ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១១១

10-05-2021

ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់ ក្នុងគ្រាដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ប៉ុណ្ណោះ មិនមែនដល់សត្តនិករទាំងអស់ឡើយ។ ទ្រង់បានក្លាយជាសាច់ឈាម ដើម្បីបង្ហើយដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ និងមិនមែនដើម្បីបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សនោះឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ទ្រង់គឺទ្រង់ត្រូវតែយកទៅអនុវត្តដោយអង្គឯង ដូច្នេះទ្រង់ចាំបាច់ត្រូវធ្វើកិច្ចការនេះក្នុងសាច់ឈាម។ កាលណាកិច្ចការនេះបញ្ចប់ទៅ នោះទ្រង់នឹងចាកចេញពីពិភពមនុស្ស ទ្រង់មិនអាចគង់នៅយូរក្នុងចំណោមមនុស្សជាតិបានឡើយ ខ្លាចក្រែងមានឧបសគ្គរាំងស្ទះដល់កិច្ចការនេះកើតមានឡើង។ អ្វីដែលទ្រង់សម្ដែងដល់ហ្វូងបណ្ដាជន គ្រាន់តែជានិស្ស័យសុចរិតរបស់ទ្រង់ និងស្នាព្រះហស្តទាំងអស់របស់ទ្រង់ប៉ុណ្ណោះ ពុំមែនជារូបអង្គពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ ដ្បិតរូបអង្គរបស់ព្រះជាម្ចាស់ អាចសម្ដែងឲ្យឃើញតែតាមរយៈនិស្ស័យរបស់ទ្រង់ប៉ុណ្ណោះ និងមិនអាចជំនួសដោយរូបអង្គនៃសាច់ឈាមជាមនុស្សរបស់ទ្រង់នោះឡើយ។ រូបនៃសាច់ឈាមរបស់ទ្រង់ត្រូវបានបើកបង្ហាញដើម្បីកំណត់ចំនួនមនុស្ស គឺមានតែអស់អ្នកដែលដើរតាមទ្រង់ប៉ុណ្ណោះ ដ្បិតទ្រង់ធ្វើការនៅក្នុងសាច់ឈាម។ នេះហើយជាហេតុផលដែលកិច្ចការដែលកំពុងត្រូវបានអនុវត្តនៅពេលនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់។ ព្រះយេស៊ូវក៏បង្ហាញអង្គទ្រង់ ដល់តែសាសន៍យូដា ក្នុងគ្រាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបដូចគ្នានេះដែរ ហើយទ្រង់ពុំដែលបង្ហាញអង្គទ្រង់ជាសាធារណៈ ដល់ជាតិសាសន៍ដទៃទៀតឡើយ។ ដូច្នេះ កាលណាទ្រង់បានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់នឹងចាកចេញពីពិភពរបស់មនុស្សភ្លាម មិននៅយូរទេ។ ក្រោយមកទៀត គឺមិនមែនទ្រង់ (រូបភាពមនុស្សម្នាក់នេះ) ទេ ដែលបង្ហាញអង្គទ្រង់ដល់មនុស្ស តែគឺព្រះវិញ្ញាណបរិសុទ្ធវិញ ដែលអនុវត្តកិច្ចការនេះដោយផ្ទាល់។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ត្រូវបានបញ្ចប់ទៅទាំងស្រុង នោះទ្រង់នឹងចាកចេញពីពិភពមនុស្សដែលតែងតែស្លាប់នេះ ហើយមិនយាងត្រឡប់មកធ្វើកិច្ចការណាមួយ ដូចគ្នានឹងកិច្ចការដែលទ្រង់ធ្វើកាលទ្រង់នៅជាសាច់ឈាម ម្ដងទៀតឡើយ។ បន្ទាប់ពីនេះ កិច្ចការនេះនឹងត្រូវធ្វើឡើងទាំងអស់ដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ ក្នុងគ្រានេះ មនុស្សកម្រនឹងអាចមើលឃើញរូបអង្គនៃរូបកាយសាច់ឈាមរបស់ទ្រង់ណាស់ ទ្រង់មិនបង្ហាញអង្គទ្រង់ដល់មនុស្សទាល់តែសោះ តែទ្រង់នៅលាក់ព្រះកាយជានិរន្តវិញ។ ពេលវេលាសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ដែលបានត្រឡប់ជាសាច់ឈាម មានកំណត់។ កិច្ចការនេះត្រូវបានអនុវត្តនៅក្នុងយុគសម័យ កាលសម័យ ជាតិសាសន៍ និងក្នុងចំណោមក្រុមមនុស្សជាក់លាក់។ កិច្ចការនេះបង្ហាញឲ្យឃើញតែកិច្ចការក្នុងសម័យកាលនៃការយកកំណើតរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ហើយត្រូវចំទៅនឹងយុគសម័យនោះតែម្ដង កិច្ចការនេះបង្ហាញពីកិច្ចការរបស់ព្រះវិញ្ញាណ នៅក្នុងយុគសម័យមួយដោយឡែក ហើយមិនមែនកិច្ចការទាំងស្រុងរបស់ព្រះអង្គឡើយ។ ដូច្នេះ រូបអង្គរបស់ព្រះជាម្ចាស់ដែលក្លាយជាសាច់ឈាម នឹងមិនត្រូវបានបង្ហាញដល់មនុស្សទាំងអស់ឡើយ។ អ្វីដែលត្រូវបានបង្ហាញដល់បណ្ដាជន គឺភាពសុចរិតរបស់ព្រះជាម្ចាស់ និងនិស្ស័យទាំងអស់របស់ព្រះអង្គ មិនមែនរូបអង្គរបស់ទ្រង់ ក្នុងគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ។ រូបភាពដែលបង្ហាញឲ្យមនុស្សឃើញនោះ មិនមែនជារូបភាពព្រះអង្គតែអង្គឯង ក៏មិនមែនជារូបភាពព្រះអង្គទាំងពីរអង្គរួមគ្នាដែរ។ ដូច្នេះ វាជារឿងចាំបាច់ដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ត្រូវចាកចេញពីផែនដីពេលបញ្ចប់កិច្ចការដែលទ្រង់ត្រូវធ្វើ ដ្បិតទ្រង់យាងមកដើម្បីធ្វើតែកិច្ចការដែលទ្រង់គួរធ្វើ និងមិនមែនមកបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សឡើយ។ ទោះបីជាសារៈសំខាន់នៃការយកកំណើតជាមនុស្សនេះ ត្រូវបានសម្រេចរួចរាល់ ដោយព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដល់ទៅពីរលើក ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ជាចំហ ដល់ជាតិសាសន៍ណាផ្សេងដែលមិនធ្លាប់បានឃើញទ្រង់ពីមុនសោះនោះឡើយ។ ព្រះយេស៊ូវនឹងមិនសម្ដែងអង្គទ្រង់ផ្ទាល់ ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដល់សាសន៍យូដាម្ដងទៀតឡើយ ទ្រង់ក៏មិនឡើងទៅលើភ្នំដើមអូលីវ ហើយលេចមកឲ្យមនុស្សទាំងអស់ឃើញដែរ។ គ្រប់យ៉ាងដែលសាសន៍យូដាបានឃើញ គឺរូបភាពរបស់ព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់មានព្រះជន្មគង់នៅក្នុងស្រុកយូដា។ នេះគឺមកពីកិច្ចការរបស់ព្រះយេស៊ូវ ក្នុងការដែលទ្រង់យកកំណើតជាមនុស្ស បានបញ្ចប់ទៅកាលពីពីរពាន់ឆ្នាំមុន។ ទ្រង់នឹងមិនត្រឡប់មកស្រុកយូដា ក្នុងរូបភាពជាសាសន៍យូដា ក៏រឹតតែមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់ជាតិសាសន៍ដទៃណាផ្សេងទៀតដែរ ដ្បិតរូបភាពព្រះយេស៊ូវដែលបានត្រឡប់ជាសាច់ឈាម គ្រាន់តែជារូបភាពជាសាសន៍យូដាម្នាក់ប៉ុណ្ណោះ និងមិនមែនជារូបភាពកូនមនុស្សដែលយ៉ូហានបានឃើញនោះទេ។ ទោះបីជាព្រះយេស៊ូវបានសន្យានឹងអ្នកដែលដើរតាមទ្រង់ថា ទ្រង់នឹងយាងត្រឡប់មកវិញ ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់មនុស្សដែលនៅក្នុងជាតិសាសន៍ដទៃទៀតដែរ។ អ្នករាល់គ្នាគួរដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺបើកយុគសម័យមួយ។ កិច្ចការនេះ ត្រូវបានកំណត់តែក្នុងរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ ហើយទ្រង់មិនអាចអាចបង្ហើយកិច្ចការទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ ដូចគ្នានេះដែរ រូបភាពរបស់ព្រះយេស៊ូ ក្នុងនាមជាសាសន៍យូដា អាចបង្ហាញត្រឹមតែរូបភាពរបស់ព្រះជាម្ចាស់ កាលទ្រង់ធ្វើការក្នុងស្រុកយូដា ហើយទ្រង់អាចធ្វើតែកិច្ចការនៃការជាប់ឆ្កាងតែប៉ុណ្ណោះ។ ក្នុងគ្រាដែលព្រះយេស៊ូវគង់ក្នុងសាច់ឈាមនៅឡើយ ទ្រង់មិនអាចធ្វើកិច្ចការនៃការបញ្ចប់យុគសម័យ ឬបំផ្លាញមនុស្សជាតិបានឡើយ។ ដូច្នេះ បន្ទាប់ពីទ្រង់ត្រូវគេឆ្កាង និងបានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់ក៏យាងឡើងទៅស្ថានខ្ពស់ ហើយបំបាំងព្រះកាយទ្រង់ពីមនុស្សលោកទៅ។ តាំងពីពេលនោះមក ពួកអ្នកជឿដ៏ស្មោះត្រង់ ដែលមកពីជាតិសាសន៍ដទៃទាំងអស់នេះ មិនអាចមើលឃើញការបើកសម្ដែងរបស់ព្រះអម្ចាស់យេស៊ូវទេ តែអាចត្រឹមមើលឃើញរូបភាពរបស់ទ្រង់ ដែលពួកគេបិទភ្ជាប់ទៅនឹងជញ្ជាំងតែប៉ុណ្ណោះ។ រូបភាពនេះ គ្រាន់តែជារូបភាពដែលមនុស្សគូរប៉ុណ្ណោះ មិនមែនជារូបអង្គដែលព្រះជាម្ចាស់ផ្ទាល់ បើកបង្ហាញឲ្យមនុស្សបានឃើញនោះឡើយ។ ព្រះជាម្ចាស់នឹងមិនបង្ហាញអង្គទ្រង់ដោយចំហដល់បណ្ដាជនក្នុងរូបភាពកាលពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាម ទាំងពីរលើកនោះឡើយ។ កិច្ចការដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ គឺដើម្បីអនុញ្ញាតឲ្យគេយល់ពីនិស្ស័យរបស់ទ្រង់។ ទាំងអស់នេះត្រូវបានបង្ហាញដល់មនុស្ស ដោយមធ្យោបាយនៃកិច្ចការក្នុងយុគសម័យខុសៗគ្នា ការណ៍នេះត្រូវបានសម្រេចឡើងតាមរយៈនិស្ស័យដែលទ្រង់បានសម្ដែងឲ្យមនុស្សឃើញ និងកិច្ចការដែលទ្រង់បានធ្វើ មិនមែនតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវឡើយ។ មានន័យថា រូបភាពរបស់ព្រះជាម្ចាស់ ត្រូវបានសម្ដែងឲ្យមនុស្សស្គាល់ មិនមែនតាមរយៈរូបភាពជាមនុស្សនេះឡើយ តែគឺតាមរយៈកិច្ចការដែលត្រូវបានអនុវត្តដោយព្រះដែលយកកំណើតជាមនុស្ស ដែលមានទាំងរូបអង្គ និងសណ្ឋានទាំងពីរ ចំណែករូបអង្គរបស់ទ្រង់ក៏ត្រូវបានបង្ហាញឲ្យគេឃើញ ហើយនិស្ស័យរបស់ទ្រង់ក៏ត្រូវបានសម្ដែងឲ្យគេស្គាល់ តាមរយៈកិច្ចការរបស់ទ្រង់ដែរ។ នេះហើយគឺជាសារៈសំខាន់នៃកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងសាច់ឈាម។

កាលណាកិច្ចការរបស់សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទាំងពីរអង្គឈានដល់ទីបញ្ចប់ នោះទ្រង់នឹងចាប់ផ្ដើមបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ ដល់គ្រប់ជាតិសាសន៍ដទៃ ដោយអនុញ្ញាតឲ្យពួកបណ្ដាជនគ្រប់គ្នាមើលឃើញរូបអង្គរបស់ទ្រង់។ ទ្រង់នឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ ហើយទ្រង់នឹងបង្ហាញយ៉ាងច្បាស់ពីចុងបញ្ចប់នៃជំពូកមនុស្សខុសៗគ្នា តាមរយៈមធ្យោបាយនេះ ទាំងធ្វើឲ្យយុគសម័យចាស់ ឈានដល់ទីបញ្ចប់ទាំងស្រុងផង។ ហេតុផលដែលកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មិនលាតសន្ធឹងកាន់តែធំទូលាយ (ដូចកាលព្រះយេស៊ូវធ្វើការតែក្នុងស្រុកយូដា ហើយសព្វថ្ងៃខ្ញុំធ្វើការតែក្នុងចំណោមអ្នករាល់គ្នា) គឺមកពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មានដែនកំណត់ និងមានកំហិត។ ទ្រង់គ្រាន់តែកំពុងអនុវត្តកិច្ចការរបស់ទ្រង់មួយរយៈពេលខ្លី ក្នុងរូបភាពសាច់ឈាមជាមនុស្សសាមញ្ញ និងធម្មតាម្នាក់ប៉ុណ្ណោះ។ ទ្រង់មិនមែនកំពុងប្រើសាច់ឈាមនេះ មកធ្វើកិច្ចការដ៏អស់កល្បជានិច្ច ឬកិច្ចការនៃការបង្ហាញអង្គទ្រង់ដល់បណ្ដាជន ក្នុងជាតិសាសន៍ដទៃនោះឡើយ។ កិច្ចការនៅក្នុងសាច់ឈាមនេះ អាចកំណត់បានត្រឹមវិសាលភាព (ដូចជា ការធ្វើការតែក្នុងស្រុកយូដា ឬក្នុងចំណោមអ្នករាល់គ្នា) ហើយតាមមធ្យោបាយនៃកិច្ចការដែលត្រូវបានអនុវត្ត នៅក្នុងដែនកំណត់នេះ នោះវិសាលភាពនៃកិច្ចការនេះ អាចលាតសន្ធឹងទៅបាន។ ពិតណាស់ កិច្ចការលាតសន្ធឹងនេះ ត្រូវតែអនុវត្តផ្ទាល់ដោយព្រះវិញ្ញាណបរិសុទ្ធ និងលែងជាកិច្ចការរបស់សាច់ឈាមជាមនុស្សរបស់ទ្រង់ទៀតហើយ។ ដោយព្រោះកិច្ចការក្នុងសាច់ឈាមនេះ មានដែនកំណត់ និងមិនលាតសន្ធឹងដល់គ្រប់ទិសទីទាំងអស់ក្នុងសកលលោក កិច្ចការនេះមិនអាចសម្រេចបានឡើយ។ ព្រះវិញ្ញាណបរិសុទ្ធអនុវត្តកិច្ចការបន្តបន្ទាប់មកទៀត តាមរយៈកិច្ចការក្នុងសាច់ឈាមនេះ។ ដូច្នេះ កិច្ចការដែលត្រូវបានធ្វើឡើងក្នុងសាច់ឈាម ជាកិច្ចការដែលមានលក្ខណៈនាំមុខ ជាកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងដែនកំណត់ជាក់លាក់។ បន្ទាប់ពីនេះ គឺព្រះវិញ្ញាណរបស់ទ្រង់ហើយដែលអនុវត្តកិច្ចការនេះបន្តទៀត ហើយជាងនេះទៀត ទ្រង់ធ្វើការនេះក្នុងវិសាលភាពដែលធំជាងមុនផង។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល