ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៨២

21-11-2025

នៅក្នុងការជឿលើព្រះជាម្ចាស់ តើមនុស្សម្នាក់គួរស្គាល់ព្រះជាម្ចាស់យ៉ាងដូចម្តេច? គេគួរស្គាល់ព្រះជាម្ចាស់ដោយផ្អែកលើព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ន ដោយគ្មានងាករេ ឬដោយគ្មានជំនឿខុសឆ្គងឡើយ ហើយគេត្រូវស្គាល់កិច្ចការរបស់ព្រះជាម្ចាស់មុននឹងស្គាល់កិច្ចការដទៃផ្សេងទៀតទាំងអស់។ នេះគឺជាមូលដ្ឋានគ្រឹះនៃការស្គាល់ព្រះជាម្ចាស់។ ជំនឿខុសឆ្គងទាំងអស់ដែលខ្វះការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តស្មោះ គឺគ្រាន់តែជាសញ្ញាណសាសនាប៉ុណ្ណោះ។ សញ្ញាណទាំងនេះគឺជាការយល់ដឹងបែបបំភ្លៃ។ ជំនាញដ៏ពូកែរបស់អ្នកកាន់សាសនា គឺយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគេទទួលយកនាពេលអតីតកាល ទៅផ្ទៀងផ្ទាត់ជាមួយនឹងព្រះបន្ទូលបច្ចុប្បន្ន ដើម្បីប្រឆាំងទាស់នឹងព្រះបន្ទូលទាំងនោះ។ ប្រសិនបើក្នុងពេលបម្រើព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ អ្នកប្រកាន់ខ្ជាប់តាមរឿងរ៉ាវនៃការបើកសម្តែងដោយការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលកន្លងមក នោះការបម្រើរបស់អ្នកនឹងបង្កឱ្យមានការរំខាន ហើយការអនុវត្តរបស់អ្នកនឹងហួសសម័យ ហើយក៏មិនខុសអ្វីពីពិធីសាសនាដែរ។ ប្រសិនបើអ្នកជឿថា អស់អ្នកណាដែលបម្រើព្រះជាម្ចាស់ត្រូវបន្ទាបខ្លួន ត្រូវមានភាពអត់ធ្មត់ និងត្រូវមានអ្វីៗផ្សេងទៀតតែសំបកក្រៅនោះ ហើយប្រសិនបើអ្នកយកចំណេះដឹងបែបនេះទៅអនុវត្តនាពេលបច្ចុប្បន្ន នោះចំណេះដឹងបែបនេះគ្រាន់តែជាសញ្ញាណសាសនាប៉ុណ្ណោះ ហើយការអនុវត្តបែបនេះបានក្លាយទៅជាការប្រតិបត្តដោយពុតត្បុត។ ពាក្យថា «សញ្ញាណសាសនា» សំដៅទៅលើអ្វីៗដែលហួសសម័យ និងចាស់គំរឹល (រួមទាំងការទទួលយកនូវព្រះបន្ទូលទាំងឡាយដែលព្រះជាម្ចាស់មានបន្ទូលពីមុនៗមក និងពន្លឺដែលបើកសម្តែងដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធដែរ) ប្រសិនបើយកសញ្ញាណទាំងនេះទៅអនុវត្តនាពេលបច្ចុប្បន្ន នោះវានឹងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនផ្តល់ប្រយោជន៍អ្វីដល់មនុស្សសោះឡើយ។ ប្រសិនបើមនុស្សមិនអាចដកសញ្ញាណនេះ (សញ្ញាណសាសនា) ចេញពីក្នុងខ្លួនពួកគេបានទេ នោះសញ្ញាណទាំងអស់នេះនឹងក្លាយជាឧបសគ្គយ៉ាងធំសម្រាប់មនុស្ស ក្នុងការបម្រើព្រះជាម្ចាស់។ មនុស្សដែលមានសញ្ញាណសាសនា មិនមានវិធីណាដើម្បីដើរតាមឱ្យទាន់ជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ពួកគេដើរយឺតជាងមួយជំហាន បន្ទាប់មកពីរជំហាន ហើយនេះគឺដោយសារតែសញ្ញាណសាសនាទាំងនេះឯងដែលធ្វើឱ្យមនុស្សរាប់ខ្លួនឯងជាសុចរិត និងក្រអឺតក្រទមហួសហេតុ។ ព្រះជាម្ចាស់មិនមានព្រះហឫទ័យនឹកអាឡោះអាល័យចំពោះបន្ទូលដែលទ្រង់បានថ្លែង និងកិច្ចការដែលទ្រង់បានធ្វើកន្លងមកឡើយ។ ប្រសិនបើការនោះហួសសម័យទៅហើយ ទ្រង់នឹងលុបវាចោល។ ពិតណាស់ តើអ្នកអាចបោះបង់ចោលសញ្ញាណរបស់អ្នកបានដែរទេ? ប្រសិនបើអ្នកប្រកាន់ខ្ជាប់តាមព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងកាលពីអតីតកាល តើនេះអាចបញ្ជាក់ថា អ្នកស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកមិនអាចទទួលយកពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ននេះបានទេ ផ្ទុយទៅវិញ បែរជាប្រកាន់ខ្ជាប់ទៅនឹងពន្លឺពីអតីតកាល តើនេះអាចបញ្ជាក់ថា អ្នកដើរតាមលំអានរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅតែមិនទាន់អាចបោះបង់ចោលសញ្ញាណសាសនាបានមែនទេ? បើដូច្នេះមែន នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ជាមិនខាន។

ប្រសិនបើមនុស្សអាចលះបង់សញ្ញាណសាសនាបាន នោះពួកគេមិនចាំបាច់ប្រើគំនិតរបស់ពួកគេទៅវាស់ស្ទង់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះឡើយ តែផ្ទុយទៅវិញ ពួកគេនឹងធ្វើតាមដោយផ្ទាល់តែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះខុសគ្នាស្រឡះពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលអតីតកាលក៏ដោយ ក៏អ្នកអាចលះបង់នូវទស្សនពីអតីតកាលចោលបានដែរ ហើយធ្វើតាមកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះដោយផ្ទាល់តែម្ដង។ មិនថាព្រះជាម្ចាស់បានធ្វើការយ៉ាងណាកាលពីអតីតកាលនោះទេ ប្រសិនបើអ្នកអាចយល់ពីកិច្ចការនោះបាន អ្នកត្រូវផ្ដល់តម្លៃអាទិភាពដល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលបានលះបង់សញ្ញាណរបស់ខ្លួន ជាមនុស្សម្នាក់ដែលចុះចូលតាមព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលអាចធ្វើតាមកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ព្រមទាំងដើរតាមលំអានរបស់ទ្រង់ទៀតផង។ នៅក្នុងលក្ខណៈនេះ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលចុះចូលតាមព្រះជាម្ចាស់ដ៏ពិតប្រាកដ។ អ្នកនឹងមិនវិភាគ ឬពិនិត្យពិច័យកិច្ចការរបស់ព្រះជាម្ចាស់ទៀតឡើយ។ ការនេះហាក់បីដូចជាព្រះជាម្ចាស់បានបំភ្លេចកិច្ចការពីមុនរបស់ទ្រង់ចោល ហើយអ្នកក៏បានបំភ្លេចកិច្ចការនេះដែរ។ បច្ចុប្បន្នគឺបច្ចុប្បន្ន អតីតកាលគឺអតីតកាល ហើយដោយសារព្រះជាម្ចាស់ឈប់អើពើនឹងកិច្ចការដែលទ្រង់បានបំពេញកាលពីអតីតកាលទៅហើយ អ្នកក៏មិនគួរគិតគូរដល់កិច្ចការទាំងនោះទៀតដែរ។ ទាល់តែអ្នកអាចធ្វើបែបនេះបាន ទើបអ្នកនឹងអាចក្លាយជាមនុស្សម្នាក់ដែលចុះចូលតាមព្រះជាម្ចាស់ទាំងស្រុង និងអាចលះបង់នូវសញ្ញាណសាសនាបានទាំងស្រុង។

ដកស្រង់ពី «មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល