ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៣
09-11-2025
នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ដឹងអំពីសេចក្តីអាថ៌កំបាំងជាច្រើន និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើតាមរយៈមនុស្សជំនាន់មុន។ តាមរយៈព្រះបន្ទូល មនុស្សបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់អំពីសេចក្តីអាថ៌កំបាំង ដែលមិនធ្លាប់ត្រូវបានបើកសម្ដែងពីមនុស្សជំនាន់មុន ក៏ដូចជាកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីគ្រាមុន និងគោលការណ៍ដែលពួកគេបានធ្វើការដែរ។ តាមរយៈព្រះបន្ទូល មនុស្សក៏ចាប់ផ្ដើមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏ដូចជាយល់អំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស ហើយមនុស្សក៏ចាប់ផ្ដើមដឹងពីសារជាតិសំខាន់របស់គេផងដែរ។ តាមរយៈជំហាននៃកិច្ចការទាំងនេះ និងតាមរយៈគ្រប់ទាំងព្រះបន្ទូលដែលបានថ្លែងមក មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណ កិច្ចការរបស់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏ដឹងអំពីនិស្ស័យទាំងស្រុងរបស់ទ្រង់ដែរ។ ចំណេះដឹងរបស់អ្នកអំពីកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ក៏ទទួលបានតាមរយៈព្រះបន្ទូលដែរ។ តើវាមិនមែនតាមរយៈព្រះបន្ទូលទេឬអី ទើបអ្នកអាចដឹងអំពីសញ្ញាណចាស់ ហើយអាចលះបង់ចោលសញ្ញាណទាំងនោះ? នៅក្នុងដំណាក់កាលមុន ព្រះយេស៊ូវបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែនៅក្នុងដំណាក់កាលនេះ វាគ្មានទីសម្គាល់ និងការអស្ចារ្យឡើយ។ តើការដែលអ្នកទទួលបានការយល់ដឹងអំពីហេតុផលដែលព្រះជាម្ចាស់មិនបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យ ក៏មិនបានមកតាមរយៈព្រះបន្ទូលដែរទេឬអី? ដូច្នេះ ព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ គឺខ្ពស់ហួសពីកិច្ចការដែលត្រូវបានធ្វើដោយពួកសាវ័ក និងពួកហោរាកាលពីជំនាន់មុនទៅទៀត។ សូម្បីតែសេចក្តីទំនាយដែលពួកហោរាបានថ្លែង ក៏មិនអាចសម្រេចបានលទ្ធផលនេះដែរ។ ពួកហោរាបានថ្លែងតែសេចក្តីទំនាយប៉ុណ្ណោះ ពួកគេបាននិយាយអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ប៉ុន្តែមិនបាននិយាយអំពីកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនាពេលបច្ចុប្បន្នឡើយ។ ពួកគេក៏មិនបានថ្លែង ដើម្បីដឹកនាំមនុស្សជាតិនៅក្នុងជីវិតរបស់ពួកគេ ឬក៏ផ្ដល់នូវសេចក្តីពិតចំពោះមនុស្សជាតិ ឬបើកសម្ដែងពីសេចក្តីអាថ៌កំបាំងដល់ពួកគេឡើយ រឹតតែមិនបានផ្ដល់នូវជីវិតទៅទៀត។ ចេញពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ មានសេចក្តីទំនាយ និងសេចក្តីពិត ប៉ុន្តែព្រះបន្ទូលទាំងនេះបម្រើជាចម្បង ដើម្បីប្រទានជីវិតដល់មនុស្សប៉ុណ្ណោះ។ ព្រះបន្ទូលនាពេលបច្ចុប្បន្នខុសពីសេចក្តីទំនាយរបស់ពួកហោរា។ នេះគឺជាដំណាក់កាលនៃកិច្ចការមួយសម្រាប់ជីវិតរបស់មនុស្ស ដើម្បីផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់មនុស្ស និងមិនមែនសម្រាប់ជាប្រយោជន៍នៃការថ្លែងទំនាយឡើយ។ ដំណាក់កាលទីមួយ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា។ កិច្ចការរបស់ទ្រង់ គឺរៀបចំផ្លូវមួយសម្រាប់មនុស្ស ដើម្បីថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី។ វាជាកិច្ចការនៃទីចាប់ផ្ដើម ដើម្បីស្វែងរកប្រភពដើមសម្រាប់កិច្ចការនៅលើផែនដី។ នៅគ្រានោះ ព្រះយេហូវ៉ាបានបង្រៀនដល់ប្រជាជនអ៊ីស្រាអែលឱ្យកាន់តាមថ្ងៃសប្ប័ទ គោរពឪពុកម្ដាយរបស់ខ្លួន និងរស់នៅចុះសម្រុងគ្នា។ នេះគឺដោយសារតែមនុស្សនៅគ្រានោះ មិនបានយល់អំពីអ្វីដែលបានរួមផ្សំជាមនុស្ស ហើយក៏មិនយល់ពីរបៀបរស់នៅលើផែនដីដែរ។ នៅក្នុងដំណាក់កាលទីមួយនៃកិច្ចការ វាចាំបាច់ណាស់ដែលទ្រង់ត្រូវចង្អុលបង្ហាញមនុស្សជាតិឱ្យចេះដឹកនាំជីវិតរបស់ពួកគេ។ រាល់សេចក្តីដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ពួកគេ មនុស្សជាតិមិនធ្លាប់ដឹងឮ ឬមានចំណេះបែបនោះពីមុនមកឡើយ។ នៅគ្រានោះ ព្រះជាម្ចាស់បានរើសតាំងពួកហោរាជាច្រើននាក់ ដើម្បីថ្លែងទំនាយ ហើយពួកគេទាំងអស់បានធ្វើការនេះ ក្រោមការចង្អុលបង្ហាញរបស់ព្រះយេហូវ៉ា។ នេះគ្រាន់តែជាចំណុចមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលទីមួយ ព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមឡើយ ដូច្នេះ ទ្រង់បានបង្គាប់ដល់គ្រប់ពូជអំបូរ និងគ្រប់ប្រជាជាតិតាមរយៈពួកហោរា។ នៅពេលដែលព្រះយេស៊ូវបានធ្វើការនៅក្នុងសម័យរបស់ទ្រង់ ទ្រង់មិនបានមានបន្ទូលជាច្រើន ដូចនៅក្នុងសម័យបច្ចុប្បន្នឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះបន្ទូលនៅក្នុងគ្រាចុងក្រោយនេះ មិនធ្លាប់បានធ្វើនៅក្នុងយុគសម័យ និងជំនាន់មុនៗឡើយ។ ទោះបីអេសាយ ដានីយ៉ែល និងយ៉ូហានបានថ្លែងនូវសេចក្តីទំនាយជាច្រើនក៏ដោយ ក៏សេចក្តីទំនាយរបស់គេខុសគ្នាស្រឡះពីព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះដែរ។ អ្វីដែលពួកគេបានមានប្រសាសន៍ គឺគ្រាន់តែជាសេចក្តីទំនាយប៉ុណ្ណោះ ប៉ុន្តែព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះ មិនមែនជាសេចក្តីទំនាយឡើយ។ ប្រសិនបើខ្ញុំប្រែក្លាយគ្រប់ទាំងសេចក្តីដែលខ្ញុំមានបន្ទូលនាពេលនេះឱ្យក្លាយជាសេចក្តីទំនាយ តើអ្នករាល់គ្នានឹងអាចយល់ដែរឬទេ? ឧបមាថា អ្វីដែលខ្ញុំបានមានបន្ទូលនោះ គឺជាកិច្ចការនានាក្រោយពេលដែលខ្ញុំបានចាកចេញទៅផុត តើអ្នកអាចទទួលបានការយល់ដឹងយ៉ាងដូចម្ដេចទៅ? កិច្ចការនៃព្រះបន្ទូលមិនត្រូវបានធ្វើនៅក្នុងសម័យរបស់ព្រះយេស៊ូវ ឬនៅក្នុងយុគសម័យនៃក្រឹត្យវិន័យឡើយ។ ប្រហែលជាអ្នកខ្លះនឹងនិយាយថា «តើព្រះយេហូវ៉ាមិនបានមានបន្ទូលនៅក្នុងពេលដែលទ្រង់ធ្វើការដែរទេឬអី? បន្ថែមពីលើការប្រោសជំងឺឱ្យជា ការបណ្ដេញអារក្ស និងការធ្វើទីសម្គាល់ និងការអស្ចារ្យ តើព្រះយេស៊ូវមិនបានមានបន្ទូលនៅគ្រាដែលទ្រង់កំពុងតែធ្វើការដែរទេឬអី?» វាមានភាពខុសគ្នារវាងរឿងរ៉ាវនានាដែលត្រូវបានថ្លែង។ តើអ្វីទៅជាលក្ខណៈសំខាន់នៃព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែង? ទ្រង់កំពុងតែចង្អុលបង្ហាញមនុស្សជាតិឱ្យចេះដឹកនាំជីវិតរបស់ពួកគេនៅលើផែនដី ហើយវាមិនបានប៉ះពាល់ដល់កិច្ចការនៅក្នុងជីវិតខាងវិញ្ញាណឡើយ។ ហេតុអ្វីបានជាគេនិយាយថា នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូល ទ្រង់បានបង្គាប់ទៅកាន់មនុស្សនៅគ្រប់ទីកន្លែង? ពាក្យថា «បង្គាប់» មានន័យថា ប្រាប់យ៉ាងជាក់ច្បាស់ និងបញ្ជាដោយត្រង់។ ទ្រង់មិនបានប្រទានជីវិតដល់មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែកាន់ដៃមនុស្ស ហើយបង្រៀនពួកគេពីរបៀបកោតខ្លាចទ្រង់ ដោយមិនបានផ្ដល់ជាប្រស្នាច្រើនពេកឡើយ។ កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺមិនទាក់ទងនឹងការលួសកាត់ ការប្រៀនប្រដៅមនុស្ស ឬការប្រទានការជំនុំជម្រះ និងការវាយផ្ចាលឡើយ ប៉ុន្តែវាជាការចង្អុលបង្ហាញពួកគេវិញ។ ព្រះយេហូវ៉ាបានបញ្ជាទៅកាន់ម៉ូសេឱ្យប្រាប់ប្រជារាស្ត្ររបស់ទ្រង់ ឱ្យដើរប្រមូលនំម៉ាណានៅឯវាលរហោស្ថាន។ រៀងរាល់ព្រឹក មុនពេលថ្ងៃរះ ពួកគេត្រូវចេញទៅប្រមូលនំម៉ាណា គឺមួយគ្រប់ល្មមសម្រាប់ពួកគេក្នុងការបរិភោគសម្រាប់ថ្ងៃនោះប៉ុណ្ណោះ។ នំម៉ាណាមិនអាចរក្សាទុករហូតដល់ថ្ងៃស្អែកបានឡើយ ព្រោះវានឹងដុះផ្សិតមិនខាន។ ទ្រង់មិនបានបង្រៀនមនុស្ស ឬលាតត្រដាងពីធម្មជាតិរបស់ពួកគេ ហើយក៏មិនបានបង្ហាញគំនិត និងយោបល់របស់ពួកគេដែរ។ ទ្រង់មិនបានផ្លាស់ប្តូរមនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់បានចង្អុលបង្ហាញដល់ពួកគេនៅក្នុងការដឹកនាំជីវិតរបស់ខ្លួនវិញ។ មនុស្សនៅគ្រានោះដូចជាកូនក្មេងអ៊ីចឹង គ្មានការយល់ដឹងអ្វីទេ ហើយអាចត្រឹមធ្វើសកម្មភាពដូចម៉ាស៊ីនប៉ុណ្ណោះ ដូច្នេះ ព្រះយេហូវ៉ាគ្រាន់តែចេញក្រឹត្យវិន័យ ដើម្បីចង្អុលបង្ហាញដល់បណ្ដាជនប៉ុណ្ណោះ។
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត