ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៨៦

20-11-2025

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យពុករលួយរបស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឱ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឱ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឱ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឱ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឱ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឱ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឱ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ការចុះចូលចំពោះទ្រង់ និងធ្វើទីបន្ទាល់អំពីទ្រង់ ពួកគេត្រូវស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ពួកគេត្រូវចុះចូលតាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ ហើយពួកគេត្រូវធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងជាក់ស្ដែងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេ ដែលអាចធ្វើឱ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់ តាមរយៈការឆ្លងកាត់ការជំនុំជម្រះ ការកាត់ទោស ការវាយផ្ចាល និងការលួសកាត់ ដើម្បីធ្វើទីបន្ទាល់ពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឱ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល