ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥៦

06-05-2021

សាតាំងប្រើឈ្មោះវិទ្យាសាស្ត្រ ដើម្បីបំពេញតាមការចង់ដឹងចង់ឃើញរបស់មនុស្ស បំណងប្រាថ្នាចង់ស្រាវជ្រាវវិទ្យាសាស្ត្ររបស់មនុស្ស និងការស្រាវជ្រាវអាថ៌កំបាំងជាដើម។ ក្នុងនាមវិទ្យាសាស្ត្រ សាតាំងបំពេញសេចក្តីត្រូវការខាងសម្ភារៈនិយមរបស់មនុស្ស ហើយនិងតម្រូវការមូលដ្ឋានរបស់មនុស្សដើម្បីបន្តអភិវឌ្ឍសមត្ថភាពជីវិតរបស់ពួកគេ ដើម្បីធ្វើឲ្យគុណភាពនៃជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។ ហេតុដូច្នេះ វាគឺជាហេតុផលដែលសាតាំងប្រើវិទ្យាសាស្ត្រ ដើម្បីបំផ្លាញមនុស្ស។ តើមានតែចិត្ត ឬគំនិតរបស់មនុស្សតែប៉ុណ្ណឹងទេឬ ដែលសាតាំងបានបំផ្លាញតាមរយៈការប្រើវិទ្យាសាស្រ្តនេះ? មិនមែនតែប៉ុណ្ណឹងទេ គឺមានដូចជា មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលយើងអាចមើលឃើញនៅជុំវិញយើង និងមានទំនាក់ទំនងជាមួយដែរ តើមានអ្វីផ្សេងទៀតដែរឬទេ ដែលសាតាំងប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញនោះ? (បរិស្ថានធម្មជាតិ។) ត្រឹមត្រូវ។ អ្នករាល់គ្នាហាក់ដូចជារងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហានេះ ព្រមទាំងទទួលឥទ្ធិពលពីវាយ៉ាងខ្លាំងផងដែរ។ ក្រៅពីការប្រើប្រាស់ ការរកឃើញ និងការសន្និដ្ឋានផ្សេងៗនៃវិទ្យាសាស្ត្រ ដើម្បីបំភាន់មនុស្សរួចមក សាតាំងក៏ប្រើវិទ្យាសាស្ត្រជាមធ្យោបាយមួយ ដើម្បីអនុវត្តការបំផ្លិចបំផ្លាញ និងការកេងប្រវ័ញ្ចបរិស្ថានរស់នៅដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សផងដែរ។ វាធ្វើបែបនេះក្រោមលេសថាប្រសិនបើមនុស្សធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ នោះបរិយាកាសរស់នៅ និងគុណភាពជីវិតរបស់មនុស្សនឹងកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយគោលបំណងនៃការអភិវឌ្ឍវិទ្យាសាស្ត្រ គឺដើម្បីបំពេញបំណងនៃការកើនឡើងនូវតម្រូវការសម្ភារៈនិយមជាប្រចាំថ្ងៃរបស់មនុស្ស ហើយតម្រូវការរបស់ពួកគេបន្តធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ។ នេះគឺជាមូលដ្ឋានខាងទ្រឹស្តី នៃការអភិវឌ្ឍវិទ្យាសាស្ត្ររបស់សាតាំង។ ទោះជាយ៉ាងណាក៏ដោយ តើវិទ្យាសាស្ត្របាននាំអ្វីខ្លះដល់មនុស្សជាតិ? តើបរិស្ថានដែលយើងមានទំនាក់ទំនងជាមួយមានអ្វីខ្លះ? តើខ្យល់ដង្ហើមដែលមនុស្សជាតិដកយក មិនត្រូវបានបំពុលទេឬអី? តើទឹកដែលយើងផឹកនៅតែបរិសុទ្ធឬទេ? (គឺអត់ទេ។) តើអាហារដែលយើងទទួលទាន ពិតជាធម្មជាតិឬទេ? ភាគច្រើន វាត្រូវបានដាំដុះដោយប្រើជីគីមី និងដាំដុះដោយប្រើការកែប្រែហ្សែន ហើយវាក៏មានការផ្លាស់ប្តូរហ្សែនបង្កឡើងដោយការប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រផ្សេងៗផងដែរ។ សូម្បីតែបន្លែ និងផ្លែឈើដែលយើងញ៉ាំក៏លែងមានលក្ខណៈធម្មជាតិទៀតដែរ។ សព្វថ្ងៃ សូម្បីតែស៊ុតធម្មជាតិក៏ពិបាករកដែរ ហើយស៊ុតទៀតសោត ក៏លែងមានរសជាតិដូចពីកាលមុនដែរ ទាំងអស់នេះគឺដោយសារតែអ្វីៗត្រូវបំលែង និងកែច្នៃទាំងស្រុងដោយដំណើរការវិទ្យាសាស្ត្ររបស់សាតាំង។ សូមក្រឡេកមើលរូបភាពធំៗ បរិយាកាសទាំងមូល ត្រូវបានបំផ្លាញ និងបំពុល។ ភ្នំ បឹងបួរ ព្រៃឈើ ទន្លេ មហាសមុទ្រ និងអ្វីៗទាំងអស់ទាំងនៅខាងលើ និងនៅខាងក្រោមដី ត្រូវបានបំផ្លាញដោយអ្វីដែលគេហៅថា សមិទ្ធិផលវិទ្យាសាស្ត្រ។ សរុបសេចក្ដីមក បរិស្ថានធម្មជាតិទាំងមូល ដែលជាបរិស្ថានរស់នៅដែលព្រះជាម្ចាស់ប្រទានឲ្យមនុស្ស គឺត្រូវបានបំផ្លាញ និងខូចខ្ទេចខ្ទីដោយវិទ្យាសាស្ត្រ។ ទោះបីជាមានមនុស្សជាច្រើនដែលទទួលបាននូវអ្វីដែលពួកគេតែងតែសង្ឃឹមចង់បាន ដើម្បីបំពេញទៅលើគុណភាពនៃជីវិត ទាំងសេចក្តីប៉ងប្រាថ្នា និងរូបសាច់របស់ពួកគេក៏ដោយ ក៏បរិស្ថានដែលមនុស្សរស់នៅត្រូវបានបំផ្លាញ និងខូចខ្ទេចខ្ទី ដោយសមិទ្ធិផលផ្សេងៗដែលកើតចេញមកពីវិទ្យាសាស្ត្រដែរ។ ឥឡូវនេះយើងលែងមានសិទ្ធិដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធទៀតហើយ។ តើនេះមិនមែនជាទុក្ខព្រួយរបស់មនុស្សជាតិទេឬអី? តើមានសុភមង្គលណាខ្លះនៅសល់ ដែលនិយាយជំនួសមនុស្សទេ នៅពេលដែលគេត្រូវរស់នៅក្នុងកន្លែងបែបនេះ? ទីកន្លែង និងបរិយកាសដែលមនុស្សបានរស់នៅនេះ គឺកាលដើមដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតមកសម្រាប់មនុស្ស។ ទឹកសម្រាប់មនុស្សផឹក ខ្យល់សម្រាប់មនុស្សដកដង្ហើម អាហារសម្រាប់មនុស្សបរិភោគ រុក្ខជាតិ ព្រៃព្រឹក្សា មហាសមុទ្រ ហើយនិងគ្រប់ផ្នែកទាំងអស់នៃ បរិយាកាសរស់នៅនេះ ត្រូវបានប្រទានមកមនុស្សតាមរយៈព្រះជាម្ចាស់ ហើយវាមានលក្ខណៈធម្មជាតិ ដែលដំណើរការស្របតាមច្បាប់ធម្មជាតិដែលព្រះជាម្ចាស់បានបង្កើតឡើង។ ប្រសិនបើគ្មានវិទ្យាសាស្រ្តទេ នោះមនុស្សនឹងសប្បាយចិត្ត ហើយអាចរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលល្អបំផុត ស្របតាមមាគ៌ារបស់ព្រះជាម្ចាស់ និងស្របតាមអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ ដើម្បីទទួលបានភាពរីករាយ។ ឥឡូវនេះ អ្វីៗទាំងអស់ត្រូវបានបំផ្លាញដោយសាតាំង។ ទីកន្លែងរស់នៅជាមូលដ្ឋានរបស់មនុស្ស គឺលែងមានលក្ខណៈដើមរបស់វាទៀតហើយ។ ក៏ប៉ុន្តែគ្មាននរណាម្នាក់ មានសមត្ថភាពអាចដឹងអំពីអ្វី ដែលបណ្តាល ឬរបៀបដែលធ្វើឲ្យបញ្ហានេះកើតឡើងយ៉ាងដូចម្តេចនោះទេ ហើយមានមនុស្សជាច្រើនទៀតចូលទៅរកវិទ្យាសាស្ត្រ ព្រមទាំងយល់ដឹងពីវា តាមរយៈគំនិតដែលសាតាំងបានបណ្តុះឡើងនៅក្នុងពួកគេ។ តើនេះមិនគួរឲ្យស្អប់ខ្ពើម និងគួរឲ្យអាណិតអាសូរទេឬអី? ពេលនេះ សាតាំងបានយកកន្លែងដែលមានមនុស្សរស់នៅ ព្រមទាំងបរិយាកាសរស់នៅរបស់ពួកគេ ដោយបំផ្លាញពួកគេនៅក្នុងជោគវាសនានេះ ហើយនិងធ្វើឲ្យមនុស្សជាតិបន្តរស់នៅតាមរបៀបនេះដដែល តើព្រះជាម្ចាស់ ត្រូវបំផ្លាញមនុស្សទាំងនេះចោលដែរឬទេ? ប្រសិនបើមនុស្សបន្តរស់នៅតាមរបៀបនេះ តើពួកគេនឹងទៅជាយ៉ាងណា? (ពួកគេនឹងត្រូវបានលុបបំបាត់ចោល។) តើពួកគេនឹងត្រូវលុបបំបាត់ចោលដោយរបៀបណា? បន្ថែមពីលើភាពលោភលន់របស់មនុស្ស ដែលចង់បានកិត្តិយស និងបុណ្យសក្តិ នោះពួកគេបន្តការរុករកវិទ្យាសាស្ត្រ និងធ្វើការស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ហើយបន្តធ្វើសកម្មភាពដោយឥតឈប់ឈរ ដើម្បីបំពេញតំរូវការសម្ភារៈនិយម និងបំណងប្រាថ្នាផ្ទាល់របស់ខ្លួន។ តើអ្វីជាផលវិបាកចំពោះមនុស្ស? ជាដំបូង គឺតុល្យភាពបរិស្ថានត្រូវខូច ហើយនៅពេលដែលវាកើតឡើង នោះរាងកាយរបស់មនុស្ស សរីរាង្គខាងក្នុងរបស់ពួកគេត្រូវកខ្វក់ និងខូចខាតដោយសារបរិយាកាសគ្មានតុល្យភាពនេះ ហើយបណ្តាលឲ្យកើតមានជំងឺឆ្លង និងជំងឺរាតត្បាតផ្សេងៗជាច្រើន រាលដាលពាសពេញពិភពលោក។ តើវាមិនពិតទេឬអី ដែលថាស្ថានភាពពេលនេះគឺ មនុស្សមិនអាចគ្រប់គ្រងបានឡើយ? ឥឡូវ ដែលអ្នករាល់គ្នាយល់អំពីរឿងនេះហើយ ប្រសិនបើមនុស្សមិនធ្វើតាមព្រះជាម្ចាស់ តែបែរទៅធ្វើតាមសាតាំងវិញ តាមរយៈការប្រើចំណេះដឹងដើម្បីបង្កើនខ្លួនឯង ការប្រើវិទ្យាសាស្ត្រដើម្បីរុករកឥតឈប់ឈរអំពីអនាគតនៃជីវិតមនុស្សជាតិ និងការប្រើវិធីសាស្រ្តបែបនេះដើម្បីបន្តរស់នៅ នោះតើអ្នកអាចដឹងទេថាវិធីនេះនឹងបញ្ចប់មនុស្សជាតិយ៉ាងដូចម្ដេច? (វាមានន័យថាផុតពូជ។) ត្រូវហើយវានឹងចប់ជារៀងរហូត។ មនុស្សជាតិកាន់តែខិតជិតដល់ការផុតពូជរបស់ខ្លួនមួយជំហានម្តងមួយៗ! ឥឡូវ វាហាក់ដូចជាវិទ្យាសាស្ត្រ គឺជាប្រភេទនៃវេទមន្តមួយ ដែលសាតាំងបានរៀបចំសម្រាប់មនុស្ស ដូច្នេះនៅពេលដែលអ្នករាល់គ្នាព្យាយាមស្វែងយល់ពីអ្វីមួយ គឺអ្នកធ្វើវានៅក្នងអ័ព្ទដ៏ក្រាស់ ហើយមិនថាឯងខំប្រឹងមើលវាយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចមើលឃើញអ្វីៗបានច្បាស់ដែរ ហើយទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចរកឃើញវាបានដែរ។ ទោះយ៉ាងណា សាតាំងប្រើឈ្មោះវិទ្យាសាស្ត្រដើម្បីដាស់ចំណង់របស់អ្នកឲ្យក្រោកឡើង រួចដាក់កន្លុះអ្នកដឹកយកទៅម្តងមួយជំហានៗ ឆ្ពោះទៅកាន់ទីជម្រៅ និងសេចក្តីស្លាប់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល