ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៨៣

21-11-2025

ពីព្រោះជានិច្ចកាល មានការអភិវឌ្ឍន៍ថ្មីៗនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ មានកិច្ចការថ្មី ហើយក៏មានកិច្ចការដែលចាស់ហួសសម័យដែរ។ ប្រភេទកិច្ចការផ្សេងៗគ្នានេះ ទាំងថ្មី ទាំងចាស់ មិនប្រឆាំងគ្នាទេ ប៉ុន្តែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ព្រោះជំហាននីមួយៗបន្តគ្នាពីជំហានមុនៗមក។ ជាការពិតណាស់ ដោយសារមានកិច្ចការថ្មី ដូច្នេះកិច្ចការចាស់ត្រូវតែផាត់ចោល។ ឧទាហរណ៍ ការអនុវត្ត និងពាក្យទំនៀមដែលបានបង្កើតឡើងជាយូរមកហើយ គួបផ្សំនឹងបទពិសោធ និងការបង្រៀនជាច្រើនឆ្នាំរបស់មនុស្សផងនោះ បានបង្កើតជាសញ្ញាណគ្រប់បែបយ៉ាងនៅក្នុងចិត្តមនុស្ស។ ប៉ុន្តែ អ្វីដែលកាន់តែអំណោយផលដល់ការបង្កើតសញ្ញាណរបស់មនុស្ស គឺដោយសារព្រះជាម្ចាស់មិនទាន់បើកសម្ដែងព្រះភ័ក្រ្ត និងនិស្ស័យពិតប្រាកដរបស់ទ្រង់ឱ្យមនុស្សបានឃើញពេញលេញនៅឡើយ គួបផ្សំនឹងការផ្សព្វផ្សាយទ្រឹស្តីប្រពៃណីពីបុរាណក្នុងរយៈពេលជាច្រើនឆ្នាំផង។ អាចនិយាយបានថា នៅក្នុងអំឡុងពេលដែលមនុស្សជឿលើព្រះជាម្ចាស់ ឥទ្ធិពលនៃសញ្ញាណនានា បាននាំឱ្យមានការបង្កើត និងការវិវឌ្ឍន៍ជាបន្តបន្ទាប់នូវចំណេះដឹងរបស់មនុស្ស ដែលពួកគេមានសញ្ញាណគ្រប់បែបយ៉ាងអំពីព្រះជាម្ចាស់ ទើបធ្វើឱ្យអ្នកកាន់សាសនាជាច្រើនដែលបម្រើព្រះ បានក្លាយទៅជាសត្រូវរបស់ទ្រង់ទៅវិញ។ ដូច្នេះ កាលណាមនុស្សមានសញ្ញាណសាសនាកាន់តែច្រើន ពេលនោះពួកគេកាន់តែប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់តែងតែថ្មីជានិច្ច មិនដែលចាស់សោះឡើយ កិច្ចការនោះមិនដែលក្លាយជាគោលលទ្ធិទេ ហើយផ្ទុយទៅវិញ កិច្ចការនោះមានការផ្លាស់ប្ដូរ និងផ្លាស់ថ្មីជានិច្ច មានតិចមានច្រើន។ កិច្ចការនេះ ជាការបើកសម្តែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ វាក៏ជាគោលការណ៍ជាប់ពាក់ព័ន្ធទៅនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែរ និងជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយនានា ដែលព្រះជាម្ចាស់សម្រេចការគ្រប់គ្រងរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំពេញកិច្ចការតាមវិធីនេះទេ មនុស្សនឹងមិនផ្លាស់ប្រែ ឬមិនអាចស្គាល់ព្រះជាម្ចាស់បានឡើយ ហើយសាតាំងក៏នឹងមិនអាចបង្រ្កាបបានដែរ។ ដូច្នេះហើយ នៅក្នុងកិច្ចការរបស់ទ្រង់តែងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលមើលទៅដូចជាមិនស្ថិតស្ថេរ ប៉ុន្តែតាមពិតទៅ កើតមានតាមពេលវេលាកំណត់។ ប៉ុន្តែ មនុស្សជឿលើព្រះជាម្ចាស់ តាមរបៀបផ្សេងៗពីគ្នា។ មនុស្សប្រកាន់ខ្ជាប់ទៅនឹងគោលលទ្ធិ និងប្រព័ន្ធចាស់ដែលគេធ្លាប់ស្គាល់ ហើយនៅពេលគោលលទ្ធិ និងប្រព័ន្ធនោះកាន់តែយូរកាលទៅ មនុស្សកាន់តែងាយនឹងទទួលយកវា។ តើគំនិតដ៏ល្ងីល្ងើរបស់មនុស្ស ដែលចចេសរឹងរូសដូចជាដុំថ្ម អាចទទួលយកកិច្ចការថ្មី និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមិនអាចវាស់ស្ទង់បានដូចម្តេចទៅ? មនុស្សស្អប់ព្រះជាម្ចាស់ដែលមានលក្ខណៈថ្មីជានិច្ច និងមិនដែលចាស់សោះនោះ។ មនុស្សចូលចិត្តតែព្រះចាស់បុរាណ មានព្រះទន្ដវែង មានសក់ស្កូវ នៅនឹងថ្កល់។ ដូច្នេះ ដោយសារព្រះជាម្ចាស់ និងមនុស្សមានចំណូលចិត្តរៀងៗខ្លួន ទើបមនុស្សក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ភាពផ្ទុយគ្នាជាច្រើននេះ នៅតែកើតមាននាពេលបច្ចុប្បន្ននេះដដែល គឺនៅពេលដែលព្រះជាម្ចាស់បានបំពេញកិច្ចការអស់ពេលជិតប្រាំមួយពាន់ឆ្នាំកន្លងមកហើយ។ ដូច្នេះ ពួកគេទាំងនោះគ្មានអ្វីអាចជួយបានទេ។ ប្រហែលនេះមកពីភាពចចេសរឹងរូសរបស់មនុស្ស ឬមកពីភាពដែលមនុស្សមិនអាចបំពានលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់បាន ប៉ុន្តែបុព្វជិតប្រុសស្រីទាំងនោះនៅតែប្រកាន់ខ្ជាប់នឹងក្រដាសសៀវភៅចាស់ៗដុះផ្សិតដដែល នៅពេលដែលព្រះជាម្ចាស់បន្តកិច្ចការនៃការគ្រប់គ្រងដែលមិនទាន់ចប់សព្វគ្រប់របស់ទ្រង់ ហាក់ដូចជាគ្មាននរណាម្នាក់នៅខាងទ្រង់សោះឡើយ។ បើទោះបីជាភាពផ្ទុយគ្នានេះធ្វើឱ្យមនុស្ស និងព្រះជាម្ចាស់ក្លាយជាសត្រូវនឹងគ្នា និងមិនអាចផ្សះផ្សាគ្នាបានក៏ដោយ ក៏ព្រះជាម្ចាស់មិនបានយកព្រះហឫទ័យទុកដាក់ចំពោះភាពផ្ទុយគ្នាទាំងនេះដែរ ហាក់ដូចជាមាន ឬគ្មានភាពផ្ទុយគ្នាទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅតែប្រកាន់ខ្ជាប់នូវជំនឿ និងសញ្ញាណរបស់ខ្លួន និងមិនដែលលះបង់វាចោលឡើយ។ ប៉ុន្តែរឿងមួយដែលបង្ហាញឱ្យឃើញដោយខ្លួនឯងនោះគឺថា ទោះបីមនុស្សមិនងាកចេញពីជំហររបស់ខ្លួនក្តី ក៏ព្រះបាទារបស់ព្រះជាម្ចាស់នៅតែបោះជំហានទៅមុខជានិច្ច ហើយទ្រង់តែងតែផ្លាស់ប្តូរជំហររបស់ទ្រង់ទៅតាមមជ្ឈដ្ឋានជុំវិញ។ នៅទីបញ្ចប់ គឺមនុស្សទេដែលនឹងត្រូវចុះចាញ់ ដោយមិនចាំបាច់ច្បាំង។ ក្នុងពេលជាមួយគ្នានេះ ព្រះជាម្ចាស់គឺជាសត្រូវដ៏ធំជាងគេបំផុតនៃសត្រូវទាំងអស់ដែលបានបង្រ្កាបរួច ហើយក៏ជាជើងឯកក្នុងចំណោមមនុស្សដែលត្រូវបានបង្ក្រាប និងក្នុងចំណោមអ្នកដែលមិនទាន់បានបង្ក្រាបដែរ។ តើនរណាអាចប្រកួតជាមួយព្រះជាម្ចាស់ ហើយទទួលបានជោគជ័យនោះ? សញ្ញាណរបស់មនុស្សមើលទៅដូចជាមកអំពីព្រះជាម្ចាស់ ដ្បិតសញ្ញាណភាគច្រើនបានកើតចេញពីកិច្ចការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ព្រះជាម្ចាស់មិនអត់ទោសឱ្យមនុស្សដោយព្រោះការនេះទេ ហើយលើសពីនេះទៅទៀត ទ្រង់ក៏មិនសរសើរមនុស្សដែលបង្កើតផលិតផលមួយហើយមួយទៀត «សម្រាប់ព្រះជាម្ចាស់» ដែលខុសពីកិច្ចការរបស់ទ្រង់ដែរ ក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់។ ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះសញ្ញាណរបស់មនុស្ស និងជំនឿស៊ប់និងចាស់គំរឹល ហើយទ្រង់ក៏មិនមានបំណងព្រះហឫទ័យទទួលស្គាល់សូម្បីតែថ្ងៃដែលសញ្ញាណទាំងនោះលេចឡើងជាលើកដំបូងដែរ។ ទ្រង់មិនទទួលយកសោះឡើយថា សញ្ញាណទាំងនេះកើតចេញពីកិច្ចការរបស់ទ្រង់ ដ្បិតសញ្ញាណរបស់មនុស្ស ត្រូវបានផ្សាយដោយមនុស្ស។ ប្រភពនៃសញ្ញាណទាំងនេះ គឺចិត្ត និងគំនិតរបស់មនុស្ស មិនមែនមកអំពីព្រះជាម្ចាស់នោះទេ គឺមកពីសាតាំង។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺចង់ឱ្យកិច្ចការរបស់ទ្រង់ក្លាយជាថ្មី និងរស់រវើក មិនមែនចាស់ និងគ្មានជីវិតនោះទេ ហើយតាមរយៈកិច្ចការនេះ ទ្រង់ធ្វើឱ្យមនុស្សប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងភាពខុសគ្នាទៅតាមសម័យកាល និងពេលវេលា មិនស្ថិតស្ថេរ និងអាចប្រែប្រួលបាន។ នោះដោយសារទ្រង់គឺជាព្រះជាម្ចាស់ដែលធ្វើឱ្យមនុស្សមានជីវិត និងក្លាយជាមនុស្សថ្មី ផ្ទុយទៅវិញ អារក្សធ្វើឱ្យមនុស្សស្លាប់ និងក្លាយជាមនុស្សចាស់។ តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី? អ្នកមានសញ្ញាណអំពីព្រះជាម្ចាស់ ហើយមិនអាចលះបង់សញ្ញាណទាំងនោះបានទេ ដ្បិតអ្នកមិនព្រមបើកចិត្ត។ វាមិនមែនដោយសារកិច្ចការរបស់ព្រះជាម្ចាស់មានអត្ថន័យតិចតួចពេក ឬដោយសារកិច្ចការរបស់ទ្រង់មិនគិតដល់អារម្មណ៍របស់មនុស្សនោះទេ ហើយក៏មិនមែនដោយសារព្រះជាម្ចាស់តែងតែធ្វេសប្រហែសក្នុងភារកិច្ចរបស់ទ្រង់នោះដែរ។ ការដែលអ្នកមិនអាចលះបង់សញ្ញាណរបស់អ្នកចោលបាន គឺដោយសារតែអ្នកខ្វះការចុះចូល ហើយដោយសារតែអ្នកមិនមានលក្ខណៈដូចជាសត្តនិកររបស់ព្រះជាម្ចាស់សូម្បីបន្តិចសោះឡើយ។ មិនមែនដោយសារព្រះជាម្ចាស់ធ្វើឱ្យមានការលំបាកដល់អ្នកនោះទេ។ គ្រប់អ្វីៗទាំងអស់នេះកើតចេញពីអ្នកខ្លួនឯង ហើយគ្មានជាប់ទាក់ទងជាមួយព្រះជាម្ចាស់សោះឡើយ។ រាល់ទុក្ខវេទនា និងសំណាងអាក្រក់ គឺបង្កឡើងដោយមនុស្ស។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺល្អជានិច្ច។ ទ្រង់គ្មានបំណងព្រះហឫទ័យចង់ឱ្យអ្នកបង្កើតសញ្ញាណណាមួយនោះទេ ផ្ទុយទៅវិញទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកផ្លាស់ប្រែ និងប្តូរយុគសម័យដែលកន្លងផុតទៅ។ ប៉ុន្តែ អ្នកមិនអាចប្រាប់ពីភាពខុសគ្នារវាងវត្ថុពីរបានឡើយ ហើយតែងតែពិនិត្យពិច័យ ឬក៏វិភាគលើវត្ថុនោះជានិច្ច។ មិនមែនដោយសារព្រះជាម្ចាស់ធ្វើឱ្យរឿងលំបាកសម្រាប់អ្នកនោះទេ ប៉ុន្តែគឺដោយសារអ្នកខ្វះដួងចិត្តនៃការកោតខ្លាចចំពោះព្រះជាម្ចាស់ ហើយការបះបោររបស់អ្នកនោះ គឺច្រើនលើសលប់ណាស់។ សត្តនិករដ៏តូចដែលហ៊ានយកចំណែកបន្តិចបន្តួចដែលព្រះជាម្ចាស់បានប្រទាននាពេលកន្លងមក ហើយបែរជាងាកមកវាយប្រហារព្រះជាម្ចាស់វិញ តើនេះមិនមែនជាការបះបោររបស់មនុស្សទេឬអី? អាចនិយាយដោយត្រង់បានថា មនុស្សគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចេញទស្សនៈរបស់គេនៅចំពោះព្រះភ័ក្តព្រះជាម្ចាស់ឡើយ ហើយពួកគេកាន់តែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើពាក្យពេចន៍ថ្លែងចេញនូវភាសារោយរាយ ដែលឥតប្រយោជន៍ ធំក្លិនស្អុយគគ្រុក និងស្អុយរលួយ តាមតែអំពើចិត្ត ពោលគឺដើម្បីនិយាយតែអំពីសញ្ញាណដែលដុះផ្សិតនោះ។ តើពួកគេមិនរឹតតែឥតប្រយោជន៍ទេឬអី?

ដកស្រង់ពី «មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល