ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៧

04-01-2026

នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះចេស្ដានៃព្រះបន្ទូលគឺអស្ចារ្យខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីយល់អំពីនិស្ស័យទាំងនោះដោយខ្លួនឯងឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានបើកសម្ដែងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យទាំងនោះដោយឯកឯង អ្នកនឹងត្រូវផ្ដល់ការទទួលស្គាល់ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឱ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីបាបរបស់ខ្លួន ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឱ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឱ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឱ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។ នៅពេលដែលអារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ហើយគេត្រូវបានប្រោសលោះ នេះមានន័យថា គេបានរើបម្រះចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ បើគ្មានការប្រោសឱ្យបរិសុទ្ធ ឬការផ្លាស់ប្រែដោយព្រះជាម្ចាស់ទេ នោះគេនៅតែជាមនុស្សដ៏ពុករលួយដដែល។ នៅក្នុងមនុស្សនៅតែមានសេចក្តីស្មោកគ្រោក ការប្រឆាំង និងការបះបោរដដែល ហើយមនុស្សនៅតែត្រលប់ទៅរកព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ទ្រង់ ប៉ុន្តែគេគ្មានចំណេះដឹងសូម្បីតែបន្ដិចអំពីព្រះជាម្ចាស់ ហើយគេនៅតែមានសមត្ថភាពប្រឆាំង និងក្បត់ទ្រង់ដដែល។ មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏ស័ក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងបានបន្សុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចស័ក្តិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានបន្សុទ្ធ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចកម្ចាត់សេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានបន្សុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឱ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់អាចទទួលយកមនុស្សបាន ហើយតាមរយៈការបន្សុទ្ធ ការជំនុំជម្រះ និងការបើកសម្ដែងដោយព្រះបន្ទូលនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងក្តីសង្ឃឹមផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ ទោះបីមនុស្សត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនក្ដី ក៏វាអាចត្រូវបានចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេដែរ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យបែបសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនទាន់ឆ្លងកាត់ការវាយផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ងារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរបះបោរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឱ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឱ្យព្រះជាម្ចាស់ប្រោសឱ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។ មនុស្សបានស្រែកបែបនេះកាលពីអតីតកាល ដោយសារតែគេគ្មានការយល់ដឹងអំពីនិស្ស័យពីកំណើតដ៏ពុករលួយរបស់គេ។ ទាំងនេះគឺជាភាពមិនបរិសុទ្ធដែលមាននៅក្នុងមនុស្ស។ នៅក្នុងអំឡុងពេលដ៏យូរនៃការជំនុំជម្រះ និងការវាយផ្ចាល មនុស្សបានរស់នៅក្នុងបរិយាកាសដ៏តានតឹងមួយ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? តើអ្នកមិនបានស្រែកខ្លាំងដែរទេឬ មុនពេលដែលមានការល្បងលដល់ពួកអ្នកស៊ីឈ្នួល? «ចូរចូលក្នុងនគរព្រះ! អស់អ្នកដែលទទួលយកព្រះនាមនេះ នឹងចូលទៅក្នុងនគរព្រះ! មនុស្សទាំងអស់នឹងចូលរួមទទួលចំណែកពីព្រះជាម្ចាស់!» នៅពេលដែលការល្បងលនៃពួកអ្នកស៊ីឈ្នួលបានមកដល់ នោះអ្នកលែងស្រែកឡើងទៀតហើយ។ កាលពីដើមដំបូង មនុស្សទាំងអស់បានស្រែកឡើងថា «ឱ ព្រះជាម្ចាស់អើយ! នៅគ្រប់ទីកន្លែងដែលទ្រង់ដាក់ទូលបង្គំ នោះទូលបង្គំនឹងចុះចូលឱ្យទ្រង់ដឹកនាំ»។ នៅពេលដែលបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ «តើនរណាខ្លះនឹងក្លាយដូចជាប៉ុលរបស់ខ្ញុំ?» មនុស្សបាននិយាយថា «ទូលបង្គំព្រម!» បន្ទាប់មក ពួកគេបានឃើញឃ្លាថា «ចុះចំណែកសេចក្តីជំនឿរបស់យ៉ូប?» និងបាននិយាយថា «ទូលបង្គំព្រមមានសេចក្តីជំនឿរបស់យ៉ូប។ ឱ ព្រះជាម្ចាស់អើយ សូមទ្រង់ល្បងលទូលបង្គំមកចុះ!» នៅពេលដែលការល្បងលពួកអ្នកស៊ីឈ្នួលបានមកដល់ ពួកគេបានដួលរលំតែម្ដង ហើយមិនអាចក្រោកឈរបានម្ដងទៀតឡើយ។ ក្រោយមកទៀត ភាពមិនបរិសុទ្ធនៅក្នុងដួងចិត្តរបស់គេចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងៗ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? ដូច្នេះ អ្វីដែលអ្នករាល់គ្នាបានដកពិសោធន៍នៅថ្ងៃនេះ គឺជាលទ្ធផលដែលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល ហើយវាមានកម្រិតធំធេងជាងលទ្ធផលដែលត្រូវបានសម្រេចតាមរយៈការធ្វើទីសម្គាល់ និងការអស្ចារ្យរបស់ព្រះយេស៊ូវទៅទៀត។ សិរីល្អរបស់ព្រះជាម្ចាស់ដែលអ្នកមើលឃើញ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលអ្នកមើលឃើញ មិនត្រឹមតែត្រូវបានមើលឃើញតាមរយៈមធ្យោបាយនៃការជាប់ឆ្កាង ការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ក៏តាមរយៈមធ្យោបាយនៃការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់ដែរ។ ការនេះបង្ហាញដល់អ្នកថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនកើតឡើងតាមរយៈតែការធ្វើទីសម្គាល់ ការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថា ការជំនុំជម្រះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែអាចតំណាងឱ្យសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងបើកសម្ដែងពីភាពពេញដោយព្រះចេស្ដារបស់ទ្រង់ដែរ។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល