ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI" | សម្រង់​សម្ដីទី ១៥៩

14-05-2021

នៅពេលណាដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ ឬបង្កអន្តរាយដល់មនុស្ស នោះព្រះជាម្ចាស់ ទ្រង់មិនឈរមើលដោយមិនធ្វើអ្វីឡើយ ហើយព្រះអង្គក៏មិនធ្វើព្រងើយកន្ដើយចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើសដែរ។ ព្រះជាម្ចាស់យល់ច្បាស់នូវអ្វីៗទាំងអស់ដែលសាតាំងធ្វើ។ មិនខ្វល់ថាសាតាំងធ្វើអ្វី ឬនិន្នាការអ្វីដែលវាប្រើនោះឡើយ ក៏ព្រះជាម្ចាស់ទ្រង់ជ្រាបគ្រប់ទាំងអស់នូវអ្វីដែលសាតាំងព្យាយាមធ្វើ ហើយព្រះជាម្ចាស់ ទ្រង់មិនបោះបង់ចោលអស់អ្នកដែលព្រះអង្គបានជ្រើសរើសនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដោយអាថ៌កំបាំង និងស្ងៀមស្ងាត់ ហើយក៏មិនធ្វើឲ្យមានការចាប់អារម្មណ៍អ្វីមួយដែរ។ នៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមធ្វើការលើនរណាម្នាក់ នៅពេលដែលព្រះអង្គ បានជ្រើសរើសនរណាម្នាក់ គឺព្រះអង្គមិនបានប្រកាសដំណឹងនេះប្រាប់ដល់នរណាម្នាក់ ឬក៏ដល់សាតាំងឡើយ រឹតតែមិនសម្ដែងកាយវិការធំដុំណាមួយ។ ព្រះអង្គគ្រាន់តែធ្វើកិច្ចការអ្វីដែលចាំបាច់ទៅតាមធម្មជាតិ និងដោយស្ងាត់ស្ងៀមជាទីបំផុត។ ជាដំបូង គឺព្រះអង្គ ទ្រង់ជ្រើសរើសគ្រួសារមួយសម្រាប់អ្នក សាវតាគ្រួសារ ឪពុកម្តាយ ជីដូនជីតារបស់អ្នកជាដើម ទាំងអស់នេះ គឺព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យទុកជាមុនរួចទៅហើយ។ អាចនិយាយម៉្យាងទៀតថា គឺព្រះជាម្ចាស់មិនបានធ្វើការសម្រេចព្រះហឫទ័យរឿងទាំងនេះដោយព្រះតម្រិះភ្លាមធ្វើភ្លាមនោះទេ តែផ្ទុយទៅវិញ គឺព្រះអង្គបានចាប់ផ្តើមការងារនេះជាយូរមកហើយ។ នៅពេលដែលព្រះជាម្ចាស់បានជ្រើសរើសគ្រួសារមួយសម្រាប់អ្នក គឺព្រះអង្គនឹងជ្រើសរើសយកថ្ងៃដែលអ្នកនឹងត្រូវចាប់កំណើតមកជាមុន។ បន្ទាប់មកទៀត ព្រះជាម្ចាស់ ទ្រង់ទតមើលនៅពេលដែលអ្នកកើតមក ហើយនៅពេលដែលអ្នកស្រែកយំនៅលើពិភពលោកនេះ។ ព្រះអង្គឃ្លាំមើលកំណើតរបស់អ្នក ឃ្លាំមើលនៅពេលដែលអ្នកចាំផ្តើមនិយាយពាក្យដំបូង ឃ្លាំមើលនៅពេលដែលអ្នកជំពប់ជើង និងបោះជំហានដំបូងរបស់អ្នក នៅពេលដែលអ្នករៀនដើរលើកដំបូង។ ជាដំបូង អ្នកបោះមួយជំហាន ហើយបន្ទាប់មក អ្នកបោះមួយជំហានទៀត ... រហូតទាល់តែអ្នកអាចរត់ លោត និយាយ និងសំដែងអារម្មណ៍របស់អ្នកបាន។ នៅពេលដែលមនុស្សធំឡើង សាតាំងចាប់ផ្តើមសំឡក់សំឡឹងដោយមិនដាក់ភ្នែកទៅលើពួកគេម្នាក់ៗ ដូចជាសត្វខ្លាកំពុងសម្លឹងមើលចំណីរបស់វាយ៉ាងដូច្នោះដែរ។ ក៏ប៉ុន្តែ នៅក្នុងការបំពេញកិច្ចការរបស់ព្រះអង្គ គឺព្រះជាម្ចាស់មិនដែលស្ថិតនៅក្រោមការដាក់កម្រិតណាមួយដែលកើតឡើងពីមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុនៃទីកន្លែង ឬពេលវេលាឡើយ ព្រះអង្គ ទ្រង់ធ្វើអ្វីដែលព្រះអង្គគួរធ្វើ និងអ្វីដែលព្រះអង្គត្រូវតែធ្វើដែរ។ នៅក្នុងដំណើរការនៃការធំពេញរូបពេញរាង អ្នកអាចនឹងជួបរឿងរ៉ាវជាច្រើនដែលអ្នកមិនចូលចិត្ត ដូចជាជំងឺ និងការខកចិត្តជាដើម។ ក៏ប៉ុន្តែ នៅពេលដែលអ្នកដើរតាមផ្លូវនេះ ជីវិតនិងអនាគតរបស់អ្នកស្ថិតនៅក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ ជាអ្នកប្រទាននូវការធានាដ៏ពិតប្រាកដមួយដល់ជីវិតរបស់អ្នកអស់មួយជីវិត ពីព្រោះព្រះអង្គគង់នៅក្បែរអ្នក ការពារអ្នក ហើយមើលថែរក្សាអ្នកគ្រប់ពេលវេលា។ អ្នកធំពេញវ័យឡើងដោយមិនបានដឹងអំពីរឿងនេះទេ។ អ្នកចាប់ផ្តើមមានទំនាក់ទំនងជាមួយរបស់ថ្មីៗ ហើយចាប់ផ្តើមស្គាល់ពិភពលោក និងមនុស្សជាតិនេះ។ អ្វីគ្រប់យ៉ាងគឺស្រស់ស្អាត និងថ្មីសម្រាប់អ្នក។ អ្នកមានរឿងខ្លះដែលអ្នកចូលចិត្តធ្វើ។ អ្នករស់នៅក្នុងភាពជាមនុស្សផ្ទាល់ខ្លួនរបស់អ្នក អ្នករស់នៅក្នុងតំបន់របស់ខ្លួនឯង ហើយអ្នកមានជាការយល់ឃើញតិចតួចអំពីអត្ថិភាពរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ ទ្រង់ទតមើលអ្នកគ្រប់ជំហាននៃការធំពេញវ័យឡើងរបស់អ្នក ហើយព្រះអង្គក៏ទតមើលអ្នកនៅពេលដែលអ្នកបោះជំហានទៅមុខដែរ។ សូម្បីតែនៅពេលដែលអ្នកកំពុងរៀនចំណេះដឹង ឬសិក្សាវិទ្យាសាស្ត្រ ក៏ព្រះជាម្ចាស់មិនដែលទុកឲ្យ អ្នកនៅឆ្ងាយពីព្រះអង្គមួយជំហានណាឡើយ។ អ្នកក៏មិនខុសគ្នាពីមនុស្សដទៃទៀតដែរ នៅក្នុងការស្គាល់ពិភពលោក និងចូលរួមជាមួយវា អ្នកបានបង្កើតឧត្តមគតិផ្ទាល់ខ្លួន អ្នកមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ហើយអ្នកក៏មានមហិច្ឆតាខ្ពស់ដែរ។ ជារឿយៗ អ្នករាល់គ្នាតែង ពិចារណាអំពីអនាគតរបស់ខ្លួន តែងតែគូសព្រាងពីគម្រោងនៃអនាគតរបស់អ្នកថានឹងទៅជាយ៉ាងណា។ ក៏ប៉ុន្តែ ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ ក៏ព្រះជាម្ចាស់ទតឃើញវាយ៉ាងច្បាស់ដែរ។ ប្រហែលជាអ្នកខ្លួនឯងបានភ្លេចពីអតីតកាលរបស់ខ្លួន ក៏ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ គឺគ្មាននរណាម្នាក់អាចយល់ពីអ្នក ប្រសើរជាងព្រះអង្គឡើយ។ អ្នករស់នៅក្រោមការឃ្លាំមើលរបស់ព្រះជាម្ចាស់ រហូតទាល់តែធំធាត់ពេញវ័យឡើង។ នៅក្នុងអំឡុងពេលនេះ ភារកិច្ចសំខាន់ជាងគេបំផុតរបស់ព្រះជាម្ចាស់ គឺជាអ្វីមួយដែលគ្មាននរណាម្នាក់អាចយល់ និងដឹងមុនបានឡើយ។ ពិតប្រាកដណាស់ គឺព្រះជាម្ចាស់មិនមានបន្ទូលប្រាប់នរណាម្នាក់អំពីរឿងនេះទេ។ ដូច្នេះតើអ្វីគឺជារឿងដ៏សំខាន់បំផុត? អាចនិយាយបានថា វាជាការធានាថា ព្រះជាម្ចាស់នឹងជួយសង្គ្រោះមនុស្សទាំងអស់។ នេះមានន័យថា ប្រសិនបើព្រះជាម្ចាស់ចង់ជួយសង្គ្រោះមនុស្សនេះ គឺព្រះអង្គនឹងធ្វើយ៉ាងជាក់។ កិច្ចការនេះ គឺសំខាន់ណាស់សម្រាប់មនុស្ស និងព្រះជាម្ចាស់។ តើអ្នករាល់គ្នាដឹងថា វាជាអ្វីដែរទេ? វាហាក់ដូចជាអ្នករាល់គ្នាមិនមានអារម្មណ៍អំពីបញ្ហានេះ ឬគំនិតណាមួយទាល់តែសោះ ដូច្នេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នា។ ចាប់តាំងពីពេលដែលអ្នកកើតមករហូតមកដល់បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនដល់អ្នក ក៏ប៉ុន្តែព្រះអង្គមិនបានឲ្យអ្នកជ្រាបពីអ្វីៗគ្រប់ផ្នែកដែលព្រះអង្គបានធ្វើនោះទេ។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យអ្នកដឹងពីរឿងនេះទេ ហើយព្រះអង្គក៏មិនបានប្រាប់អ្នកដែរ។ ទោះយ៉ាងណាក៏ដោយ សម្រាប់មនុស្សជាតិ អ្វីគ្រប់យ៉ាងដែលព្រះអង្គធ្វើគឺសំខាន់ទាំងអស់។ ដរាបណាព្រះជាម្ចាស់ទ្រង់យកព្រះហឫទ័យទុកដាក់ គឺព្រះអង្គត្រូវតែធ្វើ។ នៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ មានរឿងរ៉ាវដ៏សំខាន់ដែលព្រះអង្គត្រូវតែធ្វើ ដើម្បីយកឈ្នះលើរឿងរ៉ាវទាំងអស់នេះ។ នោះគឺចាប់ពីពេលដែលមនុស្សម្នាក់កើតមករហូតមកដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់ត្រូវតែធានាពីសុវត្ថិភាពរបស់ពួកគេ។ នៅពេលដែលអ្នកឮពាក្យទាំងនេះ អ្នកអាចមានអារម្មណ៍ថា អ្នករាល់គ្នាមិនយល់ច្បាស់។ អ្នកអាចសួរថា «តើសុវត្ថិភាពនេះ វាសំខាន់ណាស់មែនទេ?» តើអ្វីទៅជាអត្ថន័យពិតនៃពាក្យ «សុវត្ថិភាព» នេះ? ប្រហែលជាអ្នករាល់គ្នាយល់ថា វាមានន័យថា សន្តិភាព ឬប្រហែលជាអ្នករាល់គ្នាយល់ថា វាមានន័យថា មិនដែលជួបប្រទះគ្រោះមហន្តរាយ ឬការអាក្រក់ រស់នៅបានសុខ ឬរស់នៅធម្មតាជាដើម។ ក៏ប៉ុន្តែ នៅក្នុងចិត្តរបស់អ្នក អ្នកត្រូវតែដឹងថា វាមិនមែនសាមញ្ញបែបនោះទេ។ ដូច្នេះ តើអ្វីជារឿងដែលព្រះជាម្ចាស់ត្រូវតែធ្វើ ដែលខ្ញុំចង់និយាយពិតប្រាកដនោះ? តើពាក្យសុវត្ថិភាពមានន័យយ៉ាងណាចំពោះព្រះជាម្ចាស់? តើវាពិតជាការធានានូវអត្ថន័យធម្មតានៃពាក្យ «សុវត្ថិភាព» មែនទេ? ទេ! មិនមែនបែបហ្នឹងឡើយ។ ដូច្នេះ តើអ្វីទៅដែលព្រះជាម្ចាស់ទ្រង់ធ្វើ? ពាក្យ «សុវត្ថិភាព» នេះមានន័យថា អ្នកនឹងមិនត្រូវសាតាំងបំផ្លាញឡើយ។ តើនេះសំខាន់ដែរទេ? ការដែលមិនត្រូវសាតាំងបំផ្លាញ តើការនេះចាត់ទុកថាមានសុវត្ថិភាពចំពោះអ្នក ឬអត់? ពិតណាស់ វារាប់ថាជាសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ហើយវាគ្មានអ្វីសំខាន់ជាងនេះទៀតទេ។ នៅពេលដែលអ្នកត្រូវបានសាតាំងលេបត្របាក់ នោះព្រលឹង និងសាច់ឈាមរបស់អ្នកលែងជាកម្មសិទ្ធរបស់ព្រះជាម្ចាស់ទៀតហើយ។ ព្រះជាម្ចាស់ក៏នឹងលែងជួយសង្រ្គោះអ្នកទៀតដែរ។ ព្រះជាម្ចាស់បោះបង់ចោលព្រលឹង និងមនុស្សដែលត្រូវបានសាតាំងបំផ្លាញ។ ដូច្នេះ ខ្ញុំនិយាយអ្វីដែលសំខាន់បំផុតដែលព្រះជាម្ចាស់ត្រូវធ្វើ គឺធានាពីសុវត្ថិភាពរបស់អ្នក ដើម្បីធានាថាអ្នកនឹងមិនត្រូវបានសាតាំងបំផ្លាញឡើយ។ នេះពិតជាសំខាន់ណាស់ មែនទេ? ដូច្នេះ ហេតុអ្វីបានជាអ្នកមិនអាចឆ្លើយបាន? អ្នកហាក់បីដូចជាមិនអាចមានអារម្មណ៍ដឹងពីសេចក្ដីសប្បុរសដ៏ធំធេងរបស់ព្រះជាម្ចាស់!

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល