ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣០

09-11-2025

កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជាក់ឱ្យច្បាស់ថា ទីបញ្ចប់របស់មនុស្សនឹងទៅជាយ៉ាងណា។ ហេតុអ្វីបានជាមានការលើកឡើងថា ការវាយផ្ចាលនិងការជំនុំជម្រះនាពេលសព្វថ្ងៃនេះ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កសយ៉ាងធំនៅគ្រាចុងក្រោយ? តើអ្នកយល់សេចក្ដីនេះទេ? ហេតុអ្វីបានជាកិច្ចការនៃការយកឈ្នះ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើនេះមិនមែនជាការបង្ហាញឱ្យដឹងយ៉ាងច្បាស់ពីប្រភេទទីបញ្ចប់ដែលជំពូកមនុស្សនីមួយៗនឹងត្រូវជួប​ទេឬ? នៅក្នុងដំណើរការនៃកិច្ចការនៃការយកឈ្នះ ការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបែងចែងទៅតាមជំពូក របស់គេទេឬអី? ជំនួសឱ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ ហើយយកល្អគួរតែនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗវិញ។ ការនេះគឺជាការជំនុំជម្រះបាបរបស់មនុស្ស រួចហើយក៏បើកសម្ដែងពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលចុះចូលទាំងស្រុង ពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់នៅក្នុងជំហានបន្ទាប់នៃការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់សកលលោកទាំងមូល ហើយមនុស្សដែលមិនត្រូវបានយកឈ្នះ នឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្ស​អាក្រក់ នឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សអាក្រក់ ដោយគ្មានពន្លឺព្រះអាទិត្យម្ដងទៀតឡើយ ហើយមនុស្សសុចរិតនឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សល្អ ឱ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺ អស់កល្បជានិច្ច។ ទីបញ្ចប់សម្រាប់របស់សព្វសារពើ ជិតមកដល់ហើយ។ ទីបញ្ចប់របស់មនុស្ស ត្រូវបានបង្ហាញចេញយ៉ាងច្បាស់ផ្ទាល់ភ្នែករបស់គេ ហើយរបស់សព្វសារពើនឹងត្រូវបែងចែកទៅតាមជំពូករបស់គេ។ ដូច្នេះ តើមនុស្សអាចគេចពីក្ដីបារម្ភរបស់មនុស្សម្នាក់ៗ ដែលត្រូវបែងចែកតាមជំពូករបស់គេយ៉ាងដូចម្ដេច? ទីបញ្ចប់នៃជំពូកនីមួយៗរបស់មនុស្ស ត្រូវបានបង្ហាញចេញនៅពេលដែលទីបញ្ចប់នៃរបស់សព្វសារពើជិតចូលមកដល់ ហើយការនេះនឹងត្រូវបានធ្វើឡើង ខណៈដែលកិច្ចការនៃការយកឈ្នះសកលលោកទាំងមូល កំពុងដំណើរការ (បូករួមទាំងកិច្ចការនៃការយកឈ្នះ ដោយចាប់ផ្ដើមពីកិច្ចការបច្ចុប្បន្ន)។ ការបើកសម្ដែងអំពីទីបញ្ចប់នៃមនុស្សជាតិទាំងអស់ ត្រូវបានធ្វើឡើងនៅមុខបល្ល័ង្កនៃការជំនុំជម្រះ ខណៈដែលកិច្ចការនៃការវាយផ្ចាល និងកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយ កំពុងដំណើរការ។ ការបែងចែកមនុស្សទៅតាមជំពូក មិនមែនជាការដាក់មនុស្សឱ្យត្រឡប់ទៅរកជំពូកដើមរបស់គេនោះទេ ដ្បិតកាលដែលមនុស្សត្រូវបានបង្កើតឡើងនៅពេលដែលបង្កើតផែនដី គឺមានមនុស្សតែមួយជំពូកប៉ុណ្ណោះ ការបែងចែកក៏មានតែមួយគត់ដែរ គឺរវាងមនុស្សប្រុស និងមនុស្សស្រី។ មិនមានជំពូកមនុស្សខុសគ្នាច្រើននោះទេ។ គឺក្រោយរយៈពេលរាប់ពាន់ឆ្នាំ នៃសេចក្ដីពុករលួយទើបមានជំពូកមនុស្សខុសៗគ្នាលេចឡើងមក ដោយមានអ្នកខ្លះស្ថិតក្រោមអំណាច​របស់វិញ្ញាណស្មោកគ្រោក អ្នកខ្លះស្ថិតក្រោមអំណាច​របស់វិញ្ញាណអាក្រក់ ឯអស់អ្នកដែលព្យាយាមឱ្យបានជីវិត ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មានតែតាមវិធីនេះទេ ទើបការបែងចែកជាក្រុម កើតមានឡើងក្នុងចំណោមមនុស្ស ហើយមានតែតាមវិធីនេះទេ ទើបមនុស្សចែកគ្នាជាក្រុមៗ នៅក្នុងគ្រួសារដ៏ធំរបស់មនុស្សបាន។ មនុស្សទាំងអស់កើតមកមាន «ឪពុក» ខុសៗគ្នា ហើយវាមិនមែនជាករណីដែលថា គ្រប់ៗគ្នាសុទ្ធតែស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានោះដែរ ដ្បិតមនុស្សបះបោរខ្លាំងពេក។ ការជំនុំជម្រះដ៏សុចរិតលាតត្រដាងនូវសភាពអត្ថិភាពពិតនៃជំពូកមនុស្សនីមួយៗ គ្មាននៅសល់អ្វីបន្តិចត្រូវលាក់កំបាំងឡើយ។ គ្រប់គ្នាបង្ហាញមុខមាត់ពិតរបស់ខ្លួននៅក្នុងពន្លឺ។ នៅពេលនេះមនុស្សលែងមានសភាពដូចដើមទៀតហើយ ភាពដូចគ្នាពីដើមនៃបុព្វបុរសរបស់គេបានរលាយបាត់ជាយូរមកហើយ ពីព្រោះកូនចៅរបស់អ័ដាម និងអេវ៉ារាប់មិនអស់ ត្រូវសាតាំងចាប់យកជាយូរមកហើយ ក៏មិនបានស្គាល់ពន្លឺស្ថានសួគ៌ម្ដងទៀតឡើយ ហើយក៏ដោយសារតែមនុស្សមានពេញដោយពិស​គ្រប់យ៉ាងរបស់សាតាំងដែរ។ ដូច្នេះ មនុស្សមានទិសដៅដ៏ត្រឹមត្រូវរបស់ខ្លួនហើយ។ ជាងនេះទៅទៀត ពួកគេត្រូវបានបែងចែកទៅតាមជំពូក ដោយផ្អែកលើភាពពិសពុលខុសៗគ្នារបស់ពួកគេ មានន័យថា ពួកគេត្រូវបានបែងចែកទៅតាមកម្រិតដែលពួកគេត្រូវបានយកឈ្នះនៅថ្ងៃនេះ។ ទីបញ្ចប់របស់មនុស្សមិនមែនកត្តាដែលត្រូវកំណត់ទុកជាមុនតាំងពីគ្រាកំណើតផែនដីនោះទេ។ នោះគឺមកពីកាលដើមឡើយ មនុស្សមានតែមួយក្រុមគត់ ដែលហៅជារួមថា «មនុស្សជាតិ» ហើយដំបូងឡើយ មនុស្សក៏មិនត្រូវសាតាំងធ្វើឱ្យពុករលួយដែរ ពួកគេទាំងអស់សុទ្ធតែរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ដោយគ្មានសេចក្ដីងងឹតធ្លាក់មកលើពួកគេនោះឡើយ។ តែបន្ទាប់ពីមនុស្សត្រូវសាតាំងធ្វើឱ្យពុករលួយ មនុស្សគ្រប់ប្រភេទ គ្រប់ជំពូក ក៏ខ្ចាត់ខ្ចាយទៅពេញផែនដី គឺមនុស្សគ្រប់ប្រភេទ គ្រប់ជំពូក ដែលកើតចេញពីគ្រួសារមួយដែលគេហៅជារួមថា «មនុស្សជាតិ» ដែលប្រមូលផ្ដុំដោយមនុស្សទាំងប្រុសទាំងស្រី។ ពួកគេទាំងអស់ត្រូវបានបុព្វបុរសរបស់គេដឹកនាំឱ្យវង្វេងចេញពីបុព្វបុរសដើមបង្អស់របស់គេ គឺមនុស្សជាតិដែលមានមនុស្សប្រុស និងមនុស្សស្រី (ពោលគឺ អ័ដាម និងអេវ៉ានៅពេលដើមដំបូងបង្អស់ ដែលជាបុព្វបុរសដ៏ចំណាស់បំផុតរបស់ពួកគេ)។ នៅពេលនោះ ជនជាតិអ៊ីស្រាអែលជាមនុស្សមួយក្រុមគត់នៅលើផែនដី ដែលមានជីវិតដឹកនាំដោយព្រះយេហូវ៉ា។ មនុស្សជាច្រើនប្រភេទដែលកើតចេញពីស្រុកអ៊ីស្រាអែលទាំងមូល (សំដៅលើអម្បូរគ្រួសារដើម) ក្រោយមក ក៏បាត់បង់នូវការដឹកនាំពីព្រះយេហូវ៉ា។ មនុស្សជំនាន់ដើមទាំងអស់នេះ ព្រងើយកន្តើយនឹងបញ្ហានានាក្នុងពិភពមនុស្សទាំងស្រុង តែក្រោយមកគេក៏ដើរតាមគន្លងបុព្វបុរសរបស់គេ ទៅរស់នៅក្នុងដែនដីដែលពួកគេប្រកាសថាជារបស់ខ្លួន បន្តរហូតមកទល់សម័យបច្ចុប្បន្ន។ ដូច្នេះ ពួកគេក៏នៅតែព្រងើយកន្តើយចំពោះការដែលពួកគេវង្វេងចេញពីព្រះយេហូវ៉ា និងចំពោះការដែលពួកគេត្រូវធ្វើឱ្យពុករលួយដោយវិញ្ញាណស្មោកគ្រោក និងវិញ្ញាណអាក្រក់គ្រប់យ៉ាងរហូតដល់សព្វថ្ងៃនេះ។ អស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយ និងត្រូវបំពុលខ្លាំងរហូតមកទល់សព្វថ្ងៃនេះ គឺអស់អ្នកដែលមិនអាចនឹងត្រូវបានសង្គ្រោះនៅចុងបំផុតនោះ នឹងគ្មានជម្រើសអ្វីក្រៅតែពីដើរទៅជាមួយបុព្វបុរសរបស់គេ គឺជាវិញ្ញាណស្មោកគ្រោកដែលធ្វើឱ្យពួកគេពុករលួយនោះឡើយ។ អស់អ្នកដែលអាចបានសង្គ្រោះនៅទីបំផុតនោះ នឹងឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវរបស់មនុស្សជាតិ ជាទីបញ្ចប់ដែលត្រូវបានរក្សាទុក សម្រាប់មនុស្សដែលត្រូវបានសង្គ្រោះ និងត្រូវបានយកឈ្នះ។ គ្រប់យ៉ាងនឹងត្រូវធ្វើឡើងដើម្បីសង្គ្រោះអស់អ្នកដែលអាចត្រូវបានសង្គ្រោះ ប៉ុន្តែសម្រាប់មនុស្សដែលគ្មានស្មារតី និងមិនអាចព្យាបាលបាន ជម្រើសតែមួយគត់របស់គេ គឺត្រូវដើរតាមបុព្វបុរសរបស់គេទៅក្នុងជង្ហុកធំនៃការវាយផ្ចាល។ សូមកុំគិតថា ទីបញ្ចប់របស់អ្នកត្រូវបានកំណត់ទុកតាំងតែពីដើមដំបូង ហើយពេលនេះទើបត្រូវបានបើកសម្ដែងឱ្យដឹងនោះឡើយ។ ប្រសិនបើអ្នកគិតដូច្នេះមែន តើអ្នកភ្លេចហើយមែនទេថា ក្នុងគ្រាដំបូងដែលមនុស្សត្រូវបង្កើតមក ពុំមានក្រុមមនុស្សអាក្រក់ត្រូវបានបង្កើតមកទេឬអី? តើអ្នកភ្លេចហើយមែនទេថា មានតែមនុស្សជាតិមួយក្រុមគត់ដែលប្រមូលផ្ដុំឡើងដោយអ័ដាម និងអេវ៉ាដែលត្រូវបានបង្កើតមក (មានន័យថា មានតែមនុស្សប្រុស និងមនុស្សស្រីប៉ុណ្ណោះត្រូវបានបង្កើតឡើង)? ប្រសិនបើអ្នកគឺជាពូជរបស់សាតាំងតាំងពីដើមមក តើនេះមិនមែនមានន័យថា កាលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សមក ទ្រង់បានបញ្ចូលក្រុមមនុស្សអាក្រក់នៅក្នុងសត្តនិកររបស់ទ្រង់ដែរមែនទេ? តើទ្រង់អាចធ្វើកិច្ចការដូច្នេះដែរឬទេ? ព្រះអង្គបានបង្កើតមនុស្សមកសម្រាប់ជាប្រយោជន៍ដល់ទីបន្ទាល់របស់ទ្រង់ ព្រះអង្គបានបង្កើតមនុស្សសម្រាប់ជាប្រយោជន៍ដល់សិរីល្អរបស់ទ្រង់។ ហេតុអ្វីក៏ទ្រង់មានចេតនាបង្កើតក្រុមកូនចៅរបស់សាតាំង​ឱ្យមកតតាំងនឹងទ្រង់ដោយចេតនាបែបនេះ? តើព្រះយេហូវ៉ាអាចធ្វើបែបនេះយ៉ាងដូចម្ដេចកើតទៅ? ប្រសិនបើទ្រង់ធ្វើដូច្នេះមែន តើនរណានឹងនិយាយថា ព្រះអង្គគឺជាព្រះជាម្ចាស់ដ៏សុចរិត? ពេលនេះ នៅពេលដែលខ្ញុំនិយាយថា នៅទីបញ្ចប់ អ្នកខ្លះនៅក្នុងចំណោមអ្នករាល់គ្នា នឹង​ត្រូវប្រគល់ទៅឱ្យសាតាំង គឺមិនមែនមានន័យថា អ្នកជាកម្មសិទ្ធិរបស់សាតាំង តាំងតែពីដើមមកនោះទេ ផ្ទុយទៅវិញ វាមានន័យថា អ្នកបានផុងលង់យ៉ាងជ្រៅ ដល់ថ្នាក់សូម្បីតែព្រះជាម្ចាស់ព្យាយាមសង្គ្រោះអ្នក ក៏អ្នកនៅតែមិនទទួលបានសេចក្ដីសង្គ្រោះនោះដែរ។ គ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីដាក់អ្នកឱ្យនៅក្នុងក្រុមជាមួយសាតាំង។ នេះគឺមកពីអ្នកនៅហួសពីសេចក្ដីសង្គ្រោះ មិនមែនមកពីព្រះជាម្ចាស់ទុច្ចរិតចំពោះអ្នក និងមានចេតនាកំណត់វាសនារបស់អ្នកឱ្យធ្វើជាតំណាងរបស់សាតាំង ហើយបន្ទាប់មកក៏ប្រគល់អ្នកទៅឱ្យសាតាំង និងមានគោលបំណងចង់ឱ្យអ្នករងទុក្ខវេទនានោះទេ។ នោះមិនមែនជារឿងពិតដ៏ពិស្ដារនៃកិច្ចការយកឈ្នះនោះឡើយ។ ប្រសិនបើនោះគឺជាអ្វីដែលអ្នកជឿ នោះការយល់ដឹងរបស់អ្នកលម្អៀងជ្រុលពេកហើយ! ការយកឈ្នះនៅដំណាក់កាលចុងក្រោយ​ ធ្វើឡើងគឺដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់គេដែរ។ កិច្ចការនេះធ្វើឡើង ដើម្បីលាតត្រដាងពីឱនភាពរបស់មនុស្ស តាមរយៈការជំនុំជម្រះ និងធ្វើឱ្យគេប្រែចិត្ត ឱ្យគេក្រោកឡើងនិងឱ្យគេព្យាយាមឱ្យបានជីវិត និងផ្លូវត្រូវនៃជីវិតមនុស្ស។ ការនេះគឺដើម្បីដាស់ចិត្តរបស់មនុស្សស្ពឹកស្រពន់ និងមនុស្សល្ងង់ខ្លៅ និងដើម្បីបង្ហាញការបះបោរក្នុងជម្រៅចិត្តរបស់គេ តាមរយៈការជំនុំជម្រះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សនៅតែមិនអាចប្រែចិត្ត នៅតែមិនអាចព្យាយាមឱ្យបានផ្លូវនៃជីវិតមនុស្ស និងមិនអាចបោះបង់សេចក្ដីពុករលួយទាំងអស់នេះ នោះពួកគេអាក្រក់ហួសដែលអាចបានសង្គ្រោះ និងត្រូវលេបត្របាក់ដោយសាតាំងជាមិនខាន។ នេះហើយជាសារៈសំខាន់នៃការយកឈ្នះ​៖ គឺដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់ពួកគេ។ ទីបញ្ចប់ដ៏ល្អ និងទីបញ្ចប់អាក្រក់ទាំងអស់នេះ សុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញតាមរយៈកិច្ចការនៃការយកឈ្នះ។ មិនថាមនុស្សនឹងត្រូវបានសង្គ្រោះ ឬក៏ត្រូវបណ្ដាសានោះទេ គឺសុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញក្នុងអំឡុងពេលកិច្ចការនៃការយកឈ្នះ។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល