ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១១២
10-05-2021
កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើលើផែនដីនេះ គឺដើម្បីដឹកនាំតែយុគសម័យនេះប៉ុណ្ណោះ ដើម្បីបើកយុគសម័យមួយថ្មី និងបញ្ចប់យុគសម័យចាស់។ ទ្រង់មិនបានយាងមករស់ជាគំរូពីដំណើរជីវិតរបស់មនុស្សម្នាក់នៅលើផែនដី មកឲ្យព្រះអង្គផ្ទាល់បានស្គាល់ពីអំណរ និងទុក្ខនៃជីវិតនៅក្នុងពិភពរបស់មនុស្សលោក ឬមកប្រោសបុគ្គលម្នាក់ជាក់លាក់ឲ្យបានគ្រប់លក្ខណ៍ ដោយព្រះហស្តទ្រង់ ឬមកទតមើលបុគ្គលម្នាក់ជាក់លាក់ ចម្រើនលូតលាស់។ នេះមិនមែនជាកិច្ចការរបស់ទ្រង់ទេ កិច្ចការរបស់ទ្រង់ គឺគ្រាន់តែមកចាប់ផ្ដើមយុគសម័យថ្មី និងបញ្ចប់យុគសម័យចាស់។ ពោលគឺទ្រង់នឹងចាប់ផ្ដើមយុគសម័យមួយដោយផ្ទាល់ បញ្ចប់យុគសម័យមួយទៀតដោយផ្ទាល់ និងយកឈ្នះសាតាំង តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ដែរ។ រាល់ពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺប្រៀបដូចជាទ្រង់ឈានជើងចូលទៅក្នុងសមរភូមិ។ ដំបូង ទ្រង់ឈ្នះលោកីយ៍ រួចហើយយកឈ្នះលើសាតាំង ទាំងក្នុងសាច់ឈាមនៅឡើយ។ ទ្រង់យកសិរីរុងរឿងទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់ ហើយបើកវាំងនននៃកិច្ចការរយៈពេលពីរពាន់ឆ្នាំនេះទាំងស្រុង ធ្វើដូច្នេះ ដើម្បីឲ្យមនុស្សទាំងអស់លើផែនដី មានផ្លូវត្រឹមត្រូវមួយសម្រាប់ដើរ និងមានជីវិតសុខសាន្ត និងរីករាយមួយ សម្រាប់រស់នៅដែរ។ យ៉ាងណាមិញ ព្រះជាម្ចាស់មិនអាចគង់នៅជាមួយមនុស្សលោកលើផែនដីបានយូរទេ ដ្បិតព្រះជាម្ចាស់ គឺជាព្រះ ហើយសំខាន់បំផុត គឺទ្រង់មិនដូចគ្នានឹងមនុស្សលោកទេ។ ទ្រង់មិនអាចរស់ក្នុងអាយុកាលនៃមនុស្សធម្មតាម្នាក់ ពោលគឺទ្រង់មិនអាចគង់នៅលើផែនដីនេះ ដូចមនុស្សម្នាក់ដែលគ្មានអ្វីសោះ ក្រៅពីភាពសាមញ្ញឡើយ ដ្បិតទ្រង់មានចំណែកជាមនុស្សធម្មតារបស់បុគ្គលធម្មតាម្នាក់ តិចតួចណាស់ សម្រាប់រក្សាជីវិតជាមនុស្សរបស់ទ្រង់។ ក្នុងន័យមួយទៀតគឺ តើព្រះជាម្ចាស់អាចបង្កើតគ្រួសារ ចាប់អាជីពការងារ និងបីបាច់កូនចៅលើផែនដីនេះ ដោយរបៀបណា? តើនេះមិនមែនជាក្ដីអាម៉ាស់ដល់ទ្រង់ទេឬអី? ដែលទ្រង់ត្រូវបានផ្ដល់នូវភាពជាមនុស្សធម្មតានោះ គឺសម្រាប់តែគោលបំណងអនុវត្តកិច្ចការក្នុងលក្ខណៈធម្មតាមួយ មិនមែនឲ្យទ្រង់អាចមានគ្រួសារ និងអាជីពការងារ ដូចមនុស្សធម្មតាម្នាក់នោះទេ។ ញាណធម្មតារបស់ទ្រង់ គំនិតធម្មតារបស់ទ្រង់ ព្រមទាំងការចិញ្ចឹមជីវិត និងការស្លៀកពាក់ធម្មតានៃសាច់ឈាមរបស់ទ្រង់ គឺល្មមនឹងបញ្ជាក់ថា ទ្រង់មានភាពជាមនុស្សធម្មតាហើយ។ ពុំចាំបាច់ឲ្យទ្រង់មានគ្រួសារ ឬអាជីពការងារ ដើម្បីមកបញ្ជាក់ថា ទ្រង់មានភាពជាមនុស្សសាមញ្ញនោះឡើយ។ រឿងនេះ គឺមុខជាមិនចាំបាច់សោះតែម្ដង! ការយាងមកផែនដីរបស់ព្រះជាម្ចាស់ គឺព្រះបន្ទូលដែលបានត្រឡប់ជាសាច់ឈាម ទ្រង់គ្រាន់តែអនុញ្ញាតឲ្យមនុស្សយល់ព្រះបន្ទូលរបស់ទ្រង់ និងមើលឃើញព្រះបន្ទូលរបស់ទ្រង់ ពោលគឺ ទ្រង់អនុញ្ញាតឲ្យមនុស្សមើលឃើញកិច្ចការដែលត្រូវបានអនុវត្តដោយសាច់ឈាមរបស់ទ្រង់។ ចេតនារបស់ទ្រង់ គឺមិនមែនឲ្យមនុស្សប្រព្រឹត្តចំពោះសាច់ឈាមរបស់ទ្រង់ ដោយវិធីពិសេសអ្វីឡើយ តែឲ្យមនុស្សចេះស្ដាប់បង្គាប់ដល់ទីបញ្ចប់ប៉ុណ្ណោះ ពោលគឺ ស្ដាប់បង្គាប់គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់មក ហើយចុះចូលនឹងគ្រប់កិច្ចការដែលទ្រង់ធ្វើ។ ទ្រង់គ្រាន់តែធ្វើការក្នុងសាច់ឈាមប៉ុណ្ណោះ ទ្រង់គ្មានចេតនាបង្គាប់ឲ្យមនុស្សលើកតម្កើងភាពមហិមា និងភាពបរិសុទ្ធនៃសាច់ឈាមរបស់ទ្រង់ឡើយ តែផ្ទុយទៅវិញ ទ្រង់កំពុងបង្ហាញឲ្យមនុស្សឃើញប្រាជ្ញានៃកិច្ចការរបស់ទ្រង់ និងសិទ្ធិអំណាចទាំងអស់ដែលទ្រង់មានវិញ។ ដូច្នេះហើយ ទោះបីជាទ្រង់មានភាពជាមនុស្សដ៏អស្ចារ្យ ក៏ទ្រង់មិនធ្វើសេចក្ដីប្រកាសដែរ ហើយផ្ដោតតែលើកិច្ចការដែលទ្រង់គួរធ្វើតែប៉ុណ្ណោះ។ អ្នករាល់គ្នាគប្បីដឹងថា ហេតុអ្វីបានជាព្រះជាម្ចាស់ក្លាយជាសាច់ឈាម តែមិនប្រកាស ឬធ្វើបន្ទាល់ពីភាពជាមនុស្សធម្មតារបស់ទ្រង់ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែអនុវត្តកិច្ចការដែលទ្រង់ចង់ធ្វើប៉ុណ្ណោះ។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាអាចមើលឃើញ តាយរយៈព្រះដែលយកកំណើតជាមនុស្ស គឺលក្ខណៈជាព្រះរបស់ទ្រង់ នេះគឺមកពីទ្រង់មិនដែលប្រកាសពីលក្ខណៈជាមនុស្សរបស់ទ្រង់ ឲ្យមនុស្សយកតម្រាប់តាម។ លុះដល់ពេលដែលមនុស្សដឹកនាំមនុស្សដទៃទៀត ទើបគេនិយាយពីលក្ខណៈជាមនុស្សរបស់ទ្រង់ ដើម្បីទទួលបានការសរសើរ និងការចុះចូលកាន់តែច្រើន ហើយទទួលបាននូវភាពជាអ្នកដឹកនាំពីមនុស្សដទៃផង។ ផ្ទុយទៅវិញ ព្រះជាម្ចាស់យកឈ្នះមនុស្សលោក តាមរយៈកិច្ចការរបស់ទ្រង់តែម្យ៉ាងគត់ (ពោលគឺកិច្ចការដែលមនុស្សទទួលមិនបាន)។ ការដែលមនុស្សសរសើរព្រះអង្គ ឬការធ្វើឲ្យមនុស្សស្រឡាញ់ទ្រង់ គឺគ្មានផ្លូវនឹងកើតឡើងបានឡើយ។ គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីបណ្ដុះទឹកចិត្តគោរពកោតខ្លាចចំពោះទ្រង់ នៅក្នុងចិត្តរបស់មនុស្ស ឬអារម្មណ៍ដែលមិនអាចយល់បានរបស់ទ្រង់។ ព្រះជាម្ចាស់មិនចាំបាច់ធ្វើឱ្យមនុស្សស្ញប់ស្ញែងឡើយ គ្រប់យ៉ាងដែលទ្រង់ត្រូវការ គឺឲ្យអ្នកគោរពកោតខ្លាចទ្រង់ នៅពេលដែលអ្នកបានឃើញនិស្ស័យរបស់ទ្រង់ផ្ទាល់នឹងភ្នែក។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺជាកិច្ចការរបស់ព្រះអង្គផ្ទាល់ មិនមានមនុស្សណាធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ ក៏គ្មានមនុស្សណាអាចទទួលយកកិច្ចការនេះបានដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបអាចធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ និងចាប់ផ្ដើមយុគសម័យមួយថ្មី សម្រាប់ដឹកនាំមនុស្សទៅក្នុងការរស់នៅបែបថ្មី។ កិច្ចការដែលទ្រង់ធ្វើ គឺដើម្បីឲ្យមនុស្សអាចចាប់ផ្ដើមមានជីវិតថ្មីជាកម្មសិទ្ធ និងចូលទៅក្នុងយុគសម័យថ្មីមួយ។ កិច្ចការដែលនៅសេសសល់ ត្រូវបានប្រគល់ទៅឲ្យអស់អ្នកណាដែលមានភាពជាមនុស្សធម្មតា ដែលត្រូវបានអ្នកដទៃលើកសរសើរ។ ដូច្នេះ ទ្រង់បានបង្ហើយកិច្ចការរយៈពេលពីរពាន់ឆ្នាំ តែក្នុងរយៈពេលបីឆ្នាំកន្លះ ក្នុងថេរវេលាសាមសិបបីឆ្នាំដែលទ្រង់សណ្ឋិតក្នុងសាច់ឈាម ក្នុងយុគសម័យនៃព្រះគុណ។ កាលព្រះជាម្ចាស់យាងមកដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់តែងតែបង្ហើយកិច្ចការរយៈពេលពីរពាន់ឆ្នាំរបស់ទ្រង់ ឬកិច្ចការក្នុងយុគសម័យមួយទាំងមូល ក្នុងថេរវេលាខ្លីបំផុត គឺពីរបីឆ្នាំប៉ុណ្ណោះ។ ទ្រង់មិនបានពន្យាពេល ហើយទ្រង់ក៏មិនបង្អង់ដែរ ទ្រង់គ្រាន់តែបង្រួមកិច្ចការរយៈពេលជាច្រើនឆ្នាំ ដើម្បីឲ្យវាសម្រេចទៅបានតែក្នុងរយៈពេលពីរបីឆ្នាំយ៉ាងខ្លី។ នេះគឺមកពីកិច្ចការដែលទ្រង់ធ្វើផ្ទាល់នោះ គឺដើម្បីជាប្រយោជន៍ដល់ការបើកច្រកផ្លូវថ្មីមួយ និងការដឹកនាំយុគសម័យថ្មីមួយទាំងស្រុង។
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត