ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I" | សម្រង់​សម្ដីទី ៩៤

05-05-2021

សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានដាក់កំហិតដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រនោះទេ ហើយសិទ្ធិអំណាចរបស់ព្រះអាទិករ គឺហួសពីការគណនាទៅទៀត

ចូរយើងមើលព្រះគម្ពីរលោកុប្បត្តិជំពូក ២២៖១៧-១៨។ នេះគឺជាខគម្ពីរមួយទៀតដែលព្រះយេហូវ៉ាដ៏ជាព្រះបានមានព្រះបន្ទូលទៅកាន់អ័ប្រាហាំ «ដើម្បីឲ្យមានព្រះពរ នោះខ្ញុំនឹងប្រទានពរដល់អ្នក ហើយចំពោះការចម្រើនឡើងវិញ ខ្ញុំនឹងពហុគុណដល់ពូជអ្នកដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់អ្នក។» ព្រះយេហូវ៉ាដ៏ជាព្រះ បានប្រទានពរដល់អ័ប្រាហាំជាច្រើនលើក ដើម្បីឲ្យកូនចៅរបស់គាត់មានគ្នាយ៉ាងសន្ធឹក ប៉ុន្តែតើពួកគេបង្កើតចំនួនបានច្រើនកម្រិតណា? គឺតាមចំនួនដែលព្រះជាម្ចាស់បានមានបន្ទូលនៅក្នុងខគម្ពីរ «ដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» មានន័យថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់អ័ប្រាហាំឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយឲ្យច្រើនដូចខ្សាច់នៅមាត់សមុទ្រ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយប្រើការប្រៀបធៀប ហើយចេញពីការប្រៀបធៀបនេះ វាមិនមែនជារឿងលំបាកនោះទេ ដែលព្រះជាម្ចាស់គ្រាន់តែប្រទានកូនចៅមួយ ពីរ ឬសូម្បីតែរាប់ពាន់នាក់ដល់អ័ប្រាហាំនោះ។ មិនតែប៉ុណ្ណោះ ទ្រង់អាចប្រទានចំនួនដែលរាប់មិនអស់ ដែលគ្រប់គ្រាន់នឹងក្លាយជាជាតិសាសន៍នានា ដោយសារព្រះជាម្ចាស់បានសន្យានឹងអ័ប្រាហាំថា គាត់នឹងក្លាយជាឪពុកនៃជាតិសាសន៍នានា។ ពេលនេះ តើចំនួននេះត្រូវបានកំណត់ដោយមនុស្ស ឬដោយព្រះជាម្ចាស់? តើមនុស្សអាចគ្រប់គ្រងចំនួនកូនចៅដែលគេមានបានឬទេ? តើវាអាស្រ័យលើគេទេ? វាមិនអាស្រ័យលើមនុស្សនោះទេ ថាតើគេមានពីរបីនាក់ ឬច្រើនដូចជា «ផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» នោះ។ តើនរណាមិនប្រាថ្នាចង់បានកូនចៅច្រើនដូចជាផ្កាយនោះ? ជាអកុសល អ្វីៗមិនមែនតែងតែទៅតាមវិធីដែលអ្នកចង់បាននោះទេ។ មិនថាមនុស្សមានជំនាញ ឬសមត្ថភាពប៉ុនណានោះទេ គឺវាមិនអាស្រ័យលើគាត់នោះទេ។ គ្មាននរណាម្នាក់អាចឈរខាងក្រៅដែនកំណត់ដែលព្រះជាម្ចាស់ត្រួតត្រាបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនដែលទ្រង់អនុញ្ញាតដល់អ្នក គឺជាចំនួនដែលអ្នកគួរតែមាន៖ ប្រសិនបើព្រះជាម្ចាស់ប្រទានឲ្យអ្នកតិចតួច នោះអ្នកនឹងមិនដែលមានច្រើននោះទេ ហើយប្រសិនបើព្រះជាម្ចាស់ប្រទានឲ្យអ្នកច្រើន នោះគ្មានប្រយោជន៍អ្វីដែលអ្នកត្រូវតូចចិត្តចំពោះចំនួនដែលអ្នកមាននោះទេ។ តើមិនមែនបែបនោះទេឬអី? ទាំងអស់នេះគឺអាស្រ័យលើព្រះជាម្ចាស់ មិនមែនអាស្រ័យលើមនុស្សនោះទេ! មនុស្សត្រូវបានព្រះជាម្ចាស់ត្រួតត្រា ហើយគ្មានករណីលើកលែងចំពោះនរណាម្នាក់នោះទេ!

នៅពេលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល «ខ្ញុំនឹងពហុគុណដល់ពូជអ្នក» នេះគឺជាសេចក្តីសញ្ញាមួយដែលព្រះជាម្ចាស់បានតាំងជាមួយអ័ប្រាហាំ ហើយដូចទៅនឹងសេចក្តីសញ្ញាឥន្ទធនូដែរ វានឹងត្រូវបានសម្រេចអស់កល្បជានិច្ច ហើយវាក៏ជាសេចក្តីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះអ័ប្រាហាំដែរ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមាគុណសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាពដើម្បីធ្វើឲ្យសេចក្តីសន្យានេះក្លាយជាការពិត។ មិនថាមនុស្សជឿ ឬមិនជឿអំពីរឿងនេះនោះទេ មិនថាមនុស្សទទួលយកវាបាន ឬមិនបាននោះទេ ហើយមិនថាមនុស្សយល់យ៉ាងណាចំពោះវា ឬចាត់ទុកវាបែបណានោះទេ គ្រប់យ៉ាងទាំងអស់នឹងត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងបំណង និងសញ្ញាណរបស់មនុស្សនោះទេ ហើយវានឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងមនុស្ស ហេតុការណ៍ ឬវត្ថុអ្វីមួយឡើយ។ របស់សព្វសារពើនឹងវិនាសបាត់ទៅ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងស្ថិតនៅជារៀងរហូត។ តាមពិត ថ្ងៃដែលអ្វីៗអាចវិនាសបាត់ទៅ គឺពិតជាថ្ងៃដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចយ៉ាងពេញលេញ ព្រោះទ្រង់ជាព្រះអាទិករ ទ្រង់មានសិទ្ធិអំណាចរបស់ព្រះអាទិករ ទ្រង់មានព្រះចេស្ដារបស់ព្រះអាទិករ ហើយទ្រង់គ្រប់គ្រងរបស់សព្វសារពើ និងកម្លាំងជីវិតទាំងអស់។ ទ្រង់អាចបណ្តាលឲ្យអ្វីមួយកើតចេញមកពីភាពគ្មានអ្វីសោះ ឬអាចធ្វើឲ្យអ្វីមួយក្លាយទទេសូន្យ ហើយទ្រង់គ្រប់គ្រងការផ្លាស់ប្តូរនៃរបស់សព្វសារពើ តាំងពីការរស់នៅរហូតដល់ស្លាប់។ សម្រាប់ព្រះជាម្ចាស់ គ្មានអ្វីសាមញ្ញជាងការចម្រើនកូនចៅរបស់នរណាម្នាក់ ឲ្យច្រើនសន្ធឹកសន្ធាប់នោះទេ។ ការនិយាយបែបនេះ ស្តាប់ទៅហាក់ដូចជារឿងប្លែកអស្ចារ្យសម្រាប់មនុស្ស ដូចជារឿងព្រេងអ៊ីចឹង ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ អ្វីដែលទ្រង់សម្រេចព្រះហឫទ័យ និងសន្យាធ្វើ មិនមែនជារឿងប្លែកអស្ចារ្យ ឬជារឿងព្រេងនោះទេ។ ផ្ទុយទៅវិញ វាជាការពិតមួយដែលព្រះជាម្ចាស់បានឃើញរួចទៅហើយ ហើយដែលនឹងត្រូវបានសម្រេចយ៉ាងពិតប្រាកដ។ តើអ្នករាល់គ្នាកោតសរសើរចំពោះរឿងនេះទេ? តើការពិតបានបញ្ជាក់ថា កូនចៅរបស់លោកអ័ប្រាហាំមានចំនួនសន្ធឹកសន្ធាប់ឬទេ? តើពួកគេច្រើនសន្ធឹកសន្ធាប់បែបណា? តើពួកគេច្រើនសន្ធឹកសន្ធាប់ដូចជា «ផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» ដែលព្រះជាម្ចាស់មានព្រះបន្ទូលឬទេ? តើពួកគេរាយប៉ាយនៅទូទាំងជាតិសាសន៍ និងតំបន់ ទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកឬទេ? តាមរយៈអ្វី ដែលការពិតនេះត្រូវបានសម្រេច? តើវាត្រូវបានសម្រេចដោយសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? អស់រយៈពេលរាប់រយ ឬរាប់ពាន់ឆ្នាំ បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែង ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តសម្រេចរហូតមក ហើយកំពុងក្លាយជាការពិតជានិច្ច។ នេះគឺជាសព្វានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាអំណះអំណាងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើនៅគ្រាដំបូង ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺឡើង» ដូច្នេះពន្លឺក៏មានឡើង។ ហេតុការណ៍នេះបានកើតឡើងយ៉ាងឆាប់រហ័ស ត្រូវបានសម្រេចក្នុងរយៈពេលដ៏ខ្លី និងគ្មានការពន្យារពេលក្នុងការសម្រេច និងការទទួលបានរបស់វានោះទេ។ លទ្ធផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺភ្លាមៗមួយរំពេច។ ហេតុការណ៍ទាំងពីរខាងលើនេះ គឺជាការបង្ហាញឲ្យឃើញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំ ទ្រង់អនុញ្ញាតឲ្យមនុស្សមើលឃើញលក្ខណៈសំខាន់មួយចំហៀងផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ក៏ដូចជាអនុញ្ញាតឲ្យមនុស្សឃើញការពិតដែលថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់គឺហួសពីការគណនា។ ជាងនេះទៅទៀត ទ្រង់បានអនុញ្ញាតឲ្យមនុស្សឃើញផ្នែកដែលល្អជាង និងពិតជាងនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ នោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បញ្ជាលើកិច្ចការនេះ ហើយការពិតដែលព្រះឱស្ឋរបស់ព្រះជាម្ចាស់បានសន្យា ចាប់ផ្តើមក្លាយជាការពិតបន្តិចម្តងៗ។ ជាលទ្ធផល ការផ្លាស់ប្តូរចាប់ផ្តើមកើតឡើងនៅក្នុងចំណោមរបស់សព្វសារពើ ដូចទៅនឹងការមកដល់នៃរដូវផ្ការីក ដែលស្មៅប្រែជាពណ៌បៃតង ផ្កាចាប់រីក ផ្កាក្រពុំចេញពន្លកពីដើមឈើ បក្សាបក្សីចាប់ផ្តើមច្រៀង ក្ងានត្រឡប់មកវិញ ហើយទីវាលពេញទៅដោយមនុស្សអ៊ីចឹង...។ តាមរយៈការមកដល់នៃរដូវផ្ការីក របស់សព្វសារពើត្រូវបានធ្វើឲ្យថ្មីស្រស់ ហើយនេះគឺជាទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ។ នៅពេលដែលព្រះជាម្ចាស់សម្រេចសេចក្តីសន្យារបស់ទ្រង់ នោះរបស់សព្វសារពើនៅលើស្ថានសួគ៌ និងនៅលើផែនដីប្រែជាថ្មីឡើងវិញ ហើយផ្លាស់ប្តូរទៅតាមព្រះតម្រិះរបស់ព្រះជាម្ចាស់ ដោយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ។ នៅពេលដែលការប្ដេជ្ញា ឬសេចក្តីសន្យា ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះរបស់សព្វសារពើបម្រើការសម្រេចរបស់វា ហើយត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍នៃការសម្រេចរបស់វា។ សត្តនិករទាំងអស់ត្រូវបានចាត់ចែង និងត្រូវបានរៀបចំនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដោយការបំពេញតាមតួនាទីរបស់ពួកវារៀងៗខ្លួន ហើយបម្រើតាមតួនាទីរបស់ពួកវារៀងៗខ្លួន។ នេះគឺជាការបើកបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ តើអ្នកឃើញអ្វីនៅក្នុងការបើកបង្ហាញនេះ? ធ្វើដូចម្តេចទើបអ្នកស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? តើមានលំដាប់ចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមានការកំណត់ពេលវេលាឬទេ? តើអាចនិយាយថា វាមានកម្ពស់ជាក់លាក់ប៉ុណ្ណេះ វាមានប្រវែងជាក់លាក់ប៉ុណ្ណោះបានទេ? តើអាចនិយាយបានថា វាមានទំហំ ឬកម្លាំងជាក់លាក់មួយដែរឬទេ? តើមនុស្សអាចប្រើរង្វាស់រង្វាល់ដើម្បីវាស់វាបានទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនភ្លឺភ្លឹបភ្លែតៗ មិនមកហើយទៅវិញនោះទេ ហើយគ្មាននរណាម្នាក់អាចវាស់អំពីភាពអស្ចារ្យនៃសិទ្ធិអំណាចរបស់ទ្រង់បានទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុនណានោះទេ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់មនុស្សម្នាក់ នោះព្រះពរនេះនឹងបន្តទៅមុខ ហើយដំណើរការបន្តបន្ទាប់របស់វានឹងបញ្ជាក់ពីសិទ្ធិអំណាចដែលមិនអាចប៉ាន់ប្រមាណបានរបស់ព្រះជាម្ចាស់ ហើយនឹងអនុញ្ញាតឲ្យមនុស្សជាតិមើលឃើញការលេចមកនៃកម្លាំងជីវិតដែលមិនអាចរលត់បានរបស់ព្រះអាទិករម្តងហើយម្តងទៀត។ ការបង្ហាញនីមួយៗនៃសិទ្ធិអំណាចរបស់ទ្រង់ គឺជាការពន្យល់បង្ហាញដ៏គ្រប់លក្ខណ៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចេញពីព្រះឱស្ឋរបស់ទ្រង់មក ដែលត្រូវបានពន្យល់បង្ហាញចំពោះរបស់សព្វសារពើ និងចំពោះមនុស្សជាតិ។ ជាងនេះទៅទៀត គ្រប់យ៉ាងដែលសិទ្ធិអំណាចរបស់ទ្រង់សម្រេចបាន គឺល្អគ្មានអ្វីផ្ទឹម ហើយគ្មានកំហុសទាល់តែសោះ។ អាចនិយាយបានថា ព្រះតម្រិះរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ និងកិច្ចការទាំងអស់ដែលទ្រង់សម្រេចបាន គឺជារូបភាពដ៏ស្រស់ស្អាតមួយដែលគ្មានអ្វីផ្ទឹមបាន ហើយចំពោះសត្តនិករវិញ ភាសារបស់មនុស្សជាតិមិនអាចពណ៌នាអំពីសារៈសំខាន់ និងគុណតម្លៃរបស់វាបានឡើយ។ នៅពេលដែលព្រះជាម្ចាស់ធ្វើសេចក្តីសន្យាចំពោះមនុស្សម្នាក់ គ្រប់យ៉ាងអំពីពួកគេ គឺព្រះជាម្ចាស់ជ្រាបច្បាស់ដូចខ្នងព្រះហស្ដផ្ទាល់របស់ទ្រង់អ៊ីចឹង មិនថាពួកគេរស់នៅទីណា ឬអ្វីដែលពួកគេធ្វើ ប្រវត្តិរូបរបស់ពួកគេមុនពេល និងក្រោយពេលដែលពួកគេទទួលបានសេចក្តីសន្យា ឬការរំជើបរំជួលអស្ចារ្យប៉ុណ្ណានៅក្នុងបរិស្ថានរស់នៅរបស់ពួកគេនោះទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុនណា បន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលរបស់ទ្រង់នោះទេ ចំពោះទ្រង់ វាប្រៀបដូចជាព្រះបន្ទូលទាំងនេះទើបតែត្រូវបានថ្លែងអ៊ីចឹង។ មានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា ហើយមានសិទ្ធិអំណាចដែលទ្រង់អាចតាមដាន គ្រប់គ្រង និងសម្រេចរាល់សេចក្តីសន្យាដែលទ្រង់ធ្វើចំពោះមនុស្សជាតិ។ ហើយមិនថាជាសន្យាអ្វី មិនថាវាត្រូវការពេលប៉ុន្មានដើម្បីសម្រេចយ៉ាងពេញលេញ ហើយជាងនេះទៅទៀត មិនថាទំហំដែលការសម្រេចរបស់វាប៉ះពាល់ មានវិសាលភាពធំទូលាយប៉ុនណា ឧទាហរណ៍ ពេលវេលា លក្ខណៈភូមិសាស្ត្រ ជាតិសាសន៍។ ល។ ក៏សេចក្តីសន្យានេះនឹងត្រូវបានសម្រេច និងទទួលបានដែរ។ ជាងនេះទៅទៀត ការសម្រេចបាន និងការទទួលបានរបស់សេចក្តីសន្យានេះ នឹងមិនទាមទារឲ្យទ្រង់មានការប្រឹងប្រែងសូម្បីតែបន្តិច។ តើនេះបញ្ជាក់អំពីអ្វី? វាបញ្ជាក់ថា វិសាលភាពនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសកលលោកទាំងមូល និងមនុស្សជាតិទាំងមូល។ ទ្រង់បានបង្កើតពន្លឺ ប៉ុន្តែនោះមិនមានន័យថាព្រះជាម្ចាស់គ្រាន់តែគ្រប់គ្រងពន្លឺនោះទេ ឬមិនមានន័យថាទ្រង់គ្រាន់តែគ្រប់គ្រងទឹកដោយសារតែទ្រង់បានបង្កើតទឹកនោះទេ ហើយក៏មិនមានន័យថា គ្រប់យ៉ាងផ្សេងទៀតមិនទាក់ទងនឹងព្រះជាម្ចាស់នោះដែរ។ តើនេះមិនមែនជាការយល់ខុសទេឬ? ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់អ័ប្រាហាំ បានរសាត់បន្តិចម្តងៗពីការចងចាំរបស់មនុស្ស ក្រោយពីរាប់រាយឆ្នាំក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការសន្យានេះនៅតែស្ថិតនៅដដែល។ វានៅតែស្ថិតនៅក្នុងដំណើរការនៃការសម្រេច ហើយមិនដែលឈប់នោះទេ។ មនុស្សមិនដែលដឹង ឬបានឮពីវិធីដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនដែលដឹង ឬបានឮពីវិធីដែលរបស់សព្វសារពើត្រូវបានចាត់ចែង និងមិនដែលដឹង ឬបានឮពីចំនួននៃរឿងរ៉ាវអស្ចារ្យដែលបានកើតឡើងក្នុងចំណោមរបស់សព្វសារពើនៃការបង្កើតរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនេះនោះទេ។ ប៉ុន្តែ រាល់បំណែកនៃការបង្ហាញពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការបើកសម្តែងពីទង្វើរបស់ទ្រង់ត្រូវបានផ្ទេរ និងលើកតម្កើងនៅក្នុងរបស់សព្វសារពើ។ របស់សព្វសារពើបានប្រកាស និងបានថ្លែងពីទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ ហើយរឿងរ៉ាវនីមួយៗដែលគេបាននិយាយច្រើនអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ នឹងត្រូវបានប្រកាសដោយរបស់សព្វសារពើជារៀងរហូតតទៅ។ សិទ្ធិអំណាចដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ និងព្រះចេស្ដារបស់ព្រះជាម្ចាស់ បង្ហាញដល់របស់សព្វសារពើថា ព្រះជាម្ចាស់គឺមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នៅពេលដែលអ្នកបានឃើញទីបន្ទាល់ពីវិសាលភាពនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ នោះអ្នកនឹងឃើញថា ព្រះជាម្ចាស់គឺមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ មិនត្រូវបានទប់ស្កាត់ដោយពេលវេលា លក្ខណៈភូមិសាស្ត្រ ទីកន្លែង ឬមនុស្សណាម្នាក់ ហេតុការណ៍ណាមួយ ឬវត្ថុណាមួយនោះឡើយ។ វិសាលភាពនៃសិទ្ធិអំណាច និងអំណាចរបស់ព្រះជាម្ចាស់ គឺហួសពីការគិតស្រមៃរបស់មនុស្ស។ មនុស្សមិនអាចវាស់ស្ទង់បាន មនុស្សមិនអាចស្រមើស្រមៃបាន ហើយមនុស្សនឹងមិនដែលស្គាល់យ៉ាងពេញលេញនោះឡើយ។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

Leave a Reply

ចែក​រំលែក

លុប​ចោល