ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ១៦
08-05-2021
កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឱ្យឆ្ពោះទៅមុខ មានន័យថា កិច្ចការដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំទាំងមូល ក៏បានបន្តទៅមុខទៀតហើយ។ ទោះបីជាយុគសម័យនៃព្រះគុណបានបញ្ចប់ក៏ដោយ ប៉ុន្តែវឌ្ឍនភាពនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ក៏នៅតែមានដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយម្ដងទៀតថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យ? នោះគឺដោយសារតែកិច្ចការនាពេលសព្វថ្ងៃ គឺជាការបន្តនូវកិច្ចការដែលបានធ្វើរួចហើយ នៅក្នុងយុគសម័យនៃព្រះគុណ និងជាវឌ្ឍនភាពលើកិច្ចការដែលបានធ្វើរួច នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទាំងបីនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត គឺដូចជាតំណមួយៗនៅក្នុងច្រវាក់ដែលប្រទាក់គ្នាយ៉ាងណែនដូច្នោះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើកិច្ចការដែលព្រះយេស៊ូវបានធ្វើដែរ? ឧបមាថា ដំណាក់កាលនេះមិនត្រូវបានសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ នោះការជាប់ឆ្កាងមួយទៀតនឹងត្រូវកើតឡើងនៅក្នុងដំណាក់កាលនេះ ហើយកិច្ចការប្រោសលោះនៃដំណាក់កាលមុននឹងត្រូវធ្វើឡើងម្ដងទៀតមិនខាន។ ការនេះនឹងទៅជាគ្មានន័យ។ ដូច្នេះ មិនមែនថា កិច្ចការនោះត្រូវបានបញ្ចប់ទាំងស្រុងឡើយ ប៉ុន្តែយុគសម័យនោះបានបន្តទៅមុខ ហើយកម្រិតនៃកិច្ចការនោះ ក៏ត្រូវលើកឡើងកាន់តែខ្ពស់ ជាងពេលមុនទៅទៀត។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការនេះ ត្រូវបានសង់ឡើងនៅលើគ្រឹះមូលដ្ឋាននាយុគសម័យនៃក្រឹត្យវិន័យ និងលើថ្មដានៃកិច្ចការរបស់ព្រះយេស៊ូវ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានសាងឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយដំណាក់កាលនេះមិនមែនជាការចាប់ផ្ដើមថ្មីនោះឡើយ។ មានតែបន្សំគ្នានៃដំណាក់កាលនៃកិច្ចការទាំងបីប៉ុណ្ណោះ ទើបអាចត្រូវបានចាត់ទុកជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំបាន។ កិច្ចការនៃដំណាក់កាលនេះ ត្រូវបានធ្វើឡើងលើគ្រឹះមូលដ្ឋាននៃកិច្ចការក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើដំណាក់កាលនៃកិច្ចការទាំងពីរនេះមិនទាក់ទងគ្នាទេ ចុះហេតុអ្វីបានជាការជាប់ឆ្កាង មិនកើតឡើងម្ដងទៀតនៅក្នុងដំណាក់កាលនេះទៅ? ហេតុអ្វីបានជាខ្ញុំមិនទទួលយកបាបរបស់មនុស្ស ប៉ុន្តែបែរជាយាងមកជំនុំជម្រះ និងកាត់ទោសមនុស្សដោយផ្ទាល់ទៅវិញ? ប្រសិនបើកិច្ចការជំនុំជម្រះ និងវាយផ្ចាលមនុស្សរបស់ខ្ញុំ មិនបានធ្វើតាមការជាប់ឆ្កាង ដោយរួមជាមួយការយាងមករបស់ខ្ញុំក្នុងពេលបច្ចុប្បន្ន មិនមែនចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធទេ នោះខ្ញុំនឹងគ្មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សឡើយ។ ប្រាកដណាស់ ដោយសារតែខ្ញុំគឺជាអង្គតែមួយជាមួយព្រះយេស៊ូវ ទើបខ្ញុំចុះមកដោយផ្ទាល់ ដើម្បីវាយផ្ចាល និងជំនុំជម្រះមនុស្ស។ កិច្ចការនៅដំណាក់កាលនេះត្រូវបានសាងឡើងទាំងស្រុងពីលើកិច្ចការនៅដំណាក់កាលមុន។ នេះគឺជាហេតុផលដែលបញ្ជាក់ថា មានតែកិច្ចការប្រភេទនេះប៉ុណ្ណោះ ដែលអាចនាំមនុស្សទៅរកសេចក្តីសង្រ្គោះ មួយជំហានម្ដងៗបាន។ ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀត តែយ៉ាងណាក៏ពួកទ្រង់នៅតែមានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន។ យ៉ាងណាក្ដី ពួកទ្រង់មិនមានពង្សាវតារដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ក៏ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ គឺពុំមាននោះឡើយ។ គ្រប់យ៉ាងដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ និងកាលៈទេសៈនៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នានោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នា ហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្ថិភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែកកិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងសាច់ឈាមរបស់ពួកទ្រង់ក៏មានទៅតាមពង្សាវតារនៃឈាមជ័រខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស ក៏ដូចជាធ្វើកិច្ចការនៃការជំនុំជម្រះ និងការកាត់ទោសដ៏សុចរិតចំពោះមនុស្ស និងកិច្ចការនៃការដាក់បណ្ដាសាមនុស្ស។ ហើយនៅចុងបញ្ចប់ ទ្រង់អាចធ្វើកិច្ចការបំផ្លាញពិភពលោក និងកិច្ចការដាក់ទោសមនុស្សអាក្រក់ផងដែរ។ តើទ្រង់មិនធ្វើកិច្ចការទាំងអស់នេះដោយអង្គឯងទេឬអី? តើនេះមិនមែនជាព្រះដ៏មានសព្វានុភាពទេឬអី? ទ្រង់អាចប្រកាសឱ្យមនុស្សប្រើច្បាប់ និងចេញជាសេចក្ដីបង្គាប់ទៅកាន់គេ ហើយទ្រង់ក៏អាចដឹកនាំអ៊ីស្រាអែលជំនាន់មុន ឱ្យរស់នៅជីវិតរបស់គេនៅលើផែនដី និងដឹកនាំពួកគេនៅក្នុងការសាងសង់ព្រះវិហារ និងទីអាសនា ព្រមទាំងដាក់ពួកអ៊ីស្រាអែលទាំងអស់ ឱ្យនៅក្រោមអំណាចគ្រប់គ្រងរបស់ទ្រង់ផងដែរ។ ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ ព្រះអង្គបានរស់នៅលើផែនដីជាមួយប្រជាជនអ៊ីស្រាអែល អស់រយៈពេលពីរពាន់ឆ្នាំ។ ពួកអ៊ីស្រាអែលមិនហ៊ានបះបោរប្រឆាំងនឹងទ្រង់ឡើយ គ្រប់គ្នាបាន កោតខ្លាចព្រះយេហូវ៉ា និងកាន់តាមបទបញ្ញត្តិរបស់ទ្រង់។ នេះគឺជាកិច្ចការដែលត្រូវបានធ្វើឡើង ដោយគុណធម៌នៃសិទ្ធិអំណាចរបស់ទ្រង់ និងសព្វានុភាពរបស់ទ្រង់។ បន្ទាប់មក ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានយាងមក ដើម្បីប្រោសលោះមនុស្សជាតិដែលធ្លាក់ចុះទាំងអស់ (មិនមែនគ្រាន់តែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះទេ)។ ទ្រង់បានបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសទៅកាន់មនុស្ស។ ព្រះយេស៊ូវដែលមនុស្សបានឃើញនៅក្នុងយុគសម័យនៃព្រះគុណ បានពេញដោយសេចក្តីស្រឡាញ់ដ៏សប្បុរស និងតែងតែស្រឡាញ់មនុស្សជានិច្ច ព្រោះថា ទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សជាតិឱ្យរួចពីបាប។ ទ្រង់អាចអត់ទោសមនុស្សឱ្យរួចពីបាបរបស់គេបាន លុះត្រាតែការជាប់ឆ្កាងរបស់ទ្រង់ បានប្រោសលោះមនុស្សជាតិពីអំពើបាបទាំងស្រុង។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់នៅមុខមនុស្សជាមួយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស មានន័យថា ទ្រង់បានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្ស និងត្រូវបានជាប់ឆ្កាងដោយព្រោះអំពើបាបរបស់មនុស្ស ដើម្បីឱ្យពួកគេទទួលបានការអត់ទោសជារៀងរហូត។ ទ្រង់ពេញដោយសេចក្តីមេត្តាករុណា សេចក្តីអាណិតអាសូរ ព្រះទ័យអត់ធ្មត់ និងព្រះទ័យស្រឡាញ់។ ហើយអស់អ្នកណាដែលបានដើរតាមព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ក៏គួរតែមានចិត្តអត់ធ្មត់ និងសេចក្តីស្រឡាញ់ក្នុងគ្រប់កិច្ចការទាំងអស់ផងដែរ។ ពួកគេមានចិត្តអំណត់ ហើយមិនដែលប្រយុទ្ធតបតវិញឡើយ ទោះបីពេលត្រូវគេវាយដំ ជេរប្រមាថ ឬគប់ដុំថ្មក៏ដោយ។ ប៉ុន្តែ ក្នុងអំឡុងពេលនៃដំណាក់កាលចុងក្រោយ វាលែងមានរឿងបែបនេះទៀតហើយ។ កិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា មិនដូចគ្នាទាំងអស់នោះទេ ទោះបីជាពួកទ្រង់មានព្រះវិញ្ញាណតែមួយក៏ដោយ។ កិច្ចការរបស់ព្រះយេហូវ៉ា មិនបាននាំឱ្យយុគសម័យត្រូវបញ្ចប់ឡើយ ប៉ុន្តែទ្រង់បានដឹកនាំយុគសម័យ នាំផ្លូវជីវិតរបស់មនុស្សលោកនៅលើផែនដី ចំណែកឯកិច្ចការសព្វថ្ងៃវិញ គឺជាការយកឈ្នះមនុស្សនៅក្នុងប្រជាជាតិនៃសាសន៍ដទៃ ដែលត្រូវបានពុករលួយយ៉ាងជ្រៅ ហើយមិនគ្រាន់តែដឹកនាំពួកអ្នករើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែដឹកនាំចក្រវាលទាំងមូល និងមនុស្សជាតិទាំងអស់ផងដែរ។ អ្នកប្រហែលជាមើលឃើញថា កិច្ចការនេះកំពុងតែត្រូវបានធ្វើតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ វាបានចាប់ផ្ដើមរីកសាយទៅក្រៅប្រទេសចិនរួចស្រេចទៅហើយ។ ហេតុអ្វីបានជាមនុស្សនៅក្រៅប្រទេសចិន ត្រូវស្វែងរកផ្លូវពិតជាថ្មីម្ដងទៀត? នោះគឺដោយសារតែព្រះវិញ្ញាណបានចាប់ផ្ដើមធ្វើការរួចហើយ ហើយព្រះបន្ទូលដែលថ្លែងចេញនាពេលសព្វថ្ងៃ ត្រូវបានតម្រង់ឆ្ពោះទៅកាន់មនុស្សនៅទូទាំងសកលលោក។ ជាមួយការនេះ កិច្ចការពាក់កណ្ដាលបានកំពុងតែដំណើរការហើយ។ ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ព្រះវិញ្ញាណនៃព្រះបានធ្វើឱ្យកិច្ចការដ៏អស្ចារ្យនេះ ដំណើរការហើយ ហើយលើសពីនេះទៅទៀត ទ្រង់បានធ្វើកិច្ចការផ្សេងៗនៅក្នុងយុគសម័យខុសៗគ្នា និងនៅក្នុងចំណោមប្រជាជាតិខុសៗគ្នាផងដែរ។ មនុស្សនៅតាមយុគសម័យនីមួយៗមើលឃើញពីនិស្ស័យខុសគ្នារបស់ទ្រង់ ដែលត្រូវបានបើកសម្ដែងដោយឯកឯង តាមរយៈកិច្ចការខុសគ្នាដែលទ្រង់ធ្វើ។ ទ្រង់ជាព្រះជាម្ចាស់ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស។ ទ្រង់ជាតង្វាយលោះបាបសម្រាប់មនុស្ស និងជាអ្នកគង្វាលរបស់មនុស្ស។ ប៉ុន្តែ ទ្រង់ក៏ជាការជំនុំជម្រះ ការវាយផ្ចាល និងជាបណ្ដាសារបស់មនុស្សផងដែរ។ ទ្រង់អាចនាំមនុស្សឱ្យរស់នៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំ ហើយទ្រង់ក៏អាចប្រោសលោះមនុស្សជាតិដែលពុករលួយចេញពីបាបបានផងដែរ។ សព្វថ្ងៃនេះ ទ្រង់ក៏អាចយកឈ្នះមនុស្សជាតិដែលមិនស្គាល់ទ្រង់ ហើយបង្រ្កាបពួកគេឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ផងដែរ ដើម្បីឱ្យមនុស្សទាំងអស់នឹងចុះចូលចំពោះទ្រង់ទាំងស្រុងមិនខាន។ ចុងបញ្ចប់ ទ្រង់នឹងដុតចោលរាល់អ្វីៗដែលមិនបរិសុទ្ធ និងមិនសុចរិតនៅក្នុងមនុស្សទូទាំងសកលលោក ដើម្បីបង្ហាញពួកគេថា ទ្រង់មិនគ្រាន់តែជាព្រះដ៏ពេញដោយសេចក្តីមេត្តាករុណា និងគួរឱ្យស្រឡាញ់ មិនគ្រាន់តែជាព្រះនៃព្រះប្រាជ្ញាញាណ និងឫទ្ធិបារមី និងមិនគ្រាន់តែជាព្រះដ៏បរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ ទ្រង់ក៏ជាព្រះដែលជំនុំជម្រះមនុស្សផងដែរ។ ចំពោះមនុស្សទុច្ចរិតនៅក្នុងចំណោមមនុស្សជាតិ ទ្រង់កំពុងតែដុត ជំនុំជម្រះ និងដាក់ទោស ចំពោះមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍វិញ ទ្រង់ជាទុក្ខលំបាក ជាការបន្សុទ្ធ និងជាសេចក្តីល្បងល ក៏ដូចជាការកម្សាន្តចិត្ត ការជួយទ្រទ្រង់ ការផ្គត់ផ្គង់នៃព្រះបន្ទូល និងការលួសកាត់ផងដែរ។ ហើយចំពោះមនុស្សដែលត្រូវបានដកចេញ ទ្រង់ជាការដាក់ទោស និងការសងសឹក។
ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត