ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២១

12-05-2021

វាសនារបស់មនុស្ស និងវាសនារបស់ចក្រវាឡ មិនអាចដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះអាទិករឡើយ

អ្នករាល់គ្នាសុទ្ធតែជាមនុស្សធំពេញវ័យហើយ។ អ្នកខ្លះមានវ័យកណ្ដាល ហើយអ្នកខ្លះទៀតបានចូលដល់វ័យចំណាស់ទៅហើយ។ អ្នករាល់គ្នាបានចេញមកពីមនុស្សដែលមិនជឿលើព្រះជាម្ចាស់រហូតដល់ក្លាយជាអ្នកជឿលើទ្រង់ និងចេញពីការផ្ដើមជឿលើព្រះជាម្ចាស់ ទៅកាន់ការទទួលយកព្រះបន្ទូលរបស់ទ្រង់ និងដកពិសោធន៍នូវកិច្ចការផ្សេងៗរបស់ទ្រង់។ តើអ្នករាល់គ្នាមានចំណេះដឹងច្រើនប៉ុន្មានហើយ អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់? តើមានគតិជ្រៅជ្រះអ្វីខ្លះហើយ ដែលអ្នកបានទទួលទាក់ទងនឹងវាសនារបស់មនុស្ស? តើមនុស្សម្នាក់អាចសម្រេចបានអ្វីៗគ្រប់យ៉ាងដែលខ្លួនប៉ងប្រាថ្នានៅក្នុងជីវិតដែរឬទេ? ជាងពីរបីទសវត្សរ៍កន្លងមកនេះ តើមានបំណងប្រាថ្នាចំនួនប៉ុន្មានហើយ ដែលអ្នករាល់គ្នាសម្រេចបាន? តើមានរឿងប៉ុន្មានហើយបានកើតឡើង ដែលអ្នកមិនធ្លាប់បានប្រមើលទុកជាមុន? តើមានរឿងចំនួនប៉ុន្មានហើយដែលកើតឡើង ជាការភ្ញាក់ផ្អើលល្អ? តើមានរឿងចំនួនប៉ុន្មានដែលមនុស្សនៅតែរង់ចាំទាំងរំពឹងថា វានឹងបង្កើតផលផ្លែ ដោយរង់ចាំពេលវេលាដ៏ត្រឹមត្រូវតាមបំណងរបស់ស្ថានសួគ៌ទាំងមិនដឹងខ្លួន? តើមានរឿងប៉ុន្មានហើយដែលធ្វើឲ្យមនុស្សមានអារម្មណ៍តែលតោល និងរាំងស្ទះ? មនុស្សគ្រប់គ្នាមានពេញដោយសេចក្តីសង្ឃឹមអំពីវាសនារបស់គេ ដោយប្រមើលឃើញថា អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់គេនឹងកើតឡើងតាមសេចក្តីប៉ងប្រាថ្នារបស់គេ គិតថាពួកគេនឹងមិនខ្វះខាតអាហារហូបចុក និងសម្លៀកបំពាក់ ហើយគិតទៀតថា ពួកគេនឹងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់មិនខាន។ គ្មាននរណាម្នាក់ចង់បានជីវិតដែលក្រីក្រ ត្រូវគេជិះជាន់សង្កត់សង្កិន ពេញដោយទុក្ខលំបាក និងហ៊ុមព័ទ្ធដោយសេចក្តីវេទនានោះឡើយ។ ប៉ុន្តែ មនុស្សមិនអាចដឹងមុន ឬត្រួតត្រាលើកិច្ចការទាំងនេះបានទេ។ ប្រហែលសម្រាប់អ្នកខ្លះ អតីតកាលគ្រាន់តែជាបទពិសោធន៍ដ៏ច្របូកច្របល់ ប៉ុន្តែពួកគេមិនដែលរៀនសូត្រអំពីអ្វីដែលជាបំណងរបស់ស្ថានសួគ៌ ហើយពួកគេក៏មិនខ្វល់ពីព្រះហឫទ័យនោះដែរ។ ពួកគេសម្ដែងចេញនូវជីវិតរបស់គេដោយមិនចេះគិត ដូចជាសត្វធាតុ ពីមួយថ្ងៃទៅមួយថ្ងៃ មិនខ្វល់អំពីវាសនារបស់មនុស្ស ឬហេតុផលដែលមនុស្សមានជីវិតរស់នៅ ឬរបៀបដែលពួកគេគួរតែរស់នៅនោះដែរ។ មនុស្សបែបនេះចូលដល់វ័យចំណាស់ ដោយមិនទទួលបានការយល់ដឹងអំពីជោគវាសនារបស់មនុស្សឡើយ ហើយរហូតដល់ពេលដែលពួកគេត្រូវស្លាប់ ក៏ពួកគេគ្មានគំនិតអំពីអត្ថន័យនៃជីវិតឡើយ។ មនុស្សបែបនេះជាមនុស្សស្លាប់ ពួកគេជាមនុស្សគ្មានវិញ្ញាណ ហើយពួកគេដូចជាសត្វតិរច្ឆានអ៊ីចឹង។ ទោះបីជាមនុស្សរស់នៅក្នុងការបង្កើត និងទទួលបានសេចក្តីរីករាយចេញពីផ្លូវជាច្រើនដែលលោកីយ៍បំពេញដល់តម្រូវការខាងសម្ភារៈរបស់គេ ហើយទោះបីជាពួកគេមើលឃើញពិភពលោកនេះ តែងតែជឿនលឿនទៅមុខជានិច្ចក៏ដោយ ប៉ុន្តែ បទពិសោធន៍ផ្ទាល់ខ្លួនរបស់គេ ជាអ្វីដែលដួងចិត្ត និងវិញ្ញាណរបស់គេមានអារម្មណ៍ និងដកពិសោធន៍នោះ គ្មានពាក់ព័ន្ធអ្វីជាមួយវត្ថុខាងសម្ភារៈ ហើយក៏គ្មានសម្ភារៈណាមួយដែលអាចជំនួសឲ្យបទពិសោធន៍ទាំងនេះបានដែរ។ បទពិសោធន៍ គឺជាការទទួលស្គាល់ដ៏ជ្រាលជ្រៅនៅខាងក្នុងដួងចិត្តរបស់មនុស្សម្នាក់ ហើយជាអ្វីមួយដែលមិនអាចមើលឃើញដោយភ្នែកទទេឡើយ។ ការទទួលស្គាល់នេះស្ថិតនៅក្នុងការយល់ដឹង ការយល់ឃើញរបស់គេអំពីជីវិតជាមនុស្ស និងជោគវាសនារបស់មនុស្ស។ ជារឿយៗ វានាំឲ្យគេមានការយល់ដឹងថា ចៅហ្វាយដែលគេមើលមិនឃើញ កំពុងតែរៀបចំ និងចាត់ចែងរបស់សព្វសារពើសម្រាប់មនុស្ស។ នៅក្នុងអំឡុងពេលដែលកំពុងតែរៀបចំនេះ មនុស្សមិនអាចធ្វើអ្វី ក្រៅពីទទួលយកការរៀបចំ និងការចាត់ចែងនូវជោគវាសនារបស់គេនោះឡើយ។ គេមិនអាចធ្វើអ្វី ក្រៅពីទទួលយកផ្លូវខាងមុខដែលព្រះអាទិករបានគ្រោងទុក ដែលជាអធិបតេយ្យភាពរបស់ព្រះអាទិករលើជោគវាសនារបស់មនុស្សនោះទេ។ នេះគឺជាការពិតមួយដែលមិនអាចប្រកែកបាន។ ទោះបីជាមនុស្សម្នាក់មានគតិជ្រៅជ្រះ និងឥរិយាបថបែបណាអំពីជោគវាសនាក៏ដោយ ក៏គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការពិតនេះបានដែរ។

កន្លែងដែលអ្នកងនឹងទៅរាល់ថ្ងៃ អ្វីដែលអ្នកនឹងធ្វើ មនុស្ស ឬអ្វីដែលអ្នកនឹងជួប អ្វីដែលអ្នកនឹងនិយាយ អ្វីដែលនឹងកើតឡើងចំពោះអ្នក តើចំណុចទាំងអស់នេះអាចត្រូវបានទស្សន៍ទាយទុកបានដែរឬទេ? មនុស្សមិនអាចមើលឃើញជាមុននូវហេតុការណ៍ទាំងអស់នេះបានឡើយ ហើយគេក៏មិនអាចគ្រប់គ្រងនូវរបៀបដែលស្ថានការណ៍ទាំងនេះនឹងកើតឡើងនោះដែរ។ នៅក្នុងជីវិត ហេតុការណ៍ដែលមិនអាចទស្សន៍ទាយទុកទាំងនេះកើតឡើងគ្រប់ពេលវេលា ហើយទាំងនេះសុទ្ធតែជាហេតុការណ៍ដែលកើតឡើងរាល់ថ្ងៃ។ ការប្រែប្រួលប្រចាំថ្ងៃទាំងនេះ និងរបៀបដែលវាលាតត្រដាង ឬលំនាំដែលវាដើរ សុទ្ធតែជាសេចក្តីរំឭកទៅកាន់មនុស្សថា គ្មានអ្វីមួយដែលកើតឡើងដោយឯកឯងនោះទេ ហើយថាដំណើរការនៃព្រឹត្តិការណ៍នីមួយៗ គឺជាធម្មជាតិដែលមិនអាចចៀសរួច ហើយវាមិនអាចផ្លាស់ប្ដូរ ដោយឆន្ទៈរបស់មនុស្សបានឡើយ។ គ្រប់ហេតុការណ៍ដែលកើតឡើង សុទ្ធតែផ្ដល់នូវសេចក្តីដាស់តឿនពីព្រះអាទិករទៅកាន់មនុស្សជាតិ ហើយវាក៏បញ្ជូនសារថា មនុស្សមិនអាចគ្រប់គ្រងលើជោគវាសនារបស់គេបានដែរ។ គ្រប់ព្រឹត្តិការណ៍ទាំងអស់សុទ្ធតែជាការឆ្លើយតបប្រឆាំងនឹងមហិច្ឆតា និងបំណងប្រាថ្នាដ៏សាហាវ និងឥតខ្លឹមសាររបស់មនុស្ស ដែលចង់កាន់កាប់ជោគវាសនានៅក្នុងដៃរបស់គេ។ ហេតុការណ៍ទាំងនោះប្រៀបបីដូចជាការទះកំផ្លៀងដ៏ខ្លាំងទៅលើផ្ទៃមុខរបស់មនុស្ស ព្រោះថាហេតុការណ៍នីមួយៗ បង្ខំឲ្យមនុស្សពិចារណាឡើងវិញថា នរណាជាអ្នកគ្រប់គ្រង និងត្រួតត្រាលើជោគវាសនារបស់គេនៅទីបញ្ចប់។ ហើយនៅពេលដែលមហិច្ឆតា និងបំណងប្រាថ្នារបស់គេចេះតែមិនបានសម្រេច និងខកចិត្ត មនុស្សក៏ចាប់ផ្ដើមព្រមទទួលយកនូវជោគវាសនាដែលមានសម្រាប់គេដោយឯកឯង ដែលជាការទទួលយកការពិត ទទួលយកបំណងរបស់ស្ថានសួគ៌ និងអធិបតេយ្យភាពរបស់ព្រះអាទិករ។ ចាប់តាំងពីការប្រែប្រួលប្រចាំថ្ងៃទាំងនេះ រហូតដល់ជោគវាសនានៃជីវិតរបស់មនុស្សទាំងអស់ វាគ្មានអ្វីមួយដែលមិនបើកសម្ដែងអំពីផែនការរបស់ព្រះអាទិករ និងអធិបតេយ្យភាពរបស់ទ្រង់នោះឡើយ ហើយគ្មានអ្វីមួយដែលមិនបញ្ជូនសារថា «សិទ្ធិអំណាចរបស់ព្រះអាទិករមិនអាចរំលងបាន» និងមិនបញ្ជូននូវសេចក្តីពិតដ៏អស់កល្បថា «សិទ្ធិអំណាចរបស់ព្រះអាទិករ គឺជាសិទ្ធិអំណាចដ៏ខ្ពង់ខ្ពស់បំផុត» នោះឡើយ។

ជោគវាសនារបស់មនុស្ស និងរបស់ចក្រវាឡ មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយនឹងអធិបតេយ្យភាពរបស់ព្រះអាទិករ ដោយត្រូវបានចងប្រទាក់គ្នាយ៉ាងញឹកស្អេកទៅនឹងការចាត់ចែងរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ជោគវាសនាទាំងនោះមិនអាចដាច់ចេញពីសិទ្ធិអំណាចរបស់ព្រះអាទិករនោះឡើយ។ នៅក្នុងច្បាប់នៃរបស់សព្វសារពើ មនុស្សចាប់ផ្ដើមយល់អំពីការចាត់ចែងរបស់ព្រះអាទិករ និងអធិបតេយ្យភាពរបស់ទ្រង់ ហើយនៅក្នុងច្បាប់អំពីការរស់រានមានជីវិតនៃរបស់សព្វសារពើ គេចាប់ផ្ដើមយល់អំពីអភិបាលកិច្ចរបស់ព្រះអាទិករ។ នៅក្នុងជោគវាសនានៃរបស់សព្វសារពើ គេចាប់ផ្ដើមពិចារណាទៅលើផ្លូវដែលព្រះអាទិករអនុវត្តអធិបតេយ្យភាពរបស់ទ្រង់ និងត្រួតត្រាលើវាសនាទាំងនោះ។ ហើយនៅក្នុងវដ្ដជីវិតរបស់មនុស្ស និងរបស់សព្វសារពើ មនុស្សចាប់ផ្ដើមដកពិសោធន៍យ៉ាងពិតប្រាកដអំពីការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករសម្រាប់របស់សព្វសារពើ និងភាវៈមានជីវិត ហើយចាប់ផ្ដើមមើលឃើញផ្ទាល់នឹងភ្នែកអំពីរបៀបដែលការចាត់ចែង និងការរៀបចំទាំងនោះ ធ្វើនិរាករច្បាប់ ក្បួន និងស្ថាប័នទាំងអស់នៅលើផែនដី គ្រប់ទាំងអំណាច និងកងកម្លាំងទាំងអស់។ វាកើតឡើងបែបនេះ ដើម្បីបង្ខំមនុស្សឲ្យទទួលស្គាល់ថា អធិបតេយ្យភាពរបស់ព្រះអាទិករមិនអាចត្រូវបានបំពាន ដោយភាវៈណាមួយដែលព្រះបានបង្កើតមក និងទទួលស្គាល់ថា គ្មានកម្លាំងណាមួយអាចដណ្ដើម ឬផ្លាស់ប្ដូរព្រឹត្តិការណ៍ និងអ្វីៗដែលត្រូវបានកំណត់ទុកជាស្រេច ដោយព្រះអាទិករនោះឡើយ។ ដោយសារតែអ្វីៗទាំងនេះស្ថិតនៅក្រោមច្បាប់ និងគោលការណ៍របស់ព្រះជាម្ចាស់ហើយ ទើបមនុស្ស និងរបស់សព្វសារពើត្រូវរស់នៅ និងកើនចំនួនច្រើនឡើងពីមួយជំនាន់ទៅមួយជំនាន់។ តើនេះមិនមែនជាការតំណាងដ៏ពិតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករទេឬអី? នៅក្នុងច្បាប់សត្យានុម័ត ទោះបីមនុស្សមើលឃើញពីអធិបតេយ្យភាពរបស់ព្រះអាទិករ និងការចេញបញ្ជារបស់ទ្រង់សម្រាប់គ្រប់ព្រឹត្តិការណ៍ និងរបស់សព្វសារពើក៏ដោយ តើមានមនុស្សប៉ុន្មាននាក់ដែលអាចយល់អំពីគោលការណ៍អធិបតេយ្យភាពរបស់ព្រះអាទិករទៅលើចក្រវាឡនេះទៅ? តើមានមនុស្សប៉ុន្មាននាក់អាចដឹង ទទួលស្គាល់ ទទួលយក និងចុះចូលយ៉ាងពិតប្រាកដចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករ និងការរៀបចំរបស់ទ្រង់ទៅលើវាសនារបស់គេទៅ? ដោយបានជឿទៅលើការពិតអំពីអធិបតេយ្យភាពរបស់ព្រះអាទិករទៅលើរបស់សព្វសារពើ តើនរណានឹងជឿ ហើយទទួលស្គាល់យ៉ាងពិតប្រាកដថា ព្រះអាទិករក៏ត្រួតត្រាលើជោគវាសនានៃជីវិតរបស់មនុស្សផងដែរនោះ? តើនរណាអាចយល់ទៅថា វាសនារបស់មនុស្សពិតជាស្ថិតនៅក្នុងបាតព្រះហស្តរបស់ព្រះអាទិករ? តើមនុស្សគួរតែមានឥរិយាបថបែបនេះចំពោះអធិបតេយ្យភាពរបស់ព្រះអាទិករ នៅពេលដែលប្រឈមជាមួយការពិតដែលថា ទ្រង់គ្រប់គ្រង និងត្រួតត្រាលើវាសនារបស់មនុស្ស? នេះគឺជាការសម្រេចចិត្តមួយដែលមនុស្សគ្រប់រូប ត្រូវតែធ្វើសម្រាប់ខ្លួនឯង។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល