ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៨៩
24-02-2022
នៅក្នុងផែនការរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ មានកិច្ចការពីរផ្នែកដែលបានសម្រេចតាមរយៈសាច់ឈាម៖ ទីមួយ គឺកិច្ចការជាប់ឆ្កាង ដែលទ្រង់បានទទួលសិរីល្អ ហើយមួយទៀតគឺកិច្ចការនៃការដណ្ដើមយកជ័យជម្នះ និងភាពគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ ដែលទ្រង់ទទួលសិរីល្អ។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរកុំចាត់ទុកថាកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា គឺជារឿងធម្មតានោះឡើយ។ អ្នករាល់គ្នា គឺជាទាយាទដែលត្រូវទទួលបានសិរីល្អដ៏លើសលប់ និងជាសិរីល្អដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយឋានៈត្រូវបានតែងតាំងជាពិសេសដោយព្រះជាម្ចាស់។ ក្នុងចំណោមផ្នែកទាំងពីរនៃសិរីល្អរបស់ទ្រង់ គឺទីមួយបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងអ្នករាល់គ្នា ហើយភាពពេញលេញនៃផ្នែកទីមួយនៃសិរីល្អរបស់ព្រះជាម្ចាស់នេះ បានប្រទានមកអ្នករាល់គ្នាទុកជាមរតក។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយវាក៏ជាផែនការដែលទ្រង់បានកំណត់ទុកជាយូរមកហើយដែរ។ តាមភាពអស្ចារ្យនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងស្រុកដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ គឺច្បាស់ជាទទួលបានផ្លែផ្កាជាយូរមកហើយ ហើយមនុស្សក៏បានត្រៀមជាស្រេចដើម្បីនឹងទទួលយកដែរ ប្រសិនបើកិច្ចការនេះត្រូវបានផ្លាស់ទៅធ្វើនៅកន្លែងផ្សេង។ លើសពីនេះទៅទៀត កិច្ចការនេះនឹងកាន់តែងាយទទួលយកសម្រាប់បុព្វជិតទាំងអស់នៅភាគខាងលិចដែលជឿលើព្រះជាម្ចាស់ ព្រោះដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ដើរតួជាគំរូមួយ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មិនអាចសម្រេចបាននូវដំណាក់កាលនៃការទទួលសិរីល្អនៅកន្លែងផ្សេងទៀត ដ្បិតសិរីល្អរបស់ព្រះជាម្ចាស់មិនអាចនៅទ្រឹងនៅពេលកិច្ចការនេះមានការគាំទ្រពីមនុស្ស និងត្រូវបានទទួលស្គាល់ពីជាតិសាសន៍នានានោះទេ។ ប្រាកដណាស់ នេះហើយជាចំណុចដ៏សំខាន់បំផុត ដែលធ្វើឱ្យកិច្ចការនៅដំណាក់កាលនេះ នៅទ្រឹងក្នុងស្រុកនេះ។ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែត្រូវដាក់ទោសចោទប្រកាន់ដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះ គឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ «បានបោះបង់» អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីទៀតបានឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីល្អរបស់ព្រះជាម្ចាស់។ អ្វីដែលអ្នករាល់គ្នាបានទទួលជាមរតកនៅថ្ងៃនេះ លើសពីអ្វីដែលពួកសាវ័ក និងពួកហោរានៅគ្រប់សម័យកាលបានទទួលទៅទៀត ហើយក៏អស្ចារ្យជាងអ្វីដែលម៉ូសេ និងពេត្រុសបានទទួលដែរ។ ព្រះពរមិនអាចទទួលបានក្នុងរយៈពេលតែមួយថ្ងៃ ឬក៏ពីរថ្ងៃនោះទេ គឺត្រូវតែទទួលតាមរយៈការលះបង់ដ៏ធំធេង។ អាចនិយាយបានថា អ្នករាល់គ្នាត្រូវតែមានសេចក្ដីស្រលាញ់មួយដែលបានឆ្លងកាត់ការបន្សុទ្ធ អ្នកត្រូវតែមានសេចក្ដីជំនឿយ៉ាងមាំ ហើយអ្នកត្រូវមានសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកមាន។ លើសពីនេះទៅទៀត អ្នកត្រូវតែបែរទៅរកសេចក្ដីយុត្តិធម៌ ដោយមិនត្រូវភ័យខ្លាច ឬក៏គេចវេសឡើយ ហើយអ្នកត្រូវតែមានសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ដែលខ្ជាប់ខ្ជួនរហូតអស់ជីវិត។ អ្នកត្រូវតែមានការតាំងចិត្ត ហើយការផ្លាស់ប្ដូរត្រូវតែកើតឡើងនៅក្នុងនិស្ស័យជីវិតរបស់អ្នករាល់គ្នា ភាពខូចអាក្រក់របស់អ្នករាល់គ្នាត្រូវតែសះស្បើយ អ្នកត្រូវតែទទួលយកការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ ហើយអ្នកត្រូវតែស្ដាប់បង្គាប់ទ្រង់រហូតដល់ទីមរណា។ នេះហើយជាអ្វីដែលអ្នករាល់គ្នាត្រូវទទួល នេះហើយជាគោលដៅចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សមួយក្រុមនេះ។ ដោយព្រោះទ្រង់ប្រទានដល់អ្នករាល់គ្នា នោះទ្រង់ប្រាកដជាទារសំណងពីអ្នករាល់គ្នាវិញ ហើយទ្រង់ប្រាកដជានឹងទាមទារនូវអ្វីដែលស័ក្ដិសមពីអ្នករាល់គ្នាជាមិនខាន។ ដូច្នេះ កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានហេតុផល ដែលបង្ហាញឱ្យឃើញម្ដងហើយម្ដងទៀតថា ព្រះជាម្ចាស់ធ្វើកិច្ចការដែលមានបទដ្ឋានខ្ពង់ខ្ពស់ និងសេចក្ដីតម្រូវតឹងតែង។ ដោយសារចំណុចនេះហើយ ទើបអ្នករាល់គ្នាគួរតែពេញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់។ សរុបមក កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាស័ក្ដិសមនឹងទទួលមរតករបស់ទ្រង់។ កិច្ចការនេះមិនមែនសម្រាប់ជាប្រយោជន៍ដល់សិរីល្អផ្ទាល់របស់ព្រះជាម្ចាស់ទេ តែសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា និងដើម្បីធ្វើឱ្យមនុស្សមួយក្រុមដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងស្រុកដ៏ស្មោកគ្រោកនេះ បានគ្រប់លក្ខណ៍វិញ។ អ្នករាល់គ្នាគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំសូមដាស់តឿនដល់មនុស្សល្ងង់ខ្លៅជាច្រើនដែលគ្មានការយល់ដឹង ឬគ្មានបញ្ញាញាណថា៖ ចូរកុំល្បងលព្រះជាម្ចាស់ឡើយ ហើយក៏កុំតតាំងតទៅទៀត។ ព្រះជាម្ចាស់បានឆ្លងកាត់ការរងទុក្ខវេទនា ដែលគ្មានមនុស្សណាម្នាក់អាចទ្រាំទ្របានឡើយ ហើយទ្រង់ក៏បានទ្រាំទ្រចំពោះការអាម៉ាស់យ៉ាងខ្លាំងជំនួសមនុស្សជាយូរមកហើយដែរ។ តើមានអ្វីទៀតទៅ ដែលអ្នកមិនអាចបោះបង់ចោលបាន? តើមានអ្វីទៀតទៅ ដែលសំខាន់ជាងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្វីទៅ ដែលអាចឧត្ដុង្គឧត្ដមជាងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ទៀតនោះ? វាពិបាកណាស់ទៅហើយ សម្រាប់ព្រះជាម្ចាស់ដែលត្រូវបំពេញកិច្ចការរបស់ទ្រង់នៅក្នុងស្រុកដ៏ស្មោកគ្រោកនេះ បន្ថែមលើនេះទៀត មនុស្សបានបំពានទាំងដឹងច្បាស់ និងដោយចេតនា ធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវអូសបន្លាយពេលវេលាជាយូរ។ សរុបមក នេះមិនមែនជាឧត្តមប្រយោជន៍របស់អ្នកណាម្នាក់ឡើយ ក៏មិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកណាដែរ។ ព្រះជាម្ចាស់មិនជាប់ក្នុងចំណងពេលវេលាទេ កិច្ចការ និងសិរីល្អរបស់ទ្រង់ គឺជាអាទិភាពចម្បង។ ដូច្នេះហើយ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ទោះថ្លៃយ៉ាងណា ក៏ទ្រង់ហ៊ានចំណាយ មិនថាត្រូវចំណាយពេលយូរប៉ុនណានោះទេ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់៖ ទ្រង់នឹងមិនសម្រាកឡើយរហូតទាល់តែកិច្ចការរបស់ទ្រង់បានសម្រេច។ កិច្ចការរបស់ទ្រង់នឹងបញ្ចប់ នៅពេលដែលទ្រង់ទទួលបានផ្នែកទីពីរនៃសិរីល្អរបស់ទ្រង់។ នៅក្នុងសកលលោកទាំងមូល ប្រសិនបើព្រះជាម្ចាស់មិនបញ្ចប់ផ្នែកទីពីរនៃកិច្ចការនៃការទទួលបានសិរីល្អរបស់ទ្រង់ទេ ថ្ងៃរបស់ទ្រង់គ្មានផ្លូវមកដល់ទេ ព្រះហស្ដទ្រង់នឹងមិនចាកចោលរាស្រ្ដរើសតាំងរបស់ទ្រង់ សិរីល្អរបស់ទ្រង់ក៏នឹងមិនធ្លាក់ចុះមកលើអ៊ីស្រាអែល ហើយផែនការរបស់ទ្រង់ក៏មិនបញ្ចប់ដែរ។ អ្នករាល់គ្នាគួរតែអាចមើលឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយគួរតែមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនងាយ ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើឡើយ។ នោះគឺដោយសារតែកិច្ចការសព្វថ្ងៃនេះ គឺជាការបំផ្លាស់បំប្រែអស់អ្នកដែលបានក្លាយជាខូចអាក្រក់ អ្នកដែលស្ពឹកស្រពន់ដល់កម្រិតអតិបរមា ជាកិច្ចការបន្សុទ្ធអស់អ្នកដែលទ្រង់បានបង្កើតមក ប៉ុន្ដែត្រូវចាញ់បញ្ឆោតសាតាំង។ នេះមិនមែនជាការបង្កើតអ័ដាម ឬក៏នាងអេវ៉ាទេ ក៏មិនមែនជាការបង្កើតពន្លឺ ឬក៏បង្កើតរុក្ខជាតិ និងសត្វទាំងពួងដែរ។ ព្រះជាម្ចាស់ធ្វើឱ្យអ្វីៗទាំងអស់ដែលត្រូវសាតាំងបង្ខូច ឱ្យទៅជាបរិសុទ្ធវិញ ហើយទ្រង់នឹងទទួលយករបស់ទាំងអស់សាជាថ្មី របស់ទាំងអស់នោះនឹងក្លាយទៅជាកម្មសិទ្ធិ និងជាសិរីល្អរបស់ទ្រង់។ រឿងនេះមិនដូចជាការស្រមៃរបស់មនុស្សទេ ហើយក៏មិនមែនងាយស្រួល ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗនៅក្រោមមេឃលើដីនេះ ឬក៏ងាយដូចការដាក់បណ្ដាសាអារក្សសាតាំងឱ្យធ្លាក់ទៅក្នុងជង្ហុកជ្រៅនោះដែរ ផ្ទុយទៅវិញ វាជាកិច្ចការបំផ្លាស់បំប្រែមនុស្ស ផ្លាស់ប្ដូរអ្វីៗដែលអវិជ្ជមាន និងមិនមែនជាកម្មសិទ្ធិទ្រង់ ឱ្យត្រលប់ជាវិជ្ជមាន និងជាកម្មសិទ្ធិទ្រង់វិញ។ នេះគឺជាសេចក្ដីពិតនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ។ អ្នករាល់គ្នាត្រូវតែយល់ពីបញ្ហានេះ ហើយជៀសវាងពីគំនិតដែលគិតថា រឿងនេះងាយស្រួលណាស់។ កិច្ចការរបស់ព្រះជាម្ចាស់ មិនដូចជាកិច្ចការធម្មតានោះទេ។ ភាពអស្ចារ្យ និងប្រាជ្ញានៃកិច្ចការនេះ លើសពីគំនិតរបស់មនុស្សឆ្ងាយណាស់។ ព្រះជាម្ចាស់មិនបង្កើតរបស់សព្វសារពើរក្នុងដំណាក់កាលនៃកិច្ចការនេះទេ តែទ្រង់ក៏មិនបំផ្លាញវាដែរ។ ផ្ទុយទៅវិញ ទ្រង់បំផ្លាស់បំប្រែសព្វសារពើដែលទ្រង់បានបង្កើត ហើយបន្សុទ្ធសព្វសារពើដែលសាតាំងបានបង្ខូចវិញ។ ដូច្នេះ ព្រះជាម្ចាស់ចាប់ផ្ដើមគម្រោងមួយដ៏មហិមា ដែលជាសារៈសំខាន់ទាំងស្រុងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកមើលឃើញតាមរយៈពាក្យសម្ដីនេះថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាងាយស្រួលណាស់មែនទេ?
ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត