ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥០

10-05-2021

ដំបូង ព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ហើយទ្រង់ក៏បានបង្កើតសត្វពស់ដែរ។ នៅក្នុងចំណោមសត្វទាំងអស់ សត្វពស់នេះគឺជាសត្វដែលមានពិសបំផុត។ រាងកាយរបស់វាមានផ្ទុកនូវពិស ដែលអារក្សសាតាំងបានប្រើជាប្រយោជន៍របស់វា។ វាជាសត្វពស់ដែលបានល្បួងនាងអេវ៉ាឲ្យប្រព្រឹត្តអំពើបាប។ អ័ដាមបានប្រព្រឹត្តអំពើបាប តាមក្រោយនាងអេវ៉ា ហើយបន្ទាប់មក អ្នកទាំងពីរអាចវែកញែករវាងល្អ និងអាក្រក់។ ប្រសិនបើព្រះយេហូវ៉ាបានជ្រាបថា សត្វពស់នឹងល្បួងនាងអេវ៉ា និងជ្រាបថា អេវ៉ានឹងល្បួងអ័ដាម ចុះហេតុអ្វីបានជាទ្រង់ដាក់ពួកគេទាំងអស់គ្នានៅក្នុងសួនតែមួយដូច្នេះ? ប្រសិនបើទ្រង់អាចទស្សន៍ទាយអំពីហេតុការណ៍ទាំងនេះបាន ចុះហេតុអ្វីបានជាទ្រង់បង្កើតសត្វពស់ ហើយដាក់វានៅក្នុងសួនអេដែនបែបនេះ? ហេតុអ្វីបានជាសួនអេដែនមាននូវដើមឈើដឹងខុសត្រូវដូច្នេះ? តើទ្រង់មានចេតនាឲ្យពួកគេបរិភោគផ្លែឈើនោះឬ? នៅពេលដែលព្រះយេហូវ៉ាបានយាងមក មិនថាអ័ដាម ឬនាងអេវ៉ាឡើយ គឺពួកគេមិនហ៊ានប្រឈមមុខជាមួយទ្រង់ទេ ហើយមានតែពេលនោះទេ ទើបព្រះយេហូវ៉ាបានជ្រាបដឹងថា ពួកគេបានបរិភោគផ្លែឈើចេញពីដើមឈើដឹងខុសត្រូវ ហើយបានចាញ់កលល្បិចរបស់សត្វពស់។ ចុងបញ្ចប់ ទ្រង់បានដាក់បណ្ដាសាសត្វពស់ ហើយទ្រង់បានដាក់បណ្ដាសាអ័ដាម និងអេវ៉ាដែរ។ នៅពេលដែលពួកគេទាំងពីរនាក់បានបរិភោគផ្លែឈើចេញពីដើមឈើនេះ ព្រះយេហូវ៉ាមិនបានជ្រាបដឹងទាល់តែសោះអំពីអ្វីដែលពួកគេកំពុងតែធ្វើនោះ។ មនុស្សបានត្រលប់ជាពុករលួយ ដល់កម្រិតមួយដែលអាក្រក់ និងស្រេកឃ្លានកាមគុណថោកទាប រហូតដល់អ្វីៗគ្រប់យ៉ាងដែលពួកគេមាននៅក្នុងចិត្តរបស់គេ សុទ្ធតែអាក្រក់ និងទុច្ចរិត ពោលគឺដួងចិត្តរបស់គេក្លាយជាអាក្រក់ស្មោកគ្រោក។ ដូច្នេះ ព្រះយេហូវ៉ាបានសោកស្ដាយដែលបានបង្កើតមនុស្សមក។ ក្រោយមកទៀត ទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់ក្នុងការបំផ្លាញពិភពលោក ដោយទឹកជំនន់ ប៉ុន្តែ ណូអេ និងកូនប្រុសរបស់គាត់ទាំងប៉ុន្មាននៅមានជីវិតរស់។ មានកិច្ចការខ្លះមិនបានជឿនលឿន និងមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមើស្រមៃឡើយ។ អ្នកខ្លះសួរថា៖ «ដោយសារតែព្រះជាម្ចាស់បានជ្រាបដឹងថា មហាទេវតានឹងក្បត់ទ្រង់ ចុះហេតុអ្វីបានជាទ្រង់បង្កើតវាមក?» ការពិតនោះគឺថា៖ មុនពេលផែនដីបានចេញជារូបរាង មហាទេវតាគឺជាទេវតាដ៏ខ្លាំងបំផុតនៃពួកទេវតានៅឯស្ថានសួគ៌។ វាមានយុត្តាធិការលើពួកទេវតាទាំងអស់នៅស្ថានសួគ៌ ព្រោះនេះជាសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វា។ ក្រៅពីព្រះជាម្ចាស់មួយ វាជាទេវតាដ៏មានអំណាចបំផុតនៅស្ថានសួគ៌។ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សរួចមក មហាទេវតាបានអនុវត្តអំពើក្បត់កាន់តែធំទាស់នឹងព្រះជាម្ចាស់នៅលើផែនដី។ ខ្ញុំមានបន្ទូលថា វាបានក្បត់ព្រះជាម្ចាស់ ដោយសារតែវាចង់គ្រប់គ្រងលើមនុស្ស និងចង់មានសិទ្ធិអំណាចខ្លាំងជាងព្រះជាម្ចាស់។ វាជាមហាទេវតាដែលបានល្បួងនាងអេវ៉ាឲ្យប្រព្រឹត្តអំពើបាប ហើយវាបានធ្វើបែបនេះ ដោយសារតែវាចង់តាំងនគររបស់វាឡើងនៅលើផែនដី និងឲ្យមនុស្សបែរខ្នងរបស់គេដាក់ព្រះជាម្ចាស់ ហើយបែរមកស្ដាប់បង្គាប់វាវិញ។ មហាទេវតាបានឃើញថា មានអ្វីៗជាច្រើនអាចស្ដាប់បង្គាប់វា រួមទាំងពួកទេវតា និងមនុស្សនៅលើផែនដីផង។ សត្វស្លាប និងសត្វព្រៃ ដើមឈើ ព្រៃភ្នំ ទន្លេ និងរបស់សព្វសារពើនៅលើផែនដី គឺស្ថិតនៅក្រោមការមើលថែរបស់មនុស្ស គឺអ័ដាម និងអេវ៉ា ខណៈពេលដែលអ័ដាម និងអេវ៉ាបានស្ដាប់បង្គាប់តាមមហាទេវតា។ ដូច្នេះ មហាទេវតាមានបំណងចង់មានសិទ្ធិអំណាចខ្ពស់ជាងព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់។ ក្រោយមក វាបានដឹកនាំពួកទេវតាជាច្រើនបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដែលក្រោយមក បានក្លាយជាពួកវិញ្ញាណមិនបរិសុទ្ធទៅតាមប្រភេទផ្សេងៗគ្នា។ តើការអភិវឌ្ឍន៍របស់មនុស្សមកដល់សព្វថ្ងៃនេះ មិនត្រូវបានបង្កឡើងដោយសេចក្តីពុករលួយរបស់មហាទេវតាទេឬអី? មនុស្សមានលក្ខណៈដូចជាពួកគេនាពេលសព្វថ្ងៃ ដោយសារតែមហាទេវតាបានក្បត់ព្រះជាម្ចាស់ និងបានធ្វើឲ្យមនុស្សពុករលួយ។ កិច្ចការមួយជំហានម្ដងៗនេះមិនមានលក្ខណៈអរូបិយ និងសាមញ្ញ ដូចជាអ្វីដែលមនុស្សស្រមៃនោះឡើយ។ អារក្សសាតាំងបានអនុវត្តអំពើក្បត់របស់វាសម្រាប់ហេតុផលមួយ ប៉ុន្តែ មនុស្សមិនអាចយល់អំពីការពិតដ៏សាមញ្ញនោះឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅលើនោះ បានបង្កើតអារក្សសាតាំងដែរដូច្នេះ? ដោយសារព្រះជាម្ចាស់ស្អប់អារក្សសាតាំងយ៉ាងខ្លាំង ហើយសាតាំងជាសត្រូវរបស់ទ្រង់ ហេតុអ្វីបានជាទ្រង់បានបង្កើតវាមក? តាមរយៈការបង្កើតអារក្សសាតាំង តើទ្រង់មិនមែនកំពុងតែបង្កើតឲ្យមានសត្រូវទេឬអី? តាមពិតទៅ ព្រះជាម្ចាស់មិនបានបង្កើតសត្រូវឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្កើតទេវតាមួយរូប ដែលក្រោយមក ទេវតានោះបែរជាក្បត់ទ្រង់។ ឋានៈបុណ្យសក្តិរបស់វាបានឡើងខ្ពស់ពេក រហូតដល់វាចង់ក្បត់ព្រះជាម្ចាស់។ គេអាចនិយាយបានថា វាជាហេតុការណ៍គាប់ជួនប៉ុណ្ណោះ ប៉ុន្តែវាក៏ជារឿងមួយដែលមិនអាចចៀសផុតដែរ។ វាស្រដៀងគ្នាទៅនឹងរបៀបដែលមនុស្សម្នាក់នឹងត្រូវស្លាប់ ដោយចៀសមិនផុត ក្រោយពេលដែលមានវ័យចំណាស់ដល់ចំណុចមួយអ៊ីចឹដែរ ដូច្នេះ អ្វីៗក៏បានអភិវឌ្ឍមកដល់ដំណាក់កាលនោះ។ មនុស្សល្ងីល្ងើមិនសមហេតុផលមួយចំនួននិយាយថា «ដោយសារសាតាំងជាសត្រូវរបស់ទ្រង់ ចុះហេតុអ្វីបានជាទ្រង់បានបង្កើតវាមក? តើទ្រង់មិនបានជ្រាបដឹងថា មហាទេវតានឹងក្បត់ទ្រង់ទេឬអី? តើទ្រង់មិនទតឃើញពីភាពអស់កល្បមួយទៅភាពអស់កល្បមួយទៀតទេឬអី? តើទ្រង់មិនស្គាល់ពីនិស្ស័យរបស់មហាទេវតាទេឬ? ដោយសារទ្រង់បានជ្រាបដឹងយ៉ាងច្បាស់ថា វានឹងក្បត់ទ្រង់ ហេតុអ្វីបានជាទ្រង់តែងតាំងវាឲ្យក្លាយជាមហាទេវតាទៀត? វាមិនគ្រាន់តែក្បត់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បាននាំពួកទេវតាជាច្រើនរូបផ្សេងទៀតឲ្យទៅជាមួយវា ហើយធ្លាក់ទៅកាន់ពិភពលោករបស់មនុស្ស ដើម្បីបង្ខូចមនុស្សដែរ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទ្រង់នៅតែមិនអាចសម្រេចផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ទៀត»។ តើពាក្យទាំងនេះត្រឹមត្រូវដែរឬទេ? នៅពេលដែលអ្នកគិតបែបនេះ តើអ្នកមិនមែនកំពុងតែយកបញ្ហាដាក់ខ្លួនកាន់តែច្រើនទេឬអី? មានអ្នកផ្សេងទៀតដែលនិយាយថា «ប្រសិនបើអារក្សសាតាំងបានធ្វើឲ្យមនុស្សពុករលួយ រហូតមកដល់ពេលបច្ចុប្បន្ន នោះព្រះជាម្ចាស់នឹងមិននាំសេចក្តីសង្រ្គោះមកដល់មនុស្សឡើយ។ បើបែបនេះ ព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ព្រះជាម្ចាស់នឹងត្រូវបានលាក់កំបាំងមិនខាន តើព្រះប្រាជ្ញាញាណរបស់ទ្រង់ត្រូវបានបើកសម្ដែងនៅកន្លែងណាទៅ? ដូច្នេះ ព្រះជាម្ចាស់បានបង្កើតពូជសាសន៍មនុស្សមួយសម្រាប់អារក្សសាតាំង ដើម្បីឲ្យទ្រង់អាចបើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់នៅពេលក្រោយ បើមិនដូច្នោះទេ តើមនុស្សអាចរកឃើញនូវព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ប្រសិនបើមនុស្សមិនប្រឆាំងនឹងព្រះជាម្ចាស់ ឬបះបោរទាស់នឹងទ្រង់ទេ នោះវានឹងគ្មានភាពចាំបាច់ក្នុងការបើកសម្ដែងអំពីទង្វើរបស់ទ្រង់ឡើយ។ ប្រសិនបើសត្តនិករទាំងអស់ត្រូវថ្វាយបង្គំ និងចុះចូលចំពោះទ្រង់ ដូច្នេះ ព្រះជាម្ចាស់នឹងគ្មានកិច្ចការដែលត្រូវធ្វើឡើយ»។ ការនេះកាន់តែឃ្លាតចាកឆ្ងាយពីការពិតហើយ ព្រោះថាគ្មានអ្វីមួយស្មោកគ្រោកសោះឡើយអំពីព្រះជាម្ចាស់ ដូច្នេះ ទ្រង់មិនអាចបង្កើតសេចក្តីស្មោកគ្រោកបានឡើយ។ ទ្រង់បើកសម្ដែងទង្វើរបស់ទ្រង់ឥឡូវ ដើម្បីបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់ ដើម្បីសង្រ្គោះមនុស្សដែលទ្រង់បានបង្កើត និងដើម្បីបង្ក្រាបពួកអារក្ស និងសាតាំង ដែលស្អប់ ក្បត់ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយដាក់ពួកវាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ និងដែលជាកម្មសិទ្ធិរបស់ទ្រង់កាលពីដើមដំបូងប៉ុណ្ណោះ។ ព្រះជាម្ចាស់ចង់បង្រ្កាបពួកអារក្សទាំងនេះ ហើយតាមរយៈកិច្ចការបង្ក្រាបនេះ នោះវាក៏បើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់ទៅកាន់អ្វីៗគ្រប់យ៉ាងដែរ។ មនុស្ស និងរបស់សព្វសារពើនៅលើផែនដីនាពេលសព្វថ្ងៃ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ហើយសេចក្តីកុហកស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សអាក្រក់។ ព្រះជាម្ចាស់ចង់បើកសម្ដែងទង្វើរបស់ទ្រង់ទៅកាន់អ្វីៗទាំងអស់ ដើម្បីឲ្យមនុស្សស្គាល់ទ្រង់ និងបង្រ្កាបសាតាំង ហើយលុបបំបាត់ខ្មាំងសត្រូវរបស់ទ្រង់ឲ្យវិនាសសាបសូន្យតែម្ដង។ កិច្ចការទាំងអស់នេះត្រូវបានសម្រេច តាមរយៈការបើកសម្ដែងពីកិច្ចការរបស់ទ្រង់។ គ្រប់សត្តនិកររបស់ទ្រង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ដូច្នេះ ព្រះជាម្ចាស់ចង់បើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់ឲ្យពួកគេឃើញ តាមរយៈការបង្រ្កាបសាតាំង។ ប្រសិនបើគ្មានអារក្សសាតាំងទេ នោះទ្រង់នឹងមិនចាំបាច់ត្រូវបើកសម្ដែងពីទង្វើរបស់ទ្រង់នោះឡើយ។ ប្រសិនបើមិនមែនដោយសារតែការរុកគួនរបស់អារក្សសាតាំងទេ នោះព្រះជាម្ចាស់នឹងមិនបានបង្កើតមនុស្ស ហើយដឹកនាំពួកគេឲ្យរស់នៅក្នុងសួនអេដែនឡើយ។ មុនពេលមានអំពើក្បត់របស់សាតាំង ហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលបើកសម្ដែងគ្រប់ទាំងទង្វើរបស់ទ្រង់ទៅកាន់ពួកទេវតា ឬមហាទេវតាទៅ? កាលពីដើមដំបូង ប្រសិនបើពួកទេវតាទាំងអស់ និងមហាទេវតាបានស្គាល់ព្រះជាម្ចាស់ ហើយបានចុះចូលចំពោះទ្រង់ នោះព្រះជាម្ចាស់នឹងមិនបានអនុវត្តកិច្ចការដែលគ្មានន័យទាំងនោះឡើយ។ ដោយសារតែអត្ថិភាពរបស់សាតាំង និងពួកអារក្ស មនុស្សក៏បានប្រឆាំងនឹងព្រះជាម្ចាស់ដែរ ហើយពួកគេបានពេញទៅដោយនិស្ស័យដែលបះបោរ។ ដូច្នេះ ព្រះជាម្ចាស់ចង់បើកសម្ដែងពីទង្វើរបស់ទ្រង់។ ដោយសារតែទ្រង់ចង់ធ្វើសង្រ្គាមជាមួយសាតាំង ទើបទ្រង់ត្រូវប្រើសិទ្ធិអំណាចផ្ទាល់របស់ទ្រង់ និងគ្រប់ទង្វើរបស់ទ្រង់ ដើម្បីបង្រ្កាបវា ហើយតាមរយៈការធ្វើបែបនេះ នោះកិច្ចការសង្រ្គោះដែលទ្រង់ធ្វើនៅក្នុងចំណោមមនុស្សនឹងអនុញ្ញាតឲ្យពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់មិនខាន។ កិច្ចការដែលព្រះជាម្ចាស់កំពុងតែធ្វើនាពេលសព្វថ្ងៃ គឺជាកិច្ចការដ៏មានអត្ថន័យ ហើយគ្មានផ្លូវដូចអ្វីដែលមនុស្សមួយចំនួននិយាយថា៖ «តើកិច្ចការដែលទ្រង់ធ្វើមិនប្រឆាំងគ្នាទេឬអី? តើកិច្ចការជាបន្តបន្ទាប់នេះមិនកំពុងតែបង្កបញ្ហាសម្រាប់ទ្រង់ផ្ទាល់ទេឬ? ទ្រង់បានបង្កើតសាតាំង ហើយបន្ទាប់មក អនុញ្ញាតឲ្យវាក្បត់ និងប្រឆាំងទ្រង់។ ទ្រង់បានបង្កើតមនុស្ស ហើយបន្ទាប់មក ប្រគល់ពួកគេទៅឲ្យសាតាំង ដោយអនុញ្ញាតឲ្យអ័ដាម និងអេវ៉ាជួបសេចក្តីល្បួង។ ដោយសារតែទ្រង់មានចេតនាធ្វើកិច្ចការទាំងអស់នេះ ហេតុអ្វីបានជាទ្រង់នៅតែស្អប់ខ្ពើមមនុស្សទៀត? ហេតុអ្វីបានជាទ្រង់ស្អប់ខ្ពើមសាតាំង? តើពួកគេទាំងនេះមិនចេញមកពីការបង្កើតរបស់ទ្រង់ផ្ទាល់ទេឬអី? តើទ្រង់ស្អប់អ្វីឲ្យប្រាកដទៅ?» មានមនុស្សមិនសមហេតុផលពីរបីនាក់ដែលនិយាយសម្ដីបែបនេះ។ ពួកគេចង់ស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែខាងក្នុងជម្រៅចិត្ត ពួកគេរអ៊ូរទាំអំពីព្រះជាម្ចាស់។ នេះពិតជាចិត្តផ្សេង មាត់ផ្សឹងមែន! អ្នកមិនយល់អំពីសេចក្តីពិត អ្នកមានគំនិតបែបអធិធម្មជាតិច្រើនពេក ហើយអ្នកថែមទាំងអះអាងថា ព្រះជាម្ចាស់បានធ្វើខុសទៀត។ អ្នកដូចជាភ្លើពេកហើយ! គឺអ្នកវិញទេតើដែលកំពុងតែបំភ្លៃសេចក្តីពិតនោះ ព្រោះថាព្រះជាម្ចាស់មិនដែលធ្វើខុសសោះឡើយ! មនុស្សមួយចំនួនថែមទាំងរអ៊ូរទាំដដែលៗថា៖ «គឺទ្រង់ដែលបានបង្កើតសាតាំងមក ហើយគឺទ្រង់ដែលបានបោះទម្លាក់សាតាំងមកក្នុងចំណោមមនុស្ស ហើយប្រគល់ពួកគេទៅឲ្យវា។ នៅពេលដែលមនុស្សមាននិស្ស័យរបស់អារក្សសាតាំង ទ្រង់មិនបានអត់ទោសឲ្យពួកគេឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាស្អប់ពួកគេដល់កម្រិតមួយទៅវិញ។ ជាដំបូង ទ្រង់បានស្រឡាញ់ពួកគេដល់កម្រិតមួយ ប៉ុន្តែ ឥឡូវនេះ ទ្រង់បែរជាស្អប់ខ្ពើមពួកគេទៅវិញ។ គឺទ្រង់ហើយដែលបានស្អប់មនុស្ស ប៉ុន្តែក៏ជាទ្រង់ដែរដែលបានស្រឡាញ់មនុស្ស។ តើមានអ្វីកំពុងតែកើតឡើងទៅ? តើវាមិនមែនជារឿងផ្ទុយគ្នាទេឬអី?» មិនថាអ្នករាល់គ្នាមើលទៅកាន់រឿងនេះក្នុងទិដ្ឋភាពបែបណានោះឡើយ ប៉ុន្តែ នេះជាអ្វីដែលបានកើតឡើងនៅស្ថានសួគ៌។ នេះជាឥរិយាបថមួយដែលមហាទេវតាបានក្បត់ព្រះជាម្ចាស់ និងធ្វើឲ្យមនុស្សពុករលួយ ហើយនេះជារបៀបដែលមនុស្សបានបន្ត រហូតមកដល់ពេលសព្វថ្ងៃ។ មិនថាអ្នករាល់គ្នាសរសេរវាបែបណាទេ នេះជាសាច់រឿងទាំងមូលហើយ។ យ៉ាងណាមិញ អ្នករាល់គ្នាត្រូវតែយល់ថា គោលបំណងទាំងស្រុងនៅពីក្រោយកិច្ចការដែលព្រះជាម្ចាស់កំពុងតែធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីសង្រ្គោះអ្នករាល់គ្នា និងបង្រ្កាបអារក្សសាតាំង។

ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល