ការសិក្សាប្រចាំថ្ងៃ៖ វិធី ៤ យ៉ាង ដើម្បីជួយឱ្យអ្នក កាន់តែជិតស្និទ្ធព្រះជាម្ចាស់

08-09-2021

By Xiaomo, China

នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកយើង មានតែការចូលឱ្យកាន់តែជិតព្រះជាម្ចាស់ និងការមានការប្រាស្រ័យទាក់ទងដ៏ពិតប្រាកដជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកយើងអាចរក្សាទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ ទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ យល់ពីសេចក្ដីពិត និងចូលទៅក្នុងការពិតបាន។ ដូច្នេះ តើពួកយើងអាចរក្សាទំនាក់ទំនងជិតស្និទ្ធយ៉ាងពិតប្រាកដជាមួយព្រះជាម្ចាស់យ៉ាងដូចម្ដេច? ពួកយើងគ្រាន់តែត្រូវការយល់បួនចំណុចខាងក្រោមប៉ុណ្ណោះ នោះទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់ នឹងកាន់តែជិតស្និទ្ធយ៉ាងពិតប្រាកដ។

១. អធិស្ឋានទៅព្រះជាម្ចាស់ដោយចិត្តស្មោះត្រង់ និងត្រូវបានអង្រួនដោយព្រះវិញ្ញាណបរិសុទ្ធ

ការអធិស្ឋានគឺជាបណ្ដាញដែលពួកយើងអាចធ្វើទំនាក់ទំនងជាមួយព្រះជាម្ចាស់។ តាមរយៈការអធិស្ឋាន ចិត្តរបស់ពួកយើងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ ពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបង្កើតទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់។ ប៉ុន្តែនៅក្នុងជីវិត ដោយសារតែពួកយើងមមាញឹកនឹងកិច្ចការ ឬការងារផ្ទះ នោះពួកយើងគ្រាន់តែប្រើប្រាស់អារម្មណ៍ជារឿយៗនៅក្នុងការអធិស្ឋាន ហើយពួកយើងគ្រាន់តែប្រព្រឹត្តចំពោះព្រះជាម្ចាស់ ដោយគ្រាន់តែនិយាយបង្គ្រប់កិច្ច នូវពាក្យដែលមិនចេញពីចិត្ត មួយចំនួនតូចប៉ុណ្ណោះ។ នៅពេលដែលពួកយើងមមាញឹកនឹងរឿងដំបូងនៅពេលព្រឹក ឧទាហរណ៍ ការទៅបំពេញកិច្ចការ ឬយើងមមាញឹកនឹងអ្វីផ្សេង នោះពួកយើងអធិស្ឋានទាំងប្រញាប់ប្រញាល់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំថ្វាយកិច្ចការនៅថ្ងៃនេះទៅក្នុងព្រះហស្ដរបស់ទ្រង់ ហើយទូលបង្គំថ្វាយកូនៗ និងឪពុកម្ដាយរបស់ទូលបង្គំទៅទ្រង់ហើយ។ ទូលបង្គំថ្វាយគ្រប់យ៉ាងទៅក្នុងព្រះហស្ដរបស់ទ្រង់ ហើយសុំឱ្យទ្រង់ប្រទានពរ និងការពារទូលបង្គំ។ អាម៉ែន!» ពួកយើងប្រព្រឹត្តចំពោះព្រះជាម្ចាស់គ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយនិយាយពាក្យព្រាវៗមួយចំនួន។ ចិត្តរបស់ពួកយើងមិនស្ងប់ឡើយ ហើយជាងនេះទៅទៀត ពួកយើងគ្មានទំនាក់ទំនងពិតណាមួយជាមួយព្រះជាម្ចាស់ឡើយ។ ពេលខ្លះ ពួកយើងនិយាយពាក្យពីរោះស្ដាប់មួយចំនួន និងពាក្យអួតអាងឥតខ្លឹមសារមួយចំនួនទៅកាន់ព្រះជាម្ចាស់ នៅក្នុងការអធិស្ឋាន ហើយពួកយើងមិននិយាយទៅកាន់ព្រះជាម្ចាស់ នូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកយើងឡើយ។ ឬពេលខ្លះ នៅពេលដែលពួកយើងអធិស្ឋាន ពួកយើងទន្ទេញឱ្យចាំនូវពាក្យជាក់លាក់មួយចំនួន ហើយពួកយើងនិយាយពាក្យដដែលនោះ ប្រើពាក្យចាស់គ្រប់ពេល ហើយរឿងនេះបានក្លាយ ជាការអធិស្ឋាននៃពិធីសាសនាមួយតែម្ដង។ ការអធិស្ឋានជាច្រើនដូចនេះ ត្រូវបានថ្លែងនៅក្នុងជីវិតរបស់ពួកយើង ជាការអធិស្ឋានដែលប្រកាន់ខ្ជាប់នូវច្បាប់វិន័យ និងការអធិស្ឋានដែលពួកយើងមិនបើកចិត្តរបស់ពួកយើងទៅព្រះជាម្ចាស់ ឬស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ស្អប់ នៅពេលដែលពួកយើងអធិស្ឋានដោយគ្មានអត្ថន័យណាមួយ ពីព្រោះការអធិស្ឋានប្រភេទនេះ មានតែសម្បកក្រៅ និងពិធីសាសនាប៉ុណ្ណោះ ហើយគ្មានការប្រាស្រ័យទាក់ទងពិតប្រាកដជាមួយព្រះជាម្ចាស់ នៅក្នុងវិញ្ញាណរបស់ពួកយើងឡើយ។ មនុស្សដែលអធិស្ឋានដូច្នេះ គឺកំពុងតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ គ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ហើយកំពុងតែបោកបញ្ឆោតព្រះជាម្ចាស់។ ដូច្នេះហើយ ការអធិស្ឋានដូចនេះ ព្រះជាម្ចាស់មិនស្ដាប់ឡើយ ហើយវាធ្វើឱ្យមនុស្សដែលអធិស្ឋានរបៀបនេះពិបាកនឹងត្រូវបានអង្រួនដោយព្រះវិញ្ញាណបរិសុទ្ធណាស់។ នៅពេលដែលពួកគេអធិស្ឋានដូចនេះ ពួកគេមិនអាចមានអារម្មណ៍ពីវត្តមានរបស់ព្រះជាម្ចាស់បានទេ វិញ្ញាណរបស់ពួកគេខ្មៅងងឹត និងទន់ខ្សោយ ហើយទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ កាន់តែឆ្ងាយទៅៗ។

ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ព្រះជាម្ចាស់ជាវិញ្ញាណ ហើយអស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត» (យ៉ូហាន ៤:២៤)។ ព្រះជាម្ចាស់គឺជាព្រះអាទិករ ដែលបំពេញគ្រប់ស្ថានសួគ៌ និងផែនដី។ ទ្រង់នៅក្បែរពួកយើងគ្រប់ពេលវេលា កំពុងទតមើលរាល់ពាក្យសម្ដី និងសកម្មភាពទាំងអស់របស់ពួកយើង រាល់គំនិត និងទស្សនៈទាំងអស់របស់ពួកយើង។ ព្រះជាម្ចាស់ខ្ពង់ខ្ពស់បំផុត មានកិត្តិយសមែនទែន ហើយនៅពេលដែលពួកយើងអធិស្ឋានទៅព្រះជាម្ចាស់ ពួកយើងថ្វាយបង្គំព្រះជាម្ចាស់ ហើយពួកយើងត្រូវតែចូលមកចំពោះព្រះជាម្ចាស់ដោយចិត្តស្មោះត្រង់។ ដូច្នេះហើយ នៅពេលដែលពួកយើងអធិស្ឋានទៅព្រះជាម្ចាស់ ពួកយើងត្រូវតែមានចិត្តកោតខ្លាចព្រះជាម្ចាស់ និយាយយ៉ាងស្មោះ និងពិតប្រាកដចំពោះព្រះជាម្ចាស់ នាំយកស្ថានភាពពិតរបស់ពួកយើង ភាពលំបាករបស់ពួកយើង និងសេចក្ដីលំបាករបស់ពួកយើងទៅចំពោះព្រះជាម្ចាស់ ហើយទូលទ្រង់អំពីពួកវា ហើយពួកយើងត្រូវតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកមាគ៌ានៃការអនុវត្ត ដោយសារមានតែវិធីនេះទេ ទើបការអធិស្ឋានរបស់ពួកយើង ស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ឧទាហរណ៍ ពួកយើងជួបប្រទះការលំបាកមួយចំនួននៅក្នុងជីវិត ឬពួកយើងមើលឃើញខ្លួនឯងថាកំពុងតែរស់នៅក្នុងស្ថានភាព ដែលពួកយើងប្រព្រឹត្តអំពើបាប និងសារភាពជានិច្ច ហើយពួកយើងមានអារម្មណ៍ត្រូវបានធ្វើទារុណកម្ម។ ដូច្នេះហើយ ពួកយើងបើកចិត្តរបស់ពួកយើងទៅព្រះជាម្ចាស់ ទូលព្រះជាម្ចាស់អំពីបញ្ហាទាំងនេះ និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់នឹងទតមើលភាពស្មោះស្ម័គ្ររបស់ពួកយើង ហើយទ្រង់នឹងអង្រួនពួកយើង។ ទ្រង់នឹងប្រទានសេចក្ដីជំនឿដល់ពួកយើង ឬទ្រង់នឹងបំភ្លឺពួកយើងឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ នៅក្នុងវិធីនេះ ពួកយើងយល់ពីសេចក្ដីពិត និងមានវិធីឆ្ពោះទៅមុខ។ ឧទាហរណ៍ នៅពេលដែលពួកយើងពិតជាទទួលស្គាល់ថា ការអធិស្ឋានរបស់ពួកយើង គ្រាន់តែប្រកាន់ខ្ជាប់នូវច្បាប់វិន័យ ហើយគ្រាន់តែត្រូវបាននិយាយជាទម្រង់ផ្លូវការ ឬពួកយើងនិយាយយ៉ាងអួតអាង ឬឥតខ្លឹមសារ ហើយពួកយើងមិនមានការប្រាស្រ័យទាក់ទងដ៏ពិតណាមួយជាមួយព្រះជាម្ចាស់ នោះពួកយើងអាចអធិស្ឋានតាមវិធីនេះ៖ «ឱព្រះជាម្ចាស់អើយ! នៅពេលដែលទូលបង្គំបានអធិស្ឋានពីមុន ទូលបង្គំគ្រាន់តែប្រព្រឹត្តចំពោះទ្រង់គ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។ គ្រប់យ៉ាងដែលទូលបង្គំបាននិយាយ គឺនិយាយដើម្បីលួចបន្លំទ្រង់ ហើយទូលបង្គំមិនមែននិយាយយ៉ាងស្មោះស្ម័គ្រទាល់តែសោះ។ ទូលបង្គំមានអារម្មណ៍ជាប់ជំពាក់យ៉ាងខ្លាំងចំពោះទ្រង់។ ចាប់ពីថ្ងៃនេះទៅ ទូលបង្គំចង់អធិស្ឋានដោយចិត្តរបស់ទូលបង្គំ។ ទូលបង្គំនឹងទូលទៅកាន់ទ្រង់អ្វីក៏ដោយដែលទូលបង្គំគិតនៅក្នុងចិត្ត ហើយទូលបង្គំនឹងថ្វាយបង្គំទ្រង់ដោយចិត្តដ៏ស្មោះត្រង់ និងសុំឱ្យទ្រង់ប្រទានការចង្អុលបង្ហាញរបស់ទ្រង់»។ នៅពេលដែលពួកយើងបើកចំហចំពោះព្រះជាម្ចាស់ដូចនេះ ចេញពីជម្រៅចិត្តរបស់ពួកយើង នោះចិត្តរបស់ពួកយើងត្រូវបានអង្រួន។ នោះពួកយើងឃើញថា ពួកយើងបះបោរនឹងព្រះជាម្ចាស់ប៉ុនណា ហើយពួកយើងកាន់តែចង់ប្រែចិត្តយ៉ាងពិតប្រាកដទៅព្រះជាម្ចាស់ និងនិយាយយ៉ាងស្មោះស្ម័គ្រទៅកាន់ទ្រង់។ នៅពេលនេះ ពួកយើងនឹងមានអារម្មណ៍ថា ទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់ គឺពិតជាជិតស្និទ្ធ ហាក់ដូចជាពួកយើងនៅទល់មុខជាមួយទ្រង់អ៊ីចឹង។ នេះគឺជាលទ្ធផលនៃការបើកចិត្តរបស់ពួកយើងចំពោះព្រះជាម្ចាស់។

ការបើកចិត្តរបស់ពួកយើងទៅព្រះជាម្ចាស់ គ្មានអ្វីពាក់ព័ន្ធនឹងចំនួនដែលពួកយើងនិយាយទៅទ្រង់ ឬថាពួកយើងប្រើប្រាស់ពាក្យពេចន៍ប្រសើរ ឬភាសាទំនើបឡើយ។ ដរាបណាពួកយើងបើកចិត្តរបស់ពួកយើងទៅព្រះជាម្ចាស់ ហើយទូលទ្រង់អំពីសភាពពិតរបស់ពួកយើង ស្វែងរកការចង្អុលបង្ហាញនិងការបំភ្លឺរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងស្ដាប់ពួកយើង ទោះបីជាពួកយើងគ្រាន់តែនិយាយពាក្យសាមញ្ញពីរបីពាក្យក៏ដោយ។ នៅពេលដែលពួកយើងចូលទៅជិតព្រះជាម្ចាស់ជារឿយៗតាមវិធីនេះ នោះមិនថានៅក្នុងការជួបជុំ ឬអំឡុងពេលថ្វាយខាងវិញ្ញាណ ឬនៅពេលដែលពួកយើងកំពុងតែដើរតាមផ្លូវ ឬអង្គុយនៅលើរថយន្តក្រុង ឬកន្លែងធ្វើការឡើយ នោះចិត្តរបស់ពួកយើងនឹងតែងតែបើកយ៉ាងស្ងៀមស្ងាត់ទៅព្រះជាម្ចាស់ នៅក្នុងការអធិស្ឋាន។ ដោយមិនដឹងពីវាឡើយ នោះចិត្តរបស់ពួកយើងអាចស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់កាន់តែច្រើន ពួកយើងនឹងយល់កាន់តែច្រើនអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលពួកយើងជួបប្រទះបញ្ហា នោះពួកយើងនឹងដឹងពីវិធីអនុវត្តសេចក្ដីពិត ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅក្នុងវិធីនេះ ទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់នឹងកាន់តែមានភាពប្រក្រតី។

២. នៅពេលដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរពិចារណាព្រះបន្ទូលនោះដោយចិត្តរបស់អ្នក ហើយអ្នកនឹងយល់ពីអត្ថន័យពិតរបស់ព្រះបន្ទូលនោះ

ពួកយើងអនុវត្តការលះបង់ខាងវិញ្ញាណ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ ធ្វើដូចម្ដេចទើបពួកយើងអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមវិធីមួយ ដែលសម្រេចបានលទ្ធផលល្អផង និងអាចធ្វើឱ្យទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់កាន់តែជិតស្និទ្ធផង? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ការដែលមនុស្សជឿលើព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ទៅបាន គឺតាមរយៈការពាល់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ដោយដួងចិត្តរបស់ពួកគេ ហើយដោយហេតុនេះ ក៏ទទួលបាននូវការពេញព្រះហឫទ័យនៃទ្រង់ ហើយតាមរយៈការប្រើដួងចិត្តរបស់ពួកគេនេះ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបទទួលបាននូវការបណ្ដាលចិត្តដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់» («ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា»)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់យើងថា នៅពេលដែលពួកយើងអានព្រះបន្ទូលរបស់ទ្រង់ ពួកយើងត្រូវតែពិចារណាព្រះបន្ទូលនោះ ហើយស្វែងរកដោយចិត្តរបស់ពួកយើង ពួកយើងត្រូវតែទទួលយកការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកយើងត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់តម្រូវពីពួកយើង។ មានតែតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមវិធីនេះប៉ុណ្ណោះ ទើបការខិតខំប្រឹងប្រែងរបស់ពួកយើង បង្កើតផលផ្លែ ហើយពួកយើងនឹងកាន់តែចូលទៅជិតព្រះជាម្ចាស់។ នៅពេលដែលពួកយើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើពួកយើងគ្រាន់តែមើល ដោយគ្មានការយកចិត្តទុកដាក់យ៉ាងពិតប្រាកដ ប្រសិនបើពួកយើងគ្រាន់តែផ្ដោតលើការយល់អ្វីដែលមានចែង និងគោលលទ្ធិមួយចំនួន ដើម្បីអួតសម្ញែងខ្លួនឯង ហើយមិនយកចិត្តទុកដាក់ចំពោះការយល់ពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះមិនថាពួកយើងអានព្រះបន្ទូលរបស់ទ្រង់ច្រើនប៉ុនណាឡើយ ក៏ពួកយើងនឹងមិនស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចបង្កើតទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ទៀតផង។

ដូច្នេះហើយ នៅពេលដែលពួកយើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងត្រូវតែធ្វើចិត្តរបស់ពួកយើងឱ្យស្ងប់ ហើយប្រើចិត្តរបស់ពួកយើងឱ្យពិចារណា ពីមូលហេតុដែលព្រះជាម្ចាស់មានបន្ទូលបែបនោះ អ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអ្វីជាលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះទ័យចង់សម្រេចបានជាមួយពួកយើង ដោយការមានបន្ទូលបែបនោះ។ មានតែការពិចារណាយ៉ាងជ្រាលជ្រៅអំពីព្រះបន្ទូលរបស់ទ្រង់តាមវិធីនេះប៉ុណ្ណោះ ទើបពួកយើងអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងកាន់តែត្រូវនឹងព្រះទ័យរបស់ទ្រង់ ហើយទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់នឹងកាន់តែប្រក្រតី។ ឧទាហរណ៍ ពួកយើងឃើញថា ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា លើកលែងតែអ្នកត្រូវបានផ្លាស់ប្រែ និងក្លាយជាដូចកូនក្មេងសិន នោះទើបអ្នកនឹងបានចូលក្នុងនគរស្ថានសួគ៌» (ម៉ាថាយ ១៨:៣)។ ពួកយើងទាំងអស់អាចយល់អត្ថន័យសើៗនៃការថ្លែងនេះ ដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យពួកយើងក្លាយជាមនុស្សស្មោះត្រង់។ ប៉ុន្តែបញ្ហាដូចជា សារៈសំខាន់នៃការក្លាយជាបុគ្គលស្មោះត្រង់ មូលហេតុដែលព្រះជាម្ចាស់ស្រឡាញ់មនុស្សស្មោះត្រង់ និងវិធីពិតប្រាកដ ដើម្បីក្លាយជាបុគ្គលស្មោះត្រង់ គឺជាបញ្ហាដែលពួកយើងគួរតែពិចារណាឱ្យកាន់តែស៊ីជម្រៅ។ តាមរយៈការអានដោយការអធិស្ឋាន និងការពិចារណាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកយើងយល់ថា សារជាតិរបស់ព្រះជាម្ចាស់គឺស្មោះត្រង់ ហើយថា គ្មានភាពក្លែងក្លាយ ឬការបោកបញ្ឆោតនៅក្នុងអ្វីមួយដែលព្រះជាម្ចាស់មានបន្ទូល ឬធ្វើឡើយ ដូច្នេះហើយ ព្រះជាម្ចាស់ស្រឡាញ់មនុស្សស្មោះត្រង់ និងស្អប់មនុស្សបោកបញ្ឆោត។ ព្រះជាម្ចាស់តម្រូវថា ពួកយើងត្រូវតែក្លាយជាមនុស្សស្មោះត្រង់ ដោយគ្រាន់តែតាមរយៈការក្លាយជាមនុស្សស្មោះត្រង់ ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកយើងអាចត្រូវបានព្រះជាម្ចាស់ដឹកនាំចូលទៅក្នុងនគររបស់ទ្រង់។ ដូច្នេះ តើធ្វើបែបណាឱ្យពិតប្រាកដ ទើបពួកយើងអាចក្លាយជាមនុស្សស្មោះត្រង់? ទីមួយ ពួកយើងមិននិយាយកុហក ប៉ុន្តែយើងត្រូវតែបរិសុទ្ធ និងបើកចិត្ត ហើយនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ពួកយើង។ ទីពីរ ពួកយើងមិនត្រូវធ្វើសកម្មភាពយ៉ាងបោកបញ្ឆោតឡើយ ពួកយើងត្រូវតែអាចបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនលួចបន្លំព្រះជាម្ចាស់ និងលួចបន្លំមនុស្ស។ ទីបី ត្រូវតែគ្មានការបោកបញ្ឆោតនៅក្នុងចិត្តរបស់ពួកយើង ត្រូវតែគ្មានបំណងចិត្ត ឬបំណងផ្ទាល់ខ្លួននៅក្នុងសកម្មភាពរបស់ពួកយើង តែផ្ទុយទៅវិញ ពួកយើងគួរតែធ្វើសកម្មភាពគ្រាន់តែអនុវត្តសេចក្ដីពិត និងផ្គាប់ព្រះទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ បន្ទាប់ពីពន្លឺនេះ ត្រូវបានសម្រេចតាមរយៈការពិចារណា នោះពួកយើងឆ្លុះបញ្ចាំងលើសកម្មភាព និងឥរិយាបថរបស់ពួកយើង ដូច្នេះ ពួកយើងឃើញថា ពួកយើងនៅតែមានការសម្ដែងចេញនូវការបោកបញ្ឆោតជាច្រើន៖ នៅពេលដែលពួកយើងកំពុងតែដោះស្រាយជាមួយមនុស្សដទៃ ពួកយើងតែងតែមិនអាចបញ្ឈប់ខ្លួនឯងពីការភូតកុហក ឬការលួចបន្លំឡើយ ដើម្បីការពារផលប្រយោជន៍ កេរ្ដិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកយើង។ នៅពេលដែលពួកយើងថ្វាយខ្លួនចំពោះព្រះជាម្ចាស់ ពួកយើងអាចនិយាយនៅក្នុងការអធិស្ឋានថា ពួកយើងចង់ស្រឡាញ់ព្រះជាម្ចាស់ និងផ្គាប់ព្រះទ័យព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលកូនរបស់ពួកយើងឈឺ ឬទាំងពួកយើង និងសមាជិកគ្រួសារបាត់បង់ការងារបស់ពួកគេ នោះពួកយើងចាប់ផ្ដើមរអ៊ូរទាំដាក់ព្រះជាម្ចាស់ និងរឿងជាច្រើនទៀត ដែលធ្វើឱ្យពួកយើងចង់បោះបង់ចោលការធ្វើកិច្ចការ និងការលះបង់ចំពោះព្រះជាម្ចាស់។ នៅក្នុងនេះ ពួកយើងអាចឃើញថា ពួកយើងលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់តាមវិធីដែលខូចខិល ហើយតាមវិធីដែលពួកយើងធ្វើការដោះដូរជាមួយព្រះជាម្ចាស់។ ពួកយើងលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ដើម្បីទទួលបានផលប្រយោជន៍ពីព្រះជាម្ចាស់ ហើយមិនផ្គាប់ព្រះទ័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ទាំងនេះ គ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ អំពីការសម្ដែងចេញនូវការបោកបញ្ឆោតរបស់ពួកយើង។ ចេញពីការសម្ដែងចេញទាំងនេះ ពួកយើងអាចឃើញថា ពួកយើងពិតជាមិនមែនមនុស្សស្មោះត្រង់ឡើយ។ នៅពេលដែលពួកយើងឃើញយ៉ាងច្បាស់ អំពីគុណវិបត្តិ និងចំណុចខ្វះខាតផ្ទាល់ខ្លួនរបស់ពួកយើង នោះការតាំងចិត្តកើតឡើងនៅក្នុងពួកយើង ដើម្បីស្រេកឃ្លានសេចក្ដីពិត និងស្វះស្វែងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើននៅក្នុងជីវិតរបស់ពួកយើង។ នេះគឺជាលទ្ធផលនៃសម្រេចបានដោយការពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ពិតណាស់ លទ្ធផលនេះ មិនអាចសម្រេចបានដោយការពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តែម្ដងឡើយ តែជាងនេះទៅទៀត គឺតាមរយៈការពិចារណាអំពីព្រះបន្ទូលរបស់ទ្រង់ជាច្រើនលើក។ ពួកយើងក៏ត្រូវតែអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាបន្តបន្ទាប់ផងដែរ នៅពេលណាដែលពួកយើងជួបប្រទះបញ្ហា។ សរុបមក ដរាបណាពួកយើងពិចារណាយ៉ាងឥតស្រាកស្រាន្ដ អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាមួយចិត្តរបស់ពួកយើងតាមវិធីនេះ នោះពួកយើងនឹងអាចទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធ។ ថ្ងៃមួយ ពួកយើងនឹងអាចទទួលបានពន្លឺថ្មីមួយចំនួន ហើយនៅថ្ងៃបន្ទាប់ ពួកយើងនឹងទទួលបានពន្លឺបន្តិចថែមទៀត មួយរយៈមក ពួកយើងនឹងអាចយល់កាន់តែច្រើនអំពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មាគ៌ានៃការអនុវត្តនឹងកាន់តែច្បាស់ ជីវិតរបស់ពួកយើងនឹងកាន់តែរីកចម្រើនជាលំដាប់ ហើយទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់ នឹងកាន់តែជិតស្និទ្ធទៅៗ។

៣. ស្វែងរកសេចក្ដីពិត និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងរបស់សព្វសារពើ

រឿងដែលសំខាន់បំផុតសម្រាប់ពួកយើង ដើម្បីរក្សាទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់ គឺស្វែងរកសេចក្ដីពិត នៅពេលដែលពួកយើងជួបប្រទះបញ្ហា ហើយអនុវត្តឱ្យស្របតាមព្រះបន្ទូលរបស់ទ្រង់។ ប៉ុន្តែនៅក្នុងជីវិត នៅពេលដែលពួកយើងជួបប្រទះបញ្ហា ពួកយើងតែងតែពឹងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ឬពួកយើងប្រើប្រាស់មធ្យោបាយរបស់មនុស្សដើម្បីដោះស្រាយពួកវា ឬពួកយើងដោះស្រាយជាមួយពួកវា ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ ពួកយើងកម្រនឹងធ្វើការស្ងៀមស្ងាត់ណាស់ នៅចំពោះព្រះជាម្ចាស់ ហើយស្វែងរកសេចក្ដីពិត ឬដោះស្រាយជាមួយបញ្ហា ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការធ្វើបែបនេះ បណ្ដាលឱ្យួពួកយើងបាត់បង់ឱកាសជាច្រើនដើម្បីអនុវត្តសេចក្ដីពិត ហើយពួកយើងកាន់តែឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា «ទោះបីអ្វីដែលអ្នកកំពុងតែធ្វើនោះជាកិច្ចការធំដុំ ឬក៏តូចតាចក្ដី ហើយមិនថាអ្នកកំពុងតែធ្វើវា ដើម្បីបំពេញភារកិច្ចរបស់អ្នកនៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ឬសម្រាប់ហេតុផលឯកជនផ្ទាល់ខ្លួនរបស់អ្នកឡើយ អ្នកត្រូវតែពិចារណាមើលថាតើអ្វីដែលអ្នកកំពុងតែធ្វើនោះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជាថាតើវាជាអ្វីមួយដែលបុគ្គលម្នាក់មានភាពជាមនុស្សគួរតែធ្វើឬអត់។ បើអ្នកស្វែងរកសេចក្តីពិតបែបនេះនៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ នោះអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដហើយ» («ការស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺសម្រាប់ជាប្រយោជន៍នៃការអនុវត្តតាមសេចក្តីពិត»)។ «ប្រសិនបើអ្នកបន្តស្ថិតក្នុងព្រះបន្ទូលរបស់ខ្ញុំ នោះអ្នកពិតជាសាវ័ករបស់ខ្ញុំ» (យ៉ូហាន ៨:៣១)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញពួកយើងនូវមាគ៌ាដ៏ច្បាស់។ មិនថាពួកយើងកំពុងតែបំពេញកិច្ចការនៅក្នុងក្រុមជំនុំ ឬដោះស្រាយបញ្ហាដែលពួកយើងបានជួបប្រទះនៅក្នុងជីវិតរបស់ពួកយើងឡើយ ពួកយើងត្រូវតែស្វែងរកសេចក្ដីពិត និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជានិច្ច មើលពីវិធីដើម្បីដោះស្រាយបញ្ហា តាមវិធីដែលបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់ដែលពួកយើងអាចជួបប្រទះ និងរក្សាទំនាក់ទំនងជាប្រក្រតីរបស់ពួកយើងជាមួយព្រះជាម្ចាស់។

ចូរយកវិធីដែលពួកយើងស្វែងរកសេចក្ដីពិត នៅពេលដែលពួកយើងជ្រើសរើសប្ដីប្រពន្ធ ជាឧទាហរណ៍។ នៅពេលដែលពួកយើងកំពុងស្វែងរកដៃគូ ពួកយើងតែងតែធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកយើង ហើយផ្ដោតលើរូបរាង និងចរិតលក្ខណៈខាងក្រៅរបស់បុគ្គល ហើយពួកយើងស្វែងរកបុរសសង្ហារ មាន និងខ្ពស់ ឬនារីដែលស្អាត មាន និងស្បែកខ្មៅស្រអែម ដោយជឿថា ពួកយើងនឹងគ្រាន់តែមានអាពាហ៍ពិពាហ៍ដ៏មានសេចក្ដីសុខប៉ុណ្ណោះ ប្រសិនបើពួកយើងរៀបការជាមួយនរណាម្នាក់ដូចនោះ ហើយថា ពួកយើងនឹងរស់នៅក្នុងជីវិតដែលមានភាពងាយស្រួល សុខស្រួល និងពេញចិត្តផ្នែករាងកាយ ហើយអ្នកដទៃនឹងច្រណែនពួកយើង។ ទោះបីជាយ៉ាងណាក៏ដោយ តើពួកយើងធ្លាប់ឆ្ងល់ទេថា ការស្វែងរកដៃគូដូចនោះ មានអត្ថប្រយោជន៍ចំពោះជំនឿរបស់ពួកយើងលើព្រះជាម្ចាស់ និងចំពោះការរីកចម្រើនក្នុងជីវិតរបស់ពួកយើងឬទេ? ប្រសិនបើដៃគូរបស់ពួកយើងមិនជឿលើព្រះជាម្ចាស់ ហើយពួកគេព្យាយាមបញ្ឈប់ពួកយើងពីការជឿលើព្រះជាម្ចាស់ តើនឹងមានលទ្ធផលបែបណា? ព្រះគម្ពីរចែងថា «អ្នកមិនត្រូវទឹមនឹមស្រៀករួមគ្នានឹងពួកអ្នកមិនជឿឡើយ» (២ កូរិនថូស ៦:១៤)។ ចេញពីព្រះបន្ទូលនេះ ពួកយើងអាចឃើញថា បំណងចិត្តរបស់អ្នកជឿ និងអ្នកមិនជឿមិនចុះសម្រុងគ្នា ហើយមិនសក្ដិសមនឹងគ្នា។ នៅក្នុងវិធីប្រព្រឹត្តចំពោះសេចក្ដីជំនឿ និងចំពោះមិត្តភក្ដិក្នុងសង្គម ពួកគេម្នាក់ៗនឹងមានទស្សនៈផ្ទាល់ខ្លួន ហើយនឹងតាមរកអ្វីៗផ្សេងៗគ្នា៖ អ្នកជឿនឹងចង់ដើរតាមវិធីនៃការកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងអំពើអាក្រក់ ខណៈដែលអ្នកមិនជឿ នឹងចង់ដើរតាមនិន្នាការអាក្រក់របស់លោកិយ។ នៅពេលដែលពួកយើងរួបរួមគ្នាជាមួយអ្នកមិនជឿ នោះពួកយើងនឹងចាំបាច់ត្រូវតែទទួលឥទ្ធិពលពីពួកគេ ហើយការរីកចម្រើននៃជីវិតរបស់ពួកយើងនឹងត្រូវបានរារាំង។ ដូច្នេះហើយ នៅពេលដែលជ្រើសរើសដៃគូ ពួកយើងត្រូវតែពិចារណាអំពីភាពជាមនុស្ស និងចរិតលក្ខណៈរបស់បុគ្គល ហើយពិចារណាថា ការសហការជាមួយពួកគេ នឹងផ្ដល់ផលប្រយោជន៍ដល់ជំនឿរបស់ពួកយើងនៅក្នុងព្រះជាម្ចាស់ឬអត់ ថាតើពួកយើងទាំងពីរចុះសម្រុងគ្នាឬអត់ ហើយ ថាតើបំណងចិត្តរបស់ពួកយើងស្របគ្នាឬអត់។ ប្រសិនបើពួកយើងមិនពិចារណាអ្វីៗទាំងនេះទេ ប៉ុន្តែគ្រាន់តែផ្ដោតតែទៅលើរូបរាងខាងក្រៅរបស់បុគ្គល និងស្ថានភាពគ្រួសាររបស់ពួកគេ នោះបន្ទាប់ពីពួកយើងរៀបការរួច សេចក្ដីឈឺចាប់នឹងកើតឡើង ដោយសារតែពួកយើងមិនចុះសម្រុងនឹងគ្នា។ បើដៃគូរបស់ពួកយើងក៏ព្យាយាមបង្ខំពួកយើង ហើយបញ្ឈប់ពួកយើងពីការជឿលើព្រះជាម្ចាស់ នោះការធ្វើនេះនឹងបំផ្លាញជីវិតខាងវិញ្ញាណរបស់ពួកយើងកាន់តែច្រើន។ ដូច្នេះហើយ វាអាចឃើញថា មិនថាបញ្ហាអ្វីដែលពួកយើងអាចជួបប្រទះនៅក្នុងជីវិតរបស់ពួកយើងទេ មានតែការស្វែងរកសេចក្ដីពិត ការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការធ្វើសកម្មភាពស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកយើងអាចរស់នៅក្រោមការមើលថែ និងការការពាររបស់ព្រះជាម្ចាស់បាន ហើយមានតែតាមវិធីនោះទេ ទើបពួកយើងអាចរក្សាទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់បាន។

៤. ចូលមកចំពោះព្រះជាម្ចាស់ ហើយឆ្លុះបញ្ចាំងខ្លួនឯងជារៀងរាល់ថ្ងៃ ព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធរបស់អ្នក ជាមួយព្រះជាម្ចាស់

ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលថា៖ «ចូរត្រិះរិះពីរបៀបរបស់អ្នក» (ហាកាយ ១:៧)។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងអាចឃើញថា ការឆ្លុះបញ្ចាំងខ្លួនឯង ចំបាច់ណាស់សម្រាប់ច្រកចូលទៅក្នុងជីវិតរបស់ពួកយើង! តាមរយៈការឆ្លុះបញ្ចាំង ពួកយើងអាចឃើញថា ពួកយើងមានគុណវិបត្តិច្រើនណាស់ ហើយថា ពួកយើងនៅឆ្ងាយពីលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់។ ដូច្នេះ ការជំរុញចិត្តដើម្បីតាមរកសេចក្ដីពិត កើតឡើងនៅក្នុងពួកយើង ពួកយើងតាំងចិត្តដើម្បីបោះបង់ចោលសាច់ឈាមរបស់ពួកយើង ហើយពួកយើងប្រឹងប្រែងអស់លទ្ធភាព ដើម្បីអនុវត្តឱ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងវិធីនេះ ពួកយើងពិចារណា ដើម្បីធ្វើសកម្មភាពឱ្យស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នៅក្នុងបទពិសោធន៍ជាក់ស្ដែងរបស់ពួកយើង ពួកយើងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់ កាន់តែមានភាពប្រក្រតី។ ឧទាហរណ៍ ពួកយើងដែលធ្វើការជាគ្រូបង្រៀនឃើញសេចក្ដីនោះ ថ្លែងនៅក្នុងព្រះគម្ពីរ៖ «ចូរផ្ដល់ចំណីដល់ហ្វូងចៀមរបស់ព្រះជាម្ចាស់ដែលនៅក្នុងចំណោមអ្នក ដោយមើលការខុសត្រូវ មិនមែនដោយការដាក់កំហិតទេ តែដោយស្ម័គ្រចិត្តវិញ មិនមែនដោយការចង់បានប្រាក់ដ៏ស្មោគគ្រោកដែរ តែជាចិត្តគំនិតរៀបរយវិញ។ ក៏មិនមែនបែបធ្វើជាម្ចាស់លើមរតករបស់ព្រះជាម្ចាស់ទេ តែដោយធ្វើជាគំរូដល់ពួកហ្វូងចៀមវិញ» (១ ពេត្រុស ៥:២-៣)។ ដូច្នេះហើយ ពួកយើងគួរតែធ្វើការឆ្លុះបញ្ចាំងខ្លួនឯង និងសួរខ្លួនឯងថា៖ តើពួកយើងកំពុងតែយកចិត្តទុកដាក់ធ្វើទីបន្ទាល់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ ហើយដឹកនាំអ្នកដទៃនៅចំពោះព្រះជាម្ចាស់ឬទេ ឬតើពួកយើងកំពុងតែនិយាយរឿងឥតខ្លឹមសារឱ្យតែពីរោះ នៅពេលដែលពួកយើងអធិប្បាយព្រះបន្ទូល ដើម្បីសម្ញែង និងអធិប្បាយអ្វីដែលមានចែង និងគោលលទ្ធិ ដើម្បីធ្វើឱ្យអ្នកដទៃថ្វាយបង្គំពួកយើង ហើយគោរពពួកយើង? នៅពេលដែលអ្នកដទៃផ្ដល់យោបល់ដ៏សមហេតុផលដល់ពួកយើង តើពួកយើងឆ្លុះបញ្ចាំងពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកយើង ឬតើពួកយើងបដិសេធមិនទទួលយកការផ្ដល់យោបល់របស់ពួកគេ ដល់ចំណុចដែលពួកយើងថែមទាំងយកលេស និងព្យាយាមដោះសារខ្លួន ឬទេ? តាមរយៈការឆ្លុះបញ្ចាំងខ្លួនឯង ពួកយើងអាចឃើញថា នៅតែមានចំណុចជាច្រើនក្នុងការបម្រើរបស់ពួកយើងចំពោះព្រះជាម្ចាស់ ដែលពួកយើងបះបោរ ហើយថា ពួកយើងនៅតែមាននិស្ស័យពុករលួយជាច្រើន ដែលតម្រូវឱ្យពួកយើងស្វែងរកសេចក្ដីពិតជានិច្ច ដើម្បីឱ្យនិស្ស័យទាំងនោះត្រូវបានដោះស្រាយ។ នៅក្នុងវិធីនេះ ពួកយើងអាចប្រព្រឹត្តខ្លួនយ៉ាងបន្ទាបខ្លួន ពួកយើងអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើននៅក្នុងកិច្ចការរបស់ពួកយើង ហើយពួកយើងអាចដឹកនាំអ្នកដទៃ ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើពួកយើងមិនអាចចូលមកចំពោះព្រះជាម្ចាស់ជារឿយៗ ហើយឆ្លុះបញ្ចាំពីខ្លួនឯងទេ នោះពួកយើងនឹងមិនអាចទទួលស្គាល់សេចក្ដីពុករលួយ និងគុណវិបត្តិផ្ទាល់ខ្លួនរបស់ពួកយើងឡើយ ហើយពួកយើងនឹងនៅតែជឿខ្លួនឯងថា ជាមនុស្សដែលស្វែងរកសេចក្ដីពិត។ ដូច្នេះ ពួកយើងនឹងចង់នៅស្ងៀម និងបដិសេធមិនធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀតឡើយ ហើយពួកយើងនឹងកាន់តែក្រអឺតក្រទម និងរាប់ថាខ្លួនសុចរិត ដោយជឿថាខ្លួនឯងត្រូវនឹងព្រះទ័យរបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណា តាមពិត សកម្មភាព និងឥរិយាបថរបស់ពួកយើង នឹងមិនអាចទទួលយកបានទេ ចំពោះព្រះជាម្ចាស់ ហើយព្រះជាម្ចាស់នឹងស្អប់ពួកយើង។ ដូច្នេះហើយ វាអាចត្រូវបានឃើញថា ការធ្វើការឆ្លុះបញ្ចាំងជារឿយៗ មានសារៈសំខាន់ណាស់ ហើយថា ការអនុវត្តសេចក្ដីពិតរបស់មនុស្សម្នាក់ ត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានគ្រឹះនៃការស្គាល់ខ្លួនឯង។ មានតែតាមរយៈការមានចំណេះដឹងពិតប្រាកដ អំពីសេចក្ដីពុករលួយ និងគុណវិបត្តិផ្ទាល់ខ្លួនប៉ុណ្ណោះ នោះទើបមានវិប្បដិសារី ហើយម្នាក់នោះនឹងសុខចិត្តតាមរកសេចក្ដីពិត និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការឆ្លុះបញ្ចាំងខ្លួនឯង មានផលប្រយោជន៍ណាស់ ចំពោះការរីកចម្រើននៃជីវិតរបស់ពួកយើង ហើយវាគឺជាគន្លឹះដែលមិនអាចកាត់ផ្ដាច់បាន សម្រាប់ឱ្យពួកយើងកាន់តែខិតជិតព្រះជាម្ចាស់។

មានវិធីជាច្រើនដើម្បីឆ្លុះបញ្ចាំងខ្លួនឯង៖ ពួកយើងអាចឆ្លុះបញ្ចាំងខ្លួនឯង ដោយពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកយើងអាចឆ្លុះបញ្ចាំងខ្លួនឯងនៅក្នុងកំហុស ដែលពួកយើងបង្កនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកយើង។ ការលើកឡើងរបស់អ្នកដទៃពីគុណវិបត្តិ និងសេចក្ដីពុករលួយរបស់ពួកយើង កាន់តែជាឱកាសដ៏ល្អមួយ ដើម្បីឆ្លុះបញ្ចាំងខ្លួនឯង។ ជាងនេះទៅទៀត នៅពេលដែលពួកយើងឃើញកំហុស ដែលអ្នកនៅជុំវិញយើងបង្ក នោះពួកយើងក៏អាចឆ្លុះបញ្ចាំងខ្លួនឯងដែរ ដោយយកកំហុសរបស់ពួកគេជាការព្រមាន ទទួលយកមេរៀន និងដកយកប្រយោជន៍ពីកំហុសទាំងនោះ ។ល។ ការឆ្លុះបញ្ចាំងខ្លួនឯង មិនត្រូវបានកំណត់ថាពេលថ្ងៃ ឬពេលយប់ឡើយ។ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ពួកយើងអាចអធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកយើង ឆ្លុះបញ្ចាំង និងស្គាល់ពីសេចក្ដីពុករលួយផ្ទាល់ខ្លួន ហើយពួកយើងអាចស្វែងរកបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយប្រែចិត្តឱ្យទាន់ពេលវេលា។ ទោះបីជាយ៉ាងណាក៏ដោយ មុនពេលដែលពួកយើងចូលគេងជារៀងរាល់យប់ ពួកយើងគួរតែឆ្លុះបញ្ចាំង និងសរុបរាល់អ្វីៗដែលពួកយើងបានធ្វើនៅថ្ងៃនោះ នោះពួកយើងនឹងអាចមានការយល់កាន់តែច្បាស់ពីសភាពរបស់ពួកយើង និងស្គាល់អ្វីៗដែលពួកយើងមិនទាន់ធ្វើបានត្រឹមត្រូវ។ នៅពេលដែលពួកយើងចាប់ផ្ដើមធ្វើបែបនេះ នោះការតាមរករបស់ពួកយើងនឹងកាន់តែមានទិសដៅ ហើយនឹងកាន់តែមានផលប្រយោជន៍ក្នុងការបង្កើតទំនាក់ទំនងជាប្រក្រតីជាមួយព្រះជាម្ចាស់។

ចំណុចទាំងបួនខាងលើ គឺជាមាគ៌ានៃការអនុវត្តសម្រាប់ពួកយើង ដើម្បីចូលឱ្យកាន់តែជិតព្រះជាម្ចាស់។ ដរាបណាពួកយើងយកចំណុចទាំងនេះទៅអនុវត្ត នោះទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់នឹងកាន់តែជិតស្និទ្ធ ពួកយើងនឹងមានមាគ៌ានៃការអនុវត្តជាមួយនឹងបញ្ហាដែលពួកយើងជួបប្រទះ ហើយព្រះជាម្ចាស់នឹងប្រទានសេចក្ដីស្ងប់ និងអំណរ ព្រមទាំងធ្វើឱ្យពួកយើងអាចរស់នៅក្នុងព្រះពររបស់ទ្រង់ទៀតផង។ ដូច្នេះ ហេតុអ្វីបានជាពួកយើងមិនចាប់ផ្ដើមឥឡូវនេះ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការឆ្លុះបញ្ចាំងរបស់គ្រីស្ទបរិស័ទ៖ ខ្ញុំតស៊ូនឹងវាសនារបស់ខ្ញុំ ហើយបរាជ័យ ប៉ុន្ដែក្នុងបរាជ័យរបស់ខ្ញុំ ខ្ញុំរកឃើញ...

អារម្ភកថា ក្នុងសមុទ្រទុក្ខរបស់មនុស្ស ខ្ញុំក៏ដូចជាអ្នកដទៃជាច្រើនដែរ ដោយស្រឡាញ់ក្ដីសុបិននៃការចាប់ផ្ដើមលើដំណើរជីវិតរបស់ខ្ញុំ។ ខ្ញុំបានជឿថា...

តើការប្រែចិត្តជាអ្វី? តើគ្រីស្ទបរិស័ទ្ទគួរប្រែចិត្តយ៉ាងដូចម្ដេច ស្ថិតក្នុងគ្រោះមហន្តរាយ?

By Xiaoyu, USA ក្នុងឆ្នាំ ២០២០ វីរុសកូវីដ-១៩ បានវាយលុកសកលលោក ដែលនាំពិភពលោកឱ្យធ្លាក់ក្នុងជំងឺរាតត្បាត។ ហើយគួរឱ្យរន្ធត់ផងដែរនោះ...

Leave a Reply