ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១១៧
07-11-2025
អ្វីដែលមនុស្សទទួលបានសព្វថ្ងៃនេះ ដូចជា ឋានៈ ចំណេះដឹង សេចក្តីស្រឡាញ់ ស្វាមីភក្ដិ ការចុះចូល និងគតិជ្រៅជ្រះបច្ចុប្បន្នរបស់គេ ទាំងអស់នេះគឺជាលទ្ធផលដែលទទួលបានតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល។ ការដែលអ្នកអាចមានស្វាមីភក្ដិ និងបន្តឈរមាំរហូតមកដល់ថ្ងៃនេះ គឺទទួលបានតាមរយៈព្រះបន្ទូល។ ឥឡូវ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សពិតជាអស្ចារ្យមែន ហើយមានរឿងជាច្រើនទៀតនៅក្នុងកិច្ចការនេះ ដែលមនុស្សមិនអាចទទួលបាន ដោយព្រោះវាជាសេចក្តីអាថ៌កំបាំង និងភាពអច្ឆរិយៈ។ ដូចនេះ មនុស្សជាច្រើនបានចុះចូល។ អ្នកខ្លះមិនធ្លាប់ចុះចូលចំពោះមនុស្សណាម្នាក់ឡើយ តាំងពីកើតមក ប៉ុន្តែនៅពេលដែលពួកគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ពួកគេក៏ព្រមចុះចូលទាំងស្រុង ទាំងមិនបានចាប់អារម្មណ៍ ហើយពួកគេមិនហ៊ានពិនិត្យពិច័យ ឬនិយាយអ្វីផ្សេងឡើយ។ មនុស្សបានលុតជង្គង់នៅក្រោមព្រះបន្ទូល ហើយត្រូវបានដួលនៅក្រោមការជំនុំជម្រះនៃព្រះបន្ទូល។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់មនុស្ស នោះមនុស្សជាតិទាំងអស់នឹងចុះចូលចំពោះព្រះសូរសៀង ក្រាបចុះ ដោយគ្មានពាក្យនៃការបើកសម្ដែងឡើយ គឺដូចជារបៀបដែលប៉ុលបានធ្លាក់ដួលទៅលើដី ដោយសារតែពន្លឺដ៏ចាំងនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាសអ៊ីចឹងដែរ។ ប្រសិនបើព្រះជាម្ចាស់បានបន្តធ្វើកិច្ចការតាមរបៀបនេះ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យដ៏ពុករលួយរបស់គេតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល និងទទួលបានសេចក្តីសង្រ្គោះឡើយ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលដោយផ្ទាល់ទៅកាន់ត្រចៀករបស់មនុស្សម្នាក់ៗ ដើម្បីឱ្យមនុស្សទាំងអស់ដែលមានត្រចៀក អាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់តាមរយៈព្រះបន្ទូល។ មានតែតាមបែបនេះទេ ទើបលទ្ធផលអាចសម្រេចបានតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាជាងឱ្យព្រះវិញ្ញាណស្ដែងចេញ ដើម្បីធ្វើឱ្យមនុស្សចុះចូលទាំងភ័យខ្លាច។ មានតែតាមរយៈកិច្ចការដ៏ជាក់ស្ដែង តែអស្ចារ្យនេះប៉ុណ្ណោះ ទើបនិស្ស័យចាស់របស់មនុស្សដែលកប់យ៉ាងជ្រៅអស់រយៈពេលជាច្រើនឆ្នាំ អាចត្រូវបានលាតត្រដាងយ៉ាងពេញលេញ ដើម្បីឱ្យមនុស្សអាចស្គាល់វា និងឱ្យទ្រង់ផ្លាស់ប្ដូរវា។ ទាំងនេះគឺជាកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយមានតែតាមរយៈការមានបន្ទូល និងការអនុវត្តការជំនុំជម្រះនៅក្នុងលក្ខណៈជាក់ស្ដែងនេះទេ ទើបទ្រង់សម្រេចបានលទ្ធផលនៃការជំនុំជម្រះទៅលើមនុស្សតាមរយៈព្រះបន្ទូល។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ វាត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យមនុស្សបានស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដើម្បីឱ្យដឹងអំពីលទ្ធផលដែលត្រូវបានសម្រេច តាមរយៈកិច្ចការនៃព្រះបន្ទូល និងដើម្បីឱ្យដឹងថា ព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម ហើយបង្ហាញសិទ្ធិអំណាចរបស់ទ្រង់តាមរយៈការជំនុំជម្រះមនុស្សដោយព្រះបន្ទូល។ ទោះបីជាសាច់ឈាមរបស់ទ្រង់មានទម្រង់ខាងក្រៅនៃភាពជាមនុស្សសាមញ្ញ និងធម្មតាក៏ដោយ ប៉ុន្តែលទ្ធផលដែលព្រះបន្ទូលរបស់ទ្រង់សម្រេចបាននោះ បង្ហាញដល់មនុស្សថា ទ្រង់ពេញដោយសិទ្ធិអំណាច ថាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងថាព្រះបន្ទូលរបស់ទ្រង់គឺជាការស្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តាមរយៈមធ្យោបាយនេះ មនុស្សជាតិទាំងអស់បានមើលឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលបានត្រលប់ជាសាច់ឈាម ដែលគ្មាននរណាម្នាក់អាចប្រមាថទ្រង់បានឡើយ និងមើលឃើញទៀតថា គ្មាននរណាម្នាក់អាចខ្ពស់ហួសពីការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល ហើយក៏គ្មានកម្លាំងនៃសេចក្តីងងឹតណាមួយអាចយកឈ្នះលើសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ ការចុះចូលរបស់មនុស្សចំពោះទ្រង់ គឺដោយព្រោះទ្រង់ជាព្រះបន្ទូលដែលត្រលប់ជាសាច់ឈាម ដោយព្រោះសិទ្ធិអំណាចរបស់ទ្រង់ និងដោយព្រោះតែការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូលទាំងអស់។ កិច្ចការដែលត្រូវបាននាំមកដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាសិទ្ធិអំណាចមួយដែលទ្រង់មាន។ ហេតុផលដែលទ្រង់ត្រលប់ជាសាច់ឈាម គឺដោយសារតែសាច់ឈាមក៏អាចមានសិទ្ធិអំណាចដែរ ហើយទ្រង់អាចអនុវត្តកិច្ចការតាមរបៀបជាក់ស្ដែងមួយនៅក្នុងចំណោមមនុស្សជាតិ គឺតាមរបៀបមួយដែលមនុស្សអាចមើលឃើញ និងពាល់បាន។ កិច្ចការនេះមានលក្ខណៈជាក់ស្ដែងជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានគ្រប់ទាំងសិទ្ធិអំណាច ហើយលទ្ធផលរបស់វាក៏ស្ដែងចេញឱ្យឃើញច្បាស់ដែរ។ នេះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ អាចមានបន្ទូល និងធ្វើការនៅតាមរបៀបជាក់ស្ដែង។ ទម្រង់ខាងក្រៅនៃសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចអ្វីឡើយ ហើយមនុស្សអាចចូលទៅជិតបាន ខណៈដែលលក្ខណៈសំខាន់របស់ទ្រង់មានសិទ្ធិអំណាច ប៉ុន្តែចំពោះសិទ្ធិអំណាចរបស់ទ្រង់ គ្មាននរណាម្នាក់អាចមើលឃើញឡើយ។ នៅពេលដែលទ្រង់មានបន្ទូល និងធ្វើការ មនុស្សមិនអាចដឹងពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយការនេះជួយឱ្យទ្រង់ធ្វើកិច្ចការជាក់ស្ដែងរបស់ទ្រង់។ គ្រប់ទាំងកិច្ចការជាក់ស្ដែងនេះ អាចសម្រេចបានលទ្ធផល។ ទោះបីជាគ្មានមនុស្សណាម្នាក់ដឹងថា ទ្រង់មានសិទ្ធិអំណាច ឬមើលឃើញថា ទ្រង់មិនអាចត្រូវបានប្រមាថ ឬមើលឃើញពីសេចក្ដីក្រោធរបស់ទ្រង់ក៏ដោយ ក៏ទ្រង់សម្រេចបានលទ្ធផលគ្រោងទុកនៃព្រះបន្ទូលរបស់ទ្រង់តាមរយៈសិទ្ធិអំណាចដ៏លាក់កំបាំងរបស់ទ្រង់ សេចក្ដីក្រោធដ៏លាក់កំបាំងរបស់ទ្រង់ និងព្រះបន្ទូលដែលទ្រង់មានបន្ទូលដោយចំហ។ អាចនិយាយម្យ៉ាងទៀតបានថា តាមរយៈព្រះសូរសៀងរបស់ទ្រង់ ភាពប្រាកដប្រជានៃព្រះបន្ទូលរបស់ទ្រង់ និងគ្រប់ទាំងព្រះប្រាជ្ញាញាណចេញពីព្រះបន្ទូលរបស់ទ្រង់ នោះមនុស្សនឹងជឿទាំងស្រុងតែម្ដង។ តាមរបៀបនេះ មនុស្សចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមើលទៅហាក់ដូចជាគ្មានសិទ្ធិអំណាច ប៉ុន្តែបែរជាអាចសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សបានទៅវិញ។ នេះគឺជាទិដ្ឋភាពមួយទៀតនៃភាពសំខាន់អំពីការយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាការមានបន្ទូលដែលមានភាពជាក់ស្ដែង និងអនុញ្ញាតឱ្យតថភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ទ្រង់មានឥទ្ធិពលទៅលើមនុស្ស ដើម្បីឱ្យមនុស្សធ្វើបន្ទាល់ពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ បើកិច្ចការនេះមិនត្រូវបានធ្វើឡើង តាមរយៈមធ្យោបាយនៃការយកកំណើតជាមនុស្សទេ នោះវានឹងមិនអាចសម្រេចបានលទ្ធផលអ្វីឡើយ ហើយវានឹងមិនអាចសង្រ្គោះមនុស្សដែលពេញដោយអំពើបាបបានយ៉ាងពេញលេញឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះទ្រង់នឹងបន្តជាព្រះវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ និងពាល់បាន។ មនុស្សជាសត្តនិករនៃសាច់ឈាម ដូច្នេះ គេនិងព្រះជាម្ចាស់មានពិភពពីរផ្សេងគ្នា និងមានធម្មជាតិខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចចុះសម្រុងជាមួយមនុស្ស ដែលមកពីសាច់ឈាមបានទេ ហើយក៏គ្មានផ្លូវបង្កើតទំនាក់ទំនងរវាងពួកគេ ហើយមនុស្សក៏គ្មានផ្លូវអាចក្លាយជាវិញ្ញាណបាននោះដែរ។ ដោយសារតែហេតុផលនេះហើយបានជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវតែត្រលប់ជាមនុស្ស ដើម្បីធ្វើកិច្ចការដើមរបស់ទ្រង់។ ព្រះជាម្ចាស់អាចយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត និងបន្ទាបអង្គទ្រង់ត្រលប់ជាមនុស្ស ដើម្បីធ្វើការនៅក្នុងចំណោមមនុស្សជាតិ និងរស់នៅកណ្ដាលចំណោមពួកគេបាន ប៉ុន្តែមនុស្សមិនអាចឡើងទៅកាន់ទីដ៏ខ្ពស់បំផុត និងក្លាយជាវិញ្ញាណបានទេ ហើយលើសពីនេះ គេក៏មិនអាចចុះទៅកាន់ទីដ៏ទាបបំផុតនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់។ ដោយសារហេតុផលដដែលនេះហើយ បានជាក្នុងអំឡុងនៃការយកកំណើតជាមនុស្សលើកទីមួយ មានតែសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចប្រោសលោះមនុស្សតាមរយៈការជាប់ឆ្កាង ប៉ុន្តែវាគ្មានផ្លូវណាដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវបានជាប់ឆ្កាង ជាតង្វាយលោះបាបសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់អាចត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែមនុស្សមិនអាចឡើងទៅស្ថានសួគ៌ដោយផ្ទាល់ ដើម្បីទទួលតង្វាយលោះបាបដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេឡើយ។ ដោយសារហេតុផលនេះ អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺសុំឱ្យព្រះជាម្ចាស់រត់ចុះឡើងពីរបីដងនៅចន្លោះស្ថានសួគ៌និងផែនដី ដោយមិនចាំបាច់ឱ្យមនុស្សត្រូវឡើងទៅស្ថានសួគ៌ ដើម្បីទទួលយកសេចក្តីសង្រ្គោះនេះទេ ព្រោះមនុស្សបានធ្លាក់ចុះ ហើយលើសពីនេះទៅទៀត មនុស្សក៏មិនអាចឡើងទៅស្ថានសួគ៌បានដែរ ថែមទាំងមិនអាចទទួលយកតង្វាយលោះបាបបានទៀតផង។ ដូច្នេះ វាចាំបាច់ណាស់ដែលព្រះយេស៊ូវត្រូវយាងមកកណ្ដាលចំណោមមនុស្សជាតិ ហើយធ្វើកិច្ចការដែលមនុស្សមិនអាចសម្រេចបាន ដោយព្រះអង្គទ្រង់ផ្ទាល់។ គ្រប់ពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺសុទ្ធតែជាពេលដ៏ចាំបាច់បំផុត។ បើមានដំណាក់កាលណាមួយដែលអាចត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងមិនចាំបាច់ត្រូវចុះចូល រហូតដល់រងភាពអាម៉ាស់នៃការយកកំណើតជាមនុស្សនោះឡើយ។
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត