ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៦៥

30-04-2021

អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ ជាសាសនាមួយក្នុងចំណោមសាសនាធំៗទាំងបីនៅលើពិភពលោក) គឺជាការអានព្រះគម្ពីរ។ ការបែរចេញពីព្រះគម្ពីរ មិនមែនជាជំនឿលើព្រះអម្ចាស់ទេ ការបែរចេញពីព្រះគម្ពីរ គឺជាជំនឿខុសឆ្គង និងជាជំនឿឃ្លាតចាកពីសេចក្ដីពិត។ ហើយសូម្បីតែនៅពេលមនុស្សអានសៀវភៅផ្សេងៗទៀតក៏ដោយ ក៏គ្រឹះនៃសៀវភៅទាំងនេះ ត្រូវតែជាសេចក្ដីពន្យល់ចេញពីព្រះគម្ពីរដែរ។ ដែលអាចនិយាយបានថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែអានព្រះគម្ពីរ ហើយក្រៅពីព្រះគម្ពីរ អ្នកមិនត្រូវ ថ្វាយបង្គំចំពោះសៀវភៅណាដែលមិនពាក់ព័ន្ធនឹងព្រះគម្ពីរនោះឡើយ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកកំពុងតែក្បត់ព្រះជាម្ចាស់ហើយ។ តាំងពីពេលដែលមានព្រះគម្ពីរមក ជំនឿរបស់មនុស្សលើព្រះអម្ចាស់ គឺជាជំនឿនៅក្នុងព្រះគម្ពីរ។ ជាជាងការនិយាយថាមនុស្សជឿលើព្រះអម្ចាស់ វាជាការប្រសើរជាងក្នុងការដែលនិយាយថា ពួកគេជឿលើព្រះគម្ពីរ។ ជាជាងការនិយាយថាពួកគេបានចាប់ផ្តើមអានព្រះគម្ពីរ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានចាប់ផ្តើមជឿព្រះគម្ពីរ។ ហើយជាជាងការនិយាយថា ពួកគេបានត្រឡប់មករកព្រះអម្ចាស់វិញ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានវិលត្រឡប់មករកព្រះគម្ពីរ។ តាមរបៀបនេះ មនុស្សថ្វាយបង្គំដល់ព្រះគម្ពីរ គឺហាក់ដូចជាព្រះគម្ពីរជាព្រះជាម្ចាស់ ហាក់ដូចជាព្រះគម្ពីរជារបស់ដែលសំខាន់បំផុតរបស់ពួកគេ ហើយការបាត់បង់ព្រះគម្ពីរ គឺដូចគ្នានឹងការបាត់បង់អាយុជីវិតរបស់ពួកគេដែរ។ មនុស្សមើលឃើញថាព្រះគម្ពីរ ខ្ពស់ដូចជាព្រះជាម្ចាស់ ហើយក៏មានអ្នកដែលមើលឃើញថាព្រះគម្ពីរខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែរ។ ប្រសិនបើមនុស្សគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទោះបើពួកគេមិនមានអារម្មណ៍ដឹងថាមានព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេអាចបន្តការរស់នៅបានដែរ—ប៉ុន្តែនៅពេលណាពួកគេបាត់បង់នូវព្រះគម្ពីរ ឬបាត់បង់នូវជំពូក និងបាត់បង់នូវព្រះបន្ទូលចេញពីព្រះគម្ពីរ នោះវាហាក់ដូចជាពួកគេបានបាត់បង់នូវជីវិតរបស់ខ្លួនអ៊ីចឹង។ ដូច្នេះហើយ នៅពេលណាមនុស្សជឿលើព្រះអម្ចាស់ ពួកគេចាប់ផ្តើមអានព្រះគម្ពីរ និងទន្ទេញចាំព្រះគម្ពីរ ហើយបើពួកគេអាចទន្ទេញចាំព្រះគម្ពីរបានកាន់តែច្រើន នេះកាន់តែបញ្ជាក់ថាពួកគេស្រឡាញ់ព្រះជាម្ចាស់ និងមានសេចក្ដីជំនឿកាន់តែខ្លាំង។ អស់អ្នកដែលបានអានព្រះគម្ពីរ ហើយអាចថ្លែងពីព្រះគម្ពីរទៅកាន់អ្នកដទៃបាន អ្នកទាំងអស់នោះជាបងប្អូនប្រុសស្រីដ៏ល្អ។ ដ្បិតប៉ុន្មានឆ្នាំមកនេះ សេចក្ដីជំនឿ និងភាពស្មោះត្រង់របស់មនុស្សចំពោះព្រះអម្ចាស់ ត្រូវបានវាស់វែងទៅតាមទំហំនៃការយល់ដឹងរបស់ពួកគេអំពីព្រះគម្ពីរ។ មនុស្សភាគច្រើនពិតជាមិនយល់ពីមូលហេតុដែលពួកគេគប្បីជឿលើព្រះជាម្ចាស់ ហើយក៏មិនយល់ពីរបៀបក្នុងការជឿលើព្រះជាម្ចាស់ដែរ ហើយក៏មិនធ្វើអ្វីសោះ តែបែរទៅជាស្វែងរកនូវតម្រុយដ៏ងងឹតងងល់ ដើម្បីឲ្យបានយល់ពីអត្ថន័យនៃជំពូកនានានៅក្នុងព្រះគម្ពីរទៅវិញ។ មនុស្សមិនដែលស្វែងរកការណែនាំអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ គ្រប់ពេលទាំងអស់ ពួកគេមិនធ្វើអ្វីសោះក្រៅពីខំប្រឹងសិក្សា និងស៊ើបអង្កេតអំពីព្រះគម្ពីរប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ធ្លាប់បានរកឃើញនូវកិច្ចការថ្មីអំពីព្រះវិញ្ញាណបរិសុទ្ធនៅខាងក្រៅព្រះគម្ពីរនោះទេ។ គ្មាននរណាម្នាក់ធ្លាប់បានបែរចេញពីព្រះគម្ពីរ ហើយពួកគេក៏មិនដែលហ៊ានធ្វើដូច្នោះដែរ។ មនុស្សបានសិក្សាព្រះគម្ពីរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគេដាក់ចេញជាការពន្យល់ជាច្រើន ហើយបានបង្កើតកិច្ចការជាច្រើនផង។ ពួកគេក៏មានមតិខុសៗគ្នាជាច្រើនអំពីព្រះគម្ពីរ ដែលពួកគេជជែកវែកញែកដោយគ្មានទីបញ្ចប់ ហេតុដូច្នេះហើយ ទើបបានជាសព្វថ្ងៃនេះមាននិកាយជាងពីរពាន់ផ្សេងគ្នា ត្រូវបានបង្កើតឡើង។ ពួកគេទាំងអស់គ្នាចង់ស្វែងរកសេចក្ដីពន្យល់ជាពិសេសមួយចំនួន ឬអាថ៌កំបាំងដ៏ជ្រាលជ្រៅជាងនេះនៅក្នុងព្រះគម្ពីរ ពួកគេចង់ស្វែងយល់អំពីព្រះគម្ពីរ ហើយចង់ស្វែងយល់ពីប្រវត្ដិនៃកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ឬប្រវត្ដិនៃកិច្ចការរបស់ព្រះយេស៊ូវនៅស្រុកយូដា ឬអាថ៌កំបាំងផ្សេងទៀតដែលគ្មាននរណាម្នាក់ដឹង។ វិធីសាស្រ្តរបស់មនុស្សក្នុងការឈោងទៅកាន់ព្រះគម្ពីរ គឺជាសេចក្ដីគិតមមៃ និងសេចក្ដីជំនឿ ហើយគ្មាននរណាម្នាក់អាចយល់ច្បាស់ទាំងស្រុងអំពីសាច់រឿង ឬខ្លឹមសារនៅក្នុងព្រះគម្ពីរបានទេ។ ដូច្នេះសព្វថ្ងៃនេះ មនុស្សនៅតែមានញាណនៃការអស្ចារ្យដែលមិនអាចពិពណ៌នាបាន នៅពេលនិយាយដល់ព្រះគម្ពីរ ហើយពួកគេថែមទាំងគិតខ្វល់កាន់តែខ្លាំងពីព្រះគម្ពីរ ហើយថែមទាំងមានសេចក្ដីជំនឿលើព្រះគម្ពីរកាន់តែខ្លាំងទៀត។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចង់ស្វែងរកនូវទំនាយនៃកិច្ចការអំពីគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ ដោយពួកគេចង់រកឃើញនូវកិច្ចការអ្វីដែលព្រះជាម្ចាស់ទ្រង់ធ្វើនៅគ្រាចុងក្រោយ និងទីសំគាល់អ្វីដែលនឹងកើតមាននៅថ្ងៃចុងបំផុត។ តាមវិធីនេះ ការថ្វាយបង្គំរបស់ពួកគេចំពោះព្រះគម្ពីរ មានលក្ខណៈកាន់តែក្លៀវក្លា ហើយនៅពេលកាន់តែខិតជិតមកដល់គ្រាចុងក្រោយ នោះពួកគេកាន់តែជឿដោយងងឹតងងុលទៅលើទំនាយរបស់ពួកគេអំពីព្រះគម្ពីរ ជាពិសេសទំនាយអំពីថ្ងៃចុងបំផុត។ ជាមួយនឹងសេចក្ដីជំនឿដោយងងឹតងងុលបែបនេះនៅក្នុងព្រះគម្ពីរ ជាមួយនឹងការទុកចិត្តបែបនេះលើព្រះគម្ពីរ ពួកគេមិនមានបំណងស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេគិតថាមានតែព្រះគម្ពីរប៉ុណ្ណោះ ដែលអាចនាំកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលពួកគេអាចរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលបានលាក់ទុកនូវអាថ៌កំបាំងអំពីកិច្ចការរបស់ព្រះជាម្ចាស់ មានតែព្រះគម្ពីរទេ—មិនមែនជាសៀវភៅ ឬមនុស្សផ្សេងទៀតទេ—ដែលអាចបញ្ជាក់អំពីអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ និងកិច្ចការទាំងមូលរបស់ទ្រង់។ ព្រះគម្ពីរអាចនាំយកកិច្ចការនៃស្ថានសួគ៌មកផែនដី ហើយព្រះគម្ពីរអាចទាំងចាប់ផ្តើម និងបញ្ចប់នូវយុគសម័យបាន។ ជាមួយនឹងសញ្ញាណទាំងនេះ មនុស្សមិនមានទំនោរក្នុងការស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ដូច្នេះមិនថាពេលកន្លងមក ព្រះគម្ពីរបានជួយដល់មនុស្សច្រើនប៉ុនណានោះទេ វាបានក្លាយជាឧបសគ្គដល់កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់រួចទៅហើយ។ ដោយគ្មានព្រះគម្ពីរ មនុស្សអាចស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅកន្លែងផ្សេងទៀត តែសព្វថ្ងៃនេះ ស្នាមព្រះបាទារបស់ទ្រង់ត្រូវបានផ្ទុកដោយព្រះគម្ពីរ ហើយការពង្រីកនូវកិច្ចការចុងក្រោយរបស់ទ្រង់បានក្លាយជាការពិបាកទ្វេដង និងក្រៃលែង។ ការទាំងនេះ គឺដោយសារតែជំពូក និងព្រះបន្ទូលល្បីៗពីព្រះគម្ពីរ ក៏ដូចជាទំនាយផ្សេងៗអំពីព្រះគម្ពីរផងដែរ។ ព្រះគម្ពីរបានត្រឡប់ជារូបព្រះនៅក្នុងគំនិតរបស់មនុស្ស វាបានធ្វើឲ្យចិត្ដគំនិតរបស់ពួកគេវង្វេងវង្វាន់ ហើយពួកគេមិនមានសមត្ថភាពជឿថាព្រះជាម្ចាស់អាចធ្វើកិច្ចការក្រៅពីព្រះគម្ពីរបាន ពួកគេមិនមានសមត្ថភាពជឿថាមនុស្សអាចរកឃើញព្រះជាម្ចាស់នៅខាងក្រៅព្រះគម្ពីរបាននោះទេ ពួកគេកាន់តែមិនអាចជឿថាព្រះជាម្ចាស់អាចចាកចេញពីព្រះគម្ពីរ ក្នុងកំឡុងពេលនៃកិច្ចការចុងក្រោយ ហើយចាប់ផ្តើមជាថ្មី។ នេះជារឿងដែលមិនអាចគិតស្មានដល់ចំពោះមនុស្ស ពួកគេមិនអាចជឿលើការនេះបាន ហើយពួកគេក៏មិនអាចស្រមៃគិតដល់ដែរ។ ព្រះគម្ពីរបានក្លាយជាឧបសគ្គដ៏ធំមួយ ចំពោះការទទួលយករបស់មនុស្សអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាការពិបាកមួយចំពោះការពង្រីកកិច្ចការថ្មីនេះរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល