ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៤១
09-11-2025
កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងរបស់ទ្រង់ទាំងមូល គឺច្បាស់លាស់ខ្លាំងណាស់៖ យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃព្រះគុណ ហើយគ្រាចុងក្រោយ គឺជាគ្រាចុងក្រោយ។ មានភាពខុសគ្នាដាច់ស្រឡះរវាងយុគសម័យនីមួយៗ ដ្បិតក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការដែលជាតំណាងឱ្យយុគសម័យនោះ។ សម្រាប់កិច្ចការនៃគ្រាចុងក្រោយដែលត្រូវបំពេញ គឺត្រូវមានការដុតដោយភ្លើង ការជំនុំជម្រះ ការវាយផ្ចាល សេចក្ដីក្រោធ និងការបំផ្លាញ ដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់។ គ្រាចុងក្រោយសំដៅលើយុគសម័យចុងក្រោយ។ ក្នុងអំឡុងយុគសម័យចុងក្រោយនេះ តើព្រះជាម្ចាស់នឹងនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរឬទេ? ដើម្បីបញ្ចប់យុគសម័យនេះ ព្រះជាម្ចាស់ត្រូវនាំការវាយផ្ចាល និងការជំនុំជម្រះមកជាមួយទ្រង់។ មានតែបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គោលបំណងរបស់ព្រះយេស៊ូវ គឺដើម្បីឱ្យមនុស្សអាចបន្តជីវិតបាន ដើម្បីបន្តរស់នៅ និងដើម្បីឱ្យគេអាចមានជីវិតនៅក្នុងផ្លូវដែលល្អប្រសើរ។ ទ្រង់បានសង្គ្រោះមនុស្សឱ្យរួចពីអំពើបាបដើម្បីឱ្យគេអាចឈប់ធ្លាក់ទៅក្នុងអំពើគ្មានគុណធម៌ និងលែងរស់នៅក្នុងស្ថានឃុំព្រលឹង និងស្ថាននរក ហើយតាមរយៈការសង្គ្រោះមនុស្សពីស្ថានឃុំព្រលឹង និងស្ថាននរកនេះ ព្រះយេស៊ូវបានអនុញ្ញាតឱ្យគេបន្តរស់នៅតទៅទៀត។ បច្ចុប្បន្ននេះ គ្រាចុងក្រោយបានចូលមកដល់ហើយ។ ព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សវិនាសហិនហោច និងបំផ្លាញពូជមនុស្សទាំងស្រុង ពោលគឺទ្រង់នឹងបំផ្លាស់បំប្រែការបះបោររបស់មនុស្សជាតិ។ ដោយព្រោះមូលហេតុនេះ និងបើគិតតាមនិស្ស័យនៃព្រះទ័យមេត្តាករុណា និងគួរឱ្យស្រឡាញ់ពីអតីតកាល នោះព្រះជាម្ចាស់នឹងមិនអាចបញ្ចប់យុគសម័យនេះ ឬនាំផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ឱ្យចេញជាផលផ្លែបានឡើយ។ នៅគ្រប់យុគសម័យទាំងអស់ មានការតំណាងជាពិសេសអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយគ្រប់យុគសម័យទាំងអស់ សុទ្ធតែមានកិច្ចការដែលព្រះជាម្ចាស់គប្បីត្រូវបំពេញ។ ដូច្នេះ កិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានបំពេញនៅក្នុងយុគសម័យនីមួយៗ មានការបើកសម្ដែងពីនិស្ស័យពិតប្រាកដរបស់ទ្រង់ ហើយទាំងព្រះនាមរបស់ទ្រង់ និងកិច្ចការដែលទ្រង់បំពេញ បានផ្លាស់ប្ដូរទៅតាមយុគសម័យ ពោលគឺព្រះនាម និងកិច្ចការរបស់ទ្រង់ទាំងអស់នេះ សុទ្ធតែថ្មីទាំងអស់។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការនៃការដឹកនាំមនុស្សជាតិ ត្រូវធ្វើឡើងនៅក្រោមព្រះនាមរបស់ព្រះយេហូវ៉ា ហើយដំណាក់កាលដំបូងនៃកិច្ចការនេះ ត្រូវធ្វើឡើងនៅលើផែនដី។ នៅក្នុងដំណាក់កាលនេះ កិច្ចការនេះបានរួមបញ្ចូលនូវសាងសង់ព្រះវិហារ និងអាសនា និងប្រើក្រឹត្យវិន័យដើម្បីដឹកនាំរាស្រ្តអ៊ីស្រាអែល ព្រមទាំងដើម្បីបំពេញកិច្ចការក្នុងចំណោមពួកគេ។ តាមរយៈការដឹកនាំរាស្រ្តអ៊ីស្រាអែល ទ្រង់បានចាប់ផ្ដើមមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ចេញពីមូលដ្ឋានគ្រឹះនេះ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់នៅក្រៅស្រុកអ៊ីស្រាអែល ដែលនេះចង់និយាយថា ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅក្រៅចាប់ពីស្រុកអ៊ីស្រាអែលទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងថាព្រះយេហូវ៉ាថាជាព្រះជាម្ចាស់បន្តិចម្ដងៗ និងដឹងថាគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ ហើយគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតគ្រប់ភាវៈដែលព្រះបង្កើតទាំងអស់មក។ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់តាមរយៈរាស្រ្តអ៊ីស្រាអែលទៅដល់រាស្រ្តដទៃផ្សេងទៀត។ ដែនដីស្រុកអ៊ីស្រាអែល គឺជាកន្លែងបរិសុទ្ធដំបូងគេនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយគឺដែនដីអ៊ីស្រាអែលនេះហើយ ដែលព្រះជាម្ចាស់បានយាងទៅបំពេញកិច្ចការនៅលើផែនដី។ នោះគឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលបានសង្គ្រោះមនុស្ស។ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺព្រះគុណ សេចក្ដីស្រឡាញ់ ព្រះទ័យក្ដួលអាណិត ការអត់ទ្រាំ ការអត់ធ្មត់ ការបន្ទាបខ្លួន ការយកព្រះទ័យទុកដាក់ និងការអត់ឱន ហើយកិច្ចការយ៉ាងច្រើនដែលទ្រង់បានបំពេញ គឺដើម្បីតែជាប្រយោជន៍ដល់ការប្រោសលោះមនុស្សតែប៉ុណ្ណោះ។ និស្ស័យរបស់ទ្រង់ គឺជានិស្ស័យមួយដែលមានចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ ហើយដោយសារទ្រង់មានព្រះហឫទ័យក្ដួលអាណិត និងគួរឱ្យស្រឡាញ់នេះហើយ ទើបទ្រង់ត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាងជំនួសមនុស្ស ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សដូចជាអង្គទ្រង់ដែរ គឺស្រឡាញ់ខ្លាំងរហូតដល់ទ្រង់បានលះបង់អង្គទ្រង់ទាំងស្រុង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវ នេះគឺចង់បានន័យថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់មួយអង្គដែលបានសង្គ្រោះមនុស្ស ហើយទ្រង់គឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងគួរឱ្យស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស។ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះហឫទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ បានមកជាមួយមនុស្សគ្រប់គ្នាទាំងអស់។ មានតែតាមរយៈការទទួលយកព្រះនាមរបស់ព្រះយេស៊ូវ និងព្រះវត្តមានរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសន្ដិភាព និងអំណរ ដើម្បីទទួលបានព្រះពររបស់ទ្រង់ ព្រះគុណដ៏ធំធេង និងច្រើនឥតគណនារបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់បាន។ តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវ អស់អ្នកដែលបានដើរតាមទ្រង់ទទួលបាននូវសេចក្ដីសង្គ្រោះ ហើយបាបរបស់ពួកគេត្រូវបានអត់ទោសឱ្យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការនៅយុគសម័យនៃព្រះគុណត្រូវធ្វើឡើងជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ត្រូវគេហៅថា ព្រះយេស៊ូវ។ ទ្រង់បានបំពេញកិច្ចការនៅដំណាក់កាលនៃកិច្ចការថ្មី លើសពីព្រះគម្ពីរសញ្ញាចាស់ ហើយកិច្ចការរបស់ទ្រង់ បានបញ្ចប់ទៅដោយការជាប់ឆ្កាង។ នេះគឺជាកិច្ចការទាំងស្រុងរបស់ទ្រង់។ ហេតុនេះ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាគឺជាព្រះនាមរបស់ព្រះជាម្ចាស់ ហើយនៅក្នុងយុគសម័យនៃព្រះគុណ ព្រះនាមព្រះយេស៊ូវ គឺបានតំណាងឱ្យព្រះជាម្ចាស់។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះនាមរបស់ទ្រង់គឺ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏មានគ្រប់ចេស្ដា ដែលប្រើព្រះចេស្ដារបស់ទ្រង់ដើម្បីដឹកនាំមនុស្ស យកឈ្នះលើមនុស្ស និងទទួលបានមនុស្ស ហើយចុងក្រោយ នាំយុគសម័យនោះទៅរកទីបញ្ចប់។ នៅគ្រប់យុគសម័យ នៅគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺអាចមើលឃើញជាក់ស្ដែង។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត