ខ. សេចក្តីដាស់តឿន និងសេចក្តីលួងលោមរបស់ព្រះជាម្ចាស់ចំពោះមនុស្ស
៦២៣. សព្វថ្ងៃនេះ ព្រះជាម្ចាស់ជំនុំជម្រះអ្នករាល់គ្នា វាយផ្ចាលអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឱ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយផ្ចាល ដើម្បីឱ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឱ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឱ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថាទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ ជំនុំជម្រះ និងវាយផ្ចាលលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកពុករលួយ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឱ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការជំនុំជម្រះ និងការវាយផ្ចាល់ ដែលទ្រង់ធ្វើលើអ្នករាល់គ្នានាពេលសព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមកដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីជំនុំជម្រះ ដាក់បណ្ដាសា វាយផ្ចាល និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល ៦ ០០០ ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះ គឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឱ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឱ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុងនោះទេ។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឱ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិត គឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនអាចជាការវាយផ្ចាល ការជំនុំជម្រះ និងការដាក់បណ្ដាសានោះទេ។ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឱ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឱ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឱ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឱ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលពុករលួយ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឱ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឱ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុងអំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក។ មធ្យោបាយក្នុងការសង្គ្រោះអ្នករាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីឱ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបាន គឺជាការវាយផ្ចាល ការជំនុំជម្រះ និងការវាយផ្ដួលដោយឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ដួលដ៏កាចសាហាវនេះ គឺឥតមានការដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជាសាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថាខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថាការជំនុំជម្រះដ៏សុចរិត ឬជាការបន្សុទ្ធ និងការវាយផ្ចាលដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូកឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយ គោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើងដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ ដូច្នេះវិធីសាស្ត្រអនុវត្តសេចក្ដីសង្គ្រោះសព្វថ្ងៃនេះ គឺមិនដូចកាលពីអតីតកាលទេ។ សព្វថ្ងៃនេះ សេចក្តីសង្គ្រោះត្រូវបាននាំមកឱ្យអ្នករាល់គ្នាតាមរយៈការជំនុំជម្រះដ៏សុចរិត ហើយនេះគឺជាឧបករណ៍ដ៏ល្អសម្រាប់បែកចែកអ្នករាល់គ្នាម្នាក់ៗទៅតាមជំពូក។ លើសពីនេះទៅទៀត ការវាយប្រដៅដែលគ្មានមេត្តា ដើរតួជាសេចក្ដីសង្គ្រោះដ៏ល្អបំផុតសម្រាប់អ្នករាល់គ្នា ហើយតើអ្នករាល់គ្នាមានអ្វីត្រូវនិយាយនៅចំពោះមុខការវាយផ្ចាល និងការជំនុំជម្រះបែបនេះ? តើអ្នករាល់គ្នាមិនមែនរីករាយនឹងសេចក្ដីសង្គ្រោះតាំងពីដើមរហូតដល់ចប់ទេឬអី? អ្នករាល់គ្នាបានឃើញព្រះជាម្ចាស់ចាប់បដិសន្ធិ និងបានដឹងពីសព្វានុភាព និងប្រាជ្ញារបស់ទ្រង់។ បន្ថែមពីលើនេះ អ្នកបានឆ្លងកាត់ការវាយផ្ចាល និងការលត់ដំម្តងហើយម្តងទៀតដែរ។ យ៉ាងណាមិញ តើអ្នករាល់គ្នាមិនបានទទួលព្រះគុណដ៏ខ្ពស់បំផុតដែរទេឬអី? តើព្រះពររបស់អ្នករាល់គ្នា មិនប្រសើរជាងព្រះពររបស់អ្នកដទៃទេឬអី? ព្រះគុណរបស់អ្នករាល់គ្នា គឺច្រើនជាងសិរីល្អ និងភោគទ្រព្យដែលព្រះបាទសាឡូម៉ូនមានទៅទៀត! ចូរគិតមើលទៅថា៖ ប្រសិនបើខ្ញុំមានបំណងយាងមកផ្ដន្ទាទោស និងដាក់ទោសអ្នករាល់គ្នា មិនមែនមកសង្គ្រោះអ្នករាល់គ្នាមែននោះ តើអាយុអ្នករាល់គ្នាអាចនៅយូរដល់ម្ល៉ឹងទេ? តើអ្នករាល់គ្នាដែលជាមនុស្សខាងសាច់ឈាមពេញដោយអំពើបាប អាចរស់រានរហូតមកដល់សព្វថ្ងៃនេះដែរឬទេ? ប្រសិនបើគោលដៅរបស់ខ្ញុំ គឺដើម្បីតែដាក់ទោសអ្នករាល់គ្នា ចុះហេតុអ្វីបានជាខ្ញុំយកកំណើតជាសាច់ឈាម និងចាប់ផ្ដើមគ្រោងការធំដល់ម្ល៉ឹង? តើការដាក់ទោសអ្នករាល់គ្នាដែលជាមនុស្សធម្មតា មិនអាចធ្វើទៅបានដោយគ្រាន់តែបញ្ចេញព្រះបន្ទូលតែមួយម៉ាត់ទេឬអី? តើខ្ញុំនឹងនៅតែត្រូវបំផ្លាញអ្នករាល់គ្នាទៀត បន្ទាប់ពីផ្ដន្ទាទោសអ្នករាល់គ្នាតាមបំណងហើយមែនទេ? តើអ្នករាល់គ្នានៅតែមិនជឿព្រះបន្ទូលរបស់ខ្ញុំនេះទៀតឬអី? តើខ្ញុំអាចសង្គ្រោះមនុស្សលោកបានតែតាមរយៈសេចក្ដីស្រឡាញ់ និងមេត្តាករុណាទេឬអី? ឬមួយក៏ខ្ញុំអាចប្រើតែការជាប់ឆ្កាងទេទើបសង្គ្រោះមនុស្សលោកបាន? តើនិស្ស័យសុចរិតរបស់ខ្ញុំ មិនអំណោយផលដល់ការធ្វើឱ្យមនុស្សលោកស្ដាប់បង្គាប់ទាំងស្រុងទេឬអី? តើនិស្ស័យសុចរិតនេះមិនអាចសង្គ្រោះមនុស្សលោកបានទាំងស្រុងទេឬអី?
(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦២៤. អ្នករាល់គ្នារស់នៅក្នុងទឹកដីនៃអំពើបាប និងខុសឆ្គង ហើយអ្នកសុទ្ធតែខុសឆ្គង និងពេញដោយបាប។ ថ្ងៃនេះ អ្នករាល់គ្នាមិនត្រឹមតែអាចស្ញប់ស្ញែងព្រះជាម្ចាស់ទេ តែអ្វីដែលសំខាន់ជាងនេះ អ្នករាល់គ្នាបានទទួលនូវការវាយផ្ចាស និងការជំនុំជម្រះ ហើយអ្នកបានទទួលនូវសេចក្ដីសង្គ្រោះដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដ គឺមានន័យថា អ្នកបានទទួលនូវសេចក្ដីស្រលាញ់ដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់។ គ្រប់ទាំងសេចក្ដីដែលព្រះអង្គបានធ្វើ គឺទ្រង់ពិតជាស្រលាញ់អ្នករាល់គ្នាជាប្រាកដណាស់។ ព្រះអង្គមិនមានចេតនាអាក្រក់ណាមួយឡើយ។ ព្រះអង្គជំនុំជម្រះអ្នករាល់គ្នា ដោយព្រោះតែបាបរបស់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាធ្វើការពិនិត្យពិច័យពីខ្លួនឯង និងទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ។ សេចក្ដីទាំងអស់នេះ ត្រូវបានធ្វើដោយមានបំណងចង់ធ្វើឱ្យមនុស្សបានពេញលេញ។ ចាប់តាំងពីដើមមករហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់បានកំពុងធ្វើការយ៉ាងខ្លាំងក្លាបំផុតដើម្បីសង្គ្រោះមនុស្ស ហើយទ្រង់ក៏មិនមានព្រះទ័យចង់បំផ្លាញមនុស្សដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះហស្ដព្រះអង្គទ្រង់ទាំងស្រុងនោះដែរ។ សព្វថ្ងៃនេះ ព្រះអង្គបានយាងមកនៅក្នុងចំណោមអ្នករាល់គ្នាដើម្បីធ្វើការ តើនេះមិនមែនជាសេចក្ដីសង្គ្រោះបន្ថែមទៀតទេឬ? ប្រសិនបើព្រះអង្គស្អប់អ្នករាល់គ្នា តើព្រះអង្គនៅតែធ្វើកិច្ចការដ៏ឧត្ដុងឧត្ដមនេះ ដើម្បីដឹកនាំអ្នកដោយផ្ទាល់ឬ? ហេតុអ្វីបានជាទ្រង់រងទុក្ខយ៉ាងនេះ? ព្រះជាម្ចាស់មិនបានស្អប់អ្នករាល់គ្នា ឬមានព្រះទ័យមិនល្អចំពោះអ្នកឡើយ។ អ្នកត្រូវដឹងថា សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ គឺជាក្ដីស្រលាញ់ដ៏ពិតប្រាកដបំផុត។ នេះគឺដោយសារតែមនុស្សមិនស្ដាប់បង្គាប់ ទើបព្រះអង្គត្រូវសង្គ្រោះពួកគេតាមរយៈការជំនុំជម្រះ។ បើមិនធ្វើបែបនេះទេ ការសង្គ្រោះពួកគេនឹងមិនអាចទៅរួចនោះឡើយ។ ពីព្រោះអ្នករាល់គ្នាមិនដឹងពីរបៀបរស់នៅ ហើយមិនជ្រួតជ្រាបពីរបៀបត្រូវរស់នៅ ហើយដោយព្រោះតែអ្នករាល់គ្នារស់នៅក្នុងទឹកដីដែលខុសឆ្គង និងពេញដោយអំពើបាប ហើយអ្នករាល់គ្នាជាវិញ្ញាណ អាក្រក់ដែលខុសឆ្គង និងកខ្វក់ នោះទ្រង់មិនអាចទ្រាំឱ្យអ្នករាល់គ្នាក្លាយជាមនុស្សថោកទាបជាងនេះ ទ្រង់មិនអាចទ្រាំទតឃើញអ្នករាល់គ្នារស់នៅក្នុងទឹកដីកខ្វក់នេះ ដូចដែលអ្នកធ្វើនាពេលនេះដោយត្រូវបានសាតាំងជាន់ឈ្លីតាមអំពើចិត្ដនោះទេ ហើយទ្រង់ក៏មិនអាចទ្រាំឱ្យអ្នករាល់គ្នាធ្លាក់ចូលក្នុងស្ថាននរកនោះដែរ។ ព្រះអង្គគ្រាន់តែចង់យកបានមនុស្សក្រុមនេះ និងសង្គ្រោះអ្នករាល់គ្នាដោយហ្មត់ចត់ប៉ុណ្ណោះ។ នេះគឺជាគោលបំណងចម្បងនៃការធ្វើកិច្ចការនៃការយកឈ្នះលើអ្នករាល់គ្នា ពោលគឺវាគ្រាន់តែសម្រាប់សេចក្ដីសង្គ្រោះតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចឃើញថា គ្រប់យ៉ាងដែលបានធ្វើលើអ្នក គឺជាសេចក្ដីស្រលាញ់ និងសេចក្ដីសង្គ្រោះ ប្រសិនបើអ្នកគិតថា វាគ្រាន់តែជាវិធីសាស្រ្ដ ជារបៀបមួយដើម្បីធ្វើទារុណកម្មមនុស្ស និងជាអ្វីមួយដែលមិនគួរឱ្យទុកចិត្ដ នោះអ្នកក៏ប្រហែលជាត្រលប់ទៅកាន់ពិភពរបស់អ្នក ដើម្បីរងនូវការឈឺចាប់ និងភាពលំបាកវិញ! ប្រសិនបើអ្នកសុខចិត្ដនៅក្នុងចរន្ដនេះ និងរីករាយចំពោះការជំនុំជម្រះនិងសេចក្ដីសង្គ្រោះដ៏ធំធេងនេះ ដើម្បីរីករាយនឹងព្រះពរទាំងអស់នេះ ជាព្រះពរដែលមិនមាននៅកន្លែងផ្សេងនៅក្នុងពិភពរបស់មនុស្ស និងដើម្បីរីករាយចំពោះសេចក្ដីស្រលាញ់នេះ នោះជាការល្អហើយ៖ ចូរស្ថិតនៅក្នុងចរន្ដនេះដើម្បីទទួលនូវកិច្ចការនៃការយកឈ្នះ ដើម្បីឱ្យអ្នកអាចត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ថ្ងៃនេះ អ្នកអាចរងនូវការឈឺចាប់បន្ដិចបន្តួច និងការបន្សុទ្ធ ដោយសារតែការជំនុំជម្រះរបស់ព្រះជាម្ចាស់ ប៉ុន្ដែការដែលត្រូវរងនូវការឈឺចាប់នេះមាននូវគុណតម្លៃ និងអត្ថន័យ។ ទោះបីជាមនុស្សត្រូវបានបន្សុទ្ធ និងស្ដែងចេញមកដោយគ្មានសេសសល់តាមរយៈការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលជាគោលបំណងចង់ដាក់ទោសដល់ពួកគេចំពោះបាបរបស់ពួកគេ ដើម្បីដាក់ទោសផ្នែកសាច់ឈាមរបស់ពួកគេក៏ដោយ ក៏គ្មានការងារណាមួយក្នុងចំណោមការងារនេះមានចេតនាចង់ថ្កោលទោសផ្នែកសាច់ឈាមរបស់ពួកគេឱ្យខូចខាតឡើយ។ ការលាតត្រដាងយ៉ាងធ្ងន់ធ្ងរដោយព្រះបន្ទូល គឺសុទ្ធតែមានគោលបំណងដឹកនាំអ្នកទៅរកមាគ៌ាត្រឹមត្រូវ។ អ្នករាល់គ្នាបានមានបទពិសោធដោយផ្ទាល់ជាច្រើនពីកិច្ចការនេះ ហើយវាច្បាស់ណាស់ថាមិនបាននាំអ្នករាល់គ្នាទៅរកមាគ៌ាអាក្រក់ឡើយ! ទាំងអស់នេះសុទ្ធតែដើម្បីធ្វើឱ្យអ្នករស់នៅក្នុងភាពជាមនុស្សធម្មតា ហើយវាមិនអាចសម្រេចបានតាមរយៈភាពជាមនុស្សធម្មតារបស់អ្នកបានឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺអាស្រ័យលើតម្រូវការរបស់អ្នក យោងទៅតាមភាពកំសោយ និងកម្ពស់ជាក់ស្ដែងរបស់អ្នក ហើយគ្មានបន្ទុកណាមួយដែលហួសពីការទទួលយកបាន ដែលត្រូវបានដាក់លើអ្នករាល់គ្នាឡើយ។ ការនេះមិនច្បាស់លាស់សម្រាប់អ្នកទេនៅថ្ងៃនេះ ហើយអ្នកមានអារម្មណ៍ហាក់ដូចជាខ្ញុំកំពុងតឹងតែងជាមួយអ្នកណាស់ ហើយតាមពិតទៅ អ្នកតែងតែជឿថា មូលហេតុដែលខ្ញុំវាយផ្ចាល ជំនុំជម្រះ និងស្ដីបន្ទោសអ្នកជារៀងរាល់ថ្ងៃគឺដោយសារតែខ្ញុំស្អប់អ្នក។ ប៉ុន្ដែ ទោះបីជាការវាយផ្ចាល និងការជំនុំជម្រះដែលអ្នកទទួលរងនោះជាអ្វីក៏ដោយ ក៏តាមពិតទៅនេះជាសេចក្ដីស្រលាញ់ចំពោះអ្នក ហើយវាជាការការពារដ៏អស្ចារ្យបំផុត។ ប្រសិនបើអ្នកមិនអាចចយល់នូវអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ចការនេះទេ វានឹងមិនអាចឱ្យអ្នកបន្ដមានបទពិសោធពីការនេះទៀតឡើយ។ សេចក្ដីសង្គ្រោះនេះគួរតែនាំឱ្យអ្នកមានការកម្សាន្តចិត្ដ។ មិនត្រូវបដិសេធក្នុងការយកទៅពិចារណាឡើយ។ មកដល់ត្រឹមនេះ សារៈសំខាន់នៃកិច្ចការយកឈ្នះគួរតែមានភាពច្បាស់លាស់ចំពោះអ្នក ហើយអ្នកគួរតែឈប់មានមន្ទិលអំពីការនេះក្នុងរបៀបណាមួយ ឬរបៀបផ្សេងទៀតហើយ!
(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦២៥. មនុស្សទាំងអស់បានទទួលការបន្សុទ្ធដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានយកកំណើតជាមនុស្សទេនោះ មនុស្សជាតិប្រាកដជានឹងមិនទទួលព្រះពរ ពីការរងទុក្ខតាមរយៈការបន្សុទ្ធនេះឡើយ។ និយាយបែបម្យ៉ាងទៀតគឺថា អ្នកដែលអាចទទួលយកការល្បងលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន គឺជាអ្នកដែលមានពរ។ ផ្អែកលើគុណសម្បត្តិពីកំណើតរបស់មនុស្ស ឥរិយាបថ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ពួកគេមិនសមនឹងទទួលការបន្សុទ្ធប្រភេទនេះទេ។ គឺដោយសារតែព្រះជាម្ចាស់បានលើកស្ទួយពួកគេឡើង ទើបពួកគេបានរីករាយនឹងព្រះពរមួយនេះ។ មនុស្សធ្លាប់និយាយថា ពួកគេមិនសមនឹងឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលរបស់ព្រះអង្គឡើយ។ នៅសព្វថ្ងៃនេះ ដោយសារតែការលើកតម្កើងរបស់ព្រះជាម្ចាស់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ ទើបមនុស្សបានទទួលការបន្សុទ្ធតាមរយៈព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាព្រះពររបស់មនុស្សគ្រប់រូប ដែលបានកើតនៅគ្រាចុងក្រោយ តើអ្នករាល់គ្នាធ្លាប់ឆ្លងកាត់រឿងបែបនេះផ្ទាល់ដែរឬទេ? នៅក្នុងទិដ្ឋភាពដែលមនុស្សគួរតែជួបប្រទះនឹងការរងទុក្ខ និងការបរាជ័យដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន គឺវាមិនផ្អែកលើតម្រូវការផ្ទាល់ខ្លួនរបស់មនុស្សនោះឡើយ។ នេះគឺជាសេចក្តីច្បាស់លាស់។ អ្នកជឿគ្រប់រូបគួរតែមានសមត្ថភាពក្នុងការទទួលយកការល្បងលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនិងរងទុក្ខនៅក្នុងព្រះបន្ទូលរបស់ទ្រង់ដែរ។ តើអ្នករាល់គ្នាយល់ច្បាស់ហើយឬនៅ? ដូច្នេះដើម្បីជាថ្នូរនឹងការរងទុក្ខដែលអ្នកបានឆ្លងកាត់ អ្នកបានទទួលព្រះពរនៅថ្ងៃនេះ ហើយប្រសិនបើអ្នកមិនរងទុក្ខដើម្បីព្រះជាម្ចាស់ទេ អ្នកមិនអាចទទួលបានការសរសើរពីព្រះអង្គឡើយ។
(ដកស្រង់ពី «សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦២៦. ដែលអ្នកអាចទទួលយកនូវការជំនុំជម្រះ ការវាយផ្ចាល ការវាយផ្ដួល និងការបន្សុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អាចទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន គឺព្រះជាម្ចាស់បានកំណត់ទុកជាមុនតាំងពីមុនយុគសម័យនានាទៅទៀត ហើយដូចនេះ អ្នកមិនត្រូវមានទុក្ខព្រួយពេកនៅពេលអ្នកត្រូវវាយផ្ចាលឡើយ។ គ្មាននរណាម្នាក់អាចដកយកចេញនូវកិច្ចការដែលបានធ្វើនៅក្នុងអ្នករាល់គ្នា និងព្រះពរដែលបានចាក់បង្ហូរមកលើអ្នកឡើយ ហើយក៏គ្មាននរណាម្នាក់អាចដកយកចេញនូវអ្វីទាំងអស់ដែលបានប្រទានឱ្យអ្នករាល់គ្នាដែរ។ មនុស្សដែលកាន់សាសនាមិនអាចអត់ទ្រាំការមិនប្រៀបធៀបនឹងអ្នករាល់គ្នាបានឡើយ។ អ្នករាល់គ្នាមិនមានជំនាញអស្ចារ្យនៅក្នុងព្រះគម្ពីរឡើយ ហើយក៏មិនបានទទួលការបំពាក់បំប៉ននូវទ្រឹស្ដីផ្នែកសាសនាដែរ ប៉ុន្ដែដោយសារតែព្រះជាម្ចាស់បានធ្វើការនៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាទទួលបានកាន់តែច្រើន គឺច្រើនជាងនរណាទាំងអស់នៅគ្រប់សម័យកាល ហើយនេះជាព្រះពរដ៏អស្ចារ្យបំផុតរបស់អ្នករាល់គ្នា។ ដោយសារតែការនេះ អ្នករាល់គ្នាត្រូវតែមានការលះបង់សម្រាប់ព្រះជាម្ចាស់កាន់តែខ្លាំង ព្រមទាំងមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់កាន់តែខ្លាំងជាងនេះដែរ។ ដ្បិតព្រះជាម្ចាស់បានលើកអ្នកឡើង អ្នកត្រូវតែជំរុញការប្រឹងប្រែងរបស់ខ្លួន ហើយត្រូវត្រៀមលក្ខណៈដើម្បីទទូលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែឈរយ៉ាងរឹងមាំនៅទីកន្លែងដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នក ស្វែងរកការក្លាយជាមនុស្សម្នាក់ក្នុងចំណោមប្រជារាស្រ្ដរបស់ទ្រង់ ទទួលយកការបង្វឹកបង្វឺនអំពីនគរព្រះ ត្រូវព្រះជាម្ចាស់ទទួលយក និងត្រូវក្លាយជាទីបន្ទាល់ដែលពេញដោយសិរីល្អចំពោះព្រះជាម្ចាស់។ តើអ្នកមាននូវការតាំងចិត្តទាំងនេះដែរឬទេ? ប្រសិនបើអ្នកមានការតាំងចិត្តទាំងនេះ នោះប្រាកដថាព្រះជាម្ចាស់ទទួលយកអ្នកជាមិនខាន ព្រមទាំងក្លាយជាបន្ទាល់ដែលពេញដោយសិរីល្អសម្រាប់ព្រះជាម្ចាស់ផង។ អ្នកគួរតែយល់ថា បញ្ជាបេសកកម្មដ៏សំខាន់នេះកំពុងត្រូវបានព្រះជាម្ចាស់ទទួលយក និងក្លាយជាបន្ទាល់ដែលពេញដោយសេរីល្អចំពោះព្រះជាម្ចាស់។ នេះជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦២៧. ចំពោះបងប្អូនប្រុសស្រីទាំងអស់ដែលបានឮសម្លេងរបស់ខ្ញុំ៖ អ្នករាល់គ្នាបានឮសម្លេងនៃការជំនុំជម្រះដ៏ធ្ងន់ធ្ងររបស់ខ្ញុំ ហើយអ្នកបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាគួរតែដឹងថា នៅពីក្រោយសម្លេងដ៏ម៉ឺងម៉ាត់របស់ខ្ញុំ គឺមានបង្កប់នូវបំណងព្រះហឫទ័យរបស់ខ្ញុំ! ខ្ញុំប្រៀនប្រដៅអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចត្រូវបានសង្គ្រោះ។ អ្នករាល់គ្នាគួរតែដឹងថា ចំពោះពួកបុត្រជាទីស្រឡាញ់របស់ខ្ញុំ នោះខ្ញុំនឹងច្បាស់ជាប្រៀនប្រដៅអ្នករាល់គ្នា និងលួសកាត់អ្នករាល់គ្នា ហើយនៅពេលដ៏ឆាប់ខាងមុខ ខ្ញុំនឹងធ្វើឱ្យអ្នករាល់គ្នាបានពេញលេញ។ ដួងព្រះទ័យរបស់ខ្ញុំចង់ធ្វើជាខ្លាំង ប៉ុន្តែអ្នករាល់គ្នាមិនយល់ពីដួងព្រះទ័យរបស់ខ្ញុំទេ ហើយអ្នកមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ថ្ងៃនេះ ព្រះបន្ទូលរបស់ខ្ញុំមកកាន់អ្នករាល់គ្នា ដោយធ្វើឱ្យអ្នករាល់គ្នាពិតជាទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយបណ្ដាលឱ្យអ្នកទាំងអស់គ្នាមានបទពិសោធអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនតូចដែលកំពុងធ្វើពុតដែរ។ នៅពេលដែលពួកគេឃើញសេចក្ដីទុក្ខព្រួយរបស់អ្នកដទៃ ពួកគេធ្វើត្រាប់តាម ដោយការបង្ហូរទឹកភ្នែកដូចអ្នកដទៃដែរ។ មានអ្នកផ្សេងទៀតដែលមើលពីខាងក្រៅ ហាក់ដូចជាជាប់ជំពាក់ជាមួយព្រះជាម្ចាស់ និងហាក់ដូចជាមានវិប្បដិសារី ប៉ុន្តែនៅខាងក្នុងពួកគេ ពួកគេពិតជាមិនយល់ពីព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនច្បាស់អំពីទ្រង់ដែរ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែបង្ហាញផ្នែកខាងមុខប៉ុណ្ណោះ។ ខ្ញុំស្អប់មនុស្សទាំងនេះខ្លាំបំផុត! មិនយូរមិនឆាប់ មនុស្សទាំងនេះនឹងត្រូវបានកាត់ចេញពីទីក្រុងរបស់ខ្ញុំ។ បំណងព្រះហឫទ័យរបស់ខ្ញុំគឺដូច្នេះ៖ ខ្ញុំចង់ឱ្យអ្នកដែលចង់បានខ្ញុំយ៉ាងឆេះឆួល ហើយមានតែអ្នកដែលស្វែងរកខ្ញុំដោយចិត្តដ៏ពិតប៉ុណ្ណោះ ទើបអាចធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ។ ទាំងនេះ គឺជាមនុស្សដែលខ្ញុំនឹងច្បាស់ជាជួយដោយព្រះហស្ដរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំនឹងធានាថា ពួកគេមិនជួបប្រទះនឹងគ្រោះមហន្តរាយឡើយ។ មនុស្សដែលពិតជាចង់បានខ្ញុំ នឹងចង់យកចិត្តទុកដាក់ពីព្រះទ័យរបស់ខ្ញុំ ហើយបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ។ ដូច្នេះ អ្នករាល់គ្នាគួរតែចូលទៅក្នុងភាពពិតដ៏ឆាប់ខាងមុខ ហើយទទួលយកព្រះបន្ទូលរបស់ខ្ញុំជាជីវិតរបស់អ្នក។ នេះគឺជាបន្ទុកដ៏ធំបំផុតរបស់ខ្ញុំ។ ប្រសិនបើក្រុមជំនុំ និងពួកបរិសុទ្ធទាំងអស់ចូលទៅក្នុងភាពពិត ហើយក្រុមជំនុំ និងពួកបរិសុទ្ធទាំងអស់អាចប្រកបគ្នាជាមួយខ្ញុំដោយផ្ទាល់ អាចមកនៅចំពោះព្រះភ័ក្រ្ដរបស់ខ្ញុំដោយផ្ទាល់ និងអាចអនុវត្តសេចក្ដីពិត ព្រមទាំងសេចក្ដីសុចរិត នោះពួកគេនឹងក្លាយជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាអ្នកដែលខ្ញុំពេញចិត្តណាស់។ ខ្ញុំនឹងប្រទានព្រះពរដ៏ធំធេងទាំងអស់មកលើមនុស្សទាំងនេះ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦២៨. នៅថ្ងៃនេះ អ្នកមិនអាចស្កប់ចិត្តជាមួយនឹងរបៀបដែលអ្នកត្រូវបានព្រះអង្គយកឈ្នះប៉ុណ្ណឹងទេ ប៉ុន្តែអ្នកក៏ត្រូវពិចារណាទៅលើផ្លូវដែលអ្នកនឹងត្រូវដើរនៅក្នុងពេលអនាគតផងដែរ។ អ្នកត្រូវតែមានការជំរុញចិត្ត និងចិត្តក្លាហាន ដើម្បីឱ្យព្រះអង្គប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ ហើយមិនគួរគិតថា ខ្លួនឯងគ្មានសមត្ថភាពគ្រប់ពេលនោះឡើយ។ តើសេចក្តីពិតមានការបែងចែកបក្សពួកដែរឬ? តើសេចក្តីពិតមានចេតនាប្រឆាំងនឹងមនុស្សឬ? ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីពិត តើវាអាចជះឥទ្ធិពលលើអ្នកដែរឬទេ? ប្រសិនបើអ្នកឈរមាំនៅក្នុងសេចក្តីយុត្តិធម៌ តើវានឹងផ្ដួលអ្នកឱ្យដួលដែរឬ? ប្រសិនបើការជំរុញចិត្តរបស់អ្នក គឺជាការបន្តស្វែងរកជីវិតយ៉ាងពិតប្រាកដ តើជីវិតអាចគេចចេញពីអ្នកបានដែរឬ? ប្រសិនបើអ្នកគ្មានសេចក្តីពិតទេ នោះវាមិនមែនដោយសារតែសេចក្តីពិតព្រងើយកន្ដើយចំពោះអ្នកឡើយ ប៉ុន្តែ ដោយសារតែអ្នកគេចចេញពីសេចក្តីពិតវិញទេ។ ប្រសិនបើអ្នកមិនអាចឈរមាំនឹងសេចក្តីយុត្តិធម៌ នោះមិនមែនដោយសារតែសេចក្តីយុត្តិធម៌មានអ្វីមួយខុសនោះឡើយ ប៉ុន្តែដោយសារតែអ្នកជឿថា វាមានបញ្ហាណាមួយខុសពីការពិត។ ប្រសិនបើអ្នកមិនទទួលបានជីវិត ក្រោយពេលបន្តស្វែងរកជីវិតអស់រយៈពេលជាច្រើនឆ្នាំហើយ នោះមិនមែនដោយសារតែជីវិតគ្មានមនសិការគិតចំពោះអ្នកឡើយ ប៉ុន្តែដោយសារតែអ្នកគ្មានមនសិការគិតចំពោះជីវិត ហើយបានបែរចេញពីជីវិតវិញទេ។ ប្រសិនបើអ្នករស់នៅក្នុងពន្លឺ ហើយគ្មានសមត្ថភាពទទួលបានពន្លឺ នោះមិនមែនដោយសារតែពន្លឺគ្មានសមត្ថភាពបំភ្លឺអ្នកឡើយ ប៉ុន្តែដោយសារតែអ្នកមិនបានយកចិត្តទុកដាក់ចំពោះអត្ថិភាពនៃពន្លឺ ដូច្នេះ ពន្លឺក៏បានចាកចេញពីអ្នកស្ងាត់ៗ។ ប្រសិនបើអ្នកមិនបន្តស្វែងរកទេ ដូច្នេះ គឺអាចនិយាយបានថា អ្នកដូចជាសំរាមដែលគ្មានតម្លៃ គ្មានចិត្តក្លាហាននៅក្នុងជីវិត និងគ្មានស្មារតី ប្រឆាំងទល់នឹងកម្លាំងនៃសេចក្ដីងងឹតឡើយ។ អ្នកជាមនុស្សទន់ខ្សោយពេកហើយ! អ្នកមិនអាចរត់គេចចេញពីពួកបរិវាររបស់សាតាំងដែលឡោមព័ទ្ធអ្នក ហើយអ្នកសុខចិត្តរស់នៅជីវិតបែបសុខសុវត្ថិភាព ហើយស្លាប់ទៅក្នុងភាពល្ងីល្ងើបែបនេះ។ អ្វីដែលអ្នកគួរតែសម្រេច គឺជាការបន្តស្វែងរករបស់អ្នកនូវការឱ្យព្រះអង្គយកឈ្នះ ព្រោះថានេះគឺជាភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកស្កប់ចិត្តនឹងការដែលត្រូវបានយកឈ្នះ នោះវាដូចជាអ្នកបណ្ដេញអត្ថិភាពនៃពន្លឺអ៊ីចឹង។ អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនឯងដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ដល់ជីវិតក្រុមគ្រួសារដ៏សុខស្រួលឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពនៃជីវិតរបស់អ្នកសម្រាប់តែប្រយោជន៍ដល់ភាពសប្បាយតែមួយភ្លែតនោះដែរ។ អ្នកគួរតែបន្តដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែបន្តដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកវត្ថុបំណងណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦២៩. កុំស្មានថា ការដើរតាមព្រះជាម្ចាស់ ជារឿងងាយឱ្យសោះ។ ចំណុចសំខាន់គឺថា អ្នកត្រូវតែស្គាល់ទ្រង់ អ្នកត្រូវតែស្គាល់កិច្ចការរបស់ទ្រង់ ហើយអ្នកត្រូវតែមានឆន្ទៈស៊ូទ្រាំការលំបាក ដើម្បីជាប្រយោជន៍ដល់ទ្រង់ មានឆន្ទៈលះបង់ជីវិតរបស់អ្នកសម្រាប់ទ្រង់ និងត្រូវបានព្រះអង្គប្រោសឱ្យគ្រប់លក្ខណ៍។ នេះជានិមិត្តដែលអ្នកគួរមាន។ វានឹងមិនកើតឡើងទេ ប្រសិនបើគំនិតរបស់អ្នកតែងតែទោរទៅរកការរីករាយនឹងព្រះគុណនោះ។ ចូរកុំនឹកស្មានថា ព្រះជាម្ចាស់គង់នៅទីនេះ សម្រាប់តែការរីករាយរបស់មនុស្ស ឬគ្រាន់តែផ្តល់ព្រះគុណដល់ពួកគេតែប៉ុណ្ណឹងនោះ។ អ្នកគិតបែបនេះខុសហើយ! ប្រសិនបើមនុស្សម្នាក់មិនអាចប្រថុយជីវិតរបស់ខ្លួន ដើម្បីដើរតាមទ្រង់ ហើយប្រសិនបើមនុស្សម្នាក់មិនអាចបោះបង់ចោលរាល់ភោគទ្រព្យដែលមានក្នុងលោកីយ៍ ដើម្បីដើរតាមទ្រង់ទេ នោះពួកគេប្រាកដជាមិនអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់បានឡើយ! អ្នកត្រូវតែមាននិមិត្ត ទុកជាគ្រឹះរបស់អ្នក។ ប្រសិនបើសំណាងអាក្រក់កើតឡើងចំពោះអ្នកនៅថ្ងៃមួយ តើអ្នកគួរធ្វើអ្វីខ្លះ? តើអ្នកនៅតែអាចដើរតាមទ្រង់បានទេ? កុំនិយាយឱ្យសោះថា អ្នកអាចដើរតាមបានដល់ទីបញ្ចប់នោះ។ ជាដំបូង អ្នកគួរតែបើកភ្នែកឱ្យបានធំជាងមុន ដើម្បីមើលឃើញថា ពេលនេះម៉ោងប៉ុន្មានហើយ។ ទោះបីជាសព្វថ្ងៃនេះ អ្នករាល់គ្នាប្រហែលជាប្រៀបដូចជាសសរវិហារក៏ដោយ ក៏ពេលវេលានឹងមកដល់ ជាពេលដែលសសរបែបនេះនឹងត្រូវសត្វកណ្ដៀរកកេរ ធ្វើឱ្យវិហាររលំទៅវិញ ព្រោះសព្វថ្ងៃនេះមាននិមិត្តច្រើនណាស់ដែលអ្នករាល់គ្នានៅខ្វះខាត។ អ្នករាល់គ្នាយកចិត្តទុកដាក់តែលើពិភពដ៏តូចផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ ហើយអ្នកមិនដឹងថា វិធីស្វែងរកដែលគួរឱ្យទុកចិត្ត និងសមស្របបំផុត គឺជាអ្វីទេ។ អ្នករាល់គ្នាមិនបានយកចិត្តទុកដាក់លើនិមិត្តនៃកិច្ចការសព្វថ្ងៃនេះទេ ហើយអ្នករាល់គ្នាក៏មិនបានទុករឿងទាំងនេះនៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរ។ តើអ្នករាល់គ្នាមានបានគិតទេថា ថ្ងៃណាមួយព្រះជាម្ចាស់របស់អ្នករាល់គ្នា នឹងដាក់អ្នករាល់គ្នានៅកន្លែងដែលមិនធ្លាប់ស្គាល់សោះ? តើអ្នករាល់គ្នាអាចស្រម៉ៃបានទេថា មានអ្វីកើតឡើងចំពោះអ្នក នៅថ្ងៃមួយ ដែលខ្ញុំអាចនឹងរឹបយកអ្វីៗគ្រប់យ៉ាងពីអ្នករាល់គ្នា? តើថាមពលរបស់អ្នករាល់គ្នានៅថ្ងៃនោះ នឹងដូចជានៅពេលនេះទេ? តើសេចក្ដីជំនឿរបស់អ្នកនឹងមានឡើងវិញទៀតទេ? ក្នុងការដើរតាមព្រះជាម្ចាស់ អ្នកត្រូវស្គាល់និមិត្តដ៏អស្ចារ្យបំផុតនេះ នោះគឺ «ព្រះជាម្ចាស់»៖ នេះគឺជារឿងដែលសំខាន់បំផុត។
(ដកស្រង់ពី «អ្នករាល់គ្នាត្រូវយល់ពីកិច្ចការ៖ ចូរកុំដើរតាមទាំងវង្វេងវង្វាន់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣០. មនុស្សអាចស្គាល់ព្រះជាម្ចាស់តាមរយៈការទទួលជឿលើទ្រង់៖ នេះគឺជាគោលដៅចុងក្រោយ ហើយជាគោលដៅដែលមនុស្សស្វះស្វែងរក។ អ្នកត្រូវខិតខំរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះបន្ទូលនោះបង្កើតផលផ្លែនៅក្នុងការអនុវត្តរបស់អ្នក។ ប្រសិនបើអ្នកមានតែចំណេះដឹងខាងគោលលទ្ធិ នោះសេចក្តីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ក៏ពុំមានប្រយោជន៍អ្វីដែរ។ លុះត្រាតែអ្នកអនុវត្ត ហើយរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបសេចក្តីជំនឿរបស់អ្នកត្រូវបានរាប់ថាបានពេញខ្នាត និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅលើវិថីនេះ មានមនុស្សជាច្រើនអាចនិយាយពីចំណេះដឹងបានយ៉ាងច្រើន ប៉ុន្តែពេលដែលសេចក្តីស្លាប់មកដល់ គេស្រក់ទឹកភ្នែក ហើយស្អប់ខ្លួនឯងដែលខ្ជះខ្ជាយជីវិត និងរស់យ៉ាងយូរដោយឥតប្រយោជន៍។ ពួកគេគ្រាន់តែយល់ពីគោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តសេចក្តីពិត ឬធ្វើជាទីបន្ទាល់ពីព្រះជាម្ចាស់បានឡើយ ផ្ទុយទៅវិញ គេរវល់ទៅនេះទៅនោះ ដូចសត្វឃ្មុំ ហើយនៅពេលសេចក្តីស្លាប់ជិតមកដល់ ទីបំផុតទើបពួកគេយល់ថា ពួកគេខ្វះទីបន្ទាល់ពិតប្រាកដ ដោយពួកគេមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ តើរឿងនេះមិនយឺតពេលទៅហើយទេឬ? ហេតុអ្វីក៏អ្នកមិនឆក់ឱកាស ហើយដេញតាមសេចក្តីពិតដែលអ្នកស្រឡាញ់? ហេតុអ្វីក៏រង់ចាំដល់ថ្ងៃស្អែក? ប្រសិននៅក្នុងជីវិត អ្នកមិនទទួលរងនូវទុក្ខលំបាកដើម្បីសេចក្តីពិត ឬស្វែងរក និងទទួលបានសេចក្តីពិតនេះ តើអ្នកអាចថាមកពីអ្នកចង់មានវិប្បដិសារី ពេលដែលអ្នកជិតស្លាប់មែនទេ? ប្រសិនបើដូច្នេះមែន ហេតុអ្វីត្រូវជឿព្រះជាម្ចាស់? តាមការពិត មានកត្តាជាច្រើន ដែលមនុស្សអាចយកសេចក្ដីពិតមកអនុវត្ត និងអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន ប្រសិនបើគេព្យាយាមតែបន្តិចបន្តួច។ តែដោយសារចិត្តរបស់ពួកគេត្រូវវិញ្ញាណអាក្រក់សណ្ឋិត រហូតពួកគេមិនអាចធ្វើអ្វីសម្រាប់ប្រយោជន៍ដល់ព្រះជាម្ចាស់បាន ហើយគេរវល់ជានិច្ចចំពោះរឿងសាច់ឈាម ដោយនៅទីបញ្ចប់ មិនបានសម្រេចអ្វីសោះឡើយ។ ដូច្នេះហើយ មនុស្សតែងទទួលរងនូវបញ្ហា និងការលំបាកជាច្រើន។ តើទាំងនេះមិនមែនជាការធ្វើទុក្ខរបស់សាតាំងទេឬអី? តើនេះមិនមែនជាភាពពុករលួយនៃនិស្ស័យសាច់ឈាមទេឬអី? អ្នកមិនត្រូវបន្លំព្រះជាម្ចាស់ ដោយបបូរមាត់បោកបញ្ឆោតរបស់អ្នកនោះទេ? ប៉ុន្តែ អ្នកត្រូវមានសកម្មភាពជាក់ស្តែង។ ចូរកុំបញ្ឆោតខ្លួនឯងឱ្យសោះ តើមានប្រយោជន៍អ្វី? តើអ្នកអាចទទួលបានផលអ្វីខ្លះ តាមរយៈការរស់នៅដើម្បីប្រយោជន៍សាច់ឈាម និងការខំប្រឹងលំបាក ដើម្បីរិះរកឱ្យបាននូវប្រាក់ចំណេញ និងកិត្តិនាមនោះ?
(ដកស្រង់ពី «អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣១. អ្នកដែលមិនស្វែងរកជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ អ្នកមិនផ្តោតលើការស្វែងរកការបំផ្លាស់បំប្រែ និងច្រកចូលផ្ទាល់ខ្លួនទេ ប៉ុន្តែបែរជាផ្តោតលើបំណងប្រាថ្នាដ៏ហួសហេតុ និងអ្វីៗដែលរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយរារាំងអ្នកមិនឱ្យចូលទៅជិតទ្រង់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ? ប្រសិនបើកម្មវត្ថុនៃការស្វះស្វែងរករបស់អ្នក មិនមែនដើម្បីស្វែងរកសេចក្ដីពិតទេនោះ អ្នកក៏អាចឆ្លៀតយកឱកាសនេះ ហើយត្រឡប់ទៅកាន់ពិភពលោកវិញចុះ។ ការខ្ជះខ្ជាយពេលវេលារបស់អ្នកតាមរបៀបនេះ គឺពិតជាមិនមានតម្លៃទេ។ ហេតុអ្វីបានជាធ្វើទារុណកម្មខ្លួនឯង? តើវាមិនពិតទេឬដែលថា អ្នកអាចទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងនៅក្នុងពិភពលោកដ៏ស្រស់ស្អាតនោះ? លុយ ស្ត្រីស្រស់ស្អាត ឋានៈ អំនួតខ្លាំងលើខ្លួនឯង គ្រួសារ កូនៗ និងអ្វីៗផ្សេងទៀត តើសមិទ្ធិផលទាំងនេះរបស់លោកីយ៍ មិនមែនជារបស់ល្អបំផុតដែលអ្នកគួរទទួលបានបានទេឬ? តើដើម្បីអ្វីទៅក្នុងការដែលដើរចុះឡើងរកមើលកន្លែងមួយដែលអ្នកអាចសប្បាយបាននោះ? បុត្រមនុស្សគ្មានកន្លែងណានឹងកើយព្រះសិរសាទេ ដូច្នេះតើអ្នកអាចមានកន្លែងដែលសុខស្រួលបានយ៉ាងដូចម្តេចទៅ? តើទ្រង់បង្កើតកន្លែងងាយស្រួលដ៏ស្រស់ស្អាតមួយសម្រាប់អ្នកយ៉ាងដូចម្តេចទៅ? តើអាចទៅរួចទេ? ក្រៅពីការជំនុំជម្រះរបស់ខ្ញុំ ថ្ងៃនេះអ្នកអាចទទួលបានការបង្រៀនតែអំពីសេចក្ដីពិតប៉ុណ្ណោះ។ អ្នកមិនអាចទទួលបានការលួងលោមពីខ្ញុំទេ ហើយអ្នកមិនអាចទទួលបានគ្រែផ្កាកុលាបដែលអ្នកចង់បានជាយូរមកហើយនោះទេ។ ខ្ញុំនឹងមិនប្រទានឱ្យអ្នកនូវទ្រព្យសម្បត្តិនៃពិភពលោកទេ។ ប្រសិនបើអ្នកស្វែងរកយ៉ាងពិតប្រាកដ នោះខ្ញុំនឹងប្រទានឱ្យអ្នកនូវផ្លូវនៃជីវិតទាំងមូល ដើម្បីឱ្យអ្នកដូចជាត្រីត្រឡប់ចូលទៅក្នុងទឹកវិញអ៊ីចឹង។ ប្រសិនបើអ្នកមិនស្វែងរកដោយពិតប្រាកដទេ នោះខ្ញុំនឹងយកវាត្រលប់មកវិញទាំងអស់។ ខ្ញុំមិនមានព្រះហឫទ័យប្រទានព្រះបន្ទូលពីព្រះឱស្ឋរបស់ខ្ញុំទៅកាន់អ្នកដែលលោភលន់ដើម្បីបានការលួងលោម ជាអ្នកដែលគ្រាន់តែដូចជាជ្រូក និងឆ្កែប៉ុណ្ណោះឡើយ!
(ដកស្រង់ពី «ហេតុអ្វីបានជាអ្នកមិនអាចធ្វើជាវត្ថុឆ្លុះបញ្ចាំងបាន?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣២. ថ្ងៃនេះ គឺសេចក្ដីជំនឿនេះហើយដែលអនុញ្ញាតឱ្យអ្នកត្រូវបានយកឈ្នះ ហើយគឺការដែលត្រូវបានយកឈ្នះនេះហើយដែលអនុញ្ញាតឱ្យអ្នកជឿលើគ្រប់ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ា។ គឺដោយសារសេចក្ដីជំនឿតែប៉ុណ្ណោះដែលអ្នកបានទទួលនូវការវាយផ្ចាល និងការជំនុំជម្រះបែបនេះ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះនេះអ្នកត្រូវបានយកឈ្នះ និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ បើគ្មានការដាក់ទោស និងការជំនុំជម្រះ ដែលអ្នកកំពុងតែទទួលសព្វថ្ងៃនេះទេ សេចក្ដីជំនឿរបស់អ្នកនឹងទៅជាអសារឥតការ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់។ ទោះបីជាអ្នកជឿលើព្រះអង្គកម្រិតណា ក៏សេចក្ដីជំនឿរបស់អ្នកនៅតែជាការសម្ដែងឥតន័យ គ្មានមូលដ្ឋានលើភាពជាក់ស្ដែងដដែល។ គឺទាល់តែអ្នកទទួលកិច្ចការនៃការយកឈ្នះ កិច្ចការដែលធ្វើឱ្យអ្នកស្ដាប់បង្គាប់ទាំងស្រុង ទើបសេចក្ដីជំនឿរបស់អ្នកក្លាយជាការពិត និងជឿជាក់បាន ហើយដួងចិត្តរបស់អ្នកក៏បែរទៅរកព្រះជាម្ចាស់ដែរ។ បើទោះបីជាអ្នកទទួលរងនូវការជំនុំជម្រះ និងបណ្ដាសាដ៏ធំដោយសារតែពាក្យថា «សេចក្ដីជំនឿ» នេះ នោះអ្នកមានសេចក្ដីជំនឿពិត ហើយអ្នកក៏ទទួលបានរបស់ដ៏ពិតបំផុត ជាក់ស្ដែងបំផុត និងមានតម្លៃបំផុតដែរ។ ឯមូលហេតុវិញគឺមានតែនៅក្នុងដំណើរនៃការជំនុំជម្រះទេ ទើបអ្នកមើលឃើញទិសដៅចុងក្រោយនៃការបង្កើតរបស់ព្រះជាម្ចាស់បាន។ គឺតាមរយៈការជំនុំជម្រះនេះហើយ ទើបអ្នកមើលឃើញថា ព្រះអាទិករជាព្រះដែលត្រូវស្រឡាញ់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ដែលអ្នកមើលឃើញព្រះហស្ដរបស់ព្រះជាម្ចាស់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ទើបអ្នកយល់អំពីជីវិតរបស់មនុស្សទាំងស្រុង។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយទើបអ្នកទទួលបានមាគ៌ាត្រឹមត្រូវនៃជីវិតមនុស្ស និងចាប់ផ្ដើមយល់អំពីអត្ថន័យពិតរបស់ «មនុស្ស» គឺតាមរយៈការយកឈ្នះនេះហើយ ទើបអ្នកមើលឃើញនិស្ស័យសុចរិតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះភក្ត្រដ៏ស្រស់ស្អាត និងពេញដោយសិរីល្អរបស់ទ្រង់។ គឺដោយសារតែការយកឈ្នះរបស់ទ្រង់នេះហើយ ទើបអ្នកដឹងអំពីប្រភពដើមរបស់មនុស្ស និងយល់ពី «ប្រវត្តិអមតៈ» របស់មនុស្សជាតិទាំងអស់។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកចាប់ផ្ដើមយល់ពីបុព្វបុរសរបស់មនុស្សជាតិ និងប្រភពដើមនៃសេចក្ដីពុករលួបរបស់មនុស្សជាតិ។ គឺដោយសារតែការយកឈ្នេះនេះហើយ ទើបអ្នកទទួលនូវសេចក្ដីអំណរ និងការកម្សាន្តចិត្ត ក៏ដូចជាការវាយផ្ចាល ការដាក់វិន័យ និងព្រះបន្ទូលស្ដីបន្ទោសឥតទីបញ្ចប់ពីព្រះអាទិករ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើត។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកទទួលនូវព្រះពរ ក៏ដូចជាទុក្ខភ័យដែលមនុស្សត្រូវទទួល...។ តើនេះមិនមែនដោយសារតែអ្នកទាំងអស់គ្នាមានសេចក្ដីជំនឿតិចពេកទេឬអី? ហើយតើសេចក្ដីជំនឿរបស់អ្នក មិនចម្រើនឡើង បន្ទាប់ពីអ្នកបានទទួលសេចក្ដីទាំងអស់នេះទេឬអី? តើអ្នកមិនទទួលបាននូវចំនួនច្រើនលើសលប់ទេឬអី? អ្នកមិនត្រឹមតែបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេ តែអ្នកក៏បានឆ្លងកាត់ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះអង្គដោយផ្ទាល់ដែរ។ ប្រហែលជាអ្នកមុខជានិយាយថា ប្រសិនបើអ្នកគ្មានសេចក្ដីជំនឿ នោះអ្នកនឹងមិនទទួលរងនូវការវាយផ្ចាលបែបនេះ ឬការជំនុំជម្រះបែបនេះទេ។ ដោយឡែក អ្នកគប្បីដឹងថាគ្មានសេចក្ដីជំនឿ អ្នកមិនត្រឹមតែមិនអាចទទួលនូវការវិនិច្ឆ័យបែបនេះ ឬការថែរក្សាបែបនេះពីសំណាក់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ តែអ្នកក៏មុខជាត្រូវបាត់បង់ឱកាសជួបនឹងព្រះអាទិករ អស់កល្បជានិច្ចដែរ។ អ្នកមុខជាមិនធ្លាប់ដឹងពីប្រភពដើមរបស់មនុស្សជាតិ និងមិនធ្លាប់យល់ពីសារៈសំខាន់នៃជីវិតមនុស្សដែរ។ បើទោះបីជារូបកាយរបស់អ្នកស្លាប់បាត់ ហើយព្រលឹងរបស់អ្នកចាកចេញពីខ្លួនបាត់ ក៏អ្នកនៅតែមិនយល់ពីស្នាព្រះហស្តទាំងអស់របស់ព្រះអាទិករ ហើយអ្នកក៏រឹតតែមិនដឹងថា ព្រះអាទិករបានធ្វើកិច្ចការអស្ចារ្យដល់ម្ល៉ឹងនៅលើផែនដី បន្ទាប់ពីទ្រង់បានបង្កើតមនុស្សជាតិរួចមកដែរ។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមកនេះ តើអ្នកមិនព្រមធ្លាក់ទៅក្នុងសេចក្ដីងងឹត និងទទួលរងនូវការដាក់ទោសដ៏អស់កល្បជានិច្ច ទាំងមិនដឹងអីបែបនេះដែរឬទេ? ប្រសិនបើអ្នកផ្ដាច់ខ្លួនពីការវាយផ្ចាល និងការជំនុំជម្រះសព្វថ្ងៃ តើអ្នកនឹងជួបប្រទះអ្វីខ្លះ? តើអ្នកគិតថា កាលណាអ្នកបានផ្ដាច់ខ្លួនពីការជំនុំជម្រះបច្ចុប្បន្ននេះហើយ អ្នកនឹងអាចគេចផុតពីជីវិតដ៏លំបាកនេះដែរឬទេ? តើវាមិនមែនជាការពិតទេមែនទេដែលថា ប្រសិនបើអ្នកចាកចេញពី «កន្លែងនេះ» អ្វីដែលអ្នកនឹងពើបប្រទះ គឺទណ្ឌកម្មដ៏ឈឺចាប់ ឬការធ្វើទុក្ខដ៏សាហាវដែលបង្កឡើងដោយអាកំណាច? តើអ្នកអាចនឹងជួបប្រទះ ពេលវេលាដែលមិនអាចទ្រាំទ្របានទាំងយប់ទាំងថ្ងៃដែរឬទេ? តើអ្នកគិតថា ដោយសារតែអ្នកគេចចេញពីការជំនុំជម្រះនេះនៅថ្ងៃនេះ អ្នកអាចគេចផុតពីទណ្ឌកម្ម នាពេលអនាគតដែរមែនទេ? តើនឹងមានអ្វីកើតឡើងចំពោះអ្នក? តើពិតទេដែលថា វាអាចជាស្ថានសួគ៌លើផែនដីដែលអ្នកស្រមៃនោះ? តើអ្នកគិតថា អ្នកគេចផុតពីការវាយផ្ចាលនាអនាគតកាល ដោយគ្រាន់តែរត់ចេញពីភាពជាក់ស្ដែង ដូចដែលអ្នកធ្វើពេលនេះបានមែនទេ? បន្ទាប់ពីថ្ងៃនេះទៅ តើអ្នកនឹងអាចរកឃើញឱកាសបែបនេះ និងព្រះពរបែបនេះម្ដងទៀតបានដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលក្ដីអន្តរាយកើតមានដល់អ្នកដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលមនុស្សជាតិទាំងអស់ ចូលទៅក្នុងសេចក្ដីសម្រាកដែរឬទេ? ជីវិតដ៏រីករាយរបស់អ្នកនាពេលបច្ចុប្បន្ន និងគ្រួសារសុខដុមដ៏តូចមួយរបស់អ្នកនេះ តើអាចជំនួសទិសដៅដ៏អស់កល្បជានិច្ចនាពេលអនាគតរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកមានសេចក្ដីជំនឿពិត ហើយប្រសិនបើអ្នកបានទទួលនូវសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់អ្នក ទាំងអស់នោះហើយ គឺជាអ្វីដែលអ្នកគួរបានទទួល និងជាអ្វីដែលអ្នកគួរតែមានតាំងតែពីដំបូងនៅក្នុងជីវិតជាមនុស្ស។ គ្មានអ្វីមានប្រយោជន៍ដល់សេចក្ដីជំនឿនិងជីវិតរបស់អ្នកជាងការយកឈ្នះនេះទៀតឡើយ។
(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣៣. នៅពេលដែលម៉ូសេវាយថ្ម ទឹកដែលព្រះយេហូវ៉ាបានប្រទានឱ្យ ក៏ហូរចេញមក នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលដាវីឌលេងស៊ុងដោយមានដួងចិត្តពោរពេញដោយសេចក្តីអរសប្បាយដើម្បីសរសើរតម្កើងខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ចេញដំបៅខ្ទុះពេញទាំងខ្លួនផង នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលគាត់អាចឱ្យគេឆ្កាងគាត់ទៅនឹងឈើឆ្កាង នោះក៏ព្រោះតែព្រះនាមរបស់ខ្ញុំដែរ ហើយការដែលគាត់អាចធ្វើបន្ទាល់ដ៏មានសិរីល្អ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូហានបានឃើញពីរូបអង្គប្រកបដោយសិរីល្អរបស់បុត្រមនុស្ស នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់បានឃើញពីនិមិត្តនៃគ្រាចុងក្រោយ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ មូលហេតុដែលក្រុមមនុស្សនៃជាតិសាសន៍ដទៃ បានទទួលការបើកសម្ដែងរបស់ខ្ញុំ និងបានដឹងថា ខ្ញុំបានយាងត្រឡប់ជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្ស នោះក៏ព្រោះតែសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណាដែលត្រូវបន្ទូលមិនពីរោះស្ដាប់របស់ខ្ញុំលត់ដំ អ្នកនោះនឹងបានធូរស្បើយក្នុងចិត្ត ព្រមទាំងទទួលបានការសង្គ្រោះផង។ តើពួកគេមិនមែនធ្វើបែបនេះដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? អស់អ្នកណាដែលជឿលើខ្ញុំ តែមិនទាន់បានរងទុក្ខលំបាក តើពួកគេមិនត្រូវពិភពលោកនេះបដិសេធចោលទេឬអី? អស់អ្នកណាដែលរស់នៅក្រៅព្រះបន្ទូលរបស់ខ្ញុំ ដោយគេចចេញពីការរងទុក្ខនៃការល្បងល តើពួកគេមិនមែនកំពុងរសាត់អណ្ដែតនៅក្នុងពិភពលោកនេះទេឬអី? ពួកគេស្រដៀងគ្នានឹងស្លឹកឈើនាសរទរដូវដែរ ដែលបក់រវិចម្តងទៅនេះ ម្តងទៅនោះ គ្មានពេលឈប់ ហើយបន្ទូលរបស់ខ្ញុំក៏មិនអាចឱ្យគេបានធូរស្បើយក្នុងចិត្តដែរ។ បើទោះបីជាការកាត់ទោស និងការបន្សុទ្ធរបស់ខ្ញុំ ពុំធ្វើតាមពួកគេក៏ពិតមែន ប៉ុន្តែតើពួកគេមិនដូចជាអ្នកសុំទាន ដែលរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ ដោយដើរតាមផ្លូវនានានៅខាងក្រៅនគរស្ថានសួគ៌ទេឬអី? តើពិភពលោកនេះ គឺជាកន្លែងសម្រាប់អ្នកឈប់សម្រាកមែនទេ? តាមរយៈការគេចវេសពីការកាត់ទោសរបស់ខ្ញុំ តើអ្នកពិតជាអាចទទួលបាននូវស្នាមញញឹមនៃការពេញចិត្តចំពោះពិភពលោកនេះដែរឬទេ? តើអ្នកពិតជាអាចប្រើសេចក្តីរីករាយដ៏ខ្លីរបស់អ្នកដើម្បីលាក់បាំងនូវភាពទទេស្អាតនៅក្នុងដួងចិត្តរបស់អ្នក ជាភាពទទេស្អាតដែលមិនអាចលាក់បាំងបាននេះ បានដែរឬទេ? អ្នកអាចបោកបញ្ឆោតមនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នកបាន ប៉ុន្តែអ្នកមិនអាចបោកប្រាស់ខ្ញុំបានឡើយ។ ដោយសារសេចក្តីជំនឿរបស់អ្នកស្ដួចស្ដើងខ្លាំងពេក មកទល់សព្វថ្ងៃនេះ អ្នកនៅតែគ្មានអំណាច ដើម្បីស្វែងរកជីវិតស្រស់បំព្រងដែលគួរទទួលបានដដែល។ ខ្ញុំទទូចដល់អ្នកចុះ៖ យកល្អគួរចំណាយពេលពាក់កណ្ដាលជីវិតរបស់អ្នកដោយការស្មោះត្រង់ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ ជាជាងចំណាយពេលពេញមួយជីវិតនៅក្នុងភាពថ្លៃថ្នូរ និងការងាររវល់ដើម្បីតែខាងសាច់ឈាម ដោយតស៊ូឆ្លងកាត់ទុក្ខសោកទាំងអស់ដែលមនុស្សកម្រនឹងអាចតស៊ូអត់ទ្រាំបាន។ តើមានគោលបំណងអ្វីដែលត្រូវទុកទ្រព្យសម្បត្តិឱ្យខ្លួនអ្នកច្រើនដល់ម្ល៉េះ ហើយគេចចេញពីការវាយផ្ចាលរបស់ខ្ញុំនោះ? តើមានគោលបំណងអ្វីដែលត្រូវលាក់បាំងខ្លួនអ្នកពីការវាយផ្ចាលត្រឹមមួយពេលរបស់ខ្ញុំ ដោយគ្រាន់តែចង់បានការអាម៉ាស់ និងការវាយផ្ចាលដ៏អស់កល្បជានិច្ចនោះវិញ? តាមពិត ខ្ញុំមិនបានពត់នរណាម្នាក់ទៅតាមបំណងព្រះហឫទ័យរបស់ខ្ញុំទេ។ ប្រសិនបើមាននរណាម្នាក់ពិតជាសុខចិត្តចុះចូលនឹង ផែនការទាំងអស់របស់ខ្ញុំមែន នោះខ្ញុំនឹងមិនធ្វើដាក់ពួកគេ អាក្រក់ពេកទេ។ ប៉ុន្តែ ខ្ញុំត្រូវការឱ្យមនុស្សទាំងអស់ជឿលើខ្ញុំ ដូចជាយ៉ូបជឿលើខ្ញុំដ៏ជាព្រះយេហូវ៉ាដែរ។ ប្រសិនបើសេចក្តីជំនឿរបស់អ្នកលើសពីសេចក្តីជំនឿរបស់ថូម៉ាស់ នោះសេចក្តីជំនឿរបស់អ្នករាល់គ្នានឹងទទួលបានការកោតសរសើរអំពីខ្ញុំចំពោះភាពស្មោះត្រង់របស់អ្នករាល់គ្នា អ្នកនឹងរកឃើញ សិរីល្អរបស់ខ្ញុំ ហើយអ្នកនឹងប្រាកដជាឃើញសិរីល្អរបស់ខ្ញុំនៅក្នុងសម័យរបស់អ្នករាល់គ្នាមិនខាន។
(ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣៤. ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងគេនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ក៏មានអ្នកខ្លះចាក់ខ្សែ ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាងប់ងល់ចង់បាននោះ អ្នករាល់គ្នានឹងជ្រើសរើសយកជម្រើសនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬ ដែលនៅចាក់ខ្សែ ចំកណ្ដាលរវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងការជជែកវែកញែករវាងភាពវិជ្ជមាន និងភាពអវិជ្ជមាន ខ្មៅ និងស អ្នករាល់គ្នាច្បាស់ជាដឹងអំពីជម្រើសដែលអ្នករាល់គ្នាបានជ្រើសរវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខសាន្ត និងការរំខាន រវាងភាពសម្បូរសប្បាយ និងភាពក្រីក្រ រវាងភាពខ្ពង់ខ្ពស់ និងភាពសាមញ្ញ រវាងការដែលត្រូវបានគេជ្រោមជ្រែង និងការដែលត្រូវគេបោះបង់ចោល ។ល។ រវាងគ្រួសារសុខសាន្ត និងគ្រួសារបែកបាក់ គឺអ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទីមួយ ហើយអ្នកធ្វើដូច្នេះដោយគ្មានការស្ទាក់ស្ទើរ រវាងទ្រព្យសម្បត្ដិ និងភារកិច្ច ជាថ្មីម្តងទៀតអ្នករាល់គ្នាបានជ្រើសរើសជម្រើសទីមួយ បើទោះជាខ្វះឆន្ទៈត្រឡប់ទៅច្រាំងវិញក៏ដោយ។(ក) រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសជម្រើសទីមួយ។ នៅពេលជ្រើសរើសរវាងកូនប្រុស កូនស្រី ប្រពន្ធ និងស្វាមីរបស់អ្នក ហើយនិងខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទីមួយ ហើយរវាងគំនិត និងសេចក្ដីពិត អ្នកបានជ្រើសរើសយកជម្រើសទីមួយជាថ្មីម្ដងទៀត។ ខ្ញុំបានបាត់បង់ជំនឿលើអ្នករាល់គ្នាដោយសារអ្នករាល់គ្នាប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាង។ បញ្ហានេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ដ្បិតចិត្តរបស់អ្នករាល់គ្នា ពិតជាពិបាកកែប្រែណាស់។ តាមរយៈការលះបង់ និងការខិតខំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពិតជាមិនបាននាំអ្វីមកឱ្យខ្ញុំសោះ ក្រៅពីការបោះបង់ចោល និងភាពអស់សង្ឃឹមរបស់អ្នករាល់គ្នានោះទេ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា គឺចេះតែចម្រើនឡើងជាមួយនឹងពេលវេលាដែលកន្លងផុតទៅរាល់ថ្ងៃ ដ្បិតពេលវេលាកំណត់របស់ខ្ញុំត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែ អ្នករាល់គ្នានៅតែព្យាយាមស្វែងរកភាពងងឹត និងការអាក្រក់នានា ហើយបដិសេធមិនព្រមបោះបង់វាចោលឡើយ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានគិតពិចារណា ដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយ ដដែលមែនទេ? តើអ្នករាល់គ្នានៅតែធ្វើឱ្យខ្ញុំខកចិត្ត និងសោកសៅបន្តទៀតទេ? តើដួងចិត្តអ្នករាល់គ្នា នៅតែស្ទើរក្ដៅស្ទើរត្រជាក់ដដែលមែនទេ? តើអ្នករាល់គ្នានៅតែមិនដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីកម្សាន្តព្រះហឫទ័យខ្ញុំទេឬអី? នៅខណៈនេះ តើអ្នករាល់គ្នាជ្រើសរើសយកអ្វី? តើអ្នករាល់គ្នានឹងចុះចូលនឹងពាក្យរបស់ខ្ញុំ ឬធុញទ្រាន់នឹងពាក្យទាំងអស់នេះ? ពេលវេលារបស់ខ្ញុំ បានបង្ហាញផ្ទាល់នឹងភ្នែករបស់អ្នករាល់គ្នា ហើយអ្វីដែលអ្នករាល់គ្នាប្រឈម គឺជាជីវិតថ្មី និងជាចំណុចចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាថាចំណុចចាប់ផ្តើមនេះ មិនមែនជាការចាប់ផ្តើមនៃការងារថ្មីពីអតីតកាលទេ ប៉ុន្តែជាការបញ្ចប់ការងារចាស់។ មានន័យថា នេះគឺជាសកម្មភាពចុងក្រោយ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាអាចយល់ពីអ្វីដែលមិនប្រក្រតីអំពីចំណុចចាប់ផ្តើមនេះ។ ទោះយ៉ាងណានៅថ្ងៃណាមួយឆាប់ៗនេះ អ្នករាល់គ្នានឹងយល់អត្ថន័យពិតនៃចំណុចចាប់ផ្តើមនេះដូច្នេះ ខ្ញុំនឹងបញ្ចប់កិច្ចការនេះរួមគ្នា ហើយស្វាគមន៍លទ្ធផលចុងក្រោយ ដែលនឹងត្រូវកើតឡើង។ យ៉ាងណាមិញ អ្វីដែលនៅតែធ្វើឱ្យខ្ញុំព្រួយបារម្ភអំពីអ្នករាល់គ្នានោះ គឺនៅពេលដែលអ្នករាល់គ្នាប្រឈមមុខនឹងភាពអយុត្តិធម៌ និងភាពយុត្តិធម៌ អ្នករាល់គ្នាតែងតែជ្រើសរើសយក ជម្រើសទីមួយដដែល។ នោះគ្រាន់តែជា អតីតកាលរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ខ្ញុំក៏សង្ឃឹមថានឹងអាចបំភ្លេចអ្វីៗទាំងអស់ពីអតីតកាលរបស់អ្នករាល់គ្នា ទោះបីវាពិបាកធ្វើក៏ដោយ។ ដូច្នេះ ខ្ញុំមានវិធីល្អក្នុងការដោះស្រាយបញ្ហានេះគឺ៖ យកអនាគត មកជំនួសអតីតកាល ហើយបណ្ដោយឱ្យស្រមោលអតីតកាលរបស់អ្នករាល់គ្នា ត្រូវបណ្ដេញចេញ ជាថ្នូរប្ដូរយកអត្ថិភាពពិតរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ននេះវិញ។ ដូច្នេះខ្ញុំត្រូវតែរំអុកអ្នករាល់គ្នាឱ្យសម្រេចចិត្តជ្រើសរើសម្តងទៀត៖ តើអ្នករាល់គ្នាស្មោះត្រង់នឹងអ្នកណាឱ្យប្រាកដ?
(ដកស្រង់ពី «តើអ្នកស្មោះត្រង់ចំពោះអ្នកណា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
(ក) ត្រឡប់ទៅច្រាំងវិញ៖ សំនួនវោហារចិនមានន័យថា «ងាកចេញពីផ្លូវអាក្រក់របស់ខ្លួន»។
៦៣៥. យុវវ័យមិនគួរគ្មានឧត្តមគតិ ក្ដីប្រាថ្នា និងបំណងដ៏ក្លៀវក្លា ក្នុងការធ្វើខ្លួនឱ្យបានល្អប្រសើរនោះទេ។ ពួកគេមិនគួរខូចចិត្តចំពោះក្ដីសង្ឃឹមរបស់ខ្លួន ហើយពួកគេក៏មិនត្រូវអស់ក្តីសង្ឃឹមក្នុងជីវិត ឬទំនុកចិត្តលើអនាគតនោះដែរ។ ពួកគេគប្បីមានសេចក្ដីទ្រាំទ្រ ដើម្បីបន្តដើរតាមមាគ៌ានៃសេចក្ដីពិត ដែលពួកគេបានជ្រើសរើសនៅពេលនេះដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ ក្នុងការចំណាយពេលពេញមួយជីវិតរបស់ពួកគេសម្រាប់ខ្ញុំ។ ពួកគេមិនគួរគ្មានសេចក្ដីពិត ហើយពួកគេក៏មិនគួរលាក់ភាពពុតត្បុត និងសេចក្ដីទុច្ចរិតដែរ ពួកគេគួរប្រកាន់គោលជំហរម៉ឺងម៉ាត់ក្នុងឥរិយាបថដែលត្រឹមត្រូវ។ ពួកគេមិនគួរបណ្ដែតបណ្ដោយខ្លួន ឱ្យរសាត់អណ្ដែតគ្មានគោលដៅនោះទេ ប៉ុន្តែពួកគេគួរតែមានស្មារតីហ៊ានធ្វើពលីកម្មនិងតស៊ូ ដើម្បីយុត្តិធម៌និងសេចក្ដីពិត។ យុវជនគួរតែមានភាពក្លាហាន មិនចុះចាញ់ចំពោះការជិះជាន់ ដោយកម្លាំងនៃភាពងងឹត និងដើម្បីបំប្លែងសារៈសំខាន់នៃអត្ថិភាពរបស់ពួកគេ។ យុវជនមិនគួរចុះចាញ់សត្រូវរបស់ខ្លួនឡើយ តែពួកគេគួរបើកចិត្តឱ្យទូលាយ និងស្មោះត្រង់ ក្នុងស្មារតីអធ្យាស្រ័យចំពោះបងប្អូនរបស់ខ្លួន។ ជាការពិត ទាំងនេះគឺជាការតម្រូវរបស់ខ្ញុំ សម្រាប់មនុស្សគ្រប់គ្នា និងជាដំបូន្មានរបស់ខ្ញុំសម្រាប់មនុស្សគ្រប់គ្នា។ លើសពីនេះទៀត ទាំងនេះគឺជាព្រះបន្ទូលលួងលោមដល់យុវជនទាំងអស់គ្នា។ អ្នករាល់គ្នាគួរតែប្រតិបត្តិស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ ជាពិសេស យុវជនមិនគួរគ្មានការប្តេជ្ញាចិត្ត ប្រើការវិនិច្ឆ័យលើបញ្ហានានា និងស្វែងរកយុត្តិធម៌ ព្រមទាំងសេចក្ដីពិតនោះទេ។ អ្នករាល់គ្នាគួរតែស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អប្រពៃ ហើយអ្នកគួរតែទទួលបានការពិតនៃរឿងរ៉ាវវិជ្ជមានទាំងអស់។ អ្នកគួរតែទទួលខុសត្រូវចំពោះជីវិតរបស់អ្នក ហើយអ្នកមិនត្រូវមើលស្រាលវាឡើយ។ មនុស្សកើតមកនៅលើផែនដីនេះ ហើយវាកម្របានជួបខ្ញុំណាស់ ហើយវាក៏កម្រមានឱកាសស្វែងរក និងទទួលបានសេចក្ដីពិតដែរ។ ហេតុអ្វីបានជាអ្នក មិនផ្តល់រង្វាន់ដល់ពេលវេលាដ៏ស្រស់ត្រកាលនេះ ជាផ្លូវដ៏ត្រឹមត្រូវដើម្បីស្វះស្វែងនៅក្នុងជីវិតនេះ? ហើយហេតុអ្វីបានជាអ្នកតែងតែទាត់ចោលសេចក្ដីពិត និងសេចក្ដីយុត្តិធម៌? ហេតុអ្វីបានជាអ្នកតែងតែជាន់ឈ្លី និងបំផ្លាញខ្លួនឯងដើម្បីអំពើទុច្ចរិត និងភាពកខ្វក់ដែលលលេងជាមួយមនុស្ស? ហើយហេតុអ្វីបានជាអ្នកប្រព្រឹត្តដូចមនុស្សចាស់ទាំងនោះ ដែលប្រឡូកប្រឡាក់ក្នុងអ្វីដែលជនទុច្ចរិតតែងតែធ្វើ? ហេតុអ្វីបានជាអ្នកធ្វើត្រាប់តាមរបៀបចាស់នៃរឿងរ៉ាវចាស់ៗ? ជីវិតរបស់អ្នករាល់គ្នាគួរតែពោរពេញដោយសេចក្ដីយុត្តិធម៌ សេចក្ដីពិត និងភាពបរិសុទ្ធ។ ជីវិតរបស់អ្នកមិនគួរគ្មានសីលធម៌ទាំងវ័យក្មេងបែបនេះ ដែលនាំឱ្យអ្នកធ្លាក់ចូលក្នុងស្ថានឃុំព្រលឹងទេ។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា នេះអាចជាឧបទ្រពចង្រៃដ៏អាក្រក់ទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា នេះជាអំពើអយុត្តិធម៌យ៉ាងអាក្រក់ទេឬ?
អ្នករាល់គ្នាគួរតែធ្វើការងារដែលល្អឥតខ្ចោះបំផុតរបស់ខ្លួន ហើយថ្វាយការងារនោះជាយញ្ញបូជានៅលើអាសនារបស់ខ្ញុំ ដោយធ្វើឱ្យការងារនោះក្លាយជាយញ្ញបូជាដែលមានន័យជ្រាលជ្រៅ ពិសេសប្លែកគេ ដែលអ្នករាល់គ្នាបានធ្វើថ្វាយខ្ញុំ។ អ្នករាល់គ្នាគួរតែប្រកាន់គោលជំហរម៉ឺងម៉ាត់នៅក្នុងជំហរផ្ទាល់ខ្លួន និងមិនត្រូវរេតាមខ្យល់បក់បោក ដូចជាពពកនៅលើមេឃនោះឡើយ។ អ្នកខំប្រឹងធ្វើការអស់ពាក់កណ្តាលជីវិតហើយ ដូច្នេះហេតុអ្វីបានជាអ្នកមិនស្វែងរកទិសដៅដែលអ្នកគួរមាន? អ្នកពុះពារធ្វើការលំបាកអស់ពាក់កណ្ដាលជីវិតហើយ តែអ្នកបណ្ដោយឱ្យឪពុកម្តាយ ដែលដូចជាជ្រូក និងឆ្កែរបស់អ្នក ទាញសេចក្ដីពិត និងសារៈសំខាន់នៃអត្ថិភាពបុគ្គលរបស់អ្នក ចូលទៅក្នុងផ្នូរខ្មោច។ តើអ្នករាល់គ្នាមិនគិតថា នេះជាអំពើអយុត្តិធម៌ដ៏ធំធេង លើអ្នករាល់គ្នាទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា ការដឹកនាំជីវិតរបៀបនេះ ពិតជាគ្មានន័យទាល់តែសោះទេឬអី? ការស្វែងរកសេចក្ដីពិត និងមាគ៌ាដ៏ត្រឹមត្រូវរបៀបនេះ នឹងបណ្តាលឱ្យមានបញ្ហាដែលធ្វើឱ្យអ្នកជិតខាងមានអារម្មណ៍ចង្អៀតចង្អល់ ហើយក្រុមគ្រួសារទាំងមូលមិនសប្បាយចិត្ត ហើយវានឹងនាំឱ្យមានគ្រោះមហន្ដរាយដល់បាត់បង់ជីវិត។ ប្រសិនបើអ្នករាល់គ្នារស់នៅរបៀបនេះ តើវាមិនស្មើនឹងរស់នៅក្នុងជីវិតដែលគ្មានន័យខ្លឹមសារទេឬអី? តើជីវិតនរណាដែលអាចមានសំណាងជាងជីវិតរបស់អ្នករាល់គ្នា? ហើយតើជីវិតនរណាដែលគួរឱ្យអស់សំណើចជាងជីវិតរបស់អ្នករាល់គ្នា? តើអ្នករាល់គ្នាមិនព្យាយាមស្វែងរកខ្ញុំ ដើម្បីទទួលបានសេចក្តីអំណរ និងព្រះបន្ទូលលួងលោមពីខ្ញុំសម្រាប់អ្នករាល់គ្នាទេឬ? ប៉ុន្តែ បន្ទាប់ពីអ្នករាល់គ្នា បានរត់ឆ្លេឆ្លាចុះឡើងអស់ពាក់កណ្ដាលជីវិត ទើបអ្នកមកបង្កហេតុ រហូតដល់ធ្វើឱ្យខ្ញុំខ្ញាល់យ៉ាងខ្លាំង និងមិនយកព្រះហឫទ័យទុកដាក់ចំពោះអ្នក ឬសរសើរអ្នក តើនេះមិនមានន័យថា ជីវិតទាំងមូលរបស់អ្នកក្លាយជាអសារឥតការអស់ហើយទេឬអី? តើអ្នករាល់គ្នានៅមានមុខឯណា ទៅជួបព្រលឹងនៃសន្តបុគ្គលទាំងឡាយគ្រប់ជំនាន់ ដែលត្រូវបានដោះលែងពីស្ថានឃុំព្រលឹងនោះ? អ្នករាល់គ្នាព្រងើយកន្តើយចំពោះខ្ញុំ ហើយនៅទីបញ្ចប់ អ្នកបង្កហេតុឱ្យមានគ្រោះមហន្ដរាយធ្ងន់ធ្ងរ វាជាការប្រសើរដែលត្រូវទាញយកផលប្រយោជន៍ពីឱកាសនេះ ហើយធ្វើដំណើរដោយសប្បាយរីករាយ ឆ្លងកាត់មហាសមុទ្រដ៏ធំល្វឹងល្វើយ ហើយបន្ទាប់មកស្ដាប់បង្គាប់តាម «កិច្ចការរបស់ខ្ញុំ»។ ខ្ញុំបានមានបន្ទូលប្រាប់អ្នករាល់គ្នាជាយូរមកហើយថា បច្ចុប្បន្ននេះ អ្នករាល់គ្នាធ្វើព្រងើយកន្តើយដាក់ខ្ញុំ ហើយបើសិនជាអ្នករាល់គ្នាមិនព្រមបោះបង់ចោលភាពព្រងើយកន្តើយនេះទេ នោះនៅទីបញ្ចប់ អ្នករាល់គ្នានឹងត្រូវស្រូបយកនិងលេបត្របាក់ដោយរលកដែលខ្ញុំបង្កើតឡើង។ តើអ្នករាល់គ្នាអាចការពារខ្លួនឯងបានទេ? តើអ្នកពិតជាជឿជាក់ថា វិធីសាស្ត្រនៃការស្វះស្វែងរបស់អ្នកនាពេលបច្ចុប្បន្ននឹងធានាថា អ្នករាល់គ្នាត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ? តើដួងចិត្តរបស់អ្នករាល់គ្នាមិនរឹងពេកទេឬ? ការប្រតិបត្តិប្រភេទនេះ ការស្វះស្វែងប្រភេទនេះ ជីវិតប្រភេទនេះ និងចរិតប្រភេទនេះតើវាអាចទទួលបានការសរសើរពីខ្ញុំដូចម្តេចកើត?
(ដកស្រង់ពី «ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣៦. ព្រះជាម្ចាស់មិនចង់យកឈ្នះមនុស្សតាមរយៈការវាយផ្ចាលទេ ហើយទ្រង់ក៏មិនចង់ដឹកនាំមនុស្សដោយខ្លុះច្រមុះជានិច្ចនោះដែរ។ ទ្រង់ចង់ឱ្យមនុស្សស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ និងធ្វើការឱ្យមានវិន័យ ហើយបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់តាមរយៈការនេះ។ ប៉ុន្តែមនុស្សគ្មានភាពអាម៉ាស់ ហើយបះបោរទាស់នឹងទ្រង់ជានិច្ច។ ខ្ញុំជឿថា វាជាការល្អបំផុតសម្រាប់ពួកយើងក្នុងការរកវិធីដ៏សាមញ្ញបំផុតដើម្បីបំពេញព្រះហឫទ័យទ្រង់ ពោលគឺដើម្បីស្ដាប់បង្គាប់តាមការរៀបចំទាំងអស់របស់ទ្រង់។ ប្រសិនបើអ្នកអាចសម្រេចបានបែបនេះពិតប្រាកដមែន អ្នកនឹងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍។ តើនេះមិនមែនជារឿងដែលងាយស្រួល និងរីករាយទេឬ? ចូរដើរលើផ្លូវដែលអ្នកគួរតែដើរ កុំយកចិត្តទុកដាក់នឹងអ្វីៗដែលអ្នកដទៃនិយាយ ហើយកុំគិតច្រើនពេក។ តើអនាគត និងវាសនារបស់អ្នក ស្ថិតនៅក្នុងដៃរបស់អ្នកផ្ទាល់ដែរឬទេ? អ្នកតែងតែព្យាយាមរត់គេច ដោយចង់ដើរតាមផ្លូវខាងលោកិយវិញ ប៉ុន្តែហេតុអ្វីបានជាអ្នកមិនអាចចេញបាន? ហេតុអ្វីបានជាអ្នករេរានៅត្រង់ផ្លូវបំបែកអស់ជាច្រើនឆ្នាំ ហើយបន្ទាប់មកអ្នកបញ្ចប់ដោយការជ្រើសរើសផ្លូវនេះម្ដងទៀត? បន្ទាប់ពីត្រាច់ចរអស់ជាច្រើនឆ្នាំមក ហេតុអ្វីបានជាឥឡូវនេះ អ្នកត្រឡប់មកផ្ទះនេះវិញទោះខ្លួនអ្នកខំទប់យ៉ាងណាក៏ដោយ? តើវាស្រេចតែអ្នកមែនឬ? សម្រាប់អ្នកដែលនៅក្នុងអូរនេះ ប្រសិនបើអ្នកមិនជឿខ្ញុំទេ សូមស្ដាប់ចុះ៖ ប្រសិនបើអ្នកប្រុងនឹងចាកចេញ ចូរមើលថាតើព្រះជាម្ចាស់អនុញ្ញាតឱ្យអ្នកទៅឬអត់ មើលថាតើព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តអ្នកបែបណា ចូរដកពិសោធន៍វាដោយខ្លួនឯងចុះ។ និយាយឱ្យត្រង់ទៅ ទោះបីជាអ្នកជួបសំណាងអាក្រក់ក៏ដោយ ក៏អ្នកត្រូវតែទទួលវានៅក្នុងអូរនេះ ហើយប្រសិនបើមានការរងទុក្ខ អ្នកត្រូវតែទទួលរងនៅទីនេះក្នុងថ្ងៃនេះ។ អ្នកមិនអាចទៅកន្លែងផ្សេងបានទេ។ តើអ្នកច្បាស់ហើយឬនៅ? តើអ្នកនឹងទៅទីណា? នេះជាបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់។ តើអ្នកគិតថា ព្រះជាម្ចាស់ជ្រើសរើសក្រុមមនុស្សនេះ គ្មានន័យអ្វីទេឬ? នៅក្នុងកិច្ចការរបស់ទ្រង់សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនចេះតែខឹងក្រោធដោយងាយនោះទេ ប៉ុន្តែប្រសិនបើមនុស្សព្យាយាមបង្អាក់ផែនការរបស់ទ្រង់ នោះព្រះភក្ត្ររបស់ទ្រង់ក៏ផ្លាស់ប្ដូរភ្លាមពីភ្លឺថ្លាទៅជាអាប់អួរ។ ដូច្នេះ ខ្ញុំសូមទូន្មានអ្នកឱ្យស្រុះស្រួល ហើយចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឱ្យទ្រង់ធ្វើឱ្យអ្នកពេញខ្នាត។ មានតែមនុស្សដែលធ្វើបែបនេះទេទើបហៅថាឆ្លាត។
(ដកស្រង់ពី «ផ្លូវ ... (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣៧. ទិសដៅ និងវាសនារបស់អ្នក មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា គឺវាសំខាន់ខ្លាំង។ អ្នករាល់គ្នាជឿថា ប្រសិនបើអ្នកមិនធ្វើអ្វីដោយយកចិត្តទុកដាក់ខ្ពស់ទេ វានឹងមានន័យថា អ្នកឈប់មានទិសដៅ ហើយថា អ្នកបានបំផ្លាញវាសនារបស់អ្នកហើយ។ ប៉ុន្តែតើវាធ្លាប់កើតឡើងចំពោះអ្នករាល់គ្នាទេ ដែលថាមនុស្សដែលខិតខំប្រឹងប្រែងដើម្បីតែទិសដៅរបស់ពួកគេ គឺកំពុងធ្វើការដោយឥតប្រយោជន៍នោះ? ការខិតខំបែបនេះមិនមានភាពពិតប្រាកដទេ ជាការខិតខំក្លែងក្លាយ និងបោកបញ្ឆោត។ ប្រសិនបើដូច្នោះមែន នោះអ្នកដែលធ្វើការដើម្បីតែទិសដៅរបស់ពួកគេ គឺស្ថិតនៅក្នុងកម្រិតនៃការបរាជ័យចុងក្រោយរបស់ពួកគេ ដ្បិតបរាជ័យក្នុងជំនឿរបស់មនុស្សម្នាក់ទៅលើព្រះជាម្ចាស់ គឺបណ្តាលមកពីការបោកបញ្ឆោត។ ខ្ញុំធ្លាប់បានព្រះបន្ទូលពីមុនហើយថា ខ្ញុំមិនចូលចិត្តមានការអែបអប ឬលុតក្រាប ឬប្រព្រឹត្តចំពោះខ្ញុំដោយភាពស្ងើចសរសើរនោះទេ។ ខ្ញុំសព្វព្រះទ័យចំពោះមនុស្សស្មោះត្រង់ ដើម្បីទទួលនូវសេចក្ដីពិត និងការរំពឹងទុករបស់ខ្ញុំ។ លើសពីនេះទៅទៀត ខ្ញុំសព្វព្រះទ័យនៅពេលដែលមនុស្សអាចបង្ហាញការយកចិត្តទុកដាក់ និងការគិតពិចារណាខ្លាំងបំផុតចំពោះដួងព្រះហឫទ័យរបស់ខ្ញុំ ហើយនិងពេលដែលពួកគេថែមទាំងអាចលះបង់អ្វីគ្រប់យ៉ាងដើម្បីជាប្រយោជន៍ដល់ខ្ញុំ។ មានតែវិធីនេះទេ ដែលអាចធ្វើឱ្យដួងព្រះហឫទ័យខ្ញុំបានធូរស្បើយ។ ឥឡូវនេះ តើមានរឿងរ៉ាវប៉ុន្មានរបស់អ្នករាល់គ្នា ដែលខ្ញុំមិនសព្វព្រះទ័យ? តើមានរឿងរ៉ាវប៉ុន្មានរបស់អ្នករាល់គ្នា ដែលខ្ញុំសព្វព្រះទ័យ? តើអាចថា មកពីក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់បានដឹងពីការបើកសម្ដែងចេញនូវភាពស្មោកគ្រោកផ្សេងៗដែលអ្នករាល់គ្នាបានធ្វើ ដើម្បីតែទិសដៅរបស់ខ្លួន ទេដឹង?
ក្នុងចិត្តខ្ញុំ ខ្ញុំមិនចង់ធ្វើឱ្យឈឺចាប់ដល់ដួងចិត្តនរណាម្នាក់ ដែលមានភាពវិជ្ជមាននិងសេចក្ដីប្រាថ្នាចង់បាន ហើយខ្ញុំកាន់តែមិនចង់ឱ្យថាមពលរបស់នរណាម្នាក់ ដែលបំពេញកាតព្វកិច្ចរបស់ខ្លួនដោយស្មោះត្រង់ មានការធ្លាក់ចុះនោះឡើយ។ ទោះយ៉ាងណា ខ្ញុំត្រូវតែរំលឹកអ្នករាល់គ្នាម្នាក់ៗពីភាពមិនគ្រប់គ្រាន់របស់អ្នក និងពីព្រលឹងដែលស្មោកគ្រោក ដែលស្ថិតនៅក្នុងជម្រៅជ្រៅបំផុតនៃដួងចិត្តរបស់អ្នករាល់គ្នា។ ខ្ញុំធ្វើដូច្នេះ ដោយសង្ឃឹមថាអ្នករាល់គ្នានឹងអាចថ្វាយនូវដួងចិត្តដ៏ពិតរបស់អ្នក ក្នុងការចូលមកកាន់ព្រះបន្ទូលរបស់ខ្ញុំដោយផ្ទាល់ ព្រោះអ្វីដែលខ្ញុំស្អប់បំផុត គឺការបោកបញ្ឆោតរបស់មនុស្សចំពោះខ្ញុំ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ អ្នករាល់គ្នានឹងអាចផ្តល់ឱ្យនូវស្នាដៃដ៏លេចធ្លោបំផុតរបស់អ្នក ហើយអ្នកនឹងលះបង់ខ្លួនឯងអស់ពីដួងចិត្ត ហើយលែងមានបេះដូងមួយចំហៀងទៀតហើយ។ ជាការពិត ខ្ញុំក៏សង្ឃឹមថាអ្នករាល់គ្នា អាចមានទិសដៅល្អទាំងអស់គ្នា។ ទោះយ៉ាងណា ខ្ញុំនៅតែមានសេចក្ដីតម្រូវរបស់ខ្ញុំ ដែលសម្រាប់អ្នករាល់គ្នាធ្វើការសម្រេចចិត្តដ៏ល្អបំផុត ក្នុងការថ្វាយដល់ខ្ញុំ នូវការលះបង់តែមួយ និងចុងក្រោយរបស់អ្នក។ ប្រសិនបើនរណាម្នាក់មិនមានការលះបង់តែមួយនោះទេ នោះគេប្រាកដជាជាកម្មសិទ្ធិរបស់សាតាំងហើយខ្ញុំនឹងមិនទុកគេប្រើទៀតទេ ប៉ុន្តែនឹងបញ្ជូនគេទៅផ្ទះ ដើម្បីទទួលការមើលថែពីសំណាក់ឪពុកម្តាយរបស់គេ។
(ដកស្រង់ពី «អំពីទិសដៅ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣៨. នៅថ្ងៃអនាគត មិនថាអ្នករាល់គ្នាទទួលបានព្រះពរ ឬត្រូវបណ្ដាសា នោះអ្នកនឹងត្រូវសម្រេចដោយផ្អែកលើសកម្មភាព និងឥរិយាបថរបស់អ្នករាល់គ្នានៅថ្ងៃនេះ។ ប្រសិនបើអ្នកត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ វាត្រូវតែនៅពេលនេះ ក្នុងសម័យនេះ។ វានឹងមិនមានឱកាសផ្សេងទៀតនាពេលអនាគតឡើយ។ ព្រះជាម្ចាស់ពិតជាចង់ប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍នាពេលឥឡូវនេះ ហើយនេះមិនមែនជាការបញ្ចេញវោហារឡើយ។ នៅថ្ងៃអនាគត មិនថាទុក្ខលំបាកអ្វីកើតមានចំពោះអ្នក មិនថាមានព្រឹត្តិការណ៍អ្វីកើតឡើង ឬគ្រោះមហន្តរាយអ្វីដែលអ្នកជួបប្រទះនោះទេ ក៏ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ នេះគឺជាការពិតដ៏ច្បាស់លាស់ និងមិនអាចប្រកែកបាន។ តើគេអាចមើលឃើញវានៅទីណា? វាអាចត្រូវបានមើលឃើញនៅក្នុងការពិតដែលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈយុគសម័យ និងជំនាន់នានា មិនដែលឈានដល់កម្ពស់ដ៏មហិមា ដូចវាមាននៅថ្ងៃនេះទេ។ វាបានឈានចូលក្នុងពិភពដ៏ខ្ពស់បំផុត ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលើមនុស្សជាតិទាំងអស់នាពេលបច្ចុប្បន្ននេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។ កម្រមាននរណាម្នាក់ពីជំនាន់មុនៗ ធ្លាប់មានបទពិសោធបែបនេះឡើយ។ ទោះបីនៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ ក៏ការបើកសម្តែងអំពីពេលបច្ចុប្បន្ន មិនធ្លាប់កើតមានដែរ។ ព្រះបន្ទូលដែលត្រូវបានមានបន្ទូលទៅកាន់អ្នករាល់គ្នា អ្វីដែលអ្នកយល់ និងបទពិសោធន៍របស់អ្នកបានឈានដល់ចំណុចកំពូលថ្មីហើយ។ នៅក្នុងពេលនៃការកាត់ក្តី និងការដាក់ទោស អ្នករាល់គ្នាមិនចាកចេញឡើយ ហើយនេះគឺជាភស្ដុតាងដ៏គ្រប់គ្រាន់ដែលបង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់បានទទួលនូវភាពត្រចះត្រចង់ដែលមិនធ្លាប់មានពីមុនមកឡើយ។ នេះមិនមែនជាអ្វីដែលមនុស្សអាចធ្វើបានទេ ហើយក៏មិនមែនជាអ្វីដែលមនុស្សថែរក្សាបានដែរ។ ផ្ទុយទៅវិញ នេះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុដូច្នេះ ចេញពីភាពពិតជាច្រើននៃកិច្ចការរបស់ព្រះជាម្ចាស់ វាអាចត្រូវបានមើលឃើញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ ហើយទ្រង់ពិតជាអាចបំពេញបង្រ្គប់អ្នករាល់គ្នាបាន។ ប្រសិនបើអ្នករាល់គ្នាមានការយល់ដឹងបែបនេះ ហើយទទួលបានរបកគំហើញថ្មីនេះ នោះអ្នកនឹងមិនរង់ចាំការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវឡើយ។ ផ្ទុយទៅវិញ អ្នកនឹងអនុញ្ញាតឱ្យព្រះជាម្ចាស់ប្រោសអ្នករាល់គ្នាបានពេញខ្នាត នៅក្នុងសម័យបច្ចុប្បន្ននេះ។ ដូច្នេះ អ្នករាល់គ្នាគួរតែខិតខំឱ្យអស់ពីសមត្ថភាពរបស់អ្នក ដោយកុំសំចៃឡើយ ដើម្បីឱ្យអ្នកអាចត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។
(ដកស្រង់ពី «អំពីមនុស្សរាល់គ្នាដែលបំពេញមុខងាររបស់ពួកគេ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៣៩. ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សគ្រប់គ្នាបានគ្រប់លក្ខណ៍ ឱ្យទ្រង់ទទួលបានមនុស្សគ្រប់គ្នានៅទីបំផុត ឱ្យមនុស្សគ្រប់គ្នាត្រូវបានសម្អាតដោយសារទ្រង់ និងឱ្យគេក្លាយជាមនុស្សដែលទ្រង់សព្វព្រះហឫទ័យ។ បញ្ហាវាមិនមែនថា តើខ្ញុំមានព្រះបន្ទូលថាអ្នករាល់គ្នាអន់ថយ ឬក៏មានគុណសម្បត្តិទាបនោះទេ។ នេះគឺជាតថភាពទាំងស្រុង។ ព្រះបន្ទូលរបស់ខ្ញុំបែបនេះ ពុំបញ្ជាក់ថាខ្ញុំចង់បោះបង់អ្នករាល់គ្នាចោល ថាខ្ញុំបានបាត់បង់សេចក្ដីសង្ឃឹមចំពោះអ្នករាល់គ្នានោះទេ ក៏មិនមែនថាខ្ញុំមិនអាចសង្គ្រោះអ្នករាល់គ្នាបាននោះដែរ។ សព្វថ្ងៃនេះ ខ្ញុំបានយាងមកបំពេញកិច្ចការនៃសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដែលមានន័យថា កិច្ចការដែលខ្ញុំធ្វើ គឺជាការបន្តកិច្ចការនៃសេចក្ដីសង្គ្រោះ។ មនុស្សគ្រប់គ្នាមានឱកាសក្នុងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍៖ ប្រសិនបើអ្នកសុខចិត្ត ប្រសិនបើអ្នកស្វែងរក នៅទីបំផុតអ្នកនឹងអាចសម្រេចបានលទ្ធផលនេះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមអ្នក នឹងត្រូវបោះបង់ចោលឡើយ។ ប្រសិនបើអ្នកមានគុណសម្បត្តិទាប នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមគុណសម្បត្តិអន់ខ្សោយរបស់អ្នកដែរ។ ប្រសិនបើអ្នកមានគុណសម្បត្តិខ្ពស់ នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នក នឹងស្របទៅតាមគុណសម្បត្តិខ្ពស់របស់អ្នកដែរ។ ប្រសិនបើអ្នកល្ងង់ខ្លៅ និងអវិជ្ជា នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមភាពអវិជ្ជារបស់អ្នក។ ប្រសិនបើអ្នកចេះដឹង នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមការចេះដឹងរបស់អ្នកដែរ។ ប្រសិនបើអ្នកចាស់ទុំ នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នក នឹងស្របទៅតាមវ័យរបស់អ្នកដែរ។ ប្រសិនបើអ្នកអាចផ្ដល់បដិសណ្ឋារកិច្ចបាន នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមសមត្ថភាពនេះដែរ។ ប្រសិនបើអ្នកនិយាយថា អ្នកមិនអាចផ្ដល់បដិសណ្ឋារកិច្ចបាន និងអាចបំពេញត្រឹមមុខងារជាក់លាក់ណាមួយ មិនថាវាជាការផ្សាយដំណឹងល្អ ឬមើលថែទាំពួកជំនុំ ឬក៏ចូលរួមក្នុងកិច្ចការទូទៅរបស់អ្នកដទៃនោះទេ ការប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍នឹងស្របទៅតាមមុខងារដែលអ្នកធ្វើ។ ការដែលស្មោះត្រង់ ការដែលស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ និងការដែលស្វែងរកដើម្បីមានសេចក្ដីស្រឡាញ់ដ៏អស្ចារ្យចំពោះព្រះជាម្ចាស់ ទាំងនេះគឺជាកិច្ចការដែលអ្នកត្រូវសម្រេចឱ្យបាន ហើយពុំមានការអនុវត្តណាដែលល្អប្រសើរជាងកិច្ចការទាំងបីនេះទេ។ ចុងក្រោយ មនុស្សត្រូវតម្រូវឱ្យសម្រេចនូវចំណុចទាំងបីនេះ ហើយប្រសិនបើគេអាចសម្រេចកិច្ចការទាំងនេះបាន នោះគេនឹងត្រូវធ្វើឱ្យបានគ្រប់លក្ខណ៍។ ក៏ប៉ុន្តែ ក្រៅពីនេះ អ្នកត្រូវស្វែងរកដោយពិតប្រាកដ អ្នកត្រូវស្វែងរកសេចក្ដីខាងមុខទៀត និងសេចក្ដីដែលប្រសើរជាងនេះដោយសកម្ម និងមិនត្រូវអកម្មនៅក្នុងកិច្ចការទាំងនេះឡើយ។ ខ្ញុំបានមានព្រះបន្ទូលហើយថា មនុស្សគ្រប់រូបសុទ្ធតែមានឱកាសដើម្បីទទួលបានការប្រោសឱ្យបានគ្រប់លក្ខណ៍ និងមានលទ្ធភាពអាចត្រូវត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយនេះជាការពិត ប៉ុន្តែអ្នកមិនព្យាយាមចង់ធ្វើឱ្យបានល្អនៅក្នុងការស្វែងរករបស់អ្នកផ្ទាល់ឡើយ។ ប្រសិនបើអ្នកមិនសម្រេចនូវលក្ខខណ្ឌទាំងបីនេះទេ នោះនៅទីបំផុត អ្នកនឹងត្រូវផាត់ចោលជាមិនខាន។ ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាដេញតាមឱ្យទាន់ ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាមានកិច្ចការ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ និងអាចស្ដាប់បង្គាប់បានរហូតដល់ទីបញ្ចប់ ដ្បិតនេះគឺជាភារកិច្ចដែលអ្នករាល់គ្នាគប្បីធ្វើ។ នៅពេលដែលអ្នករាល់គ្នាបានបំពេញភារកិច្ចរបស់អ្នករាល់គ្នាហើយ នោះអ្នករាល់គ្នានឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយអ្នកក៏នឹងមាននូវទីបន្ទាល់លាន់ឮកងរំពងផងដែរ។ អស់អ្នកដែលមានទីបន្ទាល់ គឺជាអស់អ្នកដែលបានទទួលជ័យជម្នះលើសាតាំង និងទទួលបានការសន្យាររបស់ព្រះជាម្ចាស់ ហើយពួកគេគឺជាមនុស្សដែលនឹងត្រូវបន្តរស់នៅក្នុងទិសដៅដ៏អស្ចារ្យនេះ។
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៤០. មនុស្សជាតិមិនដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ ដ្បិតគេបានបែរចេញពីការទំនុកបម្រុងខាងជីវិតពីព្រះដ៏មានគ្រប់ចេស្ដា តែយ៉ាងណា ក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដដែល។ ពួកគេគ្មានការជួយ ឬការជ្រោមជ្រែងអ្វីឡើយ តែនៅស្ទាក់ស្ទើរមិនព្រមបិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំខ្លួនឯងឱ្យបន្តរស់នៅក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ ជាសំបកខាងសាច់ឈាមដែលមិនដឹងអ្វីសោះអំពីព្រលឹងរបស់ខ្លួន។ អ្នករស់នៅមិនខុសពីអ្នកដទៃទេ គឺគ្មានក្តីសង្ឃឹម និងគ្មានគោលដៅអ្វីឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការយាងមកដល់របស់ទ្រង់ ទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ មកទល់នឹងពេលនេះ ក្នុងចំណោមមនុស្សដែលខ្វះសតិសម្បជញ្ញៈ គឺគ្មាននរណាស្គាល់ជំនឿបែបនេះឡើយ។ ទោះបែបនេះក្តី ក៏មនុស្សនៅតែចង់បានជីវិតបែបនេះដដែល។ ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំង ហើយស្របពេលនោះដែរ ទ្រង់ហត់នឿយនឹងអ្នកដែលខ្វះសតិសម្បជញ្ញៈ ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ។ ទ្រង់ប្រាថ្នាស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឱ្យអ្នក ហើយដាស់អ្នកឱ្យភ្ញាក់ដើម្បីកុំឱ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ក្រៀមក្រំអស់សង្ឃឹមនៅក្នុងពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ។ ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំដូចដើមវិញ៖ នៅពេលអ្នកដឹងខ្លួនថាអ្នកមកអំពីព្រះជាម្ចាស់ ដឹងថាអ្នកបានវង្វេងទិសដៅរបស់អ្នកនៅពេលណាមួយមិនប្រាកដ ដឹងថាអ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវនៅពេលណាមួយមិនប្រាកដ ហើយរកបាន «ឪពុក» ម្នាក់នៅពេលណាមួយមិនប្រាកដ នោះអ្នកនឹងដឹងថា ព្រះដ៏មានគ្រប់ចេស្ដាកំពុងឃ្លាំមើល និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះ ជាយូរណាស់មកហើយ។ ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាម និងការរង់ចាំរបស់ទ្រង់មានតម្លៃហួសប្រមាណ ហើយការចាំយាមនេះ គឺដើម្បីតែដួងចិត្ត និងវិញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ប្រហែលជាការចាំយាម និងការរង់ចាំរបស់ទ្រង់គ្មានដែនកំណត់ឡើយ ហើយទាំងនេះក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា។
(ដកស្រង់ពី «ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៤១. សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ជ្រាបចូលក្នុងគ្រប់សេចក្ដីពិស្ដារនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាមនុស្សមិនអាចយល់ពីព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបន្តធ្វើកិច្ចការដែលទ្រង់តាំងព្រះហឫទ័យសម្រេចឱ្យទាល់តែបាន ដោយមិនហត់នឿយឡើយ។ ទោះបីជាមនុស្សយល់ពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់តិច ឬច្រើនយ៉ាងណា ក៏គ្រប់គ្នានៅឱ្យតម្លៃជំនួយ និងអត្ថប្រយោជន៍ដែលគេទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ មកដល់ថ្ងៃនេះ អ្នកប្រហែលជាមិនទាន់ស្គាល់អំពីក្ដីស្រឡាញ់ និងជីវិតដែលព្រះជាម្ចាស់ប្រទានឱ្យគេ ប៉ុន្តែដរាបណាអ្នកមិនបោះបង់ព្រះជាម្ចាស់ និងមិនបោះបង់ការតាំងចិត្តតាមរកសេចក្ដីពិតទេនោះ គង់មានថ្ងៃមួយ ព្រះជាម្ចាស់នឹងឱ្យអ្នកបានឃើញស្នាមញញឹមរបស់ទ្រង់ជាមិនខាន។ គោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺសង្គ្រោះមនុស្សដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់សាតាំងយកមកវិញ មិនមែនបោះបង់មនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយទាស់ទទឹងនឹងទ្រង់នោះទេ។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៤២. ខណៈពេលដែលព្រះជាម្ចាស់កំពុងធ្វើកិច្ចការសង្គ្រោះ បុគ្គលគ្រប់រូបដែលអាចបានសង្គ្រោះ នឹងត្រូវបានសង្គ្រោះ យ៉ាងអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ ដ្បិតគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីសង្គ្រោះដល់មនុស្សលោក។ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្សលោក មនុស្សណាដែលមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរនូវនិស្ស័យរបស់ពួកគេ និងមនុស្សណាដែលមិនអាចចុះចូលចំពោះព្រះជាម្ចាស់បានទាំងស្រុង នឹងក្លាយជាកម្មវត្ថុសម្រាប់ការដាក់ទោស។ កិច្ចការនៃព្រះបន្ទូលដែលជាកិច្ចការក្នុងដំណាក់កាលនេះ នឹងបើកបង្ហាញដល់មនុស្សនូវផ្លូវ និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនយល់ ដើម្បីឱ្យពួកគេអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវដែលព្រះជាម្ចាស់ទាមទារពួកគេ និងដើម្បីឱ្យពួកគេអាចមានលក្ខណៈចាំបាច់ទុកជាមុន សម្រាប់យកព្រះបន្ទូលទៅអនុវត្ត និងសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ព្រះជាម្ចាស់ប្រើតែព្រះបន្ទូលប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយមិនដាក់ទោសមនុស្ស ចំពោះការបះបោរតួចតាចទេនេះ ក៏ដោយសារតែឥឡូវនេះជាពេលវេលាធ្វើកិច្ចការសង្គ្រោះ។ បើសិនបើមនុស្សរាល់គ្នាដែលបានប្រព្រឹត្ដបែបបះបោរនឹងត្រូវបានដាក់ទោស នោះនឹងគ្មាននរណាម្នាក់មានឱកាសទទួលបានការសង្គ្រោះឡើយ។ គ្រប់គ្នានឹងត្រូវដាក់ទោស ហើយធ្លាក់ចូលក្នុងស្ថានឃុំព្រលឹង។ គោលបំណងនៃព្រះបន្ទូលដែលជំនុំជម្រះមនុស្សលោក គឺដើម្បីឱ្យពួកគេស្គាល់ខ្លួនឯង ហើយចុះចូលចំពោះព្រះជាម្ចាស់ មិនមែនដើម្បីដាក់ទោសពួកគេដោយការជំនុជម្រះបែបនោះឡើយ។ ក្នុងអំឡុងពេលធ្វើកិច្ចការនៃព្រះបន្ទូល មនុស្សជាច្រើននឹងសម្ដែងចេញនូវការបះបោរ និងការរឹងទទឹងរបស់ពួកគេ ព្រមទាំងការមិនស្ដាប់បង្គាប់របស់ពួកគេ ចំពោះព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស។ តែទោះយ៉ាងណាក៏ដោយ ទ្រង់នឹងមិនដាក់ទោសមនុស្សទាំងអស់នេះ មកធ្វើជាលទ្ធផលនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់គ្រាន់តែបោះមនុស្សដែលពុករលួយដល់បណ្ដូលចិត្ត និងមនុស្សដែលមិនអាចត្រូវបានសង្គ្រោះ ទុកទៅម្ខាងសិនប៉ុណ្ណោះ។ ទ្រង់នឹងប្រគល់សាច់ឈាមរបស់ពួកគេទៅឱ្យសាតាំង ហើយក្នុងករណីមួយចំនួនតូច ទ្រង់នឹងបញ្ចប់ជីវិតសាច់ឈាមរបស់ពួកគេ។ មនុស្សដែលនៅសល់នឹងបន្តធ្វើតាម និងឆ្លងកាត់នូវការដោះស្រាយ និងការលួសកាត់។ នៅខណៈពេលកំពុងធ្វើតាម ប្រសិនបើមនុស្សទាំងនេះ នៅតែមិនអាចទទួលយកការដោះស្រាយ និងការលួសកាត់បាន ហើយក្លាយជាកាន់តែអាក្រក់ទៅៗ នោះពួកគេនឹងបាត់បង់ឱកាសទទួលបាននូវសេចក្ដីសង្គ្រោះ។ បុគ្គលណាដែលចុះចូលទទួលការយកឈ្នះដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងមានឱកាសច្រើនសម្រាប់ទទួលបានសេចក្ដីសង្គ្រោះ។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ នឹងបង្ហាញពីសេចក្ដីអត់ឱនជាទីបំផុតរបស់ទ្រង់។ ម្យ៉ាងវិញទៀត ពួកគេនឹងឃើញនូវសេចក្ដីត្រាប្រណីបំផុត។ ដរាបណាមនុស្សងាកចេញពីផ្លូវខុសឆ្គង ហើយដរាបណាពួកគេអាចប្រែចិត្ត នោះព្រះជាម្ចាស់នឹងឱ្យពួកគេនូវឱកាសទទួលបានសេចក្តីសង្គ្រោះពីទ្រង់។ នៅពេលមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់ជាលើកដំបូង ទ្រង់គ្មានបំណងសម្លាប់ពួកគេទេ ផ្ទុយទៅវិញ ទ្រង់ធ្វើសព្វបែបយ៉ាងដែលអាចធ្វើបាន ដើម្បីសង្គ្រោះពួកគេ។ ប្រសិនបើនរណាម្នាក់ពិតជាគ្មានចិត្តចង់បានសេចក្ដីសង្គ្រោះទេ នោះព្រះជាម្ចាស់នឹងបោះចោលពួកគេទៅម្ខាង។ មូលហេតុដែលព្រះជាម្ចាស់យឺតយ៉ាវក្នុងការដាក់ទណ្ឌកម្មមនុស្សមួយចំនួន គឺដោយសារតែទ្រង់ចង់សង្គ្រោះមនុស្សគ្រប់គ្នាដែលអាចទទួលការសង្គ្រោះបាន។ ទ្រង់ជំនុំជម្រះ ទ្រង់បំភ្លឺ និងណែនាំមនុស្សដោយប្រើតែព្រះបន្ទូលប៉ុណ្ណោះ ហើយទ្រង់ក៏មិនប្រើដំបងមកសម្លាប់ពួកគេដែរ។ ការប្រើព្រះបន្ទូល ដើម្បីនាំសេចក្ដីសង្គ្រោះមកឱ្យមនុស្សលោក គឺជាគោលបំណង និងជាសារៈសំខាន់នៃដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦៤៣. នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ មហាសមុទ្រនាំដីល្បាប់ចូលទៅក្នុងស្រែចំការចម្ការ ហើយស្រែចម្ការជន់ទឹកឡើងចូលទៅក្នុងមហាសមុទ្រម្ដងហើយម្ដងទៀត។ ក្រៅពីព្រះអង្គដែលគ្រប់គ្រងលើអ្វីៗទាំងអស់ក្នុងចំណោមរបស់សព្វសារពើ នោះគ្មាននរណាម្នាក់អាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ។ គ្មាននរណាម្នាក់ខ្លាំងពូកែដែលធ្វើការងារ ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ ព្រោះមានមនុស្សតិចតួចណាស់ដែលអាចដឹកនាំពូជមនុស្សនេះឆ្ពោះទៅកាន់ទិសដៅនៃពន្លឺ និងរំដោះពួកគេពីភាពអយុត្តិធម៌នៅលើផែនដីនេះ។ ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា តើគោលដៅមួយណាដែលមនុស្សបានធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាចដែលអាចត្រូវបាននាំទៅ។ ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេលដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឱ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឱ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមក នៅក្នុងព្រះហស្ដទ្រង់ ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់មិនត្រូវបានតបស្នង តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)