ចូរយកចិត្តទុកដាក់ចំពោះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍

នៅពេលដែលអ្នកយកចិត្តទុកដាក់ ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន អ្នកទទួលអម្រែកកាន់តែធ្ងន់ ហើយពេលដែលអ្នកទទួលអម្រែកកាន់តែធ្ងន់ នោះអ្នកនឹងមានបទពិសោធន៍កាន់តែច្រើន។ ពេលដែលអ្នកយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងដាក់អម្រែកមកលើអ្នក ហើយក្រោយមកទ្រង់នឹងបំភ្លឺភ្នែកអ្នកអំពីកិច្ចការដែលទ្រង់ប្រគល់ដល់អ្នក។ នៅពេលព្រះជាម្ចាស់ផ្តល់អម្រែកនេះដល់អ្នក អ្នកនឹងយកចិត្តទុកដាក់ដល់សេចក្តីពិតពាក់ព័ន្ធគ្រប់យ៉ាង ខណៈពេលដែលអ្នកធ្វើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមានអម្រែក ពាក់ព័ន្ធនឹងស្ថានភាពជីវិតរបស់បងប្អូនប្រុសស្រីរបស់អ្នក នេះគឺជាអម្រែកដែលព្រះជាម្ចាស់ប្រគល់ឲ្យអ្នក ហើយអ្នកនឹងរែកអម្រែកនេះជានិច្ច នៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់អ្នក។ អ្វីដែលព្រះជាម្ចាស់ធ្វើ គឺជាអម្រែករបស់អ្នក ហើយអ្នកចង់ធ្វើបែបនេះ ដែលព្រះជាម្ចាស់ចង់ធ្វើ។ នេះជាអត្ថន័យនៃការរែកអម្រែករបស់ព្រះជាម្ចាស់ ជារបស់ខ្លួនឯងផ្ទាល់។ ត្រង់ចំណុចនេះ នៅក្នុងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រភេទនេះ ហើយអ្នកនឹងឆ្ងល់ថា តើខ្ញុំនឹងដោះស្រាយបញ្ហាទាំងនេះដោយវិធីណា? តើខ្ញុំអាចធ្វើឲ្យបងប្អូនប្រុសស្រីរបស់ខ្ញុំទទួលបានភាពស្រាកស្រាន្ត និងរកឃើញក្តីអំណរខាងវិញ្ញាណដោយវិធីណា? អ្នកក៏នឹងផ្តោតលើការដោះស្រាយបញ្ហាទាំងនេះ ពេលដែលអ្នកប្រកបគ្នា ហើយពេលដែលអ្នកហូប និងផឹកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតលើការហូប និងការផឹកព្រះបន្ទូលដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះ។ អ្នកក៏នឹងរែកអម្រែក ខណៈពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ ពេលដែលអ្នកបានយល់ពីតម្រូវការរបស់ព្រះជាម្ចាស់ អ្នកនឹងមានគំនិតច្បាស់ជាងមុន អំពីផ្លូវដែលអ្នកជ្រើសរើស។ នេះគឺជាការបំភ្លឺ និងការបើកបង្ហាញនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអម្រែករបស់អ្នកបាននាំមកឲ្យអ្នក ហើយនេះគឺជាការនាំផ្លូវរបស់ព្រះជាម្ចាស់ដែលបានប្រគល់ដល់អ្នកផងដែរ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ប្រសិនបើអ្នកគ្មានអម្រែកនោះទេ នោះអ្នកនឹងមិនយកចិត្តទុកដាក់ទេពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈពេលដែលរែកអម្រែកមួយ អ្នកអាចយល់ដឹងនូវសារៈសំខាន់នៃព្រះបន្ទូល រកឃើញផ្លូវរបស់អ្នក ហើយយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ នៅក្នុងការអធិស្ឋានរបស់អ្នក អ្នកគួរទូលសុំឲ្យព្រះជាម្ចាស់ដាក់អម្រែកឲ្យអ្នកកាន់តែច្រើន និងប្រគល់កិច្ចការអស្ចារ្យជាងមុនដល់អ្នក ដូច្នេះទើបនៅខាងមុខអ្នក អ្នកអាចមានផ្លូវអនុវត្តច្រើនជាងមុន ដើម្បីឲ្យការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាន់តែមានការជះឥទ្ធិពលល្អប្រសើរជាងមុន ដើម្បីឲ្យអ្នកបានលូតលាស់ ហើយអាចយល់ដឹងសារៈសំខាន់នៃព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឲ្យអ្នកកាន់តែអាចឲ្យព្រះវិញ្ញាណបរិសុទ្ធរុញច្រានអ្នកបានច្រើនជាងមុន។

ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអនុវត្តការអធិស្ឋាន ការទទួលយកអម្រែករបស់ព្រះជាម្ចាស់ និងការទទួលយកកិច្ចការដែលទ្រង់ប្រគល់ជូនអ្នក ទាំងអស់នេះគឺដើម្បីអាចឲ្យមានផ្លូវមួយចំពោះមុខអ្នក។ អ្នកទទួលអម្រែកពីព្រះកាន់តែច្រើន នោះវាកាន់តែងាយស្រួលក្នុងការដែលឲ្យទ្រង់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ អ្នកខ្លះមិនចង់សហការជាមួយអ្នកដទៃនៅក្នុងការបម្រើព្រះនោះទេ ទោះបីជានៅពេលដែលពួកគេត្រូវបានត្រាស់ហៅក៏ដោយ។ ពួកគេទាំងនេះគឺជាមនុស្សកម្ជិល ដែលចង់តែរីករាយនឹងអ្វីដែលផ្ដល់ភាពងាយស្រួលប៉ុណ្ណោះ។ ពេលដែលអ្នកត្រូវបានស្នើឲ្យបម្រើ ដោយសហការជាមួយអ្នកដទៃកាន់តែច្រើន នោះអ្នកនឹងទទួលបទពិសោធន៍កាន់តែច្រើន។ ដោយសារអ្នកមានអម្រែក និងបទពិសោធន៍កាន់តែច្រើន អ្នកនឹងទទួលបានឱកាសកាន់តែច្រើនដើម្បីបានគ្រប់លក្ខណ៍។ ដូច្នេះហើយ ប្រសិនបើអ្នកអាចបម្រើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត នោះអ្នកនឹងយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ ពេលនោះ អ្នកនឹងមានឱកាសកាន់តែច្រើនដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ មានតែមនុស្សក្រុមនេះទេ ដែលកំពុងត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នៅពេលបច្ចុប្បន្ននេះ។ ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់អ្នកកាន់តែច្រើន នោះអ្នកមានពេលវេលាយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់កាន់តែច្រើន ព្រះអង្គធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍កាន់តែច្រើន ហើយព្រះជាម្ចាស់នឹងទទួលយកកាន់កាន់តែច្រើន រហូតដល់ចុងបញ្ចប់ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់ប្រើ។ នៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនមិនរែកអម្រែកសម្រាប់ក្រុមជំនុំទេ។ មនុស្សទាំងនេះ ជាពួកខ្ជីខ្ជា និងខ្ជិលច្រអូស ហើយពួកគេខ្វល់ខ្វាយតែខាងផ្នែកសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គឺពិតជាអាត្មានិយមខ្លាំងណាស់ ហើយពួកគេក៏ជាមនុស្សខ្វាក់ផង។ ប្រសិនបើអ្នកមិនអាចមើលឃើញបញ្ហានេះច្បាស់នោះទេ អ្នកនឹងមិនរែកអម្រែកណាមួយឡើយ។ កាលណាអ្នកយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យព្រះកាន់តែច្រើន នោះព្រះជាម្ចាស់នឹងប្រគល់អម្រែកកាន់តែធ្ងន់ដល់អ្នក។ មនុស្សអាត្មានិយម មិនចង់ឈឺចាប់បែបនេះទេ។ ពួកគេក៏មិនចង់លះបង់អ្វីដែរ ហើយជាលទ្ធផល ពួកគេនឹងខកឱកាសទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ តើពួកមិនមែនកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនទេឬអី? ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអភិវឌ្ឍអម្រែកដ៏ពិតមួយសម្រាប់ក្រុមជំនុំ។ តាមពិត យើងគួរហៅថា ជាអម្រែកដែលអ្នករែកដើម្បីប្រយោជន៍ខ្លួនឯងផ្ទាល់ ជាជាងហៅថា ជាអម្រែកដែលអ្នករែកសម្រាប់ក្រុមជំនុំ ព្រោះថាគោលបំណងដែលអ្នកអភិវឌ្ឍអម្រែកសម្រាប់ក្រុមជំនុំ គឺដើម្បីឲ្យអ្នកប្រើបទពិសោធន៍បែបនេះ ដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ ដូច្នេះហើយ អ្នកណាក៏ដោយដែលរែកអម្រែកធំបំផុតសម្រាប់ក្រុមជំនុំ អ្នកណាក៏ដោយដែលរែកអម្រែកដើម្បីចូលទៅក្នុងជីវិត ពួកគេគឺជាអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យគេបានគ្រប់លក្ខណ៍។ តើអ្នកមើលឃើញរឿងនេះច្បាស់ទេ? ប្រសិនបើក្រុមជំនុំដែលអ្នកនៅជាមួយបានរាយប៉ាយដូចគ្រាប់ខ្សាច់ ប៉ុន្តែអ្នកមិនខ្វល់ ឬបារម្ភ ហើយអ្នកធ្វើជាមិនដឹងមិនឮពេលដែលបងប្អូនប្រុសស្រីរបស់អ្នកមិនហូប ឬផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រក្រតី នោះអ្នកមិនមែនកំពុងរែកអម្រែកណាមួយនោះទេ។ មនុស្សប្រភេទនេះ មិនមែនជាប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ មនុស្សដែលព្រះសព្វព្រះឫទ័យ គឺពពួកមនុស្សដែលស្រេកឃ្លានសេចក្តីសុចរិត ហើយយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅពេលនេះ អ្នករាល់គ្នាគួរយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ អ្នកមិនគួររង់ចាំឲ្យព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ដល់មនុស្សទាំងអស់ នៅមុនពេលដែលអ្នកបង្កើនការយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់នោះទេ។ ដល់ពេលនោះ តើវាមិនយឺតពេលហើយទេឬអី? ពេលនេះជាឱកាសដ៏ល្អមួយដើម្បីឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកទុកឲ្យឱកាសនេះកន្លងផុតពីក្រញ៉ាំដៃអ្នក នោះអ្នកនឹងសោកស្តាយអស់មួយជីវិត ដូចម៉ូសេដែលមិនអាចចូលទៅទឹកដីកាណានដែលជាទឹកដីដ៏ល្អ ហើយសោកស្តាយអស់មួយជីវិតរបស់គាត់ ដោយស្លាប់ទាំងវិប្បដិសារី។ នៅពេលដែលព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ទៅគ្រប់មនុស្សទាំងអស់ អ្នកនឹងពេញដោយការសោកស្តាយ។ ទោះបីជាព្រះជាម្ចាស់មិនដាក់ទោសអ្នកក៏ដោយ អ្នកនឹងដាក់ទោសខ្លួនឯងដោយសារវិប្បដិសារីរបស់អ្នក។ អ្នកខ្លះមិនជឿលើការនេះទេ ប្រសិនបើអ្នកមិនជឿរឿងនេះទេ នោះគ្រាន់តែរង់ចាំមើលចុះ។ មានមនុស្សមួយចំនួន ដែលបំណងតែមួយគត់របស់ពួកគេគឺ ដើម្បីចាក់បំពេញព្រះបន្ទូលទាំងនេះ។ តើអ្នកចង់លះបង់ខ្លួនឯងដើម្បីប្រយោជន៍នៃព្រះបន្ទូលទាំងនេះទេ?

ប្រសិនបើអ្នកមិនស្វះស្វែងរកឱកាសឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍នោះទេ ហើយប្រសិនបើអ្នកមិនប្រឹងប្រែងស្វែងរកការធ្វើឲ្យគ្រប់លក្ខណ៍ទេ នោះចុងបំផុត អ្នកនឹងត្រូវបំពេញដោយវិប្បដិសារី។ ឱកាសដែលល្អបំផុតក្នុងការទទួលយកភាពគ្រប់លក្ខណ៍ គឺនៅពេលនេះ ពេលនេះគឺពេលដ៏ល្អណាស់។ ពេលដែលកិច្ចការរបស់ទ្រង់បានបញ្ចប់ ប្រសិនបើអ្នកមិនស្វះស្វែងឲ្យព្រះធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ឲ្យអស់ពីចិត្តនោះទេ វានឹងយឺតពេលហើយ អ្នកនឹងបាត់បង់ឱកាស។ មិនថាអ្នកមានក្តីប្រាថ្នាអស្ចារ្យបែបណានោះទេ ប្រសិនបើព្រះជាម្ចាស់មិនធ្វើការតទៅទៀតទេ នោះទោះបីអ្នកប្រឹងប្រែងយ៉ាងណា ក៏អ្នកគ្មានផ្លូវនឹងទទួលបានភាពគ្រប់លក្ខណ៍បានដែរ។ អ្នកត្រូវចាប់យកឱកាសនេះ ហើយសហការ ខណៈពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងអស្ចារ្យ។ ប្រសិនបើអ្នកបាត់បង់ឱកាសនេះ អ្នកនឹងមិនទទួលបានឱកាសថ្មីផ្សេងទេ ទោះបីជាអ្នកប្រឹងប្រែងយ៉ាងណាក៏ដោយ។ អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាស្រែកយំដោយនិយាយថា «ព្រះជាម្ចាស់ ទូលបង្គំចង់យកចិត្តទុកដាក់ចំពោះអម្រែករបស់ទ្រង់ ហើយទូលបង្គំចង់ផ្គាប់ព្រះហឫទ័យរបស់ទ្រង់!» ទោះជាយ៉ាងណា អ្នកគ្មានផ្លូវអនុវត្តបានទេ ដូច្នេះអម្រែករបស់អ្នកក៏មិនអាចនៅតទៅទៀតបានដែរ។ ប្រសិនបើអ្នកមានផ្លូវមួយនៅខាងមុខ នោះអ្នកនឹងទទួលបទពិសោធន៍ម្តងបន្តិចៗ ហើយបទពិសោធន៍របស់អ្នកនឹងមានរបៀបរៀបរយល្អ។ នៅពេលដែលអម្រែកមួយត្រូវបានបញ្ចប់ អ្នកនឹងទទួលបានអម្រែកមួយផ្សេងទៀត។ ពេលដែលបទពិសោធន៍ជីវិតរបស់អ្នកកាន់តែជ្រាលជ្រៅ នោះអម្រែករបស់អ្នកក៏នឹងរីកលូតលាស់កាន់តែខ្លាំងដែរ។ មនុស្សមួយចំនួនគ្រាន់តែរែកអម្រែកមួយ ពេលដែលព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់។ មួយរយៈក្រោយមក ពេលដែលពួកគេមិនមានផ្លូវអនុវត្តតទៅទៀត ពួកគេក៏ឈប់រែកអម្រែកណាមួយតទៅទៀត។ អ្នកមិនអាចអភិវឌ្ឍអម្រែករបស់អ្នក ដោយគ្រាន់តែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ តាមរយៈការយល់អំពីសេចក្តីពិតជាច្រើន អ្នកនឹងទទួលបានភាពឆ្លាតវៃ ចេះដោះស្រាយបញ្ហាដោយប្រើប្រាស់សេចក្តីពិត និងទទួលបានការយល់ពីព្រះបន្ទូល និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្បាស់ជាងមុន។ ជាមួយនឹងរបស់ទាំងអស់នេះ អ្នកនឹងអភិវឌ្ឍអម្រែកដើម្បីរែក ហើយមានតែពេលនោះទេដែលអ្នកអាចធ្វើកិច្ចការបានសមរម្យ។ ប្រសិនបើអ្នកមានអម្រែកមួយ ប៉ុន្តែអ្នកពុំមានការយល់ដឹងច្បាស់លាស់ពីសេចក្តីពិតនោះទេ នោះក៏វាមិនអាចទៅរួចដែរ។ អ្នកត្រូវតែមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ ហើយដឹងពីវិធីដើម្បីអនុវត្តព្រះបន្ទូលទាំងនោះ។ មានតែក្រោយពេលដែលអ្នកបានចូលទៅក្នុងភាពពិតប្រាកដដោយខ្លួនឯងប៉ុណ្ណោះ ទើបអ្នកអាចផ្តល់ដល់អ្នកដទៃ ដឹកនាំអ្នកដទៃ ហើយត្រូវបានព្រះជាម្ចាស់ប្រទានឲ្យបានគ្រប់លក្ខណ៍។

នៅក្នុង «ផ្លូវ ... (៤)» គេសរសេថា អ្នករាល់គ្នាជាមនុស្សនៃនគរព្រះ ដែលព្រះជាម្ចាស់បានកំណត់មុនកំណើតមនុស្សមកម្ល៉េះ ហើយគ្មាននរណាអាចយកចេញបានទេ។ នៅក្នុងនោះក៏មានការលើកឡើងផងដែរថា ព្រះជាម្ចាស់ចង់ឲ្យគ្រប់គ្នាត្រូវបានប្រើ និងបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយថា ទ្រង់ទាមទារឲ្យពួកគេឈរជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយថាមានតែតាមរយៈការក្លាយជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកគេអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះបាន។ ពេលនោះ អ្នករាល់គ្នាបានប្រកបគ្នាពីបញ្ហានេះ ដោយមានទំនាក់ទំនងអំពីផ្លូវចូលទៅស្ថានសួគ៌ ផ្អែកទៅតាមបទដ្ធានរបស់ប្រជារាស្ដ្រនៃព្រះជាម្ចាស់។ ដូច្នេះហើយ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើអំឡុងពេលនោះ គឺនាំប្រជារាស្ដ្រទាំងអស់ចេញពីសភាវៈអវិជ្ជមាន ហើយដឹកនាំពួកគេទៅកាន់សភាវៈវិជ្ជមាន។ នៅពេលនោះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺចង់ជួយឲ្យគ្រប់គ្នារីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចប្រជារាស្ដ្ររបស់ព្រះជាម្ចាស់អញ្ចឹង ហើយអនុញ្ញាតឲ្យអ្នករាល់គ្នាយល់យ៉ាងច្បាស់ថា អ្នករាល់គ្នាជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ដូចដែលបានកំណត់នៅមុនពេលកំណើតមនុស្ស ហើយសាតាំងក៏មិនអាចយកអ្នកបានដែរ។ ដូច្នេះ អ្នករាល់គ្នាបានអធិស្ឋានថា «ព្រះជាម្ចាស់អើយ! ទូលបង្គំចង់ក្លាយជាប្រជារាស្ដ្ររបស់ទ្រង់ ដោយសារទ្រង់បានកំណត់ពួកយើងទុកជាមុនតាំងពីមុនកំណើតមនុស្សមកម៉្លេះ ហើយដោយសារទ្រង់បានផ្តល់ឋានៈនេះមកដល់ពួកទូលបង្គំ។ ពេលនេះ ពួកទូលបង្គំចង់ធ្វើឲ្យទ្រង់សព្វព្រះទ័យ។» ពេលណាដែលអ្នកអធិស្ឋានតាមវិធីនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់អ្នក។ នេះជាវិធីដែលព្រះវិញ្ញាណបរិសុទ្ធចង់ធ្វើ។ អំឡុងពេលនេះ អ្នកគួរតែអធិស្ឋាន ហើយបង្វឹកខ្លួន ដើម្បីឲ្យចិត្តរបស់អ្នកបានស្ងប់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ នោះទើបអ្នកអាចប្រឹងប្រែងសម្រាប់ជីវិត និងស្វែងរកផ្លូវចូលទៅរកការបង្វឹកបង្វឺននៃនគរព្រះបាន។ នេះជាជំហានទី១។ នៅពេលនេះ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីឲ្យគ្រប់គ្នាចូលក្នុងផ្លូវដែលត្រឹមត្រូវ មានជីវិតខាងវិញ្ញាណដែលសាមញ្ញមួយ និងមានបទពិសោធន៍ដ៏ពិត ប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយតាមរយៈមូលដ្ឋានគ្រឹះទាំងអស់នេះ គ្រប់គ្នាអាចទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន។ គោលបំណងនៃការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ គឺដើម្បិអនុញ្ញាតឲ្យគ្រប់ទាំងពាក្យសម្ដី ទង្វើ ចលនា គំនិត និងទស្សនៈរបស់អ្នករាល់គ្នា ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះជាម្ចាស់ប៉ះពាល់កាន់តែញឹកញាប់ និងដើម្បីអភិវឌ្ឍចិត្តស្រឡាញ់ទ្រង់ ហើយដើម្បីឲ្យអ្នកទទួលយកអម្រែកនៃបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន ដើម្បីឲ្យគ្រប់គ្នាស្ថិតនៅលើផ្លូវនៃការធ្វើឲ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ដើម្បីឲ្យគ្រប់គ្នាស្ថិតនៅក្នុងផ្លូវត្រូវ។ ពេលដែលអ្នកស្ថិតលើផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍នេះ នោះអ្នកកំពុងតែស្ថិតលើផ្លូវត្រូវហើយ។ ពេលដែលគំនិត និងទស្សនៈរបស់អ្នក ក៏ដូចជាបំណងខុសឆ្គងរបស់អ្នកអាចកែតម្រូវបាន ហើយអ្នកអាចវិលត្រឡប់ពីការយកចិត្តទុកដាក់ខាងសាច់ឈាម មកកាន់ការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយពេលដែលអ្នកអាចទប់ទល់នឹងការរំខានដោយបំណងខុសឆ្គង ផ្ទុយទៅវិញ អ្នកប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកអាចសម្រេចបាននូវការផ្លាស់ប្តូរបែបនេះ នោះអ្នកកំពុងតែស្ថិតលើផ្លូវត្រូវនៃបទពិសោធន៍ជីវិតហើយ។ ពេលដែលការអនុវត្តសេចក្ដីអធិស្ឋានរបស់អ្នកស្ថិតលើផ្លូវត្រូវ ព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់អ្នកនៅក្នុងការអធិស្ឋានរបស់អ្នក។ គ្រប់ពេលដែលអ្នកអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់អ្នក។ គ្រប់ពេលដែលអ្នកអធិស្ឋាន អ្នកនឹងអាចធ្វើឲ្យចិត្តស្ងប់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។ គ្រប់ពេលដែលអ្នកហូប និងផឹកសារនៃព្រះបន្ទូលព្រះជាម្ចាស់ ប្រសិនបើអ្នកអាចយល់ដឹងអំពីកិច្ចការដែលទ្រង់កំពុងធ្វើ ហើយអាចដឹងពីវិធីអធិស្ឋាន វិធីសហការ និងវិធីទទួលបានការចូលទៅ ពេលនោះទើបការហូប និងការផឹកព្រះបន្ទូលព្រះជាម្ចាស់របស់អ្នក ចេញជាលទ្ធផល។ នៅពេលអ្នកអាចស្វែងរកផ្លូវនៃការចូលទៅ ហើយអាចយល់ពីថាមពលនៃកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាការចង្អុលបង្ហាញផ្លូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមវិធីរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានចូលក្នុងផ្លូវត្រូវហើយ។ ប្រសិនបើអ្នកមិនបានយល់ដឹងនូវចំណុចសំខាន់ៗ ពេលដែលអ្នកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ហើយក្រោយមកនៅតែមិនអាចស្វែងរកផ្លូវមួយដើម្បីអនុវត្ត នេះបង្ហាញថា អ្នកនៅតែពុំដឹងពីវិធីទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានសមរម្យនោះទេ ហើយអ្នកមិនបានរកឃើញពីវិធីសាស្ត្រ ឬគោលការណ៍ដើម្បីទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកមិនអាចចាប់បានកិច្ចការដែលព្រះជាម្ចាស់កំពុងធ្វើ នោះអ្នកនឹងមិនអាចទទួលយកកិច្ចការដែលទ្រង់ចង់ប្រគល់ឲ្យអ្នកនោះទេ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅបច្ចុប្បន្ននេះ គឺពិតជាបែបនោះ ដែលមនុស្សត្រូវចូលទៅក្នុង ហើយយល់នៅពេលនេះ។ តើអ្នករាល់គ្នាមានការយល់ដឹងអំពីចំណុចទាំងអស់នេះហើយឬនៅ?

ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងមានប្រសិទ្ធភាព ជីវិតខាងវិញ្ញាណរបស់អ្នកក្លាយជាប្រក្រតី ហើយមិនថាអ្នកប្រឈមមុខនឹងការល្បងលអ្វី អ្នកជួបប្រទះស្ថានភាពអ្វី អ្នកធន់នឹងជំងឺផ្នែករាងកាយអ្វី អ្នកមានបទពិសោធន៍ឃ្លាតឆ្ងាយពីបងប្អូនប្រុសស្រី ឬការលំបាកក្នុងគ្រួសារក្តី អ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រក្រតី អធិស្ឋានជាប្រក្រតី ហើយបន្តជីវិតបែបក្រុមជំនុំរបស់អ្នកជាប្រក្រតី។ ប្រសិនបើអ្នកអាចសម្រេចបានចំណុចទាំងអស់នេះ វាបង្ហាញថា អ្នកកំពុងតែស្ថិតក្នុងផ្លូវត្រូវ។ មនុស្សមួយចំនួនទន់ជ្រាយខ្លាំងពេក ហើយខ្វះការតស៊ូព្យាយាមផង។ ពេលដែលជួបប្រទះបញ្ហាដ៏តូចមួយ ពួកគេបែរជាទួញថ្ងូរ ហើយមានគំនិតអវិជ្ជមាន។ ការស្វែងរកសេចក្តីពិតទាមទារឲ្យមានការព្យាយាម និងការតាំងចិត្ត។ ប្រសិនបើអ្នកបរាជ័យក្នុងការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលនេះ អ្នកត្រូវតែអាចស្អប់ខ្ពើមខ្លួនឯង ហើយនៅក្នុងជម្រៅចិត្តរបស់អ្នកឯណោះវិញ ចូរតាំងចិត្តឲ្យស្ងប់ដើម្បីទទួលបានជោគជ័យនៅពេលក្រោយ។ ពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ពីអម្រែករបស់ព្រះជាម្ចាស់ទេ នោះអ្នកគួរតែតាំងចិត្តដើម្បីប្រឆាំងនឹងសាច់ឈាម នៅពេលដែលអ្នកជួបប្រទះឧបសគ្គបែបនេះនៅពេលអនាគត ហើយតាំងចិត្តដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះជាវិធីដែលអ្នកនឹងក្លាយជាមនុស្សដែលគួរឲ្យសរសើរ។ មនុស្សមួយចំនួនមិនទាំងដឹងថាគំនិត ឬទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេត្រូវ ឬអត់ផង។ មនុស្សទាំងនោះជាមនុស្សឆ្កួត! ប្រសិនបើអ្នកចង់គ្រប់គ្រងចិត្តរបស់អ្នក ហើយទាស់ទទឹងនឹងសាច់ឈាម ដំបូងអ្នកត្រូវដឹងថាបំណងរបស់អ្នកត្រូវឬអត់។ ពេលនោះទើបអ្នកអាចគ្រប់គ្រងចិត្តរបស់អ្នកបាន។ ប្រសិនបើអ្នកមិនដឹងថា បំណងរបស់អ្នកត្រូវ ឬអត់ទេ តើអ្នកអាចគ្រប់គ្រងចិត្តរបស់អ្នក ហើយទាស់ទទឹងនឹងសាច់ឈាមបានទេ? ទោះបីជាអ្នកពិតជាទាស់ទទឹងនឹងសាច់ឈាម អ្នកធ្វើទាំងអារម្មណ៍ច្របូកច្របល់។ អ្នកគួរតែដឹងពីវិធីដើម្បីទាស់ទទឹងនឹងបំណងខុសឆ្គងរបស់អ្នក។ នេះគឺជាអត្ថន័យនៃការទាស់ទទឹងនឹងសាច់ឈាម។ នៅពេលដែលអ្នកទទួលស្គាល់ថាបំណង គំនិត និងទស្សនៈរបស់អ្នកខុសឆ្គង អ្នកគួរតែវិលត្រឡប់ជាបន្ទាន់ ហើយដើរនៅលើផ្លូវត្រូវ។ ដំបូង ត្រូវដោះស្រាយបញ្ហានេះជាមុនសិន ហើយបង្វឹកខ្លួនរបស់អ្នកដើម្បីទទួលបានផ្លូវចូលតាមវិធីនេះ ព្រោះថាអ្នកដឹងច្បាស់ថាអ្នកមានបំណងត្រឹមត្រូវ ឬអត់។ នៅពេលដែលបំណងមិនត្រឹមត្រូវរបស់អ្នកត្រូវបានកែតម្រូវ ហើយពេលនេះ បំណងនេះគឺសម្រាប់ផលប្រយោជន៍របស់ព្រះជាម្ចាស់ នោះអ្នកនឹងសម្រេចបានគោលដៅនៃការបង្ក្រាបចិត្តរបស់អ្នក។

រឿងដែលសំខាន់បំផុតសម្រាប់អ្នករាល់គ្នាធ្វើនៅពេលនេះ គឺការទទួលចំណេះដឹងនៃព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ អ្នកក៏ត្រូវដឹងពីវិធីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការជាមួយមនុស្ស។ សកម្មភាពទាំងនេះមានសារៈសំខាន់សម្រាប់ការចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ ពេលដែលអ្នកយល់ដឹងនូវចំណុចសំខាន់នេះ អ្នកកាន់តែងាយស្រួលក្នុងការទទួលបានចំណេះដឹងនៃព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ អ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកស្គាល់ព្រះជាម្ចាស់ ដែលនេះបង្ហាញថា សេចក្តីជំនឿរបស់អ្នកនៅក្នុងព្រះជាម្ចាស់ គឺពិតប្រាកដ។ ប្រសិនបើអ្នកបន្ដទទួលយកបទពិសោធន៍ ប៉ុន្តែទីបំផុតអ្នកមិនអាចស្គាល់ព្រះជាម្ចាស់ នោះអ្នកពិតជាមនុស្សម្នាក់ដែលប្រឆាំងនឹងព្រះជាម្ចាស់។ អ្នកដែលជឿត្រឹមតែព្រះយេស៊ូវគ្រីស្ទ ដោយគ្មានជំនឿទៅលើតំណាងរបស់ព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ គឺត្រូវបានថ្កោលទោសទាំងអស់។ ពួកគេទាំងអស់នោះគឺជាពួកផារីស៊ីសម័យថ្មី ដោយសារពួកគេមិនទទួលស្គាល់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ពួកគេទាំងអស់សុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់។ មិនថាពួកគេលះបង់ក្នុងការថ្វាយបង្គំព្រះយេស៊ូវបែបណានោះទេ វាជារឿងដែលឥតប្រយោជន៍។ ព្រះជាម្ចាស់នឹងមិនសរសើរពួកគេនោះទេ។ អ្នកដែលមានសញ្ញាសម្គាល់ដោយអះអាងថាពួកគេជឿព្រះជាម្ចាស់ ប៉ុន្តែពុំមានចំណេះដឹងពិតពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទេ អ្នកទាំងនោះជាមនុស្សលាក់ពុត!

ដើម្បីស្វែងរកការធ្វើឲ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ដំបូងឡើយ ម្នាក់នោះត្រូវយល់ពីអត្ថន័យនៃការប្រទានឲ្យបានគ្រប់លក្ខណ៍ពីទ្រង់ ក៏ដូចជាលក្ខខណ្ឌដែលម្នាក់ៗត្រូវមានដើម្បីបានគ្រប់លក្ខណ៍ ជាមុនសិន។ នៅពេលដែលមនុស្សម្នាក់យល់ដឹងអំពីបញ្ហាទាំងនោះ ម្នាក់នោះត្រូវស្វែងរកផ្លូវមួយដើម្បីអនុវត្ត។ ដើម្បីបានគ្រប់លក្ខណ៍ មនុស្សម្នាក់ត្រូវមានគុណសម្បត្តិដ៏ពិតមួយ។ មនុស្សជាច្រើនមិនមានគុណសម្បត្តិល្អគ្រប់គ្រាន់ពីកំណើត ក្នុងករណីនេះ អ្នកត្រូវតែលះបង់ ហើយប្រឹងប្រែងទៅតាមនោះ។ ពេលដែលអ្នកមានគុណសម្បត្តិកាន់តែអន់ខ្សោយ អ្នកត្រូវប្រឹងប្រែងកាន់តែខ្លាំង។ ពេលដែលអ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ហើយអ្នកយកព្រះបន្ទូលទាំងនោះទៅអនុវត្តកាន់តែច្រើន នោះអ្នកអាចបោះជំហានចូលក្នុងផ្លូវគ្រប់លក្ខណ៍កាន់តែលឿន។ តាមរយៈការអធិស្ឋាន អ្នកអាចទទួលបានការប្រទានឲ្យគ្រប់លក្ខណ៍ផ្នែកនៃការអធិស្ឋាន។ អ្នកក៏អាចគ្រប់លក្ខណ៍តាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចាប់យកសារជាតិនៃព្រះបន្ទូលទាំងនោះ ហើយរស់នៅដោយផ្អែកលើតថភាពនៃព្រះបន្ទូលទាំងនោះ។ តាមរយៈការមានបទពិសោធន៍ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រចាំថ្ងៃ អ្នកគួរតែដឹងថាអ្នកមានកង្វះខាតអ្វីនៅក្នុងខ្លួនឯង។ ជាងនេះទៅទៀត អ្នកគួរតែទទួលស្គាល់គុណវិបត្តិដ៏អាក្រក់ និងចំណុចខ្សោយរបស់អ្នក ហើយអធិស្ឋានទទូចសុំទៅព្រះជាម្ចាស់។ ធ្វើបែបនេះ អ្នកនឹងបានគ្រប់លក្ខណ៍បន្តិចម្តងៗ។ ផ្លូវដើម្បីទទួលបានភាពគ្រប់លក្ខណ៍គឺ៖ ការអធិស្ឋាន ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការយល់ដឹងពីចំណុចសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការទទួលយកផ្លូវចូលទៅកាន់បទពិសោធន៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការដឹងពីកង្វះខាតនៅក្នុងខ្លួនរបស់អ្នក ការចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ការយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់ ហើយលះបង់ខាងសាច់ឈាម តាមរយៈសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយចូលរួមប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នកឲ្យបានញឹកញាប់ ដែលអាចបង្កើនបទពិសោធន៍របស់អ្នក។ មិនថាជាជីវិតសហគមន៍ ឬជាជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយមិនថាជាការប្រមូលផ្តុំជាទ្រង់ទ្រាយធំ ឬតូច ទាំងអស់នោះសុទ្ធតែអនុញ្ញាតឲ្យអ្នកទទួលបានបទពិសោធន៍ និងការបង្វឹក ដូច្នេះ ចិត្តរបស់អ្នកអាចស្ងប់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ហើយវិលត្រឡប់មករកទ្រង់។ ទាំងអស់នេះគឺជាផ្នែកនៃដំណើរការធ្វើឲ្យគ្រប់លក្ខណ៍។ ការមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចដែលបានលើកឡើងខាងដើម មានន័យថាអ្នកអាចភ្លក់រសជាតិនៃព្រះបន្ទូលទាំងនោះជាក់ស្តែង ហើយឲ្យខ្លួនរបស់អ្នករស់នៅដោយផ្អែកលើព្រះបន្ទូលទាំងនោះ ដូច្នេះ អ្នកនឹងទទួលបានសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កាន់តែប្រសើរជាងមុន។ តាមរបៀបនេះ អ្នកនឹងជម្រះចោលឥរិយាបថដែលអាក្រក់ និងពុករលួយរបស់អ្នកចេញ អ្នកអាចរំដោះខ្លួនរបស់អ្នកចេញពីការជម្រុញចិត្ដដែលមិនសមរម្យ ហើយរស់នៅដូចមនុស្សធម្មតាម្នាក់។ នៅពេលដែលអ្នកមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កាន់តែច្រើន ឬអាចនិយាយបានថា ព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍កាន់តែច្រើន នោះភាពពុករលួយរបស់សាតាំងដែលគ្រប់គ្រងអ្នកក៏មានកាន់តែតិច។ តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់អ្នក អ្នកនឹងបោះជំហានចូលក្នុងផ្លូវគ្រប់លក្ខណ៍បន្តិចម្តងៗ។ ដូច្នេះ ប្រសិនបើអ្នកចង់បានគ្រប់លក្ខណ៍ វាជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានបទពិសោធន៍ជាមួយព្រះបន្ទូលរបស់ទ្រង់។

ខាង​ដើម៖ ការធ្វើឲ្យចិត្ដរបស់អ្នក បានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់

បន្ទាប់៖ អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

អំពីបទពិសោធ

តាមរយៈបទពិសោធរបស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សនាពេលសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល»...

អំពីទម្លាប់នៃការអធិស្ឋាន

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ