ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤៥៤

07-12-2025

ព្រះយេស៊ូវអាចបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែលជាកិច្ចការនៃការប្រោសលោះមនុស្សទាំងអស់ ពីព្រោះទ្រង់បានបង្ហាញពីការយកព្រះទ័យទុកដាក់ចំពោះព្រះរាជបំណងរបស់ព្រះជាម្ចាស់ដោយមិនចាំបាច់មានផែនការ ឬការរៀបចំណាមួយ សម្រាប់អង្គទ្រង់ឡើយ។ ដូច្នេះ ទ្រង់គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះជាម្ចាស់ដែលអ្នករាល់គ្នាយល់ច្បាស់។ (តាមពិត ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលត្រូវបានធ្វើបន្ទាល់ដោយព្រះជាម្ចាស់។ ខ្ញុំនិយាយអំពីរឿងនេះនៅទីនេះ ដើម្បីប្រើអង្គហេតុពីព្រះយេស៊ូវមកបង្ហាញពីបញ្ហានេះ។) ទ្រង់អាចដាក់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅកណ្តាល ហើយទ្រង់តែងតែអធិស្ឋានដល់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ និងបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ ទ្រង់បានអធិស្ឋាន និងមានបន្ទូលថា៖ «ឱព្រះដ៏ជាព្រះវរ‌បិតា! សូមសម្រេចទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ចុះ កុំតាមចិត្តទូលបង្គំឡើយ ប៉ុន្តែសូមសម្រេចតាមផែនការរបស់ទ្រង់វិញ។ មនុស្សអាចនឹងខ្សោយ ប៉ុន្តែហេតុអ្វីទ្រង់យកព្រះទ័យទុកដាក់នឹងគេ? តើមនុស្សដែលប្រៀបដូចជាស្រមោច នៅក្នុងព្រះហស្ដរបស់ទ្រង់ មានតម្លៃអ្វីដែលទ្រង់ត្រូវយកព្រះទ័យទុកដាក់? នៅក្នុងដួងចិត្តទូលបង្គំ ទូលបង្គំគ្រាន់តែចង់បំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទូលបង្គំចង់ឱ្យទ្រង់ធ្វើអ្វីដែលទ្រង់ចង់ធ្វើនៅក្នុងទូលបង្គំ តាមបំណងព្រះហឫទ័យរបស់ទ្រង់។» តាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូវមានព្រះទ័យក្រៀមក្រំជាខ្លាំង ដូចជាកាំបិតកំពុងចាក់ចូលទៅក្នុងបេះដូងរបស់ទ្រង់ តែទ្រង់មិនមានបំណងងាកបែរពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែបន្តិច ពោលគឺតែងតែមានកម្លាំងដ៏មានអានុភាព ដែលបង្ខំឱ្យទ្រង់ឆ្ពោះទៅកន្លែងដែលទ្រង់នឹងត្រូវគេឆ្កាង។ នៅទីបំផុត ទ្រង់ត្រូវបានគេដំដែកគោលជាប់នឹងឈើឆ្កាង ហើយត្រឡប់ដូចជាសាច់ឈាមមានបាបដែលបំពេញកិច្ចការនៃការប្រោសលោះរបស់មនុស្ស។ ទ្រង់បានផ្ដាច់ច្រវាក់នៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង។ នៅចំពោះទ្រង់ សេចក្តីស្លាប់ ស្ថាននរក និងស្ថានឃុំព្រលឹង បានបាត់បង់អំណាចរបស់វា ហើយត្រូវបានទ្រង់យកឈ្នះរួចទៅហើយ។ ទ្រង់បានរស់នៅអស់រយៈពេលសាមសិបបីឆ្នាំ ជារយៈពេលដែលទ្រង់តែងតែខិតខំអស់ពីសមត្ថភាព ដើម្បីបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ស្របតាមកិច្ចការរបស់ព្រះជាម្ចាស់នៅពេលនោះ ទាំងមិនដែលគិតពីផលប្រយោជន៍ ឬការខាតបង់ផ្ទាល់ខ្លួនឡើយ ហើយតែងតែគិតពីព្រះរាជបំណងរបស់ព្រះវរបិតា។ ដូច្នេះ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់ក៏មានបន្ទូលថា៖ «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់។» ដោយសារតែការបម្រើរបស់ទ្រង់នៅចំពោះព្រះជាម្ចាស់ ស្របនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់ ទើបបានជាព្រះជាម្ចាស់ដាក់បន្ទុកដ៏ធ្ងន់នៃការប្រោសលោះមនុស្សទាំងអស់លើស្មារបស់ទ្រង់ និងធ្វើឱ្យទ្រង់សម្រេចកិច្ចការនោះបាន ហើយទ្រង់មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបំពេញកិច្ចការដ៏សំខាន់នេះ។ ពេញមួយជីវិតរបស់ទ្រង់ ទ្រង់បានស៊ូទ្រាំនឹងការរងទុក្ខដែលមិនអាចវាស់បានសម្រាប់ព្រះជាម្ចាស់ ហើយទ្រង់ត្រូវបានសាតាំងល្បួងជាច្រើនដងរាប់មិនអស់ ប៉ុន្តែទ្រង់មិនដែលខូចព្រះទ័យឡើយ។ ព្រះជាម្ចាស់បានប្រគល់កិច្ចការសំខាន់ដល់ទ្រង់ ពីព្រោះព្រះជាម្ចាស់បានទុកចិត្តលើទ្រង់ ហើយស្រឡាញ់ទ្រង់ ដូច្នេះព្រះជាម្ចាស់បានមានបន្ទូលដោយផ្ទាល់ថា «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់។» នៅពេលនោះ មានតែព្រះយេស៊ូវទេ ដែលអាចសម្រេចបញ្ជាបេសកកម្មនេះបាន ហើយនេះគឺជាទិដ្ឋភាពជាក់ស្តែងមួយនៃការបញ្ចប់កិច្ចការប្រោសលោះមនុស្សលោកទាំងអស់របស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃព្រះគុណ។

ប្រសិនបើអ្នករាល់គ្នាអាចផ្តោតការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់ ហើយបះបោរទាស់នឹងសាច់ឈាមរបស់អ្នកដូចជាព្រះយេស៊ូវ នោះព្រះជាម្ចាស់នឹងប្រគល់កិច្ចការសំខាន់ៗដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នានឹងបំពេញទៅតាមលក្ខខណ្ឌតម្រូវដើម្បីបម្រើព្រះជាម្ចាស់។ មានតែនៅក្នុងកាលៈទេសៈបែបនេះទេ ទើបអ្នករាល់គ្នាអាចនិយាយបានថា អ្នករាល់គ្នាកំពុងដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបំពេញបញ្ជាបេសកកម្មរបស់ទ្រង់ ហើយមានតែពេលនោះទេ ទើបអ្នកហ៊ាននិយាយថា អ្នកពិតជាកំពុងបម្រើព្រះជាម្ចាស់។ បើប្រៀបធៀបនឹងគំរូរបស់ព្រះយេស៊ូវ តើអ្នកហ៊ាននិយាយទេថា អ្នកគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់? តើអ្នកហ៊ាននិយាយទេថា អ្នកកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្នកហ៊ាននិយាយទេថា អ្នកពិតជាកំពុងបម្រើព្រះជាម្ចាស់? សព្វថ្ងៃនេះ អ្នកមិនយល់ពីរបៀបបម្រើព្រះជាម្ចាស់ទ្បើយ។ តើអ្នកហ៊ាននិយាយទេថា អ្នកគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់? បើអ្នកនិយាយថា អ្នកបម្រើព្រះជាម្ចាស់ តើអ្នកមិនប្រមាថដល់ទ្រង់ទេឬអី? សូមគិតមើលថា៖ តើអ្នកកំពុងបម្រើព្រះជាម្ចាស់ ឬកំពុងបម្រើខ្លួនឯង? អ្នកបម្រើសាតាំង តែអ្នកនិយាយដោយចចេសថា អ្នកកំពុងបម្រើព្រះជាម្ចាស់។ នៅក្នុងន័យនេះ តើអ្នកមិនប្រមាថព្រះជាម្ចាស់ទេឬអី? មនុស្សជាច្រើនលោភលន់ចង់បានផលប្រយោជន៍ជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកព្រះបន្ទូលរបស់ខ្ញុំទៅរឹតត្បិតអ្នកដទៃពីទីខ្ពស់។ មនុស្សជំពូកនេះ នៅតែនិយាយថា ពួកគេកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានការជំរុញចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើការជំរុញចិត្តរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយអ្នកសមនឹងទទួលទណ្ឌកម្មពីព្រះជាម្ចាស់! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែមានល្បិចកល និងបោកប្រាស់បងប្អូនប្រុសស្រីរបស់ពួកគេ ដោយធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះជាម្ចាស់ដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលអ្នកធ្វើការបម្រើព្រះជាម្ចាស់បែបនេះ តើព្រះជាម្ចាស់អាចនឹងប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឱ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?

ខ្ញុំនិយាយដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាដឹងអំពីលក្ខខណ្ឌដែលត្រូវបំពេញដើម្បីបម្រើស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នករាល់គ្នាមិនប្រគល់ដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនបង្ហាញពីការយកចិត្តទុកដាក់ចំពោះព្រះរាជបំណងរបស់ព្រះជាម្ចាស់ដូចជាព្រះយេស៊ូវទេនោះ ព្រះជាម្ចាស់មិនអាចជឿជាក់លើអ្នករាល់គ្នាបានទ្បើយ ហើយនឹងបញ្ចប់ដោយត្រូវជំនុំជម្រះដោយព្រះជាម្ចាស់។ ប្រហែលជាសព្វថ្ងៃនេះ អ្នកតែងតែមានចេតនាបញ្ឆោតព្រះជាម្ចាស់ ក្នុងការបម្រើទ្រង់ ហើយតែងតែដោះស្រាយជាមួយព្រះអង្គក្នុងឥរិយាបថដែលជាក់ច្បាស់។ សរុបសេចក្ដីមក ប្រសិនបើអ្នកបោកបញ្ឆោតព្រះជាម្ចាស់ ការជំនុំជម្រះដ៏ឥតមេត្តានឹងធ្លាក់មកលើអ្នកដោយមិនគិតពីអ្វីទាំងអស់ផ្សេងទៀត។ អ្នករាល់គ្នាគួរតែទាញយកប្រយោជន៍ពីការចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវក្នុងការបម្រើព្រះជាម្ចាស់ ដើម្បីប្រគល់ដួងចិត្តដល់ព្រះជាម្ចាស់ជាមុន ដោយមានភក្ដីភាពចំពោះព្រះជាម្ចាស់តែមួយគត់។ មិនថាអ្នកនៅចំពោះព្រះជាម្ចាស់ ឬនៅមុខមនុស្សដទៃទៀត ដួងចិត្តរបស់អ្នកគួរតែផ្តោតទៅរកព្រះជាម្ចាស់ជានិច្ច ហើយអ្នកគួរតែតាំងចិត្តស្រឡាញ់ព្រះជាម្ចាស់ ដូចព្រះយេស៊ូវដែរ។ តាមវិធីនេះ ព្រះជាម្ចាស់នឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ ដើម្បីឱ្យអ្នកក្លាយជាអ្នកបម្រើព្រះជាម្ចាស់ដែលបំពេញតាមព្រះរាជបំណងរបស់ទ្រង់។ ប្រសិនបើអ្នកពិតជាចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍មែន ហើយឱ្យកិច្ចការបម្រើរបស់អ្នកស្របតាមព្រះរាជបំណងរបស់ទ្រង់ នោះអ្នកគួរតែផ្លាស់ប្តូរទស្សនៈពីមុនរបស់អ្នក ចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់ និងផ្លាស់ប្តូររបៀបចាស់របស់អ្នកដែលអ្នកបានប្រើដើម្បីបម្រើព្រះជាម្ចាស់ ទើបអ្នកកាន់តែត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ តាមវិធីនេះ ព្រះជាម្ចាស់នឹងមិនបោះបង់ចោលអ្នកឡើយ ហើយអ្នកនឹងនាំមុខនៃអស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ដូចជាពេត្រុស។ ប្រសិនបើអ្នកនៅតែមិនប្រែចិត្ត នោះចុងក្រោយ អ្នកនឹងជួបរឿងដូចជាយូដាស។ មនុស្សគ្រប់គ្នាដែលជឿដល់ព្រះជាម្ចាស់ គួរតែយល់អំពីរឿងនេះ។

ដកស្រង់ពី «របៀបបម្រើ ស្របគ្នាទៅនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល