ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៨៤

15-01-2026

កិច្ចការរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច ហើយទោះបីជាគោលបំណងនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រដែលទ្រង់ធ្វើការ គឺប្រែប្រួលជាដរាប ដែលមានន័យថា អស់អ្នកដែលដើរតាមព្រះជាម្ចាស់ ក៏ប្រែប្រួលជាដរាបដែរ។ កាលណាព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែច្រើន នោះចំណេះដឹងដែលគេមានអំពីទ្រង់ ក៏កាន់តែពិស្ដារដែរ។ បម្រែបម្រួលដ៏សមស្រប នៅក្នុងនិស្ស័យរបស់មនុស្ស ក៏កើតមានឡើងអាស្រ័យតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ ចេះតែប្រែប្រួលជានិច្ច ទើបអស់អ្នកដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សដែលគិតខុសឆ្គង មិនស្គាល់សេចក្ដីពិត ក្លាយជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ គឺពុំដែលត្រូវគ្នានឹងការយល់ឃើញរបស់មនុស្សឡើយ ដ្បិតកិច្ចការរបស់ទ្រង់ថ្មីជានិច្ច មិនដែលចាស់ ហើយទ្រង់ក៏មិនធ្វើកិច្ចការចាស់ម្តងទៀតទេ ប៉ុន្តែធ្វើនូវកិច្ចការដែលទ្រង់មិនធ្លាប់បានធ្វើពីមុនមកសោះ។ ដោយសារតែព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ម្ដងទៀត ហើយមនុស្សក៏ចេះតែវិនិច្ឆ័យកិច្ចការបច្ចុប្បន្នរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើពីអតីតកាល ទើបការដែលទ្រង់អនុវត្តដំណាក់កាលនីមួយៗនៃកិច្ចការក្នុងយុគសម័យថ្មី កាន់តែលំបាកក្រៃលែង។ មនុស្សមានការលំបាកច្រើនពេកហើយ! គំនិតរបស់គេ អភិរក្សនិយមពេកហើយ! គ្មាននរណាម្នាក់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ តែគ្រប់ៗគ្នាបែរជាដាក់កំហិតកិច្ចការនោះវិញ។ កាលណាគេចាកចេញពីព្រះជាម្ចាស់ មនុស្សនឹងបាត់បង់ជីវិត បាត់បង់សេចក្ដីពិត និងបាត់បង់ព្រះពរមកពីទ្រង់ស្រាប់ហើយ ប៉ុន្តែមនុស្សវិញទេ មិនទទួលយកជីវិតដែរ មិនទទួលយកសេចក្ដីពិតដែរ ហើយកាន់តែពុំទទួលយកព្រះពរដ៏ធំដែលព្រះជាម្ចាស់ប្រទានឱ្យមនុស្សលោកឡើយ។ មនុស្សទាំងអស់ចង់បានព្រះជាម្ចាស់ តែពួកគេមិនអាចទ្រាំទ្រនឹងបម្រែបម្រួលណាមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ជឿថាកិច្ចការរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ដោយជឿថាកិច្ចការនោះនៅទ្រឹងរហូត។ នៅក្នុងជំនឿរបស់ពួកគេ តម្រូវការតែមួយគត់ដើម្បីទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចពីព្រះជាម្ចាស់ គឺត្រូវកាន់តាមក្រឹត្យវិន័យ ហើយដរាបណាពួកគេប្រែចិត្ត ហើយលន់តួបាបរបស់ខ្លួន នោះព្រះជាម្ចាស់ក៏នៅតែគាប់ព្រះហឫទ័យជានិច្ចដែរ។ ទាំងនេះគឺជាគំនិតដែលគិតថា ព្រះជាម្ចាស់អាចធ្វើជាព្រះដែលស្ថិតក្រោមអំណាចក្រឹត្យវិន័យ និងជាព្រះដែលត្រូវគេបោះភ្ជាប់លើឈើឆ្កាងជំនួសមនុស្សលោកប៉ុណ្ណោះ គេក៏គិតក្នុងចិត្តទៀតថា ព្រះជាម្ចាស់មិនគួរ និងមិនអាចធ្វើកិច្ចការលើសពីអ្វីដែលមានចែងក្នុងព្រះគម្ពីរឡើយ។ ប្រាកដណាស់ គឺគំនិតទាំងអស់នេះហើយ ដែលបានចងគេជាប់ទៅនឹងក្រឹត្យវិន័យពីបុរាណ ហើយបោះពួកគេភ្ជាប់នឹងបទបញ្ញត្តិដែលសាបសូន្យបាត់ទៅហើយ។ មានអ្នកខ្លះថែមទាំងជឿទៀតថា ទោះបីកិច្ចការរបស់ព្រះជាម្ចាស់ថ្មីយ៉ាងណា ក៏កិច្ចការនោះត្រូវតែស្ដែងបញ្ជាក់ដោយបទទំនាយដែរ និងជឿថា នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការបែបនេះ អស់អ្នកដែលដើរតាមទ្រង់ដោយដួងចិត្ត «ពិត» គឺត្រូវតែមើលឃើញនូវការបើកសម្ដែង។ ពុំនោះទេ កិច្ចការបែបនេះ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ការស្គាល់ព្រះជាម្ចាស់ គឺជារឿងមួយដែលមនុស្សមិនងាយស្រួលធ្វើឡើយ។ បូករួមជាមួយនឹងដួងចិត្តដែលខុសឆ្គងរបស់មនុស្ស និងធម្មជាតិបះបោររបស់ពួកគេដែលពេញទៅដោយការរាប់ខ្លួនឯងជាសំខាន់ និងមោទនភាពខ្ពស់ នោះវារឹតតែធ្វើឱ្យមនុស្សលំបាកក្នុងការទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមិនបានពិនិត្យពិច័យពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ ហើយក៏មិនអាចទទួលយកកិច្ចការនេះ ដោយការបន្ទាបខ្លួនបានដែរ ផ្ទុយទៅវិញ គេបង្ហាញនូវអាកប្បកិរិយាមើលងាយ ខណៈដែលគេកំពុងរង់ចាំការបើកសម្ដែង និងការណែនាំពីព្រះជាម្ចាស់។ តើទាំងនេះមិនមែនជាការបើកសម្ដែងរបស់មនុស្សដែលបះបោរប្រឆាំង និងរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ដោយរបៀបណា?

ព្រះយេស៊ូវមានព្រះបន្ទូលថា កិច្ចការរបស់ព្រះយេហូវ៉ាមិនសមស្របទៀតទេសម្រាប់យុគសម័យនៃព្រះគុណ ដូចជាខ្ញុំមានបន្ទូលនៅថ្ងៃនេះថា កិច្ចការរបស់ព្រះយេស៊ូវក៏មិនសមស្របទៀតសម្រាប់យុគសម័យបច្ចុប្បន្នដែរ។ ប្រសិនបើមានត្រឹមតែយុគសម័យនៃក្រឹត្យវិន័យ ហើយគ្មានយុគសម័យនៃព្រះគុណទេ ម្ល៉េះសមព្រះយេស៊ូវនឹងមិនត្រូវគេឆ្កាងឡើយ ហើយក៏មិនអាចប្រោសលោះមនុស្សជាតិគ្រប់គ្នាបានដែរ។ ប្រសិនបើមានតែយុគសម័យនៃក្រឹត្យវិន័យ តើមនុស្សជាតិអាចអភិវឌ្ឍដល់សព្វថ្ងៃនេះបានទេ? ប្រវត្តិសាស្ត្រ វិវឌ្ឍទៅមុខ ហើយចុះប្រវត្តិសាស្ត្រមិនមែនជាច្បាប់ធម្មជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបរិយាយអំពីការដែលទ្រង់គ្រប់គ្រងមនុស្សជាតិទូទាំងចក្រវាឡទេឬអី? ប្រវត្តិសាស្ត្រ វិវឌ្ឍទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏វិវឌ្ឍទៅមុខដែរ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រែប្រួលជានិច្ច។ ទ្រង់មិនអាចនៅទ្រឹងក្នុងដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អស់រយៈពេល៦ពាន់ឆ្នាំបានឡើយ ដ្បិតគ្រប់គ្នាដឹងថា ព្រះជាម្ចាស់តែងតែថ្មីជានិច្ច ហើយព្រះអង្គក៏មិនអាចបន្តធ្វើកិច្ចការដូចជា ការជាប់ឆ្កាង ដោយឱ្យគេបោះដែកគោលភ្ជាប់នឹងឈើឆ្កាងម្ដង ពីរដង បីដង... នោះឡើយ។ ការគិតបែបនេះ គឺគួរឱ្យអស់សំណើចណាស់។ ព្រះជាម្ចាស់មិនបន្តធ្វើកិច្ចការដដែលៗទេ កិច្ចការរបស់ទ្រង់ប្រែប្រួល និងថ្មីជានិច្ច ដូចជាការដែលខ្ញុំនិយាយព្រះបន្ទូលថ្មីៗទៅកាន់អ្នករាល់គ្នា និងធ្វើកិច្ចការថ្មីរាល់ថ្ងៃដូចគ្នា។ នេះជាកិច្ចការដែលខ្ញុំធ្វើ ហើយគន្លឹះដ៏សំខាន់គឺពាក្យថា «ថ្មី» និង «អស្ចារ្យ»។ «ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ហើយទ្រង់ក៏នៅតែជាព្រះជាម្ចាស់ជានិច្ច»៖ សម្ដីមួយឃ្លានេះ គឺជាការពិត។ លក្ខណៈរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ព្រះជាម្ចាស់គឺនៅតែព្រះជាម្ចាស់ជានិច្ច ហើយទ្រង់មិនអាចប្រែក្លាយទៅជាសាតាំងបានឡើយ តែនេះមិនមែនបញ្ជាក់ថា កិច្ចការរបស់ទ្រង់នៅតែដដែលមិនប្រែប្រួល ដូចនឹងលក្ខណៈរបស់ទ្រង់នោះទេ។ អ្នកប្រកាសថា ព្រះជាម្ចាស់មិនប្រែប្រួល ប៉ុន្តែតើអ្នកអាចពន្យល់ថា ព្រះជាម្ចាស់តែងថ្មីជានិច្ច ហើយមិនដែលចាស់សោះ ដោយរបៀបណា? កិច្ចការរបស់ព្រះជាម្ចាស់ នៅបន្តសាយភាយ ហើយប្រែប្រួលជាដរាប ហើយបំណងព្រះហឫទ័យរបស់ទ្រង់ ក៏នៅតែត្រូវបានសម្ដែងឱ្យមនុស្សជាតិបានដឹង នឹងបានស្គាល់ដដែល។ ពេលមនុស្សជាតិបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់គេ នឹងប្រែប្រួលឥតឈប់ឈរ ចំណែកចំណេះដឹងរបស់គេ ក៏ដូចគ្នា។ ដូច្នេះ តើការប្រែប្រួលនេះ មានប្រភពមកពីណា? តើវាមិនមែនកើតមកពីកិច្ចការរបស់ព្រះជាម្ចាស់ ដែលប្រែប្រួលឥតឈប់ឈរទេឬអី? បើនិស្ស័យមនុស្សអាចប្រែប្រួលបាន ហេតុអ្វីក៏មនុស្សមិនអាចអនុញ្ញាតឱ្យកិច្ចការនិងព្រះបន្ទូលរបស់ខ្ញុំ បន្តផ្លាស់ប្ដូរដែរទៅ? តើខ្ញុំត្រូវនៅក្រោមកំហិតរបស់មនុស្សដែរមែនទេ? តើអ្នកមិនមែនកំពុងប្រើប្រាស់ការប្រកែក ដោយបង្ខំ និងហេតុផលបំភ័ន្ត នៅក្នុងគំនិតនេះទេឬអី?

ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល