហេតុដូច្នេះហើយ ទើបបានជាការផ្លាស់ប្តូររបស់អ្នកធ្លាក់ចុះ។ បន្ទាប់ពីរយៈពេលដ៏យូរមក មនុស្សមានការយល់ដឹងបានច្រើន។ ពួកគេអាចនិយាយបានច្រើនហូរហែ អំពីចំណេះដឹងខាងទ្រឹស្តីរបស់ពួកគេ ក៏ប៉ុន្តែនិស្ស័យខាងក្រៅរបស់ពួកគេនៅតែដដែល ហើយសូម្បីតែសមត្ថភាពពីកំណើតរបស់ពួកគេនៅតែដដែលដែរគ្មានឃើញអ្វីប្លែកបន្តិចទាល់តែសោះ។ ប្រសិនបើនៅតែបែបនេះ តើនៅពេលណា អ្នកនឹងចូលទៅក្នងការផ្លាស់ប្តូរបាន?

ជីវិតនៅក្នុងក្រុមជំនុំ គឺជាប្រភេទជីវិតមួយដែលមនុស្សប្រមូលផ្តុំគ្នា ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាគ្រាន់តែជាជីវិតដ៏តូចមួយប៉ុណ្ណោះ។ ប្រសិនបើ ជីវិតពិតជាក់ស្តែងរបស់មនុស្សមានភាពដូចគ្នាទៅនឹងជីវិតក្នុងក្រុមជំនុំរបស់ពួកគេ រួមទាំងជីវិតធម្មតាខាងវិញ្ញាណ ការចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអធិស្ឋាន និងការចូលទៅជិតព្រះជាម្ចាស់បែបធម្មតាជាដើម រីឯការរស់នៅក្នុងជីវិតពិតជាក់ស្តែងវិញ ជាអ្វីៗគ្រប់យ៉ាងដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងជីវិតពិតជាក់ស្តែង ជាអ្វីៗគ្រប់យ៉ាងដែលអនុវត្តស្របតាមសេចក្តីពិត ការរស់នៅក្នុងជីវិតពិតជាក់ស្តែង ជាការជាប់ចិត្តក្នុងសេចក្តីអធិស្ឋាន និងការអនុវត្ដនូវភាពស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ ដោយការច្រៀងទំនុកតម្កើង និងរាំថ្វាយព្រះជាម្ចាស់ នេះហើយគឺជាជីវិតតែមួយគត់ ដែលអាចនាំពួកគេចូលទៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សភាគច្រើនផ្តោតតែលើរយៈពេលប៉ុន្មានម៉ោង នៃជីវិតនៅក្នុងក្រុមជំនុំរបស់ពួកគេតែប៉ុណ្ណោះ ដោយមិន «យកចិត្តទុកដាក់» លើជីវិតរបស់ពួកគេ នៅខាងក្រៅម៉ោងទាំងនោះឡើយ ពួកគេដូចជាមិនខ្វល់ពីរឿងទាំងនេះទាល់តែសោះ។ មានមនុស្សជាច្រើនដែលចូលទៅក្នុងជីវិតនៃពួកបរិសុទ្ធ នៅពេលដែលបានបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ច្រៀងទំនុកតម្កើង និងអធិស្ឋានប៉ុណ្ណោះ តែក្រោយមកពួកគេ វិលត្រលប់ទៅរកជីវិតចាស់របស់ពួកគេនៅខាងក្រៅវិញដដែល។ ការរស់នៅរបៀបនេះ មិនអាចផ្លាស់ប្តូរមនុស្សបានឡើយ ហើយពួកគេក៏មិនអាចស្គាល់ព្រះជាម្ចាស់ច្បាស់ដែរ។ ការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សចង់ផ្លាស់ប្តូរនិស្ស័យរបស់ពួកគេនោះពួកគេមិនត្រូវដកខ្លួនចេញពីជីវិតពិតជាក់ស្តែងឡើយ។ ក្នុងជីវិតពិតជាក់ស្តែង អ្នកត្រូវស្គាល់ខ្លួនឯង លះបង់ខ្លួនឯង អនុវត្តសេចក្តីពិត ក៏ដូចជារៀនគោលការណ៍ សុភវនិច្ឆ័យ រួមនិងច្បាប់នៃការគ្រប់គ្រងខ្លួនឯង នៅក្នុងគ្រប់កិច្ចការទាំងអស់ មុនពេលដែលអ្នកអាចសម្រេចបាននូវការផ្លាស់ប្តូរបន្តិចម្តងៗ។ ប្រសិនបើអ្នកគ្រាន់តែផ្តោតលើចំណេះដឹងខាងទ្រឹស្តី ហើយរស់នៅតែក្នុងរង្វង់នៃពិធីសាសនាផ្សេងៗ ដោយមិនបានចូលឲ្យជ្រៅ ទៅក្នុងភាពពិតប្រាកដ ហើយនិងមិនបានចូលទៅក្នុងជីវិតពិតជាក់ស្តែងទេ នោះអ្នកនឹងមិនអាចរស់នៅក្នុងសេចក្តីពិត អ្នកនឹងមិនស្គាល់ខ្លួនឯង មិនសា្គល់សេចក្តីពិត ហើយក៏មិនស្គាល់ព្រះជាម្ចាស់នោះដែរ ហើយចុងក្រោយអ្នកនឹងនៅតែងងឹតដូចមនុស្សខ្វាក់ និងល្ងិតល្ងង់ជារៀងរហូត។ កិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ គឺមិនមែនឲ្យពួកគេរស់នៅក្នុងជីវិតជាមនុស្សធម្មតា តែមួយរយៈពេលខ្លីនោះទេ ហើយក៏មិនមែនជាការផ្លាស់ប្តូរ គំនិត និងគោលលទ្ធិខុសរបស់ពួកគេដែរ។ ផ្ទុយទៅវិញគោលបំណងរបស់ព្រះអង្គ គឺផ្លាស់ប្តូរនិស្ស័យចាស់របស់មនុស្សផ្លាស់ប្តូររបៀបរស់នៅចាស់របស់ពួកគេទាំងស្រុង និង ផ្លាស់ប្តូរគ្រប់ទាំងគំនិតហួសសម័យ ហើយនិងទស្សនៈផ្លូវចិត្តរបស់ពួកគេផងដែរ។ ការផ្តោតតែលើជីវិតក្រុមជំនុំ នឹងមិនអាចផ្លាស់ប្តូរទម្លាប់ជីវិតចាស់របស់មនុស្ស ឬផ្លាស់ប្តូររបៀបចាស់ដែលពួកគេបានរស់នៅជាយូរមកហើយនោះបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សដាច់ខាតមិនត្រូវផ្តាច់ខ្លួនចេញពីជីវិតពិតជាក់ស្តែងឡើយ។ ព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅ ជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ គឺដើម្បីឲ្យពួកគេរស់នៅតាមសេចក្តីពិត នៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ គឺដើម្បីឲ្យពួកគេបំពេញមុខងាររបស់ពួកគេនៅក្នុងជីវិតពិតជាក់ស្តែង មិនត្រឹមតែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ។ ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ មនុស្សជឿលើព្រះជាម្ចាស់ហើយ តែមិនអាចស្គាល់ខ្លួនឯងតាមរយៈការអនុវត្តនៅក្នុងជីវិតពិតជាក់ស្តែង ហើយប្រសិនបើពួកគេមិនអាចរស់នៅ ជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែងទេ នោះពួកគេនឹងក្លាយជាមនុស្សបរាជ័យ។ អស់អ្នកដែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់ គឺជាមនុស្សដែលមិនអាចចូលទៅក្នុងជីវិតពិតជាក់ស្តែងបានឡើយ។ ពួកគេ គឺជាអ្នកដែលនិយាយអំពីមនុស្សជាតិ ប៉ុន្តែពួកគេរស់នៅតាមនិស្ស័យរបស់អារក្សវិញ។ ពួកគេ គឺជាអ្នកដែលនិយាយពីសេចក្តីពិត ប៉ុន្តែពួកគេរស់នៅតាមគោលលទ្ធិជំនួសវិញ។ អស់អ្នកដែលមិនអាចរស់នៅតាមសេចក្តីពិតនៅក្នុងជីវិតពិតជាក់ស្តែង គឺជាពួកអ្នកដែលជឿលើព្រះជាម្ចាស់ ក៏ប៉ុន្តែបែរជាត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធទៅវិញ។ អ្នកត្រូវអនុវត្តរស់នៅក្នុងជីវិតពិតជាក់ស្តែងរបស់អ្នក ហើយត្រូវដឹងពីភាពខ្វះចន្លោះ ការមិនស្តាប់បង្គាប់ ភាពល្ងង់ខ្លៅ ព្រមទាំងដឹងពីភាពជាមនុស្សមិនធម្មតា និងភាពទន់ខ្សោយរបស់អ្នក។ តាមរបៀបនេះ ចំណេះដឹងរបស់អ្នក នឹងត្រូវបានបញ្ចូលទៅក្នុងស្ថានភាព និងការលំបាកជាក់ស្តែងជាច្រើនរបស់អ្នក។ មានតែចំណេះដឹងប្រភេទនេះទេ ដែលអាចអោយអ្នកយល់ច្បាស់ពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ហើយនិងទទួលបាននូវការផ្លាស់ប្តូរនូវនិស្ស័យរបស់អ្នកផងដែរ។

ពេលនេះ ភាពគ្រប់លក្ខណ៍របស់មនុស្សបានចាប់ផ្តើមហើយ អ្នកត្រូវតែអនុវត្តរស់នៅក្នុងជីវិតពិតជាក់ស្តែង។ ដូច្នេះ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរ អ្នកត្រូវតែចាប់ផ្តើមពីការរស់នៅក្នុងជីវិតពិតជាក់ស្តែង ហើយផ្លាស់ប្តូរវាបន្តិចម្តងៗ។ ប្រសិនបើអ្នក គេចចេញពីជីវិតមនុស្សធម្មតា ហើយនិយាយតែរឿងខាងវិញ្ញាណតែម៉្យាង នោះអ្វីៗនឹងប្រែទៅជាស្ងួត ហើយរាបស្មើ។ វានឹងត្រឡប់ជារឿងមិនពិតទៅវិញ ហើយបើបែបនោះ តើមនុស្សអាចផ្លាស់ប្តូរយ៉ាងដូចម្តេចបាន? ឥឡូវនេះត្រូវតម្រូវឲ្យអ្នកឲ្យអនុវត្តរស់នៅក្នុងជីវិតពិតជាក់ស្តែង ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចូលទៅទទួលយកបទពិសោធន៍ពិតនៃជីវិត។ នេះគឺជាទិដ្ឋភាពមួយ នៃអ្វីដែលមនុស្សចាំបាត់ត្រូវធ្វើ។ កិច្ចការចម្បងរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដឹកនាំបង្ហាញផ្លូវ ហើយនៅសល់ពីនោះ គឺអាស្រ័យលើការអនុវត្ត និងប្រតិបត្តិរបស់មនុស្ស។ មនុស្សគ្រប់គ្នា អាចទទួលបានជីវិតពិតជាក់ស្តែង តាមរយៈផ្លូវផ្សេងៗជាច្រើន ដូចជាពួកគេអាចយាងព្រះជាម្ចាស់ចូលក្នុងជីវិតពិតជាក់ស្តែង និងរស់នៅជាមនុស្សធម្មតាពិតប្រាកដ។ នេះហើយ គឺជាជីវិត ដែលមានអត្ថន័យតែមួយគត់!

ខាង​ដើម៖ ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា

បន្ទាប់៖ អំពីមនុស្សរាល់គ្នាដែលបំពេញមុខងាររបស់ពួកគេ

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីទម្លាប់នៃការអធិស្ឋាន

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ