ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២២

16-05-2021

ដំណាក់កាលទាំងប្រាំមួយនៅក្នុងជីវិតរបស់មនុស្ស

នៅក្នុងដំណើរជីវិតរបស់មនុស្ស បុគ្គលគ្រប់រូបត្រូវតែឆ្លងកាត់ដំណាក់កាលសំខាន់ៗទៅតាមលំដាប់លំដោយរបស់វា។ ដំណាក់កាលទាំងនេះ គឺជាជំហានមូលដ្ឋាន និងសំខាន់បំផុត ដែលកំណត់ពីជោគវាសនានៅក្នុងជីវិតរបស់មនុស្ស។ ខាងក្រោមនេះ គឺជាសេចក្តីពណ៌នាសង្ខេបៗអំពីស្លាកសញ្ញាដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់នៅក្នុងដំណើរជីវិតរបស់គេ។

ដំណាក់កាលទីមួយ៖ កំណើត

ទីកន្លែងកំណើត ក្រុមគ្រួសារដែលគេកើតមកជាមួយ ភេទ រូបរាង និងម៉ោងពេលនៃការចាប់កំណើតរបស់គេ គឺជាសេចក្តីលម្អិតអំពីដំណាក់កាលទីមួយនៃជីវិតរបស់មនុស្សម្នាក់។

គ្មាននរណាម្នាក់អាចជ្រើសរើសសេចក្តីលម្អិតនៃដំណាក់កាលនេះបានឡើយ ព្រោះថាកត្តាទាំងអស់នេះត្រូវបានកំណត់ទុកដោយព្រះអាទិករជាយូរមកហើយ។ ចំណុចទាំងនេះមិនត្រូវបានរងឥទ្ធិពលដោយមជ្ឈដ្ឋានខាងក្រៅ ហើយក៏គ្មានកត្តាណាមួយដែលមនុស្សបង្កើត អាចផ្លាស់ប្ដូរការពិតដែលត្រូវបានកំណត់ទុកជាមុន ដោយព្រះអាទិករបានដែរ។ សម្រាប់មនុស្សម្នាក់ដែលកើតមក នោះមានន័យថា ព្រះអាទិករបានសម្រេចជំហានទីមួយនៃជោគវាសនាដែលទ្រង់បានរៀបចំទុកសម្រាប់បុគ្គលនោះរួចទៅហើយ។ ដោយសារតែទ្រង់បានកំណត់ទុកជាមុននូវសេចក្ដីលម្អិតទាំងអស់នេះជាយូរណាស់មកហើយ ដូច្នេះ គ្មាននរណាម្នាក់មានអំណាចទៅផ្លាស់ប្ដូរវាបានឡើយ។ មិនថាមនុស្សមានវាសនាទៅថ្ងៃខាងមុខបែបណាឡើយ លក្ខខណ្ឌនៃកំណើតរបស់គេត្រូវបានកំណត់ទុករួចជាស្រេចទៅហើយ ហើយលក្ខខណ្ឌទាំងនោះនៅតែដដែល។ វាមិនត្រូវបានរងឥទ្ធិពលតាមរបៀបណាមួយ ដោយវាសនានៅក្នុងជីវិតរបស់មនុស្ស ហើយក៏មិនជះឥទ្ធិពលដល់អធិបតេយ្យភាពរបស់ព្រះអាទិករលើជោគវាសនានៅក្នុងជីវិតរបស់មនុស្សនោះដែរ។

១. ជីវិតថ្មីមួយបានកើតចេញពីផែនការរបស់ព្រះអាទិករ

នៅក្នុងចំណោមសេចក្តីលម្អិតនៃដំណាក់កាលទីមួយ ដូចជា ទីកន្លែងកំណើត ក្រុមគ្រួសារ ភេទ រូបរាង ពេលវេលាកំណើត តើមនុស្សម្នាក់អាចជ្រើសរើសបានដែរឬទេ? ជាការពិត កំណើតរបស់មនុស្ស គឺជាព្រឹត្តិការណ៍មួយដែលមនុស្សមិនអាចជ្រើសរើសបានឡើយ។ ដោយមិនបានតាំងចិត្ត មនុស្សម្នាក់កើតមកនៅទីកន្លែងមួយ ពេលវេលាមួយ កើតក្នុងក្រុមគ្រួសារមួយ មានរូបរាងតាមបែបណាមួយ ហើយគេក៏ក្លាយជាសមាជិកម្នាក់នៃក្រុមគ្រួសារមួយ ជាសែស្រឡាយនៃក្រុមគ្រួសារមួយ។ នៅក្នុងដំណាក់កាលទីមួយនៃជីវិតនេះ មនុស្សគ្មានជម្រើសអ្វីឡើយ ផ្ទុយទៅវិញ ពួកគេកើតមកនៅក្នុងបរិយាកាសមួយដែលត្រូវបានកំណត់ទុកជាស្រេច ដោយស្របទៅតាមផែនការរបស់ព្រះអាទិករ នៅក្នុងគ្រួសារមួយជាក់លាក់ ជាមួយភេទ និងរូបរាងជាក់លាក់ និងនៅម៉ោងពេលមួយជាក់លាក់ ដែលត្រូវបានផ្សារភ្ជាប់យ៉ាងហ្មត់ចត់ជាមួយដំណើរជីវិតរបស់មនុស្ស។ តើមនុស្សម្នាក់អាចធ្វើអ្វីបានខ្លះទៅនៅដំណាក់កាលដ៏សំខាន់មួយនេះ? ដូចបានប្រាប់ហើយថា មនុស្សគ្មានជម្រើសអ្វីសោះឡើយទាក់ទងនឹងកំណើតរបស់គេ។ ប្រសិនបើវាមិនមែនជាការកំណត់ទុកជាមុនរបស់ព្រះអាទិករ និងការដឹកនាំរបស់ទ្រង់ទេ នោះជីវិតថ្មោងថ្មីដែលកើតចូលក្នុងពិភពលោកមួយនេះ នឹងមិនដឹងពីកន្លែងដែលត្រូវទៅ ឬកន្លែងដែលត្រូវស្នាក់នៅ នឹងគ្មានសាច់ញាតិបងប្អូន គ្មានកន្លែងជាកម្មសិទ្ធិ ហើយក៏គ្មានក្រុមគ្រួសារដ៏ពិតប្រាកដមួយដែរ។ ប៉ុន្តែ ដោយសារតែការរៀបចំដ៏ប្រិតប្រៀងរបស់ព្រះអាទិករ ជីវិតថ្មីនេះមានកន្លែងស្នាក់នៅ មានឪពុកម្ដាយ មានកន្លែងជាកម្មសិទ្ធិ និងមានសាច់ញាតិបងប្អូន ដូច្នេះ ជីវិតនោះអាចចាប់ផ្ដើមធ្វើដំណើរនៅលើផ្លូវរបស់វាបាន។ នៅក្នុងដំណើរការនេះ ការបង្កកំណើតនៃជីវិតថ្មី ត្រូវបានកំណត់ទៅតាមផែនការរបស់ព្រះអាទិករ ហើយអ្វីៗគ្រប់យ៉ាងដែលជីវិតនេះនឹងទទួលបាន ក៏ត្រូវបានប្រទានមក ដោយព្រះអាទិករផងដែរ។ តាំងពីអំប្រ៊ីយ៉ុងអណ្តែតក្នុងផ្ទៃម្ដាយ ទាំងមិនទាន់មានឈ្មោះ បន្ដិចម្ដងៗ វាក៏វិវឌ្ឍក្លាយជារូបកាយមួយដែលមានសាច់ និងឈាមដែលអាចមើលឃើញ មានរូបរាងជាមនុស្ស ជាសត្តនិករមួយរបស់ព្រះជាម្ចាស់ ដែលចេះគិត ចេះដកដង្ហើម និងចេះស្គាល់ក្ដៅ និងត្រជាក់ ហើយជាម្នាក់ដែលអាចចូលរួមគ្រប់សកម្មភាពទូទៅរបស់មនុស្សនៅក្នុងពិភពលោក ហើយក៏ជាអ្នកដែលនឹងឆ្លងកាត់អ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងត្រូវជួបប្រទះនៅក្នុងជីវិតផងដែរ។ ការកំណត់ទុកជាមុនអំពីកំណើតរបស់មនុស្សដោយព្រះអាទិករ មានន័យថា ទ្រង់នឹងប្រទានឲ្យមនុស្សនូវអ្វីគ្រប់យ៉ាងដែលចាំបាច់សម្រាប់ការរស់រានមានជីវិត។ ដូចគ្នាផងដែរ ការដែលមនុស្សកើតមក មានន័យថា ពួកគេនឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់ការរស់រានមានជីវិតពីព្រះអាទិករ ហើយចាប់ពីចំណុចនោះតទៅ ពួកគេនឹងរស់នៅក្នុងទម្រង់មួយផ្សេង ជាបែបផែននៃជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះអាទិករ និងចុះចូលចំពោះអធិបតីភាពរបស់ព្រះអាទិករ។

២. ហេតុផលដែលមនុស្សខុសគ្នាកើតមកនៅក្រោមកាលៈទេសៈខុសគ្នា

ជារឿយៗ មនុស្សចូលចិត្តស្រមៃថា ប្រសិនបើពួកគេអាចកើតមកម្ដងទៀត នោះគេនឹងចង់កើតមកនៅក្នុងក្រុមគ្រួសារមួយដែលល្បីល្បាញ។ ប្រសិនបើពួកគេជាស្ត្រី ពួកគេចង់មានរូបរាងដូចជា ព្រះនាងព្រិលស និងចង់ឲ្យមនុស្សគ្រប់គ្នាស្រឡាញ់នាង។ ហើយប្រសិនបើពួកគេជាបុរសវិញ ពួកគេចង់ក្លាយជាព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ ហើយគ្មានចង់បានអ្វី ក្រៅពីចង់ឲ្យពិភពលោកស្ដាប់តាមបញ្ជារបស់គាត់ឡើយ។ ជារឿយៗ មនុស្សមានគំនិតរវើរវាយជាច្រើនអំពីកំណើតរបស់គេ ហើយមិនពេញចិត្តជាមួយកំណើតរបស់ខ្លួន ដោយអន់ចិត្តជាមួយក្រុមគ្រួសាររបស់គេ រូបរាងរបស់គេ ភេទរបស់គេ និងសូម្បីតែពេលវេលានៃកំណើតរបស់គេទៀតផង។ ប៉ុន្តែ មនុស្សមិនដែលយល់ឡើយអំពីហេតុផលដែលពួកគេកើតចូលមកក្នុងក្រុមគ្រួសារមួយ ឬហេតុផលដែលនាំឲ្យគេមានរូបរាងបែបនោះ។ ពួកគេមិនបានដឹងឡើយថា ទោះបីជាគេកើតមកនៅទីកន្លែងណា ឬមានរូបរាងបែបណាក៏ដោយ ក៏ពួកគេត្រូវដើរតួនាទីផ្សេងៗ និងត្រូវបំពេញបេសកកម្មខុសៗគ្នានៅក្នុងការគ្រប់គ្រងរបស់ព្រះអាទិករដែរ ហើយគោលបំណងនេះនឹងមិនដែលផ្លាស់ប្ដូរនោះឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះអាទិករ ទីកន្លែងកំណើត ភេទនិងរូបរាងរបស់គេ គឺជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ អ្វីៗទាំងនេះដូចជាត្រេអក្សរតូចៗ ជានិមិត្តសញ្ញាតូចៗនៅក្នុងដំណាក់កាលនីមួយៗនៃការគ្រប់គ្រងរបស់ទ្រង់លើមនុស្សជាតិទាំងអស់ប៉ុណ្ណោះ។ ទិសដៅ និងលទ្ធផលដ៏ពិតរបស់មនុស្សម្នាក់ មិនត្រូវបានកំណត់ដោយកំណើតរបស់គេនៅក្នុងដំណាក់កាលណាមួយឡើយ ប៉ុន្តែត្រូវបានកំណត់ដោយបេសកកម្មដែលពួកគេត្រូវបំពេញនៅក្នុងជីវិតរបស់គេ និងដោយការជំនុំជម្រះរបស់ព្រះអាទិករចំពោះពួកគេ នៅពេលដែលផែនការនៃការគ្រប់គ្រងរបស់ទ្រង់ត្រូវបានបញ្ចប់។

មានពាក្យស្លោកមួយបានពោលថា រាល់ផលទាំងអស់ តែងតែមានហេតុរបស់វា ហើយគ្មានផលណាមួយដែលកើតឡើង ដោយគ្មានហេតុឡើយ។ ដូច្នេះ កំណើតរបស់មនុស្សម្នាក់ពិតជាផ្សារភ្ជាប់ទៅនឹងជីវិតបច្ចុប្បន្ននេះ និងជីវិតមុនរបស់គេ។ ប្រសិនបើសេចក្តីស្លាប់របស់មនុស្សម្នាក់បិទបញ្ចប់ជីវិតរបស់គេ នោះកំណើតរបស់មនុស្សម្នាក់ គឺជាទីចាប់ផ្ដើមនៃវដ្ដមួយថ្មី។ ប្រសិនបើវដ្ដចាស់តំណាងឲ្យជីវិតមុនរបស់មនុស្សម្នាក់ ដូច្នេះ វដ្ដថ្មីគឺជាជីវិតបច្ចុប្បន្ននេះរបស់គេហើយ។ ដោយសារតែកំណើតរបស់មនុស្សម្នាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងជីវិតអតីតកាល រួមទាំងជីវិតបច្ចុប្បន្នរបស់គេ ដូច្នេះ ទាក់ទងនឹងទីកន្លែង ក្រុមគ្រួសារ ភេទ រូបរាង និងកត្តាផ្សេងទៀតដែលទាក់ទងនឹងកំណើតរបស់គេ ក៏ពាក់ព័ន្ធទៅនឹងជីវិតអតីតកាល និងបច្ចុប្បន្នរបស់គេផងដែរ។ ការនេះមានន័យថា កត្តាកំណត់ពីកំណើតរបស់បុគ្គលម្នាក់ មិនគ្រាន់តែរងឥទ្ធិពលដោយជីវិតមុនរបស់គេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានកំណត់ដោយជោគវាសនារបស់គេនៅក្នុងជីវិតបច្ចុប្បន្ន ដែលរាប់បញ្ចូលកាលៈទេសៈជីវិតផ្សេងៗរបស់មនុស្សដែលកើតមកផងដែរ៖ អ្នកខ្លះកើតមកនៅក្នុងគ្រួសារក្រីក្រ ឯអ្នកខ្លះទៀតកើតមកនៅក្នុងគ្រួសារអ្នកមាន។ អ្នកខ្លះកើតចេញពីគ្រួសារសាមញ្ញ ហើយអ្នកខ្លះទៀតមានសែស្រឡាយចេញពីគ្រួសារដែលល្បីល្បាញ។ អ្នកខ្លះកើតមកនៅទិសខាងត្បូង ឯអ្នកខ្លះទៀតកើតមកនៅទិសខាងជើង។ អ្នកខ្លះកើតនៅតំបន់វាលខ្សាច់ដ៏សោះកក្រោះ ហើយអ្នកខ្លះទៀតកើតមកនៅលើទឹកដីដ៏ខៀវស្រងាត់។ កំណើតរបស់អ្នកខ្លះត្រូវបានហែហម ដោយសំឡេងហ៊ោកញ្ជ្រៀវ សំឡេងសើចសប្បាយ និងសំឡេងសាទរ ឯអ្នកខ្លះទៀតបែរជានាំមកនូវសំឡេងយំ សំឡេងទុក្ខព្រួយ និងសំឡេងទុក្ខសោកទៅវិញ។ អ្នកខ្លះកើតមក ត្រូវបានគេស្រឡាញ់ថ្នាក់ថ្នម ឯអ្នកខ្លះទៀតត្រូវបានគេបោះចោល ដូចជាស្មៅ។ អ្នកខ្លះកើតមកមានរូបកាយសម្បទាស្អាតពេញលេញ ឯអ្នកខ្លះទៀតកើតមកខ្វះនេះខ្វះនោះ។ អ្នកខ្លះមានរូបរាងគួរជាទីគយគន់ ឯអ្នកខ្លះទៀតមានរូបរាងអាក្រក់។ អ្នកខ្លះកើតមកនៅពាក់កណ្ដាលអាធ្រាត្រ ហើយអ្នកខ្លះទៀតកើតមកនៅពាក់កណ្ដាលថ្ងៃត្រង់។ កំណើតរបស់មនុស្សគ្រប់គ្នាត្រូវបានកំណត់ទុក ដោយជោគវាសនាដែលព្រះអាទិករមានសម្រាប់ពួកគេ។ កំណើតរបស់គេកំណត់ពីជោគវាសនារបស់គេនៅក្នុងជីវិតបច្ចុប្បន្នរបស់គេ ក៏ដូចជាតួនាទីដែលពួកគេនឹងមាន និងបេសកកម្មដែលពួកគេនឹងត្រូវបំពេញផងដែរ។ អ្វីៗទាំងអស់នេះសុទ្ធតែស្ថិតនៅក្រោមអធិបតីភាពរបស់ព្រះអាទិករ ព្រោះទ្រង់ជាអ្នកកំណត់ពីជោគវាសនារបស់គេ។ គ្មាននរណាម្នាក់អាចគេចផុតពីជោគវាសនាដែលត្រូវបានកំណត់ទុកសម្រាប់ពួកគេនោះឡើយ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរកំណើតរបស់គេ ហើយក៏គ្មាននរណាម្នាក់អាចជ្រើសរើសជោគវាសនារបស់ខ្លួនបានដែរ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល