ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២១៥
27-04-2021
ចូរនឹកចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរ កាលដែលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម និងគិតអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។ ចូរត្រឡប់ទៅគិតពីការដែលប្រជាជននៃក្រុងនីនីវេបានប្រែចិត្ត និងលន់តួបាបរបស់ខ្លួន ដោយស្លៀកសំពត់ធ្មៃរួចអង្គុយក្នុងផេះ។ សូមរំឭកអំពីលទ្ធផលដែលកើតឡើងចំពោះសាសន៍យូដា បន្ទាប់ពីពួកគេបានដំភ្ជាប់ព្រះយេស៊ូវទៅនឹងឈើឆ្កាងកាលពី ២០០០ ឆ្នាំមុន ពួកគេត្រូវបានបណ្ដេញចេញពីស្រុកអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើននៅជុំវិញពិភពលោក មនុស្សជាច្រើនត្រូវបានគេសម្លាប់ ហើយជាតិសាសន៍យូដាទាំងមូលត្រូវស្ថិតក្រោមការឈឺចាប់ចំពោះការសាបសូន្យនៃប្រទេសរបស់ខ្លួនដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានធ្វើឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ក្រោធខឹង។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងនូវអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេ។ ពួកគេថ្កោលទោសព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនារបស់ពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។
សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ ហើយទីសំចតដំបូងរបស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ គឺតួយ៉ាងរបបផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ទទួលបានមនុស្សមួយក្រុមដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ព្រះអង្គត្រូវបានតាមប្រមាញ់ដោយគណបក្សកាន់អំណាចរបស់ចិនតាមគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខគ្រប់បែបយ៉ាង និងគ្មានកន្លែងឱ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយគ្មានកន្លែងដើម្បីជ្រកកោនបានឡើយ។ ថ្វីបើបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់ថ្លែងព្រះបន្ទូល និងបញ្ចេញព្រះសូរសៀងរបស់ទ្រង់ ព្រមទាំងផ្សាយដំណឹងល្អផង។ គ្មានបុគ្គលណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់សង្គ្រោះមនុស្សលោកគ្រប់គ្នា ក្នុងកម្រិតដ៏ច្រើនបំផុតដែលទ្រង់អាចធ្វើទៅបាន។ យើងគ្រប់គ្នាជឿថា គ្មានប្រទេស ឬមហាកម្លាំងណាមួយដែលអាចរារាំងដល់កិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ ហើយ អស់អ្នកណាដែលព្យាយាមរារាំងកិច្ចការរបស់ព្រះជាម្ចាស់ អ្នកដែលតតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្នកដែលរំខាន និងព្យាយាមធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ បុគ្គលណាម្នាក់ដែលទាស់ទទឹងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់ដាក់ទោសបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលទាស់ទទឹងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់បំផ្លាញចោល។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់កម្ចាត់ចេញពីផែនដីនេះ ហើយលែងមានតទៅទៀត។ ខ្ញុំអង្វរដល់គ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងគ្រប់ឧស្សាហកម្មទាំងអស់ ឱ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឱ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងឱ្យយកចិត្តទុកដាក់លើវាសនារបស់មនុស្សលោក ដោយហេតុនេះ ទើបធ្វើឱ្យព្រះជាម្ចាស់បានបរិសុទ្ធខ្លាំងបំផុត មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាព្រះជាម្ចាស់តែមួយអង្គគត់ដែលមនុស្សថ្វាយបង្គំ និងដើម្បីឱ្យមនុស្សលោកទាំងមូល រស់នៅក្នុងព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់អ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យារបស់ព្រះយេហូវ៉ា និងដូចជា អ័ដាម និងអេវ៉ា ជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកតាំងពីគ្រាដំបូង និងបានរស់នៅក្នុងសួនច្បារអេដែន។
កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខឥតឈប់ឈរ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយដ៏ខ្លាំងក្លា ព្រមទាំងត្រូវទទួលទោសដែលស័ក្តិសមបំផុត។
ដកស្រង់ពី «ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត