ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៩

10-05-2021

ដំណាក់កាលទីប្រាំមួយ៖ សេចក្តីស្លាប់

ក្រោយភាពមមាញឹក ភាពមួម៉ៅ និងភាពខកចិត្តជាច្រើន ក្រោយសេចក្តីអំណរ ទុក្ខព្រួយ និងការឡើងចុះជាច្រើន ក្រោយរយៈពេលជាច្រើនឆ្នាំដែលមិនអាចបំភ្លេចបាន ក្រោយមើលឃើញរដូវកាលផ្លាស់ប្ដូរម្ដងហើយម្ដងទៀត គេបានឆ្លងផុតដំណាក់កាលដ៏សំខាន់នៅក្នុងជីវិត ទាំងមិនដឹងខ្លួន ហើយមួយប៉ប្រិចភ្នែក គេក៏មកដល់ចុងបញ្ចប់នៃជីវិតរបស់គេ។ ពេលវេលាបានបន្សល់ទុកនូវស្លាកស្នាមជាច្រើន ដែលត្រូវបានបោះជាប់នៅលើរាងកាយទាំងមូលរបស់គេ៖ គេលែងអាចឈរត្រង់ខ្លួន សក់របស់គេប្រែក្លាយពីខ្មៅទៅជាស ភ្នែកដែលធ្លាប់ភ្លឺ និងមើលឃើញច្បាស់ ប្រែក្លាយជាស្រអាប់ និងមិនច្បាស់ ហើយស្បែកដែលធ្លាប់តែរលើបរលោងទន់ស្អាតនោះ ក៏ប្រែជាជ្រីវជ្រួញ និងមានអាចម៍រុយដែរ។ សមត្ថភាពស្ដាប់របស់គេក៏ចុះខ្សោយ ធ្មេញរបស់គេក៏របូតជ្រុះ ប្រតិកម្មរបស់គេក្លាយជាស្ពឹក ហើយចលនារបស់គេក៏យឺត...។ មកដល់ចំណុចនេះ គេត្រូវលាជាលើកចុងក្រោយទៅកាន់ឆ្នាំដ៏ឆេះឆួលនៃជីវិតជាយុវវ័យ ហើយបានចូលទៅក្នុងវ័យជ្រេនៃជីវិតរបស់គេ៖ វ័យចំណាស់។ បន្ទាប់មក គេនឹងត្រូវជួបសេចក្តីស្លាប់ ដែលជាដំណាក់កាលចុងក្រោយនៅក្នុងជីវិតរបស់មនុស្ស។

១. មានតែព្រះអាទិករប៉ុណ្ណោះ ដែលក្ដោបក្ដាប់អំណាចនៃការមានជីវិតរស់នៅ និងការស្លាប់របស់មនុស្ស

ប្រសិនបើកំណើតរបស់មនុស្សម្នាក់ត្រូវបានកំណត់ទុក ដោយជីវិតមុនរបស់គេ នោះការស្លាប់របស់គេគូសបញ្ជាក់អំពីចុងបញ្ចប់នៃជោគវាសនានោះ។ ប្រសិនបើកំណើតរបស់មនុស្សម្នាក់គឺជាទីចាប់ផ្ដើមនៃបេសកកម្មរបស់គេនៅក្នុងជីវិតនេះ នោះសេចក្តីស្លាប់របស់គេគូសចំណាំពីទីបញ្ចប់នៃបេសកកម្មនោះ។ ដោយសារតែព្រះអាទិករបានកំណត់ទុកនូវបណ្ដុំនៃកាលៈទេសៈថេរមួយសម្រាប់កំណើតរបស់មនុស្សម្នាក់ ដូច្នេះ វាអាចនិយាយបានថា ទ្រង់ក៏បានរៀបចំបណ្ដុំនៃកាលៈទេសៈថេរមួយសម្រាប់សេចក្តីស្លាប់របស់គេដែរ។ នៅក្នុងន័យម្យ៉ាងទៀតគឺ គ្មាននរណាម្នាក់កើតមកដោយចៃដន្យ ហើយក៏គ្មានមរណភាពរបស់នរណាម្នាក់មកដល់ភ្លាមៗដែរ ដ្បិតទាំងកំណើត និងមរណភាព ត្រូវបានផ្សារភ្ជាប់គ្នាជាមួយជីវិតមុន និងជីវិតនេះរបស់គេ។ កាលៈទេសៈនៃកំណើត និងមរណភាពរបស់គេ ត្រូវបានចារទុកជាមុន ដោយព្រះអាទិករ ដូច្នេះ នេះគឺជាជោគវាសនារបស់មនុស្ស។ ដោយសារតែមានសេចក្តីពន្យល់ជាច្រើនសម្រាប់កំណើតរបស់មនុស្សម្នាក់ ដូច្នេះ វាក៏ជាការពិតដែរដែលថា មរណភាពរបស់មនុស្សម្នាក់ក៏នឹងកើតឡើង ក្រោមបណ្ដុំនៃកាលៈទេសៈផ្សេងៗរបស់វាដែរ។ នេះជាហេតុផលដែលនាំឲ្យមនុស្សមានអាយុកាលផ្សេងៗគ្នា ហើយទទួលមរណភាព ដោយមានឥរិយាបថ និងពេលវេលាខុសៗគ្នា។ មនុស្សខ្លះមានសុខភាពល្អ និងរឹងមាំ ប៉ុន្តែបែរជាស្លាប់ទាំងវ័យក្មេង។ អ្នកផ្សេងទៀតមានកម្លាំងទន់ខ្សោយ ហើយឈឺនេះឈឺនោះមិនចេះចប់ ប៉ុន្តែបែរជារស់នៅដល់វ័យចាស់ ហើយចែកឋានទៅយ៉ាងស្ងប់សុខ។ អ្នកខ្លះស្លាប់ទៅដោយមូលហេតុខុសពីធម្មតា ឯអ្នកផ្សេងទៀតស្លាប់ទៅតាមបែបធម្មជាតិ។ អ្នកខ្លះបញ្ចប់ជីវិតរបស់ខ្លួននៅឆ្ងាយពីផ្ទះ ឯអ្នកផ្សេងទៀតស្លាប់បិទភ្នែកជិត ដោយមានមនុស្សជាទីស្រឡាញ់នៅក្បែរពួកគេ។ មនុស្សខ្លះស្លាប់នៅលើអាកាស ឯអ្នកផ្សេងទៀតស្លាប់នៅក្រោមដី។ អ្នកខ្លះលិចចូលទៅក្រោមទឹក ឯអ្នកផ្សេងទៀតបានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយ។ អ្នកខ្លះស្លាប់ទៅនៅពេលព្រឹក ឯអ្នកផ្សេងទៀតស្លាប់ទៅនៅពេលយប់...។ មនុស្សគ្រប់គ្នាចង់បានកំណើតដ៏ល្បីល្បាញ ជីវិតដ៏ត្រចះត្រចង់ និងការស្លាប់ដ៏រុងរឿង ប៉ុន្តែគ្មាននរណាម្នាក់អាចទៅហួសពីជោគវាសនារបស់ខ្លួននោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ នេះគឺជាជោគវាសនារបស់មនុស្ស។ មនុស្សអាចធ្វើផែនការគ្រប់បែបយ៉ាងសម្រាប់អនាគតរបស់គេ ប៉ុន្តែគ្មាននរណាម្នាក់អាចរៀបចំផែនការអំពីរបៀប និងម៉ោងពេលនៃកំណើត និងការចាកចេញរបស់គេពីពិភពលោកនេះបានឡើយ។ ទោះបីមនុស្សព្យាយាមធ្វើអស់ពីលទ្ធភាព ដើម្បីចៀសផុត ហើយប្រឆាំងនឹងការមកដល់នៃសេចក្តីស្លាប់ក៏ដោយ ក៏សេចក្តីស្លាប់ចូលមកជិតពួកគេស្ងាត់ៗដោយមិនបានដឹងខ្លួនដែរ។ គ្មាននរណាម្នាក់ដឹងពេលដែលពួកគេនឹងត្រូវវិនាស ឬរបៀប និងទីកន្លែងដែលវានឹងកើតឡើងនោះឡើយ។ ជាក់ស្ដែងណាស់ មិនមែនមនុស្សឡើយដែលក្តោបក្ដាប់អំណាចនៃជីវិត និងសេចក្ដីស្លាប់ ហើយក៏មិនមែនភាវៈខ្លះនៅក្នុងពិភពលោកខាងធម្មជាតិនេះដែរ ប៉ុន្តែជាព្រះអាទិករវិញទេតើដែលមានអំណាចមួយនោះ ដ្បិតសិទ្ធិអំណាចរបស់ទ្រង់មានលក្ខណៈវិសេសឯក។ ជីវិត និងសេចក្ដីស្លាប់របស់មនុស្សជាតិមិនមែនជាលទ្ធផលកើតចេញពីច្បាប់មួយចំនួននៃពិភពលោកខាងធម្មជាតិឡើយ ប៉ុន្តែជាលទ្ធផលចេញពីអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករវិញទេ។

២. បុគ្គលម្នាក់ដែលមិនដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ នឹងត្រូវតាមលងដោយអារម្មណ៍ខ្លាចស្លាប់

នៅពេលដែលបុគ្គលម្នាក់ចូលដល់វ័យចំណាស់ បញ្ហាប្រឈមដែលគេត្រូវជួប មិនមែនជាការរកលុយចិញ្ចឹមគ្រួសារ ឬការបង្កើតនូវមហិច្ឆតាដ៏ធំមួយនៅក្នុងជីវិតរបស់គេឡើយ ប៉ុន្តែជារបៀបដែលគេត្រូវលាទៅកាន់ជីវិតរបស់គេ របៀបដែលគេជួបចុងបញ្ចប់នៃជីវិតរបស់គេ របៀបបិទបញ្ចប់ប្រយោគនៃជីវិតរបស់គេ។ ទោះបីនៅផ្ទៃខាងលើ វាហាក់ដូចជា មនុស្សមិនសូវជាយកចិត្តទុកដាក់ចំពោះសេចក្តីស្លាប់ក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់អាចចៀសផុតពីការសិក្សាអំពីប្រធានបទនេះឡើយ ដ្បិតគ្មាននរណាដឹងឡើយអំពីពិភពមួយដែលនៅជ្រុងម្ខាងទៀតនៃសេចក្តីស្លាប់ ជាពិភពមួយដែលមនុស្សមិនអាចយល់ ឬមានអារម្មណ៍ ហើយពួកគេមិនដឹងអ្វីសោះ។ ការនេះធ្វើឲ្យមនុស្សមានអារម្មណ៍ខ្លាចក្នុងការប្រឈមនឹងសេចក្តីស្លាប់មុខទល់នឹងមុខ ខ្លាចក្នុងការតទល់នឹងវា ផ្ទុយទៅវិញ ពួកគេខំប្រឹងប្រែងគេចវេះពីប្រធានបទនេះ។ ដូច្នេះ វាបានបំពេញមនុស្សគ្រប់រូបនូវអារម្មណ៍ភ័យខ្លាចចំពោះសេចក្តីស្លាប់ ហើយបន្ថែមស្បៃនៃសេចក្តីអាថ៌កំបាំងពីលើការពិតនៃជីវិតដែលមិនអាចចៀសផុតមួយនេះ ហើយមានស្រមោលតាមលងដួងចិត្តរបស់មនុស្សគ្រប់រូបមិនចេះចប់។

នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថា រាងកាយរបស់គេកំពុងតែចុះទ្រុឌទ្រោម នៅពេលដែលគេដឹងថា គេកំពុងតែចូលកាន់តែជិតសេចក្តីស្លាប់ គេមានអារម្មណ៍ភ័យខ្លាចញាប់ញ័រ ដែលមិនអាចពណ៌នាបាន។ ការខ្លាចស្លាប់ធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍កាន់តែឯកោ និងកាន់តែតែលតោល ហើយពេលមកដល់ចំណុចនេះ គេសួរខ្លួនឯងថា៖ តើមនុស្សមានប្រភពមកពីកន្លែងណា? តើមនុស្សនឹងត្រូវទៅកន្លែងណា? តើនេះជារបៀបដែលមនុស្សត្រូវស្លាប់ឬ? តើនេះជាអំឡុងពេលមួយ ដែលគូសចំណាំពីចុងបញ្ចប់នៃជីវិតរបស់មនុស្សឬ? នៅចុងបញ្ចប់ តើអ្វីទៅជាអត្ថន័យនៃជីវិត? ចុងក្រោយ តើជីវិតមានតម្លៃអ្វីទៅ? តើជីវិតនេះសម្រាប់តែភាពល្បីល្បាញ និងទ្រព្យសម្បត្តិឬ? តើជីវិតនេះសម្រាប់តែការចិញ្ចឹមបីបាច់គ្រួសារឬ?... មិនថាមនុស្សបានគិតអំពីសំណួរទាំងនេះឬក៏អត់ មិនថាមនុស្សមានអារម្មណ៍ខ្លាចស្លាប់ជ្រាលជ្រៅខ្លាំងប៉ុនណា ក៏នៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្សគ្រប់រូប តែងតែមានបំណងចិត្តចង់ស្វែងរកនូវសេចក្តីលាក់កំបាំង តែងតែមាននូវអារម្មណ៍នៃភាពមិនយល់អំពីជីវិត និងអារម្មណ៍ច្របូកច្របល់ជាមួយរឿងទាំងនេះ អារម្មណ៍មនោសញ្ចេតនាអំពីពិភពលោក និងភាពអល់អែកក្នុងការចាកចេញ។ ប្រហែលជាគ្មាននរណាម្នាក់អាចពន្យល់យ៉ាងច្បាស់អំពីអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ភ័យខ្លាច អំពីអ្វីដែលមនុស្សកំពុងតែស្វែងរក អ្វីដែលធ្វើឲ្យគេមានអារម្មណ៍មនោសញ្ចេតនា និងអ្វីដែលនាំឲ្យគេមានចិត្តអល់អែកក្នុងការចាកចេញនោះឡើយ...។

ដោយសារតែពួកគេខ្លាចស្លាប់ មនុស្សមានការខ្វល់ខ្វាយជាច្រើន។ ដោយសារតែពួកគេខ្លាចស្លាប់ មនុស្សមានរឿងជាច្រើន ដែលពួកគេមិនអាចលះបង់ចោលបាន។ នៅពេលដែលពួកគេរៀបនឹងស្លាប់ មនុស្សខ្លះកើតទុក្ខអំពីការនេះ ឬការនោះ។ ពួកគេបារម្ភអំពីកូនៗរបស់គេ បារម្ភអំពីមនុស្សជាទីស្រឡាញ់ និងទ្រព្យសម្បត្តិរបស់គេ ដូចជាតាមរយៈការព្រួយបារម្ភនោះ អាចជួយឲ្យពួកគេលុបបំបាត់ចោលទុក្ខវេទនា និងអារម្មណ៍ភ័យខ្លាច ដែលកើតចេញពីសេចក្តីស្លាប់ និងដូចជាតាមរយៈការថែរក្សាភាពស្និទ្ធស្នាលជាមួយមនុស្សរស់ទាំងនោះ អាចជួយឲ្យពួកគេរួចផុតពីភាពតែលតោល និងអារម្មណ៍ឯកោ ដែលហែហមទៅជាមួយនឹងសេចក្តីស្លាប់អ៊ីចឹង។ នៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្ស មាននូវអារម្មណ៍ភ័យខ្លាចដ៏ស្រពេចស្រពិលមួយ ជាអារម្មណ៍ខ្លាចក្នុងការចាកចេញពីមនុស្សជាទីស្រឡាញ់របស់ខ្លួន ខ្លាចក្នុងការមិនបានឃើញមេឃដ៏ខៀវស្រងាត់ម្ដងទៀត ខ្លាចក្នុងការមិនបានសម្លឹងទៅកាន់ពិភពលោកម្ដងទៀត។ ដោយធ្លាប់តែមានមនុស្សជាទីស្រឡាញ់នៅជិតខ្លួន ព្រលឹងដ៏ឯកាមានការអល់អែកក្នុងការព្រលែងដៃរបស់ខ្លួន ហើយចាកចេញទៅតែម្នាក់ឯង ទៅរកពិភពលោកមួយដែលគេមិនធ្លាប់ដឹង និងមិនធ្លាប់ស្គាល់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល