ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៣៧

04-05-2021

ព្រះជាម្ចាស់ត្រូវតែបំផ្លាញក្រុមសូដុម (អត្ថបទសម្រាំង)

លោកុប្បត្តិ ១៨:២៦ រួចព្រះយេហូវ៉ាមានបន្ទូលថា ប្រសិនបើខ្ញុំឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម នោះខ្ញុំនឹងទុកជីវិតដល់មនុស្សអស់នៅក្នុងទីក្រុងនេះ ដោយយល់ដល់អ្នកទាំងនោះ។

លោកុប្បត្តិ ១៨:២៩ រួចលោកក៏ទូលទៅទ្រង់ម្ដងទៀត ហើយនិយាយថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសែសិបនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសែសិបនាក់នោះ។

លោកុប្បត្តិ ១៨:៣០ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសាមសិបនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសាមសិបនាក់នោះ។

លោកុប្បត្តិ ១៨:៣១ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែម្ភៃនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតម្ភៃនាក់នោះ។

លោកុប្បត្តិ ១៨:៣២ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតដប់នាក់នោះ។

ព្រះជាម្ចាស់មានពេញដោយសេចក្ដីមេត្តាករុណាយ៉ាងបរិបូរចំពោះមនុស្សដែលទ្រង់យកព្រះហឫទ័យទុកដាក់ ហើយមានពេញដោយសេចក្ដីក្រោធលើសលប់ចំពោះមនុស្សដែលទ្រង់ស្អប់ និងបដិសេធ

នៅក្នុងរឿងក្នុងព្រះគម្ពីរ តើមានអ្នកបម្រើរបស់ព្រះជាម្ចាស់ដប់នាក់ នៅក្នុងក្រុងសូដុមទេ? ទេ គ្មានទេ! តើទីក្រុងនេះសមនឹងឲ្យព្រះជាម្ចាស់ទុកជីវិតឲ្យទេ? នៅក្នុងក្រុងនេះ មានមនុស្សម្នាក់គត់គឺ លោកឡុត ដែលបានទទួលអ្នកនាំសាររបស់ព្រះជាម្ចាស់។ ន័យនេះបញ្ជាក់ថា នៅក្នុងក្រុងនេះមានអ្នកបម្រើរបស់ព្រះជាម្ចាស់តែម្នាក់គត់ ដូច្នេះហើយព្រះជាម្ចាស់គ្មានជម្រើសផ្សេង ក្រៅតែពីសង្គ្រោះលោកឡុត និងបំផ្លាញក្រុងសូដុមចោលនោះទេ។ ការដោះដូររវាងអ័ប្រាហាំ និងព្រះជាម្ចាស់ដែលបានលើកឡើងខាងលើ អាចមើលទៅសាមញ្ញ ប៉ុន្តែវាបង្ហាញអត្ថន័យជ្រាលជ្រៅណាស់៖ មានគោលការណ៍ចំពោះសកម្មភាពរបស់ព្រះជាម្ចាស់ ហើយមុនធ្វើការសម្រេចព្រះទ័យ ទ្រង់នឹងចំណាយពេលយ៉ាងយូរ ដើម្បី សង្កេត និងព្រះតម្រិះទុក ទ្រង់ដាច់ខាតមិនធ្វើការសម្រេចព្រះទ័យ ឬក៏ធ្វើការសន្និដ្ឋាន មុនពេលវេលាមកដល់នោះទេ។ ការដោះដូររវាងអ័ប្រាហាំ និងព្រះជាម្ចាស់បង្ហាញឲ្យយើងឃើញថា ការដែលព្រះជាម្ចាស់សម្រេចព្រះទ័យបំផ្លាញក្រុងសូដុម គឺមិនខុសទេ សូម្បីតែបន្តិច ដ្បិតព្រះជាម្ចាស់ជ្រាបជាស្រេចហើយថា នៅក្នុងទីក្រុងនេះគ្មានមនុស្សសុចរិតសែសិបនាក់ សាមសិបនាក់ ឬម្ភៃនាក់នោះឡើយ។ សូម្បីតែដប់នាក់ក៏មិនមានផង។ មនុស្សសុចរិតតែម្នាក់គត់នៅក្នុងក្រុងនេះគឺ លោកឡុត។ អ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងក្រុងសូដុម និងស្ថានការណ៍នានានៅក្នុងទីក្រុងនេះ ត្រូវបានសង្កេតមើលដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជ្រាបរឿងនេះច្បាស់ ដូចជាស្គាល់ព្រះហស្តរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ការសម្រេចព្រះទ័យរបស់ទ្រង់ គឺមិនអាចខុសឡើយ។ ផ្ទុយទៅវិញ ប្រៀបធៀបនឹងភាពពេញដោយព្រះចេស្ដារបស់ព្រះជាម្ចាស់ មនុស្សស្ពឹកស្រពន់ខ្លាំង ល្ងីល្ងើ និងល្ងង់ខ្លៅខ្លាំង គិតគូរមិនបានវែងឆ្ងាយ។ នេះគឺជាអ្វីដែលយើងមើលឃើញនៅក្នុងការសន្ទនារវាងលោកអ័ប្រាហាំ និងព្រះជាម្ចាស់។ ព្រះជាម្ចាស់បញ្ចេញនិស្ស័យរបស់ទ្រង់តាំងពីគ្រាដើមដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ក្នុងនេះក៏មាននិស្ស័យរបស់ព្រះជាម្ចាស់ដែលយើងគួរមើលឃើញដូចគ្នាដែរ។ ចំនួនសាមញ្ញនោះទេ វាមិនបង្ហាញពីអ្វីទាំងអស់ ប៉ុន្តែ នៅក្នុងនេះមានការបង្ហាញចេញមួយដ៏សំខាន់ ស្ដីអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនបំផ្លាញក្រុងនេះទេ ដោយសារតែមនុស្សសុចរិតហាសិបនាក់។ តើនេះមកពីព្រះគុណរបស់ព្រះជាម្ចាស់ឬ? ឬក៏មកពីសេចក្ដីស្រឡាញ់ និងការអធ្យាស្រ័យរបស់ព្រះអង្គ? តើអ្នករាល់គ្នាធ្លាប់ឃើញនិស្ស័យបែបនេះរបស់ព្រះជាម្ចាស់ដែរឬទេ? ទោះបីជាមានមនុស្សសុចរិតត្រឹមតែដប់នាក់ ក៏ព្រះជាម្ចាស់មិនបំផ្លាញក្រុងនោះដែរ ដោយសារតែមនុស្សសុចរិតទាំងដប់នាក់នោះ។ តើនេះមកការអធ្យាស្រ័យ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មែន ឬមិនមែន? ដោយសារសេចក្ដីមេត្តាករុណា ការអធ្យាស្រ័យ និងការយកព្រះទ័យទុកដាក់ដល់មនុស្សសុចរិត ទ្រង់នឹងមិនបំផ្លាញទីក្រុងនេះទេ។ នេះជាការអធ្យាស្រ័យរបស់ព្រះជាម្ចាស់។ ហើយនៅទីបញ្ចប់ តើយើងមើលឃើញលទ្ធផលអ្វីខ្លះ? នៅពេលដែលអ័ប្រាហាំនិយាយថា «ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំនឹងមិនបំផ្លាញវាទេ»។ ក្រោយមកទៀត អ័ប្រាហាំក៏លែងនិយាយអ្វីទៀត ដ្បិតនៅក្នុងក្រុងសូដុម គ្មានមនុស្សសុចរិតដប់នាក់ដែលគាត់និយាយសំដៅនោះទេ រួចគាត់ក៏គ្មានអ្វីនិយាយតទៅទៀត ហើយនៅពេលនោះគាត់ក៏យល់មូលហេតុដែលព្រះជាម្ចាស់បានតាំងព្រះទ័យបំផ្លាញក្រុងសូដុម។ នៅក្នុងនេះ តើអ្នករាល់គ្នាមើលឃើញនិស្ស័យអ្វីខ្លះរបស់ព្រះជាម្ចាស់? តើព្រះជាម្ចាស់បានធ្វើការតាំងព្រះទ័យអ្វីខ្លះ? ព្រះជាម្ចាស់បានតាំងព្រះទ័យរួចហើយថា ប្រសិនបើក្រុងនេះគ្មានមនុស្សសុចរិតដប់នាក់ទេ នោះទ្រង់នឹងមិនអនុញ្ញាតឲ្យវានៅមានទៀតទេ ហើយនឹងបំផ្លាញវា ដោយចៀសមិនរួចឡើយ។ តើនេះមិនមែនជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេឬអី? តើសេចក្ដីក្រោធនេះ តំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងពីលក្ខណៈដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដែរឬទេ? តើវាជាការបើកសម្ដែងអំពីលក្ខណៈសុចរិតរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនត្រូវប្រព្រឹត្តល្មើសដែរឬទេ? ព្រះជាម្ចាស់ប្រាកដព្រះទ័យក្នុងការបំផ្លាញទីក្រុងនេះ ដោយបានបញ្ជាក់ហើយថា គ្មានមនុស្សសុចរិតដប់នាក់នៅក្នុងក្រុងសូដុមឡើយ ហើយទ្រង់នឹងដាក់ទោសមនុស្សនៅក្នុងក្រុងនោះយ៉ាងធ្ងន់ធ្ងរ ដ្បិតពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយដោយសារតែពួកគេស្មោកគ្រោក និងពុករលួយផង។

ហេតុអ្វីបានយើងវិភាគអត្ថបទគម្ពីរទាំងនេះតាមវិធីនេះ? នេះមកពីប្រយោគសាមញ្ញៗទាំងអស់នេះ ផ្ដល់នូវការបង្ហាញដ៏ពេញលេញពីនិស្ស័យដែលពោរពេញសេចក្ដីមេត្តាករុណា និងសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ព្រះជាម្ចាស់។ ក្នុងពេលព្រមគ្នាជាមួយនឹងការឲ្យតម្លៃមនុស្សសុចរិត និងមានសេចក្ដីមេត្តាករុណា ហើយអធ្យាស្រ័យចំពោះពួកគេ ក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មានសេចក្ដីសម្អប់យ៉ាងជ្រាលជ្រៅចំពោះមនុស្សទាំងអស់ក្នុងក្រុងសូដុម ដែលជាមនុស្សពុករលួយដែរ។ តើនេះជាសេចក្ដីមេត្តាករុណាដ៏បរិបូរ និងជាសេចក្ដីក្រោធដ៏ជ្រាលជ្រៅមែន ឬមិនមែន? តើព្រះជាម្ចាស់បំផ្លាញក្រុងសូដុម ដោយប្រើនូវមធ្យោបាយអ្វី? ដោយសារភ្លើង។ ហើយហេតុអ្វីបានជាទ្រង់បំផ្លាញទីក្រុងនេះ ដោយប្រើភ្លើង? នៅពេលដែលអ្នកមើលឃើញអ្វីម្យ៉ាងត្រូវឆេះដោយសារភ្លើង ឬនៅពេលដែលអ្នកបម្រុងនឹងដុតអ្វីម្យ៉ាង តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរបស់នោះ? ហេតុអ្វីក៏អ្នកចង់ដុតវា? តើអ្នកមានអារម្មណ៍ថា អ្នកលែងត្រូវការវាទៀត មានអារម្មណ៍ថា អ្នកលែងចង់ឃើញវាទៀតហើយមែនទេ? តើអ្នកចង់បោះបង់វាចោលមែនឬទេ? ការប្រើភ្លើងរបស់ព្រះជាម្ចាស់មានន័យថា ការបោះបង់ និងសេចក្ដីសម្អប់ និងមានន័យថា ទ្រង់លែងចង់ឃើញក្រុងសូដុមទៀតហើយ។ នេះជាអារម្មណ៍ដែលធ្វើឲ្យព្រះជាម្ចាស់បំផ្លាញក្រុងសូដុមចោលដោយប្រើភ្លើង។ ការប្រើភ្លើងតំណាងទំហំនៃសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់។ សេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យរបស់ព្រះជាម្ចាស់ គឺមានពិត ប៉ុន្តែភាពបរិសុទ្ធ និងភាពសុចរិតរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ក៏បង្ហាញឲ្យមនុស្សឃើញនិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនស៊ូទ្រាំនឹងការប្រព្រឹត្តិល្មើសណាឡើយ។ នៅពេលដែលមនុស្សអាចស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ពេញលេញ ហើយប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏មានពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សដែរ នៅពេលដែលមនុស្សមានពេញដោយសេចក្ដីពុករលួយ សេចក្ដីសម្អប់ និងភាពជាខ្មាំងសត្រូវចំពោះព្រះអង្គ នោះព្រះជាម្ចាស់ក៏មានសេចក្ដីខ្ញាល់ខ្លាំងក្រៃ។ តើទ្រង់មានសេចក្ដីខ្ញាល់ដល់កម្រិតណា? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងឋិតថេរនៅដរាបដល់ទ្រង់លែងទតឃើញការតតាំង និងទង្វើអាក្រក់របស់មនុស្សតទៅទៀត គឺរហូតទាល់តែគេលែងនៅចំពោះព្រះនេត្ររបស់ទ្រង់ទៀត។ ពេលនោះទើបសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់រលាយបាត់។ អាចនិយាយម្យ៉ាងទៀតបានថា មិនថាបុគ្គលនោះជានរណាឡើយ ប្រសិនបើចិត្តរបស់គេនៅឆ្ងាយពីព្រះជាម្ចាស់ ហើយបែរចេញពីព្រះជាម្ចាស់ មិនត្រឡប់មកវិញ នោះទោះបីជាមើលពីក្រៅ ឬក៏សេចក្ដីប្រាថ្នាក្នុងចិត្តរបស់គេ គេចង់ថ្វាយបង្គំ ដើរតាម ហើយស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងរូបកាយ ឬនៅក្នុងគំនិតរបស់គេយ៉ាងណាក៏ដោយ នៅពេលដែលដួងចិត្ដរបស់គេងាកចេញពីព្រះជាម្ចាស់ភ្លាម នោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងបញ្ចេញមកឥតឈប់ឈរដែរ។ ដល់ថ្នាក់ថា នៅពេលដែលព្រះជាម្ចាស់បញ្ចេញនូវសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ទ្រង់ចេញមក បន្ទាប់ពីបានប្រទានឱកាសគ្រប់គ្រាន់ឲ្យមនុស្សហើយ នៅពេលដែលសេចក្ដីក្រោធនេះត្រូវបានបញ្ចេញមក គឺគ្មានផ្លូវណាដកយកទៅវិញឡើយ ហើយទ្រង់នឹងមិនមានសេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យម្ដងទៀតដល់មនុស្សជាតិបែបនេះឡើយ។ នេះជានិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនអធ្យាស្រ័យចំពោះការប្រព្រឹត្តិល្មើសណាឡើយ។ ត្រង់នេះមើលទៅហាក់បីដូចជាធម្មតាចំពោះមនុស្សដែលព្រះជាម្ចាស់នឹងបំផ្លាញក្រុង ដ្បិតក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ក្រុងមួយដែលមានពេញដោយអំពើបាប គឺមិនអាចមានអត្ថិភាព និងមិនអាចបន្តនៅបានទៀតទេ ហើយវាសមហេតុផលដែរដែលវាត្រូវបំផ្លាញចោលដោយព្រះជាម្ចាស់នោះ។ តែតាមរយៈរឿងដែលបានកើតឡើងមុន និងក្រោយការដែលទ្រង់បំផ្លាញក្រុងសូដុមនោះ យើងមើលឃើញទាំងស្រុងនូវនិស្ស័យរបស់ព្រះជាម្ចាស់។ ទ្រង់អធ្យាស្រ័យ និងពេញដោយសេចក្ដីមេត្តាករុណាចំពោះអ្វីៗដែលត្រឹមត្រូវ ស្រស់ស្អាត និងល្អប្រពៃ ប៉ុន្ដែចំពោះអ្វីៗដែលអាក្រក់ ពេញដោយអំពើបាប និងកាចសាហាវ គឺទ្រង់ពេញដោយសេចក្ដីក្រោធ ដល់ថ្នាក់ក្រោធមិនឈប់ទៀតផង។ នេះគឺជាគោលការណ៍ពីរយ៉ាង និងជាចំណុចសំខាន់បំផុតនៃនិស្ស័យរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ សេចក្ដីនេះត្រូវបានបើកសម្ដែងដោយព្រះជាម្ចាស់ តាំងតែពីដើមដល់ទីបញ្ចប់៖ សេចក្ដីមេត្តាករុណាដ៏បរិបូរ និងសេចក្ដីក្រោធដ៏ខ្លាំងក្រៃ។ ក្នុងចំណោមអ្នករាល់គ្នា ភាគច្រើនបានស្គាល់ពីសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ខ្លះហើយ តែនៅក្នុងចំណោមអ្នក មានមនុស្សតិចណាស់ដែលឲ្យតម្លៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញនៅក្នុងមនុស្សគ្រប់គ្នា មានន័យថា ព្រះជាម្ចាស់ពេញដោយសេចក្ដីមេ្តតាករុណាដ៏បរិបូរចំពោះមនុស្សគ្រប់ៗគ្នា។ ប៉ុន្តែ ព្រះជាម្ចាស់កម្រ ឬអាចនិយាយបានថា មិនដែលធ្លាប់ខ្ញាល់ខ្លាំងក្រៃចំពោះបុគ្គលណាម្នាក់ ឬក្រុមមនុស្សណាមួយក្នុងចំណោមអ្នករាល់គ្នានោះឡើយ។ ចូរសម្រាកចុះ! មិនយូរមិនឆាប់ទេ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងត្រូវបានឃើញ ហើយត្រូវបានស្គាល់ ដោយមនុស្សគ្រប់គ្នាជាមិនខាន ប៉ុន្តែ ពេលនេះមិនទាន់ដល់ពេលកំណត់នៅឡើយទេ។ ម៉េចក៏យ៉ាងនេះ? នេះគឺមកពីពេលដែលព្រះជាម្ចាស់ខ្ញាល់នឹងនរណាម្នាក់ជាប់ជានិច្ច ពោលគឺពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ទ្រង់មកលើពួកគេ នេះមានន័យថា ទ្រង់ស្អប់ ហើយបដិសេធមនុស្សម្នាក់នេះតាំងតែពីយូរណាស់មកហើយ ទ្រង់ស្អប់អត្ថិភាពរបស់គេ និងមិនអាចស៊ូទ្រាំនឹងអត្ថិភាពរបស់គេបានទេ នៅពេលដែលសេចក្ដីខ្ញាល់របស់ទ្រង់ធ្លាក់មកលើពួកគេភ្លាម នោះពួកគេនឹងរលាយបាត់។ សព្វថ្ងៃនេះ កិច្ចការរបស់ព្រះជាម្ចាស់នៅមិនទាន់ឈានដល់ចំណុចនេះនៅឡើយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់អាចទ្រាំបាន នៅពេលដែលព្រះជាម្ចាស់ខ្ញាល់ខ្លាំងក្រៃនោះឡើយ។ អ្នកឃើញទេ នៅពេលនេះ ព្រះជាម្ចាស់មាននូវសេចក្ដីមេត្ដាករុណាចំពោះអ្នករាល់គ្នា ហើយអ្នកមិនទាន់បានឃើញសេចក្ដីខ្ញាល់យ៉ាងជ្រាលជ្រៅរបស់ទ្រង់នៅឡើយ។ ប្រសិនបើមានមនុស្សដែលនៅតែមិនជឿ អ្នកអាចសុំឲ្យសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់មកលើអ្នកបាន ដើម្បីឲ្យអ្នកបានស្គាល់ថា សេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់ដែលមិនអធ្យាស្រ័យដល់ការប្រព្រឹត្តល្មើសណាមួយរបស់មនុស្សនោះ មានពិតមែន ឬក៏អត់។ តើអ្នកហ៊ានដែរឬទេ?

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល