ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៤០
09-11-2025
រៀងរាល់ពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់ ផ្លាស់ប្ដូរភេទរបស់ទ្រង់ ផ្លាស់ប្ដូររូបអង្គរបស់ទ្រង់ និងផ្លាស់ប្ដូរកិច្ចការរបស់ទ្រង់។ ទ្រង់មិនដែលបំពេញកិច្ចការដដែលៗនោះទេ។ ទ្រង់គឺជាព្រះជាម្ចាស់ដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅពេលដែលទ្រង់យាងមកកាលពីមុន ទ្រង់ត្រូវគេហៅថាព្រះយេស៊ូវ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវម្តងទៀតទេ នៅពេលដែលទ្រង់យាងមកម្ដងទៀតនោះ? នៅពេលដែលទ្រង់បានយាងមកកាលពីលើកមុន ទ្រង់គឺជាមនុស្សប្រុស។ តើនៅពេលនេះ ទ្រង់អាចជាមនុស្សប្រុសម្ដងទៀតដែរឬទេ? កិច្ចការរបស់ទ្រង់នៅពេលដែលទ្រង់បានយាងមកក្នុងអំឡុងយុគសម័យនៃព្រះគុណ គឺដើម្បីឱ្យគេឆ្កាងទៅនឹងឈើឆ្កាង។ នៅពេលដែលទ្រង់យាងមកម្ដងទៀត តើទ្រង់នៅតែអាចប្រោសលោះមនុស្សជាតិឱ្យរួចពីបាបដែរឬទេ? តើទ្រង់អាចត្រូវគេឆ្កាងទៅនឹងឈើឆ្កាងម្ដងទៀតដែរឬទេ? តើនោះនឹងមិនមែនធ្វើឱ្យកិច្ចការរបស់ទ្រង់ទៅជាច្រំដែលទេឬអី? តើអ្នកមិនដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ទេឬអី? មានអ្នកខ្លះនិយាយថា ព្រះជាម្ចាស់មិនប្រែប្រួលទេ។ នោះគឺត្រឹមត្រូវហើយ ប៉ុន្តែវាសំដៅលើភាពមិនប្រែប្រួលនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរព្រះនាម និងកិច្ចការរបស់ទ្រង់ មិនបានបញ្ជាក់ថា លក្ខណៈសំខាន់របស់ទ្រង់បានផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយចំណុចនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល នោះតើវាអាចទេថាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់នឹងឈានដល់ទីបញ្ចប់? អ្នកគ្រាន់តែដឹងថា ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត ប៉ុន្តែតើអ្នកដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ដែរឬទេ? ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល តើទ្រង់អាចដឹកនាំមនុស្សជាតិទាំងអស់រហូតមកទល់នឹងបច្ចុប្បន្ននេះបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់គឺមិនប្រែប្រួល តើហេតុអ្វីបានជាទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ក្នុងយុគសម័យចំនួនពីរ? កិច្ចការរបស់ទ្រង់មិនដែលឈប់បោះជំហានទៅមុខឡើយ ដែលមានន័យថា និស្ស័យរបស់ទ្រង់ គឺត្រូវបើកសម្ដែងឱ្យមនុស្សបានឃើញបន្ដិចម្ដងៗ ហើយអ្វីដែលត្រូវបើកសម្ដែងនោះ គឺនិស្ស័យរបស់ទ្រង់។ កាលដើមដំបូងឡើយ និស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានលាក់បាំងមិនឱ្យមនុស្សដឹងទេ ទ្រង់មិនដែលបើកសម្ដែងនិស្ស័យរបស់ទ្រង់ឱ្យមនុស្សបានឃើញដោយបើកចំហឡើយ ហើយមនុស្សគ្មានចំណេះដឹងអ្វីអំពីទ្រង់នោះទេ។ ដោយសារចំណុចនេះហើយទើបទ្រង់ប្រើកិច្ចការរបស់ទ្រង់ដើម្បីបើកសម្ដែងនិស្ស័យរបស់ទ្រង់ឱ្យមនុស្សបានឃើញបន្ដិចម្ដងៗ ប៉ុន្តែការបំពេញកិច្ចការដោយបែបនេះ ពុំមានន័យថា និស្ស័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរនៅគ្រប់យុគសម័យឡើយ។ មិនមែនថានិស្ស័យរបស់ព្រះជាម្ចាស់ប្រែប្រួលឥតឈប់ដោយសារចេតនារបស់ទ្រង់ តែងតែផ្លាស់ប្ដូរជានិច្ចនោះឡើយ។ ផ្ទុយទៅវិញ គឺដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសៗគ្នា ទើបព្រះជាម្ចាស់ទ្រង់យកនិស្ស័យរបស់ទ្រង់ឱ្យបានទាំងស្រុង ដោយបើកសម្ដែងឱ្យមនុស្សឃើញមួយជំហានម្ដងៗ ដើម្បីឱ្យមនុស្សអាចស្គាល់ទ្រង់បាន។ ប៉ុន្តែ នេះពុំមែនជាសេចក្ដីសម្អាងដែលថាព្រះជាម្ចាស់មិនមាននិស្ស័យជាក់លាក់ណាមួយពីដើមមកនោះទេ ឬថានិស្ស័យរបស់ទ្រង់បានផ្លាស់ប្ដូរបន្តិចម្ដងៗនៅពេលដែលយុគសម័យនីមួយៗបានកន្លងផុតទៅនោះទេ ការយល់ដឹងបែបនេះ នឹងក្លាយទៅជាការជឿខុស។ ព្រះជាម្ចាស់បើកសម្ដែងនិស្ស័យដែលមានតាំងពីដើមមក និងនិស្ស័យជាក់លាក់របស់ទ្រង់ឱ្យមនុស្សបានឃើញ ពោលគឺលក្ខណៈរបស់ទ្រង់ ស្របទៅតាមយុគសម័យនីមួយៗដែលបានកន្លងផុតទៅ។ កិច្ចការនៃយុគសម័យមួយ មិនអាចសម្ដែងចេញនូវនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុដូច្នេះហើយ ពាក្យថា «ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់» សំដៅលើកិច្ចការរបស់ទ្រង់ ហើយពាក្យថា «ព្រះជាម្ចាស់មិនប្រែប្រួល» សំដៅលើអ្វីដែលទ្រង់មាន និងអ្វីដែលជាទ្រង់។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចធ្វើឱ្យកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំ កំណត់ត្រឹមគំនិតតែមួយ ឬកំហិតត្រឹមពាក្យសំដីឥតបានការនោះទេ។ បែបនេះ គឺជាភាពល្ងង់ខ្លៅរបស់មនុស្ស។ ព្រះជាម្ចាស់គឺមិនធម្មតាដូចជាមនុស្សស្រមៃនោះទេ ហើយកិច្ចការរបស់ទ្រង់មិនអាចបង្អែរបង្អង់ក្នុងយុគសម័យណាមួយបានឡើយ។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនអាចតែងតែតំណាងឱ្យព្រះនាមរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ក៏អាចបំពេញកិច្ចការរបស់ទ្រង់នៅក្រោមព្រះនាមរបស់ព្រះយេស៊ូវបានដែរ។ នេះគឺជាទីសម្គាល់ដែលថា កិច្ចការរបស់ព្រះជាម្ចាស់ តែងតែចម្រើនទៅមុខជានិច្ច។
ព្រះជាម្ចាស់គឺតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយទ្រង់នឹងមិនអាចក្លាយទៅជាសាតាំងជាដាច់ខាត។ សាតាំងនៅតែជាសាតាំង ហើយវានឹងមិនអាចក្លាយជាព្រះជាម្ចាស់បានឡើយ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ការអស្ចារ្យរបស់ព្រះជាម្ចាស់ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរឡើយ។ សារជាតិរបស់ទ្រង់ និងលក្ខណៈរបស់ទ្រង់ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ក៏ប៉ុន្តែ ចំពោះកិច្ចការរបស់ទ្រង់វិញ គឺវាតែងតែចម្រើនទៅមុខជានិច្ច តែងតែចូលជ្រៅទៅមុខ ដ្បិតទ្រង់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់តែងយកព្រះនាមថ្មីមួយ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បំពេញកិច្ចការថ្មី ហើយនៅក្នុងយុគសម័យនីមួយៗ ទ្រង់អនុញ្ញាតឱ្យភាវៈដែលទ្រង់បានបង្កើតមក មើលឃើញពីបំណងព្រះហឫទ័យថ្មី និងនិស្ស័យថ្មីរបស់ទ្រង់។ នៅក្នុងយុគសម័យថ្មី ប្រសិនបើមនុស្សមិនអាចមើលឃើញការបើកសម្ដែងអំពីនិស្ស័យថ្មីរបស់ព្រះជាម្ចាស់ទេ តើពួកគេមិនមែនឆ្កាងទ្រង់ទៅនឹងឈើឆ្កាងជារៀងរហូតទេឬអី? ហើយការធ្វើបែបនេះ តើពួកគេនឹងមិនកំណត់និយមន័យឱ្យព្រះជាម្ចាស់ទេឬអី? ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស តែជាបុរស នោះមនុស្សនឹងកំណត់ថាទ្រង់ គឺជាបុរស ជាព្រះជាម្ចាស់ដែលជាមនុស្សប្រុស ហើយនឹងមិនដែលជឿថាទ្រង់អាចក្លាយជាព្រះជាម្ចាស់ដែលជាមនុស្សស្រីឡើយ។ ក្រោយមក មនុស្សប្រុសនឹងគិតថា ព្រះជាម្ចាស់មានភេទដូចមនុស្សប្រុសដែរ ថាព្រះជាម្ចាស់គឺជាមេនៃមនុស្សប្រុស ប៉ុន្តែ ចុះចំណែកមនុស្សស្រីវិញ? រឿងនេះគឺមិនយុត្តិធម៌ទេ។ តើនេះមិនមែនជាការកំណត់តាមការនិយមចូលចិត្តទេឬអី? ប្រសិនបើនេះគឺជាការពិតមែន នោះអស់អ្នកណាដែលព្រះជាម្ចាស់បានសង្គ្រោះ នឹងក្លាយជាមនុស្សប្រុសដូចជាទ្រង់ដែរ ហើយគ្មានមនុស្សស្រីណាម្នាក់ដែលនឹងត្រូវសង្គ្រោះនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ទ្រង់បានបង្កើតអ័ដាម រួចទ្រង់បានបង្កើតអេវ៉ា។ ទ្រង់មិនត្រឹមតែបានបង្កើតអ័ដាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្កើតទាំងមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះជាម្ចាស់របស់មនុស្សប្រុសទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់របស់មនុស្សស្រីដែរ។ ព្រះជាម្ចាស់យាងចូលមកក្នុងយុគសម័យនៃកិច្ចការថ្មីនៅគ្រាចុងក្រោយ។ ទ្រង់នឹងបើកសម្ដែងនិស្ស័យរបស់ទ្រង់កាន់តែច្រើន ហើយនិស្ស័យនោះនឹងមិនមែនជាសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដូចនៅក្នុងសម័យរបស់ព្រះយេស៊ូវឡើយ។ ដោយសារទ្រង់មានកិច្ចការថ្មីនៅក្នុងព្រះហស្ដរបស់ទ្រង់ កិច្ចការថ្មីនេះនឹងត្រូវមានមកជាមួយនិស្ស័យថ្មីដែរ។ ដូច្នេះ ប្រសិនបើកិច្ចការនេះត្រូវព្រះវិញ្ញាណបំពេញ ប្រសិនបើព្រះជាម្ចាស់មិនបានយកកំណើតជាមនុស្សទេ តែផ្ទុយទៅវិញ ព្រះវិញ្ញាណបានមានព្រះបន្ទូលដោយផ្ទាល់តាមរយៈសំឡេងផ្គរលាន់ ដើម្បីឱ្យមនុស្សគ្មានផ្លូវណាអាចទាក់ទងជាមួយទ្រង់បាន តើមនុស្សអាចស្គាល់ពីនិស្ស័យរបស់ទ្រង់ដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបំពេញកិច្ចការតែមួយព្រះអង្គឯង នោះមនុស្សនឹងគ្មានផ្លូវដែលអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សអាចត្រឹមតែឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយភ្នែករបស់ពួកគេ នៅពេលដែលទ្រង់យកកំណើតជាមនុស្ស នៅពេលដែលព្រះបន្ទូលលេចមកជាសាច់ឈាម ហើយទ្រង់បើកសម្ដែងពីនិស្ស័យរបស់ទ្រង់ទាំងស្រុងតាមរយៈសាច់ឈាមប៉ុណ្ណោះ។ ព្រះជាម្ចាស់ពិតជារស់នៅក្នុងចំណោមមនុស្សពិតប្រាកដមែន។ ទ្រង់គឺរូបី មនុស្សអាចផ្សារភ្ជាប់ជាមួយនិស្ស័យរបស់ទ្រង់បានដោយផ្ទាល់ អាចផ្សារភ្ជាប់នឹងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បាន។ មានតែបែបនេះទេទើបមនុស្សអាចស្គាល់ទ្រង់បានដោយពិតប្រាកដ។ នៅពេលជាមួយគ្នានោះដែរ ព្រះជាម្ចាស់ក៏បានបញ្ចប់កិច្ចការដែល «ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់របស់មនុស្សប្រុស និងជាព្រះជាម្ចាស់របស់មនុស្សស្រី» និងបានបញ្ចប់កិច្ចការរបស់ទ្រង់ទាំងស្រុងនៅខាងសាច់ឈាមដែរ។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត