ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៤០

07-11-2025

ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។ តាមវិធីនេះ ប្រសិនបើអ្នកពិតជាចង់ស្វែងរកមាគ៌ានៃជីវិត គឺអ្នកត្រូវតែដឹងជាមុនសិនថា ព្រះអង្គប្រទានមាគ៌ាជីវិតដល់មនុស្ស តាមរយៈការយាងមកផែនដី ហើយអ្នកត្រូវតែដឹងថា ទ្រង់យាងមកផែនដី ដើម្បីប្រទានមាគ៌ាជីវិតដល់មនុស្សក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ពេលនេះ មិនមែនអតីតកាលទេ រឿងនេះកំពុងតែកើតឡើងនាពេលបច្ចុប្បន្ន។

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឱ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវបានត្រួតត្រាដោយបញ្ញត្តិ ដោយន័យនៃពាក្យសម្ដី និងដោយខ្នោះច្រវាក់នៃប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមឈរនៅស្ងៀម និងទុកឱ្យអ្វីៗទៅតាមដំណើរ ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឱ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឱ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យនៃពាក្យសម្ដីដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឱ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយចុះចូលនឹងមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឱ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឱ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឱ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាមនុស្សតូចតាចនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឱ្យសំញែងកំហឹងចំពោះសេចក្ដីពិតឱ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឱ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឱ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ា ...» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល